សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន

ថ្ងៃនេះ ខ្ញុំមានការចាំបាច់ដើម្បីជំរាបជូនអស់លោក លោកស្រី នាងកញ្ញា (ខាង)សារព័ត៌មាន។ ខ្ញុំសង្ឃឹមថា អស់លោក/លោកស្រីទាំងអស់ ពិតជាបានតាមដាននូវព្រឹត្ដិការណ៍ព្រឹកមិញនេះ​ ចាត់ទុកថាជាព្រឹត្តិ​ការណ៍ប្រវត្ដិសាស្ដ្រ ដែលយើងបានធ្វើដើម្បីនិរន្ដភាពនៃសន្ដិភាពនិងការអភិវឌ្ឍរបស់យើង។​ មុននឹងចូលដល់ខ្លឹមសារ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់ព្រះមហាក្សត្រជាទីសក្ការៈ និងហ្លួងម៉ែ ដែលព្រះអង្គបានតែងតែផ្ដល់នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាពទាំងឡាយដែលខ្លួនខ្ញុំបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណដល់សហការី មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការរួមចំណែកនិងជួយជំរុញដល់​ការអនុវត្ដគោលនយោបាយដែលបានដាក់ចេញ។ កាន់តែពិសេសទៅទៀត ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរព្រះ​គុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលបានតែងតែផ្ដល់នូវការគាំទ្រនៅក្នុងរយៈពេលជាង ៤៤ឆ្នាំ នៃសកម្មភាពរបស់រាជរដ្ឋាភិបាល និងជាង ៣៨ឆ្នាំ នៃការបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីរបស់ប្រទេស។ (១) កាន់អំណាចយូរជាងគេលើពិភពលោក ខ្ញុំនឹងផ្ដល់នូវចម្លើយនៅពេលដែលមានសំណួរ។ ថ្ងៃនេះ ខ្ញុំនឹងផ្ដល់ឱកាសសម្រាប់សំណួរទាំងឡាយ។ អស់​លោកអាចនឹងចោទសួរសម្រាប់ខ្ញុំ។ ខ្ញុំគួរតែជម្រាបថា នៅលើពិភពលោកនេះ អ្នកដែលកាន់អំណាចយូរជាងគេគឺខ្ញុំនេះឯង។ បើយើងគិតអំពីពេលវេលាដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំធ្លាប់បានបញ្ជាក់ម្ដងរួចមកហើយថា គិតពីថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីបានចំនួន ២០១៤ សប្ដាហ៍ គិតជាថ្ងៃគឺបាន ១៤ ០៩៩ ថ្ងៃ គិតជាខែគឺបាន…