មន្ទីរពេទ្យទំនើបនិងធំជាងគេនៅបណ្តាខេត្ត
ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីមេត្រី។
ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយ ដែលបានមកចូលរួមជាមួយនឹងឯកឧត្តម វ៉ាង វិនធៀន ក៏ដូចជា ជាមួយសម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើប និងធំជាងគេនៅតាមខេត្ត/ជនបទរបស់ព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះ យើងបានទទួលនូវសមិទ្ធផលថ្មីមួយ ដែលកើតចេញជាផ្លែផ្កានៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា-ចិន ដែលបានកសាងឡើងតាំងពីព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ជាមួយនឹងមេដឹកនាំចាស់របស់ចិន ហើយវាក៏បានកើតឡើងនៅក្នុងកាលៈទេសៈដែលកម្ពុជានិងចិន បានឈានទៅដល់ការពង្រីកនូវចំណងទាក់ទង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
សមិទ្ធផលដែលយើងឃើញនៅទីនេះ គឺជាសមិទ្ធផលដែលមិនធ្លាប់មាន នៅក្នុងទឹកដីនៃបណ្ដាខេត្តរបស់យើង ដែលនេះគឺជាទីតាំងមួយដ៏ធំ បម្រើឱ្យសុខុមាលភាពរបស់ប្រជាជន។ មន្ទីរពេទ្យនេះ ជាគោលដៅរបស់យើងកាលពីពេលមុន។ ពេលដែលយើងបានដាក់សំណើចំពោះសាធារណរដ្ឋប្រជាមានិតចិន កសាងនូវមន្ទីរពេទ្យនេះ យើងបានពន្យល់ទៅដល់មិត្តចិនថា ទីតាំងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំនេះ មិនមែនគ្រាន់តែបម្រើឱ្យប្រជាជននៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ មួយផ្នែករបស់ខេត្តព្រៃវែង និងមួយផ្នែកទៀត គឺចេញពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវរ៉ាប់រងដោយមន្ទីរពេទ្យនេះ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ផលិតអុកស៊ីសែនប្រើខ្លួនឯងនិងចែកមន្ទីរពេទ្យបង្អែកផ្សេងទៀត
សមិទ្ធផលនេះ បានចាប់ផ្ដើម។ ខ្ញុំចង់ចង្អុលបង្ហាញចំណុចមួយថា នៅក្នុងដំណាក់កាលកូវីដ-១៩ ប្រទេសមួយចំនួនបានខ្វះអុកស៊ីសែន សម្រាប់ផ្គត់ផ្គង់ចំពោះអ្នកជំងឺ។ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានកន្លែងផលិតអុកស៊ីសែនខ្លួនឯង ដែលមិនគ្រាន់តែផ្គត់ផ្គង់សម្រាប់មន្ទីរពេទ្យនៅទីនេះប៉ុណ្ណេះទេ ក៏ប៉ុន្តែក៏អាចផ្គត់ផ្គង់ទៅដល់មន្ទីរពេទ្យបង្អែកផ្សេងទៀត ដែលនៅក្នុងខេត្តត្បូងឃ្មុំ ឬក៏ខេត្តជិតៗនេះផងដែរ។ នេះខ្ញុំគ្រាន់តែបញ្ជាក់បង្ហាញថា របស់ដែលពិបាករក (យើងបានបង្កើតឲ្យមាននៅទីនេះ)។ ប្រទេសមួយចំនួន (បាន)ខ្វះអុកស៊ីសែន រហូតដល់រវាងមនុស្សចាស់ និងក្មេង ដែលមានជំងឺកូវីដ-១៩ ជាមួយគ្នា មនុស្សចាស់នៅក្នុងប្រទេសខ្លះ សុខចិត្តដកអុកស៊ីសែនរបស់ខ្លួន ដើម្បីជួយជំនួយទៅឱ្យក្មេង ព្រោះគាត់ដឹងថា គាត់ក៏ចាស់ណាស់ហើយ ល្មមដល់ពេលស្លាប់។ គាត់សុខចិត្តដកអុកស៊ីសែននោះ ប្រគល់ទៅឱ្យអ្នកដែលមានវ័យតិចជាងគាត់។
ចំណុចនេះ យើងបានឃើញថា មន្ទីរពេទ្យដែលមិត្តចិនបានកសាងនៅទីនេះ មិនទូទៅទាំងអស់ទេ ប៉ុន្តែវាមានច្រើនផ្នែក ដែលអាចដោះស្រាយបានបញ្ហានៅទីនេះ រាប់ទាំងកង្វះអុកស៊ីសែន ដែលមិនចាំបាច់ទៅដឹកពីទីក្រុងភ្នំពេញ ដូចកាលពីពេលមុនៗនោះទេ។ ពិតហើយ ក្នុងដំណាក់កាលកូវីដ-១៩ យើងក៏បានបង្កើតនូវកន្លែងផលិតអុកស៊ីសែននៅតាមខេត្តជាច្រើន នៅតាមមន្ទីរពេទ្យជាច្រើនផងដែរ។ ថ្ងៃនេះ យើងបានជួបប្រទះជាមួយនឹងអគារដ៏ស្កឹមស្កៃ ហើយខ្ញុំសង្ឃឹមថា អគារដ៏ស្កឹមស្កៃនេះ វានឹងបម្រើជូនប្រជាពលរដ្ឋរបស់យើងនូវសុខុមាលភាព សម្រាប់សុខុមាលភាពដ៏ល្អពួកគេ។
ប្រធានាធិបតី ស៊ី និង នាយករដ្ឋមន្រ្តី លី យកចិត្តទុកដាក់ផ្ទាល់ចំពោះមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសម្ដេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មការដឹកនាំអភិវឌ្ឍន៍ទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តបង្កើតថ្មី ហើយដែលពីពេលនោះ រហូតមកដល់ពេលនេះ យើងបានលេចចេញជារូបរាងនូវទីរួមខេត្តត្បូងឃ្មុំរបស់យើង ជាមួយនឹងសមិទ្ធផលជាច្រើនទៀត ដែលក្នុងហ្នឹង រាប់ទាំងសាកលវិទ្យាល័យ វិទ្យាល័យ។ ថ្ងៃនេះ គឺមានមន្ទីរពេទ្យដ៏ស្កឹមស្កៃ ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យដ៏ធំជាងគេក្នុងចំណោមមន្ទីរពេទ្យនៅក្នុង ២៤ ខេត្ត-ក្រុង។ យើងមិនរាប់មន្ទីរពេទ្យនៅទីក្រុងភ្នំពេញទេ ប៉ុន្តែបើនិយាយពីតាមខេត្ត គឺមន្ទីរពេទ្យនេះ ធំជាងគេ ហើយក៏មានដីធំទូលាយជាងគេទៀតផង។
តាមរយៈឯកឧត្តម វ៉ាង វិនធៀន អនុញ្ញាតឱ្យខ្ញុំផ្ដាំផ្ញើនូវការអរគុណចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង (Xi Jinping) ក៏ដូចជាឯកឧត្តម នាយករដ្ឋមន្រ្តី លី ខឺឈាំង (Li Keqiang) ព្រោះមន្ទីរពេទ្យនេះ ត្រូវបានទទួលការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាពីឯកឧត្តម នាយករដ្ឋមន្រ្តី លី ខឺឈាំង ដែលបានកើតឡើងនូវសមិទ្ធផលនេះ។ នៅមានសមិទ្ធផលមួយទៀត គ្រោងនឹងសម្ពោធនៅក្នុងខែមីនានេះដែរ ប៉ុន្តែឥឡូវនេះ កំពុងមានភាពមិនច្បាស់លាស់ នោះគឺ មន្ទីរពេទ្យ ព្រះកុសុមៈ មិត្តភាពកម្ពុជា-ចិន ដែលមុននេះ យើងគ្រោងសម្ពោធនៅថ្ងៃទី ២៨ ខែមីនា ប៉ុន្តែដោយសារតែមានភាពមិនច្បាស់លាស់ អំពីការប្រជុំពិសេស រវាងអាស៊ាន-អាមេរិក។
ពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែមិថុនា កម្ពុជាដំណើរការបោះឆ្នោតឃុំសង្កាត់
សហរដ្ឋអាមេរិកបានប្រកាសនូវព័ត៌មានថា នឹងមានការប្រជុំនៅថ្ងៃទី ២៨ និងទី ២៩ ខែមីនា ប៉ុន្តែប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួល មិនទាន់បានសម្របសម្រួលពេលវេលានៅឡើយទេ។ ឥឡូវ មេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំនៅថ្ងៃទី ២៦ និងទី ២៧ ខែមីនា ឯខាងសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ ខាងផ្នែកឧត្តមមន្រ្តីទេ បញ្ជាក់ថា ថ្ងៃទី ២៦ និងទី ២៧ គឺសហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ។ ឯមេដឹកនាំអាស៊ានយ៉ាងហោច ៣ ថាមិនអាចចូលរួមប្រជុំនៅថ្ងៃទី ២៦ និងទី ២៧ បានទេ។ អញ្ចឹងវានៅខុសគ្នា។ ខ្ញុំសុំស្នើឱ្យបម្រុងទុក បើមិនទាន់ត្រូវរ៉ូវគ្នាអំពីពេលវេលាទេ គឺមានតែលើកពេលទេ រវាង(ការប្រជុំ)អាស៊ាន និងអាមេរិកនោះ។
