សារពិសេស ពាក់ព័ន្ធ ការបើកសាលារៀនឡើងវិញនៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិច នៃជំងឺកូវីដ-១៩

  ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ អភិបាលខេត្ត-រាជធានី! ការបិទសាលានាពេលកន្លងមក ដើម្បីការពារអាយុជីវិតគ្រូបង្រៀន សិស្សានុសិស្សពីជំងឺកូវីដ-១៩ កន្លងទៅខ្ញុំបានផ្តល់មតិខ្លះៗ ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ពាក់ព័ន្ធជាមួយនឹងបញ្ហាការបើកសាលារៀនឡើងវិញ។ កន្លងទៅយើងបានបិទសាលារៀនរបស់យើង គឺសំដៅការពារចំពោះគ្រូបង្រៀន ក៏ដូចជា កុមារា/រី សិស្សានុសិស្សរបស់យើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះជាការចាំបាច់ ដើម្បីនឹងការពារអាយុជីវិត សម្រាប់គ្រូបង្រៀន យុវជន/នារី និងកុមាររបស់យើង ប៉ុន្តែ អាស្រ័យដោយពិនិត្យឃើញថា នៅទូទាំងប្រទេសរបស់យើងជំងឺកូវីដ-១៩ បានឆ្លងដាច់ដោយដុំ ហើយប្រមូលផ្តុំនៅតាមទីក្រុង (និង/ឬ)ទីប្រជុំជនភាគច្រើន។ ឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើងតិចតួចណាស់ ហើយខេត្តខ្លះស្ទើរតែពុំមានទៀតផង ប៉ុន្តែ សាលាទាំងនោះយើងក៏បានបិទផងដែរ។ ស្នើរដ្ឋមន្ត្រីក្រសួងអប់រំពិភាក្សាជាមួយបណ្តារាជធានី-ខេត្ត បើកសាលានៅទីតាំងដែលពុំមានការឆ្លង ខ្ញុំស្នើឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយនឹងបណ្តាខេត្ត-រាជធានី ដើម្បីកំណត់បើកសាលារៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។ យើងកំពុងចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យអាយុពី ១២ ឆ្នាំ-១៨ ឆ្នាំ។ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារ និងយុវវ័យ ដែលមានអាយុពី…