Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យតម្រូវឱ្យខ្ញុំធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣ កក្កដា ឆ្នាំ ២០២១។ ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ នៅវិមានសន្តិភាព។ ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឱ្យមានមនុស្សចូលមកជិតខ្ញុំទេ៕
FN ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ»។ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។
គិតត្រឹមល្ងាចថ្ងៃ ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង ៣ លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី ៣ លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ ៤៨ ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។ ដូចមុនៗដែរ សម្រាប់មនុស្សទី ១ លាន មនុស្សទី ២ លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១០ លានរៀល ដែលលោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃស្អែក។ យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន ៣០ ភាគរយ នៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ ១០ លាននាក់ដែលត្រូវចាក់៕