ឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារមរតកតេជោក្រសួងបរិស្ថាន» និងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សទាំងអស់ នៃក្រសួងបរិស្ថាន ដែលតែងបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី, ភារកិច្ច និងបេសកកម្មរបស់ខ្លួន ហើយសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈជូនជាតិមាតុភូមិ និង ប្រជាជន។
ទន្ទឹមនេះ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះរចនាម៉ូតអគារថ្មីរបស់ទីស្តីការក្រសួងបរិស្ថាន ដែលកើត ចេញពីទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់កុលបុត្រខ្មែរសុទ្ធសាធ ដោយបានរំលេចនូវការផ្សារភ្ជាប់ទស្សនៈស្ថាបត្យកម្មបែបទំនើប ទៅនឹងរចនាបថស្ថាបត្យកម្មខ្មែរបូរាណទម្រង់ប្រាសាទអង្គរវត្ត ដើម្បីរួមចំណែកលើកកម្ពស់តម្លៃមរតកវប្បធម៌, ឤរ្យធម៌, និងអត្តសញ្ញាណរបស់ជាតិខ្មែរ។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធិផលដ៏ថ្លៃថ្លានេះ ហើយខ្ញុំជឿជាក់ថា សំណង់អគារថ្មីនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង, ជួយសម្រួលការងារប្រចាំថ្ងៃរបស់ក្រសួងបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធិភាពការងារបន្ថែមទៀត ។
ដោយឡែក ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមអបអរសាទរចំពោះសមិទ្ធិផល ដែលក្រសួងបរិស្ថានទើបសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួងបរិស្ថានខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសម្រេចគោលដៅនៃកិច្ចគាំពារបរិស្ថាន, ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ការងារបរិស្ថានជាកិច្ចការសកល ដែលមានលក្ខណៈពហុវិស័យ ហើយក៏ជាកិច្ចការដ៏ចាំបាច់ ដែលទាមទារឱ្យមានការចូលរួមថែរក្សា, ការពារ និងដោះស្រាយជាប់ជាប្រចាំពីសំណាក់រដ្ឋាភិបាល, ប្រជាជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុងក្របខណ្ឌប្រទេសជាតិ, តំបន់ និងពិភពលោក ដើម្បីធានាបាននូវគុណភាពបរិស្ថាន, តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ភពផែនដីទាំងមូល។
ជាក់ស្តែង នៅមុននេះបន្តិច ឯកឧត្តម សាយ សំឤល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយបានរំលេចឱ្យឃើញនូវស្ថានភាព, សមិទ្ធិផល, បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មស្ថាប័ន តាមរយៈ (១) ការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងការពង្រឹងការអនុវត្តច្បាប់ (២) ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង, ការពង្រឹងរបៀបរបបការងាររដ្ឋបាល និងហិរញ្ញវត្ថុ (៣) ការពង្រឹងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងការពង្រឹងការទទួលខុសត្រូវខ្ពស់ (៤) ការផ្ទេរមុខងារ និងការធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និង(៥) ការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ និងការរៀបចំក្រមបរិស្ថាន ជាដើម។
ជារួម ខ្ញុំតែងបានចាត់ទុកការធ្វើទំនើបកម្មស្ថាប័ននេះ មិនត្រឹមតែជាការរួមចំណែកយ៉ាងសំខាន់ ដល់ដំណើរការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ប្រសិទ្ធិភាពការងារ, ជំនឿទុកចិត្ត និងភាពប្រសើរឡើងនៃការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទៀតផង។
ឯកឧត្តម លោកជំទាវ លោក លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី !
ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនអង្គសន្និបាតឱ្យបានដឹងអំពីការវិវត្តថ្មីៗ នៅក្នុងការកែទម្រង់ស្ថាប័នដ៏សំខាន់នេះ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រង, ការការពារ និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ ក្នុងនោះ ខ្ញុំបានគាំទ្រចំពោះសំណើរបស់ក្រសួងបរិស្ថាន ដែលស្នើឱ្យមានការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យដាច់ពីគ្នា រវាងស្ថាប័នទទួលបន្ទុកការងារអភិរក្ស និងស្ថាប័នទទួលបន្ទុកការងារអភិវឌ្ឍ។ ទន្ទឹមនេះ ខ្ញុំក៏បានប្រគល់ភារកិច្ចជូនឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីជំរុញឱ្យដំណើរការ នៃការកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ស្ថាប័នអភិរក្ស និងស្ថាប័នអភិវឌ្ឍឱ្យប្រព្រឹត្តទៅដោយរលូន និងឤចសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងពេលឆាប់ៗនេះ។ ចំពោះមុខនេះ ខ្ញុំសូមឱ្យក្រុមការងារចាប់ផ្តើមពីការកែទម្រង់ស្ថាប័នចំនួនពីរ គឺក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ដោយក្រសួងបរិស្ថានត្រូវផ្ទេររាល់គម្រោងវិនិយោគអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច ដំណាំកសិឧស្សាហកម្ម ទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកគ្រប់គ្រងបន្ត, ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវផ្ទេរតំបន់អភិរក្ស, តំបន់ការពារ និងតំបន់បម្រុងទុកទាំងអស់ ទៅឱ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងវិញ។ ជាមួយនេះ ក្រុមការងារត្រូវពិនិត្យពិភាក្សាអំពីការប្តូរឈ្មោះ «ក្រសួងបរិស្ថាន» ទៅជា «ក្រសួងធនធានធម្មជាតិ និងបរិស្ថាន» ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារ និងស្របតាមនិន្នាការក្នុងតំបន់ និងពិភពលោក ពិសេសនិន្នាការនៅក្នុងតំបន់ឤស៊ាន។ សម្រាប់រយៈពេលវែងខាងមុខ យើងត្រូវគិតគូរបន្ថែមទៀត អំពីបញ្ហាការកែទម្រង់ស្ថាប័ន, ការកែសម្រួល និងផ្ទេរមុខងារ ស្ថាប័ន និងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ ដើម្បីសម្រួលដល់ការងារគ្រប់គ្រងរបស់ក្រសួង ស្ថាប័នមួយចំនួន និងដោះស្រាយបញ្ហាស្ទួនដែនសមត្ថកិច្ចគ្នា។
[សេចក្តីអធិប្បាយចាប់ផ្តើម]
សាយ សំអាល់ រដ្ឋមន្រ្តីទី ១ ដែលស្នើផ្ទេរមុខងារ និងធ្វើប្រតិភូកម្ម ទៅក្រសួងផ្សេង
អនុញ្ញាតឲ្យខ្ញុំយកវេទិកានេះ ដើម្បីនិយាយបន្តិចពាក់ព័ន្ធទៅលើរឿងនេះ។ ដំបូងខ្ញុំសុំកោតសរសើរចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលនេះជាលើកទីមួយក្នុងរយៈពេលជាង ៣០ ឆ្នាំ នៃការគ្រប់គ្រង(រាជ)រដ្ឋាភិបាល ទើបនឹងមានរដ្ឋមន្ត្រីម្នាក់គត់ ដែលបានស្នើសុំប្រគល់តួនាទីទៅឲ្យស្ថាប័នផ្សេង។ មុននេះ (រដ្ឋមន្ត្រី)តែងតែស្រវ៉ាទាញយកនូវអំណាចយកមកទុកនៅក្រសួងរបស់ខ្លួនជាប់ជានិច្ច។ ប៉ុន្តែ រដ្ឋមន្ត្រីរូបនេះ បែរជាធ្វើផ្ទុយពីនេះ។ បានសេចក្តីថា ចង់បែងចែកមុខងារឲ្យដាច់។ នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន។ ខ្ញុំកោតសរសើរ ហើយសង្ឃឹមថា រដ្ឋមន្ត្រីនានានឹងមិនអោបការងារនេះបន្តទៀតទេ ហើយកម្មវិធីផ្ទេរមុខងារ និងប្រតិភូកម្មទៅឲ្យថ្នាក់ក្រោមជាតិនោះ ក៏មិននៅស្រម៉េមស្រម៉ាមដូចសព្វថ្ងៃនេះដែរ។ សង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រីនានាដែលនៅទីនេះ នឹងមិនអោបការងារបន្តទៀតទេ ត្រូវទាក់ទងធ្វើប្រតិភូកម្មនឹងអាជ្ញាធរថ្នាក់ក្រោមជាតិ។
ផ្ទេរតំបន់អាជីវកម្មដែលក្រសួងបរិស្ថានគ្រប់គ្រង ឲ្យទៅក្រសួងកសិកម្មគ្រប់គ្រងវិញ ហើយផ្ទេរតំបន់ការពារ គ្រប់គ្រងដោយក្រសួងកសិកម្ម ឲ្យមកក្រសួងបរិស្ថានវិញ
ទាក់ទងនឹងការបែងចែកមុខងារនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ ដែលដឹកនាំការប្រជុំ បានធ្វើរបាយការណ៍មកឲ្យខ្ញុំហើយ។ តែខ្ញុំគិតថា រឿងរ៉ាវខ្លះយើងមិនត្រូវការរង់ចាំរយៈពេលវែងទេ។ ឧទាហរណ៍៖ គម្រោងដែលយើងចង់ធ្វើនៅពេលខាងមុខ មិនយូរប៉ុន្មាននេះ គឺការផ្ទេរតំបន់ដែលក្រសួងបរិស្ថានបានផ្តល់ទៅឲ្យវិនិយោគ ប្រគល់អាផ្នែកហ្នឹងទៅឲ្យក្រសួងកសិកម្ម យកទៅគ្រប់គ្រងទៅ។ អាហ្នឹងផ្នែកធ្វើអាជីវកម្ម។ ឯតំបន់ដែលក្រសួងកសិកម្មគ្រប់គ្រង ជាតំបន់ការពារ ប្រគល់មកឲ្យក្រសួងបរិស្ថានវិញ។ អាហ្នឹងវាអត់ត្រូវការទៅកែច្បាប់ឯណា? យ៉ាងច្រើនកែត្រឹមអនុក្រឹត្យ ស្តីពីការរៀបចំការប្រព្រឹត្ត នៃក្រសួងតែប៉ុណ្ណឹងទេ ដូចប៉ុន្មានថ្ងៃមុននេះ យើងចេញអនុក្រឹត្យមួយដាក់ព្រៃនៅតំបន់ពញាក្រែកដែលជាប់ព្រំដែនកម្ពុជា-វៀតណាមនេះ ឲ្យទៅជាព្រៃតំបន់ការពារ។ អនុក្រឹត្យគ្រាន់តែកែឃ្លាថា ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម (មក)ដាក់ថា កែតែមួយឃ្លាថា ដាក់ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន វាចប់បាត់ទៅហើយ។ ខ្ញុំសុំស្នើឯកឧត្តម គាត ឈន់ កុំឲ្យអន្ទង់វែង ឆ្នាំងវែង … (បើ)ថាចាំពិនិត្យរៀបចំធ្វើម៉េចឲ្យសង្គតិភាព រវាងច្បាប់នេះ និងច្បាប់នេះ (វា)ត្រូវចាំ ៥ ឆ្នាំទៀតឯណោះ។
កែទម្រង់ទាក់ទងការដកយកមកវិញនូវដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនឯកជន
ខ្ញុំសុំជូនជាព័ត៌មានមួយ។ (ក្នុង)ការខិតខំធ្វើកំណែទម្រង់ឡើងវិញ ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច យើងប្រើពេលមិនដល់មួយឆ្នាំផងទេ បញ្ចប់ភារកិច្ចស្រេចទៅហើយ។ បានសេចក្តីថា ដីសម្បទានសេដ្ឋកិច្ចដែលយើងបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជនចំនួនជាង ២ លានហិកតា ឥឡូវនេះ យើងបានពិនិត្យគ្រប់អស់ហើយ ទាំងនៅផ្នែកកសិកម្ម ទាំងនៅផ្នែកបរិស្ថាន។ ក្នុងចំនួននេះ ឥឡូវបន្សល់ទុកឲ្យបន្តវិនិយោគតែ ១ លាន ៩ ម៉ឺនហិកតាទេ។ ជិត ១ លានហិកតាទៀត បានដកហូតត្រឡប់មកវិញហើយ។ ក្នុង ១ លានហិកតានេះ ភាគច្រើន គឺជាដីបានដាំដុះដំណាំកៅស៊ូ ឬក៏ដំណាំផ្សេងៗរួចស្រេចទៅហើយ។ អញ្ចឹង ផលប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋ វាហាក់ដូចជាសឹងតែបាត់អស់ទៅហើយ។ នៅសល់ជាង ១ លានហិកតានេះ ក៏ត្រូវទុករយៈពេលឲ្យទៀត ដោះស្រាយជាមួយប្រជាពលរដ្ឋទៀត (ដោយ)មួយចំនួនអាចនឹងដកហូតត្រឡប់មកវិញ។ ដីសម្បទានសង្គមកិច្ច ឲ្យប្រជាពលរដ្ឋខ្វះដីធ្លី វាមិនខ្វះទេ។ កន្លងទៅ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ហើយដែលរួមមានទាំង ឯកឧត្តម អ៊ឹម ឈុនលឹម, ឯកឧត្តម អ៊ុក រ៉ាប៊ុន, ឯកឧត្តម សាយ សំអាល់ ចូលរួម តែងបានដកហូត (ដោយ)បើដីខាងកសិកម្ម ប្រគល់ទៅឲ្យគេហើយ ដកហូតត្រឡប់មកវិញ (អោយ)កសិកម្មគ្រប់គ្រង, (ដីខាង)បរិស្ថាន (ដកមកវិញអោយ)បរិស្ថានគ្រប់គ្រង ប៉ុន្តែ ដីទាំងនោះហើយ ជាគោលដៅ នៃដីសម្បទានសង្គមកិច្ច សម្រាប់ដោះស្រាយឲ្យកសិកររបស់យើង។
