– សម្តេច ឯកឧត្តម លោក ជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
– អង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ, មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលដែលបានខិតខំរៀបចំតាក់តែង ឯកសារគោលនយោបាយដ៏មានសារៈសំខាន់នេះឡើង សំដៅជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍនូវប្រព័ន្ធគាំពារសង្គមដល់មនុស្សចាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសង្គតិភាពទៅនឹងស្ថានភាពវិវឌ្ឍនៃសង្គមជាតិ និងបំណងប្រាថ្នាប្រជាជនយើង។
ជាការពិត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នេះ គឺជាការបើកទំព័រប្រវត្តិសាស្តថ្មី នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយ ដោយផ្តោតលើការគាំពារមនុស្សចាស់នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគាត់ ក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃប្រជាសាស្ត្រ និងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការលើកឡើងបែបនេះ មិនមែនមានន័យថា យើងទើបចាប់ផ្តើមយកចិត្តទុកដាក់លើការងារនេះទេ។ ជាក់ស្តែង ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន, កម្ពុជាតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះការស្តារ, កសាង និងអភិវឌ្ឍប្រទេស, ទោះបីនៅពេលនោះ ប្រទេសជាតិក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ព្រមទាំងត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច យ៉ាងអយុត្តិធម៌ និងអមនុស្សធម៌ថែមទៀត។ ភារកិច្ចចំបងរបស់យើង នៅពេលនោះ គឺដៃម្ខាងខិតខំស្តារសេដ្ឋកិច្ច, កសាងសង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញពីបាតដៃទទេ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់ មិនឱ្យរបប ប៉ុល ពត វិលមកវិញបាន ហើយជាបន្តបន្ទាប់កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ក្នុងស្មារតីនេះ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០» គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែងទៅមុខ លើការគិតគូរដល់មនុស្សវ័យចាស់ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល, កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនវ័យចាស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់ពួកគាត់ប្រកបដោយសមធម៌, ពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ។ នេះជាកិច្ចការថ្មីមួយ ដែលកម្ពុជាចាំបាច់ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ បើទោះបីជាកន្លងមក បញ្ហាមនុស្សចាស់ មិនដែលបង្កផលលំបាកជាបន្ទុកធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល ហើយក្នុងសង្គមខ្មែរមនុស្សចាស់ត្រូវបានថែទាំក្នុងគ្រួសារ, មនុស្សចាស់មានវត្តឤរាមជាទីពឹង ដែលប្រការទាំងនេះបានកើតមានរាប់សិបជំនាន់មកហើយក្តី។ នេះជាការគិតគូរបន្ថែម លើតថភាពនៃសង្គមខ្មែរយើង