សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
មរតកតេជោ ២ ធ្វើតាំងពីឆ្នាំ ១៩៩៧, ទី ១. បង្កើតទិវារំលឹកគុណគ្រូ, ទី ២. ពន្យាអាយុចូលនិវត្តគ្រូបង្រៀន
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួមសារជាថ្មីម្ដងទៀត សម្រាប់ទិវាគ្រូបង្រៀន លើកទី ២១ ដែលយើងបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៧។ និយាយដល់ទិវាគ្រូបង្រៀននេះ ខ្ញុំនៅចងចាំបានថា នៅឆ្នាំ ១៩៩៧ ខ្ញុំបានធ្វើកិច្ចការ ២ ដែលសំខាន់។ ទី ១. ការបង្កើតឡើងនូវទិវារំលឹកគុណគ្រូ ដែលពេលនោះយើងបានធ្វើដោយរៀបចំបានល្អ ហើយមានការចូលរួមបង្កើតជាទិវាដឹងគុណគ្រូ ដែលឥឡូវនេះ យើងហៅថា ទិវាគ្រូបង្រៀន។ នេះជាកិច្ចការទី ១ ដែលហៅថា មរតកដែលយើងបានរួមចំណែកកសាង ឬអាចនិយាយថា ជាមរតកតេជោ។ ទី ២. ប្រហែលលោកគ្រូ អ្នកគ្រូនៅចាំបានថា នៅពេលនោះលក្ខខន្ដិកគ្រូបង្រៀនតម្រូវអោយចូលនិវត្ដនៅអាយុ ៥៥ ឆ្នាំ។ ប៉ុន្ដែ តាមរយៈនៃការខិតខំ យើងបានបញ្ជូនគ្រូបង្រៀនអោយមកចូលនិវត្ដនៅអាយុ ៦០ ឆ្នាំ ដូចគ្នា។ ពីមុនមានអ្នកដែលចូលនិវត្ដនៅអាយុ ៦០ ឆ្នាំ និង ៥៥ ឆ្នាំ។ ពិតមែនហើយ ខ្ញុំមិនទាន់បានសម្រេចនូវបំណង ដែលចង់ពន្យារអាយុចូលនិវត្ដរបស់គ្រូនោះទេ ដោយសារបញ្ហាវាមិនសាមញ្ញដូចអ្វីដែលយើងគិត។
បើយើងពន្យារតែគ្រូ ចុះគ្រូពេទ្យ? រួចហើយបន្ទាប់ពីគ្រូពេទ្យ ហើយចុះមន្ដ្រីរាជការដទៃទៀតគេគិតយ៉ាងម៉េច? ដូច្នេះហើយបានបញ្ហានេះនៅទ្រឹងត្រឹមតែប៉ុណ្ណេះសិន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងការកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដែលបានរៀបចំពិធីនេះឡើងវិញ បន្ទាប់ពីត្រូវអាក់ខានប៉ុន្មានឆ្នាំ។ ឆ្នាំទៅត្រូវបានរៀបចំនូវពិធីនេះឡើងវិញ។ តាមធម្មតាសាររបស់ខ្ញុំផ្ញើជូន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស តែងតែរំលឹកពីទិវារំលឹកគុណគ្រូនេះឯង។ ឥឡូវនេះ យើងមានការរៀបំឡើងវិញ ហើយមិនមែនតែនៅទីនេះទេ យើងក៏មានទិវារំលឹកគុណគ្រូនៅកន្លែងដទៃថែមទៀត។
សម័យបាតុកម្ម
ប៉ុន្ដែ ក៏មានអ្នកដែលមិនចូលហ្វូងជាមួយគេ លឺថានៅខាងក្រៅនោះ ២០-៣០ នាក់ដែរ ដែលគេធ្វើបាតុកម្ម ដើម្បីទាមទារដំឡើងប្រាក់ខែ។ អាហ្នឹងជាសិទ្ធិរបស់គេទេ។ ប៉ុន្ដែ (គេអាច)ប្រៀបធៀបរវាងគ្រូប្រមាណជាង ១២ ម៉ឺននាក់ និងចំនួនអ្នកធ្វើបាតុកម្ម ១០០-២០០ នាក់។ មិនពេញចិត្ត ១០០-២០០ នាក់ ក៏សូមអញ្ជើញតាមចិត្តចង់ទៅចុះ។ សម័យនេះ ជាសម័យបាតុកម្ម។ ស្អែកនេះ ខ្ញុំនឹងមានវត្ដមាននៅទីក្រុងតូក្យូ។ ទៅដល់ពេលបាយល្ងាចល្មម។ លឺថាបាតុកម្មតូក្យូទៀតហើយ។ សូមអញ្ជើញ។ ទៅញ៉ូវយ៉ក គេធ្វើបាតុកម្មនៅញ៉ូវយ៉ក។ ទៅអូស្ដ្រាលី គេធ្វើបាតុកម្មនៅអូស្ដ្រាលី។ ទៅតូក្យូ គេថាគេធ្វើបាតុកម្មទៀតហើយ។ ខ្ញុំគ្រាន់តែបញ្ជាក់ជូនថា រវាងអ្នកដែលមកបាតុកម្ម និងអ្នកដែលមកទទួលខ្ញុំ ខុសគ្នារហូតដល់ ៩០% បានសេចក្ដីថា បើ ១០០ នាក់ មកទទួលខ្ញុំ ១០ នាក់ធ្វើបាតុកម្ម។ ដូច្នេះ សូមអញ្ជើញធ្វើចុះ។ អស់លុយខ្លួនឯងទេ ហើយប៉ូលីសដេញ វាស់ដីអោយដើរ។ អ្នកដែលប៉ូលីសអាមេរិកវាស់ដីអោយដើរ គឺពួកធ្វើបាតុកម្មហ្នឹង។ គេវាស់ដីអោយដើរ។ អាក្រក់មើលទៅទៀតត្រង់ប៉ូលីសអាមេរិកដេញ។ អតីតអ្នកតំណាងរាស្ដ្រស្រុកខ្មែរទៅអោយប៉ូលីសដេញនៅស្រុកអាមេរិក។ ថ្ងៃនេះ គេជួបជុំគ្នាដែរ ហើយគេដាក់ញត្ដិទាមទារដំឡើងប្រាក់ខែគ្រូបង្រៀន។ ត្រូវហើយអ្នកដែលចង់បានប្រាក់ ប៉ុន្ដែ យើងមិនមានលទ្ធភាព យើងក៏មិនអាចដោះស្រាយបាន។
“គុណភាពភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”
ខ្ញុំបកមកប្រធានបទ ដែលទាក់ទងជាមួយគ្រូបង្រៀនរបស់យើង។ ប្រធានបទនៅឆ្នាំនេះ គឺពិតជាល្អ។ ខ្ញុំគិតថា ប្រធានបទនេះ មិនត្រឹមតែជាប្រធានបទ ១ ឆ្នាំ ឬ ២ ឆ្នាំទេ ក៏ប៉ុន្ដែ ប្រធានបទនេះ ស្ថិតស្ថិរចីរកាល “គុណភាពភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។ រឿងនេះ វាច្បាស់ជាអញ្ចឹង “បើគ្រូពូកែ សិស្សច្បាស់ជាពូកែ បើគ្រូអន់ សិស្សក៏អន់តាមហ្នឹងដែរ”។ ប៉ុន្ដែ ជាអកុសល ប្រទេសរបស់យើងមានមួយចំនួនណានោះ “នៅពេលដែលកូនរៀនពូកែ ថាពូជអញវាគ្រាន់ មិនមែនមកពីគ្រូទេ ដល់កូនរៀនខ្សោយ ថាគ្រូហ្នឹងវាមិនកើត”។
ដូច្នេះ គ្រូត្រូវរ៉ាប់រងទាំងអស់ ជាមួយនឹងគុណសម្បត្ដិមិនសូវបានទទួលទេ ឯគុណវិបត្ដិទៅវិញតែងតែធ្លាក់មកលើខ្លួន។ សូមមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ មេត្ដាមើលអោយឃើញអំពីគុណសម្បត្ដិរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជា គុណសម្បត្ដិរបស់លោកគ្រូ អ្នកគ្រូរបស់យើង។ គ្មានអ្នកណាមួយគ្មានគ្រូនោះទេ។ សូម្បីតែគ្រូអូមអាម ក៏មានគ្រូដែរ។ គ្រូទាយ ក៏មានគ្រូដែរ។ របៀបទាយយ៉ាងម៉េចអីយ៉ាងម៉េច។ អោយមើលឃើញពីគុណសម្បត្ដិរបស់គ្រូ។ ខ្ញុំក៏ធ្លាប់បាននិយាយដែរ “អោយតែកូនរៀនពូកែ ថាពូជអញវាគ្រាន់ ដល់កូនរៀនអន់ ថាគ្រូនឹងវាអត់ពូកែ គ្រូនឹងមិនយកចិត្តទុកដាក់”។
ខ្ញុំនិយាយរឿងមួយដែលធ្លាប់និយាយលេង (មាន)អ៊ំម្នាក់ គេសួរថា លឺថាក្មួយអ៊ំធ្វើចៅហ្វាយស្រុក? អើ! ពូជអញវាអញ្ចឹង។ ក្មួយអ៊ំដូចពាក់សក្ដិ ៥ ទាហាន? ពូជអញអញ្ចឹង។ ក្មួយអ៊ំមួយទៀតដូចធ្វើវេជ្ជបណ្ឌិត? អើ! ពូជអញវាអញ្ចឹង។ ដល់អាចុងក្រោយថា ក្មួយអ៊ំឯងមួយដូចកំពុងជាប់គុក? កុំនិយាយអាហ្នឹង។ វាទៅជារឿងអញ្ចឹង។ ចុះបើទទួលទៅ អាជាប់គុកក៏វាសាច់ញាតិ អាធ្វើធំក៏សាច់ញាតិ ក៏ប៉ុន្ដែ យើងបកស្រាយទៅ ដូងមានតក់មាននាឡិ។ សូម្បីតែក្មួយខ្ញុំបង្កើតកំពុងនៅក្នុងគុកម្នាក់(ដែរ) តែមិនស្រួលវានៅក្រៅគុកមិនដឹង។ លឺថាឧទ្ធរណ៍យកកាត់ពេលណាមួយ។ ក្មួយបង្កើតក៏ត្រូវចូលគុកដែ។ អាហ្នឹង គឺច្បាប់។ មិនអាចលើកលែងទេ។ គេហាមបាញ់ ឯងទៅរកបាញ់។ វាត្រូវតែជាប់គុក។ ខ្ញុំក៏មានក្មួយមានកូន វាក៏ធ្វើអំពើល្អ។ អញ្ចឹង ដូងវាមានតក់មាននាឡិ។
គ្រូមិនអាចក្លាយជាសេដ្ឋី ឬអ្នកមាន តែបង្រៀនកូនសិស្សអោយក្លាយជាសេដ្ឋី
តាមរយៈទិវានេះ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងទាំងចាស់ទាំងក្មេងនឹកដល់គ្រូរបស់យើង។ ដូចដែលកំណាព្យអម្បាញ់ម៉ិញ សូមអរគុណជាមួយនឹង លោក ស៊ុយ វ៉ាន់ស័ក្ដិ ដែលបាននិពន្ធបានយ៉ាងល្អ អំពីគុណតម្លៃនៃគ្រូបង្រៀន។ សូមថ្លែងនូវការកោតសរសើរចំពោះក្មួយស្រី យ៉ង់ រ៉ានី ដែលបានស្មូតដ៏ល្អ។ ប្រហែលជាគ្រូ យ៉ាន់ បូរិន មកធ្វើមេប្រយោគទេ? អូ! បើលោកគ្រូ យ៉ាន់ បូរិន មកធ្វើមេប្រយោគអោយបានជាប់ហើយ បានសេចក្ដីថា ខ្លាំងហើយអាហ្នឹង គឺច្បាស់ជាអញ្ចឹង។ ព្រោះជាសាស្រ្ដាចារ្យផ្នែកខាងស្មូតនៅប្រទេសរបស់យើង។ យើងក្រឡេកមើល គ្រូណាមួយធ្វើអ្នកមាន ធ្វើសេដ្ឋី? អត់ទេ។ បង្រៀនកូនសិស្សអោយធ្វើសេដ្ឋី ប៉ុន្ដែ ខ្លួនឯងជំពាក់ថ្លៃបោះពុម្ពសៀវភៅ។ យើងពិនិត្យមើលកន្លែងហ្នឹង។ អ្នកទាំងអស់គ្នានៅខាងលើនេះ សុទ្ធតែ ឯកឧត្តម លោកជំទាវ ទាំងអស់ គាត់សុទ្ធតែជាកូនសិស្សរបស់គ្រូ។ ប៉ុន្ដែ ក្លាយទៅជា សម្ដេច ឯកឧត្តម លោកជំទាវ អស់ទៅហើយ។ ខ្លះទៅជាសេដ្ឋី ពាណិជ្ជករ អាជីវករ រឿងនេះ/នោះ រាប់មិនអស់ទេ។ គ្រូបង្រៀននៅតែជាគ្រូបង្រៀនដដែលហ្នឹង។ បានសេចក្ដីថា ទ្រព្យសម្បត្ដិគ្រូបង្រៀនបានចែកអោយទៅចំពោះកូនសិស្សទាំងអស់ កូនសិស្សយកទៅធ្វើមានធ្វើបាន។
ចាប់ផ្ដើមពី គ្រូដឹកដៃកូនសិស្សចូលសាលា និងការពារសិស្ស
