ពហុកីឡដ្ឋានមរតក៌តេជោ ផ្លែផ្កានៃទំនាក់ទំនងកម្ពុជាចិន
ជយោ! ព្រះរាជាណាចក្រកម្ពុជា!
ជយោ! ចំណងមិត្តភាពកម្ពុជា-ចិន!
សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ សមេ្ដច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ។
លោកឧកញ៉ា សុស កាមរី ប្រធានគណៈចាងហ្វាងជាន់ខ្ពស់ នៃសាសនិកឥស្លាម។
ឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ភារធារី និងតំណាងប្រិយមិត្តបរទេសទាំងអស់ ចូលរួមនៅក្នុងឱកាសនេះ។
ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេច ឯកឧត្តម លោកជំទាវ លោក/ស្រី បងប្អូនជនរួមជាតិ កីឡាករ/ការិនី ដែលបានចូលរួមនៅទីនេះ
បងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ
ថ្ងៃនេះ យើងទាំងអស់គ្នាចូលរួមនៅទីនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់វិមានពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការប្រកួត SEA Games ឆ្នាំ២០២៣។ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ សម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជាជំនួយឥតសំណងសម្រាប់វិមានដ៏ស្កឹមស្កៃនេះ។ មិនមែនជាការយល់សប្តិ ហើយនេះ គឺជាពហុកីឡដ្ឋានជាតិ ដែលយើងទាំងអស់គ្នាបានប្រឹងប្រែងកសាងឡើង ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំពិតជាមានមោទនភាព ដោយវាជាសមិទ្ធផល នៃផ្លែផ្កានៅក្នុងទំនាក់ទំនង នៃសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
ទទួលទានផ្លែ នឹកដល់អ្នកដាំដើម
ថ្ងៃនេះ យើងបានយាង និងនិមន្តព្រះសង្ឃ ៦៨ អង្គ ដើម្បីមកចូលរួមស្វាធ្យាយជយន្តោ និងចូលរួមសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលដ៏ធំធេងនេះ។ តើ(ព្រះសង្ឃ) ៦៨ អង្គនេះតំណាងអោយអ្វី? ខ្ញុំព្រះករុណាខ្ញុំបានប្រាប់ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ថា សុំយាង និងនិមន្ត(ព្រះសង្ឃ) ៦៨ អង្គ។ (ព្រះសង្ឃ) ៦៨ អង្គនេះ គឺតំណាងអោយខួបលើកទី ៦៨ នៃថ្ងៃឯករាជ្យកម្ពុជាចេញពីអាណានិគមរបស់បារាំង។ (ព្រះសង្ឃ) ៦៨ អង្គក៏តំណាងអោយនិមិត្តរូបនៃព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាអតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានប្រឹងប្រែងដឹកនាំប្រជាជាតិកម្ពុជាងើបឈរឡើង ដើម្បីដណ្ដើមឯករាជ្យអធិបតេយ្យភាពជូនជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាមានមោទនភាពរហូតដល់សព្វថ្ងៃនេះ។ ដោយនិយាយអំពីការទទួលទានផ្លែឈើនឹកដល់អ្នកដាំដើម និងផឹកទឹកនឹកប្រភពទឹក យើងក៏សូមយកឱកាសនេះ ថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយនោះក៏ជាការចាប់ផ្ដើមនូវសម័យកាលថ្មីមួយ ទុក(ជា)កេរ្តិ៍មរតកនៃការបន្តពូនជ្រុំចំណងមិត្តភាពសម្រាប់អ្នកជំនាន់ក្រោយ …។
ជំនួយចិន ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងឯករាជ្យអធិបតេយ្យភាពកម្ពុជា
(សមិទ្ធផល)នៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យ ហើយដែលខ្វះទំនាក់ទំនងនោះទេ។ យើងបានខិតខំកសាងទំនាក់ទំនងរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ដោយឈរលើការជឿទុកចិត្តគ្នា លើការគោរពគ្នា លើសាមគ្គីភាពជាមួយគ្នា ជំនឿទុកចិត្តខាងនយោបាយ ការគោរពនូវឯករាជ្យអធិបតេយ្យភាពគ្នាទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត តាំងពីសម័យសង្គមរាស្ត្រនិយមរហូតមកដល់ពេលនេះ។ នោះហើយជាមូលដ្ឋានគ្រឹះ ដែលយើងឈានទៅកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រធានាធិបតី Xi Jinping បានប្រសិទ្ធនាមមិត្តភាពនេះហៅថា “ជាមិត្តភាពដែកថែប” ដែលគ្មានអ្នកណាអាចបំបែកបាន។ ថ្ងៃនេះ (ពហុកីឡដ្ឋានមរតក៌តេជោ) គ្រាន់តែជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានជួយការជ្រោមជ្រែងពីសាធារណរដ្ឋប្រជាមានិតចិន។ បើនិយាយពីជំនួយឥតសំណង នេះគឺជាគម្រោងដ៏ធំជាងគេនៅក្នុងចំណោមជំនួយឥតសំណង ដែលសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់អោយយើង។ ថ្ងៃនេះ យើងបានទទួលនូវសមិទ្ធផលដ៏ធំនេះ។ ប៉ុន្តែ ខ្ញុំគិតថា អ្វីដែលធំជាងនេះទៅទៀត ដែលមិនអាចវាស់ស្ទង់បាន គឺជាជម្រៅទឹកចិត្ត ដែលមេដឹកនាំចិន (ក៏ដូចជា) ប្រជាជនចិនបានផ្ដល់ សម្រាប់ប្រជាជនកម្ពុជា។ សមិទ្ធផលនេះធំណាស់ហើយ តែអ្វីដែលធំជាងទៀតគឺទឹកចិត្ត ដែលមិត្តយើងបានផ្ដល់អោយនៅក្នុងការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើរទន្ទឹមនឹងការពង្រឹងឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា។ ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មិនមែនគ្រាន់តែមានន័យលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ក៏ប៉ុន្តែជំនួយនេះក៏បានជួយទៅដល់ការពង្រឹងឯករាជ្យអធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។ ខ្ញុំសង្ឃឹមថា មិនមានសម្ពាធណាផ្សេងទៀត ដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មលើកម្ពុជា ដែលគ្រាន់តែកម្ពុជាសេរីភាពនៅក្នុងការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ។ ពិតណាស់ហើយ ថ្ងៃនេះអ្នកខ្លះអាចលើកឡើងថា វាជាការផ្គើនចំពោះបទបញ្ជាពីខាងក្រៅដែលហាមឃាត់ការទាក់ទងរវាងកម្ពុជាជាមួយចិន ដោយយើងធ្វើពិធីដ៏អធិកអធមមួយ បើទោះបីក្រោមសម្ពាធ នៃកូវីដ-១៩ ក៏ដោយ។
កម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតអូឡាំពិកអាស៊ីឆ្នាំ ២០២៩
ប្រសិនបើពុំមានកូវីដ-១៩ បំផ្លាញយើងទេ ថ្ងៃនេះ ខ្ញុំនឹងធ្វើពិធីសម្ពោធនៅទីនេះអោយមានមនុស្សលើសពី ៦ម៉ឺននាក់។ ស្តាតនេះអាចដាក់បានដល់ ៦ ម៉ឺននាក់។ ប៉ុន្តែ ថ្ងៃនេះ យើងជួបជុំគ្នាដោយមានមនុស្សក្រោម ២ ម៉ឺននាក់ប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពម្រាប់អ្នកចូលរួម ក៏ដូចជាសម្រាប់វិធានការណ៍ផ្នែកសុខាភិបាលផងដែរ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម ថោង ខុន ក៏ដូចជា របាយការណ៍របស់ សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញអំពីការខិតខំទាំងឡាយ ដែលក្រុមហ៊ុនចិន ក៏ដូចជា កម្មករចិន អ្នកឯកទេសចិន និងកម្មករកម្ពុជា កសាងពហុកីឡដ្ឋានមួយនេះ។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ យើងនៅមានផ្នែកដទៃទៀតក្នុងតំបន់នេះផងដែរ។ តាមការរៀបរាប់ គ្រាន់តែក្នុងវិស័យកីឡា នៅតំបន់នេះយើងមានដីរហូតដល់ជាង ៨០ ហិកតា … បើរាប់ទាំងវិមានឈ្នះឈ្នះ តំបន់នេះក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ល្អមួយសម្រាប់បម្រើអោយសេចក្តីត្រូវការនៃការកម្សាន្តសប្បាយរបស់ប្រជាជនយើង ក៏ដូចជាបម្រើដល់គោលដៅផ្សេងទៀតមានការជួបជុំធ្វើពិធីធំៗជាដើម។
ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ និងអរគុណ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ថោង ខុន និងសហការី ដែលបានខិតខំធ្វើកិច្ចការទាំងឡាយ ដែលយើងធ្វើកិច្ចសហប្រតិបត្តិការជាមួយមិត្តចិនបានចេញរូបរាង ហើយសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃនេះ។ ខ្ញុំមកកាន់ទីនេះចំនួន ៤ ដង រាប់ទាំងថ្ងៃនេះ លើកទី ១ គឺនៅថ្ងៃទី ៤ មេសា ២០១៧ គឺបើកការដ្ឋានសាងសង់ ហើយនោះចំទៅនឹងថ្ងៃកំណើតផ្លូវការរបស់ខ្ញុំតែម្តង។ លើកទី ២ នៅថ្ងៃទី ២៩ កក្កដា ២០១៩ ដើម្បីធ្វើពិធីភ្ជាប់កៅអីចុងក្រោយ។ ឯលើកទី ៣ គឺនៅថ្ងៃទី ១២ កញ្ញា ២០២១ ដើម្បីមកធ្វើពិធីផ្ទេរ ប្រគល់ និងទទួលពីឯកឧត្តមរដ្ឋមន្ត្រីការបរទេស Wang Yi តំណាងអោយសាធារណរដ្ឋប្រជាមានិតចិន និងយើងចុះហត្ថលេខាទទួលនិងប្រគល់នៅទីនេះ។ ថ្ងៃនេះ យើងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ដើម្បីបង្កើតអោយមានស្ថានភាពដ៏ល្អប្រសើរ សម្រាប់ការប្រកួតនៅពេលខាងមុខនេះ។ គាប់ជួនគ្នាយើងបានទទួលនូវសិទ្ធិរៀបចំនូវការប្រកួតអូឡាំពិកអាស៊ីឆ្នាំ ២០២៩ ផងដែរ។
ឆ្នាំ ២០១១ សូមពន្យាពេលការធ្វើម្ចាស់ផ្ទះស៊ីហ្គេម
… នេះគឺជាសមិទ្ធផលដែលយើងចង់បាន។ ដូចអ្វីដែលឯកឧត្តម Wang Wentian បានលើកឡើង វាមិនមែនគ្រាន់តែជាការចង់បានរបស់កីឡាករ/ការិនីនោះទេ ហើយវាមិនមែនគ្រាន់ជាការទទ្ទឹងរង់ចាំរបស់យុវជនទេ ក៏ប៉ុន្តែវាជាការស្រម៉ៃ វាជាការទទ្ទឹងរង់ចាំរបស់ខ្ញុំ ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការអរគុណ តាមរយៈឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូតនៃបណ្តាប្រទេសអាស៊ាន ដែលបានយោគយល់ចំពោះកម្ពុជាក្នុងការទទួលធ្វើ(ម្ចាស់ផ្ទះ) SEA Games។ ខ្ញុំនៅចាំបានថា នៅឆ្នាំ ២០១១ ក្នុងពេលប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ខ្ញុំបានស្នើសុំចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំងអស់ សូមមេត្តាយោគយល់ដល់កម្ពុជា ដែលមិនទាន់មានលទ្ធភាពធ្វើ SEA Games បាន ព្រោះកម្ពុជាត្រូវការប្រមូលផ្តុំធនធាន ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើអោយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមុនសិន។ បណ្តាមេដឹកនាំអាស៊ាន ជាពិសេស អតីតប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះភាពត្រឹមត្រូវនៃការគិតគូរបស់ខ្ញុំ ដើម្បីប្រមូលធនធានសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
ប្រធានាធិបតី Xi Jinping ផ្តល់ជំនួយឥតសំណងប្រមាណ ១៥០ លានដុល្លារ សង់ពហុកីឡដ្ឋាន
យើងក៏មិនប្រងើយកន្តើយ ចំពោះកាតព្វកិច្ច ដែលកម្ពុជាត្រូវបំពេញក្នុងឋានៈជាប្រទេសមួយ ដែលនឹងត្រូវធ្វើ SEA Games។ ខ្ញុំបានស្វះស្វែង ដើម្បីធ្វើកិច្ចការងារនេះជាមួយមិត្តចិន ក្នុងបំណងសុំមិត្តចិនជួយដល់ការសាងសង់នូវពហុកីឡាដ្ឋាននេះ។ ជាភ័ព្វសំណាង ប្រធានាធិបតី Xi Jinping បានផ្តល់អោយយើងនូវថវិកាសម្រាប់សាងសង់ដែលមានទំហំ(ទឹកប្រាក់)ជាង ១ ០០០ លានយាន់ ប្រហាក់ប្រហែលនឹង ១៥០លានដុល្លារ ជាជំនួយឥតសំណងធំជាងគេ ក្នុងចំណោមជំនួយឥតសំណងផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញហើយថា តម្លៃអគារនេះវាធំហើយ ប៉ុន្តែអ្វីដែលវាធំជាងទៀត គឺទឹកចិត្តដ៏សប្បុរសរបស់មិត្តចិន ដែលបានផ្តល់សម្រាប់ប្រជាជនកម្ពុជាដ៏អភ័ព្វរបស់យើង។ តាមរយៈ ឯកឧត្តម Wang Wentian អនុញ្ញាតអោយខ្ញុំបានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនចំពោះបក្សរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្តល់ជំនួយសម្រាប់យើង ហើយក៏ជាការទន្ទឹងរង់ចាំរបស់យើងទាំងអស់គ្នា។
