បន្តជួបជាមួយក្រុមគ្រូពេទ្យ … ដើម្បីបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល
ថ្ងៃនេះ យើងមានការសប្បាយរីករាយ ដែលបានជួបជុំសាជាថ្មី បន្ទាប់ពីការជួបជុំលើកដំបូង ពេលដែលចាប់ផ្ដើមបង្កើតឱ្យមានយុវជនចូលរួមចលនាប្រយុទ្ធជាមួយនឹងកូវីដ-១៩ ត្រឹមតែជាង ៤០០ នាក់។ ពិតមែនតែកាលពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) ពេលនោះ យើងគ្រោងជួបគ្នាម្ដងហើយ ក៏ដូចជា សិស្សនិទ្ទេស A ផងដែរ ដោយសារការរាតត្បាតនៃ Omicron តម្រូវឱ្យយើងមានការផ្អាកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំពេលវេលាសមស្រប។ យើងធ្លាប់បាននិយាយហើយថា ការជួបយឺត ប្រសើរជាងមិនបានជួប។ យើងបានលើក(ពេល)ពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) រហូតមកដល់ថ្ងៃទី១៧ ខែឧសភា (ឆ្នាំ២០២២)។
ពេលវេលានេះ ជាពេលវេលាដែលយើងបានប្រឹងប្រែងរួមគ្នាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ហើយក៏ធ្វើឱ្យអត្រាឆ្លង នៃកូវីដ-១៩ នេះ វាបានធ្លាក់ចុះរហូតទៅដល់កម្រិតសូន្យ យោងតាមការពិនិត្យដោយម៉ាស៊ីនធំ PCR។ ថ្ងៃនេះ យើងជួបជុំដោយចាប់ផ្ដើមត្រឹមតែជាមួយនឹង TYDA ដែលខ្ញុំហៅកាត់តាមគេឯង … ថា “គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ”។ ដំបូងខ្ញុំស្មានតែ TYDA ហ្នឹង ជាឈ្មោះចៅរបស់ខ្ញុំ ព្រោះចៅដំបូងរបស់ខ្ញុំ ស្រីពេជ្រនេះ ឈ្មោះធីតា។ ប៉ុន្តែ ដល់(ដឹង) នេះជាអក្សរកាត់គេជាភាសាអង់គ្លេស និងជាភាសាខ្មែរមកជា “គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ”។
យើងត្រូវមានការជួបជាបន្តទៀត។ យើងបានដឹងថា នៅមានក្រុមគ្រូពេទ្យសម្ដេច ទៀ បាញ់, ក្រុមគ្រូពេទ្យរបស់សម្ដេច សាយ ឈុំ, ក្រុមគ្រូពេទ្យរបស់(ឯកឧត្តម) ហ៊ុន ម៉ានី ដូចជាមានក្រុមគ្រូពេទ្យប៉ុន្មានទៀត អាចនឹងមានការសំណេះសំណាលដូចគ្នា ដោយមិនប្រកាន់ថា នេះជា(ក្រុមគ្រូពេទ្យ)របស់ ហ៊ុន សែន ប៉ុន្តែបោះបង់ចោលនូវសកម្មភាពរបស់អ្នកដទៃទេ។ សូមពិនិត្យ បើសិនជាអាចធ្វើទៅបាន យើងអាចជួបជាមួយនឹងគ្រូពេទ្យរដ្ឋរបស់យើង ដោយប្រមូលផ្ដុំនៅទីក្រុងភ្នំពេញនេះ (និង/ឬនៅ)ខេត្តកណ្ដាលប៉ុណ្ណឹង ប៉ុន្តែ យ៉ាងណាក៏ត្រូវចែកទៅជា ២ ឬ ៣ ដងដែរ ព្រោះ(គ្រូពេទ្យ)មិនអាចចោលមន្ទីរពេទ្យ (និង/ឬ)គ្មានគ្រូពេទ្យចាំ(ការបាន)ទេ … ដើម្បីមានឱកាសឱ្យខ្ញុំបានថ្លែងអំណរគុណ ក្នុងនាមរាជរដ្ឋាភិបាលជូន ចំពោះបងប្អូនទាំងអស់។
យុវជនស្ម័គ្រចិត្តចូលរួមក្នុងចលនាប្រឆាំងកូវីដ-១៩ ដោយទឹកចិត្តស្នេហាជាតិ និងស្រលាញ់ប្រជាជន
ប្រហែលជា(អ្នក)ទាំងអស់គ្នាបានចាំហើយថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ខ្ញុំបានធ្វើការអំពាវនាវ ដើម្បីបង្កើតនូវក្រុមគ្រូពេទ្យស័្មគ្រចិត្តមួយ ដែលហ៊ានប្រយុទ្ធជាមួយនឹងសត្រូវឥតស្រមោលនេះ។ វាមិនមែនជាការងាយស្រួលនោះទេ នៅក្នុងការប្រមូលយកនូវយុវជន ដែលជាកូន/ចៅ ឬក៏ជាប្ដី ឬក៏ប្រពន្ធ។ (ប្តី)ជាទីស្រលាញ់របស់ប្រពន្ធ (ប្រពន្ធ)ជាទីស្រលាញ់របស់ប្ដី (កូន)ជាទីស្រលាញ់របស់ឪពុកម្ដាយ (ចៅ)ជាទីស្រលាញ់របស់ជីដូនជីតា មកប្រយុទ្ធជាមួយនឹងសង្រ្គាមមួយ ដែលយើងមើលមិនឃើញ។ ប៉ុន្តែ ដោយសារទឹកចិត្តស្នេហាជាតិ ស្រលាញ់ប្រជាជន ក្រុមយុវជនរបស់យើងបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្ម ក្នុងចលនាប្រឆាំងកូវីដ-១៩។
តែងមានសេណារីយូប្រុងប្រៀបឆ្លើយតបទៅនឹងលទ្ធភាពកើតឡើងច្រើនបែប
ពេលវេលាដែលខ្ញុំអំពាវនាវនោះ នៅប្រទេសកម្ពុជារបស់យើងមិនទាន់មានកើតកូវីដ-១៩ ប៉ុន្មានទេ ប៉ុន្តែមកដល់ពេលនេះ អ្នកទាំងអស់គ្នាអាចដឹងបានហើយថា មិនមែនជាការចៃដន្យទេ ក្នុងការដែលយើងយកជោគជ័យលើកូវីដ-១៩។ គ្រាន់តែប៉ុណ្ណេះ អាចផ្ដល់នូវសញ្ញាបានថា ហ៊ុន សែន មិនដែលខ្វះសេណារីយូ (ប្រុងប្រៀបឆ្លើយតបទៅនឹង)លទ្ធភាពកើតឡើងច្រើនបែប។ ពិតមែនហើយ ពេលនោះ យើងមានក្រុមឆ្លើយតបបន្ទាន់ស្អីៗ គ្រប់គ្រាន់ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំមិនបង្កើតនូវសកម្មភាពយុវជននេះ ដែលត្រៀមបម្រុងទុក ដើម្បីរួមចំណែកនៅពេលសភាពការណ៍កើតឡើងធំ នៅពេល(ផ្ទុះ)ព្រឹត្តិការណ៍ (ថ្ងៃទី)២០ ខែកុម្ភៈ ឆ្នាំ ២០២១ តើយើងមានលទ្ធភាពឯណា ដើម្បីដោះស្រាយ? ក្រុមគ្រូពេទ្យរបស់យើងទាំងអស់ជាប់ជំពាក់ មិនមែនគ្រាន់តែធ្វើការជាមួយនឹងកូវីដ-១៩ ទេ ប៉ុន្តែ កំពុងធ្វើកិច្ចការដាច់ដោយឡែក រួមមានការព្យាបាលជំងឺ វះកាត់ស្អីគ្រប់សព្វទាំងអស់។
យើងត្រូវទុកគ្រូពេទ្យ ដើម្បីព្យាបាលជំងឺផ្សេងទៀត មិនមែនគ្រាន់តែវាយប្រហារប្រយុទ្ធជាមួយនឹងកូវីដ-១៩ ទេ។ អញ្ចឹង ចំណុចនេះ គេអាចយល់ដឹងបាន អំពីការគិតគូររបស់នាយករដ្ឋមន្រ្តីរូបនេះ (ដែល)តាំងពីមុនមក(តែង)មានការត្រៀមរៀបចំបៀបនេះ មិនមែនគ្រាន់តែបញ្ហាកូវីដ-១៩ ទេ។ សូម្បីតែសំភារៈពេទ្យ ក៏មានផ្នែកដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល ប៉ុន្តែ ក្រសួងសុខាភិបាលខ្លួនឯង ត្រូវរៀបចំស្ដុកបម្រុងយុទ្ធសាស្រ្តឱ្យខ្ញុំ។ មានបទបញ្ជាពីខ្ញុំ ទើបអាចយកចេញប្រើបាន។ ក្រសួងការពារជាតិក៏ដូចគ្នា គឺគ្រាប់ណាដែលរដ្ឋមន្រ្តីការពារជាតិអាចបញ្ជាចេញ គ្រាប់ណាដែលជាស្ដុកបម្រុងយុទ្ធសាស្រ្ត។ ទាល់តែមានបទបញ្ជាពីខ្ញុំ ទើបអាចអនុញ្ញាតឱ្យយកចេញបាន។ សូម្បីតែតេស្ដរហ័សរបស់ខ្ញុំ ក៏ត្រូវមានស្ដុកបម្រុងយុទ្ធសាស្រ្ត សម្រាប់ខ្ញុំផងដែរ។ នៅពេលណាដែលមានបញ្ហា យើងត្រូវបញ្ចេញភ្លាម …។
ពិនិត្យសកម្មភាព អាចចាត់ទុកថា ការត្រៀមរៀបចំក្រុមគ្រូពេទ្យស័្មគ្រចិត្តជាការត្រឹមត្រូវ
ករណីដូចគ្នានេះ ការរៀបចំបម្រុងទុកនូវ(ក្រុម)យុវជន ដើម្បីចូលរួមប្រយុទ្ធជាមួយនឹងកូវីដ-១៩ មិនមែនជាការគិតប្រថុយប្រថានទេ។ អាចមានអ្នកខ្លះពេលនោះ គិតថាការបង្កើតឡើងនេះ គ្រាន់តែអស់លុយតែប៉ុណ្ណោះ។ ពេលនោះ ខ្ញុំចិញ្ចឹមត្រឹមតែ ១០០ ថ្ងៃទេ។ បន្ទាប់ទៅត្រូវចំណាយថវិការដ្ឋ ដើម្បីជួយចិញ្ចឹម។ ពេលចេញធ្វើសកម្មភាពក៏មានប្រាក់កម្រៃ។ ឥឡូវ មកដល់ពេលនេះ បើយើងពិនិត្យ អំពីសកម្មភាព នៃក្រុមគ្រូពេទ្យស័្មគ្រចិត្តចូលរួមប្រយុទ្ធនឹងកូវីដ-១៩ នេះ គឺអាចចាត់ទុកថា ជាការត្រៀមរៀបចំមួយត្រឹមត្រូវ។
ពិតមែនហើយ អ្នកទៅប្រយុទ្ធកូវីដ-១៩ ក៏មានកើតកូវីដ-១៩ ដែរ ព្រោះសត្រូវមើលមិនឃើញ។ ឥឡូវ សុំសួរក្មួយៗបន្ដិច ប៉ុន្មាននាក់ទៅនៅកន្លែងហ្នឹងជាគ្រូពេទ្យដែលឆ្លងកូវីដ-១៩? កុំខ្លាចនឹងលើកដៃ ក្រោកឈរតែម្ដងមក ឱ្យវាឆាប់ឃើញ … អ្នកកើតកូវីដ-១៩ រួចហើយទើបមានសុវត្ថិភាព។ អ្នកមិនទាន់កើតទេ ដែលគួរខ្លាចនោះ។ ច្រើនដែរតើ។ អង្គុយចុះ។ កាលហ្នឹងឆ្លងកូវីដ-១៩ គ្រូពេទ្យរបស់យើងអត់មានកន្លែងល្អទេ ទាល់តែខ្ញុំពិភាក្សាជាមួយនឹង(ឯកឧត្តម ជា សុផារ៉ា)ទាំងយប់។ ផារ៉ា ក៏ដូចចិត្តដែរ ទៅរកសណ្ឋាគារនៅត្រង់ណានោះបានមួយ។ បងប្អូន(គ្រូពេទ្យស្ម័គ្រចិត្ត)យើងមកពីខេត្តពីអីហ្នឹងទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅសាលាឥន្ទ្រទេវី។ ដល់ខ្ញុំដឹងរឿងហ្នឹង ពិភាក្សាជាមួយនឹង ផារ៉ា, ផារ៉ា ក៏រកសណ្ឋាគារឱ្យបាននៅត្រង់ណាមួយនោះ ដើម្បីយកបងប្អូនអ្នកប្រយុទ្ធជាមួយនឹងកូវីដ-១៩ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុម TYDA ក្ដី (ទៅធ្វើចត្តាឡីស័ក និងព្យាបាល)។ ក្រុមគ្រូពេទ្យរបស់យើងក៏ឆ្លងមិនតិចដែរទេ … សូម្បីតែអង្គរក្សខ្ញុំឆ្លងជាង ៤០០ នាក់។ ឆ្លងតាមរបៀបណា? ដោយសារពេលដែលយើងបិទខ្ទប់នៅទីក្រុងភ្នំពេញ គាត់ត្រូវដើរយកជំនួយយកទៅចែកតាមផ្ទះ។
កោតសរសើរការខិតខំរបស់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ TYDA
នោះហើយជាហានិភ័យនៅក្នុងដំណាក់នោះ។ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ TYDA ទាំងអស់។ ខ្ញុំនិយាយកាត់ ព្រោះខ្ញុំពិបាករឿងហៅកូនខ្លួនឯងជាឯកឧត្តម/លោកជំទាវ។ ពិបាកណាស់។ វារឹងមាត់។ អញ្ចឹង ហៅរួមអញ្ចឹងទៅ។ អរគុណចំពោះក្មួយៗ ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់។ នៅក្នុងចំណោមគ្រូពេទ្យនេះ មានក្រុមគ្រូពេទ្យខ្លះបានចេញធ្វើការ (និង/ឬ)បានរៀនចប់ ប៉ុន្តែ ក្រុមគ្រូពេទ្យខ្លះ គឺជានិស្សិត ដែលកំពុងបន្តការសិក្សានៅឡើយទេ ប៉ុន្តែ ស្ម័គ្រចិត្ត ដើម្បីមកចូលរួមជួយជីវិតប្រជាជនកម្ពុជា ក្នុងពេលដែលមានការលំបាក។ ខ្ញុំពិតជាមានមោទនភាព ចំពោះការខិតខំទាំងអស់នេះ។
ខ្ញុំក៏យកឱកាសនេះ ថ្លែងអំណរគុណ ចំពោះមាតាបិតា អាណាព្យាបាល ក៏ដូចជា ភរិយា ដែលផ្ដល់ការអនុញ្ញាតឱ្យប្ដីមក ដើម្បីនឹងចូលរួមសកម្មភាពប្រឆាំងកូវីដ-១៩ ឬថ្លែងអំណរគុណ ចំពោះប្ដី ដែលអនុញ្ញាតឱ្យប្រពន្ធមកចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងរយៈពេលនោះ។ ពួកគេមិនបានជួបគ្នាទេ ដោយសារអ្វី? ចេញពីដំណាក់កាលនេះ ត្រូវធ្វើចត្តាឡីស័ក។ ធ្វើចត្តាឡីស័កហើយត្រូវចូលត្រឡប់មកវិញ។ អញ្ចឹង ប្ដីប្រពន្ធមិនបានជួបគ្នា ឪពុកម្ដាយក៏មិនបានជួបគ្នា(ជាមួយកូន)។ ខ្ញុំគួរតែអរគុណ ចំពោះពួកគាត់ ទាំងឪពុកម្ដាយ មាតាបិតា អាណាព្យាបាល ក៏ដូចជា ភរិយា ឬស្វាមី ដែលបានអនុញ្ញាតឱ្យកូន ឱ្យចៅ ឱ្យប្ដី ឱ្យប្រពន្ធ មកចូលរួមប្រយុទ្ធនៅក្នុងយុទ្ធនាការការពារជីវិតប្រជាពលរដ្ឋរបស់យើង។
TYDA ព្យាបាល យកសំណាក ចាក់វ៉ាក់សាំង ក្នុងការប្រយុទ្ធនឹងកូវីដ-១៩
នៅក្នុងរបាយការណ៍នេះ បានបញ្ជាក់ហើយនូវអ្វីដែលបានធ្វើ ទាក់ទិនជាមួយនឹងដំណើរការ ០៤ មជ្ឈមណ្ឌលនៅទីក្រុងភ្នំពេញនេះ។ ដំបូងគឺ The Great Duke សណ្ឋាគារផ្កាយ ៥។ សណ្ឋាគារនោះ យូរទៅៗមើលទៅវាពិបាក។ យើងត្រូវប្រឹងបង្កើតឡើងនូវមជ្ឈមណ្ឌលកោះពេជ្រ ដែលត្រូវធ្វើសកម្មភាពត្រឹមតែ ៨០ ម៉ោងតែប៉ុណ្ណោះ ដើម្បីបើកឱ្យដំណើរការ ហើយទទួលការព្យាបាលនៅទីនោះ រហូតទៅដល់ ១៥ ៥៣៤ នាក់។ មជ្ឈមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួលពង្រ ព្យាបាលមនុស្ស ៦ ៧២០ នាក់។ មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យហ្លួងម៉ែ ព្យាបាលបាន ២ ៦២៥ នាក់ និងសណ្ឋាគារ The Great Duke (ព្យាបាលបាន) ៩ ៦៦៣ នាក់។
