ឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រិយមិត្តវៀតណាម
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិកម្ពុជា ជាទីគោរពនឹករលឹក
បងប្អូនប្រជាជនវៀតណាមដែលបានចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានមកចូលរួមដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ និងការប្រគល់ទទួលនូវផ្សារព្រំដែន ដែលយើងបានកសាងនៅទីនេះ។ អម្បាញ់មិញនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការកសាងផ្សារព្រំដែននេះរួចហើយ ហើយឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានធ្វើសន្ទរកថាទាក់ទិនទៅនឹងវឌ្ឍនភាពនៃ សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចរបស់វៀតណាម ព្រមទាំងទាក់ទិនជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាទំនាក់ទំនងជារួមរវាងកម្ពុជា និងវៀតណាម។ យើងមានការរីរាយដែលបានមកកាន់ទីកន្លែងមួយ ដែលជាអតីតសមរភូមិក្តៅបំផុត ពិសេសនៅក្នុងរង្វង់ឆ្នាំ ១៩៧០ ដល់ចុងឆ្នាំ ១៩៧២ មុននឹងកងទ័ពអាមេរិក និងកងទ័ពវៀតណាមខាងត្បូងដកចេញពីផ្លូវជាតិលេខ ៧ … ខ្ញុំនឹងនិយាយបញ្ហាទៅក្រៅបន្តិច។
អរគុណប្រិយមិត្ត និងរដ្ឋាភិបាលវៀតណាម ផ្តល់ជូនកម្ពុជានូវផ្សារព្រំដែន
ប៉ុន្តែខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណជាមួយនឹងការឧបត្ថម្ភរបស់ប្រិយមិត្តវៀតណាម រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ឱ្យជូនសម្រាប់កម្ពុជានូវ ផ្សារព្រំដែន នេះ ដែលវាជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ខ្ញុំសូមអរគុណជាមួយនឹងលោកឧកញ៉ា ឈន ថារី ដែលបានផ្តល់ដីក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈន ថារី សម្រាប់ការកសាងផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម។ សូមថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដីនៃប្រទេសទាំងពីរដែលនៅជាជាប់ព្រំដែនជាមួយគ្នា។ ផ្សារព្រំដែន ដែលយើងធ្វើថ្ងៃនេះគឺនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋរបស់យើង មានលទ្ធភាពដើម្បីរកស៊ីជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបាននូវស្ថានភាពឈ្នះឈ្នះ នៃទំនាក់ទំនងរវាងពាណិជ្ជកម្មព្រំដែន។ យើងមិនត្រូវមើលស្រាលអំពីពាណិជ្ជកម្មដែលនៅប្រទេសជិតខាងជាប់ជាមួយគ្នានោះទេ។
ទំហំពាណិជ្ជកម្មពាណិជ្ជកម្មកម្ពុជានិងវៀតណាម កើន ១១%
ប៉ុន្មានរយៈមុននេះ ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀង ស៊ុនហ្វុក (Nguyen Xuan Phuc) បានប្រកាសចំពោះការប្រជុំអាស៊ាន-ចិន នៅទីក្រុងបាងកក អំពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅក្នុងការប្រជុំអាស៊ាន-ចិន នៅទីក្រុងបាងកក។ អម្បាញ់មិញ ខ្ញុំក៏បានសួរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជីញ ឌិញស៊ុង (TRINH DINH DUNG) ទាក់ទិនទៅនឹងទំហំពាណិជ្ជកម្មរវាងវៀតណាម និងចិន មានរហូតទៅដល់ ១៣០ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ យោងតាមរបាយការណ៍ដែលរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានលើកឡើងអម្បាញ់មិញ ទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរមានត្រឹម ៤.៧០០លានដុល្លារអាមេរិក ដែលកើន ១១% ដែលនៅក្នុងគោលដៅនោះត្រូវសម្រេចនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើងរហូតទៅដល់ ៥.០០០លានដុល្លារ និងលើសពីនេះទៅទៀត។ យើងក៏ត្រូវឃើញអំពីសក្តានុពលពិតប្រាកដ ដែលអាចអនុញ្ញាតឱ្យប្រជាជនកម្ពុជាមានទីផ្សារ ដែលនៅក្នុងប្រទេសជិតខាងរបស់យើងមាន។
កម្ពុជាខំកែច្នៃផលិតផល លក់ចេញទៅវៀតណាម
ប្រទេសវៀតណាមមានប្រជាជនជិត ១០០លាននាក់ ដែលអាចក្លាយទៅជាទីផ្សារមួយរបស់កម្ពុជាផងដែរ។ ប្រទេសថៃមានប្រជាជនជាង ៦០លាននាក់ ក៏អាចក្លាយទៅជាទីផ្សាររបស់កម្ពុជាផងដែរ។ ប៉ុន្តែយោងទៅលើស្ថិតិពាក់ព័ន្ធជាមួយនឹងការនាំចេញ-នាំចូល រវាងកម្ពុជានឹងវៀតណាម រវាងកម្ពុជានឹងថៃ យើងនាំចូលពីវៀតណាមច្រើនជាងការនាំចេញពីកម្ពុជាទៅកាន់វៀតណាម។ យើងនាំចូលពីថៃច្រើនជាងការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃ។ អ្វីដែលយើងត្រូវខិតខំទីផ្សារនេះ មិនមែនគ្រាន់តែជាទិផ្សារដែលទិញទំនិញពីវៀតណាមទេ ក៏ប៉ុន្តែជាទីផ្សារ ដែលកម្ពុជាត្រូវខិតខំដើម្បីកែច្នៃផលិតផលរបស់ខ្លួន ដើម្បីលក់ចេញទៅកាន់ប្រទេសវៀតណាម ដែលជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដែលយើងត្រូវគិតគូជាអាទិភាពនៅក្នុងការផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់យើង។
សេដ្ឋកិច្ចវៀតណាមកើន សេដ្ឋកិច្ចថៃកើន ជាការអនុគ្រោះដល់សេដ្ឋកិច្ចកម្ពុជា
