សេចក្តីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺ Covid-19

សង្រ្គាមប្រឆាំងនឹង Covid-19 គ្មានពាក្យថា វាយលុក និងចំណេញ ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានរបស់យើងបានសាកសួរផងដែរ តើយើងត្រូវធ្វើកិច្ចការងារមួយចំនួនបន្តទៀត។ ប្រជាពលរដ្ឋរបស់យើងបានដឹងហើយថា យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្រ្គាមប្រឆាំងនឹង Covid-19​ ដែលជាជំងឺរីករាលដាលជាសកល។ មកដល់ពេលនេះ សង្រ្គាមមួយនេះស្ថិតនៅក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យថា វាយលុក ព្រោះយើងមិនដឹងថា សត្រូវពិតប្រាកដវានៅទីណានោះទេ ខុសគ្នាជាមួយនឹងផ្នែកយោធា ដែលមានវាយទប់ទល់ផង និងមានការវាយលុក ឬមានការដកថយ។ សម្រាប់យើង គ្មានទេពាក្យវាយលុក ហើយក៏គ្មានទេនូវពាក្យដែលហៅថា ឈ្នះទៅលើសង្រ្គាមមហន្តរាយបែបនេះ។ គ្មានទេពាក្យថាចំណេញ មានតែខាត។ គ្រាន់តែខាតតិច ឬខាតច្រើនតែប៉ុណ្ណោះ។ នេះជាចំណុចដែលយើងត្រូវដឹងជាមុន អំពីនិយមន័យនៃសង្រ្គាមប្រឆាំងនឹង Covid-19 នេះ។ ខ្ញុំប​ញ្ជាក់ឡើងវិញថា សង្រ្គាមនេះ គឺគ្រាន់តែមានត្រឹមកម្រិតទប់ទល់ ហើយគ្មានទេ អ្វីដែលហៅថាឈ្នះ គឺមានតែការខាតបង់ គ្រាន់តែខាតតិច ឬខាតច្រើន។ ដូចជាប្រទេសខ្លះ គឺស្លាប់ប្រជាជនច្រើន ប្រទេសខ្លះស្លាប់ប្រជាជនតិច ប្រទេសខ្លះមិនទាន់មានប្រជាជនស្លាប់ទេ ប៉ុន្តែភាគច្រើនមានមនុស្សឆ្លងរួចទៅហើយ។ សង្រ្គាមប្រឆាំងនឹង Covid-19 នេះ យើងត្រូវដាក់ទៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ព្រោះជំងឺឆ្លងនេះមិនទាន់ឃើញសញ្ញាថយចុះនៅឡើយទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។…

សេចក្តីដកស្រង់ប្រសាសន៍ សំណួរ/ចម្លើយសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃជំងឺ Covid-19

ទូរទស្សន៍ក្រសួងមហាផ្ទៃ NiceTV៖ ខ្ញុំមានពីរសំណួរជូនសម្ដេចនៅពេលនេះ។ សំណួរទី ១ តាមការព្យាករណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា វិស័យសេដ្ឋកិច្ចជាតិរបស់យើង មានឱនភាពខ្លាំងដោយសារតែជំងឺ COVID-19 នៅឆ្នាំ ២០២០ នេះ។ តើសម្ដេចមានយុទ្ធសាស្រ្តបែបណា ដើម្បីទប់ស្ដាត់ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិរបស់យើង? សំណួរទី ២ រវាងផលប៉ះពាល់ EBA និងជំងឺ COVID-19 តើមួយណាមានផលប៉ះពាល់ធ្ងន់ធ្ងរជាង? អរគុណសម្រាប់ការសួរនូវសំណួរនេះ។ ពិភពលោកបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយដែលមិនរងផលប៉ះពាល់ទេ។ គ្រាន់តែផលប៉ះពាល់ហ្នឹង វាមានទំហំប៉ុនណា មិនទាន់វាយតម្លៃបាន ដោយសារជំងឺ COVID-19 វាមិនកម្រិតបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ ផលប៉ះពាល់ វាកើតមានហើយ។ កំណើនសេដ្ឋកិច្ចពិភពលោក និងគ្រប់ប្រទេសទាំងអស់សុទ្ធតែធ្លាក់ចុះ។ ម្សិលម្ង៉ៃ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជូនមកខ្ញុំ នូវផ្នែកនានាដែលទទួលផលប៉ះពាល់ និងផ្នែកដែលមានកាលានុវត្តភាព។ នៅក្នុងផ្នែកដែលមានកាលានុវត្តភាព គេមានដាក់ផ្នែកកសិកម្មនៅខាងលើប្រេង បន្ទាប់ទៅមានអីទៀត(អញ្ចឹងទៅ)។ ខ្ញុំបាននិយាយលេងជាមួយកូនៗ របស់ខ្ញុំ។ ខ្ញុំប្រាប់ថា ចង់ឆ្លើយទៅឯកឧត្តម ប្រាក់ សុខុន (ដឹងថា)មិនមែនជារបស់ឯកឧត្តម ប្រាក់…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ បិទសន្និបាត សុខាភិបាល លើកទី ៤១

[…] ជម្រាបជូនគ្រប់ស្ថាប័នទាំងអស់ឲ្យដឹងថា ស្ថាប័នទាំងអស់ត្រូវកាត់បន្ថយរហូតដល់ ៥០% នៃការចំណាយ លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី ដែលនឹងត្រូវកាត់បន្ថយការចំណាយ ២៥% … ជម្រាប ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បានជ្រាបថា សុំកុំបង្កើនការចំណាយ … មិនតឹ្រមតែមិនឲ្យបង្កើនការចំណាយទេ យើងកាត់បន្ថយការចំណាយតែម្តង។ មានតែចំណាយទៅលើបៀវត្សរ៍តែប៉ុណ្ណោះ ដែលមិនមានការកាត់បន្ថយទេ […]

[…] កិច្ចការ(ដែលបានធ្វើតាំងពី)ពេលកន្លងទៅ ចាប់ផ្តើមពីផ្ទុះកូរ៉ូណា រហូតដល់ពេលនេះ និងរហូតដល់ការបញ្ចប់នៃជំងឺ Covid-19 ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។ នេះជាការដែលយើងត្រូវធ្វើទាំងអស់គ្នា […]

[…] ខ្ញុំស្នើថា កុំចាំបាច់សួរនាំតទៅទៀត (អំពីករណីរកឃើញមិនប្រក្រតីដោយម៉ាឡេស៊ីលើអ្នកដំណើរ Westerdam)។ អ្នកទទួលខុសត្រូវមុន(នៃគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី) ក៏អស់តំណែងជារដ្ឋមន្រ្តីទៅហើយ។ រកការបញ្ជាក់ក៏មិនឃើញ។ អ្វីដែលសំខាន់ គឺត្រង់ថា ស្រ្ដីដែលគេចាត់ទុកថា មានជំងឺ Covid-19 នេះ ក៏បានទៅដល់ប្រទេស ហើយក៏អត់មានជំងឺ។ រឿងនេះ កាន់តែបង្ហាញការទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់យើង ក្នុងការពិនិត្យ ហើយធ្វើតាមការណែនាំរបស់អង្គការសុខភាពពិភពលោក […]

សម្ដេចតេជោ ហ៊ុន សែន, បិទសន្និបាតក្រសួងសុខាភិបាល, ៤ មីនា ២០២០