សង្រ្គាមប្រឆាំងនឹង Covid-19 គ្មានពាក្យថា វាយលុក និងចំណេញ
ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានរបស់យើងបានសាកសួរផងដែរ តើយើងត្រូវធ្វើកិច្ចការងារមួយចំនួនបន្តទៀត។ ប្រជាពលរដ្ឋរបស់យើងបានដឹងហើយថា យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្រ្គាមប្រឆាំងនឹង Covid-19 ដែលជាជំងឺរីករាលដាលជាសកល។ មកដល់ពេលនេះ សង្រ្គាមមួយនេះស្ថិតនៅក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យថា វាយលុក ព្រោះយើងមិនដឹងថា សត្រូវពិតប្រាកដវានៅទីណានោះទេ ខុសគ្នាជាមួយនឹងផ្នែកយោធា ដែលមានវាយទប់ទល់ផង និងមានការវាយលុក ឬមានការដកថយ។ សម្រាប់យើង គ្មានទេពាក្យវាយលុក ហើយក៏គ្មានទេនូវពាក្យដែលហៅថា ឈ្នះទៅលើសង្រ្គាមមហន្តរាយបែបនេះ។ គ្មានទេពាក្យថាចំណេញ មានតែខាត។ គ្រាន់តែខាតតិច ឬខាតច្រើនតែប៉ុណ្ណោះ។ នេះជាចំណុចដែលយើងត្រូវដឹងជាមុន អំពីនិយមន័យនៃសង្រ្គាមប្រឆាំងនឹង Covid-19 នេះ។ ខ្ញុំបញ្ជាក់ឡើងវិញថា សង្រ្គាមនេះ គឺគ្រាន់តែមានត្រឹមកម្រិតទប់ទល់ ហើយគ្មានទេ អ្វីដែលហៅថាឈ្នះ គឺមានតែការខាតបង់ គ្រាន់តែខាតតិច ឬខាតច្រើន។ ដូចជាប្រទេសខ្លះ គឺស្លាប់ប្រជាជនច្រើន ប្រទេសខ្លះស្លាប់ប្រជាជនតិច ប្រទេសខ្លះមិនទាន់មានប្រជាជនស្លាប់ទេ ប៉ុន្តែភាគច្រើនមានមនុស្សឆ្លងរួចទៅហើយ។
សង្រ្គាមប្រឆាំងនឹង Covid-19 នេះ យើងត្រូវដាក់ទៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ព្រោះជំងឺឆ្លងនេះមិនទាន់ឃើញសញ្ញាថយចុះនៅឡើយទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។ ថ្ងៃនេះ លោកជំទាវតំណាងអង្គការសុខភាពពិភពលោកបានមកទីនេះ។ នៅលើពិភពលោកនេះ មិនទាន់មានប្រទេសណាមួយ ដែលបានរកឃើញវ៉ាក់សាំងដើម្បីព្យាបាលនោះទេ ឃើញតែប្រកាសនៅទីនេះ ឃើញតែប្រកាសនៅទីនោះ ក៏ប៉ុន្តែមិនទាន់មានការទទួលស្គាល់ណាមួយពីអង្គការសុខភាពពិភពលោកផងដែរ។ ដូច្នេះហើយ បានជាយើងត្រូវដាក់បញ្ហាការប្រយុទ្ធប្រឆាំងនឹង Covid-19 នេះ ទៅក្នុងយុទ្ធសាស្រ្តនៃការតស៊ូរយៈពេលវែង មិនមែនត្រឹមពីរអាទិត្យ បីអាទិត្យ ឬមួយខែ ពីរខែទេ។ បញ្ហាស្ថិតនៅត្រង់ថា យើងមិនដឹងថា ជំងឺនេះវានឹងរីករាលដាលដល់កម្រិតណា ហើយវានឹងអូសបន្លាយដល់ពេលណា។
មហាអំណាចសេដ្ឋកិច្ច ៣ អាចនឹងមានអ្នកស្លាប់ដល់ម៉ឺននាក់ ដោយជំងឺ Covid-19
ពិតហើយ ពិភពលោកបន់ស្រន់ឱ្យជំងឺនេះបានឆាប់បញ្ចប់ ក៏ប៉ុន្តែយើងមើលអ្វីដែលវាបាន និងកំពុងកើត វាមិនមែនជាការឆាប់ចប់នោះទេ។ ប្រទេសអ្នកមានៗ ក្នុងចំណោមមហាអំណាចសេដ្ឋកិច្ច គឺមានប្រទេស ៣ រួចស្រេចទៅហើយ ដែលមានប្រជាជនស្លាប់ជាង ១ ម៉ឺននាក់។ សហរដ្ឋអាមេរិក(មានអ្នកស្លាប់)ជាង ១ ម៉ឺននាក់ហើយ។ អ៊ីតាលីបានឡើងជាង ១ ម៉ឺននាក់ហើយ(អ្នកស្លាប់)។ អេស្ប៉ាញបានឡើងជាង ១ ម៉ឺននាក់ហើយ(អ្នកស្លាប់)។ បារាំងជាង ៨ ពាន់នាក់(អ្នកស្លាប់)។ បើយោងទៅលើទិន្នន័យនៃការស្លាប់មួយថ្ងៃ មាន ៧០០ ទៅ ៨០០ នាក់ ដូច្នេះប្រហែលជា ៣ ថ្ងៃទៅ ៤ ថ្ងៃទៀត បារាំងអាចនឹងឈានចូលទៅជាង ១ ម៉ឺននាក់(អ្នកស្លាប់)ផងដែរ។ នេះជាការប៉ាន់ស្មានផ្ទាល់របស់ខ្ញុំទេ ដោយឃើញទិន្នន័យនៃតួលេខ ដែលមកដល់ពេលនេះ បារាំងមានមនុស្សស្លាប់ជាង ៨ ពាន់នាក់រួចស្រេចទៅហើយ បូកបន្ថែមដោយស្លាប់យប់មិញនេះ ជាង ៨០០ នាក់ថែមទៀត … ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ក្នុងចំណោមប្រទេស ៧ មានប្រទេស ៣ រួចស្រេចទៅហើយ ដែលបានឆ្លង (Covid-19) និងបានសម្លាប់ប្រជាជនជាង ១ ម៉ឺននាក់ និងមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលបានឆ្លង។ មានប្រទេសមួយទៀត ប្រទេសបារាំង ដែលវេជ្ជសាស្រ្តខ្លាំងណាស់ដែរ ក៏រីករាលដាលអាចឈានដល់ ១០ ម៉ឺននាក់ ក្នុងរង្វង់ ៤ ថ្ងៃខាងមុខ បើសិនជាតួលេខនេះបន្តស្លាប់បែបនេះតទៅទៀត។
ប្រជាពលរដ្ឋកម្ពុជា ឆាប់ខ្លាច ឆាប់ភ័យ ហើយក៏ឆាប់ភ្លេច ការឆ្លងជំងឺ Covid-19
ម្យ៉ាងទៀត យើងក៏ត្រូវពិនិត្យឃើញនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើងផងដែរថា ប្រជាពលរដ្ឋរបស់យើងក៏ឆាប់ភ័យខ្លាច តែក៏ឆាប់ភ្លេចខ្លាំងណាស់ដែរ។ ប្រហែលជាប្រជាពលរដ្ឋរបស់យើងគិតស្មានថា ចំនួនអ្នកឆ្លងចំនួនតិច បូកបន្ថែមដោយអ្នកឆ្លងហើយចេះតែជា(ជាបន្តបន្ទាប់)។ ៣ ថ្ងៃមុននេះ ពុំមានការឆ្លងមួយករណីណាទេ មានតែអ្នកជាសះស្បើយ។ ថ្ងៃនេះ មានករណីឆ្លងត្រឹមតែម្នាក់តែប៉ុណ្ណោះ ឯអ្នកជាសះស្បើយមានដល់ទៅចំនួន ៥ នាក់។ អញ្ចឹងប្រហែលជាប្រជាពលរដ្ឋរបស់យើង ដែលមុននេះ គឺមានការភ័យខ្លាចស្លន់ស្លោ រហូតដល់ខ្ញុំមកកាន់ទីនេះ និយាយទៅកាន់ប្រជាពលរដ្ឋថា ជំងឺពិតប្រាកដរបស់យើងនៅពេលនេះ មិនមែន Corona នោះទេ តែជាជំងឺភ័យខ្លាច។ អញ្ចឹង ឥរិយាបទរបស់ប្រជាពលរដ្ឋរបស់យើង ឆាប់ភ័យ ក៏ឆាប់ខ្លាច ក៏ប៉ុន្តែក៏ឆាប់ភ្លេចអារឿងភ័យនេះ។ អញ្ចឹងបានជាឃើញក្នុងប៉ុន្មានថ្ងៃនេះ ខ្ញុំត្រូវចាប់ផ្ដើមគិតឡើងវិញអំពីសេណារីយោមួយចំនួន ក្នុងហ្នឹងមានគំនិតផ្ដួចផ្ដើមបង្កើតគណៈកម្មការទាក់ទិនជាមួយនឹងការរៀបចំនូវផែនការខាងមុខបន្តទៀត តើយើងគួរធ្វើអ្វីខ្លះផងដែរ។ យើងមិនត្រូវភ្លេចខ្លួនថា យើងជាប្រទេសដែលមានអ្នកជំងឺឆ្លងតិច ថ្ងៃខ្លះ គឺគ្មានអ្នកឆ្លងទាល់តែសោះ មានតែអ្នកជា ហើយបែរជាសប្បាយរីករាយនោះទេ។ ហានិភ័យនៅខ្ពស់ណាស់សម្រាប់ប្រទេសរបស់យើង ក្នុងពេលដែលនៅក្នុងតំបន់មានតែឡាវ និងមីយ៉ាន់ម៉ាទេ ដែលមានអ្នកជំងឺតិចជាងយើង។ ក្រៅពីនោះ អ្នកជិតខាងយើង វៀតណាម(អ្នកឆ្លង Covid-19)ក៏ខ្ពស់ ថៃកាន់តែខ្ពស់ជាងយើងឆ្ងាយទៅទៀត។ ដូច្នេះហើយ យើងអត់ត្រូវសប្បាយភ្លេចខ្លួន ដែលនាំមកនូវហានិភ័យសម្រាប់ប្រទេសរបស់យើងនេះទេ យើងត្រូវមានវិធានការបន្ត។
អរគុណស្ថាប័នពាក់ព័ន្ធ គ្រូពេទ្យជួរមុន កងកម្លាំងប្រដាប់អាវុធ ពលករវិលពីថៃ សប្បុរសជន
ក្នុងឋានៈជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺនេះ ហើយក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំមានការចាំបាច់ ដើម្បីនឹងប្រកាសចេញនូវវិធានការបន្ថែមមួយចំនួន។ ប៉ុន្តែ មុននឹងដល់បញ្ហានោះ ខ្ញុំសូមយកឱកាសនេះ កោតសរសើរចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរយៈពេលកន្លងទៅ ដើម្បីត្រួតត្រានូវសភាពការណ៍។ អរគុណចំពោះក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំធ្វើប្រតិបត្តិការក្រោមបញ្ជារបស់ក្រសួងសុខាភិបាល ក្នុងការរុករក (និង)ការធ្វើតេស្ដ។ ថ្ងៃនេះ តំណាងវិទ្យាស្ថានប៉ាស្ទ័រក៏បានអញ្ជើញមកចូលរួម ដែលនេះបង្ហាញពីសុក្រឹតភាពនៃការធ្វើតេស្ដរបស់កម្ពុជា។ យើងមិនមែនគ្រាន់តែធ្វើដោយក្រុមគ្រូពេទ្យរបស់ខ្មែរតែឯងនោះទេ ក៏ប៉ុន្តែវិទ្យាស្ថានប៉ាស្ទ័រ គឺជាវិទ្យាស្ថានមួយ ដែលមានចំណែកការទទួលខុសត្រូវទាំងយើង ទាំងដៃគូផងដែរ។
ខ្ញុំអរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលនៅជួរមុខ ហើយនេះដែលជាការលះបង់ខ្ពស់ណាស់ ហើយខ្ញុំនៅតែទទូចបញ្ជាក់បន្ថែមហើយបន្ថែមទៀត គ្រូពេទ្យរបស់កម្ពុជា ទោះបីយើងក្រ ក៏ប៉ុន្តែមិនអនុញ្ញាតឱ្យគ្រូពេទ្យណាមួយទទួលរងគ្រោះថ្នាក់ ដូចជានៅប្រទេសមួយចំនួន ដែលសូម្បីតែម៉ាសគ្រូពេទ្យ សំលៀកបំពាក់គ្រូពេទ្យមិនគ្រប់គ្រាន់ ហើយឱ្យគ្រូពេទ្យទៅព្យាបាល(អ្នកជំងឺ Covid-19)នោះទេ។ ខ្ញុំដាក់បទបញ្ជាដាច់ណាត់លើបញ្ហានេះ។ អញ្ចឹងហើយ យើងក៏ត្រូវតែមានការត្រៀមបម្រុងទុកជានិច្ចនូវសម្ភារៈបរិក្ខារសម្រាប់ក្រុមគ្រូពេទ្យ និងសម្ភារៈបរិក្ខារសម្រាប់ដោះស្រាយបញ្ហា ទោះតូច ទោះធំ កើនឡើង។
ខ្ញុំសូមអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងកិច្ចការងារនេះ ទាក់ទិននឹងការរៀបចំទីកន្លែង ការរៀបចំគ្រប់គ្រងប្រជាពលរដ្ឋ។ ជាពិសេស អរគុណចំពោះប្រជាពលរដ្ឋខ្លួនឯង ដែលចូលរួមការពារខ្លួនតាមរយៈការធ្វើអនាម័យ។ ពេលនេះ គឺជាពេលផ្លាស់ប្ដូរឥរិយាបទ ប្រែក្លាយការភ័យខ្លាច ឱ្យទៅជាទម្លាប់មានអនាម័យ។ ការមានអនាម័យនេះមិនមែនគ្រាន់តែដោះស្រាយបញ្ហា Covid-19 ទេ តែអនាម័យនាំមកនូវការទប់ស្កាត់រោគទាំងឡាយដែលមិនមែនជា Covid-19។ ឱ្យតែខ្វះអនាម័យហើយ ទោះបីជាជំងឺតិចតួចក៏ឆ្លងចូលមកយើងបានដែរ។
