ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ជាមួយនឹង គ្រូពេទ្យ និងនិស្សិតពេទ្យ ដែលបានចូលរួមក្នុងពិធីនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវអគារមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។
ក្នុងរយៈពេល ១០ ថ្ងៃ សមិទ្ធផលទាក់ទងសុខមាលភាពសម្ពោធរហូតទៅដល់ពីរដង
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ យើងបានសម្ពោធនូវសមិទ្ធផលដែលទាក់ទងទៅនឹងសុខមាលភាពរបស់ប្រជាជនរហូតទៅដល់ ២ ដង។ លើកទី ១ កាលពីថ្ងៃទី ៤ មករា កន្លងទៅនេះ យើងក៏បានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារមួយ ដែលបំពាក់ទៅដោយសម្ភារៈបរិក្ខាទំនើប នៅឯមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ថ្ងៃនេះ យើងក៏សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីថែមមួយទៀត ដែលមានការបំពាក់ដោយសម្ភារៈបរិក្ខាទំនើប ហើយដែលមានតម្លៃរហូតទៅដល់ជាង ២៣ លានដុល្លារ សហរដ្ឋអាមេរិក ឯណោះ។ នេះអាចចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា របស់ប្រជាជនកម្ពុជារបស់យើង ដើម្បីធានាថា យើងកំពុងឆ្ពោះទៅមុខជាមួយនឹងការគាំពារកាន់តែប្រសើរ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង។
អរគុណអ្នកពាក់ព័ន្ធទាំងឡាយ
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល ក៏ដូចជា ការកោតសរសើរ ចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បុគ្គលិកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងយើង។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានលើក ហើយក៏ធ្លាប់រួមចំណែក មិនមែនជាការរួមចំណែកទេ គឺជាការសម្រេចចិត្តតែម្តង ក្នុងការបង្កើតអោយមន្ទីរពេទ្យកាល់ម៉ែត នេះ ចាប់ផ្តើមដំណើរការដោយប្រើប្រាស់វិធីតាមរយៈយកមន្ទីរពេទ្យចិញ្ចឹមមន្ទីរពេទ្យ ហើយនោះក៏ជាលទ្ធផលល្អប្រសើរ ដែលយើងបានធ្វើជាបន្តបន្ទាប់ ចាប់តាំងពីទសវត្សរ៍ ៩០ រហូតមក ដែលមន្ទីរពេទ្យនេះ មានលទ្ធភាពវិនិយោគកាន់តែច្រើន ជាមួយនឹងសំណង់ និងបំពាក់គ្រឿងបរិក្ខានានា ដើម្បីបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋរបស់យើង។
ប្រវត្តិនៃការកកើតមន្ទីរពេទ្យកាល់ម៉ែត
យើងបានធ្វើពិធីសម្ពោធជាបន្តបន្ទាប់ ហើយដែលក្នុងរយៈពេលកន្លងទៅ ព្រះមហាក្សត្រជាទីសក្ការៈ នៃយើងក៏បានមកចូលរួមសម្ពោធដាក់អោយប្រើប្រាស់ នូវអគារវះ(កាត់)ទាក់ទងនឹងខួរក្បាលដែរ ដែលមាន នៅក្នុងមន្ទីរពេទ្យរបស់យើងនេះ។ បើយើងពិនិត្យពីប្រវត្តិដើម ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកឡើងអំពីប្រវត្តិ នៃការកកើតនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែរំលឹកបន្តិច អំពីប្រវត្តិនៃការចាប់ផ្តើមឡើងវិញ នៃមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។ ក្រោយ(រំដោះ) ៧ មករា ១៩៧៩ ពេលនោះ ស្ថានភាពនៅក្នុងមន្ទីរពេទ្យនេះអាចចាត់ទុកថា ជាមន្ទីរពទ្យដ៏កម្សត់ ក៏ប៉ុន្តែ ក៏ជាមន្ទីរពេទ្យដែល គ្រាន់បើជាងគេដែរ នៅក្នុងចំណោមមន្ទីរពេទ្យដែលចាប់ផ្តើមស្តារឡើងវិញកាលពីពេលនោះ។
ប្រវត្តិវះពោះវៀនដុះខ្នែងក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោត
ខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ក៏មិនទៅណាឆ្ងាយទេ គឺសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះតែម្តង ដូចជាការវះកាត់ពោះវៀនដុះខ្នែង គឺមិនបានចេញទៅវះឯណាទេ គឺវះនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ហើយគួររំលឹកផងដែរថា ពេលនោះក៏ជាពេលវេលាមួយ ដែលយុទ្ធនាការបោះឆ្នោតកំពុងតែត្រូវធ្វើ នៅសល់តែ ៤ ថ្ងៃទេ ការបោះឆ្នោតនឹងបានមកដល់ ខ្ញុំព្រះករុណាខ្ញុំ មិនចូលរួមជាមួយនឹងយុទ្ធនាការបោះឆ្នោតនៅឆ្នាំ ១៩៩៨ ទេ គាប់ជួនពេលនោះ គឺពោះវៀនដុះខ្នែង ដែលទៅចូលរួមជាមួយប្រជាពលរដ្ឋជីកប្រឡាយទឹកនៅឯខេត្តតាកែវឯណោះ ស្រាប់តែវាឈឺអួលៗ ដល់ពេលទៅ ថាពោះវៀនដុះខ្នែង។ អញ្ចឹង ដល់ពេលវះពោះវៀនដុះខ្នែង ស្រាប់តែពាក្យចចាមអារ៉ាមថា លោក ហ៊ុន សែន ងាប់ហើយ។ ងាប់ហ្នឹងមិនដឹងថាងាប់ប៉ុន្មានដងហើយទេ បើនិយាយអាពាក្យងាប់នោះ។ អញ្ចឹង ត្រូវបង្ខំ ដើម្បីចៀសវាងនូវការងឿងឆ្ងល់របស់សាធារណៈជន ជាពិសេសអ្នកបោះឆ្នោត ក៏ខិតខំដើរមកដើម្បីមកបង្ហាញខ្លួន សម្រាប់ការថតតាមទូរទស្សន៍យកទៅចាក់ផ្សាយថា លោក ហ៊ុន សែន មិនទាន់ងាប់ទេ។
មានរឿងគួរអោយចង់សើចមួយទៀត គាត់មរណៈកាលទៅហើយ គឺលោក ឡុង បូរ៉ា កាលពេលឆ្នាំ ១៩៨៩ ពេលខ្ញុំព្រះករុណាខ្ញុំ ទស្សនកិច្ចនៅបាងកក ពេលនោះក៏បានទៅជួប គាត់ថា គាត់ជាប្អូនរបស់ ឡុង បូរ៉េត ហ្នឹង ឡុង បូរ៉ា គាត់ថា គាត់ប្អូន ឡុង បូរ៉េត។ សម័យថ្ងៃមួយគាត់មកដល់ទីក្រុងហូជីមិញ ហើយគាត់ប្រាប់កុងស៊ុលរបស់យើងនៅទីក្រុងហូជីមិញនោះថា លោក ហ៊ុន សែន បានអោយគាត់មកទីក្រុងភ្នំពេញ ដើម្បីទទួលតំណែងរដ្ឋមន្ត្រីការបរទេស ព្រោះឥឡូវហ្នឹងគាត់កំពុងទទួលតំណែងពីរ។ តំណែងមួយ គឺតំណែងនាយករដ្ឋមន្ត្រី ឯតំណែងមួយទៀត គឺជាតំណែងរដ្ឋមន្ត្រីការបរទេស។ ខ្ញុំមិនបានសន្យាហៅអ្នកណាមួយមកធ្វើរដ្ឋមន្ត្រីការបរទេសទេ ខ្ញុំក៏ប្រាប់ទៅកុងស៊ុលរបស់យើងនៅទីក្រុងហូជីមិញ អោយគាត់ត្រឡប់ទៅបាងកកវិញទៅ ព្រោះកាលនោះយើងមិនមានផ្លូវហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងបាងកកទេ ចង់មកទីក្រុងភ្នំពេញ វាទាល់តែឆ្លងកាត់ទីក្រុងហាណូយ ឬទីក្រុងវៀងចន្ទន៍ ទើបមកដល់ទីក្រុងភ្នំពេញ។
