ដកស្រង់សេចក្តីអធិប្បាយសង្កថា វេទិកាអន្តរសាសនាថ្នាក់ជាតិដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី ៦ ឆ្នាំ ២០២២

(១) គ្រប់សាសនា ពិសេសព្រះពុទ្ធសាសនាបានចូលរួមចំណែកក្នុងការទប់ស្កាត់ កូវីដ-១៩ ផ្តល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញ ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរគ្រប់ព្រះអង្គជាទីសក្ការៈថ្នាក់ដឹកនាំនៃសាសនិកឥស្លាម​ ក៏ដូចជាគ្រិស្តសាសនាដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ប្រិយមិត្តបរទេស និងតំណាងទីភ្នាក់ងារសហប្រជាជាតិ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមនៅក្នុងពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦។ ដំបូងគួរតែនិយាយបន្តិចថា ធ្វើដំណើរជុំវិញផែនដី។ ព្រឹកមិញនេះគឺគេដាស់ឱ្យក្រោកមិនទាន់បើកភ្នែកទេ។ សួរគេថានៅឯណាឥឡូវនេះ? ព្រោះពេលដែលចេញដំណើរពីកម្ពុជាទៅដល់ទីក្រុងញូវយ៉ក ចេញពីញូវយ៉ក ទៅឡាហាវ៉ា ចេញពីឡាហាវ៉ាមកដល់តូក្យូ ហើយចេញពីតូក្យូមកដល់ភ្នំពេញ តើខ្លួនកំពុងនៅឯណា? ប៉ុន្តែការងាររបស់យើងគឺយ៉ាងដូច្នេះឯង។ គ្មានសិទ្ធិនឹងឈឺ គ្មានសិទ្ធិនឹងត្អូញត្អែរក្នុងការហត់។ ត្រូវតែធ្វើដោយចៀសវាងមិនបាន។ ថ្ងៃនេះ ព្រឹកនេះចូលរួមជាមួយនឹងពិធីអន្តរសាសនាប្រឆាំងនឹងការជួញដូរមនុស្សលើកទី៦ ល្ងាចនេះទទួលព្រះមហាក្សត្រ ស្អែកនេះទៅសៀមរាប ខានស្អែកនៅសៀមរាបជួបជាមួយនឹងពលរដ្ឋនៅទីនោះ។ តែយ៉ាងណាក៏ដោយខ្ញុំព្រះករុណាខ្ញុំថ្ងៃនេះរីករាយនឹងបានចូលរួមនៅក្នុងពិធីនេះបន្ទាប់ពីអាក់ខានរយៈពេល ២ឆ្នាំ នៅឆ្នាំ ២០២០ ២០២១ ដូចដែលសម្តេចក្រឡាហោម ស ខេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ កាលពីឆ្នាំ ២០២០ ២០២១ កូវីដ-១៩ បានវាយលុកយើងខ្លាំង រហូតនៅពេលនោះសូម្បីតែក្រសួងមហាផ្ទៃពេលហ្នឹងគឺទៅជាកន្លែងតំបន់ក្រហម។…