ក្នុងវ័យ ២០ ឆ្នាំ រាជបណ្ឌិតសភា មានវឌ្ឍនភាពច្រើន
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួម ដើម្បីបំពាក់ជូនសម្រាប់បណ្ឌិតសភាចារ្យថ្មីចំនួន ៤ រូប គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម ហ៊ីង ថូរ៉ាស៊ី និងឯកឧត្តម ចាន់ សំណព្វ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ នៃបណ្ឌិតសភាចារ្យ ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរជាមួយនឹងគោរមងារថ្មី ក៏ដូចជាការតែងតាំងតួនាទីថ្មីរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធាន និងអនុប្រធានពីររូបទៀត គឺឯកឧត្តម ហង់ ជួនណារ៉ុន ក៏ដូចជា ឯកឧត្តម សុខ ទូច។
ជាមួយគ្នានេះ ក៏សូមអបអរសាទរ ចំពោះការតែងតាំងជាអនុប្រធានរាជបណ្ឌិតសភារបស់បណ្ឌិតសភាចារ្យ ចាន់ សំណព្វ។ ចំណុចនេះ ខ្ញុំក៏គួរតែរំលឹកបន្ដិច និងក៏សូមអភ័យទោសពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធាន ហើយដែលពេលនេះ ក៏ត្រូវបានមកធ្វើជាទីប្រឹក្សារបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំរបស់លោកជំទាវ ក្នុងការដឹកនាំបន្ទាប់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង រហូតមកដល់ពេលនេះ។ ការខិតខំទាំងអស់នោះ បាននាំមកនូវរាជបណ្ឌិតសភា ដែលមានវ័យរហូតមកដល់ពេលនេះជិត ២០ ឆ្នាំ បានឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលមានវឌ្ឍនភាពដ៏ច្រើន។
រាជបណ្ឌិតសភា សឹងតែជាកូនបង្កើត
ពិតហើយ គេអាចសម្លឹងមើលទៅក្រោយវិញថា រាជបណ្ឌិតសភានេះ គឺវាបានកើតឡើងនៅក្នុងដំណាក់កាលដែលខ្ញុំគ្រប់គ្រង វាស្ទើរតែជាកូនបង្កើតរបស់ខ្ញុំតែម្ដង ប៉ុន្តែ ឪពុកមួយនេះ មិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ជាមួយនឹងអ្វីដែលខ្លួនបានបង្កើតនោះទេ រាប់ទាំងអគារធ្វើការ ប៉ុន្តែ ខ្ញុំបានធ្វើការជួសជុល ដោយគ្រឿងចក្រពីម្សិលមិញនេះ បានចូលទៅដល់ការដ្ឋានរួចស្រេចទៅហើយ។ ខ្ញុំក៏បញ្ជាក់ជាមួយបណ្ឌិតសភាចារ្យ សុខ ទូច អោយរកវិធីដ៏ល្អ ដើម្បីក្រុងពាលីចាប់ផ្ដើមសាងសង់ ដែលជាអគារមួយអាចសង់ល្មមសមរម្យ សម្រាប់ការធ្វើការងាររបស់ក្រុមបញ្ញវន្ត ដែលធ្វើការនៅទីនោះ។
ស្នើព្រះមហាក្សត្របំពេញឋានៈបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន
អ្វីដែលខ្ញុំគួរនិយាយទៅកាន់ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា គឺនៅត្រង់ថា បន្ទាប់ពីមរណភាពរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ លោកជំទាវបានស្នើខ្ញុំអោយទទួលភារកិច្ចជាប្រធានបណ្ឌិតសភាចារ្យតែម្ដង។ ខ្ញុំគិតថា ទាំងខ្ញុំ ទាំងលោកជំទាវ សុទ្ធតែជាមនុស្សរងកម្ម ប្រសិនបើខ្ញុំទទួលយកនូវសំណើបែបនោះ (ហើយ)លោកជំទាវក៏ដល់អាយុចូលនិវត្តន៍តាំងពីប៉ុន្មានឆ្នាំមុននោះ បើយោងទៅលើក្របខណ្ឌនៃមុខងារសាធារណៈ ដែលតម្រូវអោយចូលនិវត្តន៍ទៅតាមអាយុ។ ក្នុងករណីដែលខ្ញុំទទួលបន្ទុក ដែលពេលនេះ ជាប្រធានកិត្តិយស ហើយដែលត្រូវធ្វើទាំងប្រធានកិត្តិយសផង ធ្វើទាំងប្រធានផង អម្រែកនេះ គឺពិតជាមិនអាចរែករួចទេ បន្ថែមទៅដោយអនុប្រធានម្នាក់ គឺសុខភាពមិនពេញលេញទៀត។ បើដូច្នោះ ខ្ញុំមានតែធ្វើការសម្រេចចិត្តមួយ តាមរយៈការពិគ្រោះយោបល់បណ្ឌិតសភាចារ្យ សុខ ទូច ហើយក៏សូមអភ័យទោសពីសំណាក់ឯកឧត្តម លោកជំទាវបណ្ឌិតសភាចារ្យទាំងឡាយ ដែលខ្ញុំមិនបានពិគ្រោះយោបល់ជាមុន គឺខ្ញុំមានតែវិធីមួយគត់ ដើម្បីស្នើសុំទៅព្រះមហាក្សត្រ គឺបំពេញឋានៈ សម្រាប់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន។ គោលដៅធំនៃការរៀបចំនេះ គឺដើម្បីមកកាន់កាប់តំណែងជាប្រធានបណ្ឌិតសភាចារ្យជំនួស សម្ដេចវិបុលបញ្ញា សុខ អាន តែម្ដង។ ឯសម្រាប់ខ្លួនខ្ញុំ គឺនៅបន្តជាប្រធានកិត្តិយស នៅពេលណាដែលឯកឧត្តម លោកជំទាវ អស់លោក ត្រូវការតែប៉ុណ្ណោះ បើលែងត្រូវការហើយ ខ្ញុំក៏នៅជាសមាជិកបណ្ឌិតសភាចារ្យធម្មតាក៏វាមិនអីដែរ។
ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងក្នុងរាជបណ្ឌិតសភាកម្ពុជា
