– សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
– កងកម្លាំងដោះមីន និងអង្គសន្និបាតទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធី បិទសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមប្រធានបទ«ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ ២០២៥» នាពេលនេះ។ ជាបឋម ក្នុងឋានៈជាប្រធានឤជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ខ្ញុំសូមសំដែងនូវការស្វាគមន៍ ចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងកងកម្លាំងដោះមីនទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ ឤជ្ញាធរមីន ដែលបានលើកឡើងពីសន្និបាតជាតិរយៈពេលពីរថ្ងៃ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំឤជ្ញាធរមីន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និបាតជាតិនេះឡើងដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
ជាការពិត កេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានបន្សល់ទុកពីសម័យសង្គ្រាម និងជម្លោះផ្ទៃក្នុងរាប់ទសវត្សរ៍ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់ និងមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេបំផុតក្នុងពិភពលោក។ តាមប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (CMVIS) ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៧ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៤.៦៨៨ នាក់។ កម្ពុជាតែងបានខិតខំរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ រហូតឈានដល់ការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការអប់រំកាត់បន្ថយ គ្រោះថ្នាក់ដោយសារមីន ដែលបានទាញឱ្យចំនួនគ្រោះថ្នាក់ធ្លាក់ចុះជាប្រចាំ។ ជាក់ស្តែង ជនរងគ្រោះបានថយចុះយ៉ាងខ្លាំងពី ៤.៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅចំនួនប្រហែល ១០០ នាក់ ក្នុងមួយឆ្នាំជាមធ្យម ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។
ជារួម ដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ខ្ញុំបានខិតខំពុះពារយ៉ាងលំបាក ជម្នះគ្រប់ឧបសគ្គដើម្បីបង្រួបបង្រួមប្រទេសជាតិ រកសន្តិភាព និងបញ្ចប់សង្គ្រាមជូនប្រទេស និងប្រជាជនកម្ពុជា ដែលក្នុងពេលនោះយើងដឹងហើយថា ដៃម្ខាងត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុល ពត វិលមកវិញ ហើយដៃម្ខាងទៀតខិតខំស្តារសង្គម-សេដ្ឋកិច្ចក្នុងស្ថានភាព ដែលប្រទេសជាតិ ស្ថិតក្នុងស្ថានភាពហ៊ុំព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅ យ៉ាងអយុត្តិធម៌ទៀតផង។ ជាមួយគ្នានោះ យើងបានគិតគូរយកចិត្តទុកដាក់ទាំងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ ដើម្បីផ្តល់ទីលំនៅប្រកបដោយសុវត្ថិភាពជូនបងប្អូន ប្រជាជន ទោះបីពេលនោះ យើងពុំមានថវិកាជាដុំកំភួន និងសម្ភារៈបច្ចេកទេសទំនើបក៏ដោយ។
តាមរយៈការអនុវត្តនយោបាយ «ឈ្នះ–ឈ្នះ» កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស បញ្ចប់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ អង្គការចាត់តាំងខាងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានរំលាយ ហើយប្រទេសជាតិក៏ទទួលបានមកវិញនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ នៅកម្ពុជា។ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាពិតជាបានឃើញយ៉ាងច្បាស់អំពីការអភិវឌ្ឍសង្គមជាតិ ការរីកចម្រើនលើគ្រប់វិស័យដែលបានកើតេចញពីគុណតម្លៃនៃសុខសន្តិភាពនេះ។ ក្នុងន័យនេះបានបង្ហាញថា ប្រជាជនកម្ពុជាម្នាក់ៗបានយល់ច្បាស់ណាស់ពីមហាវិនាសកម្ម ដោយសារសង្គ្រាម ដូចមានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនថ្មីៗនេះ ហើយតែងបានប្តេជ្ញាចិត្តខ្ពស់ ទោះបីក្នុងតម្លៃណាក៏ដោយមិនឱ្យបាត់បង់ទៅវិញជាដាច់ខាតនូវសុខសន្តិភាពនេះ ពីញ្រេះលទ្ធផលនៃសន្តិភាពនេះ បានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការបន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ កិច្ចដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិកម្ពុជា។
-សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា និងអង្គសន្និបាតទាំងមូល!
ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលជាង ២៥ ឆ្នាំមកនេះ លើសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ កម្ពុជាសម្រេចបានសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះមាន៖
១. រំដោះផ្ទៃដីចំនួនប្រមាណ ១.៧០០ គីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់ដីសុវត្ថិភាពជូនប្រជាជនយកទៅប្រើប្រាស់ ប្រកបរបរឤជីវកម្ម សាងសង់លំនៅដ្ឋាន និងបង្កបង្កើនផលជាដើម។ ទន្ទឹមនោះ គ្រាប់មីនប្រឆាំងមនុស្សជាង ១ លានគ្រាប់ មីនប្រឆាំងរថក្រោះប្រមាណ ២៥.០០០ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ២ លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។
២. កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ពុះពារជម្នះការលំបាក នៃវិបត្តិផ្លូវចិត្តជនពិការ ខិតខំលើកស្ទួយសិទ្ធិជនពិការ លើកទឹកចិត្តជនពិការក្នុងកម្មវិធីនានា រួមទាំងការងារសង្គម និងកីឡា ខិតខំផ្តល់ជំនួយផ្នែកមនុស្សធម៌ និងកសាងជីវភាពជនពិការ និងក្រុមគ្រួសារជនពិការ។ កិច្ចខិតខំទាំងអស់នោះត្រូវបានប្រជាជនកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិទទួលស្គាល់ អបអរសាទរ និងបន្តជួយគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជាដើម្បីឱ្យកម្ពុជា រួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
៣. ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺប្រតិបត្តិករទាំងអស់ រួមមានកងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អង្គការហេឡូត្រាស់ (HALO Trust) អង្គការម៉ែក (MAG) អង្គការជំនួយប្រជាជនន័រវេស (NPA) និងអង្គការដោះមីនកម្ពុជា (CSHD) បានបោសសម្អាតនិងរំដោះផ្ទៃដីតាមគម្រោងឤទិភាពរបស់សហគមន៍ប្រមាណ ១០០ គីឡូម៉ែត្រក្រឡាក្នុង ១ ឆ្នាំៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងរយៈពេលនេះ កម្ពុជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់អំពីមីន ហើយបានប្រែក្លាយខ្លួនពីប្រទេស ដែលរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលយកនូវចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ និងមានជំនាញបោសសម្អាតគ្រាប់មីន ទៅចែករំលែកនៅលើឆាកអន្តរជាតិ ទៅប្រើតាមបណ្តាប្រទេសដែលកំពុងជួបប្រទះនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយក៏តែងទទួលគណៈប្រតិភូមកពីបណ្តា ប្រទេសជាច្រើន បានមកទស្សនាប្រទេសកម្ពុជា ដើម្បីរៀនសូត្រ និងទទួលបទពិសោធន៍ផងដែរ។ លើសនេះទៀត ចាប់តាំងពីឆ្នាំ ២០០៦ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយសារមីន កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីទៅចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសផ្សេងៗ ដែលកំពុងប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ ម៉ាលី ឤហ្វ្រិកកណ្តាល សៃប្រឺស លីបង់ និងស៊ីរី នៅក្នុងក្របខណ្ឌបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមការងារបោសសម្អាតមីនមនុស្សធម៌ និងផ្តល់នូវភាពសុខក្សេមក្សាន្តដល់ប្រជាជននៃប្រទេសទាំងនោះ។