ខណៈដែលប្រជាជនខ្មែរតែងឱ្យតម្លៃខ្ពស់ចំញេះកតញ្ញូតា ពិសេសរវាងកូនចៅ និងឪពុកម្តាយ, ជីដូនជីតា, សិស្ស និងគ្រូជាដើម ដោយក្នុងសង្គមខ្មែរយើងកូនចៅមានកាតព្វកិច្ចជាប្រពៃណី ត្រូវធ្វើកិច្ចតបស្នងសងគុណ ចំពោះអ្នកមានគុណ ពិសេសឪពុកម្តាយដែលតែងមានព្រហ្មវិហារធម៌ចំពោះកូនចៅ ពេលកូនចៅនៅក្នុងបន្ទុករបស់ខ្លួន។ ក្នុងនោះដែរ សង្គមខ្មែរដែលកាន់ព្រះពុទ្ធសាសនាតែងបង្កឱកាសឱ្យប្រជាជន ពិសេសអ្នកមានវ័យចំណាស់ឤចជ្រកកោន, ស្នាក់ឤស្រ័យ, សមាទានសីលជាដើម ក្នុងវត្តឤរាមដោយវត្តឤរាមតែងបានផ្តល់ជាជម្រកដ៏ស្ងប់ និងភាពសុខសាន្ត សម្រាប់មនុស្សចាស់។
ជាការពិត ដោយសារ «នយោបាយឈ្នះឈ្នះ» ដែលជាកូនសោរគន្លឹះស្រង់កម្ពុជាឱ្យរួចចាកផុតទាំងស្រុងពីសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលរាប់សិបឆ្នាំកន្លងមក ហើយបាននាំកម្ពុជាឱ្យទទួលបានយ៉ាងពេញលេញនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនឤចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ផ្អែកលើមូលដ្ឋាននេះ ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ហើយក៏សម្រេចបាននូវវឌ្ឍនភាពខ្ពស់ក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រ។ នេះជាដំណាក់កាលដ៏ល្អប្រសើរក្នុងស្មារតីសាមគ្គីជាតិ និងក្នុងខណៈដែលកម្ពុជាកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ដែលធ្វើឱ្យកម្ពុជាមានឱកាសកាន់តែច្រើន និងបោះជំហានទៅមុខឆ្ពោះ ទៅរកការរីកចម្រើនរបស់ប្រជាជាតិខ្មែរយើងទាំងមូល។
ជារួម ការធានារក្សាបាននូវសន្តិភាព, ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំនេះ បានធ្វើឱ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលថ្មីៗទៀត ទាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនបានយ៉ាងល្អប្រសើរ។ ក្នុងស្មារតីនៃកំណើនសេដ្ឋកិច្ចខ្ពស់, ការអភិវឌ្ឍនៃសង្គមជាតិ, កត្តាសុខសន្តិភាព បានធ្វើឱ្យរាជរដ្ឋាភិបាលកាន់តែមានឱកាស និងលទ្ធភាពខ្ពស់ចាប់ផ្តើមគិតគូរបន្ថែមលើការងារលើកកម្ពស់សុខុមាលភាពសង្គម ពិសេសការងារថែទាំមនុស្សចាស់ ដើម្បីធ្វើឱ្យសង្គមខ្មែរកាន់តែមានយន្តការពេញលេញ, ប្រទាក់ក្រឡា និងមានប្រព័ន្ធគាំពារសង្គមកាន់តែរឹងមាំ ដើម្បីរួមចំណែកធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងស័ក្តិសមជាសង្គមមួយដែលឱ្យតម្លៃ លើកតញ្ញូតាផងដែរ។
ទន្ទឹមនឹងការគិតគូរអំពីការគាំពារមនុស្សចាស់ កម្ពុជាក៏បានគិតគូរយកចិត្តទុកដាក់ខ្ពស់លើការងារជាច្រើនទៀត។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការ, កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ, និវត្តជន, ក្រុមប្រឹក្សាគ្រប់ថ្នាក់ និងមន្ត្រីភូមិ និងកំពុងបន្តរៀបចំការគាំពារសង្គមខាងសុខភាព និងហានិភ័យផ្សេងទៀតឱ្យមានវិសាលភាពគ្របដណ្តប់សម្រាប់ប្រជាជនទូទៅ។ ស្របគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានបង្កើតហើយនូវបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល, បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងមូលនិធិជនពិការ ដើម្បីផ្តល់ការធានាសន្តិសុខប្រាក់ចំណូលតាមមុខសញ្ញាពាក់ព័ន្ធនានា។ ជាងនេះទៀត ទន្ទឹមនឹងរាជរដ្ឋាភិបាលបន្តផ្តល់ចំណែកកាន់តែធំដល់មន្ទីរពេទ្យគន្ធបុប្ជា, រូបខ្ញុំផ្ទាល់ក៏បានផ្តួចផ្តើមបង្កើតមូលនិធិនានាជាច្រើនដើម្បីគាំពារសង្គម រួមទាំងថ្មីៗនេះ ខ្ញុំបានប្រកាសផ្តួចផ្តើមបង្កើតមូលនិធិមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីឱ្យមន្ទីរពេទ្យនេះឤចដំណើរការព្យាបាលកុមារទៅមុខទៀតបាន ប្រកបដោយចីរភាព។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
បង្កើត និងដាក់ដំណើរការមូលនិធិស៊ីក្លូ
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ យើងក៏បានបង្កើត និងដាក់ដំណើរការមូលនិធិស៊ីក្លូ ដែលអាចជួយឲ្យអ្នកស៊ីក្លូរាប់រយនាក់ទទួលបាននូវប្រាក់ចំណូល ហើយក៏រួមចំណែកអភិរក្សស៊ីក្លូនៅក្នុងប្រទេសរបស់យើងផងដែរ។
[បញ្ចប់សេចក្តីអធិប្បាយ]
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការគិតគូរផលប្រយោជន៍ប្រជាជនទូទៅ ជាពិសេសប្រជាជនក្រីក្រ, ជនរងគ្រោះ និងងាយរងគ្រោះ តាមរយៈការរៀបចំឱ្យមាននូវគោលនយោបាយ, បទដ្ឋាននានា ព្រមទាំងយន្តការដើម្បីគាំទ្រដល់វិស័យសង្គមកិច្ច រួមមានការរៀបចំបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់, ការបង្កើតមជ្ឈមណ្ឌលកុមារកំញ្រ, មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ, មជ្ឈមណ្ឌលគាំពារសុខុមាលភាពមាតា និងទារក, ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រ ដែលមកសម្រាកព្យាបាល ឬសម្រាលកូន និងការផ្តល់សេវាអប់រំ ជាដើម។ ក្នុងនោះ ការបង្កើតនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នេះ គឺជាកិច្ចខិតខំបន្ថែមសម្រាប់លើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់, ការយកចិត្តទុកដាក់ធានាសុខុមាលភាពមនុស្សចាស់ក្នុងសង្គម ដើម្បីធ្វើឱ្យសង្គមខ្មែរជាសង្គមប្រកបដោយបរិយាប័ន្ន។ ម៉្យាងទៀត ទោះបីកន្លងមកយើងបានគិតគូរ និងអនុវត្តនូវយន្តការនានាប្រកបដោយជោគជ័យជាច្រើនក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមចំពោះមុខ និងភាពខ្វះចន្លោះមួយចំនួន នៅក្នុងដំណើរការអភិវឌ្ឍវិស័យសង្គមកិច្ច។ ដូច្នេះ ខ្ញុំ គិតថា ពេលនេះជាពេលវេលាដ៏សមស្របបំផុត ជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមរបស់យើង គឺយើងត្រូវចាប់ផ្តើមគិតគូរប្រកបដោយយុទ្ធសាស្ត្រ នូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនយើង ដែលជាវិស័យឆ្អឹងខ្នងគ្របដណ្តប់លើគ្រប់ទិដ្ឋភាព និងគ្រប់ផ្នែកទាំងអស់ ក្នុងសង្គមជាតិយើង។ បើដោះស្រាយបញ្ហាទាំងអស់នេះបានកាន់តែល្អប្រសើរ នឹងឆ្លុះបញ្ជាំងនូវភាពភ្លឺស្វាង, ភាពរុងរឿងនៃសង្គមជាតិ នឹងធ្វើឱ្យសង្គមជាតិកាន់តែមានភាពថ្លៃថ្នូរ, មានឧត្តមភាព និងបង្កើននូវសក្តានុពលខ្ពស់លើការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែអភិវឌ្ឍ និងជឿនលឿនថែមទៀត។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
