ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ
នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ (២០០៦-២០១៦)» ដែលត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។
ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់លោកតំណាងពិសេសរបស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លើយតបជាវិជ្ជមានចំពោះការអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបនាថ្ងៃនេះ។ ទន្ទឹមនេះ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ បានផ្តល់ដល់កងកម្លាំងកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព រយៈពេល ១០ ឆ្នាំមកនេះ។
ខ្ញុំក៏សូមអបអរសាទរជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី, នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ពិសេសកម្លាំងមួកខៀវកម្ពុជា ដែលបានបង្កើតនូវភាពជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅលើលោក បន្ថែមលើបុព្វហេតុរួមរបស់កម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ ខ្ញុំក៏សូមយកឱកាសនេះ ផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ខ្លាំងបំផុតចំពោះយុទ្ធជន, យុទ្ធនារីរបស់យើងទាំង ៨៨៨ នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេស។
ជាការពិត កាលពី ១០ ឆ្នាំមុននេះ ខ្ញុំបានជូនដំណើរដល់កងអនុសេនាធំបោសសម្អាតមីនកម្ពុជា ដែលត្រូវទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ បេសកកម្មជាលើកដំបូងបង្អស់របស់កងទ័ពមួកខៀវកម្ពុជា នាពេលនោះ បានបើកទំព័រប្រវត្តិសាស្ត្រនៃការរួមចំណែករបស់កម្ពុជាយើង ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ការសម្រេចចាត់បញ្ជូនកងទ័ពបោសសម្អាតមីនរបស់កម្ពុជានៅពេលនោះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយត្រូវបានធ្វើឡើងក្នុងខណៈដែលកម្ពុជាខ្លួនឯងកំពុងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបង្កឱ្យប្រជាជនស្លូតត្រង់របស់យើងស្លាប់, របួស និងពិការប្រមាណជាង ៨០០ នាក់ ក្នុងមួយឆ្នាំៗ។ ប៉ុន្តែការសម្រេចនោះ គឺជាការសម្រេចដ៏សំខាន់មួយ ដែលរូបខ្ញុំផ្ទាល់ជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ក្នុងឋានៈជារដ្ឋសមាជិកអង្គការសហប្រជាជាតិ, ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ជាពិសេសក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមបំផ្លិចបំផ្លាញដ៏រ៉ាំរ៉ៃ កម្ពុជាចាំបាច់ត្រូវតែខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីទៅរួមចំណែកសម្រាលទុក្ខលំបាក, ជួយដល់ប្រទេសផ្សេង ដែលកំពុងប្រឈម និងរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដូចកម្ពុជាយើងដែរ។ នេះគឺជាការសម្រេចចិត្តមួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជាតិខ្លួននោះទេ ប៉ុន្តែ ថែមទាំងបានរួមចំណែកគិតគូរអំពីសុខទុក្ខដល់ប្រជាជាតិផ្សេងទៀត នៅលើពិភពលោក។ នេះគឺជាឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្តែងសាមគ្គីភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព, សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក។
កិច្ចការនេះ បានវិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដោយបានចាប់ផ្តើមពីកងបោសសម្អាតមីនមានចំនួនត្រឹម ១៣៥ នាក់ នៅប្រទេសស៊ូដង់នាឆ្នាំ ២០០៦ ហើយរហូតមកទល់ថ្ងៃនេះ យើងមានកងទ័ព ៣ ៥៥៧ នាក់ ដែលបាន និងកំពុងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ វិរៈយុទ្ធជនយើងបានប្រតិបត្តិការនៅ តំបន់ឤហ្វ្រិក, មជ្ឈឹមបូព៌ា និងអ៊ឺរ៉ុប ពោលគឺនៅស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, សាធារណរដ្ឋឤហ្វ្រិកកណ្តាល, លីបង់, ស៊ីរី, ម៉ាលី និងនៅលើ កោះស៊ីព្រ៍ ក្នុងនាមជាប្រទេសឯករាជ្យ, មានអធិបតេយ្យពេញលេញ និងជាសមាជិកអង្គការសហប្រជាជាតិ។ ក្នុងនោះដែរ កម្លាំងរបស់យើងបានពង្រីកវិសាលភាពជំនាញរបស់ខ្លួន ពីការងារបោសសម្អាតមីន ទៅបំពេញភារកិច្ចជាតម្រួតយោធា, វិស្វកម្ម, ពេទ្យ, ជាអ្នកបោសសម្អាតគ្រឿងផ្ទុះភេវរកម្ម រហូតដល់បំពេញមុខងារជា នាយទាហានសង្កេតការណ៍ និងជានាយទាហានសេនាធិការទៀតផង។ ការពង្រីក និងបំពេញការងារបានដោយជោគជ័យ លើជំនាញច្រើនបែបនេះ សឱ្យឃើញនូវសមត្ថភាព និងសក្តានុពលរីកលូតលាស់ដ៏ ខ្លាំងក្លារបស់កងទ័ពយើង ក្នុងការធ្វើសមាហរណកម្មខ្លួនចូលក្នុងប្រព័ន្ធពហុជាតិសាសន៍របស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរ ទាំងចំពោះសកម្មភាពក្នុងស្រុក, ទាំងចំពោះសកម្មភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាក់ស្តែង អង្គការសហប្រជាជាតិបានស្នើខ្ចីកម្លាំងពីកងវិស្វកម្មកម្ពុជានៅ លីបង់ មកប្រតិបត្តិការ បោសសម្អាតមីននៅលើ កោះស៊ីព្រ៍ ហើយសមាជិកនានានៃសហគមន៍ឤស៊ានបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌល សកម្មភាពមីនតំបន់ឤស៊ាន ដែលកត្តាទាំងនេះជាសក្ខីភាពនៃការទទួលស្គាល់ស្នាដៃរបស់កម្ពុជា។ នេះគឺជាមោទនភាពបំផុត ដែលបានធ្វើឱ្យទង់ជាតិរបស់កម្ពុជាយើង បានបក់រវិចៗជាមួយទង់ជាតិ នៃប្រទេសទាំងឡាយ ដែលបរិច្ចាគកងទ័ពចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិដូចគ្នា។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះចំពោះស្នាដៃ និងវីរៈភាពរបស់កងទ័ពមួកខៀវកម្ពុជា