វឌ្ឍនភាព នៃវិទ្យាស្ថានជាតិអប់រំ
ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានមកជួបជុំនិស្សិតរបស់យើង មុនពេលចាកចេញទៅកាន់ការងាររៀងៗខ្លួន ហើយបើពិនិត្យមើលអំពីការបរិច្ឆេទ ដែលខ្ញុំមកកាន់ទីនេះ សម្រាប់តែផ្នែកគរុកោសល្យ ចាប់តាំងពីឆ្នាំ ១៩៩៦ មក នេះជាលើកទី ២០។ ដោយមិនគិតអំពីការចូលរួមជាមួយនឹងការចែកសញ្ញាបត្រអោយសាលាដទៃទៀត ដែលមកខ្ចីអគារនេះដំណើរការ ហើយក៏មិនគិតអំពីដំណាក់កាលឆ្នាំ ១៩៧៩-១៩៩៦ ទេ។ ពិនិត្យឡើងវិញអំពីតួនាទី នៃវិទ្យាស្ថានជាតិអប់រំ ដែលមុននេះ យើងហៅថា សាលាគរុកោសល្យ ដែលចាប់ផ្ដើមប្រមូលគ្រូបង្រៀនមកធ្វើការបណ្ដុះបណ្ដាលនៅទីនេះ ខ្ញុំពិតជានៅចងចាំបានថា ក្នុងស្ថានភាពមួយដ៏លំបាកកាលពីពេលនោះ ក៏ប៉ុន្តែ មន្រ្តីអប់រំរបស់យើងកាលពីពេលនោះ បានប្រមូលផ្ដុំគ្នាបង្កើតឡើងនូវការរៀបចំការបណ្ដុះបណ្ដាលគ្រូនៅទីនេះ។ បន្ទាប់មកទៀត សម្រាប់អគារនេះ ខ្ញុំនៅតែនឹកស្រមៃអំពីកាលដែលខ្ញុំមកចែកសញ្ញាបត្រម្ដងៗ យើងទៅជួលរោងការគេទេ យកមកធ្វើជារោងសម្រាប់ការចែកសញ្ញាបត្រអោយនិស្សិតរបស់យើង។ បន្ទាប់ទៅ ខ្ញុំជាមួយនឹង ឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានធ្វើ ដែលគេហៅថា ដំបូលទូក។ អាហ្នឹងដាក់សំណាញ់ជុំវិញ ដំបូលដែក។ ដល់ឆ្នាំ ២០០៦(យើងបានធ្វើអគារនេះ) អញ្ចឹងអាយុកាលរបស់វា ១២ ឆ្នាំហើយ។ យើងទទួលបានផលប្រយោជន៍មែន សម្រាប់ការសិក្សារបស់និស្សិតនៅទីនេះផង ហើយសាលានានាក៏បានមកខ្ចី(ដើម្បីចែកសញ្ញាបត្រ)នៅកន្លែងនេះផងដែរ។ បន្ទាប់ទៅ ខ្ញុំដូចជាបានធ្វើ(អគារ)នៅសាលាភូមិន្ទកសិកម្មចំការដូងមួយទៀត ដែលធំជាងនេះបន្ដិច។ ដល់ទៅខេត្តស្វាយរៀង ធំជាងនៅចំការដូងទៀត។ កាន់តែរីកចម្រើន កាន់ធំ។ គ្រាន់តែបញ្ហាទាក់ទងជាមួយនឹងមូលដ្ឋាននៃការសិក្សានៅទីនេះ ក៏ផ្ដល់នូវការវាយតម្លៃ អំពីការរីកលូតលាស់របស់យើងពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។
ការខិតខំស្ដារឡើងវិញនូវវិស័យអប់រំ និងវិស័យដទៃ ពីបាតដៃទទេ
ខ្ញុំសុំកោតសរសើរ ចំពោះគណៈគ្រប់គ្រង នៃវិទ្យាស្ថានជាតិអប់រំរបស់យើង ដែលបានប្ដូរឈ្មោះជាបន្តបន្ទាប់។ ឥឡូវបានក្លាយទៅជាវិទ្យាស្ថានជាតិអប់រំ ដែលមានកម្រិតខ្ពស់ សម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន។ មុននេះ យើងបានឆ្លងកាត់នូវដំណាក់កាល ដែលហៅថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះ”។ ម្សិលមិញនេះ គឺមានការបិទសន្និបាទបូកសរុបការងារ អប់រំ យុវជន និងកីឡា ឆ្នាំ ២០១៦-២០១៧ និងលើកទិសដៅឆ្នាំ ២០១៧-២០១៨។ ខ្ញុំគិតថា វាជាការចង្អុលចក្ខុវិស័យសម្រាប់កំណែទម្រង់ទៅពេលខាងមុខនេះ។ ខ្ញុំមិនរំលឹកឡើងវិញអំពីបញ្ហានោះទេ គ្រាន់តែយើងអាចសង្កេតមើល អំពីការវាយតម្លៃទាំងឡាយ ដែលទាក់ទងជាមួយនឹងការឈានឡើងបន្ដិចម្ដងៗរបស់យើង ពីស្ថានកាលមួយដ៏លំបាក។ នៅលើពិភពលោកនេះ គ្មានប្រទេសណាដែលបំផ្លិចបំផ្លាញដល់ឫសគល់ទៅក្នុងវិស័យអប់រំ និងវិស័យដទៃទៀត ដូចជានៅកម្ពុជានោះទេ។