នេះជាការរួមចំណែកទទួល(អ្នកជំងឺដើម្បីព្យាបាលកូវីដ-១៩)។ បើយើងគិតពីចំនួនទាំងអស់នេះ យើងមានមនុស្សជាង ២ ម៉ឺននាក់ ដែលបានទទួលការព្យាបាលពីសំណាក់ការចូលរួមពី TYDA។ ពិតមែនហើយ … ការទទួលការព្យាបាល គឺប៉ុន្មានកន្លែងដាក់អ្នកជំងឺស្រាល។ អ្នកជំងឺធ្ងន់មាននៅមន្ទីរពេទ្យហ្លួងម៉ែ។ មន្ទីរពេទ្យហ្លួងម៉ែ គឺមានគ្រូពេទ្យរដ្ឋរបស់យើងចេញពីមន្ទីរពេទ្យរស្ស៊ី ទៅជួយព្យាបាលនៅទីនោះ។
បន្ថែមលើនោះ យើងពិនិត្យឃើញថា ការយកសំណាកមានជាង ៧០ ម៉ឺននាក់ … ដែលនេះ ជាការរួមចំណែកមួយ ក្នុងចំណោមការរួមចំណែកដោះស្រាយបញ្ហានានា។ សព្វថ្ងៃនេះ យើងនៅតែបន្តការ(យកសំណាកនិងពិនិត្យ)តេស្ដរហ័សនៅតាមទីកន្លែងនានា ដែលបានកំណត់ទុក។ នៅមានក្រុមគ្រូពេទ្យដទៃទៀត តែនៅពេលនោះយើងនឹងជួបគ្នា។ ថ្ងៃនេះ យើងចង់និយាយដល់ការជួបចំណែករបស់ TYDA ទៅក្នុងសកម្មភាពដែលទាក់ទង … នឹងការព្យាបាល ការយកសំណាក ការចាក់វ៉ាក់សាំង, ចាក់វ៉ាក់សាំង ដូចជាបានជាង ៣០ ម៉ឺននាក់។
វីរភាពក្នុងសកម្មភាពប្រយុទ្ធនឹងកូវីដ១៩ បានកែប្រែទស្សនៈអ្នកមើលស្រាល ចំពោះក្រុមគ្រូពេទ្យ
ចំណុចទាំងអស់នេះ បង្ហាញឱ្យឃើញ អំពីការចូលរួម(របស់ TYDA) ហើយអ្វីដែលកាន់តែប្រសើរជាងនេះទៀតនោះ នៅត្រង់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក៏ដូចជា ក្រុមគ្រូឃើញរបស់រដ្ឋទាំងអស់ (ក្នុងសកម្មភាពប្រយុទ្ធនឹង)កូវីដ-១៩ នេះ បានប្រែក្លាយទស្សនៈរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលមុននេះមានការទិតៀនមើលស្រាល ចំពោះក្រុមគ្រូពេទ្យ។ ប៉ុន្តែ បន្ទាប់ទៅ គឺក្រុមគ្រូពេទ្យនេះហើយ ដែលគេប្រសិទ្ធនាមហៅថា “កងទ័ពអាវស” ដែលបានចូលរួមប្រយុទ្ធការពារជីវិតរបស់ប្រជាជន។ ចំណុចនេះ ក្រសួងសុខាភិបាល ត្រូវតែបន្តនៅក្នុងការខិតខំថែរក្សាកេរ្ដិ៍ឈ្មោះដ៏ល្អនេះតទៅអនាគត។
និយាយអញ្ចឹង មិនមែនបន់ឱ្យកើតកូវីដ-១៩ ដើម្បីឱ្យមានកេរ្ដិ៍ឈ្មោះល្អនោះទេ ប៉ុន្តែ យើងត្រូវឃើញថា មុននេះ(មាន)រហូតដល់អ្នកនិយាយថា “គ្រូពេទ្យនៅកម្ពុជាខូចដល់ ៩០ ភាគរយ ល្អ ១០ ភាគរយ” ប៉ុន្តែ នៅពេលដែលកើតមានកូវីដ-១៩ ក៏មានពាក្យនិយាយ អំពី “គ្រូពេទ្យអាវស”។ វីរភាពរបស់ក្រុមគ្រូពេទ្យរបស់យើងបានកែប្រែទស្សនៈដាច់ស្រឡះទៅលើបញ្ហាហ្នឹង។
ខ្ញុំពិតជាមានមោទនភាព ជាមួយនឹងសកម្មភាពទាំងឡាយ ដែលយើងបានប្រកាន់យក ដោយប្រើប្រាស់គ្រប់កម្លាំងចម្រុះ មធ្យោបាយសរុប កម្លាំងសរុប ដើម្បីធ្វើកិច្ចការដ៏មានសារសំខាន់នេះ។ យើងដឹងហើយថា រឿងគ្រូពេទ្យនេះ មិនអាចធ្វើតាមវិស័យអប់រំបាននោះទេ។ វិស័យអប់រំ យើងនិយាយពីដើមមក “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” អាហ្នឹងវិស័យអប់រំអាចធ្វើបាន ប៉ុន្តែ វិស័យសុខាភិបាល មិនអាចធ្វើបានទេ។ វាទាល់តែអ្នកចេះពិតប្រាកដ ទើបទៅធ្វើបាន។
… ខ្ញុំគិតថា រកក្រុមគ្រូពេទ្យ TYDA ជួយព្យាបាលឱ្យខ្ញុំ។ រឿងរុកច្រមុះនេះ។ គេថា គ្រូពេទ្យ TYDA ដៃថ្នម ឯគ្រូពេទ្យខ្ញុំមិនដឹងយ៉ាងម៉េច បើថារុកៗដល់ថ្នាក់ខ្ញុំខ្លាចហើយ។ ឥឡូវ អត់អីទេ។ ខ្ញុំបានទិញ(ឧបករណ៍តេស្ដរហ័ស)ពីអាមេរិកមក។ ទៅដល់អាមេរិក មុនចូលប្រជុំត្រូវធ្វើតេស្ដរហ័សទាំងអស់។ ចូលប្រជុំថ្ងៃទី ១ (គឺ)ទៅសភា និងប្រជុំផ្នែកធុរកិច្ចក៏ត្រូវធ្វើតេស្ដ។ នៅថ្ងៃទី ១២ ឧសភា (និង)ថ្ងៃទី ១៣ ឧសភា ចូលសេតវិមានដើម្បីជប់លៀង។ ប្រជុំថ្ងៃទី ២ មាន ៣ អង្គប្រជុំ នៅថ្ងៃទី ១៣ ឧសភា តែធ្វើតេស្ដតែម្ដងទេ។ (ធ្វើតេស្ដរហ័ស)ដំបូងគេសុំ ១០ វិនាទីម្ខាង។ ខ្ញុំគិតថា ដៃអាគាំងធំៗផង(ដឹងតែឈឺច្រមុះហើយ)។ ប៉ុន្តែ(ឧបករណ៍តេស្ដរហ័ស)របស់អាមេរិក ដូចជាធ្វើម៉ាស្សាសំអាតច្រមុះឱ្យយើង។
ឥឡូវ ខ្ញុំទិញបាន ៣០០ ប្រអប់យកមក។ ទិញបានតែប៉ុណ្ណឹង។ ខ្ញុំនឹងទុកប្រើខ្លួនខ្ញុំ ហើយប្រគល់ឱ្យចៅៗរបស់ខ្ញុំ ព្រោះចៅៗខ្ញុំមុននឹងទៅជួបខ្ញុំ ត្រូវធ្វើតេស្ដឱ្យគ្នាសិន។ ចាក់ទៅ គឺថាគ្នាស្រែក។ យក(ឧបករណ៍តេស្ដរហ័សទិញពីអាមេរិក)មកជំនួស។ គ្រូពេទ្យខាងខ្ញុំ ៣ នាក់ ដៃធ្ងន់ទាំង ៣ តែម្ដង … ពេទ្យ ចំរើន នេះក៏ដៃធ្ងន់ដែរ, ពេទ្យ ប៉ូ ដៃក៏មិនធម្មតាដែរ។ កាលខ្ញុំទៅឥណ្ឌូនេស៊ី គេធ្វើយ៉ាងស្រួល។ ដៃគេថ្នម ប៉ុន្តែ គេយកទៅធ្វើតេស្ដបាន ហើយដៃពួកគ្នាឯងក៏ធ្ងន់ម្លេះ។ ឃើញគ្រូពេទ្យអាគាំងមាឌធំ ហើយសុំ ១០ វិនាទីម្ខាង (ខ្ញុំគិតក្នុងចិត្តថា) ដៃយ៉ាងនេះ រុកអញដល់ណាមិនដឹង … ដល់(រុកច្រមុះ)ទៅ ដូចធ្វើម៉ាស្សាច្រមុះ សំអាតច្រមុះយើង។
ឈ្នះសមរភូមិ Delta Alpha Omicron មិនទាន់ឈ្នះកូវីដ-១៩ និងមិនដឹងពីទម្រង់ថ្មីទៀត
ខ្ញុំនិយាយឡើងវិញ វិស័យសុខាភិបាល មិនអាចធ្វើតាមដូចវិស័យអប់រំទេ។ វិស័យអប់រំ ខ្ញុំនិយាយ(អម្បាញ់)មិញហើយ “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ” ឯចំពោះបញ្ហាវិស័យសុខាភិបាល មិនអាចបណ្ដោយអញ្ចឹងបានទេ។ ពិតមែនតែថា ក្មួយៗខ្លះអត់ទាន់បានរៀនចប់ទេ ប៉ុន្តែ ត្រូវបានយកទៅហ្វឹកហាត់របៀបយកសំណាក របៀបស្អីៗនេះ។ ម្យ៉ាងទៀត ជាគោលការណ៍របស់ខ្ញុំ បានផ្ដាំផ្ញើតាំងពីដើមទី បើគ្មានសម្ភារៈការពារខ្លួនពេញលេញទេ មិនអនុញ្ញាតឱ្យចេញប្រយុទ្ធ នោះវានឹងនាំទៅដល់គ្រោះថ្នាក់ សម្រាប់ក្រុមគ្រូពេទ្យរបស់យើង។ ដូច្នេះ បានចាប់ផ្ដើមតាំងពីដើមទី ខ្ញុំឱ្យទិញយកមកសម្រាប់ក្រុមគ្រូពេទ្យរបស់យើង មិនអាចអនុញ្ញាតឱ្យធ្វើតាមរបៀបក្រុមគ្រូពេទ្យប្រទេសជឿនលឿនមួយចំនួន ដែលខ្វះទាំងម៉ាសពេទ្យ សម្រាប់ពាក់នោះដែរ។ ឥឡូវនេះ សំភារៈក៏មាននៅសល់ក្នុងឃ្លាំងបន្ត ព្រោះយើងមិនទាន់អស់កូវីដ-១៩ ទេ។ យើងទើបនឹងឈ្នះសមរភូមិតែប៉ុណ្ណោះ។ ប៉ុន្តែ មិនទាន់ឈ្នះសង្រ្គាមទាំងមូលនោះទេ។ យើងឈ្នះលើសមរភូមិ Delta Alpha Omicron ប៉ុន្តែ កូវីដ-១៩ ទាំងមូលមិនទាន់អស់នោះទេ ហើយក៏មិនទាន់ដឹងថា នឹងត្រូវបង្កើតទម្រង់ថ្មីរបៀបណាទៀត។
មិនលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកមិនបានចាក់វ៉ាក់សាំង
ល្ងាចម្សិលមិញនេះ ខ្ញុំបានសម្រេចគោលការណ៍មួយចំនួន ដើម្បីយកទៅអនុវត្តន៍ ព្រោះគណៈកម្មការបើកការប្រជុំ ហើយខ្ញុំក៏បានភ្ជាប់ឱ្យថតទុក។ ឥឡូវនេះ ជំងឺរលាកថ្លើមប្រភេទថ្មី គឺមានបញ្ហាទៀតហើយ។ ពិតមែនតែវាមិនទាន់មកដល់ប្រទេសយើង ក៏ប៉ុន្តែ ពេលណាមួយវាអាចមកដល់។ ខ្ញុំគួរតែនិយាយទុកឱ្យហើយ។ តាមសំណូមពររបស់ ឯកឧត្តម ថោង ខុន ចង់លើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង។ ឮថាប្រទេសវៀតណាមគេប្រុងធ្វើ(រឿងហ្នឹង) ឮថាថៃប្រុងធ្វើ(រឿងហ្នឹង)។ ខ្ញុំបានបញ្ជូនសារហ្នឹងទៅឱ្យ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន, ឯកឧត្តម ម៉ម ប៊ុនហេង, លោកជំទាវ យក់ សម្បត្តិ, លោកជំទាវ ឱ វណ្ណឌីន ឱ្យសិក្សាឱ្យហើយ។ ខ្ញុំផ្ញើទាំងសំឡេងឱ្យទៅ។ សម្រាប់ខ្ញុំៗមិនព្រមនោះទេ។ អ្នកឯកទេសថាម៉េចថាចុះ។ ព្រោះអី?
យើងកំពុងនាំគ្នាជម្រុញឱ្យចាក់វ៉ាក់សាំង បែរជាលើកលែងឱ្យអ្នកដែលមិនបានចាក់វ៉ាក់សាំង ដែលយើងបន្ថយពីការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ មកនៅត្រឹម ៧ ថ្ងៃ រួចផុតទៅ។ (បើលើកលែងការធ្វើចត្តាឡីស័ក) តើមាននរណាចង់ចាក់វ៉ាក់សាំង? បន្ថែមលើនោះ វា(ជះ)ឥទ្ធិពលទៅលើប្រទេសនានា ដែលគេកំពុងតែជម្រុញការចាក់វ៉ាក់សាំង ហើយធ្វើឱ្យក្រុមប្រឆាំងការចាក់វ៉ាក់សាំងនេះ មានឱកាសមកនៅស្រុកខ្មែរតែម្ដង។ អញ្ចឹងខ្ញុំសូមប្រកាសទុកឱ្យហើយ។ (ឯកឧត្តម) ថោង ខុន កុំឃើញគេធ្វើៗតាមគេ។ ទុកឱ្យគេប្រមូលអ្នកអត់ចាក់វ៉ាក់សាំងទៅស្រុកគេចុះ។ សម្រាប់ស្រុកខ្មែរ ទទួលបានតែអ្នកចាក់វ៉ាក់សាំងទេ(មិនចាំបាច់ធ្វើចត្តាឡីស័ក) បើអ្នកឯងមិនបានចាក់វ៉ាក់សាំង ខ្ញុំត្រូវទុកអ្នកឯង ៧ ថ្ងៃ។ ចង់វៀតណាមធ្វើ ឱ្យវៀតណាមគាត់ធ្វើចុះ, ចង់ថៃធ្វើ ឱ្យថៃធ្វើចុះ តែកម្ពុជាមិនអាចប្រមូលយក(អ្នកមិនបានចាក់វ៉ាក់សាំង)។
កុំយកលុយជាធំ យកជីវិតជាធំ កុំឱ្យសភាពការណ៍ដើរថយក្រោយ
មានចំណុច ២ ដែលត្រូវវិភាគទុកឱ្យហើយ៖ ទី (១) យើងកំពុងជម្រុញការចាក់វ៉ាក់សាំង ដែលឥឡូវខ្ញុំឱ្យបំព្រួញពេលវេលា(ចន្លោះពីការចាក់វ៉ាក់សាំង) តាមសេចក្ដីស្នើសុំ ដូចជានៅ ៣ ខែ ដោយក្នុងនោះ យើងបានដាក់សិស្ស/និស្សិត ក្នុងចន្លោះជាង ៣-៤ លាននាក់ ឱ្យចូលទៅក្នុងក្រុមអាទិភាព ដែលពួកគាត់នឹងទទួលបាននូវវ៉ាក់សាំងដូសទី ៤។ អ្នក(បានចាក់)ដូសទី ៤ ហើយ អាចឈានទៅចាក់ដូសទី ៥។
អញ្ចឹង អាចថា មិនចាំបាច់ចាំប្រជុំក៏បានដែរ គណៈកម្មការហ្នឹងនោះ ព្រោះប្រជុំធ្វើអី បើនាយករដ្ឋមន្រ្តីមិនព្រមផង? ខ្ញុំបានហៅទូរស័ព្ទពិភាក្សាជាមួយនឹង(ឯកឧត្តម) អូន ព័ន្ធមុន្នីរ័ត្ន ខ្ញុំថា អត់ស្រួលសោះ។ ទី (១) ដៃម្ខាងជម្រុញឱ្យចាក់វ៉ាក់សាំង (តែ)ដៃម្ខាងទៀតលើកលែង(ការធ្វើចត្តាឡីស័ក) ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង។ អញ្ចឹង ខ្មែរយើងដែលនៅប្រទេសក្រៅ (ក៏)ដូចជា កម្មករនៅថៃ (ដែលគាត់ចូល)មក(កម្ពុជាវិញ) មិនបានធ្វើចត្តាឡីស័ក មិនដឹងថា(ពួកគាត់)នាំជំងឺអី(ខ្លះ)មក។ ត្រូវលើកទឹកចិត្តជនបរទេសទាំងឡាយមកស្រុកខ្មែរ … អត់ចាក់វ៉ាក់សាំងតម្រង់ចូលស្រុកខ្មែរតែម្ដង។ កុំយកលុយជាធំ យកជីវិតជាធំ ខ្ញុំមិនអាចឱ្យសភាពការណ៍នេះ ដើរថយក្រោយនោះទេ។ សុំថា បើប្រទេសវៀតណាមគាត់ធ្វើ ឱ្យគាត់ធ្វើទៅ សម្រាប់ប្រទេសគាត់ៗទទួលខុសត្រូវ។ ប្រទេសថៃថា ខែកក្កដា នឹងធ្វើ … គាត់ធ្វើ គាត់ធ្វើចុះ ព្រោះថៃមួយថ្ងៃៗស្លាប់នៅរាប់សិប(នាក់)នៅឡើយទេ (រីឯ)ឆ្លងកូវីដ-១៩ នៅរាប់ពាន់(នាក់)នៅឡើយទេ។
