សេចក្តីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺ Covid-19

សង្រ្គាមប្រឆាំងនឹង Covid-19 គ្មានពាក្យថា វាយលុក និងចំណេញ ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានរបស់យើងបានសាកសួរផងដែរ តើយើងត្រូវធ្វើកិច្ចការងារមួយចំនួនបន្តទៀត។ ប្រជាពលរដ្ឋរបស់យើងបានដឹងហើយថា យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្រ្គាមប្រឆាំងនឹង Covid-19​ ដែលជាជំងឺរីករាលដាលជាសកល។ មកដល់ពេលនេះ សង្រ្គាមមួយនេះស្ថិតនៅក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យថា វាយលុក ព្រោះយើងមិនដឹងថា សត្រូវពិតប្រាកដវានៅទីណានោះទេ ខុសគ្នាជាមួយនឹងផ្នែកយោធា ដែលមានវាយទប់ទល់ផង និងមានការវាយលុក ឬមានការដកថយ។ សម្រាប់យើង គ្មានទេពាក្យវាយលុក ហើយក៏គ្មានទេនូវពាក្យដែលហៅថា ឈ្នះទៅលើសង្រ្គាមមហន្តរាយបែបនេះ។ គ្មានទេពាក្យថាចំណេញ មានតែខាត។ គ្រាន់តែខាតតិច ឬខាតច្រើនតែប៉ុណ្ណោះ។ នេះជាចំណុចដែលយើងត្រូវដឹងជាមុន អំពីនិយមន័យនៃសង្រ្គាមប្រឆាំងនឹង Covid-19 នេះ។ ខ្ញុំប​ញ្ជាក់ឡើងវិញថា សង្រ្គាមនេះ គឺគ្រាន់តែមានត្រឹមកម្រិតទប់ទល់ ហើយគ្មានទេ អ្វីដែលហៅថាឈ្នះ គឺមានតែការខាតបង់ គ្រាន់តែខាតតិច ឬខាតច្រើន។ ដូចជាប្រទេសខ្លះ គឺស្លាប់ប្រជាជនច្រើន ប្រទេសខ្លះស្លាប់ប្រជាជនតិច ប្រទេសខ្លះមិនទាន់មានប្រជាជនស្លាប់ទេ ប៉ុន្តែភាគច្រើនមានមនុស្សឆ្លងរួចទៅហើយ។ សង្រ្គាមប្រឆាំងនឹង Covid-19 នេះ យើងត្រូវដាក់ទៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ព្រោះជំងឺឆ្លងនេះមិនទាន់ឃើញសញ្ញាថយចុះនៅឡើយទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ កំពុងស្នាក់នៅ/ធ្វើការ/សិក្សានៅសាធារណរដ្ឋកូរ៉េ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនទាំងអស់ ដែលជា ពលករ ពលការិនី និស្សិត ក៏ដូចជាក្មួយៗដែលមានក្រុមគ្រួសារនៅប្រទេសកូរ៉េ ដែលបានចូលរួមនៅក្នុងពេលនេះ។ គ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? ថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ខុសប្លែកកាលពីឆ្នាំទៅ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការសុំអធ្យាស្រ័យអំពីការអាក់ខានកាលពីឆ្នាំកន្លងទៅនេះ។ ពេលនោះ ពិតជាមានការលំបាកមែន ត្រៀមនឹងរៀបចេញដំណើរទៅហើយ ក៏ប៉ុន្តែដោយសារជំងឺ(ម្ដាយក្មេក)ធ្ងន់ពេក នៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ដែលយើងមិនអាចដឹងបានថា តើគាត់អាចរស់ ឬស្លាប់។ សម្រាប់យើងជាកូន ត្រូវសម្រេចចិត្តបែបណា ម្ខាងការងារប្រទេសជាតិ តែម្ខាងទៀតគឺកិច្ចការទាក់ទងជាមួយនឹងម្ដាយក្មេក។ ម្ដាយក្មេក និងម្ដាយបង្កើត អត់មានអ្វីខុសគ្នាទេ។ រឿងនេះ អ្នកខ្លះបានធ្វើអត្ថាធិប្បាយចូលមកនិយាយនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ អំពីបញ្ហាដែលថា គិតអំពីគ្រួសារច្រើនជាងគិតពីប្រទេសជាតិ។ ពេលនោះ ខ្ញុំក៏បានឆ្លើយតបត្រឡប់ទៅវិញថា បើសិនជាអ្នកឯងគ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? រឿងហ្នឹង និយាយឱ្យពិតអញ្ចឹង។ ការងារប្រទេសជាតិ យើងធ្វើហើយ យើងមានអ្នកជំនួសដោយឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស។ ក៏ប៉ុន្តែ សម្រាប់យើងជាកូន នៅពេលដែលម្ដាយទទួលមរណកាល…