ការកាប់ព្រៃល្អិតល្អោច ដាំដំណាំឧស្សាហកម្ម វានឹងផ្តល់ជាគម្របព្រៃឈើ និងផលប្រយោជន៍សេដ្ឋកិច្ច
ខ្ញុំសង្ឃឹមថា នៅពេលខាងមុខ នៅពេលដែលកៅស៊ូ ឬដំណាំឧស្សាហកម្មវាងើបឡើងផុតពីដី វានឹងផ្តល់ផលឲ្យយើងជាគម្របព្រៃឈើផង និងជាផលប្រយោជន៍ខាងសេដ្ឋកិច្ចផង។ យើងទទួលនូវការឈឺចាប់ណាស់ នៅពេលដែលគេស្រែកអំពីការកាប់បំផ្លាញព្រៃឈើ។ យើងទទួលស្គាល់ ការកាប់ព្រៃឈើបំផ្លាញនេះ ត្រូវតែមានទោស ហើយត្រូវតែបង្រ្កាបហើយ។ ហេតុអ្វីបានខ្ញុំនិយាយពីរឿងឈឺចាប់? បើមិនកាប់ព្រៃល្អិតល្អោចហ្នឹងទេ ធ្វើម៉េចដាំកៅស៊ូកើត? ដល់អាយើងកាប់ហ្នឹងហើយ ពេលវេលាដែលគេឃោសនា វាយប្រហារ។ ប៉ុន្តែ ខ្ញុំសុំសួរ ឧទាហរណ៍ នៅប្រទេសម៉ាឡេស៊ី ដើម្បីឲ្យមានដូងប្រេង និងកៅស៊ូពេញដី ពីដើមដីនៅម៉ាឡេស៊ីហ្នឹងមានព្រៃ ឬអត់? ច្បាស់ជាមានហើយ។ នៅថៃ នៅឥណ្ឌូនេស៊ី គ្រប់តែប្រទេសហ្នឹង។ ប៉ុន្តែ ខ្ញុំមិនឯកភាពទេរឿងកាប់បំផ្លាញព្រៃឈើ។ ឥឡូវថ្មីៗ មានទៀត ទូរទស្សន៍បញ្ចាំងព្រឹកមិញហ្នឹង នៅឯណានោះ កាប់អស់រាប់សិប រាប់រយហិកតា កាប់បំពានទន្ទ្រានយកដី កាប់ហើយដុតឈើចោលយកដី។
អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការ កុំចាំក្រសួងពីភ្នំពេញស្រែក/សុំធ្វើបង្ក្រាបការកាប់ និងដឹកឈើ
នៅកន្លែងនេះ សុំឲ្យឯកឧត្តម គាត ឈន់ ពិនិត្យមើល ខ្ញុំថា អត់ចាំបាច់ទេ រឿងដូរឈ្មោះក្រសួងអីនេះ ចាំក្រោយ។ ប៉ុន្តែ រឿងផ្ទេរមុខងារនេះ បែងចែកមុខងារនេះ ធ្វើបានមុន។ កាត់ទៅ។ ឧទាហរណ៍ ព្រះរាជក្រឹត្យដាក់ថា តំបន់នេះជាតំបន់ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន យើងស្នើសុំដូរព្រះរាជក្រឹត្យហ្នឹងបន្តិចទៅ ឲ្យទៅក្រសួងកសិកម្មគ្រប់គ្រងទៅ។ ដល់កន្លែងខ្លះ ដូចជាក្បាលឆាយ ក្រុងព្រះសីហនុ ជាតំបន់ដែលត្រូវការពារ កែទៅ ដាក់ថាត្រូវគ្រប់គ្រងដោយក្រសួងបរិស្ថានវិញទៅ។ ដកពីក្រសួងកសិកម្ម ឲ្យមកក្រសួងបរិស្ថានវិញទៅ។ នាំគ្នាធ្វើរឿងហ្នឹង ហើយមិនចាំបាច់គណកម្មការរបស់ឯកឧត្តម ប៊ិន ឈិន ទេ អស់លោកតាមក្រសួងធ្វើបានហើយ។ ឥឡូវ ឯកឧត្តម ប៊ិន ឈិន បញ្ចប់ភារកិច្ចរបស់គាត់ហើយ។ គណកម្មការនោះត្រូវបានរំលាយ ព្រោះដោយសារពិនិត្យរួចអស់ហើយ។ ដីដែលដកហូត ក៏ដកហូតហើយ ដីដែលបន្ត គឺបន្ថយរយៈពេលមកទុកត្រឹម ៥០ ឆ្នាំ តាមក្រមរដ្ឋប្បវេណីរបស់យើង។
