ថ្ងៃនេះជាខួប ៣៧ ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០១៦) តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ តាំងពីថ្ងៃបែកគ្នា ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយក៏កាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ក្រោយរំដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រយៈពេលជាង ១ ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ។ គឺបាត់ទាំងពូជតែម្តង។
ការសប្បាយរីករាយពីការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ហើយតើខ្ញុំត្រូវរៀបចំអនាគតផ្ទាល់ខ្លួនទៅមុខទៀតរបៀបណា? នៅពេលខ្លួនជាពោះម៉ាយ ក្នុងវ័យ ២៧ ឆ្នាំ។
ល្ងាចថ្ងៃ ២៤ កុម្ភៈ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ។ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធ និងកូន ព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះមាន ២ លើករួចមកហើយ។ លើកទី ១ មានស្ត្រីអាយុប្រហែលម្តាយខ្ញុំ បានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស។ គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី ២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលខ្ញុំប្រាប់គាត់ថាខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួងមិនដឹងថាគាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិត រួមផ្សំថាមានទាំងកូន និងប្អូនទៀត ខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណាម៉ោងប្រមាណ ៥ ល្ងាច ហើយខ្ញុំក៏មកផ្ទះ។
ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញរ៉ានីប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ធខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង។ ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែរជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថាពូរយៈពេល ២ ខែ។ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថា ពុកបានប៉ុន្មានថ្ងៃ ខ្ញុំ និងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅ
អូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោត រែក ឬយួរ មកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយួរទឹកមកចាក់បំពេញពាង ទើបធ្វើឱយកូនជិត ២ ខែនេះរលូត។ សោកនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនានិរាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។
យើងរួមគ្នាការពារសន្តិភាព ទប់ស្កាត់នយោបាយបែប ប៉ុល ពត ក្នុងសម័យថ្មី កុំអោយវិលមកវិញជាដាច់ខាត៕