នៅពេលចាប់ផ្តើមអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស គាត់ក៏បង្កើតគណបក្សនយោបាយមួយចូលរួមបោះឆ្នោតនៅឆ្នាំ ១៩៩៣ ប៉ុន្តែ ការបោះឆ្នោតរបស់គាត់មិនទទួលបានជោកជ័យ សម្រាប់កៅអីណាមួយនៅក្នុងសភាជាតិនោះទេ ក្រោយមកពេលដែលខ្ញុំចុះទៅសម្ពោធ ឬចូលរួមក្នុងកម្មវិធីនេះ កម្មវិធីនោះ គាត់តែងតែធ្វើដំណើរទៅជាមួយខ្ញុំ។ នៅពេលខ្ញុំសួរគាត់ថា ខ្ញុំហៅគាត់បង តើមានសង្ឃឹមថា គណបក្សរបស់បងឯង អាចទទួលបានប៉ុន្មានអាសនៈ? គាត់បានឆ្លើយជាមួយខ្ញុំនៅឯអង្គស្នួល គាត់ថានឹងបានជាង ៧០ អាសនៈ អញ្ចឹងទេ ខ្ញុំក៏បាននិយាយជាមួយគាត់ថា អញ្ចឹង បងឯងយកទាំងកៅអីខ្ញុំទៀត? បើកៅអីបងឯងឡើងទៅ ដល់ជាង ៧០ (អាសនៈ) អញ្ចឹងទេ បងឯងត្រូវយកកៅអីខ្ញុំខ្លះ យកពីហ្វ៊ុនស៊ិនប៉ិចខ្លះ អាហ្នឹងបានៗជាង ៧០ (អាសនៈ)។
អារឿងនោះចប់ទៅ បែកគ្នាមួយរយៈ ស្រាប់តែពេលខ្ញុំវះពោះវៀនដុះខ្នែងនៅទីនេះ ធម្មតាវះពោះវៀនដុះខ្នែងឈឺណាស់ ហើយសម័យនោះ យើងមិនទាន់មានឧបករណ៍(ទំនើប)អី លេងដូចតែថា យកប៉័ងតោមកវះ កំពុងតែឈឺផង ស្មានតែ លោក ឡុង បូរ៉ា មកសួរសុខទុក្ខខ្ញុំរឿងឈឺពោះវៀនដុះខ្នែង មានអី គាត់មកស្នើសុំលុយខ្ញុំ រួចគាត់ថា សម្តេច! ពីមុនខ្ញុំនិយាយជាមួយសម្តេចថាជាង ៧០ អាសនៈ ឥឡូវនេះ យ៉ាងហោចណាស់នៅជាង ៦០ (អាសនៈ) ហើយអ្នកឃោសនាអោយខ្ញុំ នារីស្អាតៗណាស់ឃោសនាអោយខ្ញុំ ខ្ញុំមិនទាន់និយាយជាមួយគាត់ថា តើមកសួរសុខទុក្ខខ្ញុំ ឬមកទារលុយពីខ្ញុំ? ខ្ញុំក៏បានប្រាប់គាត់ថា បងឯងឈរ នៅមណ្ឌលណា? ថាឈរនៅមណ្ឌលកំពង់ចាម អញ្ចឹង បងឯងប្រញាប់ប្រញាល់ទៅកំពង់ចាម ទៅដើរសំពះប្រជាពលរដ្ឋ អោយធ្វើម៉េចបោះឆ្នោតអោយបានតែមួយកៅអីអង្គុយខ្លួនឯងទៅបានហើយ មិនចាំបាច់ ដល់ទៅជាង ៦០ (អាសនៈ)ទេ អាហ្នឹងទី ១។ ទី ២ ថាយកនារីៗទៅជួយឃោសនានេះ ប្រយ័ត្នផើមកូនគេ ព្រោះគាត់ហ្នឹងរពឹសដៃណាស់។ គាត់មិនទៅណាសោះ បានខ្ញុំថា នែ៎! ពេលហ្នឹងខ្ញុំឈប់ហៅបង ខ្ញុំហៅឯកឧត្តម, ឯកឧត្តម មកមើលខ្ញុំជាអ្នកជំងឺ ឬក៏ទារលុយខ្ញុំ? បន្តិច(ក្រោយមក)ក៏ទៅបាត់ទៅ។ ដល់ស្អែកឡើងខ្ញុំចេញពីពេទ្យ មានអី ចេះចូលបានក្នុងក្បួនរបស់នាយករដ្ឋមន្ត្រី ចូលក្នុងក្បួនបាន ស្រាប់តែចូលដល់តាខ្មៅឯណោះ ទៅដល់អង្គរក្សអត់អោយចូល ជេរអង្គរក្សពេញហ្នឹង អាហ្នឹងរឿងទាក់ទងទៅនឹងប្រវត្តិវះពោះវៀនដុះខ្នែងក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោត។
តាំងពីទសវត្សរ៍ ៨០ មកដល់បច្ចុប្បន្ន នៅតែប្រើប្រាស់សេវាមន្ទីរពេទ្យកាល់ម៉ែត
តែពេលនោះ ជាទម្លាប់ ខ្ញុំអត់មានធ្វើយុទ្ធនាការបោះឆ្នោតទេ ប៉ន្តែ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំស្ថិតនៅក្នុងមន្ទីរពេទ្យ នេះតាំងពីទសសវត្សរ៍ ៨០ រហូតមកដល់ទសវត្សរ៍ ៩០ ហើយរហូតមកដល់ឥឡូវនេះ ក្នុងការត្រូវថតត្រូវស្អីៗហ្នឹង គឺខ្ញុំមកប្រើប្រាស់នូវសេវានៅមន្ទីរពេទ្យកាល់ម៉ែតនេះតែម្តង។ កូនខ្ញុំទាំងអស់ គឺកើតនៅទីនេះ គឺមានតែ (ហ៊ុន) ម៉ាណែត មួយទេ ដែលមិនកើតនៅទីនេះ គឺក្រៅពីនោះ គឺកើតនៅទីនេះទាំងអស់។ ចៅមួយចំនួន ជាពិសេស ចៅច្បងតែម្តង ដែលកើតនៅទីនេះ ហើយក៏មានចៅមួយចំនួនផ្សេងទៀត ដែលខ្ញុំមកពរ ចៅចេញពីក្នុងបន្ទប់ពេទ្យនៅទីនេះ។ នេះក៏បង្ហាញអំពីការជឿជាក់ទៅលើសមត្ថភាព នៃមន្ទីរពេទ្យរបស់ យើង ដែលក្នុងនោះក៏មានមន្ទីរពេទ្យកាល់ម៉ែតផងដែរ។ តើនៅចាំបានទេថា មានដំណាក់កាលមួយនោះយើងលំបាកណាស់ ប្រទេសហុងគ្រី គឺជាប្រទេសមួយ ដែលបានចូលរួមចំណែកជួយអគារបណ្តោយថ្ងៃ ព្រោះខ្ញុំធ្លាប់មកព្យាបាលជំងឺ ហើយដែកនៅប៉ុន្មានថ្ងៃ។ ពេលនោះខ្ញុំគ្រុនក្តៅ ហើយមកព្យួរសេរូមនៅ(ទី)ហ្នឹង ជំនាន់បង យុទ្ធ គឹមសេង ធ្វើរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ នៅពេលដែលម្តាយខ្ញុំឈឺ, ភរិយាខ្ញុំមានការវះកាត់អី ខ្ញុំតែងមកសម្រាកកំដរ ប៉ុន្តែ ពេលនោះមានអារថយន្តមួយសម្រាប់សម្រាកនៅទីនេះ។
នេះគ្រាន់តែរំលឹកបន្តិច អំពីការពឹងផ្អែក និងការជឿនលឿន ដែលយើងបានរៀបចំមន្ទីរពេទ្យនេះ ក្លាយទៅជាមន្ទីរពេទ្យសុវត្ថិភាពមួយ ហើយក៏យើងមានទីកន្លែងបម្រុងសម្រាប់(អ្នក)ជំអឺធ្ងន់ៗមួយចំនួន។ បន្ទាប់ពី ការទទួលបាននូវការយកចិត្តទុកដាក់វិនិយោគដោយថវិកាជាតិរបស់យើង ដៃគូអភិវឌ្ឍន៍ ពិសេសប្រទេសបារាំង បានផ្តល់នូវការយកចិត្តទុកដាក់រួមចំណែក ដើម្បីធ្វើទំនើបកម្ម និងបំពាក់សម្ភារៈ សម្រាប់ដំណើរ ការមន្ទីរពេទ្យនៅទីនេះ។ តើនៅចាំបានទេថា នៅក្នុងឆ្នាំ ១៩៩៧ ពេលនោះមានសម្ពោធអគារ មួយនៅពីអគារដែលហុងគ្រីជួយ កាលនោះអតីតអគ្គរដ្ឋទូតបារាំង ឡឺរីឌីក បានមកសម្ពោធ រួមជាមួយខ្ញុំ នៅក្នុងពេលវេលា ដែលប្រទេសមួយចំនួន ហាក់ដូចជារត់ចោលយើងបន្ទាប់ពី ព្រឹត្តិការណ៍ថ្ងៃ ៥ ៦ ខែកក្កដា ឆ្នាំ ១៩៩៧។ ខ្ញុំនៅចងចាំព្រឹត្តិការណ៍ដែលបានកើត ឡើងនៅមន្ទីរពេទ្យកាល់ម៉ែតយើងនេះ ដែលយើងចាប់ផ្តើមពីស្ថាន ភាពលំបាកលំបិន ប៉ុន្តែ បន្ដិចម្ដងៗមន្ទីរពេទ្យនេះកាន់តែមានការជឿនលឿន ឡើង។អម្បាញ់មិញប្រធានមន្ទីរពេទ្យបាន ប្រាប់ថានឹងប្រើប្រាស់នៅទីតាំង ដែលយើងអាចនឹងយកចេញ ជំនួសដោយអគារថ្មីដែលមាន ច្រើនជាន់នៅពេលខាងមុខ។ដីនៅទីក្រុងភ្នំពេញថ្លៃណាស់ ហើយក៏មិនមានដីសម្រាប់ធ្វើអាមួយជាន់ពីរជាន់ ទៀតទេ ត្រូវធ្វើឲ្យច្រើនជាន់ហើយ ដូចត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍ នៅក្នុងមន្ទីរពេទ្យរបស់យើងនេះ។
ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ
ខ្ញុំគិតថាសេវាសុខាភិបាលដែលយើងផ្ដល់ជូនប្រជាពលរដ្ឋយើងកាន់តែប្រសើរ រឿងនេះជារឿងចាំបាច់ខ្លាំង ណាស់ នៅក្នុងយុទ្ធនាការរយៈពេលកន្លងទៅ យើងបានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសុខមាលភាព របស់ប្រជាពលរដ្ឋ។ ១០ ថ្ងៃមុននេះ ខ្ញុំព្រះករុណាខ្ញុំបាននិយាយពីមោទនភាពនិងបព្ហាប្រឈមដែលនៅ សេសសល់របស់យើង យើងបានខិតខំរួមគ្នាដើម្បីបំបាត់ជំងឺគ្រុនស្វិតដៃជើងពីកុមារកម្ពុជារួចស្រេច ទៅហើយ។យើងកំពុងខិតខំលុបបំបាត់ជំងឺផ្សេងៗទៀតដូចជារបេង ហើយជាពិសេសគោលដៅនៃ ការ បំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ ២០២៥ ជាមួយនឹងជំងឺផ្សេងៗទៀតដែលយើងបានដាក់ចេញជាគោលដៅ មានពេលខ្លះ យើងបានសម្រេចមុនគោលដៅដោយសារការខិតខំរបស់គ្រូពេទ្យ និងការចូលរួមពីសំណាក់ ប្រជាពលរដ្ឋរបស់យើង។
ខ្ញុំព្រះករុណាខ្ញុំបាននិយាយកាលពី ១០ ថ្ងៃមុន មានការតិះតៀនមកលើគ្រូពេទ្យរបស់យើងថា« ៩០% អាក្រក់ ១០% ប៉ុណ្ណោះ ដែលល្អ» ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ បើ(យើង)ជឿជាក់ទៅលើអ្វីដែលគេនិយាយ ក្នុង១០០ នាក់ មានតែ ១០ នាក់ទេ ដែលល្អ អញ្ចឹង ៩០ នាក់ អាក្រក់តើជាអ្នកណា? វាមិនអាចជាការទទួលយកបានទេ ប្រទេសមួយ ឬស្ថាប័នមួយ ដែលមានមនុស្សអាក្រក់ដល់ ៩០% ហើយ ១០ % ល្អនោះ ប៉ុន្តែអ្នកដែលនិយាយគឺគេនិយាយ ដើម្បីជៀសវាងកុំឲ្យត្រូវនឹងអ្វីដែលជា ពាក្យគេនិយាយ ការខិតខំ យើងត្រូវតែខិតខំ ដើម្បីកុំឲ្យដូច ពាក្យគេនិយាយថា ៩០ % មិនល្អ ១០% ល្អ។អញ្ចឹងត្រូវប្រឹងទាំងអស់គ្នា ទាំង ១០ % ដែលគេថាល្អ ទាំង ៩០% ដែលគេថាមិនល្អ ឲ្យល្អទាំងអស់គ្នា គឺវាទៅហើយ គ្មានជម្រើសណាដែលល្អជាងនឹងទេ អ្នកនិយាយ យើងប្រើពាក្យថា «ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ» នេះគឺជារឿងពិត។កម្ពុជាបើយោងទៅលើអ្វីដែលគេនិយាយនៅខាង ក្រៅកម្ពុជាស្ថិតនៅក្នុងសភាពជាឋាននរក ប៉ុន្តែកម្ពុជាយើងពិតជាមានពីរពិតប្រាកដ។
កម្ពុជាពិតជាមានពីរយ៉ាងពិតប្រាកដ(កម្ពុជាដែលយើងកំពុងរស់នៅ និងកម្ពុជាតាមប្រព័ន្ធឃោសនាក្រៅប្រទេស)
កម្ពុជាយើងមួយគឺកម្ពុជាពិតដែលយើងរស់នៅសព្វថ្ងៃ យើងកំពុងតែសម្ពោធឲ្យប្រើប្រាស់នូវមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅទូទាំងប្រទេស ដោយឡែកនៅមន្ទីរពេទ្យរបស់យើងនេះ យើងកំពុង សម្ពោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភព។កម្ពុជាពិតគឺកម្ពុជាដែលប្រជាជន កំពុងធ្វើដំណើរក្នុងសភាពរស់រវើក ហើយឆ្នាំចាស់បានកន្លងផុត ជាមួយអត្រាកំណើនសេដ្ឋកិច្ចរបស់យើង ដែលមិនទាន់បូកសរុបចុងក្រោយនៅឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ វាលើសពី ៦.៩% ។ឯកម្ពុជានៅក្រៅប្រទេសដែលគេនិយាយតាមសារព័ត៌មាននានា តាមឃោសនាបំភ្លៃគឺកម្ពុជាជាឋាននរកដែលគួរឲ្យភ័យ ខ្លាច។ ប៉ុន្តែអស់លោកអ្នកជាពិសេស ឯកអគ្គរដ្ឋទូត តំណាងទូតនានាដែលបានចូលរួមនៅទីនេះ បានឃើញផ្ទាល់នឹងភ្នែក នឹងជាសាក្សីរស់នៃដំណើរការរបស់ព្រះរាជណាចក្រកម្ពុជា។ ខ្ញុំមិនមែន មោទនភាពដោយខ្វះការទទួលខុសត្រូវមិនទទួលយកនូគវចំណុចខ្វះខាតនោះទេ។ ម្សិលមិញគឺជាខួប លើកទី ៣៣ ឆ្នាំ(របស់ខ្ញុំ) នៃការកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេស ចាប់ផ្តើមពីនាយករដ្ឋ មន្ត្រីដែលមានវ័យក្មេងជាងគេនៅលើពិភពលោក។ ប៉ុន្តែឥឡូវបានក្លាយជានាយករដ្ឋមន្រ្ដីដែលបានធ្វើយូរ ជាងគេនៅ លើពិភពលោក មិនមែនចាស់ជាងគេទេ គឺយូរជាងគេ អ្នកខ្លះនាយករដ្ឋមន្ត្រីនៅប្រទេសខ្លះ គេអាយុច្រើនជាងខ្ញុំ ខ្ញុំមិនមែនជើងចាស់ទេ គ្រាន់តែជើងយូរតែប៉ុណ្ណោះ។ ជើងចាស់ និងជើងយូរគឺខុសគ្នា ដូច្នេះខ្ញុំ បានរួមដំណើរជាមួយអ្នកទាំងអស់គ្នា ជាពិសេសក្មួយៗនិស្សិត (ខ្ញុំ)បានរួមដំណើរជាមួយ ជីដូន ជីតា ឳពុកម្ដាយ និងរហូតមកដល់ក្មួយៗ ដើម្បីធ្វើឲ្យប្រទេសមួយដែលទីក្រុងភ្នំពេញ ពេលដែលខ្ញុំ មកដល់ខែមករា ត្រឹមពេលនេះអាចនិយាយបានថា មួយអាទិត្យក្រោយ ប្រជាជនពេលនោះ យើងអាចនិយាយថារាប់រយមិនអាចនិយាយថារាប់ពាន់នាក់នោះទេ អត់មានមនុស្សនៅទេ។ ខ្ញុំបាន ជួបមនុស្ស ៧០ នាក់ ភាគច្រើនជាស្រ្ដី កុមារ និងមនុស្សចាស់ នៅក្បែរសួនធនាគារកាណាឌីយ៉ា គ្មានមនុស្សនៅទេ ត្រូវនឹងពុទ្ធទំនាយថា«មានផ្ទះ គ្មានមនុស្សនៅ មានផ្លូវ គ្មានមនុស្សដើរ» វាបានកើតឡើងពិត ប្រាកដនៅក្នុងប្រទេសរបស់យើង។ ពីដើមខ្ញុំមិនជឿពុទ្ធទំនាយទេ ប៉ុន្តែបានឃើញ ប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងស្ថានភាពដែលមាន ផ្ទះគ្មាន មនុស្សនៅ មានផ្លូវ គ្មានមនុស្សដើរ។ យើងបានជួបពិតប្រាកដនៅសម័យ ប៉ុល ពត យើងបានរួមគ្នា ងើបឈរឡើង ដើម្បីការរស់រានមាន ជីវិតរបស់ប្រទេសមួយនេះ។
ទោះបីឆ្លងផុតពីភាពក្រីក្រក៏ដោយ ក៏យើងនៅតែត្រូវការកំណែទម្រង់
កំសត់ណាស់ យើងបានទទួលការហ៊ុមព័ទ្ធដោយអយុត្ដិធម៌ ប៉ុល ពត ដែលជាអ្នកសម្លាប់យើងត្រូវបានអង្គុយនៅអង្គការសហប្រជាជាតិ នេះជារឿងសោកសៅរបស់យើងប៉ុន្តែ ខ្ញុំអាចហ៊ាននិយាយថា គេមិនអាចយកឈ្នះចំពោះមនុស្សដែលមិនខ្លាចស្លាប់នោះទេ។ នេះគឺជារឿងពិត យើងបានប្តូរផ្តាច់យកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសចេញពីរបប ប៉ុល ពត បន្តទៅ ទោះបីជាមានការហ៊ុំព័ទ្ធដោយអយុត្តិធម៌ និងការគាំទ្រឲ្យខ្មែរក្រហមវិលត្រឡប់មកកាន់អំណាចវិញក៏ដោយ ក៏ប៉ុន្តែ យើងបានឈររួមគ្នាដើម្បីទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត និងដៃម្ខាងទៀត យើងបានប្រឹងប្រែងស្តារឡើងវិញជាបណ្តើរៗ នៃជីវភាពខាងវិស័យសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ រាប់ទាំងស្តារឡើងវិញនូវមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនៅពេលនោះ។ ឥឡូវនេះ ស្ថានភាពនេះបានកន្លងផុត ជាមួយនឹងបញ្ហាប្រឈមថ្មីៗ ដែលយើងនឹងត្រូវដោះស្រាយ យើងមិនទាន់គ្រប់គ្រាន់ទេ តម្រូវការរបស់ប្រជាជននៅតែមានការកើនឡើង។ កុំថាឡើយប្រទេសយើង ដែលទើបនឹងបានចេញផុតពីប្រទេស ដែលមានប្រាក់ចំណូលទាប គេហៅថា ប្រទេសក្រីក្រ ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបក៏ដោយ យើងនៅមានតម្រូវការកែទម្រង់។ សូម្បីតែជប៉ុនដែលជាប្រទេសជឿនលឿន ក៏នៅតែមានការកែទម្រង់ជាចាំបាច់។ ប្រទេសបារាំងដែលជាប្រទេសជឿនលឿន ក៏នៅតែកែទម្រង់ជាចាំបាច់។ កែទម្រង់នេះ កែទម្រង់នោះ កិច្ចការនៅពីមុខរបស់យើង គឺមានច្រើនណាស់ ដូចជា បញ្ហាទាក់ទងជាមួយនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ យើងត្រូវធ្វើការងារកាន់តែច្រើន នៅតាមបណ្តាមន្ទីរពេទ្យនានារបស់រដ្ឋ ហើយខ្ញុំយកឱកាសនេះ អរគុណជាមួយនឹងដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែលបានផ្តល់នូវការគាំទ្រទាំងឡាយ។
គោលនយោបាយគាំពារសង្គម ត្រូវផ្តោតសំខាន់ទៅលើស្រ្តីមានផ្ទៃពោះមុនគេ
ឆ្នាំកន្លងទៅ ខ្ញុំបានគ្រោងនឹងធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ជាមួយអគ្គរដ្ឋទូតជប៉ុន ដើម្បីសម្ពោធមន្ទីរពេទ្យ ដែលជប៉ុនជួយនៅឯខេត្តស្វាយរៀង ក៏ប៉ុន្តែ កម្មវិធីពេលនោះលើកម្តងហើយម្តងទៀតៗ ចុងក្រោយក៏សម្រេចឲ្យឯកឧត្តម ម៉ម ប៊ុនហេង ធ្វើជាតំណាងដើម្បីសម្ពោធទៅ។ ឥឡូវនេះ កុំភ្លេចថា គោលនយោបាយគាំពារសង្គមថ្មីរបស់យើងនេះ បានក្លាយទៅជាអម្រែកដ៏ធំមួយសម្រាប់គ្រូពេទ្យទាំងអស់ សម្រាប់មន្ទីរពេទ្យរដ្ឋទាំងអស់ ក្នុងការអនុវត្ត ដែលក្នុងនោះ កម្មករទាំងក្នុង និងក្រៅប្រព័ន្ធ ប្រមាណជាជាង ៣ លាននាក់ ត្រូវបានដាក់ឲ្យនៅក្រោមមូលនិធិសមធម៌ ដែលទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យរដ្ឋទាំងអស់។ បន្ថែមពីលើនោះ កម្មករ/ការិនី ដែលឆ្លងទន្លេ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាស្រ្តី ដែលឆ្លងទន្លេ នៅមានកម្មវិធីផ្តល់សាច់ប្រាក់ចំពោះអ្នកដែលឆ្លងទន្លេ។ ប្រហែលជាទាំងអស់គ្នាអាចនៅចាំបានថា នៅពេលដែលសម្ពោធនូវកម្មវិធីនយោបាយគាំពារសង្គម ខ្ញុំបានទាញចំណាប់អារម្មណ៍ ប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច បណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងថា ឲ្យផ្តោតការយកចិត្តទុកដាក់ទៅលើស្រ្តីមានផ្ទៃពោះមុនគេ។
ចំណុចនេះ វាងាយស្រួលអនុវត្តជាង ដោយសារតែយើងគិតពីចំនួនប្រជាពលរដ្ឋ គិតនៅក្នុងក្របខណ្ឌកម្មករ ពិតមែនហើយ ម្សិលមិញនេះ បើយើងគិតពីពេលចាប់ផ្តើមអនុវត្ត មកដល់ពីម្សិល គឺកើតបានត្រឹម ១ ៦៦៥ នាក់ គិតត្រឹមម៉ោង ១០ ពីម្សិលមិញនេះ ព្រោះគឺរដ្ឋមន្រ្តីក្រសួងការងារតែងតែផ្តល់របាយការណ៍ឲ្យខ្ញុំ ប៉ុន្តែ កូនបានច្រើនជាងហ្នឹង ដោយសារតែកូនភ្លោះ។ ហ្នឹងគឺគិតពីកម្មការិនីនៅក្នុងវិស័យឯកជន ដែលទទួលបាននូវកម្មវិធីផ្តល់សាច់ប្រាក់ ទន្ទឹមនឹងទទួលបានអត្ថប្រយោជន៍ ពីការឈប់សម្រាក ៣ ខែ ដោយមានប្រាក់បៀវត្សចំនួន ១២០%។ កម្មការិនី ដែលឆ្លងទន្លេនោះ ត្រូវទទួលបាននូវសាច់ប្រាក់ចំនួន ៤០ ម៉ឺនរៀល ដែលបានកើតកូនម្នាក់ គឺស្មើនឹង ១០០ ដុល្លារសហរដ្ឋអាមេរិក។ នេះគឺជាកម្មវិធីគាំពារមួយ ដែលវាជាជ្រុងម្ខាង បើសម្លឹងមើលឲ្យជ្រៅបន្តិច ដើម្បីផ្តល់មិនមែនគ្រាន់តែជាបញ្ហាសម្រាលជីវភាពទេ តែនេះគឺជាផ្នែកដើម្បីកាត់បន្ថយអត្រាស្លាប់មាតា និងទារក និងបង្កើនអាហារូបត្ថម្ភសម្រាប់អ្នកដែលឆ្លងទន្លេផងដែរ ដែលនោះហើយជាផ្នែកនៃការយកចិត្តទុកដាក់ទៅលើវិស័យធនធានមនុស្ស របស់ព្រះរាជាណាចក្រកម្ពុជារបស់យើង។
ប្រែក្លាយប្រទេសមានប្រជាជនតិច ខ្វះអង្ករបរិភោគ ទៅជាប្រទេសដែលមានប្រជាជនច្រើន សល់អង្ករនាំចេញ
យើងចាប់ផ្តើមពីប្រជាពលរដ្ឋតែប្រមាណជា ៥ លាននាក់ នៅឆ្នាំ ១៩៧៩ ប៉ុន្តែ ឥឡូវនេះ យើងមានប្រជាជនជាង ១៥ លាននាក់ទៅហើយ។ រឿងនេះអាចនិយាយបានថា អត្រាកំណើនរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើង ពិតមែនតែឥឡូវនេះ បានធ្លាក់មកនៅអត្រាកំណើត ១,៦% ក៏ប៉ុន្តែ នៅពេលដែលយើងចាប់ផ្តើមក្រោយរបប ប៉ុល ពត ពេលនោះ មានរហូតទៅដល់ ៣,២% បន្ទាប់ទៅថយមក ២,៨% និងថយជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ បង សាមុល នៅទីនេះស្រាប់ហើយ ធ្លាប់បានបង្កើតកូនឲ្យខ្ញុំក៏ច្រើនដែរ ធ្វើជាឆ្មបបង្កើត។ ខ្ញុំមិនអាចបន្ទោសអ្នកណាបានទេ ដោយសារខ្ញុំកូនច្រើនដែរ ហើយកូនច្រើនហ្នឹង កូនញឹកទៀត ១៣ ខែកើតមួយ។ កូនខ្ញុំ ៤ នាក់ ដែលកើតក្រោយនេះ ១៣ ខែ កើតមួយៗ។ អញ្ចឹងទេ ចំនួនប្រជាពលរដ្ឋរបស់យើងកើនឡើងខ្លាំងណាស់ ដែលតម្រូវឲ្យយើងពេលនោះ តាមឲ្យទាន់នូវការកើនឡើងនៃចំនួនប្រជាពលរដ្ឋរបស់យើង។ កំណើនប្រជាជន ១% ស្បៀងត្រូវកើន ៣% ឯណោះ ទើបតាមទាន់។ ប៉ុន្តែ ជាមួយនឹងការខិតខំទាំងអស់របស់យើង យើងបានធ្វើឲ្យចំនួនប្រជាជនពីមុននេះ ប្រជាជន ៥ ឬ ៧ លាននាក់ យើងខ្វះអង្ករស៊ី ឥឡូវប្រជាជនជាង ១៥ លាននាក់ យើងសល់ស្រូវជាង ៥ លានតោន សម្រាប់ការនាំចេញ។ នេះហើយជាការខិតខំរបស់យើង។
មន្ទីរពេទ្យ និងការផ្តល់សេវាសុខភាពប្រសើរ ផ្តល់ទំនុកចិត្តដល់ទេសចរ និងវិនិយោគិនមកកាន់កម្ពុជា
