មូលហេតុនៃការទទួលបានពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ»
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានទទួលនូវពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA)។ ដំបូង ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ UMA ដែលបានជ្រើសរើសរូបខ្ញុំឲ្យទទួលយកពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ នៅពេលនេះ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់នូវសុន្ទរកថារបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ក៏ដូចជា សុន្ទរកថារបស់លោក ប្រាសិទ្ធ សែនរុងរឿង ទាក់ទងជាមួយនឹងសកម្មភាពបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំត្រូវទទួលយកនូវពានរង្វាន់មួយនេះ មិនមែនបានសេចក្តីថា អ្វីក៏ ហ៊ុន សែន ត្រូវទទួលនោះទេ។ ខ្ញុំធ្លាប់បានបដិសេធ ឫមិនឆ្លើយតប មិនទទួលនូវពានរង្វាន់ខ្លះដែលផ្តល់មកពីទីកន្លែងនេះ ទីកន្លែងនោះ ឬក៏សញ្ញាបត្រពីកន្លែងនេះ និងកន្លែងនោះ។ ផ្ទុយទៅវិញ ខ្ញុំបែរជាផ្តល់ឱកាស និងទទួលយកដោយការពេញចិត្តនូវពានរង្វាន់មួយនេះ។
ដោយសារហេតុផលថា ខ្ញុំចង់ឲ្យសមាគមអ្នកសារព័ត៌មានរបស់យើង ដែលនៅជិតខាងគ្នានេះ ក្លាយទៅជាស្ថាប័នមួយ ជួយពង្រឹងដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់របស់យើង។ ដូចដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញ មិនមែនអ្វីក៏ ហ៊ុន សែន ចេះតែទទួលទេ។ មានការជ្រើសរើស ហើយក៏មានការវាយតម្លៃត្រឹមត្រូវ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះគំនិតផ្តួចផ្តើមទាំងឡាយ នៃបណ្តាអ្នកសារព័ត៌មាននៅក្នុងចំណោមបណ្តាប្រទេស បើយើងនិយាយរៀបរាប់នៅទីនេះ នៅតាមតំបន់អនុមហាតំបន់មេគង្គតែម្តង ហើយលាតសន្ធឹងទៅក្នុងក្របខណ្ឌអាស៊ានរបស់យើង។
ជាយន្តការមួយដែលគួរតែរំលឹក។ ខ្ញុំគិតថា អ្នកសារព័ត៌មាននៅក្នុងតំបន់របស់យើង មិនបានក្លាយទៅជាកំទេចភ្លើង(បង្កអោយ)ក្លាយទៅជាអគ្គិភ័យទេ។ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ បានលើកឡើងនៅក្នុងរបាយការណ៍អម្បាញ់មិញ។ នៅពេលដែលមានការមិនចុះសម្រុងណាមួយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល អ្នកសារព័ត៌មានមិនបានដើរតួជាអ្នកអុជអាល ដើម្បីបញ្ឆេះថែមនូវកំហឹងជាតិសាសន៍ ឬក៏ទំនាស់នោះទេ។ នេះជាចំណុចដែលខ្ញុំមើលឃើញថា ស្ថាប័ននេះ(ទោះបីថា)បានបង្កើតឡើងថ្មីថ្មោង ក៏ប៉ុន្តែគប្បីត្រូវបានចងក្រងជាសម្ព័ន្ធភាពមួយ ហើយជួបគ្នាជាប្រចាំ។ ខ្ញុំពេញចិត្តនឹងសកម្មភាពរបស់អស់លោក លោកស្រី ហើយពេញចិត្តជាមួយនឹងការជួបជុំគ្នានៅទីក្រុងភ្នំពេញនេះ។
ពិតមែនហើយមានអ្នកព្រៀងសុន្ទរកថាឲ្យខ្ញុំ តែខ្ញុំគិតថា មិនមានការចាំបាច់នឹងអោយខ្ញុំថ្លែងសុន្ទរកថានោះទេ។ ខ្ញុំគួរតែច្បិចយកចំណុចខ្លះយកមកនិយាយ។ ចំពោះមុខអស់លោក លោកស្រី ចាត់ទុកថា ខ្ញុំជាអ្នកប្រជាធិបតេយ្យម្នាក់ ចាត់ទុកថាខ្ញុំជាអ្នកដែលបង្កលក្ខណៈឲ្យសារព័ត៌មាននៅប្រទេសកម្ពុជារីកចម្រើននេះសម្រាប់អស់លោក លោកស្រី នៅក្នុង UMA។ ប៉ុន្តែ សម្រាប់អ្នកប្រកួតប្រជែងវិញ ខ្លួនខ្ញុំគ្រាន់តែជាមនុស្សផ្តាច់ការម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែ សុំអស់លោក និងលោកស្រីគិតឲ្យច្បាស់ថា កម្ពុជាមុននេះ មានទំព័រកាសែតសរសេរសខ្មៅ ត្រឹមតែពីរតែប៉ុណ្ណោះ មួយគ្រប់គ្រងដោយឯកឧត្តម ខៀវ កាញ្ញារិទ្ធ ហៅថា កាសែតកម្ពុជា និងមួយទៀតគ្រប់គ្រងដោយលោកជំទាវ សោម គឹមសួរ ដែលហៅថាកាសែតប្រជាជន។ មុននោះ មានវិទ្យុផ្សាយសម្លេងតែមួយគ្រឿង AM ក្រោយមកមានទូរទស្សន៍សខ្មៅមួយគ្រឿងថែមទៀត។ ឥឡូវនេះ កម្ពុជាមានទូរទស្សន៍ដល់ ២០ Channel ទូរទស្សន៍ សារព័ត៌មាន និងទស្សនាវដ្តី ៨០០ ហើយនៅមាន Online ទៀត។ ពីស្ថានភាព ដែលមានពីចំណុចតូចតាច មកកាន់ចំណុចបែបនេះ តើវាជាមនុស្សផ្តាច់ការមួយ ឬទេ?