ខ្ញុំបានដើរច្រើនប្រទេសណាស់ នៅក្នុងពេលដែលខ្ញុំធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស។ នៅពេលនោះ ខ្ញុំធ្វើដំណើរទៅប្រទេសច្រើន ក៏ប៉ុន្តែប្រទេសគេ ទោះបីមានសង្រ្គាមហែកហួរ បន្ទាប់ពីបានឯករាជ្យទៅ គេបន្តលើមូលដ្ឋាននៃហេដ្ឋារចនាសម័្ពន្ធចាស់ ទាំងផ្នែកទន់ និងផ្នែករឹង។ សម្រាប់យើង បន្ទាប់ពីរំដោះប្រទេសចេញពីរបប ប៉ុល ពត យើងគ្មានអ្វីក្រៅតែពីការខិតខំប្រមូលផ្ដុំ ដើម្បីកសាងឡើងវិញពីបាតដៃទទេនោះទេ។ វាលំបាកណាស់ ក៏ប៉ុន្តែ ការខិតខំប្រឹងប្រែងរបស់យើងនោះ គឺបានក្លាយទៅជាមោទនភាពសម្រាប់ជាតិសាសន៍របស់យើង។ បើនិយាយពីក្មួយៗ ដែលមានអាយុតិច ប្រហែលជាក្មួយៗក៏អាចនៅដឹងបានថា ជីដូនជីតារបស់ក្មួយៗ និងឪពុកម្ដាយរបស់ក្មួយៗ ក៏មានការប្រឹងប្រែងយ៉ាងច្រើន រួមជាមួយនឹងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជានៅពេលនោះ ដើម្បីដោះស្រាយបញ្ហាម្ខាង គឺរំដោះប្រទេស ឯម្ខាងទៀត បន្ទាប់ពីការរំដោះប្រទេសហើយនោះ ក៏ត្រូវទប់ស្កាត់ការវិលត្រឡប់ឡើងវិញ នៃរបប ប៉ុល ពត ហើយនិងស្ដារឡើងនូវជីវភាពគ្រប់ផ្នែកគ្រប់វិស័យ។
ប្រវត្តិវិទ្យាល័យ ហ៊ុន សែន Bamako ប្រទេសម៉ាលី
ខ្ញុំគ្រាន់តែធ្វើការប្រៀបធៀបមួយ ដែលឥឡូវនេះ ខ្ញុំមានវិទ្យាល័យមួយនៅឯប្រទេសម៉ាលី ដែលគេដាក់ឈ្មោះថា វិទ្យាល័យ ហ៊ុន សែន Bamako។ ហេតុអ្វីបានជាខ្ញុំទៅកសាងសាលាដល់កន្លែងហ្នឹង? វាទាក់ទងជាមួយនឹងជីវិតរបស់ប្រធានអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដែលគាត់ធ្លាប់នៅប្រទេសម៉ាលី។ ប្រទេសម៉ាលី គឺជាប្រទេសដែលខ្ញុំធ្លាប់ទៅទស្សនកិច្ចនៅទីនោះ ហើយខ្ញុំជួបប្រធានាធិបតី(របស់ប្រទេសម៉ាលី)។ ប្រធានាធិបតីនោះ គាត់ជាអ្នកឡើង(កាន់អំណាច)តាមរយៈរដ្ឋប្រហារ។ គាត់ជាប្រធានកងការពាររបស់ប្រធានាធិបតី ប៉ុន្តែដោយឃើញប្រធានាធិបតីនៅក្នុងទឹក គាត់ដាក់ប្រធានាធិបតីពន្លិចទឹកហើយ គាត់ប្រកាសខ្លួនឯងធ្វើជាប្រធានាធិបតីតែម្ដង។ បន្ទាប់ក្រោយមក គេក៏ធ្វើរដ្ឋប្រហារសម្លាប់គាត់ដូចគ្នា។ តជំនាន់អញ្ចឹង អោយតែប្រទេសមានរដ្ឋប្រហារ។ ប៉ុន្តែ ប្រធានាធិបតីដែលខ្ញុំបានជួបនោះ គឺពេលនោះ អ្នកស្រី Eva Mysliwiec បង្កើតអង្គការ CDRI។
បន្ទាប់ពីរដ្ឋប្រហារយោធាសម្លាប់ប្រធានាធិបតី ដែលខ្ញុំបានជួបនេះ ហើយគាត់ត្រូវគេបណ្ដេញចេញពីប្រទេសម៉ាលី គាត់ក៏ទៅសហរដ្ឋអាមេរិកវិញ។ ដល់គាត់ទៅសហរដ្ឋអាមេរិក ទទួលឪពុករបស់គាត់មរណភាព គាត់ពិបាកចិត្តខ្លាំងណាស់ អញ្ចឹងគាត់ក៏បានធ្វើដំណើរមកកម្ពុជា ចង់មកមើលអំពីស្ថានភាពដ៏លំបាករបស់កម្ពុជាក្រោយរបប ប៉ុល ពត វាយ៉ាងម៉េច? គំនិតរបស់គាត់មកក្នុងរង្វង់មួយខែ ឬពីរខែតែប៉ុណ្ណោះ ប៉ុន្តែ ក្រោយមក គាត់គឺជា(ជនបរទេស)អ្នកដែលរស់នៅជាមួយនឹងកម្ពុជាបានរយៈពេលយូរបំផុត ហើយគាត់ក៏បានចូលសញ្ជាតិកម្ពុជា។ ប៉ុន្តែគាត់ចង់ត្រឡប់ទៅប្រទេសម៉ាលីវិញ។
ពេលដែលគាត់ទៅប្រទេសម៉ាលីវិញ គាត់ក៏ខិតខំ ដើម្បីប្រមូលវិភាគទានទាំងឡាយ ដើម្បីសាងសង់នូវវិទ្យាល័យមួយនៅ Bamako នៅប្រទេសម៉ាលី ដែលឥឡូវហ្នឹង កងទ័ពកម្ពុជាយើងក៏កំពុងឈរជើងនៅទីនោះ។ ជារៀងរាល់ឆ្នាំ គាត់តែងតែមកប្រជុំនៅក្រុមប្រឹក្សាភិបាល CDRI នេះ ហើយគាត់តែងជួបជាមួយខ្ញុំ។ គាត់បាននិយាយប្រាប់ខ្ញុំថា អ្វីដែលកំពុងកើតនៅប្រទេសម៉ាលី គឺប្រហាក់ប្រហែលនឹងស្ថានភាពកម្ពុជានាទសវត្សរ៍ ៨០ គឺគាត់និយាយយ៉ាងដូច្នេះ។ អញ្ចឹង ធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើលណាស់។ នៅពេលនោះ ប្រទេសម៉ាលី គឺជាប្រទេសដែលមានការជឿនលឿនជាងយើង ពេលដែលខ្ញុំជារដ្ឋមន្ត្រីការបរទេស ធ្វើទស្សនកិច្ច ប្រហែលជាក្នុងឆ្នំា ១៩៨៣ […]