ខ្ញុំសុំអរគុណចំពោះបងប្អូនពលករជាង ៦ ម៉ឺននាក់ ដែលមកពីព្រះរាជាណាចក្រថៃ ចូលមកដល់ក្នុងប្រទេស ហើយបានស្ម័គ្រចិត្តបានដាក់ខ្លួននៅដាច់ដោយឡែក ដែលមកដល់ពេលនេះយើងមិនទាន់ឃើញមានករណីបងប្អូនពលករមកពីថៃ ចម្លងមេរោគណាមួយនោះទេ។ នេះក៏មានផ្នែកតួអង្គរបស់បុគ្គល ដែលធ្វើដំណើរត្រឡប់មកវិញ តួអង្គរបស់ក្រុមគ្រួសារ និងតួអង្គរបស់ក្រុមមូលដ្ឋាន ដែលយើងបានធ្វើដំណើរអប់រំទៅតាមខ្នងផ្ទះរបស់ប្រជាជនតែម្ដង។ អ្នកខ្លះបានសរសេរនៅមុខផ្ទះរបស់ខ្លួន ដាក់ផ្លាកនៅមុខផ្ទះរបស់ខ្លួនថា កូនរបស់ខ្ញុំទើបនឹងមកពីប្រទេសថៃ ដូច្នេះសុំអធ្យាស្រ័យមិនអាចចូលលេងបានទេ។ ទាំងអស់នេះសុទ្ធតែជាឥរិយាបទដែលគួរឱ្យគោរព ដែលខ្ញុំសង្ឃឹមថា យើងនឹងខិតខំធ្វើកិច្ចការងារនេះបន្តទៅទៀតជាមួយគ្នា ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង។
ជាមួយនឹងការថ្លែងកោតសរសើរចំពោះកម្លាំងគ្រប់ប្រភេទ ជាពិសេសក្រុមគ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ សម្ដេចម៉ែ ក៏ដូចជាសប្បុរសជននានាដែលបានជួយថវិកាក្នុងរយៈពេលកន្លងទៅ ដែលមកដល់ពេលនេះ ប្រមាណជាង ១១ លានដុល្លារសហរដ្ឋអាមេរិក ហើយដែលថវិកានេះស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ឯកឧត្តម ម៉ម ប៊ុនហេង រួចស្រេចទៅហើយ។ ហើយនៅមានការចូលជាបន្តបន្ទាប់ទៀត។
ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះមន្ត្រីទាំងអស់ ទាំងមន្ត្រីនយោបាយ និងមន្ត្រីផ្នែកមុខងារសាធារណៈដែលបានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនដើម្បីចូលរួមយុទ្ធនាការប្រឆាំង Covid-19 នេះដែលរហូតមកដល់ល្ងាចម្សិលមិញនេះ ចំនួនអ្នកដែលបានចូលរួមកាត់ប្រាក់ខែរបស់ខ្លួនមាន ១.៥៨៦ នាក់ រួចស្រេចទៅហើយ។ នេះជាចំនួនប្រាក់ខែដែលគិតថាចំនួនធំៗ។ ដំបូងខ្ញុំគិតថា ខ្លួនខ្ញុំតែម្នាក់ហើយអាចមានអ្នកស្ម័គ្រចិត្តផ្សេងៗទៀត ជាមន្ត្រីនយោបាយតែប៉ុណ្ណោះ ដោយប្រាក់បៀវត្សរបស់ខ្ញុំត្រូវកាត់ ៧ ខែ។ សុំបញ្ជាក់ជូនថា បៀវត្សរ៍របស់ខ្ញុំមានចំនួន ១០ លានរៀល បង់ពន្ធអស់ ៩១ ម៉ឺន។ អញ្ចឹងខ្ញុំត្រូវចូលមួយខែ ៩ លាន ១ សែន។ ប៉ុន្តែសូមបញ្ជាក់ថា អត់មានយកទាំងប្រាក់បៀវត្ស និងប្រាក់បង់ពន្ធចូលទេ សុំកាត់ប្រាក់បង់ពន្ធទុករួចហើយ សល់ពីប្រាក់បង់ពន្ធបញ្ជូនមកឱ្យខាង Covid-19។
សូមយកឱកាសនេះបញ្ជាក់ផងដែរថា សម្រាប់ខ្លួនខ្ញុំធ្វើទាន់ពេល ដោយសារតែប្រាក់បៀវត្សរបស់ខ្ញុំមិនទាន់បានបើក ចូលដល់ខែ ៤ ហើយ ប៉ុន្តែអត់ទាន់បានបើកពីធនាគារ។ អញ្ចឹងខ្ញុំបានបញ្ចេញបៀវត្សរ៍របស់ខ្ញុំចាប់ពីខែ ៣។ ប៉ុន្តែសម្រាប់មន្ត្រី ទាំងរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬថ្នាក់ដទៃទៀត មិនអាចអនុវត្តបាននៅក្នុងខែ ៣ ឬខែ ៤ ទេ ដោយសារប្រាក់យើងបានបញ្ចេញរួចស្រេចទៅហើយ សម្រាប់បើកទាំងប្រាក់ឧបត្ថម្ភចូលឆ្នាំខ្មែរ និងប្រាក់បៀវត្ស។ ដូច្នេះបានជាឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើសេចក្ដីប្រកាស … សូមបរិច្ចាគចាប់ពីខែ ៥ ទៅ។ ឧទាហរណ៍ថា បរិច្ចាគចាប់ពីខែ ៥ ទៅដល់ខែប៉ុន្មាន? ព្រោះបងប្អូនខ្លះបញ្ជាក់ថាចាប់ពីខែ ៤ ប៉ុន្តែ ឥឡូវខែ ៤ លុយចេញទៅបាត់ហើយ។ អញ្ចឹងយើងចាប់ខែ ៥ ទៅ។ ករណីតែមួយគត់គឺខ្លួនខ្ញុំ ចាប់ពីខែ ៣ រហូតដល់ខែ ៩។
តាមការស្ដាប់បានរបស់ខ្ញុំ មន្រ្តីរបស់យើងនៅមូលដ្ឋាន កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីផ្សេងៗទៀត គឺសុទ្ធតែបង្ហាញបំណងចង់ចូលរួមចំណែក។ ខ្ញុំសុំថ្លែងអំណរគុណចំពោះបំណងល្អនេះ។ អ្វីដែលយើងត្រូវធ្វើនៅពេលនេះ មិនមែនជាចលនាទាមទារនោះទេ ក៏ប៉ុន្តែនេះជាទឹកចិត្តរួម នៃការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ។ ការធ្វើលើកនេះ គឺមិនដូចការបរិច្ចាគដូចពេលមុនៗទេ ត្រូវធ្វើលិខិតផ្ទាល់ខ្លួនម្នាក់មួយសន្លឹក ឧទាហរណ៍ថា មន្ត្រីម្នាក់ដែលមានប្រាក់ខែ ១ លាន(រៀល)ជាង ចង់ចូលរួមមួយខែ ១ ម៉ឺនរៀល ក្នុងរយៈពេល ៦ ខែ ឬ ៥ ពាន់រៀលក្នុងមួយខែ សុំធ្វើលិខិតខ្លួនឯងតែម្ដង បើមិនអញ្ចឹងទេវានឹងក្លាយទៅជារបៀបមួយដែលហៅថា ទាញយកចូលទៅតាមច្រកមេដឹកនាំ។
ថវិកាមិនមែនជារឿងធំពេកនោះទេ ប៉ុន្តែទឹកចិត្តទើបជារឿងសំខាន់សម្រាប់សាមគ្គីភាព
នេះជាកេរ្តិ៍មរតក។ ខ្ញុំនៅចាំបាននៅពេលដែលមានសង្គ្រាមទល់ដែន សូម្បីតែអ្នកសុំទាន និងអ្នកធាក់ស៊ីក្លូបានយកប្រាក់ទៅចូលជាមួយមូលនិធិបាយ័ន ដែលធ្វើឱ្យទំហំទឹកប្រាក់នេះមានដល់រាប់លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាសមរភូមិនៅពេលនោះ។ នៅក្នុងកាលៈទេសៈដែលសង្គ្រាមទល់ដែនកើតឡើង កាលពីឆ្នាំ ២០០៨-២០១១។ រឿងនេះគឺជាបទពិសោធន៍មួយ។ ខ្ញុំក៏នៅចងចាំថា ជំនន់សហសវត្សរ៍នៅឆ្នាំ ២០០០ ពេលនោះប្រជាពលរដ្ឋបានចូលរួមច្រើន ទោះតិចក្តី ច្រើនក្តី ក៏ប៉ុន្តែទឹកចិត្តរបស់ប្រជាពលរដ្ឋរបស់យើងធំធេងណាស់។ ឥឡូវនេះ យើងមានចលនាបន្តក្នុងការចូលរួមដោយការស្ម័គ្រចិត្តទៅតាមមូលនិធិ ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ហើយដែលមានការចូលរួមបន្តទៅទៀត។ យើងអត់មានពេលបញ្ចប់ទេ។ អ្នកណាស្ម័គ្រចិត្តចូលក៏ចូល គឺគ្មានការចាប់បង្ខំទេ។ ក៏ប៉ុន្តែមួយផ្នែកទៀតគឺចំពោះមន្ត្រីដែលទទួលបៀវត្សរ៍ពីរដ្ឋ ស្ម័គ្រចិត្តបរិច្ចាគថវិកាជាបៀវត្សរ៍របស់ខ្លួន ខ្លះ ៥០% នៃបៀវត្សរ៍ ឬខ្លះបញ្ជាក់ថា គេមានបៀវត្សរ៍ តែគេចូល ២ លានរៀលក្នុងមួយខែ ក្នុងរយៈពេល ៦ ខែ ឬ ៣ លានរៀលក្នុងរយៈពេល ៦ ខែ … យើងត្រូវគិតគូរតាមទៅចំនួនហ្នឹង។ ថវិកាវាមិនមែនជារឿងធំពេកសម្រាប់យើងនោះទេ ប៉ុន្តែទឹកចិត្តទើបជារឿងសំខាន់សម្រាប់សាមគ្គីភាពក្នុងចំណោមប្រជាជនរបស់យើង។
ខ្ញុំអរគុណណាស់ ហើយអរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់។ ក្នុងហ្នឹង អរគុណមិត្តចិន ជប៉ុន អាល្លឺម៉ង់ និងដៃគូរអភិវឌ្ឍផ្សេងទៀត មានអង្គការសុខភាពពិភពលោក ក៏មានធនាគារពិភពលោកផងដែរ ដែលបានចូលរួមជួយនៅក្នុងកាលៈទេសៈដែលកម្ពុជាលំបាក។ ខ្ញុំសូមលោកជំទាវតំណាងឱ្យអង្គការសុខភាពពិភពលោក យកចិត្តទុកដាក់ទៅលើព័ត៌មានខ្លះ ដែលកម្ពុជាជាប្រទេសដែលក្រីក្រទៅហើយ ក៏ប៉ុន្តែទទួលការប្រមាថធ្ងន់ធ្ងរពេកទេដឹង? ឥឡូវ សូមសង្កេតមើល យើងបានធ្វើកិច្ចការមនុស្សធម៌មួយដ៏ធំលើនាវា Westerdam ប៉ុន្តែខ្ញុំត្រូវបានគេជេរស្ដី ប្រមាថមកដល់សព្វថ្ងៃ ថាជាអ្នកនាំជំងឺចូលស្រុក។ ឥឡូវនេះយើងដាក់ជាបញ្ហា តើវិបត្តិមនុស្សធម៌លើបញ្ហា Diamond Princess ហើយនិង MS Zaandam តើវាទៅជាយ៉ាងម៉េច មនុស្សមានស្លាប់នៅលើនោះហើយ … ខ្ញុំត្រូវបានគេស្តីបន្ទោសថា ជាមនុស្សខ្វះការយកចិត្តទុកដាក់ ដោយសារខ្ញុំបានទៅប្រទេសចិន ទី (១)។ ទី (២) ខ្ញុំឱ្យនាវា Westerdam ចូល(ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ) រួចហើយខ្ញុំទៅស្វាគមន៍ផ្ទាល់។ (ខ្ញុំ)ត្រូវបានទទួលការស្តីបន្ទោសពីជនអគតិមួយចំនួន រាប់ទាំងជនបរទេសដែលសរសេរតាមសារព័ត៌មាន។ (ខណៈ)នៅក្នុងប្រទេសរបស់ខ្លួន(មានមនុស្ស)ស្លាប់គរជើង (ជនបរទេសទាំងនោះ)បែរជាមកបន្តុះបង្អាប់ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា/ឡាវ/មីយ៉ាន់មា/នេប៉ាល់/ស្រីលង្ការ។ ក៏ប៉ុន្តែ ឯងជាប្រទេសមាន ម៉េចក៏បណ្តោយឱ្យប្រជាជនស្លាប់។
ត្រូវវាយតម្លៃប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈតាមស្ថានភាពជាក់ស្តែង អ្នកណាស្លាប់ច្រើន/តិច
អ្វីដែលជាការតបតរបស់ខ្ញុំ អភិបាលកិច្ចល្អ ឬមិនល្អ វាស្ថិតនៅពេលនេះហើយ។ ស្ថិតនៅត្រង់ថា តើប្រទេសណាខ្លះបណ្តោយឱ្យប្រជាពលរដ្ឋរបស់ខ្លួនឆ្លងជំងឺច្រើន និងស្លាប់ច្រើន? ប្រទេសណាក្រ/មាន លែងជាបញ្ហាហើយឥឡូវនេះ ព្រោះ(ប្រទេស)អ្នកក្រស្លាប់តិច (ប្រទេស)អ្នកមានស្លាប់ច្រើន។ ជំងឺនេះវាអត់គោរពអ្នកមានទេ … ឥឡូវ ការវិនិច្ឆ័យពិតប្រាកដ ដែលខ្ញុំ(សូម)ធ្វើអនុសាសន៍ជូនទៅអង្គការសុខភាពពិភពលោក វាយតម្លៃប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈតាមស្ថានភាពជាក់ស្តែង។ តើប្រទេសណាខ្លះបណ្ដែតបណ្តោយឱ្យប្រជាជនឆ្លង(ជំងឺ) ហើយស្លាប់ច្រើន។ ប្រទេសណាខ្លះដែលខិតខំ ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួនពីការឆ្លង និងការស្លាប់។ ត្រូវវាយតម្លៃលើការជាក់ស្តែងអញ្ចេះវិញ កុំវាយតម្លៃផ្អែកលើអ្នកមាន/ក្រ។ ស្ថានភាពនេះអាចវាយតម្លៃតាមរបៀបជាក់ស្តែង និងអ្នកណាស្លាប់ច្រើន/តិចទៅវិញទេ។
បងប្អូនខ្មែររស់នៅក្រៅប្រទេស មានការភ័យខ្លាច និងត្អូញត្អែរពីប្រព័ន្ធការពារសុខភាពនៅទីនោះ
យើងពិតជាមានការធុញទ្រាន់ ចំពោះការមើលងាយពីសំណាក់អ្នកធ្វើអត្ថាធិប្បាយ អ្នកសរសេរសារព័ត៌ មានមួយចំនួន ដែលខ្វះការយល់ដឹង និងការគោរពចំពោះប្រទេសក្រីក្រ ក្នុងពេលដែលប្រទេសខ្លួនឯងស្នាក់នៅកំពុងមានហានិភ័យងាប់គរជើង។ ឥឡូវ (មានជនជាតិ)ខ្មែរយើង ស្លាប់នៅប្រទេសក្រៅ។ ខ្ញុំសូមសំដែងមរណទុក្ខ។ បងប្អូនកម្ពុជាដែលរស់នៅប្រទេសក្រៅ កំពុងមានការភ័យខ្លាច និងត្អូញត្អែរអំពីប្រព័ន្ធ ការពារសុខភាពនៅទីនោះ ហើយផ្ញើសារជាបន្តបន្ទាប់ចូលមកក្នុងប្រទេស(អំពីការ)ព្រួយបារម្ភ ហើយមានអ្នកខ្លះចង់មករស់នៅស្រុកខ្មែរ ដោយឃើញថាស្រុកខ្មែរមានអ្នកជំងឺតិច។ ខ្ញុំសូមអង្វរករ នៅទីណា (គឺ)នៅទីនោះ។
ផ្នែកដទៃ សូមកុំមានការច្រណែន អំពីការដំឡើងប្រាក់ឧបត្ថម្ភ ចំពោះក្រុមគ្រូពេទ្យជួរមុខ
… ជាធម្មតា ខ្ញុំសម្រាកនៅពេលយប់ជ្រៅខ្លាំងណាស់ ប៉ុន្តែ ដោយសារឯកសារ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជូនទៅឱ្យខ្ញុំក្នុងពេលយប់ទៅហើយ ខ្ញុំក៏សម្រេចទៅលើការតម្លើងការឧបត្ថម្ភចំពោះគ្រូពេទ្យ។ សង្ឃឹមថា ការតម្លើងប្រាក់ឧបត្ថម្ភចំពោះក្រុមគ្រូពេទ្យនៅជួរមុខនេះ នឹងមិនបង្កើតនូវការច្រណែនរបស់ក្រុមគ្រូពេទ្យដទៃទៀតនៅផ្នែកដទៃទៀតទេ ព្រោះនេះជាការលះបង់ខ្ពស់ណាស់ នៃគ្រូពេទ្យនៅជួរមុខ។ ក្រៅពីសុវត្ថិភាពផ្ទាល់ខ្លួនគាត់ កុំឱ្យគាត់ព្រួយបារម្ភទៅលើគ្រួសារ ដែលគាត់មិនបានជួបមុខរាប់ខែរួចទៅហើយនោះ។
សូមពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ១៥០ នាក់ ស្នាក់នៅទីនោះសិន
ខ្ញុំសូមយកឱកាសនេះ ក៏និយាយទៅកាន់ប្រជាពលរដ្ឋនោះនៅក្រៅប្រទេស គឺយកចិត្តទុកដាក់គោរពបែប បទនៅក្នុងប្រទេសរបស់គេនោះ។ ការសម្រេចចិត្តព្រឹកមិញនេះ គឺជាការសម្រេចចិត្តដោយឈឺចិត្ត។ ប៉ុន្តែ ខ្ញុំគ្មានជម្រើសក្រៅពីនេះទេ។ សុំបងប្អូននៅម៉ាឡេស៊ី ១៥០ នាក់ ដែលត្រៀមហោះហើរចូលមកកាន់កម្ពុជានៅថ្ងៃនេះ មេត្តាយោគយល់។ ព្រឹកនេះ មានជើងហោះហើរដោយដឹកមនុស្សមួយចំនួន ក្នុងនោះមានពលរដ្ឋកម្ពុជាពីម៉ាឡេស៊ីមកកាន់កម្ពុជា ១៥០ នាក់ ហើយយន្តហោះដដែលនេះ ត្រូវដឹកជនជាតិម៉ាឡេស៊ី និងជនជាតិមួយចំនួនផ្សេងទៀតត្រឡប់ទៅវិញ។ ខ្ញុំដេកមិនលក់សោះយប់មិញនេះ។ ក្រោយពីម៉ោង ១២ យប់ហើយ ម៉ោង ៤:៣០ នាទី ខ្ញុំភ្ញាក់។ ចេះបង ម៉ម ប៊ុនហេង គាត់ភ្ញាក់មុន។ គាត់វាយមកសួរយោបល់។ ធម្មតាម៉ោង ៣ (ទៀបភ្លឺ) គាត់ភ្ញាក់ហើយ ខ្ញុំតែងតែឆ្លើយតបទៅគាត់វិញនៅក្នុងចន្លោះម៉ោង ៥ (ទៀបភ្លឺ) អីប៉ុណ្ណឹង។ ប៉ុន្តែ លើកនេះ មើលទៅក្នុងម៉ោង ខ្ញុំឆ្លើយតបតាំងពីម៉ោង ៤(ទៀបភ្លឺ) ប្លាយឯណោះ។ អញ្ចឹង ខ្ញុំនិយាយទៅឱ្យ ប្រាក់ សុខុន។ បង ម៉ម ប៊ុនហេង ប្រាប់ថាព័ត៌មាននេះបានទទួលពីកូនប្រសារខ្ញុំទៅទៀត។ ខ្ញុំក៏ទូរស័ព្ទទៅកូនប្រសាររបស់ខ្ញុំ។ ឯកូនប្រសាររបស់ខ្ញុំវាស្មានតែខ្ញុំជាប្តីរបស់វាទៅទៀត ព្រោះប្តីរបស់វាទៅដេកនៅបន្ទាយឯណោះ។ មេទាហានមិនមែនដេកនៅផ្ទះទេ ដេកនៅបន្ទាយ។ អញ្ចឹងទេ ដំបូងវាហៅបង។ វាស្មានតែខ្ញុំប្តី(របស់)វា រួចហើយបានវាសុំទោស។ ថាកូនឯងបានទទួលដំណឹងហ្នឹងពីណា? ថាបានទទួលពីរដ្ឋមន្ត្រី ដែលទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ខ្ញុំទាក់ទងផ្ទាល់ថា ឥឡូវឱ្យបញ្ឈប់។ ដំបូងបញ្ឈប់ ក្រោយមកគាត់សុំហោះមកដោយយន្តហោះទទេ។ យើងទទួល។ ប៉ុន្តែមានលិខិតលាយលក្ខណ៍អក្សរធានា ហើយប្រសិនបើមកមានមនុស្សជិះ យើងមិនអនុញ្ញាតឱ្យបើកទ្វារយន្តហោះទេ ចាក់សាំងហើយឱ្យហោះត្រឡប់ទៅវិញ។
សុំឱ្យពលរដ្ឋខ្មែរយើងនៅម៉ាឡេស៊ី ១៥០ នាក់ ស្នាក់នៅទីនោះសិន។ អ្នកណានៅទីណា នៅទីនោះសិន កុំអាលចល័ត … និស្សិតខ្មែរម្នាក់មកពីអាមេរិក/ជប៉ុន។ មកដល់ចូលទៅចាក់អង្រែភ្លាម ទៅទទួលការព្យាបាល។ យើងទើសទាល់។ បងប្អូនអាចចោទសួរថា ម៉េចបានទទួល(នាវា) Westerdam ឱ្យចូល ឥឡូវ ពលរដ្ឋខ្មែរម៉េចមិនឱ្យចូល? ដំណាក់កាល Westerdam មិនមែនជាដំណាក់កាលឆ្លងទេ។ ពិតមែនហើយ មនុស្សមួយចំនួនចោទខ្ញុំថា ខ្ញុំនាំជំងឺចូល រហូតទៅដល់ មានការរើសអើងថា ខ្ញុំអាចឆ្លងជំងឺហ្នុង ដោយសារតែខ្ញុំទៅកៀកកិតជាមួយនឹងអ្នក(ទេសចរនៅលើនាវា) Westerdam និងទៅប្រទេសចិនផង។ ប៉ុន្តែ ស្ថានភាពឥឡូវនេះ ការចម្លងពីខាងក្រៅចូលក្នុងស្រុក គឺស្ថិតនៅក្នុងស្ថានភាពសំខាន់ណាស់ ដែលបន្តិចទៀតខ្ញុំនឹងនិយាយអំពីសមរភូមិមួយ បើកមុខព្រួញ ៣ ក្នុងការវាយ ដោយឈរលើគោលការណ៍ក្របខណ្ឌជាយុទ្ធនាការជាយុទ្ធសាស្ត្រ និងជាក្របខណ្ឌគោលនយោបាយ។
កងកម្លាំងនៅក្រៅប្រទេស ត្រូវប្រុងប្រយ័ត្ន សូមធ្វើរបាយការណ៍ជាប្រចាំពីការថែទាំសុខភាព
ខ្ញុំសូមយកឱកាសនេះអំពាវនាវទៅកាន់កងទ័ពកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសដែលកំពុងមានការឆ្លង (ក្នុងនោះមាន) អាហ្វ្រិកកណ្តាល ម៉ាលី លីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ជាពិសេស នៅលីបង់ ចំនួនកើនឡើង។ ដូច្នេះ កងទ័ពកម្ពុជានៅទីនោះក៏ត្រូវតែមានការប្រុងប្រយ័ត្ន។ អ្នកទទួលខុសត្រូវកងរក្សាសន្តិភាព ត្រូវតែតាមពិនិត្យ ហើយឱ្យមានរបាយការណ៍ជាក់លាក់ជាប្រចាំអំពីកម្រិតនៃការថែទាំរបស់អង្គការសហ ប្រជាជាតិនៅទីនោះ ដើម្បីការពារកងទ័ពរបស់យើងនៅខាងក្រៅ។ ពិតហើយ ជាភារកិច្ចទទួលខុសត្រូវ របស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែ កុំភ្លេចថា យើងក៏ជាសមាជិកអង្គការសហប្រជាជាតិ យើងក៏មានមន្ត្រី ក្នុងសេនាធិការនៃកងកម្លាំងរក្សាសន្តិភាព ហើយយើងក៏ជាប្រទេសម្ចាស់កងទ័ព ដែលបានបញ្ជូនទៅឱ្យ រក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ យើងក៏ត្រូវមានការទទួលខុសត្រូវលើបញ្ហានេះផងដែរ។ នៅពេលកងទ័ពយើងមិនអាចនិយាយទៅកាន់អង្គការសហប្រជាជាតិបាន រាជរដ្ឋាភិបាលយើងធ្វើ ទំនាក់ទំនងទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិទៅលើបញ្ហានេះក៏បានដែរ។
ប្រយុទ្ធលើមុខព្រួញ ៣ ក្នុងពេលតែមួយ
ឥឡូវ និយាយទៅដល់ការប្រយុទ្ធបន្តរបស់យើង តើយើងកំពុងប្រយុទ្ធរបៀបម៉េចនៅពេលនេះ? ខ្ញុំអាច និយាយតាមមួយបែបជារបៀបយោធា ប៉ុន្តែ វាជាវិស័យវេជ្ជសាស្ត្រ។ សព្វថ្ងៃនេះ យើងកំពុងបន្តប្រយុទ្ធ លើមុខព្រួញបីក្នុងពេលតែមួយ។ តើអ្វីទៅជាមុខព្រួញបីក្នុងពេលតែមួយ? ទី (១) ប្រយុទ្ធជាមួយនឹងការឆ្លងចូលមកពីខាងក្រៅ នេះជាបញ្ហាសំខាន់ជាងគេ។ យើងបានឃើញហើយ អ្នកឆ្លងមកដល់ពេលនេះមាន ១១៥ នាក់ ក្នុង ១១៥ នាក់នេះ គឺជាប្រភេទនាំចូលស្ទើរតែទាំងអស់ ដែល(នាំឱ្យ)មានការឆ្លងនៅក្នុងស្រុក ហើយអ្នកឆ្លងពីខាងក្នុងក៏នាំចូលពីខាងក្រៅដែរ។ ដូច្នេះហើយបានជាការប្រយុទ្ធចំពោះមុខព្រួញការឆ្លងពីខាងក្រៅចូលមកខាងក្នុងប្រទេស ត្រូវតែបន្តធ្វើ ដែលយើងបានដោះស្រាយមួយកម្រិតហើយ រាប់ទាំងព្រឹកមិញ ប៉ុន្មានម៉ោងមុននេះ ដែលខ្ញុំចេញបញ្ជាមិនឱ្យដឹកខ្មែរនៅម៉ាឡេស៊ីចំនួន ១៥០ នាក់។ បើយកមកគ្រាន់តែយកទៅដាក់នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ រួចហើយបង្កើតគ្រូពេទ្យដើម្បីទៅយកសំណាក ទៅយកស្អីៗហ្នឹង។ យើងកំពុងតែរវល់ស្រាប់។ អញ្ចឹង បើនៅម៉ាឡេស៊ីបានហើយ នៅសិនទៅ។ យើងមិនដាច់ចិត្តពីប្រជាពលរដ្ឋរបស់យើងទេ ក៏ប៉ុន្តែពេលនេះត្រូវយល់អំពីការលំបាករបស់ប្រជាជននៅក្នុងប្រទេស។
សូមយោបល់ខ្ញុំពីល្ងាច ឯកឧត្តម ម៉ម ប៊ុនហេង ឱ្យ ឃួង ស្រេង សុំយោបល់។ ខ្ញុំបានឆ្លើយតបទៅ ឃួង ស្រេង នៅក្រោយម៉ោង ១១ យប់ឯណោះទៅវិញទេ ដោយសារតែខ្ញុំជាប់នូវកិច្ចការទាក់ទងទៅនឹងពិនិត្យឯកសារ និងការត្រៀមបម្រុង។ ជាធម្មតា ខ្ញុំតែងវាយ Note ខ្លួនឯងនូវចំណុចគោលៗ ហើយខ្ញុំពិនិត្យផ្ទៀងផ្ទាត់ចុះឡើងជាមួយនឹងឯកសារជំនួយស្មារតីមួយចំនួនដែលបញ្ជូនពីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទៅឱ្យខ្ញុំ។ អញ្ចឹងទេ ឥឡូវយើងមានវិធានការរឹតត្បិតលើបញ្ហាដូចជាទិដ្ឋាការជាដើម។ ទិដ្ឋាការពីមុនឱ្យ E-Visa ឬទិដ្ឋាការពេលមកដល់ យើងក៏បានផ្អាកអាហ្នឹង។ យើងរឹតត្បិតមួយចំនួនផ្សេងទៀត ទាក់ទងនឹងការដាក់ឱ្យនៅដោយឡែក និងវិធានការចាំបាច់ផ្សេងទៀត ដើម្បីធានាថា កុំឱ្យមានការចូលមកដល់នៃជំងឺ។ យើងឃើញហើយថា មកពីខាងក្រៅ ខ្មែរយើងដែលឆ្លង ៤ នាក់ ប្ដីប្រពន្ធ ទៅប្រទេសបារាំង ត្រឡប់មកវិញនាំជំងឺមកជាមួយ មកឆ្លងបានកូន ២ នាក់ទៀត បាន ៤នាក់។ ជនជាតិបារាំងមកពីបារាំងឆ្លងកាត់សិង្ហបុរី មកដល់ឆ្លងទាំងអស់ ពីមុនឆ្លងតែឪពុក និងកូន ឱ្យម្ដាយមើល ឥឡូវឆ្លងទាំងម្ដាយទៀត។ ឃើញទេ? ស្ថានភាពវាបែបហ្នឹង។ អញ្ចឹងបានជាយើងត្រូវបន្តការប្រយុទ្ធជាមួយនឹងការឆ្លងមកពីខាងក្រៅ។
រាជរដ្ឋាភិបាលមានកង្វល់ចំពោះបងប្អូនពលករមកពីប្រទេសថៃ
រាជរដ្ឋាភិបាលពិតជាមានកង្វល់ជាមួយនឹងបងប្អូនពលករដែលមកពីប្រទេសថៃ។ យើងដឹងហើយថា បងប្អូនមកជាង ៦ ម៉ឺននាក់នេះ មានការគ្រប់គ្រងបានល្អ ទាំងផ្ទាល់ខ្លួនគិតគូរ ទាំងក្រុមគ្រួសារគិតគូរ ទាំងសហគមន៍មានការគិតគូរ។ អ្វីដែលយើងបានត្រៀមបម្រុងជាង ៣ ពាន់បន្ទប់ ឥឡូវនេះមានចំនួនច្រើនជាងហ្នឹង។ គ្រាន់តែស្រុកពារាំងមួយរបស់ខេត្តព្រៃវែង មានពលករចំណាកស្រុកជាង ៩ ពាន់នាក់ ប៉ុន្តែគាត់ត្រលប់មកវិញតែប៉ុន្មានរយនាក់ទេ។ ក្នុងប៉ុន្មានរយនាក់នេះ គេបង្កើតនូវកន្លែងដាក់នៅដាច់ដោយឡែកតាមសាលារៀនផ្សេងទៀត ដោយមិនគិតក្នុងចំណោមជាង ៣ ពាន់បន្ទប់ ដែលយើងបានត្រៀមបម្រុងសម្រាប់ជាកន្លែងព្យាបាល និងជាកន្លែងសម្រាប់ការដាក់ឱ្យនៅដោយឡែកនោះទេ។ អញ្ចឹងយើងមានច្រើនជាងនេះ។ ប៉ុន្តែ ទោះបីមានការព្រួយបារម្ភយ៉ាងណាក៏ដោយ យើងមិនអាចបិទទល់ដែនមិនឱ្យប្រជាជនយើងចូលប្រទេសវិញនោះទេ តែត្រូវមានវិធានការកុំឱ្យជំងឺនេះឆ្លងមកដល់ក្នុងប្រទេស និងក្រុមគ្រួសាររបស់ខ្លួន។
សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលមានការងារធ្វើត្រឹមត្រូវ នឹងមិនវិលត្រឡប់ចូលមកក្នុងប្រទេសក្នុងរយៈពេលចូលឆ្នាំនេះទេ។ មានបងប្អូនមួយចំនួនដែលទៅធ្វើការដោយខុសច្បាប់ ចេះតែមកតាមរបៀងនេះ/នោះ។ នៅក្នុងជម្រើសដែលគណៈកម្មការប្រឆាំងនឹង Covid-19 បានធ្វើការប្រជុំ ខ្ញុំសម្រេចជ្រើសរើសយកជម្រើសទីបួន គឺអនុញ្ញាតឱ្យមានការវិលត្រលប់ដោយមានការត្រួតពិនិត្យ ដោយមានការដឹកជញ្ជូនទៅដល់មូលដ្ឋាន ដោយមានការគ្រប់គ្រងនៅឯមូលដ្ឋាន។ ប៉ុន្តែសម្រាប់បងប្អូនដទៃទៀត ដែលមានការងារធ្វើ ឬក៏មានលទ្ធភាពដើម្បីរស់នៅទីនោះ សុំរស់នៅទីនោះ កុំមកក្នុងប្រទេស។ មកក្នុងប្រទេសត្រូវដាក់ឱ្យនៅ ១៤ ថ្ងៃដាច់ដោយឡែកពីគេ។ ចង់ត្រឡប់ទៅប្រទេសថៃវិញ ក៏ទៅមិនបានក្នុងពេលដែលថៃប្រកាសគ្រាមានអាសន្ន ហើយប្រសិនបើទៅបាន ក៏គេដាក់ឱ្យនៅ ១៤ ថ្ងៃថែមទៀត។ ដូច្នេះមិនចាំបាច់មកល្អជាងមក។ នៅក្នុងប្រទេសថៃនោះសុវត្ថិភាពជាង ពិតមែនហើយ គឺថាប្រទេសថៃនោះឆ្លងរាលដាលដោយមានការលំបាកក្នុងការគ្រប់គ្រង។
សូមបញ្ជាក់ជូនថា ការប្រយុទ្ធប្រឆាំងនឹងការឆ្លងពីខាងក្រៅ គឺជាមុខព្រួញអាទិភាព ដែលផ្នែកកងទ័ពគេចាត់ទុកថាមុខព្រួញសំខាន់សម្រាប់ការវាយលុកតែម្ដង។ ប៉ុន្តែ យើងនៅទីនេះគ្មានទេពាក្យថាវាយលុក គឺត្រឹមតែទប់ទល់កុំឱ្យវារីករាលដាលតាមរយៈការចម្លងពីខាងក្រៅ។ មុខព្រួញទី ២ ដែលយើងកំពុងតែប្រយុទ្ធ (គឺ)ទប់ស្កាត់កុំឱ្យឆ្លងពីអ្នកកើតទៅអ្នកមិនទាន់កើត។ នេះគឺជាវិធានការដែលយើងបាន និងកំពុងធ្វើរួចហើយ ត្រូវបន្តធ្វើកិច្ចការនេះតទៅទៀត។ ចំណុចនេះយើងមានវិធានការច្រើនហើយ ដូចជាការបិទសាលារៀនឱ្យវ៉ាកងមុនការកំណត់ ប៉ុន្តែប្រហែលជាមិនអាចនឹងបើកសាលារៀនក្រោយចូលឆ្នាំខ្មែរបានទេ។ បើយោងទៅលើការវិវត្តនៃសភាពការណ៍បែបនេះ ឆ្នាំនេះអាចនឹងការរៀនជួបការលំបាក។
យើងអំពាវនាវឈប់ឱ្យមានការប្រមូលផ្ដុំនៅតាមទីអារាម ពិធីសាសនាផ្សេងៗ។ ប៉ុន្តែក៏សុំបញ្ជាក់ដែរ ខ្ញុំបានស្ដាប់លឺនូវសំលេងអ្នកនិយាយឆ្លងឆ្លើយគ្នាថា យើងឈានទៅបិទវត្តអារាម គ្មានរឿងហ្នឹងកើតឡើងទេ។ គ្មានវត្តអារាមណាមួយត្រូវបិទ គ្មានវិហារសាសនាឥស្លាមណាមួយត្រូវបិទ ហើយក៏គ្មាននូវវិហារគ្រីស្ទសាសនាណាមួយត្រូវបិទនោះដែរ។ ប៉ុន្តែ រាជរដ្ឋាភិបាលអំពាវនាវឱ្យព្រះសង្ឃ ក៏ដូចជាសាសនិកឥស្លាមចូលថ្វាយបង្គំស្អីៗតាមផ្ទះ ហើយបើសិនជាសូត្រមន្តនានា សូត្រនៅតាមកុដិរៀងខ្លួនទៅ។ ត្រូវប្រើគម្លាតសង្គមនេះ។ បើថា អង្គុយឆាន់ៗ ឱ្យឃ្លាតពីគ្នាឆ្ងាយបន្តិចទៅ … អ្នកឃោសនាឯងប្រយ័ត្នប្រយែងពាក្យសម្ដីបន្ដិច ដំណាក់កាលនេះគឺអត់បានទេ … មិនអាចឱ្យអ្នកឯងបំភ្លៃព័ត៌មានបានទេ។
យើងបិទក្លឹបរាត្រី ខារ៉ាអូខេ ឬការប្រគុំតន្រ្ដីតាមទីលានសាធារណៈ ប៉ុន្តែ យើងក៏អនុញ្ញាតឱ្យមានការផ្សាយបន្តផ្ទាល់ការប្រគុំតន្រ្ដី ឬក៏ជាកីឡាប្រដាល់ តែគេហៅថាបិទទ្វារ។ បិទទ្វារវាយគ្នាទៅ រួចហើយកុំឱ្យប្រជាពលរដ្ឋយើងអផ្សុក គាត់ត្រូវការមើលគេសម្ដែង គេប្រគុំតន្រ្ដីតាមទូរទស្សន៍នានា។ គេត្រូវការវាយបុក ការពិត យើងអត់បានហាមឃាត់កីឡាវាយប្រដាល់ទេ ក៏ប៉ុន្តែលោក តែម ម៉ឺន សហព័ន្ធកីឡាប្រដាល់ គាត់សម្រេចធ្វើអាហ្នឹង។ អត់មនុស្សច្រើនទេ មនុស្សតែប៉ុន្មាននាក់ គឺថា វាយ ៥ គូ មនុស្ស ១០ នាក់ ហើយមុននឹងវាយអ្នកណាមាន Covid-19 គេមិនឱ្យទៅវាយទេ កុំឆ្ងល់ពេក។ អ្នកឱ្យទឹក ពេទ្យ អ្នកចៅក្រម តែប៉ុន្មាននាក់ យើងថាអស់ហើយ ៣០ នាក់ ឱ្យគាត់អង្គុយឃ្លាតពីគ្នាទៅ រួចហើយផ្សាយបន្តផ្ទាល់ឱ្យប្រជាពលរដ្ឋរបស់យើង គាត់មើលពីផ្ទះត្រលប់មកវិញ។ កុំឱ្យប្រទេសយើងវាស្ងាត់ពេក … យើងមិនទាន់ដល់កម្រិតប៉ុណ្ណឹងទេ តែយើងក៏មិនបណ្ដែតបណ្ដោយឱ្យមានការប្រមូលផ្ដុំទៅមើលការប្រគុំតន្រ្ដី ទៅមើលការវាយបុកនោះទេ។ នៅប្រទេសថៃគេរកឃើញថា កន្លែងមេរោគឆ្លងច្រើនជាងគេចេញពីអាកន្លែងវាយបុកហ្នឹងតែម្ដង។ នេះយើងក៏ត្រូវរកពិសោធន៍ហ្នឹងផងដែរ។
វិធានការដែលសំខាន់បំផុត គឺការអប់រំប្រជាពលរដ្ឋតែម្តង។ ប្រជាពលរដ្ឋរបស់យើងភ្ញាក់រលឹកចេះការពារខ្លួន ខ្ញុំគិតថា នេះជាដំណាក់កាលដែលប្រជាពលរដ្ឋកម្ពុជាមានការផ្លាស់ប្តូរឥរិយាបថ ពីភាពដែលខ្វះអនាម័យ ទៅភាពដែលមានអនាម័យ។ ការអប់រំបានជ្រួតជ្រាប ហើយការដែលក្បាលម៉ាស៊ីនបានផ្សព្វផ្សាយជាវិទ្យុ ជាទូរទស្សន៍ ជាអនឡាញ ជាសារព័ត៌មានទាំងអស់បានចូលរួមគគ្រឹកគគ្រេង ដែលខ្ញុំសូមអរគុណចំពោះអ្នកសារព័ត៌មាន និងស្ថានីយទូរទស្សន៍/វិទ្យុ ក៏ដូចជាក្រុមអនឡាញ ហ្វេសប៊ុកស្អីៗហ្នឹង។ តែខ្ញុំមិនអរគុណទេ ជាមួយអាអ្នកបំផុសព័ត៌មានបំពុលនោះ … និយាយឱ្យត្រង់កំពុងតាមរកចាប់ខ្លួន ព្រោះបំពុលអានេះងាប់អានោះងាប់។ ហើយឥឡូវងាប់អស់ប៉ុន្មានហើយពិតប្រាកដនោះ ឥឡូវគិតតែខ្លួនឯងទៅ ក្រែងលោអា Covid-19 វាទៅរកអាហ្នឹងនោះ។
ចំណុចល្អនៅត្រង់នេះ យើងគ្រប់គ្រងបានចំណុចដែលយើងត្រូវឃើញ យើងវាយតម្លៃបានត្រឹមត្រូវក្នុងរយៈពេលកន្លងទៅ។ យើងមានប្រតិបត្តិការយន្តការរហ័ស នៅត្រង់ថា យើងបានវាយតម្លៃត្រូវ ហើយករណីដែលកើតក្នុងប្រទេសរបស់យើងជាករណីបុគ្គល និងជាករណីគេហៅថា ចង្កោមទ្រង់ទ្រាយតូច។ ម៉េចបានយើងត្រូវនិយាយអញ្ចឹង? ប្រតិបត្តិការយន្តការរបស់យើងវារហ័ស? ដូចជាយើងឃើញក្មួយប្រុសម្នាក់នៅសៀមរាបកើត Covid-19 ដែលឆ្លងពីជនជាតិជប៉ុន ភ្លាមនោះក្រុមប្រតិបត្តិការបានចុះទៅដល់ទីកន្លែង ដែលក្នុងនោះក៏មានលោកជំទាវ ឱ វណ្ណឌីន ទៅកាន់ទីនោះផងដែរ។ អញ្ចឹងយើងរុករកភ្លាមនូវអ្នកជាប់ពាក់ព័ន្ធទាំងឡាយ។ អ្នកណាធ្លាប់ដើរជាមួយជនជាតិជប៉ុននេះខ្លះ រកឃើញភ្លាមជាមួយអ្នកនេះ អ្នកណាធ្លាប់ពាក់ព័ន្ធជាមួយជនជាតិជប៉ុន ទាំងអ្នកបើកបរ ទាំងអាកង់បី ទាំងស្អីៗប្រមូលយកមក អាហ្នឹងគេហៅឆ្លងជាបុគ្គល និងបង្កើតជាចង្កោមទ្រង់ទ្រាយតូច។
ប្រសិនបើយើងអត់មានយន្តការប្រតិបត្តិការរហ័សទេ ចង្កោមទ្រង់ទ្រាយតូចនេះ វានឹងរីកជាចង្កោមទ្រង់ទ្រាយធំ ហើយវានឹងរីករាលដាលដល់សហគមន៍តែម្តង។ ប៉ុន្តែក្រសួងសុខាភិបាលរបស់យើង ពេទ្យរបស់យើងក្រ ដែលអ្នកសរសេរមួយចំនួនមើលងាយ ក៏ប៉ុន្តែយើងធ្វើការងារនេះល្អ។ យើងឃើញករណីចង្កោមទ្រង់ទ្រាយតូចទី ១ ករណីសៀមរាប ទី ២ ករណីបងប្អូនទៅធ្វើពិធីសាសនានៅឯម៉ាឡេស៊ី ត្រឡប់មកវិញឆ្លង យើងដើរប្រមូលមកវិញទាំងអស់ដោយការស្ម័គ្រចិត្តរបស់បងប្អូនទាំងនោះ។ ឥឡូវនេះដូចជានៅសល់តែ ១០ នាក់ទេ ក្នុងចំណោមអ្នកដែលឆ្លង … បណ្តាញចាក់ទៅព្រះវិហារ បណ្តាញចាក់ទៅសៀមរាប បណ្ដាញចាក់ទៅកំពត បណ្ដាញចាក់ទៅកោះកុង យើងតាមរកទាំងអស់។ ដូច្នេះធ្វើឱ្យការរីករាលដាលជាចង្កោមនេះវាស្ថិតនៅក្នុងទ្រង់ទ្រាយតូច វាមិនអាចរីកទៅទ្រង់ទ្រាយធំ បើយើងទុកតែ ១០ ថ្ងៃ ២០ ថ្ងៃតទៅទៀត វានឹងរីកជាចង្កោមទ្រង់ទ្រាយធំ ហើយរាលដាលចូលសហគមន៍តែម្តង។
អញ្ចឹងនៅពេលខាងមុខ ខ្ញុំសូមស្នើជាអនុសាសន៍ទេ ខ្ញុំមិនមែនគ្រូពេទ្យទេ ក៏ប៉ុន្តែដោយយោងទៅលើបទពិសោធន៍នៃការគ្រប់គ្រងប្រទេស តិចឬច្រើនយើងក៏អាចយល់បាន ខ្ញុំក៏អាចធ្វើរដ្ឋមន្ត្រីសុខាភិបាលបានដែរ ទោះបីជាខ្ញុំអត់ចេះពេទ្យ ព្រោះវាមិនចាំបាច់ទាល់តែចេះពេទ្យបានធ្វើរដ្ឋមន្ត្រីសុខាភិបាលបានឯណា។ ម្តងនោះ ខ្ញុំស្នើឱ្យ ឯកឧត្ដម ឌិត មន្ទី ដែលឥឡូវជាប្រធានតុលាការកំពូលធ្វើរដ្ឋមន្ត្រីសុខាភិបាល តែគាត់មិនព្រម។ នៅក្នុងឆ្នាំ ១៩៩៣ ដែលខ្ញុំស្នើឱ្យ ឯកឧត្តម ឌិត មន្ទី ធ្វើរដ្ឋមន្ត្រីសុខាភិបាលនៅពេលនោះ ព្រោះអ្នកនយោបាយក៏អាចធ្វើរដ្ឋមន្ត្រីសុខាភិបាលបានដែរ … រដ្ឋមន្ត្រីណែនាំជាគោលការណ៍តែប៉ុណ្ណោះ។ ខ្ញុំមិនមែនជារដ្ឋមន្ត្រីសុខាភិបាល … ក៏ប៉ុន្តែខ្ញុំអាចនឹងមានការយល់ដឹង។ បើដឹកនាំទាំងងងឹតងងល់ តើយើងដឹកនាំរបៀបម៉េច? យើងមានរួចទៅហើយករណីឆ្លងជាបុគ្គល និងកម្រិតនៃគេហៅចង្កោមទ្រង់ទ្រាយតូច។ អញ្ចឹងត្រូវកម្រិតក្របខណ្ឌនៃយុទ្ធនាការរបស់យើងឱ្យនៅកម្រិតប៉ុណ្ណា កុំឱ្យរីករាលដាលទៅជាចង្កោមទ្រង់ទ្រាយធំ និងទៅជាការរីករាលដាលក្នុងសហគមន៍។ គ្រោះថ្នាក់បំផុតក្នុងការបណ្តាលឱ្យរីករាលដាលទៅដល់សហគមន៍ នេះជាចំណុចដែលត្រូវខិតខំចៀសវាងឱ្យខាងតែបាន។
ឧទាហរណ៍៖ ឥឡូវម្នាក់ដែលកើតនៅកោះពេជ្រ ខ្ញុំបានឃើញវិធានការនោះ ហើយឯកភាពហើយ។ អ្នកនៅក្នុងខុនដូហ្នឹងទាំងប៉ុន្មាន គឺត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅក្នុងខុនដូនោះតែម្តង រួចហើយយកសំណាកទៅពិនិត្យ។ ក្នុងករណីពិនិត្យឃើញថា សំណាកហ្នឹងវិជ្ជមានហើយ ត្រូវយកទៅកាន់មន្ទីរពេទ្យ។ អញ្ចឹងមិនអនុញ្ញាតឱ្យអ្នកហ្នឹងទៅណាទេ ហ៊ុមព័ទ្ធកន្លែងហ្នឹងភ្លាម។ ធ្វើយ៉ាងនេះ ដើម្បីចៀសវាង(ថា) មនុស្សនេះ និងបើសិនជាក្នុងចំណោមហ្នឹង មានអ្នកណាដែលទៅនៅក្រៅហើយ ត្រូវតាមរកអ្នកហ្នឹងត្រឡប់មកវិញ ដើម្បីដាក់ឱ្យនៅដាច់ដោយឡែកសិន។ ហើយនៅដោយឡែកនេះ គឺនៅខុនដូហ្នឹងតែម្តង។ ទប់ស្កាត់ប៉ុណ្ណឹងសិន កុំឱ្យមនុស្សដែលមានការពាក់ព័ន្ធ ធ្វើចលនាទៅកាន់មនុស្សដទៃទៀត ដែលនាំទៅដល់ការសាយភាយកាន់តែធំ។
អញ្ចឹងទេ ក្រុមគ្រូពេទ្យយើងវាយតម្លៃបានត្រឹមត្រូវ ហើយមានយន្តការឆ្លើយតបបានក្នុងល្បឿនមួយលឿន ដែលខ្ញុំសូមបន្តឱ្យយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះតទៅទៀត។ យន្តការនេះ ជាយន្តការផ្តល់ព័ត៌មាន ហើយខ្ញុំដឹងថាខាងផ្នែកចារកម្មរបស់កងទ័ពក៏បានជួយលើកិច្ចការងារនេះច្រើនដែរ ស្រាវជ្រាវបណ្តាញថា អ្នកនេះទៅកន្លែងណា អ្នកនោះទៅកន្លែងណា។ ខាងនគរបាលក៏គេជួយលើបញ្ហាហ្នឹង ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលជាប់ពាក់ព័ន្ធ។ សូម្បីតែកាមេរ៉ាសុវត្ថិភាព ក៏គេជួយបង្ហាញដែរ ដូចជាករណីនៅសៀមរាប កាមេរ៉ាសុវត្ថិភាពបានបង្ហាញអំពីជនជាតិជប៉ុនជិះស្អីខ្លះៗ បង្ហាញទៅយើងក៏បានយកអ្នកនោះមក។ ដូច្នេះ ប្រើគ្រប់មធ្យោបាយទាំងអស់។ ខិតខំកម្រិតឱ្យវានៅក្នុងក្របខណ្ឌបុគ្គល ហើយប្រសិនបើវាមានការឆ្លង ក៏ឆ្លងគេហៅនៅក្នុងចង្កោមទ្រង់ទ្រាយតូច។ ដូចជាគ្រួសារមួយ ឪពុកម្តាយ ២ នាក់ មកពីស្រុកបារាំង មកចម្លងបានតែកូន ២ ប៉ុណ្ណឹងទេ ក្រៅពីនោះអត់មានអី។ អញ្ចឹងកម្រិតឱ្យនៅតែប៉ុណ្ណឹង ដល់អ្នកហ្នឹងជាហើយ តែប៉ុន្មានថ្ងៃក្រោយទៅគាត់ត្រូវជាហើយ។
អញ្ចឹងទេ ចំណុចនេះគឺជាចំណុចដែលយើងធ្វើបានល្អ។ យើងមិនទាន់មានចង្កោមករណីទ្រង់ទ្រាយធំ និងសហគមន៍ទេ ហើយតាមរយៈវិធានការទាំងអស់នេះ រាជរដ្ឋាភិបាលក៏គ្មានផែនការបិទរោងចក្រ គ្មានគម្រោងបិទផ្សារលក់ដូរ ហាងបាយ ហាងលក់ទំនិញ ហាងគុយទាវ ហាងកាហ្វេ។ ប៉ុន្តែរាជរដ្ឋាភិបាលសម្រេចប្រកាសថ្ងៃនេះ គឺផ្អាកចូលឆ្នាំខ្មែរ ដែលកាលមុននេះ PNN បានសួរខ្ញុំ ខ្ញុំបានឆ្លើយថា មិនចង់ឆ្លើយទេ ទុកឱ្យឆ្ងល់។ អ្នកទាំងអស់នៅចាំបានហើយ។ ពេលនោះជាពេលវេលាមិនទាន់ដល់ពេលដែលខ្ញុំត្រូវយកការសម្រេចទេ។ ពេលនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើរបាយការណ៍ឱ្យខ្ញុំរួចស្រេចទៅហើយ អំពីវិធានការដែលគណៈកម្មការបានធ្វើការប្រជុំអំពីជម្រើសនៅក្នុងការផ្អាកចូលឆ្នាំ។ ប៉ុន្តែខ្ញុំបានផ្ដល់ចំណារត្រឡប់មកវិញ គឺមិនយល់ព្រម។ ជម្រើសលុបចោលការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងអនុញ្ញាតឱ្យបន្តការងារជាប្រក្រតីទាំងស្ថាប័នរដ្ឋ និងឯកជន។ មិនមែនបានសេចក្តីថា ការសម្រេចចិត្តថ្ងៃនេះគ្មានការផ្តល់មតិពីគណៈកម្មការក្នុងការប្រយុទ្ធទេ។ គណៈកម្មការបានធ្វើការស្នើសុំយោបល់មកខ្ញុំនៅថ្ងៃទី ៣០ ខែ មីនា គឺថ្ងៃដែលខ្ញុំប្រជុំសភានោះឯង ដែលខ្ញុំឆ្លើយនឹងសភាថា មិនចង់ឆ្លើយទេ ទុកឱ្យឆ្ងល់។ ល្ងាចថ្ងៃនោះ ខ្ញុំក៏បានចារ គឺយកជម្រើសទី ២ ជម្រើសទី ១ ផ្អាកចូលឆ្នាំខ្មែរ ជម្រើសទី ២ ឱ្យសម្រាកចូលឆ្នាំ ប៉ុន្តែត្រូវមានវិធានការ។ ខ្ញុំសម្រេចយកជម្រើសទី ២។ ឥឡូវខ្ញុំសម្រេចយកជម្រើសទី ១ វិញ គឺជម្រើសផ្អាកចូលឆ្នាំខ្មែរ ហើយតម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជន ធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញ នៅពេលសមស្រប ចំនួន ៥ ថ្ងៃនៃថ្ងៃធ្វើការ។
អញ្ចឹងកន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័ន គឺជាជម្រើសសុវត្ថិភាពបំផុតហើយ បើទុកបណ្តោយឱ្យដើរលេង សភាពការណ៍នេះក្រោយចូលឆ្នាំខ្មែរអាចនឹងមានហានិភ័យខ្ពស់បំផុត។ អញ្ចឹងទេ សុំបងប្អូន មន្ត្រីរាជការរបស់យើង ក៏ដូចជាកម្មករ/ការិនីរបស់យើង មេត្តាយោគយល់ចំពោះការលំបាករបស់ប្រទេសជាតិ … អ្វីដែលជាគ្រោះថ្នាក់គឺប្រជាពលរដ្ឋ ដែលសូម្បីតែឥឡូវមិនទាន់ដល់ពេលចូលឆ្នាំចាប់ផ្តើមជល់កែវគ្នា ហើយនៅទីធ្លា គម្លាតសុវត្ថិភាពលែងគិតហើយ។ ខ្ញុំមានតែមកជ្រើសរើសជំរើសហ្នឹងត្រឡប់មកវិញ។ អញ្ចឹងទេ សុំឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ចេញពីនេះទៅប្រជុំបន្ទាន់ ចាត់វិធានការឱ្យបណ្តារោងចក្រ ក្រុមហ៊ុននានា បន្តធ្វើការ ហើយខាងរដ្ឋ តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីចេញ(ការណែនាំ)ទៅ ស្ថាប័នរដ្ឋត្រូវបន្តការងារធម្មតា។ ផ្នែកវិស័យឯកជន ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ផ្នែកផ្សេងទៀត ចេញបទបញ្ជាឱ្យធ្វើការធម្មតា រួចហើយយើងឯកភាពគ្នាទៅសងនៅពេលដែល Covid-19 ផុតរលត់។ យើងសងឱ្យឈប់សម្រាក ៥ ថ្ងៃ ឥឡូវការសម្រាក ៣ ថ្ងៃ សម្រាកធ្វើអី? បើសម្រាកហើយហាមឃាត់មិនឱ្យទៅស្រុក។ បើទៅស្រុក ទៅដល់ ប្រជាជនភ័យក្រែងនាំជំងឺទៅជនបទ។ ដល់អ្នកទីក្រុងខ្លាចនាំជំងឺពីជនបទមកចូលទីក្រុង។ បើខ្លាចទៅខ្លាចមក។ យកល្អ គឺនៅនឹងកន្លែងតែម្តងទៅ។
អញ្ចឹងថ្ងៃនេះខ្ញុំបញ្ជាក់ជាផ្លូវការ យើងនៅសល់ពេល អញ្ចឹងបានជាខ្ញុំត្រូវយកថ្ងៃនេះដើម្បីប្រជុំផ្សព្វផ្សាយនូវបញ្ហានេះ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ រាជរដ្ឋាភិបាលសំណូមពរកាត់បន្ថយការធ្វើដំណើរទៅភូមិកំណើត ឬតំបន់កំសាន្តនានា ដើម្បីជៀសវាងការនាំមេរោគពីកន្លែងមួយ ទៅកាន់កន្លែងមួយ ឬនាំមេរោគចូលក្នុងផ្ទះ ឬនាំពីទីក្រុងទៅជនបទ ឬនាំពីជនបទចូលទីក្រុងវិញ។ ក៏ប៉ុន្តែ សុំបញ្ជាក់ថវិកាដែលយើងបានឧបត្ថម្ភសម្រាប់ការចូលឆ្នាំហើយ អត់ដកមកវិញទេ ព្រោះបានចេញទៅហើយ អញ្ចឹងសុំយកទៅ ហើយអ្នកដែលទទួលទេវតាតាមផ្ទះ ទទួលទៅ រៀងៗខ្លួនទៅ។ យើងអត់បានហាមឃាត់មិនឱ្យទទួលទេវតាឯណា ហាមឃាត់ប្រារព្ធពិធីចូលឆ្នាំនៃការជួបជុំលេងល្បែង ដើរកំសាន្តស្អីៗ ឈប់សម្រាកតើ ប៉ុន្តែ ទទួលទេវតាតែមួយភ្លែត។ តែទេវតាឆ្នាំហ្នឹង មិនប្រាកដថាចុះទេ ខ្លាច Covid-19 ហើយទេវតាទៅចុះទៅឡើង មើលមុខហ្នឹងមកពីវិចិត្រសិល្បៈទាំងអស់ ទេវតាគ្នាយើងដដែល ទេវតាពិតមានឬអត់? ប៉ុន្តែប្រហែលមានទេវតាពិតហើយ បានមានចម្រៀង ព្រះឥន្ទ្រទាត់សីនោះ។ ចំណុចនេះ ខ្ញុំចង់បញ្ជាក់ជូនប្រជាពលរដ្ឋរបស់យើង … ខ្ញុំចង់និយាយភ្ជាប់ជាមួយនឹងការប្រយុទ្ធទប់ស្កាត់កុំឱ្យឆ្លងពីអ្នកកើតទៅអ្នកមិនទាន់កើត។ វិធានការមួយនៅក្នុងចំណោមវិធានការផ្សេងៗនោះ គឺការផ្អាកប្រារព្ធពិធីចូលឆ្នាំខ្មែរ ដោយតម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញនៅពេលសមស្រប។ រដ្ឋសំណូមពរកាត់បន្ថយការធ្វើដំណើរទៅកាន់ភូមិកំណើត ឬតំបន់កំសាន្តនានា ដើម្បីចៀសវាងឆ្លងរោគទៅវិញទៅមក។ អំពាវនាវចំពោះកម្មករ/ការិនីបន្តការងារយកប្រាក់សិន ហើយនឹងសម្រាកនៅពេលក្រោយ។