គ្រោងធ្វើជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផា
អម្បាញ់មិញនេះ ឯកឧត្តម វង សូត បានអញ្ជើញខ្ញុំធ្វើជាប្រធានមូលនិធិមនុស្សចាស់។ ខ្ញុំនឹងពិនិត្យមើលអំពីបញ្ហានេះ ដោយសារតែកន្លងទៅខ្ញុំគ្រោងធ្វើជាប្រធានកិត្តិយសមួយទៀត គឺមូលនិធិគន្ធបុប្ផាកម្ពុជា ដែលយើង ត្រូវតែខិតខំធ្វើយ៉ាងណា ដើម្បីធានាថា យើងផ្តល់ទុនកាន់តែច្រើនសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។ មូលនិធិដែលយើងគ្រោងបង្កើតជាមូលនិធិគន្ធបុប្ផាកម្ពុជានេះ មិនមែនលុបបំបាត់ចោលមូលនិធិគន្ធបុប្ផា ដែលបង្កើតឡើងដោយ វេជ្ជបណ្ឌិត Richner នោះទេ។ ប៉ុន្តែ នេះជាការបំពេញបន្ថែមពីសំណាក់ភាគីកម្ពុជារបស់យើង ដែលខ្ញុំគិតថា កិច្ចការនោះជាកិច្ចការបន្ទាន់មួយ ដើម្បីធានាថា មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដំណើរការដោយគ្មានការរអាក់រអួល។ ខ្ញុំនឹងពិនិត្យអំពីបញ្ហានេះ ហើយក៏ពិនិត្យអំពីលទ្ធភាពផងដែរ នៃប្រាក់ចំណូលដែលនឹងត្រូវទទួលបានតាមរយៈមូលនិធិមនុស្សចាស់របស់យើង។ ព្រោះថា យើងក៏មានមូលនិធិច្រើនណាស់ដែលបានបង្កើតឡើងនៅក្នុងប្រទេសរបស់យើង។
កាសែតភ្នំពេញប៉ុស្តិ៍ត្រូវតែកែតម្រូវ លើការចុះផ្សាយដែលខុសឆ្គង
… មុនពេលមកអម្បាញ់មិញនេះ បើគិតទៅពេលវេលានេះ ខ្ញុំបានបង្ហោះទៅតាម Facebook មួយហើយ។ ប្រហែលជាអ្នកលេង Facebook អាចមើលឃើញ។ មានការធ្វើការបកស្រាយដ៏ខុសឆ្គងមួយ ដែលនឹងនាំទៅដល់ការវិភាគ ហើយជាពិសេសមន្រ្តីការទូត ដែលមើលអត្ថបទជាភាសាអង់គ្លេសតាមរយៈភ្នំពេញបុស្តិ៍។ ក្នុងចំណុចនោះ គឺភ្នំពេញបុស្តិ៍បានចុះផ្សាយដោយមានការខុសឆ្គងមួយ ដែលចាំបាច់ត្រូវតែធ្វើការកែតម្រូវ។ ភ្នំពេញបុស្តិ៍បានប្រើប្រាស់ភាសាមួយនៅព្រឹកនេះថា លោកនាយករដ្ឋមន្រ្តីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់។ ហើយអ្នកវិភាគមួយចំនួនក៏ចេញមកធ្វើការវិភាគ។ ក្នុងហ្នឹងរាប់ទាំងអ្នកវិភាគនៅអង្គការ COMFREL បាននិយាយថាលោក ហ៊ុន សែន មានសិទ្ធិនឹងធ្វើបែបនោះ ក្នុងការពន្យារ។ ខ្ញុំសូមជម្រាបជូនទៅវិញថា បើអ្នកចេះដឹងមិនច្បាស់ទេ អ្នកគួរតែរៀនឲ្យមានការចេះដឹង មិនមែនគ្រាន់តែភ្នំពេញបុស្តិ៍បង្រៀន ហើយ ធ្វើឲ្យក្លាយទៅជាអ្នកចេះដឹងជាងនេះទេ។
ការបោះឆ្នោតនៅពេលខាងមុខគ្មានការផ្លាស់ប្តូរអ្វីទាំងអស់
… អ្នកវិភាគទាំងឡាយគួរតែមានការចេះដឹង។ នៅប្រទេសកម្ពុជា មានការកំណត់ច្បាស់លាស់មួយស្តីអំពីថាសភាមាននីតិកាល ៥ ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរដ្ឋាភិបាល ត្រូវរំលាយ ២ ដង ក្នុងរយៈពេល ១២ ខែ។ មានន័យថាអ្វី? មានន័យថាការបោះឆ្នោតនៅកម្ពុជា គឺមិនប្រគល់សិទ្ធិនោះទៅឲ្យនាយករដ្ឋមន្រ្តីដូចប្រទេសនានាទេ ក៏មិនថ្វាយទៅព្រះមហាក្សត្រហើយ ក៏មិនឲ្យសភាខ្លួនឯងដែរ។ សភាខ្លួនឯងគ្មានសិទ្ធិរំលាយសភាខ្លួនឯងនោះទេ លើកលែងតែខ្លួនចង់រលាយ ខ្លួនត្រូវរំលាយរដ្ឋាភិបាល ២ ដង។ អញ្ចឹងខ្ញុំសុំបញ្ជាក់ ដោយមិនធ្វើការបកស្រាយវែងឆ្ងាយ ដោយសារតែការអត្ថាធិប្បាយរបស់ខ្ញុំវាដូចជាការអត្ថាធិប្បាយរាល់លើកថា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬការអភិវឌ្ឍ វាចាប់ផ្ទៃក្នុងកាលៈទេសៈប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ។ វាមិនចាប់ក្នុងផ្ទៃនៃប្រទេសដែលមានសង្រ្គាមទេ។ ប៉ុន្តែ មិននឹកស្មានថា ភាពឆោតល្ងង់របស់អ្នកសរសេរ ដែលចុះផ្សាយនៅក្នុងកាសែតមួយនេះ បានធ្វើឲ្យមានភាពមិនច្បាស់លាស់មួយចំនួន។ ខ្ញុំមាន Facebook ផ្ទាល់របស់ខ្ញុំ មិនចាំបាច់អស់លោកធ្វើការកែតម្រូវទេ ព្រោះបើទាមទារកែតម្រូវ មួយអាទិត្យទៀតគេមិនធ្វើការកែតម្រូវផង។ ភាពឈ្លើយរបស់ពួកគេ។ ប៉ុន្តែ ខ្ញុំក៏មាន Facebook Page របស់ខ្ញុំដើម្បីនឹងពន្យល់ដែរ ហើយពេលនេះ ខ្ញុំគិតថា ទាំងសារព័ត៌មានអនឡាញនានាប្រហែលជាចាប់យកទៅផ្សាយចេញ ហើយបន្ថែមដោយភាសាអង់គ្លេស ឬភាសាចិនទៀតផង។ ខ្ញុំគ្រាន់តែគូសបញ្ជាក់ថា អ្វីដែលបានកំណត់រួចហើយ គឺការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៨ នេះ មិនត្រូវបានផ្លាស់ប្តូរទេ គឺការបោះឆ្នោតនេះត្រូវបន្ត ជិតឈានដល់ដំណាក់កាល នៃយុទ្ធនាការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាហើយ។ ឯការបោះឆ្នោត ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឬក៏បោះឆ្នោតជ្រើសរើសសមាជិកសភា នឹងត្រូវបន្តធ្វើតាមការគ្រោងទុក គ្មានការផ្លាស់ប្តូរណាមួយកើតឡើងទេ។
បើទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ការបោះឆ្នោតនេះត្រូវតែធ្វើឲ្យខានតែបាន។ ការបោះឆ្នោតមួយតម្រូវឲ្យប្រជាជនកម្ពុជាជាអ្នកចូលរួមធ្វើការបោះឆ្នោត ហើយមិនមានឲ្យតម្រូវការឲ្យប្រធានាធិបតីនៃប្រទេសណាមួយ ឬក៏អគ្គលេខាធិការអង្គការសហប្រជាជាតិ ឬក៏ក្នុងក្របខណ្ឌយន្តការពហុភាគីទទួលស្គាល់នូវការបោះឆ្នោតនេះទេ។ បញ្ហាធំជាងគេ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវសម្រេចកិច្ចការងារនោះ ហើយបើសិនមានពាក្យបណ្តឹងត្រូវរុញទៅក្រុមប្រឹក្សាធម្មនុញ្ញ។ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយហើយ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ។ បន្ទាប់ពីនោះរដ្ឋធម្មនុញ្ញបានកំណត់ថារយៈពេលយ៉ាងយូរ ៦០ ថ្ងៃ ព្រះមហាក្សត្រត្រូវកោះប្រជុំរដ្ឋសភា។ ព្រះមហាក្សត្រកោះប្រជុំរដ្ឋសភារួចហើយ ឥស្សរជនម្នាក់ ដែលចេញពីបក្សឈ្នះឆ្នោត ត្រូវតែងតាំងជានាយករដ្ឋមន្រ្តី ឲ្យរៀបចំរាជរដ្ឋាភិបាល។ រដ្ឋាភិបាល(នោះ) ត្រូវយកទៅសុំការអនុម័តពីរដ្ឋសភា បន្ទាប់ទៅព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលទាំងមូល ហើយរាជរដ្ឋាភិបាលស្បថចូលកាន់តំណែងវាជាការស្រេច។