បើថាស្ថានភាពម៉ាលីក្នុងទសវត្សរ៍នេះប្រហាក់ប្រហែលកម្ពុជាក្នុងទសវត្សរ៍ ៨០ គឺជារឿងដែលគួរអោយភ្ញាក់ផ្អើលខ្លំាងណាស់។ កាលនោះ ស្ថានភាពនៅម៉ាលីប្រសើរជាងនៅកម្ពុជារបស់យើង។ ប៉ុន្តែរឿងនេះ គឺជារឿងមួយដែលគ្រាន់តែធ្វើការប្រៀបធៀបអំពីការខិតខំរបស់យើង ដែលយើងបានខិតខំរួមគ្នាងើបឈរឡើងទំាងលំបាកលំបិន ជាមួយនឹងទណ្ឌកម្មអន្តរជាតិ ដែលហ៊ុមព័ទ្ធយើង ដែលហៅថា ហ៊ុមព័ទ្ធ ឬទណ្ឌកម្ម ជំនួយអភិវឌ្ឍន៍គេមិនផ្តល់ទេ … គេអាចផ្តល់ជាជំនួយ ដើម្បីសង្គ្រោះបន្ទាន់ រឿងនេះ រឿងនោះ ប៉ន្តែជំនួយអភិវឌ្ឍដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់អាហាររូបបករណ៍ស្អីៗហ្នឹង គឺគេមិនផ្តល់ទេ។
មូលហេតុដែលធ្វើអោយភាសាបារំាងធ្លាក់ចុះនៅកម្ពុជា
សូម្បីតែរឿងបារំាងនេះ អញ្ចឹងបានឥឡូវភាសាបារំាងនេះ បើអោយខ្ញុំនិទានរឿងនិយាយភាសាបារំាងធ្លាក់ចុះ រឿងមិនចំាបាច់ទៅបន្ទោសអ្នកណាទេ។ ខ្ញុំថ្ងៃមុនដូចជាមាននិយាយនៅវិទ្យាស្ថានជាតិអប់រំ រឿងភាសាបារំាង អញ្ចឹង បាននៅកន្លែងរបស់យើងនោះ ឆ្នំានេះដូចអត់ឃើញគ្រូខាងភាសាបារំាង ប៉ុន្តែ ចែកសញ្ញាបត្រឆ្នំានេះ ដូចអត់ឃើញគ្រូភាសាបារំាង? ខ្ញុំទៅប្រទេសបារំាងឆ្នំា ១៩៨២ ខ្ញុំបានប្រាប់សមាជិកសភាបារំាង។ បារាំងមានបក្សនយោបាយច្រើន មានទំាងបក្ស RPR មានតំាងពីសង្គមនិយម មានបក្សកុំម្មុយនីស្ត មានច្រើន។ បាយរួមគ្នា ខ្ញុំបាននិយាយប្រាប់ថា ភាសាបារំាងចាប់ផ្តើមថមថយចុះហើយ ដូច្នេះ បារំាងគួរតែគិតអំពីអតីតប្រទេសជាអាណានិគមរបស់ខ្លួន ដែលប្រើប្រាស់ភាសាបារំាង។ បន្ទាប់ពីភាសាជាតិរបស់ខ្លួន ខ្ញុំក៏បានលើកគំនិតថា គួរតែបើកមជ្ឈមណ្ឌលវប្បធម៌របស់បារំាង ឬក៏អាលីយ៉ង់ហ្វ្រង់សេសនៅប្រទេសកម្ពុជា។ ស្រាប់តែតំណាងរាស្ត្រ RPR គាត់បាននិយាយថា បារំាងអត់ទទួលស្គាល់រដ្ឋាភិបាលឯកឧត្តមទេ ដូច្នេះ បារំាងគ្មានហេតុផលណាមួយនឹងដាក់អាលីយ៉ង់ហ្រ្វង់សេស ឬក៏មជ្ឈមណ្ឌលភាសារបស់បារំាងនៅកម្ពុជាទេ។ បានខ្ញុំក្តៅស្លឹកត្រចៀកដែរ ខ្ញុំថាអោយត្រង់ៗតែម្តង ខ្ញុំថា នេះជាផលប្រយោជន៍បារំាងទេ អ្នកមិនត្រូវភ្លេចថា ប្រទេសរបស់ខ្ញុំ មានភាសាជាតិរបស់ខ្ញុំមួយដោយឡែក ហ្នឹងទី ១។ ទី ២ បច្ចុប្បន្ននេះ ខ្ញុំកំពុងតែបញ្ជូននិស្សិតទៅសហភាពសូវៀត និងអឺរ៉ុបខាងកើត។ ឯទី ៣ ខ្ញុំមានជម្រើសផ្សេងៗដទៃទៀត ជាភាសាអង់គ្លេស ជាភាសាដទៃទៀត តាមតែគេចង់។ មានអី ដល់តែធ្វើអោយរបូត ឥឡូវ ទីចុងបំផុតភាសាបារំាងនៅកន្លែងណា? ឆ្នំា ១៩៩០ ហើយ បានមកប្រញាប់ប្រញាល់បើកអាលីយ៉ង់ហ្វ្រង់សេសនៅភ្នំពេញ ឆ្នំា ១៩៩០។ ដូច្នេះ វាយឺត។
… អ្នករៀនភាសាបារំាងនៅហ្នឹងតិច អ្នកចាស់ដែលនិយាយភាសាបារំាងចេះតែងាប់ទៅ អ្នកដែលចេះភាសាបារំាងអត់ចេញមក។ … នៅពេលដែលប្រជុំ ក្រុមនិយាយភាសាបារំាង គឺអោយយើងគាំទ្រការបង្កើត ធ្វើម៉េចជម្រុញភាសាបារំាង។ ខ្ញុំក៏នៅតែបន្តការខិតខំសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនិយាយភាសាបារំាង ក៏ប៉ុន្តែយើងទៅបង្ខំគេអត់កើត។ ឥឡូវ ក្មេងៗសម័យនេះ ក្រៅពីភាសាអង់គ្លេស ដែលភាសាគោល ដែលគេចាប់យក គេទៅរៀនភាសាចិនឯណោះទៅវិញ។ អញ្ចឹង ភាសាបារំាងអនាគតមិនដឹងថាទៅជាយ៉ាងម៉េចទេ។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ភាសាដែលរៀននៅក្នុងផ្នែកវេជ្ជសាស្ត្រក៏នៅតែជាភាសាបារំាង។ ខាងផ្នែកច្បាប់ក៏នៅតែជាភាសាបារំាង។ យើងឃើញថា ពីរហ្នឹង ខាងផ្នែកពេទ្យ និងវេជ្ជសាស្ត្រ និងខាងផ្នែកច្បាប់ គេប្រើភាសាបារំាងនៅច្រើនបន្តិច ប៉ុន្តែ កុំអោយដំណើរការនេះវាធ្លាក់ចុះបន្ថែមទៀត តាមយៈការខិតខំប្រឹងប្រែងរួម។ ប៉ុន្តែ យើងមិនអាចដាក់បង្ខំថា ត្រូវរៀននេះ រៀននោះ អោយនិស្សិតរបស់យើងបានទេ។
ធនធានមនុស្ស ជាអាទិភាពធំ និងបានយកចិត្តទុកជាច្រើនឆ្នាំមិនដាច់រយៈ
