Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ គឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់ ៤០ លានរៀល(សែសឹបលានរៀល)ឬ ១ មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត៕
ឯកឧត្តមលោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ អង្គសន្និសីទទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើក សន្និសីទកំពូលសារព័ត៌មានឤស៊ីលើកទី ១៦ ស្តីពី «ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍ» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក (AIBD) នាឱកាសនេះ ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័នជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនិងបងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងគណៈប្រតិភូទាំងអស់ដែលកំពុងមានវត្តមាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឤស៊ី ឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានសក្តានុពល ព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មាន រវាងសារព័ត៌មានប្រពៃណី ជាមួយសារព័ត៌មានឌីជីថល ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិកដើម្បីរៀបចំសន្និសីទដ៏មានសារសំខាន់នេះ។ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ! កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី ១៦ ដើម្បីផ្លាស់ប្តូរ មតិស្តីពីវិទ្យាសាស្ត្រ និងការវិវត្តបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន ព្រមទាំងចក្ខុវិស័យរយៈពេលវែងទៅអនាគត ដើម្បីប្រែក្លាយបច្ចេកវិទ្យាឌីជីថល ភ្ជាប់ជាមួយ បដិវត្តឧស្សាហកម្មទី ៤ ក្នុងគោលដៅជំរុញការធ្វើ ឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយទៅក្នុងទីផ្សារឱ្យកាន់តែមានសក្តានុពលថែមទៀត និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងគំរាម និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គល និងសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល។ ទន្ទឹមនេះ ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដូចខាងក្រោម៖…
ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ដែល ឯឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែ ឧសភា កន្លងទៅ ដោយលើកឡើងថា “ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី(ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នាយើង ៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។ …” ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។ សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង ១០ ឆ្នាំ ថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។ ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញប្រជាជនសាំងហ្កាពួរ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង…