សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទី មេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និង លើកទិសដៅការងារឆ្នាំ ២០១៦» របស់ក្រសួងមហាផ្ទៃ នាឱកាសនេះ ។
ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ, ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិទាំងមូល, ក្រសួង-ស្ថាប័ននានា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផល នានាជាច្រើន ជូនប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ ទោះបីជាស្ថានភាពនៅ ក្នុងតំបន់ និងពិភពលោក បានប្រឈមនឹងបញ្ហាអសន្តិសុខយ៉ាងណាក្តី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាយើងនៅ តែធានារក្សាបាននូវសន្តិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម និងសន្តិសុខជាតិយ៉ាងល្អប្រសើរ។ ក្នុង នោះ បទល្មើសព្រហ្មទណ្ឌទូទាំងប្រទេសបន្តថយចុះជាង ៤%, ការបង្ក្រាបបទល្មើស ដូចជាអំពើប្លន់ប្រដាប់ ឤវុធ, ឃាតកម្ម និងបទល្មើសផ្សេងៗទៀត ក្នុងអត្រាប្រមាណជិត ៨០%, សណ្តាប់ធ្នាប់សាធារណៈកាន់តែ មានការវិវត្តជាវិជ្ជមាន, ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក៏កំពុងត្រូវបានជំរុញ អនុវត្តយ៉ាងសកម្ម, ការ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមគំរូថ្មីក៏កំពុងជំរុញយ៉ាងខ្លាំងក្លា, ភាពជឿនលឿនទៅមុខនៃ ការកែ ទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិពាក់ព័ន្ធការផ្ទេរមុខងារ, ការធ្វើប្រតិភូកម្ម, ការធ្វើវិមជ្ឈការហិរញ្ញវត្ថុជាដើម។ លើសនេះទៀត, ការផ្តល់លិខិតឆ្លងដែនជូនប្រជាជន រួមទាំងការជំរុញផ្តល់ លិខិត ឆ្លងដែនដល់ពលករខ្មែរដែលកំពុងបំពេញការងារនៅប្រទេសថៃ,ការចុះបញ្ជីអត្រានុកូលដ្ឋាន,ការងារ គ្រប់គ្រងពន្ធធនាគារ និងការស្តារនីតិសម្បទា, ការថែទាំសុខភាពអ្នកទោស, ការធ្វើអធិការកិច្ច, សវនកម្មផ្ទៃ ក្នុង ព្រមទាំងការអប់រំបណ្តុះបណ្តាល,កសាងសមត្ថភាពធនធានមនុស្សទាំងមន្ត្រីរដ្ឋបាលស៊ីវិល និងនគរ បាលជាតិចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏កាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់, ចូលរួម ចំណែកធានាកំណើនសេដ្ឋកិច្ចខ្ពស់, ការបង្កើនការងារ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានខាងលើ ក៏នៅមានសេសសល់បញ្ហាប្រឈមនានាជាច្រើនទៀត នៅក្នុង ក្របខណ្ឌនៃតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដែលទាមទារឱ្យមានវិធានការបន្ថែម ប្រកប ដោយភាពម៉ឺងម៉ាត់ និងមានជវភាពបន្តដោះស្រាយបញ្ហាប្រឈមក្នុងឆ្នាំ ២០១៦ នេះ។
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង អង្គសន្និបាតទាំងមូល
ឆ្នាំ ២០១៦ នេះ គឺជាឆ្នាំទី ៣ នៃការអនុវត្តកម្មវិធីការកែទម្រង់ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងជាឆ្នាំដែលប្រទេសយើងត្រូវត្រៀមរៀបចំកិច្ចការនា នា ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឤណត្តិទី ៤ នាឆ្នាំ ២០១៧ ខាងមុខនេះ។ ក្នុងស្មារតីនេះ យើងត្រូវបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៣ គឺ៖
(១) បន្តរួមគ្នាខិតខំថែរក្សា សាមគ្គីភាព, ពង្រឹងសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់ សាធារណៈ សំដៅបង្កលក្ខណសម្បត្តិអនុគ្រោះដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការលើកកម្ពស់ដំណើរការនៃ លទ្ធិប្រជាធិបតេយ្យ, សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។
(២) បន្តជំរុញឱ្យបានខ្លាំងក្លានូវការអនុវត្តកម្មវិធីការកែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ក្នុងនោះរួមទាំងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់បន្តជំរុញកំណើនសេដ្ឋកិច្ចឱ្យប្រកបដោយចីរភាព និងមានបរិយាប័ន្ន និង
(៣) បន្តខិតខំបង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ, ការដោះស្រាយបញ្ហាប្រឈមនានា នៅមូល ដ្ឋានតាមសំណើសំណូមពររបស់ប្រជាជន សំដៅបង្កើនទំនុកចិត្ត និងលើកកម្ពស់ការចូលរួមរបស់ប្រជាជន លើកិច្ចការគ្រប់វិស័យក្នុងសង្គម ។
