ទូរទស្សន៍ក្រសួងមហាផ្ទៃ NiceTV៖ ខ្ញុំមានពីរសំណួរជូនសម្ដេចនៅពេលនេះ។ សំណួរទី ១ តាមការព្យាករណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា វិស័យសេដ្ឋកិច្ចជាតិរបស់យើង មានឱនភាពខ្លាំងដោយសារតែជំងឺ COVID-19 នៅឆ្នាំ ២០២០ នេះ។ តើសម្ដេចមានយុទ្ធសាស្រ្តបែបណា ដើម្បីទប់ស្ដាត់ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិរបស់យើង?
សំណួរទី ២ រវាងផលប៉ះពាល់ EBA និងជំងឺ COVID-19 តើមួយណាមានផលប៉ះពាល់ធ្ងន់ធ្ងរជាង?
អរគុណសម្រាប់ការសួរនូវសំណួរនេះ។ ពិភពលោកបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយដែលមិនរងផលប៉ះពាល់ទេ។ គ្រាន់តែផលប៉ះពាល់ហ្នឹង វាមានទំហំប៉ុនណា មិនទាន់វាយតម្លៃបាន ដោយសារជំងឺ COVID-19 វាមិនកម្រិតបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ ផលប៉ះពាល់ វាកើតមានហើយ។ កំណើនសេដ្ឋកិច្ចពិភពលោក និងគ្រប់ប្រទេសទាំងអស់សុទ្ធតែធ្លាក់ចុះ។ ម្សិលម្ង៉ៃ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជូនមកខ្ញុំ នូវផ្នែកនានាដែលទទួលផលប៉ះពាល់ និងផ្នែកដែលមានកាលានុវត្តភាព។ នៅក្នុងផ្នែកដែលមានកាលានុវត្តភាព គេមានដាក់ផ្នែកកសិកម្មនៅខាងលើប្រេង បន្ទាប់ទៅមានអីទៀត(អញ្ចឹងទៅ)។ ខ្ញុំបាននិយាយលេងជាមួយកូនៗ របស់ខ្ញុំ។ ខ្ញុំប្រាប់ថា ចង់ឆ្លើយទៅឯកឧត្តម ប្រាក់ សុខុន (ដឹងថា)មិនមែនជារបស់ឯកឧត្តម ប្រាក់ សុខុន ទេ។ ឯកឧត្តម ប្រាក់ សុខុន ទទួលបានពីគេ។ អ្នកគិតនោះ នៅអត់បានគិតដល់ចំណុចមួយ អំពីអ្នកដែលទទួលផល។ គាត់ដាក់អ្នកដែលទទួលផលត្រឹមតែអ្នកដែលផលិតសម្ភារៈផ្នែកពេទ្យតែប៉ុណ្ណឹង។ ប៉ុន្តែខ្ញុំឃើញថាអ្នកដែលទទួលផលមួយទៀត គឺអ្នកកប់សព និងអ្នកធ្វើក្ដារមឈូស។ ការពិតវាអញ្ចឹង។ មនុស្សងាប់មួយថ្ងៃៗ មិនតិចទេ។ អ្នកធ្វើក្ដារមឈូស ជាផ្នែកសេវាទាក់ទងនឹងការយកមនុស្សទៅកប់ យកមនុស្សទៅដុត ដែលផលិតប្រដាប់ហ្នឹង។ ឥឡូវគ្រួសារអ្នកស្លាប់ដែលជាខ្មែរនៅញូវយ៉ក គេទារប្រាក់ ៣.០០០ ដុល្លារ ដើម្បីនឹងដុតខ្មោចមួយ។ ពិត ឬមិនពិត ខ្ញុំមិនដឹងទេ តែខ្ញុំឃើញ Fresh News ផ្សាយអំពីក្រុមគ្រួសារខ្មែរនៅញូវយ៉ក។ អញ្ចឹងបញ្ហាសេដ្ឋកិច្ចប៉ះពាល់ធំណាស់ តែកម្រិតប៉ុនណា វាចំណុះទៅលើការវិវត្តនៃ COVID-19 នេះ។ វាទៅបញ្ចប់នៅទីកន្លែងណា? គ្រប់គ្រងវាបានកម្រិតណា?
លោកសួរថា តើអ្វីដែលជាផលប៉ះពាល់ធំជាងគេ? ធម្មតា សេដ្ឋកិច្ច គឺមានផ្នែក ៣៖ កសិកម្ម ឧស្សាហកម្ម និងសេវា។ ដូច្នេះ វាប៉ះពាល់ហើយ ឧស្សាហកម្ម និងសេវា គឺប៉ះពាល់ធ្ងន់ណាស់ ប៉ុន្តែកសិកម្ម បែរជាមានកាលានុវត្តភាពទៅវិញ។ នេះជាការវាយតម្លៃរបស់អ្នកសេដ្ឋកិច្ច រាប់ទាំងដែលគេបានដាក់ជាសញ្ញាមក អំពីផលប៉ះពាល់ ដែលខ្ញុំមើលឃើញនៅក្នុងផលប៉ះពាល់របស់គេនេះ និងអ្នកដែលទទួលផលវិញ។ ក្នុងនេះ ផ្នែកកសិកម្ម ជាផ្នែកដែលទទួលផល … នៅប្រទេសអង់គ្លេស អត់មានយកលុយទេ។ ចាយ និងទូទាត់តាម Credit Card។ មានស្អីៗទៀត ប៉ុន្តែនៅក្នុងនេះ ខ្ញុំថាសេវាខាងផ្នែកកប់សព និងធ្វើក្ដារមឈូស ក៏ជាអ្នកទទួលផលដែរ។ និយាយតាមមួយបែបទៅ មិនមែនជាការលេងសើចទេ អ្នកធ្វើក្ដារមឈូសបន់ឱ្យមនុស្សងាប់ ដើម្បីលក់ក្ដារមឈូសដាច់។ ប៉ុន្តែ វាមិនដល់ថ្នាក់ហ្នឹងពេកទេ។ យើងបានឃើញជាទម្លាប់អញ្ចឹង បើអត់មានមនុស្សងាប់ទេ លក់ក្ដារមឈូសអត់ដាច់។ ប៉ុន្តែ ឥឡូវមើលៗ ផលិតក្ដារមឈូសមិនទាន់ផង ដោយសារងាប់ច្រើនពេក។ ប្រទេសខ្លះងាប់ជាង ១.០០០ នាក់ក្នុងមួយថ្ងៃ, ខ្លះងាប់ ៥០០ នាក់, ៧០០ នាក់, ៨០០ នាក់ ងាប់ច្រើនពេកស្ទើរតែផលិតក្ដារមឈូសសឹងមិនទាន់។ អញ្ចឹង ខ្ញុំអាចបញ្ជាក់ថា ផលប៉ះពាល់នៅទីនេះ មានឧស្សាហកម្ម សេវា ហើយផ្នែកកសិកម្មទទួលផលវិញ។ ប៉ុន្តែ ឧស្សាហកម្មដែលពាក់ព័ន្ធនៅក្នុងផ្នែកវេជ្ជសាស្រ្ត និងផ្នែកម្ហូបអាហារ អាចនឹងមានកាលានុវត្តភាពវិញ។ ប៉ុន្តែ ឧស្សាហកម្មរថយន្ត ឧស្សាហកម្មផលិតយន្តហោះ ឧស្សាហកម្មមួយចំនួនផ្សេងទៀត គឺអាចនឹងរងផលប៉ះពាល់ធ្ងន់។
Cambonomist៖ សុំអនុញ្ញាតសួរសំណួរថា តើកម្ពុជាមានវិធានការអ្វីខ្លះនៅពេលនេះ ដើម្បីធានាបានថា COVID-19 នឹងបន្តការរីករាលដាលក្នុងកម្រិតមួយដែលមិនធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់កម្លាំងផលិតកម្មនៅក្នុងប្រទេស។ តើរដ្ឋាភិបាលនឹងមានវិធានការអ្វីខ្លះ ដើម្បីជួយសម្រួលដល់រោងចក្រ/សហគ្រាសឱ្យចាប់ផ្ដើមដំណើរការវិញបានឆាប់រហ័ស នៅពេលដែលស្ថានភាពពិភពលោក ក៏ដូចជានៅតំបន់អឺរ៉ុប ចិនជាដើម បានធូរស្រាលពីជំងឺ COVID-19 នេះវិញ?
ការប្រកាន់យកនូវវិធានការណាមួយសម្រាប់កម្ពុជា វាក៏ចំណុះកត្តាខាងក្រៅ។ ទីផ្សារអាមេរិក ទីផ្សារអឺរ៉ុប រងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលនោះវាអាចនឹងបង្កើតនូវបញ្ហា មិនមែនគ្រាន់តែកម្ពុជាទេ គ្រប់ប្រទេសទាំងអស់ដែលនាំចេញទៅទីផ្សារទាំងនេះ នឹងជួបការលំបាកចាប់ពីឥឡូវនេះទៅហើយ។ ផលិតរួចហើយ អ្នកដែលបញ្ជាទិញផ្អាក មិនឱ្យនាំទៅ។ នេះជាផលប៉ះពាល់។ ខ្ញុំគិតថា ប្រសិនបើសភាពការណ៍វិលត្រឡប់មកប្រក្រតីវិញ សម្រាប់យើង យើងបានត្រៀមរួចជាស្រេច ទៅលើវិធានការដើម្បីដាក់ឱ្យដំណើរការឡើងវិញ នូវបណ្ដារោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយ ដែលទទួលរងផលប៉ះពាល់នោះ ប៉ុន្តែ ដូចដែលខ្ញុំនិយាយអញ្ចឹង វាមិនចំណុះតែយើងទេ ព្រោះយើងផលិតសម្រាប់ការនាំចេញ។ តែក៏មានផ្នែកមួយចំនួន ក៏យើងចង់បង្វែរទិសរបស់វា ឱ្យមករកការផលិតសម្រាប់ការផ្គត់ផ្គង់ជំនួសឱ្យការនាំចូលផងដែរ ក្នុងនេះគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ដែលដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នឹងបន្តធ្វើកិច្ចការនេះជាបន្តទៀត។
សេដ្ឋកិច្ចរងផលប៉ះពាល់ គ្មានទេដែលថានៅសល់អ្នកទទួលបានប្រាក់ចំណេញ … ប្រាក់ចំណូលធ្លាក់ចុះ មិនមែនគ្រាន់តែកម្ពុជាទេ … អត្រាបាត់បង់ការងារធ្វើនៅក្នុងប្រទេសឧស្សាហកម្មធំៗ គឺធ្ងន់ជាងយើងច្រើនណាស់។ ពីម្សិល ទើបនឹងមានជាង ១០០ រោងចក្រ ដែលបានបិទទ្វារ ដោយខ្វះវត្ថុធាតុដើម និងខ្វះអ្នកបញ្ជាទិញ ឬអ្នកបញ្ជាទិញបានបញ្ជារួចហើយ តែមិនបានយកទំនិញតាមការសន្យា។ នេះជាចំណុចដែលយើងកំពុងរកមើលតទៅទៀត។ ប៉ុន្តែ រាជរដ្ឋាភិបាលមានជាវិធានការហ្មត់ចត់ កុំឱ្យប្រជាជនកម្ពុជាខ្វះអង្ករច្រកឆ្នាំង។ នេះជាកម្រិតនៃការខិតខំ។ យើងមានសមត្ថភាពនឹងផ្គត់ផ្គង់ប្រជាពលរដ្ឋរបស់យើង ដោយអង្ករស្តុកផលិតនៅក្នុងប្រទេសរបស់យើង អំបិលក្នុងប្រទេសរបស់យើង មីកញ្ចប់ស្អីៗ រោងចក្រធំៗ ៤ និងរោងចក្រដទៃទៀតយ៉ាងច្រើន។ យើងអាចផ្អាកការនាំចេញនូវទំនិញទាំងនេះ ហើយបង្វិលមកតម្រូវការទីផ្សារក្នុងស្រុកនូវផលិតផលកសិឧស្សាហកម្ម និងការផលិតស្បៀងរបស់យើងមួយចំនួន។
ខ្ញុំគិតថា ប្រជាជនកម្ពុជាមិនអត់បាយស្លាប់ទេ គ្រាន់តែពេលនេះវាមានការលំបាកបន្តិច។ លំបាកត្រង់តែយើងហាមគាត់មិនឱ្យគាត់ចូលហាងទៅទៀត។ ឥឡូវនេះបានសេចក្ដីថា តាមហាងនានាសម្បូរទៅដោយម្ហូបអាហារឆ្ងាញ់ៗ ក៏ប៉ុន្តែ យើងមិនចង់ឱ្យគាត់ទៅប្រមូលផ្ដុំច្រើនពេកទេ។ កន្លែងខ្លះនៅតែបន្តលក់ ក៏បន្តមានអ្នកចូលទទួលទាន។ រឿងហ្នឹងហើយ បានយើងភ័យពេលចូលឆ្នាំ គាត់ទៅប្រមូលផ្តុំគ្នាជល់កែវចុះ/ឡើង រួចពីហ្នឹងទៅ Covid-19 រាលដាលចូលទៅក្នុងសហគមន៍តែម្ដង។ នេះគឺជារឿងគ្រោះថ្នាក់ សូមអរគុណ សូមបន្តនូវសំណួរ។
ដើមអំពិល៖ តើអាចបង្វែររោងចក្រកម្ពុជា ទៅជារោងចក្រផលិតម៉ាស ឬទេ?
