ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា,
ឯកឧត្តម លោកជំទាវ អភិបាលខេត្ត-រាជធានី!
ការបិទសាលានាពេលកន្លងមក ដើម្បីការពារអាយុជីវិតគ្រូបង្រៀន សិស្សានុសិស្សពីជំងឺកូវីដ-១៩
កន្លងទៅខ្ញុំបានផ្តល់មតិខ្លះៗ ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ពាក់ព័ន្ធជាមួយនឹងបញ្ហាការបើកសាលារៀនឡើងវិញ។ កន្លងទៅយើងបានបិទសាលារៀនរបស់យើង គឺសំដៅការពារចំពោះគ្រូបង្រៀន ក៏ដូចជា កុមារា/រី សិស្សានុសិស្សរបស់យើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះជាការចាំបាច់ ដើម្បីនឹងការពារអាយុជីវិត សម្រាប់គ្រូបង្រៀន យុវជន/នារី និងកុមាររបស់យើង ប៉ុន្តែ អាស្រ័យដោយពិនិត្យឃើញថា នៅទូទាំងប្រទេសរបស់យើងជំងឺកូវីដ-១៩ បានឆ្លងដាច់ដោយដុំ ហើយប្រមូលផ្តុំនៅតាមទីក្រុង (និង/ឬ)ទីប្រជុំជនភាគច្រើន។ ឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើងតិចតួចណាស់ ហើយខេត្តខ្លះស្ទើរតែពុំមានទៀតផង ប៉ុន្តែ សាលាទាំងនោះយើងក៏បានបិទផងដែរ។
ស្នើរដ្ឋមន្ត្រីក្រសួងអប់រំពិភាក្សាជាមួយបណ្តារាជធានី-ខេត្ត បើកសាលានៅទីតាំងដែលពុំមានការឆ្លង
ខ្ញុំស្នើឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយនឹងបណ្តាខេត្ត-រាជធានី ដើម្បីកំណត់បើកសាលារៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។ យើងកំពុងចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យអាយុពី ១២ ឆ្នាំ-១៨ ឆ្នាំ។ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារ និងយុវវ័យ ដែលមានអាយុពី ១២ ឆ្នាំ-១៨ ឆ្នាំ ប្រមាណ ២ លាននាក់ យើង ចាក់បានជាង ១ លាន ៥ សែននាក់ រួចស្រេចទៅហើយ។ បន្ថែមលើនោះ ដោយសង្កេតឃើញថា នៅតាម សាលាជនបទរបស់យើង ដែលពុំមានការឆ្លង យើងមានលទ្ធភាពបើកនូវសាលារៀននោះ ដោយមិនរង់ចាំថា ទូទាំងប្រទេសត្រូវតែបើក ឬក៏ខេត្ត/ស្រុកមួយត្រូវតែបើកទាំងអស់នោះទេ។ យើងគួរត្រូវជ្រើសនៅតាម ភូមិ/ឃុំ ដែលពុំមានកើតនូវជំងឺឆ្លងនេះ ឲ្យកុមារា/រីរបស់យើងបានចូលសិក្សា ដោយរក្សានូវគម្លាតសុវត្ថិ ភាព (និង/ឬ)រក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមារា/រីរបស់យើងបានចូលរៀន។
បើបន្តបិទសាលានៅតំបន់ពុំមានការឆ្លង នាំឲ្យសិស្សភ្លេចអក្សរ និងឈានទៅបោះបង់ចោលសាលា
យើងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ប្រសិនបើយើងបន្តបិទ(សាលារៀន)តទៅទៀត ដោយមិនបានពិនិត្យវែកញែកកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង និងអាចនាំទៅដល់សិស្សបោះបង់ចោលសា លារៀន ឬអាចឈានទៅដល់សិស្សភ្លេចអក្សរជាដើម។ ម្យ៉ាងទៀត ទោះបីជាយើងបង្កើតការរៀនពីចម្ងាយ ដែលហៅថា ការរៀនតាមអនឡាញនោះ ប៉ុន្តែ ជនបទរបស់យើង កុមារក្រីក្ររបស់យើងពុំមានលទ្ធភាព និងពុំមានអ៊ិនធើណែតនៅតាមសាលារៀននោះទេ។ ដូច្នេះហើយបានជាខ្ញុំស្នើឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយឯកឧត្តមអភិបាលរាជធានី-ខេត្ត ធ្វើការពិនិត្យ ដើម្បីជ្រើសរើសសាលា ដែលត្រូវបើកឲ្យរៀន ទាំងថ្នាក់បឋមសិក្សា និងមធ្យមសិក្សាកម្រិត ១ កម្រិត ២ នៅតាមជនបទ ដែលពុំ មានការឆ្លង ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាល។
ទីប្រជុំជន ដែលមានការឆ្លង ឬមានការឆ្លងតិច បន្តឲ្យរៀនតាមអនឡាញ
សម្រាប់ទីកន្លែងទីប្រជុំជន ដែលមានការឆ្លង ឬមានការឆ្លងតិច យើងអាចអនុញ្ញាតពិនិត្យឲ្យមានការរៀនបន្តទៅតាមអនឡាញ ឬរៀនទៅតាមស្ថានភាពគួបផ្សំ រវាងការរៀននៅផ្ទាល់ ដែលរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ ដែលផ្នែកនេះ ខ្ញុំមិនបកស្រាយទៅលើបច្ចេកទេសនោះទេ ដោយសារនៅទីក្រុង និងទីប្រជុំជន មានលទ្ធភាពច្រើន ដែលមានអ៊ិនធើណែតអាចរៀនសូត្របាន។ យើងអាចគួបផ្សំគ្នា រវាងកន្លែងដែលឆ្លងតិច ហើយនៅពេលដែលកុមារា/រី (និង)យុវវ័យរបស់យើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ យើងអាចឈានទៅដល់ការបើកសាលារៀនរបស់យើងឡើងវិញ ហើយការបើកនេះ ដែលត្រូវធានានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល ដែលយើងត្រូវខិតខំដោះស្រាយបញ្ហានេះ។ ហើយកន្លែងដែលមានការឆ្លងច្រើន ក៏សុំបន្តការរៀនទៅតានអនឡាញ (និង/ឬ)ការរៀនពីចម្ងាយ។ ខ្ញុំស្នើឲ្យរកគ្រប់វិធានការ ដើម្បីឲ្យសិស្សបានរៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅរកជនបទ ដែលពុំមានជំងឺឆ្លង និងការបើកឲ្យរៀនដោយមានលក្ខណៈចម្រុះនៅតំបន់ដែលមានការឆ្លងតិច ហើយមានការចាក់វ៉ាក់សាំងគ្រប់គ្រាន់។
ស្ថិតិដែលទទួលបានពីបណ្តាខេត្ត ចំនួនមនុស្សដែលត្រូវចាក់វ៉ាក់សាំងមានជាង ១២ លាននាក់
តាមស្ថិតិដែលទទួលបានពីបណ្តាខេត្ត ចំនួនមនុស្សដែលត្រូវចាក់វ៉ាក់សាំង មានរហូតទៅដល់ ១២ លាន ៦ សែន ៦ ម៉ឺន ១ ពាន់ ៤៩៧ នាក់ ដោយក្នុងនោះ បែងចែកជាមនុស្សអាយុ ១៨ ឆ្នាំឡើង ចំនួន ១០ លាន ៦ សែន ៣ ម៉ឺន ១ ពាន់ ៥១២ នាក់ និងកុមារា/រី យុវវ័យរបស់យើង ចំនួន ២ លាន ២ ម៉ឺន ៩ ពាន់ ៩៨៥ នាក់ ដែលជាស្ថិតិខេត្តផ្តល់ឲ្យ។ ឥឡូវ កុមាររបស់យើងបានចាក់វ៉ាក់សាំងប្រមាណជិត ១,៥ លាននាក់ រួចស្រេចទៅហើយ គិតត្រឹមថ្ងៃទី ២៩ (សីហា) យើងចាក់បាន ១ លាន ៤ សែន ៥ ម៉ឺន ៣ ពាន់ ២១ នាក់ ស្មើនឹង ៧១,៥៨%។ មិនយូរប៉ុន្មាន គឺសិស្សរបស់យើងនឹងទទួលបានទាំងដូសទី ១ និងដូសទី ២ ដែលពួកគេអាចមានភាពស៊ាំជាមួយនឹងវ៉ាក់សាំង។ គ្រូបង្រៀនរបស់យើងក៏ទទួលនូវវ៉ាក់សាំងគ្រប់គ្រាន់ ទាំងដូសទី ១ ដូសទី ២ ហើយនិងដូសជម្រុញទៀតផង។
