ចូលរួមការប្រជុំអាស៊ានឥណ្ឌា ការចូលរួមបុណ្យជាតិរបស់ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា
ដំបូង អនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំនៃស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៃរោងចក្រ ម្ចាស់រោងចក្រ ដែលបានចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនី ដែលមកពី ២០ រោងចក្រ ចំនួនជាង ១៦ ០០០ នាក់ ហើយក៏អាចនិយាយបានថា អាទិត្យក្រោយនេះ មិនមានកម្មវិធីនៃការជួបជុំណាមួយកើតឡើងដូចថ្ងៃនេះ និងកាលពីអាទិត្យមុននោះទេ។ ជូនដំណឹងសម្រាប់ពីទីនេះ ទៅកាន់កន្លែងដទៃទៀត ដែលមានការទន្ទឹងរង់ចាំ។ តាមកម្មវិធីគ្រោងទុកកាលពីមុនៗមក គឺត្រូវជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើង ក៏ប៉ុន្តែថ្ងៃពុធ អាទិត្យក្រោយនេះ គឺជាថ្ងៃចេញដំណើរទៅចូលរួមការប្រជុំអាស៊ាន-ឥណ្ឌា ការចូលរួមបុណ្យជាតិរបស់ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា។
ចេញថ្ងៃពុធ ហើយថ្ងៃអាទិត្យទើបត្រឡប់មកវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ ក៏បានឆ្លៀតដើម្បីជួបជាមួយនឹងកម្មករធាក់ស៊ីក្លូ ដែលពេលនោះ យើងបានបង្កើតនូវមូលនិធិស៊ីក្លូ ដើម្បីជួយទ្រទ្រង់ទៅដល់ជីវភាពកម្មករស៊ីក្លូរបស់យើង។ ថ្ងៃអាទិត្យកន្លងទៅនេះ ក៏បានឆ្លៀតជួបជាមួយនឹងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជាង ៤ ០០០ នាក់។ ថ្ងៃនេះ ក៏បានជួបជុំជាមួយនឹងកម្មករ/ការិនី និងថ្នាក់ដឹកនាំរបស់យើងជាង ១៦ ០០០ នាក់។ ដូច្នេះ ហោចណាស់ គឺក្នុងប៉ុន្មានថ្ងៃនេះ យើងក៏បានឆ្លៀតជួបជាមួយនឹងកម្មករ/ការិនីរបស់យើងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាង ២០ ០០០ នាក់ផងដែរ។
ទឹកចិត្ត កាយវិការគោរពស្រឡាញ់ និងការជឿជាក់ចំពោះគណបក្សប្រជាជនកម្ពុជា ៣ ជំនាន់មនុស្ស
ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនី មិនថានៅទីនេះ ឬនៅកន្លែងដទៃទេ ខ្ញុំពិតជាមានការអរគុណ និងមានការរីករាយជាមួយនឹងបដិសណ្ឋារកិច្ច ក៏ដូចជា បង្ហាញពីទឹកចិត្តនូវការគោរពស្រឡាញ់របស់ក្មួយៗចំពោះពូ ដែលមិនមែនគ្រាន់តែជាការជួបជុំ និងជំនួបរវាងនាយករដ្ឋមន្រ្តី ដែលជាប្រធាននៃអង្គការនីតិប្រតិបត្តិ ដែលជាអ្នកមានអំណាចកំពូលនៅក្នុងអង្គការនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែក្ដីស្រ ឡាញ់ ការរាប់អាន ដែលក្មួយៗបានធ្វើចំពោះពូ វាទៅផុតពីទំនាក់ទំនងរវាងមេដឹកនាំជាមួយនឹងប្រជាពលរដ្ឋ នៅត្រង់ថា កាយវិការនោះបានបង្ហាញចេញមកអំពីការស្រឡាញ់រាប់អានជាឪពុកមា ជាឪពុកធំ ហើយក៏ចាត់ទុកដូចជាឪពុករបស់ខ្លួនផងដែរ។ នេះក៏ជាប្រភពនៃការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង ដែលនឹងត្រូវធ្វើបន្តទៀត។
ពូក៏មានការយល់ដឹងច្បាស់នូវអ្វីដែលបានកើតឡើងពីអតីតកាល សម្រាប់ការរួមចំណែករបស់ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ និងរហូតមកដល់ក្មួយៗ ចំពោះពូ។ មិនមែនស្ថានភាពនេះ បង្កើតឡើងក្នុងមួយថ្ងៃ ពីរថ្ងៃ ឬក្នុងរង្វង់មួយខែ ពីរខែ ឬមួយឆ្នាំ ពីរឆ្នាំនោះទេ។ ក៏ប៉ុន្តែ ប្រវត្តិសាស្រ្តបានបញ្ជាក់ប្រាប់យើងថា យើងបានរួមគ្នារយៈពេលជាង ៤០ ឆ្នាំរួចមកហើយ នៅក្នុងដំណាក់កាលតាំងពីដំណាក់កាល នៃការសង្រ្គោះប្រទេស ដើម្បីចេញពីរបប ប៉ុល ពត ហើយបន្សល់ទុកនូវអាយុជីវិតជីដូនជីតា ឪពុកម្ដាយ ហើយបង្កើតបានយើងរាល់គ្នា ដែលបានក្លាយទៅជាកូន ពូនជាចៅ រហូតមកដល់ពេលនេះ។
នោះអាចបញ្ជាក់បានថា យើងបានរួមដំណើរជាមួយគ្នា។ និយាយមកដល់ពេលនេះ អាចថា ៣ ជំនាន់មនុស្ស។ ជំនាន់ជីដូនជីតារបស់ក្មួយៗ ជំនាន់ឪពុកម្ដាយរបស់ក្មួយៗ រហូតមកដល់ជំនាន់របស់ក្មួយៗ ទើបយើងមានភាពស្និទ្ធស្នាល និងមានការរាប់អានគ្នាបែបនេះ។ អរគុណជាមួយនឹងការគាំទ្រទាំងឡាយរបស់កម្មករ/ការិនីរបស់យើង ក៏ដូចជាអរគុណចំពោះជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ដែលបានរួមដំណើរជាមួយនឹងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងពូ ដែលជាអ្នកដែលស្ថិតនៅក្នុងដំណែងយូរបំផុតនៅក្នុងប្រវត្តិ មិនត្រឹមនៅក្នុងកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវានៅក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។ ចាប់តាំងពីក្រោយរំដោះ ៧ មករា ១៩៧៩ រហូតមកដល់ពេលនេះ មានរយៈពេល ៣៩ ឆ្នាំហើយ ដែលយើងបានប្រឹងប្រែងងើបឈរឡើងពីស្ថានភាពដ៏លំបាក។
សាមគ្គីភាពល្អរវាងម្ចាស់រោងចក្រ និងកម្មករ រវាងម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល
ជំនួបរបស់យើងនៅថ្ងៃនេះ ខ្ញុំពិតជាសូមអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានផ្ដល់ឱកាសសម្រាប់ក្មួយៗ ទៅលើការជួបជុំគ្នានៅថ្ងៃនេះ ហើយខ្ញុំពិតជាជំពាក់គុណចំពោះម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រទាំងឡាយ ដែលថ្ងៃនេះ មិនមែនគ្រាន់តែផ្ដល់ឱកាសអោយក្មួយៗជាកម្មករ/ការិនីបានមកជួបជុំជាមួយនឹងខ្ញុំ នៅរយៈពេលមួយព្រឹកប៉ុណ្ណោះទេ ក៏ប៉ុន្តែបានផ្ដល់ឱកាសអោយក្មួយៗកម្មករ/ការិនីរបស់យើង បានឈប់សម្រាកនៅពេលល្ងាចនេះបន្ថែមទៀត។ នេះគឺជាការខិតខំ ហើយក៏បានបង្ហាញចេញនូវសាមគ្គីភាពរវាងកម្មករ/ការិនីរបស់យើង ជាមួយនឹងម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ ហើយក៏បង្ហាញពីសាមគ្គីភាពរវាងម្ចាស់រោងចក្រជាមួយនឹងរាជរដ្ឋាភិបាល ដែលជាអ្នកមើលការខុសត្រូវទៅលើបញ្ហាទាំងឡាយក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខ្លួន។
បៀវត្សអប្បបរមា ១៧០ ដុល្លារ និងអត្ថប្រយោជន៍ថ្មីដែលទទួលបានក្នុងឆ្នាំថ្មី
ក្នុងរយៈកាលឆ្នាំកន្លងផុតទៅនេះ និងមកដល់ពេលនេះ កាលពីឆ្នាំ ២០១៧ ក្មួយៗកម្មករ/ការិនីរបស់យើងបានអនុវត្តនូវប្រាក់បៀវត្សអប្បបរមាចំនួន ១៥៣ ដុល្លារសហរដ្ឋអាមេរិក ហើយឥឡូវនេះ បានឆ្លងកាត់រយៈពេល ១៧ ថ្ងៃ នៅក្នុងឆ្នាំថ្មី ដែលក្មួយៗបាន និងកំពុងទទួលផលប្រយោជន៍ពីប្រាក់ឈ្នួលអប្បបរមារហូតទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក រួមជាមួយផលប្រយោជន៍ដទៃទៀត ដែលពូ ក្នុងនាមរាជរដ្ឋាភិបាល ក៏សុំយកឱកាសនេះ អបអរសាទរជាមួយក្មួយៗ ចំពោះអត្ថប្រយោជន៍ថ្មី ដែលក្មួយទទួលបានក្នុងឆ្នាំថ្មី។
ទោះបីប្រាក់ឈ្នួលនៅកម្ពុជា ច្រើនជាងប្រទេសក្នុងតំបន់ ក៏ត្រូវពិនិត្យមើលទៀងទាត់ព្រោះជាការប្រកួតប្រជែង