សូមអរគុណចំពោះសំណួរនេះ មិនមែនរាជរដ្ឋាភិបាលគិតមិនឃើញទេ រាជរដ្ឋាភិបាលបានគិតឃើញមុនហ្នឹងទៅទៀត ពេលដែលខ្ញុំប្រជុំកាសែតនៅនេះ ខ្ញុំក៏បានចេញបញ្ជាឱ្យរោងចក្រនានាដេរម៉ាស។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ ម៉ាស៊ីនដេរម៉ាស និងវត្ថុធាតុដើមផលិតម៉ាស វាមិនដូចម៉ាស៊ីន ដែលយើងមាននៅតាមរោងចក្រនានាទេ។ សូមជម្រាបជូនឱ្យបានជ្រាបអំពីរឿងនេះ។ យើងមានកន្លែងផលិតម៉ាសនៅខេត្តព្រះសីហនុ មានរោងចក្រមួយ ដែលផលិតឱ្យយើងជាបន្តបន្ទាប់។ ទន្ទឹមនឹងយើងទិញពីក្រៅប្រទេស។ យើងមានរោងចក្រមួយ ដែលមុននេះផលិតផ្គត់ផ្គង់ទៅប្រទេសចិន តែឥឡូវនេះ យើងឱ្យរោងចក្រនេះផលិតសម្រាប់ការផ្គត់ផ្គង់នៅប្រទេសកម្ពុជា។ មានមនុស្សមិនតិចទេដែលនិយាយអំពីការបង្វែររោងចក្រផលិតម៉ាសផ្គត់ផ្គង់ក្នុងស្រុក និងលក់ទៅក្រៅប្រទេស។ បើយើងជាតំបន់ដែលផលិតម៉ាសតាំងពីដើម ប្រហែលជាក្លាយជាអ្នកមានផងក៏មិនដឹង។ ប៉ុន្តែ ដោយសារតែកន្លងទៅ យើងផលិតខោអាវ ស្បែកជើង យើងមិនអាចប្រែក្លាយម៉ាស៊ីនដេរខោ អាវទៅជាម៉ាស៊ីនផលិតម៉ាសនោះទេ។ មានគេដាក់ពាក្យស្នើសុំផលិតដែរ ប៉ុន្តែវាមិនច្រើនទេ។ បើគេផលិតអាហ្នឹងយើងស្វាគមន៍ណាស់ក្នុងការពង្រីក។ ប៉ុន្តែ ប្រហែលការផលិតនេះត្រូវការពេលវេលា ដែលគេត្រូវបញ្ជូនម៉ាស៊ីនមករៀបចំ ហើយបណ្ដុះបណ្ដាលបុគ្គលិក ដើម្បីឱ្យចេះដេរម៉ាស និងនាំមកនូវវត្ថុធាតុដើម ដើម្បីផលិតម៉ាស។ អ្នកដែលបានផលិតម៉ាសពិតប្រាកដ ច្រើនជាងគេនៅពេលនេះគឺប្រទេសចិន ក្រៅពីនោះអាចមានប្រទេសខ្លះគឺផលិតម៉ាសខ្លួនឯង។
ឥឡូវនេះ យើងបានពិនិត្យឃើញជាក់ស្ដែងហើយ។ នៅអាមេរិក និងអឺរ៉ុប សុទ្ធតែជាប្រទេសខ្វះម៉ាស។ ប្រហែលជាជឿនលឿនពេក។ នោះហើយជាសម្ដីរបស់ខ្មែរ ដែលពោលថា ”សេដ្ឋីគង់ខ្វះអំបែង”។ ខ្ញុំអាចគ្រាន់តែបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលគិតមិនឃើញទេ។ តាំងពីខ្ញុំចេញធ្វើសន្និសីទកាសែតដំបូង ខ្ញុំស្នើឱ្យរោងចក្រនៅក្នុងប្រទេសរបស់យើងផលិតម៉ាស ប៉ុន្តែធ្វើទៅមិនរួចដោយផ្ទេរសង្វាក់ផលិតកម្មទៅវាមិនបាន។ ឥឡូវ ទើបទទួលព័ត៌មានថា (មាន)ដាក់ពាក្យសុំ។ ប៉ុន្តែរោងចក្រពិតប្រាកដយើងមានតែមួយទេ។ បើសិនជាយើងធ្វើបានពេលហ្នឹង គឺជាពេលវេលាមួយល្អដែរ តែមិនមែនជាការងាយស្រួលក្នុងការផ្ទេរសង្វាក់ផលិតកម្មភ្លាមៗ ឡើយ។ នេះជារឿងដែលបាន និងកំពុងកើតក្នុងប្រទេសរបស់យើង។
ហង្សមាស៖ ១. ពលករខ្មែរ ១៥០ នាក់មិនអាចចូលបាន តើពួកគេទាំងអស់ស្ថិតក្រោមការគ្រប់ដាច់ដោយឡែករបស់អាជ្ញាធរម៉ាឡេស៊ី ឬនៅតាមផ្ទះ? ពីព្រោះពួកគាត់កំពុងប្រឈមនឹងកង្វះអាហារ ដោយគាត់ជាអ្នកនេសាទ និងជាកម្មករសំណង់។ ២. តើការល្មើសបម្រាមអំពីការមិនឱ្យឈប់សម្រាកពេលចូលឆ្នាំខ្មែរមានទណ្ឌកម្មឬទេ?
ទាក់ទិនជាមួយបងប្អូននៅក្រៅប្រទេស យើងមានតែសុំការអង្វរករគាត់ឱ្យស្ថិតនៅទីនោះសិន ដើម្បីផលប្រយោជន៍ធំរបស់ប្រទេសជាតិ។ គ្មានជម្រើសណាផ្សេងទេ។ មិនមែនខ្ញុំអគុណធម៌ទេ។ សុំសម្លឹងមើលចុះ Westerdam ប្រទេសប៉ុន្មានដែលមិនឱ្យចូល? រាប់ទាំងកោះ Guam ដែលជាទឹកដីកោះរបស់អាមេរិក ក៏ មិនឱ្យចូល ក្នុងពេលដែលប្រជាពលរដ្ឋអាមេរិកមាន ៦៥០ នាក់ នៅលើនោះ។ ដោយសារតែអាមេរិកគិតដល់ផលប្រយោជន៍ប្រជាជនអាមេរិករាប់រយលាននាក់នៅក្នុងប្រទេស។ ខ្ញុំក៏បានលឺដែរខ្លះនៅរដ្ឋ Pahang នៅជិតយើងទេ។ បើយើងគិតពីកំពង់សោមទៅរដ្ឋ Pahang គឺជាចំណុចដែលជិតជាងគេទៅកាន់ម៉ាឡេស៊ី ។ អញ្ចឹងតើគាត់ធ្វើដំណើររបៀបម៉េចដើម្បីទៅគួឡាឡាំពួរ ក្នុងពេលដែលមានបម្រាមនោះ? អញ្ចឹងទេ នេះគឺជាពេលវេលាដ៏លំបាក។ យើងមានតែសុំការយោគយល់ពីគាត់ សុំការសណ្ដោសពីគាត់ ដើម្បីឱ្យគាត់សណ្ដោសទៅដល់ប្រជាជន ១៦ លាននាក់ នៅក្នុងប្រទេសកុំឱ្យឆ្លង។
ខ្ញុំពិបាកណាស់យប់មិញ។ គឺជាពេលវេលាដ៏តឹងតែងមួយសម្រាប់ខ្ញុំ ក្នុងការធ្វើសេចក្ដីសម្រេចមួយភ្លាមៗ។ ទាក់ទងទូរស័ព្ទមួយមិនព្រមលើក។ សុំមេត្តា ចាប់ពីនេះតទៅ រដ្ឋមន្ត្រីទាំងអស់ ឧបនាយករដ្ឋមន្ត្រីទាំងអស់ បើកសម្លេងទូរស័ព្ទកុំដាក់ Silent ហៅមិនលឺទេ។ ធ្វើការជាមួយគ្នាមិនកើតទេ។ បើកសម្លេងទាំងអស់ ព្រោះពេលវេលានេះជាពេលវេលាប្រយុទ្ធ។ ហៅទៅ ប្រាក់ សុខុន មិនលើក មានតែ voice សម្លេង។ ហៅទៅបង ម៉ម ប៊ុនហេង ហៅទៅកូនប្រសារ ហៅទៅ ឃួង ស្រេង បានចេះហៅទៅ ហាវណ្ណាល់ បាន។ វាលំបាកណាស់ក្នុងការសម្រេច … ឥឡូវយកមកដល់ ស្រាប់តែផែនការរបស់បង ម៉ម ប៊ុនហេង យកមកដាក់សណ្ឋាគារ Intercontinental ១៥០ នាក់។ យើងអត់ដឹងថា ១៥០ នាក់ មានអ្នកណាខ្លះឆ្លងទេ។ បន្ទាប់ពីហ្នឹងទៅ ត្រូវធ្វើអី? អញ្ចឹង ភ្នំពេញក្លាយទៅជាសំបុកជំងឺ គួរឱ្យខ្លាច។ សង្ឃឹមថា បងប្អូន និងសាច់ញាតិ មេត្តាយោគយល់ដល់ការលំបាករបស់ជាតិ។ ខ្ញុំគិតថា ពេលវេលានេះ វាមិនទាន់ស្លាប់ដូចជំនាន់ ប៉ុល ពត ទេ …។ នៅប្រទេសម៉ាឡេស៊ី ក៏មិនទាន់ដល់ថ្នាក់គេឱ្យប្រជាជនអត់បាយនោះទេ។ ខ្ញុំជឿអញ្ចឹង។ ខ្ញុំមានចៅរៀននៅអឺរ៉ុប ខ្ញុំគិតថាឆ្នាំនេះ ខ្ញុំមិនអាចជួបមុខចៅខ្ញុំបានទេ។ វិធីតែមួយគឺឆ្លៀតពេលយប់ៗហៅជា video call និយាយជាមួយចៅ ឱ្យចៅនៅក្នុងផ្ទះបានតែប៉ុណ្ណឹង ហើយឆ្នាំហ្នឹងប្រហែលជាមិនអាចមានលទ្ធភាពជួបចៅ។
ចំពោះសំណួរទី ២ យើងអត់បានបិទប្រទេសទេ។ យើងអត់បានដាក់បម្រាមគោចរទេ ព្រោះគ្មានច្បាប់ដើម្បីដាក់នោះទេ។ តែយើងសុំអង្វរករប្រជាពលរដ្ឋរបស់យើងតែប៉ុណ្ណោះ បើគ្មានការចាំបាច់ទេ កុំធ្វើដំណើរអី នៅសប្បាយជុំកូន/ចៅ នៅផ្ទះកុំឱ្យពិបាក។ យើងអត់មានសិទ្ធិ ដើម្បីនឹងផាកពិន័យគាត់ទេ។ អញ្ចឹងបានជាសុំឱ្យអ្នកច្បាប់ទាំងឡាយ ដែលចេះតែមកនិយាយថា ធ្វើអញ្ចេះវាត្រូវ កុំធ្វើច្បាប់ប្រកាសគ្រាមានអាសន្ន បើអត់មានច្បាប់ប្រកាសគ្រាមានអាសន្នទេ អត់ផាកពិន័យគេបានទេ។ អញ្ចឹងត្រូវយល់។ រដ្ឋាភិបាលត្រូវមានឧបករណ៍ក្នុងដៃ។ បើនិយាយស្ដាប់គ្នាមិនបានទេ ប្រកាសភ្លាម កំណត់បម្រាមគោចរត្រឹមម៉ោង ៨យប់ ដល់ម៉ោង ៥ ភ្លឺ។ អ្នកឯងត្រូវតែគោរព អ្នកឯងមិនគោរពផាកពិន័យ។ នៅហ្វីលីពីន ដល់កម្រិតប្រធានាធិបតីចេញបញ្ជាឱ្យបាញ់ចោល បើបំពានលើបម្រាម។ ពីមុនត្រឹមតែយកក្ដារមឈូសទៅដាក់នៅកន្លែងត្រួតពិនិត្យ ចង់ចូលក្ដារមឈូស ឬចង់ជិះឡាន? ចុងក្រោយ គាត់បានចេញបញ្ជាឱ្យបាញ់សម្លាប់តែម្ដង។ ហើយលទ្ធផលគឺបានស្លាប់ម្នាក់មែន។ កម្ពុជាគឺអត់ឈានទៅដល់ប៉ុណ្ណឹងទេ។ នោះគឺជាបម្រាមហាមមិនស្ដាប់ហើយ បានជាគាត់ត្រូវបង្ខំចិត្តធ្វើបែបនោះ។ ឯយើងនៅទីនេះ គ្រាន់តែចង់បានច្បាប់មួយដើម្បីឱ្យប្រជាជនគោរព អ្នកណាមិនគោរពគឺត្រូវទទួលពិន័យ។ ហើយវិសាលភាពរបស់វាយ៉ាងម៉េច? វិធានការអីខ្លះដែលត្រូវប្រកាន់យក? បិទប្រទេសទាំងមូល ឬប្រកាសអាសន្នទូទាំងប្រទេស ឬប្រកាសអាសន្នតែផ្នែកណាមួយ ទាល់តែមានច្បាប់ទើបអាចធ្វើបាន។ ការផាកពិន័យវាអត់មានទេ។ តែខ្ញុំសុំលើកដៃអង្វរករប្រជាពលរដ្ឋរបស់យើង សូមយោគយល់។
ការយោគយល់នេះ មិនមែនដើម្បីខ្ញុំទេ គឺដើម្បីផ្ទាល់ខ្លួន។ ឥឡូវ មនុស្សមិនទុក្ខចិត្តគ្នាទេ។ ខ្ញុំមិនអាចទុកចិត្ត បង ម៉ម ប៊ុនហេង ទេ ព្រោះខ្លាចគាត់មាន Covid-19។ គាត់ក៏មិនទុកចិត្តខ្ញុំដែរ ព្រោះខ្លាចខ្ញុំមាន Covid-19។ អញ្ចឹងយកការមិនទុកចិត្តគ្នានេះ នៅឱ្យឆ្ងាយពីគ្នាទៅ។ អាណោចអាធមកូនរបស់ខ្ញុំ ប្ដីវាត្រូវដេកនៅបន្ទាយ អត់ជួបប្រពន្ធបានទេ។ ប្រពន្ធវានៅផ្ទះអត់ជួបកូនបានទេ។ សួរថា “ម៉ាក់ទៅណា” អាកូនពៅវាឆ្លើយជាមួយជីតាវាថា “Covid-19” តែប៉ុណ្ណឹង … ដោយសារកូនប្រសារខ្ញុំជាបណ្ឌិតផ្នែកសុខភាពសាធារណៈ សិក្សាចប់ពីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ប៉ុន្តែ គេមិនត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើមុខងារនេះ/នោះទេ។ ជួយឪពុកលើការងារមនុស្សធម៌ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអីប៉ុណ្ណឹង។ តែបានទទួលការអនុញ្ញាតពីរដ្ឋមន្រ្ដីឱ្យចូលប្រឡូកនៅក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដនេះ … ជាបណ្ឌិតផ្នែកសុខភាពសាធារណៈ គឺចំរឿងរបស់គេតែម្ដង។ ប៉ុន្តែ បើខ្ញុំចាត់តាំងកូនរបស់ខ្ញុំឱ្យធ្វើរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ គេជេរងាប់ហើយ។ គ្រាន់តែឱ្យកូនធ្វើទាហាន និងតំណាងរាស្រ្ដ គេជេរ សុទ្ធតែខ្ញុំនឹងប្រុងប្រៀបផ្ទេរតំណែងឱ្យកូនប្រុសច្បង ក្នុងគ្រាដែលគ្នាធ្វើទាហានសោះ។ ប៉ុន្តែ ឃើញក្នុងគណៈកម្មការអន្ដរក្រសួង គេឱ្យធ្វើអនុប្រធានគណៈកម្មការឆ្លើយតប។ អញ្ចឹងប្រពន្ធធ្វើការពីខាងក្រៅ ប្ដីធ្វើក្នុងយន្ដការនេះ។ អញ្ចឹងបានជាគេចេះតែបាញ់ចូលក្នុង group ម៉ោងប្រមាណ ១ យប់ប្លាយ គេថាសភាពការណ៍កាន់តែតានតឹង។ ដល់មែនទែនទាំងប្ដីទាំងប្រពន្ធគេប្រកែកគ្នា ក្នុងផែនការជម្រើសទីមួយយ៉ាងម៉េច ជម្រើសទីពីរយ៉ាងម៉េច ជម្រើសទីបីយ៉ាងម៉េច។
អញ្ចឹង ការយោគយល់គ្នាវានៅកន្លែងហ្នឹង ដែលសុំឱ្យមានការយោគយល់ពីប្រជាពលរដ្ឋ។ ប្រសិនបើមិនយោគយល់ទេ អ្នកដែលស្លាប់គឺខ្លួនឯងតែម្ដង ហើយបំផ្លាញក្រុមគ្រួសារទាំងមូល។ អញ្ចឹងបានជាឃើញថា ក្នុងគ្រួសារខ្ញុំតែមួយ កូនរបស់ខ្ញុំបង្កើត ប្ដីត្រូវដេកនៅមួយកន្លែង ព្រោះប្ដីមិនដឹងទៅជួបអ្នកណាខ្លះ មកវិញឆ្លងឱ្យប្រពន្ធ។ ប្រពន្ធមិនដឹងទៅជួបអ្នកណា ឆ្លងឱ្យប្ដី។ ប្ដីប្រពន្ធត្រូវនៅផ្សេងពីគ្នា។ នៅផ្ទះជាមួយគ្នា តែកូនៗនៅបន្ទប់ផ្សេង។ ម្ដាយត្រូវចុះជណ្ដើរផ្សេង កូនត្រូវចុះជណ្ដើរផ្សេង។ បញ្ហារបស់យើងដល់កម្រិតប៉ុណ្ណឹង។ ជំងឺនេះវាចម្លែក ដែលគេឱ្យយកវិធានការគម្លាតសង្គម ជាវិធីការពារដែលមានប្រសិទ្ធភាពជាងគេ។ អញ្ចឹងយើងអង្គុយឆ្ងាយៗ ពីគ្នាតិចទៅ។ បញ្ជាក់ឡើងវិញ អត់មានផាកពិន័យទេ តែខ្ញុំលើកដៃអង្វរករចំពោះប្រជាពលរដ្ឋរបស់យើង ចំពោះព្រះសង្ឃ សូមយោគយល់ចំពោះសភាពការណ៍លំបាកនេះ។ ការយោគយល់ទាំងអស់នោះ គឺដើម្បីសេចក្ដីសុខផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗតែប៉ុណ្ណោះ មិនមែនជាសេចក្ដីសុខផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ។ សូមផ្ដល់សំណួរបន្ថែម។ ដូចនាងថ្មីៗ? មកទៀតហើយ?
