សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រនិស្សិត គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថាន ជាតិអប់រំ

កម្ពុជា ប្រទេសមាតាធិបតេយ្យ ថ្ងៃនេះ មានមុខទៀតហើយ។ កាលពីថ្ងៃច័ន្ទយើងជួបគ្នាម្តង ជាមួយនឹងនិស្សិត នៃសាកលវិទ្យាល័យភ្នំ​ពេញអន្តរជាតិ ហើយថ្ងៃនេះ ​គឺជួបជុំគ្នានៅពេលព្រឹក នូវការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ របស់យើងនេះ និងពេលល្ងាចក៏ត្រូវចូលរួមក្នុងសន្និបាត នៃក្រសួងអប់រំ ទាក់ទងនឹងវិស័យអប់រំដដែល។ ខ្ញុំពិតជាមានការរីករាយ ដោយសារតែរៀងរាល់ឆ្នាំ គឺបានមកជួបជុំគ្នានៅទីនេះ។ អម្បាញ់មិញ ឯកឧត្តម ពិត ចំណាន បានអាននូវចំណុចមួយ ប្រហែលជាចាប់អារម្មណ៍ទេថា ទេវតាឆ្នាំចាស់តាមថែរក្សាទេវតាឆ្នាំថ្មី។ ក្រែងលោខ្ញុំស្តាប់ច្រឡំ។ អញ្ចឹង ឱ្យទេវតាមួយទៅតាមថែទេវតាមួយទៀត? ប៉ុន្តែ យើងឆ្ងល់ដែរម៉េចបានទេវ​តាសុទ្ធតែស្រីៗ ដូចជាមិនមានប្រុសសោះ? ចាត់ទុកថា ប្រទេសរបស់យើងនេះជាប្រទេសមាតាធិបតេយ្យ​ពិតប្រាកដហើយ។ អញ្ចឹង ៨ មីនា មិនមែនរឿងដាច់ដោយឡែកមួយទេ ក៏ប៉ុន្តែ គេអាចកត់សម្គាល់បានអំពីប្រទេសមួយដែលយកតួនាទីស្រ្តីជាធំ។ គេមិនដែលហៅ បាភូមិទេ គេហៅមេភូមិ មេឃុំ មេស្រុក មេខេត្ត មេបញ្ជាការ សុទ្ធតែមេទាំងអស់។ ប៉ុន្តែ យើងនាំធ្វើបុណ្យសម្រាប់ស្រ្តី ហ្នឹងគឺជារឿងមួយហើយ។ ពីអតីតកាល បណ្តុះបណ្តាលវគ្គខ្លីៗ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកជួបជុំជាមួយនឹងនិស្សិតគ្រប់ផ្នែក ដែលបញ្ចប់ការសិក្សា…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រនិស្សិតអធិការអប់រំ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ

វឌ្ឍនភាព នៃវិទ្យាស្ថានជាតិអប់រំ ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានមកជួបជុំនិស្សិតរបស់យើង មុនពេលចាកចេញទៅកាន់ការងាររៀងៗខ្លួន ហើយបើពិនិត្យមើលអំពីការបរិច្ឆេទ ដែលខ្ញុំមកកាន់ទីនេះ សម្រាប់តែផ្នែកគរុកោសល្យ ចាប់តាំងពីឆ្នាំ ១៩៩៦ មក នេះជាលើកទី ២០។ ដោយមិនគិតអំពីការចូលរួមជាមួយនឹងការចែកសញ្ញាបត្រអោយសាលាដទៃទៀត ដែលមកខ្ចីអគារនេះដំណើរការ ហើយក៏មិនគិតអំពីដំណាក់កាលឆ្នាំ ១៩៧៩-១៩៩៦ ទេ។ ពិនិត្យឡើងវិញអំពីតួនាទី នៃវិទ្យាស្ថានជាតិអប់រំ ដែលមុននេះ យើងហៅថា សាលាគរុកោសល្យ ដែលចាប់ផ្ដើមប្រមូលគ្រូបង្រៀនមកធ្វើការបណ្ដុះបណ្ដាលនៅទីនេះ ខ្ញុំពិតជានៅចងចាំបានថា ក្នុងស្ថានភាពមួយដ៏លំបាកកាលពីពេលនោះ ក៏ប៉ុន្តែ មន្រ្តីអប់រំរបស់យើងកាលពីពេលនោះ បានប្រមូលផ្ដុំគ្នាបង្កើតឡើងនូវការរៀបចំការបណ្ដុះបណ្ដាលគ្រូនៅទីនេះ។ បន្ទាប់មកទៀត សម្រាប់អគារនេះ ខ្ញុំនៅតែនឹកស្រមៃអំពីកាលដែលខ្ញុំមកចែកសញ្ញាបត្រម្ដងៗ យើងទៅជួលរោងការគេទេ យកមកធ្វើជារោងសម្រាប់ការចែកសញ្ញាបត្រអោយនិស្សិតរបស់យើង។ បន្ទាប់ទៅ ខ្ញុំជាមួយនឹង ឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានធ្វើ ដែលគេហៅថា ដំបូលទូក។ អាហ្នឹងដាក់សំណាញ់ជុំវិញ ដំបូលដែក។ ដល់ឆ្នាំ ២០០៦(យើងបានធ្វើអគារនេះ) អញ្ចឹងអាយុកាលរបស់វា ១២ ឆ្នាំហើយ។ យើងទទួលបានផលប្រយោជន៍មែន សម្រាប់ការសិក្សារបស់និស្សិតនៅទីនេះផង ហើយសាលានានាក៏បានមកខ្ចី(ដើម្បីចែកសញ្ញាបត្រ)នៅកន្លែងនេះផងដែរ។ បន្ទាប់ទៅ ខ្ញុំដូចជាបានធ្វើ(អគារ)នៅសាលាភូមិន្ទកសិកម្មចំការដូងមួយទៀត…