សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ
ឯកឧត្តម Geng Huichang រដ្ឋមន្រ្តីក្រសួងសន្តិសុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលអញ្ជើញមកចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារធ្វើការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សង្ឃឹមថា ថ្ងៃនេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ គឺពិតជាមិនឈររោយជើងពេកទេ។ ប៉ុន្តែ ខ្ញុំនៅតែកង្វល់ដោយសារតែយប់មិញនេះ ប្រហែលជាមានមួយចំនួនមិនសម្រាកទេ រងចាំការមើលបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ដែលជាប្រវត្តិសាស្រ្តនៅក្នុងចំណោមការប្រកួតទាំងអស់ ដែល ១០០% ចាក់ថាបារាំងឈ្នះ ប៉ុន្តែ បែរជាប៉ទុយហ្កាល់ជាអ្នកឈ្នះទៅវិញ។ នេះគឺជារឿងមិនគួរឲ្យជឿទាល់តែសោះ។ ប៉ុន្តែ បាល់មូលវាដូច្នេះឯង។ សង្ឃឹមថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទាំងបុរស និងស្រ្តីរបស់យើង មិនមានបញ្ហាឈរនៅទីនេះនោះទេ។
កន្លែងធ្វើការថ្មី លើទីតាំងចាស់នៃអតីតបញ្ជាការដ្ឋានសន្តិសុខ
ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំ របស់មេបញ្ជាការ មេបញ្ជាការរង នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងកសាងនូវទីបញ្ជាការនេះឡើង។ អ្វីដែលគួរកត់សម្គាល់ យើងបានធ្វើនៅចំទីកន្លែងមួយនៃអតីតបញ្ជាការដ្ឋានសន្តិសុខ កាលពីសម័យមុនឆ្នាំ ១៩៧០ ហើយឥឡូវនេះ ការធ្វើទីតាំងនេះក៏បង្កើតនូវស្ថានភាពថ្មីមួយ ដើម្បីងាយស្រួលទៅដល់ការបញ្ជាទៅលើកម្លាំងការពារសណ្តាប់ធ្នាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ខ្ញុំព្រះករុណាខ្ញុំ បានទៅធ្វើទស្សនកិច្ចអម្បាញ់មិញនេះ ហើយបានពិនិត្យឃើញអំពីការរៀបចំដ៏ល្អ នៅក្នុងទីបញ្ជាការដ្ឋានមួយនេះ។ សង្ឃឹមថា នឹងមានការចូលរួមចំណែកថែមទៀត ដើម្បីបំពាក់សម្ភារៈបច្ចេកទេស ឲ្យកាន់តែទំនើប និងទាន់សម័យ ដើម្បីប្រតិបត្តិការទាន់ហេតុការណ៍ ដែលយើងចង់បាន។
កន្លែងធ្វើការល្អគឺម្យ៉ាងហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងទៀត គឺកិច្ចការល្អ