ខ្ញុំឧស្សហ៍បើកមើលហ្វេសប៊ុកទាក់ទងនឹងការបង្រៀន ហើយដែលបានបង្ហោះទៅតាមហ្វេសប៊ុក ខ្ញុំគិតថា ការចែករំលែកនោះ វិធីចែករំលែក អំពីភាពជោគជ័យរបស់អ្នកដែលបានទទួលជោគជ័យនៅក្នុងដំណើរជីវិត។ ជារឿងល្អណាស់។ យើងចាប់ផ្ដើមពីអ្វី? ចាប់ផ្ដើមពីគ្រូដឹកដៃកូនសិស្សចូលសាលា។ ការពារសិស្សក្នុងស្ថានភាពដែលមានបញ្ហា។ ខ្ញុំពិតជាមានការគោរពទៅលើវីរភាពទាំងឡាយរបស់គ្រូ តាំងពីពេលដែលខ្ញុំនៅក្មេងខ្ចី។ ស្រុកខ្ញុំគ្មានសាលារៀនទេ។ មានតែ ៣ ថ្នាក់ដំបូង។ បន្ទាប់ទៅមាន ៦ ថ្នាក់។ សាលាទាំងនោះ មិនមែនរាជការជាអ្នកធ្វើទេ។ រាជការបានត្រឹមតែផ្គត់ផ្គង់គ្រូបង្រៀនតែប៉ុណ្ណោះ។ ប៉ុន្ដែ ឪពុកម្ដាយរបស់សិស្សទេ ដែលជាអ្នកនាំគ្នាសន្សំឈើ។ បើនិយាយពីជញ្ជាំងវិញ គេធ្វើពីប៉ាតង់។ កូនសិស្សម្នាក់ត្រូវគ្រូដាក់កម្រិត (អាស្រ័យ)តាមតម្រូវការ។ ជួនកាលកូនសិស្សម្នាក់ប៉ាតង់ ១, ២ ឬ ៣ សន្លឹក។ ឪពុកខ្ញុំដោយសារតែកូនគាត់ច្រើនដែលត្រូវរៀន គាត់ត្រូវសាប់ប៉ាតង់ហាល ត្រាំទឹកអោយស្អាត ដើម្បីយកមកធ្វើ។ ប៉ុន្តែ ដំបូលធ្លុះធ្លាយនោះ នៅពេលដែលភ្លៀងខ្លាំង គ្រូនាំកូនសិស្សដើម្បីទៅជ្រក … ភាពរងារបស់កូនសិស្សនោះ ដែលលោកគ្រូត្រូវរ៉ាប់រង។ ហ្នឹងដំណាក់កាលមួយ។
ដំណាក់កាលសង្គ្រាម គ្រូមានទំនួលខុសត្រូវខ្ពស់ទៅលើសុវត្ថិភាពសិស្ស
កាន់តែខ្លោចផ្សាលើសពីនោះទៅទៀត គឺដំណាក់កាលនៃសម័យសង្គ្រាម ដែលគ្រូត្រូវបង្កើនការទទួលខុសត្រូវទៅលើសុវត្ថិភាពកូនសិស្ស។ (ឆ្នាំ) ១៩៧០-១៩៧៥ មិនថាតំបន់រំដោះ ឬតំបន់ លន់ នល់ កាន់កាប់ទេ គ្រូត្រូវទទួលខុសត្រូវទៅលើសុវត្ថិភាពរបស់សិស្ស។ ក្នុងសង្គ្រាមបន្តក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៩៨ បើនិយាយអោយពេញ គ្រូត្រូវទទួលខុសត្រូវសុវត្ថិភាពរបស់សិស្ស។ សាលាទាំងឡាយនៅតំបន់ដែលមានការប្រយុទ្ធ ឬកៀកតំបន់ប្រយុទ្ធ គឺត្រូវតែមានលេណដ្ឋាន។ គ្រូត្រូវទទួលខុសត្រូវទាំងអស់ ក្នុងពេលដែលប្រាក់បៀវត្សនៅក្នុងពេលនោះតិចតួចខ្លាំងណាស់។
ចាប់ផ្តើមពី អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ
យើងចាប់ផ្តើមជាមួយនឹងដំណើរ “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” នោះហើយជាស្ថានភាពពិតរបស់កម្ពុជានាពេលនោះ។ ខ្ញុំតែងរំលឹកទៅដល់ជនបរទេសទាំងឡាយ ដែលមិនទាន់ស្គាល់កម្ពុជា ហើយមកកាន់កម្ពុជា ឃើញសកម្មភាពរស់រវើករបស់កម្ពុជានាពេលនេះ។ ខ្ញុំតែងតែរំលឹកពួកគេថា អ្នកមកលើកដំបូង ឬអ្នកមកច្រើនលើក ប្រសិនបើអ្នកមិនចាប់អារម្មណ៍ទេ អ្នកមិនដឹងថា អតីតកាលរបស់យើងខ្ញុំឈឺចាប់ប៉ុនណា។ ទីក្រុងភ្នំពេញនេះ គ្មានមនុស្សរស់នៅទេ។ យើងខ្ញុំគ្មានសាលារៀន គ្មានមន្ទីរពេទ្យ។ គ្មានផ្សារ។ គ្មានការចាយវាយប្រាក់ទេ។ ដូច្នេះ សូមកុំភ័ន្តច្រឡំថា យើងខ្ញុំចាប់ផ្តើមពីស្ថានភាពដែលមានអ្វីៗដូចគេដូចឯង។ នៅសាលានេះ ខ្ញុំនៅតែចងចាំ។ ដូច្នេះហើយបានជាអនុស្សាវរីយ៍នៅទីនេះ គឺប្រាកដណាស់ថា យើងបានរួមគ្នាចាប់ផ្តើមពីសាលាគរុកោសល្យនេះ ហើយខ្ញុំមកបង្រៀននៅទីនេះ។ បង្រៀនថ្ងៃមិនអស់ មកបង្រៀនយប់ទៀត។ ពេលនោះ គ្មានអគ្គិសនីអញ្ចឹងនោះទេ។ ម៉ាស៊ីនគូលែមួយបើករឹកៗដាក់នៅម្ខាង ហើយជិតកន្លែងយើងបង្រៀន។
ក្នុងក្របខណ្ឌអាស៊ាន កម្ពុជាឈរនៅលំដាប់ទី ៥ ជាប្រទេសមានបៀវត្សអប្បបរមាខ្ពស់ជាងគេ
ឥឡូវនេះ ស្ថានភាពវាបានផ្លាស់ប្តូរហើយ។ ពិតហើយ វាមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការរបស់យើងទេ បានជាពួកគេនោះធ្វើម៉េចអោយលឺសម្លេង។ ថ្ងៃហ្នឹងគេនឹងទារអោយឡើងបានដល់ប៉ុន្មានលានឯណោះ។ ទារទៅ។ បើទារពីប្រទេសនានាបានក៏ទារទៅ។ ប៉ុន្តែ គ្មានប្រទេសណាគេផ្តល់ជំនួយ ឬកម្ចីអោយយើង ដើម្បីបើកបៀវត្សទេ។ លទ្ធភាពសេដ្ឋកិច្ចរបស់យើងមានកម្រិត។ ប៉ុន្តែ ខ្ញុំអាចជម្រាបជូនបានថា នៅក្នុងក្របខណ្ឌអាស៊ាន អ្នកដែលមានប្រាក់ខែទាបបំផុត(អប្បបរមាខ្ពស់)ចំណាត់ថ្នាក់ទី ៥ គឺកម្ពុជា។ ទី ១. ប្រទេសសាំងហ្គាពួរ។ ទី ២. ប្រ៊ុយណេ។ ទី ៣. ម៉ាឡេស៊ី។ ទី ៤. ថៃ។ និងទី ៥ កម្ពុជា អ្នកដែលមានប្រាក់បៀវត្សទាបបំផុត ដែលមានកម្រិតខ្ពស់ជាងប្រទេសដទៃ។
នៅឆ្នាំ ២០១៩ ប្រាក់ខែអប្បបរមាកម្មករនិយោជិត មិនទាបជាង ១៨០ ដុល្លារអាមេរិក
សូម្បីព្រឹកមិញនេះ ហេតុផលដែលខ្ញុំមកយឺត ប្រហែលជាដឹងហើយថា ពេលដែលខ្ញុំទៅញូវយ៉ក តើខ្ញុំជំពាក់បំណុលនៅក្នុងប្រទេសប៉ុន្មានទៅ? ច្រើនណាស់។ ម្សិលម្ង៉ៃ និងម្សិលមិញ ត្រូវឆ្លៀតដោះស្រាយ។ ព្រឹកមិញនេះ ចុះមកនៅដោះស្រាយបន្ទាន់មួយចំនួនទៀត ក្នុងនោះ បៀវត្សកម្មករ ដែលរំពឹងថា ទុកលទ្ធភាពអោយក្រុមប្រឹក្សាអាជ្ញាកណ្តាលធ្វើការនៅថ្ងៃនេះមួយថ្ងៃ។ ក៏ប៉ុន្តែ ខ្ញុំអាចនឹងជម្រាបជូនបានថា ប្រាក់ខែទាបបំផុតរបស់កម្មករមិនទាបជាង ១៨០ ដុល្លារ សហរដ្ឋអាមេរិកទេ។ ពាក្យថា មិនទាបជាង ១៨០ បានន័យថា លើស ១៨០ (ដុល្លារអាមេរិក)ហើយ។ សហជីព ជាមួយម្ចាស់រោងចក្រ បានអនុម័ត ១៧៧ ដុល្លារ(អាមេរិក) ក៏ប៉ុន្តែ ខ្ញុំមិនទាន់ពេញចិត្តជាមួយនឹងបញ្ហានោះទេ។ យើងរាជរដ្ឋាភិបាលចរចាជាមួយនឹងម្ចាស់រោងចក្រ ដើម្បីផ្តល់នូវកម្រៃបន្ថែមទៀត។ ខាងរោងចក្រទាមទារអោយរាជរដ្ឋាភិបាលបញ្ចុះថ្លៃអគ្គិសនី។ អញ្ចឹង ថ្ងៃនេះ ត្រូវធ្វើការចរចាគ្នាបន្ថែមទៀត។ ក៏ប៉ុន្តែ ក្នុងឋានៈជានាយករដ្ឋមន្រ្តី ដែលប្រកាសកម្មវិធីបញ្ចុះថ្លៃអគ្គិសនីហើយនោះ ខ្ញុំហ៊ាននិយាយថា ប្រាក់បៀវត្សរបស់កម្មកររបស់យើងមិនទាបជាង ១៨០ ដុល្លារ(អាមេរិក)ទេ។
បៀវត្សអប្បបរមាកម្មករនិយោជិតនៅកម្ពុជាកើនឡើងខ្ពស់ជាងបណ្តាប្រទេសមួយចំនួន
បើ(យោងតាមតួលេខលំដាប់បៀវត្សអប្បបរមា) ដូច្នេះយើងទៅហួសទាំងវៀតណាមទៅទៀត។ វៀតណាមនៅចែកតំបន់។ តំបន់ខ្លះមិនដឹងថាគាត់ឡើងប៉ុន្មានទេ។ នៅពេលនេះយើងកំពុងអនុវត្ត ១៧០ ដុល្លារ(អាមេរិក)/១ ខែ។ ឆ្នាំទៅ ១៥៣ ដុល្លារ(អាមេរិក)។ ឆ្នាំនេះ ១៧០ (ដុល្លារអាមេរិក)។ ឆ្នាំក្រោយអាចឡើង ១៨០ (ដុល្លារអាមេរិក) តែក្នុងពេលដែលយើងកំពុងអនុវត្ត ១៧០ (ដុល្លារអាមេរិក) នៅវៀតណាមតំបន់ខ្លះតែ ១២៥ (ដុល្លារអាមេរិក)ទេ។ តំបន់ខ្លះឡើងជាង ២០០ (ដុល្លារអាមេរិក)។ ឥណ្ឌូនេស៊ី កន្លែងខ្លះបានតែ ១១០ (ដុល្លារអាមេរិក)ទេ។ កន្លែងខ្លះបានលើសពីហ្នឹង។ នៅឡាវបានដូចជា ១១០ (ដុល្លារអាមេរិក) ឬលើសហ្នឹងបន្តិច។ ប៉ុន្តែ សម្រាប់ការប្រៀបធៀប ឥណ្ឌា ៧៧ (ដុល្លារអាមេរិក)។ បង់ក្លាដេស ៦៧ (ដុល្លារអាមេរិក)។ ស្រីលង្ការ ៦៧ (ដុល្លារអាមេរិក)។ អញ្ចឹងទេ ប្រទេសគេពលករច្រើន ហើយការអភិវឌ្ឍរបស់គេមុនយើង ក៏ប៉ុន្តែ យើងបានទៅមុនហើយ។
ចាយជាង ៥០% ឬស្មើនឹងជិត ៧% នៃ ផសស លើបន្ទុកបុគ្គលិក
ចំណាយបន្ទុកបុគ្គលិករបស់យើង ដែលមុននេះ យើងគម្ពីរនិយមបន្តិច។ យើងហ៊ានចាយត្រឹមតែ ៤% នៃផលិតផលសរុបក្នុងស្រុក ស្មើនឹង ៤០% នៃចំណាយចរន្ត។ ប៉ុន្តែ ឥឡូវនេះ ដើម្បីបង្កើនការយកចិត្តទុកដាក់ផ្តល់ លទ្ធភាពសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង។ ការចំណាយថវិការបស់យើងឡើងទៅដល់ជាង ៥០% នៃចំណាយចរន្ត និងជិត ៧% នៃផលិតផលសរុបក្នុងស្រុក។ យើងបានចាប់ផ្តើមធ្វើកិច្ចការងារនេះហើយ។ ស្ថានភាពនៃម៉ាក្រូសេដ្ឋកិច្ច វាមិនមានបញ្ហាអ្វីចោទទេ ដោយយើងប្រឹងប្រែងគ្រប់គ្រងប្រមូលចំណូល និងគ្រប់គ្រងនូវការចំណាយ។
រក្សាបានកំណើនសេដ្ឋកិច្ច ៧%, អត្រាអតិផរណា ៣.៥%, អត្រាប្តូរប្រាក់ ៤.០៥០ រៀល/១ ដុល្លារ