នេះវាជារឿងដំណើរការធម្មតារបស់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យនៅប្រទេសយើង ត្រូវកំណត់ដោយការគ្រប់គ្រងមួយដាច់ដោយឡែកពីប្រទេសដទៃ ដែលផ្តល់សិទ្ធិនោះទៅឲ្យនាយករដ្ឋមន្រ្តីប្រកាសពីពេលវេលានៃការបោះឆ្នោត។ នាយករដ្ឋមន្រ្តីនៅប្រទេសផ្សេងៗមានសិទ្ធិនឹងប្រកាសរំលាយសភា ហើយចាត់តាំងបោះឆ្នោតតាមអ្វីដែលនាយករដ្ឋមន្រ្តីប្រទេសនោះ មើលឃើញថាអនុគ្រោះសម្រាប់បក្សរបស់ខ្លួន។ ប៉ុន្តែ នៅកម្ពុជាខ្ញុំសូមគូសបញ្ជាក់ថា នាយករដ្ឋមន្រ្តីគ្មានសិទ្ធិដើម្បីនឹងប្រកាស លើកលែងតែយើងត្រូវធ្វើការស្នើសុំទៅសភាដោយការអនុម័តសម្លេង ២ ភាគ ៣ និងថ្វាយទៅព្រះមហាក្សត្រ ដើម្បីធ្វើការពន្យារពេល។ ប៉ុន្តែ នៅទីនេះ អត់មានការចាំបាច់ត្រូវពន្យារពេលអីទាំងអស់។ ខ្ញុំជឿជាក់ថាសភាពការណ៍នៅប្រទេសរបស់យើង គឺជាសភាពការណ៍ដែលកំពុងដើរទៅមុខ នៅក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ យើងប្តូរផ្តាច់ជាមួយដំណើរការនេះ ហើយសង្ឃឹមថា ភ្នំពេញបុស្តិ៍ដែលមានអាយុកាលគួរសមនៅកម្ពុជា នឹងរៀនឲ្យមានការចេះដឹងច្រើនជាងនេះ។ បូកបន្ថែមដោយអ្នកវិភាគទាំងឡាយ រៀនឲ្យមានការចេះដឹងជាងនេះ។
ចង់ស្គាល់ពី ហ៊ុន សែន ត្រូវយកពីបទអត្ថាធិប្បាយទាំងឡាយដែល ហ៊ុន សែន ធ្លាប់ធ្វើកន្លងទៅ ដើម្បីធ្វើការប្រៀបធៀបនូវការអត្ថាធិប្បាយទាំងនោះ ចៀសវាងការភ័ន្តច្រឡំណាមួយ។ ខ្ញុំផ្សាយទៅតាម Facebook Page របស់ខ្ញុំ រួចស្រេចទៅហើយ ប៉ុន្តែ ខ្ញុំត្រូវតែនិយាយនៅកន្លែងនេះទៀត ដើម្បីបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាថា ការបោះឆ្នោតនៅពេលខាងមុខគ្មានការផ្លាស់ប្តូរអ្វីទាំងអស់ មិនថាមានរឿងអ្វីកើតឡើងទេ ដោយតម្លៃណាក៏ដោយយើងត្រូវតែបោះឆ្នោតឲ្យខានតែបាន។ នេះគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់សម្រាប់យើងទាំងអស់គ្នា ដើម្បីចៀសវាងកុំឲ្យវិទ្យុ ឬកាសែតមួយចំនួនធ្វើការមួលបង្កាច់ បំពុលបរិយាកាសថាសភាពការណ៍នឹងមានការផ្លាស់ប្តូរតាមរយៈការបញ្ឈប់ ឬពន្យារការបោះឆ្នោត សូមបញ្ជាក់ថាអត់ទេ ត្រូវតែធ្វើឲ្យខានតែបាន។
រឿងនេះមិនខុសកាលពីឆ្នាំ ១៩៩៧-១៩៩៨ នោះទេ។ យើងប្តូរផ្តាច់ជាមួយនឹងដំណើរការប្រជាធិបតេយ្យដ៏ទៀងទាត់របស់យើង តាមការគ្រោងទុកពិតប្រាកដរបស់យើង ពិតមែនតែកាលបរិច្ឆេទប្រកាសដោយនាយករដ្ឋមន្រ្តី ប៉ុន្តែ នាយករដ្ឋមន្រ្តីត្រូវតែគោរពទៅតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីគ្មានសិទ្ធិចាត់តាំងបោះឆ្នោតមុនការកំណត់ ហើយក៏គ្មានសិទ្ធិចាត់តាំងការបោះឆ្នោតក្រោយការកំណត់នៃរដ្ឋធម្មនុញ្ញដែរ។ សូមបញ្ជាក់ជូនប៉ុណ្ណឹង។
[បញ្ចប់សេចក្តីអធិប្បាយ]
មុននឹងបញ្ចប់ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំរួមចំណែកអនុវត្តការងារ, ចូលរួមវិភាគទានយ៉ាងសំខាន់ ដើម្បីធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាននូវកម្រិតជីវភាពរស់នៅ និងគុណភាពជីវិតមនុស្សចាស់កម្ពុជាគ្រប់រូប។ ខ្ញុំសង្ឃឹមថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នេះ នឹងសម្រេចបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក ហើយខ្ញុំក៏សូមប្រកាសជាឱឡារិកទទួលធ្វើជាប្រធានមូលនិធិទ្រទ្រង់មនុស្សចាស់ តាមសំណូមពរឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០» នៅពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គពិធីទាំងមូល សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ !