នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ១០ លាន ៨៨ នាក់រួចហើយ គឺស្មើនឹងជាង ១០០% នៃប្រជាពលរដ្ឋ ១០ លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០ លាននាក់ស្មើនឹងជាង ១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ ១៨ ឡើងចំនួនជាង ១០ លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ ១២ ទៅ ១៨ ឆ្នាំបានចំនួន ១.៧៨៨.៨០២ នាក់ដែលស្មើនឹង ៩៧,៨៩% និងកុមារអាយុពី ៦ ដល់ ១២ បានចំនួន ១.៩២០.៥៩៩ នាក់ស្មើនឹង ១០១,២២%។
គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន ១៣.៧០៩.៤៨៧ នាក់ស្មើនឹង ៨៥.៦៨% នៃប្រជាជនសរុប ១៦ លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី ២ សម្រាប់អ្នកដែលបានចាក់ដូសទី ១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ១។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី ៣ ជូនប្រជាជនយើងឱ្យខាងតែបាន ដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត ១០ លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី ៣ ប្រមាណជិត ២ លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។
ថ្ងៃស្អែក ១ វិច្ឆិកា ២០២១ យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ ៥ ឆ្នាំដែលមានជាង ៣០ ម៉ឺននាក់ បន្តទៀត។ ជាមួយនឹងការកោតសសើរ និងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ ការពារ និង ៣ កុំ ព្រោះថាវ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំង ក៏មិនអាចការពារបានដែរប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ ៣ ការពារ និង ៣ កុំ។
លេខរៀងទី ១០ លាន គឺបានទៅលើអ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ ៨៩ ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា ១០ លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