កិច្ចការបន្តគឺក្រសួងមួយៗ ត្រូវគ្រប់គ្រង។ ឥឡូវ ផ្នែកខាងដាំដុះ អភិវឌ្ឍ ក្រសួងកសិកម្មយកទៅគ្រប់គ្រងទៅ ហើយដូចតំបន់ណាដែលគេដាក់សម្រាប់បាញ់សត្វនោះ ដូចជានៅមណ្ឌលគិរីមានមួយកន្លែង អាហ្នឹងផ្ទេរពីកសិកម្មមកឲ្យបរិស្ថានមកវាចប់ហើយ។ កែទម្រង់មុខងារ ហើយក៏សូមឲ្យអាជ្ញាធរមូលដ្ឋានធ្វើកិច្ចការហ្នឹងឲ្យបានម៉ត់ចត់ កុំចាំក្រសួងពីភ្នំពេញស្រែក។ ដែនដីរបស់ខ្លួន ខ្លួនត្រូវដឹង។ បើថាលួចរត់ពន្ធគ្រឿងញៀន ដូចជាពិបាកចាប់បន្តិច សូម្បីតែខ្ញុំក៏មិនស្គាល់ថា គ្រឿងញៀនហ្នឹងវាយ៉ាងម៉េច ជួនកាលគេយកមកឲ្យយើងកាន់ យើងមិនដឹងថាគ្រឿងញៀនទៀតណា ទាល់តែគេមានជំនាញរបស់គេបានដឹង។ ប៉ុន្តែ រឿងដឹកឈើនេះ អាហ្នឹងវាដឹកនឹងឡានធំៗណាស់ ហើយចុះភ្នែកទៅណាអស់? ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលីស ទាំងភ្នែកប៉េអឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ភ្នែកបរិស្ថាន ភ្នែកទៅណាអស់ទៅ? ឬក៏អាហ្នឹងនឹងគេដែរ? វាណាស់តែអញ្ចឹងណា។ ឥឡូវ សុំអស់លោកធ្វើ។
រដ្ឋមន្រ្តីទាមទារការងារច្រើនទៅក្រសួងខ្លួន តែសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តីដោះស្រាយ ពេលមានបញ្ហា
ខ្ញុំពេញចិត្តជាមួយនឹងការកែទម្រង់ ហើយយើងត្រូវធ្វើហើយ មិនធ្វើមិនបាន … កិច្ចការមានចែងហើយ បើថាវាខ្វះ កែវាទៅ បើទោះច្បាប់ កែច្បាប់ទៅ ពិនិត្យមើលច្បាប់យើងត្រូវមើលហើយ ព្រោះអញ្ចេះ ខ្ញុំកន្លងទៅជួបតែរដ្ឋមន្រ្តីភាគច្រើន គឺសុំដណ្តើមការងារហ្នឹងទៅដាក់ក្រសួងគាត់ឲ្យកាន់តែច្រើន …។ ខ្ញុំឧស្សាហ៍បង្អាប់បង ម៉ុក ម៉ារ៉េត ណាស់កាលពីមុន។ បង ម៉ុក ម៉ារ៉េត (កាល)អាណត្តិទី ១ និងទី ២ ហ្នឹង គាត់ទារអំណាចទៅដាក់នៅក្រសួងបរិស្ថានហ្នឹងឯង (បានជា) រាល់ការប្រជុំ ខ្ញុំចេះតែបង្អាប់។ ដាវអាជ្ញាសឹកទាររហូត ដល់ទៅពេលកាប់ គាត់ប្រគល់ថា សម្តេច សុំជួយកាប់ខ្ញុំផង មិនអញ្ចឹង? អញ្ចឹងមែន ខ្ញុំចាំយ៉ាងច្បាស់។ ជាក់ស្តែង នៅនឹងទឹកឈូ ជាតំបន់ទេសចរណ៍ មានមន្រ្តីខេត្តកំពតម្នាក់ ទៅធ្វើផ្ទះហ្នឹង លយទៅក្នុងទឹកឈូ រួចហើយ អាចម៍នោម ធ្លាក់មកក្នុងទឹកហ្នឹង។ នៅចាំទេពេលប្រជុំ? សម្តេចសុំធ្វើអញ្ចេះ ធ្វើអញ្ចុះ។ ថាទេ ដាវអាជ្ញាសឹកយកទៅហើយ ដល់ពេលកាប់ មកឲ្យខ្ញុំកាប់វិញ?