ការរៀបចំលើកនេះ គឺជាការរៀបចំអោយត្រូវនឹងក្របខណ្ឌនៃលក្ខន្ដិកៈ បទបញ្ញត្តិ ដែលមាននៅក្នុងក្របខណ្ឌនៃរាជបណ្ឌិតសភា ដែលចែងទាក់ទិននូវតួនាទីភារកិច្ច ដែលខ្លួនត្រូវបំពេញ។ ក្នុងនោះ មុនពេលដែលខ្ញុំចាកចេញទៅទស្សនកិច្ចនៅប្រទេសជប៉ុន ក៏បានតែងតាំងបន្ថែមដោយបណ្ឌិត ហ៊ីង ថូរ៉ាស៊ី ដើម្បីក្លាយទៅជាបណ្ឌិតសភាចារ្យ។ បន្ទាប់ពីចុះពីយន្តហោះត្រឡប់ពីជប៉ុនមកវិញ ក៏បានទទួលសំណើភា្លមៗពីបណ្ឌិតសភាចារ្យ សុខ ទូច ដើម្បីតែងតាំងបណ្ឌិត ចាន់ សំណព្វ ជាបណ្ឌិតសភាចារ្យ ហើយតែងតាំងជាអនុប្រធានរាជបណ្ឌិតសភាតែម្ដង។ ដូច្នេះ នៅពេលនេះ យើងចាប់ផ្ដើមមានរចនាសម័្ពន្ធក្បាលកន្ទុយត្រឹមត្រូវហើយ ម្ខាងបណ្ឌិតសភាចារ្យមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន មានឯកឧត្តម ហង់ ជួនណារ៉ុន ជាអនុប្រធាន និងមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាប្រធានរាជបណ្ឌិតសភា គឺជាអនុប្រធានប្រចាំការ។ យើងយកទម្រង់បែបនេះ គឺល្អជាង គឺអោយប្រធានរាជបណ្ឌិតសភា ជាអនុប្រធានប្រចាំការធ្វើការរបស់បណ្ឌិតសភាចារ្យតែម្ដង រឹងមាំជាង។ សម្រាប់រាជបណ្ឌិតសភា គឺឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើជាប្រធានជំនួស លោកជំទាវ ខ្លូត ធីតា ដែលចូលនិវត្តន៍ ហើយដែលត្រូវមកធ្វើជាទីប្រឹក្សារបស់ខ្ញុំ ហើយតែងតាំងបណ្ឌិតសភាចារ្យ ចាន់ សំណព្វ ជាអនុប្រធាន។
មិនមានការរើសអើងក្នុងការតែងតាំងប្រធានរាជបណ្ឌិតសភា និងបណ្ឌិតសភាចារ្យថ្មីនោះទេ
ខ្ញុំគួរតែធ្វើការទាក់ទាញការយកចិត្តទុកដាក់បន្តិចនៅទីនេះ នៅត្រង់ថា ថ្ងៃនេះ បើគេសង្កេតឃើញក្នុងចំណោមបណ្ឌិតសភាចារ្យ ៤ រូប ដែល ៣ រូប ត្រូវដំឡើងជាបណ្ឌិតសភាចារ្យថ្មី និងមួយរូបត្រូវតែងតាំងជាប្រធានរាជបណ្ឌិតសភា គេបានឃើញថា អ្នករៀននៅអតីតសហភាពសូវៀតមានទៅដល់ ៤ នាក់ អ្នករៀននៅបារាំងមានតែម្នាក់ទេ។ នេះមិនមែនជាការរើសអើងទេ ខ្ញុំសូមបញ្ជាក់អំពីចំណុចនេះបន្ដិច។ វាមិនមែនជារើសអើងដែលថា អ្នកមកពីអតីតសហភាពសូវៀត ទើបបានទទួលការតែងតាំងនោះទេ។ ខាងមុខនេះ ខ្ញុំសង្ឃឹមថា ក្រុមសមាជិកបណ្ឌិតសភាចារ្យរបស់យើងនឹងបន្តកិច្ចការជ្រើសរើសទៅតាមលក្ខណៈសម្បត្តិ ដែលតម្រូវដោយលក្ខន្ដិកៈ និងបែបបទរបស់ខ្លួន។ បើយោងទៅលើការកំណត់ចំនួនសមាជិកបណ្ឌិតសភាចារ្យ មានទៅដល់ ៧៩ នាក់។ ដូច្នេះ ចំនួនដែលត្រូវជ្រើសរើសនៅពេលខាងមុខ គឺមានចំនួនច្រើនបង្គួរ។ ដូច្នេះ ខ្ញុំទុកតួនាទីនេះ ដើម្បីជូនទៅដល់ប្រធាន អនុប្រធាន ក៏ដូចជា សមាជិក សមាជិកា នៃបណ្ឌិតសភាចារ្យ ដើម្បីពិនិត្យជ្រើសរើស រៀបចំ ដើម្បីដាក់អោយដំណើរការ និងកិច្ចការទាំងឡាយ។
ធនធានមនុស្សដែលបានប្រឹងប្រែងដាំរយៈពេល ៣៨ ឆ្នាំ បាននិងកំពុងទទួលផល
អ្វីដែលយើងគួរកត់សម្គាល់នៅទីនេះ ផលដែលយើងបានប្រឹងដាំរយៈពេល ៣៨ ឆ្នាំ យើងកំពុងបាននិងទទួលផលហើយ។ ខ្ញុំនៅចងចាំអនុស្សាវរីយ៍បន្ទាប់ពីរំដោះទីក្រុងភ្នំពេញហើយនោះ តើយើងនៅសល់បណ្ឌិតប៉ុន្មាន? យើងនៅសល់បញ្ញវន្តដែលចប់បរិញ្ញា(បត្រ) ឬបរិញ្ញាជាន់ខ្ពស់ប៉ុន្មានទៅ? តិចណាស់ ចំនួនមិនគ្រប់គ្រាន់ទេ។ យើងប្រឹងប្រែងប្រមូលធនធានទាំងនោះ ដើម្បីនឹងបន្តការងារ។ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីការបរទេសនៅដំណាក់កាលនោះ ខ្ញុំមានមនុស្សតែ ៣ នាក់ តែប៉ុណ្ណោះ ដែលត្រូវចាប់ផ្ដើមកសាងនូវស្ថាប័នក្រសួងការបរទេសមួយ។ មិនមែនគ្រាន់តែខ្លួនខ្ញុំទេ ក្រសួងដទៃ ស្ថាប័នដទៃ សុទ្ធតែកសាងពីបាតដៃទទេដូចគ្នា។
នៅទីស្ដីការគណៈរដ្ឋមន្រ្តី អគារចាស់មុននោះ គឺជាក្រសួងការបរទេសរបស់ពួក ប៉ុល ពត ដែលប្រមូលសុទ្ធតែសម្ភារៈជ័យភណ្ឌ យកមកដាក់ពេញៗបន្ទប់នៅហ្នឹង ប៉ុន្តែ ខ្ញុំត្រូវកសាងនូវក្រសួងការបរទេសនេះ នូវឯមាត់ទន្លេឯណោះ។ ចាប់ផ្ដើមពីមនុស្សតែ ៣ នាក់ ឥឡូវនេះ ចំនួនមនុស្សដែលធ្វើការនៅក្នុងកិច្ចការបរទេសមានចំនួនអាចថាសមល្មម ដើម្បីនឹងធ្វើការ។ យើងមិនបានសេចក្ដីថា ពេញចិត្តពេញថ្លើមទាំងស្រុងទេ ក៏ប៉ុន្តែ វាគ្រាន់បើជាងយើងអត់។