Thmey Thmey៖ ១. មួយរយៈពេលដែលកម្ពុជាទប់ស្កាត់ Covid-19 ផង បញ្ហាសេដ្ឋកិច្ច និងប្រជាពលរដ្ឋផង តើនេះជាបទពិសោធន៍ថ្មីមួយ ដែលជួយឱ្យកម្ពុជាពង្រឹងខ្លួនកាន់តែរឹងមាំថែមទៀតទេ?
២. សហជីពនៅកម្ពុជា បានអះអាងថា ថៅកែរោងចក្រមួយចំនួនដែលបានបិទទ្វារនោះ គឺមិនមានលទ្ធភាពបើកប្រាក់ខែ ៤០% ឱ្យកម្មករ ក្រៅពីប្រាក់ឧបត្ថម្ភ ២០% របស់រាជរដ្ឋាភិបាល។ ដូច្នេះតើរាជរដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច ប្រសិនបើថៅកែពិតជាមិនមានលទ្ធភាពបើកប្រាក់ខែ ៤០% ឱ្យកម្មករមែននោះ?
អ្វីក៏ដោយ ដួលកន្លែងណាត្រូវក្រោកកន្លែងហ្នឹង ហើយត្រូវប្រឹងងើបក្រោកដោយខ្លួនឯង។ មានវិបត្តិម្ដង វាផ្ដល់ឱ្យនូវមេរៀនពិសោធន៍ម្ដង។ មិនមែនគ្រាន់តែ(យើង)ខ្លួន(ឯង)ទេ ពិភពលោកក៏ត្រូវដកហូតពិសោធន៍។ អ្វីដែលសំខាន់ កម្ពុជាខ្លួនឯងត្រូវមានបទពិសោធន៍ ដើម្បីពង្រឹងខ្លួនឯងយ៉ាងម៉េច? ម្ចាស់ការខ្លួនឯយ៉ាងម៉េច? ដូចជាបញ្ហាទាក់ទិនជាមួយនឹងការស្តុកបម្រុងនេះ យើងមិនអាចនឹងធ្វេសប្រហែសបានទេ។ យើងមិននិយាយបន្តុះបង្អាប់ចំពោះប្រទេសណានោះទេ។ ប្រទេសគេមានណាស់ ក៏ប៉ុន្តែទីចុងបំផុតសូម្បីតែម៉ាសពាក់សម្រាប់អ្នកជំងឺ ឬសម្រាប់ក្រុមគ្រូពេទ្យក៏មិនមានគ្រប់ផង។ នោះគិតថាប្រទេសទាំងនោះក៏អាចដកហូតពិសោធន៍នៅពេលក្រោយ។ ឯយើងក៏ដកហូតពិសោធន៍សម្រាប់ខ្លួនយើង ដើម្បីពង្រឹងភាពជាម្ចាស់របស់យើង និងយន្ដការឆ្លើយតបនៅពេលដែលមានគ្រាអាសន្នកើតឡើង តាមរយៈការរិះរកនូវិធានការទាំងឡាយដើម្បីត្រៀមបង្ការ។
ឯចំពោះចំណុចទីពីរ រឿងនេះពិតជាបានកើតឡើងអញ្ចឹងមែន។ ម្សិលមិញខ្ញុំទើបតែបានសម្រេច តែថ្ងៃនេះឯកសារនេះមិនបានយកមកជាមួយទេ។ ម្សិលមិញបានសម្រេចនូវរបៀបថ្មីហើយ មុននេះយើងបានស្នើសុំឱ្យម្ចាស់រោងចក្រចេញ ៤០% រដ្ឋចេញ ២០% តែឥឡូវនេះម្ចាស់រោងចក្រអត់មានលទ្ធភាពទេ។ អញ្ចឹង តម្រូវឱ្យរដ្ឋចេញ ៤០ ដុល្លារ ម្ចាស់រោងចក្រ ៣០ ដុល្លារ។ ឥឡូវនេះ អ្នកដែលព្យួរ(ការងារ) រដ្ឋចេញ ៤០ ដុល្លារ ដែលមុននេះរដ្ឋចេញតែ ២០ ដុល្លារ ម្ចាស់រោងចក្រចេញ ៣០ ដុល្លារ។ អញ្ចឹង កម្មករម្នាក់នឹងទទួលបាននូវអត្ថប្រយោជន៍ ៧០ ដុល្លារ ដែលមុននេះគិតថាដល់ ៩០ ដុល្លារ ដោយសារតែខាងរោងចក្រគ្នារត់អត់រួច បង្ខំតទៅទៀតក៏អត់បានដែរ។ សមាគមរោងចក្របានលើកសំណើនេះមក។ អញ្ចឹងយើងកាត់បន្ថយនូវការផ្ដល់ … ប៉ុន្ដែដោយសារតែបញ្ហាវាកើតឡើងរបៀបនេះ គឺកម្មករម្នាក់ទទួលបាននៅត្រឹម ៧០ ដុល្លារទេ តែមិនតម្រូវឱ្យកម្មករនេះទៅធ្វើការហ្វឹកហាត់ដូចមុនទេ។ ពេលមុន ថាអ្នកឯងទទួលបាននូវការឧបត្ថម្ភរយៈពេល ៦ ខែ តម្រូវឱ្យហ្វឹកហាត់ ៤ ខែ និងត្រៀម ២ ខែទៀត ប៉ុន្តែឥឡូវអត់ហ្វឹកហាត់បានទេ ដោយសារតែយើងបានបិទអស់ហើយកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ។ ប៉ុន្តែ កម្មករក៏នៅទទួលបាន ៧០ ដុល្លារដែរ ពីរដ្ឋ ៤០ ដុល្លារ និងពីរោងចក្រ ៣០ ដុល្លារ។ នេះក៏សុំប្រាប់ទៅខាងផ្នែកពួកអ្នកចូលចិត្តបង្គាប់បញ្ជា ហើយមើលស្រាលនូវការគិតគូររបស់រាជរដ្ឋាភិបាលឱ្យដឹងផងដែរថា យើងបាន និងបញ្ចេញនូវថវិការបស់យើង ដើម្បីជូនទៅកម្មករជាជំនួយសង្គម នៅក្នុងរយៈពេលដែលមានការព្យួរបែបនេះ។ លទ្ធភាពរបស់យើងមានប៉ុណ្ណឹង។ អញ្ជើញសួរ។
វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន៖ ១. រសៀលថ្ងៃនេះក្រុមគ្រូពេទ្យឯកទេសចិនបានត្រឡប់ទៅវិញហើយ។ សូមជម្រាបសួរសម្ដេចថា តើសម្រាប់ការងាររបស់ក្រុមគ្រូពេទ្យចិននៅកម្ពុជារយៈពេលជាង ១០ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាមានពេញចិត្តចំពោះក្រុមការងារពេទ្យចិននៅកម្ពុជាទេ? បន្ទាប់មកខាងរាជរដ្ឋាភិបាលកម្ពុជានៅមានសំណូមពរអ្វី ដើម្បីធ្វើឱ្យខាងភាគីចិន បន្តផ្ដល់ជំនាញការដល់កម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជាមួយ Covid-19?
២. ដោយសារប្រទេសចិនបច្ចុប្បន្ន ទទួលលទ្ធផលមួយចំនួនធំក្នុងការទប់ស្កាត់ Covid-19 ហើយ ប្រទេសចិនក៏បានចាប់ផ្ដើមដំណើរការផលិតជាបណ្ដើរៗហើយ ប្រទេសចិនក៏បានផ្ដល់កិច្ចសហប្រតិបត្តិការអន្ដរជាតិជាច្រើនជាមួយបរទេស។ សូមសម្ដេចមេត្តាវាយតម្លៃចំពោះប្រទេសចិននៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងផលិតកម្មអន្ដរជាតិនៅក្នុងកាលៈទេសៈបច្ចុប្បន្ន។
៣. ទាក់ទងទៅនឹងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារថ្ងៃទី ៣០ កន្លងមកសម្ដេចតេជោមានប្រសាសន៍ថា ផ្អាកការនាំចេញអង្ករ និងស្រូវ។ ជាបន្តបន្ទាប់មកប្រទេសវៀតណាម ប្រទេសរុស្ស៊ីក៏បានប្រកាសជាផ្លូវការថាផ្អាកការនាំអង្ករ និងស្រូវសាលីចេញពីប្រទេសរៀងៗខ្លួន។ ព្រឹត្តិការណ៍ទាំងអស់នេះបានធ្វើឱ្យប្រជាជនចិនដណ្ដើមទិញអង្ករ ទិញមី ទិញគុយទាវនៅប្រទេសចិន ហើយរហូតដល់ថ្ងៃទី ៤ អាជ្ញាធរចិនបានចេញមកពន្យល់ឱ្យប្រជាជនចិនមិនបាច់ដណ្ដើមទិញអង្ករនៅក្នុងស្រុកទេ ដោយសារប្រទេសចិនអាចគ្រប់គ្រងបាន។ ហេតុដូចនេះ … តើកម្ពុជាមានប្រកាសវិធានការណាមួយដែលផ្អាកការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសទេ? ដូចជា ផ្លែចេក ដំឡូងឈើ … ហើយពាក់ព័ន្ធនឹងការផ្ដល់ទិដ្ឋាការ តើកម្ពុជាមានវិធានការណាខ្លះ ដើម្បីកុំឱ្យវិនិយោគិនចិនចូលកម្ពុជាមានការព្រួយបារម្ភ?
សូមអរគុណ! ឃើញមុខកញ្ញា គឺការពិតបកប្រែឱ្យស្ថានទូតច្រើនឆ្នាំ(មក)ហើយ។ យើងស្គាល់គ្នា(យូរហើយដែរ)។ ថ្ងៃមុនក៏បានសួរថា “បុរសសង្ហារលើលោកដើរបញ្ច្រាស”។ ខ្ញុំសុំឆ្លើយសុំណួរចុងក្រោយមុន ទាក់ទិននឹងការនាំចេញអង្ករ។ នៅថ្ងៃដែលខ្ញុំប្រកាសនោះ ខ្ញុំបានប្រើពាក្យថា “នាំចេញអង្ករស និងស្រូវ លើកលែងតែអង្ករក្រអូប បន្តឱ្យនាំចេញ”។ កន្លងទៅ ការនាំចេញទៅចិន គឺនាំអង្ករក្រអូប។ ដូច្នេះ ការនាំទៅប្រទេសចិនចំនួន ៤០ ម៉ឺនតោន នៅក្នុងកិច្ចសន្យា ដែលចិនផ្តល់កូតាឱ្យការនាំចេញនោះ គឺនៅតែនាំទៅដដែល មិនមានការបាត់បង់ទេ។ វាស្ថិតនៅក្នុងក្របខណ្ឌនៃអង្ករក្រអូប ដូចដែលកម្ពុជានាំទៅសហភាពអឺរ៉ុបដូចគ្នា។ កំណត់ឱ្យច្បាស់សាជាថ្មីម្តងទៀត យើងផ្អាកការនាំចេញតែស្រូវ/អង្ករស។ ប៉ុន្តែ អនុញ្ញាតឱ្យនាំចេញនូវអង្ករក្រអូប ដែលទីផ្សារចិនប្រើប្រាស់។ យើងឃើញហើយថា អង្ករដែលផលិតដោយរោងចក្រកិនស្រូវរបស់ចិនមកពីតំបន់ស្វយ័តគ័ងស៊ី សុទ្ធតែច្រកជាថង់ៗ ១០ គីឡូ, ៥ គីឡូ ឬប៉ុន្មានគីឡូ សុទ្ធតែប្រភេទអង្ករលេខ ១ ដែលប្រភេទនោះ យើងអនុញ្ញាតឱ្យមានការនាំចេញ។
បន្ទាប់ទៅទាក់ទងនឹងសំណួរទី ២ អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ចិនបានកាត់បន្ថយយ៉ាងច្រើន នូវការឆ្លងរាលដាល និងការស្លាប់មនុស្ស។ នេះជាការ(ដែល)គេនឹកស្មានមិនដល់ អំពីមហន្តរាយមួយ ដែលបានកើតឡើង ហើយត្រូវបានដោះស្រាយដោយប្រទេសចិន (រហូត)ត្រូវបានក្លាយទៅជាប្រទេសដែល សព្វថ្ងៃនេះ បានដើរជួយជាង ១០០ ប្រទេសប្លាយទៅហើយ … ប្រទេសជាច្រើន បានផ្តល់នូវការបញ្ជាទិញពីប្រទេសចិន។ នៅពេលដែលខ្ញុំមើលនៅក្នុងវ៉ែបសាយត៍នេះ ថ្ងៃនេះ ចិនឆ្លងតែ ៣២ ករណីទេ ហើយករណីស្លាប់អត់មានទេ។ ចំនួននេះ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ ក្នុងម៉ោងនេះដដែលនៅអាមេរិកឆ្លង ៦០៥ ករណី ស្លាប់ថ្មី ៧០ ករណី។ អញ្ចឹង ប្រៀបធៀបជាមួយចិន ដែលមានប្រជាជន ១.៤០០ លាននាក់ ជាមួយនឹងការឆ្លង ៣២ ករណី នៅម៉ោងនេះ គឺជាចំនួនតូចតាចណាស់ ដែលកម្ពុជាអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងជំនះការលំបាកផ្ទាល់ខ្លួន ហើយយកឈ្នះទៅអ្វីដែលវាបានកើតឡើងនៅក្នុងប្រទេសចិន។ បន្ថែមលើនោះ ចិនបានជួយទៅដល់ពិភពលោកក្នុងការដោះស្រាយបញ្ហា (ដោយបាន)ផ្តល់(នូវ)ម៉ាស ថ្នាំពេទ្យទៅកាន់ប្រទេសជាច្រើន។ សូម្បីតែម៉ាស៊ីនជំនួយដង្ហើម ត្រូវបានផ្តល់ទៅញូវយ៉ករហូតទៅដល់ ១.០០០ គ្រឿងឯណោះ។ (ការនេះបាន)បង្ហាញនូវគំរូនៃកិច្ចសហប្រតិបត្តិការមួយ។ ពេលនេះ មិនមែនជាពេលវេលាវាយប្រហារគ្នាទេ តែជាពេលវេលានៃការខិតខំសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ ដែលជាសត្រូវរួមរបស់មនុស្សជាតិ។ អគ្គនាយក នៃអង្គការសុខភាពពិភពលោក ក៏ដូចជា អគ្គលេខាអង្គការសហប្រជាជាតិ គាត់អំពាវនាវត្រឹមត្រូវហើយ។ ពេលវេលានេះ មិនមែនជាពេលវេលាទាស់គ្នា ឬទម្លាក់កំហុសឱ្យគ្នានោះទេ តែជាពេលវេលានៃសាមគ្គីភាព ដើម្បីធ្វើសហប្រតិបត្តិការជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា ដើម្បីសង្គ្រោះភពផែនដីនេះ។
កម្ពុជាបានធ្វើការជាមួយប្រទេសទាំងឡាយ ដែលជាប់ពាក់ព័ន្ធ ហើយតាមគម្រោង គឺនឹងមានការប្រជុំអា ស៊ានបូកបី នៅថ្ងៃទី ១៤ (មេសា)ខាងមុខនេះតាមវីដេអូ Conference។ មុននេះ (មានការ)គ្រោងប្រជុំនៅថ្ងៃទី ៩ (មេសា)នេះ។ ឥឡូវ ពន្យារពេលទៅដល់ថ្ងៃទី ១៤ (មេសា)។ យើងនឹងអាចមានការសន្យា រវាងអាស៊ានបូកបី អំពីវិធានការឆ្លើយតប Covid-19 ដោយមិនទាន់និយាយដល់រឿងទាំងឡាយ។ រឿងនយោបាយទុកវាមួយឡែក។ និយាយអំពីការប្រយុទ្ធប្រឆាំង Covid-19 ជាប្រធានបទស្នូលនៃការប្រជុំ។