ភាពគ្មានសិទ្ធិសេរីភាព និងសេចក្តីឈឺចាប់បានធ្វើឲ្យមានការតស៊ូប្រឆាំងនឹងរបប ប៉ុលពត កើតឡើង
… អម្បាញ់មិញ លោក ប្រាសិទ្ធ សែនរុងរឿង បាននិយាយអំពីអវត្តមាននៃសេរីភាព នៅក្នុងសម័យ ប៉ុលពត។ នោះពិតជាការត្រឹមត្រូវណាស់។ សិទ្ធិមនុស្សនៅក្នុងដំណាក់កាលនោះមិនបានស្មើនឹងសត្វធាតុទេ ឆ្កែ ឬឆ្មា វាមានសិទ្ធិជាងមនុស្ស ដោយសារតែវាមានសិទ្ធិថែទាំកូនរបស់វា។ ប៉ុន្តែ សម្រាប់រូបខ្ញុំ ជាសោកនាដកម្មមួយ ដែលខ្ញុំមិនអាចបំភ្លេចបាននៅក្នុងជីវិតនេះ។ នោះនៅថ្ងៃទី ១០ ខែ វិឆ្ឆិកា ឆ្នាំ ១៩៧៦ ពេលដែលកូនខ្ញុំបានកើត ហើយពេទ្យធ្វើឲ្យធ្លាក់បាក់ឆ្អឹងខ្នងស្លាប់ភ្លាម ខ្ញុំទៅទាន់កូនខ្ញុំកំពុងហៀរឈាមចេញតាមមាត់។ ខ្ញុំបានស្នើសុំមេបញ្ជាការ ដើម្បីយកសពកូនខ្ញុំទៅកប់ និងនៅមើលថែទាំភរិយាខ្ញុំ ដែលឆ្លងទន្លេ។ គេឆ្លើយតបថា “បើមិត្តឯងនៅ ក៏អាកូនហ្នឹងវាមិនរស់ដែរ ប្រពន្ធមិត្តឯងនៅតែអញ្ចឹង។ ខ្មោចរបស់កូនមិត្តឯង មានគេយកទៅកប់ហើយ មិត្តឯងត្រូវបន្តដំណើរជាមួយខ្ញុំដើម្បីធ្វើការទៀត”។
… មុនពេលភរិយាខ្ញុំឆ្លងទន្លេមួយខែ ឆ្កែវាខាំជើងខ្ញុំ នៅពេលដែលខ្ញុំដើរទៅកាប់រកឫសឈើ ដើម្បីព្យាបាលប្រពន្ធខ្ញុំ (ត្រៀម)ពេលប្រពន្ធខ្ញុំឆ្លងទន្លេ។ ឥឡូវ នៅសន្លាកនៅជើងនៅឡើយ។ ខ្ញុំប្រៀបធៀបថា ឆ្កែនោះវាមានសិទ្ធិជាងខ្ញុំ ត្រង់ថាវាមានសិទ្ធិការពារកូនរបស់វា សម្រាប់ខ្ញុំ គ្រាន់តែខ្មោចរបស់កូន ក៏គ្មានសិទ្ធិយកទៅកប់ផងទេ។ នោះហើយជាចំណុចដែលយើងចាប់ផ្តើមត្រូវតែធ្វើការតស៊ូ។ ក្នុងវ័យ ២៥ ឆ្នាំ ខ្ញុំក្លាយទៅជាមេដឹកនាំម្នាក់ ដែលខ្ញុំអាចនិយាយបានទាំងមោទនភាពថា ក្នុងឋានៈជាយុវជន ត្រូវធ្វើឲ្យពិភពលោកនេះប្រែប្រួល។ ក្នុងឋានៈជាយុវជន ត្រូវធ្វើឲ្យកម្ពុជានេះប្រែប្រួល តាមរយៈនៃការផ្តួលរំលំរបបផ្តាច់ការ។ ជាភ័ព្វសំណាងយើងបានជួបចលនារបស់សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម ហើយយើងក៏ចាប់ដៃគ្នា ដើម្បីប្រមូលផ្តុំគ្នាក្លាយទៅជាកម្លាំងមួយ ដើម្បីវាយរំលំរបប ប៉ុលពត។ ប៉ុន្តែ ជាអកុសលនៅពេលដែលយើងចេញផុតពរបប ប៉ុលពត យើងគ្មានអ្វីទាំងអស់ ដៃរបស់យើងប្រៀបដូចជាដៃដែលពិការទៅទៀត ទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងប្រទេសដទៃ បានគ្របដណ្តប់មកលើយើង។