ខ្ញុំពិតជាសប្បាយរីករាយដោយឃើញនូវវឌ្ឍនភាពនៃ សេដ្ឋកិច្ចរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសឆ្នាំ ២០១៨ ២០១៩ ដែលសេដ្ឋកិច្ចរបស់វៀតណាមមានភាពនឹងន និងមានល្បឿនកើនឡើងខ្ពស់។ ថ្ងៃមុននេះ ខ្ញុំបានប្រាប់ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រីប្រចាំការ ជឿង ហ័រប៊ីញ (Truong Hoa Binh) ថា … ការព្រួយបារម្ភរបស់កម្ពុជាគឺ សេដ្ឋកិច្ចរបស់វៀតណាម និងសេដ្ឋកិច្ចរបស់ថៃ។ ព្រោះអ្វី? នៅត្រង់ថា (សេដ្ឋកិច្ចកម្ពុជា)គឺពាក់ព័ន្ធជាមួយ(គ្នា)។ បើសិនជាសេដ្ឋកិច្ចវៀតណាម និងសេដ្ឋកិច្ចថៃថមថយ (មាន)អតិផរណានៅក្នុងប្រទេសខ្ពស់ (វាក៏)នឹងទាញធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាខាតបង់ដែរ។ ខ្ញុំសូមឱកាសនេះកោតសរសើរ និងអបអរសាទរចំពោះវឌ្ឍនភាព នៃសេដ្ឋកិច្ចរបស់វៀតណាម ដែលបានរួមចំណែកទៅលើការអភិវឌ្ឍរួមទាំងអស់គ្នា នៅក្នុងក្របខ័ណ្ឌតំបន់អាស៊ានរបស់យើង ក្នុងនោះក៏ទាក់ទងជាមួយប្រទេសកម្ពុជា ដែលជាប្រទេសជិតខាង យើងក៏អបអរសាទរជាមួយសេដ្ឋកិច្ចថៃ ដែលមានការរីចម្រើនជាបន្ត ហើយនៅក្នុងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ឡើងដល់ជិត ៧.០០០លានដុល្លារសហរដ្ឋអាមេរិក យើងក៏អបអរសាទរជាមួយសេដ្ឋកិច្ចរបស់ឡាវផងដែរ (សម្តេចមានប្រសាសន៍អំពីម៉ាស៊ីន និងការបកប្រែ) … អ្វីដែលជាចំណុចសំខាន់ ដែលខ្ញុំបានលើកឡើងទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសជិតខាង(ថា) សេដ្ឋកិច្ចរបស់វៀតណាមក៏មានការកើនឡើង សេដ្ឋកិច្ចរបស់ថៃក៏មានការកើនឡើង វាក៏អនុគ្រោះសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាដែលមិនទទួលរងនូវផលប៉ះពាល់។
ជោគជ័យពីរ (១) ប្រែអតីតសមរភូមិឱ្យទៅជាទីផ្សារ/ការអភិវឌ្ឍ (២) ប្រែតំបន់ព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
… យើងបានបង្កើតទីផ្សារមួយនេះ ដើម្បីឱ្យទីផ្សារមួយនេះ ក្លាយទៅជាផ្សារគំរូមួយ ដើម្បីជម្រុញពាណិជ្ជកម្មរវាងប្រជាជន និងប្រជាជនក្នុងការសម្រួល ក្នុងការនាំលក់ទំនិញឱ្យគ្នាទៅវិញទៅមក។ ខ្ញុំគួរតែបញ្ជាក់ថា ខ្ញុំមកកាន់ទីនេះ គឺវាពិតជាចំគោលបំណង ហើយវាក្លាយទៅជាចំណុចដែលយើងសម្រេចជោគជ័យនៅក្នុងគោលដៅពីរ ដែលខ្ញុំបានដាក់ចេញបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ។ តើគោលដៅពីរទាំងនោះជាអ្វី? ខ្ញុំគួរតែបញ្ជាក់នៅទីនេះឱ្យបានច្បាស់ គោលដៅពីរនោះគឺ ទី១៖ គឺការប្រែក្លាយអតីតសមរភូមិឱ្យទៅជាទីផ្សារ និងទៅជាតំបន់មានការអភិវឌ្ឍ ត្រង់ចំណុចនេះមកដល់ពេលនេះយើងអនុវត្តបានជាង ៩០% រួចស្រេចទៅហើយ។ ប្រែក្លាយពីតំបន់ដែលធ្លាប់ប្រយុទ្ធ ធ្លាប់វាយប្រហារគ្នា ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍ ទៅជាទីផ្សារ ទៅជាតំបន់ដាំដុះ។ នៅសល់ជាប្រមាណជាជិត ១០% ទៀត គឺយើងកំពុងបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីរំដោះយកដីនោះឱ្យប្រជាពលរដ្ឋ ដើម្បីអាស្រ័យផលទៅលើដីធ្លីដែលធ្លាប់តែមានគ្រាប់បែក គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។
ឯ គោលដៅទី ២៖ គឺ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ហើយនៅទីផ្សាររបស់យើងនេះ ចំទីកន្លែងនេះអាចចចាត់ទុកថា វាត្រូវទាំងពីរតែម្តង វាជាអតីតសមរភូមិផ្ទៃក្នុងផង វាជាអតីតព្រំដែន ដែលអស្ថិរភាពពីអតីតកាល នៅក្នុងរយៈពេលនៃការកាន់កាប់របស់សហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង។ ទីកន្លែងនេះ បើនិយាយរាប់ពីស្រុកស្នួល ខេត្តក្រចេះ តភ្ជាប់កាត់មកតាមផ្លូវជាតិលេខ ៧ របស់យើងនេះ នឹងតភ្ជាប់ទៅដល់ស្រុកពញាក្រែក នៅឯផ្នែកខាងក្រោម។ ខ្ញុំប្រយុទ្ធនៅក្នុងតំបន់សមរភូមិទាំងនេះលើសពី ២០ដង អាចចាត់ទុកថា ២០% នៃការប្រយុទ្ធដែលខ្ញុំចូលសមរភូមិ នៅក្នុងរយៈពេល ៥ឆ្នាំ នៅក្នុងសង្គ្រាមរំដោះជាតិកាលពីពេលនោះ។ អម្បាញ់មិញខ្ញុំសួរអភិបាលខេត្ត ប៉ុន្តែគាត់ប្រហែលជាអ្នកថ្មីផងដែរទេ ថា (ចំណុច)ដូង ៧ ដើម នៅកន្លែងណា?
ឥឡូវសុំសួរអ្នកដារបស់យើង(ថាតើ) ដូង ៧ ដើម នៅកន្លែងណា? អ្នកកើតជំនាន់ក្រោយអត់ស្គាល់ (ទីតាំងនៃចំណុច) ដូង ៧ ដើមទេ។ អ្នកជំនាន់មុនគឺជាអ្នកដែលស្គាល់ដូង ៧ ដើម។ ប្រហែលជានៅម្តុំនេះ។ នៅដូង ៧ ដើមនេះ ពួកខ្ញុំឧស្សាហ៍មកត្រៀមនៅកន្លែងហ្នឹង ហើយជាតំបន់ដែលវាយគ្នាគឺនៅកន្លែងហ្នឹង។ ខាងនេះមានកៅស៊ូ ៧ ដើម និងនៅតាមផ្លូវជាតិលេខ ៧ នេះហៅថា តំបន់ បូសតាកុក។ ហ្នឹងគេហៅតំបន់ដូង ៧ ដើម …តំបន់នេះ(ធ្លាប់ជា)តំបន់ដែលមានការប្រយុទ្ធតឹងតែង។
ពេលដែលកងទ័ពអាមេរិកដកថយ តំបន់មួយចំនួនចាប់តាំងពីស្រុកស្នួល រហូតមកដល់ឃុំដារបស់យើងនេះគឺពុំមានកងទ័ពអាមេរិក និងវៀតណាមខាងត្បូងទេ។ កងទ័ពវៀតណាមខាងត្បូងបានបោះ(ទីតាំង)ចាប់ពីស្អំ ពាមជីលាំង អំពុក និងកងទ័ពកងពល ២២ របស់ ថាច់ ចាន់ បោះនៅលាយឡំគ្នាជាមួយនឹងកងទ័ពវៀតណាមខាងត្បូងនៅពញាក្រែក ហើយនឹងតភ្ជាប់ទៅត្រពាំងថ្លុង។ កងទ័ពខ្មែរបោះនៅខាងក្រោម ប៉ុន្តែនៅខាងលើប្រយុទ្ធស្រួចគឺកងទ័ពរបស់វៀតណាមខាងត្បូង ដែលខ្ញុំវាយជាបន្តបន្ទាប់។ ពេលនោះ យើងមានកងទ័ពតិចតួចណាស់។ កងអនុសេនាធំទី ៣ បោះនៅភូមិដាហ្នឹងតែម្តង។ អម្បាញ់មិញខ្ញុំបានទៅហោះមើលភូមិដា ដែលជាភូមិអនុស្សាវរីយ៍ ហើយក៏បានសំលឹងពីភូមិដាទៅក្រោលគោ ជាតំបន់ដែលធ្លាប់រត់លូនតាមតំបន់នោះ។ (រឿងកើតឡើង)ពេលនោះ គឺជាការធ្វេសប្រហែសមួយ។ យើងអត់ដឹង(ថាមាន)រហូតដល់កងទ័ពធីវគី មកព័ទ្ធសឹងតែជុំទៅហើយ។ នៅសល់មួយប្រឡោះ រត់ទៅក្រោលគោជាមួយ សុខ សារឿន (ដែល)ឥឡូវអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ កាលហ្នឹងរត់ទៅជាមួយគ្នា ចែកផ្លូវគ្នារត់លូនតាមវាលស្រែ ហើយយន្តហោះរបស់វាបន្ទាបៗ។ យើងដោះខោអាវចេញ រួចហើយរត់តាមវាលស្រែ។
អាណិកជនវៀតណាមនៅស្រុកខ្មែរ មិនមែនរឿងថ្មី