នៅខាងកំពង់សោមនោះ មានមួយធ្វើនៅក្នុងព្រែកត្រង់ណានោះ ដល់ពេលត្រូវធ្វើ មកសួរនាយករដ្ឋមន្រ្តីទៀត។ រឿងហ្នឹង ដូចជាមន្រ្តីក្រសួងដែនដី។ អញ្ចឹងបានថា កុំប្រមូល។ បើថាយកទៅ យកទៅធ្វើ រួចបើគង់តែមកសួរនាយករដ្ឋមន្រ្តីដដែល “រំលាយចោលក្រសួងទាំងអស់ រៀបចំតែប៉ុន្មាននាក់ជុំវិញខ្ញុំទៅ” បានហើយ។ រួចឥឡូវ ខ្ញុំប្រើតែហ្វេសប៊ុកមួយ … រឿងនេះ ជាយន្តការច្បាប់ បង្កើតដោយច្បាប់ ប៉ុន្តែទាក់ទងនឹងច្បាប់ស្តីពីការបង្កើតស្ថាប័ន វាមិនមានអីលំបាកទេ ត្រឹមតែប៉ុន្មានមាត្រាទេតើ។ រឿងវានៅអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងឯណេះវិញទេ ដែលត្រូវធ្វើនោះ។ ដូច្នេះ វាជាសមត្ថកិច្ចរបស់រដ្ឋាភិបាល មិនរំខានដល់ការងារសភាទេ។ ខ្ញុំថា កុំរង់ចាំយូរពេក ហើយដំណើរការជាមួយគ្នាទៅ ពិភាក្សាទៅ ខាងក្រសួងកសិកម្មមានអ្វីខ្លះ ដែលត្រូវផ្ទេរមកឲ្យក្រសួងបរិស្ថាន ហើយក្រសួងបរិស្ថានមានអ្វីខ្លះ ដែលត្រូវផ្ទេរឲ្យក្រសួងកសិកម្ម ហើយផ្ទេរនៅក្នុងដែនដីរបស់ខេត្តណា? អាហ្នឹងខ្ញុំថាធ្វើរឿងមួយឲ្យដាច់។ កុំចាំយូរ …។
[សេចក្តីអធិប្បាយចប់]
ដោយឡែក ចំពោះមុខនេះ ក្នុងគោលបំណងរួមចំណែកពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ខ្ញុំសូមផ្តល់នូវទស្សនាទានមួយចំនួន ដើម្បីធ្វើជាមូលដ្ឋាននៃការពិភាក្សា និងការអនុវត្តដូចតទៅ៖
ទី១ ក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន៖ ក្រសួងបរិស្ថានត្រូវបន្តពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង, រាវ ដោយបន្តជំរុញការផ្ទេរមុខងារ និងថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាអ្នកទទួលបន្ទុកអនុវត្ត និងទទួលខុសត្រូវដោយផ្ទាល់។ ចំពោះករណីការបំពុលបរិស្ថានគ្រប់ប្រភេទ ដូចជាការបំពុលទឹក រួមទាំងព្រែក, ស្ទឹង, បឹង, ទន្លេ, សមុទ្រ និងប្រភពទឹកក្រោមដី, ការបំពុលដី, ខ្យល់ និងការរំខានដោយសម្លេង ត្រូវធ្វើការតាមដាន, សិក្សា និង វាយតម្លៃស្ថានភាពគុណភាពបរិស្ថានឱ្យបានជាប់ជាប្រចាំ។ ទន្ទឹមនេះ ត្រូវបង្កើនការយកចិត្តទុកដាក់លើការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម នៃគម្រោងវិនិយោគសាធារណៈ និងឯកជន ឱ្យបានត្រឹមត្រូវតាមបែបបទ, នីតិវិធី និងបទដ្ឋានបច្ចេកទេស។
ទី២ ក្នុងក្របខណ្ឌការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ៖ ត្រូវបន្តពង្រឹងប្រសិទ្ធិភាពការងារ គ្រប់គ្រងតំបន់ការពារធម្មជាតិ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ព្រមទាំង បន្តរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាបន្ថែមទៀត។ ទន្ទឹមនេះ ត្រូវសិក្សាវាយតម្លៃប្រព័ន្ធអេកូឡូស៊ី, ប្រភេទសត្វ និងរុក្ខជាតិ នៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ ដើម្បីធ្វើការរៀបចំប្រព័ន្ធតំបន់ការពារធម្មជាតិឡើងវិញ ដោយត្រូវបែងចែក និងកំណត់តំបន់គ្រប់គ្រង ព្រមទាំងកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់។
ទី៣ ក្នុងក្របខណ្ឌការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន៖ ត្រូវបន្តគិតគូរឱ្យបានស៊ីជម្រៅលើការលើក កម្ពស់ការយល់ដឹងអំពីបរិស្ថាន ដើម្បីកែប្រែទាំងផ្នត់គំនិត និង ឥរិយាបថរបស់ប្រជាជនឱ្យស្រឡាញ់បរិស្ថាន និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ។ ក្នុងនោះ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងសកម្មភាពសិក្សាស្រាវជ្រាវ, អប់រំ, បណ្តុះបណ្តាល, ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ស្តីពីបរិស្ថាន ឱ្យបានកាន់តែទូលំទូលាយ។
