ថ្ងៃនេះកម្ពុជាផ្ដល់ម៉ាសជាង ២ លាន និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសនេប៉ាល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង ២ លាន និងបរិក្ខារពេទ្យចំនួន ១២ មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។
នេះជាលើកទី ៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្ដល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស ១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករា នេះ។
អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន ២ លាន, ម៉ាសក្រណាត់ ១០ ម៉ឺន, ម៉ាស N95 ចំនួន ២ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ២ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ២ ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន ៥០០, របាំងមុខចំនួន ២ ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន ២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន ២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥ គីឡូក្រាមក្នុង ១ ធុង (ក្លរ៉ាមីនប្រភេទB) ៥០០ កេស, ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ ពាន់គូ៕