ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីកម្ពស់ ១០ ជាន់ នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងចូលរួមអបអរសាទរផងដែរ ខួបលើកទី ៧០ នៃ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បើយើងពិនិត្យអំពីប្រវត្តិសាកលវិទ្យាល័យនេះ ពិតជាបានកើតមុនពេលនៃការចាប់កំណើតរបស់ខ្ញុំ ព្រោះថា នៅពេលនេះខ្ញុំមិនទាន់មានអាយុ ៧០ ឆ្នាំ នៅឡើយទេ ប៉ុន្តែ សាកលវិទ្យាល័យនេះមានអាយុរហូតទៅដល់ ៧០ ឆ្នាំ ហើយដែល ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់អម្បាញ់មិញថា ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ។
វិធីយកស្លឹកត្នោតខ្ចប់ស្ករត្នោត កសាងបានអគារមួយចំនួន
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលយើងបានប្រឹងប្រែង បន្ទាប់ពីការស្លាប់ម្តងរួចទៅហើយ នៅក្នុងចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។ ខ្លួន ខ្ញុំផ្ទាល់បានមកចូលរួមក្នុងការបើកនូវសាកលវិទ្យាល័យនេះ បើខ្ញុំមិនច្រឡំទេ គឺនៅដើមខែ មករា ឆ្នាំ ១៩៨០ តែម្តង។ ពេលនោះ គឺជាការធ្វើសន្និបាតលើកទី ១ របស់ក្រសួងសុខាភិបាល។ ជាក្រសួងតែមួយគត់ ដែលបានធ្វើសន្និបាតប្រចាំឆ្នាំមិនដែលអាក់ខាន តាំងពីឆ្នាំ ១៩៨០ រហូតមក។ តាមរយៈនៃការខិតខំប្រឹងប្រែងរបស់យើង ក្នុងការរកជំនួយពីក្រៅប្រទេស ហើយបន្ទាប់ទៅ តាមរយៈវិធីយកស្លឹកត្នោត ខ្ចប់ស្ករត្នោត យើងកសាងបានអគារមួយចំនួន។ អគារទី ១ ខ្ញុំនៅចាំបាន នៅពេលនោះ ក៏មកចូលរួមសម្ពោធ មិនដឹងថាឥឡូវហ្នឹងដល់ពេលវាច្រើនពេក មិនដឹងថាវិលទៅខាងណា។ អគារទី ១ គឺសម្ពោធនៅ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០០៧ គឺហៅថា អគារសម្តេច ហ៊ុន សែន។ (សួររកទិស) អគារទី ២ គឺនៅទីតាំងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត (នៅជិតពេទ្យរុស្ស៊ី)។ អគារមួយទៀត អគារទី ២ នៅទីតាំងទី ១ នេះ សម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៤ ដោយឯកឧត្តម គតិសេដ្ឋាបណ្ឌិត គាត ឈន់ តំណាងឲ្យខ្ញុំមកចូលរួមសម្ពោធ។ ហើយអគារទី ៣ គឺទីតាំងថ្ងៃនេះ គឺត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ផងដែរ។
យុវជន និងកុមារសម័យនេះ មានឱកាសច្រើនជាងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍
ខ្ញុំពិតជាមានការកោតសរសើរ ជាមួយនឹងការខិតខំទាំងអស់។ យើងត្រូវមើលឃើញថា ក្មួយៗ ដែលកើតក្រោយនេះ គឺជាក្មេងៗ និងយុវជនដែលមានសំណាងខ្លាំងណាស់។ ព្រោះអ្វីទៅ? ព្រោះ ឥឡូវនេះ ក្មួយៗមិនត្រូវបានការគម្រាមកំហែងណាមួយពីសង្គ្រាមនោះទេ។ នេះហើយជាស្ថានភាពថ្មី នៃយុវជនសម័យថ្មីរបស់យើង។ យុវជននៃសម័យការកកើតសង្គ្រាមឆ្នាំ ១៩៧០ និងសម័យតមកទៀត គឺក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តមកទៀត មុនពេលយើងអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកសន្តិភាពទាំងស្រុង យុវជនរបស់យើង និងកុមារ ត្រូវទទួលរងនូវការគម្រាមកំហែងពីសង្គ្រាម និងប្រល័យពូជសាសន៍។ យើងត្រូវចេះប្រើឱកាសនេះ ហើយតាមរយៈនោះ រដ្ឋបានខិតខំកសាងឡើងនូវសាលាជាច្រើន ក្នុងនោះ មានសាលាពេទ្យផងដែរ។
ខ្ញុំសូមជម្រាបជូនបន្តិចផងដែរ ប្រសិនបើឆ្នាំ ១៩៧០ ពេលនោះ នៅពេលដែលសង្គ្រាមកកើតឡើង យុវជន ជាច្រើនបានចូលរួមនៅក្នុងចលនារំដោះប្រជាជាតិ ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ខ្ញុំត្រូវបាន កោះហៅ រៀបចំឲ្យចូលរៀនខាងផ្នែកពេទ្យ។ បើសិនជាពេលនោះ ខ្ញុំទោរទន់ទៅតាមការរៀបចំ ប្រហែលជាខ្ញុំធ្វើជាគ្រូពេទ្យនឹងគេដែរ។ ប៉ុន្តែ មនុស្សដូចខ្ញុំមិនអាចធ្វើពេទ្យទៅរួចទេ ព្រោះមនុស្សខ្លាចម្ជុល។ អញ្ចឹង វិធីតែមួយគត់ គឺប្រាប់គេថា ខ្ញុំមកធ្វើទាហាន មិនមែនកាន់ម្ជុលទេ បើមកកាន់ម្ជុល ខ្ញុំទៅភ្នំពេញហើយ។ ប៉ុន្តែឥឡូវ ចៀសវាមិនរួច។ ប្រពន្ធជាគ្រូពេទ្យ។ អញ្ចឹង មិនអីទេ បើទោះខ្លួនមិនមែនគ្រូពេទ្យ ក៏ប្រពន្ធជាគ្រូពេទ្យ ហើយថ្ងៃក្រោយ មិនដឹងថានរណានឹងក្លាយទៅជាគ្រូពេទ្យទៀត? ប៉ុន្តែ បានកូនប្រសារមួយនៅខាងសុខភាពសាធារណ
ៈ តែមិនមែនឯកទេសគ្រូពេទ្យនោះទេ។
ដោះស្រាយនិស្សិតពេទ្យ ៤ នាក់ ដែលជួបនៅលើរទេះភ្លើង
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយដំបូងចង់សួរបន្តិច ឯណាទៅក្មួយៗ ៤ នាក់ ដែលជិះរទេះភ្លើង? ៤ នាក់ ទៅបន់ស្រន់នៅព្រះអង្គដងកើ ខ្ញុំបង្ហោះតាមហ្វេសប៊ុក ឬនិយាយនៅឯណាមិនដឹង។ ដឹងថាខ្ញុំនឹងធ្វើដំណើរតាមរទេះភ្លើង គេនាំគ្នាទៅទិញសំបុត្ររទេះភ្លើង ហើយវាគាប់ជួនអី ខ្ញុំបានសួរគេថា តើលើរថភ្លើង គេអាចធ្វើដំណើរពីទូរមួយទៅទូរមួយបានទេ? គេថាធ្វើដំណើរបាន។ អញ្ចឹងទេ ខ្ញុំអត់ឡើងចំទូររបស់ខ្ញុំទេ ខ្ញុំឡើងពីទូរខាងមុខមក ដើរមកជួប ៤ នាក់នេះ។ ជួបក៏បានដោះស្រាយបញ្ហាឲ្យរៀនហើយ។ បន្ទាប់ពី ចុះនៅកន្លែងណាមួយ ខ្ញុំក៏ហៅមកជួបជាមួយខ្ញុំ មកដល់ក៏ឃើញ(ដៃ)ទាំងសងខាង គេពាក់អំបោះក្រហម សួរថាម៉េចបានជាអំបោះច្រើនម្ល៉េះ? ថាម្សិលមិញទៅបន់នៅព្រះអង្គដងកើ បន់ឲ្យបានជួបក៏ជួបមែន។ នេះជាការស្កាត់រកដើម្បីជួប ហើយហាក់ដូចជាឆុតមែន។ ថ្ងៃក្រោយទៅបន់ព្រះអង្គដងកើទៀតទៅ។ ឥឡូវនេះ តាមដឹង ក្រៅពីការជួយឧបត្ថម្ភរបស់ខ្ញុំហើយ គឺឯកឧត្តម ម៉ម ប៊ុនហេង នឹងបន្តជួយក្មួយៗ ដើម្បីរៀនឲ្យចប់។ ឯក្រៅពីនោះ គឺនិស្សិតដែលរៀននៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ខាងសាកលវិទ្យាល័យ គេនឹងបន្តជួយ។ អាហ្នឹងដោះស្រាយបានហើយ…។
និស្សិតជាប់បម្រុង ក្លាយជាពេញសិទ្ធិ, និស្សិតជាប់ទ្រឹស្តី ធ្លាក់ផ្ទាល់មាត់ បានចូលរៀន
ឥឡូវ សូមសួរអ្នកដែលរៀនបម្រុង។ ឥឡូវឈប់ឲ្យមានបម្រុងហើយ។ បម្រុងពិតប្រាកដ ដែលយកឲ្យ ទៅជាពេញសិទ្ធិ ដូចជាមិនមែន ៦៦ នាក់ទេ។ ជាប់ស្ថាពរ ១៣៨ នាក់ ជាប់បម្រុង ៦៧ នាក់… ក្មួយៗណាដែលជាប់បម្រុង ឥឡូវក្លាយជាពេញសិទ្ធិ មានចូលរួមនៅហ្នឹងទេ? ឥឡូវ សូមសួរ អ្នកណាដែលចូលក្នុងហ្វេសប៊ុកខ្ញុំជាប់រហូតនេះ គឺ ៩៩ នាក់ ដែលជាប់ទ្រឹស្តី ធ្លាក់ផ្ទាល់មាត់? មានមកហ្នឹងអត់? អញ្ចេះ ថ្ងៃណាឲ្យតែខ្ញុំបង្ហោះ ដឹងតែចូលមក ថាសម្តេច! មិនយុត្តិធម៌ទេ ព្រោះអ្នកបម្រុងប្រឡង(បាន)អន់ ជាងខ្ញុំផង(គេបានទៅជាពេញសិទ្ធិ) ខ្ញុំបានប្រឡងជាប់ទ្រឹស្តីអស់ហើយ មកធ្លាក់នឹងផ្ទាល់មាត់។ អញ្ចឹង ពិន្ទុអ្នកដែលជាប់បម្រុងក្លាយជាពេញសិទ្ធិ ហើយអ្នកដែលជាប់ទ្រឹស្តី ធ្លាក់ផ្ទាល់មាត់ គឺពិន្ទុប្រហាក់ប្រហែលគ្នាទេ។ អញ្ចឹង ខ្ញុំនៅជាប់បំណុលហ្នឹង ឆ្លើយវាមិនរួច។
ប៉ុន្តែ អម្បាញ់មិញបានពិភាក្សាជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងឯកឧត្តមសាកលវិទ្យាធិការថា យើងចាប់ពីពេលនេះតទៅ មិនមាននិស្សិតបម្រុងទៀតទេ បើថាពេញសិទ្ធិប៉ុន្មាន ឯកទេសប៉ុន្មាន គឺយកប៉ុននោះតែម្តងទៅ ព្រោះបើទុកបម្រុង ៦៧ នាក់ ម្នាក់ឈប់ ទើបរើសម្នាក់ចូល អាហ្នឹងបង្កើតរឿងច្រើនណាស់។ ឲ្យទៅជាពេញសិទ្ធិឆ្នាំហ្នឹងទៅ។ ថ្ងៃណាក៏ចូលក្នុងហ្វេសប៊ុកដែរ ព្រោះធម្មតានេះជាសិទ្ធិគាត់ ហើយ Page របស់ខ្ញុំ គឺជា Page ប្រជាធិបតេយ្យខ្លាំងណាស់។ ចូលមក យើងនិយាយពីគោ គាត់និយាយពីក្របី។ យើងចេះតែមើលទៅតាមហ្នឹង ហើយក្រសួងក៏តាមរឿងហ្នឹងដែរ។ ប៉ុន្តែឥឡូវដើម្បីឲ្យវា អស់កម្មអស់ពៀរ ថ្ងៃនេះ ខ្ញុំសូមជូនកាដូមួយចំពោះក្មួយៗ ទាំង ៩៩ នាក់ ដែលជាប់ទ្រឹស្តី ធ្លាក់ផ្ទាល់មាត់ ឲ្យបានចូលរៀនទាំងអស់។ ឆ្នាំក្រោយ ឈប់មានបម្រុង …។
ដោះស្រាយថ្លៃប្រឡងពី ៦០ ម៉ឺនរៀល មកនៅត្រឹម ១០ ម៉ឺនរៀល
ជាមួយគ្នានោះដែរ ខ្ញុំក៏បានមានសំណូមពរ កាលពីមុនថ្លៃប្រឡងរបស់យើង គឺ ៦០ ម៉ឺនរៀល ឥឡូវ ចុះមកនៅ ១០ ម៉ឺន។ អញ្ចេះ សូមអភ័យទោស មុននេះខ្ញុំអត់បានដឹងទេថា រឿងហ្នឹងវាអញ្ចឹង។ នៅពេលបានដឹង ខ្ញុំក៏សុំឲ្យពិនិត្យឡើងវិញ។ ពេលពិនិត្យមានការប្រជុំមួយ ទៅដល់ទីស្តីការគណៈរដ្ឋមន្រ្តីឯណោះ ថាសុំទុកចុះពី ៦០ ម៉ឺន(រៀល) មកនៅ ៣៦ ម៉ឺន(រៀល)។ ខ្ញុំហៅទូរស័ព្ទមក ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង ថា បង! ៣៦ ម៉ឺន(រៀល) សម្រាប់អ្នកក្រ គឺច្រើនណាស់។ ឥឡូវ បើបន្ថយមកនៅ ១០ ម៉ឺន(រៀល) បានឬអត់? ថាបាន។ បើបានធ្វើទៅ។ អញ្ចឹងទេ យើងសម្រួលឲ្យដើម្បីដោះស្រាយបញ្ហា ព្រោះកាល ៦០ ម៉ឺន(រៀល) វាស្មើ ១៥០ ដុល្លារ(អាមេរិក) ប្រឡងជាប់ក៏អស់ ១៥០ ដុល្លារ(អាមេរិក) ប្រឡងមិនជាប់ក៏អស់ ១៥០ ដុល្លារ(អាមេរិក)។ អ្នកខ្លះដើម្បីចង់ចូលរៀនពេទ្យ គឺត្រូវខ្ចីលុយគេយកមក (ដាក់ពាក្យ)ប្រឡង។ អញ្ចឹងទេ ទម្លាក់ពី ៦០ ម៉ឺន(រៀល) មកនៅ ១០ ម៉ឺន(រៀល)។ ក្មួយៗ គួរតែខិតខំបង់។ ជួយគ្នាក៏ដូចជាជួយខ្លួនឯងដែរ ព្រោះសាលាត្រូវការយកមកធ្វើកិច្ចការងារ ដូចជាអគារនេះជាដើម ដែលសាងសង់ដោយការបង់ថ្លៃរបស់សិស្ស។
មួយទៀតយើងក៏បានដោះស្រាយ ហើយកន្លងទៅនេះ។ ប្រហែលយើងមានភាពងាប់ក្រឡាបន្តិច ត្រង់ថា កំណត់អាយុ ដល់កំណត់អាយុ អ្នកពូកែៗ អត់បានជាប់ទាំងអស់។ ព្រោះអី? យើងកំណត់អាយុសម្រាប់គ្រូពេទ្យឯកទេស (គ្រូពេទ្យឯកទេស)មិនត្រូវរៀនច្រើន ជាងគ្រូពេទ្យធម្មតា? ដល់រៀនច្រើនពេកវាហួសអាយុប្រឡងចូលក្របខណ្ឌ។ អញ្ចឹងទេ បញ្ហាចោទឡើង នៅត្រង់ថា អ្នកដែលមានឯកទេសខ្ពស់ទៅធ្វើជាមន្ត្រីសុខាភិបាលជាប់កិច្ចសន្យា អ្នកដែលបានរៀនទាប ជាងទៅជាត្រួតពីលើ ព្រោះគេមានក្របខណ្ឌ។ អញ្ចឹងទេ យើងក៏បានដោះស្រាយមួយម្តងៗ ក៏ប៉ុន្តែ ខ្ញុំថា ដោះជាកញ្ចប់តែម្តងទៅ ៣៣០ នាក់ ដោះចប់ហើយ។ អញ្ចឹង ខាងវិស័យសុខាភិបាលដើមឆ្នាំនេះ បានសេចក្តីថា ដោះរឿងច្រើនណាស់។