ផ្អែកលើទិសដៅជាយុទ្ធសាស្ត្រខាងលើនេះ យើងត្រូវប្តេជ្ញាចិត្តរួមគ្នាអនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ ២០១៦ ដែលបានពិភាក្សា ហើយជាមួយនេះ ខ្ញុំសូមចូលរួមផ្តល់នូវគំនិតជាមូលដ្ឋានមួយចំនួន ដែលត្រូវយក ចិត្តទុកដាក់ខ្ពស់សម្រាប់ការអនុវត្ត ក្នុងនោះរួមមាន ៖
ទី១ កងកម្លាំងនគរបាលជាតិត្រូវបន្តលើកកម្ពស់តួនាទីស្នូលរបស់ខ្លួនក្នុងការពង្រឹងខឿនសន្តិសុខជាតិ និង ការរក្សាសុវត្ថិភាពក្នុងសង្គមទាំងមូល។ ក្នុងនោះ ត្រូវបន្តពង្រឹងវិធានការបង្ការ, ទប់ស្កាត់អំពើភេរវកម្ម, ឧក្រិដ្ឋ កម្មឆ្លងដែនឱ្យមានប្រសិទ្ធភាព និងបន្តទប់ស្កាត់ការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងប្រទេសជិតខាង ហើយ ត្រូវរួមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយបន្តរួមគ្នាខិតខំកសាងតំបន់ ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ទី២ ត្រូវយកចិត្តទុកដាក់លើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច ព្រមទាំង ចលនាឱ្យមានការចូលរួមពីប្រជាជន ដើម្បីរួមគ្នាបង្ការ, ទប់ស្កាត់, បង្ក្រាបបទល្មើសប្លន់, ឃាតកម្ម និងការ រំលោភសេពសន្ថវៈជាដើម។ ទន្ទឹមនេះ ខ្ញុំសូមដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ និងគ្រប់ ជាន់ថ្នាក់ ត្រូវចាត់វិធានការគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់នូវឤវុធគ្រប់ប្រភេទ តាមអង្គភាពរៀងៗខ្លួន និងត្រូវកំ ណត់ឱ្យបានជាក់លាក់នូវបេសកកម្ម ឬប្រតិបត្តិការដែលអនុញ្ញាតឱ្យយកឤវុធចេញពីបន្ទាយ ឬពីអង្គភាព ព្រមទាំងត្រូវបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព», ការងារប្រឆាំងនឹងអំពើ ជួញដូរមនុស្ស, ជួញដូរពលកម្ម, ជួញដូរផ្លូវភេទ, ជាពិសេសស្ត្រី និងកុមារ, ឱ្យបានសស្រាក់សស្រាំ, គ្រប់ទី កន្លែងប្រកបដោយស្មារតីភ្ញាក់រលឹកក្នុងភាពជាម្ចាស់ ។
[ចាប់ផ្តើមអត្ថាធិប្បាយ]
ស្នើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមេពន្ធធនាគារ ពិនិត្យរឿងដោះលែងក្រុមចោរ និងបញ្ហាគ្រឿងញៀន
… យើងត្រូវតែមានយុទ្ធនាការដ៏ម៉ត់ចត់មួយ ព្រោះថារយៈពេលចុងក្រោយនេះ យើងទាំងអស់គ្នាបានឃើញ(ពី)ភាពកក្រើកឡើងនូវការជួញដូរគ្រឿងញៀន ការប្លន់ប្រដាប់អាវុធ។ ដូច្នេះ ត្រូវមានវិធានការគួបផ្សំក្នុងការគ្រប់គ្រងអាវុធរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យបានម៉ត់ចត់ ហ្នឹងម្ខាង ឯម្ខាងទៀត គឺត្រូវមានប្រតិបត្តិការយ៉ាងទូលំទូលាយដើម្បីបង្រ្កាបមុខសញ្ញាគ្រោះថ្នាក់នេះ។ រយៈពេលចុងក្រោយនេះ យើងបានស្រាវជ្រាវពិតប្រាកដណាស់ថា ចោរ(មានមុខ)ដដែលៗ … គឺមិនដែលជាប់គុកបានយូរទេ។ នៅចាំបានទេ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៩៩ លើកទី ១ ដែលខ្ញុំបានចេញបញ្ជាចាប់ត្រឡប់មកវិញទាំងយប់ ពេលហ្នឹងខ្ញុំនៅពេទ្យកាល់ម៉ែត ពេល ហ្នឹងឯកឧត្តម ជា សុផារ៉ា នៅជាអភិបាលរងទី ១ ក្រុងភ្នំពេញនេះ ចាប់យកមកវិញទាំងយប់។ លើកទី ២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង រាយការណ៍ឲ្យខ្ញុំអំពីចំនួនចោរដែលបានដោះលែង។ ឥឡូវរឿងដដែល អាអ្នកប្លន់ហ្នឹង គឺថាចេញតែពីគុក។ សុំមើលឡើងវិញ។ ខ្ញុំនិយាយសារជាថ្មី។ ឲ្យតែប្រភេទចោរ និងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកតែម្តង មកបង្ករឿង។ ពីមុនវាត្រឹមតែប្លន់ទេ អត់ហ៊ានសម្លាប់មនុស្សទេ តែលើកក្រោយនេះ វាហ៊ានសម្លាប់មនុស្ស។ អញ្ចឹងទេ ត្រូវធ្វើរឿងនេះឲ្យបានម៉ត់ចត់ ពិនិត្យឲ្យបានម៉ត់ចត់ ក្រសួង យុត្តិធម៌ត្រូវធ្វើការឲ្យបានម៉ត់ចត់លើបញ្ហាហ្នឹង។ អស់លោកកាន់កាប់ខាងពន្ធធនាគារ (ត្រូវបញ្ជាក់អោយច្បាស់ថា)អាហ្នឹងវាកែ ហើយឬនៅ? បានដោះលែងវាងាយម្ល៉េះ។ ឥឡូវសុំពីថ្ងៃនេះទៅ រឿងទាំងឡាយដែលទាក់ទងនឹងការដាក់ឲ្យខ្ញុំចុះហត្ថលេខា ដើម្បីស្នើសុំព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើកលែងទោស ត្រូវដាក់មួយផ្នែកពួកចោរ និងពួកគ្រឿងញៀនមួយផ្នែក។ ដាក់បញ្ជីតែមួយបានហើយ ប៉ុន្តែប្រាប់ថា ក្នុងចំនួន ៥០០ នាក់ មាន ២០០ នាក់ ជាចោរដើម្បីយកមកពិនិត្យ ខ្ញុំសុខចិត្តអង្គុយពិនិត្យ ៥ យប់ ៥ ថ្ងៃ ក៏បានដែរឲ្យវាច្បាស់លាស់។ បើបញ្ជូនទាំងសំណុំរឿងមកផងដើម្បីឲ្យមើល(ក៏ជាការប្រសើរ) ព្រោះខ្ញុំក៏ចង់ដឹងដែរថា តើហេតុអ្វីបានចេះតែដោះលែង។
