សុន្ទរកថា និងការដកស្រង់ប្រសាសន៍ ក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមប្រធានបទ «ឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីន ឆ្នាំ ២០២៥»

– សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ – កងកម្លាំងដោះមីន និងអង្គសន្និបាតទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធី បិទសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមប្រធានបទ«ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ ២០២៥» នាពេលនេះ។ ជាបឋម ក្នុងឋានៈជាប្រធានឤជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ខ្ញុំសូមសំដែងនូវការស្វាគមន៍ ចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងកងកម្លាំងដោះមីនទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ ឤជ្ញាធរមីន ដែលបានលើកឡើងពីសន្និបាតជាតិរយៈពេលពីរថ្ងៃ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំឤជ្ញាធរមីន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និបាតជាតិនេះឡើងដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ ជាការពិត កេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានបន្សល់ទុកពីសម័យសង្គ្រាម និងជម្លោះផ្ទៃក្នុងរាប់ទសវត្សរ៍ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់ និងមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេបំផុតក្នុងពិភពលោក។ តាមប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (CMVIS) ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៧ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៤.៦៨៨ នាក់។ កម្ពុជាតែងបានខិតខំរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ រហូតឈានដល់ការគ្រប់​គ្រងបានយ៉ាងល្អប្រសើរនូវការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការអប់រំកាត់បន្ថយ គ្រោះថ្នាក់ដោយសារមីន…