ពិតណាស់ បើយើងពិតមើលអំពីកំណើនប្រាក់ចំណូលរបស់ក្មួយៗ ដែលជាកម្មករ/ការិនីរបស់យើង ជាមួយនឹងប្រាក់ឈ្នួលអប្បបរមា បូកនឹងអត្ថប្រយោជន៍ដទៃទៀត គឺភាគច្រើនទទួលបានលើសពី ២០០ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងពេលដែលប្រទេសមួយចំនួនមានប្រាក់ឈ្នួលទាបជាងយើងពាក់កណ្ដាលឯណោះ។ ប៉ុន្តែស្ថានភាពប្រទេសនីមួយៗមិនដូចគ្នាទេ ដូចជានៅបង់ក្លាដេស ប្រាក់ឈ្នួលមានត្រឹមតែ ៦៧ ដុល្លារ។ នៅស្រីលង្កា មានប្រាក់ឈ្នួលត្រឹមតែ ៦៧ ដុល្លារ។ នៅឥណ្ឌាមានប្រាក់ឈ្នួលត្រឹមតែ ៧៧ ដុល្លារ។ នៅឯមីយ៉ាន់ម៉ាមានប្រាក់ឈ្នួលត្រឹមតែ ៧៩ ដុល្លារ។ នៅឡាវមានប្រាក់ឈ្នួលត្រឹមតែ ១១០ ដុល្លារ។ ប៉ុន្តែឥឡូវនេះ គេក៏អាចមានការប្រែប្រួលកើនឡើងផងដែរ យើងត្រូវតាមដានពិនិត្យមើលទៀងទាត់ ព្រោះនេះក៏ជាការប្រកួតប្រជែងមួយទៅលើបញ្ហាវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលជាវិស័យនាំមុខមួយនៅក្នុងចំណោមការដោះស្រាយការងារធ្វើ សម្រាប់ប្រជាពលរដ្ឋ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
ចំណូលកាន់តែច្រើន ចំណាយត្រូវបានកាត់បន្ថយ តាមរយៈការរក្សាអតិផរណានៅទាប
នៅពេលដែលប្រាក់ចំណូលកាន់តែច្រើន ដែលមុននេះធ្លាប់មានការចំណាយយ៉ាងធំនោះ ក៏ត្រូវកាត់បន្ថយមួយចំណែក តាមរយៈនៃការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សានូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស អតិផរណាដែលបានរក្សានូវប្រាក់ចំណូលនោះ គេហៅថា មិនអោយមានគម្លាត ដែលប្រាក់ចំណូលទប់ទល់មិនបានជាមួយនឹងការកើនឡើងថ្លៃទំនិញហួសហេតុ។ អតិផរណានៅក្នុងឆ្នាំ ២០១៧ បានកន្លងផុតទៅនេះ មានត្រឹមតែ ២,៩% តែប៉ុណ្ណោះ គឺអត់ដល់ ៣% ទេ ក្នុងផែនការរបស់យើងប្រចាំឆ្នាំ អតិផរណាត្រូវស្ថិតក្នុងរង្វង់ ៣,៥% ក៏ប៉ុន្តែ ឆ្នាំកន្លងផុតទៅនេះ អតិផរណាមានត្រឹមតែ ២,៩% តែប៉ុណ្ណោះ។ ដូច្នេះ ស្ថានភាព នៃប្រាក់ចំណូលរបស់យើង អាចទប់ទល់ អាចនៅសល់ បើនិយាយពីកំណើន នៃប្រាក់ឈ្នួល មានរហូតទៅដល់ ១១% ប៉ុន្តែ អតិផរណាមានត្រឹមតែ ២.៩% តែប៉ុណ្ណោះ។
តបណ្តាញទឹក/ភ្លើងទៅដល់ផ្ទះជួលកម្មករ បន្ថយថ្លៃប្រើ
ជាមួយនោះដែរ ដោយការខិតខំរបស់ស្ថាប័នរបស់រាជរដ្ឋាភិបាល មានដូចជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទាក់ទងទៅនឹងការត(បណ្តាញ)ទឹកទៅកាន់តំបន់ផ្ទះកម្មករ ដែលធ្វើអោយតម្លៃទឹកដែលផ្គត់ផ្គង់ចំពោះកម្មករត្រូវបានកាត់បន្ថយ តាមរយៈរដ្ឋាករទឹកស្វយ័តភ្នំពេញ។ តម្លៃអគ្គិសនីក៏ត្រូវបានកាត់បន្ថយ ដោយធ្លាប់ប្រើប្រាស់កាលពីពេលមុនតម្លៃខ្ពស់ ក៏ប៉ុន្តែ ក្រោយពេលមានការតភ្ជាប់អគ្គិសនីទៅកាន់តំបន់ផ្ទះជួលទាំងនោះ ក៏ត្រូវបានកាត់បន្ថយ ដែលប្រើប្រាស់ត្រឹមតែ ៤៨០ រៀល/គីឡូវ៉ាត់ម៉ោង នៅពេលដែលទឹកប្រើ(មានតម្លៃ)ត្រឹមតែ ៨០០ រៀល/ម៉ែតគូប តែប៉ុណ្ណោះ។
កម្មករទាំងក្នុង និងក្រៅប្រព័ន្ធ នឹងទទួលបានអត្ថប្រយោជន៍ដោយការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ
បន្ថែមលើនោះ ក៏មានការកាត់បន្ថយទៅលើសេវាមួយចំនួន ក្នុងនោះ សេវាថែទាំសុខភាព ដែលកាលពីមុននេះក្មួយៗធ្លាប់បង់ទៅដល់រហូត ៥០% សម្រាប់បេឡាជាតិសន្តិសុខទៅលើផ្នែកថែទាំសុខភាព តែក្នុងឆ្នាំថ្មីនេះ ក្មួយៗមិនត្រូវបានបង់ទៀតទេ ដោយថៅកែជាអ្នកបង់ជំនួស។ និយាយរួម កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺទទួលបាននូវអត្ថប្រយោជន៍ ដោយការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។
ទាំងកម្មករ/ការិនី ត្រូវដាក់តាមខ្លួននូវបណ្ណសម្គាល់ថាជាកម្មករ ដើម្បីទទួលបានសេវាឥតគិតថ្លៃ
ពិតមែនហើយ ខ្ញុំគួរតែនិយាយក្នុងឱកាសនេះផងដែរថា នៅថ្ងៃមួយនោះ យើងបានស្រាវជ្រាវភ្លាមៗត្រឹមតែរយៈពេលលើស ១ ម៉ោង បន្តិចតែប៉ុណ្ណោះ យើងបានទទួលនូវព័ត៌មានជាក់លាក់ អំពីបញ្ហាទាក់ទិនជាមួយនឹងបញ្ហាកម្មការិនីមានផ្ទៃពោះ ហើយទៅពិនិត្យនៅឯមន្ទីរពេទ្យ និងត្រូវបានបង់ថ្លៃសេវា។ ប៉ុន្តែ នៅពេលដែលយើងបានរកឃើញ ក៏ជាចំណែកដែលយើងត្រូវមានការទទួលខុសត្រូវទាំងអស់គ្នា។ ខាងមន្ទីរពេទ្យ គឺមិនបានអនុវត្តអំពីការមិនបង់ប្រាក់ សម្រាប់ការពិនិត្យមានផ្ទៃពោះនោះទេ ក៏ប៉ុន្តែ ជាកំហុស(ដែរ)ដែលស្ត្រីមានផ្ទៃពោះខ្លួនឯងមិនយកបណ្ណកម្មករទៅជាមួយ។ នៅពេលនោះ ជំនួបមួយបានកើតឡើងភ្លាមៗ រវាងគ្រូពេទ្យជាមួយនឹងកម្មការិនី ព្រមទាំងប្តីរបស់គាត់ផងដែរ ដើម្បីផ្តល់ប្រាក់ត្រឡប់ទៅវិញ ហើយក៏បានធ្វើការសុំអភ័យទោស។ នេះក៏យើងទទួលបានតាមរយៈ Facebook ដែល Admin Facebook របស់ខ្ញុំបានទទួលនូវការនិយាយ ហើយបញ្ជូនទាំងបង្កាន់ដៃ នៃការទទួលប្រាក់ ទើបយើងស្គាល់ទីកន្លែង ហើយយើងក៏បានដោះស្រាយ។ ខ្ញុំក៏សូមបញ្ជាក់ថា ទាំងកម្មករ/ការិនីទាំងអស់ ទៅណាត្រូវយកនូវបណ្ណ ដែលសម្គាល់ថាជាកម្មករទៅជាមួយ ដើម្បីធានាថា នៅពេលយើងចូលមន្ទីរពេទ្យ យើងមិនត្រូវបានបង់ថ្លៃទេ នៅពេលយើងជិះរថយន្តក្រុង យើងមិនត្រូវបានបង់ថ្លៃទេ យើងមិនអាចអះអាងតែមាត់ថា យើងជាកម្មករ ឬកម្មការិនី ហើយទាមទារអោយគេមិនយកប្រាក់ពីយើងនោះទេ។ នេះគ្រាន់តែជាការរំលឹកចំពោះក្មួយៗតែប៉ុណ្ណោះ។
អរគុណស្ថាប័នពាក់ព័ន្ធ អនុវត្តយ៉ាងត្រឹមត្រូវនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល
ខ្ញុំអរគុណណាស់ និងកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ ជាមួយនឹងក្រសួងសុខាភិបាល ដែលថ្ងៃមុន ខ្ញុំបានទៅសម្ពោធដាក់អោយប្រើប្រាស់នូវអគារសម្រាប់ព្យាបាលមហារីក និងសម្ភព នៅឯមន្ទីរពេទ្យកាល់ម៉ែត ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យល្អដំបូង ដែលព្យាបាលជំងឺមហារីកបាញ់ដោយកាំរស្មី គេហៅថា វិទ្យុសកម្មនុយក្លេអ៊ែរនោះ ដែលអាច និងផ្តល់ឱកាសយ៉ាងច្រើន សម្រាប់ការព្យាបាល ជាពិសេស សម្រាប់ស្ត្រីដែលមានជំងឺពាក់ព័ន្ធជាមួយនឹងមហារីកស្បូននេះតែម្តង ឬក៏មហារីកដទៃទៀត ដែលយើងអាចដោះស្រាយនៅក្នុងប្រទេសរបស់យើងបច្ចុប្បន្ននេះ។ ពេលនោះ ក្រុមពេទ្យឆ្មបទាំងអស់ក៏បានប្រាប់ខ្ញុំអំពីចំនួនជាងពាក់កណ្តាល នៃចំនួនអ្នកដែលឆ្លងទន្លេ ដែលជាកម្មការិនីបានទៅឆ្លងទន្លេនៅឯមន្ទីរពេទ្យកាល់ម៉ែត។
ជារៀងរាល់ថ្ងៃរសៀល ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែធ្វើ របាយការណ៍អោយខ្ញុំជាទៀងទាត់។ រហូតមកដល់ពីម្សិលនេះ គិតត្រឹមម៉ោង ១០ និយាយរួមយកតួលេខត្រឹម ម៉ោង ១០ ព្រឹក មិនដឹងថាឥឡូវនេះត្រូវកើតបានប៉ុន្មានទៀតទេ? ប៉ុន្តែ ពីម្សិលមិញនេះ ស្ត្រីឆ្លងទន្លេ ១២៣ នាក់ ហើយមានកូន ១២៤ (នាក់)។ ម៉េចបានមនុស្សកើតតែ ១២៣ (នាក់) ដល់ទៅមានកូន ១២៤ (នាក់)? វាភ្លោះ។ ប៉ុន្តែ សរុបទាំង ១៦ ថ្ងៃ ម្សិលមិញត្រឹមថ្ងៃទី ១៦ ក្នុង ១៦ ថ្ងៃ នេះ កម្មការិនីឆ្លងទន្លេមាន ១ ៨៩៥ នាក់ ឯកូនមាន ១.៩១១ នាក់ ព្រោះភ្លោះច្រើនគូដែរ។ យើងបានបើកផ្តល់ប្រាក់ចំនួន ៧៦៤ លាន ៤ សែន រៀល។ អញ្ចឹង សូមកោតសរសើរជាមួយនឹងការខិតខំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល ហើយជាពិសេសបេឡាជាតិសន្តិសុខសង្គម ដែលបានបើកផ្តល់នៅនឹងកន្លែងភ្លាមៗ សម្រាប់កម្មការិនីមានផ្ទៃពោះ ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល និងរបស់នាយករដ្ឋមន្ត្រីដោយផ្ទាល់តែម្តង។ នៅក្នុងឱកាស នៃការសម្ពោធដាក់ឲ្យប្រើប្រាស់នូវគោលនយោបាយគាំពារសង្គម ខ្ញុំបានផ្តល់នូវយោបល់សម្រាប់ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ដែលជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថាអោយយកចិត្តទុកដាក់អនុវត្តមុនគេ ចំពោះស្ត្រី ដែលមានផ្ទៃពោះ ហើយដែលត្រូវឆ្លងទន្លេ។ ឥឡូវនេះ យើងបាន និងកំពុងអនុវត្តជាក់ស្តែងទៅលើកម្មការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធមុនគេ។
ក្រសួងសេដ្ឋកិច្ច រក្សាប្រាក់បំរុង ២ លានដុល្លារជាប់ជានិច្ច សម្រាប់បេឡាជាតិសន្តិសុខសង្គម
ដូច្នេះហើយបានជាខ្ញុំនៅតែបន្តអំពាវនាវអោយគ្រប់គ្រឹះស្ថានទាំងអស់ មកចុះបញ្ជីជាមួយនឹងក្រសួងការងារ ដើម្បីធានានូវអត្ថប្រយោជន៍ សម្រាប់កម្មករ/ការិនីរបស់ខ្លួន។ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវតែឈ្លាសវៃ ដើម្បីធានាទៅដល់សុខុមាលភាព និងអត្ថប្រយោជន៍ដទៃទៀតរបស់កម្មករ/ការិនី ដែលធ្វើការជាមួយខ្លួន។ ស្ត្រីឆ្លងទន្លេត្រូវបានដោះស្រាយបញ្ហានេះ ហើយខ្ញុំជឿជាក់ថា នឹងដោះស្រាយកាន់តែល្អឡើង តាមរយៈយើងបង្ហូរមូលនិធិទៅកាន់បេឡាជាតិសន្តិសុខសង្គម ដែលយើងបម្រុងក្នុងមួយឆ្នាំ ប្រមាណជា ១០ លានដុល្លារសហរដ្ឋអាមេរិក ហើយមិនមានការចាំបាច់ ដើម្បីនឹងទៅរកលុយឯណាផ្សេងទៀតទេ ដោយសារតែថវិកានោះ ត្រូវបានផ្ទេរ បុរេប្បទានមុន ២៥% ស្មើនឹង ២ លានដុល្លារកន្លះ គិតជាប្រាក់រៀលប្រមាណជា ១០ ពាន់លានរៀល ដើម្បីទៅបេឡាជាតិសន្តិសុខសង្គម។ នៅពេលដែលចាយអស់យ៉ាងដូច្នេះ ដូចជាឥឡូវនេះ ប្រហែលជាមកដល់ត្រឹមថ្ងៃនេះ អាចនឹងចាយទៅដល់ ៨០០ លាន បើ ៨០០ លាន យើងត្រូវចាយអស់ ២០ ម៉ឺនអញ្ចឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបញ្ចូល ២០ ម៉ឺនបន្ថែមទៀត ដើម្បីរក្សានូវចំនួនប្រាក់ ២ លានកន្លះ នៅក្នុងដៃ សម្រាប់បេឡាជាតិសន្តិសុខសង្គមប្រើប្រាស់។ មិនអាចនិយាយបានថា ខ្វះសាច់ប្រាក់បើកនោះទេ ព្រោះប្រព័ន្ធទូទាត់បច្ចុប្បន្ននេះវាទំនើបណាស់ ប្រើប្រាស់ប្រព័ន្ធដូចជាធនាគារ ឬក៏ដូចជាប្រព័ន្ធវីងជាដើម គឺអាចទទួលបានប្រាក់ភ្លាមៗ សម្រាប់ផ្តល់ជូនកម្មករ/ការិនីរបស់យើង មិនខ្វះទេប្រព័ន្ធ។ ឥឡូវគេមានកាត ATM ព្រោះខ្ញុំអត់ស្គាល់ទេ អត់ដែលបានចាយលុយ។ បើផ្តល់លុយឲ្យក្មួយៗ អាហ្នឹងមាន ប៉ុន្តែដល់ចាយលុយខ្លួនឯង អត់ដែលចាយ។
ជីវិតជានាយករដ្ឋមន្រ្តីកម្សត់បន្តិច
… មានកាតមានអីដូចគេដូចឯង ប៉ុន្តែអត់ដែលបានចាយ។ កាត ទាំងក្រេឌីតកាតស្អីៗមានទាំងអស់ ប៉ុន្តែមិនដែលស្គាល់ គេថាឲ្យស្គាល់ ចាំលេខកូដ … ជីវិតនាយករដ្ឋមន្ត្រីកំសត់ណាស់ និយាយឲ្យពិត ហើយកំសត់របស់ខ្ញុំនេះវាកំសត់មែន ដោយសារតែជាមនុស្សមិនចូលចិត្តរង្គសាល មនុស្សមិនចូលចិត្តការទទួលទានអាហារនៅតាមហាងនានា មានដែរម្តងម្កាល មួយឆ្នាំជួនកាលជួបប្រទះបាន ១ ដង ២ ដង ៣ ដង អីអញ្ចឹងទៅ តាមសទ្ធាជ្រះថ្លារបស់ប្រពន្ធទេ។ បើប្រពន្ធគេរៀបចំឲ្យទៅ ក៏ទៅៗ … ប្រពន្ធរបស់ខ្ញុំមិនដែលរករឿងខ្ញុំទេ … ខ្ញុំអាចនិយាយបានដោយមោទនភាពថា ពូពិតជាមានសំណាងណាស់ដែលបានប្រពន្ធ ដែលមើលការខុសត្រូវគ្រប់យ៉ាងរាប់ទាំងសម្លៀកបំពាក់របស់ប្តីទៅណាមកណា … វាកម្សត់បន្តិច ប៉ុន្តែវាបានការងារ នៅពេលដែលហាត់ប្រាណ បន្ទាប់ពីការសម្រាកបន្តិច យើងពិនិត្យមើលការងារតាមប្រព័ន្ធ ដែលគេបញ្ជូនពីបណ្តាខេត្ត ពីខាងកងទ័ព ពីខាងសន្តិសុខជាតិ និងពីខាងផ្នែកដទៃទៀត ដែលបានវាយចូលមករាយការណ៍ឲ្យនាយករដ្ឋមន្ត្រី។
លើកទឹកចិត្តឲ្យបន្តការអនុញ្ញាតឲ្យចេញមុនម៉ោង និងការផ្តល់ប្រាក់ឈ្នួលឲ្យកាន់តែខ្ពស់
ឥឡូវនេះ ខ្ញុំវិលទៅរកទាក់ទិនជាមួយនឹងអត្ថប្រយោជន៍ ដែលក្មួយៗទទួលបាន ហើយដែលថ្ងៃនេះ ក្មួយៗជា ស្ត្រីមានផ្ទៃពោះចំនួន ៤៨៥ នាក់ បានមកចូលរួម។ មិនមែនជាចំនួនតិចទេ អាចនិយាយបានថា ឥឡូវ កម្មការិ នីរបស់យើងនៅតាមកន្លែងនីមួយៗ គឺមានស្ត្រីច្រើន មានស្ត្រីដែលមានផ្ទៃពោះ អាចផ្តល់កំណើតឲ្យកូនក៏មានច្រើនបង្គួរ។ មុននេះ ក្មួយៗបានចេញពីរោងចក្របានមុន ៥ នាទី មុន ១០ នាទី បានចេញមុន ១៥ នាទី ប៉ុន្តែឆ្លងកាត់តាមរយៈការចុះសួរសុខទុក្ខរបស់ពូ ពូក៏បានស្នើសុំម្ចាស់រោងចក្រ សុំឲ្យស្ត្រីដែលមានផ្ទៃពោះទាំងអស់បានចេញមុន ១៥ នាទី។ ពិតហើយចេញមុន ១៥ នាទីនេះ គឺជាការកំណត់ ប៉ុន្តែបើរោងចក្រណាមានចិត្តធម៌ អាចផ្តល់ឱកាសឲ្យស្ត្រីដែលមានផ្ទៃពោះចេញមុនលើសពី ១៥ នាទី អាហ្នឹងក៏ល្អដែរ។ សង្ឃឹមថា ម្ចាស់រោងចក្រនឹងមានការយោគយល់ចំពោះស្ត្រីមានផ្ទៃពោះ ដែលផ្តល់ឱកាសសម្រាប់ការចេញ ខ្ញុំលើកឧទាហរណ៍ទេ ត្រឹម ៤ ខែទៅដល់ ៦ ខែ អនុញ្ញាតថា ១៥ នាទី អញ្ចឹងចុះ ប៉ុន្តែចាប់ពី ៦ ខែទៅដល់ ៨ ខែ អាចថាឡើងទៅដល់ ២០ នាទី ប៉ុន្តែចាប់ពី ៨ ខែឡើង ថាឲ្យទៅដល់កន្លះម៉ោងទៅ អាហ្នឹងកាន់តែល្អ។
រាជរដ្ឋាភិបាលក៏តាមមើលអញ្ចេះទេ សូមបញ្ជាក់ មិនមែនប្រាក់បៀវត្សអប្បបរមា ១៧០ ដុល្លារ អ្នកធ្លាប់ឲ្យលើស(ត្រូវ)បញ្ចុះមកត្រឹម ១៧០ ដុល្លារទេ ឬក៏ស្ត្រីដែលមានស្ត្រីមានផ្ទៃពោះ អ្នកដែលធ្លាប់ឲ្យ ២០ នាទី ឬ ៣០ នាទី បញ្ចុះមកនៅ ១៥ នាទីទេ។ រាជរដ្ឋាភិបាលពិនិត្យមើលប៉ុណ្ណេះ អ្នកណាផ្តល់ឲ្យកម្មករ/ការិនី ក្រោម ១៧០ ដុល្លារគឺខុសច្បាប់។ ប៉ុន្តែបើឲ្យលើសពី ១៧០ ដុល្លារឡើងលើ គឺត្រូវទាំងអស់។ លើកទឹកចិត្តឲ្យផ្តល់ឲ្យខ្ពស់។ ខាងផ្នែកការចេញមុនម៉ោង ក៏ដូចគ្នាដែរ កាលណាឲ្យចេញមុន ចេញតិចជាង ១៥ នាទី គឺមិនត្រូវនឹងអ្វីដែលយើងបានព្រមព្រៀងគ្នាទេ ប៉ុន្តែ បើកាលណាឲ្យលើស អាហ្នឹងត្រូវទាំងអស់ លើកទឹកចិត្តទាំងអស់។
កំណើនសេដ្ឋកិច្ចរឹងមាំពី ២០១៧ ជះឥទ្ធិពលមក ២០១៨
ឆ្នាំ ២០១៧ កន្លងទៅ ជាឆ្នាំនៃកំណើនសេដ្ឋកិច្ចរឹងមាំរបស់យើង ហើយឥឡូវនេះ ឥទ្ធិពលនៃកំណើនសេដ្ឋកិច្ច ដ៏ល្អ វាក៏បានជះចូលក្នុងឆ្នាំ ២០១៨ ព្រោះថា បើទោះបី(កំពុង)បិទបញ្ជីខាងផ្នែកហិរញ្ញវត្ថុធ្វើការទូទាត់នឹងរៀបចំថវិកាប្រចាំឆ្នាំ។ ប៉ុន្តែ បញ្ហាសេដ្ឋកិច្ចគឺវាមិនបិទបញ្ជីទៅតាមឆ្នាំនោះទេ ដូចជា កសិកម្ម ការបង្កបង្កើនផល ទាំងស្រូវវស្សា និងស្រូវប្រាំង ដែលបានបង្កបង្កើនផលពីឆ្នាំ ២០១៧ កន្លងទៅ វាកំពុងតែបន្តរុញច្រានមកទទួលផលនៅក្នុងឆ្នាំ ២០១៨។ ការបញ្ជាទិញនៃបណ្តាក្រុមហ៊ុន ដែលនាំចេញពីកម្ពុជា ទាំងវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម នៅតែបន្តរក្សានូវអ្វីដែលមានកាលពីពេលមុន។ អ្នកទេសចរដែលរៀបចំធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏បន្តមកតាមការគ្រោងទុករបស់ពួកគេ ហើយចំនួនទេសចរកាន់តែមានការកើនឡើង។ ឆ្នាំកន្លងទៅនេះ យើងទទួលទេសចររហូតទៅដល់ ៥ លាន ៦ សែននាក់ ដែលចាត់ទុកថាជាប្រទេសដ៏តូចមួយ ទទួលទេសចរដ៏ខ្ពស់ រហូតទៅដល់យើងគិតគូរស្តីអំពីបញ្ហាការកសាងព្រលានយន្តហោះថ្មី ទាំងនៅទីក្រុងភ្នំពេញ និងនៅទីក្រុងសៀមរាប ដោយសារសមត្ថភាពទទួលនៃព្រលានយន្តហោះរបស់យើងមិនគ្រប់គ្រាន់ សំរាប់គោលដៅវែងឆ្ងាយទៅមុខទៀតទេ។ យើងត្រូវចាប់ផ្តើមគិតពីឥឡូវ សម្រាប់កំណើនរយៈពេលវែងរបស់យើង តាមរយៈនៃការវិនិយោគកសាងនូវព្រលានយន្តហោះថ្មី ទាំងនៅទីក្រុងភ្នំពេញ និងនៅសៀមរាប។
នៅលើលោកនេះ គ្មានប្រទេសណាដែលខ្លោចផ្សារ ទុក្ខលំបាក វេទនា លើសពីកម្ពុជាទៀតទេ
ឥឡូវនេះ យើងអាចក្រឡេកមើលជាសាក្សីរួមគ្នា ទៅលើបញ្ហាសំណង់អគារនៅចំណែកខាងណោះ គឺជាអគាររោងចក្រ។ នោះហើយគឺជាសមិទ្ធផលដែលនឹងបន្តសម្រាប់ការដោះស្រាយការងារធ្វើរបស់ពលរដ្ឋរបស់យើង។ យើងត្រូវការបន្ថែម ដើម្បីដោះស្រាយការងារធ្វើសម្រាប់ពលរដ្ឋរបស់យើង សម្រាប់ប្រាក់ចំណូលរបស់យើង ហើយការងារ និងប្រាក់ចំណូលដែលក្មួយៗកំពុងមាននេះ ត្រូវការពារវាឲ្យបាន។ យើងរកវាបានដោយលំបាកណាស់ មិនត្រូវឲ្យអ្នកណាបំផ្លាញ ទោះបីជាឧទ្ទាមនៅក្នុងព្រៃ ឬឧទ្ទាមទីក្រុង ក៏មិនផ្តល់ការអនុញ្ញាតឲ្យបំផ្លិចបំផ្លាញនូវអ្វីដែលបាន និងកំពុងមានរួចមកហើយនោះទេ។ ទម្រាំមានថ្ងៃនេះ ជីដូនជីតា និងឪពុកម្តាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ បានធ្វើការតស៊ូយ៉ាងខ្លាំងទើបមានថ្ងៃនេះ។ ប្រទេសរបស់យើងត្រូវហែកហួរដោយសង្រ្គាម ត្រូវញាំញីដោយរបបប្រល័យពូជសាសន៍ និងបន្តដោយសង្រ្គាមស៊ីវិលនៅក្នុងប្រទេស ទម្រាំរកបាននូវសុខសន្តិភាព។ មិនមែនជាការលេងសើចទេ។ ជីវិតមនុស្សស្លាប់ច្រើនណាស់។ ប្រទេសមួយដែលមានប្រជាជនានប្ស៊ីវិល ើងត្រូវ ្រាប់ពលរដ្ឋ ៅ្ធិពលមក ២០១៨ត្រឹមតែប្រមាណ ៧ លាននាក់ ត្រូវបានសម្លាប់ប្រមាណ ៣ លាននាក់ រួចស្រេចទៅហើយ។ មួយភាគបីនៃប្រជាជនត្រូវបានសម្លាប់ នៅលើលោកនេះ គ្មានប្រទេសណាដែលខ្លោចផ្សារ ទុក្ខលំបាក វេទនា លើសពីកម្ពុជាទៀតទេ។ សម្បីតែ នៅ Rwanda នៅ Sierra Leone នៅប្រទេសដទៃទៀត ដែលគេចាត់ទុកថាមានសោកនាដកម្ម ក៏ប៉ុន្តែ សោកនាដកម្ម នោះវាមិនស្មើនឹងសោកនាដកម្មដែលបានកើតនៅក្នុងប្រទេសកម្ពុជាទេ។
ប្រែអត្រាក្រីក្រ ១០០% មកត្រឹមក្រោម ១០% និងឈានទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់
យើងបានងើបឈរឡើងព្រមៗគ្នា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជាតិរបស់យើង។ យើងបានតស៊ូរួមគ្នា ដើម្បីជំនះនូវការលំបាកទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត។ យើងបានខិតខំរួមគ្នា ដើម្បីធ្វើឲ្យជីវភាពសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនរបស់យើង កាន់តែប្រសើរ ដែលកាលពីមុននេះ ភាពក្រីក្រគ្របដណ្តប់នូវទូទាំងប្រទេសក្នុងអត្រា ១០០% គឺក្រទាំងអស់គ្នា។ ប៉ុន្តែ ឥឡូវនេះ ស្ថានភាពនៃភាពក្រីក្ររបស់យើង គិតត្រឹមឆ្នាំ ២០១៣-២០១៤ អត្រានៃភាពក្រីក្រធ្លាក់មកនៅត្រឹមតែ ១៣% ដែលប៉ាន់ស្មានមកដល់ពេលនេះនៅម្តុំ ៩% តែប៉ុណ្ណោះ ក្រោម ១០%។ ចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងដែលមុននេះទាបណាស់ រហូតដល់ឆ្នាំជាង ២០០០ ហើយ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងមិនទាន់ដល់ ៣០០ ដុល្លារសហរដ្ឋអាមេរិកផងទេ។ ឥឡូវនេះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងក្នុងម្នាក់ៗ មានប្រមាណ ១ ៥០០ ដុល្លារសហរដ្ឋអាមេរិកទៅហើយ ដែលយើងបានចាកចេញផុតពីប្រទេស ដែលមានប្រាក់ចំណូលកម្រិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
ប្រៀបធៀបស្ថានភាពគ្រួសារពីមុន និងបច្ចុប្បន្ន ទើបមិនវង្វេងទិស
ក្មួយៗសាកល្បងពិនិត្យមើលស្ថានភាពគ្រួសាររបស់ក្មួយៗ ទើបច្បាស់ជាង មិនចាំបាច់ពិនិត្យអំពីស្ថានភាពនៃប្រទេសជាតិរបស់យើង ដោយនៅលើដងផ្លូវពោរពេញទៅដោយរថយន្ត ទៅដោយទោចក្រយានយន្ត និងមធ្យោបាយដឹកជញ្ជូនស្អេកស្កះ រហូតទៅដល់ស្ទះចរាចរណ៍ទេ។ សូមពិនិត្យត្រឹមតែគ្រួសារក្មួយៗ ទើបអាចយល់ ប្រសិនបើដូច្នោះ យើងនឹងវង្វេងទិស ហើយវាយតម្លៃខុសនូវការពិតដែលយើងបានឆ្លងកាត់។ លើកជាសំណួរឡើងជាមួយនឹងជីដូនជីតា ជាមួយនឹងឪពុកម្តាយថា លោកតា លោកយាយ ឬក៏ពុកម៉ែ តើនៅពេលដែលចាប់ផ្តើមចេញពីរបប ប៉ុល ពត កាលពីពេលនោះ យើងមានអ្វីខ្លះ ពុកម៉ែមានអ្វីខ្លះ យាយតាមានអ្វីខ្លះ? សួរពួកគាត់ទើបពួកគាត់អាចបញ្ជាក់ច្បាស់ ហើយយើងយកស្ថានភាពនោះ មកប្រៀបធៀបជាមួយនឹងជីវភាពដែលបាននិងកំពុងមានប្រើប្រាស់សព្វថ្ងៃនេះ។ នេះហើយទើបធ្វើឲ្យយើងមិនវង្វេងទិស ក្នុងផ្លូវដើរដែលយើងបានឆ្លងកាត់ពីអតីតកាល ដែលជាប្រវត្តិដ៏ជូរចត់របស់កម្ពុជា។
ពីរោងចក្រ ចំនួនកម្មករ និងប្រាក់ចំណូលតិច មកច្រើន
សូម្បីតែក្នុងវិស័យវាយនភណ្ឌនេះ ក្មួយៗខ្លះធ្វើការច្រើនឆ្នាំហើយ ក្មួយៗខ្លះធ្វើការតាំងពីប្រាក់បៀវត្សមិនដល់ ៤០ ដុល្លារសហរដ្ឋអាមេរិកឯណោះ។ ឆ្នាំ ១៩៩៧ យើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រ ក្នុងផ្នែកកាត់ដេរនេះប៉ុណ្ណោះ ជាមួយនឹងកម្មករប្រមាណជា ៨ ម៉ឺន ២ ពាន់នាក់ និងប្រាក់ឈ្នួលអប្បបរមាតែ ៤០ ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែអ្នកដែលធ្វើការមុននោះ គឺប្រាក់ខែត្រឹមតែជាង ៣០ ដុល្លារ ទេ។ ឥឡូវតាមរយៈ នៃការរីកចម្រើន នៃវិស័យសេដ្ឋកិច្ចជាតិរបស់យើង ដោយការខិតខំរបស់គណបក្សប្រជាជន ដោយការខិតខំរបស់រាជរដ្ឋាភិបាល ប្រាក់ចំណូលរបស់ក្មួយៗ ក៏បានកើនឡើងរហូតដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងសហគ្រាសដែលមានប្រមាណជា ២ ម៉ឺនកន្លែង។ កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធប្រមាណជាង ១ លាន ៤ សែននាក់ និងក្រៅប្រព័ន្ធប្រមាណជា ២ លាន ៤ សែននាក់។ ប្រាក់ចំណូលកាន់តែធំ ដោយឡែកក្នុងវិស័យកាត់ដេរនេះ ផ្តើមចេញពីរោងចក្របន្តិចបន្តួច ហើយរហូតមកដល់ឆ្នាំ ១៩៩៧ មានត្រឹមតែ ៦៤ រោងចក្រ។ ឥឡូវនេះ យើងមានដល់ទៅជាង ១ ០០០ រោងចក្រ។ ពូទើបនឹងធ្វើដំណើរជួបកម្មកររោងចក្រ បានត្រឹមតែប្រធានរដ្ឋបាល ប្រធានផ្នែក និងជំនួយការ ប្រធានក្រុម ទើបនឹងបាន ៦៦៣ រោងចក្រ ស្មើនឹងពាក់កណ្តាលតែប៉ុណ្ណោះ។ សម្រាប់ការជួបជាមួយនឹងកម្មករ/ការិនីរោងចក្ររបស់យើង គឺទើបនឹងបាន ៣២២ រោងចក្រ។ អញ្ចឹង មិនទាន់បានមួយភាគបី នៃកម្មករ ដែលពូត្រូវធ្វើដំណើរទៅជួប ហើយមិនមែនគ្រាន់តែជួបនៅទីក្រុងភ្នំពេញទេ និងនៅបណ្តាខេត្ត។
ខ្ញុំស្នើឲ្យក្រសួងការងារ ពិនិត្យរៀបចំឡើងវិញនូវផែនការសម្រាប់ខេត្តព្រះសីហនុ យើងអាចផ្លាស់ប្តូរកម្មវិធីបន្តិចជាមួយគ្នា។ មុននេះប្រុងថា ទៅឆ្លងឆ្នាំនៅខេត្តព្រះសីហនុ ដោយយកថ្ងៃ ៣០ ជួបជាមួយនឹងប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ហើយថ្ងៃ ៣១ ជួបជាមួយកម្មករ ប៉ុន្តែគិតចុះ គិតឡើង គិតថា មួយឆ្នាំមានតែម្ដងមន្ត្រីរាជការរបស់យើង អ្នកដឹកនាំរបស់យើងក៏ត្រូវជួបជុំប្រពន្ធ កូន ក្រុមគ្រួសារ បើសិនជាខ្ញុំទៅធ្វើការនៅទីនោះ ច្បាស់ណាស់ថា ទន្ទឹមនឹងអង្គរក្សយ៉ាងច្រើន ទៅធ្វើកិច្ចការពារសន្ដិសុខនៅទីនោះ ក៏មានមន្ត្រីជាន់ខ្ពស់របស់យើងជាច្រើន ត្រូវអមដំណើរទៅជួបជាមួយកម្មករ/ការិនីនៅទីនោះផងដែរ។ ដូច្នេះ បានជាលើកពេល។ ប៉ុន្តែខ្ញុំមានកង្វល់ថា បើយើងអូសបន្លាយទៅដល់ខែឧសភា រហូតទៅដល់ថ្ងៃទី ១ ឧសភា ច្បាស់ជាមានភ្លៀងធ្លាក់ ព្រោះតំបន់មាត់សមុទ្រ ជាតំបន់មានភ្លៀងធ្លាក់មុន។ ដូច្នេះ គួរត្រូវបានរៀបចំបង្វែរកម្មវិធីបន្ដិច យើងអាចជួបជាមួយកម្មករ/ការិនីនៅតំបន់ក្រុងព្រះសីហនុដែលមានកម្មករជិត ២ ម៉ឺននាក់ នោះអាចធ្វើការជួបជុំគ្នាមុនភ្លៀងធ្លាក់គឺជាការល្អ ព្រោះកាលដែលពេលយើងជួបកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស យើងធ្លាប់ជួបប្រទះនូវភ្លៀងម្ដងហើយ។ អញ្ចឹងទេ គួរត្រូវបានកែសម្រួលបន្ដិច ចាំពិភាក្សាជាមួយអ្នកកាន់កម្មវិធីរបស់ខ្ញុំ និងក៏ចំណុះទៅលើកម្មវិធីរបស់ខ្ញុំដែរ យើងអាចទៅពីរថ្ងៃនៅទីនោះ។ មួយថ្ងៃជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងមួយថ្ងៃទៀត ជួបរួមជាមួយកម្មករ/ការិនីរបស់យើងនៅទីនោះឲ្យហើយ។ ឯសម្រាប់ថ្ងៃទី ១ ខែ ឧសភា ជាថ្ងៃទិវាពលកម្មអន្ដរជាតិ យើងអាចដាក់ក្នុងកម្មវិធីមួយផ្សេង ទោះបីមានភ្លៀងធ្លាក់ក៏មិនមានបញ្ហាអ្វីដែរ។
សន្ដិភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍ
ខ្ញុំពិតជាសប្បាយរីករាយជាមួយនឹងវឌ្ឍនភាពរបស់កម្ពុជា ក៏ប៉ុន្តែសុំផ្ដាំផ្ញើជាមួយក្មួយៗទុកឲ្យហើយ មិនមែនសមិទ្ធផលទាំងឡាយ ផលប្រយោជន៍ដែលក្មួយៗទទួលបានទាំងនេះ វាធ្លាក់ពីលើមេឃមកទេ ហើយវាមិនមែនកើតក្នុងកាលៈទេសៈនៃប្រទេសមានសង្គ្រាមនោះដែរ។ វាបានមកពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ចាប់ពីដំណាក់កាល ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ និងរហូតមកដល់ក្មួយៗ ដែលបានរួមចំណែកយ៉ាងធំធេងបង្កើតនូវសមិទ្ធផលមកដល់សព្វថ្ងៃនេះ គ្មានជោគជ័យណាមួយដោយខ្វះការចូលរួម និងការគាំទ្ររបស់ប្រជាជនទេ។ យើងលំបាកណាស់ ទម្រាំរកបាននូវសន្ដិភាព ដែលផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ បទពិសោធន៍ជាមេរៀនផ្ដល់ឲ្យយើងគ្រប់គ្រាន់ហើយ ការឈឺចាប់របស់ប្រជាជនកម្ពុជា វាលើសពីការគ្រប់គ្រាន់ទៅទៀត។ គ្រាប់បែក គ្រាប់ផ្លោង ឥឡូវនេះ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងឡាយ នៅមិនទាន់ដោះអស់នៅឡើយទេ វានៅតាមប្រហារជីវិតប្រជាជនដ៏កម្សត់របស់យើងតទៅទៀត។ តើនោះជាអ្វី? ជាសង្គ្រាមដែលគេបង្កើតឡើងនៅលើទឹកដីកម្ពុជារបស់យើង។ ពូជាក្មេងជំនាន់ក្រោយ នៅពេលដែលសង្រ្គាមផ្ទុះឆាបឆេះនៅលើទឹកដីកម្ពុជាឆ្នាំ ១៩៧០ ពេលនោះ ពូអាយុមិនទាន់គ្រប់ ១៨ ឆ្នាំ ផង ប៉ុន្តែបែរជាសង្គ្រាមនេះតម្រូវឲ្យពូជាក្មេងជំនាន់ក្រោយដោះស្រាយរកសន្ដិភាព ដែលជាចំណងរបស់មនុស្សចាស់ដែលជាអ្នកចង តែក្មេងជំនាន់ក្រោយជាអ្នកស្រាយ។
មានសន្តិភាព ទើបមានទេសចរ មានវិនិយោគ មានលទ្ធិប្រជាធិបតេយ្យ
ការស្វែងរកសន្ដិភាពវាលំបាកណាស់ តែការបំផ្លាញសន្ដិភាព គឺវាងាយស្រួល។ ដូច្នេះហើយបានជាមិនត្រូវទុកឲ្យអ្នកគិតថា អ្នកបំផ្លាញសន្ដិភាពនេះ អាចមានឱកាសបំផ្លាញតទៅទៀត។ ទោះដោយតម្លៃណាក៏ដោយ មិនត្រូវទុកឱកាសឲ្យពួកគេទេ ព្រោះគ្មានអ្នកណាមកស្លាប់ជំនួសយើង ក្រៅពីយើង ដែលជាអ្នកមានសញ្ជាតិតែមួយនោះទេ។ យើងគ្មានសញ្ជាតិច្រើនសម្រាប់ទៅជ្រកកោននៅប្រទេសក្រៅទេ យើងមានសញ្ជាតិតែមួយតែប៉ុណ្ណោះ ប្រជាជនគ្មានលទ្ធភាពនោះទេ។ សូមសួរជីដូនជីតា ឪពុកម្ដាយ តើវេទនាប៉ុណ្ណានៅក្នុងសម័យ ដែលជួបប្រទះសង្គ្រាមកលយុគ និងអស្ថេរភាពនៅក្នុងប្រទេស? សូម្បីតែក្មួយៗក៏បានជួបប្រទះក្នុងអតីតកាល ក្មួយៗមួយចំនួន ក៏បានកើតមុនបញ្ចប់សង្គ្រាម។ សង្គ្រាមវាបានបំផ្លាញយើងគ្រប់បែបយ៉ាង មិនគ្រាន់តែប្រទេសយើងទេ សព្វថ្ងៃ ទូរទស្សន៍កំពុងចាក់ផ្សាយច្រើនណាស់នូវសង្គ្រាមដែលកំពុងប្រយុទ្ធនៅអាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ លីប៊ី ស៊ីរី នៅយេមែន ឥឡូវ ហើយវាបន្ដជាមួយវត្ដមានសង្រ្គាមនៅតាមប្រទេសផ្សេងៗទៀត ដែលកម្ពុជាបច្ចុប្បន្នក៏កំពុងបញ្ជូនកម្លាំងទៅជួយ រួមចំណែកជាមួយអង្គការសហប្រជាជាតិ ការពារនូវសន្ដិសុខ ចូលរួមរក្សាសន្ដិភាពនៅក្នុងប្រទេសនោះ ដូចជា នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកខាងកណ្ដាល និងម៉ាលី ដែលប៉ុន្មានខែមុននេះ កងទ័ពដ៏ក្លាហានរបស់យើង ៤ នាក់ ត្រូវពលីជីវិត នៅប្រទេសអាហ្វ្រិកកណ្ដាល។ សួរថា តើប្រទេសទាំងនោះ ដែលមិនមានសន្ដិភាព តើទេសចរគេអាចទៅលេងទេ? គេមិនទៅលេងទេ។ រោងចក្រ សហគ្រាស ឬក៏ដំណើរការអភិវឌ្ឍណាក៏ដោយ វាមិនចាប់ក្នុងផ្ទៃនៃប្រទេសមានសង្គ្រាមទេ វាចាប់ក្នុងផ្ទៃតែក្នុងប្រទេសមានសន្ដិភាពតែប៉ុណ្ណោះ។ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតដែលអាចប្រព្រឹត្តទៅបាន វាក៏ត្រូវតែដំណើរការនៅក្នុងក្របខណ្ឌ នៃប្រទេសដែលមានសន្ដិភាពតែប៉ុណ្ណោះ។ បើអ្នកចង់បានប្រជាធិបតេយ្យ អ្នកត្រូវគិតឲ្យបានមុនគេបំផុត គឺប្រទេសមានសន្ដិភាព ស្ថេរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គម។ អ្នកមិនធ្វើការអាចបោះឆ្នោតក្រោមគ្រាប់ផ្លោង គ្រាប់បែកបានទេ។ អ្នកក៏មិនអាចធ្វើការបោះឆ្នោតនៅក្នុងស្ថានភាព នៃប្រទេសដែលមានការច្របូកច្របល់បានដែរ។
រក្សាសន្តិភាព ស្ថេរភាព ដើម្បីធានាការងារធ្វើ និងប្រាក់ចំណូល