ដែលតែងបានបង្ហាញនូវសមត្ថភាពវិជ្ជាជីវៈគ្រប់យ៉ាង, ការគោរពវិន័យម៉ឺងម៉ាត់, ការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ, របស់កងយោធពលខេមរភូមិន្ទ, របស់ប្រជាជនយើងទាំងមូល ហើយក៏ជាការបង្ហាញនូវមិត្តភាព, សាមគ្គីភាព, ទំនាក់ទំនងល្អនៅគ្រប់កន្លែង ដែលកម្លាំងយើងប្រតិបត្តិការ។ ក្នុងស្មារតីនេះ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការពារជាតិ, គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិ ដែលបានសហការដឹកនាំសម្របសម្រួលទ្រទ្រង់កិច្ចការសម្រិតសម្រាំងកងកម្លាំង, រៀបចំហ្វឹកហាត់ បំពាក់ឧបករណ៍, សម្ភារៈ និងបញ្ជូនកងទ័ពយើងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយជោគជ័យក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយផ្តើមចេញពីបាតដៃទទេ ហើយសម្រេចសមិទ្ធិផលធំធេងជូនជាតិ មាតុភូមិ។
នេះគឺជាមោទនភាពរកអ្វីប្រៀបស្ទើរពុំបានឡើយ ខណៈកាលពីជាងម្ភៃឆ្នាំមុន កម្ពុជាគឺជាប្រទេសដែលទទួលយក ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ ដើម្បីមកធ្វើប្រតិបត្តិការរក្សាសន្តិភាពនៅលើទឹកដីដ៏កំសត់ ដែលពោរពេញដោយជម្លោះ និងការហែកហួរគ្នា។ ឥទ្បូវនេះ កម្ពុជាបានក្លាយជាប្រទេស ដែលបញ្ជូនកងកម្លាំងរបស់ខ្លួនឱ្យពាក់មួកខៀវ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនដែលជាចំណុចក្តៅនៅលើសកលលោក។
[ការដកស្រង់សេចក្តីអធិប្បាយ ចាប់ផ្តើម]
ការសម្រេចចិត្តនយោបាយត្រឹមត្រូវ និងគួរអោយមោទនៈ
អនុញ្ញាតអោយខ្ញុំរម្លឹកបន្តិច។ នៅក្នុងប្រវត្តិជីវិតនយោបាយរបស់ខ្ញុំនេះ ខ្ញុំពិតជាបានសម្រេចចិត្តលើបញ្ហាធំៗ ជាច្រើន តំាងពីការចាប់ផ្តើមធ្វើសកម្មភាព នៃការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាបន្តបន្ទាប់ គឺធ្វើការសម្រេចចិត្តពាក់ព័ន្ធជាមួយនឹងបញ្ហាសង្គ្រាម ឬសន្តិភាព។ ការសម្រេចចិត្តទទួលយកអង្គការសហប្រជាជាតិចូលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា មិនមែនជាបញ្ហាងាយស្រួលទេ ក្នុងកាលៈទេសៈដែលពេលនោះជាប្រធាននៃអ្នកចរចា និងជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលមួយដែលកំពុងមានជម្លោះជាមួយភាគីដទៃ។ ភាគីផ្សេងទៀត និងសហគមន៍អន្តរជាតិទទូចអោយមានអង្គការសហប្រជាជាតិចូលរួមប្រតិបត្តិការ។ ខ្ញុំខ្លួនឯងពិភាក្សាជាមួយសហការី ក្នុងពេលវេលានៃការចរចាដ៏លំបាកនោះ ហើយសម្រេចថា យើងត្រូវទទួលយកនូវកម្លំាងមួកខៀវរបស់អង្គការសហប្រជាជាតិ មកប្រតិបត្តិការក្នុងប្រទេសយើង ដើម្បីបង្កើតនូវជំនឿទុកចិត្ត អោយគ្រប់ភាគីពាក់ព័ន្ធទំាងអស់ … ចូលរួមនៅក្នុងការរកសន្តិភាព និងការបង្រួបបង្រួមជាតិ។