អញ្ចឹងបានរឿងអណិកជនវៀតណាមនៅស្រុកខ្មែរមិនមែនរឿងថ្មីទេ ភូមិកៅស៊ូទាំងអស់អត់មានហៅថា ភូមិទី១ ភូមិទី២ ភូមិទី៣ ទេ សូម៉ូត សូហាយ សូបា សូបូន សូណាំ ភាសាវៀតណាមទាំងអស់។ កម្មករសុទ្ធតែវៀតណាម។ (កម្មករកៅស៊ូ)តាមតំបន់នេះ អត់មានភូមិណាមួយជាភូមិខ្មែរទេ … ព្រោះបារាំងជាអ្នកនាំអណិកជនវៀតណាមមកដាំកៅស៊ូ តាំងពីជំនាន់យើងអត់ទាន់កើតឯណោះ។ រឿងអនិកជនវៀតណាមនៅស្រុកខ្មែរមិនមែនជារឿងថ្មីថ្មោងទេ … ដារហ្នឹងវាមានច្រើនទៀត មានដាជើង មានដាផ្សារ មានដាត្បូង មានដាកណ្តោល អាហ្នឹង ឯកឧត្តម អ៊ុក ប៊ុនឈឿន (…) ចាំទេពេលហ្នឹង បងឯងយកសិល្បៈ ឃុំជាំ យកមកលេង នៅដាកណ្តោល ហើយខ្ញុំនេះក៏មានសិល្បៈដែរ។ បន្ទាប់ពីសិល្បៈរបស់ឃុំជាំលេងរួច សិល្បៈពួកខ្ញុំចាប់លេង (…) អាហ្នឹងនិយាយពីប្រវត្តិអ្នកនៅតំបន់នេះ។
ថ្ងៃទី ០១ ឧសភា ១៩៧០ កងទ័ពអាមេរិក និងកងទ័ពវៀតណាមខាងត្បូងចូលមកកាន់ផ្លូវជាតិលេខ ៧
សុំបញ្ជាក់ឡើងវិញ បន្តិចទៀតខ្ញុំនឹងនិយាយទាក់ទិនពីប្រវត្តិនៅតំបន់នេះ វាយ៉ាងម៉េច? តំបន់នេះជាតំបន់អតីតសមរភូមិក្ដៅណាស់។ ការប្រយុទ្ធនៅទីនេះ សម្រាប់អង្គភាពរបស់ខ្ញុំមិនបានប្រយុទ្ធជាមួយខ្មែរគ្នាឯងទេ គឺប្រយុទ្ធជាមួយកងទ័ពអាមេរិក និងកងទ័ពវៀតណាមខាងត្បូង។ ការប្រយុទ្ធចាប់ផ្ដើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៧០ ជាថ្ងៃលើកដំបូង ដែលកងទ័ពអាមេរិក និងកងទ័ពវៀតណាមខាងត្បូងចូលមកកាន់កាប់ផ្លូវជាតិលេខ ៧ តាំងពីស្នួលរហូតដល់ទន្លេបិត … ពេលនោះ (ភាគីបច្ចាមិត្តបាន)យករថក្រោះមកដាក់តាមផ្លូវហ្នឹងទាំងអស់។ ជាការចាប់ផ្ដើមឆាកប្រយុទ្ធ ខ្ញុំមិនបានវាយជាមួយខ្មែរគ្នាឯងទេ ទាំងនៅមេមត់ ទាំងនៅស្នួលសុទ្ធតែមានការចុះចូលជាមួយកងទ័ពសម្ដេចឪ …។
ពិតមែនតែកងទ័ពវៀតណាមដកថយ ប៉ុន្តែ កងទ័ពវៀតណាមខាងត្បូងមិនទៅឆ្ងាយប៉ុន្មានទេ គេនៅត្រឹមស្អំ។ ម្យ៉ាងទៀត ទីនេះមិនឆ្ងាយពីព្រំដែនវៀតណាមប៉ុន្មានទេ បន្ទាយទាហ៊ានរបស់វៀតណាមខាងត្បូង និងប្រតិបត្តិការរបស់វៀតណាមខាងត្បូង ចូលមកក្នុងតំបន់ទាំងនេះញឹកញាប់ណាស់។ យើងអត់មានកងទ័ពច្រើនទេ មានត្រឹមតែមួយកងរបស់អនុសេនាធំរបស់កងទ័ពតំបន់ ពេលនោះគេហៅថាកងអនុសេនាធំទី ៣។ សុខ សារឿន ជាមេបញ្ជាការកងអនុសេនាធំ រួចហើយយើងមានកងទ័ពស្រុក និងកងទ័ពឈ្លប។ ការប្រយុទ្ធរបស់យើងអត់តទល់គ្នាទេ វាយរួចហើយរត់ៗ។ មានសម័យថ្ងៃមួយ សុំរំលឹករឿងនេះបន្តិច វាយរួចហើយស្រាប់តែជាប់អន្ទាក់។ សុទ្ធតែរថពាសដែក អឹម ១០៣។ អញ្ចឹងទេ យើងពួននៅហ្នឹងដំបូក។ វាយក ១២,៧ បាញ់ឈូសដំបូក … ជម្រើសតែមួយគត់ដែលនៅសល់ដើម្បីរស់ គឺ ពេលដែលវាបាញ់អស់គ្រាប់ត្រូវច្រកគ្រាប់ ឆ្លៀតពេលរត់តែម្ដង។ នៅតំបន់នេះ មិនសូវបានដើរទេ និយាយរួមគឺចាប់ពីស្រុកស្នួលរហូតដល់ទន្លេបិតគឺជាតំបន់ដែលមិនសូវបានដើរទេ ច្រើនតែរត់។ យើងទៅម្ដុំតាមផ្លូវជាតិលេខ៧ ចូលទៅខាងក្នុងគឺមានភូមិកម្មករ សូហាយ/សូបា កាលពីជំនាន់ហ្នឹង។ និយាយសច្ចធម៌ប្រវត្តិសាស្ត្រវាអញ្ចឹង។ នៅក្នុងចំណោមហ្នឹង មានកម្មករខ្មែរតិចតួច។ នៅក្នុងហ្នឹងមានឈ្លប ២។ ប៉ុន្តែ សូហាយសុទ្ធតែវៀតណាម ហើយសូបាភាគច្រើនសុទ្ធតែវៀតណាមដែលរស់នៅធ្វើកម្មករនៅក្នុងពេលនោះ។
ចង់បានតំបន់សេដ្ឋកិច្ចច្រើនទៀត តាមតំបន់ព្រំដែនកម្ពុជាវៀតណាម
អ្វីដែលខ្ញុំចង់និយាយ …យើងបាននិងកំពុងប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ អោយទៅជាតំបន់ទីផ្សារនិងការអភិវឌ្ឍ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ អោយទៅជាព្រំដែនសសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ (ក្នុង)រវាងពី ៤០ ឆ្នាំមុន និង ៤០ ឆ្នាំក្រោយ យើងបានឃើញច្បាស់ហើយ តំបន់ដែលធ្លាប់តែធ្វើការប្រយុទ្ធស៊ីសាច់ហុតឈាម នៅម្ដុំនេះនិងនៅតាមដងផ្លូវជាតិលេខ៧ របស់យើងនេះ ក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ប្រជាជនគ្មានការភ័យខ្លាចទៀតទេ។ ដូច្នេះ យើងត្រូវធ្វើយ៉ាងណាជម្រុញល្បឿននៃការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនរបស់យើងជាមួយវៀតណាម មានតំបន់សេដ្ឋកិច្ចពិសេសនៅខាងបាវិត ដែលមានរោងចក្រយ៉ាងច្រើននៅទីនោះ។
នៅទីនេះមានតំបន់សេដ្ឋកិច្ចពិសេស ឈន ថារី ហើយក៏មានផ្សារគំរូមួយនៅទីនេះ។ ខ្ញុំចង់បានតំបន់សេដ្ឋកិច្ចច្រើនទៀត ដែលធ្វើនៅតាមតំបន់ព្រំដែនកម្ពុជាវៀតណាម ហើយទាក់ទាញអ្នកវិនិយោគវៀតណាម ក៏ដូចជាអ្នកវិនិយោគដទៃទៀត មកវិនិយោគសម្រាប់កម្ពុជាធ្វើការនាំចេញ ដែលវានឹងក្លាយទីផ្សារសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ប្រជាពលរដ្ឋរបស់យើងមានតម្រូវការក្នុងការរកផ្សារ ហើយបើសិនជាយើងអាចខិតខំធ្វើទៅបាន គឺការកែឆ្នៃផលិតផលកសិកម្មរបស់យើង អោយទៅជាផលិតផលសម្រេច រួចហើយទើបមានការនាំចេញ។
ទទូចស្នើវៀតណាមបង្កើនការទិញទំនិញពីកម្ពុជា
ឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមត្រូវពិនិត្យឃើញអំពីចំនួនដែលវៀតណាមនាំចូលមកកម្ពុជា និងទំនិញដែលកម្ពុជានាំចូលទៅវៀតណាម គឺមានចំណុចខុសគ្នា។ ដូច្នេះ ខ្ញុំស្នើដោយទទូចអោយវៀតណាមបង្កើនចំនួនដែលត្រូវទិញពីកម្ពុជា ក្នុងនោះវៀតណាមបានកំពុងទិញ អង្ករពីកម្ពុជាចំនួន ៣០ម៉ឺនតោន និងមានការទិញផលិតផលមួយចំនួនផ្សេងទៀត។ ខ្ញុំស្នើអោយវៀតណាមយកចិត្តទុកដាក់ ពិនិត្យមើលការទិញទំនិញមួយចំនួនផ្សេងទៀតដែលកម្ពុជាមាន។ ខ្ញុំសង្ឃឹមថា ផលិតផលខ្មែរជាច្រើន ដែលថ្ងៃមុនបានតាំងពិព័រណ៌នៅទីក្រុងភ្នំពេញ បន្ថែមទៅដោយការតាំងពិព័រណ៌ផលិតផលខ្មែរនៅបុណ្យសមុទ្រខេត្ត កំពត … នឹងក្លាយទៅជាទំនិញដែលហូរចូលទៅក្នុងប្រទេសវៀតណាមផងដែរ។ (ពាណិជ្ជកម្ម)ជាការមានទៅមានមក ប៉ុន្តែការមានទៅមានមកក៏ត្រូវស្របតាមតម្រូវប្រទេសរៀងៗខ្លួនដែរ។