ថ្ងៃនេះ យើងមានអគារថ្មី សម្ភារៈថ្មីៗនៅទីនេះ ហើយក៏នៅកន្លែងដទៃទៀត ក៏មានការកើតឡើងនូវមន្ទីរពេទ្យ គិលានដ្ឋាន មន្ទីរពេទ្យបង្អែក នៅច្រើនកន្លែង។ វាមិនត្រឹមតែធានាជូនប្រជាពលរដ្ឋរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែ យើងមានមន្ទីរពេទ្យកាន់តែប្រសើរ ការផ្តល់សេវាសុខភាពកាន់តែល្អ អ្នកវិនិយោគ និងទេសចរបរទេស ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាក៏កាន់តែច្រើនដែរ។ នេះក៏ជាផ្នែក មិនគ្រាន់តែបញ្ហាដោះស្រាយសុខុមាលភាពប្រជាជនខ្លួនឯងប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏ផ្តល់នូវជំនឿទុកចិត្តសម្រាប់អ្នកវិនិយោគិន និងទេសចរ ជាពិសេស ទេសចរដែលមានវ័យចំណាស់ គឺត្រូវបានគិតដល់ថា នៅពេលគាត់ឈឺភ្លាមៗ តើមានសេវាសុខាភិបាលផ្តល់ឲ្យគាត់ឬទេ? នេះជាអន្តរសកម្ម ដែលចេញពីមន្ទីរពេទ្យ ហើយវាពាក់ព័ន្ធទៅដល់ការទាក់ទាញទេសចរ និងទាក់ទាញអ្នកវិនិយោគទុន ឲ្យមកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ខិតខំពង្រឹងសមត្ថភាពកាន់តែប្រសើរ ដើម្បីស្របទៅតាមបច្ចេកវិទ្យាថ្មីៗ
ថ្ងៃនេះ ឃើញមានតាំងពីការព្យាបាល ខ្ញុំអត់សូវយល់ទេ ប៉ុន្តែយ៉ាងណាក៏ដោយ អរគុណជាមួយនឹងការផ្តល់ជំនួយនៃសមាគមផ្នែកនុយក្លេអ៊ែ ដែលបានផ្តល់ជាជំនួយសម្រាប់យើង រួមជាមួយនឹងបារាំង។ អញ្ចឹង យើងបានឈានទៅដល់ដំណាក់កាលនោះ ប៉ុន្តែ សុំកុំភ្លេចថា បច្ចេកវិទ្យាកាន់តែលឿន តម្រូវឲ្យយើងពង្រឹងសមត្ថភាពកាន់តែប្រសើរ។ ឧបករណ៍មានហើយដែលវាទំនើប ប៉ុន្តែ បើយើងមិនចេះប្រើប្រាស់នូវឧបករណ៍នោះ វាក៏មិនបានដែរ។ សង្ឃឹមថា គ្រូពេទ្យរបស់យើងនឹងខិតខំបង្កើននូវសមត្ថភាព ដើម្បីប្រើប្រាស់នូវឧបករណ៍ដែលមានតម្លៃនេះ ដើម្បីជួយសង្គ្រោះជីវិតប្រជាជនរបស់យើង។ ការបណ្តុះបណ្តាលក៏ត្រូវតែធ្វើ ហើយបណ្តុះបណ្តាលនោះ គឺជំនាញជាក់ស្តែងដែលយើងមាន ជាមួយនឹងការបណ្តុះបណ្តាលជួរគ្រូពេទ្យថ្មី ដែលថ្ងៃនេះ ក្មួយៗក៏មកចូលរួមច្រើនដែរ។
រក្សាក្រមសីលធម៌វិជ្ជាជីវៈល្អចំពោះអ្នកជំងឺ
សង្ឃឹមថា ធនធានមនុស្ស ដែលនៅសេសសល់បន្តិចបន្តួចកាលពីពេលមុន ហើយក្លាយជាគ្រូពេទ្យក្រោយមកនេះ មានវ័យចំណាស់ហើយ សង្ឃឹមថា ក្មួយៗនឹងបន្តក្លាយទៅជាគ្រូពេទ្យ ដែលជួយទៅដល់ជីវិតមនុស្ស ហើយរឿងធំជាងនេះទៅទៀត បើគ្រាន់តែមានសម្ភារៈល្អ ប៉ុន្តែ បើខ្វះក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ វាពិតជានាំមកនូវប្រសិទ្ធភាពណាមួយបានទេ។ ការយកចិត្តទុកដាក់ទៅលើជីវិតអ្នកជំងឺ ទៅលើសុខទុក្ខអ្នកជំងឺ គឺជារឿងចាំបាច់។ រឿងមុនគេគឺនៅកន្លែងនោះ សម្ភារៈបរិក្ខារវាត្រូវការហើយ ថ្នាំពេទ្យវាត្រូវការហើយ ប៉ុន្តែ បើមានតែសម្ភារៈបរិក្ខារ មានតែថ្នាំពេទ្យ ច្បាស់ណាស់គឺ ហើយបើខ្វះការយកចិត្តទុកដាក់ អំពីស្មារតីបម្រើអ្នកជំងឺ សង្គ្រោះអ្នកជំងឺ របស់ដែលមានទោះបីវាទំនើប ហើយដែលអាចថា ជប់ដូចឥសី ក៏វាទៅមិនរួចដែរ ព្រោះឥសីចេះជប់ហើយ តែមិនព្រមជប់។ អញ្ចឹងទេ ខ្ញុំនៅតែបន្តអំពាវនាវឲ្យគ្រូពេទ្យរបស់យើង បង្កើននូវស្មារតីទទួលខុសត្រូវ និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យរបស់យើង ហើយខ្ញុំមិនចង់លឺនូវពាក្យតេះដៀល ថាគ្រូពេទ្យគ្រូពេទ្យ ៩០ ភាគរយ អាក្រក់ ១០ ភាគរយល្អនោះទេ។ ខ្ញុំពិតជាមិនចង់ឮ ហើយខ្ញុំក៏មិនជឿលើ រឿងនេះដែរ អត់ជឿលើរឿងនេះទេ បើសិនជា ៩០ ភាគរយ អាក្រក់ទៅហើយនោះ តើមនុស្សប៉ុន្មាននាក់ទៅដែល អាចរស់បាន នៅឆ្លងកាត់ការព្យាបាលនៅតាមមន្ទីរពេទ្យមួយៗ។
តម្រង់ឆ្ពោះទៅរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅក្នុងតំបន់ឆ្ងាយៗ
ពិតមែនហើយ កាលពីថ្ងៃសុក្រអាទិត្យមុននេះ ក្រសួងសុខាភិបាលត្រូវមានភារកិច្ច ដើម្បីនឹងធ្វើច្បាប់បន្ថែមទៀត តម្រូវតាមលក្ខខណ្ឌដែលយើងបានសន្យានៅក្នុង អង្គការពាណិជ្ជកម្មពិភពលោក ស្តីអំពីការផ្តល់អាជ្ញាប័ណ្ឌសម្រាប់ការព្យាបាល។ យើងត្រូវធ្វើ ប៉ុន្តែ ក៏សុំពិនិត្យឲ្យបាន ម៉ត់ចត់ជាមួយនឹងការបើកគ្លីនីក ឬក៏លក់ឱសថ ចៀសវាងនូវការប្រើប្រាស់ទីកន្លែងនោះ បង្កើតនូវស្ថានភាពលំបាក សម្រាប់ប្រជាជនទៅវិញ ខ្ញុំពិតជាអរគុណជាមួយនឹងការយកចិត្តទុកដាក់ សម្រាប់ការសង្រោះជីវិតមនុស្ស។ ហើយឥឡូវនេះ យើងនៅតែបន្តកម្មវិធីរបស់យើង ដែលតម្រង់ឆ្ពោះទៅរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នៅក្នុងតំបន់ឆ្ងាយៗតទៅទៀត មិនមែនគ្រាន់តែមន្ទីរពេទ្យកាលម៉ែតមួយគ្រប់ទេ នៅមានរឿងច្រើនណាស់ដែល យើងដោះស្រាយ ក្នុងពេលដែលយើងធ្វើយុទ្ធនាការ ដើម្បីចែកចាយឲ្យបានកម្មសិទ្ធិដីធ្លី។ នៅក្នុងឆ្នាំ ២០១២ ខ្ញុំពិតជាយល់បាន អំពីតម្រូវការនៅទីនោះ នៅពេលដែលប្រជាពលរដ្ឋបានបង្កើតនូវភូមិដ្ឋានថ្មី តម្រូវការហេដ្ឋារចនា សម្ព័ន្ធចាំបាច់ត្រូវតែធ្វើឲ្យពួកគាត់ រួមមានការដោះស្រាយទៅលើបញ្ហាផ្លូវទៅកាន់តំបន់នោះ ការរកទឹកស្អាត ឲ្យពួកគាត់ប្រើប្រាស់។ សេវាសុខាភិបាលតាមរយៈការបង្កើតឡើងនូវមជ្ឈមណ្ឌលសុខភាព និងសាលារៀនសម្រាប់ពួកគាត់ នេះក៏ជាផ្នែកមួយនៃការរៀនចប់បែងចែកពលកម្មសង្គមឡើងវិញ ព្រោះប្រទេសរបស់យើងមានតំបន់ខ្លះកកកុញទៅ ដោយមនុស្ស ក៏ប៉ុន្តែមានតំបន់ខ្លះក៏មានតែដី តែខ្វះមនុស្សតាមរយៈនៃការដែលប្រជាពលរដ្ឋរបស់យើងទៅរកដីថ្មី។ យើងក៏បានផ្តល់ឱកាសឲ្យពួកគាត់ ដើម្បីទៅបង្កបង្កើនផល ដោយប្រើប្រាស់ដីធ្លីថ្មីនោះឯង ប៉ុន្តែ ដើម្បីឲ្យគាត់រស់នៅ បាន កូនចៅរៀនសូត្របាន យើងត្រូវធ្វើកម្មវិធីអាទិភាពទៅលើវិស័យ ៤ ធ្វើផ្លូវឲ្យគាត់ ដោះស្រាយបញ្ហាទឹក ឲ្យគាត់ ដោះស្រាយសាលារៀនឲ្យក្មេងរៀន និងដោះស្រាយបញ្ហាការព្យាបាលជំងឺតាមរយៈការបង្កើតឡើង នៅមណ្ឌលសុខ ភាពនៅឯមូលដ្ឋាន។ ទាំងអស់នេះមិនមែនជាបញ្ហាគ្រាន់តែនិយាយចប់ទេ ប៉ុន្តែ ត្រូវមានសកម្មភាព ថែមទាំងមាន ការវិនិយោគសមស្របតាមទំហំថវិកាដែលយើងមាន ជាមួយនឹងការទាក់ទាញការចូលរួមពីដៃគូអភិវឌ្ឍន៍នានា ដែលចូលរួមជួយទៅដល់ប្រជាជនកម្ពុជារបស់យើង។
ការផ្លាស់ប្តូរអាកាសធាតុ/ គ្រុនផ្តាសាយបក្សីកើតឡើងភ្លាមៗ
