សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី “អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម”

ឯកឧត្ដម លី ប៉ាវតុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី ឯកឧត្តម ប្រមុខរដ្ឋ និងរដ្ឋាភិបាល ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ​ដែលបាន​ថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាបូអាវ​សម្រាប់អាស៊ី ក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ ជាមួយនឹងវត្តមានជាង ២០ ឆ្នាំកន្លងមកនេះ វេទិកាបូអាវ​សម្រាប់អាស៊ី ត្រូវបាន​ទទួលស្គាល់ថាជា​វេទិកាប្រកបដោយ​ឥទ្ធិពលមួយ​ សម្រាប់ការរៀបចំរបៀបវារៈថ្នាក់តំបន់ និងសកលលោក ដោយ​បានពាំនាំ​​​នូវសំឡេង និងបញ្ញាញាណ​របស់អាស៊ី នៅ​ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏លំបាក​នានា នៅក្នុងកិច្ចខិតខំប្រឹងប្រែង​កសាង​ពិភពលោកមួយដែល​មាន​​សន្តិភាព និងឈានទៅរក​​ភាពកាន់តែ​​ប្រសើរ ​សម្រាប់ទាំងអស់​គ្នា។ ជាបឋម ខ្ញុំសូម​អបអរសាទរខួបលើកទី ៧៥ នៃការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការបញ្ចប់ប្រកបដោយជោគជ័យនៃ «មហាសន្និបាតទាំងពីរ» ពោល​គឺ សម័យប្រជុំពេញអង្គប្រចាំ​ឆ្នាំនៃសភាជាតិ​ប្រជាជន និងសន្និសីទប្រឹក្សាយោបល់​នយោបាយប្រជាជនចិន ដែលបានកំណត់វិធានការសំខាន់ៗ ដើម្បីជំរុញទំនើបកម្មរបស់ចិន ផ្អែកលើ​បរិបទ និង​ចរិតលក្ខណៈរបស់ចិន​។ ការសង្កត់ធ្ងន់លើនវានុវត្តន៍​បច្ចេកវិទ្យា…