ខ្ញុំទៅប្រទេសណាក៏ដោយ ខ្ញុំមិនភ្លេចការស្នើសុំអាហារូបករណ៍។ ខ្ញុំមិនសុំអ្វីផ្សេងក្រៅពីអាហារូបករណ៍ទេ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេសនៅដំណាក់កាលនោះ។ ជួបដំបូង អង់ដ្រេ ហ្គ្រូមីកូ ដែលពេលនោះ គាត់មានអាយុ ៧២ ឆ្នាំ ឯខ្ញុំមានអាយុ ២៧ ឆ្នាំ វាផ្ទុយគ្នាត្រង់ហ្នឹង។ មួយ ២៧ ឆ្នាំ មួយទៀត ៧២ ឆ្នាំ ជួបគ្នា ដែលរដ្ឋមន្រ្តីការបរទេសមួយក្មេងបំផុតលើលោក ជាមួយនឹងរដ្ឋមន្រ្តីការបរទេស ដែលតាំងពីខ្ញុំកើតមកស្ដាប់វិទ្យុឮតែ អង់ដ្រេ ហ្គ្រូមីកូ។ ដល់ជួប គឺថា សំណូមពរធំជាងគេ គឺអាហារូបករណ៍ ការបណ្ដុះបណ្ដាល។ អញ្ចឹង បានជាយើងបញ្ជូនទៅអតីតសហភាពសូវៀតបានច្រើន។ បញ្ជូនទៅអាល្លឺម៉ង់ខាងកើត ទៅហុងគ្រី ទៅប៊ុលការី ទៅប៉ូឡូញ គឺមានជាបន្តបន្ទាប់។ ការបណ្ដុះបណ្ដាលក្នុងស្រុក គឺចេះតែធ្វើ។
ច្រើនវិធីបណ្តុះបណ្តាលមនុស្ស
ចំណុចនេះដូចដែល ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើង វិធីនៃការបណ្ដុះបណ្ដាលរបស់ខ្ញុំ គឺមានវិធីផ្សេងៗគ្នា។ នៅក្នុងអតីតកាល នៅពេលដែលខ្ញុំធ្វើទាហាន ខ្ញុំបណ្ដុះបណ្ដាលនារសាររបស់ខ្ញុំ ដែលជាកងការពាររបស់ខ្ញុំ រហូតមកគេក្លាយខ្លួនទៅជាអ្នកដែលមានឋានៈស្មើខ្ញុំ។ ខ្ញុំមិនអាចរាំងគេ ទុកគេនៅទ្រឹងមួយកន្លែងទេ។ សម្ដេចវិបុលបញ្ញា សុខ អាន, ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ, ឯកឧត្តម ឡុង វិសាលោ សុទ្ធតែជាអតីតលេខាផ្ទាល់របស់ខ្ញុំតែម្ដង ប៉ុន្តែ យើងមិនអាចទុកពួកគាត់អោយនៅជាមួយយើងរហូតទេ យើងត្រូវមានវិធីបញ្ជូនទៅនេះ បញ្ជូនទៅនោះ។ ទីចុងបំផុត យើងទាញយកត្រឡប់មកវិញ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឆ្លងកាត់។ នៅឆ្នាំ ១៩៩៣, ២ នាក់ ដែលបញ្ចប់ការសិក្សានៅសហភាពសូវៀត ហើយក្រោយមកនៅរុស្ស៊ី។ អូន ព័ន្ធមុន្នីរ័ត្ន និង រ័ត្ន សណ្តាប់។ ២ នាក់ មកជួបជាមួយខ្ញុំ។ ពេលនោះ ខ្ញុំនៅចាំ ដូចជាអោយម៉ូតូម្នាក់មួយគ្រឿង បើសិនជានៅរក្សាបានម៉ូតូមួយគ្រឿងហ្នឹង គឺល្អណាស់។ រួចហើយដោយឃើញថា ឯកឧត្តម គាត ឈន់ មានបទពិសោធន៍នៅក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលគួរតែត្រូវបញ្ជូន។ អញ្ចឹងទេ ខ្ញុំបញ្ជូន ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន អោយទៅតភ្ជាប់ជើងជាមួយនឹង ឯកឧត្តម គាត ឈន់ ហើយបន្តទៅនេះ បន្តភ្ជាប់ជាមួយនឹងខ្លួនខ្ញុំ។ ដល់ដំណាក់កាលថ្មី គឺទាំង ហង់ ជួនណារ៉ុន ក៏ដូចគ្នាដែរ ដល់ដំណាក់កាលទាញយកមកធ្វើរដ្ឋមន្រ្តីបណ្តោយ។ ហ្នឹងគឺត្រូវមានវិធីបណ្តុះបណ្តាល បើសិនជាទុកនៅតែត្រាំត្រែងនៅនឹងខ្លួនយើង គឺវិវឌ្ឍទៅមុខវាមិនរួច។ និយាយដូច្នេះ បានសេចក្តីថា គិតតែបញ្ចេញពីខ្លួនអោយអស់ មនុស្សជំនួយការ មិនមែនអញ្ចឹងទេ។ យើងត្រូវមានការថ្លឹងថ្លែង ហើយត្រូវមើលវែងឆ្ងាយ អំពីបញ្ហានេះ។
មន្រ្តីធ្វើការមិនកើត បញ្ជូនទៅធ្វើទូត ជារឿងមិនត្រឹមត្រូវ
ចំណុចនេះ ខ្ញុំស្នើអោយមិនមែនគ្រាន់តែនៅទីនេះទេ នៅទីកន្លែងណាក៏ដោយ គួរត្រូវផ្តល់ឱកាសអោយបានគ្រប់គ្រាន់ សម្រាប់យុវជន សម្រាប់ការងើបឈរឡើងនៃអ្នកដែលនៅក្រោមយើង។ ធ្វើយ៉ាងនេះ ទើបយើងអាចរកឃើញនូវចលនាជាតិមួយ ស្តីអំពីការកសាងប្រទេស និងប្រើធនធានបញ្ញាបានគ្រប់គ្រាន់។ នេះជាបទពិសោធន៍។ … មានពេលមួយ អោយតែនរណាធ្វើការក្នុងប្រទេសមិនកើតបញ្ជូនមកអោយខ្ញុំហើយ យកទៅធ្វើទូត វាអញ្ចេះ។ បានខ្ញុំប្រាប់ថា ទៅធ្វើទូត ឋានៈលើសរដ្ឋមន្រ្តីទៅទៀត។ រដ្ឋមន្រ្តីដែលគេអោយជិះឡានដាក់ទង់ជាតិ មានតែ ២ ទេ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ។ រដ្ឋមន្រ្តីដទៃអត់មានសិទ្ធិនឹងជិះឡានដាក់ទង់ជ័យទេ ក្រៅពីប្រមុខរដ្ឋ ឬព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី គឺមានរដ្ឋមន្រ្តីតែ ២ ទេ ដែលគេអោយជិះឡានដាក់ទង់ជ័យ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ។ ប៉ុន្តែ អគ្គរដ្ឋទូតទៅវិញទេ ដែលមានសិទ្ធិជិះឡានដាក់ទង់ជាតិ អញ្ចឹង ចេះតែបញ្ជូនមកអោយខ្ញុំៗ ធ្វើការមិនកើតក្នុងស្រុក ដកយកមកប្រគល់អោយ ហ៊ុន សែន បញ្ជូនទៅធ្វើទូត។ ខ្ញុំថា ទៅធ្វើទូតរបៀបម៉េច?
