- លោក អែនដ្រៀស ហ្សឺប្រាក់( Andreas Zurbrugg) ភារធារីនៃស្ថានទូតអូស្ដ្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
- សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសូមសម្ដែងនូវអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងប្រភេទ ហ្វៃស៊័រ (Pfizer )ចំនួន ២.៣៥០.៥៣០ ដូស ដែលក្នុងនោះ ៧៨៣.០០០ ដូស បានមកដល់កម្ពុជានៅថ្ងៃនេះ ហើយ ១.៥៦៧.៥៣០ ដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាកំពុងព្យាយាមសម្រប បន្សាំខ្លួន និងរស់នៅតាមប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។
ចាប់តាំងពីមានការផ្ទុះ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាយល់ និងកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ដែលជា អាវុធយុទ្ធសាស្ដ្រគន្លឹះ សម្រាប់គ្រប់គ្រង និងយកឈ្នះលើជំងឺដ៏កាចសាហាវនេះ។ រាជរដ្ឋាភិបាល បានកៀគរកម្លាំងសរុបរបស់ជាតិ ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំងពីគ្រប់មជ្ឈដ្ឋាន និងបានបើក យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនចំពោះប្រជាជនចាប់ពីអាយុ ៥ ឆ្នាំ ឡើង និង យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសជំរុញ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាលទ្ធផល គិតត្រឹមថ្ងៃទី ២៦ ខែ ធ្នូ ២០២១ នេះ ប្រជាជនកម្ពុជាប្រមាណជាង ៩០ ភាគរយ នៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ ទទួលបានការចាក់វ៉ាក់សាំង។ ជាមួយសមិទ្ធផលជាទីគាប់ប្រសើរនេះ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានបើកប្រទេស និងសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញពេញលេញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ មក ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។
ជាទិសដៅទៅមុខ ថ្វីត្បិតតែសកលលោកទាំងមូលបាន និងកំពុងព្រួយបារម្ភអំពីមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី ឈ្មោះអូមីក្រុង (Omicron) ក៏ដោយ កម្ពុជានឹងបន្ដដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ចជាធម្មតា ដោយមិនភ័យខ្លាច ប៉ុន្តែប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ រាជរដ្ឋាភិបាល នឹងជំរុញ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសជំរុញ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតរនាំងការពារសុខភាពសាធារណៈដ៏រឹងមាំ។ ជាមួយគ្នានេះ ដើម្បីត្រៀមខ្លួនចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពរឹងមាំ និងភាពធន់ រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្ត យុទ្ធសាស្រ្តស្ដីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ–១៩ និង ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ–១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ សំដៅជំរុញឲ្យប្រទេសកម្ពុជាត្រឡប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
- សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
{ផ្តើមសេចក្តីអធិប្បាយ}
សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក៏ប៉ុន្តែ មិនត្រូវមានការភ័យស្លន់ស្លោនោះទេ យើងត្រូវរួមគ្នាដើម្បីទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគ(Omicron) ចូលទៅក្នុងសហគមន៍
អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ដើម្បីថ្លែងទៅកាន់បងប្អូនប្រជាជន ឲ្យបានជ្រាបថា នៅថ្ងៃនេះករណីឆ្លងថ្មីមានរហូតទៅដល់ ១៥ ករណី ហើយ ១៥ ករណី នេះសុទ្ធសឹងតែជាការនាំចូលទាំងអស់ ហើយគឺជាប្រភេទអូមីក្រុង (Omicron) តែម្តង។ ប៉ុន្មានថ្ងៃរួចមកហើយ ការឆ្លងរបស់យើងនៅសល់ ៣ ឬ ៤ ឬ ៥ ករណី ហើយករណីភាគច្រើនគឺជា ករណីនាំចូល។ យើងស្ទើរតែពុំមានការឆ្លងក្នុងសហគមន៍ ក៏ប៉ុន្តែអកុសលជំងឺនេះបានរាតត្បាតចូលមកក្នុងប្រទេសយើងបាន ៣១ ករណី។ ដោយឡែក តែករណីថ្ងៃនេះ មានរហូតទៅដល់ ១៥ ករណីតែម្តង ក្នុង ៣១ ករណី នេះ មាន ៣ ករណី បានជាសះស្បើយ។ ដូច្នេះ ខ្ញុំសុំយកឱកាសនេះ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្ន ក៏ប៉ុន្តែ មិនត្រូវមានការភ័យស្លន់ស្លោនោះទេ យើងត្រូវរួមគ្នាដើម្បីទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគនេះ ចូលទៅក្នុងសហគមន៍។ នៅលើពិភពលោកនេះ មានការឆ្លងជំងឺនេះ នៅប្រទេសជាច្រើនរួចមកហើយ ក៏ប៉ុន្តែជំងឺនេះ មិនសាហាវដូចជា Delta នោះទេ គេនៅអាចព្យាបាលបាន ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងប្រទេសយើងនៅពេលនេះ គឺសុទ្ធសឹងតែចូលមកតាមច្រកព្រលានយន្តហោះ ទាំងនៅភ្នំពេញ ទាំងនៅសៀមរាប។ ដូច្នេះ យើងកំពុងគ្រប់គ្រងនូវស្ថានការណ៍នេះ មិនឲ្យធ្លាយចូលទៅក្នុងសហគមន៍ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នអំពីការឆ្លង អូមីក្រុង (Omicron) ចូលទៅក្នុងសហគមន៍ ព្រោះវាមានកម្រិតនៃការចម្លងឆាប់រហ័សលឿនជាង Delta និង Alpha។
សិស្សដែលមានវិជ្ជមានកូវីដ-១៩ ប្រឡងនៅមន្ទីរពេទ្យ
ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ ខ្ញុំក៏បានដោះស្រាយករណី ដែលមុននេះអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សដែលកើត កូវីដ-១៩ គឺមិនអនុញ្ញាតឲ្យចូលប្រឡង។ ខ្ញុំបានស្នើឲ្យមានការកែតម្រូវ ហើយអនុញ្ញាតឲ្យមានការចូលប្រឡង ប៉ុន្តែ ខ្ញុំក៏សុំស្នើកុំឲ្យវិទ្យាល័យបាក់ទូកដែលមុននេះ គ្រោងប្រឡងនៅមណ្ឌលបាក់ទូក មានការស្លន់ស្លោ។ យើងមិនយកសិស្សដែលមានមេរោគនេះ ដែលបានចេញទៅប្រកួតកីឡា ដោយមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ទៅប្រឡងនៅមណ្ឌលប្រឡងបាក់ទូកទេ ក៏ប៉ុន្តែ យើងរៀបចំចាត់ចែងឲ្យមានការប្រឡងនៅនឹងមន្ទីរពេទ្យតែម្តង ដោយមានគ្រូពេទ្យ សាស្រ្តាចារ្យរបស់យើងចូលទៅធ្វើការពិនិត្យនៃការប្រឡងនោះ។ នេះជាព័ត៌មានដែលខ្ញុំសុំផ្ញើជូនចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាប ការកើនឡើងវិញនៃការឆ្លងដែលចាប់ពី ៤ ករណី ៥ ករណី ឡើងរហូតទៅដល់ ១៥ ករណី ដែលនឹងប្រកាសនៅថ្ងៃស្អែកនេះ សុទ្ធតែជាករណីឆ្លងនាំចូល ហើយជាករណី អូមីក្រុង(Omicron) ដែលយើងកំពុងតែត្រួតត្រាបាន ហើយទន្ទឹងសង្ឃឹមថា អូមីក្រុង នឹងមិនហៀរចូលទៅក្នុងសហគមន៍ដូចជា Delta និង Alpha នោះទេ។
{បញ្ចប់សេចក្តីអធិប្បាយ}
ភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា មិនអាចសម្របបានឡើយ ប្រសិនបើមិនមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់ប្រជាជនកម្ពុជា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានានោះទេ។ ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ ទាំងផ្នែកហិរញ្ញប្បទាន និងបច្ចេកទេសរបស់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី នាពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល និងជាពិសេសការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះអំណោយវ៉ាក់សាំងដ៏ថ្លៃថ្លា នាពេលនេះ ដែលនឹងត្រូវយកទៅប្រើប្រាស់ក្នុង យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសជំរុញ ជូនប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលី បន្តការផ្ដល់ការគាំទ្របន្ថែមទៀតដល់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងការកសាងសមត្ថភាពផ្នែកសន្តិសុខសុខភាព ក្នុងការពង្រឹងប្រព័ន្ធសុខភាពសាធារណៈ និងការចូលរួមរបស់សហគមន៍ ក្នុងការផ្ដល់សេវាថែទាំសុខភាព ក៏ដូចជាការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។
{ផ្តើមសេចក្តីអធិប្បាយ}
ប្រើប្រាស់វ៉ាក់សាំងជំនួយអូស្រ្តាលី ជាដូសជំរុញ
អម្បាញ់មិញ ឯកឧត្តមភារធារីស្តីទី បានលើកឡើងអំពីជំនួបខ្ញុំជាមួយលោកជំទាវរដ្ឋមន្រ្តីការបរទេស ថានៅចុងឆ្នាំនេះ វ៉ាក់សំាងនឹងមកដល់ចំនួន ១ លានដូស។ ប៉ុន្តែ យើងបែរជាបានទទួលរហូតដល់ ២ លាន ៣ សែន ដូស ដែលមកថ្ងៃនេះផង និងមកនៅថ្ងៃខានស្អែកទី ២៨ ផង ។ ខ្ញុំសុំបញ្ជាក់ជូនថា យើងនឹងប្រើប្រាស់វ៉ាក់សាំងនេះជាដូសជំរុញ មានផ្នែកដូសជំរុញសម្រាប់ដូសទី ៤ ជាមួយនឹងក្រុមជួរមុខ នឹងមានការប្រើដូសជំរុញសម្រាប់ប្រជាជនទូទៅទៅលើដូសទី ៣ មានខ្លះចូលដូសទី ៤ សម្រាប់ជាពិសេសសម្រាប់វិស័យសុខាភិបាល ដែលត្រូវប្រឈមជាមួយនឹងហានិភ័យ ប៉ុន្តែសម្រាប់ប្រជាជនទូទៅយើងនឹងប្រើប្រាស់ជាដូសជំរុញនៃដូសទី ៣ ។
{បញ្ចប់សេចក្តីអធិប្បាយ}
ជាចុងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ កុំមានការភិតភ័យ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសបន្តការអនុវត្តជាប់ជានិច្ចនូវវិធានការ «៣–ការពារ និង ៣-កុំ» ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ឲ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងសូមជួបប្រទះនូវវិបុលភាពរីកចម្រើនរុងរឿងទៅមុខជានិរន្តរ៍៕
សូមអរគុណ!