ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តម អភិបាលខេត្តរាជធានី ក៏ដូចជាមន្រ្តីក្នុងផ្នែកអប់រំសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ!
ដោយសង្កេតឃើញថាកុមារា កុមារី សិស្សរបស់យើងបានប្រើប្រាស់នូវកាតចាក់វ៉ាក់សាំងដើម្បីបង្ហាញសម្រាប់ការចូលរៀននៅពេលដែលខ្លួនចូលរៀន។ ដូចជាខ្ញុំបានបង្ហោះនៅក្នុង Facebook សម្រាប់កុមារា និងកុមារីនៅឯខេត្តសៀមរាប ខ្ញុំគិតថាប្រសិនបើយើងអនុញ្ញាតឲ្យប្រើច្បាប់ដើម សម្រាប់ការបញ្ជូនការពាក់ទៅចូលរៀនបែបនេះ ប័ណ្ណចាក់វ៉ាក់សាំងរបស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀត កុមារា និងកុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀងក៏អាចនឹងជួបការលំបាក។
ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យមានការពិចារណា បន្ទាប់ពីនេះទៅ គប្បីប្រើប្រាស់ប័ណ្ណដែលថតចម្លង ហើយរក្សាប័ណ្ណដើមទុកនៅឯផ្ទះដោយសុវត្ថិភាព។ ហើយប័ណ្ណថតចម្លងនេះ គឺសម្រាប់ប្រើប្រាស់ពេលដែលសិស្សទៅរៀន។ ធ្វើយ៉ាងដូច្នេះដើម្បីចៀសវាងការបាត់ប័ណ្ណ ឬខូចខាតប័ណ្ណច្បាប់ដើម។ ដូច្នេះ ខ្ញុំសូមស្នើឲ្យឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអភិបាលខេត្តរាជធានីធ្វើការពិនិត្យហើយខិតខំដោះស្រាយបញ្ហានេះ យើងអាចថតចម្លងជា ស ខ្មៅ ឬជាពណ៌ ដោយសុំឲ្យលោកគ្រូ អ្នកគ្រូ សាលារៀននីមួយៗជួយរៀបចំថត។ គ្រួសារនីមួយៗដែលមានលទ្ធភាពថតក៏សុំថត។ ហើយក្នុងករណីដែលគ្រួសារពុំមានលទ្ធភាពថតទេ អាចឲ្យសាលាជួយថតសម្រាប់ឲ្យសិស្សប្រើប្រាស់នូវកាតចាក់វ៉ាក់សាំង(ច្បាប់កូពី)នេះ។
ម្យ៉ាងទៀត ខ្ញុំសុំយកឱកាសនេះ ដើម្បីជម្រាបជូនចំពោះក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាក្រសួងការពារជាតិសម្រាប់ផ្នែកចាក់វ៉ាក់សាំង (សូម)ខិតខំធ្វើកាតចាក់វ៉ាក់សាំងនេះ ហើយដាក់ឈ្មោះឲ្យបានត្រឹមត្រូវ។ ជាពិសេស គឺក្នុងផ្នែកភាសាអង់គ្លេស ព្រោះថាប្រជាពលរដ្ឋរបស់យើង មន្រ្តីរបស់យើង មានការចាំបាច់ដើម្បីនឹងធ្វើដំណើរទៅក្រៅប្រទេស។ ក្នុងករណីដែលមានការដាក់ឈ្មោះជាភាសាអង់គ្លេសមិនបានត្រឹមត្រូវ ស្របទៅតាមឈ្មោះដែលមានក្នុងលិខិតឆ្លងដែន គឺមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានទេ។ ដូច្នេះ សូមយកចិត្តទៅលើការដាក់ឈ្មោះឲ្យបានត្រឹមត្រូវទាំងជាភាសាខ្មែរ និងជាភាសាអង់គ្លេស សម្រាប់ការប្រើប្រាស់ក្នុងការចេញទៅក្រៅប្រទេស។
ក្រៅពីនេះ ខ្ញុំនៅតែបន្តបញ្ជាក់ថា សុំឲ្យប្រើប្រាស់នូវច្បាប់ថតចម្លងពីប័ណ្ណនេះ ដើម្បីឲ្យចៅៗ ក្មួយៗ ជាសិស្ស និស្សិត គឺរក្សាប័ណ្ណដើមជាប័ណ្ណល្អ ហើយយើងសុខចិត្តថតចម្លងយកទៅប្រើប្រាស់សម្រាប់ការបង្ហាញនៅតាមសាលារៀន គ្រឹះស្ថានសិក្សានានា។ បើមិនដូច្នោះទេ យើងអាចបាត់ប័ណ្ណ ឬខូចប័ណ្ណ ហើយបាត់បង់នូវសុពលភាព។ ហើយខ្វះការទទួលស្គាល់នៅពេលដែលមានការបាត់ប័ណ្ណ ការប្តូរប័ណ្ណគឺមិនមែនជាការងាយស្រួលនោះទេថាត្រូវយកប័ណ្ណថ្មី។ អញ្ចឹងយកល្អ គឺយើងប្រើប្រាស់ប័ណ្ណចាស់ដដែលប៉ុន្តែប័ណ្ណគឺថតចម្លង ហើយរក្សាប័ណ្ណ(ដើម)ទុកនៅផ្ទះ។
សូមអរគុណហើយសង្ឃឹមឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវអភិបាលខេត្ត និងរាជធានី ក៏ដូចជានាយកសាលាគ្រប់កម្រិត យកចិត្តទុកដាក់ទៅលើបញ្ហានេះ។ សូមអរគុណ៕