ថ្ងៃនេះ ខ្ញុំមានការចាំបាច់ដើម្បីជំរាបជូនអស់លោក លោកស្រី នាងកញ្ញា (ខាង)សារព័ត៌មាន។ ខ្ញុំសង្ឃឹមថា អស់លោក/លោកស្រីទាំងអស់ ពិតជាបានតាមដាននូវព្រឹត្ដិការណ៍ព្រឹកមិញនេះ ចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រ ដែលយើងបានធ្វើដើម្បីនិរន្ដភាពនៃសន្ដិភាពនិងការអភិវឌ្ឍរបស់យើង។
មុននឹងចូលដល់ខ្លឹមសារ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់ព្រះមហាក្សត្រជាទីសក្ការៈ និងហ្លួងម៉ែ ដែលព្រះអង្គបានតែងតែផ្ដល់នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាពទាំងឡាយដែលខ្លួនខ្ញុំបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណដល់សហការី មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការរួមចំណែកនិងជួយជំរុញដល់ការអនុវត្ដគោលនយោបាយដែលបានដាក់ចេញ។
កាន់តែពិសេសទៅទៀត ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលបានតែងតែផ្ដល់នូវការគាំទ្រនៅក្នុងរយៈពេលជាង ៤៤ឆ្នាំ នៃសកម្មភាពរបស់រាជរដ្ឋាភិបាល និងជាង ៣៨ឆ្នាំ នៃការបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីរបស់ប្រទេស។
(១) កាន់អំណាចយូរជាងគេលើពិភពលោក
ខ្ញុំនឹងផ្ដល់នូវចម្លើយនៅពេលដែលមានសំណួរ។ ថ្ងៃនេះ ខ្ញុំនឹងផ្ដល់ឱកាសសម្រាប់សំណួរទាំងឡាយ។ អស់លោកអាចនឹងចោទសួរសម្រាប់ខ្ញុំ។ ខ្ញុំគួរតែជម្រាបថា នៅលើពិភពលោកនេះ អ្នកដែលកាន់អំណាចយូរជាងគេគឺខ្ញុំនេះឯង។ បើយើងគិតអំពីពេលវេលាដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំធ្លាប់បានបញ្ជាក់ម្ដងរួចមកហើយថា គិតពីថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីបានចំនួន ២០១៤ សប្ដាហ៍ គិតជាថ្ងៃគឺបាន ១៤ ០៩៩ ថ្ងៃ គិតជាខែគឺបាន ៤៦៣ ខែ គិតជាឆ្នាំគឺ ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ។ បើគិតពីពេលដែលខ្ញុំចាប់ផ្ដើមចូលក្នុងកិច្ចការនយោបាយ គឺពីក្រសួងការបរទេសដែលចាត់ទុកថា ជារដ្ឋមន្រ្តីការបរទេសក្មេងជាងគេ ដែលពេលនោះខ្ញុំមានវ័យមិនទាន់បាន ២៧ឆ្នាំផង មកដល់ពេលនេះ គឺចាប់ថ្ងៃច័ន្ទ ទី៨ ខែមករា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ គឺខ្ញុំធ្វើបាន ២ ៣៣៨ សប្ដាហ៍ គិតជាថ្ងៃគឺបាន ១៦ ២៩៧ថ្ងៃ និងគិតជាខែ ៥៣៥ខែ និងគិតជាឆ្នាំគឺបាន ៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃ។
(២) ចេញពីអំណាចនៅពេលដែលសន្លឹកឆ្នោតកើនខ្ពស់មិនធ្លាប់មាន