ដូច្នេះ ដើម្បីបន្តមានការងារធ្វើ បន្ដនូវប្រាក់ចំណូល ដែលក្មួយៗកំពុងទទួល ហើយនិងបន្ដទទួលកាន់តែច្រើនទៅៗ ជម្រើសធំជាងគេ និងកិច្ចការដំបូងគេដែលត្រូវធ្វើ គឺចូលរួមចំណែករក្សាសន្ដិភាព ស្ថេរភាពនយោបាយដែលជាកត្តាធំបំផុតសម្រាប់ធានាដល់ការអភិវឌ្ឍ ធានាដល់ការងារដែលក្មួយៗកំពុងធ្វើ ធានាដល់ប្រាក់ចំណូល ដែលក្មួយកំពុងមាន ធានាដល់ការបង្កើតការងារថ្មីសម្រាប់មនុស្សមិនទាន់មានការងារធ្វើ ដែលមានទាំងកូនចៅក្មូយៗ មានទាំងសាច់ញាតិក្មួយៗ មិត្តភក្ដិក្មួយៗផងដែរ។ គ្មានជម្រើសណា ដែលល្អជាងជម្រើសបែបនេះនោះទេ សុំក្រឡេកមើលសោកនាដកម្មកំពុងកើតឡើងនៅប្រទេស ដែលមានសង្រ្គាម។ មិនថាសង្រ្គាមតូច ឬសង្គ្រាមធំនោះទេ វាសុទ្ធតែនាំមកនូវផលវិបាកទាំងអស់។ សូម្បីតែប្រទេសដែលមានសន្ដិភាព ក៏ប៉ុន្តែ គម្រាមកំហែងដោយភេរវកម្មវាយប្រហារ វាតែងតែបំផ្លិចបំផ្លាញដល់ជីវិតមនុស្ស ដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនោះ។ ដូច្នេះ សន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលអំពាវនាវឲ្យក្មួយៗបន្ដកិច្ចខិតខំប្រឹងប្រែងរួមជាមួយរាជរដ្ឋាភិបាល រួមជាមួយនឹងប្រជាជនកម្ពុជា បង្កើតឡើងនូវស្ថានភាពល្អប្រសើរសម្រាប់រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម។
មិនឲ្យមានបងតូច បងធំ និងក្រុមគ្រឿងញៀនតាមរោងចក្រ ធានាសុវត្ថិភាពការងារ
ក្មួយៗមិនអាចមានសុវត្ថិភាពការងារ នៅពេលដែលមានក្រុមបងតូចបងធំ នៅតាមរោងចក្រ។ ក្មួយៗមិនអាចមានសុវត្ថិភាពការងារ នៅពេលដែលតាមបណ្តារោងចក្រពោរពេញដោយក្រុមគ្រឿងញៀនបំពាននៅទីនោះ។ ដូច្នេះ អ្វីដែលមានរួចមកហើយ យើងខិតខំថែរក្សា គឺរបស់ដែលមាន។ ដើម្បីរក គឺវាលំបាកណាស់ នៅពេលដែលពូចេញដំណើរទៅរកការដឹកនាំសង្រ្គោះប្រទេស ពេលនោះ ពូទើបមានវ័យ ២៥ ឆ្នាំ តែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ រយៈពេល ៤០ ឆ្នាំក្រោយ ពូមានវ័យលើសពី ៦៥ ឆ្នាំទៅហើយ មិនមានឱកាសដើម្បីនឹងទៅរែកពន់នូវកិច្ចការទាំងឡាយបន្ថែមទៀតទេ។ វាលំបាកណាស់ហើយ នៅពេលដែលពូដើរចរចា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់កម្ពុជា ពូក៏ទើបនឹងមានអាយុត្រឹមតែជាង ៣០ ឆ្នាំ មិនទាន់ដល់ ៤០ ឆ្នាំទេ។ កិច្ចព្រមព្រៀងប៉ារីសត្រូវបានចុះហត្ថលេខា នៅពេលដែលពូមានអាយុទើបនឹង ៣៩ ឆ្នាំ។ នៅពេលដែលសង្គ្រាមបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ពេលនោះ ពូក៏ទើបនឹងមានអាយុ ៤៦ ឆ្នាំដែរ។ ដូច្នេះកម្លាំងកំហែងច្បាស់ហើយថា វាមិនអាចមានមនុស្សដែលមានវ័យចំណាស់ណាមួយ ដែលមានកម្លាំងកំហែងលើសពីខ្លួននៅក្មេងនោះទេ។ ពេលនោះ ច្បាស់ណាស់ថាមានជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបានចូលរួមចំណែកគាំទ្រ ដើម្បីអនុវត្តនូវគោលនយោបាយទាំងឡាយ ដែលដាក់ចេញនៅពេលនោះ រាប់ទាំងនយោបាយឈ្នះឈ្នះចុងក្រោយនាំមកនូវសន្តិភាព និងឯករាជ្យភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត រាប់សិប ឬក៏រាប់រយឆ្នាំ។
ថ្ងៃនេះ បានជួបក្មួយៗពិតជាសំណាងល្អ ដែលពូមានឱកាសបានឈរនិយាយ ហើយក្មួយៗអង្គុយយ៉ាងសុខសប្បាយ។ សង្ឃឹមថា ស្ថានភាពបែបនេះនឹងកើតជាបន្តសម្រាប់អនាគត អស់ពីក្មួយៗ ទៅដល់កូនចៅ សាច់ញាតិរបស់ក្មួយៗបន្តទៀត ព្រោះបញ្ហារបស់យើងវាមិនបញ្ចប់ត្រឹមថ្ងៃនេះទេ។ យើងត្រូវការទទួលទានរាល់ថ្ងៃ យើងត្រូវការនូវការរស់បន្ត ដូច្នេះ គ្មាននរណាមួយរស់ដោយមិនអាចនឹងធ្វើការបានទេ មិនថាក្នុង ឬក្រៅប្រព័ន្ធ សុទ្ធតែត្រូវការទទួលទានទាំងអស់គ្នា។ មនុស្សកើតឡើងមានចំណុចខុសគ្នា ក៏ប៉ុន្តែ អ្វីដែលដូចគ្នា មនុស្សត្រូវការរស់ ត្រូវការសេរីភាព ការស៊ីចុក ស្លៀកពាក់ ការរៀនសូត្រ កាន់តែប្រសើរ។ ទាំងអស់នេះ សុទ្ធតែជាចំណុចដែលទាមទារឲ្យយើងប្រឹងប្រែងធ្វើកិច្ចការទាំងអស់គ្នា។
បៀវត្សបន្តឡើងរាល់ឆ្នាំ/បៀវត្សឡើងបានមកពីណា?
ថ្ងៃនេះ ពូពិតជាគ្មានអ្វីជាចំណុចផ្តួចផ្តើម ដើម្បីផ្តល់នូវការសម្រេចបន្ថែមជូនទេ ប៉ុន្តែកិច្ចការងារនេះអាចនឹងត្រូវធ្វើការសម្រេចបន្ថែម ចាប់ពីពាក់កណ្តាលឆ្នាំទៅ ឬក៏កៀកទៅនឹងចូលឆ្នាំក្រោយ ឧទាហរណ៍ បៀវត្សមិនមែនឡើងត្រឹមតែឆ្នាំ ២០១៨ ទេ ឆ្នាំ ២០១៩ ក៏ត្រូវឡើង ២០២០ ក៏ត្រូវឡើង ២០២១ ក៏ត្រូវឡើង និយាយទៅឆ្នាំណាក៏ត្រូវឡើងប្រាក់ខែដែរ។ ដើម្បីឲ្យក្មួយៗបាន ១៧០ ដុល្លារនេះ ពូត្រូវអង្គុយ និងធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការងារ តើយើងដោះស្រាយយ៉ាងណា បើថៅកែរោងចក្រលទ្ធភាពរបស់គាត់មានត្រឹមតែ ១៦៥ ដុល្លារទេ ហើយយើងតម្រូវឲ្យគាត់បង់វិភាគទានថវិកា សម្រាប់ជាមូលនិធិថែទាំសុខភាព រហូតទៅដល់ ១០០% ជំនួយឲ្យកម្មករ ដែលមុននេះ កម្មករត្រូវបង់ពី ៨ ០០០ រៀល ទៅ ១៣ ០០០ រៀល ក្នុងមួយខែ។
ថៅកែរោងចក្រត្រូវផ្តល់អត្ថប្រយោជន៏កាន់តែច្រើនដល់កម្មករ/ការិនី ដូចជា កម្មការិនីឆ្លងទន្លេត្រូវបានឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០% ជាចំនួនមួយដែលថៅកែរោងចក្រត្រូវទទួលបន្ទុក។ ដូច្នេះ រាជរដ្ឋភិបាលក៏ត្រូវយកការសម្រេច ដោយសុខចិត្តខាតបង់ចំនួនប្រមាណជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ទៅលើពន្ធកាត់ទុក ដែលត្រូវពន្យាររហូតទៅដល់ឆ្នាំ ២០២២។ ត្រូវដោះស្រាយ លុបចោលនូវកម្រៃសេវាសម្រាប់ការនាំចេញ ហើយរាជរដ្ឋាភិបាលក៏ត្រូវលើកបារ៉ាស់ ដាក់ពិដានអំពីពន្ធលើប្រាក់បៀវត្ស ដែលមុននេះ ត្រឹមតែ ៨០ ម៉ឺនរៀលតែប៉ុណ្ណោះ ដែលត្រូវជាប់ពន្ធ តែឥឡូវនេះ ឡើងទៅដល់ ១ លាន ២ សែនរៀល ទើបជាប់ពន្ធ ដើម្បីជួយទៅដល់កម្មករ/ការិនី មន្ត្រីរាជការ និយោជិតទាំងអស់ នៅគ្រប់ទីកន្លែង ដើម្បីឲ្យពួកគេទទួលបាននូវផលប្រយោជន៍។ ៣០០ ដុល្លារ មិនជាប់ពន្ធទេ តែបើឡើងដល់ ៣០១ ដុល្លារ គឺត្រូវយក ១ ដុល្លារមកគិតពន្ធ មិនមែនយកអា ៣០០ ដុល្លារទេ ប្រយ័ត្នច្រឡំខុស។
កាលពីមុន យើងបានរាប់សិបដុល្លារ យើងសប្បាយណាស់ទៅហើយ ប៉ុន្តែ ឥឡូវ មានរាប់រយដុល្លារនៅក្នុងមួយខែៗ ហើយក្នុងមួយឆ្នាំៗ ក្មួយៗមានរាប់ពាន់ដុល្លារ អញ្ចឹងបានជាអ្នកខ្លះ យុវជនខ្លះនិយាយថា នារីកម្មករបច្ចុប្បន្ននេះ រើសប្តីខ្លាំងណាស់។ រើសប្តីគឺជារឿងត្រឹមត្រូវ។ ក្មួយៗបន្តរើសប្តីទៀតចុះ ព្រោះនេះគឺជាការទូន្មានចំពោះយុវជនទៅវិញទេ ថាបើសិនជាបងឯងដើរលេងល្បែង ដើរលេងស៊ីផឹកប៉ោឡែ ខ្ញុំមិនយកបងឯងទេ។ ពូមិនមែនលើកទឹកចិត្តឲ្យក្មួយធ្វើការរើសអើងទេ ពេលខ្លះក៏ត្រូវទុកឱកាសឲ្យគេកសាងខ្លួនដែរ មិនអញ្ចឹង? សង្សារបែកចិត្ត បើគេមកវិញ ទទួលគេទៅ។ ប៉ុន្តែ ពាក្យចាស់លោកថា ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន រឿងនេះត្រឹមត្រូវណាស់។ ស្រ្តីរបស់យើងតើមានការចាំបាច់ទៅយកប្តី គ្រាន់តែដើម្បីឲ្យមានប្តីប៉ុន្តែ ប្តីនោះបែរជាទៅស៊ីផឹក ល្បែងស៊ីសង ត្រឡប់មកដល់ផ្ទះធ្វើអំពើហិង្សាចំពោះខ្លួនទៀតនោះ នៅក្នុងពេលដែលខ្លួនមានប្រាក់ចំណូល ដែលអាចផ្គត់ផ្គង់ខ្លួនបាន។
អំណាចស្រ្តីក្នុងសេដ្ឋកិច្ចកាន់តែធំ
អញ្ចឹង ឥឡូវនេះ បញ្ហាស្រ្តីរបស់យើង អំណាចស្រ្តីកាន់តែធំហើយ។ មូលហេតុគឺមិនបានពឹងពាក់ទៅលើតែប្រាក់ខែរបស់ប្តីនោះទេ អញ្ចឹងបានជានៅពេលខាងមុខនេះ នៅពេលដែលក្រុមប្រឹក្សាជាតិដើម្បីស្ត្រីធ្វើការប្រជុំ ខ្ញុំនឹងផ្តល់នូវចំណុចនេះ។ ត្រង់នេះហើយ ដែលប៉ុន្មានឆ្នាំមុននោះ ដែលខ្ញុំបានដាក់ជាសូចនាករសម្រាប់ការតាមដាន ទៅលើបញ្ហាទាក់ទងនឹងបញ្ហាយេនឌឺរនោះ អំពីអំណាចស្រ្តីក្នុងបញ្ហាសេដ្ឋកិច្ច។ ឥឡូវនេះ លើការជាក់ស្តែងក្នុងកម្មការិនីកាត់ដេរ បានក្លាយទៅជាអ្នកកាន់កូនសោរនៅក្នុងគ្រួសារ ហើយមិនខ្លាចអំណាចរបស់បុរសជាប្តីនោះទេ ដោយសារខ្លួនមានប្រាក់ចំណូល។ អញ្ចឹងវាដំណើររឿងទៅតាមនោះដែរ ពូមិនបង្គាប់ ហើយមិនលើកទឹកចិត្តឲ្យមានការរើសអើងនោះទេ ក៏ប៉ុន្តែ ជាធម្មតា ការធ្វើបែបនេះសំដៅឆ្ពោះទៅរកការអប់រំយុវជន ដើម្បីឲ្យយុវជនប្រកាន់នូវឥរិយាបថត្រឹមត្រូវមួយ។ បើចង់បានប្រពន្ធស្អាត ចង់បានប្រពន្ធល្អ ចង់បានប្រពន្ធដែលមានការងារធ្វើ ខ្លួនត្រូវតែមានការរៀនសូត្រឲ្យមានការចេះដឹង ខ្លួនត្រូវតែមានឥរិយាបថល្អ កុំលេងល្បែង កុំបំពានគ្រឿងញៀន កុំបង្ហោះម៉ូតូ អាហ្នឹងគេយកហើយ (សួរកម្មការិនីរោងចក្រម្នាក់ប្រហែល ២០ នាទី)។ ថ្ងៃនេះសំណាងល្អនៅត្រង់ថា ក្តៅក៏មិនក្តៅ ត្រជាក់ក៏មិនត្រជាក់ ល្មម ហើយសុំព្រះអាទិត្យកុំទាន់រះកុំអាលជះកម្តៅមក ព្រោះខ្ញុំត្រូវការជួបជាមួយក្មួយដែលជាស្រ្តីមានផ្ទៃពោះរហូតទៅដល់ជាង ៤០០ នាក់ ជិត ៥០០ នាក់ ឯណោះ។ ៤៨៥ នាក់ដើម្បីចែកនូវកាដូផ្ទាល់ដៃ។ ឯកឧត្តម អ៊ិត សំហេង ក៏បានបញ្ជាក់ហើយថា មាន ៨ ចំនុច ដែលចាំបាច់ត្រូវយកចិត្តទុកដាក់។
ទី១ អនុវត្តឲ្យបានត្រឹមត្រូវនូវបៀវត្សប្រាក់ឈ្នួលអប្បបរមារបស់កម្មករ/ការិនីរបស់យើង។
ទី ២ ពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ ត្រូវតែតាមមើលឲ្យបានដិតដល់ រវាងក្រសួងសុខាភិបាល បេឡាជាតិសន្តិសុខសង្គម និងក្រសួងការងារ។
ទី ៣ កម្មការិនីឆ្លងទន្លេត្រូវបានសម្រាករយៈពេល ៣ ខែ ជាមួយនឹងបៀវត្ស ១២០% ត្រូវធ្វើរឿងនេះឲ្យបាន។
ទី ៤ កម្មវិធីផ្តល់សាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ បើកដោយបេឡាជាតិសន្តិសុខសង្គម។
ទី ៥ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលនិយោជកត្រូវបង់ ១០០% ជំនួសឲ្យកម្មករ។
ទី ៦ ត្រួតពិនិត្យជាប្រចាំការអនុវត្តថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង។
ទី ៧ បន្តការខិតខំរៀបចំអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន ដែលត្រូវអនុវត្តនៅឆ្នាំ ២០១៩ ហើយពេលនោះកម្មករ/ការិនីរបស់យើងមានប្រាក់ចូលនិវត្តន៍ ដូចមន្ត្រីរាជការផងដែរ។ ប៉ុន្តែ សូមផ្តាំផ្ញើក្មួយៗ ធ្វើការងារឲ្យគ្រប់លក្ខខណ្ឌ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីប្រាក់ចូលនិវត្តន៍។ មិនអាចមកធ្វើ ១ ឆ្នាំ ២ ឆ្នាំ ហើយទាមទារនូវប្រាក់ចូលនិវត្តន៍ទេ វាគ្រាន់តែជាប្រាក់ដើម្បីបង់ផ្តាច់តែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលយើងបំពេញលក្ខខណ្ឌបានហើយ ពេលដែលក្មួយចាស់ទៅ ក្មួយនឹងមានប្រាក់ចិញ្ចឹមខ្លួនដោយមិនចាំបាច់ពឹងផ្អែកដល់កូនចៅនោះទេ។ សៀវភៅការងារត្រូវទុកឲ្យបានម៉ត់ចត់ដោយតភ្ជាប់ពីរោងចក្រមួយ ទៅរោងចក្រមួយទៀត។ នេះជាចំនុចដែលត្រូវធ្វើ។
បន្តដោះស្រាយបញ្ហាពលករក្រៅប្រទេស
ឯចំណុចទី ៨ បន្តដោះស្រាយពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទស។ ហើយរឿងនេះក៏សូមបញ្ជាក់ផងដែរថា នៅពេលដែលមានការប្រជុំមេគង្គ-ឡានឆាង នៅទីក្រុងភ្នំពេញនេះ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ក៏បានប្រកាសពន្យារពេលសម្រាប់ការស្នាក់នៅ ដែលមិនទាន់ស្របច្បាប់ ៦ ខែទៀត។ ដូច្នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តការខិតខំធ្វើយ៉ាងម៉េច ឲ្យកម្មកររបស់យើង ដែលរស់នៅក្នុងប្រទេសថៃមិនទាន់ស្របច្បាប់ ឲ្យទៅជាអ្នកស្របច្បាប់។ ខ្ញុំក៏បានប្រាប់អំពីការពន្លឿនការខិតខំរបស់យើង ហើយមិនចង់ឲ្យមានការពន្យារម្តងហើយម្តងទៀតនោះទេ។ យើងនៅបន្តការយកចិត្តទុកដាក់ចំពោះកម្មកររបស់យើង ដែលនៅក្រៅប្រទស ហើយយើងរកការងារនៅក្រៅប្រទេសឲ្យកម្មកររបស់យើងធ្វើ។ រឿងនេះវាអត់មានអីប្លែកទេនៅលើពិភពលោកយើងនេះការមានទៅមានមកនៅក្នុងក្របខណ្ឌតំបន់ និងក្រៅតំបន់ យើងមានមនុស្សកាន់តែច្រើនទៅធ្វើការនៅកូរ៉េខាងត្បូង ទៅជប៉ុន និងទៅប្រទេសដទៃទៀត ដែលទទួលបានទាំងប្រាក់ខែកម្រិតខ្ពស់ហើយ និងបានទទួលនូវបច្ចេកទេសសម្រាប់នាំមកនូវការអភិវឌ្ឍប្រទេសយើងផងដែរ។
មានកម្មវិធីច្រើន ដែលត្រូវចូលរួម
នេះជាចំនុចដែលខ្ញុំធ្លាប់បានលើករួចមកហើយដែរ ហើយខ្ញុំក៏មិនភ្លេចនឹងរំលឹកនូវចំនុចទាំងនេះតទៅទៀតដែរ។ អាទិត្យនេះ នៅថ្ងៃអាទិត្យខាងមុខនេះ មិនមានការជួបជាមួយនឹងប្រធានរដ្ឋបាល និងប្រធានអីទៀតទេ។ អាចចាត់ទុកថា អាទិត្យនេះជាអាទិត្យដែលពោរពេញទៅដោយការងារ។ ស្អែកមានកម្មវិធីមួយអំពីប្រកាសដាក់ឲ្យប្រើ អំពីការគាំពារសង្គម ទាក់ទងនឹងកិច្ចការពារមនុស្សចាស់ ហើយបន្ទាប់ទៅត្រូវប្រើពេល ៣ ថ្ងៃ ដើម្បីរៀបចំក្របខណ្ឌគោលនយោបាយរបស់គណបក្សសម្រាប់រយៈពេលពី ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២៣ សម្រាប់នីតិកាលថ្មី នៃរដ្ឋសភា ដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ សង្ឃឹមថាក្មួយៗក៏ដូចជាក្រុមគ្រួសារ នឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនជាបន្តទៀត។ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺជាថ្ងៃដែលមន្ត្រីរាជការឈប់សម្រាក ក៏ប៉ុន្តែពូមិនបានឈប់សម្រាកទេ។ ថ្ងៃអាទិត្យនោះកាន់តែធ្ងន់ទៅទៀត នៅពេលថ្ងៃត្រូវដឹកនាំសន្និបាតបក្ស ហើយដល់ពេលល្ងាចត្រូវជួបជុំជាមួយអ្នកកាសែតប្រមាណរាប់ពាន់នាក់ថែមទៀត អំពីសេរីភាពព័ត៌មានទាក់ទិនជាមួយនឹងតម្រូវការទាំងឡាយនៃសារព័ត៌មាននៅកម្ពុជា។
នយោបាយការបរទេសរបស់កម្ពុជា អព្យាក្រិត្យ មិនចូលបក្សសម្ព័ន្ធ និងគោរពតាមក្របខណ្ឌសេដ្ឋកិច្ចទីផ្សារ
… ត្រឹមតែមិនដល់រយៈពេល ៣ អាទិត្យតែប៉ុណ្ណោះ ប្រទេសមួយដែលតំណាងឲ្យប្រជាជន ១ ៣៥០ លាននាក់ មកទស្សនកិច្ចនៅកម្ពុជា គឺនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់ទៅ ពូនឹងទៅទស្សនកិច្ចនៅប្រទេសមួយដែលតំណាងអោយប្រជាជនជាង ១ ២០០ លាននាក់ គឺសាធារណរដ្ឋឥណ្ឌា។ នេះគឺជាដំណើរវិវឌ្ឍ នៃនយោបាយការបរទេសរបស់កម្ពុជា។ យើងមានការអនុវត្តនូវនយោបាយការបរទេសមួយ អព្យាក្រិត្យដោយមិនចូលបក្សសម័្ពន្ធ។ យើងធ្វើទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់ ហើយគោលដៅធំរបស់យើង គឺដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ព្រោះថានៅលើលោកនេះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គឺវាជារឿងធម្មតាខ្លាំងណាស់។ មិនថាប្រទេសអ្នកមានប្រទេសអ្នកក្រ គឺមានការទាមទារបំពេញឲ្យគ្នាទៅវិញទៅមក។ គេនាំទំនិញមកកាន់ប្រទេសរបស់យើង យើងនាំទំនិញទៅកាន់ប្រទេសរបស់គេ វាជារឿងធម្មតាខ្លាំងណាស់ ហើយវាជាក្រឹត្យក្រម នៃលក្ខខណ្ឌដែលមានចែងក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដែលយើងជាប្រទេសមួយនៅក្នុងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ យើងកំពុងចរចាដៃគូពាណិជ្ជកម្មសេរី ឬក៏ជាតំបន់ និងអនុតំបន់នៃសេដ្ឋកិច្ចសេរីជាមួយប្រទេសនានាផងដែរ ដូចជាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដែលហៅថា AFTA (ASEAN Free Trade Area) ឬក៏តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន។ យើងកំពុងតែចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប អាស៊ាន-អាមេរិក អាស៊ាន-ឥណ្ឌា និងកំពុងតែធ្វើការចរចានូវអ្វីដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញ នូវភាពជាដៃគូនៃសេដ្ឋកិច្ចទូលំទូលាយ មានអាស៊ាន ១០ និងដៃគូ ៦ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងណូវែលសេឡង់។
ដូច្នេះ គេឃើញទិដ្ឋភាពបែបនេះនៅចំពោះមុខ ដែលកម្ពុជាកំពុងអនុវត្តនូវបន្ទាត់នយោបាយមួយ ដែលធ្វើសមាហរណកម្មកាន់តែខ្លាំងជាមួយនឹងតំបន់ និងអនុតំបន់ និងអន្តរជាតិ ក្នុងក្របខណ្ឌនៃតំបន់ពាណិជ្ជកម្មសេរី ភាពជាដៃគូ នៃពាណិជ្ជកម្មសេរីជាមួយប្រទេសទាំងអស់។ យើងកំពុងតែចរចាជាមួយនឹងបណ្តាប្រទេសនានា ដើម្បីជៀសវាងការមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលអោយអ្នកវិនិយោគមកកាន់ប្រទេសយើង ឬយើងទៅកាន់ប្រទេសគេ។ អ្នកវិនិយោគនៅកម្ពុជាបច្ចុប្បន្ន មិនគ្រាន់តែមានលទ្ធភាពវិនិយោគនៅក្នុងប្រទេសខ្លួនឯងទេ ប៉ុន្តែ មានលទ្ធភាពនឹងទៅវិនិយោគនៅប្រទេសក្រៅដូចគេដូចឯងដែរ។ យើងបានធ្វើកិច្ចការជាច្រើន ហើយនេះគឺជាផ្នែកដ៏សំខាន់ នៃនយោបាយការបរទេសរបស់យើង ដែលនយោបាយបែបនេះគឺវាស្ថិតនៅក្នុងចរន្ដ ដែលជាលក្ខខណ្ឌតម្រូវដោយអង្គការពាណិជ្ជកម្មពិភពលោក។ មិនមែនអ្នកណាក៏ចេះតែធ្វើភ្លៀង ធ្វើផ្គរ ចំពោះសេដ្ឋកិច្ចកម្ពុជាបាននោះទេ។ ក្របខណ្ឌនៃសេដ្ឋកិច្ចទីផ្សារ។
វិបត្តិនៅទុយនេស៊ី
ឥឡូវ យើងបានលឺអំពីវិបត្តិ ដែលបានកើតឡើងថ្មីៗនៅក្នុងប្រទេសទុយនេស៊ី។ បាតុកម្មហិង្សា រហូតដល់ស្លាប់មនុស្ស និងចាប់បាតុកររាប់រយនាក់ បណ្ដាលមកពីតម្រូវចិត្តម្ចាស់ជំនួយ គឺត្រូវតំឡើងថ្លៃទំនិញ ខុសក្រឹត្យក្រមធ្វើអោយមានបាតុកម្មហិង្សាកើតឡើង រហូតដល់ស្លាប់មនុស្ស។ ឯកម្ពុជារបស់យើងគោរពទៅតាមបែបបទ នៃពាណិជ្ជកម្មសេរី។ ទីផ្សារគឺជាអ្នកកាត់សេចក្ដី តែរដ្ឋក៏ត្រូវតាមពិនិត្យមើល ដើម្បីធានាឲ្យអតិផរណាមានកម្រិតដែលអាចត្រួតត្រាបាន ហើយមិនមានផលប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាជន។ យើងកំពុងខិតខំ ដើម្បីនាំសេដ្ឋកិច្ចរបស់យើងឆ្ពោះទៅកាន់សេដ្ឋកិច្ចមួយ កាន់តែរឹងមាំ ជីវភាពកាន់តែប្រសើរ។
អត្ថប្រយោជន៍សម្រាប់កម្មការិនីមានផ្ទៃពោះ និងសម្រាលកូន
… អរគុណផងដែរចំពោះក្មួយស្រី (សិទ្ធិ) ដែលបានមកនិទានរឿង ហើយហ៊ានបញ្ចេញនូវអាថ៌កំបាំងទាំងឡាយ ក្នុងរយៈតែ ៤ ថ្ងៃ ចាប់ផ្ដើមពីចែ ទៅដល់អូន។ ពេលមិនទាន់ស្គាល់គ្នាហៅចែ ពេលស្នេហ៍ហៅអូន។ ប៉ុន្តែ ជាអកុសល (យុវជន រតនៈ) ឈ្មោះល្អពេក ក៏ប៉ុន្តែបែរជាក្លាយទៅជាបុរសមុខខ្មូរបាត់ទៅហើយ … គូដណ្តឹងហ៊ានឡើង ដល់ខ្លួនអត់ហ៊ាន។ អរគុណណាស់ក្មួយ ដែលបានបង្កើតបរិយាកាស(សប្បាយ) ហើយនេះក៏វាជាផ្នែកមួយនៃការយល់ដឹងនៅក្នុងចំណោមកម្មករ/ការិនីរបស់យើង។ សង្ឃឹមថាក្មួយៗនឹងបានប្ដីដ៏ល្អ ប៉ុន្តែបើចង់បានប្ដីល្អ ទាល់តែយើងកុំកាចពេក។ ក្មួយៗ ដែលជាកម្មការិនីមានផ្ទៃពោះសង្ឃឹមថា ក្មួយៗនឹងឆ្លងទន្លេនៅពេលខាងមុខ ដោយបានកូនប្រុសស្រី ដែលជាទីស្រលាញ់ ជាមួយនឹងការផ្ដល់ឲ្យក្មួយៗនូវការឈប់សំរាករយៈពេល ៣ ខែ និងបៀវត្ស១២០%។ ពេលដែលក្មួយកំពុងធ្វើការបានតែ ១៧០ ពេលដែលក្មួយៗឆ្លងទន្លេ ប្រាក់ខែរបស់ក្មួយៗឡើងទៅដល់ជាង ២០០ ដុល្លារ ទៅហើយ ជាមួយនឹងការផ្ដល់សាច់ប្រាក់ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម កូនមួយ ៤០ ម៉ឺន ភ្លោះកូនពីរ ៨០ ម៉ឹន ភ្លោះកូនបី ១ លាន ២ សែន បូកជាមួយនឹង ៥ លានរៀល ពីសំណាក់ពូ ដែលជួយចិញ្ចឹមកូនភ្លោះបី។ តែឥឡូវ តិចណាស់ តាំងពីប្រកាសមក បានពីរគ្រួសារដែរ។ ឥឡូវមិនកើតច្រើនដូចមុន …។
ថ្ងៃនេះសំរាប់កម្មករ/ការិនី និយោជិតសរុប ១៦ ៩០៩ នាក់ ក្នុងម្នាក់ៗ ពូជូនតិចតួចត្រឹមតែ ២ ម៉ឺនរៀល តែប៉ុណ្ណោះ។ ប៉ុន្តែ ក្មួយៗមកទីនេះមិនមែនមកដើម្បីរកលុយពីពូទេ អត់ទេ។ សំខាន់មានជំនួបរវាងថ្នាក់ដឹកនាំ ហើយវាក្លាយទៅដូចជា ជំនួបរវាងឪពុកមា ឪពុកធំ ជាមួយនិងក្មួយៗជាកម្មករ/ការិនី ដែលពូបានរួមដំណើរ សុខទុក្ខ តាំងពីជីដូនជីតារបស់ក្មួយៗ ឪពុកម្ដាយរបស់ក្មួយៗ និងអមដំណើរជាមួយក្មួយៗ បង្កើតការងារឲ្យក្មួយៗធ្វើមកដល់សព្វថ្ងៃនេះ ពូមានសិទ្ធិនឹងធ្វើបែបនោះ ហើយម្ចាស់រោងចក្រក៏មានចិត្តធម៌អនុញ្ញាតអោយកម្មករ/ការិនី បានមកជួប មិនត្រឹមតែមកជួបពេលព្រឹកទេ ពេលល្ងាចបានទទួលការសំរាក។ ក្រៅពីនោះក៏សូមជូនក្រុមតន្ត្រីដែលមកកំដរ (ហើយបន្តិចប្រហែលជាមានចេញ បទ កោតប្រុសមុខខ្មូរ) ប៉ុន្តែដូរប៉ារូលបន្តិចត្រង់តែមិនហ៊ានចេញច្រៀង ដាក់មិនហ៊ានចេញមុខ។ សំរាប់ក្មួយៗដែលជាកម្មការិនី ដែលមានផ្ទៃពោះ ពូនឹងដើរចែកស្រោមសំបុត្រម្នាក់មួយស្រោម ប៉ុន្តែសូមបញ្ជាក់ក្មួយណា ដែលមានកូនភ្លោះសូមប្រាប់ពូ ពូនឹងចែកជូនពីរស្រោមសំបុត្រតែម្ដង។ សង្ឃឹមថាក្មួយៗនឹងឆ្លងទន្លេបានកូនប្រុស កូនស្រី ជាទីស្រលាញ់ និងក្លាយទៅជាអ្នកដែលមានឱកាសច្រើនបំផុត សំរាប់អនាគត ដែលផ្ដើមពីសន្តិភាព និងការអភិវឌ្ឍរបស់យើងនៅថ្ងៃនេះ …៕