(១) គ្រប់សាសនា ពិសេសព្រះពុទ្ធសាសនាបានចូលរួមចំណែកក្នុងការទប់ស្កាត់ កូវីដ-១៩ ផ្តល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញ
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរគ្រប់ព្រះអង្គជាទីសក្ការៈថ្នាក់ដឹកនាំនៃសាសនិកឥស្លាម ក៏ដូចជាគ្រិស្តសាសនាដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ប្រិយមិត្តបរទេស និងតំណាងទីភ្នាក់ងារសហប្រជាជាតិ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមនៅក្នុងពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦។ ដំបូងគួរតែនិយាយបន្តិចថា ធ្វើដំណើរជុំវិញផែនដី។ ព្រឹកមិញនេះគឺគេដាស់ឱ្យក្រោកមិនទាន់បើកភ្នែកទេ។ សួរគេថានៅឯណាឥឡូវនេះ? ព្រោះពេលដែលចេញដំណើរពីកម្ពុជាទៅដល់ទីក្រុងញូវយ៉ក ចេញពីញូវយ៉ក ទៅឡាហាវ៉ា ចេញពីឡាហាវ៉ាមកដល់តូក្យូ ហើយចេញពីតូក្យូមកដល់ភ្នំពេញ តើខ្លួនកំពុងនៅឯណា? ប៉ុន្តែការងាររបស់យើងគឺយ៉ាងដូច្នេះឯង។ គ្មានសិទ្ធិនឹងឈឺ គ្មានសិទ្ធិនឹងត្អូញត្អែរក្នុងការហត់។ ត្រូវតែធ្វើដោយចៀសវាងមិនបាន។ ថ្ងៃនេះ ព្រឹកនេះចូលរួមជាមួយនឹងពិធីអន្តរសាសនាប្រឆាំងនឹងការជួញដូរមនុស្សលើកទី៦ ល្ងាចនេះទទួលព្រះមហាក្សត្រ ស្អែកនេះទៅសៀមរាប ខានស្អែកនៅសៀមរាបជួបជាមួយនឹងពលរដ្ឋនៅទីនោះ។
តែយ៉ាងណាក៏ដោយខ្ញុំព្រះករុណាខ្ញុំថ្ងៃនេះរីករាយនឹងបានចូលរួមនៅក្នុងពិធីនេះបន្ទាប់ពីអាក់ខានរយៈពេល ២ឆ្នាំ នៅឆ្នាំ ២០២០ ២០២១ ដូចដែលសម្តេចក្រឡាហោម ស ខេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ កាលពីឆ្នាំ ២០២០ ២០២១ កូវីដ-១៩ បានវាយលុកយើងខ្លាំង រហូតនៅពេលនោះសូម្បីតែក្រសួងមហាផ្ទៃពេលហ្នឹងគឺទៅជាកន្លែងតំបន់ក្រហម។ ពេលនោះយើងតម្រូវឱ្យគ្រប់ស្ថាប័នមានមនុស្សត្រឹមតែ ១០% ឬ២០% ធ្វើការនៅក្នុងស្ថាប័ន ក្រៅពីនោះឱ្យធ្វើការនៅផ្ទះដើម្បីកាត់បន្ថយការឆ្លង។ ក្នុងដំណាក់កាលនោះដែរ ឆ្នាំទៅ ពេលភ្ជុំបិណ្ឌ យើងបានធ្វើត្រឹមតែបិណ្ឌទី៤ តែប៉ុណ្ណោះ ដោយសារតែ(មានការ)ឆ្លងនៅតាមទីអារាមនានា ខ្ញុំព្រះករុណាខ្ញុំក៏បានអំពាវនាវថា ធ្វើបុណ្យឱ្យបានផងនិងការពារនូវជំងឺឱ្យបានផង។ ទាំងព្រះសង្ឃទាំងគ្រហស្ថ ខិតខំរួមគ្នាធ្វើបុណ្យផងការពារផង។ ជាសំណាងល្អដែលគ្រប់សាសនារបស់យើង ក្នុងនោះព្រះពុទ្ធសាសនាដែលកំពុងដំណើរការពិធីដាក់បិណ្ឌនិងភ្ជុំ បានចូលរួមចំណែកយ៉ាងធំក្នុងការទប់ស្កាត់ កូវីដ-១៩ ដែលផ្តល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញ ហើយធ្វើការជួបជុំទ្រង់ទ្រាយធំដូចដែលយើងជួបជុំគ្នានៅពេលនេះ។
(២) គណបក្សប្រជាជនអនុវត្តគោលនយោបាយសុខដុមជាតិសាសន៍ និងសាសនា ផ្តល់ឱកាសឱ្យគ្រប់សាសនា អាចរួមរស់ជាមួយគ្នា មានគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា
ចំណុចល្អរបស់យើងគឺនៅត្រង់ថា ថ្ងៃនេះយើងសង្កេតឃើញនូវវត្តមាននៃគ្រប់សាសនាធំៗ នៅកម្ពុជា ដែលមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្តសាសនា អង្គុយជាមួយគ្នា។ នោះហើយដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់និយាយថា គណបក្សប្រជាជនតាំងពីដើមដល់ចប់អនុវត្តយ៉ាងត្រឹមត្រូវនូវគោលនយោបាយ សុខដុមជាតិសាសន៍ និងសាសនា ដែលផ្តល់ឱកាសឱ្យគ្រប់សាសនាទាំងអស់អាចរួមរស់នៅជាមួយគ្នា ដោយមានគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា។ ការខុសគ្នាអំពីជាតិសាសន៍មិនមែនជាឧបសគ្គរារាំងនូវដំណាក់កាលអភិវឌ្ឍប្រទេសជាតិនោះទេ។ នេះជាអ្វីដែលបាននឹងកំពុងកើតនៅលើទឹកដីកម្ពុជា ដែលនៅប្រទេសខ្លះដែលចាត់ទុកថាជាប្រទេសគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ គ្រាន់តែការជួបមុខ(គ្នារវាង)សាសនាមួយនិងសាសនាមួយ ឬសាសនាដូចគ្នា ក៏ប៉ុន្តែនិកាយខុសគ្នា គេអាចមានការប្រើហិង្សាដាក់គ្នា។ សម្រាប់កម្ពុជា នៅទីនេះគឺបង្ហាញច្បាស់ហើយ។ ព្រះពុទ្ធសាសនារបស់យើងមានមហានិកាយនិងធម្មយុត្តិ ក៏យើងនៅជាមួយគ្នាបាន។ សាសនាឥស្លាមក៏មាននិកាយច្រើន សាសនាយ៉េស៊ូគ្រីស្តក៏មាននិកាយច្រើនដែរ។ ការខុសគ្នាខាងសាសនានិកាយនីមួយៗក្តី ការខុសគ្នាអំពីជាតិសាសន៍ និងការខុសគ្នារវាងសាសនានីមួយៗក្តីមិនមែនជាឧបសគ្គរារាំងនៃគោលដៅរួមរបស់យើង ដូចជាកន្លងទៅគោលដៅរួមរបស់យើងគឺការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ដើម្បីបញ្ចៀសការឆ្លងនិងការស្លាប់ជីវិតមនុស្ស។ យើងបានធ្វើដំណើរព្រមៗគ្នាទប់ស្កាត់នូវជំងឺនោះ អនុញ្ញាតឱ្យយើងប្រារព្ធពិធីឡើងវិញនៅតាមទីអារាមព្រះពុទ្ធសាសនា នៅតាមព្រះវិហារយ៉េស៊ូគ្រីស្ត នៅតាមព្រះវិហារឥស្លាមសាសនា។
(៣) ការភៀសខ្លួនពីប្រទេសមួយទៅប្រទេសមួយ ជារឿងអកុសលសម្រាប់ប្រជាជនក្រីក្រ និងជាឱកាសនៃផលប្រយោជន៍សំរាប់ពួកទុច្ចរិត
ឥឡូវនេះ រាជរដ្ឋាភិបាលក៏ត្រូវការការចូលរួមពីគ្រប់សាសនានៅកម្ពុជា ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស។ ដូចដែលសម្តេចក្រឡាហោម ស ខេង បានធ្វើរបាយការណ៍អម្បាញ់មិញពាក់ព័ន្ធជាមួយនឹងបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជា ដែលខ្ញុំព្រះករុណាខ្ញុំគួរតែឆ្លៀតធ្វើការវាយតម្លៃលើស្ថានការណ៍ខ្លះជាក្របខ័ណ្ឌរួម និងជាក្របខ័ណ្ឌដោយឡែកសម្រាប់ប្រទេសកម្ពុជា។ ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសយើងក៏គេអាច(ត្រូវបាន)ចាត់ទុកថាជាប្រទេសដ៏អាក្រក់បំផុតនៅលើលោក។ និយាយយ៉ាងដូច្នេះខ្ញុំព្រះករុណាខ្ញុំក៏មិនចាត់ទុកថាប្រទេសកម្ពុជា ជាប្រទេសល្អឯកនោះទេ តែសុំឱ្យអ្នកដទៃទៀតកុំឆ្លៀតប្រើឱកាសថា កម្ពុជាជាប្រទេសដ៏អាក្រក់បំផុតនៅលើលោក។ ខ្ញុំព្រះករុណាខ្ញុំគួរចាប់ផ្តើមពី ការវាយតម្លៃស្ថានភាពរួមនៅលើពិភពលោក ទាក់ទងជាមួយបញ្ហាការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋកម្ម (ពាក់ព័ន្ធនឹង)ការធ្វើចំណាកស្រុក។ មិនមានតែប្រទេសកម្ពុជាមួយទេដែលបាននឹងកំពុងកើតឡើងនូវបញ្ហាទាំងនេះ។