បើលើកពេល ខ្ញុំស្នើសុំដាក់ត្រឡប់កម្មវិធីសម្ពោធពីថ្ងៃទី ០៧ ខែមេសា មកថ្ងៃទី ២៨ ខែមីនាវិញដដែល ដែលជាកាលបរិច្ឆេទ ដែលយើងត្រៀមទុកប៉ុន្មានខែរួចមកហើយ។ សង្ឃឹមថា អាស៊ាន ជាមួយនឹងអាមេរិក នឹងរកបាននូវពេលវេលាសមស្រប សម្រុះសម្រួលគ្នា(បើកការប្រជុំអាស៊ាន-អាមេរិក)។ ខែនេះ សម្រាប់ប្រធានអាស៊ាន ប្រជុំពេលណាក៏បាន យើងអាចសម្រួលបាន។ ដូចជាយើងលើកពេលសម្រាប់ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ទៅពេលក្រោយ ប៉ុន្តែ ឥឡូវនៅប្រទេសអាស៊ាន ៣ ដែលមិនអាចចូលរួមប្រជុំបាន។ មានដល់ទៅ ៤ (ប្រទេស)នោះ ដែលជាប់កម្មវិធីទស្សនកិច្ចនៅមជ្ឈិមបូព៌ា …។
ប៉ុន្តែ យ៉ាងណាក៏ដោយ សំរាប់កម្ពុជា (បើ)ចូលទៅដល់ក្នុងខែមិថុនា ខ្ញុំមិនអាចចាកចេញពីប្រទេសបានទេ។ និយាយរួម ក្នុងខែឧសភា និងខែមិថុនា ខ្ញុំមិនអាចចាកចេញពីប្រទេស។ ប្រធានអាស៊ានអត់ចេញបាន។ បើប្រធានអាស៊ានអត់ចេញបាន គឺមានន័យថា ប្រជុំក៏អត់កើត ព្រោះប្រធានអាស៊ានអត់ទៅ។ ពេលហ្នឹង ពេលកម្ពុជាបោះឆ្នោត ហើយខ្ញុំជានាយករដ្ឋមន្រ្តី ដើរចោលប្រទេសអត់បានទេ។ ហ្នឹងក៏សុំជូនសារទៅមុនថា ចាប់ពីពាក់កណ្ដាលខែឧសភា ទៅដល់ពាក់កណ្ដាលខែមិថុនា និយាយរួមនៅក្នុងចន្លោះមួយខែ ខ្ញុំមិនអាចចាកចេញពីប្រទេសទេ។ ខែឧសភា ខ្ញុំបានគ្រោងកម្មវិធីមួយទៅហើយ ប៉ុន្តែខ្ញុំត្រូវត្រឡប់មកវិញ គឺខែឧសភា ខ្ញុំទៅដាវ៉ូស ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅក្នុងចន្លោះពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែឧសភា ក៏ប៉ុន្តែខ្ញុំត្រូវត្រឡប់មកដល់ប្រទេសវិញ នៅថ្ងៃទី ១៦ ដើម្បីខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ។
មិត្តចិនជួយសាងសង់មន្ទីរពេទ្យធំពីរ តម្លៃជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក
នេះគ្រាន់តែជាការនិយាយភ្ជាប់អំពីមន្ទីរពេទ្យមួយនេះ ជាមួយនឹងមន្ទីរពេទ្យមួយទៀត។ គ្រាន់តែមន្ទីរពេទ្យ ២ នេះ យើងចំណាយប្រមាណជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ សុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង ត្រូវបានលើកកម្ពស់ តាមរយៈនៃការខិតខំប្រឹងប្រែងទ្វេរឡើង នៃវិស័យសុខាភិបាលរបស់កម្ពុជា។ កម្ពុជាបានដើរជាជំហានៗ ប្រកបដោយការទទួលខុសត្រូវ ទៅលើសមត្ថភាព ទៅលើបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំអាចទទួលយកបាននូវពាក្យប្រមាថអំពីប្រព័ន្ធសុខាភិបាលកម្ពុជាថាខ្សោយ ព្រោះយើងខ្ញុំពិតជាខ្សោយ អំពីឧបករណ៍បច្ចេកទេសសម្ភារៈ ក៏ប៉ុន្តែទឹកចិត្តរបស់យើងមិនទន់ខ្សោយនោះទេ។
តួយ៉ាងការប្រយុទ្ធជាមួយ Covid-19 តើមានមនុស្សប៉ុន្មាននៅលើពិភពលោកជឿថាកម្ពុជា អាចជម្នះបានបែបនេះ? កម្ពុជាទទួលស្គាល់ខ្លួនឯងថាខ្វះខាត ប៉ុន្តែដោយមនសិការ និងការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យរបស់យើង ដោយមានជំនួយពីដៃគូអភិវឌ្ឍន៍ ក្នុងនោះគឺសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានការខូតខាតតិច បើប្រៀបធៀបជាមួយនឹងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន និងវាយតម្លៃខ្លួនឯងថាជឿនលឿន។ បញ្ហាវាអត់ស្ថិតនៅត្រង់ការពឹងផ្អែកហួសហេតុពេកទៅលើឧបករណ៍បច្ចេកទេសទេ។ យើងត្រូវការហើយនូវឧបករណ៍បច្ចេកទេស ក៏ប៉ុន្តែបញ្ហាធំជាងទៀត គឺមនសិការវិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលមានការទទួលខុសត្រូវ។
កម្ពុជាសម្រេចបានការបំបាត់ជំងឺគ្រុនស្វិតដៃ-ជើងមុនកំណត់, សហការសុខាភិបាលជាមួយប្រទេសជិតខាង
យើងធ្លាប់បានហែលឆ្លងកាត់នូវការលំបាក ដែលបន្សល់ទុកដោយអតីតកាលដ៏ជូរចត់ នៃរបប ប៉ុល ពត។ ប្រជាជនរបស់យើងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីរបប ប៉ុល ពត ហើយយើងក៏នៅបន្សល់ទុកនូវការលំបាកជម្លោះរ៉ាំរ៉ៃ។ ប៉ុន្តែយើងងើបឡើងជាបន្តបន្ទាប់ ហើយឈានឆ្ពោះទៅមុខ។ សូម្បីតែជំងឺគ្រុនស្វិតដៃ-ជើង កម្ពុជាបានសម្រេចជោគជ័យមុនកាលកំណត់។ ពេលមុន ខ្ញុំមានការបារម្ភខ្លាំងណាស់ យើងបានកំណត់គោលដៅនៃការបំបាត់ជំងឺគ្រុនស្វិតដៃ-ជើង បើខ្ញុំមិនច្រឡំទេ គឺនៅត្រឹមឆ្នាំ ២០០០។ ពេលនោះ តើកង្វល់របស់យើងនៅកន្លែងណា? កង្វល់របស់យើងគឺស្ថិតនៅត្រង់ថា ប្រទេសរបស់យើងនៅសល់តំបន់ពីរ និងរដ្ឋាភិបាលពីរនៅឡើយ បន្ទាប់ពីអង្គការសហប្រជាជាតិតាមរយៈ អ៊ុនតាក់ ដកចេញពីកម្ពុជា … សង្គ្រាមនៅបន្ត។
អ្វីដែលយើងត្រូវគិតនៅពេលនោះ តើយើងមានលទ្ធភាពដើម្បីនឹងយកវ៉ាក់សាំងទៅចាក់ជូនកូនក្មេង នៅក្នុងតំបន់ខ្មែរក្រហមឬទេ? វាជាភ័ព្វសំណាង ដែលនយោបាយឈ្នះ-ឈ្នះ របស់យើង ចាប់ផ្តើមអនុវត្តពីឆ្នាំ ១៩៩៦ រហូតមកដល់ឆ្នាំ ១៩៩៨ (ធ្វើឲ្យ)យើងបានបញ្ចប់នូវជំងឺគ្រុនស្វិតដៃ-ជើង តាមកាលកំណត់ ដែលតាំងពីឆ្នាំ ២០០០ មក ពុំមានជំងឺគ្រុនស្វិតដៃ-ជើងកើតឡើងទៀតទេ។ គ្រាន់តែកម្មវិធីមួយនេះយើងអាចកត់សម្គាល់បានថា ទោះបីមានការប្រមាថមើលងាយអំពីប្រព័ន្ធសុខាភិបាលក៏ដោយ ក៏ប៉ុន្តែយើងជឿជាក់ទៅលើមនសិការនៃការខិតខំ និងការសម្រេចចិត្តខាងនយោបាយត្រឹមត្រូវ ដែលយើងអនុញ្ញាតឲ្យមានឱកាសផ្តល់វ៉ាក់សាំងជូនកុមារា-កុមារី ដើម្បីចៀសផុតអំពីជំងឺគ្រុនស្វិតដៃ-ជើង ដែលជាជំងឺមួយដ៏កាចសាហាវ ហើយធ្វើឲ្យបុគ្គលកូនចៅរបស់យើងមួយចំនួន ឬក៏មនុស្សចាស់ដែលធ្លាប់កើតពីមុននោះ គឺទទួលរងនូវការលំបាក។
ខ្ញុំទៅចរចាជាមួយប្រទេសជិតខាងទាំងថៃ ទាំងវៀតណាម ទាំងឡាវ ខ្ញុំមិនដែលភ្លេចថា ក្នុងករណីដែលវ៉ាក់សាំងខាងកម្ពុជាមានការលំបាក ខាងមិត្តភក្តិជួយផ្តល់វ៉ាក់សាំងចាក់ឲ្យកុមារ។ មិនត្រឹមតែវ៉ាក់សាំងបំបាត់ជំងឺគ្រុនស្វិតដៃ-ជើងនោះទេ ក៏ប៉ុន្តែវ៉ាក់សាំងដទៃទៀត ព្រោះប្រសិនបើប្រជាពលរដ្ឋនៅតាមទល់ដែនហើយគាត់ធ្វើដំណើរវែងឆ្ងាយមកកាន់មន្ទីរពេទ្យខាងក្នុងគាត់លំបាក ប៉ុន្តែបើគាត់ឆ្លងទៅវៀតណាម ឆ្លងទៅថៃ ឬកន្លែងខ្លះឆ្លងទៅឡាវគឺវាជិតជាង។ យើងក៏អនុវត្តវិធីសាស្ត្រដូចគ្នានេះដែរ គឺការដោះដូរគ្នាទៅវិញទៅមក ខាងនោះជិតមកយកខាងនេះ ខាងនេះជិតទៅយកខាងនោះ រាប់ទាំងអ្នកជំងឺធ្ងន់ដែលយើងលំបាក នោះហើយគឺជាការយកចិត្តទុករបស់យើងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង។
បំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ ២០២៥
ឥឡូវយើងកំពុងដាក់ផែនការច្រើនណាស់រាប់ទាំងផែនការបំបាត់ជំងឺគ្រុនចាញ់ ឲ្យបានចប់នៅឆ្នាំ ២០២៥ ហើយដែលយុទ្ធនាការនេះ ដៃគូរបស់យើងក្នុងនោះមានសាធារណរដ្ឋប្រជាមានិតចិន ក៏កំពុងតែចូលរួមយ៉ាងសកម្មនៅក្នុងការបំបាត់ជំងឺគ្រុនចាញ់។ មិនមែនគ្រាន់តែជាមួយកម្ពុជាទេ សហប្រតិបត្តិការនេះគឺមានរវាងមេគង្គ និងឡានឆាង ដែលនៅតាមដងទន្លេមេគង្គជំងឺគ្រុនចាញ់មានខ្ពស់ណាស់។ នៅក្នុងកម្មវិធីមេគង្គ-ឡានឆាង ដែលប្រជុំលើកទី ១ នៅចិន ប្រជុំលើកទី ២ នៅកម្ពុជា ប្រជុំលើកទី ៣ នៅឡាវ គឺមានផ្នែកយកចិត្តទុកដាក់ទៅលើការបំបាត់នូវជំងឺគ្រុនចាញ់។ ដៃគូដទៃទៀតរបស់យើងក៏បានចូលរួមជាមួយយើង ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥។
ចូរកុំភ្លេចថា នៅតាមផ្លូវជាតិលេខ ៧ របស់យើងដែលតភ្ជាប់ឡើងទៅក្រចេះ ទៅស្ទឹងត្រែង ទៅរតនគិរី ទៅមណ្ឌលគិរី មិនចាំបាច់ទៅណាឆ្ងាយទេ សូម្បីតែម្តុំស្រុកតំបែរ ស្រុកទឹកជ្រៅ នៅផ្នែកខ្លះនៃស្រុកមេមត់ គឺជាតំបន់គ្រុនចាញ់ខ្ពស់ណាស់។ ប៉ុន្តែឥឡូវតំបន់ទាំងនោះគឺពុំមានគ្រុនចាញ់ទៀតទេ យើងនៅសល់ផ្នែកខ្លះនៅដែនដីរបស់យើង ដែលយើងត្រូវបន្ត។ ថ្ងៃនេះ សមិទ្ធផលដែលយើងទទួលបាននៅទីនេះ បម្រើឲ្យសេវាបំរើសុខុមាលភាពសម្រាប់ប្រជាជនទាន់ពេលវេលា។ យើងនឹកទៅដល់អតីតកាលដ៏លំបាករបស់យើង ដែលយើងត្រូវដឹកអ្នកជំងឺពីកន្លែងមួយទៅកាន់កន្លែងមួយដ៏លំបាក ហើយគ្មានមធ្យោបាយដឹកទៅទៀត។ បើមានមធ្យោបាយដឹកពេលនោះ ការតភ្ជាប់ក៏មិនទាន់មាន ផ្លូវថ្នល់ក៏មិនទាន់មាន។ បើសិនជាយើងត្រូវទៅខាងទន្លេបិទ ឆ្លងទៅកំពង់ចាម ពេលយប់ឆ្លងអត់បានទេ គឺត្រូវឆ្លងសាឡាង។ បើដូច្នោះ ឧទាហរណ៍៖ ស្ត្រីមានផ្ទៃពោះឆ្លងទន្លេមិនរួចត្រូវការវះកាត់ គឺរឿងមិនស្លាប់ ក៏អាចស្លាប់បាន។
ស្រាយតម្រូវការរបស់ជនបទ, ការសង្ឃឹមរស់ ឡើងពី ៥៦ ឆ្នាំ ឆ្នាំ ១៩៩៨ ដល់ជាង ៧០ ឆ្នាំនាបច្ចុប្បន្ន
ដូច្នេះ យើងត្រូវធ្វើសកម្មភាពទាំងព្រមតែម្តង ដោយការតភ្ជាប់ ដោយវិធានការដែលយើងប្រកាន់យកទាំងឡាយ សម្រាប់តម្រូវការជនបទ … តម្រូវការរបស់ជនបទគឺអ្វី? ក្នុងនោះយើងបាននិងកំពុងដោះស្រាយនូវតម្រូវការរបស់ជនបទ ពីមួយឆ្នាំទៅមួយឆ្នាំ … នៅនឹងកន្លែងយើងមើលមិនដឹងទេ។ សូម្បីតែកូនយើង យើងអត់ដឹងថាវាធំ ព្រោះវានៅជាមួយយើងរាល់ថ្ងៃ។ ប៉ុន្តែបើ ២ ខែ ទៅ ៣ ខែ ខានជួបវា គឺនៅពេលដែលជួបទើបយើងបានដឹងថាវាធំ។ សូម្បីតែចៅខ្ញុំប៉ុន្មានថ្ងៃនេះ វានាំគ្នាកើត Covid-19 ដល់វាកើត Covid-19 វាអត់បានជួបជីតា អញ្ចឹងតែជាង ១ ខែក្រោយ មកជួបស្រាប់តែចេះនិយាយអីសាសាងជាមួយលោកតា ដឹកដៃលោកតាទៅរកកន្លែងបាយ … សម្រាប់អ្នកដែលមិនបានមកកម្ពុជាមួយរយៈ ហើយមកដល់កម្ពុជាក្នុងរយៈពេលថ្មីទៀតគឺច្បាស់ណាស់ថា នឹងមានការប្លែកភ្នែក។
សូម្បីតែទីតាំងនេះ … ដែលខ្ញុំធ្លាប់មកប៉ុន្មានដងកន្លែងនេះ គឺក្រឡេកឃើញមន្ទីរពេទ្យនេះតែម្នាក់ឯង យើងមិនដឹងថា តើនៅកន្លែងណាទៀត ព្រោះមន្ទីរពេទ្យគឺវាធំ វាស្កឹមស្កៃ … ឥឡូវនេះ ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាបនៅឆ្នាំ ១៩៩៨ ប្រជាជនដែលមានសង្ឃឹមរស់ពេលនោះជាមធ្យមត្រឹមតែ ៥៦ ឆ្នាំ តែប៉ុណ្ណោះ។ ឥឡូវនេះ មកដល់បច្ចុប្បន្ន អាយុសង្ឃឹមរស់របស់ប្រជាជនមានរហូតទៅដល់ជាង ៧០ ឆ្នាំ។ គេគិតថា អ្នកខ្លះអាចស្លាប់ ៦០ ឆ្នាំ អ្នកខ្លះស្លាប់ ៥៥ ឆ្នាំ ប៉ុន្តែអ្នកខ្លះទៅស្លាប់ ៨០ ឆ្នាំ អ្នកខ្លះទៅស្លាប់ ៩០ ឆ្នាំ អញ្ចឹងសរុបមកឥឡូវហ្នឹងជាង ៧០ ឆ្នាំ នៅកម្ពុជា។ ជីវិតដែលទទួលផលអំពីសុខសន្តិភាព បានទទួលផលអំពីការអភិវឌ្ឍវិស័យសុខាភិបាលរបស់យើង សុខុមាលភាពរបស់ប្រជាជនរបស់យើងត្រូវបានធានា។
សូមគ្រូពេទ្យបន្តកិត្តិនាមល្អក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺគ្រប់ប្រភេទ
ខ្ញុំសង្ឃឹមថា បញ្ហាមិនស្ថិតនៅត្រង់មន្ទីរពេទ្យស្អាត ឬមិនស្អាត ទំនើប ឬមិនទំនើប (តែមួយមុខ)ទេ។ (យើង)ត្រូវការស្អាត ត្រូវការសម្ភារៈទំនើប ប៉ុន្តែអ្វីដែលត្រូវការជាងទៀតគឺមនសិការវិជ្ជាជីវៈ និងសីលធម៌របស់គ្រូពេទ្យ។ ក្នុងរយៈពេល ២ ឆ្នាំ នៃការប្រយុទ្ធជាមួយ Covid-19 គ្រូពេទ្យដែលមុននេះត្រូវបានគេជេរ គេបន្តុះបង្អាប់ ត្រូវបានគេប្រសិទ្ធនាមថា ជាកងទ័ពអាវស … សង្ឃឹមថា ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់យើង បន្តធ្វើការឲ្យបានល្អ បើទោះបីជាមានថ្នាំ ឬគ្មានថ្នាំក៏ប៉ុន្តែឥរិយាបថរបស់យើងចំពោះអ្នកជំងឺគឺធ្វើឲ្យបានល្អ។ អ្នកជំងឺត្រូវការថ្នាក់ថ្នមមិនថាគេ មិនថាខ្ញុំទេ ត្រូវការណាស់នូវការថែទាំ មើលថែពីគ្រូពេទ្យ។
យើងដឹងថាគ្រូពេទ្យមានការហត់នឿយណាស់ក្នុងរយៈពេលកន្លងទៅ ហើយក៏មានតែវិស័យគ្រូពេទ្យដែរ ដែលខ្ញុំផ្ដល់ក្របខណ្ឌឱ្យបួនពាន់កន្លែងឯណោះ។ (រាជរដ្ឋាភិបាលបាន)ឱ្យផ្នែកដទៃទៀតផ្អាកការរើសបុគ្គលិក ប៉ុន្តែគ្រូពេទ្យយើងបញ្ចូលបាន ៤ ពាន់នាក់បន្ថែមទៀត ដើម្បីបម្រើឱ្យសេចក្ដីត្រូវការ។ មួយផ្នែកចេញទៅប្រយុទ្ធជាមួយកូវីដ-១៩ ប៉ុន្តែមិនមែនតែជំងឺកូវីដ-១៩ ឯណា គឺមានជំងឺដទៃទៀត … សង្ឃឹមថាគ្រូពេទ្យនឹងធ្វើឱ្យបទចម្រៀងមួយចំនួនដែលអ្នកនិពន្ធ និងអ្នកចៀង អ្នកភ្លេង ដែលប្រឹងច្រៀងឡើងកោតសរសើរចំពោះគ្រូពេទ្យរបស់យើង ហៅថាកងទ័ពអាវស បន្តទទួលបានកិត្តិនាមដ៏ល្អនេះនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺគ្រប់ប្រភេទ ដែលក្នុងនោះមានទាំងជំងឺឆ្លងផងដែរ។
ការបង្កើតខេត្តត្បូងឃ្មុំ ស្រាយចំណោទសុខាភិបាល រដ្ឋបាល និងសូម្បីតុលាការ