ខ្ញុំសូមរំលឹកផងដែរថា រយៈពេលជាង ១២ ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៥.៤៨៦ នាក់ បាន និងកំពុងបំពេញបេសកកម្ម ហើយទាហានមួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនគ្រប់ជាតិសាសន៍លើសកលលោក ដែលតែងបានជួយផ្តល់នូវបរិស្ថានល្អប្រសើរមួយផ្នែកក្នុងពិភពលោក។ ក្នុងនោះដែរ ខ្ញុំក៏បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលតំបន់ឤស៊ានសម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Centre-ARMAC) នាកិច្ចប្រជុំកំពូលឤស៊ានលើកទី ២១ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញ ហើយបានឯកភាពគ្នាបង្កើតមជ្ឈមណ្ឌលនេះ ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ។
ចំពោះមុខ ខ្ញុំសូមយកឱកាសនេះអះឤងបញ្ជាក់សារជាថ្មី និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីឱ្យកម្ពុជាសម្រេចបានចក្ខុវិស័យមួយ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត «កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រព្រឹត្តទៅដោយសុវត្ថិភាព »។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
កម្ពុជានៅតែដាក់គោលដៅ រុករក និងបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។
អនុញ្ញាតអោយខ្ញុំបានបញ្ជាក់បន្ថែមលើចំណុចនេះបន្ដិច៖
ទី ១ កម្ពុជាតែងមានគោលដៅលើសពីប្រទេសដទៃមួយ នៅត្រង់ថា គោលដៅអភិវឌ្ឍសហស្សវត្សរ៍ គឺមានគោលដៅត្រឹមតែ ៨ ទេ ប៉ុន្តែកម្ពុជាមានដល់ ៩។ បន្ទាប់ទៅ ពេលនេះ យើងកំពុងស្ថិតនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដែលនៅក្នុងនោះ នៅសេចក្ដីថ្លែងការណ៍រៀបចំក្របខណ្ឌនេះដោយអង្គការសហប្រជាជាតិ មិនមានដាក់បញ្ចូលការដោះស្រាយទាក់ទងនឹងបញ្ហាមីនទេ។ ខ្ញុំគិតថា ប្រហែលជាអ្នករៀបចំឯកសារទាំងនោះ គឺរៀបចំដោយខ្វះការចូលរួមមតិយ៉ាងណាក៏មិនដឹង ឬក៏មិនព្រមទទួលយកនូវការពិតខ្លះ ពីសំណាក់ប្រទេសដែលរងគ្រោះដោយសារមីន។ ដូច្នេះហើយ បានជានៅពេលដែលអនុវត្តនូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍ គេមិនបានឃើញនៅក្នុងគោលដៅទាំងនោះ មានការរុករក ឬក៏បំផ្លាញចោលគ្រាប់មីននោះទេ រហូតមកដល់ដំណាក់កាល នៃការអភិវឌ្ឍប្រកបដោយចីរភាពនេះទៀតសោត ក៏គ្មានទៀតផង។
ប៉ុន្តែកម្ពុជានៅតែជម្នះដាក់នូវគោលដៅរបស់ខ្លួន ព្រោះនេះគឺជាគោលដៅអាទិភាពមួយក្នុងចំណោមអាទិភាពរបស់កម្ពុជា។ នេះហើយ គឺជាការខុសប្លែក ដែលកម្ពុជាខ្លួនត្រូវមានការទទួលខុសត្រូវ មិនមែនក្របខណ្ឌ នៃឯកសារមួយរបស់អង្គសហប្រជាជាតិ អាចអនុវត្តនៅគ្រប់ប្រទេសបាននោះទេ ព្រោះប្រទេសខ្លះគេគ្មានគ្រាប់មីន ប៉ុន្តែប្រទេសខ្លះមានគ្រាប់មីន ដូចជាកម្ពុជា។ ប្រសិនបើយើងមិនដាក់បញ្ចូលទៅក្នុងផែនការ និងទិសដៅជាក់លាក់របស់យើងទេ យើងច្បាស់ជាមើលរំលងនូវអ្វី ដែលបាន និងកំពុងកើតនៅក្នុងប្រទេសរបស់យើង នេះជាចំណុចទី ១ ដែលខ្ញុំចង់បញ្ជាក់។
សុំកុំបកស្រាយប្រថុយប្រថាន រឿងមីនស្អុយ បើស្អុយ សូមទៅសាកដោយខ្លួនឯង
