ដោយផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងចាត់ទុកថា វាជាការប្រមាថដ៏ធ្ងន់ដល់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានខ្លឹមសារ ទាំងស្រុងដូច្នេះថា៖
* តើសម្តេចយល់យ៉ាងណាដែរ ចំពោះសំណើលោក លឺ ឡាយស្រេង ដែលចង់ឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ ដែលផ្ញើជូនសម្តេច និងលោក កឹម សុខា នៅថ្ងៃសៅរ៍នេះ ?
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំសូមបញ្ជាក់ថា លឺ ឡាយស្រេង កុំមកតាំងខ្លួនឯងជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អីទៀត អ្នកណាតែងតាំងលោកឯងជាព្រឹទ្ធាចារ្យ, ជាសមាជិករបស់គណបក្សហ្វ៊ិនស៊ិនប៉ិច តាំងពីមានកៅអីក្នុងសភារហូតដល់អស់រលីង កុំឲ្យតាំងខ្លួនជាចេះដឹងរឿង នយោបាយទៀតអី, លោកឯងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ ហើយខ្ញុំបានដឹងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង លោកឯងជាមួយបក្សប្រឆាំងជារៀងរហូតមក។ សំណើរចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្រ្តីដ៏ស្មោកគ្រោកបែបនេះ ខ្ញុំធ្លាប់បានទទួលរួចហើយ កាលពីប៉ុន្មានឆ្នាំមុន, វាជាការប្រមាថដ៏ធ្ងន់ធ្ងរ ដល់គណបក្សប្រជាជនកម្ពុជា ដែលវាជាការបង្ហាញថា បក្សប្រជាជនកម្ពុជា កំពុងត្រៀមចាញ់ និងបក្សប្រឆាំង កំពុងត្រៀមត្របាក់យកជ័យជំនះ ដូចក្រពើខ្លាត្រៀមត្របាក់ចំណី ខណៈបក្សរបស់ខ្លួន កំពុងចាញ់យ៉ាងពិតប្រាកដក្រោមស្នាដៃរបស់របស់បក្សប្រជាជន។
ការស្នើចង់បង្កើតច្បាប់នេះជាឧបាយកលទុច្ចរិតឲ្យប្រជាជនមើល ឃើញដោយច្រឡំថា នាយករដ្ឋមន្ត្រីដែលកំពុងស្ថិតក្នុងតំណែងបច្ចុប្បន្ន បាននឹងកំពុងធ្វើខុសអ្វីមួយយ៉ាងធ្ងន់ធ្ងរ ទើបបានជាចង់ឲ្យមានច្បាប់បែបនេះ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងកសាងស្នាដៃធំៗជាច្រើជាប្រវត្តិសាស្ត្រ សម្រាប់មាតុភូមិ ប៉ុន្តែពួកគេរីករាយនឹងបំផ្លិចបំផ្លាញ កេរ្តិ៍ឈ្មោះជាតិ បង្កការចលាចល ញុះញង់ បំផ្លិចបំផ្លាញសមិទ្ធផលជាតិ ព្យាយាមនាំកម្ពុជាចូលក្នុង ភ្នក់ភ្លើងសង្គ្រាម និងបំផ្លាញការអភិវឌ្ឍប្រទេស។
ទង្វើដ៏លាមកនៃការប៉ុនប៉ងចង់កម្ទេចចោលត្រកូល ហ៊ុន, ការបំផុសឲ្យសកម្មជនរបស់ខ្លួន (បក្សប្រឆាំង) ជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់មេដឹកនាំប្រទេស នៅលើបណ្តាញទំនាក់ទំនងសង្គម, ការចោទប្រកាន់ទាំងខុស១៨០អង្សាចំពោះការស្លាប់របស់លោក កែម ឡី តើអស់ទាំងនេះជាសកម្មភាពបង្ហាញពីការចង់បង្រួប បង្រួមជាតិឬទេ? ឯណាថាជាការបង្រួបបង្រួមដើម្បីជាតិពិតប្រាកដនោះ បើសូម្បីតែពាក្យមួយម៉ាត់របស់គណបក្សប្រឆាំង អបអរសាទរលើកទឹកចិត្តចំពោះជ័យជំនះ របស់កីឡាករកម្ពុជាឈ្នះមេដាយ នាំយកកិត្តិយសមកជូនជាតិ, ការដាក់តំបន់ប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោកថ្មីៗនេះក៏គណបក្សប្រឆាំង មិនដែលពោលពាក្យអបអរសាទរមួយម៉ាត់សោះ តើនេះជាទង្វើចង់បង្រួបបង្រួមជាតិពិតឬទេ ? ទាំងនេះមិនមែនជានិន្ទាការនយោបាយទេ ជារឿងរបស់ជាតិសោះ ប៉ុន្តែមិនទទួលលើកទឹកចិត្ត និងអបអរសាទរមួយម៉ាត់សម្រាប់ជាតិទេ។ នេះបង្ហាញពីការខ្វះមនសិការស្នេហាជាតិ និងស្រឡាញ់វប្បធម៌របស់គណបក្សប្រឆាំង ផ្ទុយពីអ្វីដែលបក្សរបស់ខ្លួនលើកឡើងថា ជាអ្នកសេ្នហាជាតិ។ ការចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រីអស់ពីតំណែងចាត់ទុកថា ជាការស្រមើស្រមៃរបស់ មនុស្សចាស់វង្វេងសតិតែប៉ុណ្ណោះ គ្មានបានការនោះឡើយ។
ការប្រតិកម្មខ្លាំងៗខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើលិខិត ចំហរពីរដាច់ ដោយឡែកពីគ្នា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ស្នើសុំឱ្យរៀបចំច្បាប់ការពារ នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលនេះសម្តេចតេជោ សែន បុរសខ្លាំងនៃ កម្ពុជា ប្រកាសទាត់ចោលសំណើដ៏ស្មោកគ្រោក ហើយចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ដល់បក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ព្រមទាំងព្រមានថា លោក លឺ ឡាយស្រេង ឈប់មកតាំងខ្លួនជាព្រឹទ្ធាចារ្យ និងជាអ្នកចេះដឹងនយោបាយអីទៀត៕