សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់អធិការអប់រំ និស្សិត គរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ

គួរសាងសង់អគារថ្មីធំជាង និងវែងជាង លើដីអគារចាស់ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ/វិញ្ញាបនបត្រ សម្រាប់និស្សិតរបស់យើង ចំនួន ១ ៩៧៧ នាក់។ នេះជាលើកទី ២២ ចាប់តាំងពីឆ្នាំ ១៩៩៦ មក គឺវត្តមានរបស់ខ្ញុំមានជារៀងរាល់ឆ្នាំ។ ខ្ញុំគិតថា គួរតែត្រូវចាប់ផ្ដើមជជែកគ្នាបន្តិច អំពីអគាររបស់យើងនេះ។ ព្រឹកមិញ គាប់ជួននៅពេលដែលខ្ញុំរៀបចេញពីផ្ទះ ជាធម្មតា គឺកន្លែងណាក៏មានទូរទស្សន៍ដែរផ្ទះខ្ញុំ។ (ក្នុង)បន្ទប់ដេក/បន្ទប់ទឹក/កន្លែងហូបបាយ/ប៊ុយរ៉ូ … ខ្ញុំកំពុងតែគិតថា តើអគាររបស់យើងនេះ វាសមស្របឬទេ? ហើយមានដី ដើម្បីកសាងឬទេ? ខ្ញុំគ្រាន់តែលើកបញ្ហានេះ ដើម្បីពិភាក្សានៅកន្លែងនេះ។ ប្រវត្តិនៅកន្លែងនេះវាអញ្ចេះ។ នៅចាំបានទេ នៅក្នុងទសវត្សរ៍ ៩០ ពេលនោះ ពេលដែលយើងចែកសញ្ញាបត្រ យើងចាប់ផ្ដើមទៅជួលរោងការយកមកធ្វើកន្លែងចែកសញ្ញាបត្រ។ បន្ទាប់ទៅ ខ្ញុំជាមួយឧកញ៉ា ម៉ុង ប្ញទ្ធី នេះ ធ្វើដំបូលទូកកក្លេកកក្លាកនៅហ្នឹងទៅ។ បន្ទាប់ទៅបានកសាងអគារហ្នឹងមួយ។ កាលពីពេលនោះធំជាងគេទាំងអស់។ ឥឡូវនេះ ខ្ញុំចង់សួរនាយក តើយើងអាចវាយ(អគារ)នេះចោល ហើយពង្រីកឱ្យធំ។ មានដីឬអត់? យើងមិនបាច់ទៅរកដីឯណាទេ យើងវាយអា(អគារ)នេះចេញ…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រនិស្សិតអធិការអប់រំ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ

វឌ្ឍនភាព នៃវិទ្យាស្ថានជាតិអប់រំ ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានមកជួបជុំនិស្សិតរបស់យើង មុនពេលចាកចេញទៅកាន់ការងាររៀងៗខ្លួន ហើយបើពិនិត្យមើលអំពីការបរិច្ឆេទ ដែលខ្ញុំមកកាន់ទីនេះ សម្រាប់តែផ្នែកគរុកោសល្យ ចាប់តាំងពីឆ្នាំ ១៩៩៦ មក នេះជាលើកទី ២០។ ដោយមិនគិតអំពីការចូលរួមជាមួយនឹងការចែកសញ្ញាបត្រអោយសាលាដទៃទៀត ដែលមកខ្ចីអគារនេះដំណើរការ ហើយក៏មិនគិតអំពីដំណាក់កាលឆ្នាំ ១៩៧៩-១៩៩៦ ទេ។ ពិនិត្យឡើងវិញអំពីតួនាទី នៃវិទ្យាស្ថានជាតិអប់រំ ដែលមុននេះ យើងហៅថា សាលាគរុកោសល្យ ដែលចាប់ផ្ដើមប្រមូលគ្រូបង្រៀនមកធ្វើការបណ្ដុះបណ្ដាលនៅទីនេះ ខ្ញុំពិតជានៅចងចាំបានថា ក្នុងស្ថានភាពមួយដ៏លំបាកកាលពីពេលនោះ ក៏ប៉ុន្តែ មន្រ្តីអប់រំរបស់យើងកាលពីពេលនោះ បានប្រមូលផ្ដុំគ្នាបង្កើតឡើងនូវការរៀបចំការបណ្ដុះបណ្ដាលគ្រូនៅទីនេះ។ បន្ទាប់មកទៀត សម្រាប់អគារនេះ ខ្ញុំនៅតែនឹកស្រមៃអំពីកាលដែលខ្ញុំមកចែកសញ្ញាបត្រម្ដងៗ យើងទៅជួលរោងការគេទេ យកមកធ្វើជារោងសម្រាប់ការចែកសញ្ញាបត្រអោយនិស្សិតរបស់យើង។ បន្ទាប់ទៅ ខ្ញុំជាមួយនឹង ឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានធ្វើ ដែលគេហៅថា ដំបូលទូក។ អាហ្នឹងដាក់សំណាញ់ជុំវិញ ដំបូលដែក។ ដល់ឆ្នាំ ២០០៦(យើងបានធ្វើអគារនេះ) អញ្ចឹងអាយុកាលរបស់វា ១២ ឆ្នាំហើយ។ យើងទទួលបានផលប្រយោជន៍មែន សម្រាប់ការសិក្សារបស់និស្សិតនៅទីនេះផង ហើយសាលានានាក៏បានមកខ្ចី(ដើម្បីចែកសញ្ញាបត្រ)នៅកន្លែងនេះផងដែរ។ បន្ទាប់ទៅ ខ្ញុំដូចជាបានធ្វើ(អគារ)នៅសាលាភូមិន្ទកសិកម្មចំការដូងមួយទៀត…