សូមឯកឧត្តម Wang Wentian ពាំនាំនូវការអរគុណសាជាថ្មីម្ដងទៀត ចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលជានិច្ចកាល បានផ្ដល់ឱ្យយើងនូវជំនួយដ៏សប្បុរស សម្រាប់ការដោះស្រាយបញ្ហាទាក់ទងជាមួយនឹងសុខុមាលភាព។ អ្វីដែលជាកង្វល់របស់យើងកាលមុននេះ យើងគិតថានៅភាគខាងកើតទន្លេមេគង្គ គឺខេត្តត្បូងឃ្មុំ និងងាកទៅឦសានទិសរបស់យើងដែលរួមមានខេត្ត ក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង សេវាសុខាភិបាលយ៉ាងម៉េច? ឥឡូវនេះ នៅពេលដែលយើងរៀបចំខេត្តថ្មី ក៏ចង្អុលបង្ហាញថាការបំបែកពីខេត្តកំពង់ចាម បង្កើតខេត្តត្បូងឃ្មុំថ្មី ក៏បានដោះស្រាយបញ្ហាជាច្រើន មិនមែនគ្រាន់តែបញ្ហាទាក់ទិនជាមួយវិស័យសុខាភិបាលមួយមុខទេ សូម្បីតែវិស័យរដ្ឋបាល ឬក៏វិស័យតុលាការក៏អាចដោះស្រាយបាន។ ឥឡូវនេះនៅខេត្តត្បូងឃ្មុំដូចជាដាក់ទីតាំងសាលាឧទ្ធរណ៍មួយ។ កាលពីដើមបន្ទាប់ពីសាលាខេត្ត សាលាដំបូងខេត្តរួចហើយ សាលាឧទ្ធរណ៍ត្រូវឡើងទៅភ្នំពេញ។ អញ្ចឹងប្រជាជនត្រូវធ្វើដំណើរឆ្ងាយណាស់។ ក្តីក្ដាំម្ដងៗគឺអស់លុយមិនតិចទេ។ អញ្ចឹងបានកុំទាស់គ្នាអី កុំឡើងតុលាការអី រកវិធីដោះស្រាយក្រៅប្រព័ន្ធតុលាការ។ ក្រោយមកយើងធ្វើកំណែទម្រង់តុលាការ តាមរយៈរៀបចំឱ្យមានសាលាឧទ្ធរណ៍តាមភូមិភាគ ក្នុងការរៀបចំសាលាឧទ្ធរណ៍តាមភូមិភាគ ត្បូងឃ្មុំ ត្រូវដាក់សាលាឧទ្ធរណ៍មួយនៅទីនេះ ដើម្បីបម្រើសេវាយុត្តិធម៌នៅទីនេះ។
រឿងទុំទាវ
ដូច្នេះ ការដែលយើងបំបែកខេត្តកំពង់ចាមតែមួយទៅជាខេត្តពីរ គឺការរៀបចំនេះមិនខុសទេ។ ម្យ៉ាងទៀត វាស្របជាមួយអតីតកាល ដែលមុននេះ កាលពីជំនាន់ហ្លួង ព្រះស្ដេច កន ខេត្តនេះ គឺខេត្តត្បូងឃ្មុំទេ ដែលមានរឿងដំណាលជាបន្តបន្ទាប់។ រឿងទុំទាវ ទាក់ទងនឹងចៅហ្វាយខេត្តអរជូន។ ពីដើម កាលពីជំនាន់ ឃុន ថា ធ្វើអភិបាលស្រុកត្បូងឃ្មុំគេសុំសែង … ព្រោះយាយ ផាន់ នៅកន្លែងហ្នឹង … អ្នកត្បូងឃ្មុំ មានប្រវត្តិជូរចត់ (តាមរយៈ)រឿងទុំទាវ … រឿងពិតឬមិនពិតយើងអត់ដឹង ព្រោះមិនដឹងជំនាន់ណាផង។ ប៉ុន្តែ បើយោងទៅលើថា(តួអង្គ)ទុំចែវទូកដើម្បីយករាជសាររបស់ព្រះមហាក្សត្រមក ដើម្បីទប់ស្កាត់ការរៀបការរវាង ម៉ឺន ងួន ជាមួយ ទាវ ហើយដែលទុំមិនព្រមប្រើរាជសារនោះ មានន័យថា ពេលនោះគឺរាជធានីរបស់យើងនៅនឹង សាឡប់ ឬក៏នៅនឹង ទួលបាសាន ឯណោះវិញទេ ព្រោះថាទុំមកតាមផ្លូវទឹក។ នេះរឿងប្រវត្តិរបស់កម្ពុជារឿងទុំទាវដែលជារឿងមួយស្ថិតនៅក្នុងរឿងមួយពេញនិយមរបស់កម្ពុជា។ ឥឡូវនៅកន្លែងហ្នឹងមិនដឹងថាមានអ្នកណាទាវនិងទុំអត់? ប៉ុន្តែពីដើមខ្ញុំជាទុំនៅទីនេះ ឯប្រពន្ធខ្ញុំគឺជាទាវ ឥឡូវនេះប្រពន្ធខ្ញុំគឺជាអ្នកត្បូងឃ្មុំទៅវិញ ឯខ្ញុំគឺជាអ្នកកំពង់ចាម ពីដើមអ្នកកំពង់ចាមដូចគ្នា …។
ដំណើរជីវិតតស៊ូរំដោះជាតិចាប់ផ្តើមពីស្រុកត្បូងឃ្មុំ
ឯកឧត្តមអគ្គរដ្ឋទូត អ្វីក៏ដោយខ្ញុំចាប់ផ្ដើមពីតំបន់ហ្នឹង ដែលតភ្ជាប់រវាងកំពង់ចាមជាមួយក្រចេះ ខ្ញុំចាប់ផ្ដើមពីទីហ្នឹងទាំងអស់។ ថ្ងៃ ០៤ មេសា ឆ្នាំ១៩៧០ ក្នុងពេលដែលខ្ញុំចូលព្រៃតាមការអំពាវនាវរបស់សម្ដេច ព្រះនរោត្តម សីហនុ ដើម្បីតស៊ូប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារនៃការឈ្លានពានរបស់ពួកបរទេស ខ្ញុំក៏ចូលព្រៃនៅកន្លែងនេះ។ ខ្ញុំការប្រពន្ធនៅឃ្លាតពីហ្នឹងទៅប្រហែលជា ២០ គីឡូមែត្រប៉ុណ្ណឹង។ ខ្ញុំការប្រពន្ធនៅហ្នឹង … ខ្ញុំគូទី ១៣ ហើយចង្អុលទៅ តាហៀវ នៅខាងនេះ។ អ្នកនៅ តាហៀវ គឺផ្ទះហ្នឹងខ្ញុំទៅរកឃើញហើយៗ ធ្វើផ្ទះថ្មីឱ្យគាត់។ ផ្ទះចាស់ប្រហែលជារក្សាទុក។
ការរួចហើយទៅអង្គភាព … បែកកង់រ៉ឺម៉ក ព្រោះយើងជិះពីរគូ គូទី ១២ និងគូទី ១៣ ហើយខ្ញុំគូទី ១៣ ចូលទៅតាមភូមិប្រជាជនឱ្យបាយស៊ី ក៏ប៉ុន្តែមិនឱ្យយើងដេកជាមួយគ្នា … ខ្ញុំទើបតែ(អាយុ) ២៤ ប្រពន្ធខ្ញុំទើបតែ(អាយុ)២២ ឆ្នាំ។ ចាស់ៗអត់ឱ្យខ្ញុំដេកជាមួយគ្នា។ គាត់ថាសុំទោសក្រែងលោក្មួយៗពង្រត់គ្នាពីណាមក។ យើងកុំឱ្យគាត់ពិបាកមានតែធ្វើតាមគាត់។ អញ្ចឹងបងប្អូននៅតំបន់នេះ តាមផ្លូវជាតិលេខ៧ ពីស្នួលធ្លាក់មកដល់ទន្លេបិទគឺស្គាល់ខ្ញុំហើយ។ នៅម្ដុំពោធិ៍ជើងខាលនេះខ្ញុំរត់ ធ្លាក់ដល់ហ្នឹង។
ខ្ញុំនៅចាំបានម៉ោងប្រហែលជាម៉ោងជិតប្រាំល្ងាច ឡើងពីសមរភូមិចេញមកជិតផ្សារសួង។ កំពុងតែស៊ីនំបញ្ចុក ស្រាប់តែ T២៨ ដាំក្បាលចុះទម្លាក់គ្រាប់បែកប៉ុន្មានគ្រាប់ រត់ធ្លាក់ដល់ពោធិ៍ជើងខាល។ ហ្នុងហើយសង្គ្រាម។ ឥឡូវនេះ យើងបានដោះស្រាយបញ្ហារួចរាល់ នូវរឿងអតីតកាលពាក់ព័ន្ធជាមួយសង្គ្រាមដែលកើតឡើងនៅកម្ពុជា ពាក់ព័ន្ធជាមួយរបបប្រល័យពូជសាសន៍ ពាក់ព័ន្ធជាមួយនឹងដំណើរការស្វែងរកសន្តិភាពសម្រាប់ប្រទេសរបស់យើង។
“ការរាតត្បាតនៃ កូវីដ-១៩ នៅកម្ពុជាមិនចប់ ជំនួយរបស់ចិនសម្រាប់កម្ពុជាប្រយុទ្ធនឹងកូវីដ-១៩ក៏មិនឈប់”
យើងកំពុងតែប្រយុទ្ធជាមួយនឹងសង្គ្រាមថ្មីមួយគឺកូវីដ-១៩។ យើងប្រយុទ្ធពីរឆ្នាំរួចមកហើយ។ អម្បាញ់មិញឯកឧត្តម Wang Wentian បានប្រើពាក្យអញ្ចេះ “ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមិនចប់ ជំនួយរបស់ចិនសម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ក៏មិនឈប់ដែរ”។ នេះគឺព័ត៌មានដ៏ល្អ។ បានសេចក្ដីថាមិត្តចិននឹងបន្តជួយយើងតទៅទៀត ទាក់ទងជាមួយការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩នេះ។ ទោះបីទៅដល់ទីណាក៏ដោយ ខ្ញុំនៅតែបន្តអំពាវនាវដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ដល់សុខភាពផ្ទាល់ខ្លួន ទាក់ទងជាមួយនឹងកូវីដ-១៩ នេះ។ បច្ចុប្បន្ននេះ នៅកម្ពុជារបស់យើង កំពុងលុកលុយដោយ Omicron។ Alpha, Delta អាចនៅមានខ្លះ ប៉ុន្តែតិចតួចណាស់ ប៉ុន្តែ Omicron គឺមានច្រើន។
ឥឡូវគេនិយាយអញ្ចេះទៅទៀត គេថាបើមិនកើតកូវីដ-១៩ទេ មិនទាន់សម័យ គេថាទាល់តែកើត Omicron បានទាន់សម័យ។ មិនមែនអញ្ចឹងទេ ពិតមែនតែវាមិនស្លាប់ ក៏ប៉ុន្តែតើថ្ងៃក្រោយទៅវាវិវឌ្ឍទៅជាយ៉ាងម៉េច វាបង្កើតជាបញ្ហាអីមួយ តើអ្នកណាសិក្សាបានហើយឬនៅ? Delta និង Alpha វាសម្លាប់មនុស្ស។ Omicron វាឆ្លងលឿន ក៏ប៉ុន្តែការសម្លាប់មនុស្សតិច។ ប៉ុន្តែផលលំបាកដែលកើតចេញពីវានៅពេលក្រោយ តើវាយ៉ាងម៉េច? មិនទាន់មានអ្នកវិទ្យាសាស្រ្តណាវាយតម្លៃថា រយៈពេលវែងចេញពី Omicron នេះវាទៅជាយ៉ាងម៉េចទេ។ យកល្អ ត្រូវបន្តវិធានការ ៣ កុំ ៣ ការពារ។ យើងត្រូវតែបន្តការចាក់វ៉ាក់សាំងដូសជម្រុញ។ ដូសជម្រុញនេះទៀតសោត ក៏សុំអរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលក្នុងរយៈពេលដ៏ខ្លីមួយ ចំនួនកុមារអាយុ ៣ និង ៤ ឆ្នាំ ដែលចាក់បាន ៣៦ ភាគរយ ទៅហើយ។ អញ្ចឹងយើងត្រូវការចាក់តែជាង ៦១ ម៉ឺននាក់ទេ។ អញ្ចឹងយើងត្រូវបន្តការចាក់ឲ្យកុមារ។