អរគុណក្រុមគ្រួសារ បណ្ឌិត សុខ ទូច
សម្រាប់បណ្ឌិតសភាចារ្យ សុខ ទូច ថ្ងៃនេះ បានលោកឪពុក និងក្រុមគ្រួសារ អញ្ជើញមក។ អរគុណដែល លោកអ៊ំ និងបងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី បានរួមវិភាគទានក្នុងការបង្កើតមនុស្សម្នាក់នេះ។ ប្រវត្តិរបស់ សុខ ទូច ក៏ជាប្រវត្តិឈឺចាប់។ បន្ទាប់ពីរំដោះប្រទេស គឺឪពុកម្តាយមិនដឹងទៅណាទេ បានសុំ អ៊ំ សារិទ្ធ ធ្វើឪពុកធម៌នោះ ហើយជាអ្នកកាន់កាំភ្លើងការពារដំណើររបស់ខ្ញុំ ពេលដែលខ្ញុំទៅខេត្តកំពង់ចាម។ ដល់ពេលរកឃើញឪពុកម្តាយនេះ បានចាប់ផ្តើមមកបង្រៀនបន្ត ហើយបញ្ជូនទៅសូវៀតទៅ។ នេះជាដំណាក់កាលប្រទេសបែកបាក់។ វាអញ្ចឹង។ ជាភ័ព្វសំណាងដែលរកឃើញឪពុកម្តាយ ប៉ុន្តែ នៅតែហៅ អ៊ំ សារិទ្ធ ថាឪដដែល ព្រោះនេះវាជាការព្រាត់ប្រាស់មួយ ក្នុងដំណាក់កាលរបប ប៉ុល ពត ហើយនៅពេលដែលចេញមក អត់រកឃើញឪពុកម្តាយ មានតែនៅជាមួយកងទ័ពហ្នឹងទៅ ហើយហៅមេទ័ពហ្នឹងជាឪពុកអញ្ចឹងទៅ។
ធនធានមនុស្សចាប់ផ្តើមវិវឌ្ឍ ប្រទេសថយភាពក្រីក្រ និងឈានទៅមានចំណូលមធ្យមកម្រិតខ្ពស់
ឱកាសពេលនោះ យើងផ្តល់អោយយុវជន ដើម្បីបន្តការសិក្សាបំពេញវិជ្ជានៅក្នុងប្រទេស ហើយបញ្ជូនទៅរៀននៅក្រៅប្រទេស ឬរៀននៅក្នុងប្រទេស។ ឥឡូវ ធនធានមនុស្សដែលយើងចាប់ផ្តើមពីដំណាក់កាលអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ វាបានឆ្លងផុតហើយ។ ចំណុចអស់ទាំងនេះ ខ្ញុំគ្រាន់តែលើកឡើងត្រួសៗ អំពីការវិវឌ្ឍរបស់យើង វាប្រៀបធៀបជាមួយនឹងការវិវឌ្ឍរបស់ខ្លួនយើងម្នាក់ៗផងដែរ ពីស្ថានភាពទ្រុឌទ្រោម ទៅជាអ្នកដែលមានកម្លាំងកំហែង ពីស្ថានភាពក្សត់ខ្សោយខាងចំណេះវិជ្ជា ក្លាយទៅជាអ្នកដែលមានចំណេះវិជ្ជាតាមរយៈនៃការខិតខំ។ ការខិតខំទាំងអស់នេះ វាបាននាំប្រទេសរបស់យើងពីភាពខ្ទេចខ្ទាំ ពីទីក្រុងភ្នំពេញ ដែលមានមនុស្សនៅត្រឹមតែ ៧០ នាក់ អោយក្លាយទៅជាទីក្រុងមួយដូចគេដូចឯង ហើយជាទីក្រុងមានសក្តានុពលផងដែរ។ យើងបានកាត់បន្ថយភាពក្រីក្រពី ១០០ ភាគរយ អោយមកនៅក្នុងរង្វង់ ១៣ ភាគរយ។ យើងបាននាំប្រទេស ឆ្លងកាត់ពីប្រទេសដែលមានប្រាក់ចំណូលត្រឹមតែជាង ២០០ ដុល្លារ នៅឆ្នាំ ១៩៩៨ អោយឡើងមកដល់ ១.៣០០ ដុល្លារ នៅឆ្នាំ ២០១៦ កន្លងទៅ។ នេះគឺជាវឌ្ឍនភាព ប៉ុន្តែ វាមិនគ្រប់គ្រាន់ទេសម្រាប់យើង យើងត្រូវឈានហួសពីនេះ។ សូម្បីតែនាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ របស់ជប៉ុន ក៏បានប្រើពាក្យលើកទឹកចិត្ត និងផ្តល់ការគាំទ្រ ជួយដល់កម្ពុជាអោយសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយគាត់សន្យានឹងធ្វើការជាមួយខ្ញុំ។
ដើម្បីជោគជ័យ ត្រូវចេះដាក់ខ្លួន មិនត្រូវពើងទ្រូង ក្រអឺតក្រទម ដែលនាំអោយស្វ័យឯកោ
ខ្ញុំគួរតែនិយាយបន្តិចទាក់ទិនជាមួយនឹងស្ថាប័នរាជបណ្ឌិតសភាតែម្តង។ ឥឡូវដូចដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភា បានលើកឡើង ដើម្បីអោយទៅជាធនធានបញ្ញានៅទីនេះ ដើម្បីអោយអង្គភាពនេះខ្លាំង ចំណុចវាមិនលំបាកធ្វើទេ។ បញ្ហាធំជាងគេ គឺបញ្ហាសាមគ្គីភាពនោះឯង។ ចំណុចនេះធំណាស់។ បទពិសោធន៍ដែលខ្ញុំឆ្លងកាត់ជោគជ័យពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ពីដំណាក់កាលដែលគេហៅខ្ញុំថា ជារដ្ឋមន្រ្តីមិនទាន់បាត់ក្លិនទឹកដោះគោ ហើយពេលនោះ ការពិតខ្ញុំទើបមានវ័យមិនទាន់ដល់ ២៧ ឆ្នាំទេ នៅពេលដែលខ្ញុំចូលកាន់ដំណែងជារដ្ឋមន្រ្តីការបរទេសនោះ ដោយសារតែខ្ញុំកើតនៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៩៥២ ដូច្នេះ នៅពេលដែលខ្ញុំកាន់ដំណែងជារដ្ឋមន្រ្តីការបរទេស ខ្ញុំនៅមានអាយុ ២៦ ឆ្នាំ កន្លះនៅឡើយទេ។ ប៉ុន្តែ ហេតុអីបានជាខ្ញុំឈរជើងជាប់នៅទីនេះ? បញ្ហាសំខាន់ជាងគេ គឺការដាក់ខ្លួន រៀនសូត្រ ហើយកុំតាំងខ្លួន កុំពើងទ្រូងថាជាអ្នកចេះតែឯងអោយសោះ។ គ្មានទេនៅលើលោកនេះ ដែលចាត់ទុក (ឬ)យល់ថាខ្លួនចេះតែឯង គ្មាននរណាមួយអាចចេះទាំងអស់ទេ។ សូម្បីតែខ្ញុំនេះ កំពុងតែពឹងពាក់(គេ) ក្រវ៉ាត់ករៀនមួយជីវិតទៀតក៏រៀនចងមិនចេះដែរ …។
… ភាសាចាស់ពីដើមថា សេដ្ឋីគង់ខ្វះអំបែង។ ចំណុចនេះ ត្រូវយល់អោយបានច្បាស់ ភាពពើងទ្រូងក្រអឺតក្រទមណាមួយ មិនអាចក្លាយទៅជាមេដឹកនាំបានទេ។ កាន់តែឡើងខ្ពស់ កាន់តែដាក់ខ្លួន។ ចំណុចនេះត្រូវចងចាំ ភាពពើងទ្រូង ក្រអឺតក្រទម នឹងនាំទៅដល់ភាពឯកោខ្លួនតែប៉ុណ្ណោះ។ ទីចុងបំផុត ដល់ទៅពេលចុះនរក គឺចុះតែឯងទេ គ្មាននរណាគេចុះជាមួយទេ ព្រោះយើងអត់បានរួមសុខរួមទុក្ខជាមួយគេឯណា។ អញ្ចឹង ពាក្យដែលថា “រួមសុខរួមទុក្ខ” ត្រូវមួយទៅ។ មួយទៀតពាក្យ “ទទួលខុសត្រូវ” ចំណុចនេះត្រូវចាំអោយបាន ធ្វើជាមេដឹកនាំ មិនថាកន្លែងណា កន្លែងនេះ រាជបណ្ឌិតសភាទេ ត្រូវចាំនូវកន្លែងនេះ ភាពក្រអឺតក្រទម ឬតាំងខ្លួនថាជាអ្នកចេះដឹងលើសគេលើសឯង វានឹងបង្កើតបាននូវស្ថានភាព គេហៅថា ការបង្កើតស្វ័យឯកោតែម្តង។ … ការដាក់ខ្លួន និងទំនាក់ទំនងសាធារណៈ គ្រូរបស់យើង បើទោះបីថាគាត់ធ្លាប់បង្រៀនយើងនៅបឋមសិក្សា ហើយដល់ពេលនេះ យើងក្លាយទៅជាបណ្ឌិត យើងក៏នៅតែត្រូវគោរពគាត់ មិនត្រូវមើលស្រាលគាត់ថា លោកគ្រូឯងប៉ុន្មានឆ្នាំ បង្រៀនតាំងពីខ្ញុំនៅតូច ឥឡូវនៅតែ(ជា)គ្រូបឋមដដែល។ នេះជាកំហុសមួយ។ ផ្ទុយទៅវិញ ត្រូវធ្វើបុណ្យអោយគាត់វិញទេ ដោយសារអ្នកដឹកដៃមុនហ្នឹងហើយ អា “ក, ខ” ហ្នឹងហើយ ដែលនាំយើងអោយមកដល់ថ្ងៃនេះ ត្រូវចងចាំចំណុចអស់ទាំងនេះ។
ការបំពេញគ្នារវាងស្ថាប័ននានា និងរាជបណ្ឌិតសភា
… ខ្ញុំសូមស្នើបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើកំណែទម្រង់អោយបាន ទៅលើចំណុចមួយចំនួនដែលចាំបាច់។ ការងារនេះត្រូវធ្វើ បើមិនធ្វើកំណែទម្រង់ទេ ស្ថាប័នមួយនេះអាចរយីករយាក។ បើស្ថាប័ននេះរយីករយាក វាជាគម្រូមិនល្អទេជាមួយនឹងស្ថាប័នដទៃ ព្រោះនេះជាកន្លែងប្រមូលផ្តុំបញ្ញវន្ត ប្រមូលផ្តុំខួរក្បាលសុទ្ធតែធំៗណាស់។ រួចដល់ធ្វើការមិនត្រូវគ្នា ខ្វះប្រសិទ្ធភាព អញ្ចឹងទេ មិនដឹងថាគម្រូអោយនរណាទេ។ អញ្ចឹង រាជបណ្ឌិតសភាជួយអោយស្ថាប័នដទៃ ឬស្ថាប័នដទៃជួយអោយរាជបណ្ឌិតសភាវិញ។ អញ្ចឹង ត្រូវមានធាតុ គេហៅថា ការបំពេញអោយគ្នារវាងស្ថាប័ននានា និងរាជបណ្ឌិតសភា។
ស្ថាប័នដែលនៅជាប់ជាមួយខ្ញុំ ធ្វើការស្រាវជ្រាវផ្នែកយុទ្ធសាស្រ្ត ទី ១. ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ដែលប្រធានបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ជាប្រធានស្រាប់។ សូម្បីតែកូនខ្ញុំក៏ខ្ញុំបញ្ជូនទៅអោយបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ជាអ្នកជួយបណ្តុះបណ្តាលដែរ នៅទីនោះ។ មួយទៀតហៅអក្សរកាត់ CAP ដែលមនុស្សជាច្រើនមិនអាចដឹងថាអាហ្នឹងវាជាស្អីទេ ហើយក៏មានបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន នៅហ្នឹងដែរ។ ឱម យិនទៀង ស្អីៗហ្នឹងប្រមូលផ្តុំ ប៉ុន្តែ ដើម្បីប្រើកម្លំាងបញ្ញវន្តបាន មិនមែនចេះតែប្រើដូចគោ ដូចក្របីទេណា។ ពាក្យតែថា បញ្ញវន្តៗមិនដូចគោ ដូចក្របីទេ ប្រើទៅលិចទៅលិច ប្រើទៅកើតទៅកើតទេ អាហ្នឹងត្រូវយល់អោយច្បាស់។ គេថាពិបាកណាស់ ក្នុងការគ្រប់គ្រងបញ្ញវន្ត ព្រោះបញ្ញវន្តមិនសូវត្រូវគ្នា ក៏ប៉ុន្តែ វាលំបាកតែអ្នកមិនចេះទេ អ្នកដែលមិនមានជំនាញ ប៉ុន្តែ អ្នកដែលមានជំនាញអាចប្រមូលបញ្ញវន្តទាំងអស់អោយអង្គុយជាមួយគ្នា។
ខ្ញុំនៅចាំបាន បង ជា សុទ្ធ គាត់ជាឧបនាយករដ្ឋមន្ត្រីប្រចំាការ ហើយខ្ញុំពេលនោះ ឧស្សាហ៍ទៅបរទេស(ដើម្បីធ្វើការ)ចរចា។ មានតែអ្នកច្បាប់ ៥ នាក់ ចូលប្រជុំ គាត់អត់ចូលតែម្តង ព្រោះអ្នកច្បាប់និយាយមិនត្រូវគ្នាតែម្តង មិនដឹងជាបកស្រាយយ៉ាងម៉េច។ អញ្ចឹង បានជា បង ជា សុទ្ធ មិនព្រមប្រជុំ។ គាត់មិនខ្លាចទេបញ្ញវន្ត ខាងសេដ្ឋកិច្ច ខាងស្អីៗ តែគាត់ខ្លាចជាងគេ គឺអ្នកច្បាប់ ព្រោះអ្នកច្បាប់ និងអ្នកច្បាប់ និយាយមកមិនត្រូវគ្នា។ បង ជា សុទ្ធ សរុបអត់កើត។ អញ្ចឹង ប្រជុំទាក់ទងនឹងការកសាងសេចក្តីព្រាងច្បាប់មួយចំនួន ត្រូវទុករង់ចំាខ្ញុំមកពីក្រៅប្រទេស។
មានរឿងគួរអោយចង់សើចជាច្រើនក្នុងកិច្ចប្រជុំ World Economic Forum
… ខ្ញុំគួរតែផ្តំាផ្ញើ អ្វីដែលយើងត្រូវធ្វើមោទនភាពជាតិរបស់យើង ត្រូវប្រកាន់អោយខ្ជាប់ ពាក្យស្មើភាព ស្មើសិទ្ធិ ជាពាក្យដែលខ្ញុំបង្កើត។ ប៉ុន្តែ ពាក្យនេះគឺជាពាក្យមានន័យណាស់ មិនមែនបានសេចក្តីថា ប្រទេសគេមាន ប្រទេសគេធំ ខួរក្បាលរបស់គេសុទ្ធតែពូកែទំាងអស់នោះទេ។ ខ្ញុំលើករឿងពីរដែលវាកើតឡើងថ្មីៗ ហើយឥឡូវវាកើតឡើង។ ថ្ងៃនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន (ឯកឧត្តម) ស៊ុន ចាន់ថុល អីទៅចូលរួម World Economic Forum នៅឯដាវូស ប្រទេសស្វីស។ នៅក្នុងការពិភាក្សាមួយក្នុងពេលយប់ នាយករដ្ឋមន្ត្រីវៀតណាម គាត់ជាអ្នកថ្លែងបើក ឯខ្ញុំជាអ្នកថ្លែងបិទ។ នៅក្នុងរយៈពេលថ្លែងទំាងពីរនេះ ការពិភាក្សាបានធ្វើក្នុងរង្វង់ប្រហែលជា ១ ម៉ោងជាង បន្ទាប់ទៅគេអោយពិភាក្សាតាមតុ បានគេធ្វើរបាយការណ៍ហើយ បានខ្ញុំចាប់ផ្តើមសរុបយក។
ចំណុចមួយដែលខ្ញុំហួសចិត្ត។ អញ្ចឹងបានថា កុំឃើញគេសាស្ត្រាចារ្យ បណ្ឌិតសាស្ត្រាចារ្យ ថាគេពូកែ ពូកែយើងសសើរ។ មិនពូកែយើងតស៊ូ។ ខ្ញុំមិននិយាយពីឈ្មោះសាកលវិទ្យាធិការមួយទេ គាត់ប្រើពាក្យអញ្ចេះ គាត់ថា ប៉ុន្មានម៉ោងខាងមុខនេះ ដូលណាល់ ត្រាំម៍ នឹងឡើងកាន់អំណាច ពេលនោះអាមេរិក និងចិន នឹងវ៉ៃគ្នា ហើយដាក់តំបន់អាស៊ានអោយក្លាយជាតំបន់ដែលមានគ្រោះថ្នាក់។ បន្តពីសាកលវិទ្យាធិការសាកលវិទ្យាល័យរូបនេះ ក៏ចាប់ផ្តើមមានសាកលវិទ្យាធិការផ្សេងៗទៀត អ្នកប្រាជ្ញផ្សេងៗទៀត គេឡើងមក រហូតដល់គេប្រើពាក្យថា ដំរីជល់គ្នា ខ្ទេចស្រមោច ខ្ទេចសង្អារ។ ដល់ពេលខ្ញុំសរុប (ខ្ញុំថា)មើលលោកសាស្ត្រាចារ្យ លោកកុំទៅបង្រៀននិស្សិតទៅលើកាប្រកាន់ឥរិយាបទ និងគិតគូរបែបនេះ។ វាខុសហើយ។ អាមេរិក និងចិន មិនវ៉ៃគ្នាទេ។ បើសិនជាអាមេរិកវ៉ៃ ក៏ចិនមិនវ៉ៃដែរ។
ដូច្នេះ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អាស៊ាន ម្យ៉ាងទៀតយើងក៏អត់មានទាស់អីជាមួយអាមេរិកឯណា? យើងក៏នៅតែជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយអាមេរិក។ ម្យ៉ាងទៀតអាស៊ានរបស់យើងមិនត្រូវដាក់ខ្លួនទៅជាស្រមោច (ជា)សង្អារ សម្រាប់ដំរីជាន់ទេ។ ខ្ញុំមិននឹកស្មានថា អ្នកប្រាជ្ញនៅក្នុងតំបន់របស់យើងលើកភាសានេះរួច។ ដល់ក្រោយការពន្យល់របស់ខ្ញុំ គាត់បានមកចាប់ដៃ(ខ្ញុំ) គាត់ថា គាត់យល់ព្រមជាមួយទស្សនៈរបស់ខ្ញុំ។ លើការជាក់ស្តែងអាមេរិក និងចិនមានវ៉ៃគ្នាពីអង្កាល់? គ្រាន់តែ ដូណាល់ ត្រំាម៍ មួយធ្វើអោយផ្អើលមួយពិភពលោកតែម្តង។ បើ គីម ជុងអ៊ុន ទៅអាហ្នឹងគួរតែផ្អើល (ព្រោះតែងតែ)គម្រាមបាញ់ ប៉ុន្តែ ដូណាល់ ត្រំាម៍ គាត់មានទៅទាន់ស្អី? រឿងអីគិតទៅដល់រឿងវ៉ៃគ្នា? គាត់ជាអ្នករកស៊ីម្នាក់ គ្រាន់តែនយោបាយគំាពារនិយម មុនពេល ដូណាល់ ត្រំាម៍ ឡើងកាន់អំណាចតែមួយភ្លែត តែប៉ុន្មានម៉ោង ជជែកបែកម៉ាំនៅដាវូស។
… មួយទៀត ជាសាស្ត្រាចារ្យមួយនៅទីក្រុងឡុងដ៍។ គាត់ឡើងមកសួរថា តើអាស៊ានមានប្រទេសណាមួយដែលចង់ចាកចេញទេ? បានខ្ញុំប្រាប់ថា សូមលោកសាស្ត្រាចារ្យប្តូរសំនួរវិញ សួរអញ្ចេះ តើប្រទេសណាមួយចង់ចាកចេញពីប្រទេសអឺរ៉ុបក្រោយពីអង់គ្លេស? អានេះទើបជាសំនួរត្រឹមត្រូវ។ រឿងរបស់គាត់កំពុងតែរិតរួមទៅដោយមនុស្សចង់ចេញ រាប់ទំាង លឺ ប៉ែន (Marine Le Pen) ថាបើឈ្នះ ដកបារំាងចេញពីអឺរ៉ុប ហូឡង់ស្អីៗ គាត់មិនគិតខ្លួនគាត់ គាត់មកគិតពីអាស៊ានអ្នកណាចង់ចេញ? ក្នុងពេលដែលធម្មនុញ្ញអាស៊ានមិនអនុញ្ញាតបែបនោះទេ។ អោយដេញក៏មិនដេញ អោយដកក៏មិនដក រឿងវាអញ្ចេះ។ អញ្ចឹង បានមានពេលខ្លះ តិចឃើញគេក្បាលទំពែក ថាទំពែកអ្នកប្រាជ្ញ មិនមែនទេណា។ មិនមែនទំពែកទាំងអស់សុទ្ធតែទំពែកអ្នកប្រាជ្ញទេ…។
អំពាវនាវនាយករដ្ឋមន្ត្រីឡាវដកកងទ័ពចេញពីទឹកដីកម្ពុជាដោយគ្មានលក្ខខណ្ឌ
ខ្ញុំមានជំនឿជឿជាក់ថា កម្លំាងយុវជនដែលបានចូលរួមក្នុងការដឹកនំារាជបណ្ឌិតសភានេះ និងបន្តការងាររបស់ខ្លួន ហើយធ្វើការកែទម្រង់អោយបានល្អ ហើយដើម្បីកែទម្រង់បាន ទាមទាររៀបចំបែងចែកមុខងារយ៉ាងម៉េចអីយ៉ាងម៉េច។ បើចំបាច់ត្រូវកែសម្រួលព្រះរាជក្រឹត្យ ឬកែសម្រួលអនុក្រឹត្យ គឺកែទៅ ដើម្បីសម្រួលដល់រចនាសម្ព័ន្ធដំណើរការ។ ហ្នឹងរឿងមួយ។ រឿងមួយទៀតបើសិនជាខ្ញុំលាក់លៀមមិននិយាយ គឺច្បាស់ណាស់ថា ការព្រងើយកន្តើយពីមិត្តភក្តិជិតខាងរបស់យើង គឺនៅតែបន្ត។ ចាប់តំាងពីខែមេសាមក មិត្តឡាវបានបញ្ជូនកម្លាំងចូលមកក្នុងទឹកដីកម្ពុជារបស់យើង នៅតំបន់អូរអាឡៃរបស់ខេត្តស្ទឹងត្រែង ដោយយកហេតុផលអំពីការទប់ស្កាត់ការដែលយើងធ្វើផ្លូវ។ យើងធ្វើក្នុងដីរបស់យើង មិត្តឡាវគាត់មកទប់ស្កាត់។ គាត់ឆ្លងទន្លេមេគង្គមកនៅខាងយើងឯនេះ។ ខ្ញុំបានបញ្ជាអោយកងវិស្វកម្មបញ្ឈប់ការធ្វើផ្លូវភ្លាម ប៉ុន្តែ កងទ័ពឡាវមិនត្រូវបានដកទេ។