នៅវៀតណាមពិតមែនតែថយចុះ ក៏ប៉ុន្តែ ក៏នៅមាន(អ្នក)ឆ្លង/ស្លាប់ (ដោយសារ)កូវីដ-១៩។ យើងអស់មានអ្នកឆ្លងកូវីដ-១៩ បើមានឆ្លង ក៏ឆ្លងបន្តិចបន្ដួចដែរ។ ឯ(ការធ្វើតេស្ដតាមម៉ាស៊ីន)PCR គឺរកមិនឃើញទេ។ សម្រាប់ការធ្វើតេស្ដរហ័សអី អាច(ថាឃើញ)មានកន្លែងនេះ/នោះ គេមិនឱ្យដឹងផង។ ហ្នឹង(Omicron)ដូចជំងឺផ្ដាសាយ។ វាស្រាលជាងផ្ដាសាយធម្មតា(ទៅ)ទៀត។ ផ្ដាសាយធំមែនទែន អាហ្នឹងអត់បានទេ ឈឺខ្លួន ឈឺអីអាក្រក់ណាស់។ អញ្ចឹងទេ សូមបញ្ជាក់ឱ្យហើយ នៅថ្ងៃនេះតែម្ដង … ព្រោះឯកឧត្តម ថោង ខុន ថា ខាងវៀតណាមគេធ្វើ។ បើវៀតណាមធ្វើឱ្យគាត់ទទួលខុសត្រូវទៅ។ ប្រទេសនីមួយៗមានគោលនយោបាយរៀងខ្លួន។ អញ្ចឹង ចំពោះបញ្ហាទេសចរវ៉ាក់សាំង នៅតែទេសចរវ៉ាក់សាំងដដែល។ បើគាត់(វៀតណាម ឬថៃ)លើកលែង(ការធ្វើចត្តាឡីស័ក អ្នកមិនបានចាក់វ៉ាក់សាំង) គាត់លើកលែងទៅ ប៉ុន្តែ យើង សម្រាប់បោះទិដ្ឋាការចេញ មិនគួរឱ្យបោះទិដ្ឋាការទេ បើអ្នកឯងមិនទាន់បានចាក់វ៉ាក់សាំង។ មិនគួរនឹងបោះទិដ្ឋាការទេ។
ចង់ចូលស្រុកខ្មែរ សូមចាក់វ៉ាក់សាំង អត់វ៉ាក់សាំង ធ្វើចត្តាឡីស័ក ៧ ថ្ងៃ
សូម្បីតែខ្ញុំទៅអាមេរិក ការធ្វើតេស្ដ ៧២ ម៉ោង អាមេរិកនៅតែត្រូវការ។ អញ្ចឹង ខ្ញុំត្រូវធ្វើពិធីសាសនា ដង្ហែបងប្រុសរបស់ខ្ញុំ គេចាប់ផ្ដើមឱ្យរំកិលបន្តិចក្នុងម៉ោង ៥ ទាបភ្លឺ ខ្ញុំត្រូវក្រោកម៉ោង ៤។ ក្រោកភ្លាម ឱ្យអ្នកយកសំណាកយកភ្លាម រួចហើយតម្រង់មកភ្នំពេញ ដើម្បីនឹង(តេស្ដរកកូវីដ-១៩) គេត្រូវការតេស្ដ ៧២ ម៉ោង។ ឯយើងឥឡូវបោះបង់ចោល(ការធ្វើតេស្ដ) ៧២ ម៉ោងហើយ តែកុំបោះបង់ចោល(ការធ្វើ)ចត្តាឡីស័ក។ កុំចង់បានលុយពីក្រុមហ្នឹង។ បើចង់ចូលស្រុកខ្មែរ សូមចាក់វ៉ាក់សាំង។ បើចូលមកហើយ ខ្ញុំត្រូវទុកអ្នកឯង ធ្វើចត្តាឡីស័ក ៧ ថ្ងៃសិន។ អ្នកឯងគិតមើលទៅ។ មុនមកស្រុកខ្មែរ គួរតែត្រូវបានចាក់វ៉ាក់សាំងឱ្យហើយ។ បើថាអ្នកឯងចាក់វ៉ាក់សាំងហើយ មកដល់ស្រុកខ្មែរ ស្រួលជាងនៅស្រុកអ្នកឯង(ទៅ)ទៀត ស្រួលជាងប្រទេសដទៃ(ទៅ)ទៀត ស្រួលត្រង់ថា មកដល់អត់ត្រូវធ្វើតេស្ដអ្វីទាំងអស់ ហើយដើរលេងចុះ អត់មានធ្វើចត្តាឡីស័ក អត់មានធ្វើតេស្ដអី(ទេ) មិនថា PCR មិនថាស្អីទេ អត់មានចំណាយប្រាក់អីទេ។ ជួនកាលការឃោសនា ដើម្បីទាក់ទាញទេសចរ តែវាអាចនឹងប្រហារនូវស្ថានភាពខាងក្នុង។
ជាមេបញ្ជាការខ្ពស់បំផុតក្នុងការប្រយុទ្ធជាមួយនឹងកូវីដ-១៩ មិនបំភ័យកូនទាហានខ្លួនទេ
ការដែលយើងបានមកដល់ពេលនេះ មិនមែនជារឿងលេងសើចទេ។ រឿងច្រើនណាស់។ គេចាត់ទុកថាយើងជាប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ នៅចាំទេ យកមកមើលឯកសារឡើងវិញ។ អត្ថាធិប្បាយរបស់ជនបរទេស គេហាក់ដូចជាបានមើលស្រាល ចំពោះយើង នៅពេលដែលកូវីដ-១៩ ចាប់ផ្ដើម ជាមួយនឹងខ្ញុំទៅប្រទេសចិន។ បន្ទាប់ទៅខ្ញុំទៅទទួលនាវា Westerdam។ សូម្បីតែកម្មវិធីគ្រោងទុកថានឹងជួបគ្នាហើយ គេអត់ជួបយើង(ទេ)។ ខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹង។ កម្មវិធីគ្រោងទុករួចហើយ គេអត់ជួបយើង(ចាប់តាំង)ពីពេលទទួលនាវា Westerdam ជាមួយនឹងពេលវេលាត្រូវជួបវាមិនទាន់ដល់ ២ អាទិត្យ។ ចំណុចនេះ យើងត្រូវបានគេបង្អាប់មួយរយៈ។ ឥឡូវ តើឱ្យមេបញ្ជាការទ័ពម្នាក់ ដែលជាមេបញ្ជាការខ្ពស់បំផុតក្នុងការប្រយុទ្ធជាមួយនឹងកូវីដ-១៩ បំភ័យកូនទាហានខ្លួនឯងកើតទេ? កូវីដ-១៩ មិនដឹងនៅឯណាផង នាំគ្នាពាក់ម៉ាស់ផ្អើល។ នៅក្នុងប្រជុំអ្នកសារព័ត៌មាន ខ្ញុំថា នរណាពាក់ម៉ាស់ ខ្ញុំដេញចេញពីកន្លែងហ្នឹង។
ពេលហ្នឹង មិនមែនជាពេលវេលាត្រូវពាក់ម៉ាស់ឯណា បើមិនទាន់មានកូវីដ-១៩ ម្នាក់ផងហ្នឹង? (អ្នកកើត)កូវីដ-១៩ នៅឯណានៅឯណី វាមិនទាន់មានកើតនៅក្នុងស្រុកខ្មែរពីអង្កាល់? អាហ្នឹងគេថាមួយទៅ។ ប៉ុន្តែសម្រាប់ខ្ញុំ ពេលហ្នឹងខ្ញុំនិយាយ ជំងឺពិតប្រាកដនៅកម្ពុជា មិនមែនកូរ៉ូណាទេ ពេលហ្នឹងមិនទាន់មានឈ្មោះកូវីដ-១៩។ មិនមែនកូរ៉ូណាបំភ័យទេ ប៉ុន្តែ ជាជំងឺភ័យខ្លាច(ទេ)តើ។ ទាំង K01 វាធ្វើស្អីៗ វាទៅពាក់អាវភ្លៀង Live នៅមុខពេទ្យរុស្ស៊ី។ ដល់ឃើញអញ្ចឹង ខ្ញុំចាប់ផ្ដើមប្រជុំកាសែតតែម្ដង … គេថា យើងខ្ជីខ្ជា ប៉ុន្តែអ្នកឯងមិនទាន់យល់ថា របៀបបញ្ជាកម្លាំងរបស់ ហ៊ុន សែន របៀបម៉េចទេ។ ឥឡូវ ពេលនេះ ម៉ោងនេះ អ្នកឯងគួរតែ(ទទួលខុស)។ ប៉ុន្តែ ធម្មតាពួកនេះ និយាយខុស ១ ពាន់ដង ក៏វាមិនដែលទទួលស្គាល់ថាវាខុសទេ (ឬអំពី)ការប្រមាថរបស់គេមកលើយើង។
ប្រព័ន្ធសុខាភិបាលទន់ខ្សោយ មេដឹកនាំធ្វើការជាមួយប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋចូលរួម
(ទី)ចុងបំផុត ប្រទេសក្រីក្រនៅលើពិភពលោក មើលស្ថិតិបណ្ដាប្រទេសក្រីក្រនៅអាហ្វ្រីក (គឺ)ឆ្លងតិចណាស់។ ថ្ងៃមុនខ្ញុំជួបអតីតរដ្ឋមន្រ្តីការបរទេស Rwanda ដែលជាអគ្គលេខាធិការហ្រ្វង់កូហ្វូនី (OIF) ខ្ញុំបានសួរលោកជំទាវ (Louise MUSHIKIWABO) ថា ហេតុអ្វីបានជាប្រទេសក្រីក្រនៅទ្វីបអាហ្វ្រីកឆ្លងកូវីដ-១៩ មានចំនួនតិច? គាត់និយាយថា ដោយសារប្រព័ន្ធសុខាភិបាលរបស់យើងទន់ខ្សោយ ដូច្នេះ ជម្រើសនៃមេដឹកនាំប្រទេសទាំងនោះ គឺធ្វើការជាមួយនឹងប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋចូលរួម។ ករណីរបស់យើងក៏ដូចគ្នា។ ដោយសារប្រព័ន្ធសុខាភិបាលទន់ខ្សោយ អញ្ចឹង ជម្រើសរបស់យើងតែមួយគត់ គឺធ្វើការជាមួយនឹងប្រជាពលរដ្ឋ។ ជាសំណាងរបស់យើង គឺប្រជាពលរដ្ឋចូលរួម។ ដែលយើងដាក់ចេញនូវដំណាក់កាលនីមួយៗ គឺត្រឹមត្រូវ។
ដំណាក់កាល ៤ នៃការប្រយុទ្ធនឹងកូវីដ-១៩
ពេលនោះ ការចាប់ផ្ដើមរបស់យើងមាន ៤ ដំណាក់កាល ដែលយើងចាប់ផ្ដើម។ ខ្ញុំធ្វើការកត់សម្គាល់នៅកន្លែងនេះ ដើម្បីយើងអាចនឹងយល់ដឹង ហើយថ្ងៃក្រោយ ស្មេរដែលមាន ឆាយ សុផល និង ពៅ សុខ ដែលជាអ្នកសរសេរលើរឿងនេះ ត្រូវកត់ត្រាឱ្យច្បាស់ ប្រយ័ត្នខុសដំណាក់កាលរបស់វា។ កុំភ្លេចថា ក្រៅពីអ្នកសរសេរសៀវភៅ ខ្ញុំនៅមានក្រុមឯកសាររបស់ខ្ញុំ ដែលមិនដឹងថាគេនៅកន្លែងណាទៅទៀត។ សម្រង់ខ្លឹមសារដែលខ្ញុំនិយាយនៅកន្លែងណា គឺសុទ្ធតែមានតម្កល់ទុកទាំងអស់ ហើយនៅពេលដែលខ្ញុំចេញមកអញ្ចឹង និយាយទាក់ទងនឹងសុខាភិបាល គេបញ្ជូនអាហ្នឹងយកមកជាជំនួយស្មារតីឱ្យខ្ញុំ។
ពេលនោះ យើងប្រើវិធីសាស្រ្ត ៤ ដំណាក់កាល ទម្រាំយើងទប់មកដល់ពេលនេះ។ ទី (១) ប្រយុទ្ធ និងទប់ស្ដាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា (ឆ្នាំ)២០២០ រហូតដល់ខែកុម្ភៈ (ឆ្នាំ)២០២១ … ដំណាក់កាលទី (២) ការគ្រប់គ្រងការឆ្លងរីករាលដាល នៃកូវីដ-១៩ ចូលក្នុងសហគមន៍ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជាដំណាក់កាលទី (២)។ (ឯ)ដំណាក់កាលទី (៣) ការបង្កើតភាពស៊ាំក្នុងសហគមន៍ តាមរយៈការអនុវត្តយុទ្ធសាស្រ្តជាតិចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ គួបផ្សំនឹងការបន្តការគ្រប់គ្រងការឆ្លងរាលដាល (នៃ)ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នា២០២១ រហូតមកដល់ដំណាច់ខែតុលា ឆ្នាំ២០២១។ ឥឡូវ យើងកំពុងស្ថិតក្នុងដំណាក់កាលទី (៤) គឺការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងថ្មី។
កម្ពុជាមានអត្រាឆ្លងទាបជាងគេបង្អស់ ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង ១០
យើងបានឆ្លងកាត់ ៤ ដំណាក់កាល ហើយដំណាក់កាលដែលសោកសៅបំផុត គឺដំណាក់កាលក្រោយព្រឹត្តិការណ៍ (ថ្ងៃទី)២០ (ខែ)កុម្ភៈ ដែលពេលនោះនៅចាំទេ? ខ្ញុំប្រកាសឱ្យកសាងបន្ថែមភ្លាម(នូវ)ប៉ាឆា សម្រាប់បូជាសព រកដីសម្រាប់កប់ (និង)ធ្វើក្តារមឈូស រហូតដល់ក្រុមអ្នកមិនសប្បាយចិត្ត គេហៅថា ក្រុមប្រឆាំង ថាយើងប្រមាថជីវិតប្រជាជន។ ក៏ប៉ុន្តែ សុំសម្លឹងមើល ពេលដែលមនុស្សរាប់ម៉ឺននាក់កំពុងតែនៅក្នុងមន្ទីរពេទ្យ (ដើម្បី)ទទួលការព្យាបាល យើងអត់បានឱ្យប្រជាពលរដ្ឋរបស់យើងដេកតាមឥដ្ឋការ៉ូទេ។ យើងបានប្រឹងទាំងយប់/ថ្ងៃ។ កម្លាំងប្រដាប់អាវុធ/កងទ័ព ចេញមករួមសហការជាមួយគ្នា ដើម្បីនឹងធ្វើឱ្យដំណើរការប៉ុន្មានមជ្ឈមណ្ឌល។ ហ្នឹងនិយាយតែភ្នំពេញទេ មិនទាន់និយាយតាមបណ្តាខេត្តទេ។
សូម្បីតែបងប្អូនយើងមកពីថៃ ក៏មានមណ្ឌលធ្វើចត្តាឡីស័ក។ យប់មិញដូចសល់តែ ៥០ នាក់ជាងទេ។ អ្នកមកពីថៃ តែអ្នកឯងអត់ចាក់វ៉ាក់សាំង យើងឱ្យធ្វើចត្តាឡីស័ក។ ម្យ៉ាងទៀតចំនួនចេញ និងចំនួនចូល គឺចំនួនចេញច្រើនជាង។ តែយ៉ាងណាក៏យើងត្រូវរក្សាទុក។ មិនមែនជាបញ្ហាលេងសើចទេ ក្នុងការគ្រប់គ្រងការងារនេះ។ គ្រប់កម្លាំងទាំងអស់ បានចូលរួមជាមួយចលនានេះ។ ពិតហើយ យើងមានការសោកសៅជាមួយនឹងប្រជាពលរដ្ឋរបស់យើង ដែលបាត់បង់ជីវិតជាង ៣ ពាន់នាក់។ អត្រាឆ្លងរបស់យើង គឺមកដល់ពេលនេះ វាមានកម្រិតថយចុះ។ យើងជា(ប្រទេសដែលមាន)អ្នកឆ្លងទាបជាងគេនៅក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ យើងលេខ ១០ ក្នុងចំណោម ១០ ប្រទេស មាន(ន័យថាមាន)អត្រាឆ្លងតិចជាងគេ។ យើងឆ្លងតែ ១៣៦ ២៦២ នាក់ ហើយយើងស្លាប់ ៣ ០៥៦ នាក់។ នេះជាការប្រឹងប្រែងមួយ។
អភិក្រមវ៉ាក់សាំងផ្ការីក … ការខិតខំម្ខាង និងប្រជាពលរដ្ឋគាត់ចូលរួមម្ខាង
បើកុំមានវ៉ាក់សាំង មហន្តរាយធ្ងន់មែនទែន។ រឿងវ៉ាក់សាំងនេះទៀតសោត បើសិនជាយើងអនុវត្តទៅតាមប្រទេសនានា ប្រហែលជាយើងមិនជោគជ័យទេ។ ប៉ុន្តែ ពេលនោះ មានការលើកសំណើមកខ្ញុំផង ស្នើសុំលោកជំទាវ ឱ វណ្ណឌីន ផង ដើម្បីឱ្យ(ផ្តល់វ៉ាក់សាំង)ទៅតាមខេត្ត។ តែខ្ញុំបានប្រាប់ថា “អត់ទេ” ស្រោចឱ្យជោគនៅភ្នំពេញ និងកណ្តាល។ យើងក៏ដឹងដែរ (មានប្រជាពលរដ្ឋពីខេត្ត)កំពង់ឆ្នាំងក៏ចូលមកចាក់ ព្រោះជាប់ដីខេត្តកណ្តាល។ កំពង់ស្ពឺក៏ចូលមកចាក់។ តាកែវក៏ចូលមកចាក់។ កំពង់ចាមក៏ចូលមកចាក់។ អ្នកណាចូលមកចាក់ យើងចាក់ឱ្យទាំងអស់។