ខ្ញុំទុកចិត្តលើរដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តីយុត្តិធម៌ទុកចិត្តលើនាយកពន្ធធនាគារ ចេះតែទុកចិត្តបន្តគ្នាអញ្ចឹងទៅ ដល់ទីចុងបំផុតអាពួកក្រុមចោរទាំងហ្នឹងចេញមកប្លន់ដដែលៗ។ អញ្ចឹងធ្វើម៉េចវាអស់ចោរវាមិនអស់ចោរទេ។ មិនមែននិយាយអញ្ចឹង បានសេចក្តីថាចោរទាំងអស់ គ្មានចោរដែលចេះកែប្រែនោះទេ។ ប៉ុន្តែអ្វីដែលគួរឆ្ងល់នោះ អ្នកខ្លះមិនត្រឹមតែមិនជាប់គុកដោយសារប្លន់ទេ ភ្លេចទាំងកាត់ទោសទៅទៀត យកគេទៅឃុំផ្អែកលើ(មូលហេតុ)ថាខ្វះមេធាវី ផ្អែកថាឃុំលើសការកំណត់ មិនទាំងបានកាត់ទោសទៅទៀត។ ប៉ុន្តែសម្រាប់ចោរមួយ វាដូចជាសេរីជ្រុលហើយ។ ខ្ញុំសូមនិយាយជម្រាបប្រជាជនទូទាំងប្រទេស មើលជួយសហប្រតិបត្តិការ ដើម្បីជួយ បង្រ្កាបអាក្រុមចោរប្លន់ហ្នឹង ព្រោះនេះជាផលប្រយោជន៍រួមនៃសន្តិសុខជាតិរបស់យើង។ ទាល់តែមានថ្ងៃណា ចោរហ្នឹងទៅប្លន់ផ្ទះអស់លោក បានអស់លោករាង? អាហ្នឹងរឿងវាអញ្ចឹង។ យើងពិនិត្យមើល ការជួញដូរគ្រឿងញៀន (ឃើញថា)អត់មានថយចុះទេ។ អាស៊ានគ្មានគ្រឿងញៀនឆ្នាំ ២០១៥ បរាជ័យទៅហើយ។ នៅឆ្នាំទៅ ខ្ញុំបានស្នើថា អាស៊ានគ្មានគ្រឿងញៀនហ្នឹងមិនអាចអនុវត្តបានទេ គប្បីត្រូវពន្យាទៅ។ ប៉ុន្តែទីចុងបំផុតអាស៊ានអត់បានប្រកាស។ ឥឡូវអាស៊ានគ្មានគ្រឿងញៀន ២០១៥ បានចប់ទៅហើយ ត្រង់ពន្យា ឬមិនពន្យា វានៅចោលនៅហ្នុង … ចាំពិភាក្សា ក្នុងក្របខណ្ឌអាស៊ានបន្តទៅទៀត …
[ចប់អត្ថាធិប្បាយ]
ទី៣ ឤស្រ័យដោយកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាជន បានធ្វើឱ្យការសាងសង់សំណង់គ្រប់ ប្រភេទ និងមធ្យោបាយធ្វើដំណើរមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ទន្ទឹមនឹងការរីកចម្រើននេះ ក៏លេច ឡើងនូវបញ្ហាប្រឈមមួយចំនួន បណ្តាលមកពីភាពខ្វះចន្លោះក្នុងការគ្រប់គ្រង ដែលធ្វើឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងនោះ ត្រូវប្រមូលផ្តុំបន្តយកចិត្តទុកដាក់សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះ ថ្នាក់អគ្គិភ័យ ឆ្លើយតបបាននូវពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍» និងការដាក់វិធានការ នានាស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ ពិសេសនៅតាមសំណង់អគារធំៗ, រោងចក្រ, សហគ្រាស, ក្លឹប កំសាន្តនានា ឱ្យបានច្បាស់លាស់ហ្មត់ចត់។
[ចាប់ផ្តើមអត្ថាធិប្បាយ]
បញ្ជាតាមចាប់រថយន្តដឹកអង្ករបំផ្លាញស្ពានអ្នកលឿង និងអាចមានបិទក្រុមហ៊ុនដឹកជញ្ជូនចោលខ្លះ
ចំណុចទាក់ទងជាមួយនឹងចរាចរណ៍នេះ ខ្ញុំក៏មានការរន្ធត់ចិត្តដែរ។ នៅពេលដែលឃើញរថយន្តឆ្លងស្ពានអ្នក លឿងដឹក ៧០ តោន ហើយឮថាគេស៊ីសស៊ុសគ្នាកិនរួចហើយ អស់ ១៥០ ដុល្លារ ទៅបាត់ទៅ។ ប៉ុន្តែឮថា ខេង បញ្ជាទៅតាមចាប់ … តាំងពីចេញបទបញ្ជា ២៤ ម៉ោងជាងហើយ មិនទាន់ដឹងថាបាន ឬមិនបាន។ មើលទៅដល់ត្រង់ណា? បើថាត្រឡប់ទៅដល់វៀតណាម ក៏ទៅតាមរកដល់វៀតណាមមើល។ ខ្ញុំថានៅប្រទេសកម្ពុជាយើងមានពេលខ្លះ គប្បីត្រូវបិទក្រុមហ៊ុនដឹកជញ្ជូនចោលខ្លះបានៗ បើមិនធ្វើទេ វានៅតែរឿងច្រំដែល។ បិទក្រុមហ៊ុនដឹកជញ្ជូនចោលខ្លះ ព្រោះបញ្ហាធំវាផ្តើមចេញពីមេ ពួកថៅកែ។ ឥឡូវបើសុវត្ថិភាព វាមិនដល់ទេ យើងបិទចោលសិន ហើយបង្ខំអោយអ្នកឯងមកធ្វើ …។
ក្រសួងសាធារណការ និងកសិកម្ម ចំណាត់ថ្នាក់ F