រឿងនេះសុំជូនដំណឹងទុកជាមុន។ បញ្ហាមិនស្ថិតនៅលើប្រទេសផលិតទេ បញ្ហានៅលើប្រទេសបញ្ជាទិញទៅហើយ។ ប្រទេសបញ្ជាទិញកំពុងតែរញ៉េរញ៉ៃ។ ឥឡូវនេះ របស់ដែលលក់ដាច់បំផុត គឺឧបករណ៍វេជ្ជសាស្រ្ត ជាម៉ាស រហូតដល់គេចោទអាមេរិកថា ជាចោរប្លន់បែបសម័យទំនើប បង្វែរម៉ាសពីអាល្លឺម៉ង់ទៅអាមេរិក បង្វែរម៉ាសពីបារាំងទៅអាមេរិក។ ចោទគ្នា។ បាត់បង់សាមគ្គីភាពដោយសារការដណ្តើម។ ប៉ុន្តែ ការបញ្ជាទិញសម្លៀកបំពាក់ ដោយសារប្រទេសគេត្រូវបិទ ហាងក៏គេបិទ ដូច្នេះ អ្នកបញ្ជាទិញអត់បានគោរពនូវសន្យាទេ ដែលខាងសមាជិករោងចក្រកាត់ដេរ ឱ្យក្រុមហ៊ុនដែលបានបញ្ជាទិញគោរពនូវការសន្យា។ រោងចក្រខ្លះផលិតរួចហើយ នាំចេញទៅអត់បាន ដោយសារតែអ្នកបញ្ជាទិញមិនអាចយកទៅចូលចតនៅក្នុងកំពង់ផែបាន ឬយកចូលទៅកន្លែងសម្រាប់ការលក់ដូរបាន ព្រោះប្រទេសគេត្រូវប្រកាសអាសន្ន។
រូបភាពនៅតាមប្រទេសខ្លះ ស្ថានភាពគួរឱ្យសង្វេគណាស់។ យើងនៅគួរសមបន្តិច តែការគួរសមរបស់យើងហាក់ដូចជាកាន់តែកើនឡើង រហូតដល់ថ្នាក់គ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំចារមិនយកជម្រើសផ្អាកចូលឆ្នាំនេះ ដោយសារពេលនោះបើកឡានលើផ្លូវ អត់ទាំងមានឡានបើកផង។ ឥឡូវទៅជាស្ទះចរាចរណ៍ទៀតហើយ … ប្រហែលជាទីមួយ ឃើញឆ្លងតិច។ ទីពីរ ឆ្លងហើយជាវិញដដែល។ ដូច្នេះមានអីខ្លាច។ វាខុសពីត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ដួល ឬគ្រោះថ្នាក់ចរាចរណ៍។ អញ្ចឹងគាត់លែងខ្លាចតែម្តង។ ប្រហែលជាមកពីខ្ញុំអំពាវនាវកុំឱ្យគាត់ខ្លាចជ្រុល ឥឡូវគាត់ឈប់ខ្លាចតាមយើង។ ឥឡូវខ្ញុំសុំឱ្យប្រជាពលរដ្ឋភ័យខ្លាចតែម្តង ហើយប្រែក្លាយការភ័យខ្លាចនោះ ទៅជាការការពារខ្លួន តាមរយៈការលាងដៃដោយអាល់កុល ដោយ gel ដោយសាប៊ូ ដោយវិធីផ្សេងៗ រាប់ទាំងម៉ាស ទាំងក្រមា។
ពួកមនុស្សមួយចំនួនគេបាននិយាយថា ខ្ញុំប្រជុំកាសែតនៅនេះ ខ្ញុំបានប្រើពាក្យ ប្រើម៉ាសនៅពេលដែល ចាំបាច់ ខ្ញុំមិនហាមឃាត់ប្រើម៉ាសឯណា ក៏ប៉ុន្តែអត់ចាំបាច់ប្រើខ្មោចអី ឥឡូវអ្នកទាំងអស់គ្នាពាក់ម៉ាស អស់ហើយ ចាំបាច់ខ្ញុំពាក់ម៉ាសធ្វើអី … មានក្មួយស្រីម្នាក់ គាត់ជិះឡានជាមួយក្រុមគ្រួសាររបស់គាត់។ គេពាក់ម៉ាសគ្រប់គ្នា គាត់ថាល្អដែរ នៅពេលដែលគេពាក់ម៉ាសគ្រប់គ្នា ខ្ញុំមិនចាំបាច់ពាក់ម៉ាស ខ្ញុំលាបក្រែម។ ខ្ញុំនិយាយនេះ សំដៅថា បើប្រទេសដទៃគេបិទហើយ យើងចាំបាច់ប្រកាសបិទរកងាប់អី។ ឥឡូវ ថៃក៏បិទ វៀតណាមក៏បិទ អ្នកណាក៏បិទ យើងចាំបាច់ទៅប្រកាសបិទធ្វើអី គ្រាន់តែយើងយកវិធានការ។ ប៉ុន្តែបងប្អូនខ្លះគិតស្មានតែខ្ញុំនិយាយកំប្លែង។ នេះជាន័យបង្កប់ដោយន័យនយោបាយ។ យើងអត់បានបិទប្រទេសទេ ប៉ុន្តែយើងមានវិធានការតឹងរ៉ឹងមួយចំនួន។ ចំណុចខ្លះយើងអាចតឹងបាន ដូចជាយើងរងនូវការសំពាធខាងផ្លូវចិត្តខ្លាំងណាស់ ដែលទុកឱ្យពលរដ្ឋរបស់យើង ១៥០ នាក់នៅម៉ាឡេស៊ី ដែលត្រូវចេញដំណើរមកថ្ងៃនេះ ត្រូវផ្អាកឱ្យនៅហ្នឹងសិន។
ប៉ុន្តែសម្រាប់ពលករមួយចំនួននៅតាមទល់ដែន បើមិនឱ្យគាត់មក គាត់ដើរកាត់កន្លែងដែលមានមីនគ្រោះថ្នាក់ជាងអីទៀត។ អញ្ចឹង សុខចិត្តឱ្យគាត់មក ដោយយើងធ្វើការត្រួតពិនិត្យ រួចហើយយើងជួយដឹកជញ្ជូនទៅដល់មូលដ្ឋាន។ ទៅដល់មូលដ្ឋានមានកន្លែងដាក់គាត់នៅកន្លែងមានសុវត្ថិភាព ១៤ ថ្ងៃ។ ភាគច្រើនអ្នកទាំងនេះធ្វើការក្នុងប្រទេសគេអត់ស្របច្បាប់ទេ បើយើងបដិសេធមិនយកប្រជាពលរដ្ឋរបស់យើង វាគឺជារឿងមួយដ៏លំបាក ព្រោះគ្នាបានមកដល់ទល់ដែនហើយ។ បើមិនឱ្យឆ្លង (ក៏)គាត់នឹងឆ្លងនៅកន្លែងផ្សេង ដែលគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះថែមទៀតផង។ ធ្វើមេដឹកនាំមិនមែនជារឿងងាយស្រួលទេ អញ្ចឹងសូមកុំប្រាថ្នា ហេតុអីមនុស្សប្រាថ្នាចង់បានកៅអីនាយករដ្ឋមន្ដ្រីសម្បើមម៉េ្លះ? តែបើវាសនាមិនដល់និយាយតាមមួយបែបទៅចុះ មិនអាចធ្វើនាយករដ្ឋមន្ដ្រីបានទេ … អ្នកខ្លះគ្រាន់តែដេកយល់សប្ដិ ក៏ធ្វើនាយករដ្ឋមន្ដ្រីដែរ។ នាយករដ្ឋមន្ដ្រីឧទាហរណ៍។ នាយករដ្ឋមន្ដ្រីតាមហ្វេសប៊ុក …។
និយាយមិនរាលដាលទៅណាទេ។ ឥឡូវនេះងាកមកអំពាវនាវចំពោះមន្ដ្រីរាជការ កម្មករ/ការិនី បន្ដធ្វើការ។ ហើយរដ្ឋនឹងសងវិញ ៥ ថ្ងៃ នៅពេលសមស្រប ហើយពេលសមស្របនោះ ប្រសិនបើ Covid-19 ត្រូវបានបញ្ចប់នៅក្នុងខែ ៧ ឧទាហរណ៍អញ្ចឹង បូកជាមួយភ្ជុំបិណ្ឌឈប់បាន ៨ ថ្ងៃតែម្ដង។ អញ្ចឹងទៅស្រុកបាន ៨ ថ្ងៃតែម្ដងភ្ជុំបិណ្ឌ។ នេះសង្ឃឹមថា Covid-19 នឹងបញ្ចប់នៅខែ ៧ ដោយយើងភ្ជុំបិណ្ឌនៅខែ ៩ ឬខែ ១០ យើងបូកបញ្ចូលគ្នាតែម្ដង។ ប៉ុន្ដែបើ Covid-19 នេះ វាមិនទាន់ចប់ យើងជំពាក់អាហ្នឹងសិន មិនទាន់ឱ្យមានចរាចរណ៍(មនុស្ស)ពីកន្លែងមួយទៅកន្លែងមួយច្រើនពេកទេ។ នេះជាមុខព្រួញទី ២ អំពីការទប់ស្កាត់ការឆ្លងពីអ្នកមានជំងឺទៅកាន់មនុស្សដទៃ។
ឯមុខព្រួញទី ៣ ដែលយើងកំពុងវាយ (គឺ)បន្ដព្យាបាលអ្នកឆ្លងឱ្យជាសះស្បើយ។ ការងារនេះយើងធ្វើបានល្អ។ តាមខ្ញុំដឹងមានក្រុមមួយចង់សរសេរសំបុត្រទៅអង្គការសុខភាពពិភពលោក(សួរ)ថា តើកម្ពុជាប្រើថ្នាំអីបានព្យាបាលជា? របៀបគេចង់ផ្ចាញ់។ គេចង់ឱ្យកម្ពុជាធ្វើ(ជា)គំរូគេ ប្រគល់ថ្នាំហ្នឹងទៅឱ្យប្រទេសដទៃ ព្យាបាលផង។ ខ្ញុំក៏បានឆ្លើយតបបន្ដិច ថាទុកឱ្យអង្គការសុខភាពពិភពលោកជាអ្នកឆ្លើយ ព្រោះមានតែអង្គការសុខភាពពិភពលោកទេ អាចឆ្លើយបាន។ វិធីព្យាបាលមានផ្សេងៗគ្នា ខ្លះគេឱ្យលេបថ្នាំនេះទៅ ខ្លះគេឱ្យលេបថ្នាំនោះទៅ ខ្លះលេបថ្នាំប៉ូវសុទ្ធតែម្ដង។ តាមមើលទៅ ហូបឱ្យឆ្ងាញ់ ដេកឱ្យឆ្អែត ដល់ធ្វើតេស្ដទៅវាអស់អាវីរុសហ្នឹងទៅ។ តេស្ដទៅអវិជ្ជមាន ត្រឡប់ទៅផ្ទះបាន …។
ស្ដុកបម្រុងយុទ្ធសាស្រ្ត ២ មួយរបស់ក្រសួងសុខាភិបាល មួយរបស់រាជរដ្ឋាភិបាល
ខ្ញុំចង់បញ្ជាក់បន្ថែមទៀត អំពីការត្រៀមបម្រុងរបស់យើង។ កន្លងទៅយើងបានធ្វើហើយ ប៉ុន្ដែត្រូវធ្វើបន្ថែមមួយកម្រិតទៀត។ ការត្រៀមបម្រុងរបស់យើងមានជាង ៣ ពាន់បន្ទប់ ហើយមានច្រើនជាងហ្នឹងទៅទៀត ដោយសារតាមសហគមន៍ធ្វើ ដោយយកសាលារៀនធ្វើជាទីកន្លែងនៃការដាក់ឱ្យនៅដោយឡែក។ យើងក៏បានត្រៀមក្រុមគ្រូពេទ្យរបស់យើង រាប់ទាំងក្រុមគ្រូពេទ្យស័្មគ្រចិត្ត ដើម្បីចូលរួមប្រតិបត្ដិការនៅពេលដែលមានការមកដល់ ហើយដែលបានហ្វឹកហ្វឺនរួចហើយដែរ។ ខ្ញុំជាអ្នកទទួលចិញ្ចឹមនូវប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ដែលខ្ញុំនឹងចំណាយសម្រាប់ពួកគេត្រឹមតែ ១០០ ថ្ងៃទេ ដែលគិតទៅអស់ជាងកន្លះលានដុល្លារ។ បន្ទាប់ពី ១០០ ថ្ងៃទៅ ក្រុមទាំងនេះត្រូវសុំថវិកាជាតិហើយ ព្រោះខ្ញុំរត់មិនរួចទេ។ ឥឡូវស្ដុកបម្រុងយុទ្ធសាស្ដ បង្កើតឱ្យមានស្ដុកពីរ។ ស្ដុកទី ១ ស្ដុករបស់ក្រសួងសុខាភិបាល ដែលត្រូវដកយកចំណាយជាប្រចាំទៅឱ្យតាមមន្ទីរពេទ្យ។ អញ្ចឹងត្រូវបង្កើតស្ដុកមួយដោយឡែកទៀត។ (ស្តុកទី ២)នោះជាស្ដុករបស់រាជរដ្ឋាភិបាល ដែលខ្ញុំបានបញ្ជា ហើយដែលលើកមុនយកមកបានខ្លះហើយ តែលើកក្រោយគឺនឹងមកដល់បណ្ដើរៗ ដែលសុំឱ្យក្រសួងសុខាភិបាលធ្វើការស្ដុក។ ប៉ុន្ដែ គ្រាន់តែជាផ្នែករបស់សុខាភិបាល ហើយប្រើទៅ ប៉ុន្ដែគ្រាន់តែពេលទាញយកស្ដុកប្រើ ត្រូវសុំបញ្ជាពីខ្ញុំ ដើម្បីខ្ញុំបញ្ជាទិញបន្ថែម។
ម៉ាស ខោអាវពេទ្យ ម៉ាស N95 ដកប្រើហើយត្រូវតែបំពេញស្តុកវិញ
បើយោងលើអ្វីដែលចុះហត្ថលេខាជាមួយគេ ព្រមព្រៀង(ផលិតនិងទិញ)ម៉ាសឡើងដល់ ១១ លាន ដោយខ្ញុំប្រើពាក្យស្ដុកយ៉ាងតិច ១០ លានម៉ាស។ អញ្ចឹងវាអាចឡើងដល់ ១២ លាន ១៥ លាន ឬ ២០ លាន ម៉ាស មិនឱ្យទាបជាង ១០ លានទេ។ ហ្នឹងស្ដុកបម្រុងរបស់រាជរដ្ឋាភិបាល។ ខោអាវគ្រូពេទ្យឱ្យទិញមក ៥ ពាន់សម្រាប់ហើយ។ ប៉ុន្ដែខ្ញុំឱ្យទិញ ៥ ពាន់ សម្រាប់ទៀត សម្រាប់ស្ដុកបម្រុងរបស់រាជរដ្ឋាភិបាលនៅពេល(ស្ដុក)ក្រសួងសុខាភិបាលប្រើអស់ (ស្ដុក)រាជរដ្ឋាភិបាលត្រូវបញ្ចេញប្រើ។ ពេលស្ដុករាជរដ្ឋាភិបាលប្រើអស់ ១ ពាន់ ត្រូវទិញថែម ១ពាន់ទៀត ឱ្យនៅ ៥ ពាន់សម្រាប់ដដែល។ ម៉ាស់គ្រូពេទ្យ N95 អាហ្នឹង ៥០ ម៉ឺន ថែមទៀត ព្រោះទិញយកវាមកទុក ធ្វើម៉េចកុំឱ្យគ្រូពេទ្យយំ (ដូច)ឃើញគិលានុបដ្ឋាយិការបស់អាមេរិកមួយនោះយំ ព្រោះអត់មានម៉ាសពាក់។ ខ្ញុំបានដាក់បទបញ្ជាហើយ ដរាបណាគ្មានប្រដាប់ការពារខ្លួន មិនឱ្យគ្រូពេទ្យចូលទៅប្រយុទ្ធទេ។ ខុសគ្នាជាមួយកងទ័ព។ បើទៅគ្រាន់តែស្លាប់ទាំងអ្នកជំងឺ ស្លាប់ទាំងពេទ្យ តើទៅធ្វើអី? អញ្ចឹងត្រូវដោះស្រាយបញ្ហាហ្នឹង។
រោងចក្រ ២ ក្នុងស្រុក ផលិតអាល់កុលគ្រប់គ្រាន់
អាល់កុល យើងមានពីរ ហើយខ្ញុំបានអនុញ្ញាតជាលាយលក្ខណ៍អក្សរហើយ។ ក្រសួងសុខាភិបាលត្រូវចុះហត្ថលេខាភ្លាមជាមួយក្រុមហ៊ុន អេស្កាដេ ព្រោះក្រុមហ៊ុននេះផលិតអាល់កុល ៩៥% ក្នុងមួយថ្ងៃបាន ១ ម៉ឺន ៥ ពាន់លីត្រ ហើយដែលអាចបំលែងទៅជាអាល់កុល ៧៥% បាន ១ ម៉ឺន ៩ ពាន់លីត្រក្នុងមួយថ្ងៃ។ ត្រូវចុះហត្ថលេខាដើម្បីទទួលយក ៥ ពាន់ ទៅ ៨ ពាន់លីត្រ ក្នុងមួយថ្ងៃ ដោយក្រសួងសុខាភិបាល។ ឯក្រុមហ៊ុន MX Bio-Energy ពេលនេះមាននៅសល់អាល់កុល ៩៥% ចំនួន ៩០ ម៉ឺនលីត្រ ដែលអាចបំលែងទៅជាអាល់កុល ៧៥% បាន ១ លាន ១ សែន ៧ ម៉ឺន លីត្រ ត្រូវចុះហត្ថលេខាទិញយកមកស្ដុក។ ប៉ុន្តែស្ដុកទុកនៅគេនឹងហើយ ព្រោះអាហ្នឹងមានហានិភ័យខ្ពស់ណាស់ ផ្ទុះឆេះពេញទឹកពេញដី។ អញ្ចឹងក្រសួងសុខាភិបាលត្រូវចុះហត្ថលេខាជាមួយក្រុមហ៊ុន អេស្កាដេ ដើម្បីចំណាយចរន្ដ ឯ(បរិមាណ)ជាង ១ លានលីត្រនេះ ជាស្ដុកបម្រុងរបស់រាជរដ្ឋាភិបាល។ ដោយសារតែក្រុមហ៊ុននេះបានផ្អាកការផលិត ប៉ុន្ដែគេមានវត្ថុធាតុដើមមួយផ្នែក តែខ្វះវត្ថុធាតុដើមមួយផ្នែក យើងបានឱ្យក្រុមហ៊ុន Green Trade ទិញនូវដំឡូងស្ងួតមួយម៉ឺនតោនភ្លាម ដើម្បីឱ្យក្រុមហ៊ុននេះផលិត។ គេត្រូវការរយៈពេលតែ ២០ ថ្ងៃទេ សង្វាក់ផលិតកម្មនឹងដើរឡើងវិញ។ ដូច្នេះ យើងមានរោងចក្រផលិតក្នុងស្រុកសម្រាប់អាល់កុល។ តែពីររោងចក្រនេះគ្រប់គ្រាន់ហើយ … ខាង អេស្កាដេ ផលិតក្នុងមួយថ្ងៃបាន ១៩.០០០ លីត្រ។ យើងត្រូវការត្រឹមតែ ៥ ទៅ ៨ ពាន់លីត្រទេ។ អញ្ចឹងទេ សុំឱ្យ អេស្កាដេ ឱ្យក្រសួងពាណិជ្ជកម្មជួយចាត់ចែងនៅក្នុងដំណាក់កាលនេះ ព្រោះតាមនិយាយដឹងថា មានការឡើងថ្លៃអាល់កុលនៅតាមទីកន្លែងឱសថស្ថានមួយចំនួន ហើយវាមិនសុទ្ធផង។ ដូច្នេះ ត្រូវរៀបចំសហការដោះស្រាយយ៉ាងម៉េច ដើម្បីឱ្យមានការចរាចរចែកចាយអាល់កុលទៅតាមទីកន្លែងនានា។ មន្រ្តីរបស់យើងដែលចុះទៅធ្វើការងារនៅមូលដ្ឋាន ក៏អាចទិញអាល់កុលដើម្បីយកទៅមូលដ្ឋានជួយដល់ប្រជាពលរដ្ឋផងដែរ អញ្ចឹងត្រូវមើលកិច្ចការងារទាំងអស់នេះ។
ត្រូវបង្កើននូវសមត្ថភាពផលិតអុកស៊ីសែន
ក្រៅពីនោះត្រូវបង្កើននូវសមត្ថភាពផលិតអុកស៊ីសែន ដែលសមត្ថភាពផលិតអុកស៊ីសែន យើងបានទទួលរួចមកហើយ ក្រុមហ៊ុន អៀក ងួន ផ្គត់ផ្គង់អុកស៊ីសែន បាន ៥០០ ដប ក្នុងមួយថ្ងៃ។ បច្ចុប្បន្នគាត់ផ្គត់ផ្គង់មន្ទីរពេទ្យនៅភ្នំពេញចំនួន ៥ មានព្រះកុសុមៈ ព្រះអង្គដួង គន្ធបុប្ផា ពេទ្យរបេង និងពេទ្យគាំពារមាតា និងទារក ហើយផ្គត់ផ្គង់ពេទ្យនៅមង្គលបុរី បាត់ដំបង តាកែវ កំពង់ឆ្នាំង កំពង់ចាម និងព្រៃវែង។ ខ្ញុំបានឱ្យចុះពិនិត្យហើយ។ ឯកឧត្តម ចម ប្រសិទ្ធិ រាយការណ៍ថា មានការលំបាកលើបញ្ហាទឹក។ ម្សិលមិញពិនិត្យគ្រប់ទីតាំងទាំងអស់។ ឯក្រុមហ៊ុន TCTL នៅចំការដូង គឺផ្គត់ផ្គង់សម្រាប់មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យឯកជន។ ក្រុមហ៊ុន PPG នៅខណ្ឌសែនសុខ ភាគច្រើនផលិតបាន ៥០០ ដប ហើយផ្តល់ឱ្យពេទ្យឯកជន ហើយក៏អាចផ្គត់ផ្គង់ឱ្យរដ្ឋបានផងដែរ។ ឯមន្ទីរពេទ្យដែលផលិតនូវអុកស៊ីខ្លួនឯងបាន មានមន្ទីរពេទ្យកាល់ម៉ែត មានគន្ធបុប្ផាសៀមរាប និងមានមន្ទីរពេទ្យយោធាព្រះកេតុមាលា ដូច្នេះត្រូវដោះស្រាយទាំងអស់។
នេះជាការខិតខំដើម្បីយើងធ្វើការងារនេះឱ្យបានជាក់លាក់។ ខ្ញុំនៅតែនិយាយដដែលៗ អំពីការបម្រុងទុករបស់យើង។ យើងជាប្រទេសក្រីក្រ។ យើងត្រូវតែប្រយ័ត្នប្រយែងក្នុងការដោះស្រាយ កុំឱ្យពលរដ្ឋស្លាប់។ ត្រង់អ្នកណានិយាយពីអីនិយាយទៅ លទ្ធផលចុងក្រោយគឺវិនិច្ឆ័យនៅត្រឹមថា អ្នកណាធ្វេសប្រហែសទុកឱ្យប្រជាជនស្លាប់ ហើយទុកឱ្យប្រជាជនឆ្លងច្រើនតែប៉ុណ្ណឹងទេ។ អាហ្នឹងជាលទ្ធផលជាក់ស្តែង។ កុំវាយតម្លៃពីប្រព័ន្ធអានេះខ្សោយ អានេះខ្លាំង អានេះពូកែ។ អត់ទេ។ ដំណាក់កាលនេះត្រូវវាយតម្លៃអំពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមប្រទេសនីមួយៗវាយ៉ាងម៉េច?
សុំឱ្យមានការទិញបន្ថែមឧបករណ៍ជំនួយដកដង្ហើម
អញ្ចឹងបានជាខ្ញុំសុំឱ្យមានការទិញបន្ថែម សូម្បីតែអាប្រដាប់សម្រាប់ជំនួយក្នុងការដកដង្ហើម គេហៅថា Ventilator អាហ្នឹងយើងមានមួយចំនួនហើយ គ្រាន់តែឥឡូវនេះ យើងមានមួយចំនួន ដែលកំពុងប្រើប្រាស់ ប៉ុន្តែយើងកំពុងបញ្ជាទិញបន្ថែមទៀត។ ឧបករណ៍កំពុងប្រើប្រាស់ដូចជាមាន ១០០ ជាងគ្រឿង យើងកំពុងទិញបន្ថែមទៀត។ ហ្នឹងវាជាតម្រូវការ។ រួចប្រើពីអាហ្នឹង យើងចែកទៅតាមមន្ទីរពេទ្យ តែយើងត្រូវតែមានស្តុកបម្រុង ព្រោះពេលខ្លះឧបករណ៍ជំនួយអុកស៊ីសែនហ្នឹងវាមិនគ្រប់ វាត្រូវការប្រដាប់ជួយដង្ហើមនោះ។ សូម្បីតែម្តាយក្មេកខ្ញុំ ក៏ត្រូវមានមួយគ្រឿងប្រចាំការឱ្យគាត់នៅកន្លែងហ្នឹង។ អញ្ចឹងយើងត្រូវការទិញបន្ថែមអារបស់អស់ទាំងហ្នឹង។
សូមប្រជាកសិករនៅខេត្តកំពតធ្វើអំបិលបន្ថែម
អំពីបញ្ហាស្រូវអង្ករ អំបិល ត្រី យើងចេញបញ្ជាស្តុកដោយក្រុមហ៊ុនរដ្ឋ Green Trade និងដោយក្រុមហ៊ុនឯកជនត្រូវស្តុកបម្រុងឱ្យរដ្ឋ ដែលរដ្ឋអាចប្រើប្រាស់ភ្លាមៗ។ អំបិលក៏ដូចគ្នាដែរ ហើយអំពាវនាវចំពោះប្រជាកសិករនៅខេត្តកំពត ពេលវេលានេះមិនទាន់ភ្លៀងធ្លាក់ទេ នៅមានឱកាសដើម្បីធ្វើអំបិលបន្ថែម។ ពេលនេះតាមដឹងស្តុកមានប្រមាណជា ៦ ម៉ឺនតោន នៅក្នុងឃ្លាំង ៣៥.០០០ តោន ប៉ុន្តែ នៅតាមចរាចរណ៍ដទៃទៀត យើងគិតទាំងទីផ្សារ ៦ ម៉ឺនតោន។ បើដូច្នេះ គប្បីត្រូវជំរុញការផលិតបន្ថែមទៀត ដើម្បីធ្វើម៉េចកុំឱ្យខ្វះអំបិល និយាយរួម ពាក្យមួយម៉ាត់ដែលខ្ញុំចង់និយាយ កុំឱ្យខ្វះអង្ករច្រកឆ្នាំង កុំឱ្យខ្វះអំបិលស៊ី។ បើអត់អាវពាក់អាហ្នឹងបាន ប៉ុន្តែ បើអត់អង្ករ អត់អំបិលអាហ្នឹងគឺឆាប់ងាប់។
សូមប្រជាជនជំរុញការដាំដុះ បន្លែបង្កា ផ្គត់ផ្គង់ទីផ្សារក្នុងកាលៈទេសៈដ៏លំបាកនេះ
សូម្បីតែទឹកសុទ្ធក៏ត្រូវតែស្តុកដែរ ផ្អាកការនាំចេញទាំងអស់ ទាំងពីត្រីស្អីៗផ្អាក មិនអនុញ្ញាតឱ្យមានការនាំចេញតទៅទៀតទេ។ ទុកអាហ្នឹងដើម្បីទទួលទានក្នុងស្រុក ផ្គត់ផ្គង់ក្នុងស្រុក។ អំពាវនាវប្រជាជនជំរុញការដាំដុះបន្លែបង្កា ផ្គត់ផ្គង់ទីផ្សារក្នុងកាលៈទេសៈដ៏លំបាកនេះ។ ពេលហ្នឹងគឺវាត្រូវប៉ាន់ ព្រោះអាមកពីខាងក្រៅវាអត់ចូលបាន អញ្ចឹងប្រជាពលរដ្ឋដាំឱកាសនេះគឺល្អ។ ឥឡូវវាជិតដល់ដំណាក់កាលដែលត្រូវដាំហើយបន្លែបង្កា។ អញ្ចឹងបន្លែបង្កា ការចិញ្ចឹមសត្វ ពងមាន់ ពងទា ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទាំងត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក លេងឱ្យវាដល់កម្រិត ហើយប្រជាពលរដ្ឋរបស់យើងនៅផលិតបាន។
ប៉ះពាល់ទៅលើវិស័យទេសចរណ៍ ប៉ះពាល់ទៅលើវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្តែមិនប៉ះពាល់ដល់វិស័យកសិកម្មទេ។ ផ្ទុយទៅវិញកាលានុវត្តភាពមានសម្រាប់វិស័យកសិកម្ម ដែលតម្រូវឱ្យប្រជាជនយើងធ្វើការដាំដុះនូវមុខទំនិញ ដែលចាំបាច់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជំរុញប្រើប្រាស់ពូជ ដែលយើងមាន ដើម្បីរុញឱ្យប្រជាពលរដ្ឋដាំនូវបន្លែបង្កា ផ្គត់ផ្គង់ក្នុងស្រុក។ យើងប្រើប្រាស់ឱកាសដ៏លំបាកនេះសម្រាប់កាលានុវត្តភាពក្នុងវិស័យកសិកម្មរបស់កម្ពុជាដែលមានកំណើនយឺតក្នុងរយៈពេលកន្លងទៅ។ កន្លងទៅកំណើនក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកើនខ្ពស់ វិស័យកសិកម្មកើនទាប។ នៅពេលខាងមុខ កំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាធ្លាក់ចុះ កំណើនក្នុងវិស័យកសិកម្មនឹងហក់ឡើង។ នេះជាឱកាសដែលយើងអាចមើលឃើញតាំងពីឥឡូវ …។
រាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយ ២ ដង
ចំណុចមួយទៀត ខ្ញុំសុំធ្វើការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយ ២ ដង។ លើកទី ១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣ លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាតាមសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនី្នរ័ត្ន កាត់បន្ថយចំនាយ ៤៧៥ លានទៀត។ បូកសរុប កាត់បន្ថយចំណាយទាំង ២ លើកនេះ ៩១៨ លានដុល្លារអាមេរិក ដែលថវិការដ្ឋនឹងត្រូវបើកផ្តល់ជូន ក៏ប៉ុន្តែត្រូវតែខ្ទប់មកវិញ។ ទាញមកបម្រុងប្រើ រាប់ទាំងថវិកាមូលនិធិភូមិឃុំ ក៏ត្រូវបន្ថយនៅក្នុងពេលហ្នឹង។ ប៉ុន្តែ ការដ្ឋានមួយចំនួនដូចជាផ្លូវថ្នល់ ប្រឡាយទឹកស្អីៗ មិនប៉ះពាល់ទេ ព្រោះអាហ្នឹងធារាសាស្រ្តវាត្រូវការ។ ការចំណាយមួយចំនួន ដូចជាមុននេះនៅពេលសន្និបាតសុខាភិបាល ខ្ញុំបាននិយាយថាកាត់បន្ថយ ២៥% ទៅលើប៊ិច ទៅលើស្អីៗនេះ សម្ភារៈការិយាល័យ ឥឡូវកាត់បន្ថយដល់ ៥០% ឯណោះ។ អញ្ចឹងការកាត់បន្ថយទាំងអស់នេះ ដែលយើងនាំមកនូវការដែលយើងត្រូវសន្សំទុកនូវថវិកាចំនួន ៩១៨ លានដុល្លារ។ គ្រប់ស្ថាប័នទាំងអស់ត្រូវចូលរួមចំណែកការធ្វើដំណើរទៅមូលដ្ឋាន … ឥឡូវទៅដែរប៉ុន្តែវាមានកម្រិត។ ធ្លាប់ចុះបេសកកម្ម ១០ ថ្ងៃ ឥឡូវទៅតែមួយថ្ងៃ ឬ ២ ថ្ងៃ អីបានហើយ។ អត់មានអីទៅច្រើនទេ។ អញ្ចឹងវាកាត់បន្ថយនូវការចំណាយនេះ។
