សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា សម្តេចតេជោ ហ៊ុន សែន ពិធីសម្ពោធអគារសិក្សាក្នុង បរិវេណសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងខួបទី ៧០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីកម្ពស់ ១០ ជាន់ នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងចូលរួមអបអរសាទរផងដែរ ខួបលើកទី ៧០ នៃ ថ្ងៃ​បង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បើយើងពិនិត្យអំពីប្រវត្តិសាកលវិទ្យាល័យ​នេះ ពិត​ជាបានកើតមុនពេលនៃការចាប់កំណើតរបស់ខ្ញុំ ព្រោះថា នៅពេលនេះខ្ញុំមិនទាន់មានអាយុ ៧០ ឆ្នាំ នៅ​ឡើយទេ ប៉ុន្តែ សាកលវិទ្យាល័យនេះមានអាយុរហូតទៅដល់ ៧០ ឆ្នាំ ហើយដែល ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់អម្បាញ់មិញថា ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ។ វិធីយកស្លឹកត្នោតខ្ចប់ស្ករត្នោត ​កសាងបានអគារមួយចំនួន ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែល​យើងបានប្រឹងប្រែង បន្ទាប់ពីការស្លាប់ម្តងរួចទៅហើយ នៅក្នុងចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។ ខ្លួន  ខ្ញុំផ្ទាល់​បានមកចូលរួមក្នុងការបើកនូវសាកលវិទ្យាល័យនេះ បើខ្ញុំមិនច្រឡំទេ គឺនៅដើមខែ មករា ឆ្នាំ ១៩៨០ តែម្តង។ ពេលនោះ គឺជាការធ្វើសន្និបាតលើកទី ១ របស់ក្រសួងសុខាភិបាល។ ជាក្រសួងតែមួយ​គត់ ដែល​បានធ្វើសន្និបាតប្រចាំឆ្នាំមិនដែលអាក់ខាន…