ខ្ញុំសូមជម្រាបជូនអស់លោក លោកស្រី ដែលមកកាន់កម្ពុជាពីមុន ឬទើបមកកាន់កុំភ្លេចថា ភ្នំពេញថ្ងៃនេះមិនមែនជាភ្នំពេញកាលពី ៣៧ ឆ្នាំ មុនទេ។ នៅពេលដែលខ្ញុំចូលមកទីក្រុងភ្នំពេញ ខ្ញុំជួបប្រជាជនប្រមាណតែ ៧០ នាក់ប៉ុណ្ណោះ។ ហើយភាគច្រើនគឺជាស្រ្តី មនុស្សចាស់ កូនក្មេង ឯមនុស្សធំពេញវ័យ គឺមិននៅជាមួយទេ។ នៅក្នុងរង្វង់ ខែ មីនា មេសា នេះ ប្រជាជននៅទីក្រុងភ្នំពេញប្រមាណតែ ១ ម៉ឺន នាក់ តែប៉ុណ្ណោះ។ ឥឡូវនេះ ប្រជាជនច្រើនពេកហើយ ដែលបង្កជាការកកស្ទះ ដូចនេះសូមកុំគិតថាកម្ពុជាក្នុងអតីតកាលរបស់ខ្លួនគ្មានអ្វីកើតឡើង។ អ្នកខ្លះអាចមានការភ័ន្តច្រឡំលើរឿងនេះ នៅពេលដែលមកឃើញសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ ឬសកម្មភាពគ្រប់បែបយ៉ាងធម្មតាទាំងអស់ដូចប្រទេសដទៃ។ ដូច្នេះ គេគិតស្មានថាអតីតកាលរបស់កម្ពុជាគ្មានអ្វីកើតឡើងទេ។
យើងខ្ញុំសូមជម្រាបថា មកដល់ទីក្រុងភ្នំពេញ ពេលនោះខ្ញុំអាយុ ២៧ ឆ្នាំ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ខ្លួនខ្ញុំផ្ទាល់ បន្ទាប់ពីបានជួបភរិយា និងកូនរបស់ខ្ញុំឡើងវិញ កូនទី ១ ស្លាប់ កូនទី ២ នៅក្នុងពោះ ៥ ខែ ខ្ញុំចេញទៅតស៊ូ ពេលត្រឡប់មកវិញ កូនរបស់ខ្ញុំវាចេះនិយាយខ្លះហើយ ប៉ុន្តែវាហៅខ្ញុំពូ ២ ខែ។ តើអារម្មណ៍ប៉ះទង្គិចយ៉ាងណា នៅពេលយើងជាឪពុក បែរជាកូនហៅយើងជាពូ នៅពេលដែលយើងចង់ទៅជិតម្តាយរបស់គេៗ បណ្តេញយើងចេញ។ លុះត្រាតែគេដេកលក់ ទើបយើងមានសិទ្ធិទៅជិតម្តាយរបស់គេ។ ទាំងអស់នេះហើយ ជាចំណុចដែលមិនអាចបំភ្លេចបាន …។ ខ្ញុំសូមអរគុណចំពោះ UMA ដែលបានទទួលស្គាល់ការពិត ការលំបាកនៅក្នុងដំណាក់កាល ប៉ុលពត។ យើងខ្ញុំកសាងប្រទេសឡើងវិញដោយលំបាកណាស់ គ្មានជំនួយនោះទេ ក្រៅពីទណ្ឌកម្ម។ ពេលចាប់ផ្តើម យើងបានធ្វើការងារជាច្រើន ហើយខ្ញុំបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៨៥ គិតមកដល់ពេលនេះគឺជាង ៣១ ឆ្នាំ នៃតួនាទីជានាយករដ្ឋមន្ត្រី…។
ហេតុអ្វីមានសង្រ្គាមរវាងខ្មែរ និងខ្មែរ?