ទាក់ទងនឹងទំនាក់ទំនងកម្ពុជា និងចិន។ រឿងនេះ គេអាចដឹងបានហើយនូវអ្វីដែលកម្ពុជា និងចិនបានធ្វើកិច្ចការរួមគ្នា។ ខ្ញុំគ្មានការស្តាយក្រោយណាមួយក្នុងការសម្រេចចិត្ត ដែលខ្ញុំបានធ្វើនៅក្នុងក្របខណ្ឌគោលនយោបាយមួយចំពោះចិននោះទេ។ អ្នកខ្លះវាយប្រហារខ្ញុំថា ខ្ញុំទៅប្រទេសចិននាំជំងឺមកឆ្លង(ក្នុង)ប្រទេស មិនព្រមជម្លៀសនិស្សិតខ្មែរចេញពីចិន។ ឥឡូវ ខ្ញុំអាចនិយាយដោយមោទនភាពថា ការសម្រេចចិត្តរបស់ខ្ញុំត្រឹមត្រូវខ្លាំងណាស់ និស្សិតខ្មែរនៅ Wuhan អត់មានអ្នកណាមួយរងគ្រោះ។ និស្សិតខ្មែរនៅប្រទេសចិនទាំងអស់អត់មាននិស្សិតណាមួយរងគ្រោះ ដោយសារខ្ញុំមានការជឿជាក់ថា មិត្តចិនការពារជនជាតិបរទេស ក៏ដូចជា ការពារនូវប្រជាជនរបស់ខ្លួនផងដែរ។
ខ្ញុំទៅកាន់ប្រទេសចិនដោយមានការជឿជាក់ ទន្ទឹមនឹងការបង្ហាញនូវសាមគ្គីភាពជាមួយនឹងប្រជាជន/មេដឹកនាំចិនក្នុងគ្រាដ៏លំបាក នៅក្នុងពេលដែលគេរើសអើងជាមួយចិន ខ្ញុំធ្វើដំណើរទៅទីនោះ។ មិនមែនជាចរិតរបស់ ហ៊ុន សែន ទេ ដែលរាប់អានតែក្នុងវេលាមានសេចក្តីសុខ។ យើងក៏ត្រូវរួមសុខ/ទុក្ខ។ (អ្នក)ខ្លះគេដាក់ផ្លែ(ផ្កា)ឱ្យខ្ញុំថា អញ្ចឹង បើគេកើត Covid-19 យើងក៏កើត Covid-19 ដែរ។ មិនមែនដូច្នោះទេ។ ក្រៅពីបង្ហាញសាមគ្គីភាព ខ្ញុំចង់ជូនសារទៅនិស្សិតកម្ពុជា ឱ្យពួកគេស្ងប់ស្ងាត់ ស្នាក់នៅក្នុងប្រទេសចិនតទៅទៀត កុំជម្លៀសខ្លួនមកកាន់ប្រទេស(កម្ពុជា)។ អ្នកកាសែតមួយចំនួននៅសរសេរនៅឡើយ ទាក់ទិនដែលខ្ញុំមិនព្រមជម្លៀសខ្មែរចេញមកនេះ ថាខ្ញុំបើកឱកាសដើម្បីយកចិត្តចិនតែប៉ុណ្ណោះ។ ប៉ុន្តែ ទីចុងបំផុតអ្នកណាខុស/ត្រូវ? ប្រទេសខ្លះបែរជានាំជំងឺពី Wuhan តាមរយៈជម្លៀសពលរដ្ឋខ្លួនពី Wuhan។ អញ្ចឹង អាជំងឺហ្នឹងវាមកក្នុងប្រទេសរបស់ខ្លួន។ កម្ពុជាអត់ទេ។ លោកជំទាវតំណាងអង្គការសុខភាពពិភពលោក វាយតម្លៃយ៉ាងម៉េចខ្ញុំមិនដឹងទេ ក៏ប៉ុន្តែ ប្រទេសខ្លះទៅដឹកពលរដ្ឋខ្លួនពី Wuhan មកៗ បង្កើតជំងឺក្នុងប្រទេស។ ឯខ្ញុំអត់បានធ្វើអញ្ចឹងទេ។ ទីចុងបំផុត និស្សិតកម្ពុជាមានសុវត្ថិភាពនៅក្នុងប្រទេសចិន។ អ្នកនៅក្នុង Wuhan ២៣ នាក់ ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនបៀវត្សរ៍ទៅពីនេះបន្ថែមឱ្យ(ម្នាក់) ៥០០ ដុល្លារ/ខែទៀត ដើម្បីឱ្យបងប្អូននៅទីនោះមានលទ្ធភាពទិញឥវ៉ាន់បន្ថែមលើអាហារូបករណ៍។
ឥឡូវនេះ ចិនបានបញ្ជូនជំនួយ ទាំងស៊ីវិល/យោធា ខាងផ្នែកវេជ្ជសាស្ត្របានមកដល់ហើយ។ ផ្នែកខាងរដ្ឋក៏បញ្ជូនផ្នែកខាងកងទ័ពក៏បញ្ជូន វិស័យឯកជនក៏បញ្ជូន។ អញ្ចឹង អ្នកខ្លះថាខ្ញុំយកចិត្តចិន ក៏ប៉ុន្តែ តើទាល់តែឱ្យខ្ញុំបិទជើងហោះហើរ ជម្លៀសប្រជាជនចេញពីចិន ទើបហៅថាមនុស្សត្រឹមត្រូវដែរឬយ៉ាងម៉េច? នៅក្នុងពេលដែលបារាំង អេស្ប៉ាញ អ៊ីតាលី ត្រូវការជំនួយរបស់ចិន ម៉េចបានខ្ញុំមិនអាចត្រូវការជំនួយឧបត្ថម្ភពីចិនបាន? វាទាស់ខុសអីទៅ? ខ្ញុំជឿថា មិត្តចិនមិនទុកឱ្យកម្ពុជាត្រូវរងគ្រោះដោយមិនបានផ្តល់ជំនួយណាមួយទេ។ ការពិតជំនួយនេះ បានមកដល់មុនពេលដែលកម្ពុជាកើតបញ្ហា(នេះ)ទៅទៀត។ ឥឡូវ សម្ភារៈបរិក្ខារ ដែលទទួលពីចិនមិនទាន់បានប្រើប្រាស់ទេ។ ប៉ុន្តែ យើងនៅតែត្រូវការ។ ដូចជាខ្ញុំបញ្ជាត្រង់ទៅ ឯកឧត្តម ម៉ម ប៊ុនហេង (អំពី) Ventilator។ ចំនួនហ្នឹងវានៅតិច។ សូមទាក់ទងជាមួយទូតចិនភ្លាម ដើម្បីសុំបន្ថែម។ ទឹកប្រាក់ជំនួយ Ventilator ប៉ុន្មាននេះវាមិនធំទេសម្រាប់ចិននោះ បើចិនបញ្ជូនទៅញូវយ៉កដល់ទៅ ១០០០ គ្រឿងឯណោះ។ យើងគ្រាន់តែសុំចិន ៥០ គ្រឿងបន្ថែម វាមិនធំទេ។ ប៉ុន្តែ អ្វីដែលធំគឺទឹកចិត្ត។ កម្ពុជាយកមកច្រើនពេកក៏មិនដឹងយកមកធ្វើអីដែរ។ ឧបមាថា យើងត្រូវការ Ventilator រហូតទៅដល់ ១០០០ គ្រឿង តើយកមកធ្វើអី? វាហួសពីសមត្ថភាពប្រើប្រាស់របស់កម្ពុជា។
អ្នកដទៃ ដែលជាអ្នកតាក់តែងគោលនយោបាយ ជាងនេះទៅទៀតជាអ្នកតាក់តែងគោលនយោបាយក្នុងក្របខណ្ឌភូមិសាស្ត្រនយោបាយគិតគូរមើលទៅ តើការធ្វើទំនាក់ទំនងអន្តរជាតិជាមួយនឹងចិន វាជាកំហុសទេ? ឬក៏តម្រូវទាល់តែខ្ញុំប្រឆាំងជាមួយចិន ទើបអ្នកចាត់ទុកខ្ញុំធ្វើជាមិត្តរបស់អ្នកឯង។ ខ្ញុំអត់មានការជ្រើសរវាងចិន ឬអាមេរិក ឬបារាំង ឬអឺរ៉ុប ទេ។ យើងធ្វើទំនាក់ទំនងទាំងអស់ លើកលែងតែពួកភេរវកម្មទេ។ មានករណីលើកលែងខ្លះដែរ ដូចជា Kosovo កម្ពុជាមិនទទួលស្គាល់ Kosovo ទេ ព្រោះអីនៅសុខៗទៅបំបែក Kosovo ជារដ្ឋមួយ ហើយស្នើសុំឱ្យកម្ពុជាទទួលស្គាល់។ កម្ពុជាមិនទទួលស្គាល់ទេ ព្រោះនេះវានឹងមានការលើកទឹកចិត្តឱ្យបំបែករដ្ឋ។ ហ្នឹងនិយាយដោយត្រង់ទៅចំពោះអង្គការសហប្រជាជាតិ ទៅចំពោះសហភាពអឺរ៉ុប។ អ្នកឯងទៅបំបែក Kosovo ចេញពី Yugoslavia ចេញពី Serbia ហើយមកទាម ទារឱ្យកម្ពុជាទទួលស្គាល់ កម្ពុជាមិនទទួលស្គាល់ទេ។ ក្នុងទំនាក់ទំនងការទូត ដោយយើងមិនលើកទឹកចិត្ត សូម្បីតែកូនរដ្ឋតូចៗ ២ ដែលរុស្សីទៅបង្កើតនៅក្នុង Georgia ក៏កម្ពុជាអត់ទទួលស្គាល់ដែរ ព្រោះកម្ពុជាអត់លើកទឹកចិត្តឱ្យមានការបំបែករដ្ឋណាមួយទេ។
ងាកត្រឡប់មកវិញ កម្ពុជាគោរពអធិបតេយ្យរបស់ចិន ដោយចាត់ទុកការគោរពអធិបតេយ្យរបស់ចិនស្មើនឹងការគោរពអធិបតេយ្យរបស់កម្ពុជាខ្លួនឯង តាមរយៈគោលនយោបាយចិនមួយទៅលើបញ្ហាតៃវ៉ាន់ ព្រោះនោះគ្រាន់ជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ ប៉ុន្តែ អ្នកដទៃតាំងពីឆ្នាំ ២០១២ នៅពេលដែលកម្ពុជាធ្វើប្រធានអាស៊ាន ធ្វើបាបកម្ពុជាមិនតិចទេ។ ជម្លោះរបស់គេសោះ មកទម្លាក់ឱ្យកម្ពុជា។ វាមិនខុសពីការបោះដុំថ្មក្តៅមកឱ្យ ហ៊ុន សែន កាន់ទេ។ ខ្ញុំមិនចង់និយាយវែងឆ្ងាយទៅផុតពី Covid-19 ទេ ប៉ុន្តែចាំថ្ងៃក្រោយ ចាំខ្ញុំពន្យល់អារឿងហ្នឹងតទៅទៀត។ បើបោះដំឡូងក្តៅឱ្យខ្ញុំ ខ្ញុំសុខចិត្តកាន់ ព្រោះបន្តិចទៅវាត្រជាក់វាស៊ីបាន តែអាដុំថ្មក្តៅវាស៊ីអត់បានទេ។ បោះ(រឿង)សមុទ្រចិនខាងត្បូងមកឱ្យកម្ពុជាកាន់។ ខ្ញុំមិនព្រមកាន់ទេ។ ឥឡូវ លើការជាក់ស្តែង ផុតពីកម្ពុជាទៅអ្នកណាធ្វើអីចេញបានហើយ? ជាអកុសល កម្ពុជាត្រូវទទួលការប្រមាថ ត្រឹមតែខ្លួនធ្វើទំនាក់ទំនងជាមួយចិន។ ប្រទេសគេតាក់តែងគោលនយោបាយ ធ្វើទំនាក់ទំនងជាមួយចិន រកស៊ីជាមួយចិនបាន ប៉ុន្តែកម្ពុជាមិនអាចទាក់ទងបាន។ ពេលនេះ ក្នុងនយោបាយជាមួយចិន ខ្ញុំអាចនិយាយបានថាកម្ពុជាមានកុងសង់ស៊ីសធំណាស់។ ព្រះមហាក្សត្រ សម្តេចម៉ែ និងព្រះរាជវង្សានុវង្ស កំពុងតែពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនឯណោះ។ នេះជាការបង្ហាញនូវជំនឿទុកចិត្តរបស់ព្រះមហាក្សត្រកម្ពុជា ព្រះមាតាជាតិកម្ពុជា ចំពោះសមត្ថភាពរបស់ចិនក្នុងការព្យាបាលព្រះរោគ ហើយចិនវិញក៏ផ្តល់ការយកចិត្តទុកដាក់លើការថែទាំព្រះរាជសុខភាពចំពោះព្រះមហាក្សត្ររបស់យើង។
ខ្ញុំគិតថា ពេលវេលាបានសាកល្បង។ ចិនមានភាសាមួយថា «ធ្វើដំណើរឆ្ងាយទើបដឹងកម្លាំងសេះ»។ នេះជាភាសាដែលមិត្តចិនធ្លាប់និយាយ។ ឯភាសារបស់ខ្ញុំគឺនៅដដែល ដូចពាក្យស្លោកដែល(បានសរសេរនិងលើកនៅពេល) យន្តហោះចិនដឹកក្រុមគ្រូពេទ្យចុះមកដល់។ ពាក្យស្លោកនោះ ជាពាក្យស្លោករបស់ខ្ញុំ ដែលខ្ញុំនិយាយនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅឆ្នាំ ១៩៩៥ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ អញ្ចឹង តើកម្ពុជាខុសត្រង់ណាទៅ នៅពេលដែលអនុវត្តគោលនយោបាយធ្វើមិត្តទាំងអស់នៅលើលោក ដោយមិនរើសអើងរបបនយោបាយ សេដ្ឋកិច្ច សង្គម ឬជាតិសាសន៍។ ពិតមែនហើយខ្ញុំបាននិយាយអម្បាញ់មិញ រដ្ឋខ្លះដែលកើតដោយការបំបែករដ្ឋ ដោយកម្លាំងបាយ យើងអត់ដាក់ទំនាក់ទំនងការទូតជាមួយទេ។ ខ្វះអីមកស្នើសុំឱ្យគាំទ្រ Kosovo គាំទ្រនូវកូនរដ្ឋតូចៗ ២ នៅ Georgia។ អត់ទេ។ អត់ទទួលទេ អាហ្នឹងជាក្របខណ្ឌនៃការរៀបចំគោលនយោបាយ។
គេបានវាយប្រហារកម្ពុជា។ ពិភពលោកកំពុងមានការជ្រួលច្របល់ សមយុទ្ធយោធានាគមាសនៅតែបន្ត ក៏គេជេរកម្ពុជាដែរ។ ប៉ុន្តែកម្ពុជា និងចិនមិនទាន់ដល់កម្រិតនៃដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ បានជាកម្ពុជានៅតែជម្នះធ្វើសមយុទ្ធ។ ឥឡូវ មានប្រទេសណាទៀតចង់ធ្វើសមយុទ្ធ មកខ្ញុំទទួល។ អាមេរិកក៏ដោយ បារាំងក៏ដោយ អូស្ត្រាលីក៏ដោយ មកពីណាក៏ដោយខ្ញុំទទួល។ នៅធ្វើសមយុទ្ធបាន សូមអញ្ជើញមក។ ប៉ុន្តែមក ត្រូវធ្វើតេស្តដូចចិនអញ្ចឹង។ មួយថ្ងៃ ត្រូវវាស់កម្តៅម្តង។ ប៉ុន្មានថ្ងៃគឺត្រូវវាស់កម្តៅរហូត។ ទីចុងបំផុតអត់មានទាហានចិនណាម្នាក់មាន Covid-19 ទេ។ អត់មានទាហានខ្មែរណាម្នាក់ Covid-19 ទេ។ តើនៅលើនាវារបស់អាមេរិកដែលចូលនៅវៀតណាមឆ្លងប៉ុន្មានហើយ? ដេញសក្តិ ៥ ម្នាក់ ចោលបាត់។ ហេតុអីបាននាវាអាមេរិកមកនៅកំពង់ផែវៀតណាមបាន ហើយហេតុអីបានជាសមយុទ្ធ ដែលបានគ្រោងទុកតាំងពីណាពីណីមក មិនអាចបន្តធ្វើរវាងកម្ពុជា និងចិនបាន ហើយមករអ៊ូរទាំដាក់ផ្លែផ្កា។
បរិបទ Covid-19 ទាញកម្ពុជាទម្លាក់ក្នុងភូមិសាស្ត្រនយោបាយ ដែលគួរឱ្យស្អប់ខ្ពើម។ សុំទោសចុះ ខ្ញុំអធិប្បាយ។ រឿងនេះ សូមកុំភ្លេច ម្នាក់ដែលកំពុងនិយាយនេះ ជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុមិនទាន់គ្រប់ ២៧ ឆ្នាំឯណោះ។ បានសេចក្តីថា ៤១ ឆ្នាំរួចមកហើយ ដែលម្នាក់នេះធ្វើកិច្ចការងារបរទេស។ ដូច្នេះត្រូវស្គាល់អាកិច្ចការបរទេសនេះវាយ៉ាងម៉េច? ក្តៅត្រជាក់ រាក់ជ្រៅវាយ៉ាងម៉េច?