ប្រទេសកម្ពុជានាំចូលពីវៀតណាមនូវមុខទំនិញដែលកម្ពុជាត្រូវការ មិនអាចនាំចូលទំនិញដែលខុសពីតម្រូវការរបស់ខ្លួនទេ។ ឯវៀតណាមទាល់តែគាត់មានសំណូមពរ ដូចជាកន្លងទៅ តាមដែលខ្ញុំសិក្សាស្រាវជ្រាវបាន ស្វាយរបស់កម្ពុជាបាននាំចូលទៅប្រទេសវៀតណាមព្រោះស្វាយរបស់វៀតណាមផ្គត់ផ្គង់មិនគ្រប់។ វៀតណាមមិនត្រឹមតែទទួលទានផ្លែស្វាយក្នុងចំណោមប្រជាជនទេ … តែត្រូវផ្គត់ផ្គង់ទេសចរក្នុងសណ្ឋាគារផងដែរ។ ខ្ញុំសង្ឃឹមថា ផ្លែស្វាយរបស់កម្ពុជា ផ្លែចេករបស់កម្ពុជា និងផលិតផលកម្ពុជាមួយចំនួន ដូចជា ធុរ៉េន ដូចជាស្អីៗ អាចនឹងផ្គត់ផ្គង់ទៅកាន់ទីផ្សារវៀតណាមផងដែរ។ ម្ខាងប្រជាជនវៀតណាមត្រូវការ ម្ខាងទៀតវៀតណាមត្រូវការយកទៅផ្គត់ផ្គង់អោយទេសចររាប់លាននាក់នៅក្នុងប្រទេស …។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមលើសពី ៥ ពាន់លានដុល្លារ
ពីមុននេះផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាងសម្បូរគ្រាប់មីន ឥឡូវនេះហើយផ្លោងទៅវិញទៅមកដោយទំនិញ ខាងវៀតណាមបញ្ជូនទំនិញមកលក់អោយកម្ពុជា កម្ពុជាបញ្ជូនទំនិញទៅលក់អោយវៀតណាម ហើយយើងខិតខំបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាពប្រជាជនទាំងសងខាង។ វាជាជោគជ័យនៃគោលដៅទាំង២ ដែលខ្ញុំបានដាក់ចេញបន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមជាតិរបស់កម្ពុជា ហើយនេះក៏ជាផ្នែកមួយនៃការអភិវឌ្ឍរបស់កម្ពុជា ដែលទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាម ថៃ មានចំនួនកាន់តែច្រើនទៅៗ ហើយយើងផលិតទំនិញសម្រាប់ការប្រើប្រាស់ក្នុងស្រុក យើងផលិតទំនិញសម្រាប់ការនាំចេញ រាប់ទាំងទីផ្សាររបស់វៀតណាម/ថៃ។
បើយើងពិនិត្យ ទំហំ(ពាណិជ្ជកម្ម)ទ្វេភាគីរបស់យើង និងវៀតណាម (ដែលថាមាន) ៤៧០០ លាន ជាជើងលេខដែលកត់ត្រាដោយគយ។ នៅមានជើងលេខដែលអត់កត់ត្រាដោយគយច្រើនទៀត។ អញ្ចឹងទេ ទំហំពាណិជ្ជកម្មវៀតណាមលើសពី ៥ ពាន់លាន រួចស្រេចទៅហើយ។ ខ្ញុំយកតែរឿងមួយយកមកគិតទេ។ ឥឡូវ វៀតណាមទិញស្រូវជាផ្លូវការពីកម្ពុជា ៣០ ម៉ឺនតោន … ហ្នឹងកត់ត្រានៅក្នុងទំហំពាណិជ្ជកម្មទ្វេភាគី។ ប៉ុន្តែ តើអ្នកទិញស្រូវទាំងឡាយ ការដែលកសិករកម្ពុជាលក់ស្រូវទៅវៀតណាម មិនបានកត់ចូលក្នុងលេខក្រសួងពាណិជ្ជកម្មទេ។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរវាធំ។
មិនត្រូវធ្វើការរំខានណាមួយ ទៅដល់ប្រជាជនក្នុងការរកស៊ីនៅតាមតំបន់នេះទេ
យើងធ្វើ(ផ្សារ)នេះ ក្នុងគោលដៅដែលយើងគ្រប់គ្រងអោយបានទាំងសងខាង។ គឺជាកន្លែងលក់ដូរមួយដែលមានសណ្ដាប់ធ្នាប់ ហើយអាចត្រួតពិនិត្យបាន។ រាល់ការត្រួតពិនិត្យទាំងអស់មិនមែនជាឧបសគ្គរារាំងការលក់ដូរធ្វើពាណិជ្ជកម្មនោះទេ … ឥលូវ នៅតាមច្រកព្រំដែនទាំងអស់ អត់មានកាំកុងត្រូលទៀតទេ មានតែគយជាមួយនឹងមន្ត្រីនគរបាលអន្តោប្រវេសន៍តែប៉ុណ្ណោះ។ មិនត្រូវធ្វើការរំខានណាមួយដល់ប្រជាជនក្នុងការរកស៊ីនៅតាមតំបន់នេះទេ។ បើសិនជាមានការរំខានណាមួយនៅតាមតំបន់នេះ ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងរកស៊ីដោយខ្លួនឯង។ នោះជាបញ្ហាគ្រប់គ្រងមិនបាន។ យើងគ្រប់គ្រងអត់បានពួកឧក្រិដ្ឋជន ធ្វើចរាចរណ៍គ្រឿងញៀន និងការធ្វើឧក្រិដ្ឋកម្មផ្សេងៗ ឆ្លៀតប្រើនូវច្រករបៀងទាំងនោះ។ ខ្ញុំស្នើអោយធ្វើកិច្ចការងារនេះអោយបានហ្មត់ចត់។ ផ្សារនេះ ហៅថាផ្សារគំរូ បើផ្សារនេះបរាជ័យ ផ្សារដទៃទៀតដែលយើងត្រៀមនឹងបង្កើតឡើង វានឹងគ្មានវឌ្ឍនភាពទេ។ អភិបាលខេត្តនៅកន្លែងនេះ ត្រូវមើលអោយច្បាស់។ បើផ្សារនេះបរាជ័យលោកឯងក៏មិនអាចធ្វើចៅហ្វាយខេត្តបានដែរ ខ្ញុំដកចេញ។ (បើមានករណី)នាំចេញប៉ុណ្ណេះ ត្រូវយកលុយប៉ុណ្ណេះ នាំចូលប៉ុណ្ណេះត្រូវយកលុយប៉ុណ្ណេះ អាហ្នឹងរករឿងមុនគេគឺចៅហ្វាយខេត្ត អត់មានទាន់ទៅដល់ក្រសួងពាណិជ្ជកម្មទាន់ទេ។ ប្រតិភូកម្មអំណាចមកច្រើនហើយ។ ដូច្នេះ បើប៉ុណ្ណឹងមើលមិនបានគឺចប់ហើយ មិនចាំបាច់ត្រួតត្រាខេត្តមួយទេ។
ខេត្តនេះកាលពីដើមគឺខេត្តកំពង់ចាម។ ដោយសារខេត្តនេះធំពេក (មាន)មនុស្សជិត ២ លាននាក់ ហើយទីរួមខេត្តនៅផ្នែកខាងលិចទន្លេ អញ្ចឹងបានជាយើងបង្កើតខេត្តត្បូងឃ្មុំមួយឡើង។ ខ្ញុំក៏មានការពិបាកដែរ កូនរបស់ខ្ញុំមានកើតនៅស្រុកមេមត់ អញ្ចឹងត្រូវដាក់វាកើតនៅណា? ស្រុកមេមត់មែនតែត្រូវជាខេត្តត្បូងឃ្មុំ … ទន្ទឹមនឹងតំបន់ដែលយើងកំពុងប្រែក្លាយអោយទៅជាតំបន់ មានការអភិវឌ្ឍបន្ទាត់ព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ ទីកន្លែងនេះក្លាយជាទីកន្លែងផ្លាស់ប្ដូរទំនិញ ក៏ប៉ុន្តែរឿងរ៉ាវអតីតកាលរបស់យើង ដែលខ្ញុំបានលើកហើយថា ជាសមរភូមិក្ដៅតែជិត ៤ ១ឆ្នាំចុងក្រោយនេះ ខ្សែព្រំដែនកម្ពុជាជាមួយវៀតណាម បានប្រែក្លាយទៅជាខ្សែព្រំដែនដែលមានសន្តិភាព ដែលជំនួសដោយអតីតកាលនៃជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។ ដែលបង្កឡើងដោយការឈ្លានពានរបស់កងទ័ពអាមេរិក និងកងទ័ពវៀតណាមខាងត្បូង។ ឈ្លានពានដោយកងទ័ពវៀតណាមខាងត្បូង ដោយមានការគាំទ្ររបស់អាមេរិក។
ការចាប់ផ្ដើមចលនាតស៊ូ យកជីវិតធ្វើជាដើមទុនរំដោះប្រទេស