… ហេតុអ្វីបានជាខ្មែរចេះតែវ៉ៃគ្នា? នេះជាចំណុចដែលខ្ញុំសិក្សា មិនមែនទើបតែសិក្សា នៅពេលដែលខ្ញុំក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ ១៩៨៥ ទេ ប៉ុន្តែខ្ញុំបានសិក្សាវា នៅក្នុងដំណាក់កាលដែលខ្ញុំធ្វើជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៅពេលនោះ។ រឿងរ៉ាវដែលចេះតែមានជម្លោះប្រដាប់អាវុធកើតឡើង គឺការដឹកនាំតាមបែបឯកបក្ស មិនបើកឱកាសអោយគេបើកបក្សនយោបាយ មិនបើកឱកាសអោយគេបង្កើតសមាគម មិនបើកឱកាសអោយគេបង្កើតសារព័ត៌មានសេរី។ ដូច្នោះ ជម្រើសសល់តែមួយគត់គឺតស៊ូប្រដាប់អាវុធ។ ត្រង់(ចំណុច)ទាំងអស់នេះត្រូវចាំ។ ទុកច្រកអោយគេរស់ ទុកច្រកអោយគេនិយាយ ទុកសិទ្ធិអោយគេ ទើបគ្មានសង្គ្រាមប្រដាប់អាវុធ។ ខ្ញុំចិញ្ចឹមចិត្តដើម្បីដោះស្រាយបញ្ហានេះ ដូច្នោះដំណាក់កាលស្វែងរកសន្តិភាពដើម្បីការចរចា ខ្ញុំត្រូវធ្វើការងារនេះក្នុងបរិយាកាសផ្ទៃក្នុង និងអន្តរជាតិមិនអនុគ្រោះ ហ៊ុន សែន នោះទេ។
ខ្ញុំអាចជម្រាបជូនអស់លោកថា ជីវិតរបស់ខ្ញុំពិតជាថ្លៃណាស់ ដែលខ្ញុំអាចរស់រានមកដល់ពេលនេះ។ ខ្ញុំមិនទាន់គិតពីការប៉ុនប៉ងធ្វើឃាតខ្ញុំប៉ុន្មានលើកប៉ុន្មានសា រាប់ទាំងថ្ងៃទី ២៤ កញ្ញា ឆ្នាំ ១៩៩៨ ដែលរ៉ុក្កែត ៤ គ្រាប់ បាញ់ឆ្ពោះមករកឡានរបស់ខ្ញុំ។ ប៉ុន្តែសំណាងល្អ វាផ្ទុះតែមួយគ្រាប់ហើយមិនត្រូវឡានរបស់ខ្ញុំ។ ពេលដែលខ្ញុំចាប់ផ្តើមមុខងារជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវចាប់ផ្តើមកំណែទម្រង់ពីរទិសធំៗ៖ ទិសទី ១ គឺទិសនយោបាយ ទិសទី ២ គឺទិសសេដ្ឋកិច្ច។ ទិសសេដ្ឋកិច្ចយើងត្រូវកំណែទម្រង់ពីសេដ្ឋកិច្ចផែនការ ឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារ ហើយវាត្រូវឆ្លងកាត់អន្តរកាលគួបផ្សំរវាងសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ។ ទិសទី ២ គឺកំណែទម្រង់នយោបាយ តាមរយៈការដាក់ចេញនូវនយោបាយដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅកម្ពុជា ដែលនាំទៅដល់ការចរចា សីហនុ-ហ៊ុន សែន ហ្វ៊ែអង់តាឌឺណ័រ ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៨៧។ នោះហើយជាការបើកច្រកសម្រាប់ភាគីពាក់ព័ន្ធចូលចរចា និងការអន្តរាគមន៍របស់អង្គការសហប្រជាជាតិ។
សូមដាក់ជាសំណួរមើល បើ ហ៊ុន សែន មិនចុះហត្ថលេខា តើអ្នកណាហ៊ាន? ប៉ុន្តែ ខ្ញុំអាចបញ្ជាក់បានថា យើងខ្ញុំមានកុងសង់ស៊ុសក្នុងផ្ទៃក្នុង ដែលព្រឹកមិញ អស់លោកបានជួប សម្តេច ហេង សំរិន ហើយ។ ជាអកុសល សម្តេច ជា ស៊ីម បានធ្វើមរណកាលទៅ។ យើងខ្ញុំមានកុងសង់ស៊ុសក្នុងនយោបាយ ទើបខ្ញុំអាចធ្វើសកម្មភាពបាន។ ប៉ុន្តែ ក្នុងមុខងារជាអ្នកចរចា ក្នុងមុខងារជានាយករដ្ឋមន្ត្រី ត្រូវសម្រេចចិត្តចុងក្រោយលើគ្រប់បញ្ហា សូម្បីតែការចរចានៅប៉ាតាយ៉ា ជាការចរចាតានតឹងបំផុតលើទិដ្ឋភាពការរំសាយកងទ័ព បទឈប់បាញ់ ក៏ដូចជាបញ្ហាសេសសល់លើបញ្ហាការបោះឆ្នោត តាមប្រព័ន្ធសមាមាត្រ ឬប្រព័ន្ធឯកត្តនាម ដែលយកទៅសម្រេចនៅញ៉ូវយក នៅពេលដែល SNC ចូលកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិជំនួសអោយខ្មែរក្រហម។ ឥឡូវនេះ អ្នកដែលមានវត្តមាននៅទីនេះ ជាសមាជិក SNC ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមមានឯកឧត្តម ហោ ណាំហុង ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម អៀង ម៉ាលី ដែលពេលនោះនៅជាភាគីរណសិរ្សរំដោះពលរដ្ឋខ្មែររបស់លោកតា សឺន សាន ប៉ុន្តែឥឡូវគាត់មិនមកក្នុងគណបក្សណាទៀតទេ គាត់មកក្នុងគណបក្សប្រជាជនតែម្តង។ យើងខ្ញុំមិនធ្វើនយោបាយលេខសងទេ យើងខ្ញុំធ្វើនយោបាយលេខបូករហូត។ សមាជិក SNC ឥឡូវនេះ នៅរស់ មានខ្ញុំ មានឯកឧត្តម ហោ ណាំហុង ឯកឧត្តម អៀង ម៉ូលី ឯកឧត្តម ឌិត មន្ទី ឯកឧត្តម អ៊ឹម ឈុនលឹម សម្តេចក្រុមព្រះ ហើយក្រៅពីនោះ គឺមរណកាល និងចូលទីវង្គតហើយ រាប់ទាំងសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។
នយោបាយឈ្នះ-ឈ្នះ នាំឲ្យកម្ពុជាឯកភាពលើកដំបូង ក្នុងប្រវត្តិសាស្រ្តជាង ៥០០ ឆ្នាំ
ខ្ញុំអាចជម្រាបជូនអស់លោកថា អង្គការសហប្រជាជាតិបានចូលអន្តរាគមន៍នៅកម្ពុជា ប្រើប្រាស់អស់ទឹកប្រាក់ ចំនួន ២ ពាន់លានដុល្លារ។ ប៉ុន្តែពេលអ៊ុកតាក់ចេញត្រឡប់ទៅវិញ អ៊ុកតាក់បានបន្សល់ទុកឲ្យកម្ពុជានៅសល់តំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរនៅឡើយ។ នៅតាមព្រំដែនកម្ពុជា-ថៃ នៅសេសសល់ខ្មែរក្រហម នៅផ្ទៃក្នុងមួយចំនួន គឺមានស្ថានភាពស្បែកខ្លា រដ្ឋាភិបាលក៏នៅក្បែរហ្នឹង រដ្ឋាភិបាលដកមក កម្លាំងទ័ពព្រៃចូលមកដល់។ ចុងក្រោយ យើងបានដើរដល់នូវការកំណត់នយោបាយមួយហៅថា នយោបាយឈ្នះ-ឈ្នះ, ដែលនាំទៅដល់ការបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ហើយនាំឲ្យកម្ពុជាឯកភាពជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ចាប់តាំងពី ឆ្នាំ ១៤៧៣។
ខ្ញុំសូមរំលឹក ១៤៧៣ ដំណាក់កាលក្រោយ ពញាយ៉ាត គឺដំណាក់កាលក្រោយ ពញាយ៉ាត នរាយរាជា ហើយចូលមកដល់ដំណាក់កាល ព្រះស្រីរាជា គឺនៅចតុមុខនេះឯង។ ៥០០ ឆ្នាំ នៃប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាច្រើន មុនឆ្នាំ ១៩៧០ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា ៤ គឺរដ្ឋាភិបាលភ្នំពេញ ខ្មែរក្រហមត្រួតត្រាទឹកដីមួយភាគ ខ្មែរសត្រួតត្រាទឹកដីមួយភាគ ខ្មែរខៀវត្រួតត្រាទឹកដីមួយភាគ។ ១៩៧០ ដល់ ១៩៧៥ ប្រទេសកម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រាពីរ មួយគឺគ្រប់គ្រងដោយ លន់ នល់ ដែលធ្វើរដ្ឋប្រហារទម្លាក់ ព្រះនរោត្តមសីហនុ ដែលមានអាមេរិកគាំទ្រ និងមួយទៀតជាតំបន់រំដោះ ដែលដឹកនាំដោយសម្តេច ព្រះនរោត្តមសីហនុ។ ១៧ មេសា របប លន់ នល់ ដួលរលំ គួរណាស់តែប្រជាជនកម្ពុជាទទួលបានសេចក្តីសុខ បន្ទាប់ពីសង្គ្រាមរយៈកាលជាង ៥ ឆ្នាំ។ ប៉ុន្តែ របបឃោឃៅព្រៃផ្សៃមួយ បានមកជំនួសតួនាទី នៃរបបកាប់សម្លាប់ទម្លាក់គ្រាប់បែក និងសង្គ្រាមរបស់ លន់ នល់ ទៅវិញ។
យើងខ្ញុំគ្មានជម្រើស។ មិនអាចយកចុងប៊ិចសរសេរដូចសព្វថ្ងៃនេះបានទេ ហើយក៏មិនអាចតស៊ូតាមផ្លូវសភាដែរ។ ព្រោះគ្មានសិទ្ធិ។ … ជម្រើសដែលនៅសេសសល់ គឺហឹង្សាប្រដាប់អាវុធ និងនយោបាយតែប៉ុណ្ណោះ ដែលត្រូវផ្តួលរំលំរបប ប៉ុល ពត។ ប៉ុន្តែ បន្តមកទៀត តើយើងត្រូវបន្តវ៉ៃគ្នាបែបហ្នឹងតទៅទៀត ឬយ៉ាងម៉េច? មិនអាចទេ។ សិក្សាមើលចុះ ប្រវត្តិសង្គ្រាមនៅលើពិភពលោក មានតែនៅស្រីលង្កា គឺរដ្ឋាភិបាលកំទេចកងទ័ពតាមិល រួចហើយហាក់ដូចជាស្ងប់ស្ងាត់ ក៏ប៉ុន្តែមិនទាន់ប្រាកដទេថា តើពួកតាមិល នៅបន្តរើបំរះ ឬអត់។ ប៉ុន្តែ សម្រាប់ប្រទសនានា មិនទាន់ចប់សង្គ្រាមទេ។ យើងខ្ញុំត្រូវពន្លត់សង្គ្រាមដែល អ៊ុនតាក់ មិនអាចធ្វើបាន ក្រោយពីចំណាយអស់ទឹកប្រាក់ចំនួន ២ ពាន់លាន។ នយោបាយឈ្នះ-ឈ្នះ របស់យើងខ្ញុំបានបញ្ចប់នូវសង្គ្រាមនេះ នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំ។
សម្រាប់អ្នកប្រវត្តិសាស្រ្ត អ្នកយល់ដឹង ទទួលស្គាល់ ទទួលយល់នូវហេតុផលនេះ និងការជាក់ស្តែងនេះ ប៉ុន្តែសម្រាប់អ្នកប្រឆាំង ខ្លួនខ្ញុំគ្រាន់តែជាមនុស្សល្មោភសង្គ្រាមម្នាក់ ខ្លួនខ្ញុំគ្រាន់តែជាមនុស្សផ្តាច់ការម្នាក់ ដែលបំបិទសេរីភាពនៃសារព័ត៌មាន។ ប៉ុន្តែ បញ្ហាទាំងអស់នេះ មានតែពេលវេលាទេ ដែលវាផ្តល់នូវការវិនិច្ឆ័យ។ មានតែការជាក់ស្តែងទេ វាផ្តល់នូវការវិនិច្ឆ័យ អ្នកដែលសន្យាមិនទាន់ប្រាកដថា គេអាចធ្វើបានទេ។ ធ្លាប់មើលកុនចិនទេ? កុនចិនគេនិយាយអញ្ចេះ ធ្វើដំណើរឆ្ងាយ ទើបដឹងកម្លាំងសេះ។ … ៣៧ ឆ្នាំ នៃរដ្ឋបាល ហេង សំរិន-ហ៊ុន សែន, សម្តេច ហេង សំរិន កាលពីមុន គាត់ធ្វើប្រមុខរដ្ឋផង គាត់ធ្វើនាយករដ្ឋមន្ត្រីផង បន្ទាប់ទៅបានគាត់ធ្វើប្រមុខរដ្ឋ ខ្ញុំធ្វើនាយករដ្ឋមន្ត្រី។ អញ្ចឹង បើសិនជាផ្តាច់ការ ចាំបាច់ទៅចរចាធ្វើអី? វ៉ៃគ្នារហូតដល់ថ្ងៃនេះក៏ប្រហែលជាមិនដឹងថា អ្នកណារស់មិនដឹងថាអ្នកណាស្លាប់។
គោលដៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០
យើងខ្ញុំសូមជម្រាបថា យើងខ្ញុំធ្វើតាំងពីប្រជាជនប្រមាណ ៥ លាន នាក់ ឥឡូវមាន ១៥ លាន នាក់។ កំណើនប្រជាជនពិតជាលឿនណាស់។ យើងខ្ញុំធ្វើតាំងពីអត់ប្រាក់ ឥឡូវនេះ កម្ពុជាបានឆ្លងផុតពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ប៉ុន្តែ យើងខ្ញុំមិនស្កប់ស្កល់ ហើយធ្លាក់ទៅក្នុងអន្ទាក់នៃប្រទេសដែលមានចំណូលមធ្យមនោះទេ។ យើងខ្ញុំត្រូវដាក់ចេញនូវគោលដៅតម្រង់ឆ្ពោះទៅជាប្រទេស ដែលមានប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ហើយនឹងទៅជាប្រទេសដែលអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។ បើទោះបីយើងដឹងថា យើងមិនអាចរស់បានដល់ពេលនោះ ក៏ប៉ុន្តែយើងមានផែនទីចង្អុលផ្លូវសម្រាប់ឆ្ពោះទៅមុខ ទាំងលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យដទៃទៀត សុទ្ធតែតម្រង់ឆ្ពោះទៅរកឆ្នាំ ២០៣០ និងតម្រង់ឆ្ពោះទៅឆ្នាំ ២០៥០។ អ្នកជំនាន់ក្រោយ គេធ្វើយ៉ាងណា កែសម្រួលយ៉ាងណា គឺជារឿងមួយផ្សេងទៀត។ … ឥឡូវនេះ អស់លោក លោកស្រី បានមកប្រគល់ពាន់រង្វាន់ឲ្យខ្ញុំ គឺពានរង្វាន់សន្តិភាព នៅក្នុងអគារសន្តិភាព ហើយអគារនេះ អូប៉ាម៉ា ក៏ធ្លាប់អង្គុយនៅហ្នឹងដែរ ទទួលទានអាហារស្អីៗ ប្រជុំនៅខាងនេះ ថតរូបនៅហ្នឹង ជុំគ្នានៅកន្លែងហ្នឹង។ មិនមែនធ្វើដើម្បីខ្ញុំរស់នៅមួយជីវិតទេ ប៉ុន្តែក្មេងជំនាន់ក្រោយ គេនឹងទទួលផលពីអ្វីដែលយើងធ្វើនៅថ្ងៃនេះ។
បង្កើតឲ្យមានការជួបជុំរវាងនាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន
ថ្ងៃណាមួយ បើសិនជាមានពេល ខ្ញុំអាចនឹងផ្តល់ឱកាសធ្វើបាឋកថាទាក់ទងជាមួយនឹងបញ្ហានយោបាយឈ្នះ-ឈ្នះ ដែលខ្ញុំធ្លាប់បានធ្វើ ២ ដងរួចមកហើយ ជាមួយនឹងមន្រ្តី ក៏ដូចជានិស្សិតនៃសាកលវិទ្យាល័យ ប៉ុន្តែ ក្រោយមកគឺពុំមានឱកាសទេ។ ឥឡូវនេះ សំណូមពររបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ គឺសុំអោយមានការជួបជុំគ្នារវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានមួយឆ្នាំម្តង ដើម្បីចងភ្ជាប់ស្ពាន នៃអ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឲ្យកាន់តែជិតស្និទ្ធ។ ខ្ញុំសូមទទួលយកដោយរីករាយបំផុត។ ដើម្បីបង្កើតបាននូវឱកាសបែបនេះ ហើយកុំឲ្យវាក្រៀមក្រោះ រៀបចំជួបជុំដោយមានការទទួលទានអាហារ និងរាំកម្សាន្តតែម្តងទៅ។ អស់លោក លោកស្រី មិនបាច់ព្រួយបារម្ភទេ រដ្ឋមន្រ្តីព័ត៌មានរបស់យើងខ្ញុំពូកែរៀបចំណាស់រឿងនេះ។ ល្ងាចថ្ងៃទី ៤ ខែ មេសា នេះ ខ្ញុំនឹងជួបកីឡាករ កីឡាការិនីទាំងអស់ ហើយទទួលទានអាហារមួយពេល។ ឥឡូវនេះ សុំឯកឧត្តម ខៀវ កាញ្ញារិទ្ធ ពិនិត្យមើលតើមានប៉ុន្មាន? ដើម្បីយើងកំណត់ថាតើគួរជួបគ្នានៅភោជនីយដ្ឋានណា? ជួបគ្នាផង ជជែកគ្នាផង សួរគ្នាផង ទើបវាឆ្ងាញ់បាយ។
ប៉ុន្តែ ខ្ញុំសង្ឃឹមថា ការជួបនោះនឹងមិនមានអ្នកចោទចំពោះខ្ញុំថា ទិញទឹកចិត្តសារព័ត៌មានទេ។ នៅប្រទេសកម្ពុជា តែមិនស្រួលគេថាទិញទឹកចិត្តគេ។ គ្រាន់តែហ្វេសប៊ុកខ្ញុំបាន likes ច្រើនជាងគេ គេថាទិញ likes។ ពីមុនខ្ញុំអត់លេងហ្វេសប៊ុកទេ ឥឡូវ ហ្វេសប៊ុករបស់ខ្ញុំ likes បានជាងជិត ៣ លានកន្លះ លើសអ្នកដែលលេងមុនខ្ញុំ ២ ឆ្នាំ ជាងមួយលាន likes ទៅហើយ។ កាលពីមុន គេចាញ់ឆ្នោត គេទៅប្រកាស គេទៅបន្ទោសគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ ឥឡូវ សូមទៅរករឿងហ្វេសប៊ុកទៅ ព្រោះខ្ញុំអត់បង្កើតទិន្នន័យខ្លួនឯងកើតទេ។ ខ្ញុំដឹងថា នៅប្រទេសថៃ like ឲ្យខ្ញុំមិនតិចទេ។ ឥឡូវ តើហ្វេសប៊ុកហ្នឹងវាមានប្រព័ន្ធព្រំដែនរវាងខ្មែរ និងថៃ ឬអត់? អត់មានសោះ។ បើអត់មាន បងប្អូននៅខាងថៃ សូម្បីតែ ប្រាយុទ្ធ ចាន់អូចា បើឃើញក៏ like ឲ្យខ្ញុំដែរ។ ដល់លេងមិនឈ្នះគេ មកចោទគេ។ រឿងហ្នឹងតែប៉ុណ្ណឹង។ ពេលខ្ញុំជួបអស់លោក ច្បាស់ណាស់ កាញ្ញារិទ្ធ គាត់នឹងរើសយកអ្នកចម្រៀងល្អៗ ទៅហើយ ដល់អញ្ចឹង គេថាយើងហ្នឹងទិញទឹកចិត្តអ្នកសារព័ត៌មានទៀតហើយ។
កម្ពុជាពិត និងកម្ពុជាលើសារព័ត៌មាន
នៅប្រទេសកម្ពុជា អ្នកដែលជួបអ្នកសារព័ត៌មានច្រើនបំផុត គឺ ហ៊ុន សែន នេះឯង។ បើ ហ៊ុន សែន មិន និយាយទេ អស់លោកបាត់អាជីពហើយ។ ពេល ហ៊ុន សែន និយាយ (គេ)យកទៅសរសេរបានប៉ុន្មានថ្ងៃ។ នៅស្រុកខ្មែរ មានក្រុមអ្នកវិភាគ និងមានក្រុមអ្នកនិយាយ។ ក្រុមអ្នកនិយាយ គេនិយាយបានប៉ុន្មានថ្ងៃឯណោះ។ បើខ្ញុំមិននិយាយទេ គឺគេគ្មានអ្វីទៅនិយាយបន្ត។ អ្នកវិភាគក៏វិភាគតាមមួយបែបទៅ តែដែលខ្ញុំហៅថាអ្នកនិយាយហ្នឹង គឺថា មួយថ្ងៃនិយាយ(មិនឈប់) ហើយក្នុង ១០០ រឿង ចេះទាំង ១០០ រឿង។ ខ្ញុំផ្តល់មតិ ទាំងសារព័ត៌មានក្នុងស្រុក ទាំងបរទេស បើចង់ឲ្យគេជឿលើសារព័ត៌មានរបស់ខ្លួន ត្រូវសរសេររឿងពិត។ ខ្ញុំកំពុងនិយាយអញ្ចឹង ស្រាប់ទៅដល់សារព័ត៌មាន សរសេរខុសពីការពិត ផ្សាយចេញទៅបាត់ ស្រាប់តែដល់ពេលគេយកទៅចាក់ ហ៊ុន សែន និយាយអញ្ចេះទេតើ ហើយម៉េចសារព័ត៌មានមួយនោះ វានិយាយអញ្ចុះ? នោះហើយជាការបាត់បង់ជំនឿ ជាការបាត់បង់អតិថិជន។
អញ្ចឹងបានជាខ្ញុំនិយាយថា កម្ពុជាមាន ២ គឺកម្ពុជាពិត និងកម្ពុជាលើទំព័រសារព័ត៌មាន។ ប៉ុន្តែ ខ្ញុំមិនប៉ាវទាំងអស់ទេ។ លើសារព័ត៌មានខ្លះ (ស្តាប់ទៅ)សឹងថាកម្ពុជាយើងខ្ញុំពេលនេះ កំពុងស្ថិតនៅក្នុងឋាននរកលោកិយទៅហើយ ក្នុងពេលដែលយើងខ្ញុំកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយអំណោយផល។ ចំនួនទេសចរមកកម្ពុជា កាលពីឆ្នាំ ២០១៥ កន្លងទៅ ៤ លាន ៧ សែន នាក់។ ឆ្នាំនេះ យើងខ្ញុំសង្ឃឹមថា បើមិនដល់ ៥ លាន ក៏កៀក ៥ លាន ដែរ។ រឿងដែលងាយយល់ នៅត្រង់ថា តំបន់ជាច្រើនត្រូវរងការវាយប្រហារភេរវកម្ម បើដូច្នេះ គឺទេសចរគឺតម្រង់ឆ្ពោះមកអាស៊ីអាគ្នេយ៍ ដែលជាតំបន់សុវត្ថិភាព ហើយធាតុអាកាសក៏មិនជាអាក្រក់ទេ។
ជាថ្មីម្តងទៀត ខ្ញុំអរគុណជាមួយនឹងការផ្តល់នូវពានរង្វាន់ ដ៏ឧត្តុងឧត្តមសម្រាប់ខ្ញុំទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍ ដែលមានចំណងទាក់ទងជាវិចារវិទ្យា។ តែចាំឲ្យច្បាស់លើចំណុចនេះ បើគ្មានសន្តិភាពកុំនិយាយដល់ការអភិវឌ្ឍ ហើយបើសិនគ្មានការអភិវឌ្ឍ កុំនិយាយដល់ការរក្សាសន្តិភាព ព្រោះវាគង់តែបាត់បង់ទេ។ ទាំង ២ ហ្នឹង ត្រូវជាគូជាមួយគ្នា ដើរទៅជាមួយគ្នា។ ចង់រក្សាសន្តិភាពបាន ត្រូវតែមានការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ និងប្រឆាំងអំពើមិនប្រក្រតីទាំងឡាយ អំពើអសកម្ម អំពើពុករលួយ និងអំពើអយុត្តិធម៌សង្គម។ ឥឡូវនេះ សួរថា តើនរណាទៅវិនិយោគនៅអ៊ីរ៉ាក់? នៅស៊ីរី? នៅលីប៊ី? នៅយេមេន? ដូចកម្ពុជាក្នុងទសវត្សរ៍ ៧០ និង ៨០ ដែលមានសង្គ្រាមណាស់។ ប៉ុន្តែ នៅពេលដែលកម្ពុជា ចាប់ពីសូន្យទេសចរ ឡើងដល់ ៤ លាន ៧ សែន ទេសចរ តើមកពីអី? នេះមកពីសន្តិភាព ហើយមកពីការអភិវឌ្ឍ ដែលយើងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដូចជាព្រលានយន្តហោះ សណ្ឋាគារ … ។
… ល្មមដល់ពេលចប់ហើយ ព្រោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ត្រូវធ្វើដំណើរធ្វើការទៀត ហើយអរគុណចំពោះឯកឧត្តម លោកជំទាវ ដែលមកចូលរួមអបអរសាទរ ជាមួយនឹងកិត្តិយស ដែលខ្ញុំទទួលបាននៅថ្ងៃនេះ។ ខ្ញុំក៏សូមឧទ្ទិសនូវកិត្តិយសនេះ ជូនចំពោះសហការីទាំងអស់របស់ខ្ញុំ ជូនចំពោះថ្នាក់ដឹកនាំទាំងអស់របស់ខ្ញុំ ជូនចំពោះភរិយា កូនៗ និងចៅៗខ្ញុំ និងជូនចំពោះប្រជាជនកម្ពុជាទាំងអស់។ បើគ្មានការគាំទ្រពីប្រជាជនកម្ពុជា ពីថ្នាក់ដឹកនាំ ពីសហការី ពីភរិយា ពីកូន និងពីចៅទេ ខ្ញុំមិនអាចសម្រេចជោគជ័យបានមកដល់ថ្ងៃនេះទេ។ ហើយសូមយកឱកាសនេះ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស បងប្អូនដែលបានអញ្ជើញមកពី UMA សូមទទួលបាននូវការរីករាយក្នុងការស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា និងសូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