ខ្ញុំសំណូមពរតែម៉្យាងទេ ខ្ញុំអត់យកអ្នកណាធ្វើសត្រូវទេ។ បើទោះបីប្រទេសដែលកម្ពុជាមិនទទួលស្គាល់ដាក់ទំនាក់ទំនងការទូត ក៏កម្ពុជាមិនចាត់ទុកគេជាសត្រូវទេ គ្រាន់តែសូមថា មិនដាក់ទំនាក់ទំនងការទូត ព្រោះកម្ពុជាមិនចង់លើកទឹកចិត្តឱ្យមានការបំបែករដ្ឋ ដូចជា Kosovo ទេ គឺការប្រើកម្លាំងបាយក្នុងការបង្កើតរដ្ឋ។ ថ្ងៃនេះ ជាសារមួយប្រាប់ទៅ Kosovo ផង ហើយប្រាប់ទៅ Serbia ផង ដែល Serbia គាត់កំពុងតែប្រកាសរឿងហ្នឹង។ កន្លងទៅមានការភាន់ច្រឡំដោយសារមានមន្ត្រី Kosovo មួយចំនួនមកដល់កម្ពុជា តែយើងអត់បានដឹងទេ។ គេមកតាម Tourism ធ្វើម៉េចយើងដឹង រឿងហ្នឹងវាតែប៉ុណ្ណឹងទេ។
អញ្ចឹងបញ្ជាក់ឡើងវិញមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹងថែមមួយជំហានទៀត។ នេះជាដំណាក់កាលថ្មីបន្ទាប់ពីរឿងឈឺចាប់បានកើតឡើង។ ចំណុចថ្មីក៏បានមកដល់គឺរឿងល្អនៅក្នុងទំនាក់ទំនង ហើយសង្ឃឹមថាមិត្តនឹងជួយកម្ពុជាតទៅទៀត។ សូមអរគុណ។ អ្នកណាទៀត?
VOA៖ សំណួរ ២ និងសំណូមពរ ១។ ពាក់ព័ន្ធជាមួយសេចក្តីព្រាងច្បាប់ពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន តើក្នុងសេចក្តីព្រាងច្បាប់ហ្នឹងមានការចែងថា នៅក្នុងស្ថានភាពណាទើបបានជាកម្ពុជាសម្រេចដាក់ប្រទេសក្នុងភាពមានអាសន្ន? តើស្ថានភាពទាំងអស់ហ្នឹងត្រូវធ្លាក់ក្នុងកម្រិតណាទើបបានជាខាងរដ្ឋាភិបាលរបស់យើងសម្រេចថាដាក់ប្រទេសក្នុងភាពមានអាសន្ន? ហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងគេហៅថា ប្រទេសកម្ពុជាយើង តើក្នុងពេលខាងមុខហ្នឹង អាចនឹងធ្លាក់ចូលស្ថានភាពដែលត្រូវប្រកាសទេ ក្រៅតែពីមេរោគកូរ៉ូណា ដែលកម្ពុជាកំពុងតែប្រឈម?
សំណួរទី២ ដោយសាររដ្ឋធម្មនុញ្ញបានចែងហើយថា ព្រះមហាក្សត្រជាអ្នកប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្ន ក្នុងករណីដែលព្រះមហាក្សត្រអវត្តមាន តើប្រមុខរដ្ឋស្តីទីអាចប្រកាសជំនួសទេ ហើយពេលដែលប្រមុខរដ្ឋស្តីទីប្រកាសជំនួសបែបនេះ តើបង្ហាញពីអ្វីនៃការចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា?
មួយសំណួរទៀតដោយសារសម្តេចមុននឹង បានមានប្រសាសន៍ទាក់ទងទៅនឹងការបើកឱ្យមានសមយុទ្ធ។កម្ពុជាធ្លាប់ធ្វើសមយុទ្ធជាមួយអាមេរិកកាលពីប្រហែលជាជាង ១០ ឆ្នាំមុន ហើយផ្អាកប្រហែលជា ៣ ឆ្នាំកន្លងទៅ។ តើអាមេរិកគួរធ្វើបែបណាទើបអាចស្នើឱ្យមានការបើកសមយុទ្ធនេះឡើងវិញ?
ក្មួយនៅមានសំណូមពរឱ្យខាងក្រសួងសុខាភិបាលធ្វើសន្និសីទរៀងរាល់សប្តាហ៍
នៅកាសែតណា? VOA តែយកទៅផ្សាយកុំកាត់ណា។ មិនចង់និយាយសោះជាមួយ VOA ហ្នឹង ព្រោះអញ្ចេះ VOA ហ្នឹងខូច។ តាំងពីឆ្នាំ ១៩៩៨ មក ពូអត់ដែលបានឆ្លើយតបទេ ព្រោះកាលហ្នឹងយើងប្រឹងសំភាសន៍មួយម៉ោង ឬកន្លះម៉ោងជាមួយ ដល់ចាក់ៗតែ ៣ នាទី (រើសតែ)កន្លែងឯងនិយាយអាក្រក់។ ដល់អញ្ចឹង ពេលមួយនោះ ណាត់គ្នាសំភាសន៍ LIVE ផ្ទាល់តែម្តង។ ដល់ LIVE ផ្ទាល់បិទអត់ទាន់ដែរ។ កាត់អត់ទាន់។ អញ្ចឹង យ៉ាងណាក៏មិនអាចរួចដែរ ព្រោះទូរទស្សន៍កំពុងផ្សាយ រាប់សិបទូរទស្សន៍ និងហ្វេសប៊ុក បោកគេលែងបានហើយ។ ឥឡូវ ពូឆ្លើយសំណួរ។ ពូមិនស្អប់ខ្ពើម VOA ទេ ព្រោះក្មួយៗគ្រាន់តែធ្វើការឱ្យគេតែប៉ុណ្ណឹងទេ។ ពូយល់ ហើយ VOA ប្រៀបធៀបជាមួយនឹងអាមួយទៀត វាមិនអាក្រក់អីប៉ុន្មានទេ គ្រាន់តែថាដោយមនុស្ស។
ទាក់ទិននឹងការប្រកាសអាសន្ន តើស្ថានភាពបែបណាដែលប្រកាស? ពូគិតថាស្ថានភាព COVID-19 នេះ ប្រហែលជាមិនអាច។ លទ្ធភាពមានត្រឹមតែ ០,១% ប៉ុណ្ណោះ ជាលទ្ធភាពនៃការប្រកាសអាសន្នដោយ COVID-19 ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ អញ្ចឹងលទ្ធភាពវាតិចណាស់ តែបើទោះជាតិចយ៉ាងណាក៏ ដោយ ក៏តោងមានឧបករណ៍ច្បាប់ក្នុងដៃ។ ក្រែងលោ ០,១% វាលេចឡើង។ បើលេចឡើង យើងត្រូវតែដាក់វា នៅក្នុងស្ថានភាពមានអាសន្ន ព្រោះការអំពាវនាវដែលមិនអាចធ្វើទៅរួច ជម្រើសដែលនៅសេសសល់គឺប្រកាសច្បាប់គ្រាមានអាសន្ន ដើម្បីយើងគ្រប់គ្រងសភាពការណ៍ក្នុងរយៈពេលណាមួយ។ ក្នុងសេចក្តីព្រាងច្បាប់បានចងការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន មិនឱ្យលើសពី ៣ ខែ ក្នុងករណីចាំបាច់ នឹងត្រូវបន្តដោយនីតិវិធីដដែល។ ប៉ុន្តែសម្រាប់ការគ្រប់គ្រងដែលពូបានធ្វើក្នុងរយៈពេល ៤១ ឆ្នាំ និងក្នុង មុខតំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ៣៥ ឆ្នាំ ពូគិតថាលទ្ធភាពនៃការប្រកាសដាក់ប្រទេសក្នុងគ្រា មានអាសន្ន គឺមានតិចណាស់។
យ៉ាងណាក៏ដោយកុំឱ្យចន្លោះប្រហោងអំពីផ្លូវច្បាប់ឱ្យសោះ ព្រោះការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន វាកាត់សិទ្ធិពលរដ្ឋ វាប៉ះទង្គិចដល់បញ្ហាសេដ្ឋកិច្ច វាប៉ះទង្គិចដល់ បញ្ហានេះ/នោះ ដែលយើងមិនចង់ឃើញទេ។ បើទោះបីជាស្ទះចរាចរណ៍ជួបការលំបាក តែខ្ញុំនៅតែសប្បាយចិត្ត ត្រង់ឃើញថាកាលពីឆ្នាំ ១៩៧៩ ដេកលើផ្លូវមួយអាទិត្យ ក៏ដេកបានដែរ គ្មានឡានបុកទេ ព្រោះអត់មានឡានបើក។ ប៉ុន្តែឥឡូវនេះឡានស្ទះចរាចរណ៍។ អញ្ចឹងទាល់តែវាដល់កម្រិតដែលនិយាយលែងស្តាប់គ្នាបាន អាហ្នឹងដល់កម្រិតនៃការប្រើប្រាស់ច្បាប់គ្រាមានអាសន្ន ដើម្បីធ្វើតាមសភាពការណ៍ក្នុងរយៈពេលខ្លីណាមួយ។ ដល់សភាពការណ៍វិលទៅភាពប្រក្រតីហើយ ទើបស្តារឡើងវិញទៀត។ សូម្បីតែសម័យដែលកម្ពុជាមានសង្គ្រាម បំរាមគោចរត្រូវបានដាក់ ក្នុងកាលៈទេសៈដែលមានការផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងភ្នំពេញតែមួយរយៈប៉ុណ្ណោះ។
មួយទៀត សំណួរសួរទាក់ទិនជាមួយនឹងបញ្ហាព្រះមហាក្សត្រទ្រង់ដាក់ចេញព្រះរាជក្រឹត្យដាក់ប្រទេសក្នុង គ្រាមានអាសន្ន។ អញ្ចឹងបើព្រះមហាក្សត្រមិននៅ តើអ្នកណា? សម្រាប់កិច្ចការទូទៅ គឺប្រមុខរដ្ឋស្តីទី ប៉ុន្តែសម្រាប់ខ្ញុំៗ គិតថា ប្រមុខរដ្ឋស្តីទីមិនមានគ្រប់សិទ្ធិទេ ដោយសារកថាខណ្ឌនេះ ចែងច្បាស់ណាស់ មិនអាចប្រមុខរដ្ឋស្តីទីប្រកាសបានទេ។ គេចែងថា នៅពេលដែលប្រទេសជាតិជួបគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ជូនដំណឹងជាសាធារណៈ អំពីការដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងពីប្រធានព្រឹទ្ធសភា។ បើដូច្នេះ ប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្តីទីនេះមិនមានសិទ្ធិដើម្បីប្រកាស។ នេះតាមការយល់។ ប៉ុន្តែ ការបកស្រាយនេះត្រូវទុក ឱ្យក្រុមប្រឹក្សាធម្មនុញ្ញទៅវិញទេ។ ថ្ងៃក្រោយ តើបើព្រះមហាក្សត្រព្រះអង្គគង់នៅក្រៅប្រទេស ទ្រង់ប្រឈួន តើអាចដាក់បានដោយប្រមុខរដ្ឋស្តីទី (ឬយ៉ាងណាត្រូវ)ទុកឱ្យក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកបកស្រាយ … (អាស្រ័យទៅ)ការបកស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះខ្ញុំមិនមែនអ្នកបកស្រាយច្បាប់ទេ។ ជាអ្នកស្នើធ្វើ មានគំនិតផ្តួចផ្តើម គេហៅថាការ ផ្តួចផ្តើមធ្វើសេចក្តីព្រាងច្បាប់។
វាមានអាចង្រៃមួយណានោះវានិយាយអញ្ចេះ វាថាលោក ហ៊ុន សែន ពិនិត្យខ្លួនឯង អីក៏ខ្លួនឯង។ ទេ! អញសុំនិយាយទៅពួកឯង។ ឯងជាសត្វ ឬជាមនុស្ស? បើរដ្ឋធម្មនុញ្ញគេចែងថា ព្រះមហាក្សត្រនេះ នាយករដ្ឋមន្ត្រីនេះ ប្រធានសភានេះ ប្រធានព្រឹទ្ធសភានេះ សមាជិករដ្ឋសភាមួយភាគដប់ មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ អញ្ចឹងបើមិនឱ្យនាយករដ្ឋមន្ត្រីពិនិត្យ ឱ្យអ្នកណាពិនិត្យ? វាចេះទៅនិយាយរួច ហើយវាតាំងខ្លួនជាអ្នកវិភាគ វាតាំងខ្លួនជាអ្នកច្បាប់។ នាយករដ្ឋមន្ត្រីមានគំនិតផ្តួចផ្តើម ហើយប្រគល់ទៅឱ្យអ្នកច្បាប់គេធ្វើ។ អ្នកច្បាប់គេធ្វើហើយ គេបញ្ជូនមកនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីយកអាហ្នឹងជាមូលដ្ឋានសម្រាប់យកទៅដាក់នៅក្នុងប្រជុំរបស់គណៈរដ្ឋមន្ត្រី ដែលកន្លងទៅធ្វើដោយឧបនាយករដ្ឋមន្ត្រីនានា។ តែវាអត់យល់។ វានិយាយឱ្យខាងតែលឺ។ ប៉ុន្តែ នេះអាងតែនៅក្រៅប្រទេស បើនៅក្នុងប្រទេសជាប់ខ្នោះ ព្រោះហ្អែងនិយាយខុសរឿង។ ឱ្យត្រូវមានការទទួលខុសត្រូវ មិនមែនបំបិទសិទ្ធិបញ្ចេញមតិទេ។ ឥឡូវគិតថាយើងទុកលទ្ធភាពនេះ សម្រាប់ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយទៅចុះ ប៉ុន្តែតាមការយល់ដឹងរបស់ខ្ញុំគឺមាត្រា ២២ នេះ ព្រះមហាក្សត្រព្រះអង្គជាអ្នកចេញព្រះរាជក្រឹត្យ។