រចនាបទរាងសំពៅ បង្ហាញពីការតភ្ជាប់ក្នុងអតីតកាល ក្នុងបច្ចុប្បន្ន និងទៅអនាគត
អម្បាញ់មិញ ឯកឧត្តម ថោង ខុន បានលើកឡើងអំពី(ស្ថាបត្យកម្ម)សំណង់។ អ្វីដែលខ្ញុំមានការកោតសរសើរនោះ នៅត្រង់ថា មិត្តចិនមិនបានយកគំរូតែមួយយកមកអោយនោះទេ គឺបានគូរគំរូរហូតដល់ ៣ ដើម្បីអោយកម្ពុជាធ្វើការជ្រើសរើស។ នេះជាការកត់សម្គាល់របស់ខ្ញុំ។ (នេះជាការ)បង្ហាញពីការគោរពរបស់មិត្តចិន ចំពោះកម្ពុជា ទោះបីខ្លួនជាអ្នកផ្តល់ជំនួយក៏ដោយចុះ ដោយមិនបានកំណត់ថា ត្រូវតែយករូបភាពតាមបែបណាមួយនោះទេ។ មិត្តចិនបានគូរនូវជម្រើស ៣ បែប ដើម្បីយកមកអោយខ្ញុំធ្វើការជ្រើសរើសដោយផ្ទាល់។ ដោយសារនៅក្នុងអតីតកាល ទំនាក់ទំនងរបស់យើងធ្វើដំណើរតាមសមុទ្រ ហើយនៅក្នុងដំណាក់កាលចុងក្រោយនេះ គំនិតផ្ដួចផ្ដើមទាក់ទងនឹងខែ្សក្រវាត់និងផ្លូវ ក៏ដូចជា ផ្លូវសូត្រសតវត្សរ៍ទី ២១ យើងសម្រេចជ្រើសរើសយករូបរាងសំពៅនេះ ដើម្បីបង្ហាញពីការតភ្ជាប់របស់យើងពីអតីតកាលផង និងបង្ហាញពីការតភ្ជាប់របស់យើងនៅក្នុងបច្ចុប្បន្ន និងអនាគតផងដែរ។ ខ្ញុំសូមគូសបញ្ជាក់ថា នេះជាផលប្រយោជន៍មួយ ក្នុងចំណោមផលប្រយោជន៍ជាច្រើនទៀត ដែលកម្ពុជាទទួលបាននៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ។ ខ្ញុំមិនដឹងនិងមិនយល់ថា តើអ្នកដទៃគិតពីអ្វី … ក៏ប៉ុន្តែ សម្រាប់កម្ពុជា គឺគិតបែបនេះហើយ។
ច្រកចេញ ៥៤ បន្ទប់ទឹក ៩៣ និងបង្គន់អនាម័យ ៨៦៣
ខ្ញុំបានសង្កេតតាមដានដោយយកចិត្តទុកដាក់ ហើយជាមួយនឹងការកត់ត្រាទុកនៅទីនេះ ពហុកីឡាដ្ឋានមួយនេះ អាចដាក់បានមនុស្សចំនួន ៦ ម៉ឺននាក់។ ទន្ទឹមនឹងនោះ ប្រសិនបើមាន(កើតឧបត្តិហេតុជា)យថាហេតុ (ឬ)ហានិភ័យកើតឡើង យើងអាចជម្លៀសអ្នកចូលទស្សនាត្រឹមតែ ៧ នាទីប៉ុណ្ណោះ ដោយយើងមានច្រករហូតដល់ទៅ ៥៤។ អ្វីដែលសំខាន់ និងដែលត្រូវដោះស្រាយ ហើយតែងតែជួបប្រទះ មិនមែនគ្រាន់តែជួបប្រទះនៅទីកន្លែងកីឡដ្ឋានប៉ុណ្ណោះទេ ក៏ប៉ុន្តែ ជួបប្រទះទៅដល់ទីតាំងប្រជុំធំៗខ្នាតអន្តរជាតិទៀតផង … គឺបន្ទប់ទឹកនិងបង្គន់ … ខ្ញុំធ្លាប់ទៅប្រជុំអន្តរជាតិធំៗ តែងតែជួបប្រទះនូវការកកស្ទះ (ដោយការមិនមាន)បន្ទប់ទឹកគ្រប់គ្រាន់ … ក៏ប៉ុន្តែ នៅទីនេះ យើងមានបន្ទប់ទឹករហូតទៅដល់ ៩៣ និងបង្គន់អនាម័យ រហូតទៅដល់ ៨៦៣ … ចំណុចនេះក៏ធ្វើអោយមើលឃើញថា ការគូសប្លង់នៅទីនេះ គឺគិតល្អិតល្អន់ណាស់អំពីការដោះស្រាយបញ្ហាទាំងឡាយ រាប់ទាំងបញ្ហាទាក់ទិនជាមួយនឹងបញ្ហាអនាម័យជាតម្រូវការរបស់មនុស្ស។
៥០២ថ្ងៃ ទៀត SEA Games នឹងមកដល់ …
បន្ថែមលើនោះទៀតសោត យើងមានសណ្ឋាគារខ្នាតផ្កាយ ៥ រហូតដល់ ៣៤ បន្ទប់ ដែលអាចនឹងផ្ដល់ឱកាសអោយបានច្រើនថែមទៀតសម្រាប់អ្នកដែលត្រូវការស្នាក់នៅទីនេះ។ ដូចដែលខ្ញុំទៅសម្ពោធសណ្ឋាគារ Hyatt (Regency) អញ្ចឹង អ្នកខ្លះពេល(រៀប)ការហើយ គេទៅផ្សំដំណេកនៅ Hyatt (Regency) អ្នកខ្លះគេចង់ផ្សំដំណេកនៅទីនេះ ក៏ជួលអោយគេទៅ។ ក៏ប៉ុន្តែ ខ្ញុំមិនលើកទឹកចិត្តអោយយកថ្ងៃទី ១៤ កុម្ភៈ ប្រមូលគ្នាមកជួបជុំនៅទីនេះនោះទេ។ ខ្ញុំនិយាយនេះ អាចយល់ដឹងអំពីបញ្ហានេះហើយ។ ក្រៅពីនោះ យើងនៅមានការរៀបចំដទៃទៀត ដែលជាភាពទាក់ទាញ និងធានាសុវត្ថិភាព សម្រាប់ការប្រកួត SEA Games ឆ្នាំ ២០២៣។