សូមវិស័យឯកជនយោគយល់គ្នា
ចំណុចចុងក្រោយខ្ញុំបន្តសុំការអំពាវនាវយោគយល់ពីវិស័យឯកជន ដែលខ្ញុំបាននិយាយនៅសភា កាលពីថ្ងៃទី ៣០ ដូចជាការជួល ខ្លះបើកហាងនេះ ហាងនោះ ជួលអគារគេទេ ពេលវេលានេះលក់អត់ដាច់គាត់នៅតែយកលុយពេញថ្លៃយករបៀបម៉េចទៅ? មិនបានទេ ត្រូវបញ្ចុះថ្លៃក្នុងពេលហ្នឹង។ បញ្ហាបើអ្នករកស៊ីមិនបាន ទៅទារលុយពីគ្នាធ្វើអី? ត្រូវយោគយល់អាហ្នឹង ឯកជន និងឯកជន។ ការបង់រំលស់ផ្ទះ (ពីមុន)ធ្លាប់តែមានប្រាក់ចំណូល ដល់ឥឡូវអស់ប្រាក់ចំណូល ធ្វើម៉េចបានបង់? ស្រាប់តែម្ចាស់បុរី ម្ចាស់ផ្ទះ ចេញរឹបអូសក្នុងពេលហ្នឹង ផ្ដាច់កុងត្រា ឱ្យគ្នាទៅនៅឯណា? មិនគួរឱ្យមានការរឹបអូសផ្ទះសម្បែង ឬដីធ្លី នៅក្នុងកាលៈទេសៈ Covid-19 ទេ។
វិធានការខាងផ្នែកធនាគារបានធ្វើច្រើនហើយ ប៉ុន្តែសូមមេត្តាបន្តធ្វើថែមទៀត បង្ហាញពីការយោគយល់។ ឧទាហរណ៍ ពន្យារការសង ឬពន្យារការសងអត្រាការប្រាក់ មិនផាកពិន័យ។ ធនាគារមានបែបបទរបស់គេ បើអ្នកឯងមិនបានសង គេនឹងផាកពិន័យពីលើហ្នឹង។ ឥឡូវ សុំឱ្យមានការយោគយល់គ្នានៅក្នុងកាលៈទេសៈនេះ។ តែនេះមិនមែនជាបទបញ្ជាទេ។ ជាការអំពាវនាវរបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដែលសុំឱ្យមានការយោគយល់ (ពន្យារការយក)ការប្រាក់ ពន្យារការសង ហើយចៀសវាងមានការរឹបអូសទ្រព្យសម្បត្តិនៅក្នុងពេលដែលមានវិបត្តិនេះទេ។ ប៉ុន្តែ ក៏ត្រូវមើលផងដែរ អ្នកខ្លះអត់ត្រូវរងផលប៉ះពាល់ពី Covid-19 ផង ក៏យកអាហ្នឹងទៅធ្វើជាបញ្ហាដែរ។ អត់បានទេ។ អ្នកនេះ គាត់ជំពាក់គេ គាត់ចង់ដោះរួច។
ពេជ្រ ស្រស់ កុំនិយាយបកស្រាយច្រើនពេក
អញ្ចឹងបានជាសុំឯកឧត្តម ពេជ្រ ស្រស់ កុំនិយាយច្រើនពេក។ និយាយដោយត្រង់ចុះ គាត់និយាយច្រើនហួស។ ថ្ងៃហ្នឹងគាត់ Live Show ទៀតហើយ។ អញ្ចឹងសុំផ្ដាំទៅ ពេជ្រ ស្រស់ កុំនិយាយច្រើនពេក ព្រោះនិយាយវាខុសពីសម្ដីរបស់ខ្ញុំ។ បើបានជាជ្រុលនិយាយ ចាក់សម្ដីខ្ញុំតែម្ដងទៅ។ ឯកឧត្តម ពេជ្រ ស្រស់ កុំឆ្លៀតយកអាហ្នឹងទៅនិយាយបន្ថែម ព្រោះសម្ដីរបស់ខ្ញុំវាមានទម្ងន់លើសពីឯកឧត្តមច្រើនដងហើយ។ កុំចាត់ទុកថា អាហ្នឹងចេញពីសំណូមពររបស់ ពេជ្រ ស្រស់។ វាចេញពីការគិតគូររបស់ខ្ញុំនេះដែរតើ។ មិនមែនចេញអំពីគំនិតផ្ដួចផ្ដើមរបស់អស់លោក ដែលជាមន្រ្តី(ក្រុមប្រឹក្សា ពិគ្រោះ និង)ផ្ដល់យោបល់ទេ។ តែជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងឋានៈជាការទទួលខុសត្រូវខ្ពស់បំផុតក្នុងអំណាចនីតិប្រតិបត្តិ។ ខ្ញុំគ្រាន់តែពន្យល់ទេ។ មានពេលខ្លះយកទៅពន្យល់ថែម សម្ដេចនាយកបានធ្វើតាមអញ្ចេះ/អញ្ចុះ។ អញមានធ្វើតាមឯងពីអង្កាល់វ៉ី? … ស្ដាប់ៗហើយ ប៉ុន្តែ អញមិនធ្វើតាមទេ។ ហើយយកទៅបកស្រាយ ដើម្បីយកចំណេញជានយោបាយ។ មិនត្រឹមត្រូវទេ។ បកស្រាយវាខុសទៅទៀត។
ពេលណាត្រួតត្រាលែងកើត ត្រូវការច្បាប់គ្រាអាសន្ន ក្នុងក្របខណ្ឌទូទៅ ឬផ្នែកមួយនៃដែនដី
ស្អប់ណាស់កុម្មុយនីស្ត តែចង់ឱ្យខ្ញុំធ្វើកុម្មុយនីស្ត។ នៅត្រង់ណា? (ត្រង់)សេដ្ឋកិច្ចផែនការ កំណត់ថ្លៃទំនិញនេះ/នោះ កំណត់អត្រាការប្រាក់ កំណត់អានេះ/នោះ ចាប់បង្ខំឱ្យធ្វើទាំងអស់។ ស្អប់កុម្មុយនីស្ត តែបង្ខំឱ្យនាយករដ្ឋមន្រ្តីធ្វើកុម្មុយនីស្ត។ ទីបំផុត អ្នកដែលនិយាយពីកុម្មុយនីស្ត ឬនិយាយពីលោកសេរី អត់ស្គាត់អ្វីឱ្យពិតប្រាកដទេ។ អ្នកខ្លះក៏មិនស្គាល់ថារបបសភាវាយ៉ាងម៉េច របបប្រធានាធិបតីវាយ៉ាងម៉េច? … ហើយមកបង្ខំនិយាយត្រដរខ្យល់ធ្វើអី? ឥឡូវនេះ អ្វីៗបន្ទោសមកខ្ញុំ។ បន្ទោសចុះ ព្រោះ régimes parlementaires គឺអំណាចនៅនឹងនាយករដ្ឋមន្រ្តី។ ខ្លះថា យើងដាក់ច្បាប់ប្រកាសអាសន្ននេះ មិនទាន់ដល់ពេលទេ។ ខ្ញុំដឹងតើថាមិនទាន់ដល់ពេល ក៏ប៉ុន្តែ បើសិនជាដល់ពេលវាអត់មានច្បាប់ក្នុងដៃ អ្ហែងធ្វើអី? អ្នកនិយាយយប់មិញ ថាពេលនេះ មិនមែនជាពេលដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ អញដឹងតើ។ និយាយអញ្ចឹងតែម្ដងទៅ។ អសុរសបន្តិចហើយ។ អញដឹង តែអញត្រូវមានឧបករណ៍ក្នុងដៃ។ ដល់ពេលណាត្រួតត្រាលែងកើត គឺដាក់ច្បាប់ក្នុងគ្រាមានអាសន្នក្របខណ្ឌទូទៅ ឬផ្នែកមួយនៃដែនដី។ ដូចជាថ្ងៃនេះនាយករដ្ឋមន្រ្តីជប៉ុននឹងប្រកាស(ដាក់ប្រទេសជប៉ុនក្នុងគ្រាអាសន្ន) មិនទាន់ប្រកាសទេ តែគ្រោងនឹងប្រកាសដាក់ទីក្រុង Tokyo និងខេត្ត ៦ (សរុប ៧ ខេត្ត)។ អញ្ចឹងឱ្យវាមានឧបករណ៍ច្បាប់ក្នុងដៃ។ បើគ្រាន់តែថាសុំអង្វរករកុំទៅស៊ីចុកនៅកន្លែងនេះ/នោះ ដល់យើងទៅចាប់គេមិនបានទេ។ អញ្ចឹង ពួកឯងម៉េចក៏បារម្ភខ្វល់អីរឿងហ្នឹងខ្លាំងម៉េះ? ទុកអំណាចឱ្យយើងបានទេ ក្នុងក្របខណ្ឌរបបសភា ដែលអំណាចខ្ពស់បំផុតនៅនឹងនាយករដ្ឋមន្រ្តី។ ផ្នែកពិធីការរឿងផ្សេង។ ផ្នែកនីតិប្រតិបត្តិគឺនៅនឹងនាយករដ្ឋមន្រ្តី។ របបប្រធានាធិបតី ដូចនៅអាមេរិក អំណាចនៅនឹង Donald Trump ប្រធានាធិបតីឯណោះ។ ស្គាល់ប្រព័ន្ធឱ្យវាច្បាស់បន្តិចបានទេ មុននឹងថ្លែងយោបល់?
មួយគិតឡើង មកខ្លាចច្បាប់ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើគ្មានការចាំបាច់ គឺគ្មានការប្រកាសទេ ព្រោះអញខ្លាចងាប់សេដ្ឋកិច្ចអញដែរ។ សូម្បីតែឥឡូវនេះ គេទុករោងចក្រឱ្យដើរ ទុកផ្សារឱ្យដើរ ទុកចលនាប្រជាពលរដ្ឋ គ្រាន់តែកាត់បន្ថយ ហើយរៀបចំវិធានការដាក់ Social Distancing គម្លាតសង្គមឱ្យវានៅឆ្ងាយពីគ្នា អត់មានឆ្លងទេ … មានវិទ្យុបរទេសមួយហ្នឹងផ្សាយ រួចហើយមានខ្លះធ្វើមើលតែឯងហ្នឹងសហរដ្ឋអាមេរិក(ថា) គួរណាស់ពេលហ្នឹងចេញច្បាប់ថវិកាដើម្បីសង្គ្រោះ។ នែ! អញមានអានេះរួចហើយ ប្រព័ន្ធរបស់អញមានរួចហើយ រដ្ឋសភាអនុម័តហើយ តែផ្ដល់អំណាចឱ្យរាជរដ្ឋាភិបាលកាត់កងចំណាយ ទៅលើបញ្ហាហ្នឹង គេមានរួចហើយ។ ខំបញ្ជូនទៅរៀនដល់អាល្លឺម៉ង់នោះ ត្រឡប់មកវិញធ្វើភ្លើៗ ហើយនិយាយសុទ្ធតែគួរណាស់បញ្ចេញកញ្ចប់ថវិកាសង្គ្រោះ។ នេះថវិកាគេមាននៅនេះ គេកាត់ប៉ុណ្ណឹងយកមក ប៉ះប៉ូវ ហើយគេត្រៀមបម្រុងដោះស្រាយស្អីៗទៀត។ គេធ្វើរួចហើយ មិនចាំបាច់ទៅឆ្លងសភាទេអាហ្នឹងនោះ។ សភាគេត្រូវការឆ្លងច្បាប់សម្រាប់ប្រកាសភាពអាសន្ននោះទេ ហើយអាហ្នឹងគេមិនមែនយកមកដើម្បីនឹងប្រកាសភ្លាមឯណា? ប្រកាសរកងាប់អី បើប្រកាសៗតែលោកឯងហ្នឹងទៅ គេមិនទៅប្រកាស គេគិតគូរដល់សេដ្ឋកិច្ចរបស់គេដែរ។
ពិនិត្យមើលជាក់ស្ដែង ប្រទេសខ្លះបិទរោងចក្រ បិទស្អីៗ សួរថា ប្រទេសហ្នឹងកាត់បន្ថយការស្លាប់ទេ? ឧទាហរណ៍ អេស្ប៉ាញ ប្រកាសបិទរោងចក្រឱ្យកម្មករនៅផ្ទះ ប៉ុន្តែ សួរអេស្ប៉ាញកាត់បន្ថយមនុស្សស្លាប់បានទេ? លើការជាក់ស្ដែង អត់ទាន់មានទម្រង់ណាមួយដែលបង្ហាញអំពីជោគជ័យទេ ក្រៅពីប្រទេសចិន។ ប្រើពាក្យថាជោគជ័យ វាជារឿងមួយ ប៉ុន្តែសម្រាប់ខ្ញុំនៅទីនេះ គឺថា គ្រាន់តែកាត់បន្ថយការខាតបង់តែប៉ុណ្ណឹងទេ។ ឥឡូវនេះ យើងកំពុងប្រយុទ្ធជាមួយសង្គ្រាមមួយ ដែលមិនអាចប្រើពាក្យឈ្នះ ត្រឹមតែប្រើពាក្យថាខាតតិច ឬច្រើនតែប៉ុណ្ណោះ តែមិនអាចប្រើពាក្យថាចំណេញនោះទេ។
ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងយល់ស្របជាមួយនឹងអ្វី ដែលរាជរដ្ឋាភិបាលសំណូមពរ ជាពិសេស គឺផ្អាកការប្រារព្ធពិធីចូលឆ្នាំ។ ប៉ុន្តែ សូមបញ្ជាក់ឡើងវិញ មិនមែនផ្អាកការទទួលទេវតាទេ នៅតាមផ្ទះទទួលរៀងៗខ្លូនទៅ ដុតធូប/ទៀនទៅ ប៉ុន្តែពន្លត់ផងក្រែងវាឆេះផ្ទះ ប្រយ័ត្នឆេះផ្ទះដោយសារតែសែនទេវតាៗមិនជួយ។ ទូរទស្សន៍នៅតែចាក់ហ្នឹង ម៉ោង ៨ យប់ ទេវតាចុះតាមទូរទស្សន៍ហ្នឹង។ យើងមើលតាមទូរទស្សន៍ទៅ។ រួចហើយ មានសារជូនពរ មានស្អីៗអញ្ចឹងទៅ រួចហើយសម្រាកនៅផ្ទះទៅ រួចហើយព្រលឹមឡើងទៅធ្វើការទៅ។ រោងចក្រនៅបន្ត ក្រុមហ៊ុនក៏នៅបន្ត ធនាគារក៏នៅបន្ត ក្រសួងមន្ទីរក៏នៅបន្ត នៅធ្វើការធម្មតា អត់ទាន់ឱ្យសម្រាកទេ។ ប៉ុន្តែ ប្រជាកសិកររឿងរបស់គាត់មួយផ្សេង គាត់ទៅ ឬមិនទៅ រឿងរបស់គាត់ ព្រោះខែហ្នឹងមិនមែនជាខែធ្វើស្រែផង អាហ្នឹងជារឿងរបស់គាត់មួយទៀត៕