បន្ទាប់ទៅ នៅពេលនោះ ដោយសារយើងខ្វះវ៉ាក់សាំង ក្រោយមកយើងមានវ៉ាក់សាំងជោគហើយ យើងរុញចេញ។ ទៅកន្លែងណាមួយ ដូចទៅកំពង់ចាមអញ្ចឹង មិនទៅទាំងអស់ទេ ប៉ុន្មានស្រុកឱ្យទៅមុន។ ត្បូងឃ្មុំប៉ុន្មានស្រុកឱ្យទៅមុន។ សៀមរាបប៉ុន្មានស្រុកឱ្យទៅមុន។ បាត់ដំបង ឬកំពង់ស្ពឺ (ប៉ុន្មានស្រុកឱ្យទៅមុន)។ អញ្ចឹង រឿងវ៉ាក់សាំងនេះ ជាបទពិសោធន៍ តែដើរជំហានទី ១ ខុសហើយ ជំហានទី ២ ខុស។ អាភាពស៊ាំសហគមន៍វាអត់មាន។ ឃើញថាអត្រាចាក់វ៉ាក់សាំងខ្ពស់ ក៏ប៉ុន្តែ ភាពស៊ាំវាអត់។ ខ្ញុំពិតជាមានមោទនភាព … ការខិតខំម្ខាងហើយ ប៉ុន្តែ បើប្រជាពលរដ្ឋគាត់អត់ចូលរួម វាក៏មិនជោគជ័យ។ យើងធ្វើផង យើងរៀនសូត្រផង ព្រោះអាហ្នឹងជាបទពិសោធន៍ថ្មីណាស់ សម្រាប់យើង។ អត់មានអ្នកណាធ្វើគ្រូអាចារ្យអ្នកណាបានទេ ប្រទេសមួយៗត្រូវម្ចាស់ការធ្វើខ្លួនឯង។
ទទួលវ៉ាក់សាំង ៥២ លានដូស ប្រើអស់ ៤២ ៨៧១ ៥៣៦ ដូស សល់ក្នុងឃ្លាំង ៩ ៩៦៣ ៨៥៤ ដូស
ទាក់ទងនឹងការចាក់វ៉ាក់សាំង យើងជាប្រទេសមួយក្រីក្រ តែយើងចាក់បានទំហំប៉ុណ្ណេះ គឺវាជារឿងមិនធម្មតាទេ។ ម្សិលមិញខ្ញុំឱ្យ ឱ វណ្ណឌីន បញ្ជាក់ប្រាប់ខ្ញុំ អំពីចំនួនវ៉ាក់សាំង ដែលបានប្រើ។ ហើយឱ្យ យក់ សម្បត្តិ (បញ្ជាក់)អំពីវ៉ាក់សាំង ដែលបានទទួល។ ប៉ុន្តែ សម្បត្តិ បញ្ជូនមក មានខ្លះ(ជាតួលេខ)វ៉ាក់សាំងកំពុងរង់ចាំ។ ដោយសារបានជើងលេខរបស់ ឱ វណ្ណឌីន ជាការបញ្ជាក់ ត្រឹមត្រូវហើយ។ វ៉ាក់សាំងដែលយើងបានទទួលរួចមកហើយមាន(ចំនួន) ៥២ ៨៣៥ ៣៩១ (ដូស) ឯចំពោះយប់មិញហ្នឹង គឺដោយសារវានៅក្នុងទូរស័ព្ទ (តួលេខ)របស់ វង្ស៊ី វិស្សុត មាន(ចំនួន) ៥០ ៦០០ ០០០។ អញ្ចឹង ដល់មើលទៅខាងលើ Pfizer មកកាលពីថ្ងៃទី៣ ខែឧសភា គាត់មិនទាន់បូកចូល អញ្ចឹង បានជាគាត់អត់ទាន់បាន Update។ ថ្ងៃនេះ គឺត្រឹមថ្ងៃ២៤ ខែមេសា។ អញ្ចឹង បើយើងបូកទៅ គឺតួលេខរបស់ លោកជំទាវ ឱ វណ្ណឌីន ត្រូវ។ យើងបានមកដល់(ចំនួន) ៥២ លាន(ដូស) ហើយយើងយកទៅប្រើប្រាស់អស់(ចំនួន) ៤២ ៨៧១ ៥៣៦ (ដូស)នៅសល់ក្នុងឃ្លាំង(ចំនួន) ៩ ៩៦៣ ៨៥៤ (ដូស)។ ក្នុងចំនួននេះ ខ្ញុំគួរតែបញ្ជាក់ អ្វីដែលជាមោទនភាពរបស់កម្ពុជា (វ៉ាក់សាំងចំនួន) ៥២ លាន(ដូស) ដែលបានមកដល់ទាំងមុន/ក្រោយ កម្ពុជាបានចំណាយលុយខ្លួនឯងទិញ(ចំនួន) ២៨ ៥០០ ០០០(ដូស)។
អញ្ចឹង បូកទៅកម្ពុជាមានសមត្ថភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ ឥឡូវនេះ (វ៉ាក់សាំងចំនួន) ៥២ ០០០ ០០០ (ដូស) ដែលបានមកដល់ បើយើងគិត (វ៉ាក់សាំងចំនួន) ២៨ ៥០០ ០០០ របស់កម្ពុជា គឺមានចំណែកធំជាងជំនួយពីបណ្តាប្រទេសនានាទាំងអស់។ ប្រទេសនេះក្រ ក៏ប៉ុន្តែ មិនបណ្តោយឱ្យប្រជាពលរដ្ឋរបស់យើងខ្វះថ្នាំ ដែលយើងអាចរកទិញបានទេ។ ខ្ញុំបានប្រាប់ វង្ស៊ី វិស្សុត ថា ឱ្យតែចិនឆ្លើយតបមកថាលក់ គឺទិញភ្លាម។ បញ្ជូនលុយទៅឱ្យភ្លាម ទាំងលុយថ្លៃវ៉ាក់សាំង ទាំងលុយដឹកជញ្ជូន បើកឱ្យភ្លាម។ (វ៉ាក់សាំងចំនួន) ២៨ ៥០០ ០០០ (ដូស) ដែលយើងទិញខ្លួនឯង។ ពេលនោះ មិនប្រាកដថាមានលុយហើយទិញបានទេ។ ខ្វះណាស់ប្រទេសជិតខាង ក្នុងតំបន់របស់យើងខ្វះវ៉ាក់សាំង ក្នុងពេលដែលមានលុយ? មូលហេតុងាយយល់ គឺវិធីសាស្រ្តក្នុងការធ្វើទំនាក់ទំនងស្វែងរកវ៉ាក់សាំង។
ធានាថាមិនឱ្យខ្វះវ៉ាក់សាំង … បង្កើនសមត្ថភាពចាក់ … រុញកាលបរិច្ឆេទទទួលថ្មីទៅមុខ
ឥឡូវនេះ វ៉ាក់សាំងដែលមិនទាន់បានដឹកជញ្ជូនមកដល់ គឺយើងនៅសល់(ចំនួន) ២០ ៥៥០ ០០០ (ដូស) ពីចិន(ចំនួន) ១៥ ០០០ ០០០ (ដូស)។ ពីអាមេរិកឱ្យយើង(ចំនួន) ៧ ៥០០ ០០០ (ដូស) ឥឡូវ ដឹកមក(ចំនួន) ២ ០០០ ០០០ (ដូស)ហើយ នៅខ្វះ(ចំនួន) ៥ ៥០០ ០០០ (ដូស)ទៀត ។ ពិតហើយ ខ្ញុំបាននិយាយប្រាប់ប្រធានាធិបតី Joe Biden នៅពេលដែលអង្គុយទល់មុខគ្នា គាត់អានសុន្ទរកថាមួយ ខ្ញុំអានសុន្ទរកថាមួយ ឥណ្ឌូនេស៊ីអានសុន្ទរកថាមួយ។ ខ្ញុំក៏អរគុណគាត់ពេលហ្នឹង។ អរគុណដែលឯកឧត្តមបានជួយវ៉ាក់សាំង។ គាត់ថានៅមានទៀត។ ប៉ុន្តែ យើងអត់ទាន់គិតទៅដល់អ្នកដែលកំពុងតែត្រៀមជួយផ្តល់ឱ្យយើងថែមទៀត។ តាមលោកជំទាវ យក់ សម្បត្តិ នៅសល់ប្រទេសខ្លះទៀត ដែលនឹងត្រូវកំពុងតែធ្វើទំនាក់ទំនងជាមួយយើង។
ប៉ុន្តែ ខ្ញុំអាចនិយាយបានថាសម្រាប់វ៉ាក់សាំងមួយ ធានាថាមិនឱ្យខ្វះ។ ឥឡូវ ពិតមែនតែនៅសល់(វ៉ាក់សាំងចំនួន) ៩ លាន(ដូស) នៅក្នុងឃ្លាំង ធ្វើម៉េចចាក់ឱ្យអស់អា ៩ លាន(ដូស)ហ្នឹង ត្រូវបង្កើនសមត្ថភាពចាក់។ ហើយនៅពេលដែលគិតគូរនេះ ចំនួន(វ៉ាក់សាំង)ដែលនឹងត្រូវមកដល់ គឺដូចជាខាងផ្នែកអាមេរិក ដូចជាប្រគល់ឱ្យយើងត្រឹមខែកញ្ញា។ ថាខែកក្កដានឹងមកទៀត។ ដល់ខែកញ្ញា គឺចប់ សម្រាប់ខាងអាមេរិក។ ឯខាងចិនយើងអាចពិនិត្យមើល អំពីការពន្យាពេល។ ពិតមែនតែរបស់ចិនមកស្តុកបាន ២ ឆ្នាំ ដឺឡេរបស់វា ក៏ប៉ុន្តែ យកល្អ គឺរុញគាត់ទៅចុងឆ្នាំ កុំអាលបន្ទាន់ដឹកមកពេក។ ជាបម្រុងយុទ្ធសាស្រ្តរបស់យើង ហើយរក្សាទុកនៅប្រទេសចិន។
ការផលិតវ៉ាក់សាំងនៅក្នុងស្រុក បើវិស័យឯកជនមិនធ្វើ រដ្ឋចេញមុខធ្វើ
ទន្ទឹមជាមួយនេះ យើងត្រូវខិតខំ ដើម្បីនឹងជំរុញ(ការផលិតវ៉ាក់សាំងនៅក្នុងស្រុក)។ អ្នកណាទទួលបានសិទ្ធិនេះ? ខាងភាគីចិនបានតឿនយើងត្រឡប់មកវិញ ថាម៉េចកម្ពុជាឆ្លើយមិនឆ្លើយ? ឥឡូវ មើលវិស័យឯកជនរបស់កម្ពុជា ដែលបានទទួលសិទ្ធិ ធ្វើឬមិនធ្វើ? បើមិនធ្វើ ត្រូវប្រគល់ឱ្យអ្នកផ្សេង។ អត់មានទុកអញ្ចឹងទេ។ មិនអញ្ចឹងគេលើកមកវិញថាខ្មែរយឺត។ ឥឡូវ ត្រូវធ្វើ បើមិនធ្វើទេដកយក License ប្រគល់ឱ្យក្រុមហ៊ុនណាហ៊ានធ្វើ។ អត់មានឱ្យក្រុមហ៊ុនមួយមកវ៉ាងទីទេ។ សុំទុកឱ្យអ្នកឯងរយៈពេលប៉ុន្មាន? ខ្ញុំត្រូវការមានរោងចក្រមួយផលិតវ៉ាក់សាំង។ អញ្ចឹង ឱ្យទៅអ្នកណាកន្លងទៅនេះ? សួរមើល ឆ្លើយយ៉ាងម៉េច? ខុសគ្នាយ៉ាងម៉េច? អត់ទេណា ហ៊ុន សែន និយាយដាច់ខាតថា អត់មានលើកលែងទេកន្លែងហ្នឹង។ ខ្ញុំត្រូវតែមានទុន មានប្រដាប់នៅក្នុងដៃ។
ឥឡូវ ខាងភាគីចិនគេថា យើងអ្នកអត់ឆ្លើយ។ អត់ធ្វើអី។ អត់មានយក License មកទុកទេ។ ដកហូតយក License មក ប្រសិនបើធ្វើមិនបាន។ ត្រូវតែរាយការណ៍ឱ្យខ្ញុំគ្រប់ពេល។ ឥឡូវ ខ្ញុំសុំថាមួយអាទិត្យរាយការណ៍ឱ្យខ្ញុំមួយដង អំពីវឌ្ឍភាពស្តីពីរោងចក្រវ៉ាក់សាំង។ ដោយសារតែខ្ញុំមិនឱ្យរាយការណ៍ហ្នឹងហើយ បានខ្ញុំឱ្យអស់លោកទុកប៉ុន្មានខែ? តាំងពីពេលដែលចិនព្រមព្រៀង។ ឥឡូវ សុំមួយអាទិត្យរាយការណ៍ឱ្យខ្ញុំម្តង (តើ)វឌ្ឍនភាពដល់ណាទៅលើបញ្ហារោងចក្រផលិតវ៉ាក់សាំងនៅស្រុកខ្មែរ? លើរឿងនេះ ខុសគ្នារឿងអី (និង/ឬ)មានបញ្ហាអី ម៉េចក៏មិនរាយការណ៍ឱ្យក្រសួងសុខាភិបាល? ក្រសួងសុខាភិបាល ខ្លួនឯងកុំត្រឹកៗ និយាយឱ្យចំអញ្ចឹងទៅចុះ។ វិស័យឯកជនដែលចង់ធ្វើ ឥឡូវ បើថាមិនកើតដកហូតយកមក។
ក្រសួងធ្វើតែម្ដងទៅវាយ៉ាងម៉េច? (យក)មក ទុនមាន អត់បញ្ហា(ទេ)។ ខ្ញុំបញ្ចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យរដ្ឋផលិតតែម្ដង ធ្វើជាដៃគូជាមួយខាងចិន។ បើសិនជាវិស័យឯកជនពិបាកពេកដក License ចេញមក ហើយរដ្ឋចេញមុខធ្វើទៅ ក្នុងការផលិតវ៉ាក់សាំង… ប៉ុន្តែ ដាក់ជាសំណួរមួយថា ពេលណាកូវីដ-១៩ ទៅអស់? ហើយវ៉ាក់សាំងអ្វីដែលយើងធ្វើ សម្រាប់ការផលិតនេះ? ថ្ងៃក្រោយយើងអាចផលិតវ៉ាក់សាំងប្រភេទផ្សេងៗទៀត ដែលអាចការពារដល់ជំងឺនេះ/នោះ ដោយយើងមានមូលដ្ឋាន។ ហ្នឹងត្រូវតែជាក់លាក់ជាមួយគ្នា ក្នុងការធ្វើទាក់ទងនឹងកិច្ចការអាយុជីវិតរបស់ប្រជាពលរដ្ឋ។
បានពីថវិកាក្ដី ពីជំនួយក្ដី ចាក់វ៉ាក់សាំងជូនដោយឥតគិតថ្លៃ និងគ្មានការរើសអើង
… បងប្អូនខ្លះគាត់ឱ្យយោបល់ខ្ញុំថា ចាក់ដូសទី ១ ដូសទី ២ មិនយកថ្លៃ។ ឥឡូវ ចាក់ដូសទី ៣ គួរតែយកថ្លៃ។ ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា “អត់ទេ យកមកក៏មិនក្លាយទៅជាអ្នកមានបានដែរ”។ ថវិការបស់យើងក្ដី ជំនួយក្ដី ចាក់ជូនដោយឥតគិតថ្លៃ ហើយក៏គ្មានការរើសអើងណាមួយដែរ ទាំងនយោបាយ ជាតិសាសន៍ សាសនា។ តំបន់ទីក្រុង/ជនបទ ទទួលបានដូចៗគ្នា។ ចំណុចនោះហើយ វា(ជា)ជោគជ័យបង្កើតភាពស៊ាំសហគមន៍ពីទីក្រុងរហូតដល់ទីជនបទ ហើយក៏វាបង្កើតបានជំនឿទុកចិត្ត នៃអ្នកផ្ដល់ជំនួយ។ ឥឡូវ សាកល្បងចាក់យកលុយ បើមិនបង្កើតអំពើពុករលួយពេញទឹកពេញដីនៅហ្នឹង។ ជួនកាលថា ត្រូវយក ១ ដូស ១០ ដុល្លារ(អាមេរិក) ឬ ១៥ ដុល្លារ(អាមេរិក) គាត់យកទៅចាក់ ២០ ដុល្លារ(អាមេរិក) ឬ ៣០ ដុល្លារ(អាមេរិក)។
អត់ទេ សម្រាប់ខ្ញុំ គឺច្បាស់អាកន្លែងហ្នឹងមួយ។ ត្រូវធានា។ បើទោះបីដូសទី ១០ ឬដូសទី ២០ ក៏នៅតែមិនយកលុយដែរ។ បើយក(លុយ)ពីប្រជាពលរដ្ឋមក គាត់កំពុងតែលំបាកហើយ(យើងបែរជាទៅយកលុយ) គាត់អត់មានលុយមកចាក់យ៉ាងម៉េចកើត? (គឺគាត់ត្រូវ)ទៅខ្ចីលុយគេ ដើម្បីយកមកចាក់ ឬ(យក)លុយ សម្រាប់ទិញសៀវភៅឱ្យកូនរៀន (ឬយកលុយដែលទុក)ទិញកង់ឱ្យកូនជិះ យកមកចាក់វ៉ាក់សាំង អត់ទេ។ ពេលនេះ មិនមែនជាពេលវេលាត្រូវយកលុយពីប្រជាជនទេ គឺជាពេលវេលា ដែលត្រូវជួយប្រជាជន។ ក្រៅពីចាក់ជូនវ៉ាក់សាំង ឬការព្យាបាលដោយមិនយកប្រាក់ហើយ រាជរដ្ឋាភិបាល ត្រូវបញ្ចេញ(សាច់ប្រាក់)ប្រមាណជិត ៤០ លានដុល្លារ/ខែ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាកម្មករអត់មានការងារធ្វើ យើងត្រូវបន្តកិច្ចការងារនេះតទៅទៀត។
ប្រែក្លាយមន្ទីរពេទ្យ ហ្លួងម៉ែ ទៅជាមន្ទីរពេទ្យផ្នែកមហារីក
ពិតហើយ យើងមិនអាចនឹងយកបញ្ហាទាំងអស់មកនិយាយ(បានក្នុងតែមួយថ្ងៃ)ទេ តែយើងអាចធ្វើសន្និបាតបូកសរុប អំពីយុទ្ធនាការវ៉ាក់សាំង អំពីយុទ្ធនាការប្រយុទ្ធកូវីដ-១៩។ ពេលនោះ យើងអាចនឹងនិយាយជាមួយគ្នា តែថ្ងៃនេះយើងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ (TYDA) ដែលខ្ញុំគិតថា ក្មួយៗទាំងអស់ពេលនេះបានទទួលនូវបទពិសោធន៍។ អ្នកដែលបានរៀនក៏បានទទួលបទពិសោធន៍ ហើយអ្នកដែលរៀនមិនទាន់ចប់ក៏បានទទួលបទពិសោធន៍ និង(អ្នកកំពុង)រៀនបានស្រូបយកចំណេះដឹងបានកាន់តែច្រើន អំពីករណីជំងឺឆ្លង។ ឥឡូវនេះ យើងបានសងមជ្ឈមណ្ឌលកោះពេជ្រ (ក៏ដូចជា មជ្ឈមណ្ឌល) ឌឹព្រីមៀសែនសុខ ត្រឡប់ទៅវិញ ហើយមន្ទីពេទ្យ ហ្លួងម៉ែ ក្លាយទៅជាមន្ទីរពេទ្យរដ្ឋហើយ ប៉ុន្តែ គ្រាន់តែ TYDA ទៅជួយគ្រប់គ្រងមួយរយៈ។
