សេចក្តីដកស្រង់ប្រសាសន៍ ពិធីជួបជុំលើកទី ៤ ជាមួយអ្នកសារព័ត៌មាន

“… ចាត់ទុកថា (នេះ)ជាពាក្យស្លោក ឬក៏គាថា … ពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន និងការពារខ្លួនចំពោះមុខច្បាប់ គឺ “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ នេះជាបាលីការពារខ្លួនរបស់អ្នកសារព័ត៌មាន …”

“… ឥឡូវ ករណីលេចឡើង(ថ្មីៗ) ខ្ញុំបានបញ្ជាទៅ កែវ រ៉េមី ខ្ញុំបានបញ្ជាទៅ សៅ សុខា ឱ្យចាត់តាំងគណៈកម្មការស្រាវជ្រាវមួយជាបន្ទាន់ លើបញ្ហាថា មានមនុស្សស្លាប់នៅឯខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ បើសិនយ៉ាងដូច្នេះមែន អ្នកដែលធ្វើឱ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់យកមកផ្តន្ទាទោសឱ្យខាងតែបាន ដោយមិនមានការអត់ឱនទេ។ ខ្ញុំបានជម្រាបហើយថា រឿងរ៉ាវជម្លោះដីធ្លី មិនត្រូវទទួលនូវការឃុំខ្លួនទេ … តែមិនមែននិយាយពីបញ្ហាព្រហ្មទណ្ឌឡើយ …”

“… យើងត្រូវចូលរួមរក្សាសន្តិភាព ដែលជាកិច្ចការដែលត្រូវធ្វើទាំងអស់គ្នា។ មិនមែនកិច្ចការត្រឹមតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់ ឬមនុស្សប៉ុន្មាននាក់នៅក្នុងរាជរដ្ឋាភិបាល ឬថ្នាក់រដ្ឋបាលនោះទេ អ្នកកាសែតក៏ត្រូវការដូចគ្នាទៅក្នុងការរក្សាសន្តិភាព …”

“… ខ្ញុំស្នើឱ្យអ្នកសារព័ត៌មាន (និង/ឬ)ស្ថាប័នព័ត៌មាន ចូលរួមក្នុងដំណើរការរក្សាសន្តិភាព ចូលរួមដំណើរការនៃការរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច … ដើម្បីរក្សានូវបញ្ហាហ្នឹងបាន … ព័ត៌មានក្លែងក្លាយដែលជាកង្វល់របស់ពិភពលោក ក៏ដូចជារបស់កម្ពុជា ត្រូវជំនួសដោយព័ត៌មានពិត វិភាគឱ្យត្រូវនឹងការពិត …”

“… ពិភពលោកកំពុងខ្វាយខ្វល់ អំពីព័ត៌មានក្លែងក្លាយ។ ប្រទេសខ្លះនៅក្នុងតំបន់របស់យើង សាំងហ្គាពួរជាអ្នកបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយមុនគេ។ ឯយើងអត់មានទេ។ យើងកំពុងពិនិត្យពិចារណាថា គប្បីធ្វើ ឬមិនធ្វើ។ ប៉ុន្តែ ប្រហែលជាលទ្ធភាពធ្វើច្រើន …”

“… ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។ យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូ មិនអាចខ្វះបានរបស់ស្ថាប័នខ្លួន …”

សម្តេចតេជោ ហ៊ុន សែន,
ជួបជុំលើកទី ៤ ជាមួយអ្នកសារព័ត៌មាន, ថ្ងៃទី ១៤ មករា ២០២០ ។