ចត្តាឡីស័កជាផ្នែកដ៏សំខាន់នៃជោគជ័យក្នុងការប្រយុទ្ធនឹង COVID-19 ជាង ១០ ខែកន្លងមក
ជម្រាបជូនឯកឧត្តម ម៉ម ប៊ុនហេង និងសហការីក្នុងគណៈរដ្ឋមន្រ្តី ជាពិសេសចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឬមន្រ្តីដែលពាក់ព័ន្ធជាមួយនឹង COVID-19 កំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រីមកកាន់កម្ពុជា។
កាលពីម្សិលមិញនេះ ឯកឧត្តម ប្រាក់ សុខុន បានជួបតាមទូរស័ព្ទផ្ទាល់ជាមួយនឹងឯកឧត្តមរដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលគាត់កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យឯទីក្រុង Budapest (ប្រទេសហុងគ្រី)។ គាត់បានសុំអធ្យាស្រ័យអំពីផលប៉ះពាល់មកដល់យើង (ហើយគឺដោយសារតែ)មកពីខ្លួនគាត់ធ្វើតេស្ដមិនមាន COVID-19 នោះទេ ទើបគាត់ចេញមកទស្សនកិច្ច។ ឯការឆ្លងនេះទៀត ប្រពន្ធគាត់ កូនទាំង ២ រួមទាំងអ្នកធ្វើដំណើរ អត់មានបញ្ហាអ្វីទាំងអស់ (គ្មានរោគសញ្ញា COVID-19) តែចម្លែកតែគាត់ម្នាក់។ តាមរយៈឯកឧត្តម ប្រាក់ សុខុន (ខ្ញុំ)ក៏បានផ្ដាំផ្ញើមកសួរសុខទុក្ខចំពោះគាត់។ ច្បាស់ណាស់ថា COVID-19 បានកើតមានចំពោះរដ្ឋមន្រ្តីការបរទេសហុងគ្រី។
ដូច្នេះ យើងនៅកម្ពុជា មកដល់ពេលនេះ ក្រសួងសុខាភិបាលបានខិតខំធ្វើតេស្ដរហូតដល់ជាង ៨០០ នាក់ … រាប់ទាំងកូនប្រពន្ធ និងអ្នកដែលមានការពាក់ព័ន្ធ ហើយក៏ដាក់ឱ្យធ្វើចត្តាឡីស័ក។ ការធ្វើចត្តាឡីស័ក គឺជាផ្នែកដ៏សំខាន់នៃជោគជ័យរបស់យើង ក្នុងការប្រយុទ្ធជាមួយនឹង COVID-19 អស់រយៈពេលជាង ១០ ខែកន្លងទៅ។
លុបកម្មវិធី បញ្ចៀសហានិភ័យចំពោះព្រះមហាក្សត្រ ហ្លួងម៉ែ មន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋ
ខ្ញុំបានទទួលព័ត៌មានដ៏គួរឱ្យសោកស្ដាយថា ការធ្វើចត្តាឡីស័ករបស់មន្រ្តីយើងខ្លះ គឺមិនបានត្រឹមត្រូវទេ (ដោយពួកគាត់)ហាក់ដូចជាការដើរហាត់ប្រាណ … កាន់ដៃគ្នា ជួបប្រាស្រ័យជាមួយនឹងអ្នកនេះអ្នកនោះ។ ខ្ញុំសុំយកឱ្យនេះ ជម្រាបជូនអំពីដំណើររឿងនេះបន្ដិច អំពីខ្លួនខ្ញុំផ្ទាល់ ជាបទពិសោធន៍ ដែលខ្ញុំបាន និងកំពុងធ្វើ ទាក់ទងនឹងចត្តាឡីស័កដូចខាងក្រោម។ ខ្ញុំត្រូវលុបចោលកម្មវិធីទាំងអស់ ដែលជាកម្មវិធីសុទ្ធតែសំខាន់ៗ។ ល្ងាចនេះ ខ្ញុំទៅជាអធិបតីទៅលើការប្រជុំដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ទាក់ទងនឹងបញ្ហាកែទម្រង់រដ្ឋបាល