… រឿងហ្នឹង ក្រសួងសាធារណការរបស់យើង ខ្ញុំមិនដឹង(និយាយ)ថាម៉េច។ ក្រសួងសាធារណការ ជាក្រសួងដែលស្ទុយជាងគេបង្អស់ … និយាយឲ្យពិត។ ថ្ងៃហ្នឹង បាត់មុខបង តឹក ទៀត ហើយមាននរណាមកពីសាធារណការ? តូច ចន្ទកុសល? ហេតុអីក្រសួងហ្នឹងស្ទុយម្លេះ ឯងដូចឆ្ងល់ សូម្បីធ្វើលេខឡាន ឬធ្វើស្អីៗ ក៏ស្ទុយទាំងអស់។ មើលៗ (ចាត់)វិធានការអោយម៉ត់ចត់បន្តិចមើល។ ខ្ញុំថាស្រែកអត់មានប្រណីទេព្រោះខ្ញុំអត់ព្រមងាប់ជាមួយអស់លោកទេ។ ខ្ញុំនិយាយអោយប្រជាជនលឺ អោយខ្ញុំទ្រាំជាមួយអស់លោកម៉េចបានទៀត បើអស់លោកស្ទុយម្លឹងៗ។ រកយល់មិនបាន។ ដូចក្រសួងហ្នឹងមួយមិនធ្វើការតែម្តង។ ពីមុនទៅបន្ទោសគ្នានៅក្នុងប្រជុំគណៈរដ្ឋមន្រ្តី អាផ្លូវក្នុងក្រុង អាផ្លូវណាសាធារណការទទួលខុសត្រូវ? អាផ្លូវណាក្រុងទទួលខុសត្រូវ? ទៅជជែកគ្នានៅក្នុងគណៈរដ្ឋមន្រ្តីរឿងហ្នឹង។ ប៉ា សុជាតិវង្ស កុំទៅខ្វល់ជាមួយសាធារណការ (ផ្លូវនេះ)ធ្វើខ្លួនឯងទៅ។ បន្តិចទៀត ខ្ញុំនឹងនិយាយដល់រឿងផ្លាកលេខឡាន និងផ្លាកលេខម៉ូតូ។ ប៉ុន្តែ ខ្ញុំគ្រាន់តែថា ក្រសួងដែលស្ទក់ជាងគេ គឺក្រសួងសាធារណការហ្នឹងហើយ។ ការងារគួរតែត្រូវលឿនជាងគេ គាត់ស្ទក់ជាងគេទាំងអស់។ ថ្ងៃមិញ អង្គុយស៊ីបាយ ខ្ញុំអង្គុយរាប់ចំណាត់ថ្នាក់ ក្រសួងណាបានចំណាត់ថ្នាក់ អាណា A អាណា B អាណា C។ មានក្រសួងបានដល់ F ហើយ(គឺ)ក្រសួងសាធារណៈការតែម្តង។ ដោយទាំង អ៊ុក រ៉ាប៊ុន ទៀតគឺកសិកម្ម។ ឥឡូវខ្ញុំនិយាយដោយត្រង់តែម្តង (ដែលថា)យើងយឺតពេក ស្ទក់ពេក។ បន្ទាប់ពីហ្នឹងទៅ ខ្ញុំគិតថាប្រកាសចាត់ថ្នាក់ហើយ ព្រោះយើងចេះប្រកាសក្រុងលេខមួយ ក្រុងលេខពីរ ក្រុងលេខបី ខ្ញុំគិតប្រកាសក្រសួងលេខមួយ ក្រសួងលេខពីរ ក្រសួងលេខបី។ ទាល់តែប្រកាសអញ្ចឹងបានប្រឹង បើមិនអញ្ចឹងអត់ទេ គេបានសុខក៏សុខនឹងគេទៅ គេសប្បាយក៏សប្បាយនឹងគេទៅ អាគេកើតទុក្ខ សង្ងំស្ងៀមនៅកៀនជញ្ជាំងធ្វើព្រងើយអញ្ចឹងទៅ។ ដល់ពេលហើយ។ ទុកពេលអោយប៉ុន្មានឆ្នាំ ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ឥឡូវដល់ដំណាក់កាលព្យាបាលជំងឺហើយ។
ខ្ញុំកំពុងតែគិត តើខ្ញុំដោះដូរគណៈរដ្ឋមន្ត្រីក្នុងឆ្នាំនេះឬទេ? ខ្ញុំកំពុងតែគិត។ ព្រោះបើទុកម្លឹងៗ មិនកើតទេ វាងាប់ខ្ញុំ។ អាពាក្យគ្នាឯងៗ គ្រោះថ្នាក់ដល់ខ្លួនឯង។ ចេះតែយោគយល់ទៅៗ សណ្តោងទៅ។ ខ្ញុំកំពុងតែគិតម៉ោងហ្នឹង តើខ្ញុំផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំនេះ ឬអត់។ វាលំបាកខ្ញុំដែរ ដល់ពេលខ្ញុំលូកដៃទៅធ្វើគេថា អំណាចនៅលើមនុស្សម្នាក់ ដល់តែប្រគល់អំណាចឲ្យរដ្ឋមន្ត្រីធ្វើ … (លទ្ធផល)ដូចបញ្ជាពីម្សិល ឡានហ្នឹងម៉ោងថ្មើរនេះអត់ដឹងថាចាប់បាន ឬមិនបានផង។ លេងតែធន់ហ្នឹងធ្វើម៉េច? អាហ្នឹងសូមយកចិត្តទុកដាក់ទាក់ទងជាមួយកិច្ចការទាំងអស់នេះ។
[ចប់អត្ថាធិប្បាយ]
ទី៤ បច្ចុប្បន្នការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនក្នុងស្រទាប់យុវវ័យពីទីក្រុងរហូតដល់ជនបទ គួរឱ្យ កត់សម្គាល់។ ក្នុងស្មារតីនេះ ឤជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវខិតខំជំរុញសកម្មភាព «យុទ្ធសាស្ត្រ ពហុវិស័យ» ប្រកបដោយសង្គតិភាព និងត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះមុខប្រជាជន ក្នុងការលុប បំបាត់គ្រឿងញៀនពីក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ទី៥ ត្រូវយកចិត្តទុកដាក់ក្នុងការកែទម្រង់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានសមត្ថភាពខ្ពស់ ឆ្លើយតប បាននូវយុទ្ធសាស្ត្រ «ការពារ និងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់, តម្លាភាព, គណនេយ្យភាព និង ប្រកបដោយវិជ្ជាជីវៈ»។ ក្នុងន័យនេះ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងកងកម្លាំងនគរបាលថ្នាក់ក្រោម និង ជំនាញរបស់កងកម្លាំងនគរបាល ពិសេសកងកម្លាំងនៅជាប់ជិតដិតជាមួយប្រជាជន ដែលឤចឆ្លើយតបបាន ទាន់ពេលវេលានូវសំណូមពរនានារបស់ប្រជាជន។
ទី៦ ត្រូវបន្តលើកកម្ពស់វិធានការក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំ នូវ បញ្ជីជំរឿនស្ថិតិជនបរទេសអន្តោប្រវេសន្ត និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះជនបរទេសដែលកាន់ កាប់ឯកសារមិនស្របច្បាប់ និងចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិ ចំពោះជនបរទេសដែលស្នាក់នៅ មិនស្របច្បាប់ ។