ចំណុចទី ៣ ពីរឿងសមយុទ្ធ។ រឿងសមយុទ្ធនេះ បញ្ហាវាចាប់ផ្តើមពីពេលវេលា។ ពេលនោះគឺជាពេលវេ លានៃការបោះឆ្នោត ដែលគេសុំផ្អាកជាបណ្តោះអាសន្ន។ តែក្រោយមក គេយកធ្វើជាហេតុផល។ ឥឡូវសុំ អញ្ជើញមក។ ចង់ធ្វើសមយុទ្ធអីឥឡូវ ឱ្យអាមេរិកលើកសំណើមក។ ពេលមុននោះ គ្រាន់តែជាពេលវេលា កៀកបោះឆ្នោត។ សមយុទ្ធមួយណាក៏មិនឱ្យធ្វើដែរ។ ក្រោយមកវាទៅជារឿងមួយផ្សេងទៅ។ ឥឡូវមក ខ្ញុំស្វាគមន៍ ត្រៀមធ្វើសមយុទ្ធជាមួយគ្រប់ប្រទេសទាំងអស់ដែលចង់ធ្វើ។ មកធ្វើមក។ ប៉ុន្តែចេញលុយខ្លួនឯង។ សមយុទ្ធនេះ ត្រូវកំណត់ប្រធានបទអី? អ្វីដែលខ្ញុំចង់ធ្វើ សមយុទ្ធប្រឆាំងភេរវកម្ម សមយុទ្ធសង្គ្រោះ គ្រោះមហន្តរាយ ជាសមយុទ្ធដែលកម្ពុជាចង់ធ្វើ មិនមែនជាសមយុទ្ធសម្រាប់ការវាយលុក វាយទម្លាយអា នេះ វាយទម្លាយអានោះទេ។ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងគ្រប់គ្រងគ្រោះមហន្តរាយ ដូចជាសមយុទ្ធក្នុង ការរុករកទៅលើការបាត់យន្តហោះ ឬក៏លិចនាវា ឬក៏សមយុទ្ធដែលគ្រប់គ្រងលើគ្រោះមហន្តរាយ។ ឥឡូវ បើមកធ្វើសមយុទ្ធទាក់ទងជាមួយនឹងសង្គ្រោះ COVID-19 ដោះស្រាយ COVID-19 តែមិនតម្រូវទេ ខ្ញុំខ្លាចកងទ័ពអាមេរិកនាំ COVID-19 ចូលស្រុកខ្មែរវិញទេ។ ធ្វើតេស្តឱ្យច្បាស់មក រួចហើយដាក់នៅដាច់ដោយឡែក។ អត់អីទេ អញ្ជើញមក។ យកទៅផ្សាយផង តែទោះបីមិនផ្សាយ ក៏គេកំពុងស្តាប់លឺបាត់ទៅហើយ រាប់ទាំងទូតអាមេរិក។ កុំយកលេសតទៅទៀតថា កម្ពុជាទាត់ចោលជំនួយអាមេរិកលើបញ្ហាវិស័យយោធា ឬក៏ឈប់សហប្រតិបត្តិការសមយុទ្ធ។ កុំនិយាយតទៅទៀត។ កម្ពុជាត្រៀម។ មិនមកធ្វើ កុំបន្ទោសកម្ពុជា តែប៉ុណ្ណឹងទេ។ ខ្ញុំអនុញ្ញាត ហើយសិទ្ធិអំណាចខ្ញុំមានក្នុងការសម្រេចចិត្តធ្វើបែបនេះ ដោយមិនចាំបាច់ទៅសុំពីសភា សុំពីព្រឹទ្ធសភា ឬសុំពីព្រះមហាក្សត្រទេ។ នាយករដ្ឋមន្ត្រីមានសិទ្ធិធំជាងគេ លើការសម្រេចធ្វើ ឬមិនធ្វើរឿងហ្នឹង។
VOA៖ ជាមួយចំណុចដែលប្រទេសយើងដាក់ក្នុងគ្រាមានអាសន្នបាន ពាក់ព័ន្ធនឹងជំងឺ កូរ៉ូណា តើពាក់ព័ន្ធជាមួយករណីអសន្ដិសុខសង្គម ឬការបះបោរវិញ សម្ដេចមើលឃើញនៅពេលខាងមុខ តើកម្ពុជាយើងអាចនឹងប្រឈមជាមួយចំណុចហ្នឹងទេ?
គេនិយាយអំពីសភាពការណ៍គ្រប់គ្រងមិនបាន។ ខ្ញុំគិតថា កម្ពុជាមិនមែនមិនអាចគ្រប់គ្រងបានសភាពការណ៍ទេ។ ជំនឿនេះមានរហូតទៅដល់ ៩៩.៩៩% ចំណុចសេសសល់គឺសល់តែ ០.០១ % ទេ។ ខ្ញុំដឹងសំណួររបស់ក្មួយមានគេតេស្ដឱ្យសួរ។ ជឿទេ។ ច្បាស់ណាស់អ្នកបោះប្រ៊ីយ៉ុងមកពីវ៉ាស៊ីងតោនក៏មានដែរ។ក្រៅពី Covid-19 ហើយ តើសភាពការណ៍ដទៃទៀត កម្ពុជាត្រូវដាក់ក្នុងភាពអាសន្ន ឬអត់? ច្បាស់ជាសំណួរចេញមកពីជ្រុងហ្នឹង។ មើលក្មួយហ៊ានស្បថឱ្យស្លាប់ទេ ថាក្មួយឯងមានគេបោះប្រ៊ីយ៉ុងពីខាងក្រោយឱ្យសួរសំណួរបែបហ្នឹង ព្រោះប៉ុន្មានថ្ងៃនេះ ក្រុមហ្នឹងវាវាយរឿងហ្នឹង។ ថាយក Covid-19 ធ្វើជាហេតុផលធ្វើច្បាប់ ដើម្បីត្រៀមដាក់ចេញ(ការទប់ទល់)នូវចលាចលនយោបាយ។ វាវាយប៉ុន្មានថ្ងៃហើយតើ។ ពូ(នេះ) គេហៅថា វាដុះស្លែហើយអាហ្នឹង។ ទិសដៅសួរហ្នឹងដើម្បីអី? ចង់ទៅរកគោលដៅអី។ ក្មួយសួរហ្នឹងវាតំណាងឱ្យស្ថានភាពអាស្ថាប័នក្មួយធ្វើការ។ (សួរម្ដងទៀត)
កាលណាសភាពការណ៍ត្រួតត្រាលែងបានដោយបញ្ជា ដោយការអំពាវនាវហើយ គេដាក់ហើយ … និយាយឱ្យរួមអញ្ចឹងតែម្ដងទៅ។ ឱ្យស្រួលស្ដាប់។ តែនិយាយគ្នាលែងស្ដាប់ រដ្ឋាភិបាលអំពាវនាវថា កុំឱ្យមានការប្រមូលផ្ដុំគ្នាក្រែងឆ្លងជំងឺ កុំឱ្យមានបញ្ហានេះអញ្ចេះ/អញ្ចុះ តែបើនិយាយគ្នាលែងស្ដាប់បានហើយ គេប្រកាសដាក់ហើយ។ និយាយអញ្ចឹងតែម្ដងទៅ។ ប្រទេសណាក៏វាត្រូវធ្វើអញ្ចឹង។ វាគាប់ជួនអី ថ្ងៃដែលកម្ពុជាកំពុងប្រជុំគណៈអចិន្ដ្រៃយ៍របស់ខ្លួន ល្ងាចហ្នឹងដែរនាយករដ្ឋមន្ដ្រី Viktor Orbán របស់ហុងគ្រី ឆ្លង សេចក្ដីព្រាងច្បាប់ដាក់ប្រទេសមានអាសន្ននៅក្នុងសភាពអឺរ៉ុប។ អញ្ចឹង នៅកម្ពុជាមានអីខុស? ប្រទេសទាំងអស់សុទ្ធតែមានច្បាប់អស់ទៅហើយ គ្រាន់តែយើងអត់ទាន់មាន។ ឥឡូវយើងធ្វើឱ្យមានទៅ ហើយមានហ្នឹងមិនមែនតែដំណាក់កាល ហ៊ុន សែន អី ក្រោយមកទៀតអ្នកណាប្រើក៏ប្រើទៅ មិនប្រើនាំគ្នាលុបចោលទៅ។ ប៉ុន្ដែដូចនិយាយអម្បាញ់មិញ ឫទ្ធី បានសួរ បើមិនគោរព ផាក ឬអត់? ផាកវាមិនកើត។ វាអត់មានច្បាប់ដើម្បីផាក។ បានគេឱ្យមានច្បាប់ហ្នឹង។
សំណួររបស់ក្មួយស្រីចាក់ដោតទៅលើរឿងហ្នឹង ហើយនិយមន័យដែលគេឱ្យក្នុងហ្នឹងក្រៅពីអាសន្នសុខភាពសាធារណៈ វាមានអាសន្នខាងផ្នែកស្អីទៅទៀត សង្គ្រាមឬស្អីៗណាថែមទៀត។ វាមានបញ្ហាអស់ទាំងហ្នឹង ទាមទារត្រូវមានការដាក់។ លើការជាក់ស្ដែង កាលពីអាមេរិកមកជួយ លន់ នល់ គ្រាន់តែត្រួតត្រាភ្នំពេញមួយ ដាក់បម្រាមគោចរប៉ុន្មាន? ប្រើច្បាប់អាជ្ញាសឹកប៉ុន្មានដង? នេះនិយាយឱ្យពិត។ ហេតុអីបានកម្ពុជាមិនអាចធ្វើបាន ហើយមកបន្ទោសថាឆ្លៀតយក Covid-19 ដើម្បីធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីបំបិទសិទ្ធិអ្នកបញ្ចេញមតិនៅពេលក្រោយ? ពូគ្រាន់តែបញ្ជាក់ឡើងវិញលទ្ធភាពដាក់ប្រទេសក្នុងគ្រាមានអាសន្នត្រឹមតែ ០,០១ %ទេ។ លើការជាក់ស្ដែងពូបណ្ដោយឱ្យធ្វើបាតុកម្មជិត ១ ឆ្នាំនៅទីក្រុងភ្នំពេញ កុំតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ដល់តែពង្រីកទ្រង់ទ្រាយឈានទៅរកការផ្ដួលរំលំ អត់ចាំបាច់(មាន)ច្បាប់(ដាក់ប្រទេសក្នុង)គ្រាអាសន្នទេ ប៉ោងខោរត់ខ្ទេច។ មេៗរត់ទៅដេកនៅអាកន្លែង Human Rights នៅជិតវត្ដលង្ការ។ ម៉ោង ៣ ទូរស័ព្ទឱ្យគេទិញភីហ្សា យកមកស៊ី។ តែដល់ម៉ោងនិយាយគ្នាមិនស្ដាប់ហើយ គេដាក់ហើយ មិនចាំបាច់ប្រកាសច្បាប់ទេ … ចូលដល់ដំណាក់កាលនៃការផ្ដួលរំលំហើយ ព្រោះអាមួយរត់ទៅប្រកាសនៅអូស្ដ្រាលី ថាជិតជោគជ័យហើយ … ដល់មកដល់ភ្នំពេញ អ្នកនៅភ្នំពេញប្រកាសថា ថ្ងៃ ២៩ ខែធ្នូ ជាថ្ងៃផ្ដាច់ព្រ័ត្រ។ រឿងអីគេទុកឱ្យឯងនៅធ្វើ។ មានចាំបាច់ច្បាប់ឯណាអាហ្នឹង។ គេធ្វើតើ គេត្រួតត្រាសភាពការណ៍បាន។
តែនេះអាសន្នអន់ក្រពេលនេះ Covid-19 ជួនកាលលឺថា ជាហើយឆ្លងឡើងវិញទៀត។ យើងមិនដឹងវាទៅដល់ណា។ អញ្ចឹងត្រូវធ្វើច្បាប់ទុកក្នុងដៃឱ្យហើយទៅ ជួនកាលយើងត្រូវបិទតែម្ដង។ ទោះបីយើងមិនបិទ ២៤/២៤ ម៉ោង តែជួនកាលយើងត្រូវមានបម្រាមគោចរក្នុងពេលយប់។ បើបម្រាមគោចរក្នុងពេលយប់ ក៏ត្រូវមានច្បាប់ ទើបអាចដាក់បម្រាមបាន។ មានអ្នកច្បាប់ណានោះថា កុំធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ត្រឹមតែដាក់បម្រាមគោចរ។ ឆ្កួតតែម្ដង។ បម្រាមគោចរទាល់តែមានច្បាប់ ទើបអាចដាក់បម្រាមគោចរបាន។ ប៉ុណ្ណឹងបានហើយណាក្មួយ មិនមែនស្ដីបន្ទោសរករឿងអីទេ ពូនេះហើយអ្នកអោយ VOA ត្រឡប់មកវិញនោះ។
ខ្ញុំគិតថា វាគួរតែត្រូវធ្វើ លោកជំទាវ ឱ វណ្ណឌីន សន្និសីទ(សារព័ត៌មាន)។ យើងយកគម្រូតាម Donald Trump។ ចេញប្រកាសខ្លួនឯងរាល់ថ្ងៃ នៅក្នុងយុទ្ធនាការ។ (នៅ)យើង ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសរាល់ថ្ងៃ … ខ្ញុំស្នើក្រសួងសុខាភិបាលធ្វើមួយអាទិត្យម្ដង ដោយជ្រើសរើសថ្ងៃណាមួយជាការកំណត់… ឧទាហរណ៍ថាយកថ្ងៃព្រហស្បត្ដិ៍ ឬថ្ងៃច័ន្ទ យើងកំណត់ទៅត្រូវធ្វើសន្និសីទ ដើម្បីធ្វើបច្ចុប្បន្នភាពលើបញ្ហា Covid-19។ ក្នុងករណីបន្ទាន់គឺអាចធ្វើសន្និសីទកាសែតខុសពី(ថ្ងៃកំណត់) គេហៅថាវិសាមញ្ញ ហើយដែលរដ្ឋមន្ដ្រី ឬនាយករដ្ឋមន្ដ្រីអាចចេញព្រោះអគ្គបញ្ជាការធំជាងគេក្នុងការវាយ Covid-19 គឺនាយករដ្ឋមន្ដ្រី ហ៊ុន សែន អញ្ចឹងបានជាខ្ញុំបានត្រូវ(ធ្វើសន្និសីទ)។ ឥឡូវដូច ១ អាទិត្យម្ដងហើយនេះ អាទិត្យមុនចំថ្ងៃច័ន្ទ លើកនេះចំថ្ងៃអង្គារប៉ុណ្ណឹងតើ។ ពូនៅចេញទៀតតែពូនៅចេញ។ មានរឿងច្រើន មិនមែនមួយម៉ោងពីរម៉ោងទេ។ ឥឡូវច្រើនម៉ោងហើយ។ អបអរសាទរ VOA។
CEN៖ តើ Covid-19 មានឥទ្ធិពលទៅដល់ការកែសម្រួលគោលនយោបាយសំខាន់ៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលសម្រាប់ការអនុវត្ដឆ្នាំ ២០២០ នេះ?
