លោកជំទាវ Eva Nguyen Binh អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ Carmen Moreno អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រីនាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនកម្មករ/ការិនី និងជនរួមជាតិជាទីគោរពស្រឡាញ់។
“ទឹកស្អាត សម្រាប់ទាំងអស់គ្នា” មុំមួយនៃអាទិភាព ៤
ថ្ងៃនេះ ខ្ញុំសូមប្រកាសក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រនូវពាក្យស្លោកដែលស្នើឡើងដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថា “ទឹកស្អាតសម្រាប់ទាំងអស់គ្នា”។ ការកំណត់ទិសដៅនេះ ធ្វើឱ្យយើងទាំងអស់គ្នាគិតគូរដោយហ្មត់ចត់បំផុតទៅលើសកម្មភាពទាំងឡាយ ដើម្បីផ្តល់ទឹកស្អាត សម្រាប់ទាំងអស់គ្នា។ នេះក៏ជាផ្នែកមួយដែលខ្ញុំគួរតែនិយាយឡើងវិញ ទាក់ទិនជាមួយនឹងការប្រកាសកាលពីឆ្នាំ ១៩៨៧ មុនពេលដែលខ្ញុំឈានជើងចូលទៅចរចាដើម្បីស្វែងរកដំណោះស្រាយនៃបញ្ហាកម្ពុជានៅ Fère-en-Tardenois ប្រទេសបារាំង ជាមួយសម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះ ការរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ១៩៨៨ គឺនៅក្នុងរង្វង់ ខែ វិឆ្ឆិកា ឆ្នាំ ១៩៨៧ ខ្ញុំបានប្រកាស និងចេញនូវអាទិភាព ៤ យ៉ាង ដែលគប្បីយកចិត្តទុកដាក់ធ្វើការវិនិយោគ គឺ “ទឹក ផ្លូវ ភ្លើង មនុស្ស”។
ឥឡូវនេះ យើងនៅតែបន្តប្រើប្រាស់វាតទៅទៀត គ្រាន់តែដូរធនធានមនុស្សទៅជាមុំទី ១ ក៏ប៉ុន្តែ បញ្ហាទឹកក៏នៅតែអាទិភាព(មួយ)របស់យើង។ ឯទឹកដែលខ្ញុំចង់និយាយនេះ នៅពេលនោះ មិនមែនគ្រាន់តែជាបញ្ហាទឹកស្រោចស្រពនោះទេ តែទាក់ទងនឹងទឹកប្រើប្រាស់ សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនយើងផងដែរ។ យើងបានធ្វើត្រូវលើរឿងនេះក្នុងរយៈពេលជាង ៣០ រួចមកហើយ។ ខ្ញុំជឿថា អាទិភាពទាំង ៤ យ៉ាងនេះនឹងត្រូវក្នុងរយៈពេលមិនតិចជាង ៥០ ឆ្នាំទៀតទេ សម្រាប់ប្រទេសរបស់យើង។ “មនុស្ស ទឹក ផ្លូវ និងភ្លើង” ជាមុំបួនដែលត្រូវផ្តល់អាទិភាពសម្រាប់ការវិនិយោគជាបន្ត។ ថ្ងៃនេះ យើងបើកការដ្ឋាន សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលយើងបានកសាងរួចមកហើយ និងបានដាក់ឱ្យប្រើប្រាស់រួចហើយដែរ។
របៀបដំណើរការធម្មតាទៅតាមគន្លងថ្មី
អម្បាញ់មិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានធ្វើរបាយការណ៍ជូនអង្គប្រជុំហើយ។ ខ្ញុំសង្ឃឹមថារបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មិនមែនគ្រាន់តែស្តាប់លឺក្នុងកម្រិតមនុស្សត្រឹមជាង ១០០០ នាក់ នៅទីនេះ ដែលយើងចាត់ទុកថាជាសមយុទ្ធទី ២ បន្ទាប់ពីសមយុទ្ធនៅថ្ងៃទី ២២ មករា អំពីរបៀបដំណើរការធម្មតាទៅតាមគន្លងថ្មីនោះទេ។ មុននេះ វេទិការបស់យើងនេះអាចដាក់មនុស្ស ៤០០០-៥០០០ នាក់ ឥឡូវនេះ យើងដាក់មនុស្សត្រឹមតែជាង ១០០០ នាក់ប៉ុណ្ណោះ ដោយរក្សាគម្លាតសុវត្ថិភាព ១,៥ ម៉ែត្រ។ ថ្ងៃនេះ មានការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ទៅតាមស្ថានីយទូរទស្សន៍ វិទ្យុ និងអនឡាញជាច្រើន ដែលរបាយការណ៍របស់ឯកឧត្តម ចម ប្រសិទ្ធ មិនគ្រាន់តែលឺសម្រាប់មនុស្សជាង ១០០០ នាក់ នៅទីនេះប៉ុណ្ណោះទេ ប៉ុន្តែបានលឺទៅដល់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបងប្អូនយើងនៅឯក្រៅប្រទេសផងដែរ។
សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសាធារណរដ្ឋបារាំង, សហភាពអឺរ៉ុប
ពិតមែនថា ឯកឧត្តម ចម ប្រសិទ្ធ បានលើកអំពីបញ្ហានេះហើយ ខ្ញុំក៏លើករំលេចបន្តិចទាក់ទិនជាមួយនឹងដំណើរការរបស់យើង។ ឥឡូវនេះ យើងបានពិនិត្យឃើញថា អ្វីដែលយើងបានខិតខំថ្ងៃនេះ គឺវាជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងយើង និងសាធារណរដ្ឋបារាំង ព្រមទាំងសហភាពអឺរ៉ុបផងដែរ។ នៅពេលដែលយើងកសាងនៅទីនេះ គឺមានពីរជំហាន ដែលបានលើកឡើងក្នុងរបាយការណ៍ហើយ។ ជំហានទី ១ នេះ យើងនឹងផលិតទឹកស្អាត ដែលមានសមត្ថភាពផលិតចំនួន ១៥ ម៉ឺន ៥ ពាន់ម៉ែត្រគូប/ថ្ងៃ ហើយដែលត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ ខែ និងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២២។ ការវិនិយោគជំហានទី ១ នេះ ត្រូវប្រើប្រាស់អស់ថវិកាចំនួន ២៤៧ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ថវិកាសម្រាប់សាងសង់រោងចក្រទឹកស្អាតចំនួន ១៥៥,៥ លានដុល្លារអាមេរិក និងការរៀបចំបណ្តាញចែកចាយផ្នែកផ្សេងៗចំនួន ៩១ លាន ៥ សែនដុល្លារអាមេរិក។ ថវិកានេះ បានមកពីប្រភពថវិកាបដិភាគរបស់រដ្ឋាករទឹករាជធានីភ្នំពេញចំនួន ៤៧ លានដុល្លារអាមេរិក ថវិកាកម្ចីដែលយើងខ្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ចំនួន ៨៥ លានដុល្លារអាមេរិក ថវិកាកម្ចីដែលយើងខ្ចីពីធនាគារវិនិយោគអឺរ៉ុបចំនួន ១០០ លានដុល្លារសហរដ្ឋអាមេរិក និងថវិកាហិរញ្ញប្បទានឥតសំណង បានសេចក្តីថា ជំនួយឥតសំណងពីសហភាពអឺរ៉ុបចំនួន ១៥ លានដុល្លារអាមេរិក។ អ្នកសាងសង់ គឺជាអ្នកដែលបានសាងសង់នៅឯចំការមនដូចគ្នា គឺជាក្រុមហ៊ុនដ៏ល្បីមួយរបស់បារាំង គឺក្រុមហ៊ុន VINCI ដែលជាដៃគូសហប្រតិបត្តិការជាមួយយើងតាំងពីឆ្នាំ ១៩៩៥ លើបញ្ហាប្រតិបត្តិការព្រលានយន្តហោះនៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ទៅលើសមត្ថភាព នៃការសាងសង់របស់ក្រុមហ៊ុន និងការត្រួតពិនិត្យដោយក្រុមហ៊ុនរបស់ប្រទេសបារាំងផងដែរ។
ការប្រើប្រាស់បច្ចេកវិទ្យាថ្មី បញ្ជូនបំពង់មេក្រោមផ្ទៃទឹក និងក្នុងដីឆ្លងទន្លេ
អម្បាញ់មិញ មុនពេលដែលចូលមកកាន់ទីនេះ ខ្ញុំក៏បានពិនិត្យអំពីគម្រោងនៃការសាងសង់។ យើងគ្រាន់តែពិនិត្យអំពីលូនេះ គឺបើសិនជាវាអត់មានទឹកទេ គេអាចធ្វើផ្ទះដេកបាន។ បានសេចក្តីថា វាមានទំហំដល់ទៅ ២ ម៉ែត្រឯណោះ។ អញ្ចឹងទេ គេដេកបាននៅក្នុងហ្នឹង ហើយក៏ដើរបានមិនទើសក្បាលទេ … ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះ កាលពីសម្ពោធរោងចក្រផលិតទឹកស្អាតនៅឯខេត្តកំពត ខ្ញុំបានលើកអំពីបច្ចេកទេសថ្មីរបស់ជប៉ុនក្នុងការកសាង។ ពីមុននេះយើងកសាង(បណ្តាញ) ដើម្បីបញ្ជូនទឹកឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ដោយដាក់ទៅតាមស្ពាន ដែលធ្វើឱ្យស្ពាននោះគឺជួបការលំបាក។ ប៉ុន្តែ នៅឯខេត្តកំពត យើងបានចាប់ផ្តើមរុញបំពង់នោះនៅក្រោមដី តែនោះទំហំប្រហែលត្រឹម ១៥០ ម៉ែត្រប៉ុណ្ណឹងទេ។ ឥឡូវនេះ យើងត្រូវរុញក្រោមទន្លេសាបរបស់យើងនៅស្ពានព្រែកព្នៅ ហើយនៅក្រោមដីក្រោមទឹកទៀត ដើម្បីចម្លងទឹកទៅត្រើយម្ខាងខាងនោះសម្រាប់ផ្គត់ផ្គង់។ នេះជាបច្ចេកវិទ្យាថ្មី សម្រាប់ប្រើប្រាស់នៅក្នុងជំនាន់ថ្មី ព្រោះសម័យនេះ គឺជាសម័យថ្មី ដែលបច្ចេកវិទ្យាវាជឿនលឿន។
ដូច្នេះ ជំហានទី ១ យើងត្រូវផលិតក្នុងបរិមាណ ១៩៥០០០ ម៉ែត្រគូប/ថ្ងៃ។ ដល់ជំហានទី ២ នឹងត្រូវសាងសង់ចំនួន ១៥៥០០០ ម៉ែត្រគូប/ថ្ងៃទៀត ដែលចាប់ផ្តើមអនុវត្តនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ មុនពេលដែលអាទី ១ រួចរាល់ អាទី ២ ត្រូវចាប់ផ្តើម។ អញ្ចឹង វានឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៣។ តម្លៃវិនិយោគនៅពេលនោះនឹងមាន ១០១ លានដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំងហៅថា AFD។ ដូច្នេះ គម្រោងទាំងពីរជំហាននេះ យើងត្រូវប្រើថវិកាអស់ចំនួន ៣៤៨ លានដុល្លារអាមេរិក ហើយដែលផលិតទឹកស្អាតក្នុងមួយថ្ងៃបាន ៣៩០០០០ ម៉ែត្រគូប/ថ្ងៃ ដែលជាសមត្ថភាពមួយដ៏ខ្ពស់បន្ថែមលើសមត្ថភាពផ្គត់ផ្គង់សព្វថ្ងៃនេះ។
រដ្ឋមន្ត្រីទទួលបន្ទុក ស្វះស្វែងរកដៃគូអភិវឌ្ឍឱ្យស្របនឹងគោលនយោបាយដែលមានជារួម
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ដែលដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ។ បើនិយាយឱ្យវាឆ្ងាយបន្តិច ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ នៅជាប់ជាមួយខ្ញុំក្នុងរយៈពេល ៤២ ឆ្នាំ បានសេចក្តីថា ការចាប់ផ្តើមអាជីពគាត់គឺមកកាន់ការងារជាប្រធានមន្ទីរក្រសួងការបរទេស និងជាលេខាផ្ទាល់ឱ្យខ្ញុំ នៅក្នុងដំណាក់កាលនៃការចរចាដ៏ស្វិតស្វាញ គឺត្រូវអមដំណើរខ្ញុំជាប់ជានិច្ច។ (គាត់)ក៏ធ្វើជាអនុរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីផង។ នៅពេលដែលខ្ញុំចេញពីក្រសួងការបរទេសទៅ ខ្ញុំក៏យកឯកឧត្តម ចម ប្រសិទ្ធ ទៅ ហើយក៏តែងតាំងជាអនុរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី ហើយដំណើរការជាមួយនឹងខ្ញុំ។ បន្ទាប់ពីនោះទៅ គឺទៅជារដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបានមួយរយៈ បានទៅកាន់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ចម ប្រសិទ្ធ នេះហើយ គឺជាអ្នកចរចាដើម្បីនាំកម្ពុជាចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ ឥឡូវ ក្រសួងថ្មីនេះ គឺត្រូវដឹកនាំដោយ ឯកឧត្តម ចម ប្រសិទ្ធ ដែលយើងទើបនឹងកែឈ្មោះថ្មី ដោយបន្ថែមការងារទាក់ទិននឹងការស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍បន្ថែមទៀត។
ទម្លាប់ធ្វើការរបស់ខ្ញុំៗបានផ្តល់(ឱ្យអ្នកនៅជុំវិញខ្លួន)។ អ្នកខ្លះថា ហ៊ុន សែន ប្រមូលផ្តុំអំណាចនៅក្នុងដៃ។ ត្រូវ(ហើយ) នាយករដ្ឋមន្ត្រី បើមិនកាន់អំណាច មិនបាច់ធ្វើទេ។ ប៉ុន្តែ វិធីសាស្ត្រធ្វើការរបស់ខ្ញុំ គឺខ្ញុំពង្រាយឱ្យរដ្ឋមន្ត្រីមួយទទួលបន្ទុកធ្វើការទៅ ស្វះស្វែងរកដៃគូទៅឱ្យស្របនឹងគោលនយោបាយដែលមានជារួម។ អញ្ចឹង បានថ្ងៃនេះ ខ្ញុំមកប្រថាប់ត្រាជូន។ រដ្ឋមន្ត្រីទទួលបន្ទុក ដែលទទួលបានសិទ្ធិពីនាយករដ្ឋមន្រ្តី ដឹកនាំធ្វើទាំងអស់នូវកិច្ចការនេះ ដោយចុះហត្ថលេខាដោយក្រសួងការបរទេស ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រគល់ថវិកាសម្រាប់ការអភិវឌ្ឍគម្រោងបែបនេះ។ ក្រសួងនានាក៏ដូចគ្នា។ ពិតមែនហើយ ខ្ញុំត្រូវការរបាយការណ៍ ក៏ប៉ុន្តែ កិច្ចការទាក់ទងនឹងរបៀបអភិវឌ្ឍន៍បែបនេះ គឺថា តម្រូវការនៃការចង្អុលបង្ហាញពីដើមទី និងចង្អុលបង្ហាញនៅកន្លែងណាដែលត្រូវការសុំយោបល់តែប៉ុណ្ណោះ។ នេះជារបៀបធ្វើការរបស់ខ្ញុំ។ អញ្ចឹងទេ ថ្ងៃនេះ យើងសម្ពោធបើកការដ្ឋាន ដើម្បីសាងសង់នូវការបំពេញឱ្យការខ្វះខាត ដែលយើងកំពុងតែខ្វះ បន្តិចទៀតខ្ញុំនឹងនិយាយដល់បន្ថែមលើរបាយការណ៍របស់ ឯកឧត្តម ចម ប្រសិទ្ធ។
សាទរការសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន
ថ្ងៃនេះ យើងក៏ទទួលអំណរសាទរ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលបានកសាងសាងរួចហើយ ដែលមានសមត្ថភាពផលិតចំនួន ៥២ ពាន់ម៉ែត្រគូប បានសេចក្តីថា ខ្មែរយើងចូលចិត្តនិយាយអញ្ចេះ អាពាក្យ ៥២ ពាន់ ឬក៏ពាក្យ ១០០ ពាន់នាក់។ អាហ្នឹង គឺនិយាយតាមភាសាខាងក្រៅ។ ដូចជាបារាំងគេថា សង់មីល អីអញ្ចឹងទៅ។ អង់គ្លេស គេហៅថា One hundred thousand ប៉ុន្តែ ខ្មែរនិយាយស្រណុកស្តាប់ជាងគេ គឺថា ៥២ ០០០ អាហ្នឹងទៅអញ្ចឹង ដែលបានកសាងរួចរាល់នៅខែ តុលា ២០២០ កន្លងផុតទៅនេះ។ តម្លៃនៃការសាងសង់នៅទីនោះមានចំនួន ៤៧ លាន ១សែនដុល្លារ ថវិកាសម្រាប់សាងសង់នោះ គឺថវិកាសាងសង់រោងចក្រមានចំនួន ២៥ លាន ២ សែនដុល្លារ និងការរៀបចំបណ្តាញចែកចាញមានចំនួន ២១ លាន ៩ សែនដុល្លារ ក្នុងនោះ បានមកអំពីថវិការបស់រដ្ឋាភិបាល ៥ លាន ៥ សែនដុល្លារ ថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៨,៩ លានដុល្លារ ថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ចំនួន ៣២ លាន ៧ សែនដុល្លារ។
កន្លែងចម្រាញ់ទឹកស្អាត ចាំបាច់ត្រូវមានបណ្តាញទឹក
យើងគួរកត់សម្គាល់បញ្ហារបស់យើងនៅទីនេះ។ វាមិនមែនគ្រាន់ត្រូវការផលិតទេ វាត្រូវការរៀបចំប្រព័ន្ធចែកចាយ។ ខ្ញុំអាចវិលមកនិយាយ អំពីបណ្តាញចែកចាយ គឺអ្វីដែលឯកឧត្តម ចម ប្រសិទ្ធ បានចង្អុលបង្ហាញ។ បណ្តាញចែកចាយដែលធ្វើនៅចំការមន គឺជាប្រព័ន្ធចែកចាយដ៏វែង ក៏ប៉ុន្តែ វាទំហំតូចទេ ៦-៨ តឹក មានប្រវែង ២៥ គីឡូម៉ែត្រ ហើយបំពង់ចែកចាយ ៦ ផឹង ៣ លី ៦៣ មីលីម៉ែត្រ ទៅដល់ ៣០០ មីលីម៉ែត្រ ប្រវែង ៥៤៨ គីឡូម៉ែត្រ។ អញ្ចឹង បណ្តាញចែកចាយនេះ មានន័យថា ជាបណ្តាញដែលរុញចូលទៅតាមផ្ទះ។ ប៉ុន្តែ សម្រាប់ថ្ងៃនេះ គ្រាន់តែបណ្តាញចែកចាយនៅទីនេះ ដែលត្រូវការថវិការហូតទៅដល់ ៩១ លាន ៥ សែនដុល្លារអាមេរិក។ បំពង់ចែកចាយទំហំ ៤០០-២០០០ មីលីម៉ែត្រ។ បំពង់ ២ ម៉ែត្រនេះ (ហៅថា) ២០០០ មីលីម៉ែត្រ ១០០ គីឡូម៉ែត្រ បូកជាមួយនឹង ៤ តឹក ដល់ ២ ម៉ែត្រ។ បំពង់ចែកចាយ ដែលមានទំហំ ៦៣-៣០០ មីលីម៉ែត្រ មានរហូតទៅដល់ ១០០០ គីឡូម៉ែត្រ។ យើងត្រូវឃើញថា នៅពេលដែលយើងចាប់ផ្តើមធ្វើកន្លែងចម្រាញ់ទឹកស្អាតនៅកន្លែងណាហើយ ចាំបាច់ត្រូវមានបណ្តាញទឹក។ ក៏ដូចគ្នានេះដែរ ប្រព័ន្ធធារាសាស្ត្រ នៅពេលដែលយើងធ្វើទំនប់កន្លែងណាមួយ យើងត្រូវតែមានបណ្តាញចែកចាយជាប្រឡាយទឹកដូចគ្នាដែរ។ អញ្ចឹងទេ នេះជាតម្រូវការសម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ។
ធនាគារអភិវឌ្ឍន៍អាស៊ី/ធនាគារពិភពលោក … វាយតម្លៃមិនត្រូវលើការរីកចម្រើនរបស់កម្ពុជា
ខ្ញុំសុំបញ្ជាក់ កាលដែលខ្ញុំមកសម្ពោធនៅកន្លែងវិមានឈ្នះឈ្នះក្បែរនេះ នៅកន្លែងឧកញ៉ា លី យ៉ុងផាត់ នៅកន្លែងមរតកកីឡាដ្ឋាន សម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខ ខ្ញុំតែងតែរំលឹកថា តំបន់នេះ គឺជាតំបន់ដែលខ្មែរក្រហមដាក់គ្រាប់ ដើម្បីបាញ់ចូលទីក្រុងភ្នំពេញ។ ឆ្នាំ ១៩៨៩ នៅចាំទេ? យើងធ្វើបុណ្យខួប ១០ ឆ្នាំ នៃការរំដោះប្រទេសពីរបប ប៉ុល ពត។ ថ្ងៃនោះឯង ដែល(មានការ)បាញ់ចេញពីតំបន់ហ្នឹងចូលទៅទីក្រុងភ្នំពេញ។ កាលដែលខ្ញុំនៅធ្វើរដ្ឋមន្ត្រីការបរទេសផង ធ្វើជានាយករដ្ឋមន្ត្រីផង ខ្ញុំបានទាំងបញ្ជូនមន្រ្តីក្រសួងការបរទេស បុគ្គលិកក្រសួងការបរទេស ក្រសួងនានាមកជួយកាប់ព្រៃ។ កាប់ព្រៃឱ្យអស់ កុំឱ្យខ្មែរក្រហមលាក់ខ្លួន។ កាលហ្នឹងដីមិនទាន់មានតម្លៃទេ។ ឱ្យទទេមិនយកផង។ គ្មានអ្នកណាមកយកទេ។ ខ្ញុំទៅចរចា។ ត្រឡប់មកវិញឆ្នាំ ១៩៨៨ ក្រោយការចរចានៅ SAINT-GERMAIN-EN-LAYE ខែ មករា ឆ្នាំ ១៩៨៨ ខ្ញុំមកទីហ្នឹង។ កាលហ្នឹងចរចានៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង គេហៅថា ជំនួបចរចា សីហនុ-ហ៊ុន សែន។ ក្រោយ FERE-EN-TARDENOIS មកដល់ SAINT-GERMAIN-EN-LAYE។ ខ្ញុំមកជាមួយ ថោង ខុន កាលហ្នឹង ថោង ខុន នៅធ្វើចៅហ្វាយក្រុង។ មកឃើញគេដាំឪឡឹកនៅហ្នឹង បញ្ជូនយុវជនចេញមកការពារនៅហ្នឹង។
ព្រំប្រទល់របស់ខេត្តកណ្ដាល និងភ្នំពេញ នៅនឹងគល់ស្ពានជ្រោយចង្វារ មិនមែននៅហ្នឹងទេ។ ខ្ញុំស៊ីញ៉េលើអនុក្រឹត្យកាត់ដីខេត្តកណ្តាលមិនតិចជាង ៥ ដងទេ ធ្វើឱ្យទីក្រុងភ្នំពេញរីកតាំងពីទំហំជាង ៣០០ គីឡូម៉ែត្រក្រឡា ឥឡូវរហូតដល់ជាង ៧០០ គីឡូម៉ែត្រក្រឡា ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីជួបបញ្ហាប្រឈម។ មុននេះ ទាំងធនាគារអភិវឌ្ឍន៍អាស៊ី ទាំងធនាគារពិភពលោក ទាំង IMF និងអ្នកសេដ្ឋវិទូ វាយតម្លៃខុសទាំងអស់ទៅលើការរីកចម្រើនរបស់កម្ពុជា។ គេវាយតម្លៃទៅលើអគ្គិសនីថា កើនឡើងត្រឹមតែ ១២% ប៉ុណ្ណោះ/ឆ្នាំ។ ប៉ុន្តែ លើការជាក់ស្តែង អគ្គិសនីក្នុងទីក្រុងភ្នំពេញកើនឡើងជាង ៤០%/ឆ្នាំ ដែលនៅសម័យមុនក្រោយរំដោះ ទីក្រុងភ្នំពេញយើងប្រើអគ្គិសនីប្រមាណជា ៣០ មេហ្គាវ៉ាត់ តែឥឡូវយើងប្រើដល់ពាន់មេហ្គាវ៉ាត់នៅទីក្រុងភ្នំពេញ។
រដ្ឋាករទឹកត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ឆ្នាំ ១៩៥៩
ជាមួយនឹងការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញនេះ មិនមែនបានសេចក្តីថា ពីដើមឡើយមិនមានទឹកស្អាត សម្រាប់ការប្រើប្រាស់នោះទេ។ ប្រវត្តិនៃប្រទេសរបស់យើង នៅទីក្រុងភ្នំពេញនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែរ។ តាំងពីសម័យបារាំងនៅឯណោះ។ ឆ្នាំ ១៨៩៥ តំបន់ជិតភ្នំដូនពេញ ផ្សារចាស់ មានទឹកស្អាតប្រើប្រាស់ហើយ គេហៅថា បណ្តាញចែកចាយ ៤០ គីឡូម៉ែត្រ ដែលមានសមត្ថភាពផលិត ១៥០០០ ម៉ែត្រគូប/ថ្ងៃ កាលពីដំណាក់កាលនោះ។ ឆ្នាំ ១៩៥៩ រដ្ឋាករទឹកត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ហើយបើសិនជាដោយព្រះរាជក្រឹត្យពេលនោះ គឺច្បាស់ជាព្រះរាជក្រឹត្យរបស់ព្រះបាទ ព្រះករុណា សុរាម្រិត តាមសំណើរបស់សម្តេចព្រះករុណាបិតា ដែលពេលនោះព្រះអង្គដាក់រាជ្យ ហើយធ្វើជានាយករដ្ឋមន្ត្រី។ អញ្ចឹង ដល់ត្រឹមឆ្នាំ ១៩៦៩ សមត្ថភាពផលិតនៅទីក្រុងភ្នំពេញរបស់យើង(មាន) ១៥៥ ០០០ ម៉ែត្រគូប/ថ្ងៃ។ ក៏ប៉ុន្តែ ចាប់ពីរដ្ឋប្រហារឆ្នាំ ១៩៧០ រហូតមក អត់មានការពង្រីកបានទេ មានតែបំផ្លាញចោលតែម្តង។ ដោយសារអី? ដោយសារសង្គ្រាមវាបានផ្ទុះតាំងពីថ្ងៃ ១៨ មីនា ១៩៧០ រហូតមកដល់ខ្មែរក្រហម គឺបំផ្លាញចោលតែម្តង។
ភ្នំពេញក្រោយរំដោះ ឆ្នាំ ១៩៧៩ មិនមានទឹកគ្រប់គ្រាន់ប្រើប្រាស់
ពេលដែលពួកយើងចូលមកដល់ទីក្រុងភ្នំពេញ តើពួកយើងមានទឹកប្រើប្រាស់ទេ? ខ្ញុំសុំបញ្ជាក់ ខ្ញុំគឺជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកូនស្លាប់មួយនៅក្នុងរបបខ្មែរក្រហម ដែលជាការឈឺចាប់មិនអាចបំភ្លេចបាននៅក្នុងប្រវត្តិរបស់ខ្ញុំនេះ។ ខ្ញុំត្រូវបាត់កូនមួយទៀត នៅពេលដែលរំដោះភ្នំពេញហើយ ដោយសារអី? រលូតកូន។ ភរិយារបស់ខ្ញុំត្រូវយោងទឹកពីខាងក្រោម នេះវាជាកំហុសរបស់ខ្ញុំ។ ផ្ទះរបស់ខ្ញុំនៅវិមានឯករាជ្យនេះឆ្នាំ ១៩៩៤ បានមានទឹកប្រើគ្រប់។ ពី ១៩៧៩ មក គឺពួកខ្ញុំមកអូសទឹក ជាមួយបង ហេង សំរិន ផ្ទះនៅជិតគ្នា។ អូសទឹកពីមាត់ទន្លេយកមកដាក់ខាងក្រោម រួចហើយបានយួរឡើងទៅលើប្រើ។ ក្រោយមក យើងបានជំនួយពីខាងមិត្តវៀតណាមនូវអ្នកបច្ចេកទេស ស្តារបណ្តារោងចក្រមួយចំនួន ក្នុងហ្នឹងក៏មានស្តាររោងចក្រផលិតទឹក។ ការផលិតទឹករបស់យើងនេះ ផ្គត់ផ្គង់អត់គ្រប់ទេ ព្រោះទុយោជួនកាលបែក។ នៅតាមកន្លែងមួយៗ ចោះដីចាក់រកទុយោ រួចហើយយកទឹកហ្នឹងដឹកយកទៅលក់។ អញ្ចឹង ទឹកអត់ដែលមកដល់ផ្ទះខ្ញុំទេ។ ខ្ញុំប្រើប្រាស់ទឹកដែលដឹកដោយរថយន្តមកចាក់ក្នុងស៊ីទែនខាងក្រោម រួចហើយបានម៉ូទ័រទាញឡើងទៅលើ។ ថ្ងៃខ្លះអត់មានទឹកប្រើទេ។ ផ្ទះរបស់ខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ ១៩៩៤ ទើបខ្ញុំមានទឹកប្រើ។ ភរិយាខ្ញុំរលូតកូនមួយទៀត។ មិនមែនដូចភ្នំពេញរាល់ថ្ងៃក្មួយៗ ចៅៗ កើតឡើងក្រោយគ្រាប់ផ្លោង អត់ដឹងថាយ៉ាងម៉េចផង(នោះ)ទេ។
ជាជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ បែរជាត្រូវទទួលទណ្ឌកម្មពីប្រទេសប្រជាធិបតេយ្យ
ភ្នំពេញកំសត់ណាស់ក្នុងកាលៈទេសៈនោះ។ ឱ្យផ្ទះម្នាក់មួយអត់មានអ្នកណាហ៊ានយកទេ នៅ ២ ឬ ៣ គ្រួសារ។ ដល់ក្រោយមកចាប់ផ្តើមទាស់ទែងគ្នា។ ក្នុងពេលនោះ យើងវេទនាប៉ុណ្ណឹង។ ប្រទេសមួយចំនួនបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ យើងទទួលទណ្ឌកម្ម (ដូចអ្វី)ដែលលោកស្រី អេវ៉ា និង អូណេស្តា សរសេរសៀវភៅមួយថា “ទណ្ឌកម្មចំពោះអ្នកក្រ”។ យើងជាជនរងគ្រោះ នៃអំពើប្រល័យពូជសាសន៍ ក៏ប៉ុន្តែ បែរជាត្រូវទទួលទណ្ឌកម្មពីប្រទេសប្រជាធិបតេយ្យទៅវិញ។ ប្រទេសប្រជាធិបតេយ្យ ដែលគេតាំងខ្លួនជាប្រជាធិបតេយ្យ គេគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ក្រោយមកគេក៏គាំទ្រពួកខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ធ្វើបាបយើងទៀត។ ប៉ុន្តែជាភ័ព្វសំណាង ដែលក្រោយមកគេផ្តល់ជំនួយឱ្យតុលាការកាត់ទោសខ្មែរក្រហម ដែលទើបជិតឈានដល់ទីបញ្ចប់។ យ៉ាងណាក្តី គេមិនដែលបានបង្ហាញនូវការសោកស្តាយណាមួយចំពោះទង្វើអតីតកាល ដែលគេបានធ្វើខុសទេ។ ប្រវត្តិរបស់កម្ពុជាវាយ៉ាងដូច្នេះ។
រដ្ឋាករទឹកទីក្រុងភ្នំពេញ ជាក្រុមហ៊ុនតែមួយគត់មានប្រាក់ចំណេញ ហើយទទួលបានជោគជ័យ
សុំកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកទីក្រុងភ្នំពេញ ដែលជាក្រុមហ៊ុនតែមួយគត់មានប្រាក់ចំណេញ ហើយទទួលបាននូវជោគជ័យ។ អញ្ចឹង ប្រាក់កម្ចីដែលយើងខ្ចីពីបារាំង ខ្ចីពីអឺរ៉ុប កុំព្រួយថារដ្ឋាករទឹកខ្វះលុយសង ព្រោះគាត់តែខ្ចីហើយ គាត់សងទាំងការ/ដើម។ វិបត្តិ COVID-19 កន្លងទៅនេះ យើងអត់ទាន់បានស្នើសុំទៅប្រទេសណាមួយ ដើម្បីពន្យារការសងទេ។ យើងសងទាំងការ/ដើម ដល់ពេលកំណត់ យើងសង។ កម្ពុជាមិនទាន់ដល់កម្រិត គេហៅថា គេដាក់ពិន័យ(ពីការមិនបានសងប្រាក់)ទេ។ ដាក់ពិន័យគេធ្លាប់ដាក់។
ខ្ញុំសុំនិយាយរឿងនេះបន្តិច ដើម្បីប្រជាពលរដ្ឋយើងបានដឹង។ ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស គេសម្រុកផ្តល់ជំនួយដល់កម្ពុជា។ ប៉ុន្តែ សុំបើកមើលឡើងវិញ តើជំនួយនោះបានមួយសេនទេ សម្រាប់កម្ពុជា។ អត់ទេ។ ជំនួយនោះ បានត្រឹមយកមកដោះបំណុលដែលជំពាក់ពីអតីតកាលតែប៉ុណ្ណោះ។ ប្រទេសនេះផ្តល់ជំនួយប៉ុណ្ណេះ អ្នកនេះផ្តល់ជំនួយប៉ុណ្ណេះ។ ប៉ុន្តែ ផ្តល់មកសម្រាប់សងទៅប្រទេសដែលរបបមុនគេជំពាក់ទេតើ។ បើធនាគារអភិវឌ្ឍន៍អាស៊ីនេះ កាលហ្នឹងដើម្បីបានលុយ ដូចជា ចម ប្រសិទ្ធ រួមគំនិតជាមួយ ឆាយ ថន ប្រុងលក់ដីកន្លែងកាណាឌីយ៉ា យកទៅសង ADB … ព្រោះ ADB ហ្នឹង កាលណាយើងអត់ទាន់សងលុយគេ គេអត់ឱ្យយើងខ្ចី។ រឿងវាអញ្ចឹង។
អតីតកាល របបមុនគេអ្នកជំពាក់។ ឥឡូវ មិនទាន់ដោះបំណុលជាមួយអាមេរិករួចផង។ យើងអ្នកជំនាន់ក្រោយគឺជាជនរងគ្រោះ(អំពីបំណុល) ដែលអ្នកជំនាន់មុនបង្កើតសង្គ្រាម អ្នកជំនាន់ក្រោយបង្កើតសន្តិភាព បញ្ចប់សង្គ្រាម។ តែនេះជាកាតព្វកិច្ចកូនខ្មែរដែលត្រូវធ្វើ ហើយសមិទ្ធផលរបស់យើងដែលយើងធ្វើផ្ទាល់ដៃ ទើបដឹងថាតម្លៃសន្តិភាពប៉ុណ្ណា ហើយយើងត្រូវទប់ស្កាត់សង្គ្រាមរបៀបណា កុំឱ្យវាកើត។
កម្ពុជាមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់
នៅរង់ហ្គូនចាប់ផ្តើមហើយ។ ប្រធានាធិបតី និងទីប្រឹក្សារដ្ឋ ត្រូវទាហានចាប់ខ្លួន។ តែកម្ពុជាមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ នៅក្នុងក្របខណ្ឌអាស៊ានក្តី ឬប្រទេសដទៃក្តី។ អម្បាញ់មិញ ឯកឧត្តម ប្រាក់ សុខុន ថាអាំងទែរណែតចាប់ផ្តើមផ្តាច់បណ្តើរៗ បន្ថយអាំងទែរណែតបណ្តើរៗហើយ។ (នេះ)អំពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា។ តែនោះជាកិច្ចការរបស់មិត្តភក្តិនៅក្នុងក្របខណ្ឌអាស៊ាន។ យើងគ្រាន់តែផ្សាយព័ត៌មាន ប៉ុន្តែមិនត្រូវធ្វើអត្ថាធិប្បាយ។
ភ្នំពេញត្រូវការទឹកស្អាត ៧៥,៦ ម៉ឺនម៉ែត្រគូប/ថ្ងៃ, ផលិតបានតែ ៦០ ម៉ឺនម៉ែត្រគូប/ថ្ងៃ
ប្រវត្តិនៃការកសាងរបស់យើងវាលំបាកណាស់។ ចាប់ផ្តើមពីនាយករដ្ឋមន្ត្រីមានរបបត្រឹមតែ ១០ គីឡូអង្ករ ៦ គីឡូពោត។ ចម ប្រសិទ្ធ កាលហ្នឹងបានកង់មួយជិះយកឯកសារមកផ្ទះខ្ញុំ។ ក្រោយមកបានឡាន Peugeot។ ឡាន Peugeot ហ្នឹងបន្តពី ឌី ឡាំថុល, ឌី ឡាំថុល ហើយបាន ឡុង វិសាលោ, ឡុង វិសាលោ ហើយបាន សុខ អាន, សុខ អាន ហើយបាន ចម ប្រសិទ្ធ។ តគ្នាអញ្ចឹង។ ហើយមិនមែន ចម ប្រសិទ្ធ មានសិទ្ធិជិះឡានទេ តែឯកសារមានសិទ្ធិជិះឡាន ត្រូវយកមកផ្ទះខ្ញុំ។ រឿងវាអញ្ចេះ។ មិនមែនឥឡូវចង្អៀតឡានចង់ងាប់។ អញ្ចឹង បានឥឡូវប្រហែលជាប្រជាពលរដ្ឋមានការត្អូញត្អែរដោយសារបិទផ្លូវ ព្រោះបើអត់បិទផ្លូវ មកអត់ទាន់ រួចបបួលខ្ញុំជិះឧទ្ធម្ភាគចក្រ ខ្ញុំមិនសូវ(ចង់ជិះ)ទេ។ ឧទ្ធម្ភាគចក្រអាចហោះមកចុះនៅទីនេះបាន ប៉ុន្តែធ្វើអញ្ចឹងពេកវាមិនខាត។ ព្រោះក្បាលអត់ជាប់មេឃ ជើងអត់ជាប់ដី មិនសូវប្រថុយប៉ុន្មានទេ។ គេចបានក៏គេចទៅ។ ទ័លណាស់បានជិះ។
ខ្ញុំក៏សូមបញ្ជាក់ ហើយខ្ញុំក៏មិនទាន់បានថ្លែងនូវការកោតសរសើរនៃក្រសួង ថ្លែងនូវការខិតខំរបស់រដ្ឋាករទឹកទីក្រុងភ្នំពេញ និងថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋបារាំង ថ្លែងអំណរគុណ ចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ជាកម្ចី និងជាជំនួយ សម្រាប់ការអភិវឌ្ឍទឹក រួមចំណែកជាមួយជប៉ុន។ នៅទីក្រុងភ្នំពេញនេះ ជប៉ុនជួយយើងច្រើន ហើយឥឡូវជប៉ុនមានគម្រោងជួយនៅតាខ្មៅទៀត ព្រោះរដ្ឋាករទឹកទីក្រុងភ្នំពេញនេះ គ្របដណ្តប់នៅទីក្រុងភ្នំពេញផង និងគ្របដណ្តប់នៅឯតាខ្មៅផង។ អញ្ចឹង បើបានស្ថានីយនៅតាខ្មៅមួយទៀត វានឹងធ្វើឱ្យការផ្គត់ផ្គង់ទឹកនៅតំបន់តាខ្មៅវាកាន់តែប្រសើរ។ ខ្ញុំនៅតាខ្មៅតើ។ ខ្ញុំប្រើប្រាស់ទឹកទៅដល់ទីនោះ ក៏ប៉ុន្តែ យើងមិនត្រូវភ្លេច រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់។ ឥឡូវនេះ យើងពិនិត្យមើលអំពីសេចក្តីត្រូវការ និងការផ្គត់ផ្គង់របស់យើង ដែលយើងត្រូវពន្លឿននៃការសាងសង់។ ប្រសិនបើអាចធ្វើទៅរួច ក្រុមហ៊ុន VINCI ពន្លឿនល្បឿននៃការសាងសង់បន្តិច។ ប្រសិនបើអាចធ្វើបានទេ ព្រោះអ្វី? ឥឡូវនេះ តម្រូវការទឹកស្អាតនៅក្នុងទីក្រុងភ្នំពេញមានចំនួន ៧៥៦ ០០០ ម៉ែត្រគូប/ថ្ងៃ ក្នុងពេលដែលសមត្ថភាពផ្គត់ផ្គង់របស់យើងមានត្រឹមតែ ៦០ ម៉ឺនម៉ែត្រគូបទេ។ ដូច្នេះ សព្វថ្ងៃនេះ យើងកំពុងខ្វះ ១៥ ម៉ឺនម៉ែត្រគូប/ថ្ងៃ។ នេះជាចំណុចដែលយើងត្រូវខិតខំដោះស្រាយ។
ស្រាយអតុល្យភាពទឹកស្អាតក្នុងទីក្រុងភ្នំពេញបាននៅដើមឆ្នាំ ២០២២
ដូច្នេះ ប្រជាជនប្រមាណ ៤ ម៉ឺនគ្រួសារ ស្មើ ១២% នៃចំនួនប្រជាជន ដែលកំពុងជួបបញ្ហាប្រើប្រាស់ទឹក ដូចជាសម្ពាធទឹកខ្សោយ ទឹកទទួលបានតែពេលយប់ ឬកំពុងរង់ចាំទទួលទឹកស្អាតពីរដ្ឋ។ បញ្ហានេះបានកើតកាលពីរដូវប្រាំងឆ្នាំ ២០២០ និងឆ្នាំ ២០២១ នេះ ហើយអាចដើមឆ្នាំ ២០២២។ ប៉ុន្តែ វានឹងបានដោះស្រាយនៅក្នុងដំណាក់កាលជំហានទី ១ ដែលបញ្ចប់ការសាង់សង់ឆ្នាំ ២០២២។ ប្រសិនបើក្រុមហ៊ុនអាចបង្កើនល្បឿន នៃការសាងសង់បានលឿនជាងនេះ នឹងធ្វើឱ្យ(សេចក្តីត្រូវការរបស់) ១៥ ម៉ឺនគ្រួសារ(ដែលនៅខ្វះទឹក) ត្រូវបានដោះស្រាយ។ នេះហើយជាអតុល្យភាព ដែលខ្ញុំតែងតែលើកមកនិយាយ។ អតុល្យភាព រវាងតម្រូវការ និងការផ្គត់ផ្គង់ ដែលមុននោះ យើងនិយាយពីអតុល្យភាព សំខាន់ផ្ដោតទៅលើអតុល្យភាពសេចក្ដីត្រូវការ និងផ្គត់ផ្គង់ទៅលើបញ្ហាស្បៀង បញ្ហានេះ/នោះ ហើយក៏មានបញ្ហាទឹកនេះផងដែរ។ (វាជា)តម្រូវការរបស់មនុស្ស ហើយកុំភ្លេចថ្ងៃណាក៏ថ្ងៃចំនួនការប្រើប្រាស់កើន។ កើតកូនមួយត្រូវការទឹកប៉ុន្មាន ការមួយគូត្រូវបែក(ផ្ទះ) ហើយមួយថ្ងៃភ្នំពេញសួរថាកើតកូនប៉ុន្មាន? កើតកូនមកត្រូវការទឹកប្រើហើយ។ កុំនិយាយថាគ្រប់។ អាចមានពេលមួយឈានទៅរកគ្រប់ រួចហើយឈានទៅរកការខ្វះ។ ដូច្នេះ ការកសាងត្រូវតែមានជាបន្ត។ ត្រូវមានគោលដៅច្បាស់លាស់។ អញ្ចឹង ពាក្យស្លោក “ទឹកស្អាត ដើម្បីទាំងអស់គ្នា” គឺត្រូវហើយ ដែលយើងត្រូវសហការគ្នាគ្រប់តួអង្គពាក់ព័ន្ធ ទាំងក្នុង និងក្រៅប្រទេស ដើម្បីដោះស្រាយបញ្ហា នៃការខ្វះខាតទឹកប្រើប្រាស់នេះ។
ថ្លៃប្រើប្រាស់ទឹកស្អាត, រួមគ្នាសន្សំសំចៃអគ្គិសនី និងទឹក
ចំពោះតម្លៃទៀតសោត យើងត្រូវយល់អំពីតម្លៃ។ តម្លៃដែលយើងអនុគ្រោះសម្រាប់អ្នកក្រ គឺដែលប្រើមិនលើសពី ៧ ម៉ែត្រគូប/ខែ គឺតម្លៃ ៤០០ រៀល។ នេះមិនចាំតែថាអ្នកក្រទេ។ ខ្ញុំក៏ប្រើមិនអស់ដែរ ព្រោះខ្ញុំងូតទឹកប្រហែលជា ៣-៤ ផ្ដិល។ ខ្ជិលដុសក្អែល។ ខ្ញុំប្រើទឹកតិចណាស់ បានន័យថា សន្សំ។ ប្រើពី ៨-១៥ ម៉ែត្រគូប (តម្លៃ) ៧២០ រៀល។ ប្រើពីប្រើពី ១៦-២៥ ម៉ែត្រគូប (តម្លៃ) ៩៦០ រៀល។ ប្រើពី ២៦-៥០ ម៉ែត្រគូប (តម្លៃ) ១២៥០ រៀល។ ប្រើពី ៥១-១០០ ម៉ែត្រគូប (តម្លៃ)១៩០០ រៀល។ ចាប់ពី ១០១-២២០០ ម៉ែត្រគូប គឺ(តម្លៃ) ២២០០ រៀល។ អតិថិជនអាជីវកម្មវិញ មិនលើស ១៥ ម៉ែត្រគូប (តម្លៃ) ៩៥០ រៀល។ ១៦-៤៥ ម៉ែត្រគូប (តម្លៃ) ១១០០ រៀល។ ៤៦-១០០ ម៉ែត្រគូប (តម្លៃ) ១៤០០ រៀល។ ១០១-២០០ ម៉ែត្រគូប (តម្លៃ) ១៧០០ រៀល។ ២០១-៥០០ ម៉ែត្រគូប (តម្លៃ) ២១០០ រៀល។ អតិថិជនជាក្រសួង-ស្ថាប័ន អង្គភាពនានា និងស្ថានទូត មិនកំណត់បរិមាណទេ គឺតម្លៃ ២៥០០ រៀល ថ្លៃជាងគេ ព្រោះក្រសួងនានាគាត់ប្រើ យកលុយរដ្ឋទៅបង់ឱ្យរដ្ឋវិញ។ អញ្ចឹង ថ្លៃបន្តិចទៅ។ ចំណាយទៅឱ្យក្រសួង តែក្រសួងត្រូវបង់ត្រឡប់មកវិញ។ ត្រូវចេះសន្សំសំចៃ ទាំងអគ្គិសនីក្ដី ទឹកក្ដី កុំខ្ជះខ្ជាយ។
