សង្កថា ក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA)

មូលហេតុនៃការទទួលបានពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានទទួលនូវពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍពីសហព័ន្ធ​អ្នកសារ​ព័ត៌មានអាស៊ាន (UMA)។ ដំបូង ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ UMA ដែលបានជ្រើស​រើសរូបខ្ញុំឲ្យទទួលយកពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ នៅពេលនេះ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយ​យកចិត្តទុកដាក់នូវសុន្ទរកថារបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ក៏ដូចជា សុន្ទរកថារបស់លោក ប្រាសិទ្ធ សែន​រុង​រឿង ទាក់ទងជាមួយនឹងសកម្មភាពបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វី​បាន​ជា​ខ្ញុំត្រូវទទួលយកនូវពានរង្វាន់មួយនេះ មិនមែនបានសេចក្តីថា អ្វីក៏ ហ៊ុន សែន ត្រូវទទួលនោះទេ។ ខ្ញុំ​ធ្លាប់​បានបដិសេធ  ឫមិនឆ្លើយតប មិនទទួលនូវពានរង្វាន់ខ្លះដែលផ្តល់មកពីទីកន្លែងនេះ ទីកន្លែង​នោះ ឬ​ក៏​សញ្ញាបត្រពីកន្លែងនេះ​ និងកន្លែងនោះ។ ផ្ទុយទៅវិញ ខ្ញុំបែរជាផ្តល់ឱកាស និង​ទទួល​យក​ដោយកា​រ​ពេញចិត្តនូវពានរង្វាន់មួយនេះ។ ដោយសារហេតុផលថា ខ្ញុំចង់ឲ្យសមាគមអ្នក​សារព័ត៌មានរបស់យើង ដែលនៅជិតខាងគ្នានេះ ក្លាយទៅ​ជា​ស្ថាប័នមួយ ជួយពង្រឹងដល់ទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់របស់​យើង។ ដូច​ដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញ មិនមែនអ្វីក៏ ហ៊ុន សែន ចេះតែទទួលទេ។ មានការជ្រើសរើស ហើយ​ក៏មានការវាយតម្លៃត្រឹមត្រូវ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះ​គំនិតផ្តួច​ផ្តើម​ទាំងឡាយ នៃ​បណ្តាអ្នកសារព័ត៌មាននៅក្នុងចំណោមបណ្តាប្រទេស…