អស់លោកអាច(មើល)ឃើញពីសុខភាពរបស់ខ្ញុំ។ ពិតមែនតែខ្ញុំបានឆ្លងកាត់ដំណាក់កាលដ៏យូរនេះ ក៏ប៉ុន្តែខ្ញុំនៅមានលទ្ធភាពដើម្បីនឹងធ្វើបន្តនូវក្នុងអាណត្តិថ្មី។ នៅប្រទេសមួយចំនួន នាយករដ្ឋមន្រ្តីត្រូវបានចាកចេញពីតំណែង ក្រោយពេលដែលសន្លឹកឆ្នោតធ្លាក់ចុះ ឬក៏ចាញ់ឆ្នោត។ ប៉ុន្តែករណីរបស់ខ្ញុំ គឺនៅពេលដែលសន្លឹកឆ្នោតកើនឡើងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិរបស់គណបក្សប្រជាជន ខ្ញុំបែរជាចាកចេញពីតំណែងនាយករដ្ឋមន្រ្តី។ ខ្ញុំបានដឹងច្បាស់ពីទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាថា នៅស្ដាយស្រណោះតួនាទីរបស់ខ្ញុំ។
(៣) មិនទាន់លាចាកពីឆាកនយោបាយ
ខ្ញុំគួរតែយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ទោះបីខ្ញុំចាកចេញពីនីតិប្រតិបត្តិ ក៏ប៉ុន្តែខ្ញុំមិនទាន់លាចាកពីឆាកនយោបាយនៅឡើយទេ។ ខ្ញុំនៅមានលទ្ធភាពដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ តាមតួនាទីរបស់ខ្ញុំ ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ក្នុងឋានៈជាអ្នកតំណាងរាស្រ្ត ហើយគម្រោងអនាគតដែលមានការស្រុះស្រួលគ្នានៅក្នុងគណបក្សប្រជាជនរួចទៅហើយនោះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការបោះឆ្នោតព្រឹទ្ធសភា។ អាចជាលទ្ធភាពថានៅក្នុងខែមីនា ឆ្នាំ២០២៤ ខ្ញុំនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា។ ដូច្នេះ ខ្ញុំមិនទាន់ទៅណាចោលប្រជាពលរដ្ឋរបស់យើងនោះទេ។ សូមប្រជាពលរដ្ឋរបស់យើងស្ងប់ចិត្ត។ ខ្ញុំយល់ពីអារម្មណ៍ស្ដាយស្រណោះ ដែលធ្លាប់បានទទួលសេចក្ដីសុខនិងការរីកចម្រើនដោយតួនាទីរបស់ខ្ញុំ។
ប៉ុន្តែវាមានការចាំបាច់ណាស់ ដើម្បីនឹងផ្ទេរ(ការដឹកនាំពី)អ្នកជំនាន់មុន ទៅអ្នកជំនាន់ក្រោយនៅពេលនេះ។ ពួកយើងភាគច្រើនអាយុ ៧០ និង/ឬលើស ៧០ ហើយមានរហូតដល់ ៨០។ វាជាការល្អបំផុតដែលយើងត្រូវដកខ្លួនចេញនៅក្នុងពេលវេលាមួយសមស្របដូចពេលនេះ ហើយប្រគល់ការងារនីតិប្រតិបត្តិសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ មានការធ្វើអត្ថាធិប្បាយខ្លះថា ហ៊ុន សែន ផ្ទេរតែតំណែងទេ ប៉ុន្តែមិនបានផ្ទេរអំណាច។ នោះជាអត្ថាធិប្បាយដ៏ល្ងឹតល្ងង់របស់អ្នកដែលមិនចង់យល់ ឬអាចនិយាយបានថាចំណេះដឹងទាបពេក។ អំណាចវាផ្សារភ្ជាប់និងមុខតំណែង។ ខ្ញុំគួរតែបង្រៀនដល់អ្នកធ្វើអត្ថាធិប្បាយបែបនេះ។ តើ(ច្បាប់អនុញ្ញាតឱ្យ) សមាជិកសភាចុះហត្ថលេខាជំនួសឱ្យនាយករដ្ឋមន្ត្រីទេ? តើមានច្បាប់អនុញ្ញាតឱ្យប្រធានគណបក្សនយោបាយកាន់អំណាច … ចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ?