សូម្បីតែរដូវបុណ្យនេះ ព្រឹកម៉ិញខ្ញុំបានបើកមើលមុនគេ ដោយសារគេយកមកដាក់តាំងពីល្ងាចនោះ តែខ្ញុំអត់មានពេល គឺចំនួនសាច់ប្រាក់នៅក្នុងរតនាគារ ទាំងប្រាក់រៀល និងប្រាក់ដុល្លារ។ ខ្ញុំមិននិយាយអំពី(ចំនួន)ជិត ១០ ពាន់លានដុល្លារ សម្រាប់ទុនបម្រុងអន្តរជាតិនោះទេ ខ្ញុំនិយាយអំពីសាច់ប្រាក់នៅក្នុងរតនាគារ ដែលរាជរដ្ឋាភិបាលអាចចាយបានភ្លាមៗ ព្រោះអ្វី? ចុងខែ កញ្ញា កន្លងទៅ គឺបើកប្រាក់ខែហើយ។ លុយចេញទៅមួយសារ។ ឥឡូវ ត្រូវចាប់បើកសម្រាប់អោយមន្រ្តីរាជការយើងខែ តុលា គឺបើកដើមខែ។ អាទិត្យទីមួយនេះ គឺចាប់បើកហើយ។ ព្រមជាមួយអា ៥ ម៉ឺនរៀល/១ ម្នាក់ សម្រាប់ឧបត្ថម្ភទៀត។ ប៉ុន្តែ អត្រាប្តូរប្រាក់លើទីផ្សារក៏មិនទាន់មានបញ្ហាទេ។ ជាធម្មតា ទោះបីយើងបើក ឬមិនបើកខែនេះ តែងតែប្រាក់រៀលរបស់យើងចុះថ្លៃបន្តិច។ ប៉ុន្តែ បន្ទាប់ទៅប្រាក់រៀលរបស់យើងតែងឡើងថ្លៃ ដែលកាលពីចូលឆ្នាំកន្លងទៅ ប្រាក់រៀលរបស់យើងចុះមកនៅក្រោម ៤.០០០ រៀល/១ ដុល្លារ។ នៅក្នុងក្របខណ្ឌ ដែលយើងកំណត់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច កំណើន ៧% អត្រាអតិផរណា ៣.៥% អត្រាប្តូរប្រាក់ ៤.០៥០ រៀល/១ ដុល្លារ។ ការវិវឌ្ឍនៃអត្រាប្តូរប្រាក់របស់យើង ក្នុងរង្វង់ ១ ដុល្លារ ជុំវិញ ៤.០៥០ រៀល មិនគួរមានអ្វីអោយព្រួយបារម្ភនោះទេ។ លទ្ធភាពរបស់យើងមានកាន់តែច្រើន តែវាមិនទាន់គ្រប់គ្រាន់ជាមួយនឹងតម្រូវការរបស់យើងទេ។ គ្មាននរណាមួយដែលចេះមានគ្រប់គ្រាន់ទេ។ ទៅសួរ Bill Gate ទៅមើល ដែលជាអ្នកមានជាងគេ តើគាត់ឈប់រកលុយឬយ៉ាងម៉េច? មួយថ្ងៃៗគាត់មិនដឹងថា ចំណេញរាប់សិបលាន ឬប៉ុន្មានរយលានទេ និយាយកុំថាដល់ទៅមួយឆ្នាំ និយាយតែមួយថ្ងៃគាត់អាចចំណេញប៉ុន្មាន? គាត់នៅតែរកប្រាក់ចំណេញដដែល។
យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ “មនុស្ស ជាអាទិភាពទី ១”
យើងនៅបន្តការខិតខំ ដើម្បីជម្រុញអោយដំណើរការកសាងអភិវឌ្ឍប្រទេសរបស់យើងទៅមុខ ក្នុងនោះ ការវិនិយោគទៅក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាចំណុចគន្លឹះ។ ផលយើងបានទទួលរួចមកហើយ មិនមែនទើបនឹងចាប់ផ្តើមទទួលនោះទេ។ ចាប់ពីដើមអាណត្តិទី ៥ យើងបានយកមុំអំពី “ធនធានមនុស្ស” ធ្វើជាមុំទី ១ ។ ពីមុននេះនិយាយពី “ទឹក ផ្លូវ ភ្លើង មនុស្ស” ដែលក្រោយមកយើងយក “មនុស្ស” ធ្វើជាមុំទី ១ តែម្តង។ ឥឡូវ បន្តចូលមកអាណត្តិថ្មីនេះ យើងដាក់មុំទី ១ តទៅទៀត ហើយមុំទី ១ មិនមែនគ្រាន់តែមុំទី ១ អោយល្អមើលទេ។ តែមុំទី ១ គឺបង្កើនការវិនិយោគទៅលើវិស័យអប់រំ។ បញ្ហាធនធានមនុស្ស។ បញ្ហាមនុស្សនៅតែជាបញ្ហាកំណត់ជោគវាសនារបស់ប្រទេសរបស់យើង។
បង្កើនការវិនិយោគទៅលើវិស័យទាក់ទងទៅនឹងមនុស្ស
សូម្បីតែការវិនិយោគ បង្កើនទៅលើការវិនិយោគក្នុងវិស័យសុខាភិបាល ក៏ជាផ្នែកនៃការវិនិយោគសម្រាប់មនុស្សដែរ។ លោកគ្រូ អ្នកគ្រូ ឯកឧត្តម លោកជំទាវ អ្នកទាំងអស់គ្នាបានដឹងហើយថា ការផ្តល់ថវិកា សម្រាប់កម្មការនីដែលមានផ្ទែពោះ និងឆ្លងទន្លេ នឹងឈានទៅអនុវត្តនៅឆ្នាំ ២០១៩ ខាងមុខ ទៅលើស្រ្តីដែលចាប់ផ្តើមពីមានផ្ទៃពោះ រហូតទៅដល់កូនមានអាយុ ២ ឆ្នាំ តើសំដៅដើម្បីអ្វី? គឺដើម្បីមនុស្ស។ ទាំងមនុស្សចាស់ ដែលពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាស្លាប់មាតា និងទារក។ បង្កើនអាហារូបត្ថម្ភ ហើយយើងចង់អោយកុមារា កុមារី ទារករបស់យើង កើតឡើងវាមានសុខភាពល្អ ជាមួយនឹងការឧបត្ថម្ភរបស់រដ្ឋទៅលើស្ត្រីដែលជាជនក្រីក្រ។ យើងបន្តការវិនិយោគកាន់តែច្រើនទៀត ទៅក្នុងវិស័យអប់រំនេះ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀនរបស់យើងអោយកាន់តែប្រសើរ តាមរយៈការគ្រប់គ្រង និងកែទម្រង់ផ្សេងៗដែល ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើង តាមរយៈការបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់អោយវិស័យអប់រំរបស់យើង។
គ្រូគួរតែមានមោទនភាព សិស្សត្រូវដឹងគុណលោក/អ្នកគ្រូ
ដូច្នេះសូម លោកគ្រូ អ្នកគ្រូ កុំតូចចិត្តអី កូនសិស្សរបស់លោកគ្រូ អ្នកគ្រូ បានក្លាយទៅជាពាណិជ្ជករ ក្លាយទៅជាអ្នកវិនិយោគ ក្លាយទៅជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្លាយទៅជាចៅហ្វាយខេត្ត កុំតូចចិត្តអី។ ប៉ុន្តែ ផ្ទុយទៅវិញត្រូវមានមោទនភាព។ ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់នោះ ក៏ត្រូវនឹកឃើញដល់គ្រូ ដែលបានជួយណែនាំយើងតាំងពីតូច តាំងពីដើមមក។ សង្ឃឹមយ៉ាងដូច្នេះ នេះវាមានទៅមានមក។ ប្រហែលជាក្នុង ១ ម៉ឺននាក់ មានម្នាក់តែប៉ុណ្ណោះ ដែលនិយាយថា មិនដឹងជាស្អីទេគ្រូឯង បង្រៀនខ្ញុំតាំងពីថ្នាក់ទី ១ ឥឡូវ ខ្ញុំចប់បរិញ្ញាគ្រូឯងនៅតែបង្រៀនបឋមដដែល។ ខ្ញុំថា អាហ្នឹង ១ ម៉ឺន មានមួយទៅចុះ ព្រោះវាតែងតែមានអាធុនហ្នឹង។ គាត់មិនព្រមវិវត្តទៅណាសោះ។ បង្រៀនអញតាំងពីថ្នាក់ទី ១ ឥឡូវ គាត់នៅតែបង្រៀននៅបឋមដដែល។ នេះគឺជាការគិតគូខុស។ បើគ្មានអាថ្នាក់ទី១ ទេ វាគ្មានអាថ្នាក់ទី ២ ទេ ឡើងកាំជណ្តើរក៏អញ្ចឹងដែរ។ វាទាល់តែមានអាថ្នាក់ទី ១ មក អាហ្នឹងទើបបាន។
ត្រូវប្រយ័ត្នជាមួយរឿងគ្រឿងម៉ាស៊ីន
ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា ផ្នែកអប់រំទាំងអស់ និងផ្នែកពាក់ព័ន្ធនានា ដែលបានចាត់តាំងការប្រឡងក្នុងរយៈពេលកន្លងទៅបានជោគជ័យ។ មានការខុសឆ្គងនៅក្នុងការបូកពិន្ទុដោយកុំព្យូទ័រ។ អញ្ចឹង ត្រូវប្រយ័ត្នជាមួយនឹងអាគ្រឿងម៉ាស៊ីន។ សូម្បីតែយប់ម៉ិញ ៣ ថ្ងៃហើយ ខ្ញុំ Download វាមិនរួច។ Download អី? ខ្ញុំ Download ចម្រៀង។ កម្មវិធីនេះ Download វាមិនចេញ។ ដល់អញ្ចឹងទៅក៏ហៅទូរស័ព្ទទៅរកអ្នកបច្ចេកទេស។ ឥឡូវ វាអោយយើង Download កាន់តែស្រួលទៅទៀត។ ភ្ជាប់ពីយូធូបចូលទៅអាធូបល់។ អាហ្នឹងគ្រឿងម៉ាស៊ីន។ បើសិនជាយើងមិនព្រមរកអ្នកបច្ចេកទេស យើងនៅតែយកវាមិនចេញ ធ្វើម៉េចបើវាអត់ចេញ។ អញ្ចឹង បានជាគ្រឿងម៉ាស៊ីននេះត្រូវប្រយ័ត្នវាបន្តិច។ យើងបានរកឃើញកំហុសភ្លាមៗ ហើយរដ្ឋមន្ត្រីក្រសួងអប់រំចេញមុខសុំទោស ចំពោះសិស្សានុសិស្ស ក៏ដូចជា ប្រជាពលរដ្ឋ។
ឆ្នាំនេះអត់បាននៅភ្ជុំ
ឥឡូវ អ្នកជាប់និទ្ទេស A ខ្ញុំគិតថា ប្រហែលជាត្រូវរង់ចាំខ្ញុំត្រឡប់មកពីអឺរ៉ុប។ ឥឡូវ ខ្ញុំត្រូវចេញព្រឹកស្អែក។ ថ្ងៃភ្ជុំទី ៩ (តុលា) ខ្ញុំនៅតូក្យូទេ អត់បានភ្ជុំទេឆ្នាំនេះ។ បានទៅវត្តចំពុះក្អែកម្សិលម្ង៉ៃហ្នឹង គឺថា បានមួយព្រឹកដែរ។ ចេញពីតូក្យូត្រូវចុះមកនៅកោះបាលី។ ត្រូវប្រជុំជាមួយបណ្តាប្រមុខរដ្ឋអាស៊ាន ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុធំៗ។ ថ្ងៃ ១២ មកដល់ប្រទេស។ ថ្ងៃ ១៧ ត្រូវហោះចេញទៅប្រ៊ុចសែ្សល ប្រជុំអាស៊ី-អឺរ៉ុប ពីថ្ងៃទី ១៨-២០។ ថ្ងៃ ២០-២២ ទស្សនកិច្ចនៅតួគី។ ដល់ថ្ងៃ ២២-២៥ ត្រូវប្រជុំចូលរួមសន្និសីត ស្តីពីពាណិជ្ជកម្មនៅហ្សឺណែវ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃ ២៥ ល្ងាច អាចមកដល់ រួចហើយប្រជុំច្បាប់ហិរញ្ញវត្ថុ។
អាចជួបសិស្សនិទ្ទេស A នៅដើមខែ វិច្ឆិកា