… ក្រោយមក យើងត្រូវធ្វើការសម្រេចចិត្តមួយទៀត។ វាជាការសម្រេចចិត្តដែលមិនមែនជាការងាយស្រួល នោះនៅត្រង់ថា កម្ពុជាខ្លួនឯងកំពុងតែលំបាក ប៉ុន្តែបែរជាចិត្តធំហ៊ានបញ្ជូនកងទ័ពទៅក្រៅប្រទេស។ ក្នុងអតីតកាល ជនជាតិកម្ពុជាមិនមែនមិនធ្លាប់ចេញទៅក្រៅប្រទេស ដើម្បីធ្វើការប្រយុទ្ធនោះទេ។ ខ្ញុំធ្លាប់បានជួបជនជាតិកម្ពុជា, ហើយដែលគាត់បានទទួលមរណភាពប្រហែលជា ១៥ ឆ្នំាមុន, បានអោយដឹងថាគាត់បានទៅប្រយុទ្ធនៅលើទឹកដី អាល់ហ្សេរី និងម៉ារ៉ុក ក៏ប៉ុន្តែនៅពេលនោះ គាត់ទៅក្នុងឋានៈជាទាហានរបស់បារំាង។ ព្រោះយើងស្ថិតនៅក្រោមអាណានិគមបារំាង។ ដូច្នេះបារំាងយកជនជាតិកម្ពុជាទៅប្រយុទ្ធនៅលើទឹកដីប្រទេសដទៃ …។ លើកនេះ យើងបានបញ្ជូនក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឆ្លើយតបជាមួយនឹងការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលត្រូវការកម្លំាងដោះមីន។
កម្ពុជាបញ្ជូនកម្លាំង តែក្នុងក្របខ័ណ្ឌប្រតិបត្តិការអង្គការសហប្រជាជាតិប៉ុណ្ណោះ
ថ្ងៃ ១ មីនា នេះ គឺជាថ្ងៃដែលខ្ញុំធ្វើការសម្រេចចិត្ត ដោយមិនទុកអោយថ្នាក់រដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រីធ្វើការសម្រេចចិត្តទេ ហើយក៏មិនទុកអោយប្រធានរដ្ឋសភា ឬប្រធានព្រឹទ្ធសភាធ្វើការសម្រេចចិត្តដែរ។ វាច្បាស់ណាស់ថា នាយករដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ។ ខ្ញុំពិតជាមានមោទនភាព។ ពេលនោះខ្ញុំបាននិយាយថា “លោតចុះទៅក្នុងទឹក ទើបចេះហែលទឹក” ដែលខ្ញុំចង់មានន័យថា បើយើងមិនបញ្ជូនកម្លំាងទៅក្រៅប្រទេស ធ្វើម៉េចដឹងថា រសជាតិនៃការបញ្ជូនកម្លំាងទៅក្រៅប្រទេសវាបែបណា? មិនមែនគ្មានអ្នកលើកឡើងនូវសំណួរថា តើកម្ពុជាគួរបញ្ជូនទៅឬទេ? មុនពេលបញ្ជូនទៅមានប្រទេសមួយបានស្នើបញ្ជូនកម្លាំងកម្ពុជាទៅប្រទេសមួយ ទោះតិចក្តី ច្រើនក្តី ឬជាក្រុមគ្រូពេទ្យ ប៉ុន្តែខ្ញុំបានបដិសេធ ព្រោះថាខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
កម្ពុជាអាចបញ្ជូនកម្លាំងទៅក្រៅប្រទេសបាន តែក្នុងក្របខណ្ឌនៃប្រតិបត្តិការរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ ដូច្នេះយើងបានបញ្ជូនចេញនូវកម្លាំង ដែលមកដល់ពេលនេះ អាចនិយាយដោយមោទនភាពបានថា អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង ពលទាហាន មិនធ្វើឲ្យកម្ពុជាខូចពូជនោះទេ ចាប់តាំងពីពេលចេញដំណើរ រហូតមកដល់ពេលនេះ។ ចាំបានទេ! នៅពេលខ្ញុំធ្វើការផ្តាំផ្ញើកងអនុសេនាធំដំបូង ១៣៥ នាក់? យើងមានបទពិសោធន៍នៃប្រតិបត្តិការនៃទាហានអង្គការសហប្រជាជាតិមួយចំនួននៅកម្ពុជា រាប់ទាំងបញ្ហារកស៊ីរត់ពន្ធនៅទីនេះ។ ទាហានអង្គការសហប្រជាជាតិ តែរកស៊ីរត់ពន្ធនៅកម្ពុជា។ បទពិសោធន៍ទាំងអស់នេះបានប្រមូលផ្តុំចងក្រង សម្រាប់បំពាក់បំប៉ននាយទាហានសម្រាប់សីលធម៌នាយទាហាន នាយទាហានរង ពលទាហានរបស់យើងចេញទៅប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស។ … រឿងត្រូវដកពិសោធន៍ជាបន្ត គឺកូនកាត់ និងជំងឺអេដស៍បានកើតយ៉ាងច្រើននៅសម័យអ៊ុនតាក់។ នេះជារឿងពិត។ ដោយយោងទៅលើបទពិសោធន៍នោះហើយ បានជាទាហានមួកខៀវរបស់កម្ពុជាទាំងអស់ ត្រូវមើលឈាមឲ្យច្បាស់មុនបញ្ជូនចេញ ព្រោះកុំនាំអេដស៍ពីកម្ពុជាទៅប្រទេសដទៃ ហើយក៏មិនទាន់ឮព័ត៌មានថាអស់លោកនាយទាហាន ពលទាហានបានបន្សល់ទុកកូននៅប្រទេសដែលអស់លោកប្រតិបត្តិការនោះទេ …។