ទី៤ ក្នុងក្របខណ្ឌការអភិវឌ្ឍដោយចីរភាព៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវខិតខំសម្របសម្រួល និងសហការជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត, គោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយនេះ ត្រូវបន្តអនុវត្តឱ្យបានសកម្មនូវកិច្ចព្រមព្រៀង, អនុសញ្ញា, ពិធីសារ ទាំងក្នុងក្របខណ្ឌជាតិ, តំបន់ និង ពិភពលោក ព្រមទាំងបញ្ជ្រាបការប្រែប្រួលឤកាសធាតុទៅក្នុងការរៀបចំផែនការវិនិយោគ និងអភិវឌ្ឍទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពបន្ស៊ាំ និងភាពធន់ទ្រាំ នឹងការប្រែប្រួលឤកាសធាតុ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍបៃតងដែលបញ្ចេញកាបូនតិច។
ទី៥ ក្នុងបរិការណ៍នៃការកែទម្រង់ក្របខណ្ឌច្បាប់, គោលនយោបាយ និងយុទ្ធសាស្ត្រ៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងរ៉ែ និងថាមពល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចូលរួមសហការជាមួយក្រសួងបរិស្ថានក្នុងដំណើរការរៀបចំសេចក្តីញ្រង «ក្រម-បរិស្ថាន» ព្រមទាំង «យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ ២០១៦-២០២៣» ដែលជាលិខិតូបករណ៍គតិយុត្ត និង ជាឯកសារតម្រង់ទិសដ៏សំខាន់ ដើម្បីធានាឱ្យបាននូវកិច្ចគាំពារបរិស្ថាន, ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទី៦ ក្នុងក្របខណ្ឌការងាររដ្ឋបាល និងហិរញ្ញវត្ថុ៖ ត្រូវបន្តពង្រឹងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យសម្រេចបានជោគជ័យ ដោយត្រូវបន្តខិតខំកសាងធនធានមន្ត្រីរាជការទាំងបរិមាណ និងសមត្ថភាព, ឆ្លើយតបនឹងទំហំការងារចំពោះមុខ ព្រមទាំងត្រូវរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស, ការកសាងសមត្ថភាព ទាំងក្នុងជំនាញរដ្ឋបាល, ហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យមន្ត្រីមានសមត្ថភាពពេញលេញ ក្នុងការកសាងផែនការ និងការគ្រប់គ្រងថវិកា, ការងាររដ្ឋបាល និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងការងារ ជាដើម។
នៅចុងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវ កិច្ចសហការ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពកិច្ចគាំពារបរិស្ថាន, ការគ្រប់គ្រងធនធានធម្មជាតិ និង ការអភិរក្សជីវៈចម្រុះ និងគាំទ្រដល់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីឱ្យស្ថាប័នមួយនេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងកាបញ្ជ្រាប «ការអភិវឌ្ឍប្រកបដោយចីរភាព» ទៅក្នុងគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ, លិខិតបទដ្ឋានគតិយុត្ត, ផែនការ សកម្មភាព និងទិសដៅការងាររបស់ក្រសួងស្ថាប័នរៀងៗខ្លួន។
ជាទីបញ្ចប់ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារមរតកតេជោ» ក្រសួងបរិស្ថាន និង ការ ប្រកាសបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦» នៅពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