ប៉ុន្មានថ្ងៃនេះ ពិតជាមានការប្រែប្រួលអាកាសធាតុពិតប្រាកដ ហើយរងារភ្លៀង ភ្លៀងឥឡូវចូលមកដល់រងារទៀតហើយ ហើយឮគេថាចប់ថ្ងៃហ្នឹង ជួលកាលគេថាចប់ថ្ងៃហ្នឹង គេទស្សទាយពីម្សិល ស្រាប់តែថ្ងៃហ្នឹងវាប្រែទៀត។ អាហ្នឹងហើយគេហៅថាការផ្លាស់ប្តូរអាកាសធាតុ ហើយបញ្ហា ស្ថានភាពគ្រូពេទ្យរបស់យើង ក៏ត្រូវតែប្រឹងប្រែងដើម្បីស្រាវជ្រាវឲ្យមានភាពធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែរ មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ ក៏ប៉ុន្តែបណ្តាញគ្រូពេទ្យផ្នែកវិជ្ជសាស្រ្តនេះ គឺំមានទំនាក់ទំនងជាមួយគ្នា។ គ្រាន់តែប៉ុន្មានថ្ងៃនេះ វិធានការណ៍ចាំបាច់ត្រូវប្រកាន់យកភ្លាមៗនៅនឹងទីក្រុងភ្នំពេញនេះតែម្តង គឺនៅសង្កាត់ភ្នំពេញថ្មី ដែលរដ្ឋមន្រ្តីក្រសួងកសិកម្ម បានធ្វើការជូនដំណឹងជាបន្ទាន់ទៅអភិបាលរាជធានីភ្នំពេញអំពី គ្រុនផ្តាសាយបក្សី ដែលកើតឡើងភ្លាមៗ ហើយខ្ញុំពិតជាមានមោទនភាពណាស់ ជាមួយនឹងប្រតិកម្មរហ័ស នៃក្រុមគ្រូពេទ្យរបស់យើង ជាមួយនឹងក្រុមផ្នែកក្នុងក្រសួងកសិកម្ម។ នៅក្នុងតំបន់ដែលមានការពិនិត្យឃើញមានគ្រុនផ្តាសាយបក្សី ឬក៏ជម្ងឺប្រភេទណាមួយនោះ យើងមានវិទ្យាស្ថានបាស្ទ័រនៅជាប់នឹងនេះ យើងបានធ្វើការពិសោធន៍ភ្លាមៗ។ ហើយពេលដែលដឹងថាវាមានវីរុសស្អីនោះ យើងបានធ្វើសកម្មភាពភ្លាម ដើម្បីទប់ស្កាត់កុំឲ្យរីករាលដាល នេះក៏ជាចំណុចដែលវាទាក់ទងក្នុងវិស័យសុខាភិបាលរបស់យើង និងវិស័យដែលមានការពាក់ព័ន្ធ ដែលត្រូវបន្តធ្វើដើម្បី ធានាសុខុមាលភាពរបស់ប្រជាជនយើង។
ការពារប្រសើរជាងព្យាបាល/ វិភាគពីសុខភាពរបស់សម្តេច ហ៊ុន សែន
ថ្ងៃមុនខ្ញុំឮសម្លេង តិះទៀនខ្ញុំអំពីបញ្ហាដែលខ្ញុំ គេមិនបានយល់អស់អំពីអ្វីដែលខ្ញុំចង់និយាយ ខ្ញុំចង់និយាយថាយើងគួរធ្វើពហិការកុំទិញនូវទំនិញដែលប្រើជាតិគីមី ឲ្យប្រជាពលរដ្ឋខ្លួនឯង ចេះទទួលខុសត្រូវក្នុងការពិនិត្យផង។ បែរជាគេយកអារឿងហ្នឹង យកមកធ្វើការវាយប្រហារខ្ញុំ សុំអញ្ជើញ អញ្ជើញចុះ ហើយរឿងនេះ ខ្ញុំនៅតែបន្តនិយាយថាការពារប្រសើរជាងព្យាបាល ជម្ងឺទុកឲ្យវាកើតហើយ គឺវាត្រូវការព្យាបាល ប៉ុន្តែ បើយើងចេះការពារ ក៏វាកាត់បន្ថយបាននូវការឈឺថ្កាត់ សម្រាប់ខ្លួនយើង គ្មានអ្នកណាមកឈឺជាមួយយើងទេ ខ្ញុំដាក់ ជាកម្មវិធីការពារខ្លួនឯង ព្រោះសូម្បីតែប្រពន្ធខ្ញុំ កូនខ្ញុំបង្កើតក៏មិនអាចមកឈឺជំនួសខ្ញុំកើតដែរ។ អញ្ចឹងជម្រើសតែមួយគត់ការពារខ្លួនឯងអាហ្នឹងជាជម្រើសដ៏ល្អតាំងពីទទួលទាន តាំងពីការហាត់ប្រាណ ត្រូវធ្វើខ្លួនឯង អ្នកណាមក ធ្វើជំនួស។ ហើយរឿងដែលគួរឲ្យចង់សើច ហើយខ្ញុំសង្ឃឹមថាអ្នកទាំងនោះ បើយោងទៅលើអ្វីដែលមានជាការវិភាគ គឺអ្វីដែលខ្ញុំថ្លែង គឺបានយកទៅបកប្រែជាភាសាអង់គ្លេសសម្រាប់ពួកអ្នកវិភាគ ដែលនិយមប្រើភាសាអង់គ្លេស ហើយគេបានបកទៅជាភាសាបារាំង សម្រាប់ក្រុមអ្នកនិយាយភាសាបារាំង។ ខ្ញុំកំពុងតែហាត់ប្រាណ ហើយខ្ញុំមក សម្រាកបន្តិចមុននឹងឡើងហាត់បន្តទៅទៀត ស្រាប់តែមានអត្ថបទដែលសរសេរដាក់ចំណងជើងថា តើប៉ែកខាងលិចបរាជ័យនៅកម្ពុជាមែនទេ? មានអ្នកវិភាគបីដែលចេញមកទាំង (ដេវីដឆេឡឺ) ដែលជាអ្នកសរសេសៀវភៅប្រវត្តិសាស្រ្ត ពីកម្ពុជាហើយម្នាក់ទៀតដូចជាស្អី កម្ពុជាជារបស់ ហ៊ុន សែន និងម្នាក់ទៀត ដល់វិភាគចុះឡើងៗ វិភាគថា បារម្ភថាពីសុខភាពរបស់ ហ៊ុន សែន អ្វីដែលគួរបារម្ភគឺសុខភាពរបស់លោក ហ៊ុន សែន។ ខ្ញុំថាឆ្គួតសុទ្ធ គេតាមមើលដ៏ប៉ុណ្ណេះអាថ្ងៃបួងសួងនៅឯអង្គរវត្ត គាត់ថាពេលដែលលោក ហ៊ុន សែន ដើរងើបឡើង គាត់ដើរអត់ធម្មតា គេតាមមើលដល់ប៉ុណ្ណឹង។ ខ្ញុំគ្រាន់តែបញ្ចាក់ចេះ ខ្ខុំអរគុណ ចំពោះការយកចិត្តទុក្ខ ដាក់ទៅលើសុខភាពរបស់ខ្ញុំ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថាប្រសិនអ្នកចង់ យើងមិនអាចបង្កើត(Team)ទាត់បាល់ ឫវៃបាល់ទះបានទេ ?ប៉ុន្តែខ្ញុំអាចលេងជាមួយអ្នកទៅលើបញ្ហាផ្សេងវិញ សំរាប់អ្វីដែលជាចំនូលចិត្តរបស់អ្នក រាប់ទាំងអ្នកមានវ័យក្មេងជាងខ្ញុំ (ដេវីឆេឡឺ)ប្រហែលជាអាយុច្រើនជាងខ្ញុំ។ ប៉ុន្តែអ្នកពីរអ្នកផ្សេងទៀតជាអ្នកចូលរួមគ្នា អាចអាយុតិចជាងខ្ញុំ ខ្ញុំអាចលេងជាមួយអ្នកតាមរបៀបថា ឥឡូវយើងអង្គុយសន្ទនាជាមួយគ្នា តើអ្នកណាទៅ រកបន្ទប់ទឹកមុន?អ្នកណារកបាយមុន ?អាហ្នឹងបើយើងនិយាយថា ចេញក្រៅលោកឯងក្ដៅ យើងផ្លាស់ប្ដូរទីកន្លែងដើម្បីប្រកួតជាមួយគ្នា ហើយយើងអង្គុយនិយាយជាមួយគ្នាតែម្ដង បើសិនជាយើងមិនចេះលេងអុកជាមួយគ្នា។ ហើយបើលេងអុក ខ្ញុំក៏កំដរបានប៉ុន្តែអុកគេហៅអុកសកលនិងអុកខ្មែរវាខុសគ្នា ខ្ញុំចេះតែអុកខ្មែរទេ។ ខ្ញុំអាចលេង កូនគោលជាមួយអ្នកបាន ហើយយើងសាកល្បងជាមួយគ្នាទៅយើងអាចប្រើប្រាស់ពេលវាលា វាយ ១៨ឫក៏ ៣៦ ឡូ ដោយមិនចាំបាច់ឈប់សំរាក។ ហើយបើនិយាយពីការដើរវិញលើម៉ាស៊ីន ខ្ញុំគ្រាន់តែជូនសារថាខ្ញុំអាចដើរ (២ម៉ោង) ក្នុងជំរាល (២អង្សារ) រយៈពេល២ម៉ោងដោយមិនចាំបាច់ឈប់សំរាក ខ្ញុំគ្រាន់តែជូនសារ ទៅអោយអ្នក កុំបារម្ភពីសុខភាពរបស់ខ្ញុំ បារម្ភពីសុខភាពខ្លួនឯងល្អជាង តែយ៉ាងណាខ្ញុំអរគុណ។ ប៉ុន្តែការវិភាគនោះ ចុះឡើងៗធ្វើអីមិនកើត វិភាគពីសុខភាព ហ៊ុន សែន អត់ធម្មតាតែយ៉ាងណាក៏ដោយបើគេលើកឡើងពីសុខភាពហើយ យើងក៍និយាយពីសុខភាពត្រឡប់ទៅវិញទេ តែយ៉ាងណាក៏មិនតេះទៀនគេដែរ តែអ្វីដែលគេបារម្ភនោះគឺសុខភាពរបស់លោក ហ៊ុន សែន ហាក់ដូចជាមានស្ថានភាព ហើយឧស្សាហ៍ទៅសាំងហ្គាពួរទៀត។ នែវាទៅអញ្ចេះ តាមតែគេថាអាហ្នឹងរឿងរបស់គេ។
មិនកំណត់អាយុវេជ្ជបណ្ឌិតប្រឡងចូលក្របខណ្ឌ រាប់ទាំងមន្ត្រីរាជការ និងតាមស្ថាប័នមួយចំនួន