តាមហ្វេសប៊ុក ទទួលបានសំណូមពរ ហើយដោះស្រាយជូនប្រជាពលរដ្ឋបានច្រើន
តាំងពីខ្ញុំមានហ្វេសប៊ុកមក (ខ្ញុំ)ទទួលសំណូមពរពីគ្រប់ទិស ហើយស្តាប់បានរឿង រួចហើយពិចារណារឿង និងដោះស្រាយ។ អញ្ចឹង បាន Page Facebook របស់ខ្ញុំ ដែលមានអ្នកគាំទ្រជិត ៤ លានកន្លះ។ ខ្ញុំមិនប្រណាំងប្រជែងជាមួយអ្នកណាទាំងអស់ ប៉ុន្តែ ខ្ញុំប្រើហ្វេសប៊ុកតាមរបៀបរដ្ឋាភិបាល អេឡិចត្រូនិក E-Government។ អញ្ចឹង យើងដឹងបញ្ហា។ យើងដោះចំបញ្ហា។ និស្សិតពេទ្យថា សម្តេច! ៦០ ម៉ឺនរៀល ថ្លៃណាស់ក្នុងការប្រឡង ដោះបានមួយ។ ទម្លាក់ពី ៦០ ម៉ឺន(រៀល) មកនៅ ១០ ម៉ឺន(រៀល)។ ពេទ្យ ឯកទេសដោះស្រាយទៀត។ អ្នកបម្រុងឲ្យទៅជាពេញសិទ្ធិ។ ឥឡូវ បន្ថែម ៩៩ នាក់ ដែលប្រឡងប្រដំប្រសង ឥឡូវ ក្មួយៗ ហ្នឹងប្រហែលអត់មក។ ថ្ងៃហ្នឹង ប្រហែលអ្នកប្រុងបង្ហោះ គាត់ចូលមក Comment គាត់ឈប់ Comment អាពីមុនហើយ។ គាត់ដក Comment នោះ។ គាត់ថា អរគុណសម្តេចហើយ ដែលបានជួយដោះស្រាយបញ្ហា។ ចូលរហូត តាមមើលចុះ ថ្ងៃណាក៏ថ្ងៃគាត់(Comment)ចូលដែរ រួចហើយមានពេលខ្លះដើម្បីឲ្យខ្ញុំមើល គាត់អត់ទាន់ដាក់ទេអាខាងលើ ជូនពរសម្តេចអីអញ្ចេះអញ្ចុះ រួចហើយមាន See More អាខាងក្រោម។ ចុចគឹប “សម្តេច! ខ្ញុំប្រឡង … គ្រាន់តែដល់ពេលផ្ទាល់មាត់ខ្ញុំធ្លាក់ ប៉ុន្តែអ្នកដែលជាប់បម្រុងហ្នឹង គឺខ្លះពិន្ទុអន់ជាងខ្ញុំផង”។ នែ! វាទៅជាអញ្ចេះទៅ ឥឡូវរួចហើយ។
គ្រូពេទ្យជាប់កិច្ចសន្យា ចំនួន ៣.៦៨៩ នាក់ ត្រូវបានបញ្ជូលក្របខណ្ឌ
និស្សិតឯកទេសនេះយើងដោះហើយ គ្រូពេទ្យដែលជាប់កិច្ចសន្យា ចំនួន ៣.៦៨៩ នាក់ ត្រូវបានបញ្ជូលក្របខណ្ឌ។ ប៉ុន្តែ សុំអភ័យទោសចំពោះបងប្អូនមួយចំនួនដែលបានចូលមកថា ខ្ញុំជាអ្នកបើកឡានសុំចូលផង។ ស្លាប់ហើយ បើលេងតែយ៉ាងហ្នឹង។ ហ្នឹងអ្នកជាប់កិច្ចសន្យា បើអញ្ចឹងក្របខណ្ឌរដ្ឋបើចូលបាននោះ គឺអ្នកដែលមន្ត្រីជាប់កិច្ចសន្យាគ្រប់ក្រសួងទាំងអស់ចូលទាំងអស់។ អញ្ចឹងទេ គឺយើងដោះត្រឹមកម្រិតគ្រូពេទ្យ។ ខ្ញុំពិតជាមានការរីករាយ ដែលបានរួមចំណែកដោះស្រាយនៅក្នុងកំណែទម្រង់មួយចំនួន ដែលមានការចាំបាច់ត្រូវធ្វើ ហើយការកែទម្រង់ទាំងអស់សុទ្ធតែបម្រើគោលដៅសម្រាប់ប្រជាពលរដ្ឋរបស់យើង និងនិស្សិតរបស់យើង។
សរសើរ ឯកឧត្តម ស៊ុន ចាន់ថុល បង្កើតមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន
ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានទៅធ្វើការកែទម្រង់មួយ។ ខ្ញុំថា បានអាហ្នឹងមួយចេញទៀត វាស្រួលខ្លួនខ្ញុំឯណេះ។ គេមិនស្រែកអារឿងស្លាកឡានស្លាកម៉ូតូ ប័ណ្ណបើកបរអីនេះ។ អាហ្នឹងវេទនាណាស់ ព្រោះមនុស្សទាំងអស់សុទ្ធតែត្រូវការជិះម៉ូតូ ដល់ត្រូវការជិះម៉ូតូ ស្រាប់តែតម្រូវឲ្យម្នាក់ៗ មានប័ណ្ណបើកបរ ព្រោះអញ្ចេះ គេអាចខ្ចីម៉ូតូគ្នាជិះបាន ប៉ុន្តែ មិនអាចខ្ចីប័ណ្ណបើកបរបានទេ។ អញ្ចឹង បើមនុស្ស ១០ លាន នាក់ ចេះជិះម៉ូតូ ត្រូវ ១០ លានប័ណ្ណបើកបរ។ អញ្ចឹង វិធីតែមួយគត់ លុបចោលកុំមានតែម្តង មានតែអត្តសញ្ញាណប័ណ្ណមួយចប់រឿង។ ប៉ុន្តែ មិនមែនលើកលែងទាំងអស់ទេ។ ម៉ូតូចាប់ពី ១២៥ CC ចុះមកក្រោម អាហ្នឹងលើកលែង ប៉ុន្តែ ចាប់ពី ១២៦ CC ឡើងទៅលើ អាហ្នឹងត្រូវមានប័ណ្ណបើកបរ។ គ្រាន់តែពីមុនថ្លៃពីរឥឡូវយកតែមួយទេ។ អញ្ចឹង យើងសម្រួលបានច្រើនកិច្ចការនៅក្នុងរយៈពេលដើមឆ្នាំនេះ ជាមួយកិច្ចការដែលបានធ្វើ ហើយអរគុណជាមួយការខិតខំទាំងអស់ ដែលយើងរួមគ្នាធ្វើ បើមិនរួមគ្នាធ្វើទេ មិនអាចនឹងធ្វើបានទេ។
គ្រប់អ្នកពាក់ព័ន្ធទាំងអស់នឹងបន្តដំណើរជាមួយគ្នាតទៅទៀត
ឥឡូវ ឧទាហរណ៍៖ ចង់បង្កើតអគារសិក្សាប៉ុន្មានក៏ដោយចុះ បើគ្នានការចូលរួមចង់រៀនពីនិស្សិតទេ មិន អាចទៅរួចទេ។ ទាល់តែមានការចូលរួម ដែលយើងត្រូវធ្វើទាំងអស់គ្នា។ សង្ឃឹមថា យើងនឹងបន្តដំណើរជាមួយគ្នាតទៅទៀត តាមរយៈនូវសមិទ្ធផលថ្មីៗ និងគោលដៅដែលយើងដាច់ចេញ។ បើផ្នែកគោលដៅខាងវិស័យសុខាភិបាល គឺមានច្រើនណាស់ ដែលទាមទារធ្វើសកម្មភាព ដោយមិនមែនគ្រាន់តែពឹងពាក់លើស្ថាប័នសុខាភិបាលមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែ យើងត្រូវធ្វើការរួមគ្នាជាមួយស្ថាប័នដទៃទៀត។ ដូចជា ពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ … យកល្អកុំឲ្យមាន(គ្រោះថ្នាក់)។ គ្រូពេទ្យគ្រាន់តែអត់ងងុយ និងលំបាកតែប៉ុណ្ណឹង ប៉ុន្តែ អ្នកដែលស្លាប់ និងរបួស គឺអ្នកដែលបង្ក(គ្រោះថ្នាក់)ខ្លួន(ឯង)នោះទេតើ។ អញ្ចឹង វាទាល់តែប្រឹងទាំងអស់គ្នា។ ហើយគ្រូពេទ្យអត់បាន ដេកបានពួនអីទេ បើនិយាយឲ្យពិត។ ប្រពន្ធខ្ញុំឆ្នាំ ១៩៧៩, បង ជា ស៊ីម, បង ហេង សំរិន, បង សាយ ភូថង អីថា ហ៊ុន សែន ឯងគួរឲ្យប្រពន្ធទៅធ្វើពេទ្យជាមួយគេទៅ។ ទៅពេទ្យកាល់ម៉ែត។ ខ្ញុំថា អត់ទេ។ ខ្ញុំរាងហើយ។ រាងយ៉ាងម៉េច? ឯងដេកចាំប្រពន្ធ ព្រោះប្រពន្ធរវល់ទៅព្យាបាលគេ។ ប៉ុណ្ណឹងបានហើយ ត្រឹមតែព្យាបាលប្តីព្យាបាលកូនបានហើយ។