ទី៧ ក្រសួងមហាផ្ទៃត្រូវបន្តលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលរបស់បណ្ឌិតសភា នគរបាលកម្ពុជា ដើម្បីធានាឱ្យបាននូវភាពម្ចាស់ការលើការងារអប់រំបណ្តុះបណ្តាល រួមជាមួយនឹងការពង្រឹងការងារដឹកនាំ, គ្រប់ គ្រងការអភិវឌ្ឍ កម្មវិធីអប់រំ, ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន, ការអភិវឌ្ឍធនធានមនុស្ស, ការបង្កើតឱ្យមាន យន្តការធានាគុណភាពអប់រំផ្ទៃក្នុង, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារសិក្សា និងការពង្រីកកិច្ចសហ ប្រតិបត្តិការជាតិ និងអន្តរជាតិ។
ទី៨ ដើម្បីគ្រប់គ្រងប្រកបដោយសុក្រឹតភាព និងនិរន្តរភាពនូវអត្តសញ្ញាណប្រជាជនខ្មែរគ្រប់រូប សម្រាប់ចូល រួមបម្រើឱ្យការងារសន្តិសុខ, ការផ្តល់សេវាកម្មសង្គម, ការធានាការពារសិទ្ធិនយោបាយ និងផលប្រយោជន៍ ស្របច្បាប់របស់ប្រជាជន ព្រមទាំងឤចឆ្លើយតបបាននូវកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាផង, ក្រសួងមហាផ្ទៃ ត្រូវពន្លឿនការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការងារអត្តសញ្ញាណកម្ម សម្រាប់ជាផែនទីបង្ហាញផ្លូវក្នុង រយៈពេលខ្លី និងរយៈពេលពីមធ្យម ទៅរយៈពេលវែង ក្នុងការសម្របសម្រួលអន្តរស្ថាប័នពាក់ព័ន្ធការគ្រប់គ្រង ទិន្នន័យនានារបស់ប្រជាជន សំដៅកំណត់អត្តសញ្ញាណរបស់ប្រជាជនម្នាក់ៗឱ្យបានច្បាស់លាស់, ត្រឹមត្រូវ ដែលមិនឤចក្លែងបន្លំ ឬកែប្រែបាន។
ទី៩ ក្នុងឆ្នាំ ២០១៦ នេះ ត្រូវប្រមូលផ្តុំរាល់កិច្ចខិតខំប្រឹងប្រែងអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទៅលើការផ្ទេរមុខងារ និងធនធាន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវា និងការអភិវឌ្ឍមូលដ្ឋានឱ្យ កៀក និងបានដល់ដៃប្រជាជន សំដៅឆ្លើយតបបានកាន់តែប្រសើរឡើងនូវតម្រូវការនៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជននៅតាមមូលដ្ឋាន។ ជារួម ការផ្ទេរមុខងារត្រូវតែផ្សារភ្ជាប់ជាមួយធនធាន, សមត្ថភាព និងភាព ជាម្ចាស់ក្នុងការចាត់ចែង, អនុវត្តមុខងារ និងធនធាន ដែលបានផ្ទេរពីក្រសួង-ស្ថាប័ន ទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ។
ទី១០ ក្រសួងមហាផ្ទៃ, អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និង រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ត្រូវខិត ខំលើកកម្ពស់គុណភាព, ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជន, ធុរជនគ្រប់មជ្ឈដ្ឋាន រួមទាំង សេវារដ្ឋបាល, លិខិតស្នាមនានា និងត្រូវខិតខំសហការចូលរួមដោះស្រាយបញ្ហាប្រឈម, សំណើ, សំណូមពរ នានារបស់ប្រជាជន ប្រកបដោយលក្ខណៈឆ្លើយតប, មានតម្លាភាព និងគណនេយ្យភាព។ ផ្អែកតាមបទ ពិសោធន៍នៃការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាជនតាមខណ្ឌនានានៃ រាជធានីភ្នំពេញ និងតាមក្រុងនានាទូទាំងប្រទេស ដែលបានទទួលការអបអរសាទរ, ការចូលរួម និងការគាំទ្រ ពីប្រជាជន, គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវសម្រប សម្រួលជាមួយក្រសួង-ស្ថាប័ននានា ដើម្បីរៀបចំការិយាល័យ ឬយន្តការច្រកចេញចូលតែមួយ នៅរាជធានីភ្នំ ពេញ និងគ្រប់ខេត្ត និងតាមស្រុកនានា។
[ចាប់ផ្តើមអត្ថាធិប្បាយ]
សេវាតម្រូវការ ចាំបាច់ ត្រូវដោះស្រាយមុន សេវាសំណូមពរ
សេវាសាធារណៈដែលខ្ញុំចង់សង្កត់ធ្ងន់នៅពេលនេះ គឺត្រូវបែងចែកជាពីរផ្នែក៖ មួយគឺសេវាតម្រូវការរបស់ប្រជាជន និងមួយទៀតជាសេវាសំណូមពររបស់ប្រជាជន។ អ្វីដែលគ្រប់ស្ថាប័ន គ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវខិតខំ និងមន្ត្រីគ្រប់រូបត្រូវខិតខំដោះស្រាយឲ្យខានតែបាន គឺសេវាតម្រូវការរបស់ប្រជាជន ដែលច្បាប់តម្រូវ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព។ល។ ដែល ត្រូវធ្វើឲ្យបាន ឲ្យលឿន និងឲ្យមានតម្លាភាព ព្រោះវាជាតម្រូវការរបស់ប្រជាជន។ សម្រាប់សេវាដែលជាសំណូមពរ ដូចជាការសាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ។ល។ យើងដោះស្រាយទៅតាមលទ្ធភាពខាងថវិកា។
ថ្ងៃនេះ ខ្ញុំចង់និយាយលើបញ្ហានេះបន្តិច ដើម្បីយើងប្រមូលផ្ដុំដោះស្រាយឲ្យចំបញ្ហា។ កន្លងទៅ មន្រ្តីរបស់យើងនៅមូលដ្ឋាន ឬក៏យើងបញ្ជូនមន្រ្តីទៅមូលដ្ឋាន តែងយកមកមួយកញ្ចប់ទាំងសេវាសំណូមពរ និងសេវាតម្រូវការ រួចហើយក៏មានការត្អូញត្អែរនៅទីនោះ។ ខ្ញុំសូមបញ្ជាក់ សេវាតម្រូវការ គឺជាសេវាដែលច្បាប់បានកំណត់ ហើយគ្មានការចាំបាច់ត្រូវបានប្រាក់កាក់ ទើបអាចធ្វើបាននោះទេ។ រឿងនេះ ក៏មិនចាំបាច់ដល់ថ្នាក់ជាតិចុះទៅដែរ។ ថ្នាក់ក្រោមជាតិ ជាពិសេសនៅមូលដ្ឋានគេធ្វើបានហើយ។ អញ្ចឹងឥឡូវ ពិនិត្យមើលច្បាប់តម្រូវឲ្យធ្វើស្អីខ្លះ? មនុស្សម្នាក់វាមានអី? វាត្រូវមានអត្តសញ្ញាណប័ណ្ណ អញ្ចឹងបើត្រូវមានអត្តសញ្ញាណប័ណ្ណ កុំចាំបាច់គេមកសុំ ដល់ម៉ោងដល់ពេលត្រូវធ្វើឲ្យគេ អាហ្នឹងជាសេវាតម្រូវការ។ យើងកំណត់ពីអាយុ ១៥ ឆ្នាំទៅ (ត្រូវធ្វើអត្តសញ្ញាណប័ណ្ណ) អាហ្នឹងយើងត្រូវដឹង ជាកាតព្វកិច្ចរបស់យើងត្រូវធ្វើ។ សៀវភៅគ្រួសារ កុំចាំបាច់គេសុំ សួរ(គេ)មាន(សៀវភៅគ្រួសារ)នៅ។ ធ្វើឲ្យគេ។ ស្អីទៀត កើតឡើងង៉ា (ទារក)ត្រូវតែមានបញ្ជីជាតិ មន្រ្តីអត្រានុកូលដ្ឋានរបស់យើងត្រូវធ្វើឲ្យគេ បើអត់បញ្ជីជាតិ វាមិន(ក្លាយ)ជាកូនឈ្លូស។ ទាំងអស់ហ្នឹង អត់តម្រូវការត្រូវការលុយកាក់ពីខាងលើទៅទេ គឺជាកាតព្វកិច្ចដែលច្បាប់បានចែងឲ្យធ្វើ។ រឿងកន្លងទៅ ប្រជាជនថ្នាំងថ្នាក់ពីយើងមិនទៅធ្វើផ្លូវឲ្យគាត់ ហ្នឹងមួយផ្នែកទេ ប៉ុន្តែគាត់ស្រែកខ្លាំងជាងគេ គឺរឿងអ្វីដែលគាត់ត្រូវមាន តែគាត់ពិបាកយកនោះ ឬសូកប៉ាន់គេបានបាននោះ។ អាហ្នឹងជាបញ្ហា។
អញ្ចឹងមើលយើងប្រមូលផ្ដុំដោះស្រាយមើល៎។ ចៅហ្វាយខេត្តមួយតាមឲ្យជាប់មើលអាហ្នឹង។ មិនចាំបាច់ថ្នាក់ជាតិចុះទៅទេ។ កិច្ចការនេះ អត់រវល់អីដល់ថ្នាក់ជាតិទេ។ វាជាកាតព្វកិច្ច ហើយម្យ៉ាងទៀត បើនិយាយពីរឿងនៅថ្នាក់ឃុំ អស់លោកលោកស្រីជាមន្រ្តីឃុំ ប្រជាជនបោះឆ្នោតឲ្យតើ? បោះឆ្នោតដើម្បីបម្រើគាត់។ យើងប្រមូលផ្ដុំធ្វើកិច្ចការហ្នឹង។ រឿងសេវាសំណូមពរ បើយើងដោះស្រាយបាន ក៏វាល្អ។ យើងមានហើយនៅក្នុងកម្មវិធីអភិវឌ្ឍន៍ជាតិ ផែនការ ៥ ឆ្នាំ ផែនការប្រចាំឆ្នាំ ហើយនិងថវិកាមូលនិធិឃុំ/សង្កាត់។ ការស្នើសុំខ្លះមានពីសប្បុរសជន ដើម្បីកសាងវត្ត កសាងអណ្ដូងទឹក កសាងស្រះទឹក។ នេះជាសេវាសំណូមពរ ប៉ុន្តែរឿងប្រជាជនមិនសប្បាយចិត្ត មិនមែនសេវាសំណូមពរ គឺសេវាតម្រូវការ ដែលច្បាប់កំណត់ថា គាត់ត្រូវតែមាន ប៉ុន្តែផ្ទុយទៅវិញ យើងទៅជារារាំងមិនឲ្យគាត់មាន។
ផ្អាកការងារនៅភ្នំពេញ គ្រោងចុះទៅមូលដ្ឋាន
ឥឡូវ ត្រូវប្រមូលផ្ដុំដោះស្រាយនៅក្នុងឆមាសទី ១ នេះ … ចុះពិនិត្យអាហ្នឹង ហើយខ្ញុំនឹងអាចធ្វើដំណើរតាមមូលដ្ឋានមួយចំនួន ប្រហែលជាត្រូវលុបចោលកម្មវិធីខ្លះនៅភ្នំពេញហើយ រឿងភ្ញៀវ រឿងពន្លឺអី មើលទៅបែបអាទិត្យនេះ គឺភ្នំពេញជាប់រហូត មួយអាទិត្យពេញ ស្អែកនៅសល់ ២ កម្មវិធីទៀត។ ឥឡូវ ផ្អាកភ្នំពេញ ចុះទៅមើលមូលដ្ឋានម្តង ដើម្បីចង់ដឹងមើលវាយ៉ាងម៉េច។ ប៉ុន្តែសុំអង្គរក្សតែ ២ នាក់បានហើយ ច្រើនពេកពិបាក ហើយមិនអីទេ ចាំខ្ញុំប្រាប់ទីកន្លែង ហើយមានសេវាទូរស័ព្ទទៅ ខ្ញុំបង្ហោះតាមហ្វេសប៊ុកមកហើយ។ ទៅច្រើនពេក រៀបចំហើយស្រេច អញ្ចឹងអត់ដឹងរឿងទេ។ ដូចថ្ងៃមុនប្រូច។ គ្មានអ្នកណាដឹង។ មានអី ដាក់នំបញ្ចុកយ៉ាងសឿងនៅហ្នឹង។ ប៉ុន្តែបើមិនឲ្យអង្គរក្សគេដឹង ឯងមានគ្រោះថ្នាក់អីទៅ រដ្ឋមន្ត្រីមហាផ្ទៃត្រូវទទួលខុសត្រូវមុនគេហើយ។ មេប៉ូលីស មេទាហាន មេប៉េអឹម ទទួលខុសត្រូវមុនគេហើយ។ ដល់អត់មេ អត់កើយ ព្រោះរដ្ឋធម្មនុញ្ញគេចែងអញ្ចេះ បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ មានន័យថា នៅពេលដែលនាយករដ្ឋមន្ត្រីហ្នឹងស្លាប់ រដ្ឋមន្ត្រីនានាក៏រលាយខ្លួនអស់រលីងដែរ បើយោងទៅលើស្មារតីរដ្ឋធម្មនុញ្ញ គឺគេកំណត់អញ្ចឹង …។
បញ្ជាចៅហ្វាយខេត្តទាំងអស់ កុំចាំមន្ត្រីក្រសួងសាធារណៈការ
