បានឃើញពីការផលិតចាប់ផ្តើមរហូត ទៅដល់ផលិតផលសម្រេច
… ពូរីករាយណាស់។ ថ្ងៃនេះគឺជា ថ្ងៃបើកឆាកដំបូង ដែលពូយកមួយពេលតែម្តងដើម្បីយើងសួរសុខទុក្ខ។ កាលពីពេលលើកមុននោះ យើងផ្សារភ្ជាប់ជាមួយនឹងការជួបជុំគ្នាហើយ បានមកតាមរោងចក្រ។ ដូច្នេះ ពេលវេលាតិចណាស់ បានត្រឹមតែមួយម៉ោង ឬកន្លះម៉ោងជាងប៉ុណ្ណោះ។ ថ្ងៃនេះប្រហែលជាបាន ២ ម៉ោងកន្លះ ដើម្បីបានជួបជុំក្មួយៗ។ ខ្ញុំក៏សូមអរគុណ ចំពោះលោកថៅកែ និងម្ចាស់រោងចក្រទាំងឡាយ ដែលថ្ងៃនេះក៏សូមជម្រាបក្មួយៗថាតាមសំណូមពររបស់ក្មួយៗ បន្ទាប់ពីការជួបជុំគ្នានេះទៅក្មួយៗនឹងបានសម្រាកក្នុងមួយល្ងាចនេះថែមទៀត។ អរគុណចំពោះថៅកែរោងចក្រ ម្ចាស់រោងចក្រ ដែលនេះមិនមែនជាសិទ្ធិទទួលបានទេ ក៏ប៉ុន្តែគឺជាការអនុគ្រោះរបស់ថៅកែរោងចក្រ ជាមួយនឹងការសួរសុខទុក្ខកម្មករ/ការិនីរបស់យើងដែលបានមកពីព្រលឹម មកពីយប់ ដើម្បីមកធ្វើការនៅទីនេះ ដើម្បីស្វាគមន៍ និងទទួលពូផងដែរ។ ខ្ញុំអរគុណចំពោះម្ចាស់រោងចក្រ ចំពោះអ្នកគ្រប់គ្រង ដែលបានផ្តល់ភាពអនុគ្រោះសម្រាប់ក្មួយៗតាមសំណូមពររបស់ខ្ញុំ ហើយខ្ញុំក៏ទទួលសំណូមពរពីក្មួយៗដែរ។ ថ្ងៃនេះ ពូបានឃើញពីការផលិតចាប់ផ្តើមរហូត ទៅដល់ផលិតផលសម្រេច វាមិនទាន់សម្រេចទាំងស្រុងទេ ក៏ប៉ុន្តែ ពូបានពាក់អាវហ្នឹងលមើលអំពីការចាប់ផ្តើមតភ្ជាប់គ្នា រហូតទៅដល់ ដែលអាចថាពាក់បាននៅពេលដែលយើងមានការបន្តបន្តិចទៀត។
អរគុណកម្មករ/ការិនីទាំងអស់ ដែលបានបដិសណ្ឋារកិច្ច និងផ្តល់នូវការស្រលាញ់រាប់អាន
ពូសូមអរគុណជាមួយនឹងក្មួយៗកម្មករ/ការិនីទាំងអស់ ដែលបានបដិសណ្ឋារកិច្ច និងផ្តល់នូវការស្រលាញ់រាប់អានចំពោះពូ ប្រៀបដូចជាឪពុក ឬក៏ដូចជាក្រុមសាច់ញាតិរបស់ខ្លួនផងដែរ។ ដែលនេះកាន់តែផ្តល់ឱកាសសម្រាប់ឲ្យពូមានលទ្ធភាព ដើម្បីបន្តដំណើរទៅមុខ អមដំណើរក្មួយៗនៅក្នុងការបន្តឲ្យមានការងារធ្វើ បង្កើននូវប្រាក់ចំណូលបន្ថែមទៀត ហើយពូសង្ឃឹមថា ពូនឹងដើរតាមរោងចក្រនេះបន្ត ដោយយកក្នុងមួយសប្តាហ៍គឺ ៣ ថ្ងៃ។ ថ្ងៃអាទិត្យជួបជាមួយនឹងប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការនៅឯកោះពេជ្រ ថ្ងៃអង្គារ៍ ឬថ្ងៃសុក្រ គឺមកតាមរោងចក្រ ហើយថ្ងៃពុធគឺជួបជុំជាមួយនឹងកម្មករចំនួនច្រើនជាង។
ប្រាក់ឧបត្ថម្ភសំរាប់ការចូលតាមរោងចក្រម្នាក់ ៥ ម៉ឺនរៀល/អ្នកមានផ្ទៃពោះបាន ៤០ ម៉ឺនរៀលពេលឆ្លងទន្លេ
ឯថ្ងៃនេះជាថ្ងៃទីមួយ លើកទីមួយ ដែលយើងយកមួយពេលតែម្តង ហើយក៏ជាឱកាសក្មួយៗដែរ ដែលបន្ទាប់ពីការជួបជុំគ្នានេះទៅ អាចនឹងបន្តបង្ហើយការងារបន្តិច រួចហើយវេនល្ងាចសម្រាកតែម្តង។ ថ្ងៃនេះក៏ជាលើកដំបូងដែរ ដែលពូបង្កើននូវប្រាក់ឧបត្ថម្ភ គឺសម្រាប់ការចូលទៅតាមរោងចក្រតែម្តង គឺម្នាក់ចំនួន ៥ ម៉ឺនរៀល ក្នុងហ្នឹងគឺកម្មករ និយោជិតទាំងអស់ មាន ១.៣៣១ នាក់ ទាំងក្មួយៗ ដែលមានពោះធំអម្បាញ់មិញ ទទួលបាន ប្រាក់ឧបត្ថម្ភសម្រាប់ការឆ្លងទន្លេនៅពេលមុខ ប៉ុន្តែក៏នៅទទួលបាន ៥ ម៉ឺនដូចគ្នាដែរថែមទៀត។ ជូនពរក្មួយៗដែលមានផ្ទៃពោះ។ ថ្ងៃក្រោយឲ្យតែដល់ពេលមានផ្ទៃពោះ បានប្រាប់ឧបត្ថម្ភ ៤០ ម៉ឺនរៀលបន្ថែមទៀត …។
៤០ ថ្ងៃ ទៀត បៀវត្សឡើងពី ១៥៣ ទៅ ១៧០ ដុល្លារសហរដ្ឋអាមេរិក
ថ្លែងនូវការកោតសរសើរចំពោះរោងចក្រដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់កិច្ចការរបស់កម្មករ កម្មការិនីរបស់យើង។ ខ្ញុំបានសង្កេតឃើញភាពរាក់ទាក់របស់អ្នកគ្រប់គ្រងជាមួយនឹងកម្មករ ហើយខ្ញុំក៏បាន ឃើញនូវការជួបជុំគ្នាដ៏ល្អ ដែលបង្ហាញអំពីសាមគ្គីភាពនៅក្នុងរោងចក្រ។ សង្ឃឹមថារោងចក្រនេះ នឹងបន្តដើរលើគំនរសន្តិភាព។ ឥឡូវនេះ ថ្ងៃទី ២១ នៅសល់តែ ៤០ ថ្ងៃ ទៀតតែប៉ុណ្ណោះ ក្មួយៗនឹងឡើងបៀវត្សពី ១៥៣ ទៅ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ក្មួយៗដែលធ្វើការឆ្លងទន្លេ ក៏បានទទួលប្រាក់ឧបត្ថម្ភ បន្ថែមទៅលើការឆ្លងទន្លេ បានកូនមួយនាក់ គឺនឹងបាន ៤០ ម៉ឺនរៀល បន្ថែមទៀតជាអាហារូបត្ថម្ភ។
បន្តការធ្វើដំណើរបែបនេះ នៅក្នុងរយៈពេល ១០ ឆ្នាំ ជាបន្តទៀត
ខ្ញុំមិនរំខានយូរទេ ដោយសារតែស្អែក ក៏ត្រូវនិយាយច្រើន ហើយថ្ងៃនេះ បានជួបជុំក្មួយៗ ពូពិតជាមានភាពសប្បាយរីករាយ និងបានឃើញសង្វាក់ផលិតកម្មពីការចាប់ផ្តើម រហូតទៅដល់ទីបញ្ចប់របស់វា។ អម្បាញ់មិញ ប្រហែលជាបានជិតពាក់កណ្តាលនៃចំនួនកម្មករ ដែលយើងបានថតរូបជាមួយគ្នា។ ចំពោះរូបថតនេះនឹងក្លាយជារូបថតអនុស្សាវរីយ៍ពេញមួយជីវិតរបស់ពូ ក៏ដូចជាពេញមួយជីវិតរបស់ក្មួយៗផងដែរ។ មិនមែនគ្រាន់តែជារូបថតរវាងអ្នកដែលមានអំណាចបំផុតនៅក្នុងប្រទេសនេះ ដែលជាប្រធាននីតិប្រតិបត្តិទេ ក៏ប៉ុន្តែជារូបថតភាពស្និទស្នាលរវាងឪពុក និងកូន ឬក៏ជារវាងមា និងក្មួយ នេះក៏បង្ហាញពីទឹកចិត្តដែលក្មួយបានផ្តល់ចំពោះពូ។ ពូនឹងបន្តការធ្វើដំណើរបែបនេះ នៅក្នុងរយៈពេល ១០ ឆ្នាំ ជាបន្តទៀត។ សង្ឃឹមថាក្មួយៗទាំងក្មួយៗផ្ទាល់ និងក្រុមគ្រួសារក្មួយៗ នឹងបន្តបោះឆ្នោតឲ្យពូតទៅទៀត សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ដើម្បីពូមានឱកាសរួមជាមួយនឹងក្មួយៗកម្មករ/ការិនី នៅទូទាំងប្រទេសទាំងអស់អភិវឌ្ឍប្រទេសជាតិតទៅទៀត។ ចុងបញ្ចប់ជូនពរក្មួយៗទាំងអស់ ក៏ដូចជាម្ចាស់រោងចក្រ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ និងសុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