ស្នើឲ្យមានការគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្តែងនៅតាមខេត្តនីមួយៗ
ខ្ញុំគិតថា សាលារៀននៅជនបទ សូម្បីតែបឋមសិក្សា ដែលក្មេងមិនទាន់ដល់អាយុ ១២ ឆ្នាំ ក៏អាចចូលរៀន បានដែរ ព្រោះនៅទីនោះពុំមានការឆ្លងជំងឺទេ។ ខ្ញុំសូមស្នើឲ្យមានការគិតគូរតាមរបៀបបត់បែន ហើយ អនុវត្តតាមការជាក់ស្តែងនៅតាមខេត្តនីមួយៗ កន្លែងណាមានលទ្ធភាពបើក(សាលារៀន)បាន គឺបើក។ កន្លែងណាដែលពុំមានលទ្ធភាពបើក(សាលារៀនបាន) គឺយើងឲ្យរៀនពីចម្ងាយ។ កន្លែងណាមានលទ្ធភាពអាចបើកឲ្យមានការរៀនបែបចម្រុះ រវាងការរៀនដោយផ្ទាល់ និងការរៀនពីចម្ងាយ ក៏សូមពិនិត្យ បើមិនដូច្នោះទេ យើងនឹងស្ថិតនៅក្នុងស្ថានភាពមួយបាត់បង់ឱកាស(របស់)កុមារ យុវវ័យ និងយុវជន របស់យើង។
ភាពស៊ាំបាន និងកំពុងកើតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល
ភាពស៊ាំបាន និងកំពុងកើតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ រាជធានីភ្នំពេញ ការឆ្លងមានចំនួនធ្លាក់ ចុះ ហើយអ្នកដែលបានឆ្លងក៏មិនមាននាំទៅដល់ជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះ។ ដូច្នេះ ចំណុចនេះ គឺជាចំណុចវិជ្ជមានមួយ សម្រាប់ការបើកឡើងវិញនូវសង្គម-សេដ្ឋកិច្ចនៅទូទាំងប្រទេស ហើយ ក្នុងនោះក៏មានវិស័យអប់រំរបស់យើងផងដែរ។ ដូច្នេះហើយខ្ញុំសូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ដឹកនាំការពិភាក្សាលើបញ្ហានេះឲ្យបានហ្មត់ចត់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញ ហោច បំផុតបើកសាលារៀននៅតំបន់ពុំមានជំងឺឆ្លង ជាពិសេស នៅជនបទ ដើម្បីចៀសវាងកុមារនៅជនបទរបស់ យើងក្លាយទៅជាជនរងគ្រោះពីជំងឺកូវីដ-១៩ ក្នុងពេលដែលជនបទពុំមានកូវីដ-១៩ ដូចនៅទីក្រុង/ប្រជុំជន នោះទេ។ យើងត្រូវអនុវត្តដោយភាពឈ្លាសវៃ និងបត់បែន ទន់ភ្លន់ និងគ្រប់គ្រងសភាពការណ៍ឲ្យបាន ដើម្បីយើងពន្លឿនទៅដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ជម្រុញការបណ្តុះបណ្តាលធនធានមនុស្ស បើមិនដូច្នោះទេ កុមាររបស់យើងនឹងបោះបង់ចោលសាលារៀន ហើយក៏អាចឈានទៅដល់ការភ្លេចអក្សរ ក្នុងពេលដែលពួកគេមិនបានរៀន រាប់ទាំងការរៀនពីចម្ងាយផងដែរ ដោយសារតែស្ថានភាពជនបទពុំមាន អ៊ិនធើណែត និងពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីនឹងទទួលបាននូវការរៀនតាមអនឡាញនោះទេ។ សូម ឯកឧត្តម លោកជំទាវ ធ្វើការពិនិត្យ និងដោះស្រាយបញ្ហានេះ ហើយលើកជាសំណើ ដើម្បីស្នើសុំយោបល់ សម្រេចជាផ្លូវការតាមក្រោយមកដល់រូបខ្ញុំ៕