តែខ្ញុំបានប្រគល់ការងារនេះ ជូនសម្ដេចក្រឡាហោម ស ខេង។ កម្មវិធីជាបន្ត ខ្ញុំត្រូវចុះជួបប្រជាជនប្រមាណជិត ៤ ម៉ឺននាក់ ដើម្បីចែកស្រូវពូជ និងជំនួយសង្គ្រោះនៅថ្ងៃទី ៧, ៨ និងថ្ងៃទី ១០ នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ខ្ញុំត្រូវតែលុបចោល ដើម្បីចៀសវាងភាពមិនច្បាស់លាស់ប៉ះពាល់ទៅនឹងប្រជាជន។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រះអង្គនឹងយាងមកវិញនៅល្ងាចថ្ងៃស្អែក ថ្ងៃទី ៧ (ដែលវា)គឺចាំបាច់ណាស់នូវ(ការមាន)វត្តមានរបស់ខ្ញុំនិងភរិយា។ ក៏ប៉ុន្តែ ដើម្បីចៀសវាងភាពខ្ជីខ្ជា ក្នុងការធ្វើចត្តាឡីស័ក ហើយក៏អាចនឹងនាំទៅដល់ហានិភ័យសម្រាប់ព្រះមហាក្សត្រ និងហ្លួងម៉ែ ក៏ដូចជាមន្ត្រីជាន់ខ្ពស់នានា ជាលើកដំបូងហើយ ដែលខ្ញុំអាក់ខាន(ទៅ)ទទួលឬដង្ហែរព្រះរាជដំណើររបស់ព្រះមហាក្សត្រ ក៏ដូចជាហ្លួងម៉ែ។ គឺត្រូវតែលុបចោល។ បន្ថែមដោយបុណ្យជាតិនេះ ទាំងពីរលើកក៏ត្រូវលុបចោល ទាំងដុតទៀនជ័យ និងពន្លត់ទៀនជ័យ មិនបានចូលរួមទេនៅក្នុងឆ្នាំនេះ។
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រជុំអាស៊ានជំនួស
ការចូលរួមប្រជុំអាស៊ានក៏ត្រូវលុបចោលដែរ ទោះបីថាប្រជុំនេះតាម video conference ដែលបងប្អូនមួយចំនួនបានផ្ដល់មតិថារៀបចំចេញពីផ្ទះ ព្រោះខ្ញុំមិនអាចចេញពីផ្ទះ។ គេអាចរៀបចំ video conference ចេញពីផ្ទះ ប៉ុន្តែមានហានិភ័យខ្ពស់ នៅក្នុងពេលដែលអ្នកយកព័ត៌មាន និងមន្ត្រីមកចូលរួម គឺវាអាចមានការចម្លងដល់អ្នកទាំងនោះ ប្រសិនបើ(ខ្ញុំ)អាចមានវិជ្ជមាន ដោយសារតែការធ្វើតេស្ដមិនទាន់បានចប់ក្នុងរយៈពេល ១៤ ថ្ងៃនោះទេ។ ដូច្នេះ ខ្ញុំត្រូវតែស្នើសុំអធ្យាស្រ័យពីសំណាក់អាស៊ាន ដើម្បីចាត់តាំងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសខ្ញុំ ដើម្បីដឹកនាំការប្រជុំនេះ ព្រោះឯកឧត្តម ប្រាក់ សុខុន ក៏មិនអាចចូលរួមបានដែរ។
(ការធ្វើដូច)នេះ គឺដើម្បីចៀសវាងហានិភ័យ។ មានមន្ត្រីជាន់ខ្ពស់របស់យើងមួយចំនួនផ្ដល់មតិឱ្យខ្ញុំថា ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយអាស៊ាន គឺគប្បីឱ្យខ្ញុំថតសង្កថារបស់ខ្ញុំ ដើម្បីចាក់ផ្សាយតាមវីដេអូ។ ខ្ញុំបានបញ្ជាក់ទៅមន្ត្រីជាន់ខ្ពស់វិញថា ការបង្ហាញសាមគ្គីភាពពេលនេះគឺអាស៊ានទេដែលត្រូវបង្ហាញសាមគ្គីភាពជាមួយអ្នកឈឺ គឺចំពោះយើង។ ប៉ុន្តែ បើសិនជាយើងចេញទៅអានសុន្ទរកថានោះ គឺបង្ហាញចំពោះប្រជាពលរដ្ឋ ពីភាពខ្ជីខ្ជាក្នុងការធ្វើចត្តាឡីស័ក។
ភាពខ្ជីខ្ជានៃការធ្វើចត្តាឡីស័កនឹងផ្តល់ហានិភ័យខ្ពស់សម្រាប់ជាតិ
ភាពខ្ជីខ្ជានោះនឹងនាំទៅដល់ហានិភ័យខ្ពស់សម្រាប់ជាតិយើងតែម្ដង បើសិនជាមេដឹកនាំមិនប្រកាន់យកនូវវិធានការដ៏ជាក់លាក់សម្រាប់ការធ្វើចត្តាឡីស័ក។ ខ្ញុំសូមបញ្ជាក់ថា សូម្បីតែធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ខ្ញុំខិតខំបំព្រួញនូវទីធ្លាដែលខ្ញុំត្រូវធ្វើការ ត្រូវដើរ។ គឺខ្ញុំទៅ(តែ)បន្ទប់ពីរទេ បន្ទប់មួយខ្ញុំសម្រាក បន្ទប់មួយបន្ទប់បាយ។ ខ្ញុំព្យាយាមមិនទៅអង្គុយតាមសាឡុង ឬក៏កន្លែងណាផ្សេង ព្រោះខ្លាចក្រែងសាឡុងនោះមានអ្នកអង្គុយ។ សូម្បីតែ ប៊ុយរ៉ូ នៅខាងក្រោម ដែលខ្ញុំធ្លាប់ធ្វើការនៅទីនោះ ក៏ខ្ញុំមិនចុះទៅដែរ ព្រោះចុះតាមជណ្ដើរ ហើយធ្វើការនៅកន្លែងនោះវានឹងមានហានិភ័យសម្រាប់អ្នកទៅបោសសំអាតផងដែរ។ ដូច្នេះ ទីធ្លាដែលខ្ញុំធ្លាប់ដើរនៅក្នុងផ្ទះរបស់ខ្ញុំ ត្រូវបានកាត់បន្ថយឱ្យនៅតូចបំផុតតាមដែលអាចធ្វើទៅបាន។
នៅពេលដែលខ្ញុំចង់ជួបភរិយារបស់ខ្ញុំ ហើយទូរស័ព្ទរកគាត់មិនឃើញ ខ្ញុំបើកបន្ទប់របស់គាត់ ដោយយកក្រណាត់រុំដៃរបស់ខ្ញុំដើម្បីខ្ញុំចាប់មួលនូវទ្វារ … ក្រែងលោវាអាចឆ្លង វាអាចប៉ះជាមួយនឹងដៃ។ សូម្បីតែប៊ិច ខ្ញុំមានច្រើនណាស់ គឺប្រមាណជាជិត ២០ ប៊ិច ទាំងប៊ិចខៀវ ទាំងប៊ិចក្រហម ប៉ុន្តែឥឡូវនេះ ខ្ញុំរើសតែប៊ិច ២ គត់សម្រាប់ខ្ញុំកាន់ ដើម្បីចៀសវាងកុំឲ្យមានការប៉ះពាល់ទៅលើប៊ិចដទៃ ដែលវានឹងនាំទៅដល់ផលវិបាកសម្រាប់ពេលក្រោយ។ ឯកសារដែលយកបាននេះ មុនយកចូលមកគឺត្រូវបាញ់ថ្នាំនៅឯខុទ្ទកាល័យនៅឯខាងមុខផ្ទះ ហើយបានបញ្ចូលមកនៅក្នុងបន្ទប់ខុទ្ទកាល័យនៅក្នុងផ្ទះ ដោយត្រូវបាញ់ថ្នាំមួយសាទៀត ទើបអ្នកធ្វើការក្នុងផ្ទះខ្ញុំនៅផ្ទាល់ ពាក់ស្រោមដៃយកឯកសារនេះចូលមក។ ខ្ញុំពិនិត្យ និងចុះហត្ថលេខារួចរាល់អស់ហើយ ក៏ត្រូវយកឯកសារនេះត្រឡប់ទៅវិញ ហើយបាញ់ថ្នាំនៅខាងក្រោម មុននឹងបញ្ជូនចេញទៅខុទ្ទកាល័យ ហើយខុទ្ទកាល័យបាញ់ថ្នាំសម្លាប់មេរោគមួយសាទៀត ទើបបញ្ជូនចេញទៅឱ្យអ្នកប្រើប្រាស់។
រដ្ឋមន្រ្តី និងអ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក និងណែនាំមន្រ្តីក្រោមឱវាទឱ្យចូលរួមចត្តាឡីស័កឱ្យត្រឹមត្រូវ
នេះជាបញ្ហាដ៏សំខាន់ដែលខ្ញុំសូមជម្រាប។ ឯរូបថតដែលខ្ញុំវាកូនគោល(និងបានបង្ហោះក្នុងសារព័ត៌មានសង្គម) មិនមែនជារូបថតថ្មីទេ គឺជារូបថតចាស់។ ឥឡូវនេះ ខ្ញុំបានកំណត់ពេលវេលានៃការហាត់ប្រាណរបស់ខ្ញុំ ត្រូវធ្វើនៅក្រោយពេលដែលដឹងជាក់លាក់នៃការបញ្ចប់ការធ្វើចត្តាឡីស័ក ក្រោយពីធ្វើតេស្តនៅថ្ងៃទី ១៨ ខែ វិច្ឆិកា គឺបន្ទាប់ពីដឹងជាក់លាក់ហើយ ខ្ញុំគិតថា ថ្ងៃ ១៩ ឬ ថ្ងៃ ២០ ទើបខ្ញុំចេញហាត់ប្រាណដោយការវាយកូនហ្គោលតែម្តង។ អញ្ចឹងទេ ខ្ញុំសុំអំពាវនាវ ទី ១ អំពាវនាវចំពោះរដ្ឋមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ សុំដាក់ខ្លួនធ្វើចត្តាឡីស័កនៅក្នុងទីកន្លែង ដោយសូម្បីតែភរិយា និងកូន/ចៅ ក៏មិនគួរឱ្យមកជិតដែរ។ ធ្វើឱ្យច្បាស់នូវកិច្ចការចត្តាឡីស័ក ព្រោះវាងាយឆ្លងក្នុងសហគមន៍។ មិនមែនគ្រាន់តែបញ្ហាផ្ទាល់ខ្លួនយើង គ្រួសារយើងទេ ក៏ប៉ុន្តែ វាអាចឆ្លងនៅក្នុងសហគមន៍ …។
រដ្ឋមន្រ្តី និងបុគ្គលិករបស់ខ្លួនពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក៏ត្រូវណែនាំបន្តទៅចំពោះមន្រ្តីក្រោមឱវាទរបស់ខ្លួន ដើម្បីធ្វើចត្តាឡីស័កនេះឱ្យបានត្រឹមត្រូវ ដូចអ្វីដែលខ្ញុំបាន និងកំពុងខិតខំធ្វើនេះ ព្រោះជោគជ័យ ឬមិនជោគជ័យ (ដោយ)វាអាចផ្ទុះនៅក្នុងស្ថានភាពមួយដែលមិនទាន់ច្បាស់លាស់ ដែលយើងត្រូវតែមានការប្រុងប្រយ័ត្ន។ អញ្ចឹងគ្រប់ក្រសួង/ស្ថាប័ន ជាពិសេសរដ្ឋមន្រ្តីនានា ដែលមានបុគ្គលិករបស់ខ្លួនជាប់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ត្រូវតែមើលការខុសត្រូវលើបញ្ហានេះ។
ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋទាំងឯកជន មើលខុសត្រូវបុគ្គលិកចាំបាច់ធ្វើចត្តាឡីស័ក
មួយទៀត, អំពាវនាវចំពោះក្រុមទូរទស្សន៍ សារព័ត៌មានដែលបានយកតេស្តមកធ្វើសំណាក ការធ្វើតេស្តយកសំណាកជាង ៨០០ នាក់នេះ ត្រូវពិនិត្យ និងបង្កលទ្ធភាពឱ្យបុគ្គលិករបស់ខ្លួន ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងទាំងឯកជន ត្រូវចូលរួមទទួលខុសត្រូវ មើលការខុសត្រូវចំពោះបុគ្គលិករបស់ខ្លួន។ សម្រាប់ខ្ញុំ ផ្នែកទូរទស្សន៍បាយ័ន ខ្ញុំបានណែនាំផ្តល់ថវិកាឱ្យអ្នកធ្វើចត្តាឡីស័ក ព្រោះបងប្អូនខ្លះមានផ្ទះដែលអាចធ្វើចត្តាឡីស័កបាន តែបងប្អូនខ្លះពុំមានលទ្ធភាពដើម្បីនឹងធ្វើចត្តាឡីស័កនៅផ្ទះទេ។ នាំគ្នារៃលុយដើម្បីនឹងជួលទីកន្លែងអោយគេមួយ ដើម្បីធ្វើចត្តាឡីស័កនៅទីនោះ។ គ្នាពិតជាមានការលំបាក។ ខាងផ្នែកបាយ័ន ជាជំហានដំបូង ខ្ញុំប្រាប់កូនស្រីរបស់ខ្ញុំឱ្យ(ផ្តល់) ១០០ ដុល្លារម្នាក់។ បើសិនជាបន្តទៅទៀត អាចនឹងបន្ថែម។ ខ្ញុំសង្ឃឹមថា បុគ្គលិកស្ថានីយទូរទស្សន៍ទាំងរដ្ឋ និងឯកជន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយមើលការខុសត្រូវចំពោះអ្នកយកព័ត៌មាន ដែលបានចូលរួមធ្វើចត្តាឡីស័កនេះ ដើម្បីឱ្យគ្នាមានលទ្ធភាពនៅក្នុងការធ្វើចត្តាឡីស័កដោយពុំមានការភ័យខ្លាច និងជំពាក់បំណុលគេ ដោយសារតែត្រូវធ្វើចត្តាឡីស័ក ហើយត្រូវទៅជួលកន្លែងគេធ្វើចត្តាឡីស័ក។ សូមយកចិត្តទុកដាក់លើបញ្ហានេះឱ្យបានហ្មត់ចត់។
បន្តរកអ្នកមិនទាន់បានធ្វើតេស្ត អោយមកធ្វើតេស្ត, អ្នកបានធ្វើតេស្តហើយ ធ្វើចត្តាឡីស័ក និងតេស្តបន្ត
មួយវិញទៀត ខ្ញុំសូមឱ្យអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ដែលធ្លាប់បានយកសំណាក ត្រូវមកធ្វើការយកសំណាកចំនួន ៣ ដងទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល។ ខ្ញុំបានអនុញ្ញាតឱ្យប្រើប្រាស់នូវទីតាំងអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីធ្វើតេស្តនៅថ្ងៃទី ៩, ១៤ និង ១៨ ត្រូវធ្វើជាមួយគ្នាឱ្យបានហ្មត់ចត់ដោយមានការទទួលខុសត្រូវខ្ពស់របស់ក្រសួងសុខាភិបាលនៃយើង។ សូមបញ្ជាក់ថា យើងត្រូវខិតខំទាំងអស់គ្នានៅពេលនេះ ព្រោះ(ករណី)នេះ(អាច)នឹង(មានការ)ផ្ទុះកណ្ដាលទីក្រុងភ្នំពេញតែម្ដង ប្រសិនបើយើងមានការធ្វេសប្រហែសណាមួយ ពិសេសនៅក្នុងដំណាក់កាលនៃការធ្វើចត្តាឡីស័ក។ សំខាន់ជាងនេះទៀត អ្នកដែលបានចាប់ដៃរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ហុងគ្រី និងអ្នកដែលចូលពាក់ព័ន្ធ ដូចជាអ្នកបើកបរជាដើម រាប់ទាំងអ្នកបើកបរចំពោះរដ្ឋមន្រ្តី ភរិយារបស់រដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី និងអ្នកដឹកនាំ ដែលបានធ្វើការជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី ក្រែងលោពេលដែលទៅផ្ទះវិញនោះបានប៉ះពាល់/ជួបនឹងភរិយា កូន ចៅ ក៏ត្រូវឱ្យអ្នកទាំងនោះខិតខំរក្សាការធ្វើចត្តាឡីស័ក។ មិនអាចបណ្ដោយថា កូនយើងឬចៅយើង មកជួបជាមួយយើងហើយៗ បែរជាបណ្ដែតបណ្ដោយឱ្យមិនមកធ្វើតេស្ត មិនធ្វើចត្តាឡីស័ក … បើសិនជាធ្វើបែបនេះ គឺនឹងអាចមានលទ្ធភាពខ្ពស់ក្នុងការឆ្លងក្នុងសហគមន៍។
ខ្ញុំសូមអំពាវនាវឱ្យយកចិត្តទុកដាក់ខ្ពស់ ទៅលើការបន្តការចូលរួមធ្វើតេស្ត ហើយអ្នកដែលមិនទាន់បានធ្វើតេស្ត ត្រូវស្វែងរកតទៅទៀត ដើម្បីយកមកធ្វើតេស្ត។ អ្នកដែលបានធ្វើតេស្តហើយ ត្រូវបន្តធ្វើចត្តាឡីស័ក ហើយបន្តធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាលនៅវិមានមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្រ្តី។ នេះជាការអំពាវនាវរបស់ខ្ញុំ។ ខ្ញុំក៏នឹងចូលរួមនៅក្នុងកិច្ចការងារនេះ ដូចដែលខ្ញុំបានប្រាប់កូនចៅរបស់ខ្ញុំ អ្នកណាក៏ដោយដែលមិនមែនស្ថិតនៅក្នុងបរិវេណផ្ទះនេះ គឺមិនអនុញ្ញាតឱ្យចូលទេ។ ខ្លួនខ្ញុំផ្ទាល់ត្រូវកម្រិត និងកំណត់បរិវេណនៃការធ្វើដំណើររបស់ខ្ញុំ ដែលធ្លាប់តែដើរពេញផ្ទះ ចុះទៅខាងក្រោម ឡើងខាងលើ ដើរហាត់ប្រាណ គឺខ្ញុំមិនដើរទេ។ ពិតមែនតែគ្រូពេទ្យអនុញ្ញាតឱ្យយើងហាត់ប្រាណ ក៏ប៉ុន្តែ បើហាត់ ខ្ញុំព្យាយាមហាត់នៅក្នុងបន្ទប់ក៏អាចធ្វើទៅបាន តែខ្ញុំមិនហាត់ប្រាណនៅក្នុងកាលៈទេសៈនេះទេ គឺដើម្បីងាយស្រួលការតាមដានរបស់ក្រុមគ្រូពេទ្យ។ រៀងរាល់ល្ងាច គ្រូពេទ្យតែងតែមកពិនិត្យសុខភាពរបស់ខ្ញុំ និងយក(កំណត់ត្រា)កំដៅ តាមរយៈអ្នកដែលចូលមកយកកំដៅរបស់ខ្ញុំ។ របស់របរប្រើប្រាស់ សូម្បីសម្លៀកបំពាក់ ដែលខ្ញុំស្លៀកពាក់នៅពេលដែលជួបជាមួយនឹងរដ្ឋមន្រ្តីហុងគ្រី ក៏ត្រូវបានយកទៅទុកមួយកន្លែងផ្សេង។ ឥឡូវនេះ សម្លៀកបំពាក់របស់ខ្ញុំនៅក្នុងផ្ទះ ក៏ខ្ញុំយកទុកដាច់ដោយឡែក ហើយប្រើប្រាស់វា គឺមិនឱ្យច្រើនទេ ដើម្បីកុំឱ្យវារាលដាលទៅដល់ខោអាវផ្សេង។ សូម្បីតែប៊ិចក៏ខ្ញុំប្រើតែប៊ិចក្រហមមួយ និងខ្មៅមួយតែប៉ុណ្ណោះ វ៉ែនតាក៏ខ្ញុំប្រើតែវ៉ែនតាមួយ មិនប៉ះពាល់វ៉ែនតាដទៃ គឺដើម្បីចៀសវាងនូវហានិភ័យកើតឡើង(លើ)របស់ដែលយើងកាន់។ ទូរស័ព្ទក៏គ្មាននរណាប៉ះពាល់របស់ខ្ញុំទេ ខ្ញុំកាន់របស់ខ្ញុំផ្សេង។
អញ្ចឹងខ្ញុំសូមអំពាវនាវឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាហ្នឹង។ ឯកឧត្ដម ម៉ម ប៊ុនហេង លោកជំទាវ យក់ សម្បត្តិ លោកជំទាវ ឱ វណ្ណឌីន និងអ្នកដឹកនាំដទៃទៀតនៃវិស័យសុខាភិបាល ត្រូវខិតខំតាមដានទៅលើកិច្ចការទាក់ទងនឹងចត្តាឡីស័កនេះ ហើយខ្លឹមសារដែលខ្ញុំបញ្ជូនទៅនេះ ខ្ញុំនឹងបញ្ជូនទៅកាន់គណៈអចិន្រ្តៃយ៍ ទៅកាន់គណៈរដ្ឋមន្រ្តី ទៅកាន់អភិបាលខេត្ត ហើយប្រសិនបើចង់ប្រើប្រាស់ជាទូទៅតាមស្ថាប័នខាងសារព័ត៌មាន តាមរយៈសមាគមទូរទស្សន៍ ក៏សូមប្រើចុះ ព្រោះខ្ញុំអំពាវនាវទៅកាន់ស្ថាប័នសារព័ត៌មានផ្នែកឯកជនផងដែរ៕