យើងក្រឡេកមើលទៅសហរដ្ឋអាមេរិក និងតំបន់អាមេរិក។ (មានករណីដែល)រហូតដល់អតីតប្រធានាធិបតី ដូណាល់ត្រាំ ចង់ធ្វើរបងរវាងសហរដ្ឋអាមេរិកនិងម៉ិចស៊ីក។ (បំណងធ្វើដូចនោះ)សំដៅដោះស្រាយអី? គឺសំដៅដោះស្រាយកុំឱ្យមានមនុស្សរត់ពីបណ្តាប្រទេសនៅអាមេរិកខាងជើង និងប្រទេសដទៃទៀតនៅទីនោះទៅកាន់សហរដ្ឋអាមេរិក។ ការរត់ភៀសខ្លួនរបស់ប្រជាជនមួយចំនួនដែលត្រូវឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ វាក្លាយទៅជារឿងដ៏អកុសលសម្រាប់ប្រជាជនក្រីក្រ ក៏ប៉ុន្តែវាជាឱកាសនៃពួកទុច្ចរិតដែលបានធ្វើកិច្ចការងារនេះ បម្រើផលប្រយោជន៍របស់ពួកគេ។ រឿងរបស់យើងនេះ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសនៅលើសកលលោកវាមិនទាន់ធំហួសទេ។ ប៉ុន្តែបើសិនជាយើងមិនទប់ស្កាត់ពីពេលនេះ និងរួមគ្នាទប់ស្កាត់ វាក៏ក្លាយទៅជាគោលដៅសុវត្ថិភាពនៃឧក្រិដ្ឋជនដែលរត់ពន្ធមនុស្សចូលមកកម្ពុជាវិញម្តង ឬរត់ពន្ធពីកម្ពុជាចេញទៅក្រៅប្រទេស … យើងត្រូវប្រញាប់ប្រញាល់ដើម្បីរួមគ្នាធ្វើសកម្មភាពប្រឆាំងនឹងការជួញដូរមនុស្ស។ គ្រាន់តែបញ្ហាលេចឡើង ឥឡូវសូម្បីតែតំបន់អឺរ៉ុបក៏កំពុងតែមានបញ្ហាលំបាករបស់អឺរ៉ុប។ លោកជំទាវអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបក៏មានវត្តមាននៅទីនេះស្រាប់។ ពីម្សិលម្ង៉ៃនេះ ខ្ញុំក៏បានជួបជាមួយឯកឧត្តម Charles Michel (ប្រធានក្រុមប្រឹក្សាអឺរ៉ុប)នៅឯទីក្រុងតូក្យូ។ គាត់ក៏នឹងអញ្ជើញមកកម្ពុជាដើម្បីចូលរួមក្នុងការប្រជុំអាស៊ីបូព៌ា និងការប្រជុំកិច្ចសន្ទនាសកលលើកទី២ នៅកម្ពុជាផងដែរ។
(៤) ការជួញដូរមនុស្ស កើតមាននៅគ្រប់តំបន់ ជាបញ្ហាសកល ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួម ក្នុងក្របខណ្ឌនៃយន្តការសហប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ អង្គការតំបន់ និងអង្គការក្រៅរដ្ឋាភិបាល
ហេតុអីបានជានិយាយថាអឺរ៉ុបជួបការលំបាក។ កាលពីប៉ុន្មានឆ្នាំមុនសង្គ្រាមនៅឯមជ្ឈិមបូព៌ា ដែលមនុស្សយ៉ាងច្រើនរត់លូនចេញពីប្រទេសនៅមជ្ឈិមបូព៌ាចូលមកអឺរ៉ុប ដោយមួយចំណែកស្ថិតនៅដែនដីទួគី។ ក្រោយមក ទួគីត្រូវព្រលែងចេញ ព្រោះទួគីម្នាក់ឯងមិនអាចទប់ទល់ជាប់ទេ។ ប្រទេសមួយចំនួនបានទទួលយកជនភៀសខ្លួន ឯប្រទេសមួយចំនួនទៀតមិនព្រមទទួលយកជនភៀសខ្លួនទេ។ ការទទួលយកជនភៀសខ្លួន ករណីដូចជានៅស៊ុយអែដ ធ្វើឱ្យនាយករដ្ឋមន្ត្រីដែលគាត់អនុវត្តនូវគោលនយោបាយទន់ភ្លន់លើជនភៀសខ្លួនត្រូវធ្លាក់ចេញពីតំណែង ដោយសារតែការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋរបស់ស៊ុយអែដ ក្នុងពេលដែល(កំពុងតែប្រឈមនឹង)វិបត្តិជនភៀសខ្លួនមកពីមជ្ឃិមបូព៌ាដូចជា ស៊ីរី លីបី អ៊ីរ៉ាក់។ ខ្ញុំគ្រាន់តែលើកឧទាហរណ៍ប៉ុណ្ណឹង ប៉ុន្តែនៅមានជាតិសាសន៍ដទៃទៀត។ មិនទាន់នឹងចប់ផងវិបត្តិ(នេះផង) ជនភៀសខ្លួនពីអ៊ុយក្រែនចូលមកអឺរ៉ុបព្រឹប ៥លាន ៦លាននាក់។
ពេលហ្នឹងចាប់ផ្តើមកើតឡើងនូវទម្ងន់ទៅលើអឺរ៉ុបនោះគឺនៅត្រង់ថា ជនភៀសខ្លួនដែលមានដើមកំណើតមកពីមជ្ឈិមបូព៌ាដែលកាន់សាសនាឥស្លាមភាគច្រើន ចូលមកមិនត្រូវបានស្វាគមន៍ទេ ហើយត្រូវស្ថិតនៅក្នុងជំរុំជនភៀសខ្លួន (បើ)ប្រៀបជាមួយនឹងការស្វាគមន៍ចំពោះជនជាតិអ៊ុយក្រែនដែលទើបរត់ចេញពីប្រទេសដោយសារសង្គ្រាម។ អញ្ចឹងបានជាមានប្រតិកម្មពីមេដឹកនាំនៅអាហ្វ្រិកខ្លះចំពោះអឺរ៉ុប ហើយយើងក៏បានមើលឃើញតាមដានអំពីបញ្ហាហ្នឹង។ សម្រាប់យើង យើងគ្មានលទ្ធភាពដើម្បីនឹងជួយដោះស្រាយបញ្ហានៅទីនោះទេ។ ពិតមែនហើយ កាលពីប៉ុន្មានឆ្នាំមុននោះ ដើម្បីជួយដល់អូស្រ្តាលីក្នុងការទប់ស្កាត់ការរត់ពន្ធមនុស្សចូលទៅក្នុងទឹកដីរបស់អូស្ត្រាលី កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីទទួលយកជនភៀសខ្លួនដែលប៉ុនប៉ងរត់ទៅអូស្ត្រាលី យកមករស់នៅកម្ពុជា។
អនុស្សរណៈនេះពិតមែនតែមិនទាន់បានអនុវត្ត (អនុវត្តវាមិនបាន) បានមួយចំនួនតូច ក៏ប៉ុន្តែអនុស្សរណៈក៏មានសុពលភាពនៅឡើយដែរ។ ក៏ប៉ុន្តែគ្រាន់តែគ្មាននរណាមក ព្រោះគោលដៅរបស់គេចង់ទៅរស់នៅអូស្ត្រាលី។ ដល់យើងយកមកនៅស្រុកខ្មែរគេនាំគ្នាទៅវិញទៅ។ អញ្ចឹងនៅតំបន់អាមេរិកក៏កើតឡើងនូវបញ្ហាជនភៀសខ្លួនដ៏ធំ នៅមជ្ឈិមបូព៌ានិងអឺរ៉ុប ក៏កំពុងតែមានចរាចរមនុស្សដ៏ធំ។ នៅតំបន់អាស៊ីរបស់យើង បញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក៏កំពុងបង្កើតនូវផលវិបាកធ្ងន់ធ្ងរ ហើយក៏ជាឱកាសនៃពួកកេងចំណេញ ដូចជាការនាំក្រុមជនភៀសខ្លួននេះរត់តាមទូក ឆ្លងកាត់ចូលមកប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី ហើយត្រូវប្រទេសទាំងនេះមិនអនុញ្ញាតឱ្យចូល។ មកប្រទេសថៃ ក៏ត្រូវប្រទេសនេះមិនអនុញ្ញាតឱ្យចូល។ អ្នកទាំងនោះត្រូវនៅលើទឹក រហូតទៅដល់ដាច់បាយដាច់ទឹក លិចទូកស្លាប់កណ្ដាលសមុទ្រ។
នេះជាស្ថានភាពដែលវាបាននិងកំពុងកើតនៅលើពិភពលោកបច្ចុប្បន្ន ហើយការជួញដូរមនុស្ស វាក៏បានឡើងនៅក្នុងកាលៈទេសៈហ្នឹងដែរ។ វាមិនមែនតែកើតឡើងនៅតំបន់អាស៊ី តែវាកើតនៅគ្រប់តំបន់ទាំងអស់ ទាក់ទិន នឹងការជួញដូរមនុស្ស។ វាក្លាយទៅជាបញ្ហាសកលដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួម ពីប្រទេសមួយទៅកាន់ប្រទេសមួយ ហើយក៏ស្ថិតនៅក្នុងក្របខណ្ឌនៃយន្តការសហប្រតិបត្តិការទូលំទូលាយ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផង ក្រោមឆ័ត្រនៃអង្គការតំបន់ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
(៥) ដោយសារសង្រ្គាម និងក្រោយមកការបោកប្រាស់ថាទៅធ្វើការនៅក្រៅប្រទេស ពលរដ្ឋកម្ពុជាមួយចំនួនភៀសខ្លួនទៅក្រៅប្រទេស
សម្រាប់ប្រទេសកម្ពុជា ខ្ញុំព្រះករុណខ្ញុំគួរតែត្រូវរំលឹកបន្ដិច។ មុននេះ កម្ពុជាគឺជាទីកន្លែងដែលប្រជាជនរបស់ខ្លួនរត់ភៀសខ្លួនចេញទៅប្រទេសក្រៅ។ ដោយសារអ្វី? សង្រ្គាមផ្ទុះឡើងនៅឆ្នាំ ១៩៧០ ក៏បានធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមួយចំនួនភៀសខ្លួនទៅក្រៅប្រទេស។ ក្នុងរយៈពេលនៃរបប ប៉ុល ពត ប្រជាជនយើងក៏បានភៀសខ្លួនមួយចំនួនទៅក្រៅប្រទេស។ ក្រោយរបប ប៉ុល ពត នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាមានសន្ដិភាពផង និងមានសង្រ្គាមផង ប្រជាជនកម្ពុជាមួយចំនួនក៏បានរត់ចេញទៅក្រៅប្រទេស រហូតទៅដល់យើងដឹងច្បាស់អំពីការធ្វើដំណើរតាមទូករបស់ពលរដ្ឋកម្ពុជាតម្រង់ទៅអូស្រ្ដាលី តាមរយៈដូចគេហៅថា រត់ពន្ធមនុស្សអញ្ចឹង។ ពេលនោះ មានជនជាតិកម្ពុជាមួយចំនួនស្លាប់ដោយសារតែលិចទូកកាណូតនៅក្នុងសមុទ្រ។ រយៈពេលក្រោយមកទៀត ប្រជាជនកម្ពុជាយើងត្រូវគេបោកប្រាស់យកទៅធ្វើការនៅក្រៅប្រទេស។ ពិតហើយ ភាគច្រើនដែលទៅធ្វើការនៅក្រៅប្រទេស ទៅក្រោមរូបភាពស្របច្បាប់ ដែលរាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើការជាមួយនឹងដៃគូ ដូចជាកូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ីជាដើម ភាគច្រើនទៅតាមភ្នាក់ងារនៃការដោះស្រាយការងារ ប៉ុន្តែមានមួយចំនួនក៏ទៅដោយសារតែការជួញដូរមនុស្ស។ បងប្អូនយើងមួយចំនួនចាញ់បោកមេខ្លោងជួញដូរមនុស្ស(ធ្វើការបោកប្រាស់) ដោយគេចាត់ទុកថា បានប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះ។ អញ្ចឹងក៏ត្រូវទៅខ្ចីបុលគេ ដើម្បីយកទៅសូកគេធ្វើដំណើរទៅ(ក្រៅប្រទេសធ្វើការ)។
ដល់ធ្វើដំណើរទៅ ខ្លះទៅបាត់ដំណឹងឈឹងតែម្ដង មិនដឹងថាទៅកន្លែងណា។ ជួនកាល យើងបានរកឃើញនៅតាមប្រទេសនានា ដោយពលរដ្ឋរបស់យើងត្រូវគេប្រើប្រាស់ជាកម្លាំងពលកម្មសម្រាប់នេសាទ ដែលពួកគេមិនដែលបានឡើងគោក ហើយផ្ដាច់ដំណឹងទាំងស្រុងពីក្រុមគ្រួសារ។ បងប្អូនយើងមួយចំនួនទៀត ទៅធ្វើការនៅក្រៅប្រទេស ដូចជាកូរ៉េខាងត្បូងជាដើម។ ផុតការកំណត់នៃកិច្ចសន្យាការងារ តែបន្ដស្នាក់នៅខុសច្បាប់នៅទីនោះ បង្កើតជាបញ្ហាសម្រាប់ប្រទេសគេនោះថែមទៀត។ ចំណុចនេះ (មានការ)រត់ពន្ធមនុស្សរហូតទៅដល់មជ្ឈបូព៌ា។ ខ្ញុំក៏គួរតែនិយាយថា អាម៉ាត់យ៉ាស់យ៉ា ដែលជាមូស្លីមដែរ ហើយជាសមាជិកសភា និងជាថ្នាក់រដ្ឋលេខាធិការក្រសួងសាធារណការ ហើយចុងក្រោយនេះ ជា(រដ្ឋលេខាធិការ)ក្រសួងសង្គមកិច្ច ក៏ត្រូវបានចាប់ខ្លួនដើម្បីផ្ដន្ទាទោស។ ដោយាសារអ្វី? (គាត់)នាំក្មួយជាស្រ្ដីនៃជនជាតិឥស្លាមទៅដល់មជ្ឈិមបូព៌ាឯណោះ។ នេះចេះគ្នារកការទំនាក់ទំនងមកបាន(សុំការជួយសង្រ្គោះ)។
(៦) មិនអាចយកប្រធានបទការជួញដូរមនុស្ស មកបង្ខំឱ្យកម្ពុជាអនុវត្តន៍នូវនយោបាយចិនពីរបានទេ
ចំណុចនេះចង្អុលបង្ហាញឱ្យឃើញថា យើងត្រូវការធ្វើការរួមគ្នា។ ទោះបីជាតិសាសន៍ ឬសាសនាណាក៏ដោយ ក៏ត្រូវរួមគ្នាដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ ការកត់សំគាល់ចុងក្រោយ គឺនៅត្រង់ថាហេតុអ្វីបានជាកម្ពុជា (វិវត្ត)ពីការដែលពលរដ្ឋខ្លួនរត់ចេញទៅក្រៅប្រទេស ពីការដែលពលរដ្ឋខ្លួនត្រូវគេបោកប្រាស់ យកទៅធ្វើការនៅក្រៅប្រទេស រហូតទៅដល់មានរឿងដ៏គួរឱ្យអកុសល (ដូចជា)ស្រ្តីយើងរៀបការទៅក្រៅប្រទេស ក៏មិនតិចដែរទេ ខ្លះរៀបការទៅក៏កាក់កប រៀបការខ្លះគេយកទៅលក់ដូរទៀត។
មានពេលមួយ ខ្ញុំព្រះករុណាខ្ញុំ នៅចាំ។ ក្នុងប្រមាណជាឆ្នាំ ២០០៦ ឬឆ្នាំ ២០០៧ គឺពេលនោះមានសំណើដើម្បីសុំឱ្យខ្ញុំព្រះករុណាខ្ញុំ បើកនូវស្ថានបេសកកម្មរបស់តៃវ៉ាន់ប្រចាំនៅកម្ពុជា ដើម្បីដោះស្រាយ(ឱ្យ)ស្រ្ដីប្រមាណជា ៥០០០ នាក់ ត្រូវរៀបការទៅតៃវ៉ាន់ … ខ្ញុំព្រះករុណាខ្ញុំថាយកឯកសារហ្នឹងដុតចោលទៅ។ មិនអាចយកបញ្ហាការជួញដូរមនុស្ស ការរៀបការដោយស្ម័គ្រចិត្តក្ដី ការរៀបការដោយបង្ខំក្ដី យកមកបង្ខំឱ្យកម្ពុជាអនុវត្តន៍នូវនយោបាយចិនពីរបានទេ។ កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូតតែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ។ អ្នកកុំយកបញ្ហារឿងស្រ្ដីប៉ុន្មានពាន់នាក់ មកបង្ខំឱ្យខ្ញុំទទួលយកការដាក់បេសកកម្ម(របស់តៃវ៉ាន់) ដើម្បីថាមកដោះស្រាយការបញ្ជាក់ចេញពីការការិយាល័យរបស់គេនៅទីក្រុងភ្នំពេញ ដើម្បីបង្កើតភាពស្របច្បាប់ទៅរស់នៅតៃវ៉ាន់។ រឿងដល់ប៉ុណ្ណឹង។
តើជាចេតនារបស់គេដើម្បីធ្វើរឿងនេះ? ម្ខាងគឺជួញដូរមនុស្ស តែម្ខាងទៀតយកបញ្ហាជួញដូរមនុស្សមកសង្កត់ឱ្យយើងអនុវត្តនូវនយោបាយដែលផ្ទុយទៅនឹងគោលការណ៍អធិបតេយ្យជាតិ ដែលយើងមិនឱ្យមានតំណាងតៃវ៉ាន់ណាមួយនៅកម្ពុជាទេ។ យើងទទួលត្រឹមតែអ្នកវិនិយោគតៃវ៉ាន់តែប៉ុណ្ណោះ ប៉ុន្តែយើងមិនទទួលឱ្យដាក់នូវស្ថានបេសកកម្មណាមួយតំណាងតៃវ៉ាន់នៅកម្ពុជាទេ។
(៧) ពីប្រភពនៃការជួញដូរ ក្លាយជាគោលដៅនៃការជួញដូរ, មន្ត្រីរាជរដ្ឋាភិបាលនិងវិនិយោគិន ប្រយ័ត្នករណីមានអ្នកទៅបរទេសជាមួយ ហើយមិនត្រលប់មកវិញ
ឥឡូវ សភាពការណ៍បានដើរខុសពីនេះ គឺចាប់ផ្ដើមពីកម្ពុជាទៅរកការងារធ្វើនៅក្រៅប្រទេស ត្រូវគេជួញដូរ ឥឡូវបែរជាមានជនបរទេសត្រូវគេជួញដូរយកមកស្រុកខ្មែរវិញម្ដង … មុននេះ មានតែខ្មែរត្រូវគេជួញដូរទៅក្រៅ ឥឡូវមានជនបរទេសត្រូវគេជួញដូរចូលស្រុកខ្មែរវិញម្ដង។ តើផ្ដើមចេញពីអ្វី? … វាទាក់ទិនជាមួយនឹងការដែលកម្ពុជាមានសន្ដិភាព។ បើមិនមានសន្ដិភាពទេ នរណាមកកម្ពុជា។ ប៉ុន្តែមួយទៀត ក៏ផ្ដើមចេញពីចំណុចខ្សោយណាមួយដែលបង្កើតឱ្យមានច្រកដែលគេជ្រៀតចូលមកធ្វើអាជីវកម្មនៅក្នុងប្រទេសរបស់យើង។ អញ្ចឹង យើងឃើញថា វត្តមាននៃជនបរទេសមួយចំនួន ដែលត្រូវបានគេជួញដូរមកក្នុងប្រទេសរបស់យើង វាផ្ទុយស្រលះពីអ្វីដែលបានកើតនៅពេលមុន ដែលាមានតែគេជួញដូរជនជាតិខ្មែរយើងចេញទៅក្រៅប្រទេស។
ការជួញដូរនេះទៀតសោត ខ្លះធ្វើឱ្យខូចកេរ្ដិ៍ឈ្មោះ។ ឧទាហរណ៍ ចេញទៅសហរដ្ឋអាមេរិក ដោយមានទិដ្ឋាការត្រឹមត្រូវ។ គណៈប្រតិភូខ្លះឆ្លៀតដាក់មនុស្សទៅជាមួយ ដែលមនុស្សទាំងនោះទៅដល់អាមេរិកហើយ មិនព្រមត្រឡប់មកវិញ។ ហ្នឹងក៏សូមរំលឹកដាស់តឿនចំពោះមន្រ្តីរាជរដ្ឋាភិបាលទាំងអស់ ឬក៏អ្នកវិនិយោគិនទាំងឡាយ ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសូមធ្វើឱ្យបានត្រឹមត្រូវ។ ខ្លះថា សុំទៅជាមួយ ទៅហើយស្រាប់តែមិនមកវិញ ដល់អញ្ចឹងអាមេរិកមិនមែនដាក់ទណ្ឌកម្មត្រឹមតែអ្នកដែលទៅស្នាក់នៅខុសច្បាប់នៅអាមេរិកទេ ដាក់ទាំងប្រធានគណៈប្រតិភូហ្នឹងតែម្ដង ដែលថ្ងៃក្រោយលែងចូលអាមេរិកបាន។ អញ្ចឹងគ្រាន់តែផ្ដាំទេ ដើម្បីរក្សានូវភាពថ្លៃថ្នូររបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសដទៃ។ មិនមែនគ្រាន់តែទៅអាមេរិកទេ ជួនកាលទៅបារាំង ជួនកាលទៅអឺរ៉ុបក៏មានដាក់មនុស្សទៅដែរ។
(៨) អនុវត្តគោលនយោបាយ “ភូមិឃុំមានសុវត្ថិភាព” ដូចភ្លៀងរលឹម បង្ក្រាបកន្លែងល្បែងស៊ីសង កុំចាំបាច់រដ្ឋមន្ត្រីមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែក ទើបធ្វើ