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណជាមួយនឹងសប្បុរសជន ដែលបានចូលរួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាល ដែលបានចំណាយទឹកប្រាក់ទាំងអស់ជិត ៥ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការនៃការសាងសង់ និងបំពាក់សម្ភារៈនៅទីនេះ។ សង្ឃឹមថា ប្រិយមិត្តបរទេសនានា ក៏នឹងចូលរួមចំណែកថែមទៀត ជាពិសេស គឺផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងអាចធ្វើឲ្យកងរាជអាវុធហត្ថកាន់តែធ្វើទំនើបកម្ម នៃសកម្មភាពរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ អរគុណជាមួយនឹងសប្បុរសជននានា នៅក្នុងប្រទេសរបស់យើង ដែលបានចូលរួមវិភាគទានដ៏ធំ នៅក្នុងការកសាងនៅទីនេះ ដែលកាត់បន្ថុយនូវការលំបាករបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ … ខ្ញុំព្រះករុណាខ្ញុំក៏បានសង្កេតឃើញនូវការរីកលូតលាស់ ការរៀបចំកន្លែងធ្វើការដ៏មានសណ្តាប់ធ្នាប់ នៅតាមបណ្តាខេត្ត រាជធានី បណ្តាស្រុក ខណ្ឌ និងទីកន្លែងដទៃទៀត ហើយសង្ឃឹមថា កិច្ចការទាំងអស់នេះ នឹងបន្តទៅមុខ។ អ្វីដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយនោះនៅត្រង់ថា គ្រាន់តែកន្លែងធ្វើការល្អគឺម្យ៉ាងហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងទៀត គឺកិច្ចការល្អ នេះជាបញ្ហាសំខាន់របស់យើង។
ប្រវត្តិនៃកងរាជអាវុធហត្ថ
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ រំលឹកទៅដល់អនុស្សាវរីយ៍ ដែលយើងបានបង្កើតឡើងនូវកងរាជអាវុធហត្ថសាជាថ្មី។ មុននេះ យើងពិតជាបានដឹងពីប្រវត្តិនៃកងរាជអាវុធហត្ថ តាំងពីដំណាក់កាលមួយ មកកាន់ដំណាក់កាលមួយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលពុំមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះទេ។ ប៉ុន្តែ នៅក្នុងសម័យសង្គមរាស្រ្តនិយម ក៏មានត្រឹមតែគេហៅថា តម្រួតយោធា ធ្វើភារកិច្ចសំខាន់គឺពាក់ព័ន្ធទៅនឹងតម្រួតយោធា។ នៅក្នុងរបបសាធារណរដ្ឋខ្មែរក៏ដូចគ្នា ហើយមកដល់នៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ក៏យើងមានក្របខណ្ឌតម្រួតយោធា ធ្វើភារកិច្ចត្រឹមតែ តម្រួតយោធាតែប៉ុណ្ណោះ។
និយាយដល់ការចាប់កំណើត កកើតឡើងនូវកងរាជអាវុធហត្ថរបស់យើងនៅទីនេះ យើងគួរតែរំលឹកទៅដល់ ឯកឧត្តម សាក់សូ សាខន ពេលនោះជាទីប្រឹក្សារដ្ឋាភិបាល ហើយក៏បានជួយព្រាងឡើងនូវព្រះរាជក្រិត្យទាក់ទិនជាមួយនឹងការបង្កើតឡើង នូវកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលក្នុងនោះ គឺឯកឧត្តម សាក់សូ សាខន, ឯកឧត្តម ឈឹម អោមយ៉ុន គឺជាអ្នកជួយរៀបចំព្រាងសម្រាប់ការបង្កើតឡើងនូវតួនាទី និងភារកិច្ច នៃកងរាជអាវុធហត្ថ ហើយដែលកងរាជអាវុធហត្ថ ត្រូវដាក់នៅក្រោមការបញ្ជាផ្ទាល់របស់នាយករដ្ឋមន្រ្តី ប៉ុន្តែ ការផ្គត់ផ្គង់ភស្តុភាគឺតាមក្រសួងការពារជាតិទៅវិញ។ ការបង្កើតឡើងនូវកងរាជអាវុធហត្ថនេះ បានឆ្លងកាត់ដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ តាំងពីឆ្លងកាត់មេបញ្ជាការគឺតាំងពីឧត្តមសេនីយ កែវ សាមួន ដែលឥឡូវនេះ គាត់ចូលមរណកាលទៅហើយ មុនគាត់ទៅកាន់យោធភូមិភាគទី ៣។
បន្ទាប់មក ឧត្តមសេនីយ គាង សាវុធ ហើយបន្តទៅគឺនាយឧត្តមសេនីយ សៅ សុខា បច្ចុប្បន្ននេះ ដែលជាការរីកចម្រើនមួយ ដែលគួរឲ្យកត់សម្គាល់។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមោទនភាពចំពោះការរីកលូតលាស់ នៃកម្លាំងនេះ ហើយក៏សូមអរគុណចំពោះសាធារណរដ្ឋបារាំង ដែលបានជួយក្នុងការបណ្តុះបណ្តាលកងរាជអាវុធហត្ថនេះ តាំងពីចាប់ពេលកកើតមក។ ឥឡូវ កងរាជអាវុធហត្ថរបស់យើង មិនត្រឹមតែធ្វើប្រតិបត្តិការក្នុងក្របខណ្ឌផ្ទៃប្រទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែ យើងក៏បាន បញ្ចេញកងរាជអាវុធហត្ថរបស់យើង ទៅកាន់ប្រទេសមួយចំនួន ក្នុងនោះ ពិសេសគឺទៅ ស៊ូដង់ខាងត្បូង ដែលជាប្រទេសមួយដែលកងរាជអាវុធហត្ថយើងបានចេញប្រតិបត្តិការ។
សំដែងមរណទុក្ខចំពោះគ្រួសារសព និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើព្រៃផ្សៃ
អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ជាមួយនឹងការសប្បាយរីករាយថ្ងៃនេះ ខ្ញុំក៏មានកង្វល់មួយចំនួនផងដែរ។ ពិតមែនហើយ គេអាចដឹងបានថា ជាមួយនឹងថ្ងៃស្អែកនេះ គឺជាខួប ៣ ឆ្នាំ នៃមរណភាពរបស់ឪពុករបស់ខ្ញុំ ដែលល្ងាចនេះត្រូវសូត្រមន្ត ហើយព្រឹកស្អែកធ្វើរាប់បាត។ ក៏ប៉ុន្តែ ជាមួយនឹងការអបអរសាទរ ទាក់ទិនជាមួយនឹងការរីកចម្រើននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខ្ញុំគួរតែយកពេលនេះ ដើម្បីថ្លែងនូវបញ្ហាដែលពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខជាតិរបស់យើង។ កាលពីម្សិលមិញនេះ មានរឿងអកុសល ដែលបានកើតឡើង (ដែល)ពាក់ព័ន្ធជាមួយការបាញ់ប្រហារយ៉ាងឃោរឃៅព្រៃផ្សៃ ពីឃាតករ ចំពោះលោកបណ្ឌិត កែម ឡី។ នេះជាលើកទីពីរហើយ ដែលយើងបានជួបប្រទះនូវស្ថានភាពបែបនេះ (ដោយ)លើកទីមួយ គឺឧកញ៉ា អ៊ឹង ម៉េងជឺ ហើយលើកទីពីរ កាលពីម្សិលមិញនេះ គឺលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគដ៏ល្បីល្បាញមួយរូប។ ខ្ញុំសូមយកឱកាសនេះជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវមរណទុក្ខចំពោះគ្រួសារសព ក៏ដូចជាការសោកស្ដាយ និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើព្រៃផ្សៃនេះ ហើយសូមចេញបទបញ្ជា ឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកនូវជនដៃដល់ និងជនឃុបឃិតទាំងឡាយ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ជាការប៉ះពាល់ដល់រាជរដ្ឋាភិបាល, កងរាជអាវុធហត្ថ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងសន្ដិសុខ
អ្វីទៅដែលហៅថាជាការខាតបង់? នេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្ដង។ តើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើង នៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែនិយាយអំពីសន្ដិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ? ចំណុចនេះ ខ្ញុំគិតថា វាដូចជាការផ្ចាញ់ផ្ចាលមួយសម្រាប់យើង។ នេះជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះមុខមាត់របស់រាជរដ្ឋាភិបាល ដែលទាមទារអោយយើងត្រូវដោះស្រាយ។ យើងត្រូវដោះស្រាយបញ្ហា មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកមួយនេះទេ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ យើងបានឃើញ(ការ)កើតឡើងនូវអំពើមួយចំនួន ដែលវាបានជះឥទ្ធិពលទៅលើសន្ដិសុខសណ្ដាប់ធ្នាប់សង្គមរបស់យើង។ ឃាតកម្ម ការប្លន់ប្រដាប់អាវុធ បានកើតឡើងជាបន្ដបន្ទាប់ ដែលនោះ គឺជាបញ្ហាដែលទាមទារអោយយើងមានការដោះស្រាយ។ ចំណុចនេះ ខ្ញុំអាចនឹងលើកគូសបញ្ជាក់ ហើយដើម្បីអោយកងរាជអាវុធហត្ថនៅទីនេះ ក៏ដូចជាកម្លាំងអនុវត្តនូវសមត្ថកិច្ចដទៃទៀត ដើម្បីនឹងធ្វើប្រតិបត្តិការពង្រឹងសន្ដិសុខឡើងវិញ សម្រាប់ក្របខណ្ឌផ្ទៃប្រទេសរបស់យើង។
សូមរក្សាភាពស្ងប់ស្ងៀម ទុកអោយសមត្ថកិច្ច ស្ថាប័នមានសមត្ថកិច្ចធ្វើការ, កុំបង្វែររឿង ទៅជានយោបាយ
ជាមួយនឹងការថ្កោលទោសទៅលើអ្វី ដែលបានកើតឡើងពីម្សិលមិញ ក៏ដូចជារយៈពេលកន្លងទៅ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវចំពោះប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងៀម និងទុកលទ្ធភាពអោយក្រសួងមានសមត្ថកិច្ច ស្ថាប័នមានសមត្ថកិច្ចធ្វើការរបស់គេដោយពេញលេញ។ ខ្ញុំគិតថា តើអ្នកណានឹងទទួលផលចំណេញពីសោកនាដកម្មដែលបានកើតឡើងនេះ? ហើយតើអ្នកណានឹងទទួលផលចំណេញ ហើយអ្នកណានឹងទទួលផលខាត? រាជរដ្ឋាភិបាលពិតជាទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់ អំពីកង្វះដែលហៅថា ម្ខាងគឺអសមត្ថភាពនៃការការពារសន្ដិសុខសម្រាប់ប្រជាពលរដ្ឋ។ តែម្ខាងទៀត ត្រូវបានគេលាបពណ៌ភ្លាមៗអំពីបញ្ហានេះ ដែលមានចរិកជាបញ្ហាខាងនយោបាយ។ ដូច្នេះ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពអោយក្រសួងមានសមត្ថកិច្ច ស្ថាប័នមានសមត្ថកិច្ចធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវហ្មត់ចត់ ហើយជៀសវាងបង្វែរបញ្ហាពីសោនាកម្មមួយនេះ ទៅជាបញ្ហាខាងនយោបាយ ដែលនាំអោយល្អក់កករទៅដល់សភាពការណ៍របស់យើង។ សង្ឃឹមថា រឿងទាំងនេះ អ្នកនយោបាយផ្សេងទៀត នឹងមិនប្រើប្រាស់បញ្ហាទាំងនេះ ធ្វើជាបញ្ហានយោបាយអុជអាល ដែលនាំអោយជាតិចលាចលនោះទេ។
ដាក់ចេញវិធានការណ៍ ៣
ខ្ញុំសូមយកឱកាសនេះ ដើម្បីលើកឡើងនូវបទបញ្ជាមួយចំនួនដើម្បីចាត់វិធានការ (ដែល)ដំណាក់កាលនេះ ជាដំណាក់កាល ដែលយើងត្រូវតែចាត់វិធានការប្រឆាំងនឹងបទឧក្រិដ្ឋនានា ព្រោះថា មួយរយៈចុងក្រោយនេះ ពិតមែនតែនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទៅតាមបណ្ដាព្រំដែនជាមួយប្រទេសជិតខាងមានសុវត្ថិភាពនិងទំនាក់ទំនងល្អ ប៉ុន្តែសន្ដិសុខនៅខាងផ្ទៃក្នុងរបស់យើង គឺមានបញ្ហា។ ជួនកាល ប៉ះទៅលើពលរដ្ឋស្លូតត្រង់ ឥឡូវប៉ះទៅដល់អ្នកនយោបាយ ប៉ះទៅដល់អ្នកធ្វើធុរកិច្ច ហើយរហូតប៉ះទៅដល់សមត្ថកិច្ច។ សមត្ថកិច្ចខ្លួនឯងក៏ត្រូវគេសម្លាប់។ មន្រ្តីរាជការរបស់យើងមួយចំនួនដែលធ្វើប្រតិបត្តិការ ដូចជាមន្រ្តីរដ្ឋបាលព្រៃឈើ ក៏ត្រូវទទួលនូវការបាញ់ប្រហារ។ ដូច្នេះ ទាមទារនូវការបើកយុទ្ធនាការទ្រង់ទា្រយធំមួយ ដើម្បីពង្រឹងនូវសន្ដិសុខរបស់យើងឡើងវិញ។ ក្នុងនោះ ទីមួយ ដែលទាមទារនូវការចាត់វិធានការ គឺការប្រឆាំងនឹងឃាតកម្ម ការប្លន់ប្រដាប់អាវុធ និងត្រូវការពារប្រជាជនគ្រប់រូប មិនថាអ្នកនយោបាយ ឬជាធុរជន ឬប្រជាជននោះទេ។
ពិតមែនហើយ កន្លងទៅនេះ រឿងរាវអសន្ដិសុខបានកើតឡើងនៅស្ទើរគ្រប់ទីកន្លែង(លើពិភពលោក) ខ្លះវាយប្រហារភេរវកម្មនៅក្នុងព្រលានយន្តហោះ ខ្លះភេរវកម្មនៅកណ្ដាលទីក្រុង ខ្លះបាញ់សម្លាប់តំណាងរាស្រ្តដូចជានៅកណ្ដាលទីក្រុងឡុងដ៍តែម្ដង ប៉ុន្តែយើងមិនត្រូវយកភាពទាំងនោះ មកបិទបាំងនូវភាពខ្សោយនៃអន្តរាគមន៍ និងកិច្ចការពារសន្ដិសុខនៅក្នុងប្រទេសរបស់យើងនោះទេ។ ប្រទេសរបស់យើង គឺជារឿងមួយផ្សេង ដែលបានកើតឡើងនូវការបាញ់សម្លាប់អ្នកនយោបាយ ឬក៏កើតឡើងនូវអំពើភេរវកម្ម ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា យើងមិនត្រូវយកបញ្ហាដែលកើតនៅប្រទេសរបស់គេ មកបិទបាំងនូវភាពទន់ខ្សោយ នៃប្រតិបត្តិការរក្សាសន្ដិសុខនៅក្នុងប្រទេសរបស់យើងនោះទេ។ យើងត្រូវចាត់គ្រប់វិធានការទាំងអស់ ដើម្បីបំបាត់ចោលនូវឃាតកម្ម ការប្លន់ប្រដាប់អាវុធ និងរូបភាពដទៃទៀត។ ក្នុងនោះ មានរឿងខ្លះកើតឡើងគួរអោយសោកស្ដាយ បែរជាកូនសម្លាប់ម្ដាយ កូនសម្លាប់ឪពុក តាមរយៈនៃសារធាតុគ្រឿងញៀនក៏មាន។ ដូច្នេះ យើងត្រូវរៀបចំផែនការជាកញ្ចប់ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនៅក្នុងប្រទេសរបស់យើងនេះ។
វិធានការណ៍ ទី ២ បង្ក្រាបបញ្ហាគ្រឿងញៀន
ទីពីរ បញ្ហាគ្រឿងញៀនជាបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ ដែលទាមទារអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ ប្រទេសរបស់យើងមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ជាប្រទេសឆ្លងកាត់ ក៏ប៉ុន្តែ ឥឡូវនេះ វាមិនមែនគ្រាន់តែជាប្រទេសឆ្លងកាត់ទេ ប៉ុន្តែទៅជាទីផ្សារនៃការប្រើប្រាស់គ្រឿងញៀនទៅហើយ។ ដូច្នេះ យើងត្រូវតែខិតខំរួមទាំងអស់គ្នា ទើបអាចធ្វើទៅបាន មិនអាចមានត្រឹមតែកងនគរបាលជាតិ និងកងរាជអាវុធហត្ថ (វា)គ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវមានការចូលរួមពីគ្រប់តួអង្គទាំងអស់ ជាពិសេសគឺប្រជាពលរដ្ឋខ្លួនឯងហ្នឹងតែម្ដង។
នៅពេលដែលខ្ញុំបង្ហោះហ្វេសប៊ុកម្ដងៗ ប្រជាពលរដ្ឋគាត់បានចូលមកធ្វើអត្ថាធិប្បាយនៅក្នុង page ហ្វេសប៊ុករបស់ខ្ញុំថា សូមសម្ដេចជួយបង្ក្រាបគ្រឿងញៀនផង ព្រោះប្អូនរបស់ខ្ញុំ វាបានលួចលុយម្តាយខ្ញុំទៅទិញ គ្រឿងញៀន ចំណុចត្រង់នេះយើងត្រូវឃើញថា អ្នកដែលបានលើកសំណូមពរមកខ្ញុំ ពិតជាត្រឹមត្រូវហើយ ក៏ប៉ុន្តែជាការល្អ បងត្រូវអប់រំប្អូន ទើបជាការត្រឹមត្រូវជាង ហើយធ្វើយ៉ាងម៉េចមនុស្សទាំងអស់ កុំប្រើប្រាស់គ្រឿងញៀនទៅ ទើបវាចប់។ អញ្ចឹងទេ អំពាវនាវឲ្យភាគីគ្រប់ពាក់ព័ន្ធជាពិសេសគ្រប់តួអង្គ ហើយជាពិសេស អ្នកប្រើប្រាស់គ្រឿងញៀន កុំទៅប្រើប្រាស់គ្រឿងញៀនទៅ អាអ្នកចែកចាញគ្រឿងញៀន ក៏វាគ្មានទីផ្សារគ្រឿងញៀននោះដែរ ដោយសារគ្រឿងញៀននេះហើយ វាបង្កើតទៅជាបញ្ហានៃឧក្រិដ្ឋកម្មមួយបែបផ្សេងទៀត។
ទី ៣ គ្រប់គ្រងអាវុធ និងជាតិផ្ទុះឲ្យហ្មត់ចត់
ទី ៣ ត្រូវគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានម៉ត់ចត់ ហើយខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលខ្ញុំបានតាមដានដោយផ្ទាល់នូវកិច្ចការងារនេះ ដែលគ្រប់គ្រងនូវអាវុធ និងជាតិផ្ទុះបានម៉ត់ចត់។ នៅពេលដែលខ្ញុំបានបំពាក់អាវុធមកឲ្យកងរាជអាវុធហត្ថនៅក្នុងដំណាក់កាល នៃការកើតឡើងនូវសភាពការណ៍ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់ទាល់តែចេញប្រតិបត្តិការបានផ្តល់អាវុធ គឺមិនអាចផ្តល់ នៅពេលដែលគ្មានប្រតិបត្តិការទេ។ ដូច្នេះ ត្រូវគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានម៉ត់ចត់ ទាំងនៅតាមអង្គភាព និងនៅតាមឃ្លាំងនានា។ ប៉ុន្តែ យើងក៏ត្រូវរកវិធីដើម្បីកុំឲ្យអាវុធអាចធ្វើចរាចរឆ្លងកាត់នៅក្នុងប្រទេសយើងបាន អញ្ចឹងទេ ត្រូវតែខិតខំស្វែងរកពិនិត្យអាវុធជាតិផ្ទុះនេះ ព្រោះការប្រើប្រាស់អាវុធ ឬក៏ជាតិផ្ទុះដើម្បីបំផ្លាញជីវិតមនុស្ស គឺជារឿងមួយដែលធ្លាប់បានកើតប៉ុន្មានខែរួចមកហើយ កន្លែងខ្លះមានការបោកគ្រាប់បែកទៅតាមទីកន្លែង ដែលកំពុងមានការជួបជុំ នេះជាចំណុចដែលយើងត្រួវឃើញ ហើយយើងត្រូវហ៊ាននិយាយការពិតដែលបានកើតឡើង។
ខ្ញុំកំពុងតែសួរខ្លួនឯងថា តើនេះជាការផ្ចាញ់ផ្ចាលមួយឬ? នៅពេលដែលខ្ញុំកំពុងនិយាយអំពីសន្តិភាព នៅពេលដែលខ្ញុំកំពុងនិយាយអំពីការសប្បាយរីករាយរបស់ប្រជាជននៅក្នុងដំណាក់កាលសន្តិភាព និងស្ថេរភាពខាងនយោបាយ នោះហើយជាបញ្ហាដែលយើងទាំងអស់គ្នាមិនត្រូវមើលស្រាល ហើយក៏មិនត្រូវដាក់កំហុសទៅលើអ្នកណា ក្រៅពីខ្លួនយើង ដើម្បីខិតខំ និងពិនិត្យលើបញ្ហាទាំងអស់។ រឿងដែលវាបានកើតឡើងរួចមកហើយ ក៏ត្រូវពិនិត្យ និងអ្វីដែលត្រូវខិតខំ ត្រូវបិទក្រោលសេះ នៅពេលដែលសេះ(មិនទាន់)ចេញផុតពីក្រោល។ សភាពការណ៍ពីម្សិលមិញ បានកើតឡើង ក៏ដូចជាសភាពការណ៍ទៅលើ ឧកញ៉ា អ៊ឹង ម៉េងជឺ គឺជាសភាពការណ៍បិទក្រោលសេះ នៅពេលដែលសេះចេញផុតពីក្រោល។ រឿងទាំងអស់នៅក្នុងប្រទេសរបស់យើង ងាយណាស់ក្នុងការប្រែពណ៌ពីឧក្រិដ្ឋកម្ម ទៅជារឿងនយោបាយ។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងមិនប្រែក្លាយបញ្ហាឧក្រិដ្ឋកម្មបែបនេះ ទៅជារឿងនយោបាយនោះទេ។ ប៉ុន្តែ សម្រាប់សមត្ថកិច្ចត្រូវតែខិតខំធ្វើកិច្ចការងារនេះ ឲ្យអស់ពីដៃពីជើង ដើម្បីទទួលបាននូវសុខសុវត្ថិភាពរបស់ប្រជាជនយើង។
ភារកិច្ច ៣ សំខាន់របស់កងរាជអាវុធហត្ថ
… ជាថ្មីម្តងទៀត អបអរសាទរជាមួយនឹងការរីកលូតលាស់នៃកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានអាយុកាល ២៣ ឆ្នាំ។ អាចចាត់ទុកថា គឺជាកម្លោះ ឬជាក្រមុំដ៏ស្រស់ស្អាត ប៉ុន្តែ សង្ឃឹមថាកម្លោះក្រមុំដ៏ស្រស់ស្អាតនេះ មិនមែនមានតែក្នុងកំពស់ស្មើៗគ្នា និងហាត់រាំញីកែងជើងដ៏ល្អនោះទេ សង្ឃឹមថាប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ហើយទទួលនូវបទបញ្ជាពីរាជរដ្ឋាភិបាល ការដឹកនាំ(ពី)មេបញ្ជាការរបស់ខ្លួន ប្រតិបត្តិការ(ប្រឆាំង)ឧក្រិដ្ឋកម្មព្រៃឈើ … អម្បាញ់មិញនេះ ឃើញក្នុងកំណត់បង្ហាញទាក់ទិនជាមួយនឹងសកម្មភាពថាគណកម្មការ បានមកអង្គុយនៅកន្លែងហ្នឹង ដើម្បីត្រួតពិនិត្យអំពីបញ្ហាប្រតិបត្តិការក្នុងការបង្រាបបទល្មើសព្រៃឈើ។ សង្ឃឹមថា កងរាជអាវុធហត្ថដែលមានវត្តមាននៅទីនេះក្តី និងកងរាជអាវុធហត្ថនៅទូទាំងប្រទេស សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលកងរាជអាវុធហត្ថរបស់យើង ដែលមានភារកិច្ច ៣ សំខាន់ ទី ១ ជាតម្រួតយោធា ដែលមានចែងនៅក្នុងអនុក្រិត្យហើយ ទី ២ ផ្នែកសណ្តាប់ធ្នាប់សាធារណៈ ដែលជាកងជំនួយឲ្យនគរបាលជាតិរបស់យើង និងទី ៣ ដើរតួនាទីជានគរបាលយុត្តិធម៌ ដើម្បីបម្រើទៅឲ្យផ្នែកតុលាការ។
អរគុណ និងកោតសរសើរចំពោះការខិតខំទាំងអស់ ពិសេសសប្បុរសជនដែលបានប្រឹងប្រែងកសាងឡើង ជួយឧបត្ថម ដើម្បីកសាងនូវទីបញ្ជាការដ៏ស្កឹមស្កៃនេះ ជាមួយនឹងអគារប្រតិបត្តិការផ្សេងទៀត សម្រាប់ដាក់កម្លាំងអន្តរាគមន៍។ អរគុណចំពោះប្រិយមិត្តបរទេស ដែលបានចូលរួមចំណែកនៅក្នុងការកសាងកងរាជអាវុធហត្ថ និងជួយកងរាជអាវុធហត្ថរបស់កម្ពុជា ក្នុងនោះ អរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងសន្តិសុខរដ្ឋ និងសាធារណរដ្ឋប្រជាមានិតចិន ក៏បានអញ្ជើញមកចូលរួម។ ល្ងាចស្អែក យើងនឹងមានឱកាសជួបគ្នាសារជាថ្មីម្តងទៀត។ ប៉ុន្តែ សុំថា ថ្ងៃស្អែកនេះ គឺជាថ្ងៃមរណភាពរបស់ឪពុកខ្ញុំ ខួប ៣ ឆ្នាំ ព្រឹកខ្ញុំរាប់បាតសិន ល្ងាចបានខ្ញុំ មានឱកាសជួប។ ព្រឹកស្អែក ខ្ញុំមិនអាចចោលបានទេ ដោយសារតែខ្ញុំមានទុក្ខរបស់ខ្លួនខ្ញុំដែរ … មិនអញ្ចឹងយើងចោលឪពុករបស់យើង យើងមានឪពុកតែមួយ យើងធ្វើបុណ្យឧទ្ទិសកុសលជូនពួកគាត់ផងដែរ។
ហើយចុងបញ្ចប់ ជាមួយនឹងការអបអរសាទរខួបលើកទី ២៣ ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថ សាជាថ្មី ជាមួយនឹងការអបអរជាមួយនឹងការរីកលូតលាស់ នៃកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានតាំងពីប្រមាណរយនាក់ រហូតទៅដល់រាប់ម៉ឺននាក់ ថ្លែងនូវការអបអរសាទរចំពោះទីតាំង អគារធ្វើការ និងទីតាំងផ្សេងៗ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ ជាមួយនឹងការអរគុណរបស់សប្បុរសជនដែលបានចូលរួម។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមានសុខភាពល្អ អាយុយ៉ឺនយូរ ប្រកបដោយពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