ឯចំណុចទី ២ ខ្ញុំមិនច្បាស់ទេថា តើមានការបកស្រាយណាមួយដែលថា មីននៅកម្ពុជាស្អុយអស់ហើយនោះ ខ្ញុំគ្រាន់តែបានឃើញព័ត៌មានតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានបញ្ហាហ្នឹងមែន ខ្ញុំសុំស្នើអោយមានការកែតម្រូវអោយបានច្បាស់ ឬក៏ការបកស្រាយអោយបានច្បាស់។ ខ្ញុំគ្រាន់តែបានមើលសារព័ត៌មានមុនពេលដែលខ្ញុំចេញមកតែប៉ុណ្ណោះថា មានប្រតិកម្មពីអគ្គនាយក CMAC ជាមួយនឹងការលើកឡើងរបស់វាគ្មិនខ្លះថា គ្រាប់មីននៅកម្ពុជា វាស្អុយអស់ហើយ។ មិនដូច្នោះទេ បើទោះបីជាមានការបកស្រាយយ៉ាងណាក៏ដោយ ឬដូចថា គ្រាប់មីនដែលកែច្នៃដាក់ឈើចូលទៅជាមួយ ឈើវាអាចពុក ជាតិផ្ទុះវាមិនពុកទេ ត្រូវបកស្រាយបញ្ហានេះឡើងវិញ ដើម្បីជៀសវាងការភាន់ច្រឡំណាមួយក្នុងចំណោមប្រជាជនកម្ពុជា ព្រោះអ្វី? សព្វថ្ងៃនេះ យើងបង្ការគ្រប់ខ្លាំងណាស់ ដើម្បីជៀសវាងអោយប្រជាជនកម្ពុជា រហូតដល់កុមារកម្ពុជាជៀសអោយផុត ជៀសឆ្ងាយ សូម្បីតែរើសគ្រាប់ដែលមានការសង្ស័យ ក៏មិនប៉ះពាល់ផង។ តំបន់ខ្លះ យើងដោត(សញ្ញាមីន) គ្រាន់តែសង្ស័យថាមានមីន មិនហ៊ានអោយប្រជាជនចូលទៅកាន់ទីនោះទេ យើងត្រូវតែរារាំង ដើម្បីទុកកន្លែងនោះ ដោះមីនរួចហើយ បានយើងចាប់ចែកដីអោយគាត់។ ដែលយើងបានឃើញពិព័ណ៌នៅខាងក្រៅ យើងបានមើលអម្បាញ់មិញ ហើយដែលឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានបញ្ជាក់ដែរថា ប្រែក្លាយពីដីដែលមានមីន ទៅជាដីមាស។ ពីដីដែលធ្លាប់មានមីនបំផ្លាញជីវិតមនុស្ស ទៅជាដីដែលមានការអភិវឌ្ឍ។
ខ្ញុំអំពាវនាវ សុំអោយមានការបកស្រាយអោយបានច្បាស់លើចំណុចនេះ។ សុំកុំប្រថុយប្រថាន ហើយបើសិនជានៅតែបន្តបកស្រាយបែបនេះតទៅទៀត ខ្ញុំក៏សុំអញ្ជើញអ្នកបកស្រាយទាំងនោះ រួមគ្នាជាមួយនឹងអ្នកគាំទ្រនៃការបកស្រាយដែលថា គ្រាប់មីនស្អុយនោះ សូមធ្វើដំណើរទៅកន្លែងមីនសាកល្បងខ្លួនឯងទៅ នេះទើបដឹងរឿងពិត ព្រោះគ្រាប់បែកច្នៃនេះ វាមានឈើ ឬឫស្សី វាអាចពុក ក៏ប៉ុន្តែចំណែកទាក់ទងនឹងរំសេវរបស់វានេះ វាមិនពុកទេ វាអាចត្រូវផ្ទុះ។ ដូច្នេះ សុំកុំភាន់ច្រឡំទៅលើបញ្ហានេះ ម្យ៉ាងទៀត ការបកស្រាយបែបនេះ នឹងត្រូវធ្វើប្រជាជនកម្ពុជាបាត់បង់ការប្រុងប្រយ័ត្ន ក្នុងពេលដែលយើងកំពុងឃោសនាដាក់នូវវិធានការទាំងឡាយពាក់ព័ន្ធជាមួយនឹងបំរាម ដាក់ជារូប ដាក់ជាសញ្ញាបញ្ជាក់ថា តំបន់សង្ស័យថាមានមីន មិនទាន់អោយប្រជាជនចូល នឹងធ្វើអោយប្រជាជនមានការប្រុងប្រយ័ត្ន។
ខ្ញុំមិនចង់អោយមានការប្រថុយប្រថានលើការបកស្រាយណាមួយមិនជាក់លាក់នោះទេ ហើយខ្ញុំក៏មិនទាន់បានច្បាស់ថា តើការបកស្រាយនោះយ៉ាងម៉េច បាននិយាយថា មីនស្អុយនោះ? មីនវាមិនចេះស្អុយទេ រាប់ទាំងមីនមែនមានតាំងពីសង្រ្គាមលោកលើកទី ១ និងទី ២ រំសេវហ្នឹងមិនចេះស្អុយទេ។ អញ្ចឹង សុំប្រយ័ត្នអំពីការបកស្រាយណាមួយទាក់ទងជាមួយនឹងបញ្ហាមីន ព្រោះជីវិតមនុស្សមិនអាចលេងសើចបានទេ វានាំបញ្ហាថែមទៀតផង។ ហើយបើសិនជានៅតែបន្តការបកស្រាយបែបនេះ សុំមេត្តា ខ្ញុំនិយាយម្ដងទៀត សុំមេត្តាទៅខ្លួនឯងសាកល្បង។ បើសិនជាសាកល្បងកន្លែងហ្នឹង ហើយមិនចាំបាច់ប្រើគ្រឿងចក្រ(កំចាត់មីន)អីទេ សាកល្បងទៅអត់ហើយ(មីនស្អុយ) យើងដឹងថាតំបន់ហ្នឹងអស់មីន … ប៉ុន្តែមិនច្បាស់ទេ ដើរជួនកាល អត់ផ្ទុះទេ ប៉ុន្តែដល់ពេលយើងបើករថយន្តចូលតំបន់ហ្នឹង វាផ្ទុះភ្លាម។ ម្សិលមិញ និងថ្ងៃនេះ មានការផ្ទុះជាបន្តបន្ទាប់។ នេះមិនមែនជារឿងសាមញ្ញពេកទេ ដែលទាមទារអោយមានការយល់ដឹង។
[បញ្ចប់សេចក្ដីអធិប្បាយ]
ដើម្បីសម្រេចបានជោគជ័យនូវគោលដៅទាំង ៨ ដូចមាន ចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងចក្ខុវិស័យសម្រាប់សកម្មភាពមីននៅកម្ពុជានាពេលអនាគត ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ឤជ្ញាធរមីន និងក្រសួងស្ថាប័ននានា ដូចខាងក្រោម៖
ទី១ ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព គណនេយ្យភាព និងប្រសិទ្ធភាពចំពោះការងាររបស់ខ្លួនដើម្បីទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។
ទី២ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ស្តង់ដារជាតិ សកម្មភាពមីន ផែនការ គោលការណ៍ណែនាំ និងសេចក្តីណែនាំនានាដែលចេញដោយឤជ្ញាធរមីន។
ទី៣ ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយឤជ្ញាធរមីន ជាពិសេសការផ្តល់ទិន្នន័យ និងព័ត៌មាន រួមមានព័ត៌មានស្តីពីហិរញ្ញវត្ថុ សម្ភារៈ កម្លាំងប្រតិបត្តិការ និងជំនួយបច្ចេកទេស ។ល ។ ដើម្បីឱ្យឤជ្ញាធរមីនមានលទ្ធភាពបូកសរុប និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។
ទី៤ ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឤជ្ញាធរមីន និងឤជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីធានាការរៀបចំ និងការអនុវត្តផែនការបោសសម្អាតមីនប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៥ ឤជ្ញាធរមនីត្រូវផ្តល់ជាត្រីវិស័យដល់បណ្តាប្រតិបត្តិករដោះមីនទាំងអស់ ដើម្បីគោរពឱ្យបាននូវគោលការណ៍ណែនាំ សម្រាប់ការធ្វើផែនការបោសសម្អាត និងបន្តដឹកនាំតាមការអនុវត្តផែនការយុទ្ធសាស្ត្រសកម្មភាពមីន ២០១៨-២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឤជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងគ្រប់គ្រងការងារវិស័យសកម្មភាពមីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឤជ្ញាធរមីនពិតជាបានធ្វើឱ្យការរៀបចំផែនការ ការកំណត់ឤទិភាព ការតម្រង់ទិសការងារបោសសម្អាតមីន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងគោលដៅជាឤទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនេះ ដើម្បីឱ្យកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីនជាស្ថាពរត្រឹមឆ្នាំ ២០២៥ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់សហគមន៍ផ្តល់ជំនួយ ដៃគូអភិវឌ្ឍ និងប្រទេសជាមិត្ត សូមបន្តជួយគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លាជាមួយឤជ្ញាធរមីនលើគ្រប់រូបភាព។
ជាទីបញ្ចប់ ជាមួយការប្រកាសបិទសន្និបាតជាតិវិស័យសកម្មភាពមីន នៅពេលនេះ ខ្ញុំសូមជូនសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងកងកម្លាំងដោះមីនទាំងអស់ សូមទទួលបានសុខសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ និងសូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ !