សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន

ថ្ងៃនេះ ខ្ញុំមានការចាំបាច់ដើម្បីជំរាបជូនអស់លោក លោកស្រី នាងកញ្ញា (ខាង)សារព័ត៌មាន។ ខ្ញុំសង្ឃឹមថា អស់លោក/លោកស្រីទាំងអស់ ពិតជាបានតាមដាននូវព្រឹត្ដិការណ៍ព្រឹកមិញនេះ​ ចាត់ទុកថាជាព្រឹត្តិ​ការណ៍ប្រវត្ដិសាស្ដ្រ ដែលយើងបានធ្វើដើម្បីនិរន្ដភាពនៃសន្ដិភាពនិងការអភិវឌ្ឍរបស់យើង។​ មុននឹងចូលដល់ខ្លឹមសារ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់ព្រះមហាក្សត្រជាទីសក្ការៈ និងហ្លួងម៉ែ ដែលព្រះអង្គបានតែងតែផ្ដល់នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាពទាំងឡាយដែលខ្លួនខ្ញុំបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណដល់សហការី មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការរួមចំណែកនិងជួយជំរុញដល់​ការអនុវត្ដគោលនយោបាយដែលបានដាក់ចេញ។ កាន់តែពិសេសទៅទៀត ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរព្រះ​គុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលបានតែងតែផ្ដល់នូវការគាំទ្រនៅក្នុងរយៈពេលជាង ៤៤ឆ្នាំ នៃសកម្មភាពរបស់រាជរដ្ឋាភិបាល និងជាង ៣៨ឆ្នាំ នៃការបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីរបស់ប្រទេស។ (១) កាន់អំណាចយូរជាងគេលើពិភពលោក ខ្ញុំនឹងផ្ដល់នូវចម្លើយនៅពេលដែលមានសំណួរ។ ថ្ងៃនេះ ខ្ញុំនឹងផ្ដល់ឱកាសសម្រាប់សំណួរទាំងឡាយ។ អស់​លោកអាចនឹងចោទសួរសម្រាប់ខ្ញុំ។ ខ្ញុំគួរតែជម្រាបថា នៅលើពិភពលោកនេះ អ្នកដែលកាន់អំណាចយូរជាងគេគឺខ្ញុំនេះឯង។ បើយើងគិតអំពីពេលវេលាដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំធ្លាប់បានបញ្ជាក់ម្ដងរួចមកហើយថា គិតពីថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីបានចំនួន ២០១៤ សប្ដាហ៍ គិតជាថ្ងៃគឺបាន ១៤ ០៩៩ ថ្ងៃ គិតជាខែគឺបាន…

សេចក្តីដកស្រង់ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកពិនិត្យការដ្ឋាន។ បន្តិចទៀតយើងនឹងពិនិត្យនៅនឹងទីកន្លែង។ ប៉ុន្តែ មុនពេលដែលយើងទៅពិនិត្យនេះ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ជាមួយនឹងរបាយការណ៍របស់ឯកឧត្ដម ជា សុផារ៉ា ដែលជាប្រធានគណៈកម្មការជម្រុញការកសាងអាកាសយានដ្ឋានថ្មី ហើយនិងបានស្ដាប់ដោយយកចិត្តទុកដាក់​នូវរបាយការណ៍របស់លោក ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន និងទស្សនាវីដេអូអម្បាញ់មិញនេះ។ ខ្ញុំសូមកោតសរសើរដោយអស់ពីចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មិនត្រូវបានរារាំងដោយ Covid-19 Covid-19 មិនអាចរារាំងដំណើរ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើងបានទេ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការសាងសង់ ក៏ដូចជា ផ្នែកពាក់ព័ន្ធ ដែលក្នុងនោះមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ដែលបានជួយមកដល់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាដីធ្លី និងបញ្ហាពាក់ព័ន្ធដទៃទៀត។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានធ្វើកិច្ចការងារដ៏ល្អ ដែលធ្វើឱ្យមានវឌ្ឍនភាព ដែលមកដល់ពេលនេះសម្រេចប្រមាណជា ៣០% នៃគម្រោងគ្រោងទុក។ អ្វីដែលលោក ពុង ឃាវសែ បានលើកឡើង គឺនៅត្រង់ថា នៅពេលខាងមុខនេះ តម្រូវការខាងកម្មករមានរហូតទៅដល់ ២ ម៉ឺននាក់/ថ្ងៃ។ ចំណុចនេះ គេបានឃើញហើយថា បើទោះបីជា Covid-19 អាចមានការប៉ះពាល់ទៅលើផ្នែក(មួយចំនួន) ជាពិសេស ទេសចរណ៍…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីជួបជុំលើកទី ៤ ជាមួយអ្នកសារព័ត៌មាន

“… ចាត់ទុកថា (នេះ)ជាពាក្យស្លោក ឬក៏គាថា … ពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន និងការពារខ្លួនចំពោះមុខច្បាប់ គឺ “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ នេះជាបាលីការពារខ្លួនរបស់អ្នកសារព័ត៌មាន …”

“… ឥឡូវ ករណីលេចឡើង(ថ្មីៗ) ខ្ញុំបានបញ្ជាទៅ កែវ រ៉េមី ខ្ញុំបានបញ្ជាទៅ សៅ សុខា ឱ្យចាត់តាំងគណៈកម្មការស្រាវជ្រាវមួយជាបន្ទាន់ លើបញ្ហាថា មានមនុស្សស្លាប់នៅឯខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ បើសិនយ៉ាងដូច្នេះមែន អ្នកដែលធ្វើឱ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់យកមកផ្តន្ទាទោសឱ្យខាងតែបាន ដោយមិនមានការអត់ឱនទេ។ ខ្ញុំបានជម្រាបហើយថា រឿងរ៉ាវជម្លោះដីធ្លី មិនត្រូវទទួលនូវការឃុំខ្លួនទេ … តែមិនមែននិយាយពីបញ្ហាព្រហ្មទណ្ឌឡើយ …”

“… យើងត្រូវចូលរួមរក្សាសន្តិភាព ដែលជាកិច្ចការដែលត្រូវធ្វើទាំងអស់គ្នា។ មិនមែនកិច្ចការត្រឹមតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់ ឬមនុស្សប៉ុន្មាននាក់នៅក្នុងរាជរដ្ឋាភិបាល ឬថ្នាក់រដ្ឋបាលនោះទេ អ្នកកាសែតក៏ត្រូវការដូចគ្នាទៅក្នុងការរក្សាសន្តិភាព …”

“… ខ្ញុំស្នើឱ្យអ្នកសារព័ត៌មាន (និង/ឬ)ស្ថាប័នព័ត៌មាន ចូលរួមក្នុងដំណើរការរក្សាសន្តិភាព ចូលរួមដំណើរការនៃការរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច … ដើម្បីរក្សានូវបញ្ហាហ្នឹងបាន … ព័ត៌មានក្លែងក្លាយដែលជាកង្វល់របស់ពិភពលោក ក៏ដូចជារបស់កម្ពុជា ត្រូវជំនួសដោយព័ត៌មានពិត វិភាគឱ្យត្រូវនឹងការពិត …”

“… ពិភពលោកកំពុងខ្វាយខ្វល់ អំពីព័ត៌មានក្លែងក្លាយ។ ប្រទេសខ្លះនៅក្នុងតំបន់របស់យើង សាំងហ្គាពួរជាអ្នកបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយមុនគេ។ ឯយើងអត់មានទេ។ យើងកំពុងពិនិត្យពិចារណាថា គប្បីធ្វើ ឬមិនធ្វើ។ ប៉ុន្តែ ប្រហែលជាលទ្ធភាពធ្វើច្រើន …”

“… ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។ យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូ មិនអាចខ្វះបានរបស់ស្ថាប័នខ្លួន …”

សម្តេចតេជោ ហ៊ុន សែន,
ជួបជុំលើកទី ៤ ជាមួយអ្នកសារព័ត៌មាន, ថ្ងៃទី ១៤ មករា ២០២០ ។