ឥឡូវមើល នាំគ្នាធ្វើ។ កាលមុនខ្ញុំបានមកនិយាយនៅនេះ ប៉ុន្តែឥឡូវខ្ញុំក៏សរសើរដែរអំពីការធ្វើអត្តសញ្ញាណ ប័ណ្ណថ្មី ល្បឿនវាក៏លឿន។ ឥឡូវនេះបានច្រើន មិនមែនបានតិចទេ។ អាហ្នឹងបានសេចក្តីថា និយាយមួយក្នុង រយៈពេលកន្លងទៅ យើងធ្វើបានលឿន ព្រោះដោយសារឥឡូវអត់ត្រូវការឲ្យចៅហ្វាយខេត្តស៊ីញ៉េទេ។ អញ្ចឹង ឥឡូវខ្ញុំសូមអំពាវនាវពីវេទិកានេះ ទៅកាន់មូលដ្ឋាន មន្ត្រីដែលមានបន្ទុក យើងពិនិត្យមើល ស្អីខ្លះដែលជាសេវា តម្រូវការ មិនមែនមានតែក្នុងផ្នែកមហាផ្ទៃ អាជ្ញាធរថ្នាក់ក្រោមជាតិទេ ប៉ុន្តែវាមានស្ថាប័នដទៃទៀតដែរ ដែល មានសេវាតម្រូវការ ដូចជាសាធារណការ តើអ្វីខ្លះដែលជាសេវាតម្រូវការនៃផ្នែកសាធារណការ? ប័ណ្ណបើកបរ ស្លាកលេខរថយន្ត។ ឥឡូវសូមបញ្ជាចៅហ្វាយខេត្តទាំងអស់ កុំផ្អែកលើក្រសួងសាធារណការតទៅទៀត អា រឿងធ្វើលេខឡានស្អីនេះ បើទុកឲ្យពួកគាត់ ក្រែងឥឡូវគេប្រគល់មន្ត្រីហ្នឹងទៅឲ្យខ្លួនហើយតើ មើលគ្រប់គ្រងអា ហ្នឹង ធ្វើអាហ្នឹងឲ្យចេញ កុំឲ្យមានបញ្ហាតទៅទៀត។ ឥឡូវយើងបានលើកលែងហើយ មនុស្សរាប់លាននាក់ ដែលបានទទួលការលើកលែង មុននេះមានប័ណ្ណបើកបរម៉ូតូតាំងពី ១៤៩ cc ដល់ ១២៥ cc … ឥឡូវអត់មានតម្រូវឲ្យមានប័ណ្ណបើកបរទេ។ ធូរស្រាលហើយ។ កុំអីងាប់ហើយអាហ្នឹង ងាប់ដោយសារអី? ងាប់ដោយសារមន្ត្រីដែលត្រូវធ្វើប័ណ្ណហ្នឹង គាត់ឆ្កឹះយកលុយគេនោះ។ អាហ្នឹងវារុញឲ្យខ្លោច វារោលឲ្យឆៅ ដល់ទីចុងបំផុត ប្រជាជនខឹងគោ វ៉ៃរទេះ។ មន្ត្រីទៅធ្វើផ្តេសផ្តាស ប័ណ្ណបើកបរមួយ អីណាត្រូវអស់លុយពិនិត្យសុខភាពផង អីណាស្អីផង ម៉ូតូតូចតែប៉ុណ្ណឹង ម៉ូតូធំតែប៉ុណ្ណឹង។ ឥឡូវនេះ យើងធ្វើវិសោធនកម្មច្បាប់ប័ណ្ណបើកបរគឺ អត់មានទេ ប៉ុន្តែចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ក្លាយទៅជាប័ណ្ណបើកបរតែម្តង ប៉ុន្តែត្រូវមានប័ណ្ណ សម្រាប់ ១២៦ cc ឡើង ត្រូវធ្វើឲ្យលឿន និងប័ណ្ណបើកបររថយន្ត ត្រូវធ្វើឲ្យលឿន។ ចៅហ្វាយខេត្តដឹកនាំផ្ទាល់ ហើយប្រើមន្ត្រីសាធារណការ។ បើវាមិនគោរពទេ បញ្ចូនឲ្យទៅក្រសួងកុំទុកនៅខេត្ត។ អត់មានត្រូវនិយាយគ្នាអី ទៀតទេ។ ផ្ទេរមុខងារហើយ។ បើរង់ចាំក្រសួងស្ទក់ណាស់។ ខ្ញុំសូមនិយាយ ក្នុងពេលដែលប្រតិកម្មពេញទឹកពេញដី ខ្ញុំទូរស័ព្ទសួរ(រដ្ឋមន្រ្តីឆ្លើយថា)ខ្ញុំក្តាប់អត់បានផង។ ខ្ញុំហួសនិយាយតែម្តង។ ខ្ញុំក៏ទូរស័ព្ទមក (សម្តេច ស) ខេង ខ្ញុំថាធ្វើម៉េច បើគេថា ក្រសួងគេក្តាប់អត់បានផង។ អញ្ចឹង ខ្ញុំយកការសម្រេច … វ៉ៃតាមហ្វេសប៊ុកចេញពីកំពង់សោម។ ពេលហ្នឹងគ្រាន់តែថា នឹងទម្លាក់ថ្លៃ ដល់ពេលយើងប្រជុំបក្សនេះ បានចាប់ផ្តើមថា ទេ! មិនចាំបាច់ចុះថ្លៃទេ លុបចោលតែម្តង …។
សេវាតម្រូវការមានគ្រប់ក្រសួង ត្រូវធ្វើតាមពាក្យ ៣ «ធ្វើឲ្យបាន ធ្វើឲ្យលឿន មានតម្លាភាព»
យើងត្រូវដឹង មិនមែនមានតែផ្នែកមហាផ្ទៃមួយទេ ដែលមានសេវាតម្រូវការ ក្រសួងនានាដូចជា ក្រសួងពាណិជ្ជកម្ម (ក៏មាន ហើយ)សេវាតម្រូវការតើជាស្អី? គឺការចុះបញ្ជីពាណិជ្ជកម្ម នៅមានក្រសួងណាទៀត ត្រូវពិនិត្យមើល ក្រសួងមួយៗ អាណាជាសេវាតម្រូវការ ត្រូវធ្វើឲ្យលឿន។ ខ្ញុំប្រើពាក្យបី «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមាន តម្លាភាព» ព្រោះវាត្រូវតែបាន។ អាហ្នឹងជាតម្រូវការរបស់មនុស្ស កើតឡើងត្រូវមានបញ្ជីជាតិ ពេលរៀបអាពាហ៍ពិពាហ៍ហើយត្រូវតែមានសំបុត្រអាពាហ៍ពិពាហ៍ ពេលមរណភាពត្រូវមានសំបុត្រមរណភាពដែរ …បើមិនមាន គេកាត់ឈ្មោះកាត់ស្អីម៉េចកើត …។ ម្សិលមិញ យប់ហើយ ខ្ញុំមកពីគណៈរដ្ឋមន្ត្រី ខ្ញុំសរសេរត្រង់ហ្នឹង ហើយខ្ញុំគូសបន្ទាត់ក្រហមត្រង់ហ្នឹង សម្រួចមាត់មកនិយាយអាហ្នឹង មើលកុំឲ្យពិបាកពេកមើល។ សេវាតម្រូវការស្អីទៀត ឲ្យពិនិត្យមើលឲ្យច្បាស់ទាំងអស់ហ្នឹង សូម្បីតែបញ្ហាកម្មសិទ្ធិ ក៏ជាសេវាតម្រូវការដែរ កម្មសិទ្ធិទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះ។ ពិតហើយ យើងយល់អំពីការលំបាកទៅលើបញ្ហាថា ត្រូវចុះបញ្ជីជាប្រព័ន្ធ ត្រូវការនីតិវិធីវាយ៉ាងម៉េចអីយ៉ាងម៉េច ឧបករណ៍យើងវាតិច ប្រជាជនយើងវាច្រើន ប៉ុន្តែយើងត្រូវដឹងថា អាហ្នឹងក៏ជាសេវាតម្រូវការដែរ។ អញ្ចឹងត្រូវដាក់កម្មវិធីដើម្បីធ្វើ។ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព» ពាក្យមានតម្លាភាពមួយម៉ាត់ មានន័យថា បើគេឲ្យយក ៥០០ យកតែ ៥០០ បានហើយ លើសពីហ្នឹងគឺអត់យក ហើយបើគេកំណត់ ៥ ថ្ងៃ គឺឲ្យតែ ៥ ថ្ងៃបានហើយ ហើយបើបានធ្វើត្រឹមតែ ២ ថ្ងៃ គឺកាន់តែល្អ តម្លាភាពនៅទីនេះគឺចង់និយាយអញ្ចឹង។
ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ច្រើនណាស់ពីសន្តិភាព ប្រជាពលរដ្ឋរបស់យើងបានទទួលផល ប្រយោជន៍ច្រើនណាស់ពីការអភិវឌ្ឍរបស់យើង ហេដ្ឋារចនាសម្ព័ន្ធ ជាផ្លូវ ជាថ្នល់ ជាប្រឡាយទឹក ជាសាលា រៀន ជាមន្ទីរពេទ្យ។ ប្រាក់ចំណូលរបស់គាត់ កើនឡើងយ៉ាងច្បាស់ ប្រៀបធៀបជាមួយឆ្នាំ ១៩៧៩ មកដល់ ពេលនេះ គឺខុសគ្នាខ្លាំងណាស់ សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី ( John Kerry) គាត់មកទស្សន កិច្ចស្រុកខ្មែរ ដល់ខ្ញុំទៅប្រជុំនៅអាមេរិក … ចន ឃើរី (John Kerry) នាំខ្ញុំទៅបន្ទប់រង់ចាំ។ ទៅដល់ ចន ឃើរី (John Kerry) និយាយឡូងៗ តែម្តង … ប៉ុន្តែប្រជាពលរដ្ឋមិនសប្បាយចិត្តជាមួយនឹងបញ្ហាសាំញ៉ាំមួយចំនួននៅខាងក្រោម ដែលធ្វើឲ្យគាត់ធុញទ្រាន់ រហូតទៅដល់ខឹងគោ វ៉ៃរទេះ។ ខ្ញុំសុំទោសណា ខ្ញុំអត់លាក់លៀមអីតទៅទៀតទេ (និយាយ)ដាក់មេក្រូ ចាក់តាមទូរទស្សន៍ឲ្យប្រជាជនស្តាប់ រួចហើយតាមរយៈនោះ ប្រជាជននឹងចង្អុលថា អស់លោកមានស្តាប់នាយករដ្ឋមន្ត្រីនិយាយអត់?។
ប្រឡងប្រណាំងខេត្ត ឬអភិបាលខេត្ត, គ្រោងចុះពិនិត្យករណីឈើមានច្បាប់ និងអត់ច្បាប់
… សុំមើលរយៈពេល ៦ ខែនេះ។ ខ្ញុំថា ឆមាសទី ១ អាចធ្វើបាន។ ការពិតការងារកំពុងធ្វើទៅហើយតើ វាគ្មានចាំបាច់បំពាក់សំភារៈអីទៀត។ មានអស់ហើយ។ ត្រាឃុំក៏មាន ត្រាធ្វើស្អីៗមានអស់។ រឿងនៅត្រង់ថា អនុវត្ត ឬមិនអនុវត្តតែប៉ុណ្ណឹងទេ អត់មានអីលើសពីហ្នឹង។ បើសិនជាត្រូវការលុយកាក់អីរាប់លានដុល្លារ អាហ្នឹងខ្ញុំត្រូវសួររដ្ឋមន្ត្រីហិរញ្ញវត្ថុដែរ មុនពេលខ្ញុំមកនិយាយ … អស់លោកធ្វើស្លាកម៉ូតូ មានសម្រាប់ធ្វើស្លាកម៉ូតូហើយតើ តែត្រង់ថា គេទៅធ្វើ អស់លោកកិកកុក។ រឿងនៅត្រង់ហ្នឹងតើ។ អញ្ចឹងបានថា ខេត្តមួយៗប្រណាំងប្រជែងគ្នាធ្វើមើល។ យើងអត់ទាន់មានប្រឡងប្រណាំងខេត្តទេ? គ្រាន់តែមានប្រឡងប្រណាំងក្រុង។ គិតរៀបចំ បើមិនប្រឡងប្រណាំងខេត្ត ប្រឡងប្រណាំងអភិបាលខេត្តតែម្តងទៅ … បើមិនអញ្ចឹងស្ទុយៗ …។
[ចប់អត្ថាធិប្បាយ]
ទី១១ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធររដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ត្រូវបង្កើនការទទួលខុសត្រូវ ក្នុងការថែរក្សា, ការពារបរិស្ថាន, ធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានគង់វង្ស និងត្រូវមានវិធាន ការម៉ឺងម៉ាត់ដាច់ខាតក្នុងការបង្ការ, ទប់ស្កាត់, បង្ក្រាបការកាប់បំផ្លាញព្រៃឈើ និងការបំផ្លិចបំផ្លាញបរិស្ថាន, ធនធានធម្មជាតិ ក្នុងនោះរួមទាំងការលួចលាក់ដឹកជញ្ជូន និងការនាំចេញឈើ, អនុផលព្រៃឈើខុសច្បាប់ តាមច្រកទ្វារព្រំដែន និង ច្រក របៀងនានាផងដែរ ។
[ចាប់ផ្តើមអត្ថាធិប្បាយ]
ឥឡូវយុទ្ធនាការកំពុងត្រូវធ្វើ ខ្ញុំក៏មិនទាន់ធ្វើស្អីទេ។ ថ្ងៃមុនខ្ញុំក៏បានទូរស័ព្ទទៅ សៅ សុខា បន្តិចដែរ គួរឲ្យខ្ញុំចុះទៅមើលឃ្លាំងមួយចំនួន ឬអត់? សៅ សុខា ថា ខ្ញុំទើបតែធ្វើបានប៉ុន្មាន កុំអាលសិន ព្រោះអញ្ចេះ ឈើគេថាមានឈើស្របច្បាប់ និងឈើមិនស្របច្បាប់។ ខ្ញុំចង់ទៅមើលដោយផ្ទាល់ ដើម្បីដឹងថា ស្របច្បាប់ហ្នឹងវាម៉េច ហើយអាមិនស្របច្បាប់ហ្នឹងវាម៉េច។ ចង់ឆក់ឱកាស ដើម្បីចុះទៅមើលឃ្លាំងឈើ ហើយមានឃ្លាំងនៅចំនុចសូន្យជាប់ទល់ដែនដើម្បីងាយបញ្ចេញ។ ខ្ញុំចង់ទៅតំបន់ហ្នឹង …។
[ចប់អត្ថាធិប្បាយ]
ជាចុងក្រោយ ខ្ញុំសង្ឃឹមថា អង្គសន្និបាតនឹងទទួលយកគំនិត ដែលបានគូសបញ្ជាក់ខាងលើ, ធ្វើជាស្មារតីលើ ការអនុវត្តតួនាទី និងភារកិច្ចនានារបស់ខ្លួន ស្របទៅតាមទិសដៅ ដែលអង្គសន្និបាតបានសម្រេចដាក់ចេញ សម្រាប់ឆ្នាំ ២០១៦ នេះ។ ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី, កង កម្លាំងនគរបាលជាតិ និងអង្គសន្និបាតទាំងមូល ត្រូវចូលរួមអនុវត្តឱ្យសកម្ម និងរស់រវើក តាមផែនការដែលបាន លើកឡើង ដើម្បីឈានទៅសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិ និង ប្រជាជនកម្ពុជា។
ជាទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និង លើកទិសដៅ ការងារឆ្នាំ ២០១៦ របស់ក្រសួងមហាផ្ទៃ» នៅពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។