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសម្ដេចក្រឡាហោម ស ខេង ដែលបានខិតខំធ្វើរឿងនេះ ហើយរឿងចុងក្រោយ រកឃើញក្រឡាដ៏ល្អមួយនៅត្រង់ថា បង្កើត channel ហ្វេសប៊ុក ឬក៏ Telegram ឬក៏ channel ដទៃទៀត ដែលធ្វើឱ្យមិត្តភក្ដិបរទេសរបស់យើងដែលមានពលរដ្ឋខ្លួន ត្រូវគេជួញដូរ ឬក៏ពលរដ្ឋកម្ពុជាត្រូវគេជួញដូរ ត្រូវគេបង្ខាំង អាចចូលមកក្នុងហ្វេសប៊ុកហ្នឹង ចូលមកក្នុងគ្រប់ channel ហ្នឹងបាន ដើម្បីយើងងាយធ្វើសហប្រតិបត្តិការក្នុងការលុបបំបាត់នូវចំណុចអសកម្មទាំងអស់។ ក្នុងប៉ុន្មានខែចុងក្រោយនេះ នៅពេលដែលប្រទេសយើងបើកឡើងវិញ យើងបានឃើញនូវស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើខុសច្បាប់ដទៃផ្សេងទៀត មានការកើនឡើងគួរឱ្យចាប់អារម្មណ៍។ ល្បែងស៊ីសងកើតឡើងច្រើនណាស់ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំនូវកិច្ចការងារនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវចុះហត្ថលេខាបង្កើតគណៈកម្មការអន្តរក្រសួង ហើយក៏ចេញសារសំឡេង។
បន្ទាប់ពីចេញសារសំឡេង ក្នុងរយៈពេលតែមួយថ្ងៃ ខេត្តកណ្ដាលមួយរកឃើញ(កន្លែងល្បែងខុសច្បាប់)ជាង ៧០០ កន្លែង, នៅភ្នំពេញជាង ១០០០ កន្លែង។ ហើយចុះបើល្បែងស៊ីសងម្លឹងៗ អាហ្នឹងវាទាក់ទងជាមួយនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ដែលយើងបានដាក់ឲ្យអនុវត្តច្រើនឆ្នាំទៅហើយ កន្លែងល្បែងស៊ីសង វាមិនដែលកើតលើមេឃទេ វាកើតលើដី ដីវានៅតាមភូមិ តាមឃុំ តាមស្រុក តាមខេត្តនោះហើយ បញ្ហាស្ថិតនៅត្រង់ យើងធ្វើឬមិនធ្វើ។ អញ្ចឹងខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយថា កុំចាំបាច់ដល់ទៅរដ្ឋមន្ត្រីមហាផ្ទៃស្រែក ឬកុំចាំបាច់ដល់ទៅនាយករដ្ឋមន្ត្រីស្រែក ចាំធ្វើ នាំគ្នាធ្វើឲ្យដូចភ្លៀងរលឹមទៅ។ កន្លែងខ្លះជាកន្លែងផឹកកាហ្វេសោះ ក៏ប៉ុន្តែទៅជាកន្លែងភ្នាល់ដ៏កាក់កប់ ជាអនឡាញ ប្រណាំងសេះ ទាត់បាល់អីណា ពេញទឹកពេញដីទាំងអស់។ ដល់ digital ដើរលឿនទៅ ស្អីក៏ digital ទាំងអស់ យើងគួរតែចាប់អារម្មណ៍ ដំណាក់កាលនៃ កូវីដ-១៩ ក៏ជាដំណាក់កាលនៃការរីកលូតលាស់ផ្នែក digital ដែរ។ អញ្ចឹង digital នេះ បើសិនជាយើងប្រើត្រូវ វាក៏ចំនេញ យើងប្រើមិនត្រូវ យើងក៏ខាត បច្ចេកវិទ្យាក៏ដូច្នោះ។
(៩) គ្រប់សាសនាចូលរួមអប់រំបង្កា រារាំងនូវការប្រព្រឹត្តល្មើស ត្រូវប្រើប្រាស់កិច្ចសហប្រតិបត្តិការគ្រប់តួអង្គ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ហ៊ានរាយការណ៍ឲ្យសមត្ថកិច្ចពីសកម្មភាពល្មើស
ចំណុចនេះ ទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពព្រមៗ មិនមែនគ្រាន់តែបញ្ហាជួញដូរមនុស្សតែមួយមុខទេ តែមែកធាងរបស់វា ត្រូវចាប់ផ្តើម ដូចជាចាប់ផ្តើមពីល្បែងស៊ីសង អំពើទុច្ចរិតនានា ហើយវានាំឆ្ពោះទៅដល់ដំណាក់កាលធ្ងន់ធ្ងរ គឺការជួញដូរមនុស្ស ជួញដូរផ្លូវភេទ ដែលជារឿងយើងត្រូវតែដោះស្រាយបញ្ហានេះ ដោយជៀសវាងមិនបាន។ យើងត្រូវតែកំណត់គោលដៅ ដូចដែលសម្តេចក្រឡាហោម បានលើកឡើង ទាក់ទិនជាមួយនឹងសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា បញ្ហាការស៊ើបអង្កេតជនប្រព្រឹត្តបទល្មើសនិងបក្សពួក និងស្រាវជ្រាវរកមេក្លោង ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។ ត្រួតពិនិត្យប្រមូលភស្តុតាង ដើម្បីបិទអាជីវកម្មខុសច្បាប់ ជាពិសេសល្បែងស៊ីសង និងល្បែងតាមប្រព័ន្ធអេឡិចត្រូនិចដែលខុសច្បាប់ និងបើរកឃើញថា ករណីជួញដូរមនុស្ស គឺត្រូវធ្វើការស៊ើបអង្កេត បញ្ជូន អនុវត្តតាមច្បាប់។
ប៉ុន្តែ ចំណុចដែលខ្ញុំព្រះករុណាខ្ញុំ គួរតែរំលឹកគឺវិធីបង្កាកុំឲ្យរឿងវាកើតហើយ បានយើងដោះស្រាយ។ បង្កាកុំឲ្យវាកើត រារាំងកុំឲ្យវាកើត តាមរយៈដែលនិកាយសាសនានីមួយៗ រួមចំណែកដើម្បីនឹងអប់រំមនុស្ស ល្អជាងគេគឺអញ្ចឹង … ព្រះពុទ្ធសាសនាអប់រំមនុស្ស អ្នកកាន់ព្រះពុទ្ធសាសនាទៅ។ គ្រីស្តសាសនាក៏អប់រំគ្រីស្តសាសនាទៅ។ ឥស្លាមសាសនាក៏អប់រំឥស្លាមទៅ។ នៅមាននិកាយដទៃទៀត អាចនៅក្នុងកន្លែងរបស់យើង អាចមានអ្នកកាន់ហ៊ីនឌូផងដែរ។ ចំណុចដែលយើងគួរធ្វើ គឺវិធីបង្កា រារាំងនូវការប្រព្រឹត្តល្មើស ហើយយើងក៏ត្រូវប្រើប្រាស់នូវកិច្ចសហប្រតិបត្តិការគ្រប់តួអង្គ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ទាក់ទងជាមួយនឹងសកម្មភាពទាំងឡាយដែលខ្លួនបានឃើញ ហើយខ្លួនហ៊ានរាយការណ៍ឲ្យសមត្ថកិច្ច ដើម្បីទប់ស្កាត់កុំឲ្យកើតឡើងនូវរឿងអកុសលដែលកើតឡើងចំពោះកូនចៅ ក្រុមគ្រួសារ សាច់ញាតិរបស់យើង ហើយធ្វើឲ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្ម។
(១០) ទោះបីជាកម្ពុជាមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម ប៉ុន្តែកុំឲ្យកម្ពុជាក្លាយទៅជាជំរករបស់ពួកភេរវកម្ម ដែលប្រើប្រាស់ទឹកដីវាយនៅគោលដៅប្រទេសដទៃ
យើងធ្លាប់ធ្វើបានជោគជ័យ ក្រោយព្រឹត្តិការណ៍ ១១ កញ្ញា ការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉ក។ ពេលនោះយើងបានធ្វើកិច្ចសហការជាមួយសហរដ្ឋអាមេរិកនិងដៃគូដទៃទៀត ដើម្បីទប់ស្កាត់ភេរវកម្មក្នុងដំណាក់កាលនោះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបាន យើងបានធ្វើកិច្ចការដ៏ល្អរាប់ទាំងចាប់មេភេរវកម្ម … ឈ្មោះ Hambali… យើងសហការជាមួយសហរដ្ឋអាមេរិក សហការជាមួយដៃគូដទៃទៀត ចាប់មេភេរវកម្ម។ យើងទប់ស្កាត់បាននូវភេរវកម្ម មិនឲ្យកើតមាននៅលើទឹកដីយើង។ ពេលនោះ យើងតែងតែរំលឹកខ្លួនយើងថា កុំឲ្យកម្ពុជាក្លាយទៅជាជំរកនៃភេរវកម្ម បើទោះបីជាកម្ពុជាមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម ប៉ុន្តែសុំកុំឲ្យកម្ពុជាក្លាយទៅជាជំរករបស់ពួកភេរវកម្ម ដែលប្រើប្រាស់ទឹកដីកម្ពុជា ហើយទៅវាយនៅគោលដៅប្រទេសដទៃ។ យើងបានធ្វើកិច្ចការងារនេះបានល្អ ជាមួយនឹងដៃគូរបស់យើង។
ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា យើងក៏នឹងធ្វើកិច្ចការងារនេះបានល្អដូចគ្នា តាមរយៈនៃការខិតខំប្រើប្រាស់វិធីបង្កា ការអប់រំ វិធានការរដ្ឋបាលនិងវិធានការច្បាប់។ ឥឡូវនេះ ឧក្រិដ្ឋកម្មខ្លះមានដល់អាវុធប្រើប្រាស់នៅលើទឹកដីរបស់យើង ដែលចាំបាច់ត្រូវតែបំផ្លាញ/បណ្តេញ(ករណី)ដ៏គ្រោះថ្នាក់នេះ។ អាវុធចេញពីណា? គេយកចូលប្រទេសតាមរបៀបណា? ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព តាមគ្រប់ច្រកទាំងអស់ ច្រកដែនអាកាស ច្រកផ្លូវគោក និងច្រកផ្លូវទឹក ដើម្បីធានាថា អាវុធត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំ ហើយមិនត្រូវឲ្យអាវុធហូរចូលមកក្នុងប្រទេសរបស់យើងដោយគ្មានច្បាប់ទម្លាប់ ឬអាវុធនៅក្នុងឃ្លាំងក្លាយទៅជាអាវុធនៃឧក្រិដ្ឋជន ដែលធ្វើការបាញ់ប្រហារនិងសម្លាប់មនុស្សនៅលើទឹកដីរបស់យើងនោះទេ។ នេះជាកិច្ចការដែលយើងត្រូវធ្វើ ព្រះសង្ឃនៃគ្រប់និកាយសាសនាសុទ្ធតែមានលទ្ធភាពដើម្បីនឹងផ្តល់ការអប់រំ។ ជម្រើសដែលល្អជាងគេ គឺអប់រំឲ្យប្រព្រឹត្តអំពើល្អ។
(១១) គ្រប់គ្រងវិទ្យាសាស្ត្របច្ចេកទេស ដោយគុណធម៌ សីលធម៌ និងក្រិត្យក្រម
ម្ខាងទៀត ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះអំពាវនាវចំពោះយុវជនរបស់យើង ដែលមានបច្ចេកវិទ្យា សូមឲ្យយកចិត្តទុកដាក់ទៅលើការគ្រប់គ្រង។ រឿងនេះមិនមែនជាបញ្ហាថ្មីទេ។ ខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយតាំងពីក្នុងអំឡុងឆ្នាំ ២០០៣-២០០៤ ឯណោះ អំពីសីលធម៌គ្រប់គ្រងទៅលើបច្ចេកទេស ឬបច្ចេកទេស។ ត្រូវតែមានការគ្រប់គ្រងដោយគុណធម៌ ដោយតម្លៃ ដោយក្រឹត្យក្រមមួយ … ពួកភេរវកម្មឬក៏ពួកជួញដូរ ពួកផលិតគ្រឿងញៀន មិនមែនពួកអវិជ្ជាអត់ចេះអីទេ … សូមប្រយ័ត្នកុំឲ្យការដែលយើងចេះបច្ចេកវិទ្យាក្លាយទៅជាភ្នាក់ងារ ឬក្លាយទៅជាអ្នកបច្ចេកទេសក្នុងផលិតអ្វីដែលហៅថាឧបករណ៍ខុសច្បាប់ … គេនាំចូលវត្ថុធាតុដើម ឬកែច្នៃអីផ្សេងៗ ដើម្បីឲ្យទៅជាគ្រឿងញៀន។ អ្នកដែលធ្វើគ្រឿងញៀនបាន មិនមែន(អត់ចេះអីសោះទេ)។ ដូចយើង បើសិនជាយកគ្រឿងញៀនមកដាក់ឲ្យខ្ញុំព្រះករុណាខ្ញុំនៅខាងមុខ នេះមិនដឹងថាគ្រឿងញៀនប្រភេទអី គេប្រាប់ថាថ្នាំឈឺក្បាល លេបយូរៗ ញៀនបណ្ដោយ។
អញ្ចឹងទេបញ្ហានេះ យុវជនយើងមួយចំនួនមិនមែនចង់សេពគ្រឿងញៀនទេ ក៏ប៉ុន្តែជួនកាលបោកប្រាស់តាមរបៀប “អ្ហែងសាកអានេះមួយគ្រាប់ទៅ”។ ដាក់ទៅវាឆ្ងាញ់បាយ ដេកលក់ ក៏ដាក់។ ក្រោយមកឲ្យមួយគ្រាប់ទៀត ២គ្រាប់ ៣គ្រាប់ ៤គ្រាប់ ៥គ្រាប់ នោះទៅជាញៀនបណ្ដោយ។ អញ្ចឹងក្លាយទៅជាចំណាប់ខ្មាំងនៃអ្នកលក់គ្រឿងញៀនបណ្ដោយ។ អកុសលគឺនៅកន្លែងហ្នឹង។ មិនមែនកូនក្មួយមួយចំនួននោះជាអ្នកចង់ប្រព្រឹត្តគ្រឿងញៀនទេ ក៏ប៉ុន្តែជួនកាលអត់ស្គាល់។ សូម្បីតែឥឡូវហ្នឹង ខ្ញុំព្រះករុណាខ្ញុំតែមិនស្រួលគេដាក់ថ្នាំយកមកឲ្យ ព្រោះអានេះចេះយើងមានពេទ្យ ចុះបើអត់មានពេទ្យដើរតាម ដូចរាងឈឺក្បាល អញ្ចឹងសាកថ្នាំនេះទៅ ថ្នាំយកមកឲ្យហ្នឹងគ្រឿងញៀនអីទៅ។ ដល់ដាក់ទៅវាញៀនទៅថ្ងៃក្រោយ។ អញ្ចឹង យុវជនយើងមួយចំនួនដែលញៀនគ្រឿងញៀនមិនមែនអ្នកទាំងហ្នឹងចង់សេពគ្រឿងញៀនទេ ប៉ុន្តែដោយសារមិនដឹង។
អញ្ចឹងអ្នកដែលចេះ(ដឹងផ្នែក)វិទ្យាសាស្រ្តបច្ចេកទេស ក៏ត្រូវតែប្រុងប្រយ័ត្នកុំឲ្យគេប្រើយើងទៅជួយផលិតគ្រឿងញៀន។ ពួកហ្នឹងសុទ្ធតែអ្នកពូកែគីមី ពូកែស្អីៗហ្នឹង។ លាយស្អីៗម៉េចដើម្បីឲ្យវាញៀននោះ។ ខ្លះទៀតចេះបច្ចេកទេសធ្វើដល់ drone ហើយឥឡូវ drone ហ្នឹងគ្រោះថ្នាក់ណាស់។ ជួនកាលបង្កើតបានជា drone ដាក់គ្រាប់បែកយកទៅទម្លាក់ឯណានោះមួយអញ្ចឹងទៅ គ្រោះថ្នាក់ណាស់ ឬក៏គេកែច្នៃទៅជាប្រភេទអាវុធ ទៅជាគ្រឿងផ្ទុះ នឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ អ្នកដែលធ្វើឃាតអតីតនាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ គឺមិនមែនជាមនុស្សធម្មតាទៅ(កាន់)កាំភ្លើងឲ្យគេឃើញឯណា។ អ្នកនោះទៅដោយ(ប្រើកាំភ្លើងដែលមើលទៅ)របៀបដូចប្រដាប់ថតដើម្បីបាញ់សម្លាប់។
(១២) ទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ថ្ងៃ២០ ខែសីហា រៀងរាល់ឆ្នាំ, កិច្ចសហប្រតិបត្តិការនិងការយោគយល់នៃអន្តរសាសនា … បើកឱកាសឲ្យធ្វើកិច្ចសហការ, តួអង្គពាក់ព័ន្ធរបស់រដ្ឋ ក៏ត្រូវធ្វើសកម្មភាពដោយព្រមៗគ្នា
បន្តទៅទៀត ក៏សូមទូលប្រគេន និងជម្រាបជូនថា ចាប់ពីពេលនេះ ឆ្នាំនេះតទៅ រាជរដ្ឋាភិបាលកំណត់យកថ្ងៃ២០ ខែសីហា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជា «ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស»។ អញ្ចឹងនៅពេលនោះ គ្រប់ទីកន្លែង គ្រប់និកាយសាសនា ជម្រាបជូនទៅសាវ័ករបស់ខ្លួនឲ្យបានជ្រាប រៀងរាល់ថ្ងៃ២០ ខែសីហា ត្រូវធ្វើការជួបជុំ រំលឹក និងពិនិត្យអំពីលទ្ធផលដែលយើងធ្វើបានទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ អាចមានការជួបជុំតាមខេត្តដែលមានសាសនា មានការជួបជុំតាមស្រុក ហើយបើសិនជាអាចធ្វើកាន់តែល្អ គឺថា សាសនាទាំងឡាយនៅនឹងភូមិ និងឃុំស្រាប់ហើយ។ ប្រសិនបើមានទាំងឥស្លាមក៏នៅហ្នឹង ព្រះពុទ្ធក៏នៅហ្នឹង គ្រឹស្តក៏នៅហ្នឹង គឺយើងធ្វើនៅក្របខណ្ឌមូលដ្ឋាន ដើម្បីឲ្យយើងរកឲ្យឃើញចំណុចខ្លាំង ចំណុចខ្សោយនៃភូមិ/ឃុំមានសុវត្ថិភាពរបស់យើងតែម្ដង។ ប៉ុន្តែក៏សូមបញ្ជាក់ មិនមែនយើងធ្វើសកម្មភាពប្រឆាំងនឹងការជួញដូរមនុស្សត្រឹមតែមួយថ្ងៃទី ២០ ខែសីហាទេ គឺធ្វើ ៣៦៥ថ្ងៃ គឺធ្វើជាប់មិនដាច់។
ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា ដោយកិច្ចសហប្រតិបត្តិការនិងការយោគយល់នៃអន្តរសាសនា ដែលទទួលបាននូវការជឿទុកចិត្តគ្នា សុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅក្នុងប្រទេសយើង បើកឱកាសឲ្យយើងធ្វើកិច្ចសហការនេះបានយ៉ាងល្អ។ តួអង្គពាក់ព័ន្ធរបស់រដ្ឋ ក៏ត្រូវធ្វើសកម្មភាពដោយព្រមៗគ្នា មិនមែនគ្រាន់តែក្រសួងមហាផ្ទៃមួយម្នាក់ឯងធ្វើគ្រប់ទេ មិនមែនតែនគរបាលមួយធ្វើគ្រប់ទេ គ្រប់កម្លាំងទាំងអស់ដែលត្រូវធ្វើ ដោយក្នុងនោះស្ថាប័នសំខាន់ៗមាន មហាផ្ទៃ ការពារជាតិ ដែលទាក់ទងទៅលើបញ្ហាអាវុធហត្ថ ផ្នែកច្បាប់ គឺទាក់ទងជាមួយនឹងក្រសួងយុត្តិធម៌ ក្រសួងការងារដែលពាក់ព័ន្ធជាមួយអ្នកដែលមកនៅស្រុកយើងស្រប ឬមិនស្របច្បាប់ មានប័ណ្ណការងារ ឬអត់ ក៏ត្រូវពិនិត្យបញ្ហាទាំងអស់ហ្នឹង អាជ្ញាធរមូលដ្ឋានដែលនៅនឹងកន្លែងក៏ត្រូវតែដឹងមនុស្សចេញ/ចូលមកពីត្រង់ណាខ្លះ។ យើងធ្វើកិច្ចការងារនេះដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋរបស់យើង។