អម្បាញ់មិញ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទាក់ទិនជាមួយនឹងវិន័យរបស់កីឡា ដែលខ្ញុំបានដាក់ចេញ ត្រូវធ្វើយ៉ាងម៉េចធានាថា កីឡារបស់យើង គឺជាកីឡាប្រកបដោយកិត្តិយស។ ចាញ់ ឬឈ្នះ គឺជាធម្មតា ក៏ប៉ុន្តែសារជាតិញៀន ដែលជាសារជាតិលើកកម្លាំងខុសប្រក្រតី គឺមិនត្រូវបានអនុញ្ញាតនោះទេ។ យើងធ្វើម្ចាស់ផ្ទះ SEA Games ឆ្នាំ ២០២៣ មិនមែនសំដៅ ដើម្បីទទួលបានមេដាយមាសអោយកាន់តែច្រើន ហើយដោយធ្វើការប្រកួតខុសនឹងលក្ខខន្តិកនោះទេ។ ចំណុចនេះ គឺប្រិយមិត្ត ដែលជាប្រទេសអាស៊ាន ៩ ផ្សេងទៀត ច្បាស់ជានឹងចូលរួមប្រកបដោយសេចក្ដីសុខ។ យើងនៅមានការចាំបាច់ដើម្បីនឹងធ្វើកិច្ចការច្រើនទៀតទាក់ទងទៅនឹងលំនៅស្ថានសម្រាប់កីឡាករ/ការិនី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ដូចជាផ្លូវដែលត្រូវកែលម្អ ដើម្បីការប្រកួត។ នៅតែ ៥០២ ថ្ងៃប៉ុណ្ណោះ SEA Games នឹងមកដល់ បន្ទាប់ពី SEA Games នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
[ចាប់ផ្ដើមអានសុន្ទរកថា]
ដោយសារតែពេលវេលាមានកំណត់ ខ្ញុំសូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ដាក់ចេញនូវចក្ខុវិស័យតម្រង់ទិស ដើម្បីប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ ២០២៣ ដូចខាងក្រោម ៖
ទី១. ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត មន្ទីរ អង្គភាព កងកម្លាំងមានសមត្ថកិច្ច ត្រូវចូលរួមផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវព្រឹត្តិការណ៍ប្រកួត SEA Games និង ASEAN Para Games ឆ្នាំ ២០២៣ តាមគ្រប់រូបភាព និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ របស់ខ្លួន អោយបានផុសផុលនៅគ្រប់ទីកន្លែង។
ទី២. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត ស្ថានតំណាងនៅក្រៅប្រទេស និងក្រសួង-ស្ថាប័ននានា ត្រូវចូលរួមយុទ្ធនាការការទូតនិងកិច្ចការបរទេសកីឡា ដោយដាក់របៀបវារៈនៃការផ្សព្វផ្សាយព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games និង ASEAN Para Games ឆ្នាំ ២០២៣ ជាលើកដំបូង ដោយប្រើប្រាស់គ្រប់វេទិកាសវនាការ ជំនួបទ្វេភាគី ពហុភាគី ដែលជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ដើម្បីស្វែងរកការឧបត្ថមគាំទ្រជាលក្ខណៈអន្តរជាតិ។
ទី៣. ត្រូវរួមគ្នាលើកកម្ពស់កិត្តិយសនិងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ ២០២៣ ក្នុងយុទ្ធនាការអប់រំសង្គមនិងផ្សព្វផ្សាយ (ក្នុងប្រធានបទដូចជា) «កីឡារស់ក្នុងសន្តិភាព» «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «កម្ពុជាស្អាត» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន»។
ទី៤. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ ២០២៣ ដោយគោរពតាមគោលការណ៍កីឡាបៃតងនិងកីឡាស្អាតស្អំ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ កិត្តិយស ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA Games ជាលើកដំបូង។
សហព័ន្ធកីឡាជាតិ កីឡាករ/ការិនី កីឡាករ/ការិនីជនពិការ សូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការហ្វឹកហាត់ អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈកីឡា និងបំពេញបេសកកម្មរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games និង ASEAN Para Games ឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ។