បង ម៉ម ប៊ុនហេង អាចពិនិត្យមើល ថ្ងៃក្រោយមន្ទីរពេទ្យ ហ្លួងម៉ែ អាចក្លាយទៅជាមន្ទីរពេទ្យ សម្រាម់មហារីកតែម្ដង។ យកមន្ទីរពេទ្យហ្នឹងមួយ គឺសម្រាប់តែមហារីក ដើម្បីឱ្យទៅប្រមូលផ្ដុំនៅកន្លែង(ហ្នឹង)។ ឥឡូវ មហារីកកាន់តែច្រើន។ អ្នកខ្លះស្ថិតក្នុងដំណាក់កាលនេះ/នោះ។ យើងត្រូវតែមានកន្លែងមួយ។ តាមមន្ទីរពេទ្យមានហើយ ក៏ប៉ុន្តែ យើងមានដាច់ដោយដុំ។ ចង់ប្រមូលអ្នកឯកទេស។ ឥឡូវ អត់មានកូវីដ-១៩ អីទៀតទេ។ គួរតែចាប់ផ្ដើមរៀបចំប្រែក្លាយទៅជាមន្ទីរពេទ្យខាងផ្នែកមហារីកតែម្ដង។ រៀបចំ(មន្ទីរពេទ្យ)ហ្នឹង ព្រោះយើងមិនដាក់អ្នកកូវីដ-១៩ នៅទីនោះទៀតទេ។
កសាងមន្ទីរពេទ្យមានសមត្ថភាព ១ ម៉ឺនគ្រែ សម្រាប់ដាក់អ្នកជំងឺឆ្លង
ទន្ទឹមនឹងកូវីដ-១៩ យើងក៏ត្រូវគិតគូរជំងឺដទៃទៀត។ អញ្ចឹង ខ្ញុំចង្អុលបង្ហាញថា ដាក់ជាផ្នែកព្យាបាលមហារីកតែម្ដង។ ឥឡូវ ស្អីឡើងយើងបញ្ជូនទៅព្យាបាលនៅខាងក្រៅ(ប្រទេស)។ មន្ទីរពេទ្យឯកជន ពិតមែនហើយគាត់ធ្វើបាន ក៏ប៉ុន្តែ តាមការស្ដាប់មក អ្នកដែលទៅវះផ្នែកមហារីកនៅមន្ទីរពេទ្យឯកជន ខ្លះរត់ទៅរក(មន្ទីរ)ពេទ្យកាលម៉ែត្រ។ វាហួសពេលបាត់ទៅហើយ។ ហ្នឹងប្រហែលជាខាងមន្ទីរពេទ្យឯកជនគេមានឯកទេសខាង(មហារីក)ហ្នឹង ក្នុងពេលដែលយើងអត់បានប្រកាសប្រាប់ថា នៅកន្លែងហ្នឹងមានពេទ្យមហារីកទេ។ អញ្ចឹង យើងគួរតែដំណើរការបំពាក់មន្ទីពេទ្យហ្នឹងឱ្យទៅជាការព្យាបាល សម្រាប់មហារីកតែម្ដង។ យើងរើសអ្នកឯកទេសបញ្ចូលទៅ ដើម្បីធ្វើការនៅក្នុងមន្ទីរពេទ្យ។ ទោះថាការឆ្លងរីករាលដាល នៃកូវីដ-១៩ បានធ្លាក់ចុះ តែយើងនៅតែបន្តការខិតខំកសាងនូវមន្ទីរពេទ្យមួយ ដែលមានសមត្ថភាព ១ ម៉ឺនគ្រែ អភិបាលក្រុងកំពុងតែប្រឹងប្រែងធ្វើ។
ឥឡូវល្អហើយ ដែលខ្ញុំនិយាយនៅទីណាទេ ដូចនៅទីនេះ ដែលខ្ញុំថាឱ្យប្រគល់ស្ដាត … ដំបូងថាយកទៅចាក់អង្រែ។ ស្រាប់តែ (លោកជំទាវ យក់) សម្បត្តិ ថាអត់ទេ មន្ទីរពេទ្យរុស្ស៊ីអត់(ពេញ)ផង ដាក់បាន ៣០០នាក់ ឯណោះ។ អញ្ចឹង ឥឡូវស្ដាតស្រួលហើយ។ សម្ដេចពិជ័យ ស្ដាតទទួលបានទាំងអស់។ អញ្ចឹង ចាប់ផ្ដើមជួសជុល ដើម្បីត្រៀម SEA games សម្រាប់ឆ្នាំក្រោយ។ យើងនៅតែបម្រុងទុកនៅករណីដែលកើតឡើង ដោយប្រើប្រាស់ការកសាងមន្ទីរពេទ្យមួយ សម្រាប់ករណីជំងឺឆ្លង ព្រោះក្រែងអស់កូវីដ-១៩ វាចេញស្អីឯណា(មកទៀត)។ Alpha, Delta, Omicron, បន្តិចទៀតចេញជា អូមីក្រុន ឯណាមកទៀត។ អញ្ចឹង យើងត្រូវតែត្រៀមបម្រុង ដកហូតបទពិសោធន៍លើកនេះ កសាងមន្ទីរពេទ្យមួយ ១ ម៉ឺនគ្រែ ឱ្យវាចេញ។
សុខភាពសាធារណតម្រូវឱ្យប្រែប្រួលឥរិយាបថ … ពាក់ម៉ាសក្លាយជាទម្លាប់
សុខភាពសាធារណៈតម្រូវឱ្យយើងប្រែប្រួលឥរិយាបទ។ ប្រជាពលរដ្ឋនៅទូទាំងប្រទេសគាត់ចេះប្រយ័ត្នប្រយែងខ្លួនឯង។ ឥឡូវ នៅតាមផ្លូវ ទោះបីយើងប្រកាសថា គាត់មិនចាំបាច់ពាក់ម៉ាសនៅកន្លែងសាធារណៈ ប៉ុន្តែ ខ្ញុំក្រឡេកឃើញនៅតែមានមនុស្សពាក់ម៉ាស។ អញ្ចឹង ការពាក់ម៉ាសក្លាយទៅជាទម្លាប់។ ទោះបីឥឡូវខ្ញុំមិនពាក់ ក៏ប៉ុន្តែ ម៉ាសខ្ញុំនៅតែក្នុង(ហោប៉ៅ)។ ទៅអាមេរិកក៏ខ្ញុំពាក់ដែរ។ នៅពេលចូលឡានព្រឹប ព្រោះក្រែងលោនៅក្នុងឡាន(មានមេរោគ) … អញ្ចឹង យើងត្រូវពាក់។ ឃើញគេពាក់ច្រើន យើងត្រូវពាក់ដែរ។ បើគេអត់ពាក់ យើងអត់ពាក់ដែរ។ អ្នកណាឈឺជួសយើង មានតែយើង។
ឥឡូវ ប្រជាពលរដ្ឋគាត់យល់នៅកន្លែងហ្នឹង។ ឆ្នាំទៅខ្ញុំនៅនឹកចាំថា ខ្ញុំប្រើពាក្យ យើងកំពុងស្ថិតនៅមាត់ជ្រោះមរណៈហើយ ពេលហ្នឹងខ្ញុំនៅចាំបានថា មុនម៉ោង ៩ យប់ មិនទាន់ក្រោយម៉ោង ៩ យប់ទេ។ ស្ថានភាពវាហាក់ដូចជាផុយស្រួយមែនទែន។ ស្លាប់ថ្ងៃខ្លះឡើងដល់ជាង ១០(នាក់)។ ពេលនោះ ពេលដែលចំនួនមនុស្សស្លាប់ដោយសារកូវីដ-១៩ ចំនួនគ្រោះថ្នាក់ចរាចរណ៍អត់មានមនុស្សស្លាប់ទេ ព្រោះអត់មានអ្នកណាដើរ។ ដល់ឥឡូវកូវីដ-១៩ អត់មានស្លាប់ តែ(បែរជាមាន)ស្លាប់ដោយ(គ្រោះថ្នាក់)ចរាចរណ៍ទៅវិញ ព្រោះពេលហ្នឹង គឺពេលដើរលេង។ សាំងឡើងថ្លៃ ឡើងប៉ុន្មានឡើងទៅ ដើរលេងសិន។
ឆ្នាំ២០២២ ជាឆ្នាំដែលមានមនុស្សចូលឆ្នាំច្រើនជាងគេ
ចូលឆ្នាំៗនេះ ខ្ញុំគិតថា ប្រហែលតាំងប៉ុន្មានរយឆ្នាំហើយ ប្រហែលជាឆ្នាំ ២០២២ គឺជាឆ្នាំដែលចូលឆ្នាំមានមនុស្សច្រើនជាងគេ។ ឥឡូវ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ខ្ញុំមានមនុស្សចូលខារ៉ាអូខេតើ។ គេបាញ់ចេញពីខារ៉ាអូខេមក។ ខ្ញុំចង់ដឹងថាខារ៉ាអូខេវាយ៉ាងម៉េច។ (ខៀវ) កាញារិទ្ធិ ប្រយ័ត្នថ្ងៃណាមួយ។ ថ្ងៃមុននាងនោះចូលមកទៀត គេថា រិទ្ធិ ជំនាន់មុន ជួបជាមួយសង្គ្រាមអត់ខូចទេ គួរយោគយល់ឱ្យគាត់។ ខ្ញុំក៏ Download ចេញមក ហើយ(ផ្ញើ)ទៅឱ្យ (ខៀវ) កាញារិទ្ធិ ថា រិទ្ធិ ជំនាន់មុនត្រូវបានទទួលការយោគយល់ (ចំណែក)ឯ រិទ្ធិ ជំនាន់ក្រោយ គឺអត់ទេ។ មិនដឹងយ៉ាងម៉េចបាននិយាយពីរឿងឈ្មោះ រិទ្ធិ? ឥឡូវ ទៅនិយាយឈ្មោះ សីហា ឯណាទៀតហើយ។ នាងហ្នឹងនៅឯណា? អ្នកលេង Tik Tok នៅណា? ទាល់តែសួរ (ខៀវ) កាញារិទ្ធិ ខ្លួនឯងបានដឹង។
កម្ពុជាសម្លឹងឆ្ពោះទៅអនាគតសេដ្ឋកិច្ចមានកំណើនលើសពី ៥ ភាគរយ អតិផរណាគ្រប់គ្រងបាន
ដំណើរការបើកសេដ្ឋកិច្ចសង្គមឡើងវិញ យើងកំពុងសម្លឹងឆ្ពោះទៅរកអនាគតសេដ្ឋកិច្ច ដែលអាចមានកំណើនលើសពី ៥ ភាគរយ ជាមួយនឹងអតិផរណាអាចគ្រប់គ្រងបាន និងប្រាក់ចំណូលរដ្ឋ គឺទទួលបានកាន់តែខ្ពស់ ដែលត្រឹមតែ ៤ ខែ យើងសម្រេចបាន ៥៣ ភាគរយ នៃចំណែកពន្ធដារផ្ទៃក្នុង។ ប៉ុន្តែ យើងក៏បារម្ភផងដែរ សភាពការណ៍ជម្លោះនៅអ៊ុយក្រែន ការលើកទ័ពរបស់រុស្ស៊ីចូលទៅអ៊ុយក្រែន វាបង្កើតនូវភាពមិនច្បាស់លាស់មួយ សម្រាប់យើង។ IMF កំពុងទម្លាក់ការព្យាករ នៃកំណើនសកល។ ម្សិលមិញយើងទទួលបានព័ត៌មានពីឥណ្ឌាថា ឥណ្ឌាចាប់ផ្ដើមហាមឃាត់ការនាំចេញស្រូវភោជសាលី។ ឥណ្ឌាជាប្រទេសនាំចេញអង្ករមួយ។ ខ្ញុំមើលមិនច្បាស់ តើគាត់ហាមឃាត់អង្ករទាំងអស់ ឬក៏គ្រាន់តែហាមឃាត់(នាំចេញ)ភោជសាលី? មើល (ខៀវ) កាញារិទ្ធិ មេព័ត៌មានស្រាប់ហើយ ឥណ្ឌាតើគាត់ហាមឃាត់ការនាំចេញស្បៀងទាំងអស់ ទាំងអង្ករធម្មតា ទាំងអង្ករភោជសាលី ឬក៏គ្រាន់តែ(ហាម)នាំចេញភោជសាលីទេ?
ឆ្នាំ ២០២៣ អាចជាឆ្នាំវិបត្តិស្បៀង និងថាមពល
ជាការព្យាករទុក ឆ្នាំ ២០២៣ អាចជាឆ្នាំវិបត្តិស្បៀង។ ដើរទន្ទឹមនឹងវិបត្តិថាមពល ដែលកំពុងតែកើតមានរួចស្រេចទៅហើយ (និងដែល)ប៉ះពាល់ដល់យើង។ ខ្ញុំសួរតម្លៃប្រេងនៅអាមេរិក នៅពេលដែលជួបបងប្អូននៅទីនោះ បើគិតពីតម្លៃប្រេងនៅអាមេរិក ចង់ថ្លៃជាងកម្ពុជា។ ឥឡូវ តម្លៃប្រេងនៅអឺរ៉ុប កាន់តែលំបាកទៅទៀត។ បើសិនជារុស្ស៊ីកាត់ផ្ដាច់ឧស្ម័នទៀត អឺរ៉ុបនឹងកាប់ឈើ/អុស(យកមកដុត)តែម្ដង ព្រោះអឺរ៉ុបដាំស្លសព្វថ្ងៃ ចម្អិនអាហារស្អីៗ ប្រើឧស្ម័ន ថាឧស្ម័នមកពីណា? មកពីរុស្ស៊ី។ បើរុស្ស៊ីកាត់ផ្ដាច់ឧស្ម័នទៀត អឺរ៉ុបមិនត្រូវកាប់អុសយកមកចម្អិនអាហារ? បើសិនជារងា ពីដើមប្រើឧស្ម័ន ដើម្បីទប់ស្កាត់រងា។ ប៉ូឡូញ និងហុងគ្រី ដែលមិនព្រមបង់ប្រាក់ Ruble ឱ្យទៅរុស្ស៊ី គឺកំពុងមានបញ្ហា។ ប្រទេសដទៃមានការភ័យខ្លាចរុស្ស៊ីកាត់ឧស្ម័ន ក៏ត្រូវបង្ខំចិត្តប្រើប្រាស់(ប្រាក់) Ruble ដដែល។ អញ្ចឹង បញ្ហានៅលើពិភពលោកវាស្មុគស្មាញ ដែលមានផលប៉ះពាល់មកដល់យើង។
ទន្ទឹមនឹងកូវីដ-១៩ មិនទាន់ចប់ រឿងមួយដែលវាមានផលប៉ះពាល់ធំធេង គឺរុស្ស៊ី-អ៊ុយក្រែននោះឯង ចាប់ផ្ដើមតម្លៃប្រេងឡើងរង្គើផែនដី។ ខាងមុខនេះ រុស្ស៊ី និងអ៊ុយក្រែន គឺជាប្រទេសដែលផលិតស្រូវភោជសាលីច្រើន អាចថាចង់ច្រើនជាងគេផង។ ឯណោះផលិតអត់បាន ហើយនាំចេញមិនរួច អ៊ុយក្រែនគាត់ពិបាកផលិតហើយ ព្រោះគាត់(កំពុងមាន)សង្គ្រាម។ រុស្ស៊ីគាត់ផលិតបាន ប៉ុន្តែ នាំចេញមិនរួច ដោយសារជាប់ទណ្ឌកម្ម។ ឥឡូវ ឥណ្ឌាថារលកកម្តៅ(ធ្វើឱ្យ)ប៉ះពាល់ទៅដល់ការផលិតរបស់គាត់។ តែខ្ញុំមិនប្រាកដទេ ឃើញព័ត៌មានអញ្ចឹង ថាមានការហាមឃាត់(នាំចេញ)ភោជសាលី។
តើជាការហាមឃាត់ទាំងអង្ករផងដែរឬទេ? ប្រទេសនាំចេញធំៗមាន៖ ឥណ្ឌា ថៃ វៀតណាម។ កម្ពុជា គឺជាប្រទេសនាំចេញតូចទេ ពិតមែនតែខ្លួនមានអតិរេកស្រូវជាង ៦ លានតោន បើគិតជាអង្ករជិត ៤ លានតោន ក៏ប៉ុន្តែ ការនាំចេញខ្លួនឯងនេះ ទាំងទៅវៀតណាមជាផ្លូវការ ទាំងទៅចិនជាផ្លូវការ ទាំងទៅអឺរ៉ុប និងប្រទេសដទៃក្នុងអាស៊ាន យើងមិនទាន់ដើរដល់ ១ លានតោន នៅឡើយទេ ដោយសារសមត្ថភាព នៃការកែច្នៃ …។
ចាប់ផ្តើមជាមួយកម្លាំង ៤ ប្រភេទ ប្រយុទ្ធនឹងកូវីដ-១៩ ឥឡូវ មានកម្លាំង ៥
អញ្ចឹង អ្វីដែលយើងបាននឹងកំពុងធ្វើទាក់ទងនឹងវិស័យសុខាភិបាល វាមានចំណែកដ៏ធំ ក្នុងការជួយទៅដល់ការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ដែលយើងត្រូវតែអបអរសាទរជាមួយរឿងនេះ។ អរគុណសម្រាប់លោក/អ្នកគ្រូពេទ្យទាំងអស់ (និង)គ្រប់ឯកទេស ហើយគ្រប់កម្រិត មានវេជ្ជបណ្ឌិត មានផ្នែកច្រើន ដែលបានចូលរួមនៅក្នុងចលនានេះ។ ទោះបីខ្លួនឯងជួបប្រទះនូវការឆ្លង(កូវីដ-១៩)ខ្លួនឯង ឬក៏តម្រូវឱ្យធ្វើចត្តាឡីស័ក មិនអាចទៅជួបជុំក្រុមគ្រួសារ ប៉ុន្តែ បានរួមចំណែកជាមួយនឹងពេទ្យ។ ខ្ញុំក៏សូមអរគុណ ចំពោះថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង ក៏ដូចជា ថ្នាក់ដឹកនាំ(ដទៃទៀត) នៃក្រសួងសុខាភិបាល ដែលបានជួយមើលថែទាំ និងសហការជាមួយគ្នា។
នេះមិនមែនជាក្រសួងសុខាភិបាលទេ នេះជាកម្លាំងជំនួយ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាមួយនឹងកម្លាំងពេទ្យរដ្ឋដែលមាន។ មុននេះយើងប្រើកម្លាំង ៤។ កម្លាំង ៤ នេះ បានធ្វើសកម្មភាពព្រមៗគ្នា។ ទី (១) ពេទ្យរដ្ឋ។ ទី (២) ពេទ្យយោធា។ ទី (៣) ពេទ្យនគរបាល និងទី (៤) ពេទ្យស្ម័គ្រចិត្តរបស់យើង។ ឥឡូវនេះ ប៉ុន្មានខែកន្លងទៅនេះ គ្រូពេទ្យឯកជនចាប់ផ្ដើមចូលរួមហើយ។ អញ្ចឹង មកដល់ពេលនេះ កម្លាំងដែលយើងធ្វើការប្រយុទ្ធជាមួយកូវីដ-១៩ គឺកម្លាំងឯកជនបានចូលរួមហើយៗយើងត្រូវបន្តការខិតខំជាមួយកម្លាំងទាំងអស់នេះតទៅទៀត អត់ទាន់ព្រលែងដៃចោលបានទេ។