កាលពីជំនាន់ Delta និង Alpha វាវាយលុកទៅលើមនុស្សចាស់ វាអត់វាយទៅលើក្មេងទេ។ Omicron វាវាយទៅលើក្មេងបូកបន្ថែមវាយរកអ្នកធំទៀត។ ឲ្យតែអ្នកធំៗតាមរកមុខតែម្តងឥឡូវហ្នឹង … ចៅហ្វាយខេត្តកើតអស់ ៣ ហើយ។ អភិបាលខេត្តកំពង់ចាមកើតមុនគេ។ បន្ទាប់ទៅអភិបាលខេត្តកំពង់ស្ពឺ។ បន្ទាប់ទៅអភិបាលខេត្តកំពត។ សុទ្ធតែ Omicron … ថ្ងៃមុនខ្ញុំភ័យ … ហើយខ្ញុំកំពុងសង្ស័យថា អ្នកដែលនៅជាមួយខ្ញុំកៀកជិតនេះ អាចឆ្លងពីខ្ញុំទៅវិញទេ ព្រោះអញ្ចេះក្នុងពេលហ្នឹង ខ្ញុំពាក់ព័ន្ធជាមួយនឹងមនុស្សច្រើនណាស់ … ស្រាប់ដល់កើត កើតអ្នកនៅជាមួយ។ អញ្ចឹងទេប្រហែលជាអង់ទីគ័រការពារខ្លួនវាខ្លាំង។ ដល់អញ្ចឹងខោអាវខ្ញុំវាទៅដោយអាមេរោគហ្នឹង។ អញ្ចឹងឯនោះយកទៅបោក ទៅឆ្លងវានោះទៅ … ឥឡូវហ្នឹង កំពុងតែកើតលើចៅ …។
វ៉ាក់សាំង គឺសេដ្ឋកិច្ច ឬ ដើម្បីដំណើរការសកម្មភាពសេដ្ឋកិច្ច
សុំបន្តការខិតខំទាំងអស់គ្នា ដើម្បីចាក់វ៉ាក់សាំងបន្ត។ ឥឡូវការចាក់ដូសជម្រុញ បានដូចជាជិត ៧ លានកន្លះ ព្រោះនេះវាមានតម្រូវការពេលវេលាគម្លាតអំពីដូសមូលដ្ឋានទៅដូសបន្ត … កាលដែលយើងចាក់ យើងមិនមែនចាក់ម្តងមួយពេលទេ គេហៅថាអភិក្រមផ្ការីក។ ឯអ្នកចាក់បាន ៤ ដូស គឺជាប់ ១ លាននាក់ហើយ … មានតែជម្រើសហ្នឹងទេ។ ខ្ញុំប្រើនិយមន័យមួយថាវ៉ាក់សាំងគឺសេដ្ឋកិច្ច។ ហេតុអីបានខ្ញុំទៅនិយាយវ៉ាក់សាំងគឺសេដ្ឋកិច្ច? ឥឡូវបើយើងអត់វ៉ាក់សាំង ឆ្នាំនេះប្រហែលអត់បានចូលឆ្នាំទៀត។ មិនត្រឹមតែមិនបានចូលឆ្នាំទេ មនុស្សស្លាប់។ ប៉ុន្តែ ឆ្នាំនេះការចូលឆ្នាំនៅបន្ត ព្រោះឥឡូវជាក់ស្តែង ដូចជាម្សិលមិញ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ២ ថ្ងៃហ្នឹង ក៏មាន ១៩ ម៉ឺននាក់នៃទេសចរដើរលេង។ អញ្ចឹងទេ យើងបន្តនៅក្នុងដំណើរការនៃការចាក់វ៉ាក់សាំង។ វ៉ាក់សាំងគឺសេដ្ឋកិច្ចឥឡូវនេះ។
បើអត់មានការចាក់វ៉ាក់សាំងទេ ភាពស៊ាំសហគមន៍អត់មាន។ ដល់វាអត់មានអញ្ចឹង តើឲ្យយើងបើកសេដ្ឋកិច្ចយ៉ាងម៉េច? ធ្វើទំនាក់ទំនងយ៉ាងម៉េច? បរទេសហ៊ានចូលទេ? យប់មិញជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែដែលមានការបិទ យន្តហោះពាណិជ្ជកម្មមួយគ្រឿងបានចុះចតនៅខេត្តព្រះសីហនុ។ ប៉ុន្មានរយៈមកនេះ គឺចុះតែនៅភ្នំពេញនិងខេត្តសៀមរាបទេ។ យប់មិញមានចុះមួយជើងនៅខេត្តព្រះសីហនុ ហើយបន្ទាប់ទៅនឹងមានចុះជាបន្តបន្ទាប់ ដែលនឹងអាចនឹងដំណើរការសេដ្ឋកិច្ចឡើងវិញ។ ទោះបីទេសចរមិនទាន់បានធំទូលាយ ក៏ប៉ុន្តែ ការធ្វើដំណើរមកកាន់កម្ពុជាដើម្បីនឹងធ្វើការវិនិយោគវាមានភាពងាយស្រួល។ នៅកម្ពុជាអត់មានតម្រូវឲ្យធ្វើចត្តាឡីស័កទេ។ អ្នកដែលធ្វើចត្តាឡីស័កគឺអ្នកដែលមិនបានចាក់វ៉ាក់សាំង។ អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ យើងគ្រាន់តែធ្វើតេស្តរហ័ស រួចហើយឃើញអវិជ្ជមានអនុញ្ញាតឲ្យគេធ្វើដំណើរទៅ។
វិធីសាស្ត្រចាក់វ៉ាក់សាំងរបស់កម្ពុជា បង្កើតបានភាពស៊ាំសហគមន៍
ដូច្នេះ ក្រុមទេសចរក្តី អ្នកវិនិយោគក្តី (ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស)ចង់មករកស៊ីនៅស្រុកខ្មែរ (ទទួលបានភាពងាយស្រួលក្នុងការធ្វើដំណើរ)។ នេះជារឿងដែលយើងត្រូវធ្វើ ហើយវិធីសាស្រ្តនៃការចាក់វ៉ាក់សាំងនេះទៀតសោត ដែលកន្លងទៅអ្នកត្បូងឃ្មុំ (អាចនឹងឆ្ងល់ថា)ហេតុអីបានជាវ៉ាក់សាំងយឺត? ពេលហ្នឹង មិនមែនបានសេចក្តីថាអភិបាលខេត្តទាំងអស់មិនយកចិត្តទុកដាក់ទេ … ចៅហ្វាយខេត្តនានា សុទ្ធតែធ្វើសំណើសុំវ៉ាក់សាំងមកខេត្តរៀងៗខ្លួន។ ក៏ប៉ុន្តែ ខ្ញុំជំពាក់ត្រូវតែប្រាប់ឲ្យច្បាស់ថា បើកាលណាចាក់នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមិនទាន់សព្វជោគជាំទេ គឺមិនអនុញ្ញាតឲ្យចេញក្រៅទេ។ បើចែកទៅតាមសមធម៌ ភាពស៊ាំសហគមន៍អត់មានទេ។ ពិសោធន៍ប្រទេសខ្លះគឺពង្រាយវ៉ាក់សាំងទៅតាមសមមាត្រប្រជាជន។ ឧទាហរណ៍ នៅខេត្តរបស់យើងមានប្រជាជន ៨៦ ម៉ឺននាក់។ ឥឡូវឧទាហរណ៍ថាយើងបានវ៉ាក់សាំងមក គិតជាសមមាត្រត្រូវបានមកក្នុងមួយខេត្ត ១០ ភាគរយ អញ្ចឹង បើយើងបញ្ជូន ១០ ភាគរយ មកតាមខេត្ត ក្នុងមនុស្ស ១០០ នាក់ ចាក់បានតែ ១០ នាក់។ អញ្ចឹង ៩០ ទៀត វាចម្លងលើអា ១០ នាក់ហ្នឹង។
អញ្ចឹងបានជាត្រូវចាក់ភ្នំពេញ និងកណ្តាលឲ្យជោគហើយ បញ្ជូនចេញមកតាមខេត្តក៏មិនឲ្យរាយប៉ាយដែរ។ ប្រមូលផ្តុំចាក់នៅក្រុងសួងនិងត្បូងឃ្មុំ ចាក់ឲ្យជោគនៅហ្នឹង បានទៅកាន់ស្រុកដទៃ។ ហ្នឹងហើយបានគេហៅថាភាពស៊ាំសហគមន៍ដែលផ្តើមចេញពីការអភិវឌ្ឍតាមអភិក្រមផ្ការីក ដែលរីកចេញពីទីក្រុងភ្នំពេញរួចហើយឥឡូវបានយើងត្រួតត្រាបាន។ ប្រទេសខ្លះភាពស៊ាំសហគមន៍អត់មានទេ ទោះបីវ៉ាក់សាំងចាក់បានច្រើន ដោយសារការចាប់ផ្តើម គឺវាចាប់ផ្តើមពី ១០០ ចាក់បាន ១០ អា ៩០ អត់បាន។ ដល់បានមកទៀតថែម ២០ ទៀត ឡើងបាន ២០ អា ៨០ អត់មាន។ ទម្រាំតែគ្រប់ ១០០ អានេះវាដល់ពេល វាអស់ប្រសិទ្ធភាពហើយ វាទៅច្របូកច្របល់គ្នា … បទពិសោធន៍កម្ពុជា គឺយើងមិនអាចទៅបង្រៀនអ្នកណាទេ ប៉ុន្តែបទពិសោធន៍របស់កម្ពុជាត្រូវធ្វើឲ្យឃើញភាពស៊ាំពិតប្រាកដនៅទីកន្លែងមួយ ឧទាហរណ៍ ១០០ នាក់ ចាក់បានដល់ ៩៧ នាក់ហើយ នៅសល់ ៣ នាក់ រឿងអី ៣ នាក់មកចម្លងដល់ ៩៧ នាក់ …។
មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងហួសដឺឡេ
យើងសង្ឃឹមថាវ៉ាក់សាំងគឺ នឹងត្រូវបានផ្តល់ជំនួយដោយសារធារណរដ្ឋប្រជាមានិតចិនបន្តទៀត ហើយនិងដៃគូអភិវឌ្ឍន៍ខ្លះ ក៏គ្រោងនឹងដឹកមក ដែលថានឹងដឹកមកដល់ខែ ៣។ ឥឡូវបានប៉ុន្មានថ្ងៃនៃខែ ៣ ហើយ។ រាយការណ៍ឲ្យខ្ញុំ(ថាមក)ពីអឺរ៉ុប។ ពេលវេលាក៏មិនទាន់ដឹង។ ប៉ុន្តែ ឮថាបើដឺឡេផុតចុងខែ ៣ ហើយ យើងយកខែ ៣ យកធ្វើម៉េច? ខ្ញុំសុំបញ្ជាក់ នៅកម្ពុជា បើទោះបីជាខ្ញុំអត់វ៉ាក់សាំងក៏ដោយ តែខ្ញុំមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងហួសដឺឡេទេ។ (របៀប)ហ្នឹងដូចគេយកវ៉ាក់សាំងមកបោះចោលស្រុកយើង។ ខ្ញុំអត់ឲ្យចាក់ទេ។ វ៉ាក់សាំងខ្លាំងអស់សុពលភាពចុងខែមីនា។ បើអស់សុពលភាពចុងខែមីនា យើងទទួលអត់បានទេ។ ពេលវេលាមកដល់ក៏មិនទាន់ជាក់លាក់។ ហ្នឹងត្រូវពិភាក្សាគ្នាឡើងវិញ។ កាលដែលសួរយោបល់ខ្ញុំ សួរក្នុងខែកុម្ភៈ។ ឥឡូវ វាចូលដល់ថ្ងៃទី ៧ ខែមីនា ហើយ។ ស្អែកនេះ(ថ្ងៃទី)៨ ខែមីនា (ទិវា)សិទ្ធិនារីហើយ។
សុំជជែកឡើងវិញ ថាប្រសិនបើវ៉ាក់សាំងហ្នឹងវានៅតែដឺឡេត្រឹមចុងខែមីនា បើខែមេសាអាចយក ប៉ុន្តែបើអាចុងខែមីនា គឺមិនអាច យកមកទាន់ទេ? បើ AstraZeneca ដូចជាប៉ុន្មានអាទិត្យឯណោះបានឲ្យចាក់បន្ត (បើ) Sinovac និង/ឬ Sinopharm ត្រឹមតែបីអាទិត្យទេ។ ប៉ុន្តែ AstraZeneca ដូចជាបួនអាទិត្យ។ កាលហ្នឹងបួនអាទិត្យខ្ញុំចាក់បង្ខំ (ដើម្បី)ខ្ញុំទៅ Jakarta ទេ។ សុំចរចាអាហ្នឹងឡើងវិញ។ យើងចាក់វ៉ាក់សាំងសុវត្ថិភាពពេញមួយប្រទេស អត់មានអ្នកណាមួយងាប់ដោយសារចាក់វ៉ាក់សាំងដូចគេបំផុសកាលពីដើមថា វ៉ាក់សាំងចិន ចាក់ទៅងាប់មនុស្សឯណា? ឥឡូវ បែរជាយើងទៅចាក់វ៉ាក់សាំង ដែលធ្វើឲ្យងាប់មនុស្ស ឬក៏វាខ្វះប្រសិទ្ធភាព។ ម្យ៉ាងទៀត វាអត់សមហេតុសមផល។ គ្រូពេទ្យតែងតែនិយាយថា ថ្នាំវាហួសដឺឡេ ដល់វាហួសដឺឡេ(រួច)យកទៅចាក់ទៀត អាហ្នឹង គឺវាពិបាក។ យើងអរគុណមិត្តភក្តិ ក៏ប៉ុន្តែ យើងយកអាហ្នឹងទៅចាក់ឲ្យប្រជាពលរដ្ឋ (ច្បាស់ជា) ប្រជាពលរដ្ឋជេរបណ្តោយ។ ប្រសិនបើមានរឿងអីកើតឡើងដោយសារវ៉ាក់សាំង គឺងាប់បណ្តោយ …។
មន្ទីរពេទ្យស្អាត ត្រូវមានសេវាល្អ ទើបកាន់តែស្អាត អ្នកជំងឺឆាប់ជា
ថ្ងៃនេះ ជាមួយនឹងការដែលមើលឃើញកិច្ចការ ដែលយើងធ្វើនៅទីនេះ យើងកាត់បន្ថយបានច្រើននូវការលំបាក របស់ប្រជាពលរដ្ឋ។ ខ្ញុំនៅតែនិយាយពាក្យដដែល“មន្ទីរពេទ្យស្អាត ប៉ុន្តែត្រូវមានសេវាល្អ ទើបកាន់តែស្អាត អ្នកជំងឺឆាប់ជា”។ យើងត្រូវខិតខំ ដើម្បីក្រុមគ្រូពេទ្យរបស់យើងដំណើរការ។ នៅក្នុងឆ្នាំនេះ មិនទាន់មានការសាងសង់ផ្ទះនៅក្បែរៗនេះទេ ដោយសារតែក្រុងសួងរបស់យើងកំពុងស្រូបមនុស្សនៅទីនោះ។ ផ្លូវរបស់យើង(នៅទីនេះ)វាធំជាងផ្លូវនៅភ្នំពេញឆ្ងាយណាស់ ប៉ុន្តែជាទីក្រុងមួយ(ដែល)យើងបានរៀបចំនគរូបនីយកម្ម ទុកជាមុន ដើម្បីទុកអភិវឌ្ឍនៅពេលក្រោយ។ អ្នកជំនាន់មុនកសាងនូវសមិទ្ធផលទាំងឡាយទុកឲ្យអ្នកជំនាន់ក្រោយ គឺពួកយើង។ ឥឡូវ ពួកយើងនេះ នាំគ្នាកសាងសមិទ្ធផលទាំងឡាយទុកឲ្យអ្នកជំនាន់ក្រោយតទៅទៀត ហើយអ្នកជំនាន់ក្រោយឡើងមកបន្តទៅទៀត គេនឹងកសាងសម្រាប់អ្នកជំនាន់ក្រោយតទៅទៀត តែធ្វើម៉េចកុំឲ្យបំផ្លាញដោយសារសង្គ្រាមត្រឡប់ទៅវិញ …។
“សង្គ្រាមនេះចេះតែរុលទៅមុខ” កម្ពុជាចូលជាសហស្ថាបនិកសេចក្តីសំរេចចិត្តមហាសន្និបាតសហប្រជាជាតិ
អម្បាញ់មិញ ឯកឧត្តម Wang Wentian ក៏បានលើកឡើងអំពីបញ្ហាអ៊ុយក្រែន។ ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់ឡើងវិញ ហើយក៏សូមជម្រាបជូនប្រជាពលរដ្ឋ។ ខ្ញុំនៅចាំបានថា (នៅ)ព្រឹកដែលយើងសម្ពោធផ្លូវជាតិលេខ ៣ ខ្ញុំបាននិយាយលើគោលការណ៍ធំៗ ២ ក្នុងការសម្រេចចិត្តរបស់កម្ពុជា៖ ទី (១) មិនលើកទឹកចិត្តឲ្យមានការបំបែករដ្ឋ។ ទី (២) មិនគាំទ្រ ឬប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង ហើយយើងអំពាវនាវឲ្យមានការចរចា ដោយយើងគិតថា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ។ យើងបានតាមដានមើលសភាពការណ៍ដោយដិតដល់។ ប៉ុន្តែ យើងឃើញថា សង្គ្រាមនេះចេះតែរុលទៅមុខ។ ដូច្នេះហើយ បានជាកម្ពុជា សម្រេចចិត្តចូលរួមធ្វើជាសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយខ្ញុំចេញបញ្ជាត្រឹមតែ ៣ ម៉ោងកន្លះ មុនការបោះឆ្នោតតែប៉ុណ្ណោះ ព្រោះយើងមិនអាចព្រងើយកន្តើយជាមួយនឹងការវាយលុកទ្រង់ទ្រាយធំ ពីប្រទេសមួយចូលទៅក្នុងប្រទេសមួយទៀតបានទេ។ អញ្ចឹង បានជាកម្ពុជាត្រូវប្រកាន់យកឥរិយាបថជាក់លាក់មួយ។ រឿងនេះវាមិនមែនស្ថិតនៅលើថាអ្នកនេះ/នោះមកចលនានោះទេ វាស្ថិតនៅលើបញ្ហាគោលការណ៍រដ្ឋអធិបតេយ្យមួយ ទាក់ទិននឹងការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធជាមួយនឹងបញ្ហាគាំទ្រ ឬមិនគាំទ្រ។
សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន៖ ដើម្បីការចរចាបាន ត្រូវចាប់ផ្តើមពីបទឈប់បាញ់
សង្គ្រាមបន្តកាន់តែសាហាវទៅៗ។ ពេលនោះ ក៏ប្រាប់ទៅ ឯកឧត្តម ប្រាក់ សុខុន ពិភាក្សាបន្ទាន់ជាមួយនឹងដៃគូក្នុងអាស៊ានរបស់យើង អំពាវនាវឲ្យមានការឈប់បាញ់។ ខ្ញុំមិនជឿថា រុស្ស៊ីអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែនបានទេ … ហើយអ៊ុយក្រែនក៏មិនអាចសម្លាប់កងទ័ពរុស្ស៊ីអស់នៅលើទឹកដីអ៊ុយក្រែនដែរ គឺពិតជាយ៉ាងដូច្នេះ។ អញ្ចឹងទេ ជម្រើសដែលល្អជាងគេ គឺជម្រើសទាក់ទិនជាមួយនឹងការចរចា។ ដើម្បីការចរចាបាន ត្រូវចាប់ផ្តើមពីបទឈប់បាញ់។ ពិតហើយ រុស្ស៊ីជាមួយនឹងអ៊ុយក្រែនបានព្រមព្រៀងគ្នានៅច្រករបៀង អំពីការឈប់បាញ់ ក៏ប៉ុន្តែបានអនុវត្តត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ សម្រាប់ជម្លៀសប្រជាជន និងដឹកម្ហូបអាហារដោះស្រាយវិបត្តិមនុស្សធម៌។ ប៉ុន្តែ បទឈប់បាញ់នេះ ត្រូវបានបាញ់ឡើងវិញ។ អ្វីដែលជាការបន្ទរតាមក្រោយ នៃសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន យើងអំពាវនាវឲ្យមានការឈប់បាញ់ ហើយបើហោចណាស់មិនទាន់ធ្វើអ្វីបាន ឈប់បាញ់នៅនឹងកន្លែង។ ពាក្យដែលយើងបានប្រើនៅក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ាន គឺប្រើត្រឹមតែពាក្យឈប់បាញ់។
ថ្ងៃនេះ ខ្ញុំចង់និយាយទៅដល់ពាក្យ “ឈប់បាញ់នៅនឹងកន្លែង” បានសេចក្តីថា កម្លាំងណានៅកន្លែងណា គឺនៅកន្លែងនោះ ប៉ុន្តែផ្អាកបាញ់ ដើម្បីកាត់បន្ថយនូវមហន្តរាយសម្រាប់ប្រជាពលរដ្ឋ រួចហើយចាប់ផ្តើមចរចា។ ខ្ញុំ យល់ស្របជាមួយនឹងទស្សនៈរបស់ ឯកឧត្តម Wang Wentian ម្ខាងចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះទ្វេភាគី តែម្ខាងទៀត គឺការចារចា រវាង NATO, អឺរ៉ុប ជាមួយនឹងរុស្ស៊ី ទាក់ទងនឹងការព្រួយបារម្ភ(ពី) កង្វល់សមស្របរបស់រុស្ស៊ីពាក់ព័ន្ធទៅលើសន្តិសុខរបស់ខ្លួន។ មានតែជម្រើសនេះតែមួយគត់ ដែលធ្វើឲ្យពិភពលោកអាចធូរស្រាល។ ឥឡូវ សូម្បីតែកូនក្មេងក៏វាចេះយកចិត្តទុកដាក់លើអ៊ុយក្រែន និងរុស្ស៊ីវ៉ៃគ្នាដែរ។
កម្ពុជាមិនលើកទឹកចិត្តដើម្បីឲ្យមានជម្លោះបន្ថែមទេ
ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋ កុំឲ្យឈានហួសរហូតទៅដល់ស្ម័គ្រចិត្តសុំធ្វើជាទាហានទៅជួយអ៊ុយក្រែនដូចប្រទេសមួយចំនួន។ ខ្ញុំមិនផ្តល់ឱកាសឲ្យទៅទេ ព្រោះទៅហ្នឹង៖ ទី (១) អត់មានអីដឹកទេ។ ទី (២) កុំយកសាំងទៅចាក់លើភ្លើង។ ភ្លើងវាកំពុងតែឆេះ។ បើឆេះហើយនាំគ្នាពន្លត់ភ្លើងទៅ។ កុំបញ្ឆេះតាមរបៀបថា ពលរដ្ឋកម្ពុជាមួយចំនួនសុំធ្វើជាទាហានស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន។ នេះគ្រាន់តែជាការលើកទឹកចិត្តចោលទេ។ អ៊ុយក្រែនគេមិនឲ្យចូលទ័ពគេទេ កុំទៅឆ្ងល់ពេក។ យើងគ្មានសមត្ថភាពនឹងធ្វើបែបនោះទេ។ សូមកុំទៅជ្រុលហួសដល់កម្រិតថា សុំទៅធ្វើទាហាន ដើម្បីជួយប្រយុទ្ធនៅលើទឹកដីអ៊ុយក្រែន។ ខ្ញុំមិនឲ្យ(ប្រជា)ពលរដ្ឋកម្ពុជាទៅស្លាប់លើទឹកដីរបស់អ៊ុយក្រែនទេ។
រដ្ឋធម្មនុញ្ញរបស់កម្ពុជា (មាត្រា ៥៣) ហាមឃាត់មិនឲ្យយកកម្លាំង ចេញទៅក្រៅ ពីកម្លាំងខាងក្រៅមកបោះនៅខាងក្នុងប្រទេស ហើយក្នុងប្រទេសយើងទៅបោះកម្លាំងនៅខាងក្រៅ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ពេលនេះ កងទ័ពរបស់យើងកំពុងនៅស៊ូដង់ខាងត្បូង, នៅលីបង់, នៅម៉ាលី, នៅអាហ្វ្រិកកណ្ដាល។ ពេលមានសភាពការណ៍ម្តងៗ នាយករដ្ឋមន្ត្រីហ្នឹង គឺថា តាមរកដំណឹងពីក្រសួងការពារជាតិផង ពីក្រសួងការបរទេសផង តើយ៉ាងម៉េចទៅហើយ អំពីស្ថានភាពនៃការវាយលុករបស់ពួកឧទ្ទាម ឬដាក់មីនរបស់ពួកឧទ្ទាមទៅលើកម្លាំងរបស់យើងនៅទីនោះ? ទម្រាំដល់មានពលរដ្ឋរបស់យើងមួយចំនួនសុំទៅធ្វើទ័ពនៅអ៊ុយក្រែន វាអត់មានខុសអីពីយកសាំងទៅចាក់លើភ្លើងទេ។
ពេលវេលានេះជាពេលវេលាដែលត្រូវរកដំណោះស្រាយ បើមិនអញ្ចឹងទេពិភពលោកប្រហែលជាអាចនឹងជ្រួលច្របល់លើសពីនេះ។ ពិភពលោកនឹងធ្វើឲ្យជ្រួលច្របល់ឡើងនូវបញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ រឿងកូវីដ-១៩ បង្កដោយអូមីក្រុង ជារឿងមួយហើយ ប៉ុន្តែសេដ្ឋកិច្ចវានឹងធ្លាក់ចុះដោយសារតែ … ជម្លោះរវាងរុស្សី និងអ៊ុយក្រែន។ និយាយដោយត្រង់ៗការវាយលុកពីរុស្សីទៅលើអ៊ុយក្រែនតែម្ដង ដែលរឿងនេះយើងអត់ចង់បានទេ។ យើងក៏បានពន្យល់ទៅកាន់មិត្តរុស្សីរបស់យើង អំពីមូលហេតុដែលយើងត្រូវប្រកាន់យកនូវឥរិយាបថបែបនេះ ហើយយើងមិនលើកទឹកចិត្តដើម្បីឲ្យមានជម្លោះបន្ថែមនោះទេ។ អញ្ចឹងការចរចាមួយដែលត្រូវធ្វើ ដើម្បីបញ្ចៀសការស្លាប់ ហើយយកចិត្តទុកដាក់ទៅលើភាពសមហេតុសមផលទាំងសងខាង ដែលអាចទទួលយកបាន ក្នុងរយៈពេលវែង។
ការធ្វើនយោបាយគឺវាបែបនេះហើយ។ ព្រោះឥឡូវនេះ មនុស្សដែលថាចេញទៅខាងក្រៅហើយ ដូចជា ១ លានកន្លះទៅហើយ ដែលចាកចេញ(ពីអ៊ុយក្រែន)។ អញ្ចឹងគ្រាន់តែជនភៀសខ្លួនចេញពីអ៊ុយក្រែនប៉ុន្មាន? ប៉ុន្តែអ្នកដែលរត់គេច គេហៅថា ជនភៀសសឹក ចេញពីកន្លែងមួយទៅកាន់កន្លែងមួយ តើនៅប៉ុន្មានទៀត? យើងស្គាល់ហើយរសជាតិនូវបញ្ហា។ គ្រាន់តែផ្សារសួង ដែលខ្ញុំនិយាយអម្បាញ់មិញ កំពុងអង្គុយស៊ីនំបញ្ចុក អា T28 វាទម្លាក់គ្រាប់បែកផ្សារសួងហ្នឹង ឯងរត់ធ្លាក់ពោធិជើងខាលនោះ។ មិនមែនរឿងលេងទេ អារឿងកាំភ្លើងនោះ។ ហើយគ្មាននរណាបញ្ចប់នរណាបានទេ។
អ៊ុយក្រែន៖ “សិទ្ធិមនុស្សក៏បាត់ ប្រជាធិបតេយ្យក៏អស់ មនុស្សក៏ស្លាប់ … បានស្រែករកសន្តិភាព”
អ្វីដែលជាការចាប់អារម្មណ៍នៃមជ្ឈដ្ឋាននយោបាយ និងអ្នកសារព័ត៌មានក្នុងស្រុករបស់យើងប៉ុន្មានថ្ងៃនេះ គឺនៅពេលដែលប្រធានាធិបតីអ៊ុយក្រែនបាននិយាយភាសាមួយម៉ាត់ថា “ពេលនេះអាទិភាពកំពូលរបស់អ៊ុយក្រែនគឺសន្តិភាព”។ អញ្ចឹង អ្នកវិភាគរបស់យើង (មានអ្នកខលមក) និងអ្នកធ្វើអត្ថាធិប្បាយរបស់យើងថា នៅកម្ពុជាបានយកចិត្តទុកដាក់អាហ្នឹងជាអាទិភាពកំពូល។ ឥឡូវដល់ប្រទេសកើតសង្គ្រាម (ទើបបាន)ស្រែករកសន្តិភាព។ កាលពីមុនអត់ស្រែករកសន្តិភាពទេ ស្រែករកតែប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដល់ឥឡូវសិទ្ធិមនុស្សក៏បាត់ ប្រជាធិបតេយ្យក៏អស់ មនុស្សក៏ស្លាប់។ ឯយើងនៅទីនេះ យើងយកចិត្តទុកដាក់អាទិភាពកំពូលរបស់យើងគឺសន្តិភាព។ ដើម្បីអី? ដើម្បីធានានូវសិទ្ធិរស់រានមានជីវិត បើសិទ្ធិរស់រានមានជីវិតហើយ គឺសិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានធានា។ បើងាប់ហើយ តើបានធានាអីទៀត? អញ្ចឹងប៉ុន្មានថ្ងៃនេះ អ្នកធ្វើអត្ថាធិប្បាយ(បានសង្កត់ន័យ)ពេលដែលប្រធានាធិបតីរបស់អ៊ុយក្រែនបាននិយាយថា អាទិភាពកំពូលគឺសន្តិភាព។
កម្ពុជាបានយកចិត្តទុកដាក់លើរឿងសន្តិភាពជាង ២០ ឆ្នាំហើ។យ បើនិយាយឲ្យពិតទៅគឺ យើងបានប្រឹងប្រែង ៤០ ឆ្នាំជាង ដើម្បីតែសន្តិភាពមួយនេះ។ តើយើងបណ្ដែតបណ្ដោយឲ្យមនុស្សមួយក្រុមបំផ្លាញសន្តិភាពយើងបានឬ? ឥឡូវការជាក់ស្ដែងបានកើតឡើងនៅអ៊ុយក្រែន នៅអ៊ីរ៉ាក់ នៅស៊ីរី នៅលីប៊ី នៅយេមែនកំពុងបន្ត។ ឥឡូវនេះបានកើតឡើងនៅអឺរ៉ុបតែម្ដង។ ប្រទេសនៅអឺរ៉ុប ទោះបីមិនទាន់ទទួលការវាយប្រហារ ក៏កំពុងតែផ្ដោតការយកចិត្តទុកដាក់សន្តិសុខ/សន្តិភាពនៅអឺរ៉ុប។ អញ្ចឹងទេ ក៏សង្ឃឹមថា អ្នកខាងក្រៅដែលមើលឃើញអំពីការយកចិត្តទុកដាក់នៃនយោបាយផ្ដល់អាទិភាពកំពូលទៅលើសន្តិភាព ក៏ត្រូវតែយល់ពីយើងផងដែរ ព្រោះកុំចាំបាច់ដល់មានសង្រ្គាមហើយ ទើបបានធ្វើម៉េចឲ្យមានសន្តិភាព? បើមានសង្រ្គាមហើយ បើសិនជាឲ្យផ្ទុះហើយ លើកនេះប្រហែលជាគ្មាន ហ៊ុន សែន ធ្វើនយោបាយឈ្នះឈ្នះលើកទី ២ ទេ …។
តម្រូវការនៅក្នុងសង្គមវាតែងមានបញ្ហានេះ/នោះកើតឡើង … វាទាមទារឲ្យយើងអត់ធ្មត់ដោះស្រាយ តាមផ្លូវសីលធម៌ក្ដី តាមផ្លូវច្បាប់ក្ដី។ ប៉ុន្តែ កុំស្អីឡើង មកចាប់ ហ៊ុន សែន អំពាវនាវកម្លាំងប្រដាប់អាវុធបែរចុងកាណុងមកបាញ់ ហ៊ុន សែន។ តើអាហ្នឹងស្អី? អំពាវនាវឲ្យមានសង្គ្រាមឬ? អញ្ចឹងទេនៅតែឯងនោះទៅ។ ទៅជាឧទ្ទាមក្រៅច្បាប់នោះទៅ។ តែបើឧទ្ទាមក្រៅច្បាប់នៅក្នុងប្រទេស អ្នកមិនអាចរត់រួចទេ។ ស្រុកឥឡូវអត់មានកន្លែងជម្រកទេ។ ពីដើម មានជម្រក វាមានខ្មែរក្រហមផង ខ្មែរខៀវផង ខ្មែរសផង ដែលសុទ្ធតែមានប្រដាប់អាវុធ តែទាស់ខុសអី រត់ទៅចូលខាងនោះ។ តែឥឡូវអត់មានទេ មានជុំគ្នានៅព្រៃស អាហ្នឹងអាច។
រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជានឹងទៅមុខ
អញ្ចឹងហើយបានជាកម្ពុជាយកចិត្តទុកដាក់អាទិភាពខ្ពស់ជាងគេ គឺសន្តិភាព។ ពេលណាក៏ដោយ ខ្ញុំតែងតែរំលឹកឲ្យយកចិត្តទុកដាក់រក្សាសន្តិភាព ស្ថេរភាពនយោបាយ រួមនឹងការយកចិត្តទុកដាក់ទៅលើស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ទាំងពីរហ្នឹងក្ដាប់ឲ្យមាំ។ អាហ្នឹងធានាថា កម្ពុជាទៅមុខហើយ។ អូមីក្រុង កូវីដ-១៩ វាកើត មិនមែន កើតតែកម្ពុជាទេ។ ប្រទេសជិតខាងយើង នៅថៃបានកើនឡើងមួយថ្ងៃជាង ២ ម៉ឺនករណី និងស្លាប់រាប់សិប។ នៅវៀតណាមម្សិលមិញនេះបានកើនឡើង ១៤ ម៉ឺនករណីជាង ប៉ុន្តែប្រជាជនវៀតណាមច្រើន គាត់រហូតដល់ ១០០ លាននោះ។ អញ្ចឹងការឆ្លងប៉ុណ្ណេះ(មិនសូវជាធំ) ហើយស្លាប់ ៨២ នាក់។ យើងដឹងចំនួនស្លាប់ឬនៅ? ធម្មតាថ្ងៃម៉ោង ១០ អីហ្នឹង យើងចេញតួលេខនៃការស្លាប់ហើយ (តែឥឡូវមិនទាន់ដឹង)។ ប៉ុន្តែតួលេខនៃការឆ្លងចេញហើយ ៣០៦ ករណី ធ្លាក់ចុះជាងពីម្សិលមិញ។ ប៉ុន្តែ សុំកុំប្រើពាក្យថា “បើមិនកើតអូមីក្រុងទេ មិនទាន់សម័យ”។ កុំលេងអាហ្នឹង (និយាយលេងពីអភិបាលខេត្តដែលបានឆ្លងកូវីដ) ព្យាយាមកុំឲ្យកើត។
យប់មិញ មិនដឹងយ៉ាងម៉េច ម៉ោង ១ ហើយ (ដេក)មិនលក់។ ដល់ម៉ោង ៤ ភ្ញាក់វិញ ហើយត្រូវម៉ោង ៥ ជាងក្រោក។ រង់ចាំថាឯណេះឲ្យជួបជុំ ដើម្បីធ្វើដំណើរមក។ ទីកន្លែងនេះមិនឆ្ងាយទេ។ ឃ្លាតពីហ្នឹងទៅស្ពានទន្លេបិទ ២៧ គីឡូម៉ែត្រ កន្លែងដែលខ្ញុំត្រូវរបួស(ខូចភ្នែក) គឺគល់ស្ពានគីហ្សូណាហ្នឹង ដែលពិការភ្នែករហូតដល់រាល់ថ្ងៃ។ តំបន់ទាំងនេះគឺជាតំបន់ខាងជើងផ្លូវជាតិលេខ ៧ ធ្វើសកម្មភាពច្រើន។ ធ្លាក់ដល់ តំបែរ ទឹកជ្រៅ កាលនោះមានស្រុកមួយ ស្រុកទឹកជ្រៅ។ នៅស្រុកត្បូងឃ្មុំរបស់យើងនេះ ក៏មានបង្កើតស្រុកថ្មីមួយទៀត ហៅថា ស្រុកពាមជីលាំង ដោយកាត់យកឃុំខ្លះរបស់ស្រុកត្បូងឃ្មុំ និងឃុំខ្លះរបស់ស្រុកក្រូចឆ្មារ បង្កើតទៅជាស្រុកពាមជីលាំង កាលពីជំនាន់នោះ។
ខាងជើងផ្លូវជាតិលេខ ៧ នេះ បង្កើតបានទៅជាស្រុក ៣ បន្ថែម ស្រុកពាមជីលាំង ស្រុកទឹកជ្រៅ និងស្រុកទ្រមូង ខេត្តកំពង់ចាមមួយ កាលពីពេលនោះ គេចែកទៅជា ៤ ឬ ៥ ខេត្ត។ តំបន់ ២០ ២១ ២២ ខាងនេះ ហើយទៅម្ខាងទៀត ត្រើយខាងលិច ខាងកំពង់ចាមនោះ ទៅជា ៤១ ៤២ គេចែកទៅជាតំបន់ តំបន់ហ្នឹងគឺស្មើនឹងខេត្ត ព្រោះគ្រប់គ្រងលើស្រុក។ អញ្ចឹងបានយើងមានការស្គាល់គ្នានៅទីនេះច្រើន។
ថ្ងៃនេះគ្រូពេទ្យយើង ខ្ញុំសុំរំលឹកបន្តិច និយាយរឿងមួយ កុំចេះតែរឿងនយោបាយច្រើនពេក។ រឿងអញ្ចេះ រឿងយមរាជកាត់ទោសគ្រូពេទ្យ មនុស្សដែលស្លាប់ទៅទាំងប៉ុន្មាន ចុះទៅឋានយមរាជ ដែលយមរាជសួរថាស្លាប់ដោយសារអី? ខ្ញុំស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿនពេក ហើយស្រីថាខ្ញុំរកស៊ីផ្លូវភេទ ស្លាប់ដោយសារជំងឺអេដស៍ អត់អីទេ ទៅ។ មួយទៀត ស្លាប់ដោយសារអី? ទៅលួចគេ គេកាប់ គេបាញ់ត្រូវ អត់អីទេ ទៅ។ ស្រាប់តែទៅដល់ មួយទៀតមក មុខរបរអី បានធ្វើគ្រូពេទ្យ អញរកមុខយូរហើយ ដោយសារតែពួកឯងហ្នឹងហើយ បានជាគ្មានមនុស្សចុះមកឋាននរក។ អញ្ចឹងកាត់ទោសយកទៅដាក់ខ្ទះត្នោត។ ប៉ុន្តែភាសានិយាយនេះ បានសេចក្តីថា ជាការលើកតំលៃកម្ពស់របស់គ្រូពេទ្យទៅវិញទេ។ អ្នកដែលនិយាយរឿងកំប្លែងបែបនេះ ព្រោះអី? យមរាជបន្ទោសទៅលើគ្រូពេទ្យ ដោយសារតែគ្រូពេទ្យធ្វើឲ្យមនុស្សរស់ បានជាត្រូវដាក់ទោសគ្រូពេទ្យឲ្យវាធ្ងន់។ បានសេចក្តីថា គ្រូពេទ្យយើងបានជួយសង្គ្រោះជីវិតមនុស្សរហូតទៅដល់យមរាជខឹងទៅទៀត ដាក់ទោសយ៉ាងទម្ងន់។
ពីមុនខ្ញុំនិយាយរឿងគ្រូពេទ្យកោសខ្យល់ គ្រូពេទ្យកោសខ្យល់មិនមែនមានន័យថាបន្តុះបង្អាប់គ្រូពេទ្យទេ ក៏ប៉ុន្តែជំនាន់នោះពិតជាចឹងមែន។ យើងបង្កើតគិលានដ្ឋានតាមឃុំ ដល់អ្នកជំងឺទៅអត់ថ្នាំពេទ្យថា “អ៊ំៗកោសខ្យល់”។ គ្រូពេទ្យកោសខ្យល់ឲ្យអ្នកជំងឺ។ មិនមែនបានសេចក្តីថា ជាការបន្តុះបង្អាប់ទេ តែនេះជាតម្លៃនៃសីលធម៌របស់គ្រូពេទ្យ គ្មានអ្វីដោះស្រាយ អត់ថ្នាំពេទ្យ ដំណាក់កាលនោះ។ អញ្ចឹងនៅសល់ក្បួនមួយ បបួលគាត់កោសខ្យល់ អាហ្នឹងជាការឲ្យតម្លៃទៅវិញទេ ឋាននរកក៏ចឹង។ ចឹងត្រូវបន្តទៅ កុំខ្លាចនរកកាត់ទោស កុំខ្លាចយមរាជកាត់ទោស ធ្វើម៉េចព្យាបាលមនុស្សឲ្យជា អាហ្នឹងគឺល្អហើយ។
ថ្ងៃនេះបានពាំនាំមកសម្រាប់ សិស្សានុសិស្សដែលរៀននៅបឋមសិក្សា វិទ្យាល័យដែលនៅនេះ ចំនួន ៤០៤ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ១៨ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល ជូនវេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកចំនួន ២៥០ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល ជូនបឋមសិក្សា និងវិទ្យាល័យតេជោសែន ត្បូងឃ្មុំ ៣ លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល ជូនសាលាស្រុកត្បូងឃ្មុំថវិកា ២ លានរៀល ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ៥ លានរៀល ជូនក្រុមតន្ត្រីសម័យថវិកា ៥ លានរៀល។
បានបែកញើសចឹង ទៅវិញធ្លាក់ ១ គីឡូ។ ឥឡូវយ៉ាប់ជាងគេ យ៉ាប់រឿងក្បាលពោះធំតែម្តង។ សំណាងហើយដែលធ្លាក់គីឡូហើយ ទៅកាត់ខោអាវថ្មី ដល់កាតខោអាវថ្មី ខោអាវចាស់អត់ទាន់ឲ្យគេ ដល់ឥឡូវអាថ្មីពេញអត់ចុះ យកអាចាស់មកពាក់វិញ នៅត្រូវ។ បានអាហ្នឹងយោង កុំអីអត់ ហើយគីឡូចេះតែឡើង ដល់អាយុត្រូវឡើងហើយ … ចុងបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងការសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាវិទ្យាល័យតេជោសែន ត្បូងឃ្មុំ ដែលមានចំនួន ៦ ខ្នង ស្មើនឹង ៦២ បន្ទប់។ ខ្ញុំសុំយកឱកាសនេះជូនពរចំពោះចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ និងសុំជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