ខ្ញុំសង្ឃឹមថា ដៃគូបរទេសរបស់យើង ដែលមានវត្តមាននៅថ្ងៃនេះ នឹងចូលរួមជាមួយយើង ជួយយើងដើម្បីដោះស្រាយនូវការងារមួយនេះ ដែលវាជាបញ្ហាសាំញ៉ាំមិនមែនគ្រាន់តែកម្ពុជាដាច់ដោយឡែកទេ តែពាក់ព័ន្ធដូចដែលខ្ញុំលើកអម្បាញ់មិញថា មានគ្រប់កន្លែងទាំងអស់នៅលើពិភពលោក គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ឯកម្ពុជា ប្រសិនបើមិនប្រយ័ត្នទេ យើងនឹងក្លាយទៅជាទីកន្លែងសុវត្ថិភាពសម្រាប់ឧក្រិដ្ឋជន ដែលមកធ្វើសកម្មភាពនៅក្នុងប្រទេសរបស់យើង ហើយយកប្រទេសយើងធ្វើជាឈ្នាន់សម្រាប់ផលិតគ្រឿងញៀន ដែលគេយក(វត្ថុធាតុដើម)មកពីក្រៅ តែយកមកផលិតនៅកម្ពុជារួចហើយចែកចាយចេញទៅវៀតណាម ទៅថៃ ទៅប្រទេសផ្សេងទៀតក៏អាចថាបាន។
ចំពោះបនល្បែង ដែលបាននិងកំពុងធ្វើនៅពេលនេះ ត្រូវតែធ្វើជាបន្ត។ សូមអំពាវនាវចំពោះប្រជាពលរដ្ឋដែលញៀនជាមួយល្បែង គប្បីទុកប្រាក់កាស ព្រោះបើនិយាយពីគោលដៅដែលត្រូវបង្រ្កាបវាមិនច្រើនទេ។ ឧទាហរណ៍ មេកន្ទុយលេខ វាត្រូវការបង្រ្កាប តែមេកន្ទុយលេខតែម្នាក់តើ ព្រោះមនុស្សអ្នកទៅទិញកន្ទុយលេខមិនមែនជាគោលដៅដែលយើងត្រូវបង្រ្កាបទេ។ អប់រំគេឈប់ឲ្យលេងទៅ។ ប៉ុន្តែអ្នកដែលដើរលក់កន្ទុយលេខនោះ អ្នកនោះទើបជាគោលដៅដែលយើងយកមកអនុវត្តផ្លូវច្បាប់ ប្រសិនបើគេមិនរាងចាល។ តាមខ្ញុំដឹង … ទីក្រុងភ្នំពេញរាយការណ៍ឲ្យខ្ញុំរៀងរាល់ល្ងាច ភាគច្រើនគឺបានបិទហើយ។ ប៉ុន្តែសូមឲ្យបិទជាស្ថាពរ សូមកុំឲ្យបើកឡើងវិញ ហើយសុំកុំភ្លេចត្រចៀក។ គ្រាន់តែពីរខេត្តភ្នំពេញនិងខេត្តកណ្ដាល ជាង ២ពាន់ ទីតាំង។ ក្មេងៗអត់ទៅរៀន បានលុយម្ដាយឪពុកឲ្យ ចូលទៅបាញ់ត្រី។ ហ្គេមបាញ់ត្រីខ្ញុំមិនដែលដឹងគេបាញ់របៀបម៉េច អាឌីជីថលវាដើរទំនើបពេកទៅ ទៅលេងល្បែងកន្លែងនោះ។ បន្តិចទៀតដល់ពេល World Cup នៅ Qatar អាល្បែងភ្នាល់បាល់នេះគឺកើតទៀតហើយ។
អញ្ចឹងទេ សូមឲ្យបន្តដូចភ្លៀងរលឹម។ យើងមិនអាចចាប់ត្រឹមតែអ្នកទិញកន្ទុយឆ្នោតទេ។ ឆ្នោតថ្ងៃមុន ខ្ញុំបានឲ្យបូកសរុបឆ្នោតមានប៉ុន្មាន? ឆ្នោតនៅប្រទេសច្រើនណាស់។ ក្នុងការកំណត់ គឺហាមលេងកន្ទុយលេខ តែយើងជក់នឹងកន្ទុយលេខហ្នឹងតែម្ដង។ ទិញឆ្នោតវាមិនអស់ប៉ុន្មានទេ ហើយដូចជាយើងធ្វើឆ្នោតកីឡា។ ឆ្នោតអូឡាំពិក ពីដើមមានឆ្នោតជាតិ ឆ្នោតអីអញ្ចឹង ប៉ុន្តែអ្វីដែលជាគ្រោះថ្នាក់ គឺកន្ទុយលេខ។ កន្ទុយលេខនេះវាមានកន្ទុយលេខឆ្នោតខ្មែរ វាមានកន្ទុយលេខឆ្នោតថៃ វាមានកន្ទុយលេខឆ្នោតវៀតណាម។ អញ្ចឹងបានខ្ញុំចារហើយ ដែលចេញជាកំណត់ ស.ជ.ណ មុនពេលដែលខ្ញុំចេញទៅ New York ព្រមានចំពោះអ្នកដែលមានឆ្នោតស្របច្បាប់ទាំងឡាយ។ ប្រសិនបើបង្កើតនូវគ្រាប់ឡូតូ បង្កើតឲ្យមានការលេងកន្ទុយហ្នឹង ប្រទះនឹងការបិទចោលទាំងស្រុងនៅពេលខាងមុខ។ គឺបិទចោលតែម្ដង ព្រោះវាគ្មានចំណូលអីប៉ុន្មានទេអាហ្នឹងនោះ។ សូមផ្ដាំទៅក្រុមហ៊ុនដែលបើកឆ្នោតទាំងប៉ុន្មាន បើសិនជាឆ្នោតរបស់ខ្លួនត្រូវបានលាយជាល្បែងកាក់កប គឺប្រឈមនឹងការបិទ ហើយការបិទលើកនេះ ខ្ញុំគិតថាបិទចោលទាំងអស់តែម្ដង កុំឲ្យមានតែម្ដង។
ប៉ុន្តែយើងរកវិធីទប់វាមិនជាប់ អារឿងឆ្នោតវៀតណាមនិងឆ្នោតថៃ។ លឺគេថា ឆ្នោតវៀតណាមនិងថៃ លេងច្រើនជាងឆ្នោតខ្មែរ។ ឥឡូវទៅទប់យ៉ាងម៉េច បើវៀតណាមគាត់ចេញមក រួចថាមិនចេះវៀតណាមទេ តែទៅលេងឆ្នោតវៀតណាម? ឥឡូវទៅរាំងស្កាត់ម៉េច រកវិធីអីទប់? ទប់ដែរតែវាមិនជាប់។ ឥឡូវហ្នឹងគឺថាវិធីទប់មានតែ ទីមួយ សំណូមពរប្រជាពលរដ្ឋកុំលេងតទៅទៀត ទុកលុយទៅ កូនត្រូវទៅរៀនទៅទិញសៀវភៅឲ្យកូន ឬក៏ត្រូវបំប៉នសុខភាពដោយសារលុយដែលយើងយកមកលេងរាល់ថ្ងៃហ្នឹង។ អ្នកលេងហ្នឹងជួនកាលមកប្រាប់ខ្ញុំទៀតថាខ្ញុំត្រូវឆ្នោត មកពីយល់សប្ដិឃើញសម្ដេច។ អ្នកខ្លះមករអ៊ូដាក់ខ្ញុំទៀត មកពីសម្ដេចដូរអាយុ បានជាខ្ញុំចាក់ខុស តែមួយលេខទេ។ កាលពីប៉ុន្មានខែមុន ខ្ញុំដាក់ខ្ញុំកើតឆ្នាំ ១៩៥១ តែទើបនឹងតុលាការកាត់ដើម្បីតម្រឹមអាយុរបស់ខ្ញុំឡើងវិញ ឆ្នាំ១៩៥២។ អញ្ចឹងខ្លះយល់សប្ដិឃើញខ្ញុំ ចាក់ឆ្នោតអាយុខ្ញុំ តែអាយុខុស ហើយមករអ៊ូដាក់ខ្ញុំទៀត វាទៅជារឿង(អស់សំណើច)។
អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ល្បែងមិនបាននាំមកនូវជោគជ័យណាមួយសម្រាប់ជីវិតផ្ទាល់ខ្លួន ឬជីវិតក្រុមគ្រួសារទេ។ ខាងសមត្ថកិច្ចរបស់យើង ត្រូវយកចិត្តទុកដាក់វាយឲ្យចំមេក្លោងឲ្យចំពួកមេកន្ទុយលេខ។ ប៉ុន្តែ កន្ទុយលេខ បើយោងទៅលើអ្វីដែលជាការចំណាំ មានអ្នកដើរកត់លក់ តែមេធំនៅពីក្រោយ។ អញ្ចឹងឧទាហរណ៍ថា មេម្នាក់ហ្នឹងមានបណ្ដាញរហូតដល់ ១០ ឬ ២០បណ្ដាញ សម្រាប់ដើរលក់ឆ្នោត។ អ្នកដែលបណ្ដាញទៅនោះ យើងក៏ត្រូវមើល។ ប៉ុន្តែមេធំស៊ីសងនេះដែលបញ្ចេញលុយទៅឲ្យភ្នាក់ងារនោះ ទើបជាគោលដៅពិតប្រាកដ។ បើគ្រាន់តែរឿងហ្នឹងប្រមូលមនុស្សយកមកដាក់គុក ដាក់ច្រវាក់ ផ្ដន្ទាទោសនៅតុលាការ ប្រហែលជាគ្មានគុកដាក់ទេ។
(១៣) ជនបរទេសរាប់ពាន់នាក់ ត្រូវគេអុសទាញមកធ្វើការនៅកម្ពុជា, បំបាត់ល្បែងស៊ីសង ការជួញដូរគ្រឿងញៀន ជាធាតុផ្សំទប់ស្កាត់ការជួញដូរមនុស្ស
មានតែប្រើប្រាស់វិធីអប់រំក្នុងវិស័យសាសនា និងការអប់រំតាមផ្លូវរដ្ឋសម្រាប់បញ្ចៀសនូវអំពើទុច្ចរិតទាំងឡាយ។ យើងធ្វើបាន ហើយប្រជាជនសល់លុយ ព្រោះលុយអត់មានយកទៅចាញ់ល្បែងអីផង។ កម្លាំងពាក់ព័ន្ធទាំងអស់ ដែលធ្វើសកម្មភាពព្រមៗគ្នា ទើបអាចជោគជ័យទៅបាន។ ចំណុចចុងក្រោយក្នុងប៉ុន្មានខែនេះ យើងប្រឹងណាស់ កុំឲ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្ម ជាកន្លែងលាងលុយនៅទីនេះ ជាកន្លែងជួញដូរមនុស្សនៅទីនេះ។ សម្តេចក្រឡាហោម រាយការណ៍ឲ្យខ្ញុំជាបន្តបន្ទាប់ យើងអត់នឹកដល់ថាជនជាតិបរទេសមកចាញ់បោកគេអស់មិនចេះតិច នៅក្នុងហ្នឹងចូលដល់រាប់ពាន់នាក់។ ប៉ុន្តែដែលយើងរកឃើញ ជាជនរងគ្រោះពិតប្រាកដ ១០០ ទេ។ តែបើនិយាយពីជនបរទេស ដែលគេហៅថាទាញយកមកធ្វើការនៅស្រុកខ្មែរ ច្រើន … រាប់ម៉ឺននាក់ តាំងពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ពីដើមមានតែខ្មែររត់ទៅធ្វើការនៅម៉ាឡេស៊ី ឥឡូវម៉ាឡេស៊ីមកធ្វើការនៅស្រុកខ្មែរ។ គេទៅបោកប្រាស់ថាស្រុកខ្មែរមានប្រាក់ខែខ្ពស់ វាទៅជាអញ្ចេះ។ កាលពីមុនគេថាស្រុកខ្មែរ ប្រាក់ខែទាបណាស់ ត្រូវតែទៅរកការងារនៅថៃ រកការងារនៅប្រទេសក្រៅ។ ឥឡូវគេទៅបោកពីប្រទេសក្រៅថានៅស្រុកខ្មែរមានប្រាក់ខែច្រើនណាស់ …។
ប៉ុន្តែជាមួយនឹងយុទ្ធនាការមានគោលដៅជាក់លាក់ ដែលយើងបាននឹងកំពុងធ្វើរួចមកហើយនេះ នឹងបន្តធ្វើតទៅទៀត។ ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថា យុទ្ធនាការបង្ក្រាបល្បែងស៊ីសងនេះ វានឹងរួមចំណែកដើម្បីកាត់បន្ថយនូវការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាពភូមិ ឃុំ មានសុវត្ថិភាព ព្រោះកាលណាចាញ់ល្បែងហើយ ចាប់ផ្តើមមានបញ្ហាហើយ។ ដំបូងបញ្ហាខ្លួនឯងអស់លុយដើម្បីនឹងធ្វើកិច្ចការងារនេះ បញ្ហាជម្លោះក្នុងគ្រួសារកើតឡើង ប្តីលេងឆ្នោត ប្រពន្ធលេងឡូតូ ស្មើដៃគ្នាអញ្ចឹងទៅ ថ្ងៃណាឈ្នះ ស៊ីបាយញញឹមញញែមជាមួយគ្នាទៅ ថ្ងៃណាចាញ់ បោកចាននៅមុខ ម៉េចពាក្យខ្មែរថា ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ។ អញ្ចឹងដើម្បីភូមិ ឃុំមានសុវត្ថិភាព វិធីដែលល្អ ជំរុញការអនុវត្តបំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋាន ជំរុញបំបាត់ការជួញដូរគ្រឿងញៀននៅឯមូលដ្ឋាន ដែលនោះវាជាធាតុផ្សំសម្រាប់ការទប់ស្កាត់ការជួញដូរមនុស្ស។ ប្រជាពលរដ្ឋរបស់យើងនឹងសន្សំបានប្រាក់កាក់ និងមានសុខុមដុមរមនា។
ខ្ញុំព្រះករុណាខ្ញុំ អរគុណសម្តេចព្រះសង្ឃរាជ ដែលបានយាងនិមន្ត និងព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គដែលបានយាងនិមន្តចូលរួម។ ថ្នាក់ដឹកនាំ គណៈចាងហ្វាងជាន់ខ្ពស់នៃសាសនិកឥស្លាម ក៏ដូចជាថ្នាក់ដឹកនាំនៃគ្រិស្តបរិស័ទ អញ្ជើញចូលរួមនៅក្នុងថ្ងៃនេះ។ អរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ឯកឧត្តម Murphy អគ្គរដ្ឋទូតអាមេរិកមកដែរ ដែលខ្ញុំនិយាយមិញអត់បានឃើញឯកឧត្តមទេ ព្រោះរឿងដូណាល់ត្រាំធ្វើរបងរវាងអាមេរិកនិងម៉ិចស៊ិច ដោយសារតែ(ពី)ខាងម៉ិចស៊ិច(មាន)ពលរដ្ឋ មិនមែនគ្រាន់តែម៉ិចស៊ិចទេ ចូលមកអាមេរិកដើម្បីរកការងារធ្វើនៅទីនោះ។ អរគុណដែលបានអញ្ជើញចូលរួមដើម្បីយើងរួមគ្នា។ ឥឡូវនេះ យើងបង្ហាញឲ្យឃើញហើយជាតិសាសន៍និងសាសនា បានរួមគ្នា ទោះបីជាយើង មានការប្រកាន់សាសនាខុសគ្នា ប៉ុន្តែមានគោលដៅរួមមួយ ដែលយើងបន្តត្រូវធ្វើនៅថ្ងៃនេះ គឺប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ដៃគូរបស់យើង មិត្តភក្តិរបស់យើង ក៏មកទីនេះ ដើម្បីរួមជាមួយយើងក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។
សុំអរព្រះគុណ អរគុណជាមួយនឹងការរៀបចំនូវវេទិកា អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដែលយើងត្រូវរៀបចំផ្ទាល់សម្រាប់ឆ្នាំនេះ បន្ទាប់ពី កូវីដ-១៩ ឆ្នាំ ២០២០ និង ២០២១។ សុំយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋទាំងអស់ គ្រប់និន្នាការនយោបាយ គ្រប់ជំនឿសាសនា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់(ការឆ្លងរីករាលដាល នៃជំងឺ)កូវីដ-១៩ តាមរយៈវិធានការសុខាភិបាល “៣ ការពារ ៣ កុំ” និងការទទួលយកវ៉ាក់សាំង ហើយអរគុណចំពោះមិត្តភក្តិ ដែលនៅទីនេះ ដែលបានផ្តល់វ៉ាក់សាំង ចំពោះយើង និងលក់វ៉ាក់សាំងឱ្យយើង ដើម្បីយើងអាចចាក់ជូនប្រជាពលរដ្ឋរបស់យើង។
ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលដូសទី ៣ មកទទួលដូសទី ៣។ នេះជាការខ្វល់ខ្វាយមួយ (ហើយក៏)មានមួយចំនួនបានដើរដល់ដូសទី ៥ ប៉ុន្តែមួយចំនួន ដូសទី ៣ មិនទាន់មកទទួល។ យើងបានពិនិត្យឃើញថា មាននៅកន្លែងណាខ្លះសល់មនុស្សប៉ុន្មានលានននាក់ឯណោះ ប្រហែលជាគាត់យល់ឃើញថា ទី (១) គាត់បានចាក់ពីរដូសហើយ ទី (២) អត់មានឆ្លង/ស្លាប់ទៀត អញ្ចឹងទេ ខ្ជិល(ទទួលវ៉ាក់សាំងដូសបន្ទាប់ៗ)បណ្តោយ។ នោះហើយជាបញ្ហា។ ប្រសិនបើវាមានការប្រែប្រួល(មានមេរោគ)ប្រភេទថ្មីកើតឡើងថែមទៀត (គឺ)ធ្វើឱ្យយើងជួបការលំបាក។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវឱ្យ អននុវត្តនូវវិធានការសុខាភិបាល។
ខ្ញុំព្រះករុណាខ្ញុំ កំពុងតែដាក់ឱ្យប្រជុំបច្ចេកទេសចង់ដកនូវបម្រាមបន្ថែមទៀត ឯកឧត្តម ម៉ម ប៊ុនហេង ខ្ញុំបានប្រាប់ទៅ លោកជំទាវ យ៉ក់ សម្បត្តិ ពីទីក្រុងតូក្យូមក ថាឱ្យប្រជុំទៅ។ ឥឡូវ យើងកំពុង(មាន)តម្រូវការអាកាតវ៉ាក់សាំងនេះមួយ ហើយតម្រូវការនូវវិញ្ញាបនបត្រពិនិត្យសុខភាព(នេះ)គួរតែលើកលែងទៅ។ ខ្ញុំដាក់កាតវ៉ាក់សាំងតាមហោប៉ៅ ប៉ុន្តែចូលទៅអាមេរិកចូលទៅអង្គការសហប្រជាជាតិ គេមិនសួររក(កាតវ៉ាក់សាំង)ផង។ មិនមែនយើង VIP ទេ។ កាលពីទៅវ៉ាស៊ីនតោន (គឺ)ត្រូវធ្វើតេស្ត ប៉ុន្តែលើកនេះទៅញ៉ូវយ៉ក (គឺ)អត់មានធ្វើតេស្តអីទេ ព្រោះដំណាក់កាលនេះវាកន្លងហួស។ កាតវ៉ាក់សាំងអាចប្រើប្រាស់នៅរយៈពេលមួយ។ ឥឡូវបើវាលែងចាំបាច់ គឺមិនចាំបាច់ប្រើទេ។ ភ្ញៀវមកដល់ (ឱ្យ)គាត់ទៅៗ បើគាត់មិនស្រួលខ្លួន (ឱ្យ)គាត់ធ្វើតេស្តខ្លួនគាត់ទៅ ឬគាត់មករកយើងឱ្យធ្វើតេស្ត យើងធ្វើតេស្ត(ឱ្យគាត់)ទៅ ហើយបើគាត់ឈឺ (ឱ្យ)គាត់ព្យាបាល(ទៅ)។
ក្នុងរបាយការណ៍ម្សិលមិញ ដែលខ្ញុំមកដល់ នៅក្នុងមន្ទីរពេទ្យទូទាំងប្រទេសមានអ្នកជំងឺកូវីដ-១៩ តែ ១០ នាក់ប៉ុណ្ណោះ។ ឯអ្នកឆ្លងដទៃទៀត គឺដេក(ព្យាបាល)តាមផ្ទះ។ ថ្ងៃនេះឆ្លង ៩ នាក់ ឆ្លងពីម្សិល ប៉ុន្តែ ប្រកាសថ្ងៃនេះ។ ៩ នាក់ហ្នឹង អត់មានអ្នកណាចូលពេទ្យទេ ប្រហែលដោយសារតែឃើញអញ្ចឹង បានជាប្រជាពលរដ្ឋយើងខ្ជិលទៅយកដូសទី ៣ (ឬ)ដូសទី ៤។ តែកុំប្រហែស កូវីដ-១៩ វាអត់ទាន់ទៅណាឆ្ងាយទេ។ យើងភ្លេច កូវីដ-១៩ តែកូវីដ-១៩ វាអត់ភ្លេចយើងទេ។
(១៤) បន្តតាមដានជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន, ត្រូវការកំពស់ទឹកទន្លេមេគង្គ ៩,៥ ម៉ែត្រ, ការប្តេជ្ញាអំពីការប្រែប្រួលអាកាសធាតុទៅជាយ៉ាងណា, សញ្ញានៃការបញ្ជាទិញសម្លៀកបំពាក់ពីអឺរ៉ុបមានការធ្លាក់ចុះ
យើងនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងងើបឡើង បើទោះបីជារងហានិភ័យពីកូវីដ-១៩ ហើយចុងក្រោយរងហានិភ័យអំពីកត្តាខាងក្រៅ ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទាក់ទងជាមួយនឹងបញ្ហាទណ្ឌកម្ម ដែលធ្វើឱ្យ មានផលប៉ះពាល់មកដល់ប្រទេសរបស់យើង។ យើងនឹងបន្តតាមដានដោយយកចិត្តទុកដាក់ជាមួយនឹងភ្លៀង ធ្លាក់ផ្ទួនៗ ដែលកំពុងធ្វើឱ្យប្រទេសរបស់យើងនៅតំបន់ខ្លះ(មាន)ជំនន់ទឹកភ្លៀង។ ទឹកទន្លេមេគង្គវាមិនហក់ឡើងខ្លាំងនោះទេ នៅទីក្រុងភ្នំពេញតែជាង ៨ ម៉ែត្រប៉ុណ្ណោះ ក្នុងពេលដែលយើងត្រូវការដល់ទៅ ៩.៥០ ម៉ែត្រ … ជាធម្មតានៅក្នុងប្រទេសរបស់យើងកាលពីដើម ឱ្យតែភ្ជុំហើយគឺទឹកស្រកចុះ ក៏ប៉ុន្តែមិនប្រាកដទេ ទឹកវាអាចឡើងដែរ។ ម្សិលមិញនៅពេលដែលហោះហើរពីទីក្រុងតូក្យូមកដល់ម្តុំហ្វីលីពីន យើងត្រូវហោះក្រោយកន្ទុយព្យុះ អញ្ចឹងរលាក់បន្តិចទម្រាំមកដល់ភ្នំពេញ។
ព្យុះឆ្នាំនេះច្រើន ប៉ុន្តែសម្រាប់យើងមិនជាធ្ងន់ធ្ងរអីពេកទេ (វា)ធ្ងន់ធ្ងរនៅឯប៉ាគីស្តង់ ហើយយើងក៏បានផ្តល់ជំនួយទៅកាន់ទីនោះ ដោយថវិការបស់រាជរដ្ឋាភិបាលនិងថវិកា(របស់)កាកបាទក្រហម ដែលផ្ញើទៅចូលរួមរំលែកនូវការលំបាករបស់ប្រជាជនប៉ាគីស្តង់។ ការប្រែប្រួលអាកាសធាតុ ក្លាយជាប្រធានបទធំនៅលើពិភពលោក។ ប៉ុន្មានឆ្នាំជាប់គ្នា ទឹកនៅក្នុងទន្លេមេគង្គអត់ឡើងដល់ ៩ ម៉ែត្រ ឬ ៩.៥០ ម៉ែត្រ តាមការចង់បានរបស់យើងនោះទេ។ អ្នកទន្លេ ដែលភ័យបំផុតគឺទឹកទន្លេវាអត់ឡើង ដល់ទឹកទន្លេវាអត់ឡើង សត្វល្អិតក៏វាអត់ងាប់ ដីល្បាប់ក៏អត់ចូល អញ្ចឹងការធ្វើដំណាំដាំដុះនៅតាមដងទន្លេមេគង្គជួបការលំបាក។ នោះជាបញ្ហាជាសកល ដែលស្ទើរតែគ្រប់សុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ តែងតែនិយាយទៅដល់បញ្ហាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាដ៏ធំ។
ដោយសារវិបត្តិប្រេងឥន្ធនៈ/ឧស្ម័ន ការប្តេជ្ញាចិត្តរបស់ពិភពលោក ទាក់ទងជាមួយនឹងការប្រែប្រួលអាកាសធាតុ តើវាទៅជាយ៉ាងណា? ឆ្នាំទៅ ប្រទេសទាំងឡាយ ដែលចូលរួមក្នុងការប្រជុំនៅឯប្រទេសអង់គ្លេស បានប្តេជ្ញាចិត្តឈប់ប្រើប្រាស់ធ្យូងថ្មដើម្បីផលិតអគ្គិសនី។ ឥឡូវនេះ ដោយសារដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ការផ្គត់ផ្គង់ឧស្ម័នចេញពីរុស្ស៊ីមកដល់អឺរ៉ុបត្រូវកាត់ផ្តាច់ ឬកាត់បន្ថយ។ អឺរ៉ុបចាប់ផ្តើមប្រើប្រាស់ធ្យូងថ្មឡើងវិញ។ បើអឺរ៉ុបប្រើប្រាស់ធ្យូងថ្មឡើងវិញ តើវាធ្វើឱ្យខូចខាតដល់កិច្ចព្រមព្រៀង ស្តីពីការប្រែប្រួលអាកាសធាតុឬអត់? ខ្ញុំនិយាយលេងដែរជាមួយនឹង ឯកឧត្តម (Charles) Michel ប្រធានសហភាពអឺរ៉ុប។ ខ្ញុំសួរថា យ៉ាងម៉េចយើងប្រជុំខែធ្នូហ្នឹង? រងារឬអត់? គាត់ថាមិនទាន់ច្បាស់ទេ ព្រោះអញ្ចេះ បើថារងារពេកខ្ញុំដឹកឧសពីកម្ពុជាទៅ។
អឺរ៉ុបត្រូវការឧស៖ ទី (១) ដើម្បីចម្អិនអាហារ។ ទី (២) ដើម្បីកម្ដៅ។ ម្សិលមិញក៏មានការផ្សាយដែរ ទីផ្សារឧសនៅអឺរ៉ុបឡើងថ្លៃ។ ពិភពលោកមួយនេះ ពោរពេញទៅដោយភាពចលាចលនិងស៊ាំញ៉ាំ។ សូម្បីតែប្រទេសអឺរ៉ុប ដែលចាត់ទុកថាជាប្រទេសអ្នកមាន ដែលមុននេះប្រើប្រាស់ឧស្ម័ន/ហ្គាស ដើម្បីចម្អិនអាហារនិងដើម្បីកម្ដៅ ឥឡូវចាប់ផ្តើមប្រើឧសដុតហើយ។ ដល់ពេលអឺរ៉ុបប្រើឧសដុត វាច្បាស់ណាស់ថានឹងយល់ដល់កម្ពុជា មូលហេតុអីបានជាខ្ញុំនិយាយអញ្ចឹង? ប្រជាជនកម្ពុជាភាគច្រើនកំពុងកាប់ឧសយកមកចម្អិនអាហារ។ ដល់ទៅពេលអឺរ៉ុបអត់មានឧស្ម័ន/ហ្គាសចម្អិនអាហារ មិនត្រូវកាប់ឧស? អញ្ចឹង នឹងយល់ពីកម្ពុជាថាកម្ពុជាបាត់ឈើទៅណាអស់។ ដាំរាប់លានដើម ក៏ប៉ុន្តែកាប់យកមកធ្វើជាឧសដុតក៏រាប់លានដើមដែរក្នុងមួយឆ្នាំៗ។
សង្ឃឹមថា នឹងមានដំណោះស្រាយមួយដោយការស្រុះស្រួល សម្រាប់បន្ថយផលប៉ះពាល់ដល់អឺរ៉ុបខ្លួនឯង និងបន្ថយផលប៉ះពាល់មកដល់យើង ដែលមកដល់ពេលនេះប្រេងឡើងថ្លៃ។ ប៉ុន្តែ ជាកុសលល្អ ប្រេងបែរជាចុះថ្លៃទៅវិញ។ ម្សិលមិញ(តម្លៃប្រេង)ចុះនៅសល់ ៨៨.៩៥ (ដុល្លារ/បារ៉ែល)។ ព្រឹកនេះ ៨៩.១៣ (ដុល្លារ/បារ៉ែល) ដែលមុននេះជាង ៩០ (ដុល្លារ/បារ៉ែល) ឬជាង ១០០ (ដុល្លារ/បារ៉ែល)។ ខ្ញុំសង្ឃឹមថា បើប្រេងចុះថ្លៃនៅខាងក្រៅ តម្លៃប្រេងនៅក្នុងស្រុកយើងវានឹងអាចចុះបានបន្តិច ដែលមិនធ្វើឱ្យសេដ្ឋកិច្ចរបស់យើងយ៉ាប់យ៉ឺនពេក ដោយសារតែជះឥទ្ធិលមកពីបញ្ហាប្រេង។
ឆ្នាំនេះ រដ្ឋនៅបន្តខាត។ យើងអត់ហ៊ានដំឡើងថ្លៃអគ្គិសនីទេ។ ឥឡូវ សញ្ញានៃការបញ្ជាទិញសម្លៀកបំពាក់ពីអឺរ៉ុបមានការធ្លាក់ចុះ ដូចកាលវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីឆ្នាំ ២០០៨-២០០៩ អញ្ចឹង ដោយសារគេសន្សំទុកលុយទប់ទល់ជាមួយនឹងអតិផរណា ទប់ទល់ជាមួយនឹងតម្លៃអគ្គិសនីកើនឡើងនៅអឺរ៉ុប។ អញ្ចឹង គេធ្លាប់ទិញខោអាវ ៣ កំប្លេរ/ឆ្នាំ ឥឡូវ គេទិញតែ ១ កំប្លេរវិញ ធ្វើឱ្យការបញ្ជាទិញចេញពីបណ្តាប្រទេសផលិតសម្លៀកបំពាក់ត្រូវបានកាត់បនន្ថយ។ នេះជាចំណុច ដែលយើងមើលឃើញ។
ខ្ញុំមិនចង់បន្តទេ ព្រះតេជព្រះគុណក៏ត្រូវនិមន្តទៅឆាន់ដែរ។ ប៉ុណ្ណឹងល្មមហើយ។ ដើរជុំវិញពិភពលោក មកដល់សង្កថាមួយ ស្អែកហ្នឹងមិនទាន់មានសង្កថា(ទេ)។ ខានស្អែកមានសង្កថា ដែលយើងត្រូវតែសង្គ្រោះអង្គរ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រគល់ដីធ្លីឱ្យប្រជាពលរដ្ឋ ដើម្បីគាត់ចេញពីតំបន់ដែលរស់នៅខុសច្បាប់ មកនៅទីតាំងស្របច្បាប់មួយ។ បើមិនអញ្ចឹង អង្គររបស់យើងត្រូវបាត់លក្ខណសម្បត្តិជាបេតិកភណ្ឌពិភពលោក។ អញ្ចឹងទេ ថ្នាក់ជាតិត្រូវចេញអន្តរាគមន៍ ហើយនាយករដ្ឋមន្ត្រីចេញអន្តរាគមន៍ដោយផ្ទាល់តែម្តង ដើម្បីធានាថា ប្រជាពលរដ្ឋក៏ត្រូវបានចេញពីកន្លែងខុសច្បាប់ មកនៅកន្លែងស្របច្បាប់ ប្រគល់កម្មសិទ្ធិឱ្យ ហើយអង្គររបស់យើងក៏ត្រូវទទួល បានការគាំពារជាសម្បត្តិមនុស្សជាតិ។
ចុងបញ្ចប់ ជាមួយនឹងការអបអរសាទរ នៃវឌ្ឍនភាព នៃកិច្ចការដែលបាននិងកំពុងធ្វើ ទាក់ទងនឹងអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ខ្ញុំព្រះករុណាខ្ញុំ (សូម)ប្រគេនពរ ចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរដោយព្រះអាឡោះ ចំពោះសាសនិកឥស្លាម និងការប្រទានពរដោយយេសូវគ្រឹស្ត នៃគ្រឹស្តសាសនិក ថ្ងៃហ្នឹងខ្ញុំកាន់បីសាសនាតែម្តង ជូនពរសម្រាប់ទាំងអស់គ្នា តាមធម៌ព្រះពុទ្ធក្តី តាមធម៌គ្រឹស្តក្តី តាមធម៌ឥស្លាមក្តី សូមទាំងអស់គ្នាជួបតែសេចក្តីសុខ/ចម្រើន និងជោគជ័យគ្រប់ប្រការ៕