ទី ២ តើជំងឺ Covid-19 នេះ អាចមានឥទ្ធិពលទៅលើកិច្ចប្រជុំកំពូល ASEM ដែលកម្ពុជាជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ?
ពូអាចនិយាយបានថាច្បាស់ណាស់ សូម្បីអម្បាញ់មិញពូបាននិយាយលើការកែសម្រួលឡើងវិញអំពីការចំណាយ នោះហើយជាការផ្លាស់ប្ដូរ។ លើការជាក់ស្ដែងតែម្ដង ដោយកាត់បន្ថយការចំណាយផ្សេងៗ មកប្រមូលផ្ដុំលើការចំណាយប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ទៅលើការសង្គ្រោះកម្មករដែលបាត់បង់ការងារធ្វើ និងទៅលើផ្នែកដទៃទៀតដែលរងហានិភ័យ។ វាបានធ្វើឱ្យមានការផ្លាស់ប្ដូរនូវក្របខណ្ឌ គេថាយ៉ាងហោចច្បាប់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២០ រួចស្រេចទៅហើយ វានាំទៅដល់ការកែសម្រួលមុខព្រួញសេដ្ឋកិច្ច។ ឧទាហរណ៍ ឥឡូវនេះដែលមុននេះយើងជំរុញលើវិស័យឧស្សាកម្ម/សេវាយ៉ាងខ្លាំង ឥឡូវច្បាស់ណាស់បកមកសម្រួចមុខព្រួញវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបម្រើឱ្យសេចក្តីប្រើប្រាស់ក្នុងស្រុកជំនួសឱ្យការនាំចូល។ ផ្លាស់ប្តូរទិសដៅពីការជំរុញនាំចេញអង្ករ ទៅជាស្តុកអង្ករទុក។ ចំណុចអស់ទាំងនេះ វាមានផលប៉ះពាល់ហើយ។
បន្ទាប់ពីហ្នឹងវាក៏មានផលប៉ះពាល់ទៅហើយទៅលើការប្រជុំ លុបចោលការប្រជុំឡានឆាង-មេគង្គ ACMECS, CLMV, CLV ការលុបចោលប្រជុំអាស៊ាននៅឯវៀតណាម ជំនួសមកវិញនូវការប្រជុំអាស៊ានបូកបីតាម Video Conference។ ខ្ញុំបានប្រាប់ទៅឯកឧត្តម ប្រាក់ សុខុន ឱ្យត្រៀមទុកដើម្បីការពិភាក្សាជាមួយដៃគូពាក់ព័ន្ធ អំពីលទ្ធភាពដែលមិនអាចប្រជុំបាននៅអាស៊ី-អឺរ៉ុបនៅឆ្នាំ ២០២០ ដែលអាចលើកទៅឆ្នាំ ២០២១។ សូម្បីតែអូឡាំពិកនៅប្រទេសជប៉ុនគេបានលើករួចស្រេចទៅហើយ។ ឯយើងលទ្ធភាពនៃការលើកគឺមានច្រើន មកដល់ពេលនេះមានច្រើន។ ទោះបីយើងបើកការប្រជុំ ប្រជុំតែយើង ប្រទេសដទៃគេអត់មក អាស៊ីក៏មិនមក អឺរ៉ុបក៏មិនមក អញ្ចឹងយើងប្រជុំធ្វើអ្វី? យើងលើកពេលសិនទៅ យកពេលវេលានេះសង្រ្គោះសភាពការណ៍នេះ។ បើសិនជាសភាពការណ៍ជំងឺនេះវាត្រូវបានទ្រឹង ត្រូវចាប់ផ្តើមស្តារឡើងវិញនូវសេដ្ឋកិច្ច … គ្រាន់តែតម្រូវការរថយន្ត ៥៥០ គ្រឿង ត្រូវនាំឡានមក ដើម្បីប្រជុំអាស៊ី-អឺរ៉ុបខាងមុខ។ អញ្ចឹងទេច្បាស់ណាស់វាមានផលប៉ះពាល់ទៅដល់កន្លែងហ្នឹង។ ប៉ះពាល់ទៅដល់ច្បាប់ កែតម្រូវថវិកា កែតម្រូវមុខព្រួញសេដ្ឋកិច្ច ប៉ុន្តែមិនកែតម្រូវនយោបាយនៅក្នុងប្រទេស និងក្រៅប្រទេស។ ទាក់ទងនឹងនយោបាយក្រៅប្រទេសគឺអត់មានការកែតម្រូវទេ ដូចបានប្រកាសអម្បាញ់ហ្នឹងថាទាក់ទង ជាមួយនឹងប្រទេសទាំងអស់។ អរគុណ។ ឥឡូវមានសំណួរអ្វីទៀត?
BTV៖ ដោយសារតែរោងចក្ររបស់យើងបានមានការបិទទ្វារខ្លះ ហើយយើងបានចេញ ៤០ ដុល្លារ ពីខាងរាជរដ្ឋាភិបាល និង ៣០ ដុល្លារទៀត ពីខាងវិស័យឯកជន តើមានការឯកភាពឬនៅពីខាងវិស័យឯកជន ពីព្រោះកន្លងទៅសម្តេចបានប្រកាស ៤០ ភាគរយពីខាងរោងចក្រ ប៉ុន្តែក្រោយមកពួកគាត់មិនមានលទ្ធភាពបង់ទេ ហើយពួកយើងបន្ថយមកដល់ពេលនេះ។ តើមានការឯកភាពអាចក្នុងរយៈពេលប៉ុន្មានដែលយើងជួយកម្មករនេះ ពីព្រោះតាមទិន្នន័យគឺកម្មករជាង ៦ ម៉ឺននាក់ កម្មករកំពុងតែមានផលលំបាករឿងនេះ ហើយនឹងរោងចក្រជាង ៩១ ដែលក្រសួងការងារបានប្រាប់មកខាង Reuters News។
សម្តេច! មួយសំណួរ។ ខ្ញុំចង់បញ្ជាក់របស់សម្តេចទាក់ទងរឿងរ៉ាវច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ពីព្រោះមុននេះបន្តិចនិយាយពីការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែខ្ញុំចង់បញ្ជាក់អំពីសេចក្តីព្រៀងច្បាប់។ ឥឡូវនេះរដ្ឋសភាកំពុងតែប្រជុំគណកម្មាធិការអចិន្រ្តៃយ៍។ តើសម្តេចអាចបញ្ជាក់បានទេ អាចច្បាប់នេះ ចេញមុនចូលឆ្នាំ ឬក្រោយចូលឆ្នាំ? ខ្ញុំមិនសួរថ្ងៃប្រាកដទេ ប៉ុន្តែអាចក្រោយ ឬយ៉ាងណា?
បញ្ហាទី ១ គឺវាឆាប់ពេកដើម្បីនឹងឲ្យយើងធ្វើការវាយតម្លៃ ប៉ុន្តែ ប្រសិនបើសភាពការណ៍អូសបន្លាយពេលវែង កម្មកររបស់យើងបាត់បង់ការងារធ្វើ … ប្រទេសរបស់យើងខុសប្លែកពីប្រទេសដែលនៅអឺរ៉ុប ដែលតាំងពីជីដូនជីតារបស់ពួកគេសុទ្ធតែជាកម្មករ។ ឯកម្មករនៅក្នុងប្រទេសរបស់យើងគឺមិនទាន់ផ្តាច់ខ្លួនចេញពីកសិករនៅឡើយទេ។ ពិសោធន៍វិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩ រោងចក្រត្រូវបិទ កម្មករបាត់បង់ការងាររាប់ម៉ឺននាក់។ ប៉ុន្តែ យើងបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរថ្មីមួយផ្នែក។ មួយផ្នែកទៀតគឺដោយសារកម្មករយើងផ្សារភ្ជាប់ខ្លួនជាមួយនឹងកសិករនៅឡើយ ឪពុកម្តាយទៅធ្វើស្រែ គេក៏វិលត្រឡប់ទៅភូមិស្ថានរបស់គេវិញ។ ដូច្នេះច្បាស់ណាស់ថា យើងនឹងតម្រង់ទិសឱ្យអ្នកដែលបាត់បង់ការងារខាងវិស័យឧស្សាហកម្មត្រឡប់ទៅចូលរួមជាកម្លាំងពលកម្មក្នុងវិស័យកសិកម្មវិញ ដែលមុននេះកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម និងសេវា បានទាញយកកម្លាំងក្នុងវិស័យកសិកម្មមកយ៉ាងច្រើន។ ឥឡូវនេះ គេមិនអាចរស់ដោយសារជំនួយ ហើយយើងគ្មានប្រាក់ដើម្បីនឹងផ្តល់ជំនួយជារៀងរហូតនោះទេ។ យើងនឹងជំរុញលើកទឹកចិត្តឱ្យពួកគេ ឬឧបត្ថម្ភពួកគេដើម្បីទៅផ្សារភ្ជាប់ខ្លួនជាមួយនឹងក្រុមគ្រួសាររបស់គេវិញក្នុងក្របខណ្ឌជាកសិករ។
ប៉ុន្តែ ក៏នៅមានរោងចក្រមួយចំនួនទៀតដែលខ្វះកម្មករទៅវិញដែរ ដួចជារោងចក្រខ្លះដែលគេមានការផ្គត់ផ្គង់ដូចជា សូម្បីតែរោងចក្រជប៉ុនមួយដែលមានកម្មករ ៨ ពាន់នាក់រួចហើយ ជំហានគេវិវឌ្ឍទៅរក ៤ ម៉ឺននាក់កម្មករឯណោះ។ ប៉ុន្តែ ដោយសារតែវាបច្ចេកវិទ្យាខ្ពស់វាត្រូវការធ្វើការបណ្តុះបណ្តាល។ យើងគ្រាន់តែជាកម្មករកាត់ដេរភ្លាមៗមិនទាន់ទៅដល់កន្លែងនោះទេ។ នេះជាចំណុចទាក់ទិនជាមួយនឹងរឿងលទ្ធភាពប៉ុណ្ណា ហើយផ្ទេរយ៉ាងម៉េចអីយ៉ាងម៉េច? ខ្ញុំនិយាយជាក្របខណ្ឌទេ។ ភាពលំអិតរបស់វា នឹងវិវឌ្ឍទៅតាមដំណើររឿងនៃវិបត្តិក្នុងតំបន់ និងវិបត្តិទីផ្សារជាសកល។ គ្មានប្រទេសណាមួយចៀសផុតទេ។ កម្ពុជាយើងបើប្រៀបធៀបជាមួយនឹងការបិទរោងចក្រ នៅចំនួនតិចជាងវៀតណាមឆ្ងាយណាស់។ យើងទើបនឹងរាប់សិបរោងចក្រទេ នៅវៀតណាមចូលដល់ពាន់រោងចក្រ …។
ឥឡូវនិយាយពីរឿងបញ្ហាច្បាប់ តើពេលណាអាចចេញ? ព្រឹកនេះតាមដឹងគណៈអចិន្រ្តៃយ៍សភា និងប្រជុំ ហើយក៏មានការជូនដំណឹងមួយថាប្រជុំពេញអង្គសភានឹងធ្វើនៅថ្ងៃសុក្រ។ ដូច្នេះថ្ងៃសុក្រនេះអាចនឹងឆ្លងនៅសភា។ បន្ទាប់ទៅយើងត្រូវការប្រហែលជាមួយអាទិត្យទៀត ពេលនោះជាពេលវេលាចូលឆ្នាំហើយ នឹងឆ្លងកាត់ព្រឹទ្ធសភា … ពិតមែនហើយ យើងបានស្នើសុំឲ្យកោះប្រជុំវិសាមញ្ញហើយ ប៉ុន្តែដោយសារបញ្ហាសុវត្ថិភាពមិនដឹងថាព្រឹទ្ធសភាអាចប្រជុំបានមុនចូលឆ្នាំឬអត់? ប៉ុន្តែ បើទោះបីប្រជុំមុនចូលឆ្នាំបានក៏ដោយ ក៏វាត្រូវការពេលវេលាដើម្បីឱ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើការពិនិត្យអំពីធម្មនុញ្ញភាពរបស់វា។ ដូច្នេះ ការប៉ាន់ស្មានថ្ងៃនេះគឺថ្ងៃទី ៧ ដល់ថ្ងៃសុក្រទី ១០ សភាសម្រេច ដល់ថ្ងៃ ១៣ និង ១៤ ហ្នឹងវាចូលឆ្នាំបាត់ហើយ។ អញ្ចឹងទេ ច្បាប់នេះអាចនឹងក្រោយចូលឆ្នាំខ្មែរ។ ចូលឆ្នាំនៅតែចូល ប៉ុន្តែគ្រាន់តែទទួលទេវតាទេ តែមិនឱ្យឈប់សម្រាកដើម្បីកាត់បន្ថយនូវហានិភ័យដែលកើតក្រោយចូលឆ្នាំ។ វាមិនមែនជារឿងល្អទេដែលចូលឆ្នាំសប្បាយរីករាយ ហើយនាំគ្នាធ្វើបុណ្យខ្មោចនោះ បានជារដ្ឋាភិបាលស្នើសុំផ្អាកប្រារព្ធពិធីចូលឆ្នាំសិន។ អញ្ចឹង ខ្ញុំសូមបញ្ជាក់ឡើងវិញ ច្បាប់នេះអាចចេញក្រោយចូលឆ្នាំតែថ្ងៃណាពិតប្រាកដ គឺជាសមត្ថកិច្ចរបស់សភា សមត្ថកិច្ចព្រឺទ្ធសភា សមត្ថកិច្ច ក្រុមប្រឹក្សាធម្មនុញ្ញ ហើយយើងនឹងតាម។ សភាពការណ៍របស់យើង ក៏មិនទាន់ដល់អាសន្នដែលត្រូវរុញប្រញាប់ប្រញាល់នោះទេ។ គ្រាន់តែយើងមានតម្រូវការឱ្យមានច្បាប់នេះក្នុងដៃតែប៉ុណ្ណឹងទេ … មានអីទៀតទេ?
