ខ្ញុំព្រះករុណាខ្ញុំ សុំផ្ញើជូនព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ជាពិសេសបងប្អូន ដែលរស់នៅទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល។
ថ្ងៃនេះគឺ ខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវមានការចាំបាច់ដើម្បីនឹងផ្ញើសារសម្លេងជូនបងប្អូនបន្ថែមទៀត បន្ទាប់ពីការ បិទនូវទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល យើងបានសង្កេតឃើញថា ចរាចរណ៍មនុស្សនៅតែ បន្តមានតទៅទៀត ដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់ សាជាថ្មីម្តងទៀត សម្រាប់ពលរដ្ឋរបស់យើង ពេលនេះនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណាគឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅទីកន្លែងនោះ ក្នុងរយៈពេល ១៤ ថ្ងៃ។ ករណីនេះគឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ។ ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទ្រាំទ្រនូវការលំបាកក្នុងរយៈពេលដែលប្រទេសជាតិរបស់យើងជួបការលំបាក។
ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ជូនថា ប្រសិនបើ ១៤ ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍ មិនថយចុះ ខ្ញុំព្រះករុណាខ្ញុំ នឹងអូសបន្លាយពេលនៃការបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ អាចនឹងបិទខេត្តមួយចំនួនទៀត យោងទៅលើការចាំបាច់។ ប្រសិនបើគ្មានកិច្ចសហការពីសំណាក់ប្រជាពលរដ្ឋទេ យើងពិបាកនឹងទទួលជោគជ័យ ហើយប្រសិនបើគ្មានការអនុវត្តដ៏ម៉ឹងម៉ាត់ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសនគរបាល និងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទេនោះ នឹងយើងមិនអាចទទួលជោគជ័យបានទេ។
ដូច្នេះខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ ការបិទនេះគឺបិទមិនឲ្យប្រជាជនចេញពីផ្ទះតែម្តង លើកលែងតែមាន ករណីមួយចំនួន ហើយក៏សុំកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេស ដើម្បីការចាកចេញរបស់បងប្អូនដែរ។ ឥឡូវបញ្ជាដាច់ខាតមិនឲ្យមនុស្សចេញពីទីក្រុងភ្នំពេញ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ។ អ្នកដែលបានទៅលេងស្រុក ហើយត្រឡប់ចូល មកទីក្រុងភ្នំពេញវិញ ត្រូវនៅនឹងស្រុក ១៤ ថ្ងៃ រហូតដល់ភ្នំពេញត្រូវបានបើក។ សុំសាលារាជធានីភ្នំពេញ ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិនិត្យបញ្ហានេះឲ្យបានហ្មត់ចត់ ដើម្បីចៀសវាងនូវការចម្លងចេញចូល ពីខេត្តចូលមកទីក្រុង ពីទីក្រុងទៅកាន់ខេត្ត។ យើងធ្វើនេះក្នុងគោលដៅម្ខាងគឺការកាត់បន្ថយនូវការចម្លង កាត់ផ្តាច់ការចម្លងរវាងផ្ទះមួយទៅផ្ទះមួយ ភូមិមួយទៅភូមិមួយ ឃុំមួយទៅឃុំមួយ នៅក្នុងទីក្រុងភ្នំពេញ ហើយក៏កាត់ផ្តាច់ការចម្លងពីទីក្រុងភ្នំពេញទៅកាន់ខេត្ត ពីខេត្តមកកាន់ទីក្រុងភ្នំពេញ។ ដូច្នេះអ្នកនៅក្នុងទីក្រុងភ្នំពេញមិនត្រូវបានបញ្ចេញទៅតាមខេត្ត ធ្វើដំណើរទៅតាមខេត្តទេ ហើយអ្នកនៅតាមខេត្តក៏មិនត្រូវ ចូលមកទីក្រុងភ្នំពេញដែរ រាប់ទាំងអ្នកទៅលេងស្រុកក្នុងបុណ្យចូលឆ្នាំនេះ ហើយត្រូវវិលចូលទីក្រុងភ្នំពេញវិញ គឺមិនអនុញ្ញាតឲ្យវិលចូលទីក្រុងភ្នំពេញវិញទេ សុំត្រឡប់ទៅរស់នៅ ទៅខេត្ត ទៅនៅនឹងផ្ទះរបស់ខ្លួន រង់ចាំទីក្រុងភ្នំពេញបើកទើបអនុញ្ញាតឲ្យចូល។
ក្នុងចំណុចទាំងអស់នេះ គឺជាចំណុចដែលយើងបានឃើញហើយថា មានមនុស្សមួយចំនួនដែលបានចាក ចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្ត ដូចជាខេត្តព្រៃវែង និងខេត្តក្រចេះជាដើម ទៅដល់ឃើញមានវិជ្ជមាន Covid-19 នៅតាមខេត្តតែម្តង។ អញ្ចឹងទេ ស្ថានភាពបែបនេះតម្រូវឲ្យយើងមានការចាំបាច់ ដើម្បីនឹងរឹត បន្តឹងបន្ថែមទៀត ហើយខ្ញុំបានទទួលដំណឹងមិនផ្លូវការថា មានការរត់ពន្ធមនុស្សនៅតាមការធ្វើដំណើរ មួយចំនួនក្នុងហ្នឹងក៏មានការប្រើប្រាស់ឡានពេទ្យ តែខ្ញុំមិនជឿនោះទេ តែខ្ញុំត្រូវតែពន្យល់ប្រាប់ទៅរថយន្ត ពេទ្យទាំងឡាយដែលត្រូវធ្វើដំណើរមិនអាចដាក់អ្នកដំណើរ ដោយលួចលាក់តាមរថយន្តពេទ្យ ឬក៏រថយន្តយោធា ឬរថយន្តនគរបាលបានទេ ឬរថយន្តរបស់អ្នកធំណាម្នាក់ ដែលត្រូវបានទទួលការអនុញ្ញាតឲ្យធ្វើដំណើរនោះដែរ។ សុំបញ្ជាក់ជូនអំពីចំណុចនេះឲ្យបានច្បាស់។
ម្យ៉ាងទៀតក៏សុំយកឱកាសនេះបញ្ជាក់ សុំឲ្យកម្លាំងនគរបាល និងអាវុធហត្ថធ្វើការឲ្យបានហ្មត់ចត់ រក្សាគម្លាតសុវត្ថិភាព ដែលខ្ញុំពិនិត្យឃើញនៅតាមការផ្សាយតាមទូរទស្សន៍ ឃើញថាកម្លាំងនគរបាល និងអាវុធហត្ថ ដែលយាមនៅតាមផ្លូវ បានការធ្វេសប្រហែសបន្តិចអំពីការទៅកៀកជាមួយនឹងអ្នកធ្វើដំណើរដែល យើងមិនបានដឹង ហើយថែមទាំងគ្រោះថ្នាក់បំផុតគឺការពិនិត្យទៅលើលិខិតស្នាមនៃការធ្វើដំណើរនោះតែ ម្តង។ ដូច្នេះត្រូវរកវិធី អគ្គស្នងការនគរបាលជាតិ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ត្រូវរកវិធីរក្សាសុវត្ថិភាពសម្រាប់កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ដើម្បីធានាថាគ្មានជំងឺឆ្លងរុករានចូលក្នុងកម្លាំងនគរបាល