យើងអាចជួបសិស្សនិទ្ទេស A នៅដើមខែ វិច្ឆិកា។ ចាំមើលខ្ញុំកំណត់កម្មវិធី។ ឥឡូវ Ipad ស្អីៗនឹងទិញមកដល់អស់ហើយ។ ដាក់ចូលក្នុងឃ្លាំងអស់ហើយ។ ឧបត្ថម្ភដូចពីមុនអញ្ចឹង។ អានេះជំពាក់តែធ្វើម្តងហើយធ្វើរហូត។ អញ្ចឹងបានថា កម្មវិធីអីមួយតែយើងបង្កើតហើយត្រូវតែបន្ត។ ប៉ុន្តែ ខ្ញុំមិនអាចបន្តជាមួយនឹងអាហារូបករណ៍ដូចកាលពីជំនាន់ជាប់ ១១ នាក់ នោះទេ។ កាលនោះនិទ្ទេស A ជាប់តែ ១១ នាក់ទេ។ អញ្ចឹង ខ្ញុំចេញអាហារូបករណ៍អោយរៀនតែម្តង។ ឥឡូវ អ្នកខ្លះទៅរៀននៅថៃ ខ្លះទៅរៀននៅបារាំង ខ្លះទៅរៀននៅរុស្ស៊ី ក៏ប៉ុន្តែ គេសុំបើកលុយ។ សុំបើកផ្តាច់។ អាហារូបករណ៍របស់ខ្ញុំៗអោយ ១ ឆ្នាំ ១.២០០ ដុល្លារ(អាមេរិក)។ ខ្ញុំអោយសិស្សកាលពីជំនាន់នោះ។ ឯមួយចំនួនទៀតកំពុងរៀននៅក្នុងស្រុក ហើយរស់នៅអន្តេវាសិកនៅសាលាតិចណូ។ ខ្លះរៀននៅសាលាពេទ្យ។ អញ្ចឹង ត្រូវបង់ថ្លៃអោយរៀន ហើយបើកកុងមួយបញ្ជូនលុយទៅ។ ដល់ក្រោយមក ខ្ញុំផ្តល់ជំនួយម្តងតែប៉ុណ្ណោះ (ដើម្បី)លើកទឹកចិត្ត។ អញ្ចឹង កម្មវិធីនេះ ខ្ញុំធ្វើរហូតដល់ខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រី។ ប្រឹងអោយជាប់និទ្ទេស A មក អាហ្នឹងបានហើយ។ ក៏ប៉ុន្តែ មានក្មួយៗខ្លះគាត់ប្រហែលជាចង់និយាយលេងផងអីផង គាត់ថា និទ្ទេស A ខុសត្រូវគ្នាបន្តិចជាមួយនិទ្ទេស B។ អញ្ចឹង គួរតែប្រមូលទាំង B ទៀត។ អញ្ចឹង បើយើងបើកនិទ្ទេស B មក វាមកអា C ហើយ … Ipad មួយគ្រឿងប៉ុន្មាន(តម្លៃ)៨០០ ដុល្លារ(អាមេរិក) យើងគិតនឹង ៤០០ នាក់ ទៅវាចេញប៉ុន្មាន? អញ្ចឹង ត្រូវផ្តល់អោយពួកគេដូចៗគ្នា។ ខ្ញុំនឹងធ្វើកិច្ចការនេះបន្ត។
ដំណើរជីវិតផ្សារភ្ជាប់ជាមួយដំណើរជាតិកម្ពុជា
ចំណងទាក់ទង រវាងដំណើរជាតិកម្ពុជាជាមួយជីវិតរបស់ខ្ញុំ វាជាប់គ្នាខ្លាំងណាស់។ បុណ្យទិវារំលឹកគុណគ្រូក៏មានបាតដៃ ហ៊ុន សែន នៅហ្នឹង។ អ្នកបង្កើតដើម្បីអោយមានទិវារំលឹកគុណគ្រូនៅស្រុកខ្មែរ។ អញ្ចឹងទេ វាមានចំណងទាក់ទងគ្នាខ្លាំងណាស់។ អញ្ចឹង គេនិយាយត្រូវហើយ ស្អីក៏ ហ៊ុន សែនៗ ចុះបើ ហ៊ុន សែន ធ្វើមែន ឥឡូវ អោយនិយាយថាម៉េច? សន្តិភាពដែលរកបាន បើ ហ៊ុន សែន ធ្វើមែន ឥឡូវ អោយអ្នកឯងនិយាយថាម៉េច? អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស បើពេលហ្នឹង ហ៊ុន សែន មិនចុះ ដោយយកហេតុផលថា នៅទីក្រុងភ្នំពេញ សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន មិនឯកភាពកិច្ចព្រមព្រៀងក្រុងប៉ារីសមានឬអត់? វាអត់។ អ្នកទៅចូលរួមចរចាជាមួយខ្ញុំ សម្តេច ទៀ បាញ់, ឯកឧត្តម ហោ ណាំហុង មានមនុស្សមួយគគោក ដែលទៅចរចាជាមួយខ្ញុំ។
មានផែនការកាត់ផ្តាច់ខ្មែរក្រហមជាកង់ៗ មិនអោយមានអាសនក្នុងសភា
ខ្ញុំបើករង្វង់ក្រចកនិយាយបន្តិចទៅ ព្រោះវាជិតដល់កិច្ចព្រមព្រៀងប៉ារីសអីដែរ។ ២៣ តុលា វាជិតដល់ពេលនោះដែរ។ រឿងចំណុចដែលវាអត់ត្រូវគ្នា វាមានចំណុចមួយចំនួន។ រឿងទាក់ទិនជាមួយនឹងប្រព័ន្ធបោះឆ្នោត គឺរឿងមួយហើយ។ ប្រទេសធំទាំង ៥ ស្នើប្រព័ន្ធសមាមាត្រទូទាំងប្រទេស យើងស្នើប្រព័ន្ធឯកត្តនាម។ ដល់ទៅញ៉ូវយក ការស្រុះស្រួល គឺនៅត្រឹមប្រព័ន្ធសមាមាត្រតាមខេត្ត ដែលកំពុងអនុវត្តរាល់ថ្ងៃនេះ។ អាហ្នឹងនិយាយអោយវាច្បាស់បន្តិច។ ផែនការរបស់ខ្ញុំកាត់ផ្តាច់ខ្មែរក្រហមជាកង់ៗ មិនអោយខ្មែរក្រហមមានអាសនក្នុងសភាទេ។ និយាយអោយវាពិត អោយចេញអោយអស់តែម្តងទៅ។ ព្រោះបើពេលនោះបោះឆ្នោតប្រព័ន្ធសមាមាត្រទូទាំងប្រទេស ខ្មែរក្រហមមានកៅអីក្នុងសភា។ ខ្ញុំតែងនិយាយថា “ក្រពើក្នុងទឹកបងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល។ ក្របីក្នុងទឹកបងមិនហ៊ានដេញ បើក្របីដើរចេញបងដេញអោយស្រីមើល”។ បើសិនជាខ្មែរក្រហមនៅជាអង្គការចាត់តាំងនយោបាយមួយ ចូលរួមបោះឆ្នោត សួរថា អ្នកណាទាមទារអោយកាត់ទោសខ្មែរក្រហម? ទាល់តែ ហ៊ុន សែន យកខ្មែរក្រហមចេញអស់ពីព្រៃ។
ជូនសារបីទៅដល់ទ័ពខ្មែរក្រហម ប្រជាពលរដ្ឋ និងបរទេស
ក្នុងប្រវត្តិសាស្ត្រលើលោកីយ៍នេះ អត់ទាន់ប្រទេសណាមួយបញ្ចប់សង្គ្រាម តាមរយៈប្រធានាធិបតី នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីទាំងមូល មកចុះចូលដល់ផ្ទះទេ? បើកមើលក្នុងទំព័រប្រវត្តិសង្គ្រាមលើពិភពលោកទៅ។ តែខ្ញុំសុខចិត្តទទួល ខៀវ សំផន, នួន ជា អោយបាយមួយពេល រួចហើយមួយគ្រួសារ(អោយ)អស់ ១ ម៉ឺនដុល្លារ(អាមេរិក)ទៀត។ ខៀវ សំផន ថ្ងៃណាក៏ជេខ្ញុំដែរកាលពីមុននោះ។ ប្រជុំម្ដង ខៀវ សំផន មិនបានជេខ្ញុំ ៥ ដង គឺ ខៀវ សំផន មិនអស់ចិត្តទេ។ ដើម្បីបង្រួបបង្រួមជាតិ ហើយខ្ញុំក៏ចង់ជូនសារតាមរយៈ(ការដែល)ខៀវ សំផន, នួន ជា មកចូលដល់ផ្ទះថា៖ ទី ១. ជូនសារទៅកម្លាំងប្រដាប់អាវុធ ដែលនៅសេសសល់ ព្រោះពេលហ្នឹង តាម៉ុក មិនទាន់ចេញទេ។ ថាអោយអ្នកឯងចេញមក ព្រោះមេអ្នកឯងមកដល់ផ្ទះខ្ញុំហើយ។ ទី ២. សារជូនទៅប្រជាជនកម្ពុជា ដើម្បីអោយដឹងថា សង្គ្រាមបានបញ្ចប់ហើយ។ ឯទី ៣. សារទៅកាន់បរទេសទាំងឡាយថា សូមអញ្ជើញមកវិនិយោគ និងទេសចរណ៍នៅកម្ពុជា កម្ពុជាចប់សង្គ្រាមហើយ។ ២០ ឆ្នាំហើយ។ បន្តិចទៀតយើងធ្វើបុណ្យអោយធំ។ ខួប ២០ ឆ្នាំនៃសន្តិភាព និងការឯកភាពទឹកដីលើកដំបូងក្នុងប្រវត្តិរបស់កម្ពុជា។
SNC ធ្វើការតាមកុងសង់ស៊ីស
នឹងរឿងប្រព័ន្ធបោះឆ្នោត ដែលមុននេះ នៅក្នុងពង្រាងរបស់ប្រទេសធំទាំង ៥ ដាក់ប្រព័ន្ធសមាមាត្រទូទាំងប្រទេស។ នៅប៉ាតាយ៉ា ត្រីភាគីគាំទ្រដោយគ្មានលក្ខខណ្ឌ។ យើងដាក់ប្រព័ន្ធឯកត្តនាម ដែលលោកតា សឺន សាន ថាដាក់ប្រព័ន្ធឯកត្តនាមមក យកតែអាចារ្យមកក៏ឈ្នះដែរ។ ខ្លាចយើងដាក់អាចារ្យវត្ត។ ប៉ុន្តែ យើងបានគិតគូប្រព័ន្ធឯកត្តនាមតាមខេត្ត គឺសមស្របដែលយើងកំពុងអនុវត្ត។ ប៉ុន្តែ នៅមានរឿងមួយដែលខ្ញុំគិតថា ព្រះករុណា ព្រះបិតា យកកខ្ញុំទៅលើជ្រុញតែម្ដង។ សុំព្រះរាជទានទោស ព្រះករុណា ព្រះបិតា នៅត្រង់អី? ត្រង់គេកំណត់តួនាទី និងសេចក្ដីសម្រេចរបស់ SNC នៅក្នុងសេចក្ដីសម្រេចមួយ មើលនៅក្នុងកិច្ចព្រមព្រៀង ព្រោះមានអ្នកខ្លះនិយាយកិច្ចព្រមព្រៀងប៉ារីសពូកែនោះ។ ប៉ុន្តែ មិនដឹងថា កិច្ចព្រមព្រៀងប៉ារីសចែងពីអីផងទេ។ អត់បានមើលផង។
ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេនិយាយចេះ ពង្រាងដើម SNC ធ្វើការតាមកុងសង់ស៊ីស ក្នុងករណីគ្មានកុងសង់ស៊ីស ប្រធានអ៊ុនតាក់ជាអ្នកសម្រេច។ ចំណុចនេះ យើងស្នើសុំអោយមានការកែប្រែ ដោយដាក់ថា SNC ត្រូវធ្វើការតាមកុងសង់ស៊ីស ក្នុងករណីគ្មានកុងសង់ស៊ីស ប្រធាន SNC ជាអ្នកសម្រេច។ មានន័យថា យើងថ្វាយនូវព្រះរាជតួនាទីសម្រេចចុងក្រោយ គឺព្រះករុណាបិតា។ អត់ឯកភាពគ្នាលើកន្លែងហ្នឹង ស្រាប់តែទៅដល់ថ្ងៃចូលទៅក្នុងក្រុមប្រឹក្សាសន្តិសុខ ស្រាប់ទៅដល់ឃើញលិខិតរបស់ព្រះករុណាមួយសន្លឹក គោរពជូនឯកឧត្តម ប៉េរ៉េ ដេគូអេយ៉ា ពេលហ្នឹងមិនមែន ប៊ូត្រូស ប៊ូត្រូស ហ្កាលី ទេ។ ចំណុចទាក់ទងនឹងសិទ្ធសម្រេចរបស់ SNC អាស្រ័យលើ ឯកឧត្តម ហ៊ុន សែន។ ដូចយកកអាត្មាទៅដាក់លើជ្រុញ។
រឿងសុំអង្គុយតាមអាយុ