ឥឡូវនេះ ក្មួយៗជានិស្សិតពេទ្យទាំងឡាយ ប្រឹងរៀនណាស់ ហើយឥឡូវនេះយើងបានដោះស្រាយហើយបញ្ហាដែលជាកង្វល់របស់គ្រូពេទ្យ មុននេះគ្រូពេទ្យត្រូវបានកំណត់អាយុអំពីការប្រលង យកក្របខណ្ឌ នេះមិនមែនជាកំហុសរបស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ទេ ក៏ប៉ុន្តែជាកំហុសនៃការរៀបចំ លក្ខណ្ឌកៈស្តីពីមន្ត្រីរាជការរបស់យើង។ វេជ្ជបណ្ឌិតឯកទេសតែងរៀនច្រើនជាងវេជ្ជបណ្ឌិតធម្មតា ដ៏ទៅរៀនច្រើងជាងអាយុវាលើសប្រលងចូលក្របខ័ណ្ឌអត់បាន នែអារឿងវាអញ្ចឹង។ ដល់អញ្ចឹងនៅតាមមន្ទីរពេទ្យមួយចំនួនកូនសិស្សត្រួតត្រាគ្រូ ត្រួតលើគ្រូ គ្រូមិនសុទ្ធតែសាស្ត្រាចារ្យទៅបង្រៀនវេជ្ជបណ្ឌិត ប៉ុន្តែគ្រូនេះអត់មានសិទ្ធិធ្វើប្រធានមន្ទីរពេទ្យចូលក្របខ័ណ្ឌទេទៅជាមន្ត្រីជាប់កិច្ចសន្យាទៅវិញ។ អញ្ចឹងរឿងនេះត្រូវបានដោះស្រាយហើយដោយមិនកំណត់អាយុទេរាប់ទាំងមន្ត្រីរាជការ និងតាមស្ថាប័នមួយចំនួនផងដែរ។ យើងបានដោះស្រាយបញ្ហានេះដើម្បីយើងទាញយក ធនធានមនុស្សដែលពូកែពិតប្រាកដ។ វេជ្ជបណ្ឌិតរៀន ៨ ឆ្នាំ ដល់ថែមឯកទេស ៣ ឆ្នាំទៀតដល់ ៣ ឆ្នាំទៀត ហួសអាយុអញ្ចឹង អាយុក្លាយជាឧបសគ្គ។
មិនកំណត់និទ្ទេសប្រឡងចូលរៀនពេទ្យ ឲ្យតែជាប់មធ្យមសិក្សាទុតិយភូមិ
អញ្ចឹងយើងដោះស្រាយបានហើយ ឯដោះស្រាយមួយទៀតគឺដោះស្រាយអំពីបញ្ហាមុននេះ សាកលវិទ្យាល័យពេទ្យ សាលាពេទ្យរបស់យើងតំម្រូវអោយមានការប្រលងដោយយកតាមនិទេ្ទស អាហ្នឹងនិយាយតាមបារាំងទៅ A B C ដល់ អា D និង E អត់អោយអញ្ចឹងទេខ្ញុំប្រើប្រាស់ FACEBOOK ដូច្នេះនិសិត្សពេទ្យនិសិត្សដែលចង់ប្រលងចូល បានស្នើរសុំមកខ្ញុំចូលមកខមមិនផងវាយចូល INBOX ផង និងចូលតាម Messenger ផង អញ្ចឹងខ្ញុំក៏ទាញវាមកហើយបញ្ចូលតាម Whatsapp បញ្ចូលមកអោយ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង។ បន្ទាប់ទៅខ្ញុំក៏ហៅទូរស័ព្ទមកពិភាក្សា អញ្ចឹងនៅពេលដែរមានការឯកភាពហើយនោះ ខ្ញុំក៏បានឆ្លើយតបជាមួយនឹងក្មួយៗដែលចូលមក ខមមិន សុំស្នើកុំអោយកំណត់និទ្ទេសសម្រាប់ការប្រលង។ ខ្ញុំបានប្រាប់ថាបញ្ចប់ហើយ យើងត្រូវអនុញ្ញាតអោយចូលប្រលងគ្រប់និទ្ទេសទាំងអស់ ព្រោះអ្នកដែលជាប់និទ្ទេស A ឫក៏និទ្ទេស A B ឫ C មិនប្រាកដថាពូកែជាងអ្នកនិទ្ទេស D និង E នោះទេ។ ប៉ុន្តែថ្ងៃដែលប្រលងនោះជួនកាលមានបញ្ហាអ្វីមួយ ដូច្នេះយើងបើកឱកាសអោយមានការចូលប្រលងតែត្រូវតែមានសញ្ញាប័ត្រត្រូវតែជាប់មធ្យមសិក្សាទុតិយភូមិ។ ប៉ុន្តែបែរជាមាន ខមមិនមួយចូលមកទៀតថាសូមលោកអ៊ំ សម្តេចបន្ធូរបន្ថយនូវវិញ្ញាសារប្រលង អស់ឆ្ងល់ហើយអាហ្នឹង ខ្ញុំអត់ឆ្លើយតបតាម FACEBOOK Page របស់ខ្ញុំទេ។ ខ្ញុំសូមឆ្លើយតបថាខ្ញុំធ្វើអត់បានទេអាហ្នឹងនោះ ធ្វើអត់បានទេវិញ្ញាសារប្រលង គឺជាវិញ្ញា សារដែលមានការរៀបចំត្រឹមត្រូវសម្រាប់ជ្រើសរើស អ្នកដែលពូកែពិតប្រាកដមិនអាចបន្ធូរបន្ថយវិញ្ញាសារប្រលងបានទេ សុំបានថាមិនឲ្យរើសមិនអោយកំណត់អាហ្នឹងហើយ ថែមមកថាសុំបន្ធូរបន្ថយអាវិញ្ញាសារប្រលងកុំអោយវាតឹងពេកដោះអត់ចេញទេអាហ្នឹងអញ្ចឹងបើយើងដោះអាហ្នឹងបន្ថែមទៀតអាហ្នឹងចប់សេចក្តីហើយ។ អញ្ចឹងទេ សុំទោសក្មួយៗ ដែលពូមិនអាចធ្វើទៅកើត ព្រោះនេះជាលក្ខខណ្ឌតម្រូវនៃការប្រឡងទៅតាមមុខ សញ្ញាដែលគេបានដាក់។
ទោះមិនទាន់បានចូលដំណាក់កាលនុយក្លេអ៊ែរ ប៉ុន្តែបានចូលជាសមាជិកនៃអង្គការអាតូម៉ិចអន្តរជាតិ
អញ្ចឹងក្នុងវិស័យសុខាភិបាល បានដោះស្រាយច្រើន ហើយអរគុណជាមួយដៃគូអភិវឌ្ឍន៍ថ្ងៃនេះ រាប់ទាំងខាងភាគីបារាំង ក៏ដូចជាខាងផ្នែកប៉ារ៉ាម៉ាណូដែលកម្ពុជាក៏ជាសមាជិក ចូលទាំងអស់។ ខ្ញុំ សូមជំរាបថា ក្នុងក្របខណ្ឌគោលនយោបាយអន្តរជាតិរបស់ខ្ញុំ អង្គការអន្តរជាតិទាំងអស់ កម្ពុជាចូលទាំងអស់ អញ្ចឹងបើទោះបីជាខ្លួនមិនទាន់បានឈានទៅដល់ ដំណាក់កាលអភិវឌ្ឍនុយក្លេអ៊ែរក៏ដោយ ក៏ប៉ុន្តែយើងចូលជា សមាជិកនៃអង្គការអាតូម៉ិចអន្តរជាតិ វាក៏មានផលប្រយោជន៍នឹងដែរ។ ហើយល្ងាចមិញ ខ្ញុំបានស្តាប់អតីតមន្ត្រី មេគយ គាត់បានឲ្យដឹងថា ប្រដាប់ស្កែនរបស់យើងនៅឯកំពង់សោម នៅពេលណាមួយមានប្រដាប់ស្កែន មាន ជាតិវិទ្យុសកម្មច្រើនដែលត្រូវតែផ្លាស់ប្តូរវា ហើយត្រូវមានរបៀបគ្រប់គ្រងវា។ អញ្ចឹងទេ ការចូលមកដល់អង្គការ អន្តរជាតិនានាជាបណ្តាញរបស់អង្គការសហប្រជាជាតិក្តី ជាបណ្តាញរបស់អង្គការនានាក្តី ត្រូវចូលទាំងអស់។ មិត្តជប៉ុនក៏បានជួយច្រើន ដែលខ្ញុំសូមអភ័យទោសពីឯកឧត្តម អគ្គរដ្ឋទូតជប៉ុន ដែលខ្ញុំមិនបានចូលរួមទៅ សម្ពោធមន្ទីរពេទ្យនៅស្វាយរៀង ប៉ុន្តែយើងបានមន្ទីរពេទ្យច្រើន។ ប៉ុន្តែកន្លងទៅនេះ នាយករដ្ឋមន្ត្រីចិនមក ទស្សនកិច្ចនៅកម្ពុជា ក៏បានផ្តល់នូវអគារមួយចំនួនសម្រាប់មន្ទីរពេទ្យ នៅឯមន្ទីរពេទ្យព្រះកុសុមៈ និងការក សាងមន្ទីរពេទ្យថ្មីមួយនៅឯខេត្តត្បូងឃ្មុំ។ អញ្ចឹងទេ ជាមួយនឹងការវិនិយោគផ្ទាល់របស់យើង យើងក៏ត្រូវខិតខំ ដើម្បីទាក់ទងដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការអភិវឌ្ឍ ជាមួយនឹងប្រព័ន្ធការពារសុខភាពសម្រាប់ប្រជាជនរបស់ យើង។
ប៉ុណ្ណឹងទៅចុះ ថ្ងៃណាក៏ថ្ងៃពោរពេញដោយសង្កថាដែរ ម្សិលម្ង៉ៃជាមួយនឹងអ្នកធាក់ស៊ីក្លូ បង្កើតមូលនិធិមួយ ហៅថា មូលនិធិត្រីចក្រយាន ដែលហៅកាត់ថា មូលនិធិស៊ីក្លូ។ ទទួលទានអាហារមួយពេលជាមួយពួកគាត់ ម្សិលមិញពេលដែលហាត់ប្រាណ ហើយមើលទៅមុខ ឃើញថា ដំបូងមានស៊ីក្លូ ៨ ដឹកអ្នកទេសចរ បន្ទាប់ទៅ មើលឃើញថា ស៊ីក្លូប្រហែល ២០ ដឹកអ្នកទេសចរ។ អញ្ចឹងទេ ស៊ីក្លូវាបានកើតក្នុងសម័យបារាំងនៅកម្ពុជា វា ជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើងដែរ។ ដែលម្សិលមិញនេះក៏ត្រូវជួបជាមួយកម្មករ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានច្រើនផ្នែក អញ្ចឹងថ្ងៃណាក៏ជាថ្ងៃនិយាយដែរ តែស្អែកអត់និយាយទេ មកខានស្អែកនិ យាយទៀត ជួបកម្មករជាង ១ ម៉ឺននាក់ទៀត។ អញ្ចឹងយើងប៉ុណ្ណឹងបានហើយ។
ថ្ងៃនេះក្មួយៗនិស្សិតពេទ្យ ដែលចូលរួមក្នុងពិធីនេះ មាន ៣០១៣ នាក់ សូមជូនក្មួយៗម្នាក់ ២ ម៉ឺនរៀល កំដដៃ ។ ជូនអ្នកជំងឺសម្រាកព្យាបាលនៅទីនេះ ចំនួន ៨៥៦ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិក និងគ្រូ ពេទ្យ ១៥៥៧ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល កំដដៃ។ ជូនសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៣ លានរៀល។ ជូនមន្ទីរពេទ្យកាល់ម៉ែតថវិកា ៥ លានរៀល។
ត្រូវខិតខំយ៉ាងណាធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែរឹងមាំ
ឆ្នាំថ្មីនេះ ត្រូវខិតខំយ៉ាងណាធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែរឹងមាំ ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលូតលាស់ ធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់សង្គមរបស់យើងកាន់តែត្រូវបានធានា។ ហើយការរៀបចំការបោះឆ្នោតទាំងព្រឹទ្ធ សភា នៅខែក្រោយ និងការបោះឆ្នោតនៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ត្រូវធ្វើឲ្យបានល្អ និងសុខ សន្តិភាព តម្លាភាព ប្រជាធិបតេយ្យ ដែលបណ្តាបក្សនយោបាយនឹងចូលរួមយ៉ាងច្រើននៅពេលបោះឆ្នោតនោះ ។ បោះឆ្នោតព្រឹទ្ធសភាមានត្រឹមតែ ៤ គណបក្សនយោបាយប៉ុណ្ណោះ ប៉ុន្តែខ្ញុំកំពុងតែមើលឃើញថា ការចូលរួម បោះឆ្នោតសភានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺនឹងមានបណ្តាគណបក្សនយោបាយច្រើនចូលរួម ដែល យើងត្រូវធ្វើកិច្ចការងារនេះឲ្យបានល្អ។ ត្រូវតែជាឆ្នាំដែលមានការអភិវឌ្ឍល្អ ព្រោះជាឆ្នាំចុងក្រោយនៃនិតីកាលទី ៥ ដើម្បីឈានឆ្ពោះទៅនិតីកាលទី ៦។
គ្មានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ មានតែការកំណត់អាណត្តិប្រធានាធិបតី
ពិតមែនហើយ ឯកឧត្តម ម៉ម ប៊ុនហេង បានជូនពរថាឲ្យជោគជ័យ ឲ្យដឹកនាំក្នុងអាណត្តិទី ៦ ទី ៧ និងបន្ត ដឹកនាំទៀត អាបន្តបន្ទាប់នឹងពិបាកណាស់ ត្រឹមតែទី ៦ និងទី ៧ ព្រោះនេះជាការប្តេជ្ញាចិត្តរួចហើយថានឹងបន្ត រយៈពេលមិនតិចជាង ១០ ឆ្នាំ។ កម្ពុជាគ្មានរដ្ឋធម្មនុញ្ញកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ។ ប្រទេសនៅលើ ពិភពលោកនេះ គ្មានប្រទេសណាមួយកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ អាណត្តិប្រធានាធិបតីមានការកំណត់ ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីគ្មានការកំណត់ទេ ព្រោះនាយករដ្ឋមន្ត្រីមិនមែនបោះឆ្នោតដោយ ផ្ទាល់ពីប្រជាពលរដ្ឋទេ សុំយល់ បើមិនយល់រៀនឲ្យយល់ កុំភ្លើ ហើយកុំឲ្យគេហៅអាល្ងង់ទូ។ ប្រធានាធិបតីគឺបោះឆ្នោតដោយផ្ទាល់ ដូច្នេះទៅតាមប្រទេសនីមួយៗ គេកំណត់អាណត្តិប្រធានាធិបតី ប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីគេបោះឆ្នោតដោយសភាទេ សភាទេជាអ្នកបង្កើតរាជរដ្ឋាភិបាល ឬរដ្ឋាភិបាល ដូច្នេះសុំរៀនឲ្យយល់ បើរៀនមិនយល់ គឺនៅតែនិយាយគ្នាមិនបានអញ្ចឹង។
នឹងរុញសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់
ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី រយៈពេល ៣៣ ឆ្នាំហើយ ថែម ១០ ឆ្នាំទៀត ក៏វាមិនទាន់ចាស់ទៅណាដែរ វាអត់បញ្ហាទេ។ ខ្ញុំចង់អមសំណើជាមួយអ្នកទាំងអស់គ្នា ដើម្បីចូលទៅឲ្យកៀកជាមួយនឹងប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ព្រោះបើយើងគិតទៅតាមអាណត្តិនៃព្រឹទ្ធសភា គឺឆ្នាំ ២០២៨ ទើបខ្ញុំត្រូវដកខ្លួនចេញ អញ្ចឹងវាកៀកទៅនឹងពេលវេលាមួយ ដែលប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែល មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ មហិច្ឆិតារបស់យើងមិននៅត្រឹមឆ្នាំ ២០៣០ ទេ ឆ្នាំ ២០៥០ នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ជឿជាក់ថាយើងធ្វើបាន ធ្វើម៉េចរក្សាសន្តិភាព និងស្ថេរភាពនយោបាយឲ្យបាន វាធានាទៅដល់ការអភិវឌ្ឍប្រទេសរបស់យើង។
សេដ្ឋកិច្ចក្រៅប្រព័ន្ធមានសារៈសំខាន់ណាស់
ខ្ញុំបានប្រាប់ទៅបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធពីម្សិលថា ការរស់រានមានជីវិតរបស់កម្ពុជា គឺចាប់ផ្តើមពីការរស់រានមានជីវិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឥឡូវនេះសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏នៅតែដើរតួនាទីសំខាន់ ក្នុងពេលដែលសេដ្ឋកិច្ចក្នុងប្រព័ន្ធមានកម្មករត្រឹមតែ ១ លាន ៤ សែននាក់ ប៉ុន្តែសេដ្ឋកិច្ចក្រៅប្រព័ន្ធមានពល កររហូតទៅដល់ ២ លាន ៤ សែននាក់ នៅតែជាចំណែកមួយដ៏ធំ ហើយវាធ្ងន់ជាមួយនឹងវិបត្តិខាងក្រៅផង។ ខាងក្រៅចង់មានវិបត្តិអ្វី រឿងវិបត្តិនៅខាងក្រៅ ប៉ុន្តែផលប៉ះពាល់នឹងត្រូវកាត់បន្ថយតាមរយៈនៃការពង្រឹងភាព ធន់ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ហើយភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា វាក៏បានមកពីការរួមចំណែកពីវិស័យសុខា ភិបាល ដែលទាក់ទងជាមួយនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងទាក់ទងជាមួយនឹងការអប់រំលើកកម្ពស់ កម្រិតចេះដឹងរបស់ប្រជាពលរដ្ឋរបស់យើង។
ជាបន្តទៅនេះ ជាមួយនឹងការប្រកាសដាក់សម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភពថ្មី ដែលបានប្រសិទ្ធិនាមថា អគារតេជោសន្តិភាព ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញ ចូលរួមនៅក្នុងឱកាសនេះ សូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