មហិច្ឆតាពង្រីកកម្លាំងការពារសន្តិភាព, ផ្តល់ជំនួយ ០,៧% នៃ ផសស បើជាប្រទេសមានខាងសេដ្ឋកិច្ច
… សូមជម្រាបលោកជំទាវថា ខ្ញុំពិតជាមានមហិច្ឆតាធំណាស់។ អម្បាញ់មិញខ្ញុំបានប្រាប់ថា មានផែនការពង្រីកកម្លាំងបញ្ជូនទៅក្រៅប្រទេស។ ឥឡូវ កម្ពុជាកំពុងស្ថិតក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិក្នុងការរៀបកម្លាំងរហ័ស។ យើងនឹងពិនិត្យបន្ត ក្នុងការចូលរួមចំណែកប្រតិបត្តិការ ទៅក្នុងប្រទេសមួយចំនួនទៀត នៅពេលមានសំណូមពរពីអង្គការសហប្រជាជាតិ។ មិត្តភក្តិបានជួយមកដល់យើង។ យើងក៏បានជួយទៅដល់មិត្តភក្តិវិញផងដែរ។ ពិតមែនតែកម្ពុជាក្រ យើងក្រប្រាក់កាស ក៏ប៉ុន្តែយើងខ្ញុំមិនក្រផ្លូវចិត្តនោះទេ។ នៅពេលដែលខ្ញុំជួបនាយករដ្ឋមន្ត្រីបារាំងដែលមកកម្ពុជាចំនួនពីរដង Jean-Marc Ayrault និង François Fillon ខ្ញុំក៏បាននិយាយជាមួយគាត់ថា ទន្ទឹមជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ សូមអោយបារាំងសហការ។ នៅពេលដែលខ្ញុំជួបប្រធានាធិបតីបារាំង (លោក) ហូឡង់ ទាំងពេលប្រជុំ អាស៊ី-អឺរ៉ុប (ឆ្នាំ)២០១៤ នៅឯអ៊ីតាលី និងទស្សនកិច្ចកន្លងទៅ ខ្ញុំក៏បានស្នើឲ្យគាត់បង្កើនការយកចិត្តទុកដាក់សហការខាងព័ត៌មាន។ ខ្ញុំក៏បានធ្វើកិច្ចការងារនេះជាមួយប្រទេសខ្លះទៀត ដែលមានកម្លាំងទៅក្រៅប្រទេស ដើម្បីធានាថា កម្លាំងរបស់យើងដែលបញ្ជូនចេញនេះ គឺយើងមានព័ត៌មានជាក់លាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ សម្រាប់កម្លាំងរបស់យើងនៅទីនោះ និងពង្រឹងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន។ ក្នុងហ្នឹងខ្ញុំក៏ធ្លាប់ធ្វើការជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ដែលកម្លាំងរបស់យើងនៅឯស៊ូដង់ខាងត្បូង គឺកម្លាំងបោះ(ជំរុំ)មិនឆ្ងាយពីកងទ័ពឥណ្ឌា។ យើងធ្លាប់ធ្វើសហប្រតិបត្តិការ ដោយកម្ពុជាផលិតទឹកស្អាត ហើយក៏មានការចែកចាយជាមួយនឹងកងទ័ពឥណ្ឌា ជួយផ្គត់ផ្គង់ជាមួយកងទ័ពឥណ្ឌាផងដែរ។
បើសិនកម្ពុជាក្លាយជាប្រទេសអ្នកមានខាងសេដ្ឋកិច្ចវិញ កម្ពុជានឹងផ្តល់ជំនួយទៅក្រៅប្រទេសឲ្យស្មើនឹង ០.៧% នៃ GDP។ នេះជាមហិច្ឆតារបស់ខ្ញុំ។ តែឥឡូវកម្ពុជាមិនទាន់ឈានទៅដល់ដំណាក់កាលនោះទេ។ កម្ពុជានៅជាប្រទេសក្រីក្រ ត្រឹមតែមានលទ្ធភាពបញ្ជូនកម្លាំងទៅជួយប្រតិបត្តិការរក្សាសន្តិភាព ដើម្បីបំបាត់ចោលនូវស្ថានភាពការគ្រោះថ្នាក់ដោយសារមីន គ្រាប់មិនទាន់ផ្ទុះ ឬក៏ទាក់ទិននឹងគ្រូពេទ្យ និងអ្វីជាតម្រូវការរបស់អង្គការសហប្រជាជាតិនៅទីនោះ។ ប៉ុន្តែ បន្តិចម្តងៗ យើងបានត្រៀមខ្លួន ដើម្បីបញ្ជូនជំនួយខ្លះទៅកាន់ប្រទេសអាហ្វ្រិក ដែលបានលើកសំណូមពរចំពោះខ្ញុំរួចមកហើយ។ កំពុងតែគិតគូរ អំពីបញ្ហានេះ ហើយអាចធ្វើសកម្មភាពនៅពេលខាងមុខ។
ខ្ញុំអរគុណប្រជាជនកម្ពុជា ដែលបានគាំទ្រចំពោះនយោបាយការបរទេសរបស់ខ្ញុំ ជាពិសេសការសម្រេចចិត្តបញ្ជូនកងកម្លាំងរបស់កម្ពុជាចូលរួមប្រតិបត្តិការរក្សាសន្តិភាព ដែលការសម្រេចចិត្តនេះ បានធ្វើឲ្យកម្ពុជាមានមុខមានមាត់ជាមួយនឹងប្រទេសដទៃ ដែលបានបញ្ជូនកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាព។ កម្ពុជានឹងធ្វើការងារនេះជាបន្តទៀត ហើយមិនមែនធ្វើពីធំមកតូចទេ យើងធ្វើពីតូចទៅធំ។ សូមលោកជំទាវជំរាបទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីនឹងឆ្លើយតបទៅនឹងសំណូមពររបស់អគ្គលេខាធិការ និងអង្គការសហប្រជាជាតិ នៅពេលមានតម្រូវការទៅដល់កម្លាំង។
[ចប់ សេចក្តីអធិប្បាយ]
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ដោយឡែក ខ្ញុំក៏សុំអរគុណចំពោះមិត្តបរទេសទាំងអស់ ក្នុងនោះមាន អូស្ត្រាលី ឥណ្ឌា អាមេរិក បារាំង ជប៉ុន ចិន និងថៃ ដែលបានជួយហ្វឹកហាត់ បំពាក់បំប៉ន ទាំងជំនាញ និងភាសា, ឧបត្ថម្ភសម្ភារៈហ្វឹកហ្វឺន ដល់កងកម្លាំងកម្ពុជា អាចលើកកម្រិតសមត្ថភាពរបស់ខ្លួន ស្របតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ។ ខ្ញុំសុំអរគុណជាពិសេសដល់បញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច ដែលបានជួយឧបត្ថម្ភគាំទ្រដល់លំហាត់យោធាពហុជាតិ ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាព ជាសាកល ជាប្រយោជន៍ដល់ប្រទេសនានាបានរៀនសូត្រដកពិសោធន៍ និងបំពេញសមត្ថភាព សម្រាប់ បំពេញប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក។
ជាមួយនេះ យើងក៏បានដឹងដែរថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាបេសកកម្មដ៏លំបាក ស្មុគស្មាញ ហើយប្រកបដោយគ្រោះថ្នាក់។ កងកម្លាំងរបស់យើងរងគ្រោះជារឿយៗ ដោយសារការពួនស្ទាក់វាយប្រហារ បាញ់ផ្លោង បង្កៃគ្រាប់ផ្ទុះពីសំណាក់ក្រុមឧទ្ទាម ឬក្រុមជម្លោះប្រដាប់អាវុធ ជាដើម។ កម្លាំងយើងក៏ប្រឈមនឹងគ្រោះថ្នាក់ធម្មជាតិ និងជំងឺកាចសាហាវ ដែលកន្លងទៅបានឆក់យកជីវិតនាយទាហានយើង ចំនួន ៤ រូប និងធ្វើឲ្យរបួសមួយចំនួនទៀត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសុំគោរពដល់វិញ្ញាណក្ខន្ធសពនាយទាហាន នាយទាហាន រងរបស់យើង ដែលបានធ្វើពលីកម្ម លះបង់សាច់ស្រស់ ឈាមស្រស់របស់ខ្លួន ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ដ៏ថ្លៃថ្លានេះ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ជាការពិត កម្ពុជាអាចបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិនៅពេល នេះបាន ដោយសារស្ថានភាពប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ និងទឹក ដីទាំងស្រុង ដែលផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ ដើម្បីបង្រួបបង្រួមផ្សះផ្សារជាតិ និងការរួមរស់ជាមួយ គ្នា ដោយសេចក្តីសុខសាន្ត។ នៅលើមូលដ្ឋាននេះ កម្ពុជាបានប្រឹងប្រែងតស៊ូជំនៈឧបសគ្គការលំបាកជា ច្រើនរាប់មិនអស់ ធានារក្សាបានសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការអន្តរ ជាតិ និងសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
[ការដកស្រង់សេចក្តីអធិប្បាយ ចាប់ផ្តើម]
បើកម្ពុជាខ្លួនឯងអត់សន្តិភាពទេ អត់មានលទ្ធភាពបញ្ជូនកម្លាំងទៅក្រៅទេ
បើនិយាយឲ្យពិតទៅ បើកម្ពុជាខ្លួនឯងអត់សន្តិភាពទេ អត់មានលទ្ធភាពបញ្ជូនកម្លាំងទៅក្រៅទេ កុំថាអត់ មានលទ្ធភាពបញ្ជូនកម្លាំងទៅក្រៅ នៅខាងក្នុងវានៅតែវ៉ៃគ្នាហ្នឹង សូម្បីតែធ្វើស្ពានក៏ដាច់ស្ពាន ធ្វើសាលាក៏ ឆេះសាលា។ រឿងសង្គ្រាមវាអញ្ចឹង (អ៊ី) ឈាន ដុតអស់។ អម្បាញ់មិញ ចាក់រូបនយោបាយឈ្នះ-ឈ្នះ ឃើញ អ៊ី ឈាន, ហ្នឹងហើយនយោបាយឈ្នះ-ឈ្នះនោះ ដែលកម្ពុជាឯកភាពទឹកដីជាលើកដំបូង ក្នុង ប្រវត្តិប្រមាណ ៥០០ ឆ្នាំ។ ពីកម្ពុជាមួយមានតំបន់ត្រួតត្រាច្រើន ទៅកម្ពុជាមួយមានតំបន់ត្រួតត្រាតែមួយទេ ដែលនៅក្នុងប្រវត្តិរបស់ខ្លួន កម្ពុជា(កម្រជាប្រទេសមាន)តំបន់ត្រួតត្រាមួយ។
[ចប់ សេចក្តីអធិប្បាយ]
ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តនយោបាយក្រៅប្រទេសរបស់ខ្លួន នៅលើគោលការអព្យា ក្រឹត្យ សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ។ កសាងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជា មួយគ្រប់ប្រទេសនៅលើពិភពលោក ដោយឈរលើមូលដ្ឋានស្មើភាពស្មើសិទ្ធិ ការគោរពឯករាជ្យអធិប តេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន។ រាជរដ្ឋាភិបាល(កម្ពុជា)នឹងបន្តកិច្ចខិតខំពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសជាមិត្ត ជាមួយអង្គការអន្តរជាតិ អង្គការតំបន់ ដើម្បីរួមចំណែកបន្តដោះ ស្រាយបញ្ហាប្រឈមសំខាន់ៗជាអន្តរជាតិ ដូចជាការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការបំពុល បរិស្ថាន ទប់ស្កាត់ជំងឺឆ្លង ជាដើម។
ផ្តាំផ្ញើ ៤ ចំណុច
ជាមួយនឹងការកោតសរសើរដោយស្មោះជាមួយស្នាដៃ និងការរីកចម្រើនជាបន្តបន្ទាប់របស់កងកម្លាំងមួក ខៀវរបស់កម្ពុជារយៈពេល ១០ ឆ្នាំ កន្លងទៅនេះ ខ្ញុំសុំធ្វើការផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ ដូចតទៅ៖