ចូលទៅដល់ក្រុមប្រឹក្សាសន្តិសុខហើយៗពេលនឹងហើយ លោកតា សឺន សាន ស្នើសុំអង្គុយតាមអាយុ ទាល់តែខ្ញុំស្ដីអោយតើ។ អញ្ចេះ នៅប៉ារីស អង្គុយតាមអាយុ ព្រោះបើអង្គុយទៅតាមលំដាប់អក្សរ ស្អីគេហៅ Alphabetic ស្អីគេនោះ វាត្រូវខាងយើងនេះសុទ្ធតែត្រូវអង្គុយកណ្ដាលទាំងអស់។ អក្សរ D មិន ឌិត មុន្ទី, ហោ ណាំហុង, ហ៊ុន សែន អីបន្តគ្នាចឹងទៅ។ ឯព្រះករុណាក៏ទៅក្រោយ។ សឺន សាន ក៏ទៅក្រោយ។ អញ្ចឹងទេ ក៏បានស្រុះស្រួលគ្នាថា អង្គុយតាមអាយុ។ នៅក្នុងសន្និសិទ្ធប៉ារីស ពេលដែល ខ្លូត ម៉ាតាំង ដែលជាប្រធាននាយកដ្ឋានអាស៊ីរបស់ប៉ារាំងពេលនោះ យកអាផ្លាកមកអោយ ខ្ញុំបាននិយាយជាមួយ ខ្លូត ម៉ាតាំង លើចំណុច ២។ ទី ១. ឯកឧត្តម ពេលដែលយកប្រឡៅកនឹងមកអោយខ្ញុំៗនឹកឃើញប្រជាជនខ្ញុំមុនពេលដែលគេសម្លាប់នៅទួលស្លែង។ គេថតរូបទុក។ ដល់ខ្ញុំពាក់ទៅវាដូចណាស់។ ទី ២. ឯកឧត្តម ដាក់នឹងខុសហើយ ដេលេកាស្យុង ដឺ មែស្យឺ ហ៊ុន សែន។ អត់ត្រូវទេ។ ដាក់ថាគណៈប្រតិភូអាយុ ៧៧ ឆ្នាំ។ គណៈប្រតិភូអាយុ ៦៧ ឆ្នាំ។ គណៈប្រតិភូអាយុ ៥៧ ឆ្នាំ។ គណៈប្រតិភូអាយុ ៣៧ ឆ្នាំ ព្រោះចុង ៧ ទាំងអស់ លោកតា សឺន សាន ៧៧ ឆ្នាំ។ ព្រះករុណា ៦៧។ ខៀវ សំផន ៥៧ ឆ្នាំ។ ខ្ញុំ ៣៧ ឆ្នាំ។ ៧ ទាំងអស់ … ទៅដល់អង្គការសហប្រជាជាតិ សឺន សាន ស្នើចូល។ ទៅដល់មិនដឹងអង្គុយត្រង់ណាទេ គេអត់ដាក់ឈ្មោះផង។ សឺន សាន ស្នើសុំទៅព្រះករុណាថា ស្នើសុំអង្គុយតាមអាយុ។ ខ្ញុំអត់ធ្វើដឹងធ្វើលឺទេ។ ព្រះករុណាថា សួរឯកឧត្តម ហ៊ុន សែន ទៅ? សឺន សាន ថា ឯកឧត្តមៗ គាត់និយាយមិនសូវច្បាស់រដឺនៗ អង្គុយតាមអាយុដូចនៅប៉ារីសទៀតទៅ។ ខ្ញុំថានែឯកឧត្តម! កន្លែងនេះ គឺកន្លែងធំជាងគេ កំណត់តាមលំដាប់អក្សរហើយ …។
អ្វីដែលខ្ញុំសម្រេចហើយ គឺភ្នំពេញសម្រេច
ឥឡូវ ងាកមកអានេះ ដាក់អង្គុយក៏ឃើញអាហ្នឹង។ ពេលហ្នឹង ប៉េរ៉េ ដេគូអេយ៉ា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសួរមកខ្ញុំ។ តើចំណុចនេះ ឯកឧត្តម ហ៊ុន សែន មានយោបល់យ៉ាងម៉េច? ខ្ញុំថា ខ្ញុំអត់មានជម្រើសក្រៅតែពីគាំទ្រទេ។ អាមេរិចអត់អស់ចិត្តទេពេលហ្នឹង។ សូឡូមុង ជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិច បានអោយ កូស្តេឡូ ដែលជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អូស្ត្រាលី ទៅស៊ីបាយជាមួយខ្ញុំ។ ពេលព្រឹក ខ្ញុំនៅសណ្ឋាគារសែលស្វីស ជាសណ្ឋាគារមូយដែលអន់ ក្នុងពេលដែលត្រីភាគីទៅនៅសណ្ឋាគារផ្កាយ ៥ ដើម្បីសន្សំលុយ។ ពេលនឹងទៅស៊ីបាយពេលព្រឹក កូស្តេឡូ ថា អ្វីដែលឯកឧត្តមនិយាយពីម្សិល តើយកជាការបានទេ? ខ្ញុំថានែឯឧត្តម! សម្រាប់ខ្ញុំ … អ្វីដែលខ្ញុំសម្រេចហើយ គឺភ្នំពេញសម្រេច។
អ៊ុនតាក់ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតតែឯង
អញ្ចឹង បានជារឿងរ៉ាវកើតឡើង។ អាពេលដែលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត អ៊ុនតាក់ធ្វើតែឯង លួចតែម្ដង។ អានេះលួច។ សើរើឡើងវិញអារឿងហ្នឹងបើសិនជាចង់សើរើ។ ច្បាប់បោះឆ្នោតសម្រេចដោយ SNC សម្រេចបូកអ៊ុនតាក់ ដល់ទៅធ្វើវិសោធនកម្ម អ៊ុនតាក់ធ្វើតែឯង។ ធ្វើវិសោធនកម្មកន្លែងណា? ធ្វើវិសោធនកម្មដកចេញនូវកន្លែងមាត្រាដែលចែងស្តីអំពី គេហៅថា ភ្នាក់ងារគណបក្សមានសិទ្ធបោះឆ្នោតលើហិបឆ្នោត រួចហើយបង្កើតបន្ទាយសុវត្ថិភាព សម្រាប់ដាក់សន្លឹកឆ្នោតពេលយប់។ អ៊ុនតាក់អត់សុំយោបល់ SNC មួយម៉ាត់។ រឿងវាកន្លងទៅចុះ។ អញ្ចឹងបានឥឡូវយើងបោះនៅទីហ្នឹង យើងរាប់នៅទីហ្នឹង វាចោទថាឯងនឹងបន្លំទៀត។ ប៉ុន្តែ អោយស្បថអត់ហ៊ានស្បថទេ។ ចូលទៅក្រុមប្រឹក្សាធម្មនុញ្ញ ស្បថអោយពស់ចឹក ដំរីព្រេចអី ស្បថអត់ហ៊ានទេ។ ឥឡូវហ្នឹងអាមួយនោះ អត់ស្បថជាមួយខ្ញុំរហូតដល់ថ្ងៃនេះ។ វាសុទ្ធតែថាហួសសម័យអីអញ្ចេះអញ្ចុះ។ ខ្លាំងណាស់។ ប្រកាសដឹកនាំបាតុកម្ម ស្រាប់តែខ្ញុំទៅដល់ ហ្ហាក! អានេះវាថាវាឈប់ហើយ។ ដកថយអស់។ ព្រោះវាដឹងថាមនុស្សវាមកតិច ឯមនុស្សមកទទួលខ្ញុំវាមកច្រើន។ ឥឡូវ ដឹកទៅ។ ធ្វើអីធ្វើទៅ។
ចូលតាមណាចេញតាមហ្នឹង អត់មានមកបង្វែរផ្លូវខ្ញុំទេ
ខ្ញុំសូមជម្រាបបន្តិចទៅចុះ អារឿងបាតុកម្មនោះ អាម្សៀរមួយនេះណា! នៅក្នុងប្រទេសវាធ្វើបាតុកម្មវាឡើងដើមអំពិលក៏វាឡើងដែរ។ បាតុកម្មចុះ/ឡើង។ រឿងមិនមែនទើបនឹងរឿងចាប់ជនក្បត់ជាតិ និងរឿងរំលាយគណបក្សនយោបាយ ឬការបោះឆ្នោត បានមានបាតុកម្មទេ? អានេះធ្វើបាតុកម្មរហូតតាំងពីខ្ញុំទៅប្រជុំ កាលនឹងគេហៅ ICORC តូក្យូ និង ICORC ប៉ារីស។ ខ្ញុំទៅ ICORC ប៉ារីសឆ្នាំ ២០០០ វាទៅចេះនាំគ្នាបានទៅប្រហែល ១២-១៣ នាក់ ធ្វើបាតុកម្ម។ ទៅកន្លែងណា ទៅកន្លែងស្នាក់ការធនាគារពិភពលោក។ ដល់បាតុកម្មនៅពីមុខ ខាងបារាំងគេស្នើខ្ញុំចេញតាមទ្វារក្រោយ។ បានខ្ញុំប្រាប់ថា សូមកុំភាន់ច្រឡំ ខ្ញុំចូលតាមទ្វារមុខខ្ញុំចេញតាមទ្វារមុខ។ ឥឡូវ បើលោកប៉ូលីសឯងគ្មានសមត្ថភាពទេ សូមជួយហៅអោយខ្ញុំជួបប្រធានាធិបតី សៀរ៉ាក់។ គ្រាន់តែប៉ុណ្ណឹងអានោះហៅអាពួកអាវខ្មៅដេញរត់ចោលស្បែកជើងកែងចោទ ២ គូរ។ ខ្ញុំចេញតាមណា ខ្ញុំចូលតាមហ្នឹង អត់មានមកបង្វែរផ្លូវខ្ញុំទេ។
រហូតដល់ទៅស្រុកបារាំងឆ្នាំ ២០១៥ បងប្អូននៅក្នុងស្រុកគេទ្រាំពុំបានដាក់អស់ប៉ុន្មាននាក់។ ហ្អែងបាតុ កម្មនៅប៉ារីស គេបាតុកម្មនៅភ្នំពេញ ព្រោះអាហ្នឹងសិទ្ធបាតុកម្មដូចគ្នា។ ពួកអានៅភ្នំពេញនេះវាបញ្ជាទៅ បូកជាមួយពួកអានេះ។ ហើយលេងខូចណាស់។ ជិះយន្តហោះជាមួយគ្នា ទៅដឹកនាំបាតុកម្មនៅញ៉ូវយ៉ក ដល់ទៅយើងទទួលបានរបាយការណ៍ប្រាក់ចំណាយទៅលើបាតុកម្ម បានយើងដឹងថាចោលម្សៀត។ ឥឡូវ ធ្វើទៀតទៅ។
ជាមួយមនុស្សខ្លះ បើមិនជាន់កែងមិនរាងចាល
រួចវាឆ្ងាញ់ត្រង់នេះទៀត វាមានមនុស្សក្នុងស្រុកមួយចំនួន (និង)មនុស្សក្រៅស្រុកមួយចំនួនថា លោក ហ៊ុន សែន បោរមុខ គេស្តីអោយពេញអង្គការសហប្រជាជាតិ។ ឱ!ព្រះអើយ។ Donald Trump ថ្លែងតាំងពីមុនទៅ។ ប្រធានាធិបតីបារាំងគេថ្លែង(រួច)គេទៅបាត់ទៅ។ ឥឡូវ ទៅយកឯកសារនៅអង្គការសហប្រជាជាតិ គ្រប់នាយករដ្ឋមន្ត្រី (ឬ)ប្រធានាធិបតីទាំងអស់ យកបង្ហាញវាអោយភ្លឺភ្នែក តើមាននិយាយពីកម្ពុជាមួយម៉ាត់ទេ? ខ្ញុំបង្ហោះហ្វេសប៊ុកចេញពីកណ្តាលអង្គការសហប្រជាជាតិហ្នឹងទេតើ! អារូបថតបានប៉ុន្មានសន្លឹកព្រិលៗ ខ្ញុំមិនវាយសារ? ពាក្យខ្មែរថា “ដេញទាន់កុំជាន់កែង” ប៉ុន្តែ ពួកនេះ ជាពិសេស ទណ្ឌិតរត់ចោលគុក បើមិនជាន់កែងទេមិនរាងចាលទេ។ ហើយវាមកបកស្រាយ ឯណាទៅដែលអាមេរិកមិនអោយជាន់ដី? ក្នុងពេលប៉ូលីសអាមេរិកត្រូវការពារនាយករដ្ឋមន្ត្រីពីប្រទេសមួយ។ គេថា គេព្យួរអាសន(កម្ពុជា)នៅអង្គការសហប្រជាជាតិហើយ ក្រោយមកវាថា គេអត់ព្យួរអាសនទេ តែគេមិនអោយប្រតិភូ លោក ហ៊ុន សែន ចូលរួម។ អាណាមានសិទ្ធិ? ខ្ញុំថាអាណាអញ្ចឹងតែម្តង។ បើថាវាឆ្កួតក៏ឆ្លួតទៅ កុំនាំកូនខ្មែរឆ្កួត។ ហើយជាពិសេសសោកស្តាយបំផុត នាំសមាជិកសមាជិការរបស់ខ្លួនឆ្កួត។
៣០ ឆ្នាំ ធ្វើការជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ
មានអាមួយនោះគេថា ជួបអគ្គលេខាធិការអង្គការសហប្រជាជាតិច្បាស់ជាត្រូវហើយ ប៉ុន្តែ អានេះអត់ស្គាល់ទេ។ សុំប្រាប់ អគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយ ហ៊ុន សែន ៣០ ឆ្នាំ ធ្វើការជាមួយគ្នា។ នៅក្នុងសង្គមប្រជាធិបតេយ្យជាមួយគ្នា ឬហៅថា ចលនាសង្គមនិយមជាមួយគ្នា។ ពេលល្ងាចនោះ លោកជំទាវ អ៊ឹង កន្ថាផាវី ព្រោះគេទទួលប្រតិភូចូលដល់ ២០០ ប្រតិភូឯណោះ ប៉ុន្តែ អ្នកខ្លះគេយូរ ឯខ្ញុំទៅតែ ៧ នាទីទេ ធម្មតាមនុស្សស្គាល់គ្នារាប់សឹបឆ្នាំទៅហើយនោះ Antonio Guterres ជាមួយខ្ញុំមនុស្សធ្វើការនៅ ក្នុងក្របខណ្ឌទំនាក់ទំនងបក្សនឹងបក្សជាមួយគ្នា។ ក្រោយមកខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជា គាត់ជានាយករដ្ឋមន្ត្រីប័រទុយហ្គាល់។ មួយម៉ាត់ពីរឿងកម្ពុជាក៏អត់និយាយដែរ។
បីចំណុចប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ
ទៅដល់ខ្ញុំថា ឯកឧត្តមរវល់ហើយ ខ្ញុំមិនដឹងថា ឯកឧត្តមធ្វើនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ តើធ្វើនាយករដ្ឋមន្ត្រីរវល់ជាង ឬធ្វើអគ្គលេខាធិការអង្គការសហប្រជាជាតិរវល់ជាង? តែខ្ញុំមានចំណុចបីប្រាប់ឯកឧត្តម៖ ទី ១. មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញអស់អាណត្តិហើយ ខ្ញុំសូមជូន ២ ឆ្នាំទៀត បើទោះបីមានរឿងអីកើតឡើងក៏ដោយ ខ្ញុំប្តូរផ្តាច់ជាមួយនឹងការគោរពសិទ្ធិមនុស្ស។ ហើយខ្ញុំទៅហ្សឺណែវ អាចនឹងចុះហត្ថលេខានៅទីនោះ។ ទី ២. ថវិកាសម្រាប់កាត់ទោសខ្មែរក្រហម សម្រាប់ភាគីកម្ពុជាៗនឹងបន្តចេញថវិកានេះតទៅទៀត ហើយកម្ពុជានឹងចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីចលនាលុយ សម្រាប់ភាគីអន្តរជាតិ។ ទី ៣. ខ្ញុំបានត្រៀមកម្លាំងរួចស្រេចហើយ ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាព តើឯកឧត្តមចង់អោយខ្ញុំទៅប្រទេសណា? គាត់ប្រើពាក្យថាម៉េច? អ្វីដែលខ្ញុំប្រាប់ទៅគាត់ដូចជាភ្លេងកំដរគាត់។ យើងដឹងថាគេហត់។
សេចក្តីថ្លែងការណ៍ អាស៊ី-អឺរ៉ុប មិនអាចចេញរួច ប្រសិនបើមានប្រទេសណាមួយវេតូ
កោតតែអាមេបាតុកម្មនៅទីនោះវាថា លោក ហ៊ុន សែន ត្រូវគេគាប។ ខ្ញុំដឹងហើយ គ្រាន់តែខ្ញុំមិនបញ្ចេញឈ្មោះតែប៉ុណ្ណឹងទេ។ រួចមួយនោះ គេថា ឥឡូវ អង្គការសហប្រជាជាតិលែងសំខាន់។ ពីមុនវាថាសំខាន់ ឥឡូវ ដល់យើងទៅទីនោះ វាថាលែងសំខាន់។ អញ្ចឹង វានៅសល់អីសំខាន់ទៀត? នៅអាស៊ី-អឺរ៉ុប ខ្ញុំហៅមីនាងអញ្ចឹងទៅចុះ វាថាមុខតែមាននិយាយ។ សុំទោស! បើសិនជាហ៊ាននិយាយរឿងកម្ពុជាក្នុងសេចក្តីថ្លែងការណ៍ៗអាស៊ី-អឺរ៉ុបចេញអត់រួច។ ខ្ញុំនិយាយអញ្ចឹងតែម្តង ព្រោះអានេះធ្វើការតាមកុងសង់ស៊ីស។ តែមាននិយាយដល់កម្ពុជា គឺអត់ចេញរួច។ អត់មានបោះឆ្នោតភាគច្រើនទេ កុងសង់ស៊ីស។ តែកម្ពុជាជំទាស់មួយ គឺចប់។ ប្រទេសម្ចាស់ផ្ទះមិនទុកអោយបរាជ័យទេ។ អ្នកឯង(ត្រូវ)ចាំ។
រៀនអោយស្គាល់អំពីវេទិការពិភពលោក
រៀនអោយស្គាល់វេទិការពិភពលោកទៅ អ្វីទៅដែលហៅថា មហាសន្និបាតអង្គការសហប្រជាជាតិ? អ្វីទៅដែលហៅថា ក្រុមប្រឹក្សាសន្តិសុខ? តម្លៃនៃមហាសន្និបាតអង្គការសហប្រជាជាតិយ៉ាងម៉េច? តម្លៃនៃក្រុមប្រឹក្សាសន្តិសុខយ៉ាងម៉េច? សិទ្ធិវេតូនៃប្រទេសធំយ៉ាងម៉េច? ការងារក្នុងក្របខណ្ឌអាស៊ានយ៉ាងម៉េច? អាស៊ានបូកមួយយ៉ាងម៉េច? អាស៊ានបូកបីយ៉ាងម៉េច? អាស៊ីបូព៌ាយ៉ាងម៉េច? អាស៊ី-អឺរ៉ុបយ៉ាងម៉េច? អាស៊ាន-អឺរ៉ុបយ៉ាងម៉េច? អ្នកឯងគួរតែរៀនយល់។ ប៉ុន្តែ (គួរអោយ)សោកស្តាយ សេចក្តីត្រូវការរបស់គេ គឺភូតៗ … សូមអញ្ជើញរង់ចាំទៅ ចាំអាខ្មោចហ្នឹងវារស់ឡើងវិញ។ ចាំទៅ។ អ្នកខ្លះគេត្រៀមរួចហើយ។ ត្រៀមខោអាវចូលធ្វើការវិញ។ ចាំទៅ។ បើបោះឆ្នោតឃុំ/សង្កាត់ ចាំឆ្នាំ ២០២២ បើបោះឆ្នោតតំណាងរាស្ត្រ ចាំឆ្នាំ ២០២៣។
វាយតម្លៃដោយបំពាន វាយតម្លៃដើម្បីបង្អាប់បន្ថោក វាយតម្លៃដើម្បីចាញ់ខ្លួនឯង
វាមានអញ្ចេះ(ទៅទៀត) មកដល់ស្រុកហើយបានថា ពេលដែល លោក ហ៊ុន សែន ឡើងទៅអានសុន្ទរកថាញ័រតែម្តង។ អ្នកណាមិនដឹងទេ ត្រូវដឹងថា មនុស្សម្នាក់នេះ ដឹងថាកាំភ្លើងនៅទល់ខាងមុខនោះរាប់រយដើមដែលកំពុងបាញ់ប្រឈម នៅតែដើរចូល។ អតីតទាហាន គឺវាអញ្ចឹង។ អ្វីទៅដែលហៅថាខ្លាច? អ្វីទៅ ដែលហៅថាភ័យ? អ្វីទៅដែលហៅថាញ័រ? ពិតហើយ ការរន្ធត់វាតែងកើតមាន ឧទាហរណ៍៖ កូនឈឺធ្ងន់ ឪពុកឈឺធ្ងន់ ប៉ុន្តែ រឿងដូចជាអង្គការសហប្រជាជាតិ ជាកន្លែងដែលសឹងតែថា ជណ្តើរហ្នឹងវាស្គាល់ពេក តែនេះជាលើកដំបូង ដែលខ្ញុំអោយពិធីការរបស់អង្គការសហប្រជាជាតិយកឯកសារទៅដាក់មុន។ ពីមុនមកជាទម្លាប់របស់ខ្ញុំ ព្រោះខ្ញុំខ្លាចអាវិធីបាត់ឯកសារ។ ទី ១. ខ្ញុំមាននៅក្នុងហោប៉ាវនេះមួយ។ ទី ២. ខ្ញុំកាន់ ខ្លួនឯងមួយ តែលើកនេះខ្ញុំអោយគេយកទៅដាក់មុន។ ដល់ដាក់មុន គាត់ដាក់មិនត្រូវអាស្តង់ដារបស់ខ្ញុំ … វាទៅជា ហ៊ុន សែន ភ័យនៅអង្គការសហប្រជាជាតិ … វាអត់ដឹងថា ហ៊ុន សែន បត់ឆ្វេងឬបត់ស្តាំ វាអត់ដឹងទេ? អញ្ចឹង បានជាពួកឯងចាញ់អញរហូត។ ដោយសារពួកឯងវាយតម្លៃអញអត់ត្រូវ។ អាវាយតម្លៃដោយបំពាន វាយតម្លៃដើម្បីបង្អាប់បន្ថោកនេះ វាយតម្លៃដើម្បីចាញ់ខ្លួនឯងទេ។
ជួនកាលអ្វីដែលអ្នកឯងធ្វើ ជាការបង្កើតបន្ទុកបន្ថែមទៅលើបទល្មើសរបស់ពួកអ្នកឯង
ដើម្បីស្គាល់សភាពការណ៍មួយ យើងត្រូវវាយតម្លៃអោយច្បាស់ ដៃគូរបស់យើងយ៉ាងម៉េច? ហើយជានិច្ច កាលខ្ញុំមិនមើលស្រាលដៃគូទេ។ សូមផ្តាំទៅអ្នកឯងអោយយល់ ជួនកាលអ្វីដែលអ្នកឯងធ្វើ គ្រាន់តែជាការបង្កើតបន្ទុកបន្ថែមទៅលើបទល្មើសរបស់ពួកអ្នកឯងតែប៉ុណ្ណោះ … ដូចជាករណី អ៊ុំ សំអាន និង មៀច សុវណ្ណរ៉ា កុំអីរួចទោសកាលពីប៉ុន្មានខែមុនឯណោះ ប៉ុន្តែ នៅពេលដែលយើងលែង ហុង ស៊ុនហួរ មួយ អាមួយនោះវាស្រែកថា មកពីសម្ពាធអន្តរជាតិ។ អើ! បើសម្ពាធអន្តរជាតិ អញទុកតទៅទៀតសិន។ បញ្ជូនលិខិតសុំទោសមក មិនខ្ចីទទួល។ ចាំដល់ចុងក្រោយសរសេរសំបុត្រមកយ៉ាងស្រួល។ ល្មមហើយ។ ព្រោះអាមួយនោះវាមានចេតនាអោយពួកនេះជាប់គុក … អញ្ចឹងទេ យើងកុំទៅចូលអន្ទាក់វា បើកអោយវាទៅ។ ពេលដែលអ្នកឯងធ្វើខ្លាំង អ្នកឯងត្រូវដឹងថា អ្នកឯងសន្សំរឿងសម្រាប់ខ្លួនឯងទេ។ បាតុកម្មប្រឆាំង ហ៊ុន សែន គ្មានប្រយោជន៍ទេ។ ធ្វើទៅ។ ហើយក៏កាន់តែបង្ហាញលទ្ធិប្រជាធិបតេយ្យ។
រថយន្តសាលារាជធានីភ្នំពេញ ១២០ គ្រឿង បូករថភ្លើង ២ ខ្សែ ដឹកប្រជាជនទាំងទៅ/មកពេលភ្ជុំបិណ្ឌ
ថ្ងៃនេះ ខ្ញុំមានរឿងដែលគួរត្រូវនិយាយជម្រាបជូនកម្មករ/ការិនី ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ ដែលត្រូវទៅភ្ជុំ។ អ្វីដែលខ្ញុំបាននិយាយកាលពីពេលមុន ហើយសាលាក្រុងធ្វើ គឺឥឡូវសាលាក្រុងបានប្រកាសហើយ។ ប្រើប្រាស់រថយន្ត ១២០ គ្រឿង ដឹកប្រជាជនទាំងទៅ/មកដោយមិនយកប្រាក់ក្នុងពេលភ្ជុំបិណ្ឌ។ បើទោះបីដាក់រថយន្តនេះក៏ដោយ ក៏ខ្ញុំនៅតែអំពាវនាវអោយម្ចាស់រថយន្តឈ្នួលទាំងឡាយកុំឡើងថ្លៃ។ ពិតមែនហើយ យើងយល់អំពីតម្លៃប្រេងនៅលើទីផ្សារឡើងថ្លៃ មិនមែនគ្រាន់តែផ្សារកម្ពុជាទេ ពិភពលោកកំពុងតែរញ្ជួយរឿងថ្លៃប្រេងនេះទៀត។ អញ្ចឹងទេ យើងដាក់រថយន្តនេះ បូកជាមួយនឹងរថភ្លើងពីរខ្សែជិះមិនបាច់បង់លុយទេ។ (រថយន្តសាលារាជធានីភ្នំពេញ) ១២០ គ្រឿង ដើម្បីនាំប្រជាពលរដ្ឋទៅភ្ជុំជិះមិនចាំបាច់បង់លុយទេ។ ប៉ុន្តែ ទៅឡើងឡានថៅកែគេ គឺផ្សេង។ ប៉ុន្តែ អានេះឡានសាលាក្រុង។ អាហ្នឹងចំណុចទី ១ ដែលសុំអោយប្រជាពលរដ្ឋបានជ្រាប។ មន្ត្រីរាជការរបស់យើងមួយចំនួនក៏ទៅភ្ជុំនៅតាមខេត្តដែរ ប៉ុន្តែ ខ្លះចូលចិត្តធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន។
សេចក្តីប្រកាស ០៥ តុលា ចេញ សជណ បញ្ចប់ការស្រាវជ្រាវបែងចែកខេត្តកណ្តាល និងខេត្តមណ្ឌលគិរី
ឯចំណុចទី ២ ដែលជាចំណុចដែលខ្ញុំត្រូវប្រកាសថ្ងៃនេះ។ ម្សិលម៉ិញ ខ្ញុំបានទូរស័ព្ទប្រាប់ សម្តេចក្រឡាហោម ស ខេង ថា ថ្ងៃនេះ ខ្ញុំប្រកាសអោយបញ្ចប់ការសិក្សាអំពីការបែងចែកខេត្តកណ្តាល និងខេត្តមណ្ឌលគិរី។ អោយបញ្ចប់ការសិក្សាទាំងអស់។ គ្មានបង្កើតខេត្តថ្មីអីបន្ថែមទេ។ ហេតុអី? កាលពេលដែលយើងធ្វើខេត្តត្បូងឃ្មុំ វាស្ងាត់ជ្រៀប? រហូតដល់ពេលចេញព្រះរាជ្យក្រឹត្យបង្កើតខេត្ត ប៉ុន្តែ លើកនេះចំណារយល់ព្រមពីនាយករដ្ឋមន្ត្រីមក បែកចេញអស់រលីង។ បើនិយាយពីគណបក្សខេត្តកណ្តាល គឺថា ត្រូវធ្ងន់តែម្តង។ គេសរសេរក្នុងនាមគណបក្ស ហើយចុះហត្ថលេខាដោយទាំង គន់ គីម ទៅទៀត អោយអ្នកណាធ្វើចៅហ្វាយខេត្តថ្មី។ ចំណារត្រឡប់ទៅវិញជាអក្សរក្រហម “ប្រញាប់ងាប់ទៅណា”។ ដាក់ដំបូងអញ្ចឹងតែម្តង។ សញ្ញាសួរ។ ឯងមិនទាន់ទាំងធ្វើស្អីផង សម្រេចបង្កើតឬមិនបង្កើតផង វាចែកគ្នាធ្វើចៅហ្វាយខេត្ត/អនុខេត្តទៅហើយ?
ឥឡូវនេះ រាលដាលដល់ស្ថាប័នហើយ ព្រោះបើត្រូវធ្វើៗអោយបានមុនបោះឆ្នោតក្រុមប្រឹក្សា។ បើចែកទៅពីរ ត្រូវលោកឯងជាអនុត្រូវធ្វើប្រធានអានោះ អនុខេត្តនេះត្រូវតែឡើងទៅជាចៅហ្វាយខេត្តនេះ។ ឥឡូវឈប់។ នៅអោយស្ងៀម។ បានហើយ។ មហាផ្ទៃបិទកុំព្យូទ័រចោលទាំងអស់ថ្ងៃនេះ។ កុំធ្វើអីតទៅទៀត។ ខ្ញុំគ្មានពេលស៊ីញ៉េអីតទៅទៀតទេ។ រួចហើយមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី យកសេចក្តីប្រកាសរបស់ខ្ញុំថ្ងៃនេះចេញ សជណ មួយបញ្ចប់តែម្តងទៅ បើសិនជាអាមុនមានចេញ សជណ។ ថ្ងៃនេះ ស ខេង មិនបាច់យកអោយខ្ញុំស៊ីញ៉េទេ។ យកសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ០៥ តុលា នេះ ចេញ សជណ បញ្ចប់ការស្រាវជ្រាវលើការបែងចែកខេត្តកណ្តាល និងខេត្តមណ្ឌលគិរីអោយឆាប់ចប់ទៅ។ ក្រុមខិលខួចមួយចំនួន ដែលចាប់ផ្តើមផ្គូរផ្គងហើយយកលុយគ្នា ហ្អែងតាមទារលុយត្រឡប់មកវិញ។ កុំបាច់យកហេតុផលថា បញ្ជូនសេវាទៅកៀកប្រជាជន។ កុំយកហេតុផលហ្នឹង។ បញ្ហាស្ថិតនៅត្រង់យើងធ្វើឬមិនធ្វើតែប៉ុណ្ណឹងទេ។ ខេត្តកណ្តាលមួយជីវិត វានៅតែខេត្តកណ្តាលហ្នឹង ឥឡូវ កាត់ដីអោយភ្នំពេញអស់ជាង ៣០០ គីឡូម៉ែត្រការ៉េ ទៅទៀត ម៉េចក៏ខេត្តកណ្តាលវាអត់ងាប់? ពីដើមអត់ទាំងមានទូរស័ព្ទទាក់ទងផង ឥឡូវ សុទ្ធទូរស័ព្ទស្មាតហ្វូនវាយភ្លាមៗដល់។ រួចអាផ្លូវក្រវ៉ាត់ក្រុងជុំវិញហ្នឹងវាល្មមហើយ។
ខ្ញុំស្មានតែគេយកទៅសិក្សាស្ងាត់ៗដូចកាលជំនាន់ត្បូងឃ្មុំ ព្រោះសេនាធិការរបស់យើង គឺមហាផ្ទៃក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី។ អញ្ចឹង សិក្សាមើលវាមានផលលំបាកយ៉ាងម៉េច ភាពងាយស្រួលយ៉ាងម៉េចនៅពេលយើងបំបែកទៅ។ យើងទុកអញ្ចឹងវាយ៉ាងម៉េច ហើយពេលដែលយើងបែកទៅវាយ៉ាងម៉េច។ ស្ថានភាពវាល្អប្រសើរយ៉ាងម៉េច។ យកទៅអានេះបញ្ចេញទៅតែម្តង ដូចមិនដល់ ២៤ ម៉ោងផង បែកចេញបាត់។ ឥឡូវ ចប់ហើយ។ វាបានក្លាយទៅជាសាច់ជ្រូកបីជាន់ សម្រាប់មន្ត្រីខិលខូចទៅទៀត។ វាទៅជាអញ្ចេះ។ បើខេត្តកណ្តាលវាទៅមួយគណបក្សបណ្តោយ។ វាមិនទៅដោយមួយគណបក្ស វាដោយទាំង គន់ គីម ទៅជាមួយទៀត។ ពេលដែលបែងចែកទៅ សុំអោយលោកនេះធ្វើចៅហ្វាយខេត្តថ្មី។ អញ្ចឹង ចារអក្សរចាប់ផ្តើម ព្រោះប៊ិចខ្ញុំតែងតែដាក់មានខៀវ/ក្រហម អញ្ចឹង ដូរពីខៀវឡើងក្រហម “ប្រញាប់ងាប់ទៅណា” ហើយដាក់សញ្ញាសួរ។ ហើយបានធ្វើអត្ថាធិប្បាយខាងក្រោមបន្តិច។ វាទៅជាឆ្កួតអស់អញ្ចឹងទៅ។
អញ្ចឹង រាលដាលដល់មនុស្សប៉ុន្មានទៀត? ក្រសួងស្ថាប័ននេះ ត្រូវត្រៀមបម្រុងហើយ ឥឡូវ ឧទាហរណ៍ថាមន្ទីរកសិកម្ម ប្រធានមន្ទីរនៅដដែល អនុអោយមកខេត្តថ្មី បើបង្កើតទៅជាពីរខេត្ត អាហ្នឹងវាទៅពីរ រហូតដល់អ្នកខ្លះថា ត្រៀមបង្កើតរហូតដល់ទៅប្រាំខេត្តឯណោះ ហើយទីក្រុងនាគរាជឯណាទៀត។ រឿងនេះ អត់មានត្រូវថាចាំបាច់មានស្អីទេ ទីស្តីការគណៈរដ្ឋមន្ត្រីយកសេចក្តីប្រកាសហ្នឹងចេញ សជណ បើអាមុនចេញ សជណ។ យកសេចក្តីប្រកាសនេះចេញ សជណ ថានាយករដ្ឋមន្ត្រីអោយបញ្ឈប់ការសិក្សា ដែលតាមរយៈ សជណ លេខប៉ុន្មាន អីប៉ុន្មាន ថ្ងៃប៉ុន្មាននោះ អោយវាចប់។ ខ្ញុំអត់មានពេលមានស្អីមកស៊ីញ៉េថែមទៀតលើអាហ្នឹងទេ យកអាហ្នឹងទៅធ្វើបណ្តោយទៅ។
កម្មវិធីបុណ្យនានា ដែលនឹងកើតនៅពេលខាងមុខ
នៅខាងមុខនេះ យើងមានបុណ្យទានច្រើនណាស់។ ភ្ជុំបិណ្ឌ។ បន្ទាប់ពីភ្ជុំកឋិន។ បន្ទាប់ពីហ្នឹងទៅចូលដល់បុណ្យដែលយើងត្រូវកាន់ទុក្ខ ១៥ តុលា ព្រះបរមរតនកោដ្ឋសោយទិវង្គត។ បានបន្ទាប់ទៅចូលទៅដល់បុណ្យជាតិ ០៩ វិច្ឆិកា។ បន្ទាប់ទៅបុណ្យអុំទូក។ រួចនៅសល់បុណ្យប៉ុន្មានឯណោះ បុណ្យសមុទ្រនៅកោះកុង។ រួចហើយនៅបុណ្យធំមួយទៀតលេង ៣ យប់/ថ្ងៃនៅហ្នឹង ត្រៀមទៅ ភឿង សកុណា។ សិល្បៈលេងទៅ។ ឥឡូវ ចាត់តាំងគណៈកម្មាធិការហើយ មាននៅដូចអនុប្រធានផង។ លេងដំណើររឿងជាតិកម្ពុជារបស់យើងវាយ៉ាងម៉េចអីយ៉ាងម៉េច។ ក្រសួងមួយៗទៅតាំងពិព័រណ៍មួយទៅ។ ខ្លួនធ្វើបានអីខ្លះ។ ខេត្តមួយៗ ធ្វើទៅ ធ្វើបានអីខ្លះ។ ហើយកាំជ្រួចបាញ់អោយផ្អើលមេឃនៅកន្លែងហ្នឹងនោះ។
សន្តិភាពលើកនេះ សន្តិភាពរយៈពេលវែង
២០ ឆ្នាំ ក្រោយពីប្រទេសមានការឯករាជ្យជាលើកដំបូង។ កាល(ឆ្នាំ) ១៩៥៥ ក្រោយសន្និសិទ្ធហ្សឺណែវ (ឆ្នាំ) ១៩៥៤ បោះឆ្នោត(នៅឆ្នាំ) ១៩៥៥ ពេលនោះ ការរួបរួមបានមួយរយៈកាលខ្លី។ (ឆ្នាំ) ១៩៥៩ ចាប់ផ្តើមវាយគ្នាឡើងវិញ។ (ឆ្នាំ) ១៩៥៥, ១៩៥៦, ១៩៥៧, ១៩៥៨, ១៩៥៩ (រយៈពេល) ៥ ឆ្នាំ វាយគ្នាឡើងវិញ។ ឥឡូវយើង ២០ ឆ្នាំ គឺនៅរឹងមាំ។ តំបន់អតីតសមរភូមិទាំងអស់ ក្លាយទៅទីផ្សារ និងតំបន់ អភិឌ្ឍន៍ទាំងអស់ហើយ។ ពីដើមកន្លែងហ្នឹងវាយគ្នា (ជា)ចំការមីន តែឥឡូវក្លាយទៅជាតំបន់ដាំដុះ។ កន្លែងហ្នឹងធ្លាប់ដាក់កាំភ្លើងធំវាយគ្នា ឥឡូវ ទៅជាផ្សារអស់ទៅហើយ។ ដី(ទី)នោះឡើងថ្លៃរហូតដល់គេបង្ហោះហ្វេសប៊ុកលេង ដាក់ដីមួយបង្គីថា អាហ្នឹងមានប្លង់រឹង។ សន្តិភាពលើកនេះ គឺសន្តិភាពរយៈពេលវែង។ ប៉ុន្មានថ្ងៃនេះ យើងយកបានអ្នកដែលទិញអាវុធលួចទុក។ គេនៅតែមានផែនការ។ ប៉ុន្តែ ប្រទេសនៅលើលោកនេះ វាសុទ្ធតែមានរឿងអញ្ចឹង។ សូម្បីតែនៅអាមេរិក ម្សិលម៉ិញបាញ់នៅឯណាឯណោះងាប់អស់ប៉ុន្មាននាក់ទៀត។ អញ្ចឹងទេ យើងក៏ត្រូវប្រយ័ត្នទៅលើបញ្ហាការ គ្រប់គ្រងសន្តិសុខជាតិរបស់យើង។
រំពឹងថា ចំណូលម្នាក់ៗលើសពី ២ ពាន់ដុល្លារ នៅឆ្នាំ ២០២៣
២០ ឆ្នាំ នៃសន្តិភាព ផ្តល់ឱកាសអោយយើងរុញកំណើនសេដ្ឋកិច្ចរបស់យើង មិនទាបជាង ៧% ទេ។ ខាងណាគេផ្សាយពីម្សិលនេះ? អាស៊ីបូព៌ា ជាមួយនិងប៉ាស៊ីហ្វិក កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១ នៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ បន្ទាប់ទៅ គឺវៀតណាម។ វៀតណាមបាន ៦,៨% ឆ្នាំនេះ ឯយើង ៧%។ បើប្រទេសមានសង្គ្រាម កុំនិយាយរឿងកំណើន ហើយដោយសារតែកំណើនហ្នឹងហើយ ដែលយើងមានឱកាស។ បន្តិចទៀតលោកគ្រូអ្នកគ្រូក៏នឹងឡើងប្រាក់ខែទៀត។ ឡើងទាំងអស់គ្នាហ្នឹង។ អត់តែខ្ញុំទេ អត់ឡើងនោះ។ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រាក់ខែងាប់ អត់ឡើងទេ។ ប៉ុន្តែ មន្រ្តីនានា គឺឡើង។ កម្មករឡើង។ អញ្ចឹងទេ បានជាខ្ញុំរំពឹង ដោយគេហៅថា ដោយសុភាព មិនមែនដោយអំណួតទេ ដាច់នីតិកាលទី ៦ មនុស្សម្នាក់ៗនឹងមានប្រាក់ចំណូលលើសពី ២.០០០ ដុល្លារ(អាមេរិក) ដែលឥឡូវនេះ ១.៥៥៦ ដុល្លារ(អាមេរិក)/១ ឆ្នាំ។ អញ្ចឹងទេ បើកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ យើងជឿថា ឆ្នាំ ២០២៣ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗលើសពី ២.០០០ ដុល្លារ(អាមេរិក)/១ ឆ្នាំ។
សង្ឃឹមថា ដៃគូមិនតម្លើងការប្រាក់, មិនយល់ស្របនឹងការផ្តល់មតិអោយខ្ចីបរទេស ៤០% នៃ ផសស
សង្ឃឹមថា ដៃគូរបស់យើងដែលធ្លាប់អោយយើងខ្ចីប្រាក់ នៅបន្តអោយយើងទទួលបាននូវឥណទានសម្បទាន។ ខ្ញុំបានធ្វើការជាមួយជប៉ុន ជាមួយចិន ជាមួយកូរ៉េ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនហើយ។ យើងសព្វថ្ងៃនេះ កាលណាផុតពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប គឺពេលខ្ចីលុយគេ ត្រូវមានការប្រាក់ពាណិជ្ជកម្ម តែយើងបានធ្វើកិច្ចការងារនេះមួយជំហាន។ ខ្ញុំមើលឃើញដូចជាភ្នំពេញប៉ុស្តិ៍ ចុះផ្សាយពីម្សិល ខ្ញុំមើលចំណងជើងថា “កម្ពុជាអាចដំឡើងកម្ចីរហូតដល់ ៤០%”។ បើទោះជា IMF ឬស្ថាប័នហិរញ្ញវត្ថុណាក៏ដោយ ផ្តល់មតិថា អោយកម្ពុជាខ្ចីគេរហូតដល់ ៤០% ខ្ញុំមិនយល់ស្រប។ អញ្ចេះ ពិដានដែលគេកំណត់ថា អោយប្រទេសមួយខ្ចីគេបានប៉ុន្មាន ពិដានរបស់វា គឺ ៤០% នៃផលិតផលសរុបក្នុងស្រុក។ តែឥឡូវនេះ យើងខ្ចីគេ ២៣% នៃផលិតផលក្នុងស្រុកសរុប ក្រោមពិដាន រាប់ទាំងបំណុលចាស់របស់អាមេរិក និងបំណុលចាស់របស់រុស្ស៊ី។ ព្រោះយើងខ្ចីត្រូវគិតទៅដល់សមត្ថភាពសងនៅពេលក្រោយ។
ខ្ចីមកពន្លឿនការអភិវឌ្ឍ មិនមែនមកហ៊ឺហា ទិញឡានជិះ
ហើយអោយខ្ចីតែលើគម្រោង ដែលទាក់ទងនឹងពន្លឿនកំណើនសេដ្ឋកិច្ច អត់អោយខ្ចីសម្រាប់មកហ៊ឺហានោះទេ។ អត់ទេ។ កុំសង្ឃឹមថា ធ្វើរដ្ឋមន្រ្តី ចូលបានធ្វើរដ្ឋមន្រ្តី ជាសមាជិករដ្ឋាភិបាល ឬរដ្ឋលេខាធិការ ជាមួយ ហ៊ុន សែន បានឡានជិះនោះ។ អត់ផ្លូវទេ។ ខ្ញុំមិនជូនតែម្តង។ មិនទិញអោយតែម្តង។ អត់ទិញឡានអោយលោករដ្ឋមន្រ្តីណាជិះទេ។ មានអីជិះនោះទៅ។ បើមិនសុខចិត្ត ឈប់ធ្វើទៅ។ ឯណាអោយលោកឯងធ្វើរដ្ឋមន្រ្តីហើយ ទិញឡានអោយលោកឯងជិះទៀត បើអញ្ចឹងមិនបាច់ធ្វើតែម្តងទៅ។ រកអ្នកដែលមានលទ្ធភាពធ្វើទៅ វាស្រួលជាង។
បើមានពួកចង្រៃនៅ សង្គ្រាមនឹងផ្ទុះមិនខាន
ឥឡូវនេះ តែភ្លៀងចាប់ដាច់ គ្រឿងចក្រទាំងអស់ត្រូវចុះ ផ្លូវថ្នល់ ប្រឡាយទឹក ផ្លូវជាតិ ផ្លូវលំមួយចំនួនខូចខាតច្រើនណាស់នៅពេលដែលយើងទឹកជំនន់។ មានអាចង្រៃណានោះ វាថាខ្ញុំទៅជួលកប៉ាល់ហោះគេ មួយម៉ោង ៧០ ម៉ឺនដុល្លារ(អាមេរិក)។ បើវាចង្រៃម្ល៉ឹងៗ វាសមតែជាប់គុក។ គិតចុះគិតឡើង ដែលយើងជួលគេបែបនេះ ប្រៀបធៀបនឹងទិញសំបុត្រ ហើយឆ្លងកាត់ដំណាក់កាលដ៏ច្រើន ខុសត្រូវថ្លៃគ្នាតិចតួច ព្រោះខ្ញុំមិនមែនទៅម្នាក់ឯងឯណា ទៅគ្នាច្រើន។ ដល់ទៅគ្នាច្រើន ទិញសំបុត្រក៏វាថ្លៃតាមហ្នឹងដែរ។ បើដាក់រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី កាន់តែច្រើន អាហ្នឹងវាត្រូវអោយមាន Business Class អីអញ្ចឹងដែរ។ អញ្ចឹង វាអស់លុយដូចតែគ្នា។ ឥឡូវហ្នឹងសេវាដែលយើងអាចជួលបាន យើងជួល។ ខ្ញុំទៅ Los Cabos ប្រជុំនៅម៉ិចស៊ិច បើសិនជាធ្វើដំណើរតាមផ្លូវធម្មតា ត្រូវប៉ុន្មានយប់ប៉ុន្មានថ្ងៃទើបទៅដល់។ អញ្ចឹងទេ ពេលនោះ ជួលអា Boeing 737 មួយហោះចេញពីនេះ ចុះនៅជប៉ុន។ ចេញពីជប៉ុន ទៅចុះនៅហាវ៉ៃ។ ចេញពីហាវ៉ៃ ហោះ ១៣ ម៉ោង ទៅដល់ Los Cabos។ អា 737 ហ្នឹង ជិះជាង ២០០ នាក់ វាដោះស្អីចេញទាំងអស់ ទុកតែ ៤០ ប៉ុន្តែ សាំងអាចហោះដល់ញូវយ៉ក តែគេអោយចុះនៅ Alaska។ អានេះវាគិតអោយឯងដើរឬស្អី? អោយអញហែលទឹកឬស្អី? បានវាចង្រៃយ៉ាងហ្នឹង។ អញ្ចឹងហើយបានខ្ញុំនិយាយថា បើពួកអាចង្រៃនេះនៅសង្គ្រាមវានឹងផ្ទុះ ព្រោះវាអាក្រក់ពេក។ អាក្រក់ហួសហេតុ។ អាក្រក់ជួជាតិ …។
ប្រាក់រង្វាន់ផ្នែកស្មូតកំណាព្យ, ផ្នែកតែងនិពន្ធ
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់អ្នកស្មូត លេខ ១ លោកស្រី យន់ ដានី ពានរង្វាន់លេខ ១ ថវិកា ៥ លានរៀល។ កញ្ញា ខុង សំណាង ចំណាត់ថ្នាក់លេខ ២ ទទួលបាន(ថវិកា) ៤ លានរៀល។ លោកស្រី សយ វិច្ឆិកា ចំណាត់ថ្នាក់លេខ ៣ ទទួលបានពានរង្វាន់(ថវិកា) ៣ លានរៀល។ ឥឡូវគិតធ្វើម៉េច? បើអ្នកជាប់សុទ្ធតែស្រី? ហើយប្រុសអត់មានជាប់ម្នាក់? ឥឡូវ មេប្រយោគគិតយ៉ាងម៉េច? សមត្ថភាពអត់ដល់ មិនមែនបានសេចក្តីថា យើងអោយលំអៀងអីទេណា? សម្រាប់ផ្នែកតែងនិពន្ធ លោក ស៊ុយ វ៉ាន់សាក់ ចំណាត់ថ្នាក់លេខ ១ ទទួលបាន(ថវិកា) ៥ លានរៀល។ លោក ប៉ាល់ សុខុម ចំណាត់ថ្នាក់លេខ ២ ទទួលបាន(ថវិកា) ៤ លានរៀល។ លោក សែម ពណ្ណរាយ ចំណាត់ថ្នាក់លេខ ៣ ទទួលបាន(ថវិកា) ៣ លានរៀល។ ដល់ទៅអ្នកនិពន្ធវាសុទ្ធតែប្រុសទៅវិញ។ ដល់ទៅអ្នកស្មូតជាប់ គឺសុទ្ធតែស្រ្តី។ ឥឡូវ យើងដោះស្រាយធ្វើម៉េច? យើងដោះស្រាយតាមបញ្ហាយេនឌ័រ។ និពន្ធ អត់មានស្ត្រីនិពន្ធជាប់សោះ។ ជូនវិទ្យាស្ថានជាតិអប់រំ ថវិកា ៥ លានរៀល ផងដែរ។
កំណែទម្រង់អប់រំនៅតែជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ
ថ្ងៃនេះ មិនដឹងថាចេញពីត្រង់ណាទៅត្រង់ណាទេ ចេះតែទៅហើយ។ ក្រែងគេអោយមកសំណេះសំណាល ហើយសុន្ទរកថានេះ គឺព្រៀងមកអញ្ចឹង ក៏ប៉ុន្តែ ខ្ញុំចេះតែចុចយក។ តួនាទីគ្រូបង្រៀនរបស់យើងកាន់តែទៅមុខហើយ យើងត្រូវបន្តនូវកិច្ចការទាំងអស់នេះតទៅទៀត។ កំណែទម្រង់អប់រំនៅតែជាស្នូល នៃយុទ្ធសាស្ត្រចតុកោណរបស់យើង។ គ្មានមនុស្ស គឺមិនអាចធ្វើអីបានទេ។ គ្រូដើរតួនាទីដូចដែលបានកំណត់។ “គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍចីរភាព”។ ពុម្ពតែខុសហើយ គឺវាខុសហើយ។ “គ្រូដូចជាពុម្ព ពុម្ពវៀច ចានក៏វាវៀច ឆ្នាំងក៏វាវៀច”។ អញ្ចឹងទេ មិនត្រឹមតែបញ្ហាយកចិត្តទុកដាក់បង្រៀនទេ តែការលើកម្ពស់សមត្ថភាពរបស់គ្រូបង្រៀន សាស្ត្រាចារ្យ ដើម្បីធ្វើអោយគុណភាពបង្រៀនរបស់យើងកាន់ តែល្អ គឺនៅតែជាចំណុចពិសេស។
បំផុសវប្បធម៌គោរពដឹងគុណគ្រូ ត្រូវតែធ្វើអោយក្លាយទៅជាផ្នត់គំនិតរបស់ប្រជាពលរដ្ឋយើងគ្រប់រូប នេះគឺជាផ្នែកមួយនៃវប្បធម៌បង្រួបបង្រួមជាតិផងដែរ។ ការកើតឡើងនូវចិត្តគំនិតណាមួយមើលងាយគ្រូបង្រៀនរបស់ខ្លួន គឺជាអំពើអកត្តញ្ញូ។ ការដឹងគុណគ្រូ កូនសិស្សពេញមួយប្រទេស គ្រូរបស់យើងនៅរស់ ឬក៏គាត់ស្លាប់ ប៉ុន្តែ គ្រួសារជួបការលំបាក យើងត្រូវគួរមើលអោយឃើញពីចំណុចចំណុចដែលពួកគាត់បានជួយលះបង់ជួយយើងក្នុងរយៈពេលកន្លងទៅ។
ការជេរបញ្ចោរលាបពណ៌ ជាវប្បធម៌ធ្វើអោយខ្មែរបែកបាក់
ខ្មែរយើងបែកបាក់ដោយសារអាលាបពណ៌គ្នា។ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រីម្នាក់ ទៅជេរខ្ញុំអាក្បត់ជាតិ តើនោះជាវប្បធម៌ដែលអ្នកឯងត្រូវទទួលទេ? តើខ្ញុំអាចអត់ឱនអោយអ្នកឯងបានទេ? បើអ្នកឯងបន្តនយោបាយបែបហ្នឹង។ យើងត្រូវចាប់ផ្ដើមពីការរៀបចំគុណធម៌ សីលធម៌របស់មនុស្សគ្រប់រូប មិនថាក្មេងចាស់ ប្រុសស្រី ឬក៏អ្នកនយោបាយទេ។ បក្សនយោបាយមួយៗត្រូវអប់រំសមាជិកអោយមានសីលធម៌។ ការជេរបញ្ចោរលាបពណ៌ នោះហើយជាវប្បធម៌ដែលធ្វើអោយខ្មែរបែកបាក់។ ពីជំនាន់មួយមកកាន់ជំនាន់មួយ មិនចេះចប់មិនចេះហើយ។ ឥឡូវ បន្តដោយមនុស្សមួយក្រុមដែលនៅក្រៅច្បាប់។
មិនមានការលើកលេងទោសជាលើកទីបី
តែខ្ញុំមានសង្ឃឹមមិនច្រើនទេ ជាមួយនឹងអត្តចរិកដែលមិនអាចទទួលបាន ឬក៏មិនអាចអត់ឱនបានរបស់ពួកគេ។ កុំសង្ឃឹមថា ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសអោយអ្នកឯង។ ខ្ញុំបាននិយាយហើយ បើខ្ញុំលើកលែងទោសអោយអ្នកឯងម្ដងទៀត ខ្ញុំនឹងកាត់ដៃស្ដាំខ្ញុំក្រវាត់ចោល។ អ្នកឯងគ្មានការលើកលែងទោសលើកទីបីទេ។ អោយអ្នកឯងធ្វើតាមចិត្តចង់។ យកល្អអ្នកឯងបង្កើតរដ្ឋាភិបាលនិរទេស។ ខ្ញុំអោយយោបល់។ បង្កើតទៅ បើអ្នកឯងចង់ធ្វើ។ ប៉ុន្តែ អ្នកឯងត្រូវយល់ ធ្វើទង្វើរបស់អ្នកឯងកាន់តែបន្ថែមទម្ងន់ទោស សម្រាប់អ្នកឯងតែប៉ុណ្ណោះ។ ខ្ញុំបាននិយាយហើយ “តម្លៃណាក៏ដោយ ត្រូវការពារប្រជាជនខ្មែរអោយបាន កុំអោយធ្លាក់ទៅក្នុងសង្គ្រាមម្ដងទៀត”។
ប្រជាជនជាង ៨៣% ទៅចូលរួមបោះឆ្នោត បង្ហាញពីដំណើរការ នៃលិទ្ធប្រជាធិបតេយ្យរបស់កម្ពុជា។ ប្រជាជនបានចូលរួមដំណើរការប្រជាធិបតេយ្យ ក្នុងពេលដែលពួកអាក្រក់ឃោសនា ដេកផ្ទះឈ្នះឯង។ ប្រជាជនកម្ពុជាបានបោះឆ្នោតជ្រើសរើសអ្នកដែលត្រូវរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្ត។ ចាំបានទេ ២០១៣ ពេលនេះ ជាពេលវេលា នៃបាតុកម្ម។ បន្ទាប់ពីស្បថនៅសៀមរាបហើយ ចាញ់សម្បថនៅសៀមរាបឯណោះ វាអត់ទៅលាបំណន់។ គេប្រជុំនៅសភា ព្រះមហាក្សត្រនៅឯសភា គេទៅស្បថនៅសៀមរាប។ ឥឡូវ វាចាញ់សម្បថហើយ បានវាអញ្ចឹងនោះ។ ដាក់គោលដៅ បោះឆ្នោតរួចហើយទៅនិយាយថា គ្មានពេលណាល្អជាងពេលនេះទេ ដែលត្រូវតែផ្លាស់ផ្តូរ (ឬ)ផ្តួល ហ៊ុន សែន។
ដឹកនាំបាតុកម្មកាលពី ២០១៣ មូលហេតុចង់ធ្វើប្រធានសភា
អញ្ចឹងៗអោយគេយល់យ៉ាងម៉េច? គេមនុស្សដែរណា! ហើយគេមានបក្សនយោបាយគេធំណាស់។ ចង់ធ្វើប្រធានសភា បាតុកម្មប៉ុន្មានខែទៅ។ មិនមែនមូលហេតុអីផ្សេងទេ មូលហេតុចង់ធ្វើប្រធានសភា។ ខ្ញុំបានប្រាប់ថា ឯកឧត្តម! នៅលើពិភពលោកនេះ តើមានសម្លេងភាគតិចណាគ្រប់គ្រងសភាទេ? វាចង់ធ្វើប្រធានសភា វាធ្វើបាតុកម្ម។ អ្នកភ្នំពេញបន្តិចបិទហាងៗ។ មានអីមិនមែនចង់ធ្វើត្រឹមប្រធានសភាទេ អានេះផ្ដួលរំលំ តែធ្វើទៅវាមិនរួច។ សំណាងហើយដែលខ្ញុំមើលអត់ឃើញអាឃ្លីបដាក់កាលកំណត់ ថ្ងៃទី ២៩ ធ្នូ បើសិនជាឃើញ ងាប់តាំងពីពេលនោះ។ ខ្ញុំវាយហើយ ខ្ញុំអត់ទុកទេ។ ចាត់ទុកថា ជីវិតអ្នកឯងថ្លៃ។ ខ្ញុំអត់បានឃើញទេអាឃ្លីបមួយហ្នឹង អាគេសន្យាជាមួយគ្នាថា ថ្ងៃទី ១៩ ហ្នឹងត្រូវប្តូរផ្តាច់ធ្វើអោយបាន។ កុំអីអត់ទេ …។
តាមការការព្យាករណ៍ ឆ្នាំនេះអាចអុំទូកបាន
ឆ្នាំនេះ បោះឆ្នោតរួចហើយមានអី។ បន្តិទៀតអុំទូកសប្បាយ។ សុទ្ធតែតេជោសែនជ័យអីឯណា។ បុទុមបុប្ផា។ ហើយទឹកឆ្នាំនេះអាចអុំបាន បើតាមការព្យាករណ៍។ កម្ពស់ ៦ ម៉ែត្រកន្លះ ទៅ ៧ ម៉ែត្រ។ អុំល្មមតែម្ដង។ អាស៊ានក៏អត់មានប៉ះបុណ្យអុំទូកទេ។ ខ្ញុំនឹងនៅ ដើម្បីដង្ហែរព្រះមហាក្សត្រជាទីសក្ការៈរបស់យើង។ ជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