បង្វែរសកម្មភាព TYDA ពីការពិនិត្យ ព្យាបាល យកសំណាកកូវីដ១៩ មកចូលរួមចាក់វ៉ាក់សាំង
ខ្ញុំនៅតែនឹកឃើញប្រពន្ធរបស់ខ្ញុំ មួយថ្ងៃៗគាត់គិតតែពីរឿងផ្ញើដូង។ សូម្បីពេទ្យរុស្ស៊ីនេះក៏បានដូងដែរ។ មិនដឹងពេទ្យប៉ុន្មានកន្លែង(ទេ) ដឹងតែពេទ្យរុស្ស៊ីប្រឆាំងកូវីដ-១៩ បានដូង។ ប៉ុន្តែ ពួក TYDA បានច្រើនជាងគេ ព្រោះដូងនៅឯណោះមាន។ អញ្ចឹង គាត់នាំគ្នាទៅកាប់ ទៅចាត់ចែងផ្ញើដូងមកឱ្យក្រុមគ្រូពេទ្យរបស់យើង ដើម្បីមានកម្លាំងធ្វើការ។ ឥឡូវ ត្រូវរក្សាឱ្យបាននូវកិត្តិនាមជា “កងទ័ពអាវស” ខ្ញុំគិតថា ឥឡូវនេះ ដោយសារការពិនិត្យព្យាបាល និងការយកសំណាកអីហ្នឹងចុះថយនៅសល់តិច TYDA គួរចូលរួមឱ្យច្រើនជាងនេះទៀត ទៅលើការចាក់វ៉ាក់សាំង។ លោកជំទាវ ឱ វណ្ណឌីន គួរតែរៀបចំឱ្យ TYDA ធ្វើសកម្មភាពបានច្រើនថែមទៀត ទៅលើបញ្ហាការចាក់វ៉ាក់សាំង ព្រោះឥឡូវវ៉ាក់សាំងបានចាក់ត្រឹមតែ ៣០ ម៉ឺននាក់។
ពេលនោះ យើងជាប់ដៃប្រយុទ្ធនៅកន្លែងច្រើន ឥឡូវ អ្នកដែលប្រយុទ្ធនោះ គឺលែងប្រយុទ្ធហើយ។ ដូច្នេះមុខងារដែលបន្ត គួរតែត្រូវបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំង និយាយរួម រុញធ្វើម៉េចឱ្យប្រជាជនយើងមានអាវក្រោះការពារខ្លួន … ខ្ញុំមិនយូរប៉ុន្មានទេ ទាមទាររកដូសទី ៥ ដែរ។ គ្រូពេទ្យត្រៀមទុកឱ្យហើយទៅ។ ដូសទី ៥ សម្រាប់ខ្ញុំ ត្រូវ(ចាក់)ស្អី? ព្រោះខ្ញុំបានចាក់រួចហើយ AstraZeneca ដូសទី ១ ដូសទី ២ ដូសទី ៣ (ឯ) Pfizer ដូសទី ៤ ហើយនៅមានស្អីជាដូសទី ៥ សម្រាប់ខ្ញុំនោះ ឬក៏ត្រូវចាំយកឈាមខ្ញុំទៅមើលសិន ដើម្បីឱ្យដឹងថា អង់ទីគ័ររបស់ខ្ញុំនៅប៉ុន្មាន? អត់អីទេ ត្រូវយកក៏យក ព្រោះពេលដែលឈឺ គ្មាននរណាឈឺជួសយើងទេ។
អញ្ចឹង បានពេលដែលចុះ(ពីយន្តហោះ) ទោះបីប្រទេសយើងអត់មានតម្រូវការ ប៉ុន្តែ ដោយសារនៅសហរដ្ឋអាមេរិកការឆ្លងហ្នឹងវានៅច្រើនដែរ ហើយគេកំពុងព្យាករថា នៅអាមេរិកអាចនឹងមានការកើនឡើង អញ្ចឹងដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា ខ្ញុំក៏ត្រូវធ្វើ Rapid test ហើយ PCR ក៏ធ្វើ តាំងពីម៉ោង ១១ យប់ម្សិល។ (ពេទ្យ) ចំរើន Voice សម្លេងទៅថា ទាំងអស់គ្នាអត់មាននរណាកើតអីទេ។ ក្រែងលោតេស្ដរហ័សធ្វើមិនឃើញ ត្រូវធ្វើ PCR ទៀត ដើម្បីធានា ព្រោះខ្ញុំមានចៅច្រើន។ មានចៅមួយនោះ ទី ២២ ក៏ទៅដែរ តែឃើញតែមុខជីតាដឹងតែយំតែម្ដង។ ប៉ុន្តែ ទី ២១ ម្សិលមិញប្លែកតែម្ដង ប្រហែលជានឹកជីតា បាត់ជីតាប៉ុន្មានថ្ងៃ មកដល់ឃើញឱបតែម្ដង។ (សួរ)ថានឹកតាឬអត់? ថើប ១ ខ្សឺតៗ ក្មេងវាដឹងដែរ។ ម្ដាយវាត្រូវទៅសួរសុខទុក្ខឪពុកធំនៅបាងកក។ មកដល់ម៉ោងនេះ អត់ទាន់ហ៊ានឱ្យដឹងថាប្អូនទី ២ របស់គាត់ ទទួលមរណភាពទេ។ នេះសំណាងហើយដែលគាត់មិនចេះលេងអនឡាញ ហ្វេសប៊ុកស្អីៗហ្នឹង។ ប្រសិនជាគាត់លេងអស់ហ្នឹងទៀត គឺគាត់ដឹង។ ខ្ញុំមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចជាមួយគាត់? ប៉ុន្តែ ចាំឱ្យគាត់ជាសិន។ វាពិបាកទទួលយក។ ពិបាកពេក។ ពូជនេះវាមិនដែលមាននរណារឿង(បញ្ហា)បេះដូង គឺអត់តែម្ដង។
ប្តូរថ្ងៃកំណើតមក ៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥ កើត ខែស្រាព ឆ្នាំរោង
មានរឿងមួយ ដែលខ្ញុំគួរតែនិយាយ។ ក្រោយពេលដែលគាត់ផុតទៅហើយ ខ្ញុំក៏ប្រើឱ្យគេធ្វើប្រវត្តិរូបស្អីៗ នោះ ដើម្បីជូនដំណឹង។ ទៅដល់ អុញ! ម៉េចក៏បងប្រើថ្ងៃខែអញ្ចឹង។ គាត់ដាក់ឆ្នាំត្រូវហើយ។ ខ្ញុំចាំប្រវត្តិរូប ២ ច្បាស់ណាស់ ព្រោះកាលពីដើម តែថ្នាក់មជ្ឈិមដ្ឋានចាប់ផ្ដើមរៀនភាសាបារាំងហើយៗគ្រូរបស់យើងពេលនោះចូលចិត្តណាស់សួររឿងអាយុប៉ុន្មាន? ខ្ញុំចាំបងប្រុសរបស់ខ្ញុំ ហ៊ុន ឡុងសេង né le 2 Avril 1950 ឯខ្ញុំនេះ ហ៊ុន បូណាល់ né le 5 Août 1952។ អញ្ចឹង បើនិយាយពីកើតថ្ងៃ(ទី)២ ខែមេសា គឺគាត់នៅក្នុងឆ្នាំឆ្លូវ ដល់គាត់មកយកខែវិច្ឆិកា គាត់នៅក្នុងឆ្នាំខាល គឺឆុងឆ្នាំហ្នឹងតែម្តង។ នៅក្នុងចំណោមគ្រួសារខ្ញុំអត់មានអ្នកណាមួយរឿង(គាំង)បេះដូងទេ។ ឪពុកខ្ញុំ នៅពេលដែលគាត់ខូច បេះដូងរបស់គាត់នៅលោតខ្លាំង បាត់ជីពចរហ្នឹងហើយ គឺត្រឡប់មកវិញចូលបាន ១ ម៉ោងទៀត ប៉ុន្តែនេះ គាំងទៅតែម្តង។ រឿងនេះ ខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម កើត រិទ្ធិ ខ្ញុំវិលមករកថ្ងៃខែកំណើតរបស់ខ្ញុំវិញ។ ថ្ងៃខែកំណើតរបស់ខ្ញុំ ឥឡូវ ខ្ញុំដាក់យកថ្ងៃដែលខ្ញុំចូលព្រៃ (គឺ)ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១។ ឆ្នាំ១៩៥១ ហ្នឹងវាយខុស វាយថ្ងៃទី៤ ខែមេសា គឺខ្ញុំចូលព្រៃ។ ឥឡូវ ពេលដែលខ្ញុំទៅស្វីសសិន ត្រឡប់ពីស្វីសមកវិញ ខ្ញុំត្រូវសុំឱ្យតុលាការកាត់ឱ្យត្រូវតាមឈ្មោះ តាមថ្ងៃ/ខែរបស់ខ្ញុំ។
ខ្ញុំកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥ កើត ខែស្រាពណ៌ ឆ្នាំរោង។ អញ្ចឹង ពេលដែលតុលាការកាត់ហើយ គេរុញទៅអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដូរទាំងអស់ ដូរតាំងពីថ្ងៃខែកំណើតនៅហ្នឹង ដូរអត្តសញ្ញាណប័ណ្ណ ដូរទាំង Passport។ ដំបូងត្រូវធ្វើថ្វាយទៅព្រះមហាក្សត្រ ដើម្បីធ្វើការថ្វាយព្រះអង្គ ព្រោះព្រះអង្គត្រូវជូនពរជារៀងរាល់ឆ្នាំ ដើម្បីផ្អាកឈប់ ហើយប្រកាសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយធ្វើ Note ទូតទៅឱ្យបរទេសបានដឹងដែរ អំពីការកែតម្រូវនេះ។ បងរបស់ខ្ញុំ គឺគាត់ឆ្នាំឆ្លូវ ស្រាប់តែពេលគិតមើលក្នុងហ្នឹង ទាញយកមកនៅឆ្នាំខាល ហើយវាឆុងឆ្នាំត្រង់ហ្នឹងតែម្តង។ គាត់ក៏កើតថ្ងៃ ១៥ កើតដូចគ្នា គាត់កើតថ្ងៃអាទិត្យ ១៥ កើត ដូចជាខែប៉ុន្មានទេ ខ្ញុំមាន Note បញ្ចូលមកក្នុងនេះដែរ។
និយាយរួម ពូជខ្ញុំនេះរកតែថ្ងៃសីលតែម្តង បើចៅខ្ញុំនោះ កើតចំពិសាខបូជាក៏មាន រកចំតែថ្ងៃសីលតែម្តង។ ចៅជាងពាក់កណ្តាល កើតចំតែថ្ងៃសីល រកតែថ្ងៃសីលបានកើត។ ក្នុងចំណោមបងប្អូនប្រុស ៣ នាក់ (មាន) ២ នាក់ កើតថ្ងៃ(ចំ)ពេញបូរមី។ ឥឡូវ អត់ទាន់ធ្វើទេ ព្រោះត្រូវតុលាការកាត់មុន។ ខ្ញុំត្រូវពឹងរដ្ឋមន្ត្រីយុត្តិធម៌។ ពិភាក្សាជាមួយគ្នា។ ដំបូងគិតថាសុំព្រះរាជក្រឹត្យ ប៉ុន្តែ អត់ទេ។ ទាល់តែតុលាការកាត់ចេញហើយ បានយើងទៅខាងអត្រានុកូលដ្ឋាន ហើយខាងអត្តសញ្ញាណកម្ម គេចេញប័ណ្ណអត្តសញ្ញាណប័ណ្ណឱ្យយើង បានយើងត្រូវទៅប្រាប់ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទៅកែតម្រូវថ្ងៃខែឆ្នាំកំណើត។
និយាយរួមដូរទាំងអស់។ ពេលខ្លះក៏ត្រូវជឿដែរ។ ខ្ញុំរកនឹកមិនឃើញ។ ទើបនឹងទៅពេទ្យសាំងហ្គាពួរមកវិញអត់ទាន់បាន ១០ ថ្ងៃផង ពិនិត្យអត់មានអីទាំងអស់ ហើយថ្ងៃណុងត្រូវចូលប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍សភា លឺបងថ្លៃខ្ញុំនិយាយថា ស្លៀកពាក់រួចហើយ ទៅសួរប្រពន្ធ ថាស្លៀកប៉ុណ្ណឹងស្អាតឬអត់? ប្រពន្ធថា រាងខ្មៅបន្តិច ហើយចូលទៅបន្ទប់ប្រជុំទៅ។ ចេញមកវិញថា រកចិញ្ចៀនពាក់ …។
ម្សិលមិញឃើញ(បងប្រុស ដែលកំពុងសំរាកនៅពេទ្យ)និយាយជាមួយក្មួយៗ។ ក្មួយៗចេះតែបង្អាប់ថា អ៊ំឯងយកប្រពន្ធមួយទៀតទៅស្រណុកថែទាំ។ គាត់ថា អើ! អញយក តែយកឈ្មោះ ជ្រឹង គឹមហេង … ប្រពន្ធគាត់ហ្នឹងណា។ តែប្រពន្ធគាត់បានស្លាប់តាំងពី(ឆ្នាំ)២០១២។ (ឆ្នាំ)២០១៣ ពេលហ្នឹងតាកំពុងឈឺ អត់ហ៊ានឱ្យឪពុកដឹង។ គាត់អត់បានដឹងថា កូនប្រសារគាត់ស្លាប់ទេ ហើយគាត់ចាត់ទុកថា ជាបុរសស្មោះសេ្នហ៍ហើយ។ តាំងពីពេលហ្នឹងមក។ ខ្លះគេលេងថា បុណ្យអីសប្បាយជាងគេជំនាន់ តាព្រាបពិជ័យ នៅកំពង់ចាម … អ្នកនេះថាបុណ្យភ្ជុំ អ្នកនេះថាបុណ្យចូលឆ្នាំ អ្នកនេះថាបុណ្យនេះ/នោះ តាព្រាបពិជ័យ ថាបុណ្យដែលសប្បាយជាងគេ គឺបុណ្យខ្មោចប្រពន្ធ។ នេះគ្រាន់តែជាការនិយាយលេងទេ …។
ឈានដល់ការស្រុះស្រួល លើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-សហរដ្ឋអាមេរិក
… អនុញ្ញាតឱ្យខ្ញុំនិយាយបន្តិច អំពីបញ្ហាដែលបានកើតឡើងនៅឯវ៉ាស៊ីនតោន។ ការប្រជុំអាស៊ាន-អាមេរិកលើកនេះ អាចចាត់ទុកថា ជាការប្រជុំប្រវត្តិសាស្ត្រមួយ ហើយការហៅប្រជុំពិសេសនេះ គឺពិតជាត្រឹមត្រូវ ដោយសារចំខួបលើកទី ៤៥ នៃទំនាក់ទំនង រវាងអាស៊ាន-អាមេរិក។ ការចេញសេចក្តីថ្លែងការណ៍អីហូរហែមក គឺវាល្អ មិនមានជាបញ្ហាអីទេ។ ចរចាគ្នាឈានដល់ដំណាក់កាល នៃការស្រុះស្រួល ហើយចេញសេចក្តីថ្លែងការណ៍។ ការចេញសេចក្តីថ្លែងការណ៍នោះ ជាមូលដ្ឋាន នៃទំនាក់ទំនង ដែលយើងលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រ រវាងអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើនៅចុងឆ្នាំនេះ។ ខ្ញុំបានអញ្ជើញប្រធានាធិបតីអាមេរិក មកចូលរួមប្រជុំអាស៊ាន-អាមេរិក នៅទីក្រុងភ្នំពេញ ស្របពេលដែលការតំឡើងទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រអាស៊ាន-អាមេរិក តែមិនដឹងថា លទ្ធភាពរបស់គាត់បានមក ឬមិនបានមក គឺជារឿងមួយទៀតនៅពេលនោះ ព្រោះយើងនឹងប្រជុំផ្ទាល់។ អាគារសាលទាំងអស់នេះ ត្រៀមរៀបចំប្រជុំអាស៊ី-អឺរ៉ុបត្រង់ហ្នឹង។ អាស៊ានក៏ប្រជុំនៅហ្នឹង។ យើងមិនប្រជុំនៅកោះពេជ្រទេ យើងមករៀបចំប្រជុំនៅហ្នឹង។
ករណីអ្នកគប់ស្បែកជើង៖ បើចាត់ជាការសំដែងមតិ បើរឿងដូចគ្នាកើតនៅកម្ពុជា សូមកុំបន្ទោសកម្ពុជា
… ខ្ញុំជួបជាមួយនឹងប្រជាពលរដ្ឋប្រមាណជិត ២ ពាន់នាក់។ មុនពេលជំនួបនោះ ប្រជាពលរដ្ឋប្រមាណជាជាង ៣០០ នាក់ បានមកមុខសណ្ឋាគារ ដើម្បីស្វាគមន៍ខ្ញុំ ហើយខ្ញុំធ្វើដំណើរ។ អ្នកដែលគប់ខ្ញុំ គេកំពុងចាត់ទុកថាជាវីវបុរស។ រឿងនេះ ខ្ញុំសុំលើកបន្តិច ដើម្បីឱ្យបានដឹង ហើយជាសារបញ្ជូនទៅរដ្ឋការរបស់សហរដ្ឋអាមេរិកផង។ អតីតប្រធានាធិបតីអាមេរិក George W. Bush ក៏ត្រូវបានអ្នកសារព័ត៌មានចូលបន្លំទៅគប់ ២ ស្បែកជើង ប៉ុន្តែ ប្រធានាធិបតី Bush ក៏មិនត្រូវទេ។ ប្រធានាធិបតីបារាំង ដែលទើបនឹងជាប់ឆ្នោតថ្មីៗថែមទៀត មួយអាណត្តិក្រោយ គាត់ក៏ត្រូវគេទះកំផ្លៀងដែរ។ សម្រាប់ខ្ញុំៗបានឱ្យសារតាំងពីទីនេះថា សុំឱ្យបងប្អូនអ្នកដែលមកគាំទ្រខ្ញុំ កុំធ្វើសកម្មភាពណាមួយតបតជាមួយនឹងក្រុមប្រឆាំង។ គេធ្វើបាតុកម្មប្រឆាំងជាសិទ្ធិរបស់គេ។ យើងពិនិត្យហើយថតរូបភាពបាន មានការចូលរួមខ្មែរផង វៀតណាមផង ថៃផង មីយ៉ាន់ម៉ាផង មនុស្សរបស់គេប្រហែលជា ១០០ នាក់ ជាងដែរ ប៉ុន្តែ គេថាប៉ុន្មានក៏បានដែរ។
ឥឡូវ ឱ្យភ្លាមនោះ បើសិនជាខ្ញុំបណ្តោយ អ្នកដែលគប់ខ្ញុំនេះអាចនឹងគ្រោះថ្នាក់ហើយ។ កុំភ្លេចថា ក្រៅពីកម្លាំងអាមេរិក កម្លាំងរបស់យើងដែលនៅក្នុងក្រុមគាំទ្រនេះ អាចធ្វើសកម្មភាពភ្លាម។ ប៉ុន្តែ ខ្ញុំឱ្យបញ្ជាដាច់ណាត់រឿងនេះ។ ជាភ័ព្វសំណាងរបស់អ្នកឯងហើយ។ ខ្លួនខ្ញុំផ្ទាល់ ក្រសួងការបរទេសយើង ក៏មិនធ្វើសកម្មភាពអីដែរ។ ខ្ញុំបានទទួលសំណូមពរពីទីក្រុងភ្នំពេញ កម្លាំង ៣ សុំធ្វើបាតុកម្មប្រឆាំងទូតអាមេរិក ទាមទារឱ្យអាមេរិកដោះស្រាយ។ ប៉ុន្តែ ខ្ញុំបានប្រាប់មកទីក្រុងភ្នំពេញថា កុំធ្វើអ្វីទាំងអស់។ ហេតុអ្វីបានជាខ្ញុំត្រូវប្រាប់គេអញ្ចឹង? ចាំទេ(ឆ្នាំ)២០១៦ ពេលដែលខ្ញុំទៅប្រទេសបារាំង(ឆ្នាំ)២០១៦ ឬ(ឆ្នាំ)២០០០ ប៉ុន្មានទេ គេធ្វើបាតុកម្មប្រឆាំងបារាំង ប្រតិកម្មនៅភ្នំពេញ វ៉ៃអ្នកតំណាងរាស្ត្រ។ ខ្ញុំព្រួយណាស់រឿងហ្នឹង។ អញ្ចឹងបានខ្ញុំត្រូវគ្រប់គ្រងសភាពការណ៍ភ្លាម។ អត់ឱ្យធ្វើអី នៅទីនោះក៏អត់ឱ្យធ្វើអី នៅទីនេះក៏មិនឱ្យធ្វើអី។ ឥឡូវអ្នកទាំងនេះ គេចាត់ទុកថា (ជា)វីរៈបុរស។
ប៉ុន្តែ ខ្ញុំសុំជូនសារដោយមានការពិចារណាទៅលើទិដ្ឋភាពច្បាប់ និងនយោបាយ។ សុំកុំភ្លេច ភាគីអាមេរិកខ្លួនឯង ដែលជាអ្នកទទួលខុសត្រូវលើបញ្ហាសន្តិសុខ តើទង្វើគប់បែបនេះ ដោយមានការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែត តាមរយៈបទសំភាសន៍ ដែលមាន(ការ)តាមទៅដល់សេអ៊ូល មានរបៀបរៀបចំធ្វើយ៉ាងម៉េច ដើម្បីឱ្យបានចូល។ ជាការប៉ុនប៉ង ហើយក៏បានធ្វើសកម្មភាពហើយដែរ។ តើសហរដ្ឋអាមេរិកចាត់ទុកថា នេះជាសិទ្ធិបញ្ចេញមតិ ឬក៏ជាហិង្សា? ខ្ញុំផ្តាំផ្ញើទៅភាគីអាមេរិក ខ្ញុំមិនប្រដៅអាមេរិកទេ អាមេរិកត្រូវគិតឱ្យច្បាស់លើចំណុចនេះ។ សង្ឃឹមថា ឯកឧត្តមអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញ បញ្ជូនសារនេះទាំងស្រុងទៅកាន់រដ្ឋបាលអាមេរិក។ ប្រសិនបើអាមេរិកចាត់ទុកថា រឿងនេះ ជាសិទ្ធិបញ្ចេញមតិ ប្រហែលជារឿងនេះនឹងកើតនៅគ្រប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជា។
អញ្ចឹង ក្រុមអ្នកប្រឆាំង ហ៊ុន សែន ទាំងប៉ុន្មាន ត្រៀមត្រូវក្បាលនឹងស្បែកជើង។ រឿងនេះ មិនមែនជារឿងតូចតាចទេ។ សុំសហរដ្ឋអាមេរិកគិតគូរឱ្យបានច្បាស់។ បើចាត់ទុកសកម្មភាពហិង្សាដោយការវ៉ៃនឹងស្បែកជើងជាសិទ្ធិបញ្ចេញមតិ នៅលើពិភពលោកនេះ គ្មានច្បាប់ទម្លាប់ទៀតទេ ហើយនៅកម្ពុជាក៏គ្មានច្បាប់ទម្លាប់ដែរ។ គេបានដឹងថា អ្នកណានៅទីក្រុងភ្នំពេញជាក្រុមហ្នឹង។ អ្នកហ្នឹងក៏ត្រៀមត្រូវត្រៀមក្បាលនឹងស្បែកជើងដែរ។ នេះមិនមែនជាការគំរាមទេ តែជាការវិភាគជូនទិដ្ឋភាពច្បាប់ តភ្ជាប់នឹងផ្លូវនយោបាយ។ ពិតហើយ អ្នកនេះបានទទួលស្គាល់ថា បារមីគាត់ខ្ពស់គប់មិនត្រូវ។ អើ! បើទទួលថាបារមីខ្ពស់ដែរ ម៉េចក៏យើងនៅប្រព្រឹត្ដ។
ឥឡូវ ខ្ញុំកំពុងសង្ស័យថា បងប្អូនយើងកំពុងកត់ឈ្មោះទុក អ្នកដែលចាត់ទុក(អ្នក)គប់នេះជាវីរបុរស។ ព្រោះបើនៅអាមេរិកធ្វើបាន នៅស្រុកខ្មែរក៏ធ្វើបានដូចគ្នា។ នេះជាការឡងមួយ ហើយហានិភ័យខ្ពស់ណាស់។ ខ្ញុំសំណូមពរបងប្អូនយើងអត់ធ្មត់ តែខ្លាចតែយើងគ្រប់គ្រងគេមិនបាន ព្រោះកំហឹងឈឺចាប់របស់គេវាធំធេងពេក។ (សូម)ចាំ ខ្ញុំមិនលើកទឹកចិត្តឱ្យមានអំពើហិង្សាណាមួយទេ។ ក្រុមអ្នកនៅអាមេរិកក្ដី អ្នកនៅកម្ពុជាក្ដី ខ្ញុំមិនឱ្យធ្វើសកម្មភាពអ្វីទាំងអស់។ យើងក៏មិនបានឱ្យក្រសួងការបរទេសរបស់យើងធ្វើ Note ទូតចាត់វិធានការផ្លូវច្បាប់ ចំពោះជននេះទេ។ ខ្ញុំខ្លួនឯងគ្រាន់តែលើកយកមកវិភាគតែប៉ុណ្ណឹង។ ខ្ញុំមិនសំណូមពរឱ្យអាមេរិកចាត់វិធានការផ្លូវច្បាប់ ចំពោះជននេះទេ។ គ្រាន់តែខ្ញុំប្រាប់ទៅអាមេរិកថា អាមេរិកដែលគេចាត់ទុកថាជាបិតាប្រជាធិបតេយ្យ និងនីតិរដ្ឋ ចាត់ទុកអំពើហិង្សាបែបនេះជាសិទ្ធិបញ្ចេញមតិ ពេលនោះ វាមានចរន្ដគ្រប់ទីកន្លែងរាប់ទាំងនៅកម្ពុជា។
ស្ដាប់ខ្ញុំឱ្យច្បាស់ ខ្ញុំមិនបានទាមទារឱ្យអាមេរិកចាត់វិធានការផ្លូវច្បាប់ ចំពោះជននេះទេ ហើយការដែលខ្ញុំមិននិយាយស្ដីអីមួយមាត់ ខ្ញុំក៏ចង់ដឹងថា អ្នកណាខ្លះបានលើកជននេះជាវិរបុរស? ហើយតើក្រុមនេះជាក្រុមណាពិតប្រាកដ? ពេលដែលខ្ញុំទៅដល់អាមេរិក ម្នាក់ដែលតែងតែវាយប្រហារប្រពន្ធខ្ញុំថាជាប្រពន្ធមេដឹកនាំវៀតណាម ម៉ាណែត ជាកូនមេដឹកនាំវៀតណាម បានចេញមកដាក់ពាក្យ(សុំទោស) ខ្ញុំបានហៅមកបាយទឹកជាមួយ ហៅដល់កូនទៀត។ តាមរយៈលោកពូ ម៉ក់ ហឺន ក្នុងឋានៈជាចាស់ទុំ។ គាត់បានប្រាប់មកខ្ញុំថា មានអ្នកទូរស័ព្ទមករកគាត់ ដើម្បីសុំការអធ្យាស្រ័យស្អីៗ(ពីខ្ញុំ)។ (ខ្ញុំថា) សូមលោកពូ ម៉ក់ ហឺន ក្នុងឋានៈជាចាស់ទុំ ដែលចង់ឱ្យខ្មែរបានសុខទាំងអស់គ្នា រួបរួមទាំងអស់គ្នា សូមលោកពូធ្វើចុះ។ ពេលដែលលោកពូ ម៉ក់ ហឺន ចេញមក គឺមានអ្នកទាក់ទងទៅគាត់ ឱ្យគាត់ទៅចូលរួម ដើម្បីបញ្ជាក់ប្រាប់ អំពីអ្វីដែលបានធ្វើ បានកើតឡើងស្អីៗ។
ខ្ញុំភ្ញាក់តាំងម៉ោង ៣ ហើយចេះតែមើលឃ្លីបលោកពូ ម៉ក់ ហឺន។ គាត់និយាយ ហើយក៏ចង់ដឹងមើលគេធ្វើសំភាសន៍ហ្នឹងគេនិយាយពីអី? លឺតែគេថា លោក ហ៊ុន សែន ហ្នឹងមានបារមីខ្ពស់។ អញ្ចឹង ដល់ពេលខ្ញុំស្ដាប់ទៅ (អ្នកនឹង)មានការប៉ុនប៉ងតាំងពីណាពីណីមកឯនោះ ហើយមកធ្វើសកម្មភាពជាក់ស្ដែង(ពេលនេះ) គ្រាន់តែសកម្មភាពនេះវាមិនត្រូវ។ ចុះបើ(គប់)ត្រូវវាយ៉ាងម៉េច? ប៉ុន្ដែ បានប្រព្រឹត្ដទៅហើយ។ បើអាមេរិកចាត់ទុកថា (ការ)យកស្បែកជើងគប់គេ (ដោយ)ពុំបាច់ចាត់ទុកថា ខ្ញុំ(ក្នុងឋានៈជា)នាយករដ្ឋមន្ដ្រីទេ ចាត់ទុកថាខ្ញុំជាមនុស្សធម្មតាទៅបានហើយ តើនេះជាសិទ្ធិបញ្ចេញមតិទេ? បើសិទ្ធិបញ្ចេញមតិបែបនេះ(ការគប់ស្បែកជើងដាក់គេ)ធ្វើបាននៅលើទឹកដីបិតាប្រជាធិបតេយ្យ និងនីតិរដ្ឋ សកម្មភាពបែបនេះក៏កើតនៅប្រទេសដទៃ ហើយក្នុងនោះក៏កើតនៅកម្ពុជាដែរ។
ខ្ញុំក៏ចង់ដឹងដែរថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលតែងតែជំទាស់នឹងហិង្សា តើគេធ្វើសេចក្ដីថ្លែងការបែបណា ព្រោះគេនៅស្ងាត់ជ្រងំ? ជួនកាលថ្ងៃនេះ គេអាចបំផុសថា យើងកំពុងបំផុសហិង្សា នៅពេលដែលយើងកំពុងបកស្រាយ អំពីទិដ្ឋភាពច្បាប់ និងផ្លូវនយោបាយ។ ខ្ញុំគ្មានសំណូមពរណាមួយឱ្យអាមេរិកដាក់ទោស ហើយនៅពេលដែលអាមេរិកដាក់ទោសនេះ។
កង្វល់របស់ខ្ញុំមួយទៀត ប្រសិនបើម្នាក់នេះត្រូវជាប់ទោស ម្នាក់នេះក៏ត្រូវជាប់ក្នុងសំណុំរឿងដែលត្រូវបណ្ដេញចេញពីអាមេរិកមកកម្ពុជា ដូចអ្នកជាប់គុកដទៃទៀត ហើយឥឡូវនេះ កំពុងនៅសល់ប៉ុន្មានរយនាក់ទៀតកំពុងធ្វើសំភាសន៍។ បើមកជាន់កម្ពុជាហើយ គឺគ្រោះថ្នាក់។ យើងការពារបានតែពេលថ្ងៃទេ (តែពេលយប់)ទៅនៅឯណា? យើងមិនមែនឱ្យទៅរស់នៅអូតែលផ្កាយប្រាំ ការពារមួយជីវិតឯណា? ខ្ញុំកង្វល់កន្លែងហ្នឹង។ កង្វល់ទាំងអ្នកដាក់ពិន្ទុឱ្យម្នាក់នឹងជាវិរបុរស(ទៅ)ទៀត។ ក្នុងឋានៈជាអ្នកគ្រប់គ្រងប្រទេស ខិតខំធ្វើយ៉ាងម៉េចឱ្យប្រជាជនបានរស់បានសុខ តាំងពីការចាប់ផ្ដើម(បញ្ចប់សង្គ្រាម)រហូតមកដល់សម័យ កូវីដ-១៩ វាយលុកការពារជីវិតប្រជាជន។
ស្ដាយណាស់(ជីវិតប្រជាជន)ជាង ៣ ពាន់ នាក់ ប៉ុន្ដែឥឡូវយើងបានទប់ស្កាត់មិនឱ្យស្លាប់បន្ដ។ ខ្ញុំមិននឹកដល់សោះ ប៉ុន្ដែ តាមការស្មានរបស់ខ្ញុំ មិនមែនសហរដ្ឋអាមេរិកមិនយកចិត្តទុកដាក់ទេ គេច្បាស់ជាកំពុងធ្វើការស៊ើបអង្កេតហើយលើរឿងនេះ។ ខ្ញុំគ្រាន់តែពន្យល់ ចំពោះសាធារណជន ឬអាចជាការរំលឹកដល់រដ្ឋការអាមេរិក។ ខ្ញុំមិនទាមទារឱ្យមានការដាក់ទោស(បុគ្គលនោះ)ទេ ប៉ុន្ដែ ច្បាប់អាមេរិកត្រូវធ្វើយ៉ាងម៉េចជារឿងរបស់អាមេរិក។ ចំាទេ ប្រធានាធិបតី ប៊ូស George W. Bush ក្រោយពេលដែលគេគប់ស្បែកជើងពីរទៅលើគាត់ៗ បានប្រាប់ថា កុំយកទោសពៃរ៍គេ ប៉ុន្ដែ ខាងអ៊ីរ៉ាក់គេថា អត់បានទេ ត្រូវដាក់ទោស (៣ ឆ្នាំ ប៉ុន្ដែ គេទម្លាក់មកសល់ ១ ឆ្នាំវិញ)។
ខ្ញុំក៏ធ្វើដូចករណីប្រធានាធិបតី George W. Bush ដែរ ខ្ញុំមិនទាមទារឱ្យអាមេរិកដាក់ទោសអ្នកនេះទេ ប៉ុន្ដែច្បាប់របស់អាមេរិកយ៉ាងណានោះ វាអាស្រ័យលើអាមេរិកប៉ុណ្ណោះឯង។ បើអាមេរិកចាត់ទុកជននេះ គឺជាការសំដែងមតិ តាមរយៈការយកស្បែកជើងគប់ក្បាលមនុស្ស គ្រាន់តែជម្រាបទៅអាមេរិកថា (បើ)រឿងបែបនេះ កើតនៅកម្ពុជា សូមកុំបន្ទោសកម្ពុជា។ សង្ឃឹមថា អគ្គរដ្ឋទូតអាមេរិកនៅទីនេះស្ដាប់បាន បងប្អូននៅអាមេរិកក៏ស្ដាប់បាន អ្នកប្រព្រឹត្ដក៏ស្ដាប់បាន ហើយអ្នកដែលទៅធ្វើសំភាសន៍ក៏ស្ដាប់បាន វិទ្យុនានាមិនយកសំឡេងរបស់ខ្ញុំទៅបំភាន់ទេ។ ទូរទស្សន៍នានាក៏គួរកាត់ខ្លឹមសារកន្លែងនេះយកមកផ្សាយ ដើម្បីកុំឱ្យគេបំភាន់។
ខ្ញុំមិន(បាន)ទាមទារឱ្យគេដាក់ទោសជននេះទេ ក៏ប៉ុន្ដែ ច្បាប់អាមេរិកយ៉ាងណានោះ គឺទុកឱ្យអាមេរិកជាអ្នកសំរេច។ បើអាមេរិកចាត់ទុកចាត់ទុកថា ការយកស្បែកជើងគប់ក្បាលគេជាសិទ្ធិបញ្ចេញមតិ ករណីនេះនឹងរាលដាលទៅប្រទេសដទៃ ហើយក៏មាននៅកម្ពុជាដែរ។ សូមអង្គការក្រៅរដ្ឋាភិបាលនានា ប្រយ័ត្នប្រយែងទៅលើការធ្វើអត្ថាធិប្បាយខុស ព្រោះនៅប្រទេសកម្ពុជាកំពុងខឹងសម្បារយ៉ាងខ្លាំង ត្រៀមតែនឹងផ្ទុះទេ។ សូមឱ្យមានការប្រុងប្រយ័ត្ន ទៅលើការធ្វើអត្ថាធិប្បាយណាមួយ សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា ព្រោះរឿងខ្ញុំមិនមែនត្រឹមតែប៉ុណ្ណឹងទេ។