ទី៥. សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក/ស្រី និងក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ ដើម្បីរួមចំណែកទ្រទ្រង់ចំណាយរៀបចំព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ ២០២៣ ឱ្យទទួលបានជោគជ័យ។
[បញ្ចប់ការអានសុន្ទរកថា]
បង្កកថវិកា ៤ ឆ្នាំមកហើយ ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួត SEA Games
នេះជាចំណុច ៥ ដែលខ្ញុំសុំដាក់ចេញជាអនុសាសន៍ សម្រាប់ការបន្តការត្រៀមរៀបចំរបស់យើងទៅមុខ។ សូម្បីតែបញ្ហាថវិកា យើងបានបង្កកប៉ុន្មានឆ្នាំរួចមកហើយ។ យើងមិនយកថវិកាតែមួយឆ្នាំដើម្បីយកមកធ្វើទេ។ ៤ ឆ្នាំរួចមកហើយ ដែលយើងបានបង្កកមួយឆ្នាំ ៣០ ពាន់លានរៀល ប្រមាណ ៨ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ យើងបានបង្កក ៤ ឆ្នាំរួចមមកហើយ។ ពីនេះទៅដល់ឆ្នាំ ២០២៣ យើងមានពេលវេលាដើម្បីបង្កកបន្ថែម សម្រាប់ការប្រកួតមួយនេះ។ ការប្រកួតកីឡាមួយ មិនមែនគ្រាន់តែអញ្ជើញកីឡាមកគ្រប់គ្រាន់នោះទេ យើងត្រូវមានថវិកាដើម្បីនឹងទទួលកីឡាករ/ការិនី មករៀបចំបម្រើអោយការប្រកួតរបស់យើង។
យើងក៏នឹងបន្តការហ្វឹកហាត់អោយបានម៉ត់ចត់ រាប់ទាំងការផ្តល់អនុសាសន៍របស់ខ្ញុំនៅពេលមុន ទាក់ទងនឹងការថតទាំងឡាយ បែងចែកភារៈកិច្ច សម្រាប់ការថត។ ការប្រកួតមិនមែនមានត្រឹមតែមួយមុខនោះទេ។ ការប្រកួតរបស់យើងមានច្រើនមុខ។ ដូច្នេះ ស្ថានីយ៍ទូរទស្សន៍នានា ឧទាហរណ៍៖ ជួយផ្សព្វផ្សាយផ្នែកណាខ្លះ ដើម្បីអោយគេមានជំនាញផ្នែកថត អំពីបញ្ហានេះតែម្តង។ ត្រូវយកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយទាំងឡាយ … ដោយត្រូវតែធ្វើអោយបាន ដើម្បីធានាថាយើងជាម្ចាស់ផ្ទះទទួលភ្ញៀវដោយសុវត្ថិភាព ក្នុងការប្រកួតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
… នេះជាលើកដំបូង បន្ទាប់ពីកូវីដ-១៩ កើតឡើង ដែលយើងមានការជួបជុំគ្នានៅថ្ងៃនេះ។ កាលពីថ្ងៃសុក្រ ខ្ញុំបានប្រាប់អោយឯកឧត្តម ថោង ខុន ពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ រៀបចំថ្ងៃនេះ ដោយមានការបាញ់កាំជ្រួច និងរៀបចំសម្តែងសិល្បៈ។ ក៏ប៉ុន្តែ ព្រឹកម្សិលខ្ញុំគិតថា ប្រសិនបើមានការសម្តែងសិល្បៈ ហើយអមដោយអ្នកចម្រៀងល្បីៗមកទៀតនោះ ប្រហែលជាមិនមែនគ្រាន់តែមនុស្ស ១ ម៉ឺន ៥ ពាន់នាក់ ប៉ុណ្ណោះទេ ប៉ុន្តែអាចមកពីបណ្តាខេត្តផ្សេងទៀត។ យើងពិបាកគ្រប់គ្រងក្នុងដំណាក់កាលកូវីដ-១៩។ ដូច្នេះ បានជាសុំអធ្យាស្រ័យ។ មុននេះ ប្រុងប្រៀបក្នុងការសម្តែងសិល្បៈខ្នាតធំមួយនៅតំបន់របស់យើងនេះ ប៉ុន្តែ ត្រូវអាក់ខានទៅវិញ។ យើងត្រឹមតែបាញ់កាំជ្រួចយប់នេះ ហើយសុំអោយមកទស្សនាភ្លើងបំភ្លឺក្នុងយប់នេះ។ មកមើលកាំជ្រួច ប៉ុន្តែត្រូវរក្សាគម្លាត។ យើងបន្តការខិតខំដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ តទៅទៀត។
កូវីដ-១៩ មិនទាន់ តែមិនអាចបិទប្រទេស/អាជីវកម្មរហូតទេ ត្រូវរៀនរស់តាមបែបគន្លងថ្មី