… ទាក់ទងនឹងធនធានមនុស្សជាអាទិភាពធំបំផុត ហើយនៅពេលដែលទៅប្រជុំអាស៊ាន ពិសេស អាស៊ាន-អូស្ត្រាលីនេះ មានការរៀបចំមួយដ៏ល្អ ដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើការតភ្ជាប់ ទៅលើទំនាក់ទំនងប្រជាជន និងប្រជាជន។ ក្នុងហ្នឹងទំនាក់ទំនងយុវជន និងយុវជន ពាក់ព័ន្ធទៅនឹងវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សនេះឯង។ ប្រទេសមួយៗរៀបចំអោយមានការជំនួបមួយ ដូចជាមាននាយករដ្ឋមន្ត្រីកម្ពុជាមួយ ត្រូវជួបជាមួយនិស្សិតរបស់និស្សិតអូស្ត្រាលី ៣ នាក់ និងនិស្សិតកម្ពុជាម្នាក់។ និស្សិតអូស្ត្រាលីនោះ គឺជានិស្សិតដែលមកធ្វើកម្មសិក្សានៅកម្ពុជា ដែលគេអាចនិយាយភាសាខ្មែរបាន គឺប្រទេសនីមួយៗ គឺគេរៀបចំបែបនេះ។ ឆ្នំានេះ តាមផែនការ គឺអូស្ត្រាលីនឹងបញ្ជូននិស្សិតមកកាន់កម្ពុជា ធ្វើកម្មសិក្សាប្រមាណជាជាង ៨០០ នាក់។ គាត់បញ្ជូនច្រើនណាស់ទៅគ្រប់បណ្តាប្រទេសអាស៊ាន ហើយបណ្តាប្រទេសអាស៊ានក៏បញ្ជូននូវនិស្សិតដើម្បីបានការបណ្តុះបណ្តាល។ ដូច្នេះ នៅទីណាក៏ដោយ មិនថានៅប្រទេសរបស់យើងទេ នៅលើពិភពលោកនេះ និយាយឡើង គឺទំនាក់ទំនងទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សនោះឯង។
ស្ថានភាពវិស័យអប់រំនៅកម្ពុជាបច្ចុប្បន្ននេះ បន្ទាប់ពីការយកចិត្តទុកដាក់ជាច្រើនឆ្នំា ដោយមិនដាច់រយៈ យើងបានជម្រុញឈានដល់ដំណាក់កាលថ្មីមួយ ដែលមុននេះ គ្រាន់តែក្នុងក្របខណ្ឌគ្រូបង្រៀនរបស់យើងនេះ យើងចេះតែរើសដាក់ៗ។ អាចយ មិត្តភក្តិរបស់ខ្ញុំ វាអ្នកកូតទ្រ។ កាលពីសម័យដើម មុនឆ្នំា ១៩៧០ អាចយ ដូចជារៀនអនុវិទ្យាល័យដែរ ដល់ទៅពេលវានៅរស់រានមានជីវិត គេអោយវាចូលធ្វើគ្រូ។ គេអោយវាទៅបង្រៀនថ្នាក់ទី ៣ ទី ៤ វាអត់ទៅទេ។ វាចង់មកបង្រៀនថ្នាក់ទី ១។ ខ្ញុំហៅទំាងប្រពន្ធ ទំាងប្តីមកលេង។ សួរថា ហេតុអ្វីបាន អាចយ មិនព្រមបង្រៀនថ្នាក់ទី ៣ ទី ៤ មកបង្រៀនថ្នាក់ទី ១? មូលហេតុនៅត្រង់ថាមករៀនថ្នាក់ទី ១ ហ្នឹង បើពេលណាទៅកូតទ្រអោយគេ អោយប្រពន្ធវាទៅចាំថ្នាក់បាន …។
គ្រប់វិស័យ មានប្រតិសកម្ម និងការតភ្ជាប់គ្នាទាំងអស់
… ការប្រឹងប្រែងរបស់យើងបានឈានដល់ដំណាក់កាលថ្មី ឥឡូវនេះ បរិញ្ញាបត្របូកមួយធ្វើនៅទីនេះ ១២ បូក ២ គឺធ្វើនៅតាមគរុកោសល្យខេត្ត គរុកោសល្យភូមិភាគ និងឈានដល់ ១២ បូក ៤ នៅពេលខាងមុខ។ នេះ គឺជាការរៀបចំដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនរបស់យើង សម្រាប់ជំរុញការបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៀត។ ស្ថានភាពនេះ តម្រូវអោយយើងយកចិត្តទុកដាក់ វាមិនមែនគ្រាន់តែហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងទាក់ទិនជាមួយ និយាយរួមវិស័យណាក៏ដោយ វាមានប្រតិសកម្ម និងការតភ្ជាប់គ្នាទាំងអស់។ គ្រាន់តែយើងធ្វើផ្លូវមួយខ្សែ កុំភ្លេចថា ផ្លូវមួយខ្សែនោះ វាមិនមែនគ្រាន់តែជាបញ្ហាដឹកជញ្ជូនសុទ្ធសាធទេ តែវាមានប្រតិសកម្មជាមួយនឹងវិស័យអប់រំភ្លាម។ ដោយសារអី? ដោយសារតែវាមានភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់សិស្ស សម្រាប់ការធ្វើដំណើររបស់គ្រូបង្រៀន។ យើងធ្វើស្ពានមួយកាត់ទន្លេ ឬកាត់ព្រែក វាក៏សម្រួលភ្លាមទៅដល់បញ្ហាវិស័យអប់រំ។ វិធានការជាច្រើនដែលយើងបានប្រកាន់យក មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកទេ។ មិនមែនទាល់តែវិនិយោគធ្វើសាលា បានហៅថា វិនិយោគក្នុងវិស័យអប់រំទេ? វិនិយោគធ្វើផ្លូវ វិនិយោគធ្វើស្ពាន វិនិយោគផ្នែកដទៃទៀត រាប់ទាំងអគ្គិសនីក៏វារួមផ្នែកវិនិយោគនៅក្នុងវិស័យអប់រំ។ វាមានការវិនិយោគផ្ទាល់ក្នុងវិស័យអប់រំដែរ ដូចជាធ្វើសាលារៀន ដែលចាំបាច់ត្រូវតែធ្វើហើយ។
វិស័យអប់រំ និងសុខាភិបាល គ្មានការកាត់បន្ថយការវិនិយោគ
ឥឡូវនេះ កំណើនសិស្សរបស់ប្រទេសយើងកើនដល់ណាហើយ? ដល់ទៅ ៣ លាន ៣ សែន ហើយគ្រូបង្រៀន ១ សែន ១ ម៉ឺន បានសេចក្តីថា ជិត ១២ ម៉ឺន ច្រើនណាស់។ ប៉ុន្តែ ក្មេងវាកើតច្រើនអញ្ចឹងធ្វើម៉េច? កើតនោះកើត។ អញ្ចឹង សាលារៀនគ្មានការកាត់បន្ថយ វិស័យអប់រំនេះមួយ និងវិស័យសុខាភិបាល គ្មានការកាត់បន្ថយណាមួយទៅលើការវិនិយោគទេ គឺមានតែការបង្កើនថែមនូវថវិកាប្រចាំឆ្នាំ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ដែលយើងផ្តោតការយកចិត្តទុកដាក់។ ទន្ទឹមនឹងថវិកាជាតិ យើងក៏មានសិល្បៈ នៃការចែករំលែក ពីអ្នកដែលមានលទ្ធភាពជួយកសាងសាលារៀន ដែលនេះក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងប្រទេសកម្ពុជារបស់យើង ដែលយើងប្រឹងប្រែងកសាង។ ឥឡូវនៅគ្រប់ទីកន្លែងទាំងអស់ អគារមួយជាន់ គាត់មិនសូវស្វាគមន៍ទេ គាត់ចាំស្វាគមន៍ពីពីរជាន់ បីជាន់ បួនជាន់តែម្តង។ ប៉ុន្តែ អាហ្នឹងទៅតាមធនធានទេ។ អ្នកខ្លះមានលទ្ធភាពជួយត្រឹមមួយជាន់ យកមួយជាន់សិនទៅ។ ខ្ញុំដើរមើលសាលាដែលកសាង ជាពិសេស ក្នុងអតីតតំបន់ដែលធ្វើសមាហរណកម្ម ជំនាន់នោះពិបាកដឹកជញ្ជូនខ្លាំងណាស់ …។
នយោបាយឈ្នះឈ្នះលើវិស័យអប់រំ
ចំណុចនេះខ្ញុំបានគិតថា ខ្ញុំបានគិតត្រឹមត្រូវខ្លាំងណាស់ ជាមួយនឹងការអនុវត្តនយោបាយឈ្នះឈ្នះ ដែលគួរតែត្រូវរំលេចបន្តិច ពេលនោះបន្ទាប់ពីការធ្វើសមាហរណកម្មនៅមួយប៉ែក ចាប់ពីផ្លូវជាតិលេខ ៥ មក ខាងត្បូង ហើយនៅក្នុងឆ្នាំ ១៩៩៦ យើងធ្វើសមាហរណកម្មតាំងពីម៉ាឡៃ តាំងពីកំរៀងភ្នំព្រឹក សំពៅឡូន ប៉ៃលិន រហូតទៅដល់សំឡូតស្អីៗនេះ។ ខ្ញុំបាននិយាយជាមួយថ្នាក់ដឹកនាំ ដូចជាសម្តេច ទៀ បាញ់, ឯកឧត្តម កែ គឹមយ៉ាន, ឯកឧត្តម ប៉ុល សារឿន អ្នកដឹកនាំដទៃទៀតថា បើគ្រាន់តែសមាហរណកម្មខាងរដ្ឋបាល និងនយោបាយមិនគ្រប់គ្រាន់ទេ ត្រូវសមាហរណកម្មគ្រប់ផ្នែកទាំងអស់ ក្នុងហ្នឹង គឺការតភ្ជាប់ផ្លូវគមនាគមន៍ និងដាក់ប្រព័ន្ធអប់រំ និងសុខាភិបាលអោយដូចៗគ្នា។ អញ្ចឹង បានជាមានវិទ្យាល័យនៅប៉ៃលិនស្អីហ្នឹង។ ជំនាន់កើតប៉ៃលិនភ្លាម មានវិទ្យាល័យនៅប៉ៃលិនភ្លាម។ កម្មវិធីសិក្សារបស់យើង គឺដាក់បញ្ចូលនៅក្នុងហ្នឹង ព្រោះអញ្ចេះ នយោបាយឈ្នះឈ្នះនៅកម្ពុជា ធ្វើខុសពីប្រទេសដទៃទៀត ហើយប្រទេសដទៃទៀត មិនហ៊ានយកអាហ្នឹងទៅធ្វើនៅប្រទេសរបស់គេទេ ព្រោះស្ថានភាពប្រទេសរបស់គេជារឿងមួយផ្សេង។
កម្ពុជាហ៊ានធ្វើ, ទី ១ ធានាជីវិត និងរូបកាយរបស់គេ គឺមិនអោយមានអ្នកណាប៉ះពាល់ ព្រោះបើគ្រាន់តែចូលមក ដើម្បីអោយមានការកាប់សម្លាប់ ឬចាប់គេដាក់គុក វាមិនមែនជាបញ្ហាដែលគួរធ្វើនោះទេ ហើយមានអ្នកណាមកចុះចូលជាមួយយើង? មករួមចំណែកជាមួយយើង? អាហ្នឹងទី ១។ ទី ២ រក្សាអាជីព និងរបរ បានសេចក្តីថា អ្នកឯងធ្លាប់ធ្វើទាហាន ធ្វើទាហានវិញទៅ អ្នកឯងធ្វើគ្រូបង្រៀន ធ្វើគ្រូបង្រៀនវិញទៅ ប៉ុន្តែ អ្វីដែលសំខាន់ គឺថា កងទ័ពទាំងអស់ដកឯកសណ្ឋានរបស់ ប៉ុល ពត ចេញ រួចហើយពាក់ឯកសណ្ឋានរបស់រាជរដ្ឋាភិបាល និងអនុវត្តនូវកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ គ្រូបង្រៀនបន្តធ្វើគ្រូបង្រៀន ប៉ុន្តែ ដកកម្មវិធីសិក្សារបស់ខ្មែរក្រហមចេញ ហើយដាក់កម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលចូល អាហ្នឹងវាដោះស្រាយបញ្ហា។ ទី ៣ ទទួលកម្មសិទ្ធិទាំងអចលនទ្រព្យ និងចលនទ្រព្យរបស់គេ។ ៣ ចំណុចនេះ គឺមើលទៅដូចធម្មតា ក៏ប៉ុន្តែ ជម្រៅរបស់វាធំណាស់។
អញ្ចឹង បានជាយើងពង្រីកសាលានៅតាមទល់ដែន ដែលខ្ញុំដើរលើកក្រោយ ខ្ញុំចេញពីស៊ីសុផុន ទៅតាមកូនដំរី។ ថ្ងៃដេកនៅផ្ទះ យ៉ាន ដេកនៅសាលាខេត្ត ទៅភ្លឺនៅម៉ាឡៃឯណោះ ហើយខ្ញុំដើរពិនិត្យតាមរហូតទៅដល់(ម៉ោង) ២ កន្លះ បានទៅដល់ប៉ៃលិន។ ថ្ងៃហ្នឹងដើរពិនិត្យសាលាដែលខ្ញុំធ្វើកាលពេលហ្នឹង ពិបាកដឹកជញ្ជូនខ្លាំងណាស់ សាលានៅប្រើប្រាស់បាន ប៉ុន្តែ ទ្រុឌទ្រោមណាស់ទៅហើយ។ អញ្ចឹងទេ បានជាខ្ញុំដាក់សាលាត្រឹមពីម៉ាឡៃ ទៅដល់ប៉ៃលិន គឺថា មិនដឹងជាប៉ុន្មានទេ ហើយលែងសុទ្ធតែ ២ ជាន់, ៣ ជាន់, ៤ ជាន់ នៅតាមទល់ដែន។
បើសិនជាយើងគ្រាន់តែសមាហរណកម្ម រវាងខាងផ្នែករដ្ឋបាល និងនយោបាយ ហើយយើងមិនបានដោះស្រាយបញ្ហាការអភិវឌ្ឍអោយទទួលបានផលប្រយោជន៍ ខ្ញុំគិតថា សន្តិភាពមួយនេះវាមិនរឹងមាំទេ ប៉ុន្តែ នៅពេលដែលយើងដាក់ត្រូវ សមាហរណកម្មនយោបាយ និងរដ្ឋបាលរួចហើយ គឺសមាហរណកម្មទាំងការតភ្ជាប់។ នៅប៉ៃលិន បើនិយាយពីតំបន់សមាហរណកម្មទាំងឡាយ ដូចជាមានភ័ព្វសំណាង GDP ប្រជាជននៅម្ដុំហ្នឹងខ្ពស់ជាងកន្លែងដទៃ។ ផ្លូវថ្នល់ចាក់កៅស៊ូទាំងអស់។ រួចហើយប្រើអគ្គីសនីថោកទៀត និយាយមិនស្រួលយ៉ាងម៉េច? ខ្ញុំដើរនៅខាងឧត្តរមានជ័យ ខាងអន្លង់វែងខាងស្អីធ្វើសាលា យើងពិនិត្យឃើញចំនុចអស់ទាំងនេះ ហើយដែលផ្ដល់ឱកាសអោយយើងយើងអភិវឌ្ឍប្រទេស។ បើទោះបីថាមានស្ថានភាពមិនដូចគ្នា ប៉ុន្តែហោចបំផុត យើងគួរមើលអំពីទិន្នន័យនៃការប្រលងមធ្យមសិក្សាទុតិយភូមិ បានសេចក្តីថាគ្រប់ខេត្តទាំងអស់សុទ្ធតែមានតួរលេខខ្ពស់ៗ នៃកាជាប់បាក់ឌុប ហើយក៏មាននិទ្ទេស A ដែលចេញពីតំបន់ដាច់ស្រយ៉ាលមកផងដែរ។ ហើយខ្ញុំបានដើរក្នុងរង្វង់ ៥ ពាន់គីឡូម៉ែត្រដោយរថយន្ត ខ្ញុំចូលតាមសាលារៀន។ ការពង្រាយគ្រូបង្រៀនរបស់យើង(បានធ្វើ)រួចហើយ យើងបានសុំគ្រូមើលអំពីកាតរបស់គាត់ អំពីសៀវភៅដែលគាត់ទៅបើកលុយតាមធនាគារនោះ ហើយសួរដោយផ្ទាល់យើងឃើញថា ស្ថានភាពបានផ្លាស់ប្តូរហើយ។
មានតែកម្ពុជាទេ ដែលបើកប្រាក់ខែមុនដាច់ខែ
ឥឡូវ លោកគ្រូ អ្នកគ្រូ ចាប់ផ្ដើមប្រាក់បៀវត្សរ៍នៅតែប៉ុន្មានថ្ងៃទៀតឡើងទៀតហើយ ព្រោះឡើងទី ១ នៅក្នុងខែ មករា គឺឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន ដល់ចាប់ផ្ដើមចូលខែ មេសា គឺឡើងប្រាក់បំណាច់មុខងារ។ ស្ថានភាពនេះ វាស្រួលអោយយើងក្នុងការគ្រប់គ្រង។ តម្លៃប្រាក់រៀលកាលពីម្សិលមិញនេះនៅ ត្រឹម ៣.៩៩៩ ក្នុងពេលដែលយើងដាក់ក្នុងច្បាប់ថវិការបស់យើង គឺអត្រាប្តូរប្រាក់ ១ ដុល្លារ ស្មើនឹងប្រាក់ ៤.០៥០ … ឥឡូវ បញ្ហាវានៅត្រង់ណា? ត្រង់ថា ថ្ងៃនេះថ្ងៃ(ទី) ២២ ចាប់ពីស្អែកទៅមន្ត្រីរាជការរបស់យើងចាប់បើកបៀវត្សរ៍បានហើយ។ ស្រុកយើងទេដែលបើកបៀវត្សរ៍មុនដាច់ខែនោះ។ ប្រទេសលើលោកមានប៉ុន្មានទៅ(បើកបៀវត្សរ៍មុនដាច់ខែ?) ប៉ុននៅស្រុកខ្មែរខ្ញុំអោយធ្វើអញ្ចឹង។
ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ បានសេចក្តីថា បើកប្រាក់ខែអាខែ ០៣ ហើយ ដល់ខែ ០៤ ចាប់ឡើងប្រាក់ខែថែម ទាំងបើកមុនចូលឆ្នាំទៀត។ អាហ្នឹងលុយធំណាស់ដែលចេញទៅ។ ទាមទារគ្រប់គ្រងនូវក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងនៅស្ថានភាពអតិបរមា ប៉ុន្តែ ដោយសារតម្លៃប្រាក់រៀលកំពុងតែឡើងថ្លៃយ៉ាងដូច្នេះ នៅពេលដែលយើងបញ្ចេញប្រាក់ថែម គឺមិនធ្វើអោយប្រាក់រៀលចុះថ្លៃ ដែលវាជាចំណោទបញ្ហាបាត់បង់តម្លៃនោះទេ។ ដល់ទៅខែ ឧសភា យើងត្រូវចាប់ផ្ដើមបើកប្រាក់បៀវត្សរ៍អោយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង នៅអាទិត្យទី ៣ វិញ។ ដោយសារអី? ដោយសារទាំងលុយដំឡើងប្រាក់ខែ ឧបត្ថម្ភស្អីៗនេះ ត្រូវចាយអស់នៅពេលចូលឆ្នាំហើយ។ អញ្ចឹងទេ ត្រូវបង្ខំដើម្បីបើកនៅអាទិត្យទី ៣។ ថ្ងៃ(ទី) ១៥ អី ចាប់ពីថ្ងៃ(ទី) ១៥ ទៅ គេហៅអាទិត្យទី ៣។ អញ្ចឹង ត្រូវបើក។ យើងក៏មានវិធានការប្រមូលអាប្រាក់រៀលចូលត្រឡប់មកវិញ ដើម្បីជៀសវាងប្រាក់នៅលើទីផ្សារច្រើនជ្រុល …។
ក្នុងក្របខណ្ឌអាស៊ាន កម្ពុជាឈរនៅលំដាប់ទី ៥ ជាប្រទេសមានប្រាក់បៀវត្សរ៍អប្បបរមាខ្ពស់
ឥឡូវ គ្រូបង្រៀនរបស់យើង ដែលមុននេះ ដោយសារប្រាក់ខែទាបពេក ខ្លះក៏បានទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលដើម្បីបានប្រាក់ខែខ្ពស់ជាង។ ដល់ឥឡូវអង្គការក្រៅរដ្ឋាភិបាលនោះប្រាក់ខែវាទាប គាត់សុំត្រឡប់មកវិញ ព្រោះអង្គការក្រៅរដ្ឋាភិបាល គឺកាលពីមុនយើងបានត្រឹមតែ ១០០ គាត់ឯណោះបាន ១៥០។ គាត់ទៅរកអា ១៥០។ ដល់ឯណេះឡើងទៅដល់ ១ លាន ១ សែន គិតជាដុល្លារច្រើនដែរ។ ឥឡូវនេះយើងក្លាយទៅជាប្រទេសឈរលំដាប់ទី ៥ ដែលមានប្រាក់បៀវត្សរ៍ដែលទាបបំផុតខ្ពស់នៅក្នុងអាស៊ាន រាប់តាំងពីកូនទាហាន រាប់តាំងពីកូនមន្ត្រី ដែលទាបបំផុត។ នេះក៏បានមកពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ហើយផ្នែកណាត្រូវចាយ ផ្នែកណាមិនត្រូវចាយ គ្រប់គ្រងអោយជាប់។ ចំណូលត្រូវបង្កើន ដោយយើងមិនចាំបាច់ទៅប្រកាសដំឡើងពន្ធទេ យកអោយអស់តែពន្ធដែលត្រូវយក។ បន្ថែមជាមួយនោះ យើងមកបង្កើនជាមួយនឹងការចំណាយលើវិស័យសង្គមកាន់តែច្រើនទៅៗ ដូចជាការគាំពារសង្គម ដែលបានប្រកាសរួចហើយ ចំពោះកម្មករ/ការិនី រាប់ទាំងស្ត្រីដែលធ្វើជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលមានកូននោះ ត្រូវបានទទួលអត្ថប្រយោជន៍យ៉ាងម៉េច? យើងនឹងរួមគ្នាបន្ត ប៉ុន្តែ ដើម្បីបន្តបានសន្តិភាពវាមានតម្លៃណាស់។ឥឡូវដូចជា Donald Trump គាត់ថា America First អញ្ចឹងអី? យើងដាក់ Peace First បានសេចក្ដីថា អាទិភាពធំជាងគេ គឺសន្តិភាព បើអត់មានសន្តិភាពទេ អត់មានធ្វើអីកើតទេ …។
ចំណាយថវិកាផ្ទាល់ខ្លួន ២៦៦ លានរៀល សម្រាប់លោកគ្រូ អ្នកគ្រូ ជប់លៀង និងទៅលេងអង្គរវត្ត
… តាមធម្មតាមុនការបែកគ្នា ខ្ញុំតែងតែផ្ដល់ឱកាសអោយគ្រូៗរបស់យើងនេះបានជប់លៀង។ ពេលណាទៅគេជប់លៀង? ល្ងាចហ្នឹង។ ធ្វើនៅហាងណា? ធ្វើនៅត្រង់នេះ។ ធ្វើនៅកណ្ដាលវាតែម្ដង។ ឆ្នាំនេះត្រូវចំណាយអស់ ២៦៦ លាន(រៀល) សម្រាប់ម្យ៉ាងជប់លៀង និងម្យ៉ាងទៀតទៅលេងអង្គរវត្ត។ ប្រាក់របស់ខ្ញុំមានតែប៉ណ្ណឹង សម្រាប់ជូនដំណើរលោកគ្រូ អ្នកគ្រូ នឹងអ្នកដែលធ្វើការទាំងឡាយមុនចាកចេញពីទីនេះ។ ខ្ញុំពិតជាទទួលបន្ទុកច្រើនពេកហើយ ឥឡូវគ្រប់តែសាលាហ្នឹង ដើម្បីអោយខ្ញុំបានទៅចែកសញ្ញាបត្រ ហើយយើងបដិសេធវាអត់កើត ប៉ុន្តែ មានអ្នកខ្លះគេមកចោទខ្ញុំថា ខ្ញុំធ្វើកិច្ចការជំនួសក្រសួងអប់រំ។ រដ្ឋមន្ត្រីអប់រំ។ ក្នុងពេលរដ្ឋមន្ត្រីអប់រំ និងនិស្សិតទាំងឡាយចង់អោយខ្ញុំមកចែកសញ្ញាបត្រអោយពួកគេ។ ខ្ញុំទៅសម្ពោធមន្ទីរពេទ្យ ថាខ្ញុំរំលោភលើកិច្ចការរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ នេះហេតុតែវាផ្ចាញ់ផ្ចាល ប៉ុន្តែ ដោយសារតែវាផ្ចាញ់ផ្ចាលហ្នឹងហើយ បានវាអញ្ចឹង …។
អំពីកម្មវិធីការងារ
ល្ងាចនេះ ខ្ញុំនៅមានសុន្ទរកថាមួយទៀតនៅ(ក្រសួង)មហាផ្ទៃ ប៉ុន្តែ ដោយសារមានសុន្ទរកថាព្រាងទុក ម្សិលមិញដោយសារសុន្ទរកថាព្រាងទុក ទៅដល់អានយកប្រុច ដល់ល្ងាចនេះគិតថា អត់និយាយអីទេ ទៅដល់អានសុន្ទរកថាមួយប្រុច។ ប៉ុន្តែ នេះអត់ទេ សុន្ទរកថាគេព្រាងអោយដែរ ប៉ុន្តែ យើងអត់អាន យើងចេះតែទៅៗ អាហ្នឹងតាមដំណើររឿង ហើយជាទម្លាប់ធម្មតា សូម្បីតែប្រជុំអន្តរជាតិ ជួនកាលខ្ញុំមិនអានសុន្ទរកថាទេ ខ្ញុំនិយាយតែម្តង។ ដល់ស្អែកត្រូវកម្មវិធីទៅព្រៃវែង បើក(ការដ្ឋានសង់)ផ្លូវជាតិលេខ ១១ ពីអ្នកលឿងតភ្ជាប់ទៅព្រៃវែង តភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឯណោះ ដើម្បីកសាងពង្រីកអាផ្លូវហ្នឹងមួយខ្សែទៀត។ ដល់អាទិត្យក្រោយនោះ ត្រូវទៅបាត់ដំបង ដើម្បីពង្រីកផ្លូវជាតិលេខ ៥។ ស្អែកនេះ កម្មវិធីចិន។ អាទិត្យក្រោយទៅកម្មវិធីរបស់ចិន។ ប៉ុន្តែ តាមការព្យាករធាតុអាកាសថា ស្អែកនេះ ក៏អត់អីទេ ថ្ងៃទី ២៦ ក៏អត់អីទេ ប៉ុន្តែ ចាំមើលតទៅទៀត។
ម្សិលម្ង៉ៃនេះ គឺអាក់ខាន ដោយសារតែអាផ្លូវដែលយើងត្រូវហោះហ្នឹង គឺជាផ្លូវដែលមានភ្លៀងតែម្តង រួចហើយរន្ទះទៀត។ ដល់អញ្ចឹងអោយឧបនាយករដ្ឋមន្ត្រីទៅជំនួស។ ព្រោះអញ្ចេះ កំពុងអង្គុយប្រជុំនៅឯអូស្ត្រាលី ដល់ទៅបើកមើល WhatsApp បញ្ជូនពីភ្នំពេញទៅថា ថ្ងៃនោះហោះហើរអត់បានទេ ដល់អញ្ចឹងចេញមកមុនចូលទៅប្រជុំមួយទៀត ហៅរក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រកមិនឃើញ ដល់អញ្ចឹងលេងតាម Group តែម្តង ថាសុំអោយជួយរក ប៊ិន ឈិន។ ស្រែកគ្រប់តែក្នុងហ្នឹង មានអ្នកខ្លះថា ទទួលបានហើយ។ ខ្ញុំមានត្រូវការទទួលឯណា? អោយរកទេតើ? ស្រែកនៅក្នុងអា Group ហ្នឹង។ Group អចិន្ត្រៃយ៍ផង Group (រាជ)រដ្ឋាភិបាលផង Group ក្រុមពិសេសផង នៅសល់តែមួយទៀត ដាក់អោយរកតាម (Group) ខេត្តទៀត។ ថាពេលមេទៅណា កាន់តែទូរស័ព្ទមួយអោយជាប់នៅក្បែរហ្នឹង ក្រែងលោវា(ត្រូវការ)ទាក់ទង … ប៉ុនឥឡូវ ប៊ិន ឈិន បានទៅដោះស្រាយរឿងនៅទីនោះរួចហើយ។
ពាំនាំ
ថ្ងៃនេះ មាននិស្សិត និងគ្រូបង្រៀន ដែលទទួលបានសញ្ញាបត្រ ចំនួន ១.៦៣០ នាក់ និងសាស្ត្រាចារ្យ បុគ្គលិកវិទ្យាស្ថានជាតិអប់រំ ចំនួន ២៣៧ នាក់ សរុប ១.៨៦៧ ក្នុងម្នាក់ៗទទួលបាន ថវិកា ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានជាតិអប់រំថវិកា ចំនួន ៥ លានរៀល។ កាលពីដើមតែប៉ុន្មានទេ ក៏ប៉ុន្តែ សួរថា ចុះ លោក ហ៊ុន សែន ឯងថា សេដ្ឋកិច្ចឡើង ហើយម៉េចក៏មិនព្រមឡើងអាលុយឧបត្ថម្ភ? ហើយចូលឆ្នាំខ្មែរនេះ ក៏ត្រូវបើកអា ៥ ម៉ឺនរៀល ហើយតាំងពីថ្នាក់ភូមិក៏បានដែរ។ ៥ ម៉ឺន(រៀល) សម្រាប់ម្នាក់វាតិចទេ ក៏ប៉ុន្តែ សម្រាប់ជាតិទាំងមូលបោះលុយមិនចេះតិចទេចេញទៅនោះ។ ចុះមន្ត្រីរាជការ គ្រាន់តែគ្រូបង្រៀនយើងនេះជិត ១២ ម៉ឺន(នាក់) ទៅហើយ បូកទាំងទាហាន បូកទាំងស្អី បូកតាំងពីឃុំ បូកតាំងពីស្រុក បូកតាំងពីភូមិ ដូច្នេះ ចេញលុយមិនចេះតិចទេ ប៉ុន្តែ សេដ្ឋកិច្ចយើងទ្រាំទ្របាន មិនបាក់ជន្ទល់ទេ។
អរគុណណាស់ សម្រាប់ការចូលរួមរបស់ សម្តេច ឯកឧត្តម លោកជំទាវ ដើម្បីអបអរសាទរជាមួយនឹងជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ហើយខ្ញុំពិតជាមានការកោតសរសើរ ចំពោះវឌ្ឍនភាព នៃវិទ្យាស្ថានជាតិអប់រំ ហើយសូមកោតសរសើរជាមួយនឹងសាស្ត្រាចារ្យ ក៏ដូចជា គណៈគ្រប់គ្រង នៃវិទ្យាស្ថានជាតិអប់រំ ហើយក៏សូមអបអរសាទរជាមួយនឹងជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ និងក៏សូមជូនពរ សម្រាប់អ្នកទាំងអស់គ្នាដែលបានចូលរួមនៅក្នុងនេះ សូមជួបប្រទះនូវពុទ្ធពរ និងពរទាំង ប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