ប្រសិនបើល្ងឹតល្ងង់បែបនេះ តើពេលណាទៅអាចយកឈ្នះគណបក្សប្រជាជន? ខ្ញុំគ្រាន់តែដាស់តឿនរំលឹកទៅដល់អ្នកធ្វើអត្ថាធិប្បាយនិងវិភាគបែបឡប់មួយចំនួន ហើយបង្រៀនឱ្យមានការចេះដឹងច្រើនជាងនេះ ក្រែងលោមានលទ្ធភាពដើម្បីពេលណាមួយ ២០ឆ្នាំឬក៏ជាតិក្រោយអាចឈ្នះគណបក្សប្រជាជន។ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារតែដំណើរការបោះឆ្នោតរបស់យើងបានប្រព្រឹត្តទៅបានយ៉ាងល្អ រហូតដល់ដំណាក់កាលនៃការកោះប្រជុំសភា លើកដំបូងក្រោមព្រះរាជធិបតីភាពរបស់ព្រះមហាក្សត្រ។
(៤) សន្លឹកឆ្នោតគាំទ្រការបន្តវេន ព្រមដោយអ្នកបន្តវេនបានត្រៀមរួចរាល់
ថ្ងៃនេះសភាបានបង្កើតនូវក្បាលម៉ាស៊ីនរដ្ឋសភាបូកជាមួយនឹងការបង្កើតនូវក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល ដែលនោះគឺជាសមិទ្ធផលធំបំផុតសម្រាប់ជាតិយើង។ មានការចោទសួរអំពីបញ្ហាថា ហេតុអីបានជាលោក ហ៊ុន សែន ចាកចេញនៅពេលនេះ? ឬអ្នកជំនាន់មុនចាកចេញនៅពេលនេះ? ខ្ញុំគ្រាន់តែគូសបញ្ជាក់ថាវាជាពេលវេលាសមល្មម ហើយវាក៏ដល់ពេលវេលាដែលយើងត្រូវចាកចេញ។ ខ្ញុំគួរតែនិយាយបន្តិចនៅថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងផុតទៅ ពេលកំពុងរាប់សន្លឹកឆ្នោត ជាពេលវេលាដែលខ្ញុំកំពុងតែទទួលសាវនាការនិងទទួលទានអាហារជាមួយនាយករដ្ឋមន្ត្រីក្នុងតំណែង ហ្គីនេ ប៊ីសាវ ដែលគាត់មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានិងមកសង្កេតការបោះឆ្នោតផងដែរ។
ពេលនោះ ខ្ញុំមិនចង់ដឹងថា តើគណបក្សប្រជាជនបានប៉ុន្មានអាសនៈនោះទេ? អ្វីដែលខ្ញុំចង់ដឹងបំផុត គឺអត្រានៃសន្លឹកឆ្នោតបានប៉ុន្មានភាគរយ។ ល្ងាចថ្ងៃអាទិត្យនោះ គឺជាពេលវេលាដែលខ្ញុំធ្វើការសម្រេចច្បាស់លាស់។ មុននោះ យើងនៅមានសេណារីយោ ២នៅឡើយ។ សេណារីយោទី១ គឺអ្នកចាស់បន្តក្នុងរង្វង់ ២ ឬ ៣ឆ្នាំ រួចហើយបានប្រគល់បន្តទៅឱ្យអ្នកបន្តវេន។ ឯសេណារីយោទី២ គឺអ្នកបន្តវេនចាប់ផ្ដើមតែម្ដង។ ហេតុអ្វីបានជាដាក់សេនារីយោ ២បែបនេះ? គឺមកពីខ្ញុំចង់ដឹងថា តើប្រជាជនបោះឆ្នោតគាំទ្រសម្រាប់ការបន្តវេនឬទេ? ប្រសិនជាអត្រាគាំទ្រគណបក្សប្រជាជនទាបជាង ៧៤% ពិតណាស់ថា ខ្ញុំមិនទាន់ចាកចេញពីតំណែងនោះឡើយ។ នៅពេលដែលយើងទទួលបាននូវព័ត៌មានអំពីអត្រាកើនឡើងពី ៧៤% នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ដល់ ៨២% នៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ មានន័យថាប្រជាជនបានគាំទ្រទៅដល់ការបន្តវេនហើយ។ ដូច្នេះ វាសមល្មមដល់ពេលដែលត្រូវចាកចេញ ជាមួយនឹងការត្រៀមខ្លួនរួចរាល់នៃជំនាន់បន្តវេនរបស់យើង។
(៥) នាយករដ្ឋមន្ត្រីអាយុ ៤៥ ឆ្នាំ មិនក្មេងទេ យោលលើបទពិសោធន៍និងចំណេះដឹង
ប្រៀបធៀបជាមួយនឹងពួកយើងខ្ញុំ ដែលបានចេញដំណើររួមគ្នាកាលពីឆ្នាំ ១៩៧៦ … ពិតហើយ ក្នុងចំណោមមេដឹកនាំកំពូលកាលពីពេលនោះ មានអាយុ ៤០ឆ្នាំ ៥០ឆ្នាំ ករណីលើកលែងតែមួយគត់ គឺករណីខ្លួនខ្ញុំនេះឯង គឺខ្ញុំទើបមានអាយុត្រឹមតែ ថា ២៧ ឆ្នាំទៅចុះ។ ក្រោយមក ក៏មានមេដឹកនាំថ្មីៗបន្តមកទៀត គឺមានអាយុទាប បើប្រៀបធៀបឥឡូវនេះ នាយករដ្ឋមន្រ្តីទើបមានអាយុ ៤៥ ឆ្នាំ។ ប៉ុន្តែកុំភ្លេចថា នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំក៏ទើបនឹងមានអាយុ ៣២ឆ្នាំ។ មានន័យថា ពួកគេមិនក្មេងទេបើប្រៀបធៀបជាមួយនឹងបទពិសោធន៍ដែលពួកគេមាននិងចំណេះដឹងដែលពួកគេបានទទួល។ វាមិនមែនជាការចៃដន្យនោះទេ តែជាការត្រៀមរៀបចំទុក។ យ៉ាងហោចណាស់ គេក៏បានដឹងឮរឿងនេះតាំងពីចុងឆ្នាំ ២០២១ មកម្លេះ។
(៦) អ្នកបន្តវេនត្រូវរែកពន់អំរែកបន្តពីជំនាន់ចាស់
ខ្ញុំគិតថា ពួកគេពិតជាមានលទ្ធភាពធ្វើកិច្ចការដែលនៅសេសសល់។ វាមិនមែនគ្រាន់តែជាដោះស្រាយបញ្ហាទៅមុខទេ។ អំរែកដែលដាក់ពីអ្នកជំនាន់ចាស់ វាពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលពួកគេនឹងបន្តរែកពុនកិច្ចការទាំងនោះ។ ពិតហើយ ពួកគេត្រូវការយើង។ យើងក៏ស្ថិតនៅក្នុងស្ថានភាពជាអ្នកដឹកនាំខាងនីតិប្បញ្ញត្តិឬក៏កិច្ចការគណបក្ស។ យើងមានរបៀបដោះស្រាយ។ អ្នកលើកឡើងទាក់ទិន នឹងការផ្ទេរតំណែង តែមិនផ្ទេរអំណាច វាជាការខុសឆ្គងមួយដ៏ធំ ហើយបង្ហាញពីភាពល្ងឹតល្ងង់ថែមទៀតផង។ វិធីជួយចំពោះនីតិប្រតិបត្តិ មានវិធីអញ្ជើញនីតិប្រតិបត្តិមកចោទជាសំណួរ ឬក៏ផ្ដល់មតិដោយអង្គនីតិបញ្ញត្តិ។ ឯផ្នែកបក្សមានសន្និបាត មានអង្គប្រជុំ មិនមែនទៅចាប់ដៃបង្ខំនាយករដ្ឋមន្រ្តីឱ្យចុះហត្ថលេខានោះឡើយ។
(៧) គណៈរដ្ឋមន្រ្តីថ្មី នឹងមានភាពរហ័សរហួន សកម្មភាពឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ច
យោងទៅលើសមាភាពនៃគណៈរដ្ឋមន្រ្តីថ្មី ខ្ញុំមានជំនឿចិត្តថា ពួកគេនឹងមានភាពរហ័សរហួន ធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅដែលយើងចង់ទៅ នោះគឺឆ្នាំ ២០៣០ ត្រូវធ្វើឱ្យការកម្ពុជាក្លាយទៅជាប្រទេសមានដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ ២០៥០ នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ អំរែកដែលពួកគេត្រូវទូលត្រូវរែកគឺធ្ងន់ណាស់។ មានកិច្ចការងារមួយចំនួន ដែលពួកគេត្រូវធ្វើកំណែទម្រង់ ពាក់ព័ន្ធជាមួយនឹងអភិបាលកិច្ច និងការងារដទៃទៀត ដែលមានក្នុងរបៀបវារៈរបស់ពួកគេ ដែលខ្ញុំមិនអាច(និយាយ)ជំនួសបានឡើង។
(៨) គណៈរដ្ឋមន្រ្តីថ្មីប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសកល ទណ្ឌកម្មពីឯតោភាគី
ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តការគាំទ្រចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏ដូចជាគ្រប់ផ្នែកគ្រប់ថ្នាក់ រួមចំណែកដើម្បីធ្វើឱ្យការងារមានការជឿនលឿនទៅមុខ។ សង្ឃឹមប្រជាពលរដ្ឋរបស់យើងយល់ដឹងពីស្ថានភាពពិតប្រាកដ ដែលបាននិងកំពុងកើតនៅក្នុងពិភពលោក ក៏ដូចជាកម្ពុជា។ ជំងឺកូវីដ-១៩ មិនទាន់បានបញ្ចប់ទាំងស្រុងទេ ទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ចសកលដែលផ្ដើមចេញពីសង្រ្គាម និងពីទណ្ឌកម្មពីឯតោភាគី កំពុងតែប៉ះពាល់ទៅដល់ពិភពលោក ដល់តំបន់ ក៏ដូចជាដល់កម្ពុជា ដែលគណៈរដ្ឋមន្រ្តីថ្មី ច្បាស់ជាមានការប្រុងប្រយ័ត្ននឹងបញ្ហានេះ។
(៩)សុន្ទរកថា ប្រធានបទ ប្រធានព្រឹទ្ធសភា គ្មានចរិតបង្គាប់បញ្ជា
ថ្ងៃនេះ ខ្ញុំកំពុងក្លាយខ្លួនជាឪពុកនាយករដ្ឋមន្រ្តី។ ប៉ុន្មានម៉ោងមុននេះ ខ្ញុំជានាយករដ្ឋមន្រ្តី ប៉ុន្តែពេលដែលខ្ញុំ(កំពុង)និយាយនេះ ខ្ញុំគឺជាឪពុកនាយករដ្ឋមន្រ្តី។ អ្នកទាំងអស់គ្នាធ្លាប់ឮទេថា ខ្ញុំនឹងក្លាយខ្លួនជាឪពុកនាយករដ្ឋមន្រ្តី។ ឥឡូវខ្ញុំសម្រេចនូវអ្វីដែលខ្ញុំចង់បានហើយ។ និយាយពីឪពុកនាយករដ្ឋមន្រ្តី ឬជីតានាយករដ្ឋមន្រ្តី … អ្នកខ្លះថា ប្រទេសនេះជាប្រទេសត្រកូល ហ៊ុន។ ខ្ញុំចង់បញ្ជាក់ថា រដ្ឋធម្មនុញ្ញមិនបានហាមឃាត់មិនឱ្យមានការបន្តវេនណាមួយតាមរយៈការបោះឆ្នោតប្រកួតប្រជែងដើម្បីយកអំណាចយកតំណែងនោះទេ … ខ្ញុំឃើញអត្ថបទមួយសរសេរថា “សុន្ទរកថារបស់លោក ហ៊ុន សែន មានចរិតបង្គាប់បញ្ជា ក្នុងពេលដែលសុន្ទរកថារបស់ ហ៊ុន ម៉ាណែត គ្មានចរិតបង្គាប់បញ្ជាទេ”។
ចាប់ពីពេលនេះតទៅ អ្នករង់ចាំមើលថាតើសុន្ទរកថារបស់ ហ៊ុន ម៉ាណែត មានចរិតបង្គាប់បញ្ជា ឬទេ? បើសុន្ទរកថារបស់នាយករដ្ឋមន្រ្តីគ្មានចរិតបង្គាប់បញ្ជា គឺបានសេចក្ដីថា នាយករដ្ឋមន្រ្តីនោះមិនចេះកាន់អំណាចទេ។ ឯខ្លួនខ្ញុំវិញ ចាប់ពីពេលនេះតទៅ សុន្ទរកថារបស់ខ្ញុំមិនមែនជាសុន្ទរកថាបង្គាប់បញ្ជាទេ ព្រោះនៅក្នុងតួនាទីខុសគ្នា ទីកន្លែងខុសគ្នា។ ជាប្រធានរដ្ឋសភា ឬប្រធានព្រឹទ្ធសភា ឬប្រធានគណបក្សកាន់អំណាចមិនមានសុន្ទរកថាបង្គាប់បញ្ជាទេ។ ប៉ុន្តែ ក្នុងតួនាទីនាយករដ្ឋមន្រ្តីសុន្ទរកថាសុទ្ធតែចង្អុលបង្ហាញ ត្រូវតែធ្វើនេះធ្វើនោះ។ សុន្ទរកថារបស់ប្រធានរដ្ឋសភា ឬប្រធានព្រឹទ្ធសភាមិនអាចចង្អុលបង្ហាញថា ត្រូវធ្វើនេះឬត្រូវធ្វើនោះ ចំណាយលុយប៉ុណ្ណេះ ឬចំណាយលុយប៉ុណ្ណោះទេ។ ចំណុចនេះ ក៏ជាការរំលឹកទៅដល់ថាពាក្យថា “ផ្ទេរតែតំណែង មិនផ្ទេរអំណាច” ដែលជាការល្ងឹតល្ងង់មួយគួរតែកែតម្រូវ គួររៀនសូត្របន្ថែម។
ខ្ញុំគួរបញ្ចប់នូវបទឧទ្ទេសនាមខ្លីរបស់ខ្ញុំប៉ុណ្ណេះ ហើយទុកលទ្ធភាពសម្រាប់អស់លោកដាក់ជាសំណួរមកសំរាប់ខ្ញុំវិញ។ សូមអរគុណ៕