- ឯកឧត្ដម លី ប៉ាវតុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី
- ឯកឧត្តម ប្រមុខរដ្ឋ និងរដ្ឋាភិបាល
- ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន
- ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី!
ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី ក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ ជាមួយនឹងវត្តមានជាង ២០ ឆ្នាំកន្លងមកនេះ វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានទទួលស្គាល់ថាជាវេទិកាប្រកបដោយឥទ្ធិពលមួយ សម្រាប់ការរៀបចំរបៀបវារៈថ្នាក់តំបន់ និងសកលលោក ដោយបានពាំនាំនូវសំឡេង និងបញ្ញាញាណរបស់អាស៊ី នៅក្នុងការដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងពិភពលោកមួយដែលមានសន្តិភាព និងឈានទៅរកភាពកាន់តែប្រសើរ សម្រាប់ទាំងអស់គ្នា។
ជាបឋម ខ្ញុំសូមអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការបញ្ចប់ប្រកបដោយជោគជ័យនៃ «មហាសន្និបាតទាំងពីរ» ពោលគឺ សម័យប្រជុំពេញអង្គប្រចាំឆ្នាំនៃសភាជាតិប្រជាជន និងសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន ដែលបានកំណត់វិធានការសំខាន់ៗ ដើម្បីជំរុញទំនើបកម្មរបស់ចិន ផ្អែកលើបរិបទ និងចរិតលក្ខណៈរបស់ចិន។ ការសង្កត់ធ្ងន់លើនវានុវត្តន៍បច្ចេកវិទ្យា និងឧស្សាហកម្ម ជាពិសេស តាមរយៈការអភិវឌ្ឍនៃ «កម្លាំងផលិតភាពថ្មី» ក៏ដូចជាការផ្តល់សារសំខាន់ទៅលើបរិស្ថាន និងនិរន្តរភាព គឺសុទ្ធតែបានបង្ហាញថា ចិនព្យាយាមផ្ដោតលើកត្តាគុណភាពជាជាងការសម្រេចកំណើនដាច់ខាត។ សម្រាប់តំបន់ និងពិភពលោក យើងមានសេចក្តីរីករាយ នៅពេលដែលចិនបន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកចំហ និងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន នៅក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ តាមរយៈការលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បច្ចុប្បន្ននេះ តំបន់ជាច្រើននៃពិភពលោកមិនទាន់មានភាពធូរស្បើយពីសង្គ្រាម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបានកើតមានទៅលើជនស៊ីវិលស្លូតត្រង់ ក៏ដូចជាលើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនោះទេ។ សង្គ្រាមនៅអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទីបី ហើយជាអកុសល យើងមិនទាន់បានឃើញពន្លឺនៃសន្តិភាពនោះឡើយ។ រីឯសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏នៅតែបន្តបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។
ខ្ញុំពិតជាមានក្តីរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន។ យើងជឿជាក់ថា សកម្មភាពបែបនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់តួអង្គដែលមានការទទួលខុសត្រូវផ្សេងទៀតនៃសហគមន៍អន្តរជាតិ នៅក្នុងការជួយពន្លឿនការចរចា និងឈានទៅសម្រេចបានបទឈប់បាញ់នៅក្នុងអ៊ុយក្រែន ក៏ដូចជានៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម និងជម្លោះ ។ តំបន់របស់យើងក៏មានចំណុចរំញោចជាច្រើនដែលអាចធ្វើឱ្យជម្លោះផ្ទុះឡើង ប្រសិនបើមេដឹកនាំនៅអាស៊ីមិនពិគ្រោះយោបល់ និងប្រាស្រ័យទាក់ទងគ្នា ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា ប្រកបដោយខ្លឹមសារ និងការទទួលខុសត្រូវ។
ក្តីបារម្ភរបស់ខ្ញុំនាបច្ចុប្បន្ន គឺទៅលើទិដ្ឋភាពដែលភូមិសាស្ត្រនយោបាយ នៅតែបន្តគ្របដណ្តប់ទៅលើរបៀបវារៈសេដ្ឋកិច្ចសកល។ ព័ត៌មាននៃការធ្លាក់ចុះសេដ្ឋកិច្ច ឬវិបត្តិតាមវិស័យនៅក្នុងប្រទេសមួយ បានក្លាយជាហេតុផលប្រកាសជ័យជម្នះ សម្រាប់តំបន់ផ្សេងទៀតក្នុងពិភពលោក។ ការបោះឆ្នោតប្រជាធិបតេយ្យ បានក្លាយជាឱកាស ដើម្បីធ្វើការសន្យាជ្រុលនិយម ធ្វើសកម្មភាពប្រទូស្តប្រឆាំង និងជំរុញផលប្រយោជន៍អាត្មានិយម ដោយមិនបានគិតគូរដល់ផលប្រយោជន៍សកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់។ លើសពីនេះ ការសើរើរចនាសម្ព័ន្ធនៃខ្សែច្រវាក់ផ្គត់ផ្គង់នាពេលបច្ចុប្បន្ន មិនបានលើកទឹកចិត្តឱ្យមានការទទួលបាននូវវិបុលភាព និងការផ្ទេរបច្ចេកវិទ្យាដោយបើកចំហ មិនរើសអើង និងមានសមធម៌នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ បានជំរុញឱ្យមានការបង្រួមកាន់តែតូចទៅនៃរង្វង់ប្រទេសមួយក្រុម ដែលចង់ធ្វើឱ្យប្រទេសផ្សេងទៀតធ្លាក់ចុះខ្សោយ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា នៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រមិនវិលត្រឡប់ថយក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍអនាគតដើម្បីវិបុលភាពរួមគ្នា។ អាស៊ីបានសម្រេចនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយបានដើរតួជាក្បាលម៉ាស៊ីនដឹកនាំកំណើន ជាពិសេស ក្នុងអំឡុងពេលដ៏លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កំរិតខ្សោយបំផុត បើប្រៀបធៀបជារួម នៅក្នុងរយៈកាល ៣ ទសវត្សរ៍ចុងក្រោយ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ី និងឋានៈជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មរបស់ពិភពលោក បានផ្តល់ឱ្យអាស៊ីនូវតួនាទីសកលដ៏សំខាន់មួយ។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប និងត្រូវប្រឈមនឹងការសើរើរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចអាស៊ីទាំងមូលត្រូវបានគេរំពឹងថា នឹងអាចរួមចំណែក ៦០% ដល់កំណើន ផ.ស.ស. ជាក់ស្តែងរបស់ពិភពលោកក្នុងឆ្នាំខាងមុខនេះ។
ក្នុងន័យនេះ តំបន់របស់យើងមានភាពចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាបាននូវសម្ទុះវិជ្ជមាន។ សកម្មភាពរបស់យើងត្រូវតែដឹកនាំដោយគោលការណ៍ពហុភាគីនិយម ដែលផ្អែកលើវិធានច្បាប់ ដែលបម្រើឱ្យយើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រុមប្រទេសណាមួយនោះទេ។ យើងត្រូវតែបន្តខិតខំធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ និងជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ ជាជាងជំរុញការកាត់ផ្តាច់ និងការរាំងស្ទះ។ យើងត្រូវតែទទួលស្គាល់ថា គោលការណ៍ពហុភាគីនិយម គឺជាគោលការណ៍ដែលបានគាំទ្រដល់សកលភាវូបនីយកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ពិភពលោកយើងមកដល់ពេលនេះ។
ខ្ញុំសូមឆ្លៀតឱកាសនេះ កោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការទទួលខុសត្រូវដ៏ធ្ងន់ នៅក្នុងតួនាទីជាអ្នកដឹកនាំសកល ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់បណ្តាប្រទេស ចាប់ពីទ្វីបអាស៊ី អាហ្វ្រិក រហូតដល់អាមេរិកឡាទីន។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងបណ្តាទ្វីបនានា។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំងនេះ គឺជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃបណ្តាប្រទេសដែលជាភាគីទទួលផល រាប់ទាំងប្រទេសកម្ពុជាផង។ យើងត្រូវតែទទួលស្គាល់ថា ម៉ូឌែលនៃការរីកចម្រើន និងការអភិវឌ្ឍរបស់ចិន បានអនុញ្ញាតឱ្យប្រទេសផ្សេងទៀត ទទួលបានវិបុលភាពជាមួយគ្នា ពោលគឺមិនមែនបោះបង់ប្រទេសដទៃ ដើម្បីកំណើនរបស់ខ្លួននោះឡើយ។
នេះគឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ក្នុងការលើកកម្ពស់កំណើនរួម ដោយមានសណ្ដាប់ធ្នាប់អន្តរជាតិពហុភាគី ផ្អែកលើវិធានច្បាប់ ដែលផ្តល់ឱ្យគ្រប់ប្រទេសទាំងអស់ មិនថាតូច ឬធំ អាចមានឱកាសលេចធ្លោ មានការរីកចម្រើន និងមានសំឡេងទទួលស្គាល់នៅលើឆាកអន្តរជាតិ។ យើងត្រូវខិតខំការពារពហុភាគីនិយម ដែលគាំទ្រដល់ផលប្រយោជន៍សហគមន៍ នៃប្រជាជាតិទាំងមូល ដើម្បីឱ្យប្រជាជនទូទាំងពិភពលោក ទទួលបានសន្តិភាព និងគុណភាពជីវិតកាន់តែល្អប្រសើរ។
ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយសូមជូនពរឱ្យវេទិកាបូអាវសម្រាប់អាស៊ី បន្តទទួលបានជោគជ័យ ហើយការពិភាក្សាក៏ទទួលបានផ្លែផ្កា ដើម្បីជាប្រយោជន៍សម្រាប់ពិភពលោក។
សូមអរគុណ!