នៅចាំ(ទេ) ថ្ងៃទី ២៤ កញ្ញា ១៩៩៨ គ្រាប់បេ ៤ គ្រាប់ បាញ់មកលើឡានខ្ញុំ។ សំណាងល្អ អ្នកតាមថែទាំ បារមីការពារខ្ញុំ ផ្ទុះតែ ១ គ្រាប់ ខុសឡានបន្ដិច។ បើវាត្រូវតែ ១ គ្រាប់ ហ្នឹងក៏ខ្ទេចដែរ រកឆ្អឹងមិនឃើញទេ … មិនមែនជាលើកទី ១ ទេ ដែលគេព្យាយាមធ្វើឃាតលើខ្ញុំ វាយប្រហារខ្ញុំ។ ច្រើនលើកហើយ។ វាមិនចម្លែក។ វាមិនបង្កើតនូវការភ័យរន្ធត់ណាមួយ សម្រាប់ខ្ញុំទេ ប៉ុន្ដែឥឡូវវនះ អ្វីដែលខ្ញុំកំពុងតែព្រួយ គឺសុវត្ថិភាពមេដឹកនាំប្រឆាំង គឺនិយាយឱ្យច្បាស់អញ្ចឹងតែម្ដង។ បើនៅឯណោះ(អាមេរិក)ចាត់ទុកថា (ការគប់ស្បែកជើង)ជាសេរីភាព នៃការបញ្ចេញមតិ នៅឯណេះក៏អាចគប់ក្បាលមេដឹកនាំប្រឆាំងនៅស្រុកខ្មែរបានដែរ។ សូមគិតកន្លែងហ្នឹងឱ្យច្បាស់។ កម្ពុជាជាប្រទេសតូចតាចទេ ប៉ុន្ដែ កម្ពុជាស្គាល់ហេតុផល។
ខ្ញុំសូម(ឱ្យ)បងប្អូននៅក្នុងប្រទេស ក៏ដូចជា បងប្អូននៅក្រៅប្រទេស ដែលគាំទ្រខ្ញុំ គាំទ្រគណបក្សប្រជាជន (គាំទ្រ)រាជរដ្ឋាភិបាល (សូម)រក្សានូវភាពនឹងនរស្ងប់ស្ងាត់ ទុកឱ្យភាគីអាមេរិកចាត់ចែង ហើយយើងនឹងរង់ចាំមើល។ ខ្ញុំ(បាន)ហាមប្រាម ចំពោះក្រសួងការបរទេសកម្ពុជា កុំធ្វើ Note ទូតចូលទៅទូតអាមេរិក ហើយសូមហាមប្រាមទៅអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាមេរិក កុំធ្វើ Note ទូតប្ដឹងផ្ដល់ទៅក្រសួងការបរទេសអាមេរិក ព្រោះនេះអ្នកបើកឡានក្ដី អ្នកស្អីក្ដី គឺអាមេរិកទាំងអស់។
អង្គរក្សរបស់ខ្ញុំមិនមានសិទ្ធិមកបើកទ្វារឡានទេ។ របៀបការពាររបស់អាមេរិក គឺច្បាស់ណាស់ ដូចនៅហុងកុង តែខ្លាំងជាងហុងកុង។ ឡានឈប់ព្រឹប អង្គរក្សមកអមទ្វារឡានទាំងសងខាង។ យើងអត់មានសិទ្ធិបើកទា្វរឡានទេ។ គេគ្រប់គ្រងស្ថានភាពការណ៍ជុំវិញបានហើយ ទើបគេបើកទា្វរឱ្យយើង។ ពេលឡើង Ascenseur បើកាលណាអ្នកនៅខាងក្រៅមិនទាន់មានអង្គរក្សទៅគ្រប់គ្រងស្ថានការនៅទីហ្នឹងបានទេ គេអត់ទាន់ឱ្យយើងចេញពី Ascenseur ទេ។ អាចចាត់ទុកថា នៅលើពិភពលោកយើងនេះការ ការពារដែលហ្មត់ចត់បំផុត គឺនៅអាមេរិកហើយ។ ខ្ញុំធ្លាប់អាមេរិកការពារខ្ញុំតាំងពីឆ្នាំ១៩៩២ ពេលដែលធ្វើដំណើរ ជួនកាលខ្ញុំអត់ចង់ជិះឡានទេ។ ចេញពីអង្គការសហប្រជាជាតិខ្ញុំដើរ។ អញ្ចឹង របៀបអង្គរក្សដែលគេដើរ អត់មានបាញ់ចូលបានទេ បើបាញ់មកក៏ត្រូវអង្គរក្ស។ របៀបអាមេរិកហ្វឹកហាត់ អំពីអង្គរក្សរបស់គេច្បាស់ណាស់។
អញ្ចឹង រឿងនេះ ជារឿងរបស់សហរដ្ឋអាមេរិកសុទ្ធសាធ។ ប្រធានាធិបតីអាមេរិកអញ្ជើញខ្ញុំទៅ ពេលដែលខ្ញុំចុះពីលើយន្តហោះ ទង់ជាតិអាមេរិក និងទង់ជាតិកម្ពុជា ត្រូវដង្ហែដោយកងទ័ព។ នៅលើរថយន្ត ដែលខ្ញុំជិះមានទង់ជាតិកម្ពុជា និងទង់ជាតិអាមេរិក។ អង្គរក្សទាំងអស់ គឺរបស់អាមេរិក។ សូម្បីតែអង្គរក្សខ្ញុំ គឺអត់មានសិទ្ធិមកបើកទ្វារទេ ព្រោះខ្ញុំអត់មានឱ្យអង្គរក្សខ្ញុំមកជិះជាមួយ ព្រោះដើម្បីរក្សាគម្លាត។ មានតែមួយពេលទេដែលចូលទៅជប់លៀងនៅសេតវិមាន ពេលហ្នឹង គឺជំនួយការខ្ញុំម្នាក់ជិះជាមួយ ហើយនឹងប្រធានពិធីការជិះខាងក្រោយ។ ក្រៅពីនោះ គឺថា គ្រាន់តែមកយកអីវ៉ាន់មកដាក់ឱ្យខ្ញុំ រួចហើយអង្គរក្សជិះឡានផ្សេង។ ក្រៅពីនោះ អាមេរិកទទួលបន្ទុកទាំងអស់។
អញ្ចឹង នេះគឺជាចំណុចដែលខ្ញុំបកស្រាយទៅ សូមអ្នកវិភាគទាំងឡាយស្តាប់ខ្ញុំឱ្យបាន ហើយសូមឱ្យទូរទស្សន៍ក្នុងស្រុករបស់យើង បើសិនត្រូវការចាក់ដោយសារតែសេចក្តីអត្ថាធិប្បាយរបស់ខ្ញុំវាវែង អញ្ចឹង ត្រូវកាត់យកអាប្រឡោះហ្នឹង ដើម្បីនិយាយគ្នា។ ដើម្បីបញ្ជាក់ម្តងហើយម្តងទៀតថា យើងអត់សំណូមពរឱ្យរដ្ឋបាលអាមេរិកដាក់ទោសប្តឹងផ្តល់ទៅអាមេរិក ដើម្បីឱ្យចាត់វិធានការលើបុគ្គលហ្នឹងទេ។ វាអាស្រ័យលើច្បាប់អាមេរិក។ បើច្បាប់អាមេរិកចាត់ទុកថា ការគប់ក្បាលគេនឹងស្បែកជើងជាសិទ្ធិបញ្ចេញមតិ យើងគ្រាន់តែផ្តល់នូវការគិតគូរបស់យើងថា បញ្ហានេះវានឹងរីករាលដាលនៅលើពិភពលោក រាប់ទាំងកម្ពុជា។ ដូច្នេះក្រុមប្រឆាំងនៅកម្ពុជាក៏ត្រូវតែមានការប្រុងប្រយ័ត្ន តែខ្ញុំមិនលើកទឹកចិត្តឱ្យមានហិង្សាណាមួយកើតឡើងទេ … ហើយខ្ញុំកង្វល់ទៀត ប្រសិនបើមនុស្សនេះត្រូវបានកាត់ទោសឱ្យជាប់គុក ច្បាប់អាមេរិក តែជាប់គុកហើយត្រូវតែបញ្ជូនមកស្រុកកំណើត។ ខ្ញុំក៏កង្វល់ដែរក្រោយពីម្នាក់នេះចេញពីគុក បើសិនជាគាត់ជាប់គុកគឺគាត់ត្រូវធ្វើយ៉ាងម៉េច? ជាមួយនឹងកំហឹងរបស់ពលរដ្ឋខ្មែរ ដែលគាំទ្រនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (ល្អដែល)បានធ្វើបទសំភាសន៍ហ្នឹងទៅ វាចេញទៅហើយ សុំផ្តាំទៅទូតអាមេរិក បើសិនជាចង់ដឹងនូវការនិយាយរបស់អ្នកទាំងនេះ គឺទៅយកពីវិទ្យុអាស៊ីសេរី យកពី ជុន ច័ន្ទបុត្រ តែម្តងទៅ។ បើសិនជានៅទីនោះគេបំបាត់ យើងនៅមានក្នុងឃ្លីបវីដេអូក្នុងយូធូបអីគ្រប់គ្រាន់។ នេះជាសារជម្រាប អំពីរឿងនេះ។ ប្រធានាធីបតី George W. Bush ក៏ធ្លាប់គេគប់ក្បាលដែរតើ។ ប្រធានាធិបតីបារាំង Emmanuel Macron ក៏ត្រូវគេទះកំភ្លៀង (ឆ្នាំទៅ)។
ខ្ញុំមិនត្រឹមធ្លាប់ត្រូវអាហ្នឹងទេ ធ្លាប់គេលួចបាញ់ B ៤០ (ដល់ទៅ) ៤ គ្រាប់ ហើយដើមឆ្នាំ ១៩៩៧ ធ្លាប់គេលួចបាញ់នៅព្រះនរាយណ៍ តែវាមិនត្រូវឡានខ្ញុំ វាទៅត្រូវអង្គរក្ស ដែលជិះម៉ូតូអម។ អញ្ចឹង វាមិនចម្លែកទេ សម្រាប់ខ្ញុំនោះ។ អ្វីដែលជាការបារម្ភរបស់ខ្ញុំ ក្រែងលោច្បាប់អាមេរិកចាត់ទុកថា រឿងនេះ វាជារឿងបញ្ចេញមតិ ដល់រឿងបញ្ចេញមតិ ខ្មែរនៅក្នុងស្រុកដែលគាំទ្រខ្ញុំ គាំទ្រគណបក្សប្រជាជន គឺគេហ្នឹងធ្វើតាម ដល់គេធ្វើតាម បន្ទោសគេយ៉ាងម៉េចបាន ព្រោះបើបិតាប្រជាធិបតេយ្យ និងនីតិរដ្ឋ គាត់ធ្វើអញ្ចឹងទៅហើយនោះ?
ថ្ងៃនេះ យើងបានសំណេះសំណាលប៉ុណ្ណឹង ប៉ុន្តែ ខ្ញុំដឹង មុននឹង (ហ៊ុន) ម៉ាណែត និង (ហ៊ុន) ម៉ានី គេធ្វើពិធីជួបជុំសំណេះសំណាល ដូចជា(ជួប)ជុំគ្នា (៣ ដងហើយ) … ហើយយើងចាំពិនិត្យតទៅទៀត ជួយពិនិត្យរៀបចំការជួបរបស់សម្តេច សាយ ឈុំ, ជួប(របស់)សម្តេច ទៀ បាញ់, (ការ)ជួបរបស់ (ហ៊ុន) ម៉ានី ហើយជួបមួយសារទៀត ព្រោះអ្នកដែលបានចូលរួមសុទ្ធតែមានការហត់នឿយ។ បន្ទាប់ទៅគិតគូ អំពីការត្រៀមរៀបចំការជួបជាមួយបុគ្គលិកពេទ្យរដ្ឋ ហើយពេលដែលបុគ្គលិកពេទ្យរដ្ឋមកជួប ទាល់តែយកពួក TYDA ទៅជួយយាម។ ហ្នឹងចែកគ្នាអញ្ចឹងទៅ។ អរគុណសម្រាប់ការចូលរួម ហើយថ្ងៃនេះបាននាំមក សម្រាប់ក្មួយៗក្នុង ១ ៨០១ នាក់នេះ ក្នុងម្នាក់ៗ ថវិកា ២០ ម៉ឺនរៀល។ … ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងពិធី ចំនួន ៣លានរៀល។ ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចំនួន ១០ លានរៀល ។
៣ កុំ ៣ ការពារ នៅតែមានតម្លៃ បើទោះបីជាកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង
ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ សូមបន្តការខិតខំជាមួយនឹងការចូលរួមទប់ស្តាត់កូវីដ-១៩ តាមរយៈការការពារសុខភាពខ្លួនឯង “៣ កុំ ៣ ការពារ” នៅតែមានតម្លៃ បើទោះបីជាកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង។ ក៏ប៉ុន្តែ “ពាក់ម៉ាស់ រក្សាគម្លាត លាងដៃ” នៅតែជាវិធានការល្អ។ “៣ កុំ៖ កុំទៅកន្លែងមនុស្សច្រើនកុះករ កុំទៅកន្លែងបិទជិត ហើយកុំប៉ះពាល់គ្នា បើទោះបីថាទៅខាងក្រៅឃើញចាប់ដៃគ្នា តែយើងចៀសវាងបានក៏ចៀសវាងទៅ។ ទន្ទឹមនឹងវិធានការសុខាភិបាលនេះ ក៏ត្រូវបន្តយក(យកការចាក់)វ៉ាក់សាំង អ្នកដែលបាន(ចាក់) ២ ដូសហើយ ត្រូវយកដូសទី ៣ អ្នកយកបានដូសទី ៣ ហើយ ដល់ពេលវេលាត្រូវយកដូសទី ៤។ ឥឡូវ ពិនិត្យពេលវេលា ដែលអាចរុញដូសទី ៥ ចូល មាននៅក្នុងការកំណត់ ដែលខ្ញុំបានចារជូនហើយ (គឺ)តម្រង់ឆ្ពោះទៅរកគោលដៅអ្នកដែលងាយរងគ្រោះ។ សូមអរគុណ ចំពោះការចូលរួមទាំងអស់គ្នា (…) រឿងមេដាយ បន្តិចទៀតយើងបំពាក់មេដាយ (និង)មានប័ណ្ណសរសើរ។ មានមេដាយនៅកន្លែងណាកន្លែងណីទេ? ពុកមិនបានចាប់អារម្មណ៍ ដឹងតែមកបំពាក់ហើយ គឺថារៀបចំបំពាក់ទៅហើយ បំពាក់ទៅ បើឆ្លងគ្នាក៏ឆ្លងទៅ… ក្រៅពីគ្រឿងឥស្សរិយយស មានក្រុម RRT ហ្នឹងស្អីគេ? យើងអត់ចេះពេទ្យ … ឥឡូវ សូមបញ្ជាក់ជូនអញ្ចេះ អ្នកកម្លាំងចូលរួម នៃប្រតិបត្តិការទាំងអស់ គឺមាន ៥៦ ៨៨៩ នាក់ សម្រាប់មន្ត្រីរាជការរបស់យើង សុទ្ធតែមានមេដាយហើយ។ អញ្ចឹង ទទួលបានប័ណ្ណសរសើរ។ ឯចំពោះគ្រូពេទ្យស្ម័គ្រចិត្ត គឺនឹងទទួលបានប័ណ្ណសរសើរ ១ សន្លឹក ហើយនឹងមេដាយមាស ១ (គ្រឿង) សម្រាប់ទាំងអស់គ្នា ដែលមាន ៣ ៤៩៤ នាក់។ ហើយវិស័យឯកជន ដែលចូលរួមមាន ៩៤៤ នាក់ ក៏ទទួលបាននូវមេដាយមាសនោះ ១ គ្រឿង ហើយនឹងប័ណ្ណសរសើរ ១ (សន្លឹក)។
នេះដូចជាការវាយលើសមរភូមិមួយដ៏ធំ បន្ទាប់ពីសមរភូមិមកគេលើកទឹកចិត្តហើយ ប៉ុន្តែ ខាងមន្ត្រីរាជការ មន្ត្រីសុខាភិបាលរបស់យើង សុទ្ធតែអ្នកមានមេដាយអស់ហើយ ធំៗជាងមេដាយមាស។ អញ្ចឹង អ្នកទាំងនោះទទួលតែប័ណ្ណសរសើរទេ។ ប៉ុន្តែ សម្រាប់យុវជនស្ម័គ្រចិត្ត ហើយនឹងវិស័យឯកជន គាត់អត់ដែលមានមេដាយទេ អញ្ចឹង មេដាយ ១ គ្រឿង និងប័ណ្ណសរសើរ ១ សន្លឹក។ ហើយក៏ត្រូវគិតគូពេលក្រោយ ថ្ងៃណាមួយ គឺឱ្យវិស័យឯកជនក៏ចូលរួមដែរ។ នៅពេលដែលយើងជួបថ្ងៃក្រោយនោះ ខាងវិស័យឯកជន ព្រោះគាត់ក៏ជាចំណែកធំមួយដែរ ហើយខ្ញុំមើលការ Live ផ្ទាល់ មើលមានអ្នកណាចាប់? ខ្ញុំមានអានេះមួយដាក់បានជាង ៤០ MB ទូរស័ព្ទនេះ អាចប្រើទូរស័ព្ទផង អាចប្រើ Hotspot ដើម្បីចែក ហើយអ្នកនៅក្រោយអាចសាកល្បងបើកមើល ប៉ុន្តែ ខ្ញុំមិនឱ្យ Password ទៅទេ …។ ចុងបញ្ចប់ហើយ ជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាពិសេស ក្មួយៗយុវជនស្ម័គ្រចិត្ត TYDA សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