ក្នុងខែឧសភា ខ្ញុំនៅចំាបាន ខ្ញុំទូរស័ព្ទពីប៉េកំាងទៅកាន់នាយករដ្ឋមន្ត្រីឡាវ ពេលនោះ មុនពេលជំនួបជាមួយប្រធានាធិបតី ស៊ី ជីនពីង។ ខ្ញុំប្រាប់នាយករដ្ឋមន្ត្រីឡាវថា អោយដកអាកម្លំាងហ្នឹងចេញទៅ។ ខ្ញុំប្រាប់នាយករដ្ឋមន្ត្រីឡាវច្បាស់ៗថា យើងខាងលើយល់គ្នាបាន តែខាងក្រោមយល់គ្នាមិនបានទេ ប្រយ័ត្នមានរឿង។ យើងក៏បានឯកភាពអោយប្រធានគណៈកម្មការចម្រុះព្រំដែននៃប្រទេសទំាងពីរដើម្បីនឹងទៅដល់កន្លែង។ រឿងវាចម្លែងត្រង់ថា ប្រធានគណៈកម្មការមួយជិះទូកមួយៗ ទូករបស់គាត់ទៅមុខវាមិនរួច ហើយក៏គាត់ទៅខេត្តបាត់ទៅ យើងក៏មិនអាចដោះស្រាយបាន។ បងប្អូនស្នើខ្ញុំដោះស្រាយបញ្ហា។ ខ្ញុំថា ឈប់ទុកអោយខ្ញុំធ្វើការសិន។ ប៉ុន្មានថ្ងៃនេះ ខ្ញុំសរសេរសំបុត្រទៅនាយករដ្ឋមន្ត្រីឡាវ ស្នើអោយគាត់ដកកម្លំាងចេញ។ ឆ្លងទន្លេសេកុងមកលើដីខ្មែរ ខ្មែរមិនអាចទទួលយកបានទេ មិនអាចអត់ឱនទៅរួចទេ តែខ្មែរមានការអត់ធ្មត់។
… ឥឡូវ សុំផ្សាយលិខិតរបស់ខ្ញុំ អោយផ្សាយភ្លាមនូវលិខិតរបស់ខ្ញុំទៅឡាវនេះ។ ហើយខ្ញុំបានបញ្ជាទៅអភិបាលខេត្តស្ទឹងត្រែង អោយឡើងភ្លាមទៅជួបប្រធានខេត្តអាតាពើរបស់ឡាវ អោយចេញដំណើរទៅទាក់ទងគ្នាអោយដកកម្លំាងនេះ។ ខ្ញុំប្រាប់ ឯកឧត្តម ប្រាក់ សុខុន បន្ទាប់ពីបង្ហូតទង់ជាតិអាស៊ានថ្ងៃនេះហើយនោះ ព្រោះបុណ្យខួបលើកទី ៥០ ផង អោយជួបជាមួយទូតឡាវ។ ខ្ញុំត្រូវការហោះទៅប្រទេសឡាវភ្លាម ដើម្បីទៅជួបនាយករដ្ឋមន្ត្រីឡាវ សួរអោយច្បាស់ ព្រោះកុំលេងតាមអញ្ចឹងៗ គឺមិនបានទេ។ ខ្ញុំចង់ទៅឡាវ ដើម្បីនិយាយគ្នាអោយច្បាស់ ដកឬមិនដក? ហើយខ្ញុំនិយាយដោយត្រង់ បើសិនជាបងប្អូនឃើញនូវ(ការ)ចល័តកងទ័ព សូមកុំភ្ញាក់ផ្អើល គឺទៅគោលដៅស្ទឹងតែ្រង ព្រំដែនឡាវ។ ខ្ញុំអោយទាញកងពលទី ២ មួយភាគឡើងទៅ និងកងពល ២១ ឡើងទៅ ព្រោះមិនអាចអោយអ្នកណាមួយជាន់ដីខ្មែរដោយយើងមិនបានគិតនោះទេ។
មិត្តភក្តិ គឺមិត្តភក្តិហើយ តែបើមិត្តភក្តិមកជាន់ក្បាលអញ្ចឹងមិនបានទេ។ ហើយខ្ញុំបានធ្វើរឿងនេះផ្ទាល់។ ទូរស័ព្ទផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ។ ហេតុអីម៉ោងនេះមិននិយាយ? ប៉ុល សារឿន បានទទួលបទបញ្ជាហើយ។ ទៀ បាញ់ ទទួលបទបញ្ជាហើយ។ គន់ គីម ទទួលបទបញ្ជាហើយ។ បើសិនមានសភាពការណ៍កើតឡើង សុំកុំបន្ទោសកម្ពុជាអោយសោះ។ តែមុននឹងចាត់ការយ៉ាងណា អោយខ្ញុំបានទៅជួបនាយករដ្ឋមន្ត្រីឡាវ។ បើមិនចង់អោយខ្ញុំទៅជួប មានតែមួយគត់ គឺដក(ទ័ព)ចេញផុតទៅមិនចាំបាច់ជួបទេ ព្រោះខ្ញុំបានហៅតាមទូរស័ព្ទហើយ។ ឥឡូវ ផ្សាយទៅលិខិតហ្នឹង …។
ឱសានវាទ ៦ ថ្ងៃ អោយភាគីឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា
ខ្ញុំធ្វើលិខិតទៅហើយ អត់ទាន់មានការឆ្លើយតបណាមួយ។ អញ្ចឹង ខ្ញុំសុំបញ្ជូនសារពីទីនេះ អំពាវនាវចំពោះ ឯកឧត្តម ថងលុន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជាដោយគ្មានលក្ខខណ្ឌ។ ឱសានវាទយូរបំផុតនៅថ្ងៃទី ១៧ ខ្ញុំទុក(ពេល)អោយ ៦ ថ្ងៃ។ បើមិនចង់មានរឿងមានតែដក(កងទ័ព)។ ថាអា(ដី)គោកចុះច្រឡំព្រំដែន ចុះអាឆ្លងទន្លេសេកុងមកនេះ អាហ្នឹងវាពិបាកយល់ណាស់។ ខ្ញុំពន្យល់ប្រជាជនខ្ញុំមិនបានទេ។ ឱសានវាទ គឺនៅត្រឹម ថ្ងៃទី ១៧ តែប៉ុណ្ណឹងទេ លើសពីហ្នឹងគឺមិនបាន។ … ខ្ញុំបានបញ្ជាទ័ពហើយ។ ការងារទូត ការងារនយោបាយ ថ្នាក់ថ្នមក៏នៅតែថ្នាក់ថ្នម ក៏ប៉ុន្តែ ដល់ម៉ោងត្រូវធ្វើ គឺត្រូវតែធ្វើ។
(ថ្ងៃនេះ) មកឧទ្ទេសនាមពីបណ្ឌិតសភា ប៉ុន្តែ បណ្ឌិតសភាក៏ត្រូវសិក្សាដែរអាហ្នឹង អោយគេមកជាន់ក្បាល ហើយបណ្ឌិតសភាអត់(អើពើ) … ប៉ុន្តែ យើងអត់ចង់ទាស់គ្នា តែគាត់មិនព្រមដកអញ្ចឹង តើយើងទុកអញ្ចឹង រហូតអី? អត់បាន។ អញ្ចឹង តាំងពីខែបួន(មេសា)មកវាល្មមហើយ … បួនខែហើយគ្រប់គ្រាន់ហើយ។ គ្មានពីណានៅពីក្រោយខ្នងទេ។ ក្រោយខ្នង(ហ្នឹង)វ៉ៃបំបាក់អាក្រោយខ្នងហ្នឹងទៀត … វាគ្មានអ្នកណានៅក្រោយខ្នងទេ សំខាន់គាត់មកតែម្តង។ តែខ្ញុំឆ្ងល់ថា រឿងអីមើលសំបុត្រហ្នឹងហើយមើលមិនយល់? ហើយរដ្ឋមន្ត្រីការបរទេសមកហើយធ្វើជាវង្វេងផ្លូវ ហើយត្រឡប់ទៅវិញ …។
អធិបតេយ្យជាតិធំជាងមិត្តភាព
មិត្តគឺមិត្តហើយ ក៏ប៉ុន្តែ អធិបតេយ្យរបស់ជាតិ គឺអធិបតេយ្យរបស់ជាតិ។ ក្នុងឋានៈខ្ញុំឈរជើងនៅទីនេះ ហើយដែលទទួលបន្ទុកអនុវត្តនូវនយោបាយក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស គឺកិច្ចការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ខ្ញុំមិនអាចទទួលយក និងអត់ឱនអោយបានទេ ប្រសិនបើកងទ័ពមិនត្រូវបានដកតាមការកំណត់។ ដូច្នេះ កម្លាំងទ័ពដែលត្រូវចល័ត ក៏ចល័តសមហេតុសមផល។ ដល់ម៉ោង គឺត្រូវធ្វើ។ ត្រឹមតែថ្ងៃទី ១៧ តែប៉ុណ្ណោះ ព្រោះវាហួសពេលវេលាច្រើនហើយ។ បើខ្ញុំមិនបាននិយាយ(ទៅ)ចុះ (តែនេះ)ខ្ញុំនិយាយតាមទូរស័ព្ទរួចហើយ។ ទៀ បាញ់ ក៏អោយមនុស្សទៅ ថាដោះស្រាយៗ នៅតែមិនដោះស្រាយ។ អញ្ចឹង អាទាហានហ្នឹងវាជាទាហានរបស់អ្នកណា? ទាហានរដ្ឋាភិបាល ឬជាទាហានចោរ? ព្រោះវាមិនស្តាប់រដ្ឋាភិបាល វាមិនព្រមចេញ? ដូចតែ ៣០ នាក់ទេ ហើយថ្ងៃៗ នៅល្បាតនៅហ្នឹងដូចជា ៥(ឬ)៦ នាក់ទេ … ឥឡូវ (និយាយ)ដាក់មេក្រូហើយ អត់ធ្មត់លែងកើតហើយ។
អត់ធ្មត់ ព្រោះមិនចង់អោយមានសង្គ្រាមទល់ដែន
ព្រឹកមិញចាប់ទូរស័ព្ទតេទៅ ទៀ បាញ់ តាំងពីម៉ោង ៦:៣០ រួចហើយ(តេ)បន្តបន្ទាប់ …។ ការពិតវាមិនត្រូវ៉ៃគ្នាទេ ប៉ុន្តែ បើសិនជាគាត់មិនដក(កងទ័ព) គឺត្រូវតែធ្វើហើយ។ យើងមិនមែនប្រកាសសង្គ្រាមទេ សុំតែយកដី(របស់)ខ្លួនតែប៉ុណ្ណឹង។ ខ្ញុំមិនយកដីអ្នកណាទាំងអស់ មួយចង្អាមក៏មិនយក តែក៏មិនអោយគេយកដីយើងមួយចង្អាមដែរ។ វាអត់សមហេតុសមផលអីបន្តិចសោះ ហើយបើសិនជាទុកអញ្ចឹងៗ ខ្ញុំបកស្រាយជាមួយប្រជាពលរដ្ឋថាម៉េច? លោក ហ៊ុន សែន នៅព្រងើយកន្តើយចំពោះអធិបតេយ្យខ្មែរ។ សុំជម្រាបជូនប្រជាពលរដ្ឋរបស់យើងអោយបានជ្រាបផងដែរ ដោយសារមិនចង់មានសង្គ្រាមហ្នឹងហើយ បានជាខ្ញុំខិតខំថ្នាក់ថ្នមសភាពការណ៍ ហើយក៏បានប្រឹងប្រែងណាស់។ ឥឡូវ ត្រៀមខ្លួនហោះទៅវៀងច័ន្ទន៍ ក្នុងករណីដែលនាយករដ្ឋមន្ត្រីឡាវគាត់ព្រមទទួលខ្ញុំ។ ទៅនិយាយអត់ច្រើនទេ និយាយតែពីរឿងដកទ័ពហ្នឹងតែម្តង ព្រោះខ្ញុំសរសេរសំបុត្រអោយគាត់ដកទ័ព បើទ័ពគាត់នៅទីនោះតាំងពី ២០ ឆ្នាំ (ឬ) ៣០ ឆ្នាំមុន វាមិនថាទេ ទើបនឹងមកជំនាន់ចូលឆ្នាំហ្នឹង? តែមកហើយមិនព្រមទៅវិញនោះ? ហើយឆ្លងទន្លេមកទៀត? …
ទៅតុលាការឡាអេ តែដកទ័ពចេញសិន ចៀសវាងបង្ហូរឈាម
ឥឡូវ បើមិនអស់ចិត្តគ្នា ថាដីអ្នកណាអីអ្នកណា ឥឡូវ ស្ម័គ្រចិត្តឡើងតុលាការទាំងអស់គ្នាតែម្តងទៅ បើសិនជាឡាវព្រម ទៅតុលាការឡាអេទាំងអស់គ្នា ចៀសវាងហូរឈាម តែដកកងទ័ពចេញសិន ហើយត្រូវឡើងទៅ តុលាការក៏ឡើង។ ទេ! កុំនិយាយតែមិត្តភាពៗ ហើយគិតតែពីមក(កងទ័ព) ឃើញខាងនេះកំពុងជាប់បោះ ឆ្នោតឬអីបានធ្វើអញ្ចឹង? អាហ្នឹងសុំទោស សុំនិយាយបន្តិចទៅចុះ សុទ្ធតែមុខបញ្ញវន្តទាំងអស់ហ្នឹង ប៉ុន្តែល្អដែរ បានប្រមូលផ្តុំធនធានខួរក្បាលជាតិទាំងអស់នៅត្រង់នេះហើយ និយាយតែម្តងទៅ ព្រោះខ្ញុំទទួលបន្ទុកដឹកនាំ។ អញ្ចឹង ប្រជាពលរដ្ឋចោទថា លោក ហ៊ុន សែន នៅស្ងៀមស្ងាត់ចំពោះមុខការឈ្លានពានរបស់គេហ្នឹង? អត់ទេ។
កន្លងទៅសុំអភ័យទោសពីប្រជាពលរដ្ឋ ខ្ញុំសុំពន្យល់ថា ខ្ញុំមានការអត់ធ្មត់ ខ្ញុំមិនចង់អោយមានសង្គ្រាមទល់ដែនទេ មិនថាទល់ដែនជាមួយប្រទេសណាទេ … ឥឡូវ ខ្ញុំត្រៀមខ្លួន។ អម្បាញ់មិញហ្នឹងអោយត្រៀមទាំងវ៉ាលីទៀតឯណោះ ក្រែងត្រូវការហោះៗភ្លាមទៅដល់ឡាវ ហើយខ្ញុំទៅចុះតែមួយម៉ោង និយាយដកឬមិនដកតែប៉ុណ្ណឹងទេ។ អោយវាអស់ចិត្ត។ ដំបូងចង់ប្រើ ទៀ បាញ់ ប៉ុន្តែឥឡូវខ្ញុំទៅផ្ទាល់តែម្តងវារហ័សជាង ព្រោះឱសានវាទត្រឹមតែថ្ងៃទី ១៧ តែប៉ុណ្ណោះ។ យើងមិនមែនធ្វើសង្គ្រាមទេ គ្រាន់តែសុំយកដី(របស់ខ្លួន)ត្រឡប់ទៅវិញ …។
បើសិនជាឃើញការចល័តទ័ព ឬមានបញ្ហាណាមួយ សុំប្រជាពលរដ្ឋមេត្តាយោគយល់
ឡាវគេប្រើភាសាបងប្អូន។ អាយណងត្រឡប់ទៅវិញទៅ ដីរបស់ខ្ញុំ គឺទុកអោយខ្ញុំការពារទៅបានហើយ កុំមកនៅត្រង់ហ្នឹងអីវាហាលមូស ហាលភ្លៀង។ ខ្ញុំវាអស់តម្រិះដែរ អស់តម្រិះត្រឹមហៅទូរស័ព្ទនិយាយគ្នាហើយវាមិនព្រមដក(កងទ័ព)។ អោយទៅដល់ហើយ រដ្ឋមន្ត្រីការបរទេសរបស់គាត់អត់ហ៊ានទៅមើលអាកន្លែងហ្នឹងផង។ អញ្ចឹង សុំបញ្ជាក់ជូនជនរួមជាតិ បើសិនជាឃើញការចល័តទ័ពណាមួយ ឬមានបញ្ហាណាមួយ សុំមេត្តាយោគយល់ ព្រោះនេះជាការចាំបាច់ នៃការការពារអធិបតេយ្យ ឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា។ ជាថ្មីម្តងទៀត (សូម)ថ្លែងនូវការកោតសរសើរ អបអរសាទរ ហើយអរគុណលោកជំទាវអតីតប្រធាន និងថ្លែងការកោតសរសើរ អបអរសាទរ ចំពោះប្រធានថ្មី អនុប្រធានថ្មី ទាំងរាជ្យបណ្ឌិតសភា ទាំងប្រធាន អនុប្រធានថ្មី នៃបណ្ឌិតសភាចារ្យ ហើយបន្តការងារទៅ។ ចុងបញ្ចប់ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