មិនថាគ្រួសារទេ ជាពិសេស ស្ថាប័នរដ្ឋ ត្រូវប្រយ័ត្នប្រយែងទៅលើការប្រើប្រាស់អគ្គិសនី។ ក្រសួងមួយចំនួន ដូចជា ក្រសួងបរិស្ថាន ក្រសួងសាធារណការ ហើយប្រហែលជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស ដែលកំពុងសាងសង់នេះ ប្រហែលជាប្រើសូឡា ដើម្បីកាត់បន្ថយប្រើប្រាស់ភ្លើង។ ប៉ុន្តែ ដើម្បីកាត់បន្ថយប្រើប្រាស់ភ្លើងបាន សំខាន់បំផុត គឺកុំបើកម៉ាស៊ីនត្រជាក់ឱ្យវាត្រជាក់ពេក។ COVID-19 នៅតែ(ក្នុងបរិយាកាស)ត្រជាក់ផង។ ប្រយ័ត្ន។ ពេលចេញពីធ្វើការបិទម៉ាស៊ីនត្រជាក់/ភ្លើង។ ឥឡូវ ហ្នឹងបច្ចេកទេសធ្វើបង្គន់ គេធ្វើមកពីរអាធំ គេចុចអាធំ អាតូច គេចុចអាតូច។ ខ្ញុំនិយាយអញ្ចឹងយល់ហើយ។ ដូចជារបស់ជប៉ុន ប្រទេសធ្វើអ្នកមានបាន គេពូកែសន្សំសំចៃ គេអត់ខ្ជះខ្ជាយទេ។ ឥឡូវ ជប៉ុនផលិតបង្គន់យកមកលក់នៅស្រុកខ្មែរ។ កាលណាយើងបត់ជើងតូច ចុចអាតូច ធ្លាក់ទឹកទៅតិច។ បត់ជើងធំ ចុចអាខាងធំ វាធ្លាក់ទឹកទៅច្រើន។ ការកែច្នៃថ្មីធ្វើគិតពីការសន្សំសំចៃ អំពីការប្រើប្រាស់ទឹក ហើយបើសន្សំសំចៃទឹកបានហើយ វាបានទៅដល់បញ្ហាភ្លើង ដែលយើងមិនប្រើប្រាស់អស់ច្រើនពេក។
ឆ្នាំ ២០១៩ កម្ពុជាបានវិនិយោគ ៥៩៤ លានដុល្លារ, ឆ្នាំ ២០២០ បាន ១ ៤២៥ លានដុល្លារ
ខ្ញុំសុំយកឱកាសនេះ អបអរសាទរម្ដងទៀត ជាមួយនឹងអ្វីដែលបាន និងកំពុងកើតនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាដ៏កម្សត់របស់យើង។ ទន្ទឹមនឹងការស្វែងរកថវិកាសម្រាប់វិនិយោគ យើងក៏បានវិនិយោគផ្ទាល់របស់ខ្លួនយើងជារៀងរាល់ឆ្នាំដែរ ដែលខ្ញុំគ្រាន់តែបង្ហាញតួលេខជូនជនរួមជាតិរបស់យើង នៅក្នុងឆ្នាំ ២០១៩ យើងបានវិនិយោគផ្ទាល់អស់ចំនួន ៥៩៤ លានដុល្លារ ដែលក្នុងនោះមាន ៤១៥ លានដុល្លារ គឺវិនិយោគផ្ទាល់ និង ១៧៩ លានដុល្លារ ថវិកាបដិភាគ។ រាល់គម្រោងទាំងអស់ទាមទារឱ្យមានថវិកាបដិភាគរបស់យើង ដូចជាគម្រោងនៅទីនេះ ថវិកាបដិភាគ ដែលចេញមកពីរដ្ឋាករទឹកភ្នំពេញ គ្រប់គម្រោងទាំងអស់ គឺត្រូវឱ្យមានថវិកាបដិភាគ។ គម្រោងចំការមន គឺថវិកាបដិភាគចេញពីរាជរដ្ឋាភិបាល ដែលយើងសម្ពោធនៅថ្ងៃនេះ។
ឆ្នាំ ២០២០ សម័យ COVID-19 យើងវិនិយោគផ្ទាល់ ១៤២៥ លានដុល្លារអាមេរិក។ បង្កើនការវិនិយោគផ្ទាល់ មិនមែនការវិនិយោគពីបរទេសទេ។ ការវិនិយោគពីបរទេសផ្សេង។ ការវិនិយោគផ្ទាល់របស់យើង ក្នុងហ្នឹងវិនិយោគផ្ទាល់ចំនួន ១២១៥ លាន(ដុល្លារអាមេរិក) ឯថរិកាបដិភាគ ២១០ លាន(ដុល្លារអាមេរិក) ស្មើនឹង ១៤២៥ លានដុល្លារអាមេរិក ព្រោះយើងរកមិនមែនរកគ្រាន់តែបើកប្រាក់ខែ ឬចំណាយចរន្តធម្មតាទេ។ រៀងរាល់ឆ្នាំយើងតែមានប្រាក់ ដើម្បីធ្វើផ្លូវ ជួសជុលផ្លូវ ធ្វើប្រឡាយទឹក/អណ្ដូងទឹក/សាលារៀន/មន្ទីរពេទ្យ។ យើងត្រូវមានវិនិយោគផ្ទាល់ផងដែរ។ យើងធ្វើច្រើន។
កម្ពុជាគ្រោងវិនិយោគផ្ទាល់ចំនួន ១ ៤០០ លានដុល្លារអាមេរិក ឆ្នាំ ២០២១
ឆ្នាំ ២០២១ នេះ គម្រោងវិនិយោគផ្ទាល់របស់យើង គឺចំនួន ១៤០០ លាន (ដុល្លារអាមេរិក) ដែលក្នុងនោះ គម្រោងវិនិយោគផ្ទាល់ចំនួន ១១៨៩ លាន(ដុល្លារអាមេរិក) ហើយនឹងថវិកាបដិភាគគ្រោងនឹងត្រូវចំណាយ ២១១ លាន(ដុល្លារអាមេរិក)។ ដើម្បីបានផ្លូវមួយខ្សែ តើកម្ពុជាត្រូវមានលុយប៉ុន្មានទើបអាចធ្វើទៅរួច? ឯណា(ផល)ប៉ះពាល់។ រឿងរបស់យើងបណ្ដាលមកពីអី? ធំបំផុតបណ្ដាលមកពីចិត្តធម៌ពេក។ កាលពីមុននោះ យើងមានក្រឹត្យ គេហៅថា ទំហំទទឹងផ្លូវ ពីអង្កត់ផ្ចិតប៉ុន្មានម៉ែត្រអីប៉ុន្មានម៉ែត្រ។ ពេលនោះ ប្រជាពលរដ្ឋគាត់មកស្នាក់នៅ គាត់ធ្វើត្រឹមកន្លែងលក់នំបញ្ចុក/លក់ចេកអាំង ដល់យូរៗទៅគាត់ធ្វើទៅជាផ្ទះ។ ដល់យើងត្រូវពង្រីកផ្លូវ ត្រូវយកលុយឱ្យគាត់។ គាត់មិនសុខចិត្ត មកធ្វើបាតុកម្មនៅភ្នំពេញ។ ជាពិសេសទៅទូតអឺរ៉ុប ទូតបារាំង ទូតអាមេរិក ទូត UN អីចឹងទៅ។ ប៉ុន្តែ ការពិតដីរបស់រដ្ឋទេ។ ឱ្យលុយគាត់តិចពេក គាត់ធ្វើបាតុកម្ម។ យើងមិនចង់ប្រើប្រាស់ច្បាប់អស្សាមិករណ៍ទេ។ គ្រាន់តែផ្លូវខ្សែក្រវាត់ទី ៣ ចំណាររបស់ខ្ញុំចង់ចូលដល់ ២០ ចំណារប្លាយទៅហើយ។ ម្ដង ៥ លាន(ដុល្លារអាមេរិក) ម្ដង ៤ លាន(ដុល្លារអាមេរិក) ម្ដង ៦ លាន(ដុល្លារអាមេរិក) ម្ដង ៧ លាន(ដុល្លារអាមេរិក)។ ប៉ុន្តែ (ត្រូវ)ធ្វើហើយ ដើម្បីរំដោះចរាចរណ៍នៅទីក្រុងភ្នំពេញ។ ប្រទេសរបស់យើង ផ្លូវណាក៏ដោយត្រូវតែដោះមីន ត្រូវចាយលុយដើម្បីដោះមីន ព្រោះប្រទេសនេះជាប្រទេសសង្គ្រាម។ ប្រហែលជានៅក្នុងការធ្វើនេះក៏ត្រូវដោះមីនដែរ។ បំផ្លាញចោលគ្រាប់មីន អំបែងគ្រាប់មិនទាន់ផ្ទុះ យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺសុទ្ធតែត្រូវធ្វើទាំងអស់។ គឺជាស្នាមរបួស នៃសង្គ្រាម របបប្រល័យពូជសាសន៍ ដែលធ្វើបាបយើង។ តែយើងប្រឹងងើបឈរឡើងពីបាតដៃទទេ មកដល់ដំណាក់កាលនេះ។
ទឹកស្អាតប្រើប្រាស់ សូម្បីនៅទីជនបទ
ខ្ញុំសង្ឃឹមថា យើងនឹងដើរដល់ដំណាក់កាលមួយ ដែលផ្គត់ផ្គង់ទឹក មិនគ្រាន់តែទីក្រុងភ្នំពេញទេ គ្រប់ទីក្រុងទាំងអស់ រហូតទៅដល់ប្រជាជននៅទីជនបទ ទទួលបានទឹកស្អាតប្រើប្រាស់តាមរយៈមធ្យោបាយផ្សេងៗ ជាអណ្ដូងទឹក ដែលយើងកំពុងធ្វើ។ កន្លែងខ្លះបណ្ដាញទឹកទៅមិនដល់ ព្រោះគាត់ទៅតាំងភូមិនៅជាយៗ អ្នកណាទៅទាញទឹកឱ្យគាត់បាន? មានតែវិធីអណ្ដូងទឹកស្អាត ដែលក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុក។ សេចក្ដីត្រូវការទៅលើប្រព័ន្ធស្រោចស្រព ដើម្បីឱ្យដីរបស់យើង ដែលនៅមិនទាន់បានប្រើប្រាស់ហើយធ្វើតែម្ដងក្នុងមួយឆ្នាំ ឱ្យទៅជាធ្វើពីរដង។ យើងក៏ជាប្រទេសសម្បូរទៅដោយស្រូវ ឬក៏ដំណាំផលិតផលកសិកម្មដទៃទៀត។ ដូច្នេះ អាទិភាពទាំង ៤ “មនុស្ស ទឹក ផ្លូវ ភ្លើង” នៅតែត្រូវ។ ខ្ញុំគិតថា ត្រូវ ៥០ ឆ្នាំទៀត។ ពេលនោះ ខ្ញុំងាប់ហើយ ខ្ញុំកើតឡើងមកវិញ ខ្ញុំអនុវត្តទ្រឹស្ដីខ្ញុំដដែល។ បើសិនជាខ្ញុំចាប់ជាតិ។ មិនមែនជារឿងធ្វើប្រថុយប្រថានទេ សុទ្ធតែមានគម្រោងការជាក់លាក់។ ឆ្នាំណាដល់ណា។ យើងធ្វើយ៉ាងដូច្នេះ។
COVID-19 នៅតែជាបញ្ហាប្រឈមទាំងក្នុងតំបន់ និងនៅលើពិភពលោក
អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ដើម្បីនិយាយបន្ថែមទៅលើចំណុចខ្លះបន្ថែមទៀត ព្រោះវាជាសេចក្ដីថ្លែងការណ៍ចាំបាច់ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ដំបូងទាក់ទងជាមួយនឹងការគ្រប់គ្រង COVID-19 ដែលមកដល់ពេលនេះ នៅលើពិភពទាំងមូល ក៏ដូចជា ក្នុងតំបន់ មិនទាន់ស្រាកស្រាន្តទេ រាប់ទាំងកម្ពុជាយើងផង ដែលខ្ញុំសុំយកឱកាសនេះ សុំនូវការយោគយល់ ចំពោះបងប្អូនជារួមជាតិ ជាពិសេស គឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែនជាង ៧ ពាន់នាក់ ក្នុងខេត្តទាំង ៧។ ប៉ុន្តែ ខេត្តដែលមានមនុស្សធ្វើចត្តាឡីស័កច្រើនជាងគេ (គឺ)បន្ទាយមានជ័យ (មានចំនួន) ៣៦០០ នាក់។ ឧត្តរមានជ័យ(មាន)ជាង ២ ពាន់នាក់។ បាត់ដំបង(មាន)ជាង ១ ពាន់នាក់ និងខេត្តផ្សេងៗ សរុបទាំងអស់ជាង ៧ ពាន់នាក់ដែលកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក។ ការធ្វើចត្តាឡីស័កនេះ មិនថានៅទល់ដែន ឬទីក្រុងភ្នំពេញទេ។ ១៤ ថ្ងៃ មិនអាចដោះដូរបានទេ។
ការគ្រប់គ្រង COVID-19 តម្រូវឱ្យធ្វើចត្តាឡីស័កក្នុងរយៈពេល ១៤ ថ្ងៃ ដោយខានមិនបាន
ខ្ញុំសុំអង្វរករ ចំពោះប្រជាពលរដ្ឋរបស់យើង ធ្វើចត្តាឡីស័ក គឺមិនអាចកាត់បន្ថយបានទេ។ បទពិសោធន៍របស់យើងគ្រប់គ្រាន់ ដើម្បីឱ្យយើងដឹងថា ការគ្រប់គ្រង COVID-19 គឺតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ ថ្ងៃ ដោយខានមិនបាន។ មិនអាចបន្ថយមកនៅត្រឹម ១០ ថ្ងៃ ឬ ៧ ថ្ងៃទេ។ ជាក់ស្ដែងករណីថ្ងៃនេះ ដែលមានឆ្លង ១ ករណី នៅឯខេត្តប៉ៃលិន ស្រ្តីរូបនេះបានធ្វើដំណើរមកដល់ខេត្តប៉ៃលិនតាំងពីថ្ងៃ ១៥ មករា ប៉ុន្តែដោយសារតែគាត់បានធ្វើដំណើររួមគ្នាជាមួយនឹងអ្នកកើត COVID-19 អញ្ចឹង ត្រូវធ្វើតេស្ដគាត់។ ថ្ងៃហ្នឹងត្រូវគាត់ចេញទៅយកសំណាកនៅប៉ាស្ទ័រ ឃើញវិជ្ជមាន។ ករណីបែបនេះច្រើនហើយ។ កុំបន្ថយឱ្យសោះការធ្វើចត្តាឡីស័ក។ ខ្ញុំសុំអង្វរករពលករដែលមកពីប្រទេសថៃ ចំពោះបងប្អូនខ្មែរដែលរស់នៅប្រទេសក្រៅ ហើយដែលធ្វើដំណើរមកស្រុក ត្រូវតែធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដោយខានមិនបាន។ ក្នុងករណីនៃអ្នកធ្វើដំណើរមកជាមួយមានកើត COVID-19 ត្រូវបន្តការធ្វើចត្តាឡីស័កទៀត ដើម្បីធ្វើឱ្យប្រាកដថា COVID-19 មិនត្រូវបាននាំចូលទៅក្នុងសហគមន៍សាជាថ្មីទេ។
ខ្ញុំសុខចិត្តចិញ្ចឹមបងប្អូននៅតាមព្រំដែន។ សព្វថ្ងៃខ្ញុំបញ្ជា សូម្បីតែព្រឹកនេះ ត្រូវបញ្ជាលុយចេញទៅទៀត ទៅឱ្យខេត្តបន្ទាយមានជ័យ និងកោះកុង។ ឥឡូវ កំពុងរៀបចំផែនការដឹកទឹកសុទ្ធពីទីក្រុងភ្នំពេញ។ អ្នកចូលធ្វើចត្តាឡីស័ក ទទួលទានប្រចាំថ្ងៃលើសកងទ័ព ៣ ដង ថែមដោយទឹកសុទ្ធដឹកចេញពីទីក្រុងភ្នំពេញ យកទៅផ្គត់ផ្គង់។ ឥឡូវ ត្រូវរៀបចំ ដោយសារជិតចូលឆ្នាំចិន ត្រូវរៀបចំដឹកទឹកទៅស្ដុកទុកតាមមណ្ឌលចត្តាឡីស័ក ក្រែងលោដល់ពេលគេចូលឆ្នាំ គេឈប់ដឹក ខាងណោះមិនអត់ទឹក? ឱ្យបងប្អូន(កំពុងចត្តាឡីស័ក)ទទួលទានឱ្យឆ្អែត ឱ្យមានអនាម័យគ្រប់គ្រាន់ ដើម្បីធានាថា (មានជំងឺឆ្លងផ្សេងៗ និង)ប្រឆាំងកុំឱ្យវាឆ្លងចូល។
រួមគ្នាដោះស្រាយបញ្ហា COVID-19
បងប្អូនខ្មែរ និងបរទេសដែលធ្វើដំណើរមកដល់ទីក្រុងភ្នំពេញហើយ ត្រូវតែធ្វើតេស្ដ ហើយធ្វើចត្តាឡីស័កដោយខានមិនបាន ហើយត្រូវប្រើពេល ១៤ ថ្ងៃ ដោយអត់មានការលើកលែងទេ។ ពេលវេលានេះ មិនមែនជាពេលវេលាស្ដីបន្ទោសគ្នា មិនមែនជាពេលវេលាប្រដៅគ្នា ឬការទាស់គ្នាទេ។ ជាពេលវេលារួមគ្នានៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីដោះស្រាយបញ្ហា COVID-19 នេះ។ មិនប្រាកដថា មេរៀនប្រទេសណា ត្រូវចែករំលែកឱ្យប្រទេសណាទេ ឬប្រទេសណាធ្វើគ្រូប្រទេសណាទេ តែយើងអាចពិគ្រោះយោបល់ដោយស្មើភាព ស្មើសិទ្ធិ ចែករំលែកបទពិសោធន៍ជាមួយគ្នា។
ខ្ញុំឃើញមានអ្នកព្រាងអត្ថបទមួយ ស្នើសុំប្រទេសអភិវឌ្ឍន៍ជួយចែករំលែកបទពិសោធន៍ដល់ប្រទេសក្រីក្រ។ ខ្ញុំថា ប្រទេសអភិវឌ្ឍន៍ហ្នឹងហើយ ប្រទេសឆ្លងច្រើនជាងគេ និងស្លាប់ច្រើនជាងគេ។ ប្រទេសអ្នកក្រទៅវិញទេ ដែលវាខ្លាច។ ហានិភ័យកំពុងតែកើតដោយសារអី? ថៃឆ្លង (COVID-19) ក្នុងសហគមន៍។ ២ ថ្ងៃមុននោះ ឆ្លងជាង ៩០០ នាក់ និងម្សិលមិញ(ឆ្លង)ជាង ៨០០ នាក់។ មិនដឹងថាថ្ងៃនេះមានឆ្លងប៉ុន្មាននាក់? កម្មករយើងៗដឹងថា ឆ្លងនៅក្នុងប្រទេសថៃមាន(ចំនួន) ១៣៦ នាក់ ដែលកំពុងព្យាបាលនៅក្នុងប្រទេសថៃ តែចូលមកដល់កម្ពុជាមាន(ចំនួន) ៧០-៨០ នាក់ហើយ ដែលបានឆ្លង(COVID-19)។ បើយើងមិនគ្រប់គ្រងឱ្យនៅទល់ដែនទេ យើងបណ្ដោយចូលមកផ្ទៃក្នុងប្រទេស ច្បាស់ជារីក ព្រមពេលដែលប្រទេសថៃផ្ទុះក្នុងសហគមន៍ ដែលថៃកំពុងតែត្រួតត្រា។ វៀតណាមក៏ចាប់ផ្ដើមផ្ទុះ(ការឆ្លង COVID-19)ក្នុងសហគមន៍ដែរ ដែលម្សិលមិញមាន(អ្នកឆ្លង COVID-19) ដល់ ៥០ នាក់។ យើងធ្លាប់ផ្ទុះ(ការឆ្លង COVID-19) ក្នុងសហគមន៍ ដែលមានមនុស្ស ៤១ នាក់ឆ្លង។ យើងបានបញ្ចប់ព្រឹត្តិការណ៍សហគមន៍នេះ។ ឥឡូវត្រូវខិតខំយ៉ាងណាទប់ស្កាត់កុំឱ្យការឆ្លងក្នុងសហគមន៍នេះកើតឡើងសាជាថ្មី។ ពិបាកណាស់ ខ្ញុំសូមជម្រាប។
ការប្រយុទ្ធប្រឆាំងជាមួយនឹង COVID-19 ជារឿងដ៏លំបាក
ខ្ញុំធ្លាប់ជាទាហាន ដែលចូលសមរភូមិជាមួយនឹងគ្រាប់ប្រសេចប្រសាច ខ្ញុំមិនដែលញ័រដៃញ័រជើងទេ។ ខ្ញុំចូលចរចាជាមួយអស់ហើយ បើប្រធានាធិបតីបារាំង តាំងពីជំនាន់ Francois Mitterrand រហូតដល់ Jacques Chirac, រហូតដល់ Nicolas Sarkozy, រហូតដល់ Francois Hollande ហ្នឹងសុទ្ធតែចរចាផ្ទាល់។ ប្រធានាធិបតី Emmanuel Macron គ្រាន់តែបានជួបគ្នានៅប្រ៊ុចសែលតែប៉ុណ្ណឹង។ ចរចាជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិប៉ុន្មានជំនាន់ហើយ តាំងពី Javier Perez de Cuellar ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងបារីស។ បន្ទាប់ទៅ Boutros Boutros-Ghali, បន្ទាប់ទៅ Kofi Annan, បន្ទាប់ទៅ Ban Ki-moon និងបន្ទាប់ទៅ Antonio Gutteres។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលលើពិភពលោកច្រើនណាស់ ដែលខ្ញុំទៅជាដៃគូចរចានោះ ខ្ញុំមិនតក់ស្លុកជាមួយនឹងអ្វីដែលកើតឡើងនឹងទេ។ ប៉ុន្តែ ធ្វើមេបញ្ជាការប្រយុទ្ធប្រឆាំងជាមួយនឹង COVID-19 នេះ គឺជារឿងដ៏លំបាក។ នៅពេលជិតម៉ោងរាយការណ៍ ដែលគេត្រូវរាយការណ៍នោះ ដៃកាន់ទូរស័ព្ទញ័រដៃ។ មានថ្ងៃខ្លះ ស្រាប់តែចេញមក, ដំបូងគេបញ្ជូនក្រដាសចេញពីវិទ្យាស្ថានប៉ាស្ទ័រ។ ចេញមករាប់មើល (អ្នកឆ្លង COVID-19) មកច្រើនតែម្ដង។ ឃើញមាន ៨ នាក់, ឃើញមាន ៩ នាក់, ឃើញមាន ១០ នាក់ ញ័រដៃតែម្ដង ប៉ុន្តែ ថ្ងៃខ្លះ អត់មានអ្នកឆ្លង។ ម្សិលមិញឃើញមានឆ្លង ០១ ករណី។ ហើយបើមុនៗនោះ ឯកឧត្តម ម៉ម ប៊ុនហេង ផ្ញើតែក្បែរភ្លឺ។ អញ្ចឹង ម៉ោង ៥ ត្រូវក្រោកមើលរបាយការណ៍របស់ឯកឧត្តម ម៉ម ប៊ុនហេង។ ប៉ុន្តែឥឡូវត្រូវរាយការណ៍ពីល្ងាច ដើម្បីឱ្យខ្ញុំបានដេកយូរបន្ដិច។
ប្រទេស ៣ ក្នុងអាស៊ាន មិនមានអ្នកស្លាប់ដោយសារ COVID-19
ឥឡូវនេះ បញ្ហាមិនស្ថិតត្រង់ប្រទេសណាមាន ប្រទេសណាក្រទេ។ ប្រទេសណាមានវិទ្យាសាស្រ្តជឿនលឿន ប្រទេសណាមានវិទ្យាសាស្រ្តមិនជឿនលឿន មិនស្ថិតនៅលើបញ្ហាហ្នឹងទេ ស្ថិតនៅត្រង់អភិបាលកិច្ចតែម្ដង។ ពិនិត្យមើលៗ ប្រទេសអ្នកមានទាំងអស់ បច្ចេកទេសជឿនលឿន ពេទ្យពូកែជាងស្រុកយើង ១០០ ដង ប៉ុន្តែមនុស្សស្លាប់ និងឆ្លងច្រើនជាងគេ។ ងាប់គរជើង។ ឯយើងអ្នកក្ររួមមាន កម្ពុជា ឡាវ ទីម័រខាងកើត ឆ្លងតិច អត់ទាន់មានមនុស្សស្លាប់ទេ។ ៣ ប្រទេសហ្នឹង អាហ្នឹងអ្នកក្រជាងគេហើយក្នុងអាស៊ាន។ មិនមែនថាយើងពូកែទេ ប៉ុន្តែ ពេលនេះ គឺជាពេលវេលា នៃការគ្រប់គ្រងដោយហ្មត់ចត់ ដោយគ្មានការធ្វេសប្រហែស។
បទពិសោធន៍ជោគជ័យរបស់យើងកន្លងទៅនេះ គឺការចូលរួមរបស់ប្រជាជន។ បើគ្មានការចូលរួមរបស់ប្រជាជនទេ យើងមិនអាចគ្រប់គ្រងសភាពការណ៍នេះបានទេ។ ពិតមែនតែយើងកើនយឺត (អ្នកឆ្លង COVID-19) ប៉ុន្តែ ចំនួនឡើងជិត ៥០០ នាក់ហើយ។ គ្រាន់តែអ្នកមកពីប្រទេសថៃនេះ ចូល ៧០-៨០ នាក់ ទៅហើយ។ កើត(COVID-19) ក្នុងសហគមន៍ និងថ្ងៃ ០៣ វិច្ឆិកា គ្រាន់តែមួយព្រឹបប៉ុណ្ណឹង ឡើងជាង ២០០ នាក់ ប៉ុន្តែ យើងមិនមានមនុស្សស្លាប់ទេ មានតែស្រ្តីម្នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ មិ្សលមិញគាត់បានធូរស្រាលហើយ។ សង្ឃឹមថា គាត់នឹងឆាប់ជា និងឆាប់បានចេញ ។
សូមកុំភ្លេច ៣ ការពារ និងតាំងខ្លួនជាអ្នកខ្លាច ដើម្បីឈ្នះ COVID-19
ខ្ញុំនៅតែអង្វរក ហើយជិតចូលដល់ឆ្នាំចិនហើយ។ ខ្មែរយើងធ្លាប់និយាយថា ចូលឆ្នាំចិនស្រវឹងខ្មែរ រឿងហ្នឹងគឺជារឿងពិត។ ខ្មែរយើងមិនដឹងមកពីណាទេ និយាយថា ដាក់ហើយ សែនព្រេននឹងគេដែរ។ ចូលឆ្នាំចិន ពិតជាស្រវឹងខ្មែរ។ អញ្ចឹង ខ្ញុំសុំថា សប្បាយអីក៏សប្បាយចុះ ប៉ុន្តែ កុំភ្លេច ៣ ការពារនេះ ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាព។ នេះជាសមយុទ្ធនៃការរៀបចំ។ ការងារនៅតែធ្វើបាន ប៉ុន្ដែយើងនៅរក្សាបានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។ ខ្ញុំធ្វើជាមនុស្សចុះចាញ់ទៅចុះ។ វិធីឈ្នះ COVID-19 ល្អបំផុត គឺធ្វើជាអ្នកខ្លាច។ ប៉ុន្ដែ មិនមែនបាត់ម្ចាស់ការស្លន់ស្លោទេ តែត្រូវខ្លាច ព្រោះអាហ្នឹង (COVID-19) មិនដឹងនៅឯណាផង។ បើសង្គ្រាមយោធាគេដឹងអានេះមកពីទិសនោះ កាំភ្លើងធំមកពីទិសនេះ គេអាចដឹងបាន។ ប៉ុន្ដែ COVID-19 អត់ដឹងនៅកន្លែងណាទេ។
យន្ដការនិងប្រភព វ៉ាក់សាំង COVID-19
ឥឡូវនេះ យើងបន្ដការគ្រប់គ្រង ហើយយើងនឹងឈានទៅគ្រប់គ្រងតាមរយៈវ៉ាក់សាំង ដែលមកដល់ពេលនេះប្រជាពលរដ្ឋពិតជាចង់ដឹង ព្រោះពួកគាត់បានចូលរួមវិភាគទានការទិញវ៉ាក់សាំង បានទឹកប្រាក់រហូតទៅដល់ ៥៧ លានដុល្លារជាង។ តើដំណើរការវ៉ាក់សាំងដល់ណាហើយ? ប្រជាពលរដ្ឋ និងព្រះសង្ឃពិតជាចង់ដឹង ដែលខ្ញុំព្រះករុណាខ្ញុំសូមអរព្រះគុណ ព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះសង្ឃគ្រប់ព្រះអង្គ សប្បុរសជន បងប្អូនជនរួមជាតិ ដែលបានចូលរួមវិភាគទាន តិចក្ដីច្រើនក្ដី បង្ហាញពីសាមគ្គីភាព ដើម្បីដោះស្រាយលើការគ្រប់គ្រង COVID-19 នេះ តាមរយៈការចូលរួមផ្ដល់ជំនួយ ដើម្បីទិញសម្ភារៈ បន្ទាប់ទៅផ្ដល់ជំនួយទិញវ៉ាក់សាំង។ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាត់បៀវត្សរ៍លើកទី ១។ ឥឡូវនេះ ចូលដល់បរិច្ចាគបៀវត្សរ៍។ ប្រទេសមួយចំនួនរហូតដល់ចេញលិខិតបទដ្ឋានកាត់ប្រាក់ខែ។ (ប្រទេស)យើងចេញដោយការស្ម័គ្រចិត្ត ខ្លះបរិច្ចាគ ៣០% នៃបៀវត្សរ៍របស់ខ្លួនរយៈពេលប៉ុន្មានខែ។ ខ្លះចូលបរិច្ចាគទាំងអស់រយៈពេលប៉ុន្មានខែ។ អញ្ចឹង ប្រជាជនមានសិទ្ធិដឹង ត្រូវទទួលបាននូវព័ត៌មាន អំពីដំណើរការគ្រប់គ្រង និងដំណើរការទាក់ទងនឹងវ៉ាក់សាំង។
ឥឡូវ វ៉ាក់សាំងដែលយើងដឹងថាយើងបានដំបូង គឺមកពីប្រទេសចិន(ចំនួន) ១ លានដូស ដែលមកដល់ក្នុងខែកុម្ភៈ។ ជើងទី ១ នឹងមកដល់ ៦០ ម៉ឺនដូស បន្ទាប់ទៅនឹងបំពេញបន្ថែមនឹងមកពីចិន។ បន្ទាប់ទៅយើងទទួលពី COVAX ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន ៧ លានដូស បន្ថែមលើនោះ យើងទិញពី COVAX (ចំនួន) ១ លានដូសទៀត។ អញ្ចឹង យើងបាន(ចំនួន) ៩ លានដូស។ ពិតមែនតែមិនទាន់បានវ៉ាក់សាំងដល់ដៃ ប៉ុន្ដែគម្រោងរបស់យើងមាន។ បន្ទាប់ពីជំនួបអគ្គរដ្ឋទូតអូស្ដា្រលី ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន យើងទទួលពីអូស្ដ្រាលី(ចំនួន) ៣ លានដូស ដែលអូស្ដ្រាលីសម្រេចផ្ដល់ថវិកា(ចំនួន) ២៨ លានដុល្លារដល់កម្ពុជា សម្រាប់ឆ្នាំ ២០២០ ដល់ ២០២៣ តាមរយៈគំនិតផ្ដួចផ្ដើមទទួលបានវ៉ាក់សាំង។ ដោយកញ្ចប់ដំបូងនឹងត្រូវផ្ដល់ជូនពាក់កណ្ដាលឆ្នាំ ២០២១ ជំនួយឥតសំណងនេះ នឹងជួយឱ្យកម្ពុជាអាចបានវ៉ាក់សាំងឱ្យមនុស្ស ១ លាន ៥ សែន នាក់ ដែលស្មើនឹង ៣ លានដូស។ អញ្ចឹងទេ បើបូកទៅយើងបាន ១១ លាន នៅខ្វះ ៩ លានទៀត។ តើយើងអាចបានពីណា?
ខ្ញុំបានសរសេរលិខិតទៅនាយករដ្ឋមន្ដ្រីចិន ដើម្បីសំណូមពរបន្ថែម បានសរសេរលិខិតទៅនាយករដ្ឋមន្ដ្រីឥណ្ឌា។ ប៉ុន្ដែយើងបានគិតគូររួចហើយក្នុងការទិញវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca ប៉ុន្ដែលោកជំទាវ អគ្គរដ្ឋទូតសហភាពអឺរ៉ុប លឺថាឥឡូវហ្នឹងខាងស្នងការអឺរ៉ុបហាមឃាត់ការនាំវ៉ាក់សាំងចេញទៅទៀត។ បើសិនជាអញ្ចឹងមែន បារ៉ាស់បែបនេះ គឺមិនសមស្រប ព្រោះពិភពលោកចាត់ទុកវ៉ាក់សាំង គឺជាទំនិញរួម ហើយបើអឺរ៉ុបត្រូវការតែម្នាក់ឯង វាមិនងាប់គេអស់ហើយ? សង្ឃឹមថា លោកជំទាវបញ្ជូនសារក្នុងនាមប្រទេសក្រីក្រ ទៅជូនសហភាពអឺរ៉ុប កុំឱ្យហាមឃាត់ការនាំចេញវ៉ាក់សាំង។ ប៉ុន្ដែ ដូចជាមានព័ត៌មានថា ការនាំទៅជូន COVAX មិនមានការហាមឃាត់ទេ។ បើដូច្នេះវាមានការងាយស្រួល។ ព្រោះ COVAX AstraZeneca នេះគេផ្គត់ផ្គង់ឱ្យ ២០០ លានដូស។ អញ្ចឹង បើមិនហាមឃាត់អាហ្នឹង វាងាយស្រួលបន្ដិចសម្រាប់ប្រទេសក្រីក្រ។
ហេតុអីបានជាយើងគិតទៅដល់វ៉ាក់សាំងរបស់អង់គ្លេស? វ៉ាក់សាំងនេះ វាស្ថិតនៅសីតុណ្ហភាពដូចវ៉ាក់សាំងចិនដែរ ពី(សីតុណ្ហភាព) ២-៨ អង្សារលើសូន្យ។ តម្លៃរបស់វានៅចន្លោះពី ៤-៥ ដុល្លារ/ដូស។ Sinopharm របស់ចិន(ថ្លៃ) ២០ ដុល្លារ។ អញ្ចឹងទេ យើងនឹងសុំបន្ថែមពីចិន និងទិញបន្ថែមពីចិន ក្នុងករណីតម្លៃទាប ហើយវ៉ាក់សាំង AstraZeneca អាចនឹងមកផលិតនៅប្រទេសថៃ បើសិនមកផលិតនៅប្រទេសថៃ អាចនឹងងាយស្រួល សម្រាប់យើងក្នុងការទទួលបានវ៉ាក់សាំង សម្រាប់ការចាក់។ អញ្ចឹងប្រភពដែលយើងប្រើប្រាស់មានមកពីប្រទេសចិន និងមកពីអង់គ្លេស។ បើទោះបីត្រូវទិញពីអង់គ្លេសផ្ទាល់ក្នុងតម្លៃនេះ យើងអាចមានលទ្ធភាព។ អញ្ចឹង យើងត្រូវត្រៀមបម្រុង ២០ លានដូស។ ពីមុនត្រូវការ ២៦ លានដូស សម្រាប់មនុស្ស ១៣ លាននាក់ ក៏ប៉ុន្តែ ឥឡូវនេះ ដោយយើងកាត់បន្ថយពី ៨០% ឱ្យអត្រានេះចុះមកនៅ ៦០%-៧០% យើងត្រូវការ ២០ លានដូស សំរាប់ ១០ លាននាក់។ ឥឡូវ ក្រុមវ៉ាក់សាំងកំពុងតែពិនិត្យ។
យកប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្ត្រីសាំងហ្គាពួរ ធ្វើជាគំរូក្នុងការចាក់វ៉ាក់សាំង
ខ្ញុំបានបញ្ជាក់ហើយថា វ៉ាក់សាំងចិនមកដល់ដំបូង ខ្ញុំចេញទៅព្រលានយន្តហោះ ដើម្បីទទួល ហើយខ្ញុំនឹង ទទួលនូវវ៉ាក់សាំងទី ១។ ក៏ប៉ុន្តែ ឥឡូវនេះ បញ្ហាកើតឡើងនៅត្រង់ថា អ្នកណាអ្នកចាក់ឱ្យយើង? បើអ្នក ចាក់វ៉ាក់សាំងឱ្យយើងមិនទាន់បានទទួលវ៉ាក់សាំងផង តើធ្វើម៉េច? នេះជាបញ្ហា។ ចាំសួរទៅខាងសាំងហ្គាពួរ នាយករដ្ឋមន្ត្រីសាំងហ្គាពួរ និងប្រធានាធិបតីឥណ្ឌូនេស៊ី តើគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យគាត់នោះបានទទួលវ៉ាក់សាំងហើយឬនៅ? បើសិនជាអត់ទាន់បានទទួលវ៉ាក់សាំង ហើយបែរជាគាត់ចាក់ ខ្ញុំក៏ធ្វើតាមគាត់ ប៉ុន្តែបើសិនជាគាត់ថាឱ្យគ្រូពេទ្យ ដែលចាក់ឱ្យគាត់នេះ ត្រូវតែចាក់វ៉ាក់សាំងមុន ខ្ញុំក៏ត្រូវធ្វើតាមគាត់ ដែរ។ យកប្រធានាធិបតី Joko Widodo របស់ឥណ្ឌូនេស៊ី និងនាយករដ្ឋមន្ត្រី Lee Hsien Loong របស់សាំងហ្គាពួរ ធ្វើជាឧទាហរណ៍។
បញ្ហាវ៉ាក់សាំងនេះ មិនមែនដំណើរការ ១ ថ្ងៃ ឬ ២ ថ្ងៃទេ ដោយសារតែរក្សាក្នុងសីតុណ្ហភាព ២-៨ អង្សារ យើងមានលទ្ធភាព ហើយយើងមានឡានដឹកជញ្ជូន។ ក្រៅពីឡានរបស់ក្រសួងសុខាភិបាល នៅមាន ឡាននៃផ្នែកឯកជន ដែលយើងខ្ចីគេយកទៅប្រើប្រាស់ សម្រាប់ដឹកវ៉ាក់សាំងទៅតាមគោលដៅ ដែលត្រូវ ចាក់។ ពេទ្យនៅក្នុងកងទ័ពបានហ្វឹកហ្វឺនរួចស្រេចហើយនូវការចាក់វ៉ាក់សាំង ក៏ប៉ុន្តែចំណោទស្ថិតនៅត្រង់ថា គ្រូពេទ្យនេះត្រូវតែទទួលបានមុន ទើបទៅចាក់ឱ្យគេបាន។ តើខ្ញុំស្ថិតនៅក្នុងចំណោមក្រុមគ្រូពេទ្យឬទេ? ឬទុកឱ្យគ្រូពេទ្យគាត់ទទួលបានវ៉ាក់សាំងមុនហើយ បានចាប់ផ្តើមចាក់ឱ្យអ្នកក្រៅពីគ្រូពេទ្យ? នេះជាបញ្ហា កំពុងគិតជាមួយគ្នាតទៅទៀត។ ព្រោះយ៉ាងណាក៏វ៉ាក់សាំងមកដល់ខែកុម្ភៈ ហើយបើតម្រូវឱ្យចាក់ គឺខ្ញុំគ្មានការភ័យខ្លាចទៅលើការចាក់ទេ ព្រោះនេះ គឺជាការបង្កើតនូវជំនឿទុកចិត្ត និងជាគំរូមួយ សម្រាប់ប្រជាពលរដ្ឋទទួលវ៉ាក់សាំង។
អត់ចាក់វ៉ាក់សាំង COVID-19 អត់ឱ្យចូលមកក្នុងប្រទេស
កាលពីថ្ងៃទី ២២ ក្នុងពេល ដែលសម្ពោធ(អគារទីស្ដីការ)ក្រសួងសាធារណការ ខ្ញុំបាននិយាយ ពេលណាមួយអ្នកគ្មានចាក់វ៉ាក់សាំងមិនអាចចូលប្រទេសគេបាន ដូចនៅប្រទេសអាហ្វ្រិក បើអត់បានចាក់វ៉ាក់សាំងការពារគ្រុនចាញ់លឿងទេ គេអត់ឱ្យចូលអាហ្វ្រិកទេ។ ឥឡូវ អឺរ៉ុបកំពុងចាក់វ៉ាក់សាំង ស្រាប់តែថ្ងៃណាមួយអឺរ៉ុបថា អត់មានចាក់វ៉ាក់សាំងទេ អត់ឱ្យចូលប្រទេស អញ្ចឹង គឺលំបាក។ ក្រុមហ៊ុនក្នុងស្រុករបស់យើងស្រាប់តែបុគ្គលិកគេចាក់ទាំងអស់ អញ្ចឹង គេដាក់លក្ខខណ្ឌថា ដើម្បីជ្រើសរើសបុគ្គលិកថ្មី ត្រូវអាយុប៉ុណ្ណេះ ត្រូវមានចំណេះវិជ្ជាប៉ុណ្ណេះ ត្រូវមានលិខិតថ្កោលទោស ត្រូវមានការចាក់វ៉ាក់សាំង ទើបគេរើសចូលធ្វើការ ព្រោះគេ ចៀសវាងការឆ្លងចូលកន្លែងធ្វើការរបស់គេ បើដូច្នោះ គឺត្រូវការវ៉ាក់សាំង។ អញ្ចឹង បានជាយើងមានតម្រូវការក្នុងការចាក់វ៉ាក់សាំង។
សូមបញ្ជាក់ជូនប្រជាពលរដ្ឋរបស់យើង បើសិនជាវ៉ាក់សាំងតម្លៃត្រឹមតែ ៤-៥ ដុល្លារអាមេរិក ចំនួនថវិកាដែលព្រះមហាក្សត្រ (និង)ហ្លួងម៉ែ ព្រះសង្ឃ សប្បុរសជន ផ្តល់ជាង ៥៧ លាន(ដុល្លារអាមេរិក) គឺល្មម គ្រប់គ្រាន់ ដើម្បីប្រើប្រាស់។ អញ្ចឹង ខ្ញុំគិតថា អូស្ត្រាលីផ្តល់ឱ្យយើងចំនួន ២០ លាននេះ គាត់ឈរលើមូល ដ្ឋានអី ដើម្បីគិតអាហ្នឹង? អញ្ចឹង ប្រហែលជាគិតជាមួយនឹង AstraZeneca ក្នុងតម្លៃហ្នឹង។ បើតាមមើលទៅ គឺរបស់អង់គ្លេស។ វ៉ាក់សាំងរបស់អង់គ្លេសនេះ គឺត្រូវយកមកប្រើក្នុងប្រទេសឥណ្ឌា។ ឥឡូវ ឥណ្ឌា គាត់ប្រើក្នុងប្រទេសរបស់គាត់។ គាត់ចែកទៅនេប៉ាល់/ប៊ូតង់/មីយ៉ាន់ម៉ាទៀត។ ខ្ញុំសរសេរសំបុត្រទៅនាយករដ្ឋមន្ត្រីឥណ្ឌា មិនដឹងថាគាត់ឆ្លើយតបរបៀបម៉េចទេ។
“មើលគ្រប់ទិស” ជាគោលនយោបាយការបរទេសរបស់កម្ពុជា
ខ្ញុំក៏សូមអំពាវនាវចំពោះខាងសហភាពអឺរ៉ុបដែរ បើមានលទ្ធភាពជួយដល់កម្ពុជា ខ្ញុំអរគុណ រាប់ទាំងលោកជំទាវអគ្គរដ្ឋទូតបារាំង (សូម)ប្រាប់ទៅប្រធានាធិបតី Emmanuel Macron ថា កម្ពុជាក៏ត្រូវការជំនួយដ៏សប្បុរសពីបារាំងដែរ កុំមើលឃើញថាកម្ពុជាត្រូវការតែចិន។ ត្រូវការតែទាំងអស់ហ្នឹង។ ស្អីឡើងក៏ចិនៗ អត់ទេ។ កម្ពុជាមើលគ្រប់ជ្រុងទាំងអស់។ បានសេចក្តីថា មើលជុំវិញខ្លួន មិនមែនមើលតែទិសណាមួយទេ។ ឥណ្ឌាមាននយោបាយសម្លឹងមើលមកទិសខាងកើត ហើយបន្ទាប់មកជំនាន់នាយករដ្ឋមន្ត្រី Narendra Modi ប្រើពាក្យថា សកម្មភាពមកទិសខាងកើត។ ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ប្រើពាក្យថា សកម្មភាពមកទិសខាងត្បូង។ ឯសម្រាប់ខ្ញុំ សកម្មភាពជុំវិញខ្លួន។ មើលគ្រប់ទិស។ នេះជាគោលនយោបាយការបរទេសរបស់យើង។ អាមេរិកឱ្យក៏យក ប៉ុន្តែរបស់អាមេរិក ដែលស្ថិតនៅក្នុងកម្រិត ៧០ អង្សារ ក្រោមសូន្យ គឺកម្ពុជាប្រើអត់បានទេ។ ប្រើអត់កើតតែម្តង។ អញ្ចឹង បើអាមេរិកចង់ឱ្យ ទាល់តែឱ្យលុយ មកទិញ AstraZeneca ដូចអូស្ត្រាលីឱ្យ។ អាហ្នឹងយើងទទួលទាំងអស់។ យ៉ាងណាក៏ដោយ អ្វីយើងដឹងមុន គឺថា បានពីចិន ១ លានដូស គឺ Sinopharm ហើយនឹងមកដល់ក្នុងខែ កុម្ភៈ នេះ។ ៦០ លានដូស លើកដំបូង ដែលកម្ពុជានឹងចាក់វ៉ាក់សាំងចិន។ របស់ណាមកដល់មុន យើងចាក់របស់នោះមុន។ ឧទាហរណ៍៖ សុខៗស្រាប់តែឥណ្ឌាដឹកមកដល់មុន ត្រូវតែរបស់ឥណ្ឌាមុនហើយ។ អាហ្នឹង គឺជាគោលនយោបាយវ៉ាក់សាំងរបស់យើង។ ឥឡូវហ្នឹង គឺថា ពិតជាកូនច្រើនមែនស្រុកខ្មែរ កើតកូននោះកើតដល់កហើយ។ ស្ថិតិប្រចាំថ្ងៃ កម្មការិនីឆ្លងទន្លេមួយថ្ងៃៗជាង ២០០ នាក់។ ជាមធ្យម ២១០ នាក់។ អញ្ចឹង បានជាស្រីៗគេថា អរគុណ COVID-19 ដោយសារ COVID-19 បានប្តីអត់ទៅកន្លែងក្រៅ … ប៉ុន្តែ ប្រពន្ធខ្ញុំគាត់អត់អរគុណ COVID-19 ទេ ព្រោះខ្ញុំអត់ដែលដើរទៅណាផង ខ្ញុំនៅតែផ្ទះ។
អណ្ដូងប្រេងទី ១ ឈ្មោះ AO1D ផលិតបាន ១២៣៦ បារ៉ែល/ថ្ងៃ
មួយទៀត ប្រជាពលរដ្ឋរបស់យើងពិតជាចង់ដឹង ថាតើតំណក់ប្រេងដល់ណាហើយ? តាំងពីប្រកាសអត់ដែលលឺសូរនិយាយអីទាំងអស់។ ថ្ងៃនេះ ខ្ញុំសុំបញ្ជាក់ជូនចំពោះជនរួមជាតិរបស់យើង អំពីបញ្ហាប្រេងដែលបានប្រកាសចាប់ផ្ដើមដំណក់ប្រេងដំបូងនៅថ្ងៃទី ២៩ ធ្នូ ២០២០ គាប់ជួននឹងខួបលើកទី ២២ នៃថ្ងៃបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ។ អណ្ដូងទី ១ របស់យើងដំណើរការបានរយៈពេល ៣៣ ថ្ងៃ។ អណ្ដូងទី ២ របស់យើងទើបនឹងដំណើរការ។ អណ្ដូងទី ១ របស់យើង គឺមានឈ្មោះថា AO1D គឺផលិតបាន ១២៣៦ បារ៉ែល/ថ្ងៃ។ ក្នុងរយៈពេល ៣៣ ថ្ងៃ អណ្ដូងទី ១ នេះ ផលិតបាន ៤០៧៨៨ បារ៉ែល។ អណ្ដូងទី ២ បានចាប់ផ្ដើមនៅថ្ងៃទី ៣០ មករា ឈ្មោះថា AO4D គឺនឹងចាប់កំពុងតែញែក រវាងភក់ជាមួយនឹងប្រេង ព្រោះបូមមកដំបូងមកតែភក់ទេ។ ភក់ហើយបានប្រេងវាមក។ ដល់ប្រេងវាមកហើយ បានចាប់ញែកបន្ត។ អស់ភក់ហើយ អាហ្នឹងមកសុទ្ធតែប្រេងហើយ។ ឥឡូវនេះ សរុបទៅ យើងទើបនឹងមានប្រេងបានតែ ៤១០៥៦ បារ៉ែលទេ នៅសល់អណ្ដូងទី ៣ ទី ៤ និងទី ៥ នឹងត្រូវបន្តដំណើរការបូមបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២១ នេះ។
៧ ទៅ ៧,៥ ពាន់បារ៉ែល/ថ្ងៃ មិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ
តាមការប៉ាន់ប្រមាណ យើងនឹងទទួលបានក្នុងមួយថ្ងៃក្នុងបរិមាណពី ៧០០០-៧៥០០ បារ៉ែល តែប៉ុណ្ណោះ គឺជាទំហំតូចណាស់។ វាមិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ វាជាការចាប់ផ្ដើមមួយដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។ យើងនឹងបន្តជាមួយក្រុមវិនិយោគដទៃទៀត រាប់ទាំងក្រុមហ៊ុន TOTAL របស់បារាំង។ កាលពីខ្ញុំចរចាជាមួយ Nicolas Sarkozy … យើងបានធ្វើសម្បទានប្លុកប្រេងឱ្យ TOTAL របស់ក្រុមហ៊ុនបារាំង ប៉ុន្តែស្ថិតនៅត្រង់តំបន់ត្រួតគ្នារវាងកម្ពុជានិងថៃ។ អញ្ចឹង តំបន់ត្រួតគ្នាកម្ពុជានិងថៃនោះ យើងក៏ធ្វើសម្បទានទៅឱ្យក្រុមហ៊ុនបរទេស។ ថៃក៏ធ្វើសម្បទានឱ្យក្រុមហ៊ុនបរទេស។ ដូច្នេះ ត្រូវធ្វើការចរចារវាងកម្ពុជានិងថៃ បូកជាមួយក្រុមហ៊ុន ដែលទទួលបានសម្បទាន យើងនឹងជម្រុញការចរចាជាមួយនឹងភាគីថៃ ដើម្បីឈានទៅធ្វើអាជីវកម្ម។
ខ្ញុំយល់ស្រប ប៉ុន្មានថ្ងៃនេះមានការសរសេរអត្ថបទ “តើប្រេងនៅកម្ពុជាអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាឬទេ?” មិនទាន់ទេ។ តាមការវាយតម្លៃរបស់ឯកឧត្ដម ស៊ុយ សែម ថា បើស្ថិតនៅក្នុងរង្វង់ប្រេងក្នុងមួយបារ៉ែល ៥៥ ដុល្លារអាមេរិក ចំណូលរបស់យើងក្នុងមួយឆ្នាំបានប្រមាណមិនដល់ ៣០ លានដុល្លារនោះទេ។ អញ្ចឹង វាមិនបានស្មើនឹងចំណូលមិនមែនសារពើពន្ធទៅលើទិដ្ឋាការនៃទេសចរ ១ លាននាក់ផង។ អញ្ចឹង មិនទាន់ពឹងផ្អែកទៅលើបញ្ហាប្រេងបានទេ។ ប្រទេសដែលមានការផលិតប្រេងច្រើន ក៏មិនមែនធ្វើប្រេងតែមួយមុខទេ។ មានប្រទេសខ្លះធ្វើប្រេងតែមួយមុខ តែគេក៏រកស៊ីអីផ្សេងដែរ។ សហរដ្ឋអាមេរិកហើយដែលផលិតប្រេងច្រើនជាងគេ តែអាមេរិកធ្វើឧស្សាហកម្ម កសិកម្ម សេវាអីច្រើនទៀត។
មានតែប្រេងបូម តែមិនទាន់មានការចម្រាញ់ដោយខ្លួនឯង
ប៉ុន្តែ វាជាដំណើរការដ៏ល្អមួយ ដែលធ្វើឱ្យយើងមានប្រេង។ ហើយប្រេងនេះ បងប្អូនមួយចំនួនប្រហែលជាគិតខុសថា “ស្រួលហើយបានប្រេងប្រើខ្លួនឯង”។ អត់ទេ។ ប្រទេសដែលផលិតប្រេងក៏លក់ប្រេងឱ្យប្រជាពលរដ្ឋដែរ។ ប្រទេសខ្លះផលិតប្រេង ប៉ុន្តែប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងការឡើងថ្លៃប្រេង ដូចជានៅប្រទេសឥណ្ឌូនេស៊ី ឧស្សាហ៍ធ្វើបាតុកម្មប្រឆាំងនឹងការឡើងថ្លៃប្រេង។ នៅអ៊ីរ៉ង់ក៏អញ្ចឹង។ ប្រទេសអ៊ីរ៉ង់ប្រទេសផលិតប្រេង តែប្រជាជនអ៊ីរ៉ង់ធ្វើបាតុកម្មប្រឆាំងនឹងការឡើងថ្លៃប្រេង ព្រោះប្រេងនេះគេមកវិនិយោគដាក់ទុនធំណាស់ ទម្រាំខួងដល់បាតសមុទ្រ។ អញ្ចឹង ចែកមក គេក៏ត្រូវយកមួយចំណែក ហើយយើងមិនមែនដួសមកដល់យកមកចាក់ឡានឯណា? អានេះគេត្រូវយកទៅចម្រាញ់។ ឥឡូវ យើងមិនទាន់មានរោងចក្រចម្រាញ់ប្រេងកាតដោយខ្លួនឯងទេ។ មានគម្រោងវិនិយោគ តែគម្រោងវាអត់ទៅមុខ។ អ្នកដែលសុំធ្វើ យើងបានអនុម័តឱ្យធ្វើហើយ តែធ្វើវាអត់ទៅមុខ។ បើធ្វើទៅមុខ ក៏សមត្ថភាពនៃប្រេងឆៅរបស់យើងមិនគ្រប់គ្រាន់ដើម្បីនឹងចម្រាញ់ប្រេងទេ។ បើយើងមានការផលិតប្រេងនៅក្នុងស្រុក យើងនឹងទទួលបានផលប្រយោជន៍ច្រើន។ មួយផ្នែកគឺប្រេងហើយ តែមួយផ្នែកទៀត គឺវត្ថុវាក្លាយទៅជាជី ទៅជាកៅស៊ូចាក់ផ្លូវអីជាដើម។ យើងខិតខំរកការវិនិយោគបែបនេះ បើទោះបីត្រូវនាំប្រេងឆៅមកផលិតនៅក្នុងប្រទេសរបស់យើង ក៏គួរតែធ្វើដែរ។ ក៏ប៉ុន្តែ កន្លងទៅយើងធ្វើមិនទាន់ជោគជ័យនៅឡើយទេ។
ចំណូលពីប្រេង តិចជាងចំណូលពីពន្ធដារ និងគយ
សូមប្រកាសជូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាបថា អណ្ដូងទី ១ បានដំណើរការ ៣៣ ថ្ងៃ អណ្ដូងទី ២ កំពុងតែដំណើរការ នឹងឈានទៅអណ្ដូងទី ៣ ទី ៤ និងទី ៥ ដែលការប៉ាន់ស្មាន យើងនឹងមានប្រេងក្នុងមួយថ្ងៃ ៧០០០-៧៥០០ បារ៉ែល/ថ្ងៃ។ ហើយការទទួលប្រាក់ចំណូលបានប្រមាណជា ៣០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ ក្នុងពេលដែលចំណូលរបស់យើងពីម្សិល(ពីពន្ធដារនិងពន្ធគយ) គឺជាថ្ងៃបូកលេខចុងខែ ចំណូលទាំងពីររបស់យើង គឺមានជាង ៤០០ លានដុល្លារអាមេរិក ដែលពន្ធដារបាន ២១៨ លាន គយ(បាន)ប្រមាណ ២០១ លាន។ អញ្ចឹង បានជាង ៤០០ លានដែរ។ ចំណូលវាធ្លាក់ចុះ តែវាស្ថិតនៅក្នុងរង្វង់លើ ៤០០ លានប៉ុណ្ណឹង។ អញ្ចឹង បានជាយើងនៅបន្តដំណើរការជាធម្មតានៃសេដ្ឋកិច្ចរបស់យើង។
២០២០ សេដ្ឋកិច្ចកម្ពុជាអវិជ្ជមាន ៣,១% តែរំពឹងថា ២០២១ នឹងកើន ៤% វិញ
ខ្ញុំសូមបញ្ជាក់ ពីមុននេះ ការប៉ានស្មានរបស់យើង សេដ្ឋកិច្ច ២០២០ ធ្លាក់ចុះត្រឹមតែ (ដក)១,៩% ទេ ក៏ប៉ុន្តែការវាយតម្លៃចុងក្រោយ យើងធ្លាក់ដល់ (ដក)៣,១% ឯណោះ។ ការធ្លាក់ចុះនេះមិនមែនមានតែកម្ពុជាទេ សេដ្ឋកិច្ចដែលវិជ្ជមាននៅក្នុងតំបន់របស់យើង គឺមានវៀតណាម ហើយនឹងចិនតែប៉ុណ្ណោះ ឯក្រៅពីនោះ នៅក្នុងតំបន់ គឺសុទ្ធតែអវិជ្ជមានដូចគ្នា គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ កម្ពុជាប៉ាន់ស្មានដំបូងអវិជ្ជមានរហូត (ដក)៦% ប៉ុន្តែ យើងបានខិតខំឱ្យនៅត្រឹមអវិជ្ជមាន (ដក)៣,១%។ ហើយយើងរំពឹងថា ២០២១ នេះ នឹងមានកំណើន ៤% ត្រឡប់មកវិញ។ យើងត្រូវប្រឹងប្រែងរួមគ្នា ដើម្បីធ្វើកិច្ចការទាំងអស់។ ប៉ុន្តែជំហានដើម្បីនឹងឈានឡើង គឺត្រូវទប់ស្កាត់ COVID-19 នេះ ឱ្យបាន។ រួមគ្នាដោះស្រាយបញ្ហានេះ។
ខ្ញុំហាក់ដូចជានិយាយច្រើនបន្តិច ក៏ប៉ុន្តែ ជាសារនយោបាយមួយ សម្រាប់ប្រជាពលរដ្ឋរបស់យើង ទាំងបញ្ហាទឹកស្អាត ទាំងបញ្ហា COVID-19 និងដល់ប្រេង ដែលប្រជាពលរដ្ឋកំពុងតែចង់ដឹងចង់លឺដែរ។ ទាក់ទងនឹងប្រេង ថ្មើរនេះយើងមិនមែនមានត្រឹមតែ ប្លុក A នេះទេ យើងនៅមានប្លុកច្រើនណាស់ក្នុងដែនទឹករបស់យើង។ ដែនគោករបស់យើងក៏មាន កំពុងតែសិក្សាស្រាវជ្រាវ។ យើងនៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយថៃ ដែលយើងនឹងអាចទាញយកផល ដែលជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ទំហំដែលយើងកំពុងមាននេះ មិនទាន់មានឥទ្ធិពល ដែលរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យឈានឡើងធំនោះទេ។ វានៅតូចតាចណាស់ បើប្រៀបធៀបនឹងទំហំសេដ្ឋកិច្ចដែលយើងទទួល។ ក្នុងមួយឆ្នាំកន្លងទៅនេះ ២០២០ យើងមានប្រាក់ចំណូលប្រមាណ ៥៥០០ លាន អញ្ចឹង បើប្រៀបធៀបនឹង ៣០ លាន(ពីប្រេង) វានៅតូចណាស់។ ហើយប្រៀបធៀបខែនេះ ត្រឹមថ្ងៃពីម្សិល មានចំណូលជាង ៤០០ លាន គឺអា ៣០ លានហ្នឹងវាតូច។
មិនយល់ស្របនឹងការសុំលុបថ្លៃទិដ្ឋាការទេសចរ
បើគិតអំពីចំណូលមិនមែនសារពើពន្ធ គិតអំពីថ្លៃទិដ្ឋាការ ដែលយើងធ្លាប់មានទេសចរ ៦ លាន ៦ សែននាក់ ដែលវាបានបាត់បង់ទៅ ទេសចរ ១ លាននាក់ ស្មើនឹងប្រាក់ ៣០ លានដុល្លារទៅហើយ ព្រោះ VISA មួយ(ថ្លៃ) ៣០ ដុល្លារ។ អញ្ចឹងទេ បានខ្ញុំមិនយល់ស្របជាមួយសំណើណាទាំងអស់ ឱ្យកម្ពុជាបញ្ឈប់ការយកទិដ្ឋាការ ដើម្បីទាញទេសចរ។ ខ្ញុំមិនយល់ស្របទេ បើមិនអញ្ចឹងបាត់ទាំងអស់ហ្នឹង។ កម្ពុជាអត់ទាន់មានអីជំនួសទេ … ត្រូវយកថ្លៃ(ទិដ្ឋាការ)ពីទេសចរហ្នឹង ៣០ ដុល្លារក្នុងម្នាក់ហ្នឹង។ ប្រទេសគេថ្លៃជាងយើងផង។ ប្រទេសបារាំង(ថ្លៃទិដ្ឋាការ)ជាង ១០០ ដុល្លារ។ គេទៅបាន ចុះយើងតែ ៣០ ដុល្លារ ម៉េចក៏គេមកមិនបាន? ក្រសួងទេសចរណ៍ចេះតែស្នើសុំ ប្រទេសមួយចំនួនក៏ស្នើសុំ ខ្ញុំថាអត់ទេ សុំទោស។ ដល់កម្រិតណាមួយ ដែលកម្ពុជាមានទេសចរ(ដល់ចំនួនដែលអាច)ទាញយកកម្រៃពីទេសចរណ៍បានជំនួសឱ្យតម្លៃទិដ្ឋាការ ទើបបានលុប។ បើមិនអញ្ចឹង (ទេសចរ) ៦ លាននាក់ គុណនឹង ៣ (ស្មើនឹង) ១៨០ លានដុល្លារ ត្រូវបាត់ទាំងអស់។ អាហ្នឹងជាចំណូលមិនមែនសារពើពន្ធ ដែលឥឡូវហ្នឹងវាបាត់ វាប៉ះទង្គិច សេដ្ឋកិច្ចលើពិភពលោកពិបាក។
អឺរ៉ុបជ្រួលច្របល់ COVID-19 ក្លែងភេទ, កម្ពុជាពង្រឹងចត្តាឡីស័ក និងធ្វើតេស្ដហ្មត់ចត់
ឥឡូវនេះ វាមាន COVID-19 ក្លែងភេទឯណាទៀតហើយ។ អឺរ៉ុបកំពុងតែជ្រួលច្របល់។ COVID-19 ធម្មតាមិនទាន់ដោះស្រាយផង វាមាន COVID-19 ក្លែងភេទទៀត។ នេះគឺសុទ្ធតែជាបញ្ហា ប៉ុន្តែ មិនមែនរឿងតែប្រទេសកម្ពុជាទេ។ ជាភ័ព្វសំណាង កម្ពុជាមិនទាន់មានមនុស្សស្លាប់ ហើយមានចំនួនឆ្លងតិច តែមិនត្រូវមើលស្រាលនោះទេ។ អញ្ចឹង ត្រូវពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ចំពោះពលករដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ។ បើគេឈឺ ព្យាបាលឱ្យគេជា។ ពង្រឹងការធ្វើចត្តាឡីស័ក និងធ្វើតេស្តនៅតាមច្រកទ្វារអន្តរជាតិ តាមព្រលានយន្តហោះនានាឱ្យបានហ្មត់ចត់។ បើគ្រប់គ្រងអាហ្នឹងបាន ប្រជាពលរដ្ឋរបស់យើងបាត់ការភ័យខ្លាច តែយកល្អគួរគិតថាមានល្អជាងមិនមាន។ អាហ្នឹងជាចំណុចដែលខ្ញុំសុំឆ្លៀតពេល ដើម្បីនិយាយទៅកាន់ប្រជាពលរដ្ឋរបស់យើង ដើម្បីបានជ្រាបអំពីបញ្ហាមួយចំនួន ដែលវាទាក់ទងជាមួយការវិវឌ្ឍរបស់ប្រទេសយើងផង និងសកលលោកផង។
មិនមានការដាក់កម្ពុជាក្នុងគ្រាមានអាសន្ន
ខ្ញុំកំពុងតែគិតថា ប្រហែលជា ២០២១ នេះ COVID-19 មិនទាន់បញ្ចប់ទេ បើមួយថ្ងៃៗស្លាប់ច្រើនយ៉ាងនេះ។ ហើយស្លាប់ច្រើនជាងគេ គឺប្រទេសអ្នកមានតែម្ដង។ និយាយឱ្យពិត។ សហរដ្ឋអាមេរិកស្លាប់ច្រើនជាងគេ បន្ទាប់ទៅនៅអឺរ៉ុប ហើយអឺរ៉ុបហ្នឹងទៀតនៅប្រទេសហូឡង់ ដែលជាសមាជិកសហគមន៍អឺរ៉ុប រដ្ឋាភិបាលបិទ(សកម្មភាពក្នុងក្រុង) (ប្រជាពលរដ្ឋ)គាត់មិនព្រម។ គាត់ធ្វើបាតុកម្មដុតហាងដុតអីទៀត។ ហ្នឹងគេថាប្រជាធិបតេយ្យដល់កំពូលហើយ។ ដល់ផុតពីប្រជាធិបតេយ្យទៅ គាត់ស្លាប់ខ្លួនគាត់ដដែល។ អញ្ចឹង វាលំបាក។ សម្រាប់ប្រជាពលរដ្ឋរបស់យើង ខ្ញុំសូមប្រកាសសាជាថ្មី ខ្ញុំអត់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន (មិនថា)ទាំងមូល ឬផ្នែកណាមួយទេ។ អត់ប្រកាស(ទេ)។ មានច្បាប់ហើយ តែអត់ដាក់ទេ។ ខ្ញុំធានាចំពោះមុខប្រជាពលរដ្ឋ ខ្ញុំមិនប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ ទាំងស្រុង ឬផ្នែកណាមួយ នៃប្រទេស(នោះទេ)។ តែអ្វីដែលខ្ញុំស្នើសុំ ទទួលបាននូវការគោរព ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ នោះគឺទង្វើដ៏ល្អ ដែលពុំចាំបាច់ប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ តែដាក់ច្បាប់នោះគ្រឹប សេដ្ឋកិច្ចត្រូវគាំងទាំងអស់ សេវាកម្មស្អីៗត្រូវគាំងស្ដូក។ ប្រទេសគេមានលទ្ធភាពគឺល្អ តែប្រទេសខ្វះលទ្ធភាពគឺពិបាក។
ប្រជាពលរដ្ឋចូលរួម បូករួមអភិបាលកិច្ចល្អ ទប់ស្កាត់ COVID-19
ជិតចូលដល់ឆ្នាំចិន/វៀតណាម ក៏សូមឱ្យបងប្អូនបន្តប្រុងប្រយ័ត្ន។ បទបញ្ជាពីមុនមក គឺនៅរក្សាដដែល អភិបាលរាជធានី-ខេត្ត ត្រូវតែគ្រប់គ្រងតាមបណ្តាហាង។ ហាងខ្លួនឯងត្រូវតែចេះគ្រប់គ្រង អ្នកណាមិនពាក់ម៉ាសកុំឱ្យចូល បើហាងណាអត់មានអាល់កុល/ជេលលាងដៃ ត្រូវតែដាស់តឿនគេ។ បើមិនស្តាប់ អាចបិទ។ អំណាចនេះត្រូវបានផ្តល់តាំងពីគ្រាដំបូង អំណាចនេះមិនដកហូតចេញពីអភិបាលរាជធានី-ខេត្ត ទេ។ ខ្ញុំនិយាយត្រង់ទៅចុះ ល្ងាចថ្ងៃសៅរ៍ខ្ញុំក៏បានចូលទៅហាងមួយស៊ីនឹងគេដែរ ប៉ុន្តែ មួយតុធំហ្នឹងដាក់ តែ ៩ នាក់ទេ ខ្ញុំ និងប្រពន្ធខ្ញុំអង្គុយជិតគ្នាវាអត់អីទេ ប៉ុន្តែ ប្រពន្ធខ្ញុំជាមួយអ្នកដទៃតៗគ្នាទៅ ដាក់ឆ្ងាយពីគ្នាបន្តិច … ការចូលរួមរបស់ប្រជាពលរដ្ឋយើងមានតម្លៃខ្លាំងណាស់ ក្នុងការទប់ស្កាត់ COVID-19។ នេះស្ថិតនៅក្នុងអភិបាលកិច្ចទាំងអស់ មិនប្រាកដថាប្រទេសអ្នកមានអត់ស្លាប់មនុស្សទេ (ប្រទេស)អ្នកមានស្លាប់មនុស្សច្រើនជាងគេ។ បញ្ហាស្ថិតនៅត្រង់អភិបាលកិច្ច។ និយាយអីក៏ដោយ គឺអភិបាលកិច្ច។
ដំបូងគេបង្អាប់ខ្ញុំមិនប្រុងប្រយ័ត្ន (ដែលធ្វើដំណើរ)ទៅស្រុកចិន (និង)ឱ្យ Westerdam ចូល។ គ្រាន់ Westerdam ជួយជនជាតិអឺរ៉ុបច្រើនណាស់។ បើខ្ញុំមិនឱ្យចូល តើ Westerdam ទៅចូលនៅឯណា? ខ្ញុំធ្វើកិច្ចការមនុស្សធម៌មួយ ប៉ុន្តែពេលហ្នឹងខ្ញុំដឹងល្បឿនរបស់វាតើ។ ខ្ញុំចាប់ដៃស្វាគមន៍មនុស្សជាង ២០០ នាក់ អត់មានអីឆ្លង។ ឥឡូវនេះ ខ្ញុំអត់ចាប់ដៃទេ ព្រោះយើងត្រូវដឹង។ ធ្វើមេទ័ព បើទាហានទើបចេញដំណើរពីខាងនោះ បន្ទាយនៅ ២០ គីឡូនៅឯណោះ យើងនៅឯណេះនាំគ្នាត្រៀមកាំភ្លើង ត្រៀមរត់(ធ្វើអី)។ ស៊ីបាយឱ្យវាស្រួល យកកម្លាំង ដេកសិនទៅ។ ដឹងតើដំណើរទ័ពអ្នកឯង មកដល់ម៉ោងប៉ុន្មាន? ឥឡូវ វាពេញបន្ទុកទៅហើយ។ ខ្ញុំត្រូវតែប្រយ័ត្ន។ នៅក្នុងហៅប៉ាវអាវខ្ញុំមានអាល់កុល/ម៉ាស ហើយមានទាំងស្រោមដៃទៀត។ បន្តិចទៀតចុចប៊ូតុង ឱ្យស្រោមដៃឱ្យខ្ញុំពាក់ … អម្បាញ់មិញខ្ញុំឱ្យយក(អាល់កុល)នេះមកបាញ់ ព្រោះមិនប្រាកដថា អ្នកមកនិយាយមុនខ្ញុំគេមានឬអត់? អ្នកមកធ្វើតេស្ត ព្រលឹមឡើងគេមិនមកសាកមេក្រូ។ អញ្ចឹង ខ្ញុំត្រូវឱ្យបាញ់អាហ្នឹងឱ្យខ្ញុំមុនហ្នឹងខ្ញុំនិយាយ។
ខ្ញុំត្រូវប្រយ័ត្នដែរ។ ខ្ញុំធ្វើអ្នកខ្លាច។ ពេលមុនខ្ញុំធ្វើអ្នកហ៊ាន ដោយសារតែសភាពការណ៍វាអត់ទាន់ដល់។ ខ្លាចវាមិនត្រូវទំនង។ អញ្ចឹង បានដំបូងព្រឹបភ្លាម ខ្ញុំចេញមកនិយាយ ខ្ញុំហាមអ្នកដែលចូលបន្ទប់ជាមួយខ្ញុំ កុំពាក់ម៉ាស់។ ខ្ញុំទៅដល់ប្រទេសចិន ខ្ញុំប្រាប់ទៅប្រធានាធិបតី Xi Jinping និងនាយករដ្ឋមន្ត្រី Li Keqiang ថាបើខ្ញុំមកខ្ញុំពាក់ម៉ាស ខ្ញុំមិនចាំបាច់មកទេ ព្រោះបើខ្ញុំពាក់ម៉ាស គឺជាការបញ្ជូនសារមួយសម្រាប់ការភ័យ ខ្លាចទៅកាន់និស្សិតខ្មែរដែលកំពុងរៀននៅក្នុងប្រទេសចិន។ ហើយក៏ជាការបញ្ជូនសារនៃការភ័យខ្លាច មួយទៅកាន់ប្រជាជនកម្ពុជា។ ខ្ញុំចេញប្រជុំកាសែតដំបូង ខ្ញុំបាននិយាយថា ជំងឺពិតប្រាកដនៅកម្ពុជាមិនមែន Corona ទេ កាលនោះអត់ទាន់មានឈ្មោះ COVID-19 ទេ មិនមែន Corona ទេ គឺជំងឺភ័យខ្លាច។ ពេលនោះខ្មែរខ្លាចពេញមួយនគរ ក្នុងពេលដែលអត់ទាន់មានអីសោះ។ ពេលហ្នឹងខ្ញុំ ប្រាប់ថា អ្នកណាពាក់ម៉ាសដេញចេញពីបន្ទប់ ព្រោះពេលហ្នឹងសង្គ្រាមចិត្តសាស្ត្រកំពុងវាយលុក ក្នុងពេល ដែលជំងឺអត់ទាន់ដល់។ ឥឡូវនេះ អ្នកមិនពាក់ម៉ាស គឺអត់បានមកជិតខ្ញុំ។ ត្រូវរាំឱ្យវាត្រូវចង្វាក់។ គេលេងឆាឆាឆា ឯងទៅរាំស៊្លូយ៉ាងម៉េច? ដល់ពេលគេ(រាំ)ស៊្លូ ឯងទៅរាំវង់។ វាអត់ត្រូវរឿង។ អាហ្នឹងក៏ជាប្រភេទដំណើរការប្រយុទ្ធជាមួយ COVID-19 មិនខុសគ្នាជាមួយនឹងដំណើរការ នៃការដឹកនាំកងទ័ពប្រយុទ្ធលើសមរភូមិយោធាទេ។ តែវាក៏កាន់តែលំបាកជាងសមរភូមិយោធា នៅត្រង់ថា វាអត់មានស្រមោល វាអត់ដឹងនៅឯណា ខ្លួនយើងៗមិនប្រាកដថាខ្លួនយើងមានជំងឺហ្នឹងឬអត់? អ្នកដទៃក៏យើងមិនប្រាកដថាមានឬអទ់? វាស្ថិតនៅកន្លែងហ្នឹង។ វាមានការលំបាករបស់វា។
មិនមានគម្រោងផ្អាកការឈប់សម្រាកបុណ្យចូលឆ្នាំ
អរគុណណាស់ ដែលថ្ងៃនេះយើងបានមកជុំគ្នា។ ការប៉ប៉ាច់ប៉ប៉ោចរបស់ខ្ញុំវាជារឿងធម្មតាទៅហើយ ក៏ប៉ុន្តែ វាជាការបញ្ជូនព័ត៌មាន សម្រាប់ប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាប អំពីសភាពការណ៍ស្រុកទេសក្នុងដំណាក់កាល COVID-19 ហើយដំណើរការវ៉ាក់សាំងដល់ណាហើយ។ ខ្ញុំសុំឱ្យប្រជាពលរដ្ឋយើងស្ងប់ចិត្ត ប៉ុន្តែ នៅតែបន្តអំពាវនាវឱ្យការពារខ្លួន។ ឆ្នាំនេះច្បាស់ណាស់ថា ខ្ញុំគ្មានគម្រោងនឹងលុបចោលនូវបុណ្យ ចូលឆ្នាំដូចកាលពីឆ្នាំទៅ (ដែលយើងផ្អាកដោយសារស្ថិត)ក្នុងសភាពការណ៍មិនច្បាស់លាស់។ ឆ្នាំទៅមូលហេតុដែលផ្អាកចូលឆ្នាំ គេហៅថា ចូលឆ្នាំនៅតែចូល ក៏ប៉ុន្តែ ផ្អាកការឈប់សម្រាកក្នុងពេលចូលឆ្នាំ ហើយសងវិញ(នូវការឈប់សម្រាកចំនួន) ៥ ថ្ងៃ(នៅពេលក្រោយ)។ មូលហេតុឆ្នាំទៅ ១២ ម៉ឺននាក់ មកពីប្រទេសថៃចូលក្នុងប្រទេសគ្រឹប។ យើងមិនដឹងថាអ្នកណាមានឬអ្នកណាអត់ បូកបន្ថែមមនុស្សចេញពីភ្នំពេញទៅទៀត។ ច្បាស់ជាពិបាកហើយ។ ដូច្នេះ បានជាក្រុមការងារស្នើសុំខ្ញុំតាំងពីខែ មីនា ថា ឱ្យផ្អាកការសម្រាកចូលឆ្នាំ។ ប៉ុន្តែ ខ្ញុំមិនព្រម (រហូត)នៅតែ ៦ ថ្ងៃមុន ខ្ញុំប្រកាសឱ្យផ្អាក។ តែឆ្នាំនេះ យើងគ្រប់គ្រងបានសភាពការណ៍។ បងប្អូនមកពីថៃ យើងដាក់ធ្វើចត្តាឡីស័ក។ បើសិនពេលនោះផ្ទុះក្នុងសហគមន៍ ច្បាស់ណាស់ថា អាចនឹងមានវិធានការផ្សេង ប៉ុន្តែធានាថា ច្បាប់ក្នុងគ្រាមានអាសន្នមិនប្រកាសឱ្យប្រើទេ តែវិធីដែលយើងត្រូវប្រុងប្រយ័ត្ន គឺត្រូវតែមានជាប់ជានិច្ច។
អរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ/អំណោយ
(ខ្ញុំសូម)កោតសរសើរ ចំពោះការខិតខំរបស់ក្រសួង ក៏ដូចជា រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ។ អរគុណ ជាមួយនឹងការផ្តល់ជំនួយ និងកម្ចីពីបារាំង និងសហភាពអឺរុប ចំពោះការកសាង។ អរគុណ និងទុកចិត្តទៅលើក្រុមហ៊ុន VINCI ដែលខិតខំកសាង និងពន្លឿននូវការកសាង ដើម្បីជំនះនូវការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាជននៅទីក្រុងភ្នំពេញ ទាំងដំណាក់កាលទី ១ និងទី ២។ ជាមួយនឹងការប្រកាសសម្ពោធបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅក្នុងរាជធានីភ្នំពេញ ខ្ញុំសូមជូនពរដល់ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី កម្មករ/ការិនី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ (ម្យ៉ាងវិញទៀត សូមជូន)កម្មករ និងបុគ្គលិក ចំនួន ២០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ ម៉ឺនរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកាចំនួន ២ លានរៀល។ (ជូន)សាលាខណ្ឌជ្រោយចង្វារថវិការចំនួន ២ លានរៀល។ (ជូន)ក្រុមតន្ត្រីសម័យថវិកា ចំនួន ៥ លានរៀល។ ជូនគណៈកម្មការរៀបចំអង្គពិធីបើកការដ្ឋានថវិកាចំនួន ១០ លានរៀល៕