និងអាវុធហត្ថនោះទេ។ ព្រោះថាការពិនិត្យខ្លះ គឺពិនិត្យ (ត្រូវ)រក្សាគម្លាតសុវត្ថិភាព ១,៥ ម៉ែត្រ ប៉ុន្ដែនគរបាល និងអ្នកធ្វើដំណើរ ឈរទន្ទឹមគ្នា ឬនៅក្បែរគ្នា នេះមិនមែនជាការរក្សាគម្លាតសុវត្ថិភាពទេ ដោយសារតម្រូវការនៃការពិនិត្យលិខិតស្នាម។ អញ្ចឹងខ្ញុំសូមស្នើឲ្យយកចិត្តទុកដាក់លើការរក្សាសុវត្ថិភាពនៃកម្លាំងប្រតិបត្ដិការដែលជាកម្លាំងនគរបាល និងអាវុធហត្ថ រក្សាគម្លាត ត្រូវរកមធ្យោបាយណាដែលអាចធ្វើទៅបានដើម្បីត្រួតពិនិត្យ(លិខិតស្នាម)ចៀសវាងការឆ្លងមកលើកងកម្លាំងអនុវត្ដន៍ច្បាប់។
ខ្ញុំក៏បានទទួលដំណឹងថា ការផឹកស៊ីនៅតែបន្ដនៅក្នុងកម្រិតខុសៗគ្នា ដែលខ្ញុំសូមយកឱកាសនេះ សុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការអនុវត្ដច្បាប់ដ៏តឹងរុឹងបំផុត។ យើងមិនអាចនឹងបន្ធូរបន្ថយបានទេ ការបិទទីក្រុងគឺវាខូចខាតធ្ងន់ធ្ងរណាស់ទៅហើយទៅលើវិស័យសេដ្ឋកិច្ច និងសង្គម យើងមិនអាចឲ្យមានការស៊ីផឹកនាំគ្នាប្រមូលផ្ដុំ ហើយមិនអនុវត្ដច្បាប់នោះទេ ត្រូវតែអនុវត្ដច្បាប់ឲ្យបានម៉ឹងម៉ាត់។ខ្ញុំរីករាយជាមួយនឹងព័ត៌មានថាមានអ្នកបំពានច្បាប់ដែលត្រូវចាប់បញ្ជូនទៅតុលាការ។ ខ្ញុំលើកទឹកចិត្តឲ្យមានការអនុវត្ដច្បាប់ដោយបញ្ជូនទៅតុលាការដោយគ្មានការលើកលែង សម្រាប់មនុស្សណាក៏ដោយបំពានទៅលើបំរាមនៃការបិទខ្ទប់ ហើយបំពានទៅអនុក្រឹត្យ និងបញ្ញត្ដិទាំងឡាយ ដែលយើងបានកំណត់ក្នុងរយៈពេលកន្លងទៅ។
សូមឲ្យបងប្អូនខិតខំរួមគ្នាដើម្បីធ្វើឲ្យប្រទេសជាតិរបស់យើងបានវិលត្រឡប់ទៅស្ថានភាពដើមវិញ។ បើមិនដូច្នេះទេបញ្ហានៅតែបន្ដកើតឡើង ដែលនោះគឺជារឿងលំបាកសម្រាប់ប្រទេសជាតិយើងទាំងមូល។ ហើយខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋនៅតាមខេត្តនានា តាមភូមិនានា ស្រុកនានា ពិនិត្យអ្នក ដែលចេញពីទីក្រុងភ្នំពេញ រួចហើយសាកសួរចម្លើយ តើពួកគេចេញពីក្រុងភ្នំពេញតាមរបៀបណា ដើម្បីផ្ដល់ព័ត៌មានមកឲ្យទីក្រុងភ្នំពេញ ព្រោះការធ្វើដំណើរដែលពួកគេចាកចេញពីទីក្រុងភ្នំពេញ ទៅតាមខេត្ត ដែលនាំការចម្លង(ជំងឺ)ដូចជាស្រុកស្នួលខេត្តក្រចេះ ហើយនៅស្រុកមួយចំនួនទៀតនៅបណ្ដាខេត្ត តើពួកគេលួចចេញពីទីក្រុងភ្នំពេញតាមរបៀបណា? ទទួលបានព័ត៌មាននេះ សូមជូនព័ត៌មានមកទីក្រុង ភ្នំពេញ ដើម្បី(អ្នក)នៅទីក្រុងភ្នំពេញពង្រឹងការគ្រប់គ្រង។
ខ្ញុំសូមបញ្ជាក់សាជាថ្មីថា ពេលវេលានេះមិនថាអ្នកធំ អ្នកតូច មាន ឬ ក្រ គឺនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ គឺសម្ដៅទប់ស្កាត់កុំឲ្យមានការចម្លងពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ ពីទីកន្លែងមួយទៅកន្លែងមួយ។ ហើយភូមិ ឃុំនៅជនបទ នៅខេត្តនានា(តែត្រូវ)ត្រួតពិនិត្យមនុស្ស ដែលធ្វើដំណើរមកពីចំងាយមកកាន់ភូមិរបស់ខ្លួន ដើម្បីសំដៅធានាថាភូមិរបស់ខ្លួនពុំមានការរីករាល ដាលនៃជំងឺកូវីដ-១៩ នោះទេ។ ដូច្នេះសង្ឃឹមថាយើងនឹងអនុវត្ដទាំងអស់គ្នា ប្រជាជននៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណាគឺនៅភូមិនោះ ព្រះសង្ឃគង់វត្ដណាគឺគង់នៅវត្ដនោះដោយគ្មានការលើកលែង នោះទេ។ នេះជាបទបញ្ជាបន្ថែមដើម្បីពង្រឹងការអនុវត្ដច្បាប់ ។
ហើយមួយថ្ងៃៗឃើញតែកកស្ទះនៅតាមដងផ្លូវ តើត្រូវការធ្វើដំណើរទៅណា? ចំណុចនេះជាចំណុចដែលសូមឲ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាលអនុវត្ដឲ្យបានម៉ឺងម៉ាត់បំផុត។ ហើយខេត្តដែលបានប្រកាសដាក់តំបន់នេះ តំបន់នោះទៅជាតំបន់ដែលមានការបិទខ្ទប់ត្រូវពង្រឹងការអនុវត្ដច្បាប់ដោយគ្មានការលើកលែង បើមិនដូច្នេះទេយើងនឹងប្រឈមបញ្ហាដ៏ធ្ងន់ធ្ងរ ដែល(យើង)មិនអាចត្រួតត្រាបាន និងអូសបន្លាយពេលវេលានៃការអនុវត្ដការបិទខ្ទប់ មិនមែន ១៤ ថ្ងៃទេ អាចឈានទៅដល់ ២៨ ថ្ងៃ ឬ លើសពីនេះ ដូចប្រទេសមួយចំនួនដែលកំពុងអូសបន្លាយការបិទប្រទេស ឬបិទរដ្ឋធានីជាដើម។ ប្រទេសនានាបានអនុវត្ដច្រើនហើយ ដូច្នេះកម្ពុជាក៏បានត្រៀមខ្លួនដើម្បីអូសបន្លាយនៃការអនុវត្ដបន្ដទៀតក្នុងករណីប្រសិទ្ធភាពមានកម្រិតទាប យើងគ្មានជម្រើសក្រៅតែពីការបិទខ្ទប់ទេ នោះហើយដែលនាំទៅដល់ហានិភ័យ។
សូមកុំឲ្យមនុស្ស ១ នាក់ ២ នាក់ ១០ នាក់ បំផ្លាញមនុស្សរាប់លាននាក់។ អញ្ចឹងទេខ្ញុំសុំជូនសារនេះជាកិច្ចការបន្ទាន់ ជាពិសេសអាជ្ញាធររាជធានីភ្នំពេញ ពង្រឹងការអនុវត្តច្បាប់ឡើង ហើយមើលអ្នកដែលចេញពីផ្ទះមានហេតុផលអី។ អញ្ចឹងសុំកុំឲ្យចេញពីផ្ទះនៅក្នុងផ្ទះទៅ នៅភូមិណាគឺនៅភូមិហ្នឹង គ្មានការចាំបាច់កុំចេញ មានករណីលើកលែង ប៉ុន្តែកុំប្រើប្រាស់លេសនៃការលើកលែងនេះ ដើម្បីបន្តការធ្វើដំណើរដោយគ្មានការចាំបាច់ ហើយប្រសិនបើព័ត៌មានពិត ទាក់ទងនឹងការរត់ពន្ធមនុស្ស ដោយជ្រកក្រោមផ្លាករថយន្តអ្នកនេះអ្នកនោះ រហូតទៅដល់រថយន្តពេទ្យទៀត ក៏សុំឲ្យមានការអនុវត្តឲ្យបានម៉ឺងម៉ាត់ បើរកឃើញករណីនេះគឺធ្ងន់ធ្ងរ ព្រោះយើងមិនអាចយោគយល់ អ្នកអនុវត្តច្បាប់បែរជាគប់គិតជាមួយអ្នកធ្វើដំណើរនោះទេ។ សង្ឃឹមថាព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិយោគយល់ចំពោះការលំបាករបស់ប្រទេសជាតិ ដើម្បីយើងទាំងអស់គ្នារស់នៅដោយសុខសាន្តលើដែនដីនេះ ហើយសភាពការណ៍និងវិលត្រឡប់ឆាប់រហ័ស ជីវភាពបងប្អូននឹងបានប្រសើរឡើង។
យើងបានពិសោធន៍ហើយ មានការលក់ដូរនៅតាមផ្សារ មានការផ្គត់ផ្គង់ត្រីអង្ករ រហូតទៅដល់មានក្រុមហ៊ុនដែលសុខចិត្តលក់ខាតថ្លៃដើមចំពោះអង្ករ បន្លែបង្ការមួយចំនួន ពេលនោះក៏ដើម្បីរួមចំណែកជួយទៅដល់រាជរដ្ឋាភិបាល។ ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា បានលក់អង្ករដោយខាតក្នុងមួយតោន ៤៩ ដុល្លារសហរដ្ឋអាមេរិក សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើង ដែលមានតម្រូវការស្បៀងពិតប្រាកដ ក៏ប៉ុន្តែយើងក៏មិនត្រូវប្រើប្រាស់ទិញស្បៀងថ្លៃថោកទុកដើម្បីតម្លើងថ្លៃនោះទេ ដូច្នេះអ្នកលក់ក៏ត្រូវតែពិនិត្យ ហើយយើងក៏ត្រៀមរាប់ម៉ឺនតោនដើម្បីបុកចូលទីក្រុងភ្នំពេញក្នុងករណីដែលចាំបាច់ ឥឡូវនេះសភាពការណ៍បានល្អសម្រាប់ការផ្គត់ផ្គង់ស្បៀងអារហារនោះហើយ មិនមានជាបញ្ហាធ្ងន់ធ្ងរនោះទេ។
អ្វីដែលធ្ងន់ធ្ងរគឺធ្វើការដំណើរដោយគ្មានការឈប់ឈរ តើការធ្វើដំណើររបស់គេទៅធ្វើអី ខ្ញុំគិតថាល្មមដល់ពេលអភិបាលរាជធានី ក៏ដូចជាកម្លាំងអនុវត្តច្បាប់ទាំងអស់ នាំគ្នាអនុវត្តច្បាប់ ដោយឈប់ធ្វើការយោគយល់ ហើយសុំអោយអ្នកដែលបានទៅលេងចូលឆ្នាំនៅស្រុក សុំកុំធ្វើដំណើរចូលទីក្រុងភ្នំពេញ ហើយបើមកដល់ចូលទីក្រុងភ្នំពេញ ដាច់ខាតកុំអោយចូលទីក្រុងភ្នំពេញអោយត្រឡប់ទៅស្រុកវិញ កុំអោយចូលមកទីក្រុងភ្នំពេញ ហើយហាមអ្នកទីក្រុងភ្នំពេញចេញក្រៅពីទីក្រុងភ្នំពេញ អញ្ចឹងហាមចេញ-ចូលទីក្រុងភ្នំពេញ។ អញ្ចឹងអ្នកនៅក្នុងទីក្រុងភ្នំពេញអាចធ្វើដំណើរនៅក្នុងក្របខណ្ឌមួយ ជាកំណត់ដូចដែលមាននៅក្នុងនៅក្នុងសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដែលយើងបានដាក់ចេញរួចមកហើយ គ្មានការយោគយល់បន្ថែមទៀតទេ មានតែការអនុវត្តច្បាប់ប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបាន មនោសញ្ចេតនាត្រូវតែមាន ក៏ប៉ុន្តែបើមនោសញ្ចេតនានោះ គ្រាន់តែសម្លាប់នូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ មនោសញ្ចេតនានោះនាំមកនូវមហន្តរាយសម្រាប់ប្រទេសជាតិ ដូច្នេះត្រូវអនុវត្តច្បាប់ អនុវត្តបទបញ្ជាអោយបានម៉ឺងម៉ាត់ ដើម្បីសេចក្ដីសុខរបស់ជាតិនិងប្រជាជនយើង។ សូមអរគុណ៕