ក្រៅពីនោះវាក៏ជាតំបន់ចាប់ផ្ដើមចលនាតស៊ូរបស់ខ្ញុំដែរ។ ខ្ញុំក៏ចាប់ផ្ដើមពីតស៊ូពីដំណាក់កាលនៅលើផ្លូវជាតិលេខ ៧ នៃចលនារំដោះជាតិ ក៏ប៉ុន្តែវាក៏ជាចំណុចចាប់ផ្ដើមនៃការតស៊ូនៃការំដោះជាតិចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ។ ពីនេះទៅផ្នូរសពកូនរបស់ខ្ញុំនៅស្រុកមេមត់គឺប្រមាណជា ១៣ គីឡូម៉ែត្រ តែប៉ុណ្ណោះ។ គឺជាផ្នូរកូនច្បង ដែលបានស្លាប់នៅថ្ងៃទី១០ ខែវិច្ចកា ឆ្នាំ១៩៧៦។ តំបន់នេះបានក្លាយជាតំបន់នៃការចាប់ផ្ដើមនៃចលនាតស៊ូ ដែលខ្ញុំបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេស។ ទោះបីថាវាមិនចំកន្លែងនេះ វាឃ្លាតពីទីនេះ ១៣ គីឡូម៉ែត្រ គឺសពផ្នូរកូនរបស់ខ្ញុំនៅវិទ្យាល័យមេមត់។ ការឈឺចាប់នៅកន្លែងនោះវាជំរុញអោយខ្ញុំបង្កើនល្បឿននៃការសម្រេចចិត្ត ដើម្បីធ្វើការតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឃ្លាតពីស្រុកមេមត់ ទៅដល់ភូមិកោះថ្ម ឃុំទន្លូង គឺប្រមាណជាជាង១៨គីឡូម៉ែត្រ តែប៉ុណ្ណោះ។
តំបន់នោះហើយ ដែលខ្ញុំសម្រេចចិត្ត និងចាប់ផ្តើមនូវចលនាមួយ ដើម្បីតស៊ូរំដោះប្រទេសជាតិ ហើយភូមិដារបស់យើងនេះ នៅពេលនោះគឺក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ១៩៧៧ នៅពេលដែលពួកខ្មែរក្រហមចូលទៅវាយសម្លាប់ពួកវៀតណាម នៅស្មាច៍ នៅតំបន់តៃនិញ ក្នុងខេត្តតៃនិញ វៀតណាមបានប្រតិកម្មដើម្បីការពារខ្លួន ក៏វាយបកត្រឡប់មកវិញ។ ខ្ញុំចូលតាមច្រកកៅស៊ូ ៧ ដើម ចូលមកដេកនៅដា។ ប៉ុន្តែខ្ញុំឡើងទៅផ្សារមេមត់ ទៅមើលមន្ទីរពេទ្យ និងទីបញ្ជាការយោធាតំបន់នៅចំការដូង ដែលពេលហ្នឹងហើយដែលខ្ញុំបានរកឃើញសៀវភៅប្រពន្ធខ្ញុំ សរសេរឈ្មោះម៉ាណែតយ៉ាងច្បាស់។ ខ្ញុំដឹងថាប្រពន្ធរបស់ខ្ញុំបានឆ្លងទន្លេ ប៉ុន្តែត្រូវបានគេជម្លៀសទៅផុត។ ខ្ញុំបានមកស្នាក់នៅ ២ ថ្ងៃ ១ យប់នៅហ្នឹងដានេះឯង។ អ្នកភូមិដាគឺស្គាល់ខ្ញុំច្បាស់។ ប៉ុន្តែអ្នកជំនាន់ក្រោយ កើតមិនទាន់ មិនស្គាល់ខ្ញុំទេ។ អាចគ្រាន់តែលឺ។ ចាស់ៗជំនាន់មុនចាប់ពីអាយុ ៦៥ អីឡើងលើ ៦៥ នៅតែអាយុតិចជាងខ្ញុំ។ ឯណាប្អូនស្រីឈ្មោះ សាវី មានមកអត់? សាវីដូចជា ឯណាមានលើកដៃ … ហ្នឹងសុទ្ធតែខ្ញុំយកដើរតួសិល្បៈ។ មិនបាច់ថ្វាយបង្គំទេ។ ឥឡូវអាយុប៉ុន្មាន ហើយ? (៦៤) កាលហ្នឹងក្មេងជាងខ្ញុំ ហើយកាលហ្នឹងដើរតួអី បន្តិចទៀតទៅជួបជំនួយការខ្ញុំ។ កាលហ្នឹងយើងក្រមុំ ខ្ញុំក៏កំលោះ ប៉ុន្តែអត់ទេណា អត់មានប៉ះពាល់សីលធម៌អីជាមួយគ្នាទេ ប្រាប់ឲ្យហើយ។
មានមនុស្សមួយចំនួនផ្សេងទៀត តាំងពីផល្លា … ខ្ញុំទៅកន្លែងណាអញ្ចេះ? សិល្បៈរបស់ខ្ញុំនេះ អង្គភាពខ្ញុំមានបាល់ទះមួយក្រុម បាល់ទាត់មួយក្រុម ទៅកន្លែងណាគឺលេងកន្លែងហ្នឹង។ ផ្សារដារបស់យើងនេះមានតារាងបាល់ទះ នៅមុខសាលារៀនផ្សារដា។ លេងនៅត្រង់ហ្នឹង។ ដល់ផ្នែក សិល្បៈ យើងមានផ្នែកភ្លេងសម័យផង និងភ្លេងបុរាណផង ហើយយើងមានល្ខោននិយាយ ខ្ញុំក្លាយទៅជា អ្នកនិពន្ធផង អ្នកដឹកនាំរឿងផង ហើយមានពេលខ្លះដើរតួឯកផង … ប៉ុន្តែ ខ្ញុំអត់ចេះលេងល្ខោនបាសាក់ទេ។ ល្ខោននិយាយគឺធ្វើបាន។ រឿងដែលគួរឲ្យអស់សំណើចបំផុត គឺរឿងអញ្ចេះ កំពុងតែលេងៗ គេអុចចង្កៀងមាំងសុង ស្រាប់តែយន្តហោះមក។ ដល់យន្តហោះមកយើងចាប់ផ្តើមពន្លត់ ព្រោះឲ្យតែឃើញភ្លើងគឺបាញ់ហើយ។ អញ្ចឹងគឺថា កំពុងតែលេងជក់ ស្រាប់តែយន្តហោះមក យើងត្រូវពន្លត់ … យន្តហោះទៅបាត់ មើលទៅស្ងាត់ហើយ បញ្ឆេះចង្កៀងឡើងវិញ។ ស្រាប់តែតួឯកនៅតែតួប្រុសតួស្រីរត់បាត់។ អញ្ចឹងទេ មានតែវិធីមួយថា ប្រកាសជូនប្រជាពលរដ្ឋរបស់យើងថា រឿងនេះស្លេះត្រឹមប៉ុណ្ណេះសិន ថ្ងៃស្អែកចាំបន្តតទៅទៀត ដល់ចាប់ផ្តើមស្អែកឡើង អត់មានតពីហ្នឹងទេ លេងពីដើមទៅទៀត។ ដើរលេងគ្រប់ទីកន្លែង ជាអ្នកនិពន្ធ អ្នកដឹកនាំរឿង ហើយពេលខ្លះដើរតួឯកតែម្តង។ ហ្នឹងនិយាយពីប្រវត្តិដើមបន្តិច។ អម្បាញ់មិញតួមួយក្នុងចំណោមតួ ប៉ុន្តែក្រុមហ្នឹងច្រើនតែពួករាំ …។
ស្នើវៀតណាមឱ្យពន្យារការដកកងទ័ព
នេះគ្រាន់តែជាប្រវត្តិ ហើយជាចំណុចចាប់ផ្តើមនៅតំបន់នេះ។ ខ្ញុំសុំយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋដែលនៅតំបន់នេះ ដែលផ្តល់នូវការគាំទ្រនៃការតស៊ូនាពេលនោះ ជួយផ្តល់បាយទឹក ជួយលាក់បំពួននៅពេលដែលមានគ្រោះថ្នាក់ម្តងៗ ជួយថែទាំជំងឺនៅពេលដែលជួបគ្រុនចាញ់ និងត្រូវរបួស។ សូមអរគុណចំពោះការគាំទ្រចំពោះនូវចលនានៃការតស៊ូរំដោះជាតិចេញផុតពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលចាប់ផ្តើមចេញពីតំបន់នេះ ហើយតំបន់ហ្នឹងហើយដែលខ្ញុំសុំបញ្ជាក់ នៅពេល ដែលវៀតណាមវាយបកចូលមក ពេលនោះខ្ញុំមកជួបប្រជាជននៅហ្នឹង ដែលរស់នៅផ្សារមេមត់ រស់នៅសំរោង និងរស់នៅដា ហើយខ្ញុំជួបប្រជុំជាមួយប្រជាជននៅដា ប្រជាជនមួយចំនួនត្រូវជម្លៀស ប្រជាជនមួយ ចំនួនអត់។
ថ្ងៃ ៥ ខែមករា ឆ្នាំ ១៩៧៨ កម្ពុជាប្រជាធិបតេយ្យ តាមរយៈ ខៀវ សំផន ប្រកាសផ្តាច់ទូតជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម កម្ពុជាប្រជាធិបតេយ្យពេលនោះ។ ពេលនោះវៀតណាមចាប់ផ្តើមដកទ័ព។ ខ្ញុំយំតែម្តង។ ខ្ញុំនិយាយប្រវត្តិកន្លែងហ្នឹងបន្តិច។ វៀតណាមបានវាយចូលរហូតទៅដល់ជិតសួង ត្បូងឃ្មុំ …អម្បាញ់មិញជួបប្រពន្ធមិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលពេលនោះគាត់នៅដាហ្នឹងដែរ បង អ៊ូ គី នៅជាប្រធាននយោបាយ បងសុខ សារឿន ជាប្រធានយោធា។ ជាប្រពន្ធរបស់បង អ៊ូ គី នៅគគីរ។ វៀតណាមវាយចូលទៅដល់ហ្នឹងស្រាប់តែដកថយ។ ដល់ដកថយខ្ញុំយំ … ពេលនោះវៀតណាមបានពន្យល់មកខ្ញុំវិញថា វៀតណាមប្រើសិទ្ធិការពារខ្លួន ព្រោះដោយសារតែពួកខ្មែរក្រហមវាយចូលទៅកាប់សម្លាប់ប្រជាជនវៀតណាម អញ្ចឹងវៀតណាមវាយបកដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើវាយតទៅទៀតគឺវៀតណាមឈ្លានពានកម្ពុជាសុទ្ធសាធ …។
ពេលនោះខ្ញុំបានស្នើវៀតណាមថា(អោយ)ពន្យារការដក ខ្ញុំត្រូវការស្នើសុំយកប្រជាជនរបស់ខ្ញុំ ដែលមិនត្រូវបានពួក ប៉ុល ពត ជម្លៀស ឲ្យចូលទៅក្នុងទឹកដីវៀតណាមសិន ព្រោះខ្ញុំបានពន្យល់ប្រាប់ទៅមេដឹកនាំវៀតណាមថា ប្រសិនបើវៀតណាមដក(កងទ័ព) ប៉ុល ពត ត្រឡប់មកវិញ ពួកខ្មែរក្រហមត្រឡប់មកវិញ សម្លាប់អស់(មិនខាន)… អញ្ចឹងទេ វៀតណាមឯកភាពលើការពន្យាររយៈពេលខ្លី ដើម្បីជួយដឹកជញ្ជូនប្រជាជនឆ្លងកាត់ព្រំដែនទៅខាងវៀតណាម។ ខ្ញុំឲ្យ មាស ក្រូច ពេលហ្នឹង មាស ក្រូច មកជាមួយកងទ័ពវៀតណាម។ ជាអកុសល …ឡានថ្នាក់បញ្ជាការគឺមាន ២ (ដោយ)ឡានហ្សីបនៅខាងមុខ ដឹកវីវៈសេនីយ៍របស់វៀតណាម ត្រូវមីនផ្ទុះ ហើយសាកសពទៅជាប់ចុងកៅស៊ូ។ មាសក្រូចបានរួចខ្លួន បានរស់រានមានជីវិត នៅបង្កើតកងទ័ពជាមួយខ្ញុំ។
សូមវៀតណាម កុំបញ្ជូនជនភៀសខ្លួនកម្ពុជាអោយរបប ប៉ុល ពត
រឿងខ្ញុំរត់ទៅវៀតណាមនេះ លើកទី ១ ក្រោយថ្ងៃទី ២០ មិថុនា ១៩៧៧ គេថាខ្ញុំ ហ្នឹងត្រូវបានបាញ់សម្លាប់នៅព្រំដែនហើយ។ ដល់លើកទី ២ គេថាខ្ញុំហ្នឹងស្លាប់ ដាច់ជើងនៅហ្នឹង។ ប្អូនស្រីខ្ញុំបានទៅមើលទាំងជើងទៀត ថាមិនមែនជើងបងប្រុសខ្ញុំទេ។ ដើម្បីទប់ស្កាត់សង្គ្រាមចិត្តសាស្រ្តថា ខ្ញុំនៅរស់ … ព្រោះគេខ្លាចឥទ្ធិពលរបស់ខ្ញុំដែរ អញ្ចឹងគេក៏បង្កើតនូវពាក្យថា ខ្ញុំផ្ទុះមីនស្លាប់នៅម្តុំគីឡូខ្ជាយ ចំការកៅស៊ូ។ ពេលហ្នឹងត្រូវយកប្រជាជនដែលនៅខាងគគីរក៏មាន ម្តុំខាងគគីរ ខាងក្ងោក … ខ្ញុំស្ទើរតែភ្លេចភូមិសាស្ត្រនៅតំបន់មេមត់ នៅដា នៅសំរោង ដើម្បីចូលទៅក្នុងទឹកដីវៀតណាម ហើយនោះក៏ជាប្រភពជ្រើសរើសកងទ័ព។ អ្វីដែលសំខាន់ មុនពេលដែលខ្ញុំរត់ទៅ វៀតណាមបានចាប់ជនជាតិកម្ពុជាដែលភៀសខ្លួនទៅវៀតណាមបញ្ជូនឲ្យកម្ពុជា មាននៅក្នុងខ្សែភាពយន្តដែលនិយាយទាក់ទងទៅនឹងដំណើរឆ្ពោះទៅរកសង្គ្រោះជាតិ។ កម្មាភិបាលវៀតណាមក៏បាននិយាយ ថា នៅពេលដែលបញ្ជូនមកឲ្យខ្មែរក្រហមវិញ គឺខ្មែរក្រហមសម្លាប់ រាប់ទាំងនៅតាមទន្លេមេគង្គ ដែលឃើញសាកសពអណ្តែតទឹកទៅក្នុងទឹកដីវៀតណាមវិញ។
ពេលដែលខ្ញុំទៅ ខ្ញុំបានទប់ស្កាត់មិនឲ្យវៀតណាមចាប់បញ្ជូនពលរដ្ឋខ្មែរយើងដែលរត់ទៅវៀតណាមត្រឡប់មកវិញ ថែមទាំងបានជួយយកប្រជាជននៅតំបន់នេះ រហូតទៅដល់ស្អំ អំពុក មួយចំនួន … ក្លាយទៅជាជនភៀសខ្លួនក្នុងទឹកដីវៀតណាម ហើយទទួលការចិញ្ចឹមតាមរបៀបជាជនភៀសខ្លួននៅសម័យនោះ។ … សុំអភ័យទោសអំពីបងប្អូនជនរួមជាតិ ដែលធ្លាប់ស្គាល់ខ្ញុំ ហើយថ្ងៃ ហ្នឹងខ្ញុំមិនអាចប្រាស្រ័យទាក់ទងបាន ដោយសារយើងមានកម្មវិធីច្រើន ក្នុងនោះមានទាំងកម្មវិធីសម្ពោធ អម្បាញ់មិញ។ តិចទៀតយើងដើរមើលផ្សារ និង (ម្យ៉ាងទៀត)ដោយមានមិត្តវៀតណាមមកជាមួយផង ខ្ញុំក៏មិនអាចធ្វើសង្កថាវែងអន្លាយ រៀបរាប់អស់អំពីអ្វីដែលគួរត្រូវនិយាយនោះទេ។ សុំអភ័យទោសដែលមិញនឹកតែឈ្មោះសាវីមួយដែលចាំ ព្រោះនៅក្នុងចំណោមសិល្បៈគេហៅកូនណោត … សិល្បៈខ្ញុំល្បីណាស់។ មិនមែនលេងតែនៅដាទេ។ បោះ(ទីតាំង)នៅដា តែគេហៅទៅលេងនៅមេមត់ …។
ប្រើប្រាស់ថវិកាជាតិតែម្តង ក្នុងការកសាងផ្សារ ២ កន្លែងទៀត កំពតនិងស្វាយរៀង
… អ្វីដែលជាការសម្រេចគោលដៅថ្ងៃនេះ គឺយើងមានវត្តមានផ្សារនៅកន្លែងមួយដែលមានការប្រយុទ្ធ ដែលជាការប្រយុទ្ធផ្ទៃក្នុងផង ប៉ុន្តែភាគច្រើនជាការប្រយុទ្ធរវាងប្រទេសនឹងប្រទេស ដោយសារតែការឈ្លានពានរបស់វៀតណាមខាងត្បូង ដែលមានការគាំទ្ររបស់អាមេរិក។ បន្តទៅទៀត ខ្ញុំចង់ថា ដោយសារផ្សារនេះ បើយើងនិយាយអំពីរបាយការណ៍របស់ ឯកឧត្ត ប៉ាន់ សូសក្តិ អម្បាញ់មិញ វាប្រៀបបានជាមួយនឹងដំរីផើម។ ប៉ុន្តែដំរីផើមហ្នឹង មិនដឹងប៉ុន្មានថ្ងៃ ប៉ុន្មានខែទេ … ចាប់ផ្តួចផ្តើមគំនិតតាំងពីមុន ២០១០ គឺ ២០០៩ អញ្ចឹង ២០០៩ មកដល់ ២០១៩ ប្រើពេល ១០ ឆ្នាំ។ អម្បាញ់មិញខ្ញុំស្តាប់ គ្រាន់តែគណៈប្រតិភូដូរគ្នាទៅវិញទៅមកប្រហែលជាចំណាយអស់ស្មើនឹងពាក់កណ្តាលតម្លៃផ្សារ។ អញ្ចឹងទេ បានជាខ្ញុំចង្អុលបង្ហាញ អ្វីដែលគ្រោងធ្វើនៅក្នុង ខេត្តកំពត និងស្វាយរៀង ២ ខេត្តនេះ គប្បីប្រើថវិកាជាតិធ្វើតែម្តងទៅ។ ពីមុនយើងអត់មាន អញ្ចឹងយើងសុំមិត្ត។ ងគ្រាន់តែគណៈប្រតិភូទៅវៀតណាម គណៈប្រតិភូវៀតណាមមកកម្ពុជា ទៅមកៗ ថ្លៃសាំង ថ្លៃយន្តហោះ ថ្លៃសណ្ឋាគារ ស្មើអស់ពាក់កណ្តាលថ្លៃផ្សារ។ ឥឡូវ យើងមានលទ្ធភាព ពិតមែនតែយើងបានដាក់សំណើទៅមិត្តវៀតណាមហើយថា សុំឲ្យវៀតណាមជួយកសាងផ្សារមួយទៀតនៅកំពត ផ្សារមួយទៀតនៅស្វាយរៀង ២ ផ្សារ។ ឥឡូវ មិនទាន់មានចម្លើយពីមិត្តវៀតណាមទេ។ ប៉ុន្តែខ្ញុំចង្អុលបង្ហាញថា កម្ពុជាគប្បីធ្វើខ្លួនឯងទៅ ចំណាយផ្សារមួយ ២ លានដុល្លារ។ ២ លានដុល្លារ កាលពីមុនវាច្រើនសម្រាប់យើង តែឥឡូវវាមិនច្រើនទេ។ ថវិការបស់យើងអាចធ្វើបាន។ បញ្ហាធំត្រូវធ្វើឲ្យជោគជ័យនៅកន្លែងនេះ។ យើងក៏ត្រូវតែចាប់ដំណើរការគូរប្លង់ និងរៀបចំ ហើយខេត្តស្វាយរៀង និងខេត្តកំពត ត្រូវម្ចាស់ការដោះស្រាយដី បើសិនជាខាងលើទម្លាក់លុយឲ្យហើយ ខាងក្រោមរកដីមិនបាន ចប់ហើយ។ កុំបាច់ធ្វើចៅហ្វាយខេត្ត ចៅហ្វាយស្រុកអីតទៅទៀត រកដីអត់បាន។ អញ្ចឹងទេ ត្រូវចាប់ផ្តើមអំពីបញ្ហានេះ។ នៅកំពតត្រៀមដីហើយឬនៅ? បើអញ្ចឹងយើងចាប់ផ្តើមគូសប្លង ទៅ។ រួចហើយខ្ញុំថា ដំណើរការដោយថវិការដ្ឋទៅ ព្រោះឥឡូវវៀតណាមមិនទាន់ឆ្លើយ។ ស្រាប់តែចាំ ២ ឆ្នាំ ទៀតបានឆ្លើយ ដល់រួចហើយរវល់តែគូសប្លង់ៗ … (ចំណាយពេលអស់) ១០ ឆ្នាំ បូកសរុបទៅប្រាក់ចំណាយ សម្រាប់ទៅមករកគ្នាអស់ពាក់កណ្តាល។ អញ្ចឹង មិនមែនជាវិធីធ្វើសេដ្ឋកិច្ចទេ។
នៅច្រកអន្តរជាតិកម្ពុជា-វៀតណាម ត្រូវមានកិច្ចព្រមព្រៀងច្រកពាណិជ្ជកម្មទ្វេទិស
(ចំណែក)កិច្ចព្រមព្រៀងមិនដឹងជាប៉ុន្មានកិច្ចព្រមព្រៀង។ សម្បូរកិច្ចព្រមព្រៀង។ ទទួលយក។ ប៉ុន្តែ អ្វីដែលសំខាន់ ត្រូវតែទទួលយកឱ្យបានសងខាង។ អាហ្នឹងគេហៅថា ការតភ្ជាប់ខាងសេដ្ឋកិច្ច (ឬ)ការតភ្ជាប់ខាងពាណិជ្ជកម្ម។ ដូច្នេះ យើងធ្វើនៅកន្លែងហ្នឹងមានការព្រមព្រៀងជាមួយវៀតណាមទៅលើតំបន់ច្រកពាណិជ្ជកម្ម។ បើយើងធ្វើខ្លួនឯង ក៏ត្រូវតែមានការព្រមព្រៀងពីវៀតណាម ដោយកំណត់ថា វៀតណាមបើកច្រកនោះ ជាច្រកពាណិជ្ជកម្មទ្វេទិស រវាងកម្ពុជា និងវៀតណាម។ នេះជាច្រកអន្តរជាតិ ង យើងធ្វើនៅកន្លែងហ្នឹង បង្កើតផ្សារ ដើម្បីបង្កើតនូវកម្លាំងទំនិញរបស់យើងនាំទៅវៀតណាម។ នេះជាចំណុច ដែលខ្ញុំសុំចង្អុលបង្ហាញ។ ស្តាប់ក្នុងរបាយការណ៍កម្ពុជា គឺការិយាល័យនិយម។ អ្នកណាធ្វើផ្សារប៉ុណ្ណឹងប្រើពេល ១០ ឆ្នាំ? ថារួចពីហ្នឹងទៅចុះ ថាពីមុនវៀតណាមក៏គាត់លំបាកដែរក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែក្រោយមកវាស្រួល …
អម្បាញ់មិញខ្ញុំខ្សឹបជាមួយ ទៀ បាញ់ និង ស ខេង ថា គ្រាន់តែចំណាយទៅលើការដូរគណៈប្រតិភូ(មិនដឹងជាប៉ុន្មាន) ព្រោះគណៈប្រតិភូវៀតណាមមក វៀតណាមជាអ្នកចាយលុយ មិនមែនយើងទេ។ យើងទទួលតែឡាន/ស្អីៗនៅខាងក្នុងទេ។ ថ្លៃសណ្ឋាគារក៏គាត់ ថ្លៃយន្តហោះក៏គាត់។ ដល់យើងទៅវៀតណាមៗ ទទួលយើងត្រឹមតែជាឡានទេ ថ្លៃសណ្ឋាគារក៏យើង ថ្លៃយន្តហោះក៏យើង។ អញ្ចឹងទេ ចាយលុយអស់គគោក គិតមើលទាំងសងខាងចាយលុយអស់ប៉ុន្មាន? ដើម្បីបានផ្សារមួយនេះ? យើងក៏បានចាយ ៧០០ លាន ជិត ២០ម៉ឺនដុល្លារ សម្រាប់រៀបចំខាងក្នុង ហើយនៅទីនេះក៏ត្រូវយករចនាបថតាមខ្មែរ តែត្រូវយកជាងវៀតណាមទៅធ្វើ។ ថ្ងៃក្រោយយើងយកជាងកម្ពុជាធ្វើតែម្តងទៅផ្សារនៅតាមព្រំដែនប៉ុណ្ណឹងនោះ។
នេះគ្រាន់តែជាការផ្តល់មតិ ដើម្បីឱ្យយើងបង្កើតផ្សារបីកន្លែងជាជំហ៊ានដំបូង។ ទី (១) ផ្សារគំរូនៅទីនេះ។ ទី (២) និង (៣) ផ្សារនៅ ស្វាយរៀង (និង)នៅកំពត។ អញ្ចឹង ដាក់ចូលទៅក្នុងផែនការ នៃការរៀបចំសម្រាប់បង្កើតផ្សារ ហើយក្រសួងពាណិជ្ជកម្មធ្វើជាអាណាបក្សតែម្តងទៅ ដើម្បីបង្កើតឱ្យមានផ្សារ។ មួយត្រឹមតែ ២ (ឬ) ៣ លានដុល្លារ(អាមេរិក) វាអត់ច្រើនទេ។ យើងធ្វើសាលារៀនមួយកន្លែងៗ កន្លែងខ្លះ(ត្រូវចំណាយ) ៤ (ឬ) ៥ លានដុល្លារ(អាមេរិក) ព្រោះលេងសុទ្ធតែ ១ ខ្នង ៤ ជាន់ ៤០ ឬ ៥០ បន្ទប់ អីឯណោះ។ ដូច្នេះ វាអត់មានអីត្រូវច្រើនពេកទេ។ ខ្ញុំគិតថា សំណូមពរទៅមិត្តវៀតណាមនេះ អាចនឹងដាក់កន្លែងផ្សេងទៅចុះ។ បើសិនជាឆ្លើយតបដាក់កន្លែងផ្សេង។ ប៉ុន្តែ ពីរកន្លែងនេះ ខ្ញុំចង្អុលឱ្យប្រើថវិកាជាតិ ដើម្បីធ្វើ ហើយក្នុងល្បឿនមួយលឿន ដោយមិនញ៉ឹមញ៉ុម។
យើងធ្វើជាមួយរដ្ឋបាលខេត្ត ប៉ុន្តែត្រូវស្របជាមួយវៀតណាម។ តើតំបន់នោះវៀតណាមបើកច្រកឬអត់? យើងបើកច្រក(នេះ) ទៅឃ្លាតតែពីផ្សារនេះតែប៉ុន្មានរយម៉ែត្រ(តែប៉ុណ្ណោះ) នៅក្នុងផែនទីចង្អុលបង្ហាញនេះ គឺតែ ៣៨០ ម៉ែត្រ ដែលមានចម្ងាយពីទីផ្សារ អញ្ចឹងទេ យើងក៏ធ្វើផ្សារបែបនេះ ប៉ុន្តែ អ្វីដែលសំខាន់ គឺនៅត្រង់ថា ខាងវៀតណាមក៏បើកច្រកនេះ។ នៅខេត្តកំពត/ស្វាយរៀង ក៏ត្រូវតែវៀតណាមបើកច្រកហ្នឹងដែរ។ បើ(មិន)អញ្ចឹងវាមានតែផ្សារខាងកម្ពុជា (វា)ឆ្លងទៅវៀតណាមអត់រួច។ ផ្សារនេះ គោលដៅរបស់យើង គឺទីផ្សារសម្រាប់នាំចេញទំនិញទៅវៀតណាម។ នេះគ្រាន់តែចង្អុលបង្ហាញ សម្រាប់ដំណើរទៅមុខ … ដោយពិនិត្យឃើញថា ការសាងសង់នេះ ត្រូវប្រើពេលយូរ និងប្រើបែបបទច្រើន។ ខ្ញុំចង់កាត់បន្ថយអាបែបបទនោះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយប្រើថវិកាជាតិរបស់កម្ពុជា សម្រាប់ធ្វើផ្សារពីរបន្ថែមទៀត។
ជាមួយប្រទេសថៃយើងក៏ត្រូវពិនិត្យមើល អំពីទីផ្សារដែលយើងត្រូវធ្វើ
នេះគឺជាការជម្រុញបន្ថែមគោលដៅប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព មានការអភិវឌ្ឍ។ ជាមួយប្រទេសថៃយើងក៏ត្រូវពិនិត្យមើល អំពីទីផ្សារដែលយើងត្រូវធ្វើ ព្រោះមួយចំនួនណានោះទៅលក់នៅ ផ្សាររុងក្លឿក្នុងដីថៃ។ អញ្ចឹង យើងសិក្សាអំពីផ្សារខាងកម្ពុជា។ កន្លែងខ្លះឱ្យវិស័យឯកជនធ្វើ កន្លែងខ្លះរដ្ឋយើងធ្វើតែម្តង។ ប៉ុន្តែ (មាន)កន្លែងដទៃវិស័យឯកជនគេក៏អាចធ្វើ ហើយគេជួលតូបហ្នឹងទៅឱ្យអាជីវករ សម្រាប់ការលក់ដូរ។ ខ្ញុំនិយាយច្រើនហើយ ក៏ប៉ុន្តែ មិនទាន់អស់នូវអ្វីដែលខ្ញុំចង់និយាយទេ តែសុំអភ័យទោស ដោយសារតែពេលវេលារបស់យើងមានកម្រិត។ ជាការគួរឱ្យសោកស្តាយ ដែលប្រជាជនវៀតណាមមកចូលរួមអត់ស្តាប់បានថា ហ៊ុន សែន និយាយពីអីផង? (សម្តេចនិយាយវៀតណាមទៅកាន់ប្រជាជនវៀតណាម ដែលមកចូលរួម) … ទោះបីបានតិច/ច្រើន វៀតណាមអត់ចេះនិយាយខ្មែរផង។ ខ្ញុំចេះនិយាយវៀតណាម ហើយកុំថាខ្ញុំនិយាយវៀតណាម ទៅជាអាយ៉ងរបស់វៀតណាមនោះ។ ខ្ញុំក៏អាចនិយាយបានតិចតួចជាភាសាអង់គ្លេស។ ខ្ញុំក៏អាចនិយាយបានតិចតួចជាភាសាបារាំង ម៉េចក៏មិនថាខ្ញុំជាអាយ៉ងអាមេរិក/អង់គ្លេស/បារាំងផងទៅ? រឿងអីខ្ញុំ មិនអាចនិយាយភាសាវៀតណាមបាន? និយាយបាន គឺនិយាយ។ ឱ្យតែឃើញនិយាយវៀតណាម គឺជាអាយ៉ងវៀតណាម ចុះពួកលោកឯងនិយាយភាសាបារាំង/អាមេរិក/អង់គ្លេស អាហ្នឹងវាមិនជាអាយ៉ងគេដែរ? អញ្ចឹង វាដូចជាហួសហេតុពេកហើយ (សម្តេចនិយាយវៀតណាម) …។
ប្រទេសជិតខាង ក៏ដូចជា សារព័ត៌មានអន្តរជាតិមួយចំនួនចាប់យកសំដី ហ៊ុន សែន និយាយទៅសិក្សា
ទីចុងបំផុត អ្វីដែលខ្ញុំនិយាយជាភាសាខ្មែរទាំងប៉ុន្មាន ដល់ពេលពួកសារព័ត៌មានបរទេសវាចុះផ្សាយត្រឡប់មកវិញ ចុះផ្សាយអត់ខុសមួយម៉ាត់អ្វីដែល ហ៊ុន សែន និយាយ។ អញ្ចឹង បានសេចក្តីថា មិនមែនត្រឹមតែប្រទេសជិតខាងចាប់យកទៅវិភាគនូវអ្វីដែល ហ៊ុន សែន និយាយទេ ទាំងសាព័ត៌មាន Reuters ទាំងអា Diplomat ទាំងអា ASP ស្អីៗហ្នឹង ផ្សាយចេញមក គឺចាប់យកសំដីដែល ហ៊ុន សែន និយាយជាភាសាខ្មែរ ក៏ប៉ុន្តែ ពួកគេមានជំនាញបកប្រែ ហើយគេយកទៅសិក្សាអំពីអ្វីដែលយើងបាននិយាយ។
ឃុំដាពីដើម មានតែបឋមសិក្សា ស្រុកមេមត់ពីដើមមានអនុវិទ្យាល័យតែមួយ
ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ វិទ្យាល័យណាហ្នឹង? ( វិទ្យាល័យ)ដារ នៅខាងក្រោយ ( វិទ្យាល័យ) មេមត់ នៅខាងមុខ។ អ្នកមេមត់ ហើយអ្នកដា សុទ្ធតែជាវិទ្យាល័យ ដែលខ្ញុំធ្វើ។ (នៅ)មេមត់ សូមចៅៗជួយថែទាំ និងកុំនាំគ្នានោមដាក់ផ្នូរ ហ៊ុន កំសត់ បើសិនគេរស់នៅ មកដល់ពេលនេះ គឺគេមានអាយុជាង ៤៣ ឆ្នាំ ទៅហើយ។ ទាំងកាយរឹទ្ធិ/កាកបាទក្រហមកម្ពុជា (ជា)ទំពាំងស្នងប្ញស្សី។ ពីដើមដា មានតែសាលាបឋមសិក្សាទេ។ ស្រុកមេមត់យើងមានតែអនុវិទ្យាល័យមេមត់មួយគត់។ ប៉ុន្តែ នៅស្រុកមេមត់ ឃុំមួយអនុវិទ្យាល័យមួយបានបង្កើតតាំងពីប៉ុន្មានឆ្នាំឯណោះ ហើយវិទ្យាល័យមិនដឹងប៉ុន្មានទេ។ មានវិទ្យាល័យដា, វិទ្យាល័យមេមត់, មានវិទ្យាល័យទន្លូង ហ្នឹងគ្រាន់តែរត់មួយជួរខាងនេះ ចុះអាទៅខាងក្នុងនោះមិនដឹងថាម៉េច? មានអ្នកមកពីខាងរំចេក, ខាងពីគគីរ ខាងអី ខាងក្នុង។ សិស្សានុសិស្ស ១ ៤៦៣ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ បានសាលាល្អហើយប្រឹងរៀនចៅ។ កាលពីដើម ពួកតាៗហ្នឹង សុទ្ធតែពួកគេហៅថា បាត់បង់ឱកាសរៀនសូត្រ ប៉ុន្តែត្រូវកាន់កាំភ្លើង។ ឥឡូវ នាំគ្នាជំនួសអាកាន់កាំភ្លើង មកកាន់ប៊ិច/សៀវភៅវិញ។ លោក/អ្នកគ្រូ ៨៧៣ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សាដា ឃុំដា ថវិកា ១ លានរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ដា ឃុំដា ថវិកា ២ លានរៀល។ ជូនវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ឃុំមេមត់ ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាព ដា ថវិកា ២ លានរៀល។ ជូនសាលាស្រុក មេមត់ ថវិកា ២ លានរៀល។ ជូនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមេមត់ ថវិកា ៣ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ៥ លានរៀល។ ឯណាក្រុមតន្ត្រី? ច្រៀងចាប់ផ្តើមដំបូង “អនិច្ចា កូន កំសត់ ប្រវត្តិម្តាយកម្ម” បន្ទាប់ទៅ “ ទុក្ខស្រីប្តីព្រាត់” អាហ្នឹងខាងផ្នែកស្ត្រី។ ឯសម្រាប់បុរស “ទំនួញ កំសត់ ប្រវត្តិវិទ្យាល័យ” ហ្នឹងបទដែលទាក់ទងជានឹងប្រវត្តិនៅកន្លែងនេះ។ ឱ្យកម្សត់បន្តិចក៏អត់អីដែរ។ មិនចាំបាច់ច្រៀង “ពាមកោះស្នា វាចាប្រុសស្នេហ៍” ទុកទៅកន្លែងផ្សេង។ មានអ្នកណាចេះច្រៀងអា “លិខិតពិបាកសរសេរបំផុត” ហើយឬនៅ? អញ្ចឹង បន្ទាប់ពីអាពីរបទនោះហើយ ដាក់អាចម្រៀង “លិខិតពិបាកសរសេរបំផុត” អាហ្នឹងវាជាការចាប់ផ្តើមនៃចំណុចតស៊ូ។ ប៉ុន្តែ កុំភ្លេចថា “ទំនួញ កំសត់ ប្រវត្តិវិទ្យាល័យ” វាទាក់ទិនជាមួយនឹងរឿងវិទ្យាល័យ ហើយនឹងផ្នូររបស់ កំសត់។ ឆ្លងឆ្លើយគ្នាអាហ្នឹង។
សង្ឃឹមថា ចំណងទាក់ទង រវាងកម្ពុជា-វៀតណាម នឹងត្រូវបានពង្រឹងថែមទៀត
ជាថ្មីម្តងទៀត សុំឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រី ពាំនាំនូវការគោរពសួរសុខទុក្ខរបស់ខ្ញុំ ជូនចំពោះ ឯកឧត្តម ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាបក្ស និងប្រធានរដ្ឋ និងជូនចំពោះ ឯកឧត្តម ង្វៀន ស៊ុនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ អរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលផ្តល់នូវជំនួយឧបត្ថម្ភ សម្រាប់យើងក្នុងការរំដោះប្រទេសចេញពីរបប ប៉ុល ពត (និង)ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រាប់ទាំងជំនួយថ្ងៃនេះ។ សង្ឃឹមថា ចំណងទាក់ទងរបស់ យើងនឹងត្រូវបានពង្រឹងថែមទៀត។ ប្រជាជន និងប្រជាជន ទៅមករកគ្នាកាន់តែងាយស្រួល ដែលចាប់ផ្តើមពីគោលនយោបាយគណបក្សទាំងពីរ និងថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលទាំងពីរ ដែលបង្កលក្ខណៈងាយស្រួលឱ្យប្រជាជនទៅមករកគ្នាដោយការរាប់អាន និងមិត្តភាព ហើយរកស៊ីជាមួយគ្នាតទៅទៀត ដែលទំហំពាណិជ្ជកម្មរបស់យើងនឹងបង្កើនល្បឿនឱ្យបានលើស ៥ ពាន់លាន ដុល្លារ(អាមេរិក) នៅឆ្នាំ ២០២០ ហើយទំហំដែលបានវិនិយោគជាង ៣ ពាន់លាន ដុល្លារ(អាមេរិក) រួចមកហើយ និងបន្តកើនឡើងថែមទៀតនៅពេលខាងមុខ។
សូមអរគុណ ចំពោះ ឯកឧត្តម លោកជំទាវ ទាំងខាងកម្ពុជា និងវៀតណាម ដែលបានអញ្ជើញចូលរួមក្នុង ឱកាសនេះ។ អរគុណ ចំពោះប្រជាពលរដ្ឋ ទាំងខាងកម្ពុជា/វៀតណាម ដែលបានចូលរួមមកអបអរសាទរ ទទួលយកនូវផ្សារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាម ក៏ដូចជា សម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នៅឃុំដារ និងទទួលយកនូវការប្រគល់ និងទទួលផ្សារនៅថ្ងៃនេះ ពីសំណាក់វៀតណាមមកកាន់កម្ពុជា។ ខ្ញុំសូមឱ្យចំណងមិត្តភាពកម្ពុជា-វៀតណាម ស្ថិតស្ថិរចីរកាល។ ជូនពរបងប្អូនជនរួមជាតិ ក៏ដូចជា ជូនពរប្រជាជនវៀតណាម សូមជួបតែសេចក្តីសុខ/ចម្រើន និងទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