Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ចូលរួមសំណេះសំណាលជាមួយកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ២ ដែលមាន(កម្មករ កម្មការិនី)ចំនួន ១៣.១៦៩ នាក់ ដែលអញ្ជើញមកចូលរួមនៅទីនេះ។ ហើយក៏មិនភ្លេចផងដែរ ជាមួយនឹងការស្វាគមន៍ទុកជាមុន ចំពោះចៅៗ ដែលនឹងមកដល់នៅពេលខាងមុខចំនួន ៥៥៦ នាក់ ដែលថ្ងៃនេះ គឺអោយអង្គុយនៅមួយកន្លែងនៅខាងណេះ(កម្មការិនីមានផ្ទៃពោះ) ព្រោះថា ដើរទៅប៉ះគេ ប៉ះឯង (ខ្លាច)វាមានបញ្ហាទៀត។ បើអញ្ចឹងយើងរៀបចំមួយកន្លែង(អោយពួកគាត់)។ ហើយដល់ពេលអម្បាញ់មិញ ខ្ញុំមកខាងណេះ ដល់ត្រឡប់ទៅវិញ យើងទៅខាងណោះ ដើម្បីទៅជួបជាមួយ(កម្មការិនីរបស់យើង)។ ផ្ដាំដល់កម្មការិនីជិតឆ្លងទន្លេ និងប្ដី ត្រូវនៅថែរក្សាប្រពន្ធកូន យ៉ាងណាក៏ដោយ អ្នកខ្លះត្រឹមតែមួយខែទៀតមកហើយ ប៉ុន្តែសូមផ្ដាំទុកអោយហើយ ក្រែងលោខ្ញុំភ្លេចនិយាយ។ ពេលណាដែលរៀបឆ្លងទន្លេ និងថ្ងៃឆ្លងទន្លេ ចាប់ប្ដីអោយជាប់ កុំអោយទៅណា ស្ដាប់បានទេ(សើច)? ហើយជាពិសេស បុរសដែលជាស្វាមី ពេលដែលប្រពន្ធឆ្លងទន្លេ កុំឆ្លៀតដើរទៅលេងឯណា នៅមើលប្រពន្ធ មើលកូន។…
ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស ៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។ នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ/កីឡាការិនីក្នុងផ្នែកវិញ្ញាសាដទៃទៀតទទួលបានជោគជ័យដូចគ្នា នៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសំណេះសំណាលជាលើកដំបូងជាមួយកម្មករ/រិនី នៅតំបន់សេដ្ឋកិច្ចពិសេសរបស់យើងនេះ។ មិនមែនជាលើកទីមួយទេ ដែលខ្ញុំមកកាន់ទីនេះ។ ចំនួនបីលើក បានមកចូលរួមសម្ពោធ និងក្នុងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍នៃក្រុមហ៊ុន មីនេបៀ ហើយមួយលើកមកសម្ពោធដាក់អោយប្រើប្រាស់ជាមួយក្រុមហ៊ុន កូកា កូឡា។ នេះជាលើកទី ៤ ដែលខ្ញុំមកសំដៅជួបជុំជាមួយនឹងកម្មករ/រិនីរបស់យើង។ ជួបកម្មករពិនិត្យមើលស្ថានភាពលូតលាស់ក្នុងវិស័យឧស្សាហកម្ម និងចំណុចសេសសល់ត្រូវដោះស្រាយ កាលពីប៉ុន្មានឆ្នាំមុននោះ គេបានឃើញខ្ញុំនៅតាមវាលស្រែយ៉ាងច្រើន ជាវេទិកាសាធារណៈជាមួយនឹងកសិករ ដែលធ្វើនៅតាមវាលស្រែ និងការសំណេះសំណាលនានា ដែលធ្វើនៅតាមប្រឡាយទឹក តាមទំនប់ទឹក នៅក្នុងរយៈពេលដែលយើងអនុវត្តដាក់អោយចេញនូវគោលនយោបាយអនុវត្តវិស័យកសិកម្ម គឺការផលិតស្បៀង និងការនាំចេញអង្ករ។ ឥឡូវដល់ពេលវេលា ដែលយើងកំពុងអនុវត្តនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥។ វាជាឱកាសសមស្របណាស់ដែលអោយខ្ញុំដើរទៅជួបជាមួយនឹងកម្មករ/រិនី ដែលកំពុងធ្វើការតាមរោងចក្រនានា នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីពិនិត្យមើលស្ថានភាពនៃការលូតលាស់នៅក្នុងវិស័យឧស្សាហកម្ម និងចំណុចសេសសល់ដែលជាបញ្ហាត្រូវដោះស្រាយជូនចំពោះកម្មករ/រិនីរបស់យើង។ មិនមែនគ្រាន់តែក្នុងវិស័យកាត់ដេរ ឬក៏នៅក្នុងវិស័យណាមួយទេ ក៏ប៉ុន្តែយើងចង់សំដៅក្ដោបទៅលើបញ្ហាទាក់ទងទៅនឹងកម្មករ/រិនីទាំងអស់ផងដែរ។ ខ្ញុំសូមអរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាតំណាងអោយតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងបណ្ដារោងចក្រ សហគ្រាសទាំងអស់ ដែលអនុញ្ញាតអោយកម្មករ/រិនី បានមកជួបជុំខ្ញុំនៅក្នុងឱកាសនេះ។ ហើយរោងចក្រមួយ ដែលមិនបានអញ្ជើញមកទីនេះ គឺជាប់ធ្វើការ ក៏បានបន្តនូវខ្សែបណ្ដាញក្នុងការស្ដាប់ឮនូវសំឡេង(របស់ខ្ញុំ)។ ពួកគេធ្វើការផង ហើយក៏អាចឆ្លៀតស្ដាប់ជាមួយនឹងអ្វីដែលជាការលើកឡើងរបស់ខ្ញុំផង។ អម្បាញ់មិញនេះ ខ្ញុំបានធ្វើដំណើរមកតាមទីនេះ ខាងមីនេបៀ…