១. សុំបន្តខិតខំហ្វឹកហាត់បង្កើនសមត្ថភាពវិជ្ជាជីវៈ និងជំនាញ ពង្រីកចំណេះដឹងទូទៅ ស្វែងយល់ឲ្យបាន ច្បាស់ពីស្ថានភាពភូមិសាស្ត្រ នយោបាយ សង្គម ការប្រឈមទាំងឡាយ នៃបេសកកម្មដែលកងទ័ពយើង ត្រូវបំពេញ ដើម្បីសម្រេចដោយជោគជ័យ និងសុវត្ថិភាពនូវបេសកកម្មទាំងនោះ។ ត្រូវខិតខំរៀនភាសា បរទេសបន្ថែមទៀត ពិសេសភាសាអង់គ្លេស និងបារាំង ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយ ទាហាន និងប្រជាជន នៃប្រទេសដែលយើងបោះទីតាំងក្នុងការបំពេញបេសកកម្មជាមួយសហការីសហ ប្រជាជាតិ និងជាយានដើម្បីឈោងចាប់ចំណេះវិជ្ជាខ្ពស់ជាងនេះទៀត។
២. ត្រូវបន្តគោរពវិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ អនុសាសន៍ និងបទបញ្ជាទាំងឡាយរបស់អង្គការសហ ប្រជាជាតិ ព្រមទាំងរក្សាភាពថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសជាតិ និងរបស់កងយោធពលខេមរភូមិន្ទ។ ត្រូវដឹងថា ក្នុងពេលបំពេញបេសកកម្ម កម្លាំងកម្ពុជាយើងបានក្លាយទៅជាកម្លាំងរបស់អង្គការសហប្រជា ជាតិ ប្រតិបត្តិការក្រោមច្បាប់របស់អង្គការសហប្រជាតិ និងស្ថិតក្រោមការបង្គាប់របស់មេបញ្ជាការសហប្រ ជាជាតិ។ ត្រូវឆ្លៀតយកឱកាសបេសកកម្មនេះ ដើម្បីរៀនសូត្រដកពិសោធន៍ បង្កើនចំណេះដឹងពីរបៀបរបប ធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលជាប្រព័ន្ធអន្តរជាតិ។
៣. ត្រូវបន្តទំនាក់ទំនងល្អជាមួយបណ្តាប្រទេស ជាមួយប្រជាជន គោរពទំនៀមទម្លាប់ និងចេះជួយប្រជា ជននៅទីកន្លែងដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ។ កន្លងទៅ កម្លាំងយើងទៅដល់ទីណាបានជួយ ទំនុកបម្រុងឧបត្ថម្ភ ចែករំលែកស្បៀងអាហារ ជួយពិនិត្យព្យាបាលជំងឺ សង្រ្គោះការពារប្រជាជនមូលដ្ឋាន នៅទីនោះ។ នេះជាកាយវិការប្រកបដោយមនុស្សធម៌ សីលធម៌ថ្លៃថ្នូរបំផុត សក្តិសមជាតំណាងកងយោធ ពលខេមរភូមិន្ទយើងពិតៗ។
៤. ត្រូវបន្តប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ទាំងគ្រោះថ្នាក់ដែលអាចកើតឡើងដោយការ ប្រយុទ្ធប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានា។ ត្រូវចេះស្រឡាញ់គ្នា មើលថែទាំគ្នា យកអាសារគ្នាទៅវិញទៅមក សមដូច ពាក្យចាស់លោកពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ”។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងចូលរួមបេសក កម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ, ២០០៦-២០១៦ នាពេលនេះ ខ្ញុំសុំជូន ពរដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅឯនាយ សូមទទួលបានជោគ ជ័យ និងប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា និងប្រសិទ្ធិពរជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិការ នៃអង្គសន្និបាត នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សុំប្រកបដោយពុទ្ធពតទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