អ្នកជំងឺផ្ទាល់ត្រូវប្រឹងខ្លួនឯង។ ឧទាហរណ៍៖ ទាក់ទងនឹងបញ្ហាមេរោគអេដស៍ ឬបញ្ហារបេង និយាយថារបេងមួយទៅចុះ គេតម្រូវឲ្យលេបថ្នាំទៀងទាត់ បើយើងលេបថ្នាំមិនទៀងទាត់ទេធ្វើម៉េចនឹងជា? ហើយកុំទៅបន្ទោសគ្រូពេទ្យ។ គ្រូពេទ្យក៏ដូចជាគ្រូបង្រៀនដែរ ចាំតែត្រូវមាត់។ ព្យាបាលគេជា គេថាយើងហ្នឹងគ្រូពេទ្យល្អ ព្យាបាលគេមិនជា គេថាអាគ្រូពេទ្យអត់បានការ។ គ្រូបង្រៀនក៏ដូចគ្នា។ បង្រៀនកូនគេពូកែ គេថាពូជអញ ហ្នឹងពូកែតើ។ មិនមែនគ្រូឯណា? ដល់បង្រៀនកូនគេមិនពូកែ គេថាអាគ្រូអត់បានការ។
កុំឱ្យគ្រូពេទ្យម្នាក់ ឬពីរនាក់ ធ្វើឲ្យខូចមន្ទីរពេទ្យទាំងមូល
ខ្ញុំធ្លាប់បានអំពាវនាវហើយ ពិតមែនហើយគ្រូពេទ្យរបស់យើងភាគច្រើនណាស់ ដែលជាគ្រូពេទ្យសង្គ្រោះជីវិតមនុស្ស ប៉ុន្តែ ក៏នៅមានចំណុចខ្វះខាតមួយចំនួននៃបុគ្គលខ្លះ មិនមែនជាស្ថាប័នគ្រូពេទ្យទេ។ ខ្ញុំមិនយល់ស្របជាមួយមនុស្សដែលបាននិយាយថា គ្រូពេទ្យ ៩០% មិនល្អ។ មានតែ ១០%។ អញ្ចឹងទេ តើគ្រូពេទ្យទទួលបានទេអាហ្នឹង? វាដូចជាមាក់ងាយចំពោះគ្រូពេទ្យយើង។ ខ្លួនខ្ញុំរាល់ថ្ងៃខ្ញុំព្យាបាលនៅក្នុងស្រុកដែរ។ ប្រជាជនកម្ពុជាព្យាបាលនៅក្នុងស្រុក បើ ៩០% មនុស្សអាក្រក់ទៅហើយ អញ្ចឹង ងាប់មនុស្សប៉ុន្មានទៅ? មនុស្សមិនអាចកើនពី ៥ លាននាក់ ទៅ ១៥ លាននាក់ទេ។ កុំភ្លេចថា ខ្មែររាល់ថ្ងៃកើតកូនច្រើនណាស់។ យើងនៅក្នុងអាស៊ានឈរនៅលំដាប់ទី ៧ ខាងផ្នែកប្រជាសាស្រ្ត។ ទី ១. ឥណ្ឌូនេស៊ី មានប្រជាជនជាង ២០០ លាននាក់។ ទី ២. ហ្វីលីពីន មានប្រជាជនជាង ១០០ លាននាក់។ ទី ៣. វៀតណាម មានប្រជាជនជាង ៩០ លាននាក់។ ទី ៤. ថៃ (មានប្រជាជនជាង) ៦០ លាននាក់។ ទី ៥. ម៉ាឡេស៊ី (មានប្រជាជនជាង) ៣៩ លាននាក់។ ទី ៦. មីយ៉ាន់ម៉ា។ ទី ៧. យើង។ ទី ៨. ឡាវ។ ទី ៩. សឹង្ហហ្គាពួរ។ ទី ១០. ប្រ៊ុយណេ។
ពេលនេះសម្តេចទទួលបានចៅទី ១៨ ហើយក៏គ្រប់អេគីបបាល់ទាត់
យើងមានប្រជាជនតាំងពីជុំវិញ ៥ លាននាក់ ដែលនៅសេសសល់ពីការស្លាប់។ កើតកូនច្រើនណាស់។ ឥឡូវមិនចាំបាច់បន្ទោសអ្នកណាទេ។ ខ្លួនខ្ញុំផលិតច្រើនណាស់។ គ្រាន់តែឥឡូវហ្នឹងចៅ ១៧ កន្លះ។ ប្តីប្រពន្ធហ្នឹងញញឹមៗ មានតែកូនស្រីអត់កូនប្រុស។ ដោះស្រាយយ៉ាងម៉េចជាមួយឪពុក? ឲ្យទៅរៀន សុទ្ធតែបណ្ឌិត ហើយកូនប្រសារស្រីហ្នឹងបណ្ឌិតខាងសុខភាពសាធារណៈទៅទៀត ម៉េចក៏រកកូនប្រុសមិនបាន? និយាយហែកកេរ្តិ៍បន្តិចទៅចុះ។ មានមួយនោះប្រុសទាំងអស់ មួយដំប។ ឯណេះស្រីទាំងអស់ អត់ប្រុស។ យ៉ាងហោចណាស់ខ្ញុំនឹងបាន(ចៅ)ពីរទៀត។ ឥឡូវ អាទី ១៨ មកដល់ហើយៗ វានឹងគ្រប់ជា អេគីបបាល់ទាត់តែម្តង។ ឥឡូវ ១៧ នាក់ បានចៅប្រុស ១០ ហើយ ឥឡូវ អាទី ១១ វានឹងមកប៉ុន្មានខែខាងមុខនេះ។
សម្រាប់ការប្រកួតបាល់ទាត់អឺរ៉ុប គ្រាន់តែមើលហើយ កុំភ្នាល់
ម្សិលមិញ ជួបជាមួយរដ្ឋមន្ត្រីអាល្លឺម៉ង់ ថាចាំដល់ពេលក្រោយសុំឲ្យអាល្លឺម៉ង់មកជួយកម្ពុជាផង ហើយសង្ឃឹមថា ១៥ ឆ្នាំក្រោយ អាចនឹងមើលការប្រកួតជម្រើសជាតិរបស់កម្ពុជា និងជម្រើសជាតិអាល្លឺម៉ង់។ ថ្ងៃនេះអាល្លឺម៉ង់ពូកែហើយ ឈ្នះពីណាថ្ងៃមុន? ឈ្នះអ៊ុយក្រែន ២-០។ អាល្លឺម៉ង់ត្រូវជួបជាមួយប៉ូឡូញ។ រុស្ស៊ីគាត់ចាញ់ស្លូវ៉ាគី។ យប់មិញហ្នឹង រ៉ូម៉ានី និងស្វ៊ីស ដូចជា ១-១ ស្មើ ហើយដល់បារាំងស៊ីអាល់បានី ២-០។ បារាំងបានឡើង ៦ ពិន្ទុហើយ ក្នុងពូលអេ (A)។ អេ! បើមិនតាមយ៉ាងម៉េច? សភាពការណ៍ពិលោកបច្ចុប្បន្ននេះ។ បាល់វាមូល។ ប៉ុន្តែ អឺរ៉ុបពិបាកណាស់។ ខ្ញុំនិយាយបន្តិចទៅចុះ អឺរ៉ុបពិបាករក ៥-០ រកត្រឹមតែ ២ ឬ ច្រើនបំផុត ៣ ព្រោះអឺរ៉ុបស្គាល់ជើងគ្នាទាំងអស់ហើយ។ គេសមាហរណកម្មបាល់ទាត់អស់រលីងទៅហើយ។ ប៉ុន្តែ គ្រាន់តែទាយបានហើយ។ កុំភ្នាល់ណ៎ា។ ប្រយ័ត្នអស់លុយបង់ថ្លៃសាលា។
អរគុណចំពោះការខិតខំរបស់ក្រសួងសុខាភិបាល ដៃគូ និងសាកលវិទ្យាល័យ
ថ្ងៃនេះ ខ្ញុំមិនបន្តវែងឆ្ងាយទេ។ ជាមួយនឹងការអរគុណ ចំពោះការខិតខំទាំងអស់របស់ក្រសួងសុខាភិបាល ការខិតខំទាំងអស់របស់ដៃគូដែលបានជួយយើង និងការខិតខំផ្ទាល់របស់សាកលវិទ្យាល័យនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាមួយនឹងចំណងដៃសម្រាប់និស្សិត ដែលជាប់ទ្រឹស្តី ធ្លាក់ផ្ទាល់មាត់ ដើម្បីអនុញ្ញាតឲ្យបានចូលរៀនជាមួយនឹងគេនឹងឯង ទៅជាអ្នកពេញសិទ្ធិ ហើយអ្នកបម្រុងក៏ទៅពេញសិទ្ធិ។ ថ្ងៃនេះ ខ្ញុំគិតថាមិនបានឃើញសំណូមពរនោះទៀតទេ។ គឺច្បាស់ជាមានពាក្យពេចន៍ផ្សេងខុសពីនោះហើយ។ ឆ្នាំក្រោយមិនមានបញ្ហាពេញសិទ្ធិ ឬក៏បម្រុងទៀតទេ។ យកប៉ុន្មាន គឺកំណត់យកប៉ុណ្ណឹង …៕