ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសារជាថ្មីម្តងទៀត បន្ទាប់ពីឆ្នាំទៅ នៅថ្ងៃទី ០៥ ខែ មករា បានមកសម្ពោធ ដើម្បីចាប់ផ្តើមសាងសង់នូវអគាររដ្ឋបាលខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ បានមកចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលដ៏ធំមួយ គឺសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ របស់យើង។
អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ ប្រគេន ព្រះតេជព្រះគុណ ព្រះសង្ឃ ជូនចំពោះ ឯកឧត្តម លោកជំទាវ ក៏ដូចជា បងប្អូនជនរួមជាតិរួចហើយ ទាក់ទងនឹងចក្ខុវិស័យទៅលើការអភិវឌ្ឍនៅក្នុងតំបន់នេះ។ ក្នុងនោះ ចំណុចមួយ ខ្ញុំព្រះករុណាខ្ញុំ បានពិភាក្សាជាមួយសម្តេចក្រឡាហោម កាលពីពេលមុន នៅត្រង់ថា យើងគួរចាប់ផ្តើមកសាងសាកលវិទ្យាល័យមុន ហើយក្នុងករណីដែលសាកលវិទ្យាល័យនេះ មិនទាន់មានឱកាសឲ្យសិស្សចូលរៀនទេនោះ យើងគប្បីខ្ចីសាកលវិទ្យាល័យនេះធ្វើជាអគារធ្វើការរបស់សាលាខេត្តត្បូងឃ្មុំសិន។ ប៉ុន្តែ វាជាការគួរឲ្យរីករាយ ដែលសាកលវិទ្យាល័យនេះ បានសាងសង់ក្នុងរយៈពេលដ៏ខ្លី ជាមួយនឹងអគាររដ្ឋបាលខេត្តត្បូងឃ្មុំក៏បាន និងកំពុងសាងសង់មានល្បឿនយ៉ាងលឿន។ ដូច្នេះ យើងមិនមានតម្រូវការចាំបាច់ ដើម្បីនឹងខ្ចីសាកលវិទ្យាល័យនេះធ្វើជាកន្លែងធ្វើការនោះទេ។ អ្វីដែលយើងត្រូវបន្តនោះ គឺការកសាងតាមផែនការមេរបស់យើង ហើយក៏ទៅតាមលទ្ធភាពនៃថវិកាផងដែរ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ មកកាន់ទីនេះ ម្ខាងគឺដើម្បីនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារដែលបានកសាងរួច តែម្ខាងទៀតក៏នឹងប្រកាសចាប់ផ្តើមដំណើរការសាងសង់នូវអគារបន្ថែមមួយចំនួនទៀត។ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍អម្បាញ់មិញ មិនមែនមានត្រឹមប៉ុណ្ណឹងហៅថាសាកលវិទ្យាល័យទេ គឺនៅមានតម្រូវការច្រើនលើសនេះ ក្នុងនោះ ក៏មានផែនការ ទាក់ទិននឹងការសាងសង់ឲ្យបានឆាប់ទៅលើគម្រោងកន្លែងទទួលឲ្យស្នាក់នៅរបស់សាស្ត្រាចារ្យ និងនិស្សិតរបស់យើងថែមទៀតផង។
គោលនយោបាយ ខេត្តមួយសាកលវិទ្យាល័យមួយ ឬសាខាមួយ
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរជាមួយនឹងការខិតខំ ហើយការរៀបចំចក្ខុ វិស័យនេះរបស់សម្តេចពញាចក្រី ហេង សំរិន ក៏ដូចជា សម្តេចក្រឡាហោម ស ខេង ដែលមានការគាំទ្រ ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍតំបន់នេះ។ មិនមែនទាល់តែថា ត្រូវកសាងបំបែកខេត្តត្បូងឃ្មុំ ពីខេត្តកំពង់ចាម ទើបយើងធ្វើសាកលវិទ្យាល័យនៅទីនេះនោះទេ ក៏ប៉ុន្តែនេះ ជាចក្ខុវិស័យដែលយើងបានដាក់ចេញនៅក្នុងក្របខណ្ឌគោលនយោបាយរបស់គណបក្សប្រជាជនក្នុងយុទ្ធនាការ និងឱកាសនៃការបោះឆ្នោតនៅឆ្នាំ ២០១៣ ដែលតម្រង់ឆ្ពោះទៅរកខេត្តមួយសាកលវិទ្យាល័យមួយ ឬសាខាសាកលវិទ្យាល័យមួយ បន្ទាប់ពីអនុវត្តដោយជោគជ័យរួចហើយ នូវឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច។ ដូច្នេះ វាដើរស្របគ្នាជាមួយនឹងការដែលយើងបង្កើតនូវខេត្តត្បូងឃ្មុំ ដោយបំបែកចេញពីខេត្តកំពង់ចាម យើងក៏បានកសាងឡើងនូវសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នេះតែម្តង ហើយក៏ស្របជាមួយនឹងភូមិសាស្ត្រសិក្សា ដែលអាចទទួលសិស្សនៅក្នុងខេត្តត្បូងឃ្មុំផង សិស្សអាចមកពីព្រៃវែងមួយផ្នែក ហើយសិស្សអាចមកពីក្រចេះមួយផ្នែក ហើយក៏អាចមកពីមណ្ឌលគិរី រតនគិរី ក៏អាចចុះមកដល់នេះបានដែរ។ នៅពេលនេះ សាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ក៏កំពុងតែសាងសង់ ដោយហិរញ្ញប្បទានជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិនមួយផ្នែក និងធនធានជាតិរបស់យើងមួយផ្នែក។
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងនូវអំណរគុណជាមួយនឹងការចូលរួមនានា ដែលថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងនោះមានអគារ A, B, C ដែល ពីរផ្នែកប្រើថវិកាជាតិ និងមួយផ្នែកទៀតប្រើថវិកាសប្បុរសជន ក្នុងនោះ សម្តេចក្រឡាហោម ស ខេង បានចលនាជាមួយសប្បុរសជននានា បំពេញបន្ថែមទៅនឹងចំនួនទឹកប្រាក់ប្រមាណជិត ១ លានដុល្លារសហរដ្ឋអាមេរិក បន្ថែមលើថវិការដ្ឋ ដែលបានផ្តល់រួចមកហើយ សម្រាប់ការសាងសង់នូវសាកលវិទ្យាល័យនេះ។
ប្រវត្តិការឈ្លានពានរបស់អាមេរិក និងធីវគី, កន្លែងអនុស្សាវរីយ៍ រៀបការ ១៣ គូ
តាមការគ្រោងទុក យើងត្រូវកសាងបន្ថែមទៀតនូវកិច្ចការជាច្រើន។ អនុញ្ញាតឲ្យ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយបន្តិចទៅលើតំបន់នេះ មុននឹងឈានចូលទៅចំណុចផ្សេង។ ខ្ញុំព្រះករុណាខ្ញុំ សុំអភ័យទោសពីសំណាក់បងប្អូនញាតិញោម ដែលបានអញ្ជើញមកទីនេះ ក្នុងចំណោមនោះ មានបងប្អូនញាតិញោមមួយចំនួនបានស្គាល់ខ្ញុំព្រះករុណាខ្ញុំ តាំងពីនៅក្មេងឯណោះ។ សុំមេត្តាយោគយល់អធ្យាស្រ័យ អម្បាញ់មិញម្តុំខាងនេះថា សុំពិភាក្សាអី សុំជួយដោះស្រាយអី ប៉ុន្តែឥឡូវធ្វើម៉េចបើយើងមនុស្ស(ច្រើន)។ តាមការរាយការណ៍ឲ្យខ្ញុំព្រះករុណាខ្ញុំ ដូចជាមនុស្សមកចូលរួមនេះជាង ១ ម៉ឺននាក់ឯណោះ។ … ទីនេះ គឺជាតំបន់ដែល ខ្ញុំព្រះករុណាខ្ញុំ ខ្លួនឯងផ្ទាល់ និងសម្រាប់អ្នកមួយចំនួនដែលនៅទីនេះ ជាតំបន់រីករាយផង និងជាតំបន់ឈាម និងទឹកភ្នែកផង។ ហេតុអីបានជានិយាយយ៉ាងដូច្នេះ?
ទីនេះ គឺជាតំបន់ដែលចាប់ផ្តើមការឈ្លានពានរបស់អាមេរិកតាមផ្លូវជាតិលេខ ៧ មុនគេ ចាប់តាំងពីស្នួល ក្រចេះ រហូតធ្លាក់មកខាងក្រោមនេះ នៅឆ្នាំ ១៩៧០។ ផ្លូវពីត្រពាំងឈ្លូស ប្រធាតុចូលទៅឆ្លូងនេះ គឺជាផ្លូវយុទ្ធនាការឈ្នះទាំងស្រុងរបស់ពួក ធីវគី ដើម្បីវាយទម្លាយ ចាប់ដៃគ្នារវាងម្ខាងវាយចេញពីទន្លេបិទ និងម្ខាងទៀត វាយចេញពីផ្លូវជាតិលេខ ៧ ទៅដល់ឆ្លូងទៅហើយ។ ក៏ប៉ុន្តែ យុទ្ធនាការឈ្នះទាំងស្រុងនេះ វាទៅជាយុទ្ធនាការចាញ់ទាំងស្រុងតែម្តង ហើយដែលគ្រាន់តែខ្មោចរថក្រោះនៅតាមដងផ្លូវជាតិលេខ ៧ នេះ គឺច្រើនណាស់។ ខ្មែរយើងពូកែជាងជប៉ុនទៅទៀត នៅត្រង់ថា រថក្រោះហ្នឹងយកមកធ្វើឆ្នាំងទាំងអស់។ តំបន់នេះ ខ្ញុំព្រះករុណាខ្ញុំ មិនសូវបានដើរនឹងគេទេ ច្រើនតែរត់។ ផ្សារសួងរបស់យើងនេះ ប៉ុន្មានខែមុននេះ ទើបនឹងយកគ្រាប់ប៉ុន្មានរយគីឡូ(ក្រាម)ចេញ។ អានោះទម្លាក់ផ្សារសួងម៉ោងប្រមាណ ៤ ល្ងាច ហើយខ្ញុំព្រះករុណាខ្ញុំ កំពុងតែ(ទទួលទាន)នំបញ្ចុក ក៏រត់ធ្លាក់ដល់ពោធិជើងខាល។
បន្ទាប់ទៅ ទីនេះជាតំបន់ខ្ញុំព្រះករុណាខ្ញុំ រៀបការក្បែរហ្នឹង។ ច្រាប ឃ្លាតប៉ុន្មាន ៧ ទៅ ៨ គីឡូម៉ែត្រពីនេះ។ ការប្រពន្ធនៅហ្នឹង (មាន) ១៣ គូ។ ខ្ញុំព្រះករុណាខ្ញុំ ដកពិសោធន៍ហើយ គូរៀបចំការឲ្យវាគគ្រឹកគគ្រេង មានតាំងពីសំពះផ្ទឹម កាត់ខាន់ស្លាស្អីៗ តែវាមិននៅជាមួយគ្នា វាមិននៅហើយ។ អាហ្នឹងជាសេរីភាព ទៅហាមឃាត់អ្នកណា ក៏វាមិនបានដែរ។ ស្រីបន្ទោសប្រុស ប្រុសបន្ទោសស្រី ទីចុងបំផុតចែកផ្លូវគ្នាទៅ។ ខ្ញុំព្រះករុណាខ្ញុំ ចាប់ផ្តើមមានកូនច្បង នៅនឹងខ្នារ ហើយកូនហ្នឹងហើយ បានទៅស្លាប់នៅស្រុកមេមត់ ដែលមានផ្នូរនៅឯវិទ្យាល័យស្រុកមេមត់នោះ។ ខ្ញុំព្រះករុណាខ្ញុំ របួស ៥ ដង ចាប់ពីស្នួលរហូតមកទល់ទន្លេបិទ ហើយចុងក្រោយ នៅគល់ស្ពានគីហ្សូណាហ្នឹងតែម្តង។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ មានការស្គាល់ច្រើននៅក្នុងតំបន់នេះ ហើយក៏សូមការយោគយល់សាជាថ្មីម្តងទៀត (ចំពោះ)ការមិនអាចជួបសន្ទនាក្នុងរយៈពេលខ្លីណាមួយ ដោយសារតែយើងជាប់កម្មវិធីបែបនេះ។
កាត់បន្ថយគម្លាតខួរក្បាល អាចធ្វើបាន
ឥឡូវ ខ្ញុំព្រះករុណាខ្ញុំ បកមកនិយាយអំពីបញ្ហាទាក់ទិននឹងសាកលវិទ្យាល័យនេះ។ តើយើងត្រូវផ្តើមពីអ្វី ដែលហៅថាកាត់បន្ថយគម្លាតអភិវឌ្ឍន៍ រវាងទីក្រុង និងជនបទ, រវាងអ្នកមាន និងអ្នកក្រ? គោលដៅរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន គឺកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដោយត្រូវចាប់ផ្តើមពីហេដ្ឋារចនាសម្ព័ន្ធ និងពីការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។ យើងចោទជាសំណួរថា នៅលើពិភពលោកនេះ តើការកាត់បន្ថយគម្លាតខាងទ្រព្យសម្បត្តិអាចធ្វើបានឬទេ? មានតែ ប៉ុលពត មួយគត់ដែលអាចធ្វើបាន (ដោយ)កាត់បន្ថយគម្លាតរវាងអ្នកមាន អ្នកក្រ ឲ្យមកនៅដូចគ្នាទាំងអស់ ធ្វើរួម ស៊ីរួម កម្មសិទ្ធិសមរម្យ គឺស្បោងមួយតូច និងមានចានមួយ ស្លាបព្រាមួយ។ ប៉ុន្តែ នៅលើពិភពលោក បច្ចុប្បន្ននេះ មិនមានប្រទេសណាធ្វើកើតទេ។ វាតែងមានអ្នកមាន តែងមានអ្នកក្រ អញ្ចឹងការកាត់បន្ថយគម្លាតខាងទ្រព្យសម្បត្តិ ពិបាកធ្វើណាស់។ ការខិតខំរបស់យើង គឺធ្វើឲ្យអ្នកក្រីក្ររបស់យើង ទទួលបានប្រាក់ចំណូល។ មិនអាចទៅរំលាយចោលអ្នកមាន ដូចគោលនយោបាយនៃបក្សនយោបាយ(ដទៃ) ឬដូច ប៉ុលពត នោះទេ …។
ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ មានការជឿទុកចិត្តថា ការកាត់បន្ថយគម្លាតផ្នែកខួរក្បាល អាចធ្វើទៅរួច តាមរយៈការវិនិយោគរបស់រដ្ឋ។ មនុស្សកើតមក គ្រាន់តែមានងារ គ្រាន់តែមានចំណុចខុសគ្នា អំពីទីកន្លែងកើត ក្រុមគ្រួសារ ត្រកូល តែប៉ុណ្ណឹងទេ។ គ្មាននរណាកើតមកយកមកជាមួយនូវមាសប្រាក់ នូវទ្រព្យសម្បត្តិ ឬក៏កើតមកឆ្លាតតែម្តងនោះទេ។ វាត្រូវចាប់ផ្តើមរៀនពីតូចដូចៗគ្នា។ កើតមកស្រាតទាំងអស់គ្នាទេ គ្រាន់តែកូនអ្នកមាន គេហៅ លោកប្រុស កូនអ្នកក្រ គេហៅ អាក្តិប រាជបុត្រ គេហៅ ព្រះអង្គម្ចាស់ រាស្រ្ត គេហៅ អាប៉ិច អីអញ្ចឹងទៅ។ តែ សួរថា ទារក ឬកុមារនេះ វាមានចំណេះវិជ្ជាទេ? ថាអត់ទេ។ គឺត្រូវចាប់ផ្តើមដូចគ្នា …។
ប្តូរការអភិវឌ្ឍធនធានមនុស្ស ឲ្យទៅជាអាទិភាពទី ១ វិញ
បើមិនច្រឡំទេ ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសតាំងពីឆ្នាំ ១៩៨៧ នូវអាទិភាព ៤ យ៉ាង ដែលត្រូវដោះស្រាយ ទឹក ផ្លូវ ភ្លើង មនុស្ស។ ៤ យ៉ាង អាទិភាពនេះ ដែលត្រូវប្រមូលទុនវិនិយោគ ដើម្បីនឹងដោះស្រាយបញ្ហា។ ខិតខំដោះស្រាយប្រព័ន្ធស្រោចស្រព ដោះស្រាយទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ ដោះស្រាយទឹកសម្រាប់ស្រោចស្រពនៅក្នុងប្រទេសយើង ដែលជាប្រទេស(ពឹងផ្អែកលើ)វិស័យកសិកម្ម។ ខិតខំដោះស្រាយផ្លូវ ដើម្បីតភ្ជាប់នៅក្នុងប្រទេសរបស់យើង បន្ទាប់ពីសង្គ្រាមអស់រយៈពេលដ៏វែង សង្រ្គាមរបបប្រល័យពូជសាសន៍ និងបន្តមកសង្រ្គាមទៀត។ អគ្គិសនី ក៏ត្រូវដើរទៅជាមួយគ្នា ព្រោះសម័យកាលនេះហើយ មិនមែនសម័យកាលដែលត្រូវដុតចន្លុះជ័រ ឬប្រេងកាតទៀតទេ។ ត្រូវប្រើអគ្គិសនី។ ខ្ញុំបានសួរសម្តេចក្រឡាហោម សួរឯកឧត្តម ប្រាជ្ញ ច័ន្ទ ថាតើប្រើអគ្គិសនីមកពីណា? សម័យនេះហើយ គេត្រូវប្រើកុំព្យូទ័រ ប្រើនេះ ប្រើនោះ យើងត្រូវខិតខំ ដើម្បីទាញយកការវិនិយោគផ្នែកអគ្គិសនីនេះ។ ភ្នំពេញកាលពីដើម ប្រើថាមពលអគ្គិសនី ត្រឹមតែ ៣០-៤០ មេហ្គាវ៉ាត់ប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ ភ្នំពេញប្រើរាប់រយមេហ្គាវ៉ាត់ … ជាប្រទេសដែលកំពុងមានការអភិវឌ្ឍមួយ។ ជាមួយគ្នានោះដែរ បញ្ហាធនធានមនុស្សក៏មិនអាចខ្វះបានទេ នៅក្នុងអាណត្តិថ្មីនេះ។ រាជរដ្ឋាភិបាល បានប្តូរមុំ ប្តូរអាទិភាពរបស់ខ្លួន ពី ផ្លូវ ទឹក ភ្លើង មនុស្ស ឥឡូវ យើងហៅ មនុស្ស ទឹក ផ្លូវ ភ្លើង វិញ ដោយដាក់មនុស្សជាអាទិភាពទី ១ វិញ។
គោលនយោបាយបង្កៀកសាលាឲ្យទៅជិតនឹងប្រជាពលរដ្ឋ
អាចសង្កេតឃើញថា កំណែទម្រង់នៅក្នុងវិស័យអប់រំ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលជារដ្ឋមន្រ្តីវ័យក្មេងម្នាក់ តែអាយុ ៥៤ ហើយ។ សល់ ៦ ឆ្នាំ ទៀត ចូលនិវត្តន៍ខាងមុខងារសាធារណៈបាត់ទៅហើយហ្នឹង។ យើងជម្រុញវិស័យអប់រំនេះ តាមកម្មវិធីពង្រាយសាលាឲ្យទៅកៀកនឹងប្រជាពលរដ្ឋ នោះ(គឺ) វិទ្យាល័យ និងអនុវិទ្យាល័យយ៉ាងច្រើន បានកើត។ គ្រាន់តែត្បូងឃ្មុំ ដែលបែកពីខេត្តកំពង់ចាម មានសាលាបឋមសិក្សា ៣៩៦ សាលា, អនុវិទ្យាល័យមាន ៥៣, និងវិទ្យាល័យ ២៣។ នៅត្បូងឃ្មុំ មានតែ ៦ ស្រុក និង ១ ក្រុង ប៉ុណ្ណោះ តែមានវិទ្យាល័យរហូតទៅដល់ ២៣ វិទ្យាល័យ។ បានសេចក្តីថា ការពង្រាយសាលាទៅតាមឃុំ បានកាត់បន្ថយការលំបាកច្រើនណាស់ សម្រាប់សិស្សានុសិស្ស ដែលត្រូវរៀននៅថ្នាក់អនុវិទ្យាល័យ ដើម្បីបញ្ចប់ថ្នាក់ទី ៩។ បន្ថែមលើនោះ វិទ្យាល័យនៅតាមស្រុក ដែលនៅកៀកនឹងឃុំ ដែលខ្លួនរស់នៅ ក៏បានបង្កឱកាសកាន់តែច្រើន សម្រាប់យុវជនរបស់យើង ពិសេស សម្រាប់យុវនារី ដែលជាធម្មតា ឪពុកម្តាយមិនសូវឲ្យកូនទៅឆ្ងាយ។
ប៉ុន្តែ កម្រិតត្រឹមប៉ុណ្ណេះ វាមិនទាន់គ្រប់ទេ។ ត្រូវមានវិធីពង្រាយនូវមហាវិទ្យាល័យទៅតាមខេត្ត។ ក្នុងនោះ ខេត្តដែលមានរួចមកហើយ គឺរាប់ពីទិសខាងលិចមកវិញមាន បន្ទាយមានជ័យទល់នឹងទល់ដែនថៃ បាត់ដំបង សៀមរាប ហើយមកទិសខាងកើតមាន ស្វាយរៀង ព្រៃវែង និងឥឡូវនេះ មាននៅទីនេះ(ត្បូងឃ្មុំ)មួយទៀត ទន្ទឹមនឹងសាកលវិទ្យាល័យដែលមានរួចហើយ នៅកំពង់ចាម គឺសាកលវិទ្យាល័យកសិកម្ម។ ក្រៅពីនោះ នៅមានសាខាសាកលវិទ្យាល័យ ក្នុងវិស័យឯកជនមួយចំនួនផ្សេងទៀត។ ការធ្វើបែបនេះ កាត់បន្ថយបាននូវការលំបាករបស់និស្សិត ដែលប្រមូលផ្តុំនៅទីក្រុងភ្នំពេញ។ ខ្ញុំព្រះករុណាខ្ញុំ យល់ថា នេះជាវិធីដែលល្អបំផុតហើយ ដែលធ្វើឲ្យធនធានមនុស្សមានគ្រប់ទីកន្លែង។ សូម្បីតែតំបន់ជនជាតិភាគតិច នៅខាងឦសាន នៅពេលដែលយើងបណ្តុះបណ្តាលធនធានមនុស្សបានហើយនោះ មិនមានការចាំបាច់ដើម្បីនឹងបញ្ជូនអភិបាលខេត្ត ឬស្រុក ពីផ្នែកខាងក្រោមតទៅទៀតទេ ព្រោះដូចជាអភិបាលខេត្តរតនគិរី អ្នករតនគិរីហ្នឹងតែម្តង។
ការបណ្តុះបណ្តាលធនធានមនុស្ស បានក្លាយទៅជាប្រធានបទគន្លឹះ នៃការអភិវឌ្ឍរបស់កម្ពុជា (ដោយវា)កាត់បន្ថយគម្លាតផ្ទៃក្នុងខ្លួនឯងផង និងក៏កាត់បន្ថយគម្លាតអភិវឌ្ឍន៍ជាមួយនឹងប្រទេសដទៃថែមទៀតផង។ វាដូចគ្នានឹងការតភ្ជាប់ដែរ។ យើងទទួលបន្ទុកតភ្ជាប់ផ្ទៃក្នុងខ្លួនឯង។ ខ្ញុំព្រះករុណាខ្ញុំ ថា រឿងនេះវាត្រូវដើរស្របជាមួយគ្នា បើមានតែសាលា តែអត់ផ្លូវទៅ វាក៏នៅតែមិនបាន បើមានតែផ្លូវ អត់សាលាវាក៏មិនបាន។ អញ្ចឹងវា ត្រូវមានទាំងគ្រប់អាទិភាព ៤ យ៉ាង (ដែល)នៅតែជាអាទិភាពដែលយើងត្រូវដោះស្រាយ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលយើងបានរួមគ្នាធ្វើកិច្ចការទាំងអស់ បន្ទាប់ពីថ្ងៃរំដោះ ១៩៧៩ រហូតមកដល់ពេលនេះ។ មិនមែនទេវតាទម្លាក់ឲ្យយើងទេ ហើយក៏មិនមែនកើតពីសន្យាខ្យល់ណាមួយដែរ គឺយើងធ្វើពិតប្រាកដ។
ទីក្រុងម៉ៃសាក់, រឿងមន្រ្តីអស់យោបល់
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមនៅក្នុងការសាងសង់អគារ C នេះ។ ហើយក៏សូមអរគុណឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលបាន និងកំពុងបរិច្ចាកសាងសង់អគារបណ្ណាល័យមួយខ្នង ពីរជាន់។ ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះអរគុណជាមួយនឹងសម្តេចក្រឡាហោម ដែលបានដឹកនាំកសាងនូវសាកលវិទ្យាល័យនេះផង និងដឹកនាំកសាងតំបន់រដ្ឋបាលផងដែរ។ មើលពីលើអម្បាញ់មិញ ខ្ញុំគិតថា ថ្ងៃក្រោយគេហៅថា ទីក្រុងម៉ៃសាក់ ព្រោះអាហ្នឹងចំការម៉ៃសាក់។ ចំការម៉ៃសាក់ហ្នឹង ពីដើមធំលើសហ្នឹងទៀត ប៉ុន្តែ វានៅក្នុងតែបញ្ជីសារពើភ័ណ្ឌរហូតអញ្ចឹងទៅ។ ម៉ៃសាក់នៅហ្នឹងមួយកន្លែង ម៉ៃសាក់នៅមេមត់មួយកន្លែង នៅក្នុងបញ្ជីសារពើភ័ណ្ឌមួយកន្លែងអញ្ចឹងទៅ ហើយទៅដល់ផ្តល់មតិមក បើនៅមេមត់វិញថា សុំរើប្រជាពលរដ្ឋពីចំការម៉ៃសាក់នេះ យកទៅដាក់នៅកន្លែងមួយទៀត។
ខ្ញុំចារត្រឡប់ទៅវិញ បើគង់តែអញ្ចឹងដែរ សុំទៅដាំម៉ៃសាក់នៅអាកន្លែង ដែលប្រុងយកគាត់ទៅ ហើយទុកឲ្យគាត់នៅនេះតែម្តងទៅ។ ខ្ញុំព្រះករុណាខ្ញុំ និយាយពីរឿងមន្រ្តីអស់យោបល់ ហើយបើខ្ញុំព្រះករុណាខ្ញុំ ធ្វើតាម អាហ្នឹងងាប់ហ្មង។ ឆ្នាំ ២០០១ បានសេចក្តីថា ១៥ ឆ្នាំមុន មានរឿងហ្នឹងកើតឡើង។ បើយកចំណារហ្នឹងមក មើលគឺល្អមើលណាស់។ ប៉ុន្តែ នៅនេះដូចជា (ហ៊ុន)ណេង ២០០៧ សុំកាត់ចេញអំពីបញ្ជីសារពើភ័ណ្ឌ វានៅតែក្នុងបញ្ជីសារពើភ័ណ្ឌហ្នឹង។ ប៉ុន្តែ លើការជាក់ស្តែង ប្រជាជនកំពុងទទួលផលដាំកៅស៊ូ។ មួយកន្លែងទៀតនៅអូររាំងឪ ទួលសុភី ប្រធាតុ នៅតែបញ្ជីសារពើភ័ណ្ឌ។ ប៉ុន្តែមានរឿងមួយគួររំលឹកបន្តិច បើសិនជានាយករដ្ឋមន្រ្តីចេះតែធ្វើតាម ងាប់ប្រជាជនបណ្តោយ។ អ្នកស្រុកមេមត់មានមកខ្លះអាចយល់ ពេលរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចំការម៉ៃសាក់ហ្នឹងកាប់បណ្តើរៗ ហើយចេះតែកាប់ត កាប់រហូតកាប់ទាល់តែខ្ទេច ប្រជាជនធ្វើផ្ទះ មានតាំងពីដើមខ្នុរ មានតាំងពីដើមដូង មានតាំងពីស្អីៗ ទៅជាភូមិបណ្តោយ។ ដល់ទៅចាប់ផ្តើម ស្រាប់មកថា សុំយកចំការម៉ៃសាក់ត្រឡប់មកគ្រប់គ្រងវិញ ហើយទៅដោះស្រាយដីឯណាជាង ៧០០ ហិកតា ថាសុំលើកគាត់ពីហ្នឹង រើរុះគាត់យកទៅដាក់កន្លែងនោះ។ អញ្ចឹង ចំណារខ្ញុំម៉េចទេ? បើដូច្នោះសូមឯកឧត្តម ទៅដាំម៉ៃសាក់នៅកន្លែង ដែលបម្រុងយកប្រជាជនទៅដាក់ ហើយសុំផ្តល់កម្មសិទ្ធិឲ្យប្រជាជន ដែលកំពុងនៅលើដីស្រាប់ …។
ធ្វើរដ្ឋាភិបាលអេឡិចត្រូនិច តែប្រព័ន្ធរដ្ឋបាលនៅដដែល
ព្រឹកមិញចង់សើចរឿងមួយ។ គេស្វាគមន៍មួយប្រទេស វាទៅជាមានអ្នកវិភាគថា គណរដ្ឋមន្រ្តីហ្វេសប៊ុក។ ខ្ញុំព្រះករុណាខ្ញុំ គិតថា យើងគិតបង្កើតសាលាមួយ ហើយហៅពួកអ្នកហ្នឹងមកបង្រៀនយើង តើគួរធ្វើអ្វីខ្លះ? ចំណុចវានៅត្រង់ថា បើទោះបីជាយើងមិនមានហ្វេសប៊ុក ក៏ប្រជាពលរដ្ឋបញ្ជូនពាក្យបណ្តឹងហ្នឹងទៅឲ្យខ្ញុំព្រះករុណាខ្ញុំ នៅភ្នំពេញដែរ។ ជួនកាលមិនត្រឹមតែបញ្ជូនទេ គាត់លើកគ្នាធ្វើបាតុកម្មបញ្ជូន ដើម្បីយកញត្តិទៅដល់ព្រឹទ្ធសភា ទៅដល់មុខផ្ទះនាយករដ្ឋមន្រ្តីទៅទៀត រួចយកទៅហើយ សួរថាយើងដោះស្រាយរបៀបម៉េច មានតែមួយគត់ គឺបង្វិលទៅឲ្យក្រសួងណាដែលមានសមត្ថកិច្ច ថារឿងហ្នឹងវាយ៉ាងម៉េច ឲ្យយោបល់មក។ បើសិនទាក់ទងនឹងខេត្ត ក៏ត្រូវបញ្ជូនទៅឲ្យខេត្តហ្នឹងវិញដែរ ដើម្បីឲ្យខេត្តផ្តល់មតិមក រឿងហ្នឹងវាយ៉ាងម៉េច?
ប្រព័ន្ធរដ្ឋបាលនៅទាំងអស់។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ខ្លួនឯងបានដឹកនាំគេឲ្យធ្វើអា E-Government រដ្ឋាភិបាលអេឡិចត្រូនិច។ រដ្ឋាភិបាលអេឡិចត្រូនិចនេះ មានគ្រប់ប្រព័ន្ធរបស់វា រាប់ទាំងប្រព័ន្ធអ្វីដែលលឿនបំផុត ដែលអាចដោះស្រាយបានការងារសម្រាប់ប្រជាពលរដ្ឋ។ គេមិនបោះបង់ចោលនូវប្រព័ន្ធ ដែលគេប្រើប្រាស់សព្វថ្ងៃ ហើយដែលមានចែងក្នុងច្បាប់ និងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័ននោះទេ។ សុំអស់លោកឲ្យយល់ … នៅពេលដែលប្រជាពលរដ្ឋមានសំណូមពរតាមរយៈប្រព័ន្ធអេឡិចត្រូនិចមក អញ្ចឹងទេ តើឲ្យមកកកកន្លែងនាយករដ្ឋមន្រ្តី ឬនាយករដ្ឋមន្រ្តីត្រូវរកវិធី ដើម្បីដោះស្រាយបញ្ហា។ ឬអស់លោកនិយាយអញ្ចឹងថា នាយករដ្ឋមន្រ្តីដោះស្រាយបែបហ្នឹង អស់លោកគ្មានការងារធ្វើ ព្រោះដោះចំអាចំណុចខ្សោយដែលអស់លោកចិញ្ចឹម។ … ឥឡូវ សូម្បីតែចុះបញ្ជីពាណិជ្ជកម្ម ក៏ក្រសួងពាណិជ្ជកម្ម អត់តម្រូវឲ្យអ្នកចុះបញ្ជីពាណិជ្ជកម្ម ទៅចុះបញ្ជីពាណិជ្ជកម្មនៅភ្នំពេញទេ។ ចុះតាមប្រព័ន្ធអេឡិចត្រូនិចទាំងអស់។ ពេលដែលខ្ញុំទទួលបានសំណុំរឿង គ្រាន់តែ ឯកឧត្តម ម៉ម ប៊ុនហេង មួយ គាត់ដោះស្រាយបានការងារច្រើនណាស់ លើសំណូមពរនេះ លើសំណូមពរនោះ …។
យប់ម្សិល មានរឿងមួយនៅស្រីសន្ធរ។ ខ្ញុំបានផ្ទេរតាម Whatsapp ទៅឲ្យអភិបាលខេត្តកំពង់ចាម លន់ លឹមថៃ ហើយនៅមានអាថ្ងៃមួយនោះទៀត អារឿង ៨០ ដុល្លារ ជាប់គុក … អញ្ចឹងសួរថា ដំណើរដោះស្រាយល្បឿនលឿនបែបនេះ គួរស្វាគមន៍ ឬអត់? បើសិនជាប្រព័ន្ធនេះ មិនអាចចូលមកដល់ខ្ញុំបានទេ តើខ្ញុំមានលទ្ធភាពផ្ទេរទៅឲ្យឯកឧត្តម លន់ លឹមថៃ បានទេ? បានសេចក្តីថា ម៉ោង ១១:៣០ ហើយ គាត់ដេកបាត់ទៅហើយ ព្រលឹមឡើងបើកមើល អត់ទាន់ឃើញសញ្ញាខៀវ បើកមើលផង។ អញ្ចឹងទូរស័ព្ទរ៉ឺង ថាមានមើលនៅ? អត់ទាន់បានមើលផង។ ឥឡូវ មើលឲ្យច្បាស់ ៨០ ដុល្លារ ហើយជាប់គុក ១០ ថ្ងៃ បើថារឿងហ្នឹងពិតមែន ដោះលែងថ្ងៃហ្នឹង។ គ្នាធ្វើជាកម្មករ ដល់ឈប់ធ្វើការ វាដោយទៅជាមួយសំភារៈតម្លៃ ៨០ ដុល្លារ ចាប់គ្នាយកទៅដាក់គុក។ រឿងវាហួសហេតុពេក។ ដល់ខ្ញុំបើកមើលទៅ ប្រពន្ធគ្នាថ្វាយបង្គំតែម្តង។ ប៉ុន្តែខ្ញុំអត់មានពេល … ខ្ញុំត្រូវណែនាំឲ្យក្រសួងនានាតាមមើល។ ម្សិលមិញខ្ញុំបង្ហោះមួយ (ស្រាប់តែ)សម្តេចជួយផង លោកសង្ឃ ១៣ អង្គ ត្រូវគេដេញចេញពីវត្ត។ ទោះបីយើងនិយាយពីគោ ប៉ុន្តែ គាត់និយាយពីក្របី ធ្វើអីគាត់ (បើ)គាត់បញ្ជូនមកឲ្យយើងអញ្ចឹង។ ឃើញរឿងអញ្ចឹង ក្រសួងធម្មការ និងសាសនា ឬអភិបាលខេត្តសាម៉ីនោះ ត្រូវក្តាប់រឿងហ្នឹងផង ហើយដោះស្រាយរបៀបម៉េច។
សូមផ្តាំទៅមហាគ្រូ ប្រព័ន្ធគេមិនចោលទេ សូមអស់លោកកុំភ័យ អស់លោកវិញទេ ដែលដើរនិយាយត្រង់នេះបន្តិច ត្រង់នោះបន្តិច។ តែនេះប្រព័ន្ធក្របខណ្ឌគោលនយោបាយ ប្រព័ន្ធច្បាប់ និងមុខងារដែលត្រូវបានបែងចែក ហើយដោយសារមុខងារ ដែលត្រូវបានបែងចែកឲ្យស្ថាប័ន និងមុខងារ ដែលបានបែងចែករវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនោះហើយ ដែលតម្រូវឲ្យស្ថាប័នទាំងនេះ ដោះស្រាយការងារឲ្យបានលឿនជាង និងមានប្រសិទ្ធិភាពជាង តាមរយៈនៃការទទួលបានព័ត៌មានជាក់លាក់ ក្នុងហ្នឹងមាន មួយផ្នែកដែលទទួលពីនាយករដ្ឋមន្ត្រីតែម្តង …។ ខ្ញុំសូមផ្តាំត្រឡប់ទៅវិញ ខ្ញុំអត់ចោលប្រព័ន្ធការងារដែលធ្លាប់មានពីមុនទេ។ ខ្ញុំគ្រាន់តែបង្កើនល្បឿនឲ្យមន្ត្រីរបស់យើងគ្រប់ទីកន្លែង ដោះស្រាយការងារឲ្យបានលឿនបំផុតសម្រាប់ប្រជាពលរដ្ឋ។ បញ្ហារបស់ប្រជាពលរដ្ឋ មិនមែនជាបញ្ហាតូចតាចទេ។ តើយើងមានការចាំបាច់បង្រៀននិស្សិតយើង សិស្សយើង ឲ្យចេះរៀនកុំព្យូទ័រទេ? បើគ្រាន់តែយើងមេដឹកនាំ មិនទាំងចេះកុំព្យូទ័រ។ កុំព្យូទ័រទៅថាវាពិបាក ប៉ុន្តែ ឲ្យចេះតែមួយប្រព័ន្ធទូរស័ព្ទចុះ ដែលខ្ញុំអំពាវនាវតាំងពីមួយឆ្នាំមុនឯណោះ ខ្ញុំថា ឲ្យធ្វើអនក្ខរកម្មប្រព័ន្ធព័ត៌មានវិទ្យាជុំវិញទូរស័ព្ទហ្នឹងបានហើយ។ សូមបណ្តាក្រុមហ៊ុនទូរស័ព្ទ មេត្តាខិតខំតម្លើងនៅនេះ។
ខ្ញុំសោកស្តាយដែរ ជាមួយអ្នកដែលវិភាគ ប៉ុន្តែបើគ្នាមិននិយាយអញ្ចឹង វាអត់អីនិយាយ បើមិនធ្វើអញ្ចឹងវាអត់មានអីវិភាគ។ ប្រាក់ខែ ឬក៏ប្រាក់ឧបត្ថម្ភអីសម្រាប់ការវិភាគ វាអត់ទៅទៀត។ បើវិភាគ ទាល់តែវិភាគប្រឆាំងជាមួយនាយករដ្ឋមន្ត្រី … បើអញ្ចឹងសូមបន្តទៀតទៅចុះអស់លោក។ គ្រាន់តែខ្ញុំបង្កើនប្រសិទ្ធិភាពការងារ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ អស់លោកចាត់ទុកថា ខ្ញុំជានាយករដ្ឋមន្រ្តីហ្វេសប៊ុកទៅហើយ។ អ្នកណាជានាយករដ្ឋមន្ត្រីហ្វេសប៊ុកកាលពីពេលមុន? ស្អីឡើងហ្វេសប៊ុកៗ …។ ខ្ញុំអត់បានប្រើហ្វេសប៊ុករបស់ខ្ញុំជាគោលដៅប្រណាំងប្រជែងជាមួយអ្នកណាទេ។ ហ្វ៊េសប៊ុករបស់ខ្ញុំ ដើម្បីដោះស្រាយការងាររបស់ប្រជាជន។ អ្នកដំបែនេះ សំណូមពរខ្ញុំមិនដឹងប៉ុន្មានទេ … សំណូមពរច្រើនណាស់។ សូម្បីតែនៅបឹងព្រួល មានក្មេងម្នាក់ថា កាលដែលអ៊ំពរខ្ញុំ បើសិនជាពេលហ្នឹង ឥឡូវបានអ៊ំពរទៀតសប្បាយ ហើយពរតាំងពី ៤០ ឆ្នាំមុន ពរម៉េចទៀត? ប្រហែលជាមកដែរ ហើយមានមួយនោះ ថាថ្ងៃហ្នឹងមកចូលរួមការពារសម្តេចតេជោដែរ។ យើងមើលទៅវាអត់ទាស់អីទេ។ ពីដើមអស់លោកជា អធិរាជហ្វេសប៊ុក។ ខ្ញុំយក(វា)មកបម្រើប្រសិទ្ធិភាពការងារ (ព្រោះ)ខ្ញុំមិនចង់ទទួលរបាយការណ៍ភូត ហើយប្រជាពលរដ្ឋក៏មិនអាចភូតខ្ញុំបាន ព្រោះនៅពេលដែលខ្ញុំទទួលបានរបាយការណ៍ ខ្ញុំត្រូវបញ្ជូនទៅឲ្យមូលដ្ឋានវិញ។ មន្ត្រីរបស់ខ្ញុំ ជំនួយការរបស់ខ្ញុំ ត្រូវផ្ទេរទៅឲ្យខេត្តណា ត្រូវផ្ទេរទៅឲ្យក្រសួងណា គឺផ្ទេរទៅ រួចហើយអាណាខ្លួនដោះស្រាយបាន គឺដោះកន្លែងណាដែលខ្លួនដោះស្រាយមិនបាន គឺស្នើទៅតាមខ្សែរយៈវិញ។ មានអីខុស?
មិនត្រូវចោលការបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ
ថ្ងៃនេះ ទន្ទឹមនឹងសម្ពោធនូវសមិទ្ធិផលនេះ យើងត្រូវសាងសង់នូវអាគារមួយចំនួនទៀត ប៉ុន្តែឯកឧត្តម ហង់ ជួនណារ៉ុន ប្រហែលជាបានដឹងហើយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឆ្លើយតប អាហ្នឹងត្រូវការថវិកា ២១,៣៥៣ លាន ប៉ុន្តែត្រូវចែកជា ២ ឆ្នាំ។ អញ្ចឹងត្រូវពិនិត្យមើលទៅ ណាធ្វើមុន ណាធ្វើក្រោយ។ ខ្ញុំសប្បាយណាស់ ដោយសារតែសាកលវិទ្យាល័យនេះបានប្រឹងប្រែងរៀបចំ ឲ្យមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៩+១ និង ៩+២ និង ៩+៣ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ រៀនមួយសប្តាហ៍រហូតដល់បីខែ។ កន្លងទៅសាកលវិទ្យាល័យមួយចំនួននៅភ្នំពេញ ខ្ញុំជួយទំនុកបម្រុង ដើម្បីឲ្យដំណើរការអារឿងនេះកុំចោល។ នៅទីនេះ គឺបណ្តុះបណ្តាលថ្នាក់បរិញ្ញា និងបរិញ្ញារង ១២+៤ និង ១២+២ ប៉ុន្តែនៅមាន ៩+១, ៩+២, ៩+៣ ថ្នាក់ឯកទេស ត្រូវជ្រើសរើសមុខវិជ្ជាណាដែលសមស្របជាមួយនឹងតំបន់របស់យើង។
ចំណាកស្រុកខុសច្បាប់, ការធ្លាក់ចុះតម្លៃប្រេង កៅស៊ូ នាំឲ្យមានកង្វះការងារ
ឥឡូវមិនមែនតែបញ្ហាបម្រើឲ្យតែខេត្តត្បូងឃ្មុំនោះទេ បម្រើឲ្យស្ថានភាពនៅកន្លែងដទៃទៀត រាប់ទាំងកិច្ចការងារមួយចំនួន ដែលមិនមែនគ្រាន់តែទីផ្សារការងារនៅខេត្តត្បូងឃ្មុំទេ តែទីផ្សារការងារនៅក្នុងប្រទេស ហើយអាចទៅជាទីផ្សារការងារនៅក្រៅប្រទេសទៀតផង។ អ្វីដែលរាជរដ្ឋាភិបាលត្រូវតែខិតខំទប់ស្កាត់ គឺចំណាកស្រុកខុសច្បាប់។ ការទៅរកការងារដែលត្រូវច្បាប់ គឺជាវិធីដោះស្រាយការងារធ្វើឲ្យពលរដ្ឋ។ ត្រូវយល់ឲ្យច្បាស់។ អ្នកខ្លះគេធ្វើដូចជាឥសីជប់អញ្ចឹង បង្កើតការងារប៉ុណ្ណេះៗ ប៉ុន្តែ បង្កើតផេះ បើខ្លួនឯងមិនទាន់បានអីផង យកអ្នកមានធ្វើជាសត្រូវបាត់ទៅហើយ។ តើអ្នកមានណាហ៊ានវិនិយោគទៀត? ហ្វីលីពីនមានពលករសម្រាប់ចេញទៅក្រៅប្រទេសជាង ១០ លាននាក់។ ឥឡូវ ជនជាតិហ្វីលីពីន ដែលមកធ្វើការនៅប្រទេសយើង រាំតាមបារធំៗ ភោជនីយដ្ឋានធំៗ អ្នកកចែកបៀរ អ្នកកមើលកូនរបស់ជនបរទេសក្នុងប្រទេសយើង(មាន)លើសម៉ឺន។ អញ្ចឹង វិធីដោះស្រាយការងារធ្វើ ខ្ញុំផ្តាំជូនមិនមែនគ្រាន់តែដោះស្រាយការងារក្នុងស្រុកទេ ការរកទីផ្សារការងារនៅក្រៅស្រុក ក៏ជាផ្នែកមួយនៃកិច្ចការរបស់រាជរដ្ឋាភិបាល ដែលត្រូវរកការងារធ្វើឲ្យពលរដ្ឋរបស់ខ្លួន។
ពិតហើយយើងត្រូវប្រឹងប្រែង ដើម្បីឲ្យមានការងារធ្វើក្នុងស្រុក ប្រសើរជាងទៅធ្វើនៅក្រៅស្រុក ព្រោះយើងក៏នៅខ្វះពលកម្មដែរ។ អញ្ចឹងម្ចាស់កៅស៊ូ ម្ចាស់ចំការម្រេច ក៏ត្រូវគិតគូរពីប្រាក់បៀរវត្សរ៍ឲ្យបានខ្ពស់ ក៏ត្រូវគិតគូរពីកន្លែងស្នាក់នៅ។ ប៉ុន្តែ ឥឡូវនេះ តាមការបញ្ជូនព័ត៌មានជាតាមលាយល័ក្ខអក្សរ ឬដោយការបញ្ជូនព័ត៌មានដោយប្រព័ន្ធអេឡិចត្រូនិច នៅលើពិភពលោក យ៉ាប់ទាំងអស់គ្នាហ្នឹង។ តម្លៃកៅស៊ូក៏ធ្លាក់ ប្រេងកាលពីមុនឡើងជាង ១០០ ដុល្លារ (ក្នុង ១ បារ៉ែល) ឥឡូវនៅត្រឹម ៣០.២៧ ដុល្លារ។ និន្នាការនេះអាចធ្លាក់មកនៅក្រោម ៣០ ទៀត។ ឥឡូវទៅរកផ្សារឯណា? ទៅរកផ្សារនៅវៀតណាម គេឆ្អែតនឹងស្រូវ នឹងដំឡូងហ្នឹងដែរ។ ប៉ុន្តែយើងនឹងប្រឹង (ព្រោះ)វាមានពេលវេលារបស់វា។ ចាំទេនៅឆ្នាំ ២០០៨ ស្រាប់តែស្បៀងឡើងគ្រឹបៗតែម្តង កសិករយើងត្រូវប៉ាន់ ប៉ុន្តែពេលហ្នឹងគឺជាពេលវេលា ដែលអ្នកទទួលទានស្រែក។ ឥឡូវ ដល់ពេលអ្នកទទួលទានកំពុងតែសប្បាយអង្ករថោក ស្អីក៏ថោក សាំងក៏ថោក ប៉ុន្តែដល់ពេលឡើងគ្រឹប ស្រែកយ៉ៃ។ យ៉ាងណាក៏ដោយ ពិភពលោកកំពុងដោះស្រាយបញ្ហារបស់ពិភពលោក យើងក៏កំពុងដោះស្រាយបញ្ហារបស់យើង។ ឥឡូវ កសិករបញ្ចេញពលកម្មទៅមិនរួចថ្លៃ នៅប្រទេសថៃ ឥឡូវនេះ មានចំការកៅស៊ូមួយចំនួនឈប់ចាក់ជ័រតែម្តង ព្រោះបើចាក់អត់រួចថ្លៃកម្មករ អញ្ចឹងទុកចោលចំការកៅស៊ូនោះ …៕