PNN៖ សន្និសីទនៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញផែនការ និងជំហរច្បាស់លាស់ ជាច្រើនក្នុងការជួយដល់កម្មកររោងចក្រ ជួយដល់អ្នកបម្រើការងារក្នុងអ្នកបម្រើសេវាទេសចរណ៍ជាដើម ប៉ុន្តែ ដោយឡែកសម្រាប់អ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប រត់កង់បីអីជាដើម កំពុងតែប្រឈមនូវបញ្ហា ដោយសារពេលបច្ចុប្បន្ននេះ ទោះបីជាគ្មានច្បាប់គោចរ ប៉ុន្តែគាត់អត់មានម៉ូយ គាត់រអ៊ូរទាំច្រើន។ តើរដ្ឋាភិបាលមានជាកញ្ចប់ ឬវិធានកាសម្រាប់ជួយពួកគាត់ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង Covid-19 នេះ? អរគុណសម្តេច។
រដ្ឋាភិបាលទៅមិនរួចទេ។ និយាយដោយត្រង់ គ្រាន់តែអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ រដ្ឋាភិបាលស្ទើរតែរកលុយមិនបានទៅហើយ … បញ្ហាគឺជាគោលនយោបាយអន្តរាគមន៍សង្គម។ យើងតែងតែមានគេហៅថា ប័ណ្ណក្រីក្រ ដែលវាជាមូលដ្ឋានដែលយើងត្រូវធ្វើអន្តរាគមន៍។ វាមិនសំដៅជាក់លាក់ទៅលើតែផ្នែកណាមួយទេក្នុងឧស្សាហកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬក្នុងប្រព័ន្ធទេ ប៉ុន្តែ អ្នកដែលមានប័ណ្ណនេះជាមុខសញ្ញានៃការធ្វើអន្តរាគមន៍ ដែលមានទាំងកសិករ ទាំងកម្មករ អ្នកស៊ីក្លូអីគាត់មានប័ណ្ណហ្នឹង។ ជួនកាលអ្នករត់ម៉ូតូឌុបក៏មានប័ណ្ណហ្នឹងដែរ។ អញ្ចឹងយើងធ្វើអន្តរាគមន៍ចំពោះ(អ្នកទាំង)ហ្នឹង។ បើមិនអញ្ចឹងទេ លេងធ្វើអន្តរាគមន៍(ទូទៅ) យើងបានលុយពីណា។ សូម្បីតែអាមេរិកក៏មិនអាចរកលុយបានមកដែរ សម្រាប់ឱ្យមនុស្សទូទៅ។ ពិតហើយ ដូចជាឥឡូវអាមេរិក ដូចជាបើកឱ្យម្នាក់ ១.២០០ ដុល្លារ … អញ្ចឹងទេ បាត់បង់ការងារមួយ យើងត្រូវផ្ដើមការងារមួយទៀត ប៉ុន្តែ អន្តរាគមន៍របស់រាជរដ្ឋាភិបាលមិនអាចធ្វើឡើងទៅលើអ្នកណាក៏ដោយឱ្យតែបាត់បង់ប្រាក់ចំណូល រដ្ឋាភិបាលត្រូវតែប៉ូវនោះទេ។
យើងរៀបចំច្រក(ដោយ)ដាក់ទុនបង្កើតការងារ ១៥០ លានដុល្លារ(សំរាប់)ខាងសហគ្រាសធុនតូច និងមធ្យម និងខាងកសិកម្ម។ និយាយគ្នាអញ្ចឹងតែម្ដង។ អញ្ចឹង បានថ្ងៃមុន ឯងកំពុងតែវិលក្បុង ស្រាប់តែមានអ្នកវាយចូលមក លោកឪពុកជួយកូនផង ឥឡូវរកលុយបង់ថ្លៃផ្ទះឱ្យគេមិនបាន បង់រំលស់ គេរឹបអូសយកផ្ទះហើយ។ សូមជួយកូនផង។ ប៊ិះតែនឹងចុចត្រឡប់ទៅវិញ។ រួចទិញផ្ទះម្ដងមួយដំបរ ដល់រកលុយបង់ឱ្យគេមិនបាន មករកលោកឪពុក។ ជិះឡានសុទ្ធតែ ៥៧០។ ប៊ិះតែនឹងវាយទៅវិញថា ម៉េចក៏មិនលក់ឡានយកលុយទៅបង់ឱ្យគេ …។
ជាក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល សូម្បីតែស្រ្តីឆ្លងទន្លេរាល់ថ្ងៃ គោលនយោបាយសង្គម កំពុងតែអនុវត្តរាល់ថ្ងៃនេះ កម្មការិនីឆ្លងទន្លេមួយថ្ងៃជាង ២២០ ទៅ ២៣០ នាក់ ជាប់រហូត។ កើតបានកូនមួយ ១០០ ដុល្លារ កូនពីរភ្លោះ ២០០ ដុល្លាររាល់ថ្ងៃ។ ក្រៅពីនោះ គឺស្រ្តីចាប់ពីមានផ្ទៃពោះ ត្រូវពិនិត្យ ៤ ដង មុនពេលឆ្លងទន្លេ ទៅពិនិត្យម្ដង ឧបត្ថម្ភម្ដង ត្រូវឧបត្ថម្ភ ៤ ដង ទៅដល់សំរាលឧបត្ថម្ភទៀត។ បន្ទាប់ទៅដល់កូនអាយុ ២ ឆ្នាំ ត្រូវឧបត្ថម្ភ ១០ ដងទៀត នៅបន្តអនុវត្ត។ អ្នកដែលមានប័ណ្ណក្រីក្រ រដ្ឋនឹងធ្វើអន្តរាគមន៍។ ប៉ុន្តែ ដូចដែលក្មួយសួរមកពូថា អ្នករត់ម៉ូតូឌុប គាត់ត្អូញត្អែរ តើរដ្ឋប៉ះប៉ូវឬទេ? លក់ម៉ូតូសិនទៅ។ ចាយទិញអង្ករស៊ីសិន ព្រោះបើមកឱ្យរដ្ឋប៉ះប៉ូវទាំងអស់ រដ្ឋឯណាមានលុយ? រដ្ឋពឹងពាក់លើពន្ធ រួចបើយើងទៅខ្ចីលុយពីបរទេស មកបើកឱ្យអ្នកដែលអត់ការងារធ្វើហ្នឹង វាងាប់បាត់ហើយ។ ប្រទេសណាក៏គេមិនឱ្យលុយយើងខ្ចីយកមកបើកប្រាក់ខែដែរ។
Thmey Thmey៖ ពីបញ្ហាជិះឡានប្រជ្រៀតគ្នារបស់កម្មករ/ការិនីទៅកាន់រោងចក្រ មានវិធានការអីទេ?
តាមពិតសំណួរនេះគួរតែត្រូវឯកឧត្ដម ម៉ម ប៊ុនហេង ឬលោកជំទាវ ឱ វណ្ណឌីន ឬលោកជំទាវ យក់ សម្បត្តិ ទេ ដែលត្រូវឆ្លើយនោះ។ វិធានការដែលទាក់ទងជាមួយនឹងការធ្វើដំណើរ ក្រសួងសុខាភិបាលបានណែនាំហើយ។ ឥឡូវក្មួយដាក់សំណួរអំពីកម្មកររោងចក្រ អញ្ចឹងទេ ខ្ញុំគិតថា ក្រសួងសុខាភិបាលគួរណែនាំបន្ថែមទៅ (ពីមុន)មួយឡានធ្លាប់ជិះ ២០ នាក់ (ឥឡូវ)ឱ្យជិះតែ ១០ នាក់ គេហៅថា គម្លាតសង្គមអញ្ចឹងទៅ ឬក៏ត្រួតពិនិត្យយ៉ាងម៉េច។ ប៉ុន្តែ ពូគិតថា ប្រហែលជាមិនបញ្ហាពេកទេ ព្រោះដោយសារពួកគាត់នៅជាមួយគ្នាសាំនៅហ្នឹង។ បញ្ហាសំខាន់គឺកុំឱ្យពួកគាត់បែកគ្នា។ បើគាត់នៅជាចង្កោមរបស់ពួកគាត់ ដោយគ្មានអ្នកដទៃជ្រៀតចូល គឺប្រាកដណាស់ថា ពួកគាត់មានសុវត្ថិភាព។ រឿងដែលយើងនៅឆ្ងាយពីគ្នានេះ ដោយសារយើងនៅផ្ទះរៀងខ្លូន។ ប៉ុន្តែ ដល់យើងនៅផ្ទះជាមួយគ្នា ដូចជាខ្ញុំ ចៅខ្ញុំមកនៅលើគ្រែខ្ញុំគ្រប់សព្វ អាខ្លះមកជិះក ខ្លះមកតោងចង្កេះ អញ្ចឹងវាអត់មានបញ្ហាទេ។ លើកលែងតែបញ្ហាដូចជាយប់ហ្នឹង ប្ដីទៅខារ៉ាអូខេ ត្រឡប់មកវិញប៉ះប្រពន្ធ នាំជំងឺមកប្រពន្ធ ប្រពន្ធនាំជំងឺមកចម្លងអ្នកនេះទៀត ទើបជាបញ្ហាដែលត្រូវគិត។ ដូច្នេះ ខ្ញុំយល់ថា គម្លាតសង្គមនេះ នៅតែជាចំណុចសំខាន់។ ខ្ញុំមិននិយាយជំនួយគ្រូពេទ្យ ឬអង្គការសុខភាពពិភពលោកទេ។ អញ្ចឹងទេ នេះគ្រាន់តែជាការណែនាំបន្ថែម ហើយខ្ញុំគិតថា រោងចក្រ ឬម្ចាស់រថយន្ត ក៏មានការទទួលខុសត្រូវលើបញ្ហាហ្នឹងដែរ។ កម្មករ/ការិនីក៏ត្រូវទទួលខុសត្រូវខ្លួនឯងលើបញ្ហាហ្នឹង កុំរង់ចាំតែថាត្រូវធ្វើម៉េច។ ម៉ាសហ្នឹងវាត្រូវតែពាក់ហើយ។ ស្ទង់មើលកំដៅ។ នៅពេលធ្វើការក្នុងរោងចក្រនៅឃ្លាតពីគ្នា តែពេលឡើងឡានវានៅកៀកគ្នា អាហ្នឹងវាជាចំណុចមួយ។ សូមអរគុណចំពោះសំណួរនេះ ដែលជាការដាស់តឿនរំលឹកទៅដល់ក្រសួងសុខាភិបាលធ្វើការណែនាំបែបណាថែមទៀត ប៉ុន្តែ សុវត្ថិភាពជាងគេ គឺថា រោងចក្រយើង ក្រុមហ៊ុនយើង ស្ថាប័នយើង គឺសុវត្ថិភាពជាងគេ។
ខ្ញុំកោតសរសើរណាស់ នៅរតនគិរី អ្នកដែលមិនមែនអ្នកក្នុងភូមិហ្នឹង គឺមិនឱ្យចូលភូមិទេ សុំទោស។ ខ្ញុំត្រូវធានាសុវត្ថិភាពតាមភូមិហ្មង បងប្អូនជនជាតិភាគតិច គួរឱ្យសរសើរ។ យើងស្មានតែតាមជនបទខ្វះព័ត៌មាន មិនមែនអញ្ចឹងទេ ជនបទមានព័ត៌មាន ហើយគេបកប្រែពីភាសាខ្មែរទៅជាភាសាជនជាតិឱ្យស្ដាប់ទៀតថា ត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចទៀត។ ភូមិខ្លះគេរារាំងមនុស្សមិនឱ្យចូលទៅក្នុងភូមិគេតែម្ដង ដើម្បីធានាសុវត្ថិភាពក្នុងភូមិគេកុំឱ្យឆ្លង។ អញ្ចឹងទេមានតែវិធីហ្នឹងទេ ដើម្បីដោះស្រាយបញ្ហា។ នៅមានរឿងរ៉ាវច្រើនណាស់។ មិនមែនតែប៉ុណ្ណឹងទេ។ បើជជែកគ្នា សួរក៏នៅតែប៉ុណ្ណឹងដែរ វានៅតែបញ្ហាយកចិត្តទុកដាក់ចាប់ផ្ដើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ និងភូមិនីមួយៗ ធ្វើកិច្ចការ ហើយជាងនេះទៅទៀត គឺមនុស្សម្នាក់ហ្នឹងតែម្ដង ត្រូវដឹងថា ខ្លួននេះជាប្ដី ឧទាហរណ៍ថា ពូជាប្ដី ត្រូវគិតដល់សុខភាពខ្លួនឯង ហើយសុខភាពប្រពន្ធ កូន និងចៅខ្លួនឯង ដែលវាមកជិតយើង។ ការសង្ស័យណាមួយកើតឡើង ត្រូវដាក់ខ្លួនឯងដោយឡែក ហើយកុំឱ្យកូន ឬចៅចូលមកជិត រង់ចាំពិនិត្យមើលស្ថានភាពនោះសិន នេះគឺជាការល្អ។
ស្ថានភាព ដែលជាមេរៀន គឺកុំទុកឱ្យសភាពការណ៍ដូចដែលឯកឧត្ដម Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស ដែលគាត់ធ្វើការងារច្រើនពេក ដោយមិនគិតអំពីសុខភាព។ ឥឡូវក្លាយទៅជាអ្នកដែលត្រូវចូល ICU មុនគេ គឺគាត់តែម្ដង។ សង្ឃឹមថា គាត់នឹងមិនក្លាយខ្លូនទៅជាអ្នករងគ្រោះនៅក្នុងជំងឺនេះទេ។ បើមិនអញ្ចឹងទេ នាយករដ្ឋមន្រ្តី ឬប្រធានាធិបតី លែងចង់ធ្វើហើយក្នុងពេលហ្នឹង ព្រោះខ្លាច Covid-19 សម្លាប់។ ឥឡូវ នៅអឺរ៉ុបឆ្លងស្ទើរតែទាំងអស់។ នៅអង់គ្លេស ទាំងនាយករដ្ឋមន្រ្តី ទាំងព្រះរាជទាយាទ។ នៅអេស្ប៉ាញ ប្រពន្ធ(ប្រធានាធិបតី) តែប្ដីមិនអីទេ។ នៅកាណាដាប្រពន្ធនាយករដ្ឋមន្រ្តី តែមិនរាលដល់ Trudeau នាយករដ្ឋមន្រ្តីនោះទេ។ ហើយមិនដឹងនៅឯណាទៀត។ ប៉ុន្តែ យ៉ាងណាខ្ញុំអត់មានទេ សុំកុំឱ្យទើសទាល់ជាមួយខ្ញុំ។ ប៉ុន្តែ ហាមចាប់ដៃ ព្រោះឥឡូវសង្ស័យគ្នាទៅវិញទៅមក។ យកការសង្ស័យគ្នាទៅវិញទៅមកនេះ ធ្វើជារបាំងតែម្ដង ដើម្បីអនុវត្តនូវគម្លាតសង្គម។
សូមអរគុណសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នានៅក្នុងសន្និសីទថ្ងៃនេះ ដែលជាសន្និសីទពិសេសមួយទៀត រាប់ម៉ោងរបស់នាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីចេញនិយាយ ១៥ នាទី និយាយធ្វើអី? ព្រោះវាមិនអស់រឿងដែលត្រូវនិយាយ។ តែកាលណានាយករដ្ឋមន្រ្តីនិយាយហើយ វាតែងមានរឿងនយោបាយហើយ វាមិនអត់ទេ កុំទៅឆ្ងល់ពេក។ ដោយសារមានអ្នកចាក់ដោតពីខាងក្រៅ យើងត្រូវពន្យល់វាត្រឡប់ទៅវិញ ព្រោះអ្នកឯងពន្យល់តាមវិទ្យុ ឬហ្វេសប៊ុក យើងពន្យល់ទៅកាន់ប្រជាពលរដ្ឋរបស់យើង។ វាអញ្ចេះៗ។ ខ្ញុំសង្ឃឹមថា នេះមិនមែនជាការបំពានលើអំណាចរបស់រដ្ឋមន្រ្តីសុខាភិបាល ឬអំណាចរបស់រដ្ឋមន្រ្តីណាមួយក៏អត់ដែរ ហើយក៏មិនបំពានទៅលើវិជ្ជាជីវៈរបស់ពេទ្យដែរ ដោយសារនេះគឺជាគោលការណ៍ណែនាំ នៃក្របខណ្ឌគោលនយោបាយតែប៉ុណ្ណោះ ឯចំពោះបញ្ហាបច្ចេកទេសយ៉ាងណា គឺជារឿងមួយផ្សេងទៀត។ បញ្ហារបស់យើង កំពុងតែប្រយុទ្ធជាមួយនឹងមុខព្រួញ ៣ គឺ៖ ទី ១ (ទប់ស្កាត់)ឆ្លងមកពីក្រៅ, ទី ២ កុំឱ្យអ្នកឆ្លងហើយរាលដាលទៅចំពោះអ្នកផ្សេង និងទី ៣ ព្យាបាលអ្នកដែលកើតហើយឱ្យជា។ ប៉ុន្តែ មុខព្រួញទី ១ គឺទប់ស្កាត់ការនាំជំងឺពីខាងក្រៅចូល ជាកិច្ចការសំខាន់ ជាអាទិភាព បន្ទាប់ទៅកិច្ចការទី ២ ឃើញភ្លាម រុករកឱ្យឃើញ ចង្កោមករណី វាជាចង្កោមតូច ឬធំប៉ុនណា ត្រូវរកមនុស្សហ្នឹងឱ្យអស់ ហើយឱ្យឆាប់រហ័សទៀតផង ដើម្បីកុំឱ្យរាលដាលទៅជាចង្កោមធំ ឬទៅដល់សហគមន៍៕