ឥឡូវយើងបានបើកប្រទេសឡើងវិញ គ្រប់វិស័យអស់ហើយ ជាមួយនឹងការរៀនរស់ជាមួយនឹងកូវីដ-១៩។ យើងត្រូវបន្តការខិតខំ ដើម្បីបន្តដំណើរចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់យើង ដូសទី ១ នៅតែបន្ត សម្រាប់អ្នកមិនទាន់បានចាក់ រាប់ទាំងកុមារ។ ឯដូសជម្រុញ កំពុងតែបន្តទាំងមនុស្សចាស់ និងទាំងកុមារ ដែលត្រូវចាប់ផ្តើមចាក់បន្ត។ ជាមួយនឹងការបន្តដំណើរការវ៉ាក់សាំង យើងត្រូវតែបន្តការខិតខំការពារខ្លួនតាមរយៈមនុស្សម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗ ត្រូវមានការទទួលខុសត្រូវទៅលើសុវត្ថិភាព ដើម្បីធានាថា ប្រទេសយើងមិនវិលត្រឡប់ថយក្រោយទៅរកការបិទខ្ទប់ឡើងវិញនោះទេ។ យើងទទួលយកនូវការពិតមួយថា កូវីដ-១៩ មិនទាន់ចប់ទេ ក៏ប៉ុន្តែយើងក៏មិនអាចបិទប្រទេស ឬបិទអាជីវកម្មជារៀងរហូតនោះដែរ។ ដូច្នេះ ការរៀនរស់នៅជាមួយកូវីដ-១៩ ការរៀនរស់នៅជាមួយនឹងគន្លងថ្មី ដូចជាថ្ងៃនេះ ស្តាដរបស់យើងនៅទីនេះ គឺដាក់បានរហូតទៅដល់ ៦ ម៉ឺននាក់ ក៏ប៉ុន្តែ យើងយកមនុស្សមកចូលរួមមិនដល់ ២ ម៉ឺននាក់នោះទេ ។
ឥឡូវ ស្ថានភាពនៅអាស៊ីអាគ្នេយ៍របស់យើង នៅក្នុងក្របខណ្ឌអាស៊ានបានធូរស្បើយនិងគ្រប់គ្រងបាន។ នៅក្នុងពេលជាមួយគ្នា ខ្ញុំបានមើលឃើញព័ត៌មានថា ការប្រកួតកីឡានៅអឺរ៉ុបដែលធ្លាប់តែមានអ្នកគាំទ្រនោះ ត្រូវបានផ្អាកការប្រកួត (ដោយ)កូវីដ-១៩ កំពុងតែផ្ទុះឡើងនៅអឺរ៉ុប។ យប់មិញនេះ យើងបានរកឃើញមួយករណីផ្សេងទៀតនូវកូវីដ-១៩ បំប្លែងខ្លួនថ្មី Omicron។ ដូចដែលខ្ញុំធា្លប់បាននិយាយហើយ គឺថាសុំកុំស្លន់ស្លោជាមួយនឹងជំងឺនេះ។ វាមិនទាន់សម្លាប់អ្នកណាក្រៅពីមនុស្សម្នាក់ដែលបានស្លាប់នៅប្រទេសអង់គ្លេស។ យើងមានករណីជនជាតិខ្មែរយើងម្នាក់មកពីប្រទេស Ghana ហើយយើងមានករណីជនជាតិ Iran ម្នាក់ ដែលបានធ្វើដំណើរមកកាន់កម្ពុជាពីម្សិលមិញនេះ។ យើងបានរកឃើញថាមានវិជ្ជមាន(កូវីដ-១៩)។ វិទ្យាស្ថានប៉ាស្ទ័ររកឃើញភ្លាមថាគឺ Omicron។ ប៉ុន្តែ Omicron មិនទាន់បានសម្លាប់មនុស្ស ដូចជា Delta និង Alpha នោះទេ។
រួមគ្នាទប់ស្កាត់ កុំអោយប្រទេសឈានទៅមានការបិទខ្ទប់ឡើងវិញ
យើងខិតខំទាំងអស់គ្នា ដើម្បីធានាថា ការប្រកួត SEA Games ឆ្នាំ ២០២៣ នឹងមិនមានអ្វីកើតឡើង ហើយយើងខិតខំទាំងអស់គ្នាដើម្បីកុំអោយប្រទេសយើងឈានទៅរកការបិទខ្ទប់ឡើងវិញ។ ជាការជាក់ស្តែងមួយនៃការរកវិធីត្រូវ។ មុននេះ យើងបានការកំណត់ថា អាពាហ៍ពិពាហ៍មួយ ឬពិធីមួយ រៀបចំមិនអោយ(មានអ្នកចូលរួម)លើស ២០០ នាក់ ក្រោយមកថាមិនអោយ(មានអ្នកចូលរួម)លើស ៥០០ នាក់។ ក៏ប៉ុន្តែ ត្រឡប់មកវិញ ខ្ញុំបានប្រកាសជូនថា យើងមិនយកការកំណត់ចំនួនមនុស្សចូលរួម ២០០ នាក់ ឬ ៥០០ នាក់ទេ គឺអាស្រ័យទៅលើទីតាំងដែលអាចដាក់បាន។ ជាក់ស្តែង ប្រសិនបើយើងយកការកំណត់(ចំនួន)មនុស្ស ទីនេះយើងកំពុងដាក់មនុស្សជិត ២ ម៉ឺននាក់។ បើសិនជាយើងកំណត់ថា ពិធីនីមួយៗ ដាក់(មនុស្ស)ត្រឹមតែ ៥០០ នាក់ គឺយើងមានមនុស្សត្រឹមតែ ៥០០ នាក់ តែប៉ុណ្ណោះ។ យើងមិនអាចបំពានបានទេ។ យើងយកការកំណត់នេះ ត្រឹមត្រូវជាងការកំណត់មនុស្សចូលរួម ដែលថាត្រូវតែ ២០០ នាក់ ត្រូវតែ ៥០០ នាក់ ឬតិចជាងហ្នឹង ឬច្រើនជាងហ្នឹង។
ល្ងាចនេះក៏សុំអោយផ្នែកពាក់ព័ន្ធ ទទួលខុសត្រូវទៅលើការរក្សាគម្លាតក្នុងពេលប្រជាពលរដ្ឋ មកលេងនៅទីនេះ ចៀសវាងនូវភាពកកកុញ។ លើកលែងតែក្រុមគ្រួសារនីមួយៗ អាចកាន់ដៃគ្នាដើរកៀកគ្នា។ ហ្នឹងតាមក្រុមគ្រួសារនីមួយៗ។ ប៉ុន្តែ រវាងគ្រួសារមួយ និងគ្រួសារមួយទៀត ត្រូវតែមានគម្លាត។ នេះជាការអំពាវនាវរបស់ខ្ញុំជូនចំពោះអ្នកចូលរួមនៅទីនេះផង ក៏ដូចជាប្រជាពលរដ្ឋកំពុងទស្សនានូវការផ្សាយបន្តផ្ទាល់ ក៏ដូចជាការផ្សាយជាបន្តបន្ទាប់ថែមទៀតផងដែរ។ ខ្ញុំសង្ឃឹមថា អ្វីដែលយើងធ្វើនៅថ្ងៃនេះ បងប្អូនជនរួមជាតិយើង ដែលកំពុងរស់នៅឯបរទេសបានឃើញ រាប់ទាំងកងទ័ពរបស់យើង ដែលកំពុងឈរជើងនៅស៊ូដង់ខាងត្បូង នៅម៉ាលី នៅអាហ្វ្រិកកណ្តាល នៅលីបង់ក៏អាច មើលឃើញនូវសមិទ្ធផលដែលប្រទេសជាតិរបស់ខ្លួនបានកំពុងតែទទួលពីកិច្ចសហប្រតិបត្តិការ ដែលយើងបាននឹងកំពុងមានជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។
អំណោយកំដរដៃ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានពាំនាមក សម្រាប់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា (ចំនួន) ៣ ពាន់នាក់ និង យុវជនកាកបាទក្រហមកម្ពុជា (ចំនួន) ១០០ នាក់ កាយប្ញទ្ធិ (ចំនួន) ១០០ នាក់ សិស្សានុស្សិស (ចំនួន) ១ ៥០០ នាក់ សរុបទាំងអស់ ៤ ៧០០ នាក់ (សូមជូន)នូវថវិកា សម្រាប់ម្នាក់ៗ ចំនួន ២ ម៉ឺនរៀល។ ក្បួនព្យុះហយាត្រា ក្រុមភ្លេង កងរាជអាវុធហត្ថ ចំនួន ១២៥ នាក់ គ្រូបង្វឹកកីឡាករ/ការីនី ចំនួន ១ ១៣២ នាក់ និងតន្ត្រីករ សិល្បករ/ការិនី ចំនួន ៤៥០ នាក់ សរុបទាំងអស់ (ចំនួន) ១ ៧០៧ នាក់ សូមជូនម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនបុគ្គលិក និងកម្មករថែទាំពហុកីឡាដ្ឋានជាតិមរតកតេជោ ចំនួន ៣៥០ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៥ ម៉ឺនរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ជូនសាលាខណ្ឌជ្រោយចង្វារ ថវិកា ២ លានរៀល។ ជូនគណៈកម្មាធិការរៀបចំពិធី ថវិកា ២០ លានរៀល។
គាំទ្រគោលការណ៍គ្រប់គ្រងពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយឈរលើមូលដ្ឋានគ្រឹះចំនួន ៥
មុននឹងបញ្ចប់ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំយកឱកាសនេះ បញ្ជាក់អំពីការគាំទ្រលើគោលការណ៍គ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយឈរលើមូលដ្ឋានគ្រឹះចំនួន ៥ ដែលឯកឧត្តម ថោង ខុន បានលើកឡើង។ ការធ្វើអោយចេញជារូបរាងជាការលំបាកទៅហើយ ប៉ុន្តែអ្វីដែលលំបាកជាងទៀត គឺការធានាអោយពហុកីឡដ្ឋាននេះដំណើរការមាននិរន្តរភាព ហើយប្រើបានរយៈពេលវែង។ ក្នុងនេះ ៥ ចំណុច ដែលឯកឧត្តម ថោង ខុន បានលើកឡើងនៅទីនេះគឺគ្រប់គ្រាន់ ដើម្បីនឹងយើងធ្វើអោយមាននិរន្តរភាពសម្រាប់ពហុកីឡដ្ឋានជាតិនេះ។ ពហុកីឡដ្ឋានមួយនេះ (គឺ)រាប់ទាំងការតភ្ជាប់រវាងតំបន់កីឡា មានទាំងពហុកីឡាដ្ឋាននេះ មានទាំងតំបន់កីឡាផ្សេងៗនៅតំបន់នេះ បន្ថែមទៅដោយវិមានឈ្នះឈ្នះ បន្ថែមទៅដោយតារាង កូនហ្គោល និងកន្លែងទេសចរណ៍កម្សាន្តជាផ្នែកទឹក ជាផ្នែកសណ្ឋាគារផ្កាយប្រាំនៅក្បែរនេះមួយរបស់លោកឧកញ៉ា លី យ៉ុងផាត់។
តំបន់នេះក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញ។ ពលរដ្ឋខ្មែរក៏អាចមកលេងបាន ហើយទេសចរបរទេសគេក៏អាចមកដេកនៅសណ្ឋាគារផ្កាយប្រាំនៅទីនេះ ឬដេកនៅសណ្ឋាគារផ្កាយប្រាំ ដែលមិននៅឆ្ងាយពីទីនេះ។ ថ្ងៃនេះ ខ្ញុំមានការធ្វេសប្រហែសបន្តិច ប្រសិនបើយើងបានគិតទុកជាមុន បន្ទាប់ពីសម្ពោធនៅទីនេះ យើងទៅវាយកូនហ្គោលតែម្តង។ ខ្វះការគិតនៅកន្លែងហ្នឹង។ ចេញពីកន្លែងហ្នឹងយើង ទៅបាយនៅសណ្ឋាគារ លី យ៉ុងផាត់ រួចហើយចុះវាយ(កូនហ្គោល)នៅ Garden City … នៅទីនេះ មានតារាងមួយដ៏ល្អ សម្រាប់ការវាយ(កូនហ្គោល)ផងដែរ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡាដ្ឋាន នៃពហុកីឡដ្ឋាន ជាតិមរតកតេជោនិងពិធីរាប់ថយក្រោយ ៥០២ ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការប្រកួត SEA Games និង ASEAN Para